នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានប្រាប់កិច្ចប្រជុំកំពូលអាស៊ីបូព៌ា កាលពីថ្ងៃចន្ទ (២៧ តុលា) ថា បណ្ដាមេដឹកនាំអាស៊ីប៉ាស៊ីហ្វិក ត្រូវតែជ្រើសរើសយកការសន្ទនា ជំនួសឱ្យការបង្ខិតបង្ខំ ហើយត្រូវរើសយកកិច្ចសហប្រតិបត្តិការ ជំនួសឱ្យការប្រឈមមុខដាក់គ្នា ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការចូលរួមកាន់តែច្រើន ស្របពេលជម្លោះជាសកល ដូចជាបញ្ហានៅដែនដីហ្កាហ្សា អ៊ុយក្រែន កូរ៉េខាងជើង និងការប្រជែងគ្នាកាន់តែមុតស្រួចរវាងសហរដ្ឋអាមេរិក និងចិន។

ជំនួបកំពូលអាស៊ីបូព៌ានេះ គឺជាវេទិកាថ្នាក់តំបន់រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ អាស៊ាន និងដៃគូក្នុងតំបន់សំខាន់ៗរបស់ខ្លួន ដូចជា អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន នូវែលសេឡង់ កូរ៉េខាងត្បូង រុស្ស៊ី និងសហរដ្ឋអាមេរិក ដើម្បីពិភាក្សាបញ្ហាប្រឈមផ្នែកនយោបាយ សន្តិសុខ និងសេដ្ឋកិច្ច។
នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំ លោក Anwar បាននិយាយថា "ម៉ាឡេស៊ី បន្តតស៊ូមតិសម្រាប់ការសន្ទនា ជំនួសឱ្យការបង្ខិតបង្ខំ ... និងកិច្ចសហប្រតិបត្តិការ ជំនួសឱ្យការប្រឈមមុខ។ ម៉ាឡេស៊ី បញ្ជាក់ជំហររបស់ខ្លួនលើសន្តិភាព និងសន្តិសុខសកល សម្រាប់ពហុភាគីនិយម និងច្បាប់អន្តរជាតិ"។
កិច្ចប្រជុំកំពូលនេះបានធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Donald Trump បានចាកចេញពីម៉ាឡេស៊ី កាលពីព្រឹកថ្ងៃចន្ទ ទៅកាន់ជប៉ុន បន្ទាប់ពីវត្តមានរបស់លោកក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅចុងសប្តាហ៍។ ក្រុមអ្នកវិភាគរំពឹងថា ប្រធានបទពិភាក្សានឹងផ្តោតលើភាពតានតឹងនៅសមុទ្រចិនខាងត្បូង ការឆ្លើយតបរបស់អាស៊ានចំពោះវិបត្តិផ្ទៃក្នុង ជាពិសេសជម្លោះដ៏អូសបន្លាយរបស់មីយ៉ាន់ម៉ា៕

