រដ្ឋបាលខេត្តព្រះសីហនុបង្ហាញលទ្ធផលបង្ក្រាបបទល្មើស ONLINE SCAMS ៖ រកឃើញមនុស្សជិត៥ពាន់នាក់ និងដកហូតអាជ្ញាបណ្ណកាស៊ីណូចំនួន ១១ទីតាំង
ឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
ដើមខែមិថុនានេះ កម្លាំងនគរបាលរាជធានីបង្ក្រាបគ្រឿងញៀន០៥ករណី ឃាត់មនុស្ស២៤នាក់ និងដកហូតគ្រឿងញៀន៦៦គីឡូក្រាម
បង្ក្រាបជនជាតិចិន០៤នាក់ ជាក្រុមត្រៀមរៀបចំផែនការណ៍ចាប់ជំរិត តែត្រូវទប់ស្កាត់ទាន់ពេល

សន្តិសុខ និង សង្គម

មានការព្រមានអំពីរលកយក្សស៊ូណាមិ នៅប្រទេសជប៉ុន បន្ទាប់ពីមានការរញ្ជួយដីដ៏ខ្លាំងក្លា

2024/01/01 02:53:17 pm        252
​ប្រទេសជប៉ុនបានចេញការព្រមានអំពីរលកយក្សស៊ូណាមិ បន្ទាប់ពីការរញ្ជួយដីកម្រិត ៧,៦វ៉ិចទ័រ បានវាយប្រហារតំបន់កណ្តាលរបស់ប្រទេស។ទូរទស្សន៍ជាតិ NHK បានរាយការណ៍ថា អ្នកស្រុកនៅតំបន់ឆ្នេរ Noto ក្នុងខេត្ត Ishikawa ត្រូវបានណែនាំឲ្យ «ជម្លៀសភ្លាមៗទៅកាន់តំបន់ទីទួលខ្ពស់»។ ទូរទស្សន៍នេះ បានបន្ថែមថា រលកកម្ពស់រហូតដល់ ៥ម៉ែត្រ បានទៅដល់តំបន់ឆ្នេ Noto។អាជ្ញាធរក៏បានចេញការព្រមានអំពីរលកយក្សស៊ូណាមិផងដែរ សម្រាប់ខេត្តជិតខាងគ្នា Niigata និង Toyama ដោយព្រមានថា រលកនៅទីនោះ អាចមានកម្ពស់ដល់ទៅ ៣ម៉ែត្រ។ ទូរទស្សន៍រដ្ឋបានបង្ហាញពាក្យ «EVACUATE» (ជម្លៀសចេញ) ជាអក្សរធំ ដោយជំរុញឲ្យអ្នកស្រុកភៀសខ្លួនទៅកាន់ទីទួលខ្ពស់ទោះបីជាពេលនេះស្ថិតក្នុងអាកាសធាតុរដូវរងាក៏ដោយ។ ជាមួយគ្នានេះ មនុស្សម្នាក៏បានបង្ហោះពីរូបភាពវីដេអូរញ្ជួយដីពីផ្ទះសម្បែងរបស់ពួកគេ និងពីខាងក្នុងស្ថានីយរថភ្លើងក្រោមដីផងដែរ។ប្រតិបត្តិករថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់ប្រទេសជប៉ុន គឺក្រុមហ៊ុន Kansai Electric បាននិយាយថា «មិនមានភាពមិនប្រក្រតី» ក្នុងរោងចក្រនុយក្លេអ៊ែរនៅក្នុងតំបន់ ដែលរងផលប៉ះពាល់នោះទេ។ចំណែកឯទីភ្នាក់ងារឧតុនិយមរបស់ប្រទេសកូរ៉េខាងត្បូង បានព្រមានថា រលកយក្សស៊ូណាមិ ដែលមានកម្ពស់រហូតដល់ ០,៣ម៉ែត្រ អាចកើតមាននៅឆ្នេរសមុទ្រភាគខាងកើតនៃប្រទេស ចន្លោះពីម៉ោង ១៨:២៩នាទៅ ដល់ ១៩:១៧នាទី ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ៩:២៩នាទី ដល់ម៉ោង ១០:១៧នាទី ម៉ោងសកល)៕

