សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលក្រាបថ្វាយបង្គុំគាល់ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី
សម្តេចតេជោអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន
សម្តេចតេជោ ហ៊ុន សែន នឹងបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅប្រទេសចិនរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី២៥ដល់២៧ ខែមិថុនាខាងមុខនេះ
កម្ពុជា-អ៊ីស្រាអែល ឯកភាពបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រសួងការបរទេស៖ ចិនត្រៀមខ្លួនជាស្រេច ដើម្បីធានាសន្តិសុខសាកលជាមួយប្រទេសរុស្ស៊ី

2024/06/18 02:50:06 pm        102
ក្រសួងការបរទេសចិន បាននិយាយថា ប្រទេសចិន បានត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយរុស្ស៊ី និងប្រទេសដទៃទៀត ដើម្បីធានាសន្តិសុខ នៅក្នុងតំបន់អឺរ៉ុបអាស៊ី និងជុំវិញពិភពលោក ដើម្បីលុបបំបាត់ការខ្វែងគំនិត និងជម្លោះដោយសន្តិវិធី។ក្រសួងបាននិយាយនៅក្នុងការអត្ថាធិប្បាយមួយទៅកាន់សារព័ត៌មានTASS ថា៖«ប្រទេសចិន និងរុស្ស៊ី គឺជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាមហាអំណាចដែលកំពុងលេចធ្លោ។ ប្រទេសរបស់យើង ត្រូវបានប្រគល់ឲ្យនូវការទទួលខុសត្រូវដ៏សំខាន់មួយ ដើម្បីធានាសន្តិសុខអន្តរជាតិ និងក្នុងតំបន់ ក៏ដូចជាស្ថិរភាពផងដែរ»។ការអត្ថាធិប្បាយនេះ ត្រូវបានធ្វើឡើងទាក់ទងនឹងសំណើរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ក្នុងការកសាងប្រព័ន្ធសន្តិសុខថ្មីមួយ ជាមួយនឹងភាពជាដៃគូអឺរ៉ុបអាស៊ីដ៏អស្ចារ្យ។សេចក្តីថ្លែងការណ៍នោះ បាននិយាយថា ប្រទេសចិន បានត្រៀមខ្លួនជាស្រេច ដើម្បីអនុវត្តគំនិតផ្តួចផ្តើមសន្តិសុខពិភពលោករួមគ្នាជាមួយសហគមន៍អន្តរជាតិ រួមទាំងរុស្ស៊ីផងដែរ។ សេចក្តីថ្លែងការពណ៏ បានបន្តថា ទីក្រុងប៉េកាំងព្យាយាមបង្កើតគំនិតដែលពាក់ព័ន្ធនឹងផ្តោតលើកិច្ចសហប្រតិបត្តិការស្មើភាព និងនិរន្តរភាព ហើយនៅពេលជាមួយគ្នានេះ ត្រូវគិតគូរអំពី«ការព្រួយបារម្ភសមហេតុផលនៃប្រទេសនីមួយៗ»។

