គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចធិបតីផ្ដល់បណ្ណសរសើរ និងឧបត្ថម្ភថវិកា ២០០លានរៀលដល់ខេត្តចំនួន៦ គ្មានគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលចូលឆ្នាំថ្មី

2024/04/26 10:24:44 am        461
ភ្នំពេញ៖ ក្នុងឱកាសដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្ដីនាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២៤​នេះ នៅវិមានសន្ដិភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បាន​ប្រកាស​ផ្ដល់បណ្ណសរសើរ និងឧបត្ថម្ភថវិកាចំនួន ២០០លានរៀលដល់ខេត្តចំនួន ៦ ដែល​គ្មាន​គ្រោះថ្នា​ក់​ចរាចរណ៍ក្នុងពេល បុណ្យចូលឆ្នាំខ្មែរកន្លងទៅនេះ។មុននឹងចាប់ផ្តើមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីសម្ដេចធិបតី នាយករដ្ឋមន្រ្ដី​បាន​ថ្លែង​កោត​សរសើរ​ចំពោះ​អាជ្ញាធរខេត្ត កម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទូទាំងប្រទេសបានរៀបចំពិធី បុណ្យ​ចូល​ឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងមកបានល្អ ធ្វើឲ្យប្រជាពលរដ្ឋរដ្ឋសប្បាយរីករាយ គ្រប់ទី​កន្លែង​គ្មាន​បង​ធំ​ក្មេង​ទំនើងមិនមានការបង្កអសន្តិសុខដល់សង្គមជាតិ។សម្ដេចតេជោ​បានសង្កេតឃើញមាន ៦ ខេត្ត គ្មានគ្រោះថ្នាក់ចរាចរណ៍ក្នុងពេល បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​កន្លង​មក​។ មានខេត្តព្រៃវែង កោះកុង កំពង់ឆ្នាំង ប៉ៃលិន មណ្ឌលគីរី និង ខេត្តត្បូងឃ្មុំ នឹងទទួល​បាន​បណ្ណ​សរសើររបស់រាជរដ្ឋាភិបាល ១ និងថវិកា ២០០លានរៀល ភេសជ្ជៈ១០០០កេស។

ចិន ព្រមានលោក Blinken ថា ភាពអវិជ្ជមានក្នុងទំនាក់ទំនងរវាងអាមេរិក និងចិន កំពុងដុះដាលឡើងហើយ

2024/04/26 10:08:46 am        108
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានសង្កត់ធ្ងន់លើតម្រូវការដើម្បីជៀសវាង "ការគណនាខុស" ខណៈបានជួបសមភាគីចិន លោកWang Yi នៅក្នុងទីក្រុងប៉េកាំងនៅថ្ងៃសុក្រទី២៦មេសាសប្ដាហ៍នេះ មុនពេលលោកទាំងពីរចាប់ផ្តើមពិភាក្សាបិទទ្វារដែលរំពឹងថានឹងមានរយៈពេលច្រើម៉ោង។ លោក Wang បានប្រាប់ភ្ញៀវរបស់លោកថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន មានស្ថិរភាព ប៉ុន្តែកត្តាអវិជ្ជមានកំពុងដុះដាលឡើងហើយ ដោយព្រមានថាការអនុញ្ញាតឱ្យភាពតានតឹងឈានដល់ជម្លោះ នឹងក្លាយជាជម្រើសគ្មានអ្នកចាញ់និងគ្មានអ្នកឈ្នះសម្រាប់មហាអំណាចទាំងពីរ។ ជំនួបនេះកើតឡើងខណៈការប៉ះទង្គិចគ្នាកើនឡើងជុំវិញការគាំទ្រដោយប្រយោលជាក់ស្តែងរបស់ចិនសម្រាប់កិច្ចខិតខំប្រឹងប្រែងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន រួមនឹងសម្ពាធរបស់សហរដ្ឋអាមេរិកលើសមត្ថភាពឧស្សាហកម្មដ៏ច្រើនហួសប្រមាណរបស់ចិន ក៏ដូចជាការហាមប្រាមវត្តមានកម្មវិធីវីដេអូដ៏ពេញនិយមរបស់ចិន TikTok ។ កញ្ចប់ជំនួយយោធាថ្មីចំនួន ៨ ពាន់លានដុល្លារសម្រាប់តៃវ៉ាន់ ដែលរដ្ឋាភិបាលបក្សកុម្មុយនិស្តចិនចាត់ទុកថាជាទឹកដីរបស់ខ្លួន គឺជាចំណុចជាប់គាំងមួយទៀត។ យោងតាមសារព័ត៌មាន យូយ័នតានធាន (Yuyuantantian) ដែលជាប្រព័ន្ធផ្សព្វផ្សាយសង្គមមានទំនាក់ទំនងជាមួយទូរទស្សន៍រដ្ឋ CCTV បានឲ្យដឹងថា នៅក្នុងសុន្ទរកថាបើករបស់ប្រមុខការទូតទាំង២ លោក Wang បាននិយាយថា សហរដ្ឋអាមេរិក មិនគួរជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន គាបសង្កត់ការអភិវឌ្ឍន៍របស់ប្រទេសចិន និងមិនត្រូវដើរលើបន្ទាត់ក្រហមរបស់ប្រទេសចិនឡើយ នៅពេលនិយាយអំពីអធិបតេយ្យភាព សន្តិសុខ និងផលប្រយោជន៍អភិវឌ្ឍន៍របស់ប្រទេសចិន ។ ជាមួយគ្នានោះដែរ លោក Blinken បាននិយាយថា លោកសង្ឃឹមថា ភាគីទាំងពីរអាចធ្វើឲ្យរីកចម្រើនលើការប្រឆាំងគ្រឿងញៀន ទំនាក់ទំនងយោធា និងយោធា និងការគ្រប់គ្រងហានិភ័យនៃបញ្ញាសិប្បនិម្មិតAI៕

