ប្រាសាទភ្នំបាខែងជួសជុលបានពីរជាន់ហើយ និងបន្តជួសជុលពីរជាន់ទៀត
មហោស្រពសិល្បៈចម្រៀងសម័យទសវត្សរ៍ទី៦០ ឆ្នាំ២០២៥ ខេត្តកំពង់ស្ពឺ ប្រកួតវគ្គផ្តាច់ព្រ័ត្រនាថ្ងៃនេះ
លោកជំទាវ ភឿង សកុណា អញ្ជើញ អធិបតីពិធីបិទ និងបើកវគ្គបណ្តុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតា ដល់យុវជន ខណៈសិស្សចំនួន ១១១ នាក់ទទួលបានលទ្ធផលសិក្សាដោយជោគជ័យ
នាវាទេសចរណ៍ SEVEN SEA VOYAGER សញ្ជាតិ BAHAMAS ដឹកនាវិក និងភ្ញៀវទេសចរជាង១ពាន់នាក់ចូលទស្សនាខេត្តព្រះសីហនុ

វប្បធម៌ និងទេសចរណ៍

ប្រាសាទភ្នំបាខែងជួសជុលបានពីរជាន់ហើយ និងបន្តជួសជុលពីរជាន់ទៀត

2025/05/16 03:45:59 pm        191
តាមរយៈកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា ជាមួយ​អង្គការ​មូល​និធិ​ប្រាសាទ​ពិភព​លោក (World Monument Fund) អ្នកជំនាញអាជ្ញាធរជាតិអប្សរា កំពុង​បន្ត​ការងារ​ជួសជុល​នៅ​តាម​ផ្នែក​ខ្លះ នៃប្រាសាទភ្នំបាខែង ជាពិសេស នៅផ្នែកខាងត្បូងឆៀងខាងលិច និងបន្តមក​ជួស​ជុល​នៅ​ផ្នែក​ខាងលិចជាបន្តទៀត។ លោក ជីវ ភិរម្យ វិស្វករគម្រោង ទទួលបន្ទុកការងារគ្រប់គ្រងបច្ចេកទេសជួសជុល និង​អភិរក្ស​នៅ​ប្រាសាទ​ភ្នំ​បាខែង បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០០៩មក កិច្ចការងារ​ជួសជុល​អភិរក្ស​នៅ​លើ​ប្រាសាទ​ភ្នំបាខែងបានដំណើរការជាបន្តបន្ទាប់។ ក្នុងនោះអំឡុងឆ្នាំ២០១៩មក ក្រុម​ការងារ​បាន​អនុវត្ត​គម្រោង​ជួសជុលនៅផ្នែកខាងត្បួងឆៀងខាងលិចនៃប្រាសាទនេះ មកដល់បច្ចុប្បន្ន​បាន​ជួស​ជុល​រួច​រាល់ បានចំនួន២ជាន់ហើយ(ជាន់ទី៣ និងជាន់៤) និងនៅសល់​ពីរ​ជាន់​ទៀត​(ជាន់​៥​និង​ជាន់​៦​)កំពុងរៀបចំកម្រាល និងជញ្ជាំងផ្នែកខាងត្បួង។ កិច្ចការ​ទាំង​នេះស​ម្រេច​លទ្ធ​ផល​បាន​ប្រមាណ​៨៥ភា​គរយហើយ ដោយគម្រោងនេះ គ្រោងនឹងបញ្ចប់នាចុងឆ្នាំ២០២៥ខាងមុខ។ ក្រៅពីដំណើរការនៅផ្នែកខាងត្បូងឆៀងខាងលិចហើយនោះ ក្រុមការងារ​ក៏​កំពុង​បន្ត​ជួស​ជុល​មួយ​ផ្នែក​ទៀត គឺផ្នែកខាងលិច ដោយចាប់អនុវត្តនៅជាន់ទី៦ ទី៥ ទី៤ និងជាន់ទី៣។ ជាលទ្ធផល បាន​បញ្ចប់ការជួសជុលជញ្ជាំងនៅជាន់ទី៥ និងទី៤ ដោយបច្ចុប្បន្ន​កំពុង​រៀបចំ​ជញ្ជាំង​នៅ​ជាន់​ទី៦ និងជាន់ទី៣។ សូមជម្រាបថា ប្រាសាទភ្នំបាខែង ត្រូវបានកសាងនាដើមសតវត្សរ៍ទី១០ ក្នុង​រជ្ជកាល​ព្រះបាទ​យសោវរ្ម័ន​ទី១។ ប្រាសាទភ្នំបាខែងនេះ គឺជាទីប្រជុំនូវភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់​រយ​នាក់​ក្នុង​មួយ​ថៃ្ងៗ ដើម្បីមើលថៃ្ងលិច និងមើលទេសភាពនៅតំបន់អង្គរស្ទើរតែទាំងមូល៕

មហោស្រពសិល្បៈចម្រៀងសម័យទសវត្សរ៍ទី៦០ ឆ្នាំ២០២៥ ខេត្តកំពង់ស្ពឺ ប្រកួតវគ្គផ្តាច់ព្រ័ត្រនាថ្ងៃនេះ