វិបត្តិទឹក កំពុងរួបរឹតប្រទេសស៊ូដង់ដែលហែកហួរដោយសង្រ្គាម ខណៈដែលសីតុណ្ហភាពកើនឡើង

2024/06/18 02:47:11 pm        143
សង្គ្រាម ការប្រែប្រួលអាកាសធាតុ និងកង្វះខាតដែលបង្កើតឡើងដោយមនុស្ស បាននាំប្រទេសស៊ូដង់ ដែលជាប្រទេសមួយកំពុងប្រឈមមុខនឹងភាពភ័យរន្ធត់រួចទៅហើយ ឈានទៅវិបត្តិទឹកយ៉ាងធ្ងន់ធ្ងរ។លោក អ៊ីសា ជាឪពុករបស់កូន ៧នាក់ បានប្រាប់សារព័រ៌មាន AFP ពីរដ្ឋដាហ្វឺខាងជើង( North Darfur) ថា៖« ចាប់តាំងពីសង្រ្គាម បានចាប់ផ្តើម កូនរបស់ខ្ញុំពីរនាក់ បានដើរចម្ងាយ ១៤គីឡូម៉ែត្រ ( ៩ម៉ាយ) ជារៀងរាល់ថ្ងៃ ដើម្បីយកទឹកសម្រាប់គ្រួសារប្រើប្រាស់។នៅក្រោមកម្តៅព្រះអាទិត្យយ៉ាងក្ដៅគគុក នៅពេលដែលសីតុណ្ហភាព កើនឡើងលើសពី ៤០អង្សាសេ (១០៤ អង្សាហ្វារិនហៃ) គ្រួសាររបស់លោកអ៊ីសា រួមជាមួយអ្នកស្រុក ៦៥.000នាក់ផ្សេងទៀតនៃជំរុំភៀសខ្លួន Sortoni ទទួលរងនូវទម្ងន់ដ៏ធ្ងន់នៃសង្គ្រាមរវាងកងទ័ពស៊ូដង់ និងកងកម្លាំងយោធាប៉ារ៉ាគាំទ្ររហ័ស( RSF)។នៅពេលដែលការបាញ់ប្រហារលើកដំបូង បានផ្ទុះឡើងជាងមួយឆ្នាំមុន ក្រុមជំនួយបរទេសភាគច្រើន រួមទាំងស្ថានីយទឹកក្នុងស្រុករបស់ជំរំ Sortoni មិនអាចដំណើរការបានទៀតទេ។ អ្នកស្រុក ត្រូវបានគេឲ្យ ដើម្បីការពារខ្លួនឯង។ប្រទេសដ៏ធំ ទោះបីជាមានប្រភពទឹកជាច្រើនរួមទាំងទន្លេនីលដ៏ខ្លាំងក៏ដោយ ក៏នៅតែប្រឈមនឹងកង្វះខាតទឹកប្រើប្រាស់ដែរ។

ក្រុមមន្ត្រី ព្រមានថា អ៊ីស្រាអែល និងក្រុមហេសបូឡា កំពុងជិតឈានដល់ស្ថានភាពនៃសង្គ្រាមពេញទំហឹងហើយ

2024/06/18 02:32:04 pm        215
មន្ត្រីអ៊ីស្រាអែល បានព្រមានថា ប្រទេសនេះ កំពុងជិតឈានដល់ស្ថានភាពនៃសង្រ្គាមពេញទំហឹង ជាមួយក្រុមហេសបូឡា ប្រសិនបើក្រុមភេរវករ នៅតែបន្តបង្កើនការវាយប្រហាររបស់ខ្លួន នៅភាគខាងជើងអ៊ីស្រាអែល។កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានធ្វើការព្រមានកាលពីថ្ងៃអាទិត្យ មួយថ្ងៃមុនពេល លោក នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតាន់យ៉ាហ៊ូ បានគ្រោងជួបជាមួយ លោក Amos Hochstein ដែលជាជំនួយការជាន់ខ្ពស់របស់លោកប្រធានាធិបតី បៃដិន។ រដ្ឋបាលរបស់លោក បៃដិន កំពុងជំរុញអ៊ីស្រាអែលឲ្យជៀសវាងសង្រ្គាម នៅក្នុងប្រទេសលីបង់ ប៉ុន្តែមន្ត្រី IDF នៅតែបន្តបញ្ជាក់ពីការគំរាមកំហែងដ៏ធំដែលបង្កឡើងដោយក្រុមហេសបូឡា បើប្រៀបធៀបទៅនឹងក្រុមហាម៉ាស។អ្នកនាំពាក្យ IDF បានព្រមានកាលពីថ្ងៃអាទិត្យថា៖«ការវាយប្រហារកាន់តែខ្លាំងឡើងរបស់ក្រុមហេស បូឡា កំពុងនាំយើងទៅដល់ស្ថានភាពនៃអ្វីដែលអាចជាការកើនឡើងភាពតានតឹងកាន់តែធំឡើង»។រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ូអាវ ហ្គាឡែនធ៍ (Yoav Gallant)បានលើកឡើងសេចក្តីថ្លែងការណ៍នេះជាថ្មី នៅក្នុងកិច្ចពិភាក្សាផ្ទាល់របស់ខ្លួនជាមួយ លោក Hochstein កាលពីថ្ងៃចន្ទ។លោក បានប្រាប់តំណាងរបស់លោក បៃដិនថា៖ «យើងប្តេជ្ញាចិត្តចំពោះដំណើរការការទូត ទោះបីជាការវាយប្រហាររបស់ក្រុមហេសបូឡា កំពុងនាំយើងឲ្យខិតទៅជិតចំណុចសំខាន់មួយ ក្នុងការសម្រេចចិត្តទាក់ទងនឹងសកម្មភាពយោធារបស់យើង នៅក្នុងប្រទេសលីបង់»។

