សម្ដេច​ធិបតីណែនាំអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រួតពិនិត្យ និងគ្រប់គ្រងឱ្យបានចំពោះទំនិញគេចពន្ធ និងខូចគុណភាព ហើយត្រូវសហការគ្នាចាត់វិធានការឱ្យបានច្បាស់លាស់
សម្ដេច​ធិបតីក្រើនរំឭកអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវបន្តបង្ក្រាប Online Scams មិនត្រូវបន្ធូរដៃឡើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រីចិន
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី

នយោបាយ​ និង ការអភិវឌ្ឍន៍

អាមេរិក៖ ការលើកឡើងរបស់លោក ពូទីន ពីការបញ្ជូនអាវុធឱ្យកូរ៉េខាងជើង ជារឿងគួរឱ្យបារម្ភ

2024/06/21 11:09:02 am        122
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ម៉ាធូ មីលឡឺ (Matthew Miller) បាននិយាយថា ការអត្ថាធិប្បាយរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) កាលពីថ្ងៃព្រហស្បតិ៍ ដែលថាទីក្រុងមូស្គូ អាចផ្គត់ផ្គង់សព្វាវុធដល់កូរ៉េខាងជើង បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិជាមួយទីក្រុងព្យុងយ៉ាង គឺជារឿង «គួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង»។លោក ពូទីន បានលើកឡើងបន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងជើង ក្នុងសប្តាហ៍នេះថា ការផ្គត់ផ្គង់សព្វាវុធដល់ប្រទេសផ្ដាច់ខ្លួនប្រដាច់ដោយអាវុធនុយក្លេអ៊ែរមួយនេះ នឹងក្លាយជាការឆ្លើយតបឆ្លុះបញ្ចាំងចំពោះការបំពាក់អាវុធរបស់លោកខាងលិច ដល់អ៊ុយក្រែន។ លោក មីលឡឺ បានប្រាប់សន្និសីទព័ត៌មានមួយនៅពេលត្រូវសាកសួរអំពីការលើកឡើងរបស់លោក ពូទីន អំពីលទ្ធភាពនៃការផ្គត់ផ្គង់សព្វាវុធដល់កូរ៉េខាងជើង នេះថា «វាជារឿងគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង»។លោកបន្ថែមថា «ប្រាកដណាស់ វានឹងធ្វើឱ្យឧបទ្វីបកូរ៉េអស្ថិរភាព ហើយអាចនឹងបំពានលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលរុស្ស៊ីខ្លួនឯងបានគាំទ្រ ប៉ុន្តែក៏អាស្រ័យលើប្រភេទអាវុធដែលពួកគេផ្តល់»។ កិច្ចព្រមព្រៀងដែលចុះហត្ថលេខាដោយលោក ពូទីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) កាលពីថ្ងៃពុធសប្ដាហ៍នេះ ភាគីនីមួយៗនឹងផ្តល់ជំនួយយោធាភ្លាមៗដល់ភាគីម្ខាងទៀត ក្នុងករណីមានការឈ្លានពានប្រដាប់អាវុធប្រឆាំងនឹងភាគីណាមួយក្នុងចំណោមពួកគេ។ អ្នកនាំពាក្យសន្តិសុខជាតិសេតវិមាន លោក ចន ឃឺបប៊ី (John Kirby) បានហៅកិច្ចព្រមព្រៀងនោះថាជាមូលហេតុនៃការព្រួយបារម្ភ ប៉ុន្តែគ្មានអ្វីភ្ញាក់ផ្អើលឡើយ ហើយតម្រូវការរបស់រុស្ស៊ី សម្រាប់ជំនួយបរទេសបែបនេះ គឺជាសញ្ញានៃភាពអស់សង្ឃឹមរបស់ខ្លួន៕

លោក ពូទីន៖ កូរ៉េខាងត្បូងនឹងបង្កើត «កំហុសឆ្គងដ៏ធំមួយ» បើខ្លួនផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន

2024/06/21 10:58:58 am        131
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២០ មិថុនា) ថា កូរ៉េខាងត្បូងនឹងបង្កើត «កំហុសដ៏ធំមួយ» ប្រសិនបើខ្លួនសម្រេចចិត្តផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ហើយថាទីក្រុងមូស្គូ នឹងឆ្លើយតបចំពោះទង្វើបែបនេះ តាមរបៀបមួយដែលជាការឈឺចាប់សម្រាប់ទីក្រុងសេអ៊ូល។លោក ពូទីន ដែលលើកឡើងបែបនេះនៅក្នុងសន្និសីទសារព័ត៌មាននៅប្រទេសវៀតណាម បានកំពុងប្រតិកម្មតបទៅនឹងរបាយការណ៍ពីសារព័ត៌មានយ៉ុនហាប់ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដែលបាននិយាយថា កូរ៉េខាងត្បូង នឹងពិនិត្យមើលលទ្ធភាពនៃការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន បន្ទាប់ពីលោក ពូទីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-un) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការការពារគ្នាទៅវិញទៅមកមួយថ្ងៃមុននោះ។លោក ពូទីន បាននិយាយថា ទីក្រុងសេអ៊ូល មិនមានអ្វីដែលត្រូវព្រួយបារម្ភទេ ចំពោះកិច្ចព្រមព្រៀងរវាងទីក្រុងមូស្គូ និងកូរ៉េខាងជើង។ លោកបានព្រមានក្រុងសេអ៊ូល ប្រឆាំងនឹងការបញ្ជូនអាវុធឱ្យទីក្រុងគីវ។ ប្រធានាធិបតីរុស្ស៊ីរូបនេះបានប្រាប់អ្នកយកព័ត៌មានថា «កូរ៉េខាងត្បូង មិនមានអ្វីត្រូវព្រួយបារម្ភនោះឡើយ ពីព្រោះជំនួយយោធារបស់យើងក្រោមសន្ធិសញ្ញាដែលបានចុះហត្ថលេខានោះ កើតឡើងបានលុះត្រាតែការឈ្លានពានត្រូវបានអនុវត្តប្រឆាំងនឹងប្រទេសហត្ថលេខីណាមួយប៉ុណ្ណោះ»។លោកបន្តថា៖ «ចំពោះការផ្គត់ផ្គង់អាវុធដែលអាចបង្កគ្រោះថ្នាក់ដល់តំបន់សង្គ្រាមអ៊ុយក្រែន នោះនឹងជាកំហុសឆ្គងដ៏ធេងធំណាស់»។ លោកបន្ថែមថា «ខ្ញុំសង្ឃឹមថារឿងនេះនឹងមិនកើតឡើងទេ។ ហើយប្រសិនបើវាកើតឡើងនោះ យើងក៏នឹងធ្វើការសម្រេចចិត្តសមស្រប ដែលទំនងជាមិនពេញចិត្តដល់ថ្នាក់ដឹកនាំកូរ៉េខាងត្បូងនាពេលបច្ចុប្បន្ននេះទេ»៕

ស្ថានទូតចិន៖ ជប៉ុន គ្មានសិទ្ធិជ្រៀតជ្រែកនៅក្នុងបញ្ហាដែនសមុទ្ររវាងចិន និងហ្វីលីពីនទេ