សម្ដេចធិបតីអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្ដីពិភាក្សា និងឆ្លងលើរបៀបវារៈសំខាន់​ៗចំនួនពីរ

2024/04/26 10:06:02 am        187
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ​២០២៤​នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើ​របៀប​វារៈ​សំខាន់ៗចំនួនពីរ នៅវិមានសន្តិភាព។របៀបវារៈសំខាន់ៗទាំងពីរនោះរួមមាន ទី១ ប្រជុំពិភាក្សាលើ សេចក្តីព្រាង​គោលការណ៍​ណែនាំ​ស្តីពី​នីតិវិធី និងវិធាននៃការតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត។ ទី២ ប្រជុំពិភាក្សាលើ សេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ក្រៅពីនេះ ក៏មានកិច្ចប្រជុំ ពិភាក្សាលើបញ្ហាផ្សេងៗមួយចំនួនតៀតផងដែរ។ទាក់​ទងនឹងរបៀបវារៈទី១ សេចក្ដីព្រាង​គោលការណ៍​ណែនាំ​ស្ដីពី​នីតិ​វិធី និង​វិធាន​នៃ​ការ​តាក់តែង​សេចក្ដីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត។ កិច្ចប្រជុំពេញអង្គ បាន​ប្រជុំ​ពិភាក្សា​លើគោលការណ៍ណែនាំស្ដីពីនីតិវិធី និងវិធាននៃការតាក់តែងសេចក្ដីព្រាងច្បាប់ និងលិខិត​បទ​ដ្ឋាន​គតិយុត្ត ផ្សេងទៀតដែល​បានអនុវត្ត​អស់រយៈ​ពេល​ជាង​១០​ឆ្នាំ​កន្លង​មក​នៅ​មាន​ចំណុច​ខ្វះ​ខាត​មួយ​ចំនួនលើទិដ្ឋភាព ទម្រង់នៃការតាក់តែង និងមានបញ្ញត្តិ​ខ្លះលែ​ង​មាន​សុពល​ភាព​អនុវ​ត្ត​តាម​វឌ្ឍនភាពសង្គមដែលតម្រូវឲ្យមានការគិតគូររៀបចំ និងកែសម្រួល​ឡើង​វិញ​ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​ប្រសើរឡើងថែមទៀតលើការតាក់តែងសេចក្ដីព្រាងច្បាប់ និងលិខិត​បទដ្ឋាន​គតិ​យុត្ត​ដើម្បី​ឆ្លើយ​តប​ទៅនឹងស្ថានភាពវិវត្តន៍នៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត។ចំពោះគោលការណ៍ណែនាំស្ដីពីនីតិវិធី និងវិធាននៃការតាក់តែងសេចក្ដីព្រាងច្បាប់ និងលិខិត​បទ​ដ្ឋាន​គតិ​យុត្តផ្សេងទៀតដែលរៀបចំឡើងជាថ្មីនេះមានគំរូទម្រង់ច្បាប់ និងលិខិត​បទ​ដ្ឋាន​គតិ​យុត្ត​ផ្សេង​ទៀត​មានចំនួន ៧៣ គំរូទម្រង់បើធៀបទៅនឹងគោលការណ៍ណែនាំចាស់មានចំនួន ៤២ គំរូ​ទម្រង់​ប៉ុណ្ណោះ។ ចំណែក គោលការណ៍ណែនាំស្ដីពីនីតិវិធី និងវិធាន​នៃ​ការ​តាក់តែង​សេច​ក្ដី​ព្រាង​ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតរួមមាន មាត្រា១៖ ចែង​អំពី​ការ​ដាក់​អនុវត្ត​គោល​ការណ៍​ណែនាំ​ស្ដីពីនីតិវិធី និងវិធាននៃការតាក់តែងសេចក្ដីព្រាងច្បាប់ និងលិខិតបទ​ដ្ឋាន​គតិ​យុត្ត​ផ្សេង​ទៀត​។ មាត្រា២៖ ចែងអំពីវិសាលភាព មាត្រានិង៣៖ ចែងអំពីការទទួលបន្ទុកអនុវត្ត។ចំណែក​របៀបវារៈទី២ កិច្ចប្រជុំលើ សេចក្ដីព្រាង​អនុ​ក្រឹត្យ​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​របស់​ក្រសួង​អប់រំ​យុវជននិងកីឡា។ សេចក្ដីព្រាងអនុក្រឹត្យនេះ ធ្វើឡើងក្នុង​គោល​ដៅ​ចូល​រួម​អនុវត្ត​កំណែ​ទម្រង់​មុខងារសាធារក្រសួងអប់រំយុវជន និងកីឡា បានធ្វើការវិភាគមុខងារ​បែប​ស៊ី​ជម្រៅតា​ម​ស្មារតី​នៃការធ្វើវិចារណកម្មដោយបានកាត់ចោលមុខងារត្រួតស៊ីគ្នាក្នុងការអនុវត្តភារកិច្ច និង​បាន​កែ​សម្រួលរចនាសម្ព័ន្ធរបស់ខ្លួនឱ្យស្របទៅនឹងកម្មវិធីកំណែទម្រង់វិស័យអប់រំ និង​យុទ្ធសាស្ត្រ​បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។សេចក្ដីព្រាងអនុក្រឹត្យថ្មីនេះ បានលើកឡើងពី ការវិភាគមុខងារ និង​ការ​កែ​សម្រួល​រចនា​សម្ព័ន្ធ​គ្រប់​គ្រង​ក្រសួង​អប់រំយុវជន និងកីឡាត្រូវបានធ្វើឡើងក្នុងគោលបំណង៖ ទី១អនុវត្តកំណែ​ទម្រង់​វិស័យ​អប់រំ​ឲ្យកាន់តែមានប្រសិទ្ធភាព ទី២ អនុវត្តតាមផែនការកំណែទម្រង់មុខងារសាធារណៈ ទី៣​ធ្វើ​បច្ចុប្បន្នកម្មមុខងារឲ្យសមស្របទៅនឹងស្ថានភាពនៃវិស័យអប់រំក្នុងយុគ្គសម័យឌីជីថល ទី៤ បណ្ដុះបំណិនសតវត្សទី២១ ដល់យុវជន ទី៥ បន្តអនុវត្តកំណែទម្រង់វិស័យកីឡា ទី៦ អនុវត្ត​គោលនយោបាយស្ដីពីវិមជ្ឈការ និងវិសហមជ្ឈការ ទី៧ អនុវត្ត​កំណែ​ទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញ​វត្ថុ​សាធារណៈ និងថវិកាផ្សារភ្ជាប់សមិទ្ធកម្ម ទី៨ រៀបចំផែនការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ដើម្បី​ពង្រឹង​សមត្ថ​ភាព​ស្ថាប័ន និងសមត្ថភាពមន្ត្រីរាជការក្នុងគោលដៅសម្រេចចក្ខុវវិស័យឆ្នាំ ២០៣០ និង​ឆ្នាំ ២០៥០ខាងមុខ។សូមបញ្ជាក់ថា សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការរៀបចំនឹងការប្រព្រឹត្តទៅរបស់ក្រសួងអប់រំយុវជន និង​កីឡា​នេះមានចំនួន ១៧ ជំពូក និង ៧០ មាត្រា។ ក្រៅពីនេះ កិច្ចប្រជុំ បានលើកឡើងពី បញ្ហា​ផ្សេង​ៗមួយចំនួនទៀត៕