លោក ពូទីន បណ្ដេញអនុរដ្ឋមន្ត្រីការពារជាតិ ៤រូប ចេញពីតំណែង និងតែងតាំងសាច់ញាតិរបស់ខ្លួន

2024/06/18 02:29:02 pm        183
លោក វ្ល៉ាឌីមៀ ពូទីន បានបណ្តេញរដ្ឋមន្ត្រីការពារជាតិចំនួន ៤រូប ចេញពីតំណែង ហើយបានតែងតាំងសាច់ញាតិរបស់ខ្លួនម្នាក់ ឲ្យកាន់តួនាទីនេះ ខណៈដែលខ្លួនធ្វើការបោសសម្អាតមន្ត្រី ដែលទទួលបន្ទុកក្នុងអំឡុងពេលការឈ្លានពានដ៏អាក្រក់ទៅលើប្រទេសអ៊ុយក្រែន។អ្នកស្រី Anna Tsivileva កូនស្រីរបស់បងប្អូនជីដូនមួយរបស់លោកប្រធានាធិបតីរុស្សី បានរៀបការជាមួយរដ្ឋមន្ត្រីថាមពលរបស់ប្រទេសនេះ ហើយត្រូវបានរដ្ឋាភិបាលអង់គ្លេសដាក់ទណ្ឌកម្ម បន្ទាប់ពីបានប្រើទំនាក់ទំនងរបស់អ្នកស្រីជាមួយលោក ពូទីន ដើម្បីក្លាយជាប្រធានអាជីវកម្មរ៉ែធ្យូងថ្ម។អ្នកស្រី Tsivileva ដែលមានឈ្មោះដើមថា Putina ក៏គ្រប់គ្រងមូលនិធិ «អ្នកការពារមាតុភូមិ» សម្រាប់អតីតយុទ្ធជនសង្គ្រាមផងដែរ។លោក Pavel Fradkov ជាកូនប្រុសរបស់អតីតនាយករដ្ឋមន្ត្រីមួយរូបរបស់លោក ពូទីន ក៏ត្រូវបានដំឡើងតំណែង ក្នុងការរុះរើកាលពីថ្ងៃចន្ទនោះដែរ ។ លោក Fradkov ធ្លាប់ធ្វើការនៅក្នុងរដ្ឋបាលប្រធានាធិបតី។ក្រុមអ្នកវិភាគ បាននិយាយថា ការដំឡើងតំណែងរបស់ពួកគេ កើតឡើង នៅពេលដែលលោក ពូទីន កំពុងមានផែនដាក់ការជឿទុកចិត្តកាន់តែច្រើនលើកូនចៅរបស់មិត្តស្និទ្ធ ជាជាងអ្នកខាងក្រៅ បន្ទាប់ពីគ្រោះមហន្តរាយជាបន្តបន្ទាប់ នៅប៉ុន្មានខែដំបូងនៃសង្រ្គាមនេះ។