2025/05/14 12:32:05 pm        191
នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥នេះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ និងស.ស.យ.ក. ខេត្តកំពង់ស្ពឺ បានរៀបចំកម្មវិធីប្រឡងចម្រៀងក្នុងមហោស្រពសិល្បៈចម្រៀងសម័យឆ្នាំ២០២៥ «ទសវត្សរ៍ទី៦០» ប្រកួតវគ្គផ្តាច់ព្រ័ត្រ នាវេលាម៉ោង១៧:៣០នាទី ដើម្បីស្វែងរកបេក្ខជន បេក្ខនារី ដែលមានទឹកដមសំឡេងពីរោះ ដើម្បីគ្រងជ័យលាភី។ ជ័យលាភី លេខ១ លេខ២ និងលេខ៣ ឯ៣រូបទៀតទទួលបានជ័យលាភីកិត្តិយស។លោក ស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងប្រាប់ BTV ព័ត៌មាន នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥នេះថា គោលបំណងរៀបចំឲ្យមានមហោស្រពសិល្បៈចម្រៀងសម័យ “ទសវត្សរ៍ទី៦០” ទី១. ដើម្បីចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងទី២. គឺជាការរំលឹកទៅដល់អធិរាជសម្លេងមាស លោក ស៊ិន ស៊ីសាមុត ក៏ដូចជាតារាចម្រៀងប្រុស ស្រី ជាច្រើននាក់ផ្សេងទៀត នៅក្នុងអំឡុងទសវត្សរ៍ទី៦០។សម្លេង Motion: លោក ស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ....មនី្ទរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ រៀបចំនូវកម្មវិធីមហោស្រពសិល្បៈចម្រៀងសម័យ ដោយជ្រើសរើសយកបទចម្រៀងសម័យ ទសវត្សរ៍ទី៦០។ ទី១. គឺជាការចូលរួមថែរក្សា និងអភិរក្សសំនៀងមរតកដើម និងទី២. គឺបំផុសយុវជនជំនាន់ក្រោយឲ្យមានការចាប់អារម្មណ៍នូវចម្រៀងទសវត្សរ៍ទី៦០........(sound 01)សូមរំលេចឡើងវិញថា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺ បានដំណើរការរៀបចំមហោស្រពសិល្បៈចម្រៀងសម័យ “ទសវត្សរ៍ទី៦០” ឆ្នាំ២០២៥ ដែលមានបេក្ខជន បេក្ខនារី ចូលរួមប្រឡងចំនួន៣៦រូប ស្រីចំនួន១៨រូប។ -នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ មន្ទីរបានរៀបចំការប្រឡងវគ្គជម្រុះ ដោយគណៈមេប្រយោគបានសម្រាំងជ្រើសរើសបេក្ខជន បេក្ខនារី ចំនួន១៣រូប ស្រីចំនួន០៤រូប។ -នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ មន្ទីរបានរៀបចំការប្រឡងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដោយគណៈមេប្រយោគបានសម្រាំងជ្រើសរើសបេក្ខជន បេក្ខនារី ចំនួន០៦រូប (ស្រី២រូប) សម្រាប់ទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ។ -នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៧:៣០នាទី មន្ទីរនឹងរៀបចំការប្រឡងវគ្គពផ្ដាច់ព្រ័ត្រ ស្វែងរកបេក្ខជន បេក្ខនារី ដែលមានទឹកដមសំឡេងពីរោះ ដើម្បីគ្រងជ័យលាភី។ ជ័យលាភី លេខ១ លេខ២ និងលេខ៣ ឯ៣រូបទៀតទទួលបានជ័យលាភីកិត្តិយស៕ អត្ថបទ៖ រដ្ឋា 

លោកជំទាវ ភឿង សកុណា អញ្ជើញ អធិបតីពិធីបិទ និងបើកវគ្គបណ្តុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតា ដល់យុវជន ខណៈសិស្សចំនួន ១១១ នាក់ទទួលបានលទ្ធផលសិក្សាដោយជោគជ័យ

2025/05/13 03:01:23 pm        134
ភ្នំពេញ៖ នៅថ្ងៃ ទី១៣ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គបណ្តុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតាឆ្នាំ២០២៤- ២០២៥ និងបើកវគ្គបណ្តុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតាឆ្នាំ២០២៥- ២០២៦។ ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ មានការចែកជូនបណ្ណសរសើរចំពោះគ្រូជំនាញដូនតាចំនួន៥រូប និងវិញ្ញាបនប័ត្រជូនដល់សិស្សដែលបានបញ្ចប់វគ្គសិក្សាឆ្នាំ២០២៤-២០២៥ចំនួន៦២រូប។ វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា គឺជាកម្មវិធីគោលនយោបាយអាទិភាពមួយនៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សមេ្តចមហាបវរធិបតី នាយករដ្ឋមន្រ្តី សំដៅដល់ការយកចិត្តទុកដាក់លើការអភិរក្ស និងលើកស្ទួយជំនាញសិល្បៈវប្បធម៌ពីដូនតា បង្កើតឱកាសការងារសម្រាប់យុវជន ដើម្បីបង្កើនប្រាក់ចំណូល និងជីវភាពរស់នៅ។ដើម្បីចូលរួមអនុវត្តកម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈដូនតា សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក៏ដូចជាអនុលោមតាមគោលនយោបាយជាតិវិស័យវប្បធម៌ របស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលផ្តល់អាទិភាពជាចម្បងក្នុងការអភិរក្ស ថែរក្សា និងលើកស្ទួយមរតកវប្បធម៌ជាតិ ឲ្យសិ្ថតស្ថេរគង់វង្ស ដើម្បីពង្រឹងអត្តសញ្ញាណនិងកិត្យានុភាពជាតិ ព្រមទាំងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ ស្របពេលលើកតម្កើនសុខុមាលភាព ជីវភាព និងបង្កើនចំនួនអ្នកបន្តវេនមរតកវប្បធម៌ជាតិ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំដាក់ឲ្យដំណើរជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤។ វគ្គបណ្តុះបណ្តាលក្នុងឆ្នាំសិក្សា២០២៤-២០២៥ បើកដំណើរការនៅក្នុងខេត្តចំនួន៦ ទីតាំងចំនួន១១ ថ្នាក់ចំនួន១៣ ជំនាញចំនួន៨ មានដូចជា៖ ខ្មុកស្មាច់, ចម្លាក់ថ្ម, ចម្លាក់ស្មិត, ចម្លាក់ស្បែក, តម្បាញក្រមាពណ៌ត្រុំ, តម្បាញសូត្រ និងស្មូនឆ្នាំង។ សិស្សចំនួន ១១១ នាក់ទទួលបានលទ្ធផលសិក្សាដោយជោគជ័យក្រោយពីការចុះវាយតម្លៃយ៉ាងល្អិតល្អន់របស់លេខាធិការដ្ឋានជំនាញវិជ្ជាជីវៈដូនតា ទៅតាមទីតាំងបណ្តុះបណ្តាលនីមួយៗ។ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំបើកដំណើរការថ្នាក់បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនវគ្គ២ក្នុងឆ្នាំសិក្សា២០២៥-២០២៦ ចំនួន២០ថ្នាក់៕