NATO៖ ចិនត្រូវតែឈប់ផ្តល់ជំនួយដល់រុស្ស៊ី ប្រសិនបើស្វែងរកទំនាក់ទំនងល្អជាមួយលោកខាងលិច

2024/04/26 10:04:13 am        132
អគ្គលេខាធិការសម្ព័ន្ធយោធាណាតូ លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ថា ប្រទេសចិន ត្រូវតែបញ្ឈប់ការគាំទ្រដល់សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ប្រសិនបើខ្លួនចង់មានទំនាក់ទំនងល្អជាមួយប្រទេសលោកខាងលិច ដោយបានព្រមានទីក្រុងប៉េកាំងនូវពាក្យសម្តីគំរោះគំរើយខុសពីធម្មតា ថា ចិនមិនអាចដើរផ្លូវ២នោះទេ។ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ប្រធានសម្ព័ន្ធយោធាលោកខាងលិច បាននិយាយថា ជំនួយរបស់ទីក្រុងប៉េកាំង មានសារៈសំខាន់ចំពោះកិច្ចខិតខំប្រឹងប្រែងសង្រ្គាមរបស់ទីក្រុងមូស្គូ ខណៈទីក្រុងប៉េកំាងកំពុងជំរុញសេដ្ឋកិច្ចសង្រ្គាមរបស់ប្រទេសរុស្ស៊ី ដោយការចែករំលែកបច្ចេកវិទ្យាកម្រិតខ្ពស់ដូចជាឧបករណ៍អេឡិចត្រូនិកជាដើម។ប្រទេសចិន និយាយថាខ្លួនចង់បានទំនាក់ទំនងល្អជាមួយប្រទេសប្រទេសលោកខាងលិច។ ក្នុងពេលជាមួយគ្នានេះ ទីក្រុងប៉េកាំងនៅតែបន្តជំរុញឱ្យមានជម្លោះប្រដាប់អាវុធធំបំផុតនៅអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក។ លោក Stoltenberg បានព្រមានថា ចិនមិនអាចដើរផ្លូវ២បានទេ។លោក Stoltenberg បានព្រមានសម្ព័ន្ធមិត្តលោកខាងលិចកុំឱ្យពឹងពាក់លើប្រទេសចិន ដូចដែលពួកគេធ្លាប់ពឹងពាក់លើរុស្ស៊ី។ប៉ុន្តែលោកបាននិយាយថា វាមិនយឺតពេលទេ សម្រាប់អ៊ុយក្រែនក្នុងការទទួលជ័យជម្នះ ខណៈមានការគាំទ្រកាន់តែច្រើនពីប្រទេសលោកខាងលិច រួមទាំងជំនួយយោធាថ្មីជាង ៦០ពាន់លានដុល្លារពីសហរដ្ឋអាមេរិក និងទទួលការគាំទ្រដែលបានសន្យាពីចក្រភពអង់គ្លេសកាលពីដើមសប្តាហ៍នេះ។

រុស្ស៊ីបញ្ជាក់ថា ខ្លួនអាចទម្លាក់កម្រិតទំនាក់ទំនងជាមួយអាមេរិក ប្រសិនបើទ្រព្យសម្បត្តិរបស់ខ្លួន ត្រូវបានរឹបអូស

2024/04/26 10:01:32 am        141
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA បានដកស្រង់សម្តីអនុរដ្ឋមន្ត្រីការបរទេសលោក លោក Sergei Ryabkov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសរុស្ស៊ី កំពុងពិចារណាទម្លាក់កម្រិតទំនាក់ទំនងការទូតរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ប្រសិនបើរដ្ឋាភិបាលលោកខាងលិច បន្តអនុវត្តសំណើររឹបអូសទ្រព្យសម្បត្តិដែលត្រូវបានបង្កករបស់ខ្លួននោះ។ក្រុមប្រទេស G7 កំពុងសម្លឹងមើលការប្រើប្រាស់ទ្រព្យសម្បត្តិហិរញ្ញវត្ថុរបស់រុស្ស៊ី ដែលមានតម្លៃជិត ៣០០ ពាន់លានដុល្លារ ដែលជាប់គាំងដោយទណ្ឌកម្ម ចាប់តាំងពីឆ្នាំ ២០២២ ដើម្បីជួយគាំទ្រអ៊ុយក្រែន ដែលឥឡូវនេះជាឆ្នាំទី៣របស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។របៀបដែលការរឹបអូសទ្រព្យនឹងត្រូវបានធ្វើនោះ នៅតែស្មុកស្មាញកាន់តែខ្លាំង ដោយសារតែវានឹងបង្កើតគំរូដ៏ចម្រូងចម្រាសមួយ។លោក Ryabkov បាននិយាយថា ទីក្រុងមូស្គូ នឹងសងសឹកខាងសេដ្ឋកិច្ច និងនយោបាយ ប្រសិនបើទ្រព្យសម្បត្តិ ត្រូវបានរឹបអូសពិតមែននោះ។សារព័ត៌មាន RIA បានដកស្រង់សម្ដីរបស់លោក ដោយនិយាយថា៖«ការកាត់បន្ថយកម្រិតទំនាក់ទំនងការទូត គឺជាជម្រើសមួយក្នុងចំណោមជម្រើសជាច្រើនទៀត។ តំណាងជាន់ខ្ពស់ជាច្រើន នៅក្នុងរដ្ឋាភិបាលរបស់យើង បានបញ្ជាក់រួចមកហើយអំពីបញ្ហានៃការឆ្លើយតបផ្នែកហិរញ្ញវត្ថុ សេដ្ឋកិច្ច និងសម្ភារៈរបស់យើងចំពោះជំហាននេះ (ការរឹបអូស)ដែលយើងកំពុងព្រមានក្រុមអ្នកប្រឆាំងនឹងយើងដូចមុនដែរ។

លោក Blinken ចាប់ផ្តើមដំណើរទស្សនកិច្ចដ៏សំខាន់នៅចិន ខណៈភាពតានតឹងឡើងខ្លាំងជុំវិញជំនួយលើតៃវ៉ាន់