មេបញ្ជាការយោធាស៊ូដង់ ទាមទារឲ្យកងកម្លាំងយោធាប៉ារ៉ាដកចេញ ដើម្បីទទួលបានបទឈប់បាញ់

2024/01/01 02:19:32 pm        113
ប្រធានក្រុមប្រឹក្សាអធិបតេយ្យភាពបណ្តោះអាសន្នរបស់ប្រទេសស៊ូដង់ និងជាអគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) លោក Abdel Fattah Al-Burhan កាលពីថ្ងៃអាទិត្យ បាននិយាយថា ការបញ្ឈប់សង្គ្រាមនៅស៊ូដង់ នឹងមិនសម្រេចបានឡើយ លុះត្រាតែដកកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) ចេញពី ទីក្រុងទាំងអស់ លំនៅឋានប្រជាជន និងទីស្នាក់ការរដ្ឋាភិបាល។លោក Al-Burhan បាននិយាយនៅក្នុងសុន្ទរកថាទៅកាន់ប្រជាជនស៊ូដង់ ក្នុងឱកាសខួបលើកទី ៦៨ នៃឯករាជ្យភាពរបស់ប្រទេសស៊ូដង់ ដែលត្រូវបានចាក់ផ្សាយដោយទូរទស្សន៍ផ្លូវការរបស់ប្រទេសស៊ូដង់ថា មានវិធីតែមួយគត់ ដើម្បីបញ្ឈប់សង្គ្រាម ដែលនោះគឺការដកខ្លួនរបស់កងជីវពលឧទ្ទាម ចេញពីរដ្ឋ Gezira និងពីទីក្រុងទាំងអស់របស់ស៊ូដង់ ក្រៅពីការប្រគល់លុយ និងទ្រព្យសម្បត្តិដែលលួចបានពីពលរដ្ឋ និងធនធានរបស់រដ្ឋាភិបាល និងការដកខ្លួនចេញពីលំនៅឋានរបស់ពលរដ្ឋ និងទីស្នាក់ការរដ្ឋាភិបាល។ លោក និយាយថា បទឈប់បាញ់ណាមួយ ដែលពុំមានការធានាដូចបានរៀបរាប់ខាងលើ នឹងមិនមានតម្លៃនោះទេ ខណៈប្រជាជនស៊ូដង់ នឹងមិនទទួលយកដើម្បីរស់នៅក្នុងចំណោមឃាតក ឧក្រិដ្ឋជន និងអ្នកដែលគាំទ្រពួកគេ។លោក Al-Burhan បានព្រមានប្រទេសជិតខាងរបស់ស៊ូដង់ប្រឆាំងនឹងការគាំទ្រកងកម្លាំងគាំទ្ររហ័ស ផងដែរ។ លោកនិយាយថា លោកនឹងផ្ញើសារទៅកាន់ប្រទេសដែលស្វាគមន៍ឃាតករទាំងនេះ ឱ្យឈប់ជ្រៀតជ្រែកក្នុងកិច្ចការរបស់យើង ព្រោះការផ្តល់ការគាំទ្រណាមួយដល់ការដឹកនាំរបស់ក្រុមឧទ្ទាម ត្រូវបានចាត់ទុកថាជាដៃគូក្នុងឧក្រិដ្ឋកម្ម និងឃាតកម្ម និងបំផ្លាញប្រជាជនស៊ូដង់។

ភ្លៀងធ្លាក់ខ្លាំងនៅភាគខាងកើតអូស្ត្រាលី ធ្វើឱ្យអ្នកស្រុកដែលរងគ្រោះដោយខ្យល់ព្យុះកាន់តែលំបាក

