សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា
សម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់​ដល់អាជ្ញាធរមូលដ្ឋានឱ្យ​បង្ក្រាប​ Online Scams ឱ្យទាល់តែអស់​ជាដាច់ខាត​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន

2026/05/27 06:30:26 pm        98
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃពុធ ទី ២៧ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្ត ដែលមានអ្នកចូលរួមប្រមាណជិតមួយពាន់នាក់។មានប្រសាសន៍នៅក្នុងពិធីសំណេះសំណាលព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមបានផ្ដល់អនុសាសន៍ណែនាំដល់មន្រ្តីមូលដ្ឋាននៃរដ្ឋបាលខេត្តកំពង់ឆ្នាំងទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់គ្រប់គ្រង ផ្ដល់ភាពកក់ក្ដៅ ជួយទំនុកបម្រុងទាំងស្មារតី និងសម្ភារៈ ជូនចំពោះអតីតយុទ្ធជន និវត្តជន អតីតយុទ្ធជនពិការ និងគ្រួសារយុទ្ធជនពលីនៅសមរភូមិ ដើម្បីកាត់បន្ថយកង្វល់ដល់គ្រួសារដែលជាយុទ្ធជនកំពុងជាប់បេសកកម្មនៅជួរមុខ។ សកម្មភាពនេះ សម្ដេចតេជោប្រធានបានហៅថាជាផ្នែកមួយដ៏សំខាន់ដើម្បីជួយពង្រឹងខឿនការពារជាតិ ដែលអ្នកសមរភូមិក្រោយបានជួយសម្រាលការលំបាករបស់អ្នកសមរភូមិមុខ។ សម្តេចតេជោមានប្រសាសន៍ថា៖ «ចំណុចនេះខ្ញុំធ្លាប់លើកឡើងរួចមកហើយ យើងត្រូវគ្រប់គ្រងឱ្យបានក្នុងមូលដ្ឋានរបស់យើង មានអតីតយុទ្ធជនប៉ុន្មាន? មាននិវត្តជនប៉ុន្មាន? ពីមុនយើងតែមានសមាគមអតីតយុទ្ធជនប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលយើងឃើញថាមន្រ្តីរាជការចូលនិវត្តន៍ ក៏គាត់ត្រូវការលំនឹងមួយដែរ អីចឹងទើបយើងបានបង្កើតឱ្យមានលក្ខន្តិកៈថ្មីរបស់សមាគមដោយគ្រប់គ្រងទាំងអតីតយុទ្ធជន និងនិវត្តជន ជាមួយគ្នាតែម្ដង។ អីចឹងយើងត្រូវតែគ្រប់គ្រងពួកគាត់ មើលអ្នកណាមានដីអត់ផ្ទះ មានផ្ទះមិនសមរម្យ យើងត្រូ​វធ្វើម៉េច រៀបចំឱ្យគាត់មានផ្ទះសមរម្យ»។សម្ដេចតេជោ បានមានប្រសាសន៍ទៀតថា៖ «តាមខេត្តនីមួយៗ សុទ្ធតែមានផែនការធ្វើ អ៊ីចឹងត្រូវចេះប្រមូលគ្នាធ្វើចលនារួមគ្នាធ្វើ។ វាជាភព្វសំណាងមួយដែលយើងបានខិតខំធ្វើឱ្យប្រាក់បៀវត្សរ៍អ្នកចូលនិវត្តន៍មុន និងអ្នកចូលនិវត្តន៍ក្រោយមានកម្រិតស្មើគ្នា។ អីចឹងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធដែលបានចូញលនិវត្តន៍ទៅ ត្រូវជួយពួកគាត់ គាត់មិនត្រូវការអីហួសហេតុពីយើងទេ អ្វីដែលជាតម្រូវការរបស់គាត់គឺការរាប់អាន ទំនាក់ទំនងពីយើងទៅកាន់គាត់។ អ្នកចាស់ទុំពីជំនាន់មុន បានត្រួសត្រាយផ្លូវឱ្យយើងដើរ ពលិកម្មរបស់ពួកគាត់មិនត្រូវមើលរំលងដោយពួកយើងជំនាន់ក្រោយនោះទេ មិនថាពួកគាត់ជាអតីតទាហាន អតីតប៉ូលីសឡើយ»។ក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រមុខរដ្ឋស្ដីទី​ ក៏បានមានប្រសាសន៍ឱ្យពិនិត្យលទ្ធភាពក្នុងការផ្ដល់លក្ខខណ្ឌពិសេសសម្រាប់កូនចៅអតីតយុទ្ធជនបានចូលរៀនក្នុងជួរកងទ័ព ព្រមទាំងមានប្រសាសន៍ណែនាំដល់សមាគម អមត គួរផ្ដល់អាហារូបករណ៍ជូនកូនចៅអតីតយុទ្ធជន គ្រួសារយុទ្ធជនពលី និងយុទ្ធជននៅសមរភូមិមុខ បានចូលសិក្សារៀនសូត្រដើម្បីជួយឱ្យគ្រួសាររបស់ពួកគាត់មានលំនឹងនាពេលអនាគត។សម្តេចតេជោ ហ៊ុន សែន​ ក្នុងនាមប្រធានគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍សង្កត់ធ្ងន់ថា ការមិនយកចិត្តទុកដាក់ និងមិនខ្វាយខ្វល់ចំពោះអតីតយុទ្ធជន និវត្តជន គ្រួសារយុទ្ធជន គ្រួសារយុទ្ធជនពលី និងកូនចៅរបស់ពួកគាត់ នោះមិនមែនជាគោលនយយោបាយរបស់គណបក្សប្រជាជននោះទេ។ ចំពោះគោលនយោបាយដែលមន្រ្តីគណបក្សប្រជាជនកម្ពុជាត្រូវប្រកាន់ខ្ជាប់គឺត្រូវតែអនុវត្តឱ្យបានល្អប្រសើរ ត្រូវយកចិត្តទុកដាក់ចំពោះអ្នកចូលនិវត្តន៍ និងចាស់ទុំជំនាន់មុនដែលជាអ្នកត្រួសត្រាយទុកឱ្យយើងអ្នកជំនាន់ក្រោយ៕

ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី

2026/05/26 04:02:43 pm        90
នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Tibor BALOGHDI ឯកអគ្គរដ្ឋទូតនៃប្រទេសហុងគ្រី ប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព ក្នុងឱកាសដែលឯកឧត្តមបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។ ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តមឯកអគ្គរដ្ឋទូតហុងគ្រី បានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាព​ នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ​ រវាងប្រទេសទាំងពីរ និងបានគូសបញ្ជាក់ថា ទំនាក់ទំនងនេះ​បានឆ្លងកាត់ប្រវត្តិសាស្ត្រជាមួយគ្នា និងបានប្រែក្លាយប្រទេសទាំងពីរ ទៅជាដៃគូដ៏ជិតស្និទ្ធ។ ជាក់ស្ដែង, ការផ្លាស់ប្ដូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំរវាងប្រទេសទាំងពីរ ទាំងក្នុងក្របខ័ណ្ឌស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ក៏ដូចជា​ទំនាក់ទំនងរវាងវិនិយោគិននៃប្រទេសទាំងពីរ គឺស្ដែងឱ្យឃើញពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាដែលជាមូលដ្ឋានគ្រឹះក្នុងការជំរុញ និងពង្រីកទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅថែមទៀត។ ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា ហុងគ្រីនឹងនៅតែបន្តពង្រឹងភាពជាដៃគូដ៏រឹងមាំជាមួយកម្ពុជា ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការ ទាំងក្នុងក្របខ័ណ្ឌតំបន់ និងសកល។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរ រហូតសម្រេចបាននូវសមិទ្ធផលជាច្រើន​ ដែល​ផ្តល់ផល​ប្រយោជន៍​ទៅវិញ​ទៅមក​សម្រាប់​ប្រជាជន​ នៃ​ប្រទេស​ទាំងពីរ។ ជាការឆ្លើយតប, សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជំរុញ និងពង្រីកទំនាក់ទំនង ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងអាណត្តិការទូតរបស់ឯកឧត្តម។ សម្ដេចធិបតីក៏បានសម្ដែងនូវការពេញចិត្ត ចំពោះការរីកចម្រើននៃទំនាក់ទំនងកម្រិតខ្ពស់រវាងប្រទេសទាំងពីរ ទាំងក្នុងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ព្រមទាំងបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនហុងគ្រី ដែលបាននិងកំពុងបន្តផ្ដល់អាហារូបករណ៍​ និង​យកចិត្តទុកដាក់ចំពោះនិស្សិតកម្ពុជា ដើម្បីបន្តចូលរួមចំណែកកសាងធនធានមនុស្សកម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ​រវាង​រដ្ឋ​និងរដ្ឋគឺពិត​ជាមានសារៈសំខាន់ តែ​ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏មានតួនាទី​សំខាន់ដូចគ្នា​ ក្នុងការជំរុញចំណងមិត្តភាព​​ សាមគ្គីភាពរវាងប្រទេសទាំងពីរ ឱ្យកាន់តែជិតសិ្នទ្ធបន្ថែមទៀត។ សម្ដេចធិបតីបានបន្ថែមទៀត​ថា​ រាជរដ្ឋាភិបាលកម្ពុជានឹងបន្តពូនជ្រំទំនាក់ទំនងរវាងប្រទេសទាំងពីរ​ ឱ្យកាន់តែរឹងមាំបន្ថែមទៀត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី, តំបន់ និងសកល។ សម្ដេចធិបតី ក៏បានជំរុញឱ្យកម្ពុជា-​ ហុងគ្រីបន្តផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននិងឯកជន ឱ្យកាន់តែស្អិតរមួត តាមរយៈការរៀបចំដំណើរទស្សនកិច្ចធុរកិច្ច ដែលផ្ដោតលើវិស័យអាទិភាពមួយចំនួន ដូចជា ការគ្រប់គ្រងធនធានទឹក និងកសិ-ឧស្សាហកម្ម ជាដើម។​ សម្ដេចធិបតី​​ក៏បានលើកទឹកចិត្តឱ្យវិនិយោគិន​ហុងគ្រី ស្វែងរកឱកាសវិនិយោគបន្ថែមទៀត​នៅកម្ពុជា ព្រោះប្រទេសទាំងពីរនៅតែមានវិស័យសក្តានុពលជាច្រើនទៀត៕

ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

2026/05/26 04:01:26 pm        71
នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Pedro ZWAHLEN ឯកអគ្គរដ្ឋទូត នៃសហព័ន្ធស្វីសប្រចាំព្រះរាជាណាចក្រកម្ពុជា និង​សហការី​ ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព ក្នុងឱកាសដែលឯកឧត្តមបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។ក្នុងឱកាសនៃជំនួប, ឯកឧត្តមឯកអគ្គរដ្ឋទូតបានកោតសរសើរការអភិវឌ្ឍរីកចម្រើនយ៉ាងរហ័សរបស់កម្ពុជា និងបានសម្ដែងក្តីសោមនស្សរីករាយ និងមោទនភាព ដែលបានបំពេញបេសកកម្មការទូតនៅកម្ពុជា ជាមួយនឹងការដកស្រង់បទពិសោធន៍ ក៏ដូចជាបានស្វែងយល់ពីប្រវត្តិសាស្ត្រ សម្បត្តិវប្បធម៌ និងអរិយធម៌ដ៏សម្បូណ៌បែបរបស់កម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងគូសបញ្ជាក់អំពីការគាំទ្រជាបន្តបន្ទាប់របស់រដ្ឋាភិបាលស្វីស ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសការឧបត្ថម្ភគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា ។ជាការឆ្លើយតប, សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះតួនាទីយ៉ាងសកម្មរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានរួមចំណែកយ៉ាងសកម្មជំរុញការពង្រឹង និងការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកឧត្តម នៅកម្ពុជា។ សម្ដេចធិបតីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជនស្វីស ដែលបន្តគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ជាពិសេសមន្ទីរពេទ្យគន្ធបុប្ផា។ សម្ដេចធិបតីបានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការពង្រឹងវិស័យសុខាភិបាល និងការយកចិត្តទុកដាក់លើសុខុមាលភាពរបស់ប្រជាជន ជាអាទិភាពដ៏សំខាន់ និង ចាំបាច់របស់កម្ពុជា។ បន្ថែមលើនេះ, សម្ដេចធិបតីបានសម្ដែងការពេញចិត្តចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី​ដ៏ល្អប្រសើរ ព្រមទាំងបានគូសបញ្ជាក់ថា កម្ពុជានិងស្វីសនៅមានសក្តានុពលជាច្រើនទៀតនៅក្នុងការពង្រឹង​និងពង្រីកកិច្ចសហប្រតិបត្តិការនេះ ជាពិសេសក្នុង​​វិស័យសេដ្ឋកិច្ច, វិនិយោគ,​ ពាណិជ្ជកម្ម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ​។ ក្នុងជំនួបនេះដែរ, សម្ដេចធិបតីក៏បានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតអំពីការវិវត្តថ្មីៗនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងគូសបញ្ជាក់អំពីការប្តេជ្ញាចិត្ត និងជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែននេះ ដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាម អនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជានិងថៃ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា​ រដ្ឋាភិបាលស្វីសគាំទ្រការបន្តអនុវត្តបទឈប់បាញ់របស់ភាគីទាំងពីរ និង​ការដោះស្រាយបញ្ហាព្រំដែន​ដោយសន្តិវិធី អនុលោមតាមច្បាប់អន្តរជាតិ​ និងសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់៕

សម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់​ដល់អាជ្ញាធរមូលដ្ឋានឱ្យ​បង្ក្រាប​ Online Scams ឱ្យទាល់តែអស់​ជាដាច់ខាត​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត

2026/05/23 11:50:20 am        125
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី​ កាលពីថ្ងៃសុក្រទី ២២ ខែឧសភា ឆ្នាំ ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ សម្តេចធិបតី បានផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់​ដល់អាជ្ញាធរមូលដ្ឋានឱ្យ​បង្ក្រាប​ Online Scams ឱ្យទាល់តែអស់​ជាដាច់ខាត​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ។ក្នុងអង្គប្រជុំគណៈរដ្ឋមន្ត្រី សម្តេចធិបតី ​បានថ្លែងអំណរគុណនិងកោតសរសើរដល់​អាជ្ញាធរមូលដ្ឋាន និងកងនគរបាលជាតិដែលបានខិតខំបំពេញភារកិច្ចបានយ៉ាងល្អក្នុងការបង្ក្រាប​បណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដោយទទួលបានលទ្ធផលធំៗជាបន្តបន្ទាប់​។ ទោះជាយ៉ាងណានៅមានសេសសល់បញ្ហា​មួយចំនួនទៀត​ដែលត្រូវបន្តធ្វើដោយគ្មានបន្ធូរដៃឡើយ។សម្តេចធិបតី បានផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់​ដល់អាជ្ញាធរមូលដ្ឋានឱ្យ​បង្ក្រាប​ Online Scams ឱ្យទាល់តែអស់​ជាដាច់ខាត​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ៕

គណៈរដ្ឋមន្ត្រី​ អនុម័តលើសេចក្តីព្រាងរបាយការណ៍តាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ឆ្នាំ២០២៥