2024/04/26 09:52:01 am        84
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានចាប់ផ្តើមដំណើរទស្សនៈកិច្ចដ៏សំខាន់ទៅកាន់ប្រទេសចិន ក្នុងបេសកកម្មពង្រឹងផ្នែកទូត បន្ទាប់ពីព្រឹទ្ធសភាបានអនុម័តកញ្ចប់ជំនួយបរទេស ដែលនឹងផ្តល់ជំនួយរាប់ពាន់លានដុល្លារដល់អ៊ុយក្រែន អ៊ីស្រាអែល និងតៃវ៉ាន់ ព្រមទាំងបង្ខំក្រុមហ៊ុនមេ ByteDance របស់បណ្ដាញសង្គម TikTok ដែលមានមូលដ្ឋាននៅប្រទេសចិនលក់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមនេះ ឲ្យទៅអាមេរិក ដែលកាន់តែរុញច្រានឲ្យមានភាពប្រេះឆាកាន់តែខ្លាំងរវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងប៉េកាំង។ ខណៈលោក Blinken បានជួបពិភាក្សាជាមួយប្រមុខការទូតចិន លោកWang Yi នៅថ្ងៃសុក្រនេះ ។ លោក Blinkenទៅដល់ទីក្រុងសៀងហៃកាលពីថ្ងៃពុធសប្ដាហ៍នេះ ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីការបោះឆ្នោតព្រឹទ្ធសភាលើច្បាប់ដែលជាប់គាំងជាយូរមកហើយ មិនយូរប៉ុន្មានមុនពេលលោកប្រធានាធិបតី Joe Biden បានចុះហត្ថលេខាលើច្បាប់នេះដើម្បីបង្ហាញពីដំណោះស្រាយរបស់សហរដ្ឋអាមេរិកក្នុងការការពារសម្ព័ន្ធមិត្ត និងដៃគូរបស់ខ្លួន។ការអនុម័តសេចក្ដីស្នើច្បាប់នេះនឹងបន្ថែមភាពស្មុគស្មាញបន្ថែមទៀតដល់ទំនាក់ទំនងដុនដាបមានស្រាប់ ដែលត្រូវបានតានតឹងដោយសារតែការខ្វែងគំនិតគ្នាលើជម្លោះសកល និងតំបន់ជាច្រើន។ ដំណើររបស់ប្រមុខការទូតអាមេរិករូបនេះ បានកើតឡើងភ្លាមៗបន្ទាប់ពីការសន្ទនារវាងលោក Biden និង លោក Xi Jinping ហើយក៏ជាដំណើរទស្សនកិច្ចស្រដៀងគ្នាទៅកាន់ប្រទេសចិនរបស់រដ្ឋមន្ត្រីក្រសួងរតនាគារ លោកស្រីន ជេណេត យ៉េឡិន (Janet Yellen) និងការសន្ទនាតាមទូរស័ព្ទរវាងប្រមុខការពារជាតិអាមេរិក និងចិន ទាំងនេះ គឺជាសញ្ញាមួយដែល បង្ហាញថា ភាគីទាំងពីរមានឆន្ទៈក្នុងការពិភាក្សាពីខ្វែងគំនិតគ្នារវាងមហាអំណាចទាំង២។ ចិនបានប្រឆាំងនឹងជំនួយរបស់សហរដ្ឋអាមេរិកដល់កោះតៃវ៉ាន់ ដែលខ្លួនចាត់ទុកថាជាខេត្តដែលត្រូវបានកោះនេះបដិសេធ ហើយបានថ្កោលទោសភ្លាមៗចំពោះចំណាត់ការនេះថាជាការបង្កហេតុដ៏គ្រោះថ្នាក់។ ប្រទេសចិនក៏ប្រឆាំងយ៉ាងដាច់អហង្ការផងដែរចំពោះការព្យាយាមបង្ខំឲ្យលក់ TikTok។ប្រទេសចិន និងសហរដ្ឋអាមេរិក គឺជាតួអង្គសំខាន់នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយទីក្រុងវ៉ាស៊ីនតោន កាន់តែមានការព្រួយបារម្ភចំពោះការកើនឡើងសកម្មភាពយោធាកាន់តែខ្លាំងរបស់ទីក្រុងប៉េកាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ចំពោះតៃវ៉ាន់ និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដែលខ្លួនមានជម្លោះដែនសមុទ្រដ៏សំខាន់នៅក្នុងសមុទ្រចិនខាងត្បូង៕

សម្តេចធិបតី ហ៊ុន ម៉ាណែត ចំអកឲ្យជនក្បត់ជាតិបីជំនាន់ថា​ជាអ្នក​នយោបាយ​ចាស់វស្សា​ដែលល្ងង់