នាវាទេសចរណ៍ SEVEN SEA VOYAGER សញ្ជាតិ BAHAMAS ដឹកនាវិក និងភ្ញៀវទេសចរជាង១ពាន់នាក់ចូលទស្សនាខេត្តព្រះសីហនុ

2025/04/24 01:26:45 pm        103
ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ក្រុមការងារមន្ទីរទេសចរណ៍បានចូលរួមសហការជាមួយអាជ្ញាធរ និងវិស័យឯកជនទទួលស្វាគមន៍ដំណើរមកដល់នាវាទេសចរណ៍ SEVEN SEA VOYAGER សញ្ជាតិ BAHAMAS មានបណ្ដោយប្រវែង ២០៦.៥០ ម៉ែត្រ និងទទឹងប្រវែង ២៨.៨០ម៉ែត្រ ជំរៅទឹក ៧.១០ម៉ែត្រ ធ្វើដំណើមកពីប្រទេសវៀតណាម បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ វេលាម៉ោង ០៦:២០នាទីព្រឹក និងចេញទៅប្រទេសថៃ នៅវេលាម៉ោង១៧:០០ ថ្ងៃ ខែ ឆ្នាំដដែល មាន ភ្ញៀវទេសចរសរុប ៦០១នាក់ ស្រី ៣២១នាក់ មាន១៧សញ្ជាតិ នាវិកចំនួន ៤៥៥នាក់ ស្រី ៩៧នាក់ មាន៤៤ សញ្ជាតិ។ ភ្ញៀវទេសចរភាគច្រើនជនជាតិអាមេរិក ៤២២នាក់។ គោលដៅភ្ញៀវទេសចរទៅទស្សនាមានរមណីយដ្ឋានឆ្នេរក្នុងក្រុង វត្តអារាម និងផ្សារលើជាដើម។ ទន្ទឹមនេះ មានភ្ញៀវមកពីខេត្តសៀមរាប ចេញតាមនាវា ចំនួន១៨នាក់ ស្រី៩នាក់ ១សញ្ជាតិ៕

ខេត្តក្រចេះ ទទួលបានភ្ញៀវទេសចរប្រមាណជិត ៣០ ម៉ឺននាក់ រយៈពេល៣ថ្ងៃ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី

2025/04/18 02:48:17 pm        165
រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តក្រចេះទទួលបានភ្ញៀវទេសចរមកលេងកម្សាន្តតាមតំបន់រមណីយដ្ឋាន និងសង្រ្កាន្តក្រចេះ ប៉ុន្មានជិត ៣០ ម៉ឺននាក់ បើប្រៀបធៀបឆ្នាំ២០២៤ មានមានការកើនឡើងចំនួន ២៦.៤៣ ភាគរយ។នេះយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តក្រចេះ។ យោងតាមរបាយការណ៍ ក៏បានបញ្ជាក់បន្ថែមថា នៅថ្ងៃទី ១ ទទួលបានភ្ញៀវទេសចរមកលេងកម្សាន្តចំនួន ៥៧.២៣៩ នាក់, ថ្ងៃទី ២ ចំនួន ៨២.៦៥៣ នាក់ និងថ្ងៃទី ៣ ទទួលបានភ្ញៀវទេសចរ ចំនួន ១៥៥.៨៤៣ នាក់ សរុបរួមរយៈពេលបីថ្ងៃ នៃពិធីចូលឆ្នាំប្រពៃណីជាតិទទួលបានភ្ញៀវទេសចរមកលេងកម្សាន្ត ចំនួន ២៩៥.៧៣៥ នាក់។ ជាមួយគ្នានោះដែរ អាជីវករលក់ដូរនៅរមណីយដ្ឋានទឹកជួរកាំពី លោក រីម បានឲ្យដឹងថា មុខម្ហូបល្បីប្រចាំនៅរមណីយដ្ឋានទឹកជួរកាំពី ដែលភ្ញៀវទេសចរណ៍និយមកម្មង់ញ៉ាំច្រើងជាងគេ ក្នុងអំឡុងពេលនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ មានដូចជា ត្រីប៉ាសេអ៊ី ត្រីក្អែក ចាក់ច្រែង។ ជាពិសេស គឺមុខម្ហូប ចាក់ច្រែង តែម្តង ដោយសារ ចាក់ច្រែង ជារបស់កម្រ ហើយឆ្នាំនេះទឹកក៏ច្រើនពិបាករក ពុំសូវសំបូរដូចឆ្នាំមុនៗ។ រីឯ តម្លៃម្ហូបអាហារនៅទីនេះវិញ ពុំមានការតំឡើងតម្លៃ ឬឡើងថ្លៃឡើយ ដោយអនុវត្តទៅតាមការណែនាំរបស់មន្ទីរទេសចរណ៍ខេត្ត បានកំណត់។ ដោយឡែក រោងទឹកវិញ តម្លៃគិត១កន្ទេល ៥ម៉ឺនរៀល អង្គុយលេងតាមសប្បាយ រហូតដល់ពេលភ្ញៀវត្រឡប់ទៅវិញ។ លោកក៏បានបញ្ជាក់ថា នៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំនេះ ត្រី សាច់ មាន់ទា ក៏ដូចជា សម្ភារៈឥវ៉ាន់ផ្សេងៗ មានការឡើងតម្លៃ ប៉ុន្តែតម្លៃម្ហូបអាហារនៅរមណីយដ្ឋានទឹកជួរកាំពីវិញ មិនមានការឡើងថ្លៃឡើយសូមបងប្អូនកុំមានការយល់ច្រឡំ។ ជាងនេះទៅទៀត រដ្ឋបាលខេត្តក្រចេះ នៅបន្តរៀបចំសង្ក្រាន្តក្នុងទីរួមខេត្ត រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ ដើម្បីបន្តអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ៕ ដោយ សេង ម័រ

រយៈពេល៣ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ធ្វើដំណើរកម្សាន្តទូទាំងប្រទេសជិត ២៤លាននាក់ កើនឡើង ៩,៩% ធៀបនឹងឆ្នាំ២០២៤

2025/04/18 02:18:37 pm        133
ប្រភពពីក្រសួងទេសចរណ៍បានឱ្យដឹងថា នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥នេះ ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេស មានចំនួនប្រមាណ ២៣.៩៧៧.៤៤១ នាក់ កើនឡើង ៩,៩% ធៀបនឹងឆ្នាំ២០២៤ (ដែលមានចំនួន ២១.៨១៣.១៣៨ នាក់) ក្នុងនោះ៖- ភ្ញៀវជាតិ មានចំនួន ២៣.៨៦២.៣៥១ នាក់- ភ្ញៀវអន្តរជាតិ មានចំនួន ១១៥.០៩០ នាក់។ដោយ តួលេខប្រចាំថ្ងៃ រួមមាន៖− ថ្ងៃទី១៤ ខែមេសា៖ ភ្ញៀវមានចំនួន ៥.៦៨៥.២២៣ នាក់− ថ្ងៃទី១៥ ខែមេសា៖ ភ្ញៀវមានចំនួន ៨.៣៦៥.៧២៤ នាក់− ថ្ងៃទី១៦ ខែមេសា៖ ភ្ញៀវមានចំនួន ៩.៩២៦.៤៩៤ នាក់ក្នុងរយៈពេល០៣ថ្ងៃនេះ រាជធានី ខេត្តដែលទទួលបានភ្ញៀវច្រើនជាងគេទាំង៥ រួមមាន៖− រាធានីភ្នំពេញ ២.៨៦៣.៩២២ នាក់− ខេត្តសៀមរាប ២.៧៥២.៨១៨ នាក់− ខេត្តកំពង់ចាម ២.៧៤៨.២២៨ នាក់− ខេត្តព្រៃវែង ២.៣៩៤.៣៤៣ នាក់− ខេត្តបាត់ដំបង ១.៧៤១.៧៩៥ នាក់ការបូកសរុបស្ថិតិភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេសរយៈពេល៣ថ្ងៃនេះ គឺត្រូវបានគណនាដោយ រាប់បញ្ចូលចំនួនភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាទូទាំងប្រទេស និងចំនួនបងប្អូនប្រជាជនដែលបានចូលរួមលេងកម្សាន្តនៅតាមទីតាំងសំខាន់ៗដែលមានការរៀបចំកម្មវិធីសង្រ្កាន្ត និងព្រឹត្តិការណ៍ទេសចរណ៍កម្សាន្តផ្សេងៗ។ជាក់ស្តែង- រាជធានីភ្នំពេញ មានការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តវត្តភ្នំ និងការលេងកម្សាន្តនៅ តាមផ្លូវថ្មើរជើងមាត់ទន្លេ- ខេត្តសៀមរាបមានការរៀបចំមហាព្រឹត្តិការណ៍អង្គរសង្រ្កាន្ត- ខេត្តកំពង់ចាម មានការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តកំពង់ចាម និងការតាំងបង្ហាញលៀសហាល ៣តានប្រវែង១ពាន់ម៉ែត្រ-ខេត្តព្រៃវែង មានការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តព្រៃវែង និង-ខេត្តបាត់ដំបង មានការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង ជាដើម។ ដែលបានទាក់ទាញភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋក្នុងរាជធានី ខេត្ត របស់ខ្លួន ចូលរួមលេងកម្សាន្តពេញរយៈពេល៣ថ្ងៃនៃពិធីបុណ្យនេះ។ទន្ទឹងនឹងនេះ បណ្តាខេត្តផ្សេងៗ ក៏បានរៀបចំឱ្យមានកម្មវិធីសង្រ្កាន្តឆ្នាំថ្មី ពិសេសនៅតាមទីប្រជុំជនទីរួមខេត្ត ទីរួមស្រុក តំបន់គោលដៅទេសចរណ៍សំខាន់ៗ វត្តអារាម និងនៅតាមស្រុកភូមិនានា ដែលបានទាក់ទាញឱ្យភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋដើរកម្សាន្តយ៉ាងច្រើនកុះករ។ចរន្តភ្ញៀវទេសចរដ៏ច្រើននេះ បានបង្កើតជាផលប្រយោជន៍សេដ្ឋកិច្ចដ៏ច្រើនទាំងនៅថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន។ បណ្តាសណ្ឋាគារនិងសេវាស្នាក់នៅទេសចរណ៍ ភោជនីយដ្ឋាននិងអាហារដ្ឋាន និងរមណីយដ្ឋានទេសចរណ៍នៅស្ទើរគ្រប់ខេត្ត បានទទួលភ្ញៀវស្ទើរពេញស្ទើរ ១០០%។ វិស័យឯកជនមានក្តីរីករាយ និងបានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ចំពោះការអភិវឌ្ឍន៍លើមាគ៌ាដ៏ត្រឹមត្រូវនៃវិស័យ ទេសចរណ៍កម្ពុជា។សភាពការណ៍សន្តិសុខ សណ្តាប់ធា្នប់ សុវត្ថិភាព ការគ្រប់គ្រងចរន្តភ្ញៀវ និងការគ្រប់គ្រងគុណភាព និងតម្លៃសេវាទេសចរណ៍នានាជារួម មានភាពល្អប្រសើរ ខណៈដែលកម្លាំងមានសមត្ថកិច្ចទាំងនៅថ្នាក់ជាតិ និងគណៈបញ្ជាការឯកភាពរាជធានីខេត្តបានអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់។ប្រជាពលរដ្ឋទូទៅ ពិសេសយុវជន សិស្ស-និស្សិត និងកម្មករ កម្មការី មានសេចក្តីរីករាយ និងសូមថ្លែងអំណរគុណ សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី ដែលបានអនុញ្ញាតឱ្យមានការដឹកជញ្ជូនតាមរថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃសម្រាប់ការធ្វើដំណើរទៅមកស្រុកកំណើត៕