2026/05/23 11:44:44 am        99
ភ្នំពេញ៖កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី​ ពិភាក្សានិងអនុម័ត​ កាលពីថ្ងៃសុក្រទី ២២ ខែឧសភា ឆ្នាំ ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ បានពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍តាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ឆ្នាំ២០២៥ ក៏ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិភាក្សានិងអនុម័ត​​​រួចរាល់ដែរ។សូមបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ឱ្យអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ក្នុងឆ្នាំ២០២៥ ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បានប្រព្រឹត្តទៅក្នុងបរិការណ៍សកលនិងតំបន់ ដែលមានការប្រែប្រួលយ៉ាងឆាប់រហ័ស ស្មុគស្មាញ និងមិនប្រាកដប្រជា​។ ភាពតានតឹងខាងភូមិសាស្ត្រនយោបាយ ការប្រែប្រួលនៃសេដ្ឋកិច្ចនិងពាណិជ្ជកម្មសកល សម្ពាធលើថាមពលនិងតម្លៃទំនិញ បញ្ហាព្រំដែន ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការប្រែប្រួលអាកាសធាតុ សុទ្ធសឹងជាកត្តាប៉ះពាល់ដល់បរិយាកាសអភិវឌ្ឍន៍របស់កម្ពុជា។ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលនៅតែបន្តដឹកនាំប្រទេសដោយភាពម្ចាស់ការ ប្រាកដនិយម​ និងទទួលខុសត្រូវ ដើម្បីការពារផលប្រយោជន៍ជាតិ និងសុខុមាលភាពរបស់ប្រជាជន​ ដោយបន្តរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច សន្ទុះនៃកំណើន ការបង្កើតការងារ ការពង្រឹងប្រព័ន្ធគាំពារសង្គម ការអភិវឌ្ឍមូលធនមនុស្ស ការកែលម្អសេវាសាធារណៈ និងជំរុញការកែទម្រង់ក្នុងវិស័យសំខាន់ៗ។ សមិទ្ធផលទាំងនេះបង្ហាញថា កម្ពុជាបានបន្តដំណើរអភិវឌ្ឍន៍របស់ខ្លួនដោយភាពធន់ និងជំហរច្បាស់លាស់ ទោះបីបរិយាកាសខាងក្រៅនៅតែមានហានិភ័យ និងភាពមិនប្រាកដប្រជាក៏ដោយ ហើយ​វាក៏​បានបង្ហាញពីសមត្ថភាពរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រងហានិភ័យ និង​រក្សាបាននូវស្ថិរភាព និងតម្រង់ទិសការអភិវឌ្ឍឱ្យឆ្លើយតបទៅនឹងផលប្រយោជន៍ជាតិ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

គណៈរដ្ឋមន្ត្រី​ អនុម័តលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩

2026/05/23 11:41:15 am        88
ភ្នំពេញ៖កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី​ ពិភាក្សានិងអនុម័ត​ កាលពីថ្ងៃសុក្រទី ២២ ខែឧសភា ឆ្នាំ ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ បានពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥។សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនេះ មានវិសាលភាពគ្របដណ្តប់ទៅលើវឌ្ឍនភាពជារួមនៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) និងជាមូលដ្ឋានដ៏សំខាន់សម្រាប់ក្រសួង និងស្ថាប័ន ពន្លឿនការអនុវត្តវិធានការ និងដោះស្រាយបញ្ហាដែលនៅសេសសល់។របាយការណ៍បានកត់សម្គាល់ថា បរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា ត្រូវបានមជ្ឈដ្ឋានជាតិនិងអន្តរជាតិវាយតម្លៃខ្ពស់ថា មានភាពអំណោយផល និងកាន់តែល្អប្រសើរឡើង ក្រោមការដឹកនាំរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ព្រមទាំងចំណាត់ការ​ដោយ​បុរេសកម្ម និងស្មារតីទទួលខុសត្រូវរបស់ក្រសួង និងស្ថាប័នចំណុះរាជរដ្ឋាភិបាល។ ជាក់ស្តែង ក្នុងឆ្នាំ២០២៥ កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគចំនួន ៦៣០ គម្រោង (កើនឡើងប្រមាណ៥២% ដោយបំបែកកំណត់ត្រាឆ្នាំ២០២៤ ដែលមានត្រឹម​៤១៤គម្រោង) និងមានទុនសរុបប្រមាណ ១០ប៊ីលានដុល្លារអាម៉េរិក(កើនឡើងប្រមាណ៤៤% ធៀបនឹងឆ្នាំ២០២៤) និងគ្រោងបង្កើតការងារប្រមាណ ៤៤ម៉ឺនកន្លែង។តួលេខនេះ គឺជាសូចនាករបញ្ជាក់យ៉ាងច្បាស់ពីទំនុកចិត្តរបស់វិនិយោគិនមកលើកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន៖ទឹកដីកម្ពុជាមិនមែនជារបស់​បក្ស ឬក្រុមណាមួយឡើយ ប៉ុន្ដែជារបស់យើងទាំងអស់គ្នា

