ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជាបានថ្លែងថា ត្រឹមរយៈពេល៥ខែ ឆ្នាំ២០២៦នេះ មន្ទីរពេទ្យគន្ធបុប្ផា បានទទួលពិនិត្យព្យាបាលទារក កុមារ និងផ្ដល់សេវាសម្ភព បានជាង៥១ម៉ឺនករណី ដែលចំណាយថវិកាជាង ១៦លានដុល្លារអាមេរិក ខណៈគិតត្រឹមមកដល់ពេលនេះ ចលនាការចូលរួមក្នុងយុទ្ធនាការ « ១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ ទទួលបានថវិកាជាង ៥លានដុល្លារ ហើយសកម្មភាពនេះ កំពុងបន្តជាហូរហែរ។
ក្នុងពិធីសំណេះសំណាល ជាមួយគណៈប្រតិភូមូលនិធិគន្ធបុប្ផាស្វីស គ្រូពេទ្យ បុគ្គលិកមន្ទីរពេទ្យគន្ធបុប្ផា អាណាព្យាបាលកុមារ និងទទួលថវិកាពីសប្បុរសជន នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានប្រសាសន៍ថា អ្វីដែលលើសពីមន្ទីរពេទ្យ គឺមន្ទីរពេទ្យគន្ធបុប្ផា ប្រៀបដូចជាមជ្ឈមណ្ឌលសង្គ្រោះអាយុជីវិតទារក និងកុមារ ពីព្រោះក្នុងមួយឆ្នាំៗ មន្ទីរពេទ្យមួយនេះ បានសង្គ្រោះជីវិតទារក និងកុមារកម្ពុជារាប់សែននាក់ ដោយគ្មានការរើសអើង។
លោកជំទាវបណ្ឌិត បានបន្តថា មួយវិញទៀតការបន្តដំណើរទៅបាន នៃបេសកកម្មជួយសង្គ្រោះជីវិតទារក និងកុមារ គឺមានការចូលរួមពីសកម្មភាពចំនួន៣ ក្នុងនោះគឺមូលនិធិគន្ធបុប្ផាកម្ពុជា-ស្វីស សប្បុរសជន និងក្រុមគ្រូពេទ្យ។ សម្រាប់ក្រុមគ្រូពេទ្យ គួរយល់ដែរថា បេសកកម្មរបស់ខ្លួន មិនត្រឹមតែជាការបំពេញនូវក្រមសីលធម៌វិជ្ជាជីវៈប៉ុណ្ណោះទេ គឺជាការចូលរួមសង្គ្រោះទារក និងកុមារដែលជាអ្នកបន្តវេន ដើម្បីឲ្យពួកគេមានសុខភាពល្អ កម្លាំងកាយមាំមួន។
ជាមួយគ្នា លោកជំទាវបណ្ឌិតប្រធានកិត្តិយស បាននាំយកនូវការសួរសុខទុក្ខ និងថ្លែងអំណរគុណពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តទី និងជាប្រធានព្រឹទ្ធសភាជាតិ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចទាំងទ្វេគឺជាស្ថាបនិក បង្កើតមូលនិធិគន្ធបុប្ផាកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ចំពោះសប្បុរសជន និងក្រុមគ្រូពេទ្យ ដែលជាអ្នកទាញទារក និងកុមារកម្ពុជា ចេញពីមាត់មច្ចុរាជ តាមរយៈសកម្មភាពមនុស្សធម៌ ជាមួយមន្ទីរពេទ្យគន្ធបុប្ផា ។ ក្នុងឱកាសននោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងសប្បុរសជននានា បន្តចូលរួមក្នុងយុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់ ដើម្បីចូលរួមទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការងារសង្គ្រោះទារក និងកុមារកម្ពុជា។
គួរបញ្ជាក់ថា ក្នុងមួយឆ្នាំ មន្ទីរពេទ្យគន្ធបុប្ផា បានចំណាយថវិកាសរុបចំនួនជាង ៤៦ លានដុល្លារ ដើម្បីបន្តបេសកកម្មរបស់ខ្លួន ក្នុងការផ្តល់នូវសេវាពិនិត្យ និងព្យាលជំងឺទារក និងកុមារ ព្រមទាំងសេវាសម្ភពជូនស្ត្រីមានផ្ទៃពោះ ដោយឥតគិតថ្លៃ និងប្រកបដោយគុណភាព ហើយកាលពីឆ្នាំ២០២៥ មន្ទីរពេទ្យមួយនេះ បានជួយពិនិត្យព្យាបាលទារក កុមារ និងផ្ដល់សេវាសម្ភព បានចំនួនជាង ១លាន ៥សែនករណី ៕ អត្ថបទ បាន សុខរិទ្ធិ