2024/01/01 02:11:41 pm        145
ភ្លៀងដ៏ខ្លាំងបានធ្លាក់នៅផ្នែកខ្លះនៃភាគខាងកើតនៃប្រទេសអូស្ត្រាលី នៅថ្ងៃចន្ទ (០១ មករា) នេះដោយបង្កជាទឹកជំនន់ដ៏គំហុក ជន់លិចផ្លូវថ្នល់ និងនាំមកនូវភាពលំបាកបន្ថែមទៀតសម្រាប់អ្នកស្រុកមួយចំនួនបន្ទាប់ពីព្យុះផ្គររន្ទះវាយប្រហារតំបន់នេះកាលពីថ្ងៃបុណ្យណូអែល។តំបន់ភាគឦសាននៃរដ្ឋ ញ៉ូវសៅវេលស៍ (New South Wales) និងរដ្ឋ ឃ្វីនស៍ឡែន (Queensland) ភាគអាគ្នេយ៍ត្រូវបានវាយលុកដោយប្រព័ន្ធអាកាសធាតុយ៉ាងធ្ងន់ធ្ងរពេញមួយយប់ ដោយទីក្រុងជាច្រើនមានកម្រិតទឹកភ្លៀងធ្លាក់ស្មើនឹងរយៈពេលប្រហែលមួយខែ ក្នុងរយៈពេល ២៤ម៉ោងដល់ព្រឹកថ្ងៃចន្ទនេះ។ភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតត្រូវបានព្យាករណ៍រហូតដល់ព្រឹកថ្ងៃអង្គារ ជាមួយនឹងកម្រិតទឹកភ្លៀងសរុបត្រូវបានកំណត់លើសពី ២៥០មីលីម៉ែត្រ ច្រើនជាងមធ្យមភាគក្នុងខែមករា។ ឆ្នេរទេសចរណ៍ ហ្គូល ខូស (Gold Coast) ដ៏ពេញនិយមក្នុងរដ្ឋ ឃ្វីនស៍ឡែន ស្ថិតក្នុងចំណោមតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយវីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញពីរថយន្តជាប់គាំងនៅក្នុងផ្លូវលិចទឹក និងតំបន់ទំនាបជាច្រើនស្ថិតនៅក្រោមទឹក។ប្រជាពលរដ្ឋរាប់ពាន់នាក់ក្នុងរដ្ឋ ឃ្វីនស៍ឡែន នៅតែគ្មានអគ្គិសនីប្រើប្រាស់ បន្ទាប់ពីមានព្យុះផ្គររន្ទះកាលពីថ្ងៃទី២៥ និងទី២៦ ខែធ្នូ ដែលបានបណ្ដាលឲ្យបាក់រលំដើមឈើ និងដួលរលំខ្សែបណ្តាញអគ្គិសនី។ ក្រុមអាជ្ញាធរបាននិយាយថា ព្យុះចុងក្រោយនេះអាចពន្យារពេលកិច្ចខិតខំប្រឹងប្រែងតភ្ជាប់អគ្គិសនីឡើងវិញក្នុងទីតាំងដែលប៉ះពាល់៕

អ៊ុយក្រែន និងរុស្ស៊ី ចោទប្រកាន់គ្នាទៅវិញទៅមកពីការវាយប្រហារនៅដើមឆ្នាំថ្មី

2024/01/01 01:46:39 pm        118
មន្ត្រីម្នាក់ដែលដំឡើងដោយរុស្ស៊ី នៅក្នុងតំបន់ភាគខាងកើតនៃប្រទេសអ៊ុយក្រែន បាននិយាយថាការបាញ់ផ្លោងរបស់អ៊ុយក្រែនទៅលើទីក្រុងដូណិតស៍្ក (Donetsk) នៅប៉ុន្មានម៉ោងក្នុងពេលព្រឹកព្រលឹមនៃថ្ងៃចូលឆ្នាំថ្មី បានសម្លាប់មនុស្ស ៤នាក់ ខណៈក្រុមមន្ត្រីអ៊ុយក្រែនបាននិយាយថា យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់រុស្ស៊ីលើទីក្រុង អូដេសា (Odesa) ដោយនោះជាការចោទដាក់គ្នាទៅវិញទៅមកម្ដងទៀតនៅក្នុងឆ្នាំថ្មី ដែលសង្រ្គាមកំពុងឈានចូលដល់អាយុកាលពីរឆ្នាំ។មនុស្ស ១៤នាក់ក៏បានរងរបួសផងដែរនៅក្នុង «ការបាញ់ផ្លោងយ៉ាងធ្ងន់ធ្ងរ» ដោយកងកម្លាំងអ៊ុយក្រែននៅកណ្តាលនៃទីក្រុង ដូណិតស៍្ក នេះបើយោងតាមលោក ដេនីស ភូស៊ីលីន (Denis Pushilin) ប្រធានតំបន់ ដូណិតស៍្ក ដែលត្រូវបានតែងតាំងដោយរុស្ស៊ី ជាទីដែលទីក្រុង ដូណិតស៍្ក ជាមជ្ឈមណ្ឌលរដ្ឋបាល។លោក អូឡេហ្វ គីភើ (Oleh Kiper) អភិបាលនៃតំបន់ អូដេសា (Odesa) ដែលព័ទ្ធជុំវិញទីក្រុង អូដេសា បាននិយាយនៅលើបណ្ដាញតេឡេក្រាមថា យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់នៅក្នុងការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ីលើកំពង់ផែ អូដេសា (Odesa) ភាគខាងត្បូងអ៊ុយក្រែន។ លោក គីភើ បាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន បានទប់ស្កាត់ការវាយប្រហារដោយយានដ្រូននោះ ប៉ុន្តែកំទេចកំទីដែលបានធ្លាក់ចុះបានបណ្តាលឱ្យមានអគ្គីភ័យជាច្រើនកន្លែងនៅក្នុងអគារលំនៅដ្ឋាននៅក្នុងផ្នែកផ្សេងៗនៃទីក្រុង និងបានធ្វើឱ្យមនុស្សមួយចំនួនរងរបួសផងដែរ៕

