គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល

នយោបាយ​ និង ការអភិវឌ្ឍន៍

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ចោទអាមេរិកថា បានផ្តល់ភ្លើងខៀវឲ្យអ៊ីស្រាអែលវាយប្រហារស្ថានកុងស៊ុល នៅស៊ីរី

2024/04/09 10:01:03 am        248
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់កាលពីថ្ងៃចន្ទ បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានផ្តល់ «ភ្លើងខៀវ» ឲ្យអ៊ីស្រាអែលធ្វើការវាយប្រហារលើអគារកុងស៊ុលរបស់ខ្លួន នៅក្នុងប្រទេសស៊ីរីដែលបានសម្លាប់មន្ត្រីយោធាអ៊ីរ៉ង់៧ នាក់ រួមទាំងឧត្តមសេនីយ៍ពីរនាក់។លោក ហ៊ូសេន អាមីរ៉ាប់ឌូឡាហៀន (Hossein Amirabdollahian) បានអះអាងសាជាថ្មីនូវការប្តេជ្ញារបស់ទីក្រុងតេអេរ៉ង់ថា ខ្លួននឹងឆ្លើយតបចំពោះការវាយប្រហារ ដែលត្រូវបានស្តីបន្ទោសយ៉ាងទូលំទូលាយលើអ៊ីស្រាអែល ហាក់ដូចជាបង្ហាញពីការកើនឡើងនៃការកំណត់គោលដៅរបស់អ៊ីស្រាអែលទៅលើមន្ត្រីយោធាមកពីប្រទេសអ៊ីរ៉ង់ដែលគាំទ្រក្រុមសកម្មប្រយុទ្ធប្រយុទ្ធនឹងអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា និងតាមបណ្តោយព្រំដែនរបស់ខ្លួនជាមួយប្រទេសលីបង់។មេដឹកនាំក្រុមហេសបូឡា លោកហាសាន ណាស្រាលឡា (Hassan Nasrallah) ក្នុងសុន្ទរកថាកាលពីថ្ងៃចន្ទ បានរំលឹកឡើងវិញនូវការគាំទ្ររបស់ក្រុមគាំទ្រដោយអ៊ីរ៉ង់សម្រាប់ការឆ្លើយតបយោធាក្រុងតេអេរ៉ង់ចំពោះការវាយប្រហារដែលបានសម្លាប់ឧត្តមសេនីយ៍ ម៉ូហាម៉េដ រីហ្សា ហ្សាហ៊ីឌី (Mohammad Reza Zahedi) មន្ត្រីយោធាជាន់ខ្ពស់ នៅក្នុងកងកម្លាំង Quds របស់ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ និងធ្វើឲ្យមានការភ័យខ្លាចកាន់តែខ្លាំងឡើងនៃសង្គ្រាមទៅកាន់តែរាលដាលក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល។ចាប់តាំងពីសង្គ្រាមនៅហ្កាហ្សា បានចាប់ផ្តើមកាលពី ៦ខែមុន ការប៉ះទង្គិចគ្នា បានកើនឡើងរវាងអ៊ីស្រា អែល និងក្រុមហេសបូឡារបស់លីបង់។ ក្រុមហាម៉ាសដែលគ្រប់គ្រងតំបន់ហ្កាហ្សា និងវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ក៏ត្រូវបានគាំទ្រដោយអ៊ីរ៉ង់ ក៏ដូចជាក្រុមជីវពលអ៊ីរ៉ាក់ដែលមានគោលដៅលើមូលដ្ឋានទ័ព និងទីតាំងរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់។

មនុស្សជាង ២០០ នាក់ត្រូវចូលមន្ទីរពេទ្យ ដោយសារទទួលទានអាហារបំប៉នពីក្រុមហ៊ុនជប៉ុន Kobayashi