2024/06/21 10:55:26 am        106
អ្នកនាំពាក្យស្ថានទូតចិន ប្រចាំប្រទេសជប៉ុន បាននិយាយនៅថ្ងៃសុក្រ (២១ មិថុនា) នេះថា ប្រទេសជប៉ុនមិនមែនជាភាគីនៃបញ្ហាសមុទ្រចិនខាងត្បូងទេ ហើយមិនមានសិទ្ធិធ្វើអន្តរាគមន៍ក្នុងបញ្ហាដែនសមុទ្រចិន-ហ្វីលីពីនឡើយ។ អ្នកនាំពាក្យរូបនេះបានលើកឡើងថា «យើងបង្ហាញពីការមិនពេញចិត្តយ៉ាងខ្លាំង និងការប្រឆាំងដាច់ខាត ចំពោះការពិតដែលថាភាគីជប៉ុន បានធ្វើការអត្ថាធិប្បាយខុសម្តងទៀតលើបញ្ហាសមុទ្រចិនខាងត្បូង ដែលបំភាន់ត្រូវ ទៅជាខុស ហើយធ្វើការចោទប្រកាន់មិនសមហេតុផលប្រឆាំងនឹងប្រទេសចិន»។ក្រសួងការបរទេសជប៉ុន បាននិយាយនៅសប្តាហ៍នេះថា ខ្លួនមានការព្រួយបារម្ភយ៉ាងខ្លាំងលើសកម្មភាពម្តងហើយម្តងទៀតដែលរារាំងសេរីភាពនៃការធ្វើនាវាចរណ៍ និងបង្កើនភាពតានតឹងក្នុងតំបន់ រួមទាំងសកម្មភាពគ្រោះថ្នាក់នាពេលថ្មីៗនេះ ដែលបានធ្វើឱ្យខូចខាតនាវាហ្វីលីពីន និងធ្វើឱ្យប្រជាជនហ្វីលីពីនរងរបួសនៅលើនាវា។ក្រសួងការបរទេសហ្វីលីពីន បានថ្កោលទោសទង្វើរបស់ចិន ថាជារឿង «ខុសច្បាប់ និងកម្រោល» ក្នុងអំឡុងពេលបេសកកម្មផ្គត់ផ្គង់ឡើងវិញតាមទម្លាប់កាលពីថ្ងៃចន្ទ ដែលយោធាហ្វីលីពីនបាននិយាយថា ទាហានជើងទឹកម្នាក់បានរងរបួសធ្ងន់ធ្ងរ និងធ្វើឱ្យនាវាទីក្រុងម៉ានីល បានខូចខាត។ប្រទេសចិន បានបដិសេធការចោទប្រកាន់នោះ ខណៈប្រទេសទាំងពីរបានប៉ះទង្គិចគ្នាម្ដងហើយម្ដងទៀតជុំវិញតំបន់ថ្មប៉ប្រះទឹក សេខិន ថូម៉ាស ស្ហូល (Second Thomas Shoal) ដែលជាដែនទឹកជម្លោះនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីន នៅសមុទ្រចិនខាងត្បូងដ៏ធំល្វឹងល្វើយ៕

សហរដ្ឋអាមេរិកខកចិត្តយ៉ាងខ្លាំង ចំពោះការរិះគន់របស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Netanyahu

2024/06/21 10:49:13 am        112
សេតវិមានបានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះការរិះគន់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu លើសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ថ្ងៃទី ២០ ខែមិថុនា ខណៈមានភាពតានតឹងរវាងសម្ព័ន្ធមិត្តទាំងពីរជុំវិញសង្គ្រាមរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា។ការឆ្លើយតបរបស់សេតវិមានបានកើតឡើង ស្របពេលទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានជួបជាមួយមន្ត្រីជំនិតជាន់ខ្ពស់ពីររូបរបស់លោក Netanyahu ដើម្បីពិភាក្សាពីជម្លោះ ក្នុងដែនដីហ្កាហ្សា និងបញ្ហាផ្សេងៗទៀត។ កិច្ចពិភាក្សាស្រដៀងគ្នានេះត្រូវបានរំពឹងទុករវាងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និងមន្ត្រីអ៊ីស្រាអែល។ លោក Netanyahu កាលពីថ្ងៃអង្គារបានចេញវីដេអូជាភាសាអង់គ្លេសដែលលោកបាននិយាយថា លោក Blinken បានធានាដល់រូបលោកថារដ្ឋបាលលោក Biden កំពុងធ្វើការដើម្បីដកការរិតត្បិត លើការផ្តល់អាវុធដល់អ៊ីស្រាអែល ដែលអ្នកទូតជាន់ខ្ពស់អាមេរិករូបនេះ បានបដិសេធមិនបញ្ជាក់។ក្នុងការរិះគន់ដ៏កម្រមួយនៃការសន្ទនាការទូតជាលក្ខណៈឯកជនជាធម្មតា លោក Netanyahu ក៏បាននិយាយផងដែរថា លោកបានប្រាប់លោក Blinken ថាវាជារឿងនឹកស្មានមិនដល់ ដែលក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ក្រុងវ៉ាស៊ីនតោន បានផ្អាកការផ្ដល់អាវុធ និងគ្រាប់រំសេវដល់អ៊ីស្រាអែល។អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមាន លោក John Kirby បានថ្លែងនៅក្នុងបទសម្ភាសន៍មួយជាមួយអ្នកសារព័ត៌មាន ដោយនិយាយថា សហរដ្ឋអាមេរិក បានសម្តែងការមិនពេញចិត្តដោយផ្ទាល់ចំពោះអ៊ីស្រាអែល៕

