ប្រទេសវ៉េណេស៊ុយអេឡា កាលពីថ្ងៃចន្ទ (ទី២៧ ខែតុលា) បានអះអាងថា បានរារាំងក្រុមដែលផ្តល់ហិរញ្ញប្បទានដោយ CIA (ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាល) ដែលកំពុងរៀបគម្រោងវាយប្រហារក្លែងបន្លំលើនាវាចម្បាំងអាមេរិកដែលដាក់ពង្រាយ នៅតំបន់ការ៉ាអ៊ីពភាគខាងត្បូង ខណៈដែលក្រុងវ៉ាស៊ីនតោនបានបង្កើនសម្ពាធលើទីក្រុងការ៉ាកាសដោយការហោះហើរយន្តហោះទម្លាក់គ្រាប់បែក នៅក្បែរនោះ។

អាជ្ញាធរវ៉េណេស៊ុយអេឡា បានឲ្យដឹងថា ពួកគេបានរកឃើញប្រតិបត្តិការមួយដែលដាក់គោលដៅលើនាវាពិឃាត USS Gravely ជានាវាពិឃាតបំពាក់មីស៊ីលនាំផ្លូវ ដែលបានចូលចត កាលពីថ្ងៃទី២៦ ខែតុលា នៅប្រទេសទ្រីនីដាដនិងតូបាហ្គោ (Trinidad and Tobago) ដោយស្ថិតនៅក្នុងរង្វង់ចម្ងាយបាញ់ដល់ដីរបស់គោកវ៉េណេស៊ុយអេឡា។

វត្តមានរបស់នាវានេះ បានបង្កឲ្យទីក្រុងការ៉ាកាសខឹងសម្បា ដោយចាត់ទុកថា ជា «ការបង្កហេតុ» ហើយបានអះអាងថា ការដាក់ពង្រាយនេះ «មានគោលបំណងបង្កសង្រ្គាម នៅតំបន់ការ៉ាអ៊ីព»។ វាក៏ធ្វើឲ្យភាពតានតឹងកាន់តែខ្លាំងទៅៗផងដែរជាមួយទ្រីនីដាដនិងតូបាហ្គោ ដែលនាយករដ្ឋមន្ត្រីរបស់ប្រទេសនេះ គឺលោកស្រី Kamla Persad-Bissessar ជាអ្នករិះគន់យ៉ាងខ្លាំង ចំពោះមេដឹកនាំវ៉េណេស៊ុយអេឡា គឺលោក Nicolas Maduro និងជាអ្នកគាំទ្រយុទ្ធនាការយោធារបស់លោកប្រធានាធិបតីអាមេរិក Donald Trump ប្រឆាំងនឹងអ្នកជួញដូរគ្រឿងញៀន នៅតំបន់ការ៉ាអ៊ីព។ ជាផ្នែកមួយនៃយុទ្ធនាការរបស់លោក Trump រហូតមកដល់ពេលនេះ មន្ទីរបញ្ចកោណ បានដាក់ពង្រាយនាវាចម្បាំងចំនួន ៧គ្រឿងហើយ នៅសមុទ្រការ៉ាអ៊ីព និង ១គ្រឿងង នៅឈូងសមុទ្រម៉ិកស៊ិក។
គួរបញ្ជាក់ថា ទន្ទឹមនឹងការបង្កើនកងកម្លាំងកងទ័ពជើងទឹករបស់លោក លោក Trump ថ្មីៗនេះ បានបញ្ជាក់ពីការអនុញ្ញាតឲ្យ CIA មានប្រតិបត្តិការ នៅវ៉េណេស៊ុយអេឡា និងពិចារណាពីការវាយប្រហារលើដីគោក។ គិតចាប់តាំងពីខែកញ្ញាមក កងកម្លាំងសហរដ្ឋអាមេរិក បានបំផ្លាញទូកយ៉ាងហោចណាស់ ១០គ្រឿងហើយ ដែលពួកគេបានប្រាប់ថា បានផ្ទុកគ្រឿងញៀន ដោយប្រតិបត្កតិការនេះបានបណ្ដាលឲ្យមានអ្នកបាត់បង់ជីវិត ៤៣នាក់ហើយ នៅក្នុងដែនទឹកអន្តរជាតិ៕