2024/04/09 09:56:31 am        235
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃចន្ទ (០៨ មេសា) ថា ចំនួនអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសជប៉ុន ដោយសារតែការខូចសុខភាពទាក់ទងនឹងអាហារបំប៉នរបស់រោងចក្រផលិតឱសថ កូបាយ៉ាស៊ិ ហ្វាម៉ាស៊ីធិខល (Kobayashi Pharmaceutical) ដែលមានផ្ទុកអង្ករមេដំបែក្រហម ឬសារធាតុ បេនី-កូជិ (Beni-koji) បានកើនឡើងដល់ ២១២ នាក់។ទីភ្នាក់ងារព័ត៌មានជាតិក្យូដូ (Kyodo) បានរាយការណ៍ដោយដកស្រង់ពីក្រសួងសុខាភិបាល ការងារ និងសុខុមាលភាព ថាតួលេខនេះត្រូវបានធ្វើបច្ចុប្បន្នភាពគិតត្រឹមថ្ងៃអាទិត្យ (០៧ មេសា) ដោយរួមបញ្ចូលទាំងអ្នកដែលបានចូលមន្ទីរពេទ្យពីមុនមកដែរ។ក្រសួងបានរាយការណ៍ ដោយផ្អែកលើរបាយការណ៍ពីក្រុមហ៊ុន កូបាយ៉ាស៊ិ ដែលជាអ្នកផលិតសារធាតុ បេនី-កូជិ ថាមនុស្សសរុបចំនួន ១.២២៤ នាក់បានស្វែងរកការយកចិត្តទុកដាក់ខាងវេជ្ជសាស្ត្រគិតត្រឹមថ្ងៃអាទិត្យ ហើយការសាកសួរសម្ដែងកង្វល់ប្រហែល ៥៣.០០០ សំណួរត្រូវបានបញ្ជូនទៅក្រុមហ៊ុននេះ។អាហារបំប៉នលាយអង្ករដំបែក្រហមរបស់ក្រុមហ៊ុន ដែលមានឈ្មោះថាសារធាតុ បេនី-កូជិ ដែលមានប្រសិទ្ធភាពជួយបញ្ចុះកម្រិតកូឡេស្តេរ៉ុល ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការស្លាប់ចំនួន ៥ នាក់ដោយសារជំងឺតម្រងនោម។ ផលិតផល ដែលត្រូវបានដាក់ឱ្យដំណើរការក្នុងខែកុម្ភៈ ឆ្នាំ២០២១ នេះគឺជាប្រភេទគ្រាប់ ដែលត្រូវបានផ្សព្វផ្សាយជាមួយនឹងឥទ្ធិពលនៃការបញ្ចុះកម្រិតកូឡេស្តេរ៉ុល LDL ហើយត្រូវបានលក់ប្រហែល ១ លានកញ្ចប់នៅចុងខែកុម្ភៈ ឆ្នាំនេះ៕