លោក Putin ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាច្រើនជាមួយវៀតណាម បំណងពង្រឹងទំនាក់ទំនងរបស់រុស្ស៊ីនៅអាស៊ី

2024/06/21 09:29:23 am        133
លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយ៉ាងហោចណាស់១២ ជាមួយសមភាគីវៀតណាមកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ហើយបានផ្តល់ជូនការផ្គត់ផ្គង់ឥន្ធនៈហ្វូស៊ីល រួមទាំងឧស្ម័នធម្មជាតិ ដល់ប្រទេសវៀតណាម ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ ដែលធ្វើឡើង ខណៈទីក្រុងមូស្គូកំពុងស្វែងរកការពង្រឹងទំនាក់ទំនងនៅក្នុងតំបន់អាស៊ីដើម្បីគេចចេញពីភាពឯកោជាអន្តរជាតិ ដែលកំពុងកើនឡើងជុំវិញសង្គ្រាមនៅអ៊ុយក្រែន។ លោក Putin និងលោកប្រធានាធិបតី ថូ ឡាំ (To Lam) បានយល់ព្រមបន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការរុករកប្រេង និងឧស្ម័ន និងថាមពលស្អាត។ ប្រទេសទាំងពីរក៏បានឯកភាពធ្វើការលើផែនទីបង្ហាញផ្លូវសម្រាប់ បច្ចេកវិទ្យានុយក្លេអ៊ែរ និងមជ្ឈមណ្ឌលវិទ្យាសាស្ត្រនៅប្រទេសវៀតណាម។ក្នុងចំណោមកិច្ចព្រមព្រៀងទាំង ១២ ដែលបានប្រកាសជាសាធារណៈនោះ មិនមានអ្វីពាក់ព័ន្ធទាំងស្រុងទៅនឹងផ្នែកការពារជាតិទេ ប៉ុន្តែលោក ឡាំ បាននិយាយថា មានកិច្ចព្រមព្រៀងផ្សេងទៀតដែលមិនត្រូវបានបង្ហាញជាសាធារណៈ។ លោក Putin បានលើកឡើងថា ប្រទេសទាំងពីរចែករំលែកផលប្រយោជន៍ក្នុងការអភិវឌ្ឍស្ថាបត្យកម្មសន្តិសុខដែលអាចទុកចិត្តបាន នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយគ្មានកន្លែងសម្រាប់ ប្លុកនយោបាយ-យោធាបិទជិត។ លោកឡាំ បានបន្ថែមថា ទាំងរុស្ស៊ី ទាំងវៀតណាមចង់សហការបន្ថែមទៀតលើវិស័យការពារជាតិ និងសន្តិសុខ ដើម្បីទប់ទល់នឹងបញ្ហាប្រឈមសន្តិសុខមិនមែនប្រពៃណី៕