2024/04/26 08:58:19 am        232
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចំអកឲ្យទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី ថាជាមនុស្សល្ងង់ និងជាអ្នកប្រឆាំងគ្មានរើសពេលវេលា ក្រោយ​ទណ្ឌិត​ក្បត់ជាតិ​រូប​នេះ​បាន​សរសេរ​លើ​បណ្តាញសង្គម​ហ្វេសបុករិះគន់ទាក់ទង​នឹងគម្រោង​សាងសង់​នូវ​«ព្រែក​ជីកហ្វូន​ណន​តេជោ​»​នោះ។តាមរយៈឆាណែលតេលេក្រាមនាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា«តើអ្នកនយោបាយចាស់វស្សាម្នាក់នេះជាមនុស្សល្ងង់ ឬជាមនុស្សចេះធ្វើល្ងង់»។ សម្តេច ធិបតីបាន​បន្ថែម​ទៀតថា «ប្រជាជន​កម្ពុជា​មួយ​ប្រទេស​បាន​យល់​អំពី​អត្ថ​ប្រយោជន៍​ចំពោះ​សេដ្ឋកិច្ច និង​សង្គមជាតិកម្ពុជា ដែលគម្រោងព្រៃជីកហ្វូណនតេជោ និង​ផ្ដល់​ឲ្យ​សម្រាប់​ប្រទេស​ និង​ប្រជាជនខ្មែរ។ ប៉ុន្តែបែរជា សម រង្សី ដែលជាអ្នក​នយោបាយ​ចាស់​វស្សា​ដែល​តែង​តែតាំង​ខ្លួន​ជាអ្នកស្រលាញ់ជាតិ មិនមានសមត្ថភាពក្នុងការមើលឃើញ ឬ​ទទួល​ស្គាល់​នូវ​អ្វីដែល​ល្អ​ស​ម្រាប់ខ្មែរទៅវិញ។ តើគាត់ជាមនុស្សល្ងង់ពិតប្រាកដ ឬជាមនុស្សចេះប៉ុន្តែចេះល្ងង់។ ជា​មនុស្ស​ប្រឆាំង ដើម្បីប្រឆាំង។ ប្រឆាំងគ្មានរើសពេលវេលា ឬប្រធានបទ។ ប្រឆាំង​សូម្បី​តែ​សមិទ្ធផល​ សម្រាប់ជាតិនិងប្រជាជនខ្មែរខ្លួនឯងក៏ដោយ។(សូម្បីតែភូមិសាស្ត្រ ពាក់ព័ន្ធ​នឹង​ខេត្ត​ដែល​គម្រោង​នេះនឹងតភ្ជាប់ ក៏គាត់ក្តាប់មិនបាន និយាយមិនត្រូវផង...លោកម្ចាស់អើយ។)»។សូមបញ្ជាក់ថា ក្រោយពីទណ្ឌិតក្បត់ជាតិបីជំនាន់សម រង្សី បាន​សរសេរ​សារ​មួយ​តាម​រយៈ​ហ្វេស​បុក​កាល​ពីកន្លងទៅថ្មីនេះទាក់ទងនឹងគម្រោងសាងសង់នូវ«ព្រែកជីកហ្វូណនតេជោ» នោះ​ត្រូវ​បាន​មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនកម្ពុជា បានធ្វើការវាយបកយ៉ាងខ្លាំង និង​បាន​ជេរ​ប្រមាថ ដល់ទណ្ឌិតក្បត់ជាតិបីជំនាន់ ថាជាជនក្បត់ជាតិពិតប្រាកដ ជាជនវង្វេងប្រវត្តិសាស្រ្ត និង​ជាជនដែលប្រ ឆាំងនឹងប្រជាពលរដ្ឋខ្មែរ និងប្រឆាំងនឹងភាពរីកចម្រើនរបស់ជាតិខ្មែរ មិន​តែ​ប៉ុណ្ណោះ​មហាជនខ្លះជេរប្រមាថជនក្បត់ជាតិបីជំនាន់ សម រង្សីនេះថា ជាជនជាតិយួន និងកា​ន់​ជើង​យួន​ផងដែរ៕ អត្ថបទបាន ចក់

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ត្រួតពិនិត្យការបាញ់សាកល្បងគ្រាប់រ៉ូកែតជាច្រើនគ្រាប់