សមាជិកបក្សសាធារណរដ្ឋ របស់សហរដ្ឋអាមេរិក ជំរុញឱ្យមានការបោះឆ្នោតលើជំនួយអ៊ុយក្រែន

2024/04/09 09:53:46 am        253
អតីតរដ្ឋមន្ត្រីការបរទេសរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គឺលោក ម៉ៃ ផមភីអូ (Mike Pompeo) បានបន្ថែមសំឡេងរបស់ខ្លួនកាលពីថ្ងៃចន្ទ (០៨ មេសា) ដល់ការអំពាវនាវកាន់តែច្រើនឡើងពីបណ្ដាសមាជិកគណបក្សសាធារណរដ្ឋដ៏លេចធ្លោ ដើម្បីផ្តល់ជំនួយរាប់ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន បន្ទាប់ពីសមាជិកគណបក្សមួយចំនួន បានចោទប្រកាន់អ្នកប្រឆាំងជំនួយថាចុះចាញ់នឹងការឃោសនារបស់រុស្ស៊ី។សំណើររបស់ប្រធានាធិបតីបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន (Joe Biden) សម្រាប់ទឹកប្រាក់ចំនួន ៩៥ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន អ៊ីស្រាអែល និងសម្ព័ន្ធមិត្តផ្សេងទៀត បានឆ្លងកាត់ព្រឹទ្ធសភាសហរដ្ឋអាមេរិក ដោយមានការគាំទ្រ ៧០ ភាគរយ ប៉ុន្តែត្រូវបានជាប់គាំងអស់រយៈពេលជាច្រើនសប្តាហ៍នៅក្នុងសភាតំណាងរាស្រ្ត ខណៈដែលប្រធានសភារបស់បក្សសាធារណរដ្ឋ លោក ម៉ៃ ចនសុន (Mike Johnson) បានបដិសេធមិនអនុញ្ញាតឱ្យបោះឆ្នោត។ខណៈដែលសមាជិកសភាបានត្រឡប់មកទីក្រុង វ៉ាស៊ីនតោន វិញពីការឈប់សម្រាករយៈពេលពីរសប្តាហ៍កាលពីថ្ងៃចន្ទ លោក ចនសុន មិនបាននិយាយអំពីផែនការណាមួយសម្រាប់ការបោះឆ្នោតលើសំណើបន្ថែមរបស់លោក បៃដិន នោះទេ។ លោក ផមភីអូ ដែលជាអតីតសមាជិកសភា បានចេញលិខិតសាធារណៈមួយកាលពីថ្ងៃចន្ទ ដោយជំរុញឱ្យលោក ចនសុន លើកយកច្បាប់នេះទៅក្នុងសភា។ការិយាល័យរបស់លោក ចនសុន មិនបានធ្វើអត្ថាធិប្បាយលើលិខិតនោះ ឬការអះអាងថ្មីៗរបស់បណ្ដាប្រធានគណបក្សសាធារណរដ្ឋនៃគណៈកម្មាធិការសន្តិសុខជាតិពីររបស់សភា ដែលថា «ការឃោសនារបស់រុស្ស៊ី» កំពុងមានឥទ្ធិពលលើសមាជិកបក្សនោះទេ៕

លោក Zelensky និយាយថាអ៊ុយក្រែន នឹងចាញ់សង្រ្គាម បើសហរដ្ឋអាមេរិកបរាជ័យក្នុងការអនុម័តជំនួយ