លោក ពូទីន និយាយថា រុស្ស៊ី អាចនឹងផ្គត់ផ្គង់សព្វាវុធដល់កូរ៉េខាងជើង

2024/06/21 08:12:44 am        169
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២០ មិថុនា) ថា រុស្ស៊ីអាចនឹងផ្គត់ផ្គង់សព្វាវុធដល់ប្រទេសកូរ៉េខាងជើង នៅក្នុងអ្វីដែលលោកបានលើកឡើងថា ជាការឆ្លើយតបឆ្លុះបញ្ចាំងចំពោះសព្វាវុធរបស់លោកខាងលិច ដែលបានឱ្យដល់អ៊ុយក្រែន។ លោក ពូទីន បានលើកឡើងបែបនេះនិយាយទៅកាន់អ្នកសារព័ត៌មានក្នុងប្រទេសវៀតណាម មួយថ្ងៃបន្ទាប់ពីបានទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើង ដែលមានអាវុធនុយក្លេអ៊ែរ និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារទៅវិញទៅមកជាមួយមេដឹកនាំរបស់ប្រទេសនេះគឺលោក គីម ជុងអ៊ុន (Kim Jong Un)។បណ្តាប្រទេសលោកខាងលិច បានចោទកូរ៉េខាងជើងថាជារដ្ឋផ្ដាច់ការ ដោយសារតែការអភិវឌ្ឍនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទិករបស់ខ្លួន ដើម្បីផ្គើននឹងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ហើយចាត់ទុកទំនាក់ទំនងដែលកំពុងកើនឡើងរវាងទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង ថាជាក្តីបារម្ភយ៉ាងខ្លាំង។លោក ពូទីន បានគំរាមកាលពីដើមខែនេះថា រុស្ស៊ីអាចផ្គត់ផ្គង់អាវុធដល់សត្រូវរបស់លោកខាងលិច ដោយសារតែលោកខាងលិចកំពុងផ្តល់អាវុធដែលមានភាពជាក់លាក់ខ្ពស់ដល់អ៊ុយក្រែន និងផ្តល់ការអនុញ្ញាតឱ្យប្រើប្រាស់អាវុធទាំងនោះទៅកាន់គោលដៅនៅក្នុងប្រទេសរុស្ស៊ី។នៅក្នុងការអត្ថាធិប្បាយចុងក្រោយរបស់ខ្លួន លោក ពូទីន បាននិយាយថា កូរ៉េខាងជើងអាចជាអ្នកទទួលអាវុធរុស្ស៊ីបែបនេះ។ លោកនិយាយថា ទីក្រុងមូស្គូ រំពឹងថាកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយកូរ៉េខាងជើងនឹងបម្រើជាការរារាំងដល់លោកខាងលិច ប៉ុន្តែថាមិនចាំបាច់ប្រើប្រាស់ទាហានកូរ៉េខាងជើងសម្រាប់សង្គ្រាមនៅអ៊ុយក្រែននោះទេ៕

ភាពតានតឹងនៅសមុទ្រចិនខាងត្បូងបង្ខំឱ្យអាមេរិកនិងក្រុងប៉េកាំងពិភាក្សាបន្ថែមទៀត

2024/06/21 08:02:07 am        159
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសចិនបានប្រាប់ទូរទស្សន៍ BBC ថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង កំពុងពិភាក្សាគ្នាកាន់តែទៀងទាត់បន្ថែមទៀត ដើម្បីជៀសវាងផ្ទុះជម្លោះនៅសមុទ្រចិនខាងត្បូង ទោះបីជាទំនាក់ទំនងរវាងប្រទេសទាំង២ គ្របដណ្ដប់ដោយជម្លោះ និងការប្រកួតប្រជែង ក៏ដោយ។ លោក នីកូឡាស ប៊នស៍ (Nicholas Burns) បាននិយាយនៅក្នុងបទសម្ភាសន៍មួយនៅទីក្រុងប៉េកាំងកាលពីដើមសប្តាហ៍នេះថា យោធារបស់យើងកំពុងប្រតិបត្តិការនៅជិតគ្នាខ្លាំងក្នុងសមុទ្រចិនខាងត្បូង និងនៅច្រកសមុទ្រតៃវ៉ាន់។ សមុទ្រចិនខាងត្បូង បានក្លាយជាចំណុចដ៏គ្រោះថ្នាក់ ដែលការអះអាងសិទ្ធិរបស់ក្រុងប៉េកាំងកំពុងបង្កើនភាពតានតឹងជាមួយតៃវ៉ាន់ និងហ្វីលីពីន ព្រមទាំងសម្ព័ន្ធមិត្តដ៏មានឥទ្ធិពលបំផុតរបស់ពួកគេ គឺអាមេរិក។ នាវាចិន និងហ្វីលីពីន បាននឹងកំពុងលេងល្បែងឆ្មាចាប់កណ្ដុរ នៅក្នុងដែនទឹកមានជម្លោះក្នុងប៉ុន្មានខែថ្មីៗនេះ ជាការប៉ះទង្គិចចុងក្រោយបំផុតក្នុងសប្តាហ៍នេះ ដែលត្រូវបានចោទប្រកាន់ថា មានពាក់ព័ន្ធនឹងបុគ្គលិកឆ្មាំល្បាតឆ្នេរចិន ប្រើដាវ និងកាំបិតវាយប្រហារទាហានលើទូកហ្វីលីពីន។ សហរដ្ឋអាមេរិក ដែលបានចងសម្ព័ន្ធភាពយោធារួមគ្នា ចាប់ពីទីក្រុងម៉ានីល ដល់ទីក្រុងតូក្យូ បានប្តេជ្ញាម្តងហើយម្តងទៀត ដើម្បីការពារសិទ្ធិសម្ព័ន្ធមិត្តរបស់ខ្លួន នៅសមុទ្រចិនខាងត្បូង៕