2026/05/20 05:12:38 pm        149
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំគណបក្សនយោបាយក្នុងសម្ព័ន្ធភាពដែលមានការចូលរួមពីគណបក្សនយោបាយសរុបទាំង២៩គណបក្ស នៅវិមាន៧មករា នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សសម្ព័ន្ធភាព មានប្រសាសន៍បញ្ជាក់ទៅកាន់គណបក្សនយោបាយសម្ព័ន្ធភាពថា ទឹកដីរបស់កម្ពុជានេះ មិនមែនជារបស់គណបក្សណាមួយ ហើយក៏មិនមែនជារបស់អ្នកណា ក្រុមណាមួយឡើយប៉ុន្តែវាជារបស់យើងទាំងអស់គ្នា។ សម្ដេចតេជោសង្កត់ធ្ងន់ថា មានជាតិ មានទឹកដី ទើបយើងមានគណបក្សនយោបាយដែលយើងអនុវត្តតាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស នាពេលបច្ចុប្បន្ននេះ ដូច្នេះបានជាសម្ព័ន្ធភាពនៃគណបក្សនយោបាយទាំងអស់ គឺរួមគ្នាការពារនូវបូរណភាពទឹកដី ដូចមានចែងនៅក្នុងកិច្ចព្រមព្រៀង។ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានឱ្យដឹងថា កិច្ចប្រជុំគណបក្សនយោបាយក្នុងសម្ព័ន្ធភាព គឺជាការអនុវត្តទៅតាមបទបញ្ជាផ្ទៃក្នុងគណបក្សដែលតែងតែធ្វើឡើងក្នុងរយៈពេលមួយឆ្នាំម្តងដើម្បីពិនិត្យមើលវឌ្ឍនភាពការងារសហប្រតិបត្តិការសម្ព័ន្ធភាព ក្រៅពីនេះនៅមានក្រុមការងារសម្របសម្រួលគឺប្រជុំរៀងរាល់បីខែម្តង។ ឯកឧត្តមរំលឹកថា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចងសម្ព័ន្ធភាពរវាងគណបក្សប្រជាជនកម្ពុជា ជាមួយបណ្ដាគណបក្សនយោបាយនានានៅកម្ពុជា ហើយការចងសម្ព័ន្ធនេះ ជាការឆ្លុះបញ្ចាំងអំពីសាមគ្គីភាព នៃការថែរក្សាសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា ហើយត្រូវការកម្លាំងមួយដើម្បីការពាររដ្ឋធម្មនុញ្ញ របបរាជានិយម អធិបតីភាព និងសន្តិភាព ទប់ស្កាត់កម្លាំងជ្រុលនិយម។គណបក្សសម្ព័ន្ធភាពបានធ្វើកិច្ចការងារជាច្រើនក្នុងគោលដៅ និងអនុវត្តទៅតាមកិច្ចព្រមព្រៀងទាំង៨ចំណុចដែលបានសម្រេចរួមគ្នានាពេលកន្លងទៅ។ នៅក្នុងកិច្ចប្រជុំនេះ សម្ដេចតេជោបានមានប្រសាសន៍អំពីស្ថានភាពនៃស្ថានភាពព្រំដែនរវាងកម្ពុជា និងថៃ ជាពិសេសសម្ដេចបានកោតសរសើរចំពោះគណបក្សសម្ព័ន្ធភាពទាំង២៩ ដែលបានរួមគ្នាធ្វើនៅក្នុងបុព្វហេតុការពារបូរណភាពទឹកដីនៅក្នុងអំឡុងពេលដែលថៃឈ្លានពាន។ សម្ដេចក៏បានសរសើរចំពោះការរួបរួមសាមគ្គីគ្នានេះ និងការចេញសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់ ក្នុងការថ្កោលទោសប្រទេសឈ្លានពានកម្ពុជា និងសកម្មភាពមួយចំនួនទៀតដែលបណ្ដាគណបក្សនយោបាយក្នុងសម្ព័ន្ធភាពបានធ្វើកិច្ចការងារជួយដល់ជនភៀសសឹក ដូចជាការចែកនូវអំណោយ,សម្ភារៈ និងគ្រឿងឧបភោគបរិភោគដល់ទាហានរបស់យើង ដែលនេះជាការបង្ហាញនូវកាយវិការនៃទឹកចិត្តក្នុងការចូលរួមចំណែកការពារបូរណភាពទឹកដី ដូចខ្លឹមសារមានចែងនៅក្នុងចំណុចទី៣ ដែលគណបក្សទាំងអស់ត្រូវការពារនូវអធិបតេយ្យភាពបូរណភាពទឹកដីរបស់ជាតិ។សម្ដេចតេជោបានមានប្រសាសន៍ទៀតថា ទឹកដីរបស់កម្ពុជានេះ មិនមែនជារបស់គណបក្សណាមួយ ហើយក៏មិនមែនជារបស់អ្នកណា ក្រុមណាមួយឡើយប៉ុន្តែវាជារបស់យើងទាំងអស់គ្នា។ សម្ដេចតេជោសង្កត់ធ្ងន់ថា មានជាតិ មានទឹកដី ទើបយើងមានគណបក្សនយោបាយដែលយើងអនុវត្តតាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស នាពេលបច្ចុប្បន្ននេះ ដូច្នេះបានជាសម្ព័ន្ធភាពនៃគណបក្សនយោបាយទាំងអស់ គឺរួមគ្នាការពារនូវបូរណភាពទឹកដី ដូចមានចែងនៅក្នុងកិច្ចព្រមព្រៀង។ នៅក្នុងកិច្ចប្រជុំនេះ គណបក្សសម្ព័ន្ធភាព បានបង្ហាញនូវការគាំទ្រចំពោះជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងជាមួយថៃ ដោយសន្តិវិធី និងឈរលើគោលការណ៍ច្បាប់អន្តរជាតិ និងយន្តការអន្តរជាតិទាំងឡាយដែលគណបក្សសម្ព័ន្ធភាពតែងតែគាំទ្រ និងចូលរួមជាមួយនឹងរាជរដ្ឋាភិបាល។ សម្ដេចតេជោក៏បានសង្កត់ធ្ងន់ទៅលើផ្ទៃក្នុងនៃសម្ព័ន្ធភាពដើម្បីរក្សានូវសម្ព័ន្ធភាពនៃគណបក្សទាំង ២៩នេះឱ្យនៅឋិតថេរ និងរឹងមាំ។ ទាក់ទងទៅនឹងការបង្កើតគណបក្សថ្មី សម្ដេចតេជោបានមានប្រសាសន៍ថា គណបក្សថ្មីទាំងឡាយណាដែលបំបែកចេញអំពីគណបក្សសម្ព័ន្ធភាពនេះ មិនគាំទ្រឱ្យចូលជាមួយគណបក្សសម្ព័ន្ធនោះទេ៕

​សម្តេចតេជោ ហ៊ុន សែន ​៖ ការដកមន្ត្រីផ្លែទុរេននៅខេត្តបាត់ដំបងចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់ទេគួរបញ្ជូនទៅACUបន្ថែមទៀត