យោធាអ៊ីស្រាអែល នឹងដកទាហានបម្រុងមួយចំនួនចេញពីតំបន់ហ្កាហ្សា

2024/01/01 01:43:24 pm        127
យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួននឹងដកទាហានបម្រុងមួយចំនួនចេញពីតំបន់ហ្កាហ្សា ខណៈ ប្រតិបត្តិការជើងគោករបស់ខ្លួន នៅតែបន្តនៅក្នុងតំបន់ហ៊ុមព័ទ្ធនោះ។ អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោក Daniel Hagari បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យ ថា ទាហានបម្រុងមួយចំនួននឹងត្រឡប់ទៅរកគ្រួសារ និងការងាររបស់ពួកគេវិញ។ លោកនិយាយថា នេះនឹងជួយសម្រាលបន្ទុកយ៉ាងខ្លាំងលើសេដ្ឋកិច្ច និងអនុញ្ញាតឱ្យពួកគេប្រមូលកម្លាំងសម្រាប់សកម្មភាពនៅពេលខាងមុខ។ ប្រព័ន្ធផ្សព្វផ្សាយធំមួយរបស់អ៊ីស្រាអែល Haaretz បានរាយការណ៍ថា យោធាបានដកអង្គភាពមួយចំនួនរួចហើយ ហើយគ្រោងនឹងដកកងទ័ពបន្ថែមទៀត អាស្រ័យលើស្ថានភាព។ អ៊ីស្រាអែល បានកែណ្ឌទាហានបម្រុងចំនួន ៣៦០.០០០នាក់ ជាការឆ្លើយតបទៅនឹងការវាយប្រហារកាលពីខែតុលា ដោយក្រុមអ៊ីស្លាមនិយមហាម៉ាស។ ប៉ុន្តែចំណាត់ការនេះ បានបង្កើនក្តីបារម្ភថា កង្វះកម្លាំងការងារ អាចប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងស្រុក។ ក្រុមអ្នកសង្កេតការណ៍ បាននិយាយថា យោធាទំនងជានឹងកាត់បន្ថយទំហំនៃការដាក់ពង្រាយកងទ័ពរបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សា ខណៈដែលខ្លួនរំពឹងថានឹងមានការប្រយុទ្ធរយៈពេលយូរ។ អាជ្ញាធរសុខាភិបាលនៅក្នុងតំបន់ហ្កាហ្សានិយាយនៅថ្ងៃដដែលនោះថា មនុស្ស ១៥០ នាក់បានស្លាប់ ក្នុងរយៈពេល ២៤ ម៉ោង កន្លងទៅនេះ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបនៅក្នុងតំបន់ហ៊ុមព័ទ្ធនេះឡើងដល់ ២១.៨២២នាក់ ចាប់តាំងពីការចាប់ផ្តើមជម្លោះបច្ចុប្បន្ន។ ស្លាបកងកម្លាំងប្រដាប់អាវុធរបស់ក្រុមហាម៉ាស ជាកងពលតូច Al-Qassam បាននិយាយនៅក្នុងការបង្ហោះលើបណ្តាញផ្សព្វផ្សាយសង្គមនៅថ្ងៃចន្ទនេះថា ខ្លួនបានវាយប្រហារដោយគ្រាប់រ៉ុក្កែតទៅលើទីក្រុង Tel Aviv និងតំបន់ជុំវិញក្នុងប្រទេសអ៊ីស្រាអែល។ កងកម្លាំងការពារជាតិអ៊ីស្រាអែល បានឆ្លើយតបនៅលើបណ្តាញផ្សព្វផ្សាយសង្គមដោយនិយាយថា ក្រុមហាម៉ាស បានសម្រេចចាប់ផ្តើមឆ្នាំ ២០២៤ ដោយបាញ់រ៉ុក្កែតរាំងទៅលើអ៊ីស្រាអែល។កងកម្លាំងការពារជាតិអ៊ីស្រាអែល និយាយថា ពុំមានឆ្នាំថ្មីដ៏រីករាយនោះទេ រហូតទាល់តែចំណាប់ថ្នូរទាំងអស់ ដែលត្រូវបានចាប់ខ្លួនដោយក្រុមឥស្លាមនិយម ត្រឡប់ទៅដល់លំនៅឋានវិញ។