អ៊ីស្រាអែល អះអាងថា គោលដៅវាយលុកនៅទីក្រុងរ៉ាហ្វា ជិតបានសម្រេចហើយ

2024/06/18 02:25:34 pm        130
យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួននឹងសម្រេចគោលដៅ ក្នុងការវាយលុកនៅទីក្រុងរ៉ាហ្វា ក្នុងពេល ឆាប់ៗនេះ។ កងទ័ព បាននិយាយថា ពាក់កណ្តាលនៃអង្គភាពប្រយុទ្ធរបស់អង្គការសកម្មប្រយុទ្ធប៉ាឡេស្ទីនដែលគ្រប់គ្រងតំបន់ហ្កាហ្សា មុនសង្រ្គាមដែលបានផ្ទុះឡើងនៅក្នុងខែតុលា ត្រូវបានបំផ្លាញ។កងទ័ព បានបញ្ជាក់កាលពីថ្ងៃចន្ទថា ប្រហែល ៦០-៧០ភាគរយនៃទឹកដីរបស់ទីក្រុងនៅតំបន់ហ្កាហ្សាស្ទ្រីបភាគខាងត្បូង គឺស្ថិតនៅក្រោម«ការគ្រប់គ្រងប្រតិបត្តិការ»របស់កងទ័ពអ៊ីស្រាអែល។កងទ័ព បាននិយាយថា ខ្លួននឹងត្រូវចំណាយពេលតែប៉ុន្មានសប្តាហ៍ទៀត មុនពេលប្រតិបត្តិការយោធា នៅក្នុងទីក្រុងនេះ ត្រូវបានបញ្ចប់។កងទ័ពអ៊ីស្រាអែល បានបើកប្រតិបត្តិការ នៅទីក្រុងរ៉ាហ្វា ដែលស្ថិតនៅព្រំដែនជាមួយប្រទេសអេហ្ស៊ីបកាលពីដើមខែឧសភា។ គោលបំណងដែលបានប្រកាស គឺដើម្បីរុះរើអង្គភាពប្រយុទ្ធចុងក្រោយរបស់ក្រុមហាម៉ាស។ការវាយលុកនេះ មានភាពចម្រូងចម្រាសយ៉ាងខ្លាំងជាអន្តរជាតិ ដោយសារតែជនជាតិប៉ាឡេស្ទីនជាងមួយ លាននាក់ គឺស្ថិតនៅក្នុងទីក្រុងរ៉ាហ្វា នៅពេលនោះ។ ពួកគេភាគច្រើន បានភៀសខ្លួននៅទីនោះពីផ្នែកផ្សេងទៀតនៃតំបន់ហ្កាហ្សាស្ទ្រីប ដើម្បីគេចពីសង្គ្រាម។ ស្ទើរតែទាំងអស់នៃប្រជាជនទាំងនេះ ឥឡូវនេះបានភៀសខ្លួនពីទីក្រុងនេះ ទៅកាន់តំបន់មួយទៅភាគខាងលិច ជាទីដែលពួកគេពិបាកទទួលបានជំនួយផ្គត់ផ្គង់ផ្សេងៗ។

លោក ថាក់ស៊ីន ត្រូវបានធានាឲ្យនៅក្រៅឃុំ ក្រោយមានការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ

2024/06/18 02:16:11 pm        149
អ្នកនាំពាក្យការិយាល័យរដ្ឋអាជ្ញា បានឲ្យដឹងថា អតីតនាយករដ្ឋមន្ត្រីថៃដ៏មានឥទ្ធិពល លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែលជាអ្នកគាំទ្រដ៏លេចធ្លោបំផុតរបស់រដ្ឋាភិបាលដែលកំពុងកាន់អំណាច ត្រូវបានចោទប្រកាន់ជាផ្លូវការ នៅថ្ងៃអង្គារ (ទី១៨ ខែមិថុនា) នេះ ពីបទប្រមាថព្រះមហាក្សត្រ នៅក្នុងបទសម្ភាសន៍តាមប្រព័ន្ធផ្សព្វផ្សាយ កាលពីឆ្នាំ២០១៥។ គួរបញ្ជាក់ថា ករណីរបស់លោក ថាក់ស៊ីន នេះ គឺជាសំណុំរឿងដំបូងគេ ក្នុងចំណោមសំណុំរឿងលេចធ្លោបំផុតចំនួន៤ ពាក់ព័ន្ធនឹងតួអង្គនយោបាយសំខាន់ៗ ដែលមាននៅចំពោះមុខតុលាការ នាថ្ងៃអង្គារនេះ ពោលគឺជាជម្លោះផ្លូវច្បាប់ចុងក្រោយបំផុត ដែលអាចមើលឃើញថា ប្រទេសសេដ្ឋកិច្ចធំជាងគេទី២ របស់តំបន់អាស៊ីអាគ្នេយ៍មួយនេះ បានធ្លាក់ចូលទៅក្នុងរយៈពេលនៃភាពមិនច្បាស់លាស់ថ្មីមួយ។សំណុំរឿងទាំងនេះមានជាប់ពាក់ព័ន្ធនឹងអ្នកនយោបាយដ៏មានឥទ្ធិពលបំផុតមួយចំនួនរបស់ថៃ ដែលក្នុងនោះរួមទាំងនាយករដ្ឋមន្ត្រីបច្ចុប្បន្នរបស់ប្រទេសផងដែរ ហើយវាអាចធ្វើឲ្យមានភាពប្រេះស្រាំកាន់តែជ្រៅទៅៗ រវាងស្ថាប័នអភិរក្សនិយម-រាជានិយម និងគូប្រជែងរបស់ខ្លួន ដូចជាគណបក្ស Pheu Thai (ភឿថៃ) ដែលកំពុងកាន់អំណាច និងគណបក្សប្រឆាំង គឺគណបក្សបោះជំហានទៅមុខ (Move Forward)។លោក ថាក់ស៊ីន បានស្វែងរកការធានានៅក្រៅឃុំពីតុលាការ ក្នុងទីក្រុងបាងកក ភ្លាមៗ បន្ទាប់ពីរដ្ឋអាជ្ញាបានចោទប្រកាន់ជាផ្លូវការលើមហាសេដ្ឋីវ័យ ៧៤ឆ្នាំរូបនេះ ជុំវិញបទល្មើសដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអតិបរមារហូតដល់ ១៥ឆ្នាំ ចំពោះជនណា ដែលត្រូវបានរកឃើញប្រមាថព្រះមហាក្សត្រ។ទូរទស្សន៍សាធារណៈ ThaiPBS និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកផ្សេងទៀតបាន បានរាយការណ៍ថា តុលាការបានទទួលយកប្រាក់ធានានៅក្រៅឃុំចំនួន ៥០០.០០០បាត (១៣.៦០០ដុល្លារអាមេរិក)៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូទៅដល់អាកាសយានដ្ឋានChangi ប្រទេសសិង្ហបុរីហើយ ប្រកបដោយសុវត្ថិភាព

2024/06/18 01:11:03 pm        150
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២៤នេះ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទៅដល់​អាកាសយានដ្ឋាន Changi សាធារណរដ្ឋសិង្ហបុរីហើយ ប្រកបដោយសុវត្ថិភាព ដើម្បី​បំពេញ​ទស្សន​កិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៨-១៩ ខែមិថុនានេះ។ ដំណើរអញ្ជើញដល់បានទទួលការ​ស្វាគមន៍​​ដោយ ឯកឧត្តមបណ្ឌិត Tan See Leng រដ្ឋមន្ត្រីក្រសួងពលកម្ម នៃសាធារណរដ្ឋ​សិង្ហបុរី​។ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តីបាន​បញ្ជាក់​ពីដំណើរទស្សន​កិច្ច​ផ្លូវ​ការ​របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅសាធារណរដ្ឋ​សិង្ហបុរី ចាប់ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤ថា តបតាមការអញ្ជើញរបស់សមភាគី​សិង្ហបុរី​នេះ។ អញ្ជើញអមដំណើរទស្សនកិច្ចនេះ រួមមាន​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងរដ្ឋមន្ត្រី មន្ត្រីសំខាន់ៗ នៃរាជរដ្ឋាភិបាល និងតំណាងពីសភាពាណិជ្ជកម្មកម្ពុជា។ក្នុងឱកាសដំណើរទស្សនកិច្ចនេះសម្តេចធិបតី នាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរី ដែលក្នុងឱកាសនោះថ្នាក់ដឹកនាំទាំងពីរនឹងផ្លាស់ប្តូរទស្សនៈគ្នាអំពីមធ្យោបាយនានាក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ខណៈដែលប្រទេសទាំងពីរនឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំក្រោយ។ ក្នុងឱកាសនៃទស្សនកិច្ចនេះ សម្តេចធិបតីក៏នឹងជួបសម្តែងការគួរសមដោយឡែកពីគ្នាជាមួយ ឯកឧត្តម ថាមេន ស្ពានមូហ្គារ៉ាត់ណាម ប្រធានាធិបតី នៃសាធារណរដ្ឋសិង្ហបុរី និងឯកឧត្តម លី សៀនឡុង ទេសរដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរីផងដែរ។ សម្តេចធិបតី នាយករដ្ឋមន្រ្ដីក៏នឹង​ចូលរួមក្នុង​វេទិកាធុរកិច្ចកម្ពុជា-សិង្ហបុរី ដែលមានការចូលរួមពីតំណាងរដ្ឋាភិបាល និងភាគីពាក់ព័ន្ធនានាផងដែរ។សូមជម្រាបថាកន្លងមកនេះទំនាក់ទំនង កម្ពុជា-សិង្ហបុរី បានបន្តពង្រឹង និងពង្រីកកិច្ចសហ​ប្រតិបត្តិការ​លើវិស័យជាច្រើនដូចជា វិស័យនយោបាយ ពាណិជ្ជកម្ម សេដ្ឋកិច្ច ការពារជាតិ និងសន្ដិសុខ សន្ដិសុខថាមពល និងទេសចរណ៍ជាដើម។ ក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច កម្ពុជា-សិង្ហបុរី បានឯកភាពលើការជំរុញឱ្យមានទំនាក់ទំនងកាន់តែល្អប្រសើរ ដោយបានលើកទឹកចិត្តឱ្យមានការជំរុញកិច្ចសហប្រតិប្តតិរវាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ ដើម្បីធ្វើយ៉ាងណាឱ្យមានគំនិតផ្តួចផ្តើម និង ផែនការសកម្មភាពជាក់លាក់៕អត្ថបទ៖ វ៉ន ដារ៉ា