2026/05/16 09:39:12 am        463
សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានគណបក្សកាន់អំណាច នៅមិនទាន់អស់ចិត្តនោះទេ ចំពោះប្រធានសាខាក.ប.ប. ខេត្តបាត់ដំបង ដោយសម្តេចបានប្រសិទ្ធនាមឲ្យថាជាមន្រ្តីផ្លែទុរេន បើទោះបីជាបុគ្គលរូបនេះត្រូវបានបណ្តេញចេញពីក្របខណ្ឌរដ្ឋក្តី ប៉ុន្តែសម្រាប់សសម្តេចវិញថាការដកមន្ត្រីផ្លែទុរេននេះ ចេញពីក្របខណ្ឌមិនទាន់គ្រប់គ្រាន់នោះទេគួរបញ្ជូនទៅACUបន្ថែមទៀត។ក្នុងឱកាសសម្ពោធអគារ«៦មករា»សមិទ្ធផលនានានៃមន្ទីរគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង និងសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ- នៃខេត្តព្រៃវែង នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែនថ្លែងថា សម្តេចលែងហៅជាមន្ត្រីគ្រាប់ល្ពៅទៀតហើយ ចង់ហៅថាជាមន្ត្រីផ្លែទុរេនវិញ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចឈប់ហៅមន្រ្តីគ្រាប់ល្ពៅ ដោយប្តូរមកហៅ មន្រ្តីផ្លែទុរេនវិញហើយសម្តេចបានបញ្ជាក់ថារឿងនិទានមន្រ្តីគ្រាប់ល្ពៅ វាគ្រាន់តែជារឿងប្រឌិតតែប៉ុណ្ណោះ តែរឿងមន្រ្តីផ្លែទុរេនជារឿងដែលកើតឡើងនៅកម្ពុជាពិតប្រាកដ។ជាមួយគ្នានេះដែរសម្តេចតេជោក៏បានប្រកាសផងដែរថា សម្តេចនឹងធ្វើការតាមដានរឿងទុរេននេះរហូត ខណៈមន្ត្រីដែលគ្រោះថ្នាក់នោះ ជាមន្ត្រីផ្លែទុរេននេះហើយ ដែលដើរភូតកុហកទូទាំងប្រទេស។ សម្តេចតេជោ សង្កត់ធ្ងន់ថា ប្រសិនសម្តេចជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មវិញ សម្តេចនឹងបញ្ជូនមន្រ្តីទុរេននេះទៅឲ្យអង្គភាពប្រឆាំងអំពើពុករលួយ ស្រាវជ្រាវលើរឿងនេះបន្ថែម ហើយការដកចេញពីក្របខណ្ឌចំពោះបុគ្គលនេះមិនទាន់គ្រប់គ្រាន់ទេ ត្រូវមើលទៅលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ចោទប្រកាន់តាមផ្លូវតុលាការ នេះជាការបញ្ជូនសារព្រមានទៅកាន់មន្ត្រីទូទាំងប្រទេស៕

សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា មន្ត្រី និងសម្ពោធអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង

2026/05/16 07:17:55 am        218
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអគារ៦ មករា សមិទ្ធផលនានានៃមន្ទីរគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង និងអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តព្រៃវែង សរុបចំនួន១៣១១នាក់ ។ ខេត្តព្រៃវែង មានចំនួន១៣ក្រុងស្រុក(១ក្រុង) ,១១៦ឃុំសង្កាត់(៤សង្កាត់) និង១១៦៨ភូមិ ។ចំនួនប្រជាជនសរុបនៅទូទាំងខេត្ត មាន១ ៣០៧ ៦៦៥ នាក់ (ស្រី ៦៧១ ៥១៤នាក់) និងមានចំនួនគ្រួសារ ៣១២ ៧៩៤ គ្រួសារ។ខេត្តមានច្រកទ្វារព្រំដែនអន្តរជាតិចំនួន ០៣ គឺច្រកទ្វារអន្តរជាតិកោះរកា, ម៉ឺនជ័យ និងបន្ទាយចក្រី ច្រកទ្វារទ្វេភាគីចំនួន០១ គឺច្រកទ្វារកោះសំពៅ និងច្រកទ្វារតំបន់ព្រំដែនចំនួន ០២ គឺច្រកទ្វារស្វាយអាង៉ោង និងពាមមន្ទារ។ ខេត្តមានបន្ទាត់ព្រំដែនសរុប ៨៤,២០គីឡូម៉ែត្រ ក្នុងនោះបន្ទាត់ព្រំដែនជាមួយនឹងខេត្តដុងថាប់ មានខ្សែ បន្ទាត់ព្រំដែនប្រវែង ៥០,៧៨គីឡូម៉ែត្រ និងបន្ទាត់ព្រំដែនជាមួយនឹងខេត្តតៃនិញ មានខ្សែបន្ទាត់ព្រំដែន ប្រវែង ៣៣,៤២គីឡូម៉ែត្រ។ក្នុងខេត្តព្រៃវែងពលរដ្ឋប្រកបមុខរបរ៖ អ្នកមានមុខរបរចំបងផ្នែកកសិកម្ម ៥៨,៤០% អ្នកមានមុខរបរចំបងផ្នែកសិប្បកម្ម ០,១០% អ្នកមានមុខរបរចំបងផ្នែកសេវាកម្ម ៤១,៥០%។ ចំណែកចំនួណ មន្ត្រីរាជការសរុប ១២ ៤៩៥នាក់ ក្នុងនោះ ៖មន្ត្រីរាជការស៊ីវិល ២ ៥២៤នាក់ គ្រូបង្រៀនក្របខណ្ឌ៧ ០៧៩នាក់ គ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ១ ២៩៥នាក់ មន្ត្រីសុខាភិបាលក្របខណ្ឌ ១ ៥៤២នាក់ មន្ត្រីសុខាភិបាលផ្អែកលើកិច្ចព្រមព្រៀងការងារ ៥៥នាក់។ មុនឆ្នាំ២០១៧ អគារសិក្សាដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត មានចំនួន ២៥១ខ្នង ស្មើ ១ ២៦៩បន្ទប់។ ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២៤ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់អគារចំនួន ៥១ខ្នង ស្មើនឹង ៧៣១បន្ទប់ និងនៅឆ្នាំ២០២៥ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់ អគារសាលប្រជុំខ្នាតអន្តរជាតិ ឈ្មោះ សាលពហុបំណងតេជោសែន ចំណុះ ៣០០០នាក់ និងហេដ្ឋារចនាសម្ព័ន្ធបន្ថែម ដល់សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ។ ឆ្នាំ២០២៦នេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត បានផ្តល់អគារសិក្សា ចំនួនមួយខ្នងបីជាន់ មាន៣០បន្ទប់ នៅវិទ្យាល័យហ៊ុនសែនពោធិ៍រៀង ស្រុកពោធិ៍រៀង។ខេត្តព្រៃវែង មានសហគ្រាស សិប្បកម្ម គ្រឹះស្ថាន ចំនួន២១០កន្លែង មានកម្មករសរុប ៨ ៥១៩នាក់ ស្រី ៤ ៧៦៧នាក់ ក្នុងនោះវិស័យកាត់ដេរ មានចំនួន ១៣សហគ្រាស កម្មករនិយោជិត ៣ ៥២៨នាក់ (ស្រី ៣ ០២៤នាក់) និងរោងចក្រ សហគ្រាស ក្រៅពីវិស័យកាត់ដេរ មានចំនួន ១៩៧ រោងចក្រ សហគ្រាស, កម្មករ និយោជិតសរុប ៤ ៩៩១នាក់ (ស្រី ១ ៧៣៤នាក់)។ទាក់ទងនឹងអគារ៦ មករា និងសមិទ្ធផលនានា របស់គណបក្សប្រជាជនខេត្តព្រៃវែងដែលសម្ពោធនៅថ្ងៃនេះ ដោយស្ថិតក្នុងស្ថានភាពនៃការអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាតម្រូវការនានារបស់គណបក្សខេត្តនៅឆ្នាំ២០២៤ គណបក្សខេត្តបានធ្វើការជួសជុល និងសាងសង់ជាថ្មីឡើងវិញ នូវអគារសាលប្រជុំចាស់ឲ្យប្រែក្លាយជាអគារថ្មីមានលក្ខណៈទំនើប និងបំពេញបានគ្រប់តម្រូវការការងារ របស់គណបក្សខេត្ត ដែលរួមមានកន្លែងប្រជុំធំអាចផ្ទុកសមាសភាពចូលរួមបានចំនួន១.២៣២នាក់ និងមាន សាលប្រជុំតូច កន្លែងទទួលភ្ញៀវជាតិ អន្តរជាតិ កន្លែងបំពេញការងាររបស់ថ្នាក់ដឹកនាំ ដែលអគារទាំងមូលមាន ទទឹង ៧៤ម៉ែត្រ បណ្តោយប្រវែង ៩៩ម៉ែត្រ។ក្រៅពីការជួសជុលរាល់សមិទ្ធផលនានាដែលមានពីមុនកន្លងមក និងការសាងសង់អគារសាលប្រជុំថ្មីនេះ ក៏មានបំពាក់ឧបករណ៍នានាសម្រាប់ការបណ្តុះបណ្តាលភាសាបរទេស វិទ្យាសាស្ត្រកុំព្យូទ័រ ព័ត៌មានវិទ្យា ដល់មន្ត្រីរាជការ សមាជិកគណបក្ស ប្រជាពលរដ្ឋ អាជីវករ យុវជន សិស្សានុសិស្សដែលមានបំណងចង់សិក្សា ក៍ដូចជាការរៀបចំជាថ្មីឡើងវិញ ទីធ្លាក្នុងបរិវេណគណៈកម្មាធិការ គណបក្សខេត្ត ឲ្យកាន់តែមានភាពទូលាយ មានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់បម្រើឲ្យការប្រើប្រាស់ មានផ្លូវ បេតុងនិងអ៊ុតកៅស៊ូជាថ្មីឡើងវិញ ការរៀបចំរបងនិងក្លោងទ្វារជាថ្មី ចំណតយានយន្ត ដែលទាំងអស់នេះនឹងបម្រើដល់ក្នុងពេលយុទ្ធនាការ និងការប្រារព្ធនូវរាល់ព្រឹត្តិការណ៍ធំៗនានារបស់គណបក្សទៀតផង។ នេះបើយោងតាមរបាយការណ៍របស់របាយការណ៍របស់ឯកឧត្តម ស្បោង សារ៉ាត ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង៕