2024/04/09 09:46:50 am        309
លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បាននិយាយថា ប្រទេសរបស់លោក នឹងចាញ់សង្រ្គាម ប្រសិនបើសភាសហរដ្ឋអាមេរិក មិនយល់ព្រមផ្តល់កញ្ចប់ជំនួយយោធា ជួយខ្លួនទប់ទល់នឹងការឈ្លានពានរបស់ប្រទេសរុស្ស៊ី។ លោក Zelensky បាននិយាយ ក្នុងអំឡុងកិច្ចប្រជុំតាមវីដេអូរបស់ក្រុមរៃអង្គាសថវិកាជួយអ៊ុយក្រែន UNITED24 ថា វាមានសារៈសំខាន់ណាស់ក្នុងការនិយាយជាពិសេសដល់សភាថា ប្រសិនបើសភារបស់អាមេរិក មិនជួយអ៊ុយក្រែនទេ នោះអ៊ុយក្រែនមុខជានឹងចាញ់សង្រ្គាមនេះមិនខានឡើយ ។ លោកបានសង្កត់ធ្ងន់ថា ប្រសិនបើអ៊ុយក្រែនចាញ់សង្រ្គាមនេះ ប្រទេសផ្សេងទៀតក៏នឹងត្រូវបានរងការវាយប្រហារដូចគ្នាដែរ ហើយអ្វីដែលលោកនិយាយគឺជាការពិត។ ការព្រមានរបស់លោក Zelensky ដែលស្ថិតក្នុងចំណោមការព្រមានដ៏ម៉ឺងម៉ាត់បំផុតជាច្រើនរបស់លោក ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមផ្ទុះឡើងជាងពីរឆ្នាំកន្លងមកនេះ បានកើតឡើងនៅពេលសភារបស់សម្ព័ន្ធមិត្តគឺអាមេរិក បានបដិសេធមិនព្រមអនុម័តកញ្ចប់ជំនួយសម្រាប់អ៊ុយក្រែនជាច្រើនខែមកនេះ ដោយទុកឱ្យទីក្រុង Kyiv ប្រឈមកង្វះខាតកម្លាំងកងទ័ព និងគ្រាប់រំសេវ ស្របពេលសមត្ថភាពដ៏រឹងមាំរបស់រុស្ស៊ី បានវាយលុកទីក្រុងនានារបស់អ៊ុយក្រែនដោយមីស៊ីល និង ការសាកល្បងរកចំណុចខ្សោយនៅសមរភូមិជួរមុខ។ព្រឹទ្ធសភាអាមេរិក បានអនុម័តកញ្ចប់ជំនួយបរទេសចំនួន ៩៥,៣ ពាន់លានដុល្លារជាជំនួយសម្រាប់អ៊ុយក្រែន និងអ៊ីស្រាអែល កាលពីខែកុម្ភៈឆ្នាំ២០២៤នេះ ប៉ុន្តែមកទល់ពេលនេះប្រធានសភាលោក Mike Johnson នៅតែបន្តបដិសេធមិនឲ្យមានការបោះឆ្នោតអនុម័តកញ្ចប់ថវិកាសម្រាប់អ៊ុយក្រែនដដែល។នេះ មិនមែនជាលើកទី១ទេ ដែលប្រធានាធិបតីអ៊ុយក្រែន វ័យ៤៦ ឆ្នាំ រូបនេះបានព្រមានដូច្នេះ។ លោកធ្លាប់បានប្រាប់ទូរទស្សន៍ CNN ថា មនុស្សរាប់លាននាក់ អាចស្លាប់ក្នុងសង្គ្រាមអ៊ុយក្រែនជាមួយរុស្ស៊ី ប្រសិនបើសមាជិកសភាអាមេរិកមិនយល់ព្រមផ្ដល់កញ្ចប់ជំនួយនោះទេ ៕

សម្តេចធិបតី ណែនាំឲ្យក្រសួងផែនការ ត្រូវធ្វើទិន្នន័យឲ្យបានច្បាស់លាស់ ពីព្រោះទិន្នន័យជាផ្លូវរៀបចំផែនការបានត្រឹមត្រូវ

2024/04/09 09:41:26 am        301
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការណែនាំដល់ក្រសួងផែនការត្រូវធ្វើទិន្ន ន័យឲ្យបានច្បាស់លាស់បំផុត ខណៈមិនមានទិន្នន័យត្រឹមត្រូវ ការងារនឹងមានភាពក្រឡាប់ចាក់ ហើយ ការរៀបចំផែនការអ្វីមួយក៏មិនអាចទៅរួចនោះដែរ ដូច្នេះដើម្បីឲ្យក្លាយទៅជាស្តង់ជាតិរួមមួយដ៏ល្អគឺត្រូវ ពង្រឹងនូវទិន្នន័យនេះឲ្យខាងតែបាន។ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងផែនការនៅព្រឹកថ្ងៃទី៩ ខែ មេសា ឆ្នាំ២០២៤នេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ទិន្នន័យត្រឹមត្រូវ ធ្វើឲ្យការដាក់ ផែនការ​បានល្អ និងជួយឲ្យរាជរដ្ឋាភិបាលរៀបចំគោលនយោបាយបានស៊ីជម្រៅ ដូច្នេះទិន្នន័យនេះគឺមាន សារសំខាន់ខ្លាំងណាស់ ដូច្នេះហើយត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះទិន្នន័យនេះ។ជាមួយគ្នានោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំដល់ក្រសួងផែនការត្រូវបង្កើន​សមត្ថភាព​មន្រ្តីរបស់ខ្លួនជាប់ជាប្រចាំជាប់មិនដាច់ សម្រាប់ការងារអង្កេត ជំរឿនចាំបាច់នានា ជាពិសេសគឺ​ សមត្ថភាពផលិតទិន្នន័យ និងប្រែក្លាយទិន្នន័យឲ្យទៅជាព័ត៌មានលម្អិតជាក់លាក់​គ្រប់គ្រាន់ទាន់ពេល និង មានគុណភាពដើម្បីឆ្លើយតបទៅនឹងតម្រូវការ សម្រាប់រាជរដ្ឋាភិបាល​ប្រើប្រាស់ទាន់ពេលក្នុងការវាយតម្លៃ ស្ថានភាពកំពុងកើត ការវិភាគបញ្ហា និងការឆ្លើយតប ការលើកផែនការសម្រាប់អនាគតចំគោលដៅជាដើម ផងដែរ៕អត្ថបទបាន ចក់