អាជ្ញាធរជាតិអប្សរា ត្រៀមភ្នាក់ងារទេសចរជាង៤០០នាក់ ទទួលភ្ញៀវទេសចរចម្រុះជាតិសាសន៍ មកទស្សនាកម្សាន្តក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥

2025/04/11 02:46:35 pm        203
នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ ខាងមុខនេះ អាជ្ញាធរជាតិអប្សរា បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយសម្រួលដល់ភ្ញៀវទេសចរចម្រុះជាតិសាសន៍ ដែលមកទស្សនាកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងនោះ មានក្រុមការងារភ្នាក់ងារទេសចរ ចំនួនជាង៤០០នាក់ ប្រចាំនៅគោលដៅចំនួន១៨សំខាន់ៗក្នុងរមណីយដ្ឋានអង្គរ។លោក ចាន់ សំណាង ប្រធានគ្រប់គ្រងរួមភ្នាក់ងារទេសចរ របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ ឱ្យដឹងថា អាជ្ញាធរជាតិអប្សរាបានរៀបចំក្រុមការងារភ្នាក់ងារទេសចរនៅតាមគោលដៅសំខាន់ៗចំនួន១៨ ក្នុងរមណីយដ្ឋានអង្គរនេះ ដើម្បីជួយសម្រួលការធ្វើដំណើរតាមដងផ្លូវរបស់ភ្ញៀវទេសចរកុំឱ្យកកស្ទះចរាចរណ៍ ជួយសង្គ្រោះបឋមដល់ភ្ញៀវទេសចរដែលមានគ្រោះថ្នាក់ផ្សេងៗ រក្សាទុកសម្ភារភ្ញៀវទេសចរដែលភ្លេច ឬជ្រុះ ដើម្បីផ្តល់ជូនម្ចាស់ដើមវិញ។ ប្រធានគ្រប់គ្រងរួមភ្នាក់ងារទេសចររូបនេះ បញ្ជាក់ថា ដើម្បីទទួលទេវតាឆ្នាំថ្មី និងភ្ញៀវទេសចរចម្រុះជាតិសាសន៍ក្នុងឱកាសចូលឆ្នាំថ្មីខាងមុខក្រុមការងារភ្នាក់ងារទេសចរប្រចាំគោលដៅនីមួយៗបានសម្អាតបរិស្ថាន រៀបចំទីធ្លាចំណត ជួសជុលជណ្ដើរកម្រាល និងដំឡើងបង្កាន់ដៃឈើមួយចំនួន និងសម្អាតគ្រឿងបរិក្ខាតាមប្រាសាទ។ បន្ថែមពីនេះ មានក្រុមការងារភ្នាក់ងារទេសចរប្រចាំនៅតាមដងផ្លូវនៃគោលដៅទេសចរណ៍សំខាន់ៗ មានខ្លោងទ្វារទន្លេអុំ ខ្លោងទ្វារជ័យ និងខ្លោងទ្វារដីឆ្នាំងរបស់ក្រុងអង្គរធំ ដើម្បីជួយសម្រួល និងបញ្ជៀសចរាចរណ៍ កុំឱ្យកកស្ទះទៀតផង។អាជ្ញាធរជាតិអប្សរា សំណូមពរដល់ភ្ញៀវទេសចរគ្រប់រូប ដែលនឹងមកកម្សាន្តក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំនេះ សូមចូលរួមរក្សាអនាម័យក្នុងរមណីយដ្ឋានអង្គរ កុំពិសាគ្រឿងស្រវឹង ឬអាហារផ្សេងៗនៅក្នុងបរិវេណប្រាសាទបុរាណ។ ការធ្វើដំណើរកម្សាន្តក្នុងតំបន់រមណីយដ្ឋានអង្គរ ត្រូវមានការយោគយល់អធ្យាស្រ័យគ្នា កុំបើកបរយានយន្តបញ្ច្រាសទិស និងចតនៅចំណតរក្សាសណ្តាប់រៀបរយ។ គោរពតាមក្រមប្រតិបត្តិអង្គរ ស្លៀកពាក់ឱ្យបានសមរម្យ ចៀសវាងការស្លៀកពាក់មិនសមរម្យ ដែលធ្វើឱ្យប៉ះពាល់ដល់តម្លៃប្រពៃណី និងវប្បធម៌របស់ជាតិខ្មែរ៕ 