កម្ពុជា និងសហរដ្ឋអាម៉េរិក ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ

2026/05/13 05:21:11 pm        139
នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Bridgette L. Walker ភារធារីស្តីទី នៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព ក្នុងឱកាសដែលលោកស្រីត្រូវបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។ ក្នុងឱកាសនៃជំនួប, លោកស្រី Walker បានសម្ដែងនូវក្ដីសោមនស្សរីករាយដែលបានមកបំពេញបេសកកម្មការទូតដោយជោគជ័យនៅកម្ពុជា។ លោកស្រីបានកត់សម្គាល់ឃើញថា ប្រទេសកម្ពុជាមានការរីកចម្រើនលើវិស័យជាច្រើន ហើយទំនាក់ទំនងទ្វេភាគីកម្ពុជា-សហរដ្ឋអាម៉េរិក ក៏មានការវិវឌ្ឍប្រកបដោយភាពវិជ្ជមានជាបន្តបន្ទាប់ ដោយក្នុងនោះរួមមាន មានការបញ្ជូនត្រឡប់មកវិញនូវវត្ថុបុរាណខ្មែរ, ការរៀបចំអបអរសាទរខួបលើកទី ៧៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងការកើនឡើងនៃចំនួនគណៈប្រតិភូរដ្ឋាភិបាលនិងសភាសហរដ្ឋអាម៉េរិក មកទស្សនកិច្ចនៅកម្ពុជា ជាពិសេសគណៈប្រតិភូនៃក្រសួងការពារជាតិ និងការចូលចតនៃនាវាកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក នៅកម្ពុជា។ លោកស្រីបានបន្ថែមថា កម្ពុជា និងសហរដ្ឋអាម៉េរិក កាលពីខែតុលា ឆ្នាំ២០២៥ កន្លងទៅ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មស្ដីពី ពន្ធបដិការ សំដៅពង្រឹង និងពង្រីកពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន ។ ជាការឆ្លើយតប, សម្ដេចធិបតីបានអបអរសាទរលោកស្រីភារធារីស្តីទី ដែលបានបញ្ចប់បេសកកម្មការទូតប្រកបដោយជោគជ័យ នៅកម្ពុជា និងថ្លែងអំណរគុណលោកស្រី ដែលបានចូលរួមចំណែកយ៉ាងសកម្ម ក្នុងពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរ៉េក កាន់តែជិតស្និទ្ធ និងស៊ីជម្រៅ ជាពិសេសក្នុងដំណាក់កាលដ៏លំបាករបស់កម្ពុជា។ សម្ដេចធិបតីបានសម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងគូសបញ្ជាក់នូវការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តពង្រឹងទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិកបន្ថែមទៀត។ ក្នុងឱកាសនោះដែរ, សម្ដេចធិបតីបានថ្លែងអំណរគុណឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក ដែលបានរួមចំណែកជួយសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជានិងថៃ, សេចក្តីថ្លែងការណ៍រួមទីក្រុងគួឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងសេចក្ដីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។សម្ដេចធិបតី និងលោកស្រី Walker ក៏បានពិភាក្សាអំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនទៀត រួមទាំងវិស័យពាណិជ្ជកម្ម និងការវិនិយោគ សំដៅទាក់ទាញវិនិយោគិនសហរដ្ឋអាម៉េរិកមកកម្ពុជាឱ្យកាន់តែកើនឡើង។ លោកស្រីបានបន្តថា វិនិយោគិនសហរដ្ឋអាម៉េរិក មានការចាប់អារម្មណ៍ចំពោះប្រទេសកម្ពុជា។ សម្ដេចធិបតីបានជម្រាបជូនថា កម្ពុជាបាននិងកំពុងបន្តកែទម្រង់ថែមទៀត ដើម្បីបន្តបង្កើតបរិយាកាសវិនិយោគអំណោយផល និងទាក់ទាញ សំដៅពង្រឹងភាពធន់ និងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីស្រាអែលបង្កើនការវាយប្រហារលើតំបន់ភាគខាងត្បូងលីបង់ បណ្តាលឲ្យមនុស្សយ៉ាងហោច ១៦នាក់ស្លាប់
05/28/2026 09:05 PM
រុស្ស៊ីចុះហត្ថលេខាលើកិច្ចព្រមព្រៀងតម្លៃ ១៦,៥ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដំបូងនៅកាហ្សាក់ស្ថាន
05/28/2026 09:05 PM
រុស្ស៊ី៖ អឺរ៉ុបគួរបង្ហាញភ័ស្តុតាងពីអំណះអំណាងថាទីក្រុងមូស្គូរំខានសញ្ញា GPS
05/28/2026 08:05 PM
មន្ត្រីរុស្ស៊ី៖ គំនិតផ្តួចផ្តើមសន្តិភាពអ៊ុយក្រែន ជាមួយសហរដ្ឋអាមេរិក កំពុង «ជាប់គាំង»
05/28/2026 08:05 PM
ក្រុមហ៊ុន Temu របស់ចិនរងការផាកពិន័យ ២៣២លានដុល្លារ សម្រាប់ការបំពានច្បាប់លក់របស់ EU
05/28/2026 08:05 PM
ទីភ្នាក់ងារអាកាសធាតុអេស្ប៉ាញ ព្យាករសីតុណ្ហភាពខ្ពស់ខ្លាំងអំឡុងរដូវក្តៅ និងហានិភ័យភ្លើងឆេះព្រៃ
05/28/2026 08:05 PM
កូរ៉េខាងត្បូងធ្វើសមយុទ្ធបាញ់គ្រាប់ពិត ដើម្បីបញ្ជាក់ការជំរុញការការពារពឹងផ្អែកលើខ្លួនឯង
05/28/2026 08:05 PM
លោក Zelenskiy ៖ អ៊ុយក្រែនរៀបចំជំហានដឹរឹងមាំសម្រាប់យន្តហោះចម្បាំង Gripen
05/28/2026 08:05 PM
នាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Takaichi ជួបពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពីននៅទីក្រុងតូក្យូ
05/28/2026 08:05 PM
កម្មករធ្វើផ្លូវនៅភាគនិរតីប្រទេសបារាំង ពិបាកស៊ូទ្រាំនឹងអាកាសធាតុក្តៅខ្លាំងអំឡុងខែឧសភា
05/28/2026 08:05 PM