ទីប្រឹក្សារបស់លោកអាបាស រិះគន់ផែនការរបស់អ៊ីស្រាអែល ក្នុងការគ្រប់គ្រងព្រំដែនហ្កាហ្សា ជាមួយអេហ្ស៊ីប

2024/01/01 01:37:08 pm        132
ទីប្រឹក្សាប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក ម៉ាខ្មូត អាបាស (Mahmoud Abbas) បានរិះគន់ផែនការរបស់អ៊ីស្រាអែល សម្រាប់ការត្រួតពិនិត្យរយៈពេលវែង នៅលើព្រំដែនរវាងតំបន់ហ្កាហ្សាស្ទ្រីប និងអេហ្ស៊ីប។លោក Hussein al-Sheikh អគ្គលេខាធិការនៃអង្គការរំដោះប៉ាឡេស្ទីន (PLO) បាននិយាយក្នុងការបង្ហោះលើគេហទំព័រXថា សំណើររបស់ប្រធានាធិបតីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ដណ្តើមបានការគ្រប់គ្រងច្រករបៀង Philadelpphi និងច្រក Rafah របស់ភាគីប៉ាឡេស្ទីន ក៏ដូចជាការបង្កើតតំបន់ការពារ និងការរៀបចំសន្តិសុខថ្មី គឺជាភ័ស្តុតាងច្បាស់លាស់នៃការសម្រេចចិត្ត ដើម្បីបង្កើតការកាន់កាប់ពេញលេញឡើងវិញ»។ លោកបានបន្ថែមថា ការសម្រេចបែបនេះ ធ្វើឲ្យប៉ះពាល់ដល់ «កិច្ចព្រមព្រៀងជាមួយអេហ្ស៊ីប និងបញ្ចប់កិច្ចព្រមព្រៀងទាំងអស់ជាមួយអង្គការរំដោះប៉ាឡេស្ទីន (PLO)» ។លោកបានធ្វើការអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍របស់លោកណេតាន់យ៉ាហ៊ូ ដែលធ្វើឡើងកាលពីល្ងាចថ្ងៃសៅរ៍ថា បន្ទាប់ពីសង្រ្គាមហ្កាហ្សា អ៊ីស្រាអែល ក៏គួរតែគ្រប់គ្រងច្រករបៀង Philadelphia តាមបណ្តោយព្រំដែនរវាងតំបន់ហ្កាហ្សាស្ទ្រីប និងអេហ្ស៊ីប ដែលមានប្រវែងប្រហែល១៤ គីឡូម៉ែត្រ។លោកណេតាន់យ៉ាហ៊ូ បាននិយាយថា នេះគឺជាមធ្យោបាយតែមួយគត់ ដើម្បីធានាដល់ការគ្មានយោធានៅតំបន់ហ្កាហ្សាស្ទ្រីបនេះ។

រដ្ឋមន្ត្រីអ៊ីស្រាអែល អំពាវនាវជាថ្មីឲ្យជនជាតិប៉ាឡេស្ទីន ចាកចេញពីតំបន់ហ្កាហ្សា

2024/01/01 01:26:59 pm        112
ឥស្សរជនជាន់ខ្ពស់ម្នាក់នៅក្នុងក្រុមចម្រុះស្តាំនិយមរបស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានអំពាវនាវកាលពីថ្ងៃអាទិត្យ (៣១ ធ្នូ) ឱ្យប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សាចាកចេញពីតំបន់ឡោមព័ទ្ធនោះ ដោយបើកផ្លូវឲ្យអ៊ីស្រាអែល ដែលអាចធ្វើឱ្យទីនោះក្លាយជាវាលរហោរដ្ឋាន។ការអត្ថាធិប្បាយរបស់រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក បេហ្សាលែល ស្មូទ្រីច (Bezalel Smotrich) ដែលត្រូវបានដកចេញពីគណៈរដ្ឋមន្ត្រីសង្គ្រាម និងការពិភាក្សាអំពីការរៀបចំបន្ទាប់នៅហ្កាហ្សា នេះហាក់ដូចជាបង្ហាញពីការភ័យខ្លាចនៅក្នុងពិភពអារ៉ាប់ជាច្រើន ដែលថាអ៊ីស្រាអែលចង់បណ្តេញជនជាតិប៉ាឡេស្ទីនចេញពីដីដែលពួកគេចង់សាងសង់ជារដ្ឋមួយនាពេលអនាគត ដោយធ្វើត្រាប់ឡើងវិញនូវការបណ្តេញជនជាតិប៉ាឡេស្ទីនយ៉ាងច្រើននៅពេលដែលអ៊ីស្រាអែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៤៨។លោក ស្មូទ្រីច ដែលគណបក្សសាសនាជី្វហ្វប្រកាន់ស្តាំនិយមរបស់លោកទាក់ទាញការគាំទ្រពីសហគមន៍អ្នកតាំងលំនៅរបស់អ៊ីស្រាអែល បានធ្វើការបញ្ចេញមតិស្រដៀងគ្នានេះកាលពីមុន ដោយធ្វើឱ្យខ្លួនលោកមានជម្លោះជាមួយសម្ព័ន្ធមិត្តដ៏សំខាន់បំផុតរបស់អ៊ីស្រាអែល គឺសហរដ្ឋអាមេរិក។ប៉ុន្តែទស្សនៈរបស់លោក ស្មូទ្រីច មិនបានឆ្លុះបញ្ចាំងពីជំហរផ្លូវការរបស់រដ្ឋាភិបាល ដែលថាពលរដ្ឋហ្កាហ្សានឹងអាចត្រឡប់ទៅផ្ទះវិញបន្ទាប់ពីសង្គ្រាមប្រឆាំងនឹងចលនាអ៊ីស្លាមហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្កាហ្សា ដោយឥឡូវនេះជិតចាប់ផ្តើមចូលខែទីបួនរបស់ខ្លួន៕

រដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេស៖ អ៊ីរ៉ង់មានចំណែកទទួលខុសត្រូវចំពោះការទប់ស្កាត់ការវាយប្រហារនៅសមុទ្រក្រហម

2024/01/01 01:21:38 pm        85
រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក David Cameron បាននិយាយកាលពីថ្ងៃអាទិត្យថា លោកបានបញ្ជាក់យ៉ាងច្បាស់ នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក ហ៊ូសេន អាមីរ៉ាប់ឌូឡាហៀន (Hossein Amirabdollahian) ថា អ៊ីរ៉ង់មានចំណែកការទទួលខុសត្រូវចំពោះការទប់ស្កាត់ការវាយប្រហាររបស់ក្រុមហួទី នៅសមុទ្រក្រហម។លោកបាននិយាយនៅក្នុងការបង្ហោះនៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា៖«ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ថា អ៊ីរ៉ង់មានចំណែកការទទួលខុសត្រូវចំពោះការទប់ស្កាត់ការវាយប្រហារទាំងនេះ ដោយបានផ្តល់ការគាំទ្រដ៏យូរអង្វែងរបស់ពួកគេ ដល់ក្រុមហួទី»។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសអ៊ីរ៉ង់ បានដកស្រង់សម្តីលោក អាមីរ៉ាប់ឌូឡាហៀនថា៖«របបអ៊ីស្រាអែល មិនអាចអនុញ្ញាតឲ្យប្រព្រឹត្តការសម្លាប់រង្គាលស្ត្រី និងកុមារ និងអំពើប្រល័យពូជសាសន៍ នៅតំបន់ហ្កាហ្សា និងដុតបំផ្លាញតំបន់នេះឡើយ ខណៈដែលការបញ្ឈប់នាវាជ្វីហ្វ នៅសមុទ្រក្រហម ត្រូវបានគេមើលឃើញថា មានគ្រោះថ្នាក់ដល់សន្តិសុខនៃផ្លូវទឹកសេដ្ឋកិច្ចនេះ»។

ពលរដ្ឋហ្កាហ្សា អធិស្ឋានសុំឆ្នាំថ្មីអាចនាំមកនូវសន្តិភាព បន្ទាប់ពីការបំផ្លិចបំផ្លាញក្នុងឆ្នាំចាស់