2024/04/26 08:40:12 am        135
ទីភ្នាក់ងារសារព័ត៌មាន KCNA របស់កូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃសុក្រ (២៦ មេសា) នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) កាលពីថ្ងៃព្រហស្បតិ៍ បានត្រួតពិនិត្យការបាញ់សាកល្បងគ្រាប់រ៉ូកែតប្រភេទ ២៤០ មីលីម៉ែត្រជាច្រើនគ្រាប់ ដែលផលិតដោយអង្គភាពឧស្សាហកម្មការពារជាតិដែលទើបបង្កើតថ្មី។របាយការណ៍មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមពីអង្គភាពដែលផលិតកាំភ្លើងធំនោះទេ។ កូរ៉េខាងជើងត្រូវបានគេជឿថាកំពុងបង្កើនការផលិតកាំភ្លើងធំ ស្របពេលមានការចោទប្រកាន់ដោយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងថាខ្លួនកំពុងផ្គត់ផ្គង់សព្វាវុធដល់រុស្ស៊ី។ទាំងរុស្ស៊ី និងកូរ៉េខាងជើង បានបដិសេធការចោទប្រកាន់នេះ។ ប្រព័ន្ធផ្សព្វផ្សាយ KCNA និយាយថា ការបាញ់សាកល្បងនេះបានបង្ហាញថា គ្រាប់រ៉ូកែតបានបំពេញតាមស្តង់ដារដែលត្រូវការសម្រាប់លក្ខណៈហោះហើរ និងជាក់លាក់លើគោលដៅ។មេដឹកនាំកូរ៉េខាងជើងរូបនោះបន្ថែមថា ប្រព័ន្ធរ៉ូកែតបាញ់ច្រើនគ្រាប់ប្រភេទ ២៤០ មីលីម៉ែត្រ ដែលរួមបញ្ចូលបច្ចេកវិទ្យាថ្មី នឹង «នាំមកនូវការផ្លាស់ប្តូរជាយុទ្ធសាស្រ្តក្នុងការពង្រឹងសមត្ថភាពកាំភ្លើងធំរបស់យោធាដើម្បីត្រៀមទប់ទល់នឹងសត្រូវ»៕

ឯកឧត្តម ឈាង រ៉ា ណែនាំមន្រី្តក្រោមឱវាទ ចូលរួមអនុវត្តពង្រឹងមូលដ្ឋានសុខាភិបា លដែលជាយុទ្ធសាស្រ្តអាទិភាពមួយ ក្នុងចំណោមអាទិភាព៣

2024/04/26 07:24:33 am        161
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ណែនាំមួយចំនួន និងបានវាយតម្លៃខ្ពស់ចំពោះការតម្រង់ទិសក្នុងការអនុវត្តការងារឱ្យបានត្រឹមត្រូវ ដោយដើរឆ្ពោះទៅមុខជានិច្ច ដើម្បីចូលរួមអនុវត្តពង្រឹងមូលដ្ឋានសុខាភិបាលដែលជាយុទ្ធសាស្រ្តអាទិភាពមួយ ក្នុងចំណោមអាទិភាព៣ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ក្នុងការគាំទ្រកំណែទម្រង់ អនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ការថ្លែងរបស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល យ៉ាងដូច្នេះ នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែមេសា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត, នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល។ជាកិច្ចចាប់ផ្តើមនៃអង្គប្រជុំប្រចាំខែនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសួរសុខទុក្ខ និងរំលឹកណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការរបស់ក្រសួងសុខាភិបាលទាំងអស់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គ្រប់បណ្តាខេត្ត-រាជធានី ប្រកាន់ខ្ជាប់នូវភាពម៉ឹងម៉ាត់ និងទំនួលខុសត្រូវខ្ពស់ក្នុងការងារឱ្យបានខ្ជាប់ខ្ជួន ជាប់ជាប្រចាំ ជាពិសេសត្រូវអនុវត្តការងារតាមការបែងចែកតួនាទី និងភារកិច្ចរបស់ខ្លួន និងកាន់តែបន្តខិតខំតាមដានវាយតម្លៃលទ្ធផលដែលទទួលបានជាបន្តបន្ទាប់។ជាកិច្ចបន្ទាប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជូនវេទិកាទៅថ្នាក់ដឹកនាំ រាយការណ៍នូវវឌ្ឍនភាពការងារ ដែលខ្លួនទទួលបន្ទុក និងផែនការបន្ទាប់ ព្រមទាំងសមិទ្ធផលការងារដែលបានធ្វើកន្លងមក ក្នុងការពិនិត្យពិភាក្សា និងដោះស្រាយនូវបញ្ហាប្រឈម ឬចំណុចខ្វះខាតនានាក្រោយការរាយការណ៍។សូមបញ្ជាក់ដែរថា កិច្ចប្រជុំនេះរៀបចំឡើងតាមប្រព័ន្ធ Hybrid ដែលមានការចូលរួមដោយផ្ទាល់ពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គាធិការ និងឯកឧត្តម លោកជំទាវ លោក លោកស្រី អគ្គនាយករង ប្រធាន អនុប្រធានអង្គភាពថ្នាក់កណ្តាល និងប្រធានការិយាល័យនៃទីស្តីការក្រសួងសុខាភិបាល និងតាមប្រព័ន្ធអនឡាញ ជាប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត៕អត្ថបទ រដ្ឋា

