ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យក្រុមការងារមន្ទីរសុខាភិបាលរាជធានីភ្នំពេញសហការជាមួយអាជ្ញាធរសង្កាត់ ខណ្ឌ បន្តបាញ់ថ្នាំសម្លាប់ មូសជាលើកទី២ ដោយលើកនេះគឺចូលបាញ់ថ្នាំដល់ក្នុងផ្ទះប្រជាពលរដ្ឋតែម្តង។
លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥ថា ឯកឧត្ដម ឃួង ស្រេង តែងបានគិតគូរពីបញ្ហាសុខភាពសាធារណៈប្រជាពលរដ្ឋ រស់នៅក្នុងរាជធានីភ្នំពេញ ដោយនៅដើមខែមករាឆ្នាំ២០២៥កន្លងមកនេះ ឯកឧត្ដមបានណែនាំឱ្យអាជ្ញាធរទាំង១៤ខណ្ឌ សហការជាមួយក្រុមការងាររបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បើកយុទ្ធនាការចុះធ្វើការបាញ់ថ្នាំសម្លាប់មូស។ បើគិតពីខែមករាដល់ខែកុម្ភៈឆ្នាំ២០២៥មក យុទ្ធនាការបាញ់ថ្នាំសម្លាប់មូស បានធ្វើឡើងជាលើកទី២ហើយ ដោយយុទ្ធនាការបាញ់ថ្នាំសម្លាប់មូសលើកទី១ បានបញ្ចប់កាលពីថ្ងៃទី២៩ ខែមករាឆ្នាំ២០២៥ ដោយប្រើប្រាស់រយៈពេលបាញ់ថ្នាំចំនួន ១៦ថ្ងៃ។ ប៉ុន្តែនៅពេលថ្មីៗនេះ ដោយសារមូសបានកើតមានឡើងវិញនិងមានចំនួនច្រើន ដែលអាចបង្កហានិភ័យដល់សុខមាលភាពប្រជាពលរដ្ឋ ទើបឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ណែនាំឱ្យលោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បើកយុទ្ធនាការបាញ់ថ្នាំសម្លាប់មូសនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញជាលើកទី២ទៀត។
លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានឱ្យដឹងថា យុទ្ធនាការបាញ់ថ្នាំសម្លាប់មូសកន្លងមកនេះ គឺធ្វើទូទាំងរាជធានីភ្នំពេញ ហើយមូសដែលបាញ់ថ្នាំកន្លងមកវាបានងាប់អស់ហើយ ប៉ុន្តែមូសដែលកើតមានបន្តបន្ទាប់នេះ គឺវាកើតចេញពីដង្កូវទឹកដែលមានទឹកនៅក្នុងលូ ប្រឡាយ អាងទឹក ឬបឹងដែលវាកើតចេញបន្ត៕