សង្ក្រាន្តសាលាមធ្យមវិចិត្រសិល្បៈចាប់ផ្តើមនៅថ្ងៃនេះ ជាមួយទស្សនីយភាពសិល្បៈវប្បធម៌ចម្រុះ

2025/04/01 02:11:53 pm        166
កម្មវិធីសង្រ្កាន្តសាលាមធ្យមវិចិត្រសិល្បៈ ចាប់ផ្តើមពីថ្ងៃទី១ និងទី២ ខែមេសានេះ ដោយមានការ សម្ដែងទស្សនីយភាពសិល្បៈវប្បធម៌ចម្រុះ និងការតាំងពិព័រណ៍។ ពិធីបើកកម្មវិធីនេះ បានរៀបចំធ្វើឡើង នៅព្រឹកថ្ងៃទី១ ខែមេសា នេះ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រ សួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានអ្នកចូលរួមពីមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងសិស្សា នុសិស្សសាលាមធម្យវិចិត្រសិល្បៈ ។នៅក្នុងពិធីបើកកម្មវិធីសង្ក្រាន្តសាលាមធ្យមវិចិត្រសិល្បៈ លោកជំទាវរដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ភឿង សកុណា បានថ្លែងអំណរគុណចំពោះគំរូវីរៈរបស់អ្នកគ្រប់គ្រង និងលោកគ្រូអ្នកគ្រូ នៅសាលា មធ្យមវិចិត្រសិល្បៈ ដែលបានលៈបង់កម្លាំងកាយចិត្ត ក្នុងបណ្តុះបណ្តាលជំនាញសិល្បៈផ្សេងៗ នៅដល់យុវជនជំនាន់ក្រោយ។ លោកជំទាវ បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសយុវជនចូលរួម លេងល្បែងប្រជាប្រិយខ្មែរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ។លោក ហេង កំសាន្ត នាយកសាលាមធ្យមវិចិត្រសិល្បៈ បានប្រាប់BTVថា សង្ក្រាន្ត នៅសាលា មធ្យមវិចិត្រសិល្បៈ មានការសម្ដែងទស្សនីយភាពចម្រុះជាច្រើន ដូចជា ល្ខោនខោល ល្ខោនបាក់សាក់ ល្ខោននិយាយ លេងល្បែងប្រជាប្រិយ និងការប្រគំតន្រ្តីសម័យ ជាដើម។ លើសពីនេះ លោកបានអំពាវនាវ ដល់សាធារណជនអញ្ជើញចូលរួមលេងកម្សាន្តក្នុងសង្រ្កាន្តសាលាមធ្យមវិចិត្រសិល្បៈឲ្យបានច្រើនកុះករ។យុវជន បានបង្ហាញអារម្មណ៍រីករាយពេលបានចូលរួមក្នុងកម្មវិធីសង្រ្កាន្តសាលាមធ្យមវិចិត្រសិល្បៈ ដែលមានការរៀបចំតុបតែងលម្អយ៉ាងស្អាត ព្រមទាំងមានស្តង់លក់ម្ហូបអាហារផងដែរ ។ជាការកត់សម្គាល់ មុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ចូលមកដល់ គេសង្កេតឃើញថា នៅតាម បណ្តាវត្តអារាម សាលារៀន ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងវិស័យឯកជននានា បានរៀបចំកម្មវិធី សង្ក្រាន្តយ៉ាងផុលផុស ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។ ជាក់ស្តែងដូចជាសាលាមធ្យមវិ ចិត្រសិល្បៈ ជាដើម៕ អត្ថបទ៖ សោភ័ណ

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ត្រៀមរៀបចំព្រឹតិ្តការណ៍ពិព័រណ៍ទេពកោសល្យ និងស្នាដៃនិសិ្សត​ លើកទី៨ ដើម្បីអបអរសាទរសង្រ្កាន្តឆ្នាំថ្មី

2025/03/31 02:16:16 pm        133
សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន​ត្រៀម​រៀបចំ​ព្រឹតិ្តការណ៍​ពិព័រណ៍ទេពកោសល្យ និងស្នាដៃនិសិ្សត លើកទី៨ ចាប់ពីថ្ងៃទី៤ រហូតដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះ ដើម្បីអបអរសាទរសង្រ្កាន្តឆ្នាំថ្មី។ លោក ជីង ឆោមមុនី សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ទទួល​បន្ទុក​មហា​វិទ្យាល័យ​សិល្បៈសូនរូប បានថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥​នេះ​ថា ជារៀងរាល់ឆ្នាំ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ តែងតែប្រារព្ធ​ព្រឹតិ្តការណ៍​ក្នុង​គោល​ដៅ​បង្ហាញ​អំពីស្នាដៃ និងទេពកោសល្យរបស់និសិ្សត ដែលហៅថា មរតកទាំង៥ ហើយ​មរតក​ទាំង​៥ ចង់ឆ្លុះបញ្ចាំងអំពីអត្តសញ្ញាណនៃវប្បធម៌ជាតិរបស់ខ្មែរយើង ដែលសាកលវិទ្យាល័យ​ភូមិន្ទ​វិចិ​ត្រ​សិល្បៈ មានជំនាញខាងបណ្តុះបណ្តាលទាំងអស់នេះ។ ដូច្នេះហើយប្អូនៗនិសិ្សត ក៏ដូចជា​ប្រធាន​និសិ្សត ដែលបានដឹកនាំកន្លងមកជាបន្តបន្ទាប់ តែងតែយកចិត្តទុកដាក់លើប្រធានបទ មរតក​ទាំង​៥ ដែលជាស្នាដៃដូនតា។ ហើយគោលដៅដែលថ្នាក់ដឹកនាំរៀបចំនេះ គឺរៀបចំ​ជា​សង្រ្កាន្ត​សា​កលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈថ្មី។ចំណែកនិសិ្សត ហេង ឆេងលិញ ឆ្នាំទី៣ ផ្នែកស្ថាបត្យកម្ម និងនិសិ្សត ជូ ឡុងហេង ឆ្នាំទី១ ផ្នែក​ស្ថាបត្យកម្ម បានលើកឡើងរួមគ្នាថា ព្រឹតិ្តការណ៍ខាងលើនេះ គឺជាពេលវេលា​ដ៏​សំខាន់​សម្រាប់​និសិ្សត​ទាំង​៥មហាវិទ្យាល័យ រួមមាន៖ មហាវិទ្យាល័យបុរាណវិទ្យា មហាវិទ្យាល័យសិល្បៈសូនរូប មហា​វិទ្យាល័យសិល្បៈនាដសាស្រ្ត មហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យា មហា​វិទ្យាល័យ​តូរ្យតន្រី្ត ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន បានដាក់តាំងបង្ហាញ​ជូន​នូវ​ស្នា​ដៃ​ដែល​ខិត​ខំ​ប្រឹង​ប្រែង​សិក្សាបណ្តាឆ្នាំនាពេលកន្លងមក។បើតាមនិសិ្សត ឡាយ យូមាសម៉ានិត ឆ្នាំទី៤ ឯកទេសគំនូរសាគមនាគមន៍ និង​ជា​អ្នក​រៀប​ចំ​កម្ម​វិធី បានឲ្យដឹងថា ព្រឹតិ្តការណ៍ពិព័រណ៍ទេពកោសល្យ និងស្នាដៃនិសិ្សត លើកទី៨ ចាប់ពីថ្ងៃទី៤ រហូត​ដល់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ នៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ទី​តាំង​ទី​២ អគារ «ខ» សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ចាប់ពីម៉ោង៨ព្រឹក រហូត​ដល់ម៉ោង៩យប់ ចូលរួមទស្សនាដោយសេរី មានកា​រ​ចូល​រួម​ដាក់​តាំង​បង្ហាញ​ស្នាដៃ​របស់​និស្សិត​ទាំ​ង៥មហាវិទ្យាល័យ (មរតកទាំង៥) មហាវិទ្យាល័យបុរាណវិទ្យា មហាវិទ្យាល័យ​សិល្បៈ​សូន​រូប មហាវិទ្យាល័យសិល្បៈនាដសាស្រ្ត មហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យា មហា​វិទ្យាល័យតូរ្យតន្រី្ត ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន មជ្ឈមណ្ឌលស្រាវជ្រាវវប្បធម៌ និង​នវា​នុវត្តន៍ កាកបាទក្រហមកម្ពុជា ការសម្តែងទស្សនីយភាព សិល្បៈបុរាណ ប្រពៃណី ការ​ប្រគំ​តន្ត្រី​ចម្រុះ និងការលេងល្បែងប្រជាប្រិយខ្មែរផងដែរ៕ អត្ថបទ រដ្ឋា

សិស្សសាលាមធ្យមវិចិត្រសិល្បៈកំពុងហាត់សមសម្ដែងសិល្បៈគ្រប់ទម្រង់ត្រៀមសម្រាប់ពិធីសង្ក្រាន្តឆ្នាំថ្មី