សម្តេចធិបតីណែនាំឲ្យមានការបំផុសចលនាបន្ថែមទៀតក្នុងការដាំដុះ ចិញ្ចឹមសត្វដើម្បីជាការរួមចំណែក លើកកម្ពស់ជីវភាព

2024/04/09 09:16:04 am        229
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ បានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័នទាំងអស់គប្បីធ្វើការបំផុសចលនាដាំដុះ ចិញ្ចឹម សត្វបន្ថែមទៀតដល់ប្រជាជន និងសហគមន៍ ដើម្បីជាការរួមចំណែកលើកកម្ពស់ជីវភាពពលរដ្ឋឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលផលខ្មែរ ៩មេសា លើកទី៧ឆ្នាំ២០២៤នេះ ក្រោមប្រធានបទ«ផលិតនិងផ្គត់ផ្គង់ទីផ្សាប្រកបដោយចីរភាព គឺជាចលនាភូមិមួយផលិត ផលមួយ» សម្តេចធិបតី នាយករដ្ឋមន្រ្តី បានណែនាំដល់គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ «ត្រូវយក ចិត្តទុកដាក់ចូលរួមចំណែកលើកកម្ពស់ ជំរុញនិងបំផុសចលនាដាំចុះចិញ្ចឹមសត្វ ផលិតកែច្នៃ និងអភិវឌ្ឍន៍ នូវផលិតផលគ្រប់ប្រភេទតាមគ្រូសារ សហគមន៍ បណ្តុំអ្នកផលិតផលប្រកបដោយគំនិតច្នៃប្រឌិតនិងរស់ រវើក ជាពិសេសការកែច្នៃផលិតផលកសិកម្មជាមូលដ្ឋាន ទៅជាម្ហូបអហារ វត្ថុសិល្បៈ ឬរបស់ប្រើប្រាស់ ផ្សេងៗសម្រាប់ផ្គត់ផ្គង់ទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុក ដើម្បីជាការរួមចំណែកលើកកម្ពស់កម្រិតជីវ ភាពពលរដ្ឋខ្មែរគ្រប់រូបឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត»។សម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានណែនាំដល់គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិត ផលមួយ និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវបន្តសហការរៀបចំប្រារព្ធ និងផ្សព្វផ្សាយនូវសកម្មភាព ឬព្រឹត្តិការណ៍នានា ដើម្បីជំរុញការអភិវឌ្ឍផលិតផលក្នុងស្រុក និងការពង្រីកទីផ្សារជូនអាជីវករ ផលិតករ ប្រកបដោយប្រសិទ្ធភាព និងត្រូវបន្តខិតខំសហការជាមួយខាងរាជធានី-ខេត្ត ក្នុងការដាក់បញ្ចូលផលិត ផលសក្តានុពលនានាជាផលិតផលភូមិមួយផលិតផលមួយ និងចងក្រងបណ្តាញសមាជិកចលនាភូមិមួយ ផលិតផលមួយឲ្យបានទូលំទូលាយ ព្រមទាំងផ្តល់កិច្ចអន្តរាគមន៍ដោះស្រាយបញ្ហាប្រឈមទាំងឡាយ ទាំងកត្តាផលិតកម្ម ទាំងកត្តាទីផ្សារ ឲ្យបានទាន់ពេល និងប្រកបដោយប្រសិទ្ធភាពខ្ពស់ផងដែរ។តាមរយៈលិខិតអបអរសាទរនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីក៏បានណែនាំ ដល់គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិផលមួយ ត្រូវបន្តកិច្ចសហការជាមួយក្រសួង​ពាណិជ្ជកម្ម និងគណៈកម្មាធិការជំរុញចលនាភូមិ​មួយផលិតផលមួយរាជធានី-ខេត្ត ដើម្បីរៀបចំឲ្យបានផុលផុស នូវព្រឹត្តិការណ៍តាំងបង្ហាញនិងលក់ ទិញផលិតផលខ្មែរ ផលិតផលភូមិមួយផលិតផលមួយ នៅតាមទី កន្លែងដែលមានសក្តានុពល ឲ្យបានទូលំទូលាយ ដែលជាយន្តការដ៏សំខាន់ក្នុងការជួយលើកកម្ពស់និង ផ្សព្វផ្សាយលក់ផលិតផលខ្មែរផងដែរ។ជាមួយគ្នានោះដែរ សម្តេចធិបតី ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋគ្រប់រូបចូលរួមគាំទ្រ និង លើក​ទឹកចិត្តប្រកបដោយភាពម៉ឺងម៉ាត់ជួយទិញផលិតផលខ្មែរទៅប្រើប្រាស់ឲ្យបានច្រើនតាមដែលអាចធ្វើ ទៅបាន សំដៅលើកកម្ពស់កិត្យានុភាពជាតិ និងស្មារតីជាតិនិយម និងសូមឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធទាំង អស់ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក៏ដូចជាដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ផ្នែក ឯកជន បន្តកិច្ចសហការជាមួយគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដើម្បីជួយអភិ វឌ្ឍន៍ផលិតផលខ្មែរ ភូមិមួយផលិតផលមួយ ឲ្យកាន់តែមានភាពសម្បូរបែប និងមានសក្តានុពលពាណិជ្ជកម្មទាំងលើទីផ្សារជាតិ និងអន្តរជាតិជាដើម៕