បេក្ខជនប្រធានាធិបតីអ៊ីរ៉ង់ ជជែកដេញដោលគ្នា តាមទូរទស្សន៍ជាលើកដំបូង មុនការបោះឆ្នោត

2024/06/18 12:40:59 pm        118
បណ្ដាបេក្ខជនប្រជែងតំណែងប្រធានាធិបតីអ៊ីរ៉ង់ បានធ្វើការជជែកដេញដោលតាមទូរទស្សន៍ជាលើកដំបូង កាលពីថ្ងៃចន្ទ (ទី១៧ ខែមិថុនា) មុនពេលការបោះឆ្នោតមុនអាណត្តិ នាពេលខាងមុខ ដែលនឹងកើតឡើងនៅចុងខែនេះ។ក្រុមប្រឹក្សាអាណាព្យាបាលរបស់អ៊ីរ៉ង់ ដែលត្រួតពិនិត្យការបោះឆ្នោត និងច្បាប់ បានអនុម័តទទួលយកបេក្ខជនចំនួន ៦រូប ឲ្យឈរឈ្មោះក្នុងការបោះឆ្នោត បន្ទាប់ពីប្រធានាធិបតី លោក Ebrahim Raisi បានបាត់បង់ជីវិតភ្លាម ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ កាលពីខែឧសភា។យោងតាមទូរទស្សន៍រដ្ឋ បានឲ្យដឹងថា នៅក្នុងបញ្ជីឈ្មោះ មានលោក Mohammad Baqer Qalibaf ដែលជាប្រធានសភាមាននិន្នាការរឹងរូស និងជាអតីតមេបញ្ជាការឆ្មាំបដិវត្តន៍របស់អ៊រ៉ង់ អ្នកអភិរក្សនិយមលោក Saeed Jalili ដែលជាអតីតប្រធានអ្នកចរចានុយក្លេអ៊ែរ និងបានគ្រប់គ្រងការិយាល័យរបស់មេដឹកនាំកំពូលលោក Ayatollah Ali Khamenei អស់រយៈពេល ៤ឆ្នាំ ហើយនិងអភិបាលក្រុងតេអេរ៉ង់ លោក Alireza Zakani ដែលជាអ្នកអភិរក្សនិយម។ បេក្ខជនទាំងនោះ ក៏រួមមានសមាជិកសភាកំណែទម្រង់ លោក Masoud Pezeshkian អ្នកមាននិន្នការរឹងរូស និងជាអតីតរដ្ឋមន្ត្រីមហាផ្ទៃ លោក Mostafa Pourmohammadi ហើយនិងលោក Amir-Hossein Ghazizadeh Hashemi ដែលជាអ្នកនយោបាយអភិរក្សនិយម។ការជជែកដេញដោល កាលពីថ្ងៃចន្ទនោះ បានផ្តោតលើការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ ដោយបេក្ខជនម្នាក់ៗបានដាក់ចេញនូវចក្ខុវិស័យរបស់ពួកគេ ដើម្បីឲ្យមានកំណើននាពេលខាងមុខ ចំពេលមានការដាក់ទណ្ឌកម្មរបស់លោកខាងលិច និងអតិផរណា ដែលកំពុងកើនឡើង៕