2025/03/24 02:04:34 pm        148
សិស្សសាលាមធ្យមវិចិត្រសិល្បៈកំពុងហាត់សមសម្តែងសិល្បៈចម្រុះគ្រប់ទម្រង់ សម្រាប់ពិធីសង្ក្រាន្ត របស់សាលា ដែលគ្រោងរៀបចំធ្វើឡើងនៅដើមខែមេសា ខែក្រោយនេះ ។លោក ហេង កំសាន្ត នាយកសាលាមធ្យមវិចិត្រសិល្បៈ នៅរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមីនា នេះ បានប្រាប់BTVឲ្យដឹងថា ដោយទទួលបានការអនុញ្ញាតពីលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សាលាមធ្យមវិចិត្រសិល្បៈ នឹងរៀបចំសង្រ្កាន្តនៅថ្ងៃទី១ និងទី២ ខែមេសាខាងមុខនេះ ដោយមានកម្មវិធីបែបសាសនា ការសម្តែងសិល្បៈគ្រប់ទម្រង់ និងមានការតាំងពិរព័រណ៍ផងដែរ។ លោកបន្តថា បច្ចុប្បន្នសិស្សកំពុងមមាញឹកហាត់សមសម្តែងសិល្បៈចម្រុះគ្រប់ទម្រង់មានដូចជា របាំបុរាណ ប្រពៃណី ល្ខោនបាសាក់ ល្ខោននិយាយ និងល្បែងប្រជាប្រិយជាដើម។ សិស្សកំពុងហាត់សមរបាំបុរាណ និងប្រពៃណី បានបង្ហាញអារម្មណ៍រីករាយ ពេលលោកគ្រូ អ្នកគ្រូ ជ្រើសរើសពួកគេឲ្យចូលរួមសំដែងក្នុងពិធីសង្គ្រាន្តឆ្នាំថ្មីរបស់សាលា។ សិស្សទាំងអស់នោះ ក៍បានអំពាវនាវដល់សាធារណៈជន សូមអញ្ជើញចូលរួមសង្គ្រាន្តសាលាមធ្យមវិចិត្រសិល្បៈឲ្យបានច្រើនកុះករ។សូមបញ្ជាក់ដែរថា សាលាមធ្យមវិចិត្រសិល្បៈ នឹងរៀបចំសង្ក្រាន្តឆ្នាំថ្មី  នៅថ្ងៃទី១ និងទី ២ ខែមេសា ឆ្នាំ២០២៥ ដើម្បីអបអរសាទរពីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។ នៅពិធីសង្ក្រាន្តនេះ មានការបង្ហាញនូវទំនៀមទំលាប់វប្បធម៌ប្រពៃណីរបស់ខ្មែរ មានការសម្តែងទស្សនីយភាពសិល្បៈចំរុះ ការរាំលេងចង្វាក់ប្រជាប្រិយខ្មែរ លេងល្បែងប្រជាប្រិយខ្មែរ ពិធីសូត្រមន្ត រាប់បាត្រ និងពិធីស្រង់ព្រះ និងកម្មវិធីកម្សាន្តបែបប្រពៃណីជាច្រើនទៀត៕ អត្ថបទ៖ ទូច សោភ័ណ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការប្រឡងជ្រើសរើសមន្ត្រីឱ្យចូលបម្រើការនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ (វិញ្ញាសាសរសេរលើកទី១) បញ្ចប់ទៅដោយរលូន ខណៈដំណើរ​ការ​កែ​សន្លឹក​កិច្ចការ​ នឹង​ចាប់​ផ្តើម​នៅ​ព្រឹកស្អែក
05/18/2025 05:05 PM
អ៊ុយក្រែន៖ រុស្ស៊ី បើកការវាយប្រហារយានដ្រូនធំបំផុតក្នុងសង្រ្គាម បន្ទាប់ពីកិច្ចចរចាសន្តិភាព
05/18/2025 05:05 PM
ចិន ប្រកាសដាក់ពន្ធលើការលក់បង្ខូចតម្លៃនៃផលិតផលប្លាស្ទិកពីអាមេរិក អឺរ៉ុប ជប៉ុន និងកោះតៃវ៉ាន់
05/18/2025 05:05 PM
មនុស្សយ៉ាងតិច ១៧នាក់ បានស្លាប់ក្នុងអគ្គិភ័យដ៏ធំនៅក្រុង Hyderabad ប្រទេសឥណ្ឌា
05/18/2025 05:05 PM
ស៊ីរី កំណត់ពេល ១០ថ្ងៃឱ្យ 'ក្រុមប្រដាប់អាវុធតូចៗ' ចូលរួមជាមួយក្រសួងការពារជាតិ
05/18/2025 05:05 PM
បាតុករគាំទ្រប៉ាឡេស្ទីន ចេញធ្វើបាតុកម្មជុំវិញពិភពលោក ដើម្បីប្រារព្ធទិវាជម្លៀសខ្លួន Nakba
05/18/2025 05:05 PM
ការប្រឡងប្រជែងជ្រើសរើសមន្ត្រីច្បាប់ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្រ្តី បានឈានមកដល់ វិញ្ញាសាទី២
05/18/2025 04:05 PM
បេក្ខជនប្រធានាធិបតីកូរ៉េខាងត្បូង ត្រៀមប្រឈមមុខគ្នាក្នុងការជជែកដេញដោលលើកដំបូង
05/18/2025 04:05 PM
សម្ដេចប៉ាប Leo របស់បុរីវ៉ាទីកង់ ចាប់ផ្តើមពិធីគ្រងរាជ្យដ៏ធំ ដោយមានមនុស្សរាប់ម៉ឺននាក់ចូលរួមអបអរ
05/18/2025 04:05 PM
រុស្ស៊ី៖ លោក Putin អាចនឹងជួបលោក Zelenskiy ប្រសិនបើកិច្ចព្រមព្រៀងជាក់លាក់ត្រូវបានសម្រេច
05/18/2025 04:05 PM