ប្រធានាធិបតីកូរ៉េខាងត្បូង ប្រកាសភាពអាសន្នជាតិអំពីការថយចុះនៃចំនួនប្រជាជន

2024/06/20 02:49:08 pm        119
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានប្រកាសកាលពីថ្ងៃពុធថា ប្រទេសកូរ៉េខាងត្បូងស្ថិតក្នុង «ភាពអាសន្នជាតិអំពីការថយចុះនៃចំនួនប្រជាជន» ដោយប្តេជ្ញាថា នឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីដោះស្រាយអត្រាកំណើតទាបបំផុតរបស់ប្រទេសនេះ។លោក Yoon បានធ្វើការអត្ថាធិប្បាយក្នុងអំឡុងពេលកិច្ចប្រជុំនៃគណៈកម្មាធិការប្រធានាធិបតីស្តីពីអត្រាកំណើតទាប និងចំនួនប្រជាជនវ័យចំណាស់ ចំពេលមានការរំពឹងទុកដ៏តិចតួច និងការព្រមានថា ចំនួនប្រជាជនកូរ៉េខាងត្បូងនៅទីបំផុត អាចផុតពូជបាន ប្រសិនបើនិន្នាការនេះ មិនត្រូវបានផ្លាស់ប្តូរនោះ។លោក Yoon បាននិយាយក្នុងអំឡុងពេលកិច្ចប្រជុំដែលធ្វើឡើងនៅមជ្ឈមណ្ឌលថែទាំកុមារ នៅក្នុងមជ្ឈមណ្ឌល R&D របស់ក្រុមហ៊ុន HD Hyundai ក្នុងទីក្រុង Seongnamថា៖«ថ្ងៃនេះ ខ្ញុំបានប្រកាសជាផ្លូវការនូវភាពអាសន្នជាតិអំពីការថយចុះនៃចំនួនប្រជាជន។ យើងនឹងធ្វើឲ្យប្រព័ន្ធឆ្លើយតបដ៏ទូលំទូលាយរបស់រដ្ឋាភិបាលដំណើរការ រហូតដល់បញ្ហាអត្រាកំណើតទាប ត្រូវដោះស្រាយបានទាំងស្រុង។ អត្រានៃការមានកូនសរុបរបស់ប្រទេសកូរ៉េខាងត្បូង ជាចំនួនជាមធ្យមនៃកូន ដែលស្ត្រីម្នាក់មានក្នុងជីវិតរបស់នាង បានធ្លាក់ចុះមកនៅកម្រិតទាបបំផុតគឺ ០,៧២ ក្នុងឆ្នាំ ២០២៣ ដែលទាបជាងកម្រិតជំនួសគឺ២,១ ដែលត្រូវការ ដើម្បីរក្សាចំនួនប្រជាជនរបស់ប្រទេសនៅ ៥១លាននាក់។រដ្ឋាភិបាល បានព្យាយាមលើកទឹកចិត្តផ្សេងៗ ដើម្បីជួយទាក់ទាញគ្រួសារឲ្យមានកូនក្នុងទសវត្សរ៍កន្លងមក ប៉ុន្តែកត្តាមួយចំនួន រួមទាំងតម្លៃផ្ទះថ្លៃ ថ្លៃសិក្សា និងម៉ោងធ្វើការយូរ បានធ្វើឲ្យយុវជនស្ទាក់ស្ទើរក្នុងការបង្កើតគ្រួសារ និងបង្កើតកូន។

សាស្ត្រាចារ្យColumbia ប្រាប់និស្សិតឲ្យជៀសវាងប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗដែលជាកម្មសិទ្ធិរបស់ជនជាតិជ្វីហ្វ

2024/06/20 02:46:38 pm        70
ក្រុមការងាររបស់សាកលវិទ្យាល័យ Columbia ដែលប្រឆាំងនឹងជនជ្វីហ្វនៅបរិវេណសាកលវិទ្យាល័យ បានរាយការណ៍អំពីឧប្បត្តិហេតុដ៏គួរឲ្យរំខានមួយ នៅសាកលវិទ្យាល័យ Ivy League ដោយបង្ហាញពីអ្វីដែលវាត្រូវបានកំណត់ថា ជា «ការបៀតបៀននិស្សិតជ្វីហ្វ» និងការអត្ថាធិប្បាយប្រឆាំងនឹងជនជាតិជ្វីហ្វ ដែលធ្វើឡើងដោយសាស្រ្តាចារ្យ រួមទាំងសាស្ត្រាចារ្យម្នាក់ដែលបានប្រាប់និស្សិតរបស់ខ្លួន ឲ្យជៀសវាងប្រព័ន្ធផ្សព្វផ្សាយធំៗ ដោយសារតែ«វាជាកម្មសិទ្ធិរបស់ជនជាតិជ្វីហ្វ»។សមាជិកក្រុមការងារ ដែលបាននិយាយជាមួយការបោះពុម្ពផ្សាយរបស់សារព័ត៌មានអ៊ីស្រាអែល Haaretz បានពិពណ៌នាអំពីគំរូនៃភាពលម្អៀងប្រឆាំងនឹងជនជាតិជ្វីហ្វ នៅសាកលវិទ្យាល័យ Manhattan ដែលត្រូវបានញាំញីដោយការតវ៉ាប្រឆាំងនឹងអ៊ីស្រាអែល ចាប់តាំងពីការសម្លាប់រង្គាលរបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា។សមាជិកក្រុមការងារ បានប្រាប់សារព័ត៌មាននេះថា សិស្សជនជាតិជ្វីហ្វ និងអ៊ីស្រាអែល តែងតែមានអារម្មណ៍ថា «ត្រូវបានគេកំណត់គោលដៅ និងមិនត្រូវបានយកចិត្តទុកដាក់ នៅក្នុងបរិវេណសាកលវិទ្យា ល័យ ហើយជារឿយៗ ត្រូវបានគេធ្វើបាប នៅក្នុងថ្នាក់រៀន។សារព័ត៌មានដដែល បានរាយការណ៍ដោយដកស្រង់សមាជិកនៃក្រុមការងារថា៖«សាស្រ្តាចារ្យម្នាក់ បានជួបនឹងនាមត្រកូលរបស់និស្សិតម្នាក់ ដែលស្តាប់ទៅដូចជាជនជាតិជ្វីហ្វ ខណៈដែលកំពុងអានឈ្មោះមុនពេលប្រឡង បានសុំឲ្យនិស្សិតនោះពន្យល់ពីទស្សនៈរបស់ពួកគេចំពោះសកម្មភាពរបស់រដ្ឋាភិបាលអ៊ីស្រាអែល នៅក្នុងតំបន់ហ្កាហ្សា»។

អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល៖ ក្រុមហាម៉ាស មិនអាចត្រូវបានលុបបំបាត់បានទេ

2024/06/20 01:20:53 pm        80
ប្រមុខអ្នកនាំពាក្យកងទ័ពរបស់អ៊ីស្រាអែល បាននិយាយកាលពីថ្ងៃពុធ (១៩ មិថុនា) ថា ក្រុមហាម៉ាសមិនអាចត្រូវបានគេលុបបំបាត់បានទេ ដែលបណ្តាលឱ្យមានប្រតិកម្មយ៉ាងខ្លាំងក្លាពីរដ្ឋាភិបាល ដែលបានអះអាងជាថ្មីថា ខ្លួននៅតែប្តេជ្ញាចិត្តចំពោះការបំផ្លាញក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះ។លោកឧត្តមនាវីទោ ដានីញ៉ែល ហាហ្ការី (Daniel Hagari) បានប្រាប់ទូរទស្សន៍ប៉ុស្តិ៍លេខ១៣ (Channel 13) របស់អ៊ីស្រាអែលថា «ការនិយាយថាយើងនឹងកម្ចាត់ក្រុមហាម៉ាសបាន គឺជាការគិតខុសប៉ុណ្ណោះ។ ក្រុមហាម៉ាសគឺជាមនោគមវិជ្ជាមួយ ហើយយើងមិនអាចលុបបំបាត់មនោគមវិជ្ជានោះបានទេ»។ការអត្ថាធិប្បាយរបស់លោកត្រូវបានបដិសេធភ្លាមៗដោយការិយាល័យរបស់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ដែលគណៈរដ្ឋមន្ត្រីរបស់លោកបាននិយាយថា ការវាយលុកនៅតំបន់ហ្កាហ្សា នឹងមិនបញ្ចប់ទេរហូតដល់ក្រុមហាម៉ាសបរាជ័យ។ នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយនៅលើបណ្តាញតេលេក្រាម យោធាបានបំភ្លឺថា លោក ហាហ្ការី បានប្រដូចក្រុមហាម៉ាស «ទៅនឹងមនោគមវិជ្ជា ហើយសេចក្តីថ្លែងការណ៍របស់លោកគឺច្បាស់លាស់ត្រឹមត្រូវ»។ជាងប្រាំបីខែនៃសង្រ្គាមដែលបង្កឡើងដោយការវាយប្រហារដ៏ភ្ញាក់ផ្ញើលរបស់ក្រុមហាម៉ាស នៅថ្ងៃទី០៧ ខែតុលា អ៊ីស្រាអែលបានបរាជ័យក្នុងការកម្ចាត់ពួកសកម្មប្រយុទ្ធអ៊ីស្លាមចេញពីហ្កាហ្សា ប៉ុន្តែបាននាំមកនូវការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងលេខាទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្តចិនចុះអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការជាមួយគ្នា
06/26/2026 08:06 PM
កសិដ្ឋានចិញ្ចឹមសត្វគោ និងជ្រូកនៅប្រទេសបែលហ្ស៊ិក កំពុងជួបការលំបាក ដោយសាររលកកម្តៅ
06/26/2026 08:06 PM
នយោបាយឈ្នះ-ឈ្នះនាំឱ្យកម្ពុជាសម្រេចបានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ
06/26/2026 08:06 PM
អ៊ីរ៉ង់៖ ការឆ្លងកាត់ច្រកសមុទ្រ Hormuz មិនត្រូវបានធានាទេ បើគ្មាន​ការសម្របសម្រួលជាមួយ​ទីក្រុងតេអេរ៉ង់
06/26/2026 08:06 PM
ប្រធានាធិបតីជិតឡើងកាន់អំណាចកូឡុំប៊ី ចេញឱសានវាទដល់ក្រុមឧក្រិដ្ឋកម្មប្រដាប់អាវុធ
06/26/2026 08:06 PM
មន្ត្រីជាន់ខ្ពស់៖ លីបង់ទាមទារឲ្យ​អ៊ីស្រាអែលដកទ័ពទាំងស្រុង ក្នុងកិច្ចព្រមព្រៀងណាមួយ នៅទីក្រុងវ៉ាស៊ីនតោន
06/26/2026 08:06 PM
កម្ពុជា ប្តេជ្ញាធ្វើការងារជិតស្និទ្ធជាមួយចិន ដើម្បីពង្រីកបន្ថែមទាំងវិសាលភាព និងភាពស៊ីជម្រៅនៃទំនាក់ទំនងទ្វេភាគី
06/26/2026 08:06 PM
រញ្ជួយដីកម្រិត ៦,៥រ៉ិចទ័រ វាយប្រហារកោះ នៅ​ភាគខាងត្បូងនៃ​ប្រទេស​ហ្វីលីពីន
06/26/2026 08:06 PM
UN ជំរុញឲ្យមានសេចក្តីថ្លៃថ្នូរសម្រាប់ជនអន្តោប្រវេសន៍ ក្រោយតុលាការអាមេរិកសម្រេចលើជនអន្តោប្រវេសន៍ហៃទី និងស៊ីរី
06/26/2026 08:06 PM
អ៊ីស្រាអែលទម្លាក់ខិត្តប័ណ្ណ នៅ​ទីក្រុងរបស់​លីបង់ ដោយបញ្ជាឲ្យ​ប្រជាជនចាកចេញ
06/26/2026 08:06 PM