ក្រុមប្រឹក្សាសន្តិសុខUN លើកបញ្ហាប៉ាឡេស្ទីន ឱ្យគណៈកម្មការពិចារណា ផ្តល់សមាជិកភាពពេញលេញ

2024/04/09 09:02:45 am        298
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ ទី៨ ខែមេសា បានលើកពាក្យស្នើសុំរបស់អាជ្ញាធរប៉ាឡេស្ទីន ដើម្បីក្លាយជាសមាជិកពេញលេញរបស់ស្ថាប័នពិភពលោក ទៅកាន់គណៈកម្មាធិការស្តីពីការដាក់បញ្ចូលជាសមាជិកថ្មី។ការលើកឡើងនេះធ្វើឡើង ខណៈពេលសង្រ្គាមមានរយៈពេលប្រាំមួយខែរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ចាប់តាំងពីការវាយប្រហារថ្ងៃទី ៧ ខែតុលា បានធ្វើឱ្យមានការអំពាវនាវឱ្យប៉ាឡេស្ទីនត្រូវបានផ្តល់ជារដ្ឋផ្ទាល់ខ្លួនរបស់ពួកគេ។ប៉ាឡេស្ទីន បានចាប់ផ្តើមជាថ្មីការដាក់ពាក្យស្នើសុំដែលមានអាយុកាលជាងមួយទសវត្សរ៍ ដើម្បីក្លាយជារដ្ឋសមