រយៈពេលជាង ៥ខែក្នុងឆ្នាំ២០២៦នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានធ្វើការបណ្ដេញជនបរទេសជាង ៤ម៉ឺននាក់ មាន ៧៥សញ្ជាតិ ចេញពីព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធទៅនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងបទល្មើសផ្សេងៗទៀត។

ឯកឧត្តមឧត្តមសេនីយ៍ឯក សុខ សុមនា អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានប្រាប់ BTV នៅថ្ងៃទី១៣ ខែមិថុនានេះថា គិតចាប់ពីថ្ងៃទី១ ខែមករា រហូតមកដល់ត្រឹមថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបណ្ដេញជនបរទេសជាង ៤ម៉ឺននាក់ (ស្ត្រីជាង ៤ពាន់នាក់) មាន ៧៥សញ្ជាតិ ចេញពីព្រះរាជាណាចក្រកម្ពុជា។ ដោយក្នុងនោះជនបរទេសជាង ១ម៉ឺន ៥ពាន់នាក់ (ស្ត្រីជាង១ពាន់នាក់) មាន ៣៣សញ្ជាតិ ពាក់ព័ន្ធទៅនឹងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។
អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ថា ជនបរទេសជាង ៤ម៉ឺន នាក់ដែលបណ្ដេញចេញពីកម្ពុជាគិតចាប់ពីថ្ងៃទី១ខែមករា ដល់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ ២០២៦ គឺពាក់ព័ន្ធទៅនឹងករណីឆ្លងដែនខុសច្បាប់ ស្នាក់នៅខុសច្បាប់ និងការប្រព្រឹត្តបទល្មើសផ្សេងៗទៀត។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់ថាការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងការទទួលដឹកនាំតម្រង់ទិសយ៉ាងមុតមាំបំផុតរបស់រដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាដែលកើតមានក្នុងព្រះរាជាណាចក្រកមក្ពុជាទាំងអស់ ដើម្បីធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយ ជាពិសេសចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការជួយសង្គ្រោះដល់ជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាណាមួយហើយត្រូវបានមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕ អត្ថបទ៖ វង្ស សុភាព