សហរដ្ឋអាមេរិក បង្ហាញការព្រួយបារម្ភអំពីទំនាក់ទំនង រុស្ស៊ី-កូរ៉េខាងជើង

2024/06/18 12:13:08 pm        205
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក បានសម្តែងការព្រួយបារម្ភអំពីទំនាក់ទំនងកាន់តែស៊ីជម្រៅ រវាងប្រទេសរុស្ស៊ី និងកូរ៉េខាងជើង។ប្រធានាធិបតី រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កំពុងចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់ប្រទេសកូរ៉េខាងជើង រហូតដល់ថ្ងៃពុធ ជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ក្នុងរយៈពេល២៤ ឆ្នាំ កន្លងទៅនេះ។លោក ពូទីន ត្រូវបានគេរំពឹងថានឹងមានជំនួបកំពូលជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីភាពជាដៃគូយុទ្ធសាស្ត្រសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសន្តិសុខ។អ្នកនាំពាក្យសន្តិសុខជាតិ របស់សេតវិមាន លោក John Kirby បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក មានការព្រួយបារម្ភអំពី ទំនាក់ទំនងកាន់តែស៊ីជម្រៅ រវាងប្រទេសទាំងពីរ។លោក Kirby និយាយថា សហរដ្ឋអាមេរិក មិនត្រឹមតែមានការព្រួយបារម្ភអំពីផលប៉ះពាល់ដែលទំនាក់ទំនងនឹងកើតមានលើប្រទេសអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែវាអាចប៉ះពាល់ដល់សន្តិសុខនៅលើឧបទ្វីបកូរ៉េ។ និយាយទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃចន្ទ អ្នកនាំពាក្យរងមន្ទីរបញ្ចកោណ លោកស្រី Sabrina Singh បានសន្និដ្ឋានថា គោលបំណងនៃដំណើរទស្សនកិច្ចរបស់ លោក ពូទីន ទៅកាន់ប្រទេសកូរ៉េខាងជើង អាចជាការទិញសព្វាវុធ សម្រាប់ប្រើប្រាស់នៅសមរភូមិ អ៊ុយក្រែន។លោកស្រី Singh បាននិយាយថា សហរដ្ឋអាមេរិក មើលឃើញថា រុស្ស៊ី នឹងធ្វើដំណើរទៅកាន់ប្រទេសជាច្រើន ដូចជាប្រទេសកូរ៉េខាងជើង ដើម្បីទទួលបានជំនួយសព្វាវុធ។

អគ្គលេខាធិការNATO ជួបលោក Biden និយាយថា សម្ព័ន្ធណាតូជាង២០ប្រទេស ចំណាយយ៉ាងហោចណាស់២% នៃ GDP លើវិស័យការពារជាតិ

