ឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
ដើមខែមិថុនានេះ កម្លាំងនគរបាលរាជធានីបង្ក្រាបគ្រឿងញៀន០៥ករណី ឃាត់មនុស្ស២៤នាក់ និងដកហូតគ្រឿងញៀន៦៦គីឡូក្រាម
បង្ក្រាបជនជាតិចិន០៤នាក់ ជាក្រុមត្រៀមរៀបចំផែនការណ៍ចាប់ជំរិត តែត្រូវទប់ស្កាត់ទាន់ពេល
សមត្ថកិច្ចខេត្តស្វាយរៀងបន្តចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឃាត់ខ្លួនជនសង្ស័យជនជាតិចិន វៀតណាម និងខ្មែរចំនួន ៧៣នាក់

សន្តិសុខ និង សង្គម

អ្នកដំណើររាប់ពាន់នាក់ ជាប់គាំងដំណើរនៅអាកាសយានដ្ឋាន Haneda បន្ទាប់ពីឧបទ្ទវហេតុយន្តហោះ

2024/01/04 01:14:08 pm        74
អ្នកដំណើររាប់ពាន់នាក់ បានជាប់គាំងដំណើរនៅអាកាសយានដ្ឋាន Haneda ទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីថ្ងៃពុធ បន្ទាប់ពីឧបទ្ទវហេតុយន្តហោះបុកគ្នាកាលពីថ្ងៃអង្គារ នៅលើផ្លូវរត់របស់យន្តហោះ។ ឧបទ្ទវហេតុនេះ បានកើតឡើងនៅពេលដែលយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines បានបុកជាមួយយន្តហោះឆ្មាំល្បាតឆ្នេរនៅអាកាសយានដ្ឋាន Haneda នៅម៉ោងប្រហែល ១៧:៤៧នាទី ម៉ោងក្នុងស្រុក កាលពីថ្ងៃអង្គារ។មនុស្ស ៥ នាក់ក្នុងចំណោម ៦ នាក់នៅលើយន្តហោះឆ្មាំល្បាតឆ្នេរ ត្រូវបានបញ្ជាក់ថាបានស្លាប់ដោយប្រធានក្រុមម្នាក់នៅរស់រានមានជីវិត ប៉ុន្តែបានរងរបួសធ្ងន់។ បន្ទាប់ពីបុកគ្នា យន្តហោះទាំងពីរគ្រឿងបានឆាបឆេះនៅលើផ្លូវរត់ មានផ្សែងយ៉ាងសន្ធោសន្ធៅ ខណៈយន្តហោះដឹកអ្នកដំណើរធុនធំ ក៏បានហ៊ុមព័ទ្ធដោយអណ្តាតភ្លើង។ មនុស្ស ៣៧៩នាក់ នៅលើយន្តហោះរបស់ក្រុមហ៊ុន Japan Airlines ជាប្រភេទយន្តហោះ Airbus A-350 អាចត្រូវបានជម្លៀសចេញដោយសុវត្ថិភាព ទោះបីជាមានមនុស្ស ១៤ នាក់បានរងរបួសក៏ដោយ។ឧបទ្ទវហេតុយន្តហោះនេះ បានបង្ខំឱ្យអាកាសយានដ្ឋានបិទផ្លូវរត់ទាំងអស់អស់ជាច្រើនម៉ោងកាលពីល្ងាចថ្ងៃអង្គារ ដែលនាំឱ្យមានការលុបចោលជើងហោះហើរចំនួន ២២៦ជើង ទៅនិងមកពីអាកាសយានដ្ឋាន Haneda ដែលប៉ះពាល់ដល់អ្នកដំណើរជាង ៤០.០០០នាក់។ ទោះបីជាមានការបើកផ្លូវរត់ចំនួនបីខ្សែរឡើងវិញកាលពីថ្ងៃពុធក៏ដោយ ក៏ជើងហោះហើរប្រហែល ១០០ជើង នៅតែត្រូវបានគេរំពឹងថាត្រូវលុបចោល ដែលប៉ះពាល់ដល់ផែនការធ្វើដំណើររបស់អ្នកដំណើរប្រហែល ១៩.០០០នាក់។ យោងតាមក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន បានឲ្យដឹងថា ជើងហោះហើរដឹកអ្នកដំណើរបណ្តោះអាសន្ន និងសេវាកម្មរថភ្លើង ត្រូវបានដាក់បន្ថែម ដើម្បីកាត់បន្ថយការអាក់ខានក្នុងការធ្វើដំណើរ ដែលបណ្តាលមកពីឧបទ្ទវហេតុនេះ។ គណៈកម្មការធិការសុវត្ថិភាពដឹកជញ្ជូនរបស់ប្រទេសជប៉ុន បានចាប់ផ្តើមការស៊ើបអង្កេតលើឧបទ្ទវហេតុនេះ។