អ៊ុយក្រែនដាក់ការបន្តឹងលើលិខិតឆ្លងដែន សម្រាប់បុរសដែលមានវ័យបម្រើយោធា

2024/04/25 02:52:32 pm        61
រដ្ឋាភិបាលអ៊ុយក្រែន បានដាក់ចេញនូវបទប្បញ្ញត្តិរឹតបន្តឹងបន្ថែមទៀតលើលិខិតឆ្លងដែនរបស់បុរសវ័យបម្រើយោធា ខណៈខ្លួនកំពុងស្វះស្វែងរកការដោះស្រាយកង្វះកងទ័ព ដោយបានអនុម័តច្បាប់រារាំងជាបណ្តោះអាសន្នដល់បុរសដែលមានអាយុចូលបម្រើយោធា ពីការដាក់ពាក្យសុំលិខិតឆ្លងដែននៅបរទេស។បទប្បញ្ញត្តិ និងការបំភ្លឺជាបន្តបន្ទាប់ពីក្រសួងការបរទេសអ៊ុយក្រែន ត្រូវបានប្រកាសកាលពីថ្ងៃពុធ មួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការបរទេស លោក ឌីមីត្រូ គូលេបា (Dmytro Kuleba) បានផ្អាកសេវាកម្មកុងស៊ុលសម្រាប់បុរសដែលមានអាយុពី ១៨ ទៅ ៦០ ឆ្នាំរហូតដល់ថ្ងៃទី១៨ ខែឧសភា។ក្រសួងការបរទេសបាននិយាយថា បេក្ខជនដែលចង់បានវិញ្ញាបនបត្រពិសេសដែលប្រកាសថាពួកគេចង់ត្រឡប់ទៅអ៊ុយក្រែនវិញ នឹងអាចទទួលបានជំនួយនៅស្ថានទូត និងស្ថានកុងស៊ុលនានា។ ការរឹតបន្តឹងនេះកើតឡើងស្របពេលច្បាប់ថ្មីស្តីពីការចល័តទ័ពជិតនឹងចូលជាធរមាន ដែលមានគោលបំណងបង្កើនចំនួនកងទ័ពតាមរយៈការលើកទឹកចិត្តដល់អ្នកស្ម័គ្រចិត្ត និងការដាក់ទណ្ឌកម្មសម្រាប់អ្នកដែលគេចខ្លួន។ បុរសជនជាតិអ៊ុយក្រែន ដែលមានអាយុបម្រើយោធារាប់សិបម៉ឺននាក់កំពុងរស់នៅបរទេស រួមទាំងការប៉ាន់ប្រមាណថាមាន ៨៦០.០០០ នាក់នៅក្នុងសហភាពអឺរ៉ុប ខណៈប្រទេសនេះប្រឈមនឹងកង្វះខាតកងទ័ពនៅក្នុងយុទ្ធនាការប្រឆាំងរុស្ស៊ី៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកអគ្គរដ្ឋទូត៖ ដាណឺម៉ាកប្រើកោះ Bornholm ដើម្បីគំរាមកំហែងសន្តិសុខរបស់រុស្ស៊ី រួមទាំងតំបន់ Kaliningrad
09/20/2025 04:09 PM
មនុស្សរាប់ពាន់នាក់ ធ្វើបាតុកម្មនៅយេម៉ែនប្រឆាំងនឹងប្រតិបត្តិការយោធាអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា
09/20/2025 04:09 PM
អាមេរិក កំពុងពិភាក្សាជាមួយក្រុមតាលីបង់អំពីការវិលត្រឡប់នូវយោធារបស់ខ្លួន ទៅមូលដ្ឋានទ័ពអាកាស Bagram វិញ
09/20/2025 04:09 PM
កូរ៉េខាងត្បូង មានបំណងរក្សាទំនាក់ទំនងជាមួយរុស្ស៊ី
09/20/2025 03:09 PM
រុស្ស៊ីបើកការវាយប្រហារចង្កោមលើគោលដៅអ៊ុយក្រែន ចំណែកអ៊ុយក្រែន បានវាយប្រហារមជ្ឈមណ្ឌលដឹកជញ្ជូនយោធារុស្ស៊ី
09/20/2025 03:09 PM
មន្ត្រីជាន់ខ្ពស់៖ យន្តហោះចម្បាំង MiG-31 របស់រុស្ស៊ី មិនបានបំពានដែនអាកាសអេស្តូនីទេ
09/20/2025 03:09 PM
គណៈកម្មាការអឺរ៉ុប៖ និយាយថា ប្រទេសចំនួន៨របស់សហភាពអឺរ៉ុប បន្តនាំចូលឧស្ម័នពីរុស្ស៊ី
09/20/2025 03:09 PM
លោកស្រី von der Leyen ៖ គណៈកម្មការអឺរ៉ុបស្នើឲ្យដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនរុស្ស៊ី និងបរទេសចំនួន ៤៥
09/20/2025 03:09 PM
ប្រមុខ UN និយាយថា ពិភពលោក មិនគួរត្រូវបានបំភិតបំភ័យដោយអ៊ីស្រាអែលទេ
09/20/2025 03:09 PM
UN និយាយថា ការសម្លាប់ជនស៊ីវិល កើនឡើងគួរឲ្យកត់សម្គាល់ នៅក្នុងសង្គ្រាមស៊ូដង់ នៅឆ្នាំនេះ
09/20/2025 03:09 PM