2024/01/01 01:14:54 pm        78
ខណៈឆ្នាំ២០២៣ ដែលជាឆ្នាំនាំមកនូវការលំបាកដ៏ជូរចត់បន្ទាប់ពីរយៈពេល ១២សប្តាហ៍នៃការវាយលុកដែលកំពុងកើនឡើងរបស់អ៊ីស្រាអែល បានកន្លងផុត ប្រជាជននៅតំបន់ហ្កាហ្សា មានសង្ឃឹមតិចតួចណាស់ដែលថាឆ្នាំ២០២៤ អាចនឹងនាំមកនូវការធូរស្បើយ។នៅទីក្រុងរ៉ាហ្វាហ្វ នៅតាមព្រំដែនហ្កាហ្សា ជាមួយប្រទេសអេហ្ស៊ីប ដែលបានក្លាយជាចំណុចបង្គោលធំបំផុតសម្រាប់ប្រជាជនប៉ាឡេស្ទីន ដែលភៀសខ្លួនចេញពីផ្នែកផ្សេងទៀតនៃតំបន់នោះ កាលពីថ្ងៃអាទិត្យ (៣១ ធ្នូ) ប្រជាជនមានការចាប់អារម្មណ៍ខ្លាំងក្នុងការព្យាយាមស្វែងរកទីជម្រក អាហារ និងទឹកជាជាងអបអរចូលឆ្នាំថ្មី។ពលរដ្ឋភៀសខ្លួនហ្កាហ្សា នៅទីក្រុងរ៉ាហ្វាហ្វបាននិយាយថា «នៅក្នុងឆ្នាំថ្មី២០២៤នេះ យើងចង់ត្រឡប់ទៅផ្ទះរបស់យើងវិញ ចង់បោះតង់ និងរស់នៅទីនោះ ហើយចង់ឲ្យកូនៗយើងរស់នៅដោយសុខសាន្ត សុវត្ថិភាព អាចចូលរៀន អាចត្រឡប់ទៅសាកលវិទ្យាល័យវិញ ហើយកម្មករនិយោជិត ត្រឡប់ទៅធ្វើការវិញ និងស្វែងរកប្រភពចំណូល»។ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល បានរុញច្រានពលរដ្ឋហ្កាហ្សា ស្ទើរតែទាំងអស់ឲ្យចេញពីផ្ទះរបស់ពួកគេ និងបានសម្លាប់មនុស្សជាង ២១.៨០០នាក់ នេះបើយោងទៅតាមអាជ្ញាធរសុខាភិបាលនៅក្នុងតំបន់ហ៊ុមព័ទ្ធដែលគ្រប់គ្រងដោយក្រុមហាម៉ាស ហើយបានធ្វើឱ្យអ្នកនៅរស់រានមានជីវិតប្រឈមនឹងភាពអត់ឃ្លាន ជំងឺ និងទុរ្ភិក្ស។ ក្តីសង្ឃឹមណាមួយនៃដំណោះស្រាយនយោបាយចំពោះជម្លោះនេះ និងដំណើរស្វែងរកសេរីភាព និងការសម្រេចចិត្តដោយខ្លួនឯងអស់រយៈពេល ៧៥ឆ្នាំរបស់ប៉ាឡេស្ទីន ហាក់ដូចជានៅឆ្ងាយខ្លាំងណាស់៕

គ្រោះថ្នាក់ចរាចរណ៍នៅរាជធានីភ្នំពេញ ក្នុងថ្ងៃឆ្លងឆ្នាំ កើតឡើង០៩ករណី បណ្តាលឱ្យមនុស្ស​ស្លាប់០៦នាក់ រងរបួសធ្ងន់ស្រាល០៥នាក់