2024/06/18 11:51:46 am        111
អគ្គលេខាធិការណាតូសម្ព័ន្ធយោធាណាតូ លោក ជេន ស្តូធេនប៊ឺក(Jens Stoltenberg) បាននិយាយកាលពីថ្ងៃចន្ទ ទី១៧ ខែមិថុនា ដោយលើកឡើងពីវិធីដែលសម្ព័ន្ធមិត្តបានបង្កើនការចំណាយផ្នែកយោធា ចាប់តាំងពីរុស្ស៊ី បានដណ្តើមយកតំបន់គ្រីម៉េ ពីអ៊ុយក្រែន ក្នុងឆ្នាំ ២០១៤។ អគ្គលេខាធិការសម្ព័ន្ធយោធា NATO ក្នុងពេលជួបជាមួយលោក Biden បាននិយាយថាសម្ព័ន្ធណាតូជាង២០ប្រទេស បានចំណាយយ៉ាងហោចណាស់២% នៃ GDP លើវិស័យការពារជាតិ។លោក Stoltenberg បាននិយាយទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden នៅសេតវិមានថា ចំនួនសម្ព័ន្ធយោធាណាតូ ពេលបច្ចុប្បន្ននេះបានបំពេញគោលដៅចំណាយ បើប្រៀបធៀបទៅនឹងសមាជិកតិចជាង១០ប្រទេស កាលពី៥ឆ្នាំមុន។លោក Stoltenberg ស្ថិតនៅក្នុងទីក្រុង Washington សម្រាប់ការរៀបចំកិច្ចប្រជុំកំពូល NATO នៅខែក្រោយ នៅរដ្ឋធានី សហរដ្ឋអាមេរិក មានប្រធានបទមួយដែលលោក និងលោក Biden បានពិភាក្សាផងដែរ។លោក Biden និយាយថា សម្ព័ន្ធនេះ កំពុងប្រឈមមុខទៅនឹងពេលវេលាដ៏វិសេសវិសាលបំផុត សម្រាប់អឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី២ ខណៈប្រទេសអ៊ុយក្រែន ប្រយុទ្ធជាមួយកងកម្លាំងរុស្ស៊ី។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីស្រាអែល​បន្ត​កាន់​កាប់​កាន់​តែ​ខ្លាំង​ នៅ​​​លីបង់ ខណៈ​ទីក្រុង​បេរូត​ពិចារណា​​តំបន់​គ្មាន​ក្រុម​ហេសបូឡា
06/26/2026 04:06 PM
សំឡេងស្រែកលាន់​រំពង​ឡើង​ ខណៈការ​ស្វែង​រក​កំពុង​បន្ត​ ក្រោយមាន​​រញ្ជួយ​ដី​សម្លាប់មនុស្សជាង ២០០នាក់​
06/26/2026 04:06 PM
ប្រទេសកោះស៊ីបបារម្ភថា ខ្លួននឹងមិនត្រូវបានអញ្ជើញឲ្យចូលរួមសន្និសីទអាកាសធាតុរបស់ UN នៅទួរគី
06/26/2026 04:06 PM
ប្រទេសឆាដឃើញលំហូរចូលមកនូវជនរងគ្រោះពីការវាយប្រហារដោយយានដ្រូន ពីស៊ូដង់
06/26/2026 04:06 PM
ប្រធានIAEA៖ ប្រព័ន្ធផ្ទៀងផ្ទាត់នុយក្លេអ៊ែរដ៏រឹងមាំ គឺត្រូវការ នៅក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីសង្គ្រាមនៅមជ្ឈិមបូព៌ា
06/26/2026 04:06 PM
អ្នកការទូត៖លោក MACRON ទទួលខុសត្រូវផ្ទាល់ខ្លួនចំពោះភាពជាប់គាំងក្នុងទំនាក់ទំនងបារាំង-រុស្ស៊ី
06/26/2026 04:06 PM
រុស្ស៊ីបដិសេធការដាក់សម្ពាធលើបេឡារុសឲ្យគាំទ្រការពង្រីកជម្លោះអ៊ុយក្រែន ខណៈក្រុងMinskបន្ទោសលោកខាងលិច
06/26/2026 04:06 PM
ការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនលើរុស្ស៊ី បានបណ្តាលឲ្យមានអ្នកស្លាប់និងរបួសនៅតំបន់គ្រីម៉េ
06/26/2026 03:06 PM
ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់ជនស៊ីវិល ៤.២៣០នាក់ នៅលីបង់ ចាប់តាំងពីថ្ងៃទី ២ ខែ មីនា
06/26/2026 03:06 PM
សហរដ្ឋអាមេរិក និងប្រទេសឈូងសមុទ្របដិសេធលទ្ធភាពនៃការយកពន្ធគយនៅច្រកសមុទ្រហ័រមូស
06/26/2026 03:06 PM