កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍(ក.ប.ទ.) បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី "អភិបាលកិច្ចទិន្នន័យសម្រាប់បរិវត្តកម្មឌីជីថល" ជូនដល់អនុប្រធាន និងសមាជិកទាំងអស់នៃក្រុមការងាររៀបចំគោលនយោបាយអភិបាលកិច្ចទិន្នន័យ និងទិន្នន័យបើកចំហនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សរុបប្រមាណ ៦០នាក់ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។
វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដោយវិទ្យាស្ថានអភិបាលកិច្ចឌីជីថលនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ក.ប.ទ. សហការជាមួយដៃគូអន្តរជាតិ ESCAP-APCICT រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី៣-៤ ខែកុម្ភៈ ឆ្នាំ២០២៥ ក្នុងគោលបំណងផ្ដល់នូវចំណេះដឹងឱ្យកាន់តែស៊ីជម្រៅអំពី៖
- ការរៀបចំ ការពិនិត្យគុណភាពទិន្នន័យ កំណត់អត្តសញ្ញាណ ការការពារ ការគ្រប់គ្រងសុវត្ថិភាព និងការតភ្ជាប់ទិន្នន័យក្នុងស្ថាប័នសាធារណៈនិងឯកជន
- ការវាយតម្លៃលើចំណុចខ្លាំង ចំណុចខ្សោយ កាលានុវត្តភាព និងបញ្ហាប្រឈមនៃអភិបាលកិច្ចទិន្នន័យ
- ការប្រើប្រាស់អភិបាលកិច្ចទិន្នន័យទាំងនៅក្នុងវិស័យសាធារណៈ និងវិស័យឧស្សាហកម្មនៅក្នុងបរិវត្តកម្មឌីជីថល
- គោលការណ៍ចម្បងនិងក្របខណ្ឌនៃអភិបាលកិច្ចទិន្នន័យ និងទិន្នន័យបើកចំហអន្តរជាតិ និងបណ្ដាប្រទេសនានា។
ទន្ទឹមនេះ តាមរយៈការសិក្សាលើក្របខណ្ឌគោលនយោបាយអភិបាលកិច្ចទិន្នន័យនិងទិន្នន័យបើកចំហ អន្តរជាតិ និងបណ្ដាប្រទេសនានា គឺជាការប្រមូលធាតុចូលយ៉ាងសំខាន់សម្រាប់ការតាក់តែងលើសេចក្តីព្រាងបឋមនៃគោលនយោបាយអភិបាលកិច្ចទិន្នន័យនិងទិន្នន័យបើកចំហ ដែលកំពុងពិភាក្សាកម្រិតផ្ទៃក្នុងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។