2024/01/01 01:01:40 pm        818
យោងតាមរបាយការណ៍ របស់នគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ម្សិលមិញ ដែល​ជា​ថ្ងៃចុងក្រោយ នៃឆ្នាំចាស់ បន្តផ្លាស់ចូលឆ្នាំថ្មីឆ្នាំសកល២០២៤ ក្នុងភូមិសាស្ត្រ​រាជ​ធានី​ភ្នំពេញ​ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន០៩ករណី ដែលបាន​ឆក់​យក​ជីវិត​មនុស្ស​ចំនួន​០៦​នាក់ និងបណ្តាលឱ្យមនុស្ស០៣នាក់រងរបួសធ្ងន់ និង០២នាក់រងរបួសស្រាល ។ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ៖ ក្នុង​ចំណោម​ករណី​គ្រោះថ្នា​ក់​ចរាចរណ៍ខាងលើដែលបានកើតឡើង មាន០១ករណី គឺនៅខណ្ឌទួលគោក មាន​រថយន្ត​បុក ម៉ូតូ០១គ្រឿងបណ្តាលឱ្យស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់ម្នាក់ បន្ទាប់​មក​ជន​បង្ក​បើក​រថយន្ត​គេច​ខ្លួន​ពី​កន្លែងកើតហេតុ។ ប៉ុន្តែគាត់បានបើករថយន្តចូលខ្លួនសារភាពដោះស្រាយ នៅ​ស្នង​ការដ្ឋាននគរបាលរាជធានីភ្នំពេញទាំងយប់។ ដោយឡែកសម្រាប់អ្នកបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍ផ្សេងទៀត បាន​រត់​គេច​ខ្លួន​ពី​កន្លែង​កើត​ហេតុ ដូច្នោះហើយនគរបាលអំពាវនាវសូមឱ្យជនដែលបើកយានយន្តបង្ក ចូលខ្លួន​មក​សារ​ភាព​ដូច​ករណី​គ្រោះថ្នាក់ចរាចរណ៍ក្នុងខណ្ឌទួលគោក ដើម្បីឱ្យសមត្ថកិច្ចអនុវត្តតាមនីតិវិធី ជៀសវៀង​ការ​គេច​វេសពីសំណាញ់ច្បាប់ ។ អ្នកនាំពក្យនគរបាល បានបន្តថា រាល់ករណីគ្រោះថ្នាក់ចរាចរណ៍បើករត់គេចនេះ ឯកឧត្តម ឧត្តម​សេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បាន​ដាក់​បញ្ជា​ឱ្យ​មន្ត្រី​ជំនាញ​ស្រាវជ្រាវយ៉ាងម៉ឺងម៉ាត់នៅកន្លែងកើតហេតុរួមទាំងវត្ថុតាង និងបានបង្កើត​ក្រុម​ការងារ​តាម​ដានស្រាវជ្រាវស្វែងរកចាប់ខ្លួនរាល់ជនបង្ក ពោលគឺមិនអាច​គេច​ខ្លួន​ពី​សំណាញ់​ច្បាប់​បាន​នោះ​ទេ។ ជា​ពិសេស​ក្នុ​ង​ករណី​បើក​បង្ក​គ្រោះ​ថ្នាក់​ហើយ​គេច​ខ្លួន​មិន​ទទួល​ខុស​ត្រូវ​ជា​បទ​ល្មើស​ផ្សេង​មួយទៀតផងដែរ ៕ លីហេង

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ចិន៖ បម្រាម​នាំចេញទំនិញ​ប្រើប្រាស់​បាន ២ផ្លូវ​ គឺ​ចង់​​បញ្ឈប់បំណង​​​ធ្វើយោធូនីយកម្ម​ឡើងវិញរបស់ជប៉ុន
06/09/2026 05:06 PM
មនុស្សយ៉ាងហោច ៣នាក់ ស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យរោងចក្រផលិតផាវខុសច្បាប់នៅភាគខាងលិចឥណ្ឌា
06/09/2026 05:06 PM
នគរបាលកេនយ៉ាបាញ់ឧស្ម័នបង្ហូរទឹកភ្នែក អំឡុងបាតុកម្មប្រឆំាងនឹងមណ្ឌលចត្តាឡីស័យជំងឺអេបូឡាអាមេរិក
06/09/2026 05:06 PM
ចិនប្រាប់អាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ថា គ្មានដំណោះស្រាយដោយ​វិធានការ​យោធាទេ​  សម្រាប់​ជម្លោះ នៅមជ្ឈិមបូព៌ា
06/09/2026 05:06 PM
ក្រសួងការបរទេសរុស្ស៊ី ៖ លោកខាងលិចបានប្រែក្លាយអ៊ុយក្រែនទៅជា «ចក្រភពឧក្រិដ្ឋ»
06/09/2026 05:06 PM
មន្ត្រី៖ ជនសកម្មប្រយុទ្ធសម្លាប់មនុស្ស ៦នាក់ និងចាប់ពង្រត់បុគ្គលិកសន្តិសុខ ៨នាក់ នៅក្នុងប្រទេសប៉ាគីស្ថាន
06/09/2026 05:06 PM
ការស៊ើបអង្កេតរបស់UN ៖ ប្រជាជនប៉ាឡេស្ទីនត្រូវរងនូវការរំលោភសិទ្ធិយ៉ាងធ្ងន់ធ្ងរ«ជាប្រព័ន្ធ និងដោយចេតនា
06/09/2026 05:06 PM
កូនឈើចម្រុះចំនួន ១២,៣៧៥ដើម ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយ​ដោយឥតគិត​ថ្លៃពីថ្ងៃទី១ ដល់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦
06/09/2026 05:06 PM
កូរ៉េខាងត្បូងអនុម័តក្រឹត្យប្រធានាធិបតី ស្ដី​ពី​ការវិនិយោគ ៣៥០ពាន់លានដុល្លារ នៅសហរដ្ឋអាមេរិក
06/09/2026 05:06 PM
កសិករដាំដុះបន្លែ កំពុងជំរុញផលិតកម្ម ដើម្បីពង្រឹងភាពធន់ផ្នែកសេដ្ឋកិច្ច និង​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើការនាំចូល
06/09/2026 05:06 PM