អ៊ុយក្រែន មិនមានផែនការបម្រុងដើម្បីធានាបានការផ្តល់មូលនិធិរបស់សហរដ្ឋអាមេរិកទេ

2024/01/04 01:08:04 pm        94
អ៊ុយក្រែន មិនបានពិចារណាជម្រើសផ្សេងក្នុងការធានាបានជំនួយយោធាអាមេរិកដែលជាប់គាំង សម្រាប់សង្គ្រាមរបស់ខ្លួនប្រឆាំងនឹងរុស្ស៊ីនោះទេ ហើយមានទំនុកចិត្តថាសភាអាមេរិក នឹងផ្តល់ការយល់ព្រមក្នុងការបញ្ចេញជំនួយដល់អ៊ុយក្រែន នេះបើតាមរដ្ឋមន្ត្រីការបរទេស លោក ឌីមីត្រូ គូឡេបា (Dmytro Kuleba) បាននិយាយកាលពីថ្ងៃពុធ (០៣ មករា)។លោក គូឡេបា បានប្រាប់សារព័ត៌មាន CNN នៅក្នុងបទសម្ភាសន៍មួយថា «យើងមិនមានផែនការបម្រុងនោះទេ ព្រោះយើងមានទំនុកចិត្តលើផែនការទីមួយ។ អ៊ុយក្រែន នឹងតែងតែបន្តប្រយុទ្ធជាមួយនឹងធនធានដែលបានផ្តល់ឱ្យ ហើយអ្វីដែលផ្តល់ឱ្យអ៊ុយក្រែន មិនមែនជាជំនួយសប្បុរសធម៌នោះទេ។ វាគឺជាការវិនិយោគលើការការពាររបស់អង្គការណាតូ និងការការពារភាពរុងរឿងរបស់ប្រជាជនអាមេរិក»។លោក គូឡេបា បាននិយាយថា ប្រសិនបើរុស្ស៊ី មានជ័យជម្នះក្នុងជម្លោះ ដែលឥឡូវនេះមានអាយុលើសពី ២២ខែនេះ នោះ «មេដឹកនាំផ្សេងទៀតនឹងត្រូវបានល្បួងឱ្យដើរតាមគន្លងរបស់រុស្ស៊ី ហើយការធានាសន្តិសុខនៅក្នុងផ្នែកនៃពិភពលោកនេះ និងការរារាំងមេដឹកនាំទាំងនេះពីការឈ្លានពាន នឹងត្រូវការចំណាយយ៉ាងច្រើន និងកាន់តែខ្ពស់ជាងនេះសម្រាប់សហរដ្ឋអាមេរិក»។សំណើររបស់រដ្ឋបាលសហរដ្ឋអាមេរិកសម្រាប់ជំនួយចំនួន ៦១ពាន់លានដុល្លារទៀតសម្រាប់អ៊ុយក្រែន ត្រូវបានជាប់គាំងនៅក្នុងសភាសហរដ្ឋអាមេរិក ជាទីដែលសមាជិកបក្សសាធារណរដ្ឋនិយាយថាថវិកានេះត្រូវតែបែងចែកទៅលើការគ្រប់គ្រងអន្តោប្រវេសន៍ដ៏តឹងរ៉ឹងនៅតាមព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិកជំនួសវិញ៕

ប្រមុខក្រុមឧទ្ទាមហេសបូឡា និយាយថា ខ្លួនមិនអាចនៅស្ងៀមទេ បន្ទាប់ពីការសម្លាប់មេដឹកនាំរងក្រុមហាម៉ាស

2024/01/04 12:20:47 pm        188
ប្រមុខក្រុមឧទ្ទាមហេសបូឡា (Hezbollah) របស់ប្រទេសលីបង់បាននិយាយកាលពីថ្ងៃពុធ (០៣ មករា) ថាខ្លួនមិនអាចនៅស្ងៀមបានទេបន្ទាប់ពីការសម្លាប់មេដឹកនាំរងរបស់ក្រុមហាម៉ាស នៅទីក្រុងបេរូត ហើយបានព្រមានថាកងកម្លាំងប្រដាប់អាវុធដ៏ខ្លាំងរបស់លោកនឹងប្រយុទ្ធរហូតដល់ទីបញ្ចប់ ប្រសិនបើអ៊ីស្រាអែលជ្រើសរើសបន្តសង្គ្រាមពីតំបន់ហ្កាហ្សា ទៅដល់លីបង់។នៅក្នុងសុន្ទរកថាតាមទូរទស្សន៍កាលពីថ្ងៃពុធ លោក សាយយ៉េដ ហាសសាន ណាស្រាលឡាស (Sayyed Hassan Nasrallah) បានបន្ទោសអ៊ីស្រាអែល ចំពោះការវាយប្រហារនោះ និងបានសម្ដែងការរំលែកទុក្ខដល់ក្រុមហាម៉ាស សម្រាប់អ្វីដែលលោកហៅថា «ការឈ្លានពានដ៏ច្បាស់របស់អ៊ីស្រាអែល» ដែលបានសម្លាប់លោក សាឡេស អាល់ អារ៉ួរី (Saleh al-Arouri)។ក្នុងពេលជាមួយគ្នានោះ កងកម្លាំងអ៊ីស្រាអែលបានបន្តវាយលុកពីលើអាកាស និងជើងគោកប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស នៅតំបន់ហ្កាហ្សា ហើយបានប្រាប់ជនស៊ីវិលឱ្យចាកចេញពីជំរំជនភៀសខ្លួនមួយនៅភាគខាងជើងនៃតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីននេះ។អ៊ីស្រាអែល ដែលបានបង្កការបំផ្លិចបំផ្លាញដល់តំបន់ហ្កាហ្សាស្ទ្រីប ក្នុងការវាយលុកមួយដើម្បីលុបបំបាត់ក្រុមហាម៉ាស មិនបានអះអាងទទួលខុសត្រូវ ឬបដិសេធថាខ្លួនមិនបានធ្វើឃាតលោក សាឡេស អាល់ អារ៉ួរី នៅក្នុងការវាយប្រហារដោយយានដ្រូននៅក្នុងរដ្ឋធានីលីបង់ កាលពីថ្ងៃអង្គារនោះទេ។ ប៉ុន្តែអ្នកនាំពាក្យយោធារបស់រដ្ឋជី្វហ្វមួយនេះបាននិយាយថា កងកម្លាំងអ៊ីស្រាអែលកំពុងស្ថិតក្នុងស្ថានភាពត្រៀមខ្លួនខ្ពស់ និងត្រៀមខ្លួនរួចជាស្រេចសម្រាប់សេណារីយ៉ូណាមួយដែលអាចកើតមាន៕

ប្រធានគោលនយោបាយការបរទេសអឺរ៉ុប៖ ពិភពលោកត្រូវតែកំណត់ដំណោះស្រាយចំពោះជម្លោះនៅហ្កាហ្សា

2024/01/04 12:17:56 pm        163
ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បាននិយាយកាលពីថ្ងៃពុធថា សហគមន៍អន្តរជាតិត្រូវតែកំណត់ដំណោះស្រាយចំពោះជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ខណៈភាគីជម្លោះនេះ មិនអាចដោះស្រាយគ្នាបាន។លោកបានថ្លែងនៅក្នុងព្រឹត្តិការណ៍មួយនៅទីក្រុង Lisbon ថា ដំណោះស្រាយត្រូវតែដាក់ចេញពីខាងក្រៅ ព្រោះភាគីទាំងពីរ នឹងមិនអាចឈានដល់កិច្ចព្រមព្រៀងបានឡើយ។លោក Borrell បាននិយាយថា ប្រសិនបើការប្រយុទ្ធគ្នា មិនបញ្ចប់ក្នុងពេលឆាប់ៗនេះទេ តំបន់មជ្ឈិមបូព៌ាទាំងមូលអាចនឹងត្រូវអូសបន្លាយ។ កាលពីថ្ងៃពុធ ផ្សែងខ្មួលខ្មាញ់ ត្រូវបានគេមើលឃើញពីជំរុំបណ្ដោះអាសន្ន ជាទីជម្រកជនភៀសខ្លួននៅទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្កាហ្សា កាលពីថ្ងៃពុធ ខណៈកងកម្លាំងអ៊ីស្រាអែល បន្តការវាយលុករបស់ពួកគេទៅលើតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន។ពលរដ្ឋ និងប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីន បាននិយាយថា កងកម្លាំងអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើជំរុំជនភៀសខ្លួន Al-Nusseirat នៅភាគខាងជើងតំបន់ហ៊ុមព័ទ្ធដែលគ្រប់គ្រងដោយក្រុមហាម៉ាស ពេញមួយយប់ និងឈានចូលដល់ថ្ងៃពុធ ដោយបានបំផ្លាញអគារច្រើនជាន់ ជាច្រើនកន្លែង។ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល បានរាយពាសពេញដល់តំបន់ហ៊ុមព័ទ្ធជាច្រើន ហើយពលរដ្ឋចំនួន ២,៣ លាននាក់ ត្រូវរងគ្រោះដោយមហន្តរាយមនុស្សធម៌ ដែលមនុស្សរាប់ពាន់នាក់ត្រូវបានបន្សល់ ទុកការខ្វះខាតខ្លាំង នៅក្នុងតំបន់រួមតូចជាច្រើនក្នុងក្តីសង្ឃឹមថាពួកគេមាននឹងសុវត្ថិភាព ប៉ុន្តែត្រូវបានគំរាមកំហែងដោយគ្រោះទុរ្ភិក្សដោយសារកង្វះការផ្គត់ផ្គង់ស្បៀងអាហារ។

ក្រុមហេសបូឡា និងអ៊ីស្រាអ៊ែល ទំនងជាបង្ហាញសញ្ញាថា គ្មានបំណងចង់ឲ្យសង្រ្គាមហ្កាហ្សារាលដាលឡើយ

2024/01/04 12:14:23 pm        177
ក្រុមហេសបូឡានៅក្នុងប្រទេសលីបង់ និងកងទ័ពអ៊ីស្រាអែល បានធ្វើសេចក្តីថ្លែងការណ៍ ដែលបាននិយាយថា សត្រូវដែលបើកចំហទាំងពីរ មានបំណងបញ្ចៀសហានិភ័យពីការរីករាលដាលសង្រ្គាម លើសពីតំបន់ហ្កាហ្សា បន្ទាប់ពីការវាយប្រហារដោយយានដ្រូន បណ្តាលឲ្យមេដឹកនាំរងក្រុមហាម៉ាសប៉ាឡេស្ទីនម្នាក់ស្លាប់ នៅទីក្រុងបេរូត។ នៅក្នុងសុន្ទរកថាក្នុងទីក្រុងបេរូត កាលពីថ្ងៃពុធ មេដឹកនាំក្រុមហេសបូឡា លោក Hassan Nasrallah បានប្តេជ្ញាថា ក្រុមជីវពលនិកាយស៊ីអ៊ីតគាំទ្រដោយអ៊ីរ៉ង់ដ៏មានឥទ្ធិពលរបស់លោក មិនអាចនៅស្ងៀមបានឡើយ បន្ទាប់ពីការសម្លាប់មេដឹកនាំរងក្រុមហាម៉ាស លោក Saleh al-Arouri កាលពីថ្ងៃអង្គារ។ លោក Nasrallah បាននិយាយថា កងកម្លាំងប្រដាប់អាវុធដ៏ច្រើនរបស់លោក នឹងប្រយុទ្ធរហូតដល់ទីបញ្ចប់ ប្រសិនបើអ៊ីស្រាអែល ជ្រើសរើសការបន្តសង្គ្រាមចូលទៅកាន់ប្រទេសលីបង់ ប៉ុន្តែលោកពុំបានគំរាមកំហែងជាក់ស្តែងណាមួយ ដើម្បីធ្វើសកម្មភាពប្រឆាំងអ៊ីស្រាអែល ក្នុងការគាំទ្រក្រុមហាម៉ាស ដែលជាសម្ព័ន្ធមិត្តរបស់ក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់។ អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោកឧត្តមនាវីឯក Daniel Hagari នៅពេលត្រូវបានសួរថាតើ អ៊ីស្រាអែលនឹងធ្វើអ្វីដើម្បីត្រៀមសម្រាប់ការឆ្លើយតបទៅកាន់ក្រុមហេសបូឡាដ៏មានសក្តានុពល ដោយលោកបានប្រាប់អ្នកសារព័ត៌មានថា លោកនឹងមិនឆ្លើយតបទៅនឹងអ្វីដែលទើបតែបានលើកឡើងនោះទេ។ យើង ផ្តោតសំខាន់ទៅលើការប្រយុទ្ធប្រឆាំងក្រុមហាម៉ាស។ អ្នកនាំពាក្យសេតវិមាន លោក John Kirby ដែលត្រូវបានសួរអំពីសុន្ទរកថារបស់លោក Nasrallah បានប្រាប់អ្នកសារព័ត៌មានថា យើងពុំបានឃើញក្រុមហេសបូឡា ជាប់ពាក់ព័ន្ធក្នុងស្ថានភាពជំនួយ និងការដឹកជញ្ជូនជំនួយរបស់ក្រុមហាម៉ាសនោះទេ។ ការស្លាប់របស់ Aouri គឺជាសញ្ញាមួយបន្ថែមទៀត នៃសក្ដានុពលដែលសង្រ្គាមរយៈពេលជិតបីខែ អាចរាលដាលយ៉ាងខ្លាំងហួសពីតំបន់ហ្កាហ្សា ដោយអូសទាញទាំងនៅតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល កងកម្លាំងហេសបូឡានៅលើព្រំដែនប្រទេសលីបង់-អ៊ីស្រាអែល និងផ្លូវដឹកជញ្ជូននៅសមុទ្រក្រហម។

ការព្រមានរួមចំពោះក្រុមឧទ្ទាមហ៊ូធី៖ ត្រូវបញ្ឈប់ការវាយប្រហារ បើមិនដូច្នេះទេ នឹងត្រូវប្រឈមមុខនឹងផលវិបាកជាច្រើន

2024/01/04 12:10:37 pm        121
ប្រទេសចំនួន១២កាលពីថ្ងៃពុធ បានចេញការព្រមានរួមគ្នាមួយទៅកាន់ក្រុមហួទីដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសយេម៉ែន ដោយទាមទាឲ្យពួកគេបញ្ឈប់ការវាយប្រហារលើការដឹកជញ្ជូនពាណិជ្ជកម្ម នៅក្នុង សមុទ្រក្រហម។ ទោះជាយ៉ាងនេះក្តី ការព្រមាននេះ មិនបានបញ្ជាក់ថា តើនឹងចាត់វិធានការបែបណា ប្រសិនបើការវាយប្រហារទាំងនេះ នៅតែបន្ត។ ក្រុមនេះ បានធ្វើការវាយប្រហារចំនួន ២៤លើក ចាប់តាំងពីថ្ងៃទី ១៩ ខែវិច្ឆិកា នេះបើយោងតាមទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក។សហរដ្ឋអាមេរិក អូស្ត្រាលី បារ៉ែន បែលហ្ស៊ិក កាណាដា ដាណឺម៉ាក អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ហូឡង់ នូវែលសេឡង់ និងចក្រភពអង់គ្លេស បានទាមទារនៅក្នុងសេចក្តីថ្លែងការណ៍រួមដែលចេញផ្សាយដោយសេតវិមានកាលពីថ្ងៃពុធថា៖«យើងអំពាវនាវឲ្យបញ្ចប់ជាបន្ទាន់នូវការវាយប្រហារខុសច្បាប់ទាំងនេះ និងដោះលែងនាវា និងនាវិកដែលជាប់ឃុំដោយខុសច្បាប់ទាំងនោះ»។ ក្រុមហួទីនឹងទទួលខុសត្រូវចំពោះផលវិបាកនានា ប្រសិនបើពួកគេ នៅបន្តការគំរាមកំហែងដល់អាយុជីវិត សេដ្ឋកិច្ចពិភពលោក និងលំហូរពាណិជ្ជកម្មសេរី នៅក្នុងផ្លូវទឹកដ៏សំខាន់ក្នុងតំបន់។ យើងនៅតែប្តេជ្ញាចិត្តចំពោះសណ្តាប់ធ្នាប់ដែលផ្អែកលើច្បាប់អន្តរជាតិ ហើយប្តេជ្ញាថា នឹងចាប់តួអង្គអាក្រក់ៗឲ្យទទួលខុសត្រូវ ចំពោះការរឹបអូស និងការវាយប្រហារដោយខុសច្បាប់ទាំងអស់នោះ»។ការព្រមាននេះ បានបញ្ជាក់ថា ការវាយប្រហាររបស់ក្រុមហួទីដែលកំពុងបន្តនៅសមុទ្រក្រហម គឺខុសច្បាប់ មិនអាចទទួលយកបាន និងធ្វើឲ្យអស្ថិរភាពកាន់តែជ្រៅឡើង។ មិនមានហេតុផលត្រឹមត្រូវតាមច្បាប់សម្រាប់គោលដៅដោយចេតនាលើការដឹកជញ្ជូនស៊ីវិល និងនាវាកងទ័ពជើងទឹកនោះទេ។ ការវាយប្រហារលើនាវា រួមទាំងនាវាពាណិជ្ជកម្ម ដោយប្រើយានដ្រូន ទូកតូចៗ និងមីស៊ីល រួមទាំងការប្រើជាលើកដំបូងនូវមីស៊ីលបាលិស្ទិកប្រឆាំងនាវា គឺជាការគំរាមកំហែងដោយផ្ទាល់ចំពោះសេរីភាពនៃការធ្វើនាវាចរណ៍ដែលដើរតួជាមូលដ្ឋានគ្រឹះនៃពាណិជ្ជកម្មពិភពលោក នៅក្នុងផ្លូវទឹកដ៏សំខាន់បំផុតមួយរបស់ពិភពលោក។

រុស្ស៊ី និងអ៊ុយក្រែន ធ្វើការដោះដូរឈ្លើយសឹកសង្គ្រាមដ៏ច្រើន បន្ទាប់ពីការសម្រុះសម្រួលរបស់អារ៉ាប់រួម

2024/01/04 12:05:13 pm        158
ប្រទេសអ៊ុយក្រែន និងរុស្ស៊ី កាលពីថ្ងៃពុធ បានប្រកាសពីការដោះដូរឈ្លើយសឹកសង្គ្រាមលើកដំបូង របស់ពួកគេ ក្នុងរយៈពេលជិត ៥ខែមកនេះ ដោយភាគីម្ខាងៗមានឈ្លើយសឹកជាង ២០០នាក់ ត្រូវដោះលែង បន្ទាប់ពីអ្វីដែលទីក្រុងមូស្គូ បាននិយាយថា ជាការចរចាដ៏ស្មុគស្មាញ ពាក់ព័ន្ធនឹងការសម្រុះសម្រួលដោយប្រទេសអារ៉ាប់រួម។ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា បុគ្គលិកយោធាចំនួន ២៤៨ នាក់ ត្រូវបានប្រគល់ឲ្យដោយភាគីអ៊ុយក្រែន។ ទីក្រុងគីវ បាននិយាយថា ខ្លួនបាននាំមនុស្សត្រឡប់មកប្រទេសវិញចំនួន ២៣០ នាក់ ក្នុងនោះមានទាហាន ២២៤ នាក់ និងជនស៊ីវិល ៦ នាក់ ជាអ្វីដែលខ្លួនបាននិយាយថា ជាការដោះដូរទាហានដែលមានឯកសារច្រើនបំផុតរហូតមកដល់ពេលនេះ។មជ្ឈមណ្ឌលសម្របសម្រួលឈ្លើយសឹកសង្គ្រាម របស់អ៊ុយក្រែន ក៏បានទទួលស្គាល់ភ្លាមៗអំពីតួនាទីរបស់ប្រទេសអារ៉ាប់រួម ក្នុងការដោះដូរនេះ ដោយពុំបានផ្តល់ព័ត៌មានលម្អិតបន្ថែម។ ទោះបីជាមិនមានការសន្ទនាណាមួយ អំពីរបៀបបញ្ចប់សង្រ្គាមរយៈពេល ២២ ខែក៏ដោយ ទីក្រុងគីវ និងទីក្រុងមូស្គូ បានធ្វើការដោះដូរឈ្លើយសឹកជាច្រើននាក់ ចាប់តាំងពីដើមខែដំបូងនៃការវាយលុករបស់រុស្ស៊ី ក្នុងខែកុម្ភៈ ឆ្នាំ ២០២២។

អ៊ីរ៉ង់បន្ទោសអ៊ីស្រាអែល និងអាមេរិក ចំពោះការបំផ្ទុះដ៏សាហាវនៅជិតផ្នូររបស់ឧត្តមសេនីយ Soleimani

2024/01/04 12:01:30 pm        136
អ៊ីរ៉ង់បានស្តីបន្ទោសអ៊ីស្រាអែល និងសហរដ្ឋអាមេរិក កាលពីថ្ងៃពុធចំពោះការបំផ្ទុះគ្រាប់បែកពីរលើកផ្ទួនៗគ្នា ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់៩៥នាក់ នៅភាគខាងត្បូងរបស់ប្រទេសនេះ ដែលបានផ្ទុះនៅក្នុងហ្វូងមនុស្សកំពុងប្រមូលផ្ដុំគ្នាប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធលោកឧត្តមសេនីយឆ្មាំបដិវត្ត លោក Qasem Soleimani បួនឆ្នាំបន្ទាប់ពីការស្លាប់របស់លោកក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក។លោក មហាម៉ាត់ ចាំស៊ីឌី (Mohammad Jamshidi)អនុប្រធានផ្នែកនយោបាយរបស់ប្រធានាធិបតីអ៊ីរ៉ង់ បានសរសេរនៅលើបណ្ដាញសង្គម X ថា ក្រុងវ៉ាស៊ីនតោននិយាយថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល គ្មានតួនាទីក្នុងការវាយប្រហារភេរវកម្មនៅទីក្រុងឃើម៉ាន់(Kerman) បើមិនមែន អញ្ចឹងគឺប្រទេសអ៊ីរ៉ង់ទេមែនទេ?។កញ្ជ្រោង ធំក្លិនខ្លួនគ្នារបស់វាមុនគេ។ លោកបានបន្ថែមថា កុំធ្វើខុស ការទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មនេះស្ថិតនៅជាមួយរបបរបស់សហរដ្ឋអាមេរិក និង ស៊ីយ៉ូនីស (Zionist) របស់អ៊ីស្រាអែល ហើយអំពើភេរវកម្មគ្រាន់តែជាឧបករណ៍មួយប៉ុណ្ណោះ។សហរដ្ឋអាមេរិកបានច្រានចោលរាល់ការលើកឡើងដែលថាខ្លួនឬសម្ព័ន្ធមិត្តអ៊ីស្រាអែលពាក់ព័ន្ធខណៈអ៊ីស្រាអែលបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញរឿងនេះ។ អ្នកនាំពាក្យក្រសួងការបរទេសលោក ម៉ាត់ស៊ូ មីល័រ (Matthew Miller)បាននិយាយថា សហរដ្ឋអាមេរិកពុំបានជាប់ពាក់ព័ន្ធក្នុងមធ្យោបាយណាមួយឡើយ យើងមិនមានហេតុផលដែលត្រូវជឿថាអ៊ីស្រាអែលមានជាប់ពាក់ព័ន្ធនឹងការបំផ្ទុះនេះនោះទេ។នៅពេលសួរអំពីការបំផ្ទុះនេះ អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល លោក ដានីញែល ហាហ្ការី (Daniel Hagari) បាននិយាយថា យើងផ្តោតលើការប្រយុទ្ធជាមួយក្រុមហាម៉ាសតែប៉ុណ្ណោះ៕

ក្រុមអ្នកជំនាញ UN ជំរុញអាមេរិក ឲ្យបញ្ឈប់គម្រោងការប្រហារជីវិតដោយប្រើឧស្ម័នអាសូតជាលើកដំបូង

2024/01/04 11:58:07 am        137
ក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ (០៣ មករា) បានជំរុញឱ្យអាជ្ញាធរសហរដ្ឋអាមេរិក បញ្ឈប់ផែនការប្រហារជីវិតអ្នកទោសម្នាក់ដោយការថប់ដង្ហើមដល់ស្លាប់ ដោយប្រើប្រាស់ឧស្ម័នអាសូតសុទ្ធ ដោយនិយាយថាវិធីសាស្ត្រ ដែលមិនបានសាកល្បងនេះ អាចធ្វើឱ្យអ្នកទោសនោះទទួលរងនូវ «ការប្រព្រឹត្តិអំពើឃោរឃៅ អមនុស្សធម៌ ឬថោកទាប និងដូចជាការធ្វើទារុណកម្ម»។អ្នកទោសឈ្មោះ ខេននីត ស្មីត (Kenneth Smith) វ័យ ៥៨ឆ្នាំ ដែលត្រូវបានកាត់ទោសពីបទស៊ីឈ្នួលឃាតកម្ម ដែលបានប្រព្រឹត្តក្នុងឆ្នាំ១៩៨៨ គ្រោងនឹងត្រូវប្រហារជីវិតនៅរដ្ឋ អាឡាបាម៉ា (Alabama) របស់សហរដ្ឋអាមេរិក នៅថ្ងៃទី២៥ ខែមករា ខាងមុខនេះដោយប្រើវិធីសាស្ត្រ ដែលមានបំណងកាត់ផ្ដាច់អុកស៊ីសែនដោយការប្រើម៉ាសគ្របមុខដែលភ្ជាប់ទៅស៊ីឡាំងឧស្ម័នអាសូត។នេះជាលើកដំបូងហើយក្នុងពិភពលោក ដែលការកាត់ទោសតាមផ្លូវតុលាការត្រូវបានអនុវត្តដោយប្រើការថប់ដង្ហើមដល់ស្លាប់ដោយឧស្ម័នអសកម្មបែបនេះ នេះបើយោងតាមក្រុមអ្នកជំនាញការដាក់ទោសទណ្ឌ។អ្នករាយការណ៍ពិសេសសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិចំនួនបួននាក់បាននិយាយថា វិធីសាស្ត្រប្រហារជីវិតថ្មីនេះអាចបង្កឱ្យមាន «ការឈឺចាប់យ៉ាងធ្ងន់ធ្ងរ» និង «ការស្លាប់ដ៏ឈឺចាប់ និងគួរឱ្យអាម៉ាស់» ដែលទំនងជាបំពានលើសន្ធិសញ្ញាអន្តរជាតិ ដែលសហរដ្ឋអាមេរិកជាភាគី ដោយហាមឃាត់ការធ្វើទារុណកម្ម និងអំពើឃោរឃៅអមនុស្សធម៌ផ្សេងទៀត ព្រមទាំងការដាក់ទណ្ឌកម្មយ៉ាងថោកទាបជាដើម៕

ប្រជាជនហ្កាហ្សា អាចត្រូវបានបញ្ជូនទៅកុងហ្គោ នៅពេលដែលសង្គ្រាមអ៊ីស្រាអែលបញ្ចប់

2024/01/04 11:54:33 am        114
ប្រជាជនហ្កាហ្សា អាចត្រូវបានបញ្ជូនទៅប្រទេសកុងហ្គោ នៅពេលបញ្ចប់សង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស់ក្រោម «គម្រោងទេសន្តរប្រវេសន៍ដោយស្ម័គ្រចិត្ត»។រដ្ឋាភិបាលរបស់លោកបេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ត្រូវបានគេរាយការណ៍ថាកំពុងធ្វើការចរចាសម្ងាត់ ដែលលោកកំពុងចង់ឲ្យប្រទេសកុងហ្គោ និងប្រទេសដទៃទៀតទទួលយកជនអន្តោប្រវេសន៍រាប់ពាន់នាក់។ប្រភពដ៏សំខាន់មួយនៅក្នុគណៈកម្មាការធិការទទួលបន្ទុកផ្នែកសន្តិសុខ បានប្រាប់គេហទំព័រព័ត៌មាន Zman Israelថា៖«ប្រទេសកុងហ្គោ នឹងមានឆន្ទៈក្នុងការទទួលយកជនអន្តោប្រវេសន៍ ហើយយើងកំពុងពិភាក្សាជាមួយប្រទេសផ្សេងទៀត»។របាយការណ៍ព័ត៌មាន បានឲ្យដឹងថា៖«ការធ្វើទេសន្តរប្រវេសន៍របស់ប្រជាជនហ្កាហ្សា កំពុងក្លាយជាគោលនយោបាយនាំមុខគេរបស់រដ្ឋាភិបាលដែលជាដំណោះស្រាយមួយចំពោះជម្លោះនេះ។នៅក្នុងតំបន់ហ្កាហ្សា វិបត្តិមនុស្សធម៌កំពុងកើនឡើង ចំពេលមានការខ្វះខាតការផ្គត់ផ្គង់ រួមទាំងស្បៀងអាហារ និងទឹកស្អាតផងដែរ។ តើនឹងមានអ្វីកើតឡើងចំពោះដែនដីនេះ នៅចុងបញ្ចប់នៃការប្រយុទ្ធគ្នានៅមិនទាន់ច្បាស់នៅឡើយនោះ។ប្រទេសកុងហ្គោមានកម្រិតវិសមភាពខ្ពស់ ហើយ ៥២,៥ភាគរយនៃចំនួនប្រជាជន រស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ។លោកណេតាន់យ៉ាហ៊ូ បានថ្លែងប្រាប់កិច្ចប្រជុំបក្សសម្ព័ន្ធ Likud កាលពីសប្តាហ៍មុនថា លោកកំពុងធ្វើការឆ្ពោះទៅរកការសម្របសម្រួលឲ្យមានការធ្វើទេសន្តរប្រវេសន៍ដោយស្ម័គ្រចិត្តនៃប្រជាជនហ្កាហ្សា។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ដោយផ្គើននឹងលោកTrump តាមរយៈការវាយប្រហារលើអ៊ីរ៉ង់មួយសន្ទុះ អ៊ីស្រាអែលបានងាកទៅរកការចរចាសន្តិភាព
06/09/2026 11:06 AM
ប្រធានាធិបតីលីបង់ អំពាវនាវដល់រដ្ឋាភិបាលអ៊ីស្រាអែលឱ្យបន្តការចរចា ពុំមែនសង្គ្រាមទេ
06/09/2026 11:06 AM
លោក Xi សន្យាគាំទ្រឥតងាករេចំពោះលោក Kim ក្នុងដំណើរទស្សនកិច្ចដ៏កម្រទៅកាន់កូរ៉េខាងជើង
06/09/2026 10:06 AM
[UPDATE] ចំនួនអ្នកស្លាប់ពីការរញ្ជួយដីកម្រិត ៧,៨ រ៉ិចទ័រនៅកោះមីនដាណាវប្រទេសហ្វីលីពីនឡើងដល់ជិត៤០នាក់
06/09/2026 09:06 AM
អាមេរិក៖ ក្រុមហ៊ុន BYD, Baidu, Alibaba និងក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សផ្សេងទៀត កំពុងផ្តល់ជំនួយដល់យោធាចិន
06/09/2026 09:06 AM
សម្តេចតេជោ ហ៊ុន សែន ជួប​សំណេះ​សំណាល​ជាមួយ​ប្រជាពលរដ្ឋ​ភៀស​សឹក​នៅ​មណ្ឌល​បណ្តោះ​អាសន្ន ខេត្តបន្ទាយមានជ័យ
06/09/2026 09:06 AM
អូស្ត្រាលី និងយូអិនឌីភី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់វិភាគទាន ក្នុងទឹកប្រាក់ចំនួន ១,៥ លានដុល្លារអូស្ត្រាលី ដើម្បីគាំទ្រដល់ការស្តារឡើងវិញ និងសកម្មភាពមីន នៅក្នុងសហគមន៍ដែលរងផលប៉ះពាល់ នៅតាមព្រំដែនកម្ពុជា
06/09/2026 09:06 AM
អ៊ីរ៉ង់ និងអ៊ីស្រាអែលនិយាយថា ពួកគេបានផ្អាកការវាយប្រហារសងសឹកគ្នា ក្រោយការអំពាវនាវពីលោក Trump
06/09/2026 08:06 AM
បង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មួយកន្លែងនៅក្រុងព្រះសីហនុ ឃាត់ខ្លួនមនុស្ស ៤០នាក់ និងដកហូតសម្ភារជាច្រើន
06/09/2026 08:06 AM
គិតត្រឹមថ្ងៃទី៨ខែមិថុនានេះយុទ្ធនាការ “១ម៉ឺនរៀល១ម៉ឺននាក់” របស់មូលនិធិគន្ធបុប្ផាទទួលបានថវិកាបរិច្ចាគចំនួន ៣,៩២លានដុល្លារពីសប្បុរសជនជាង៩ម៉ឺននាក់
06/09/2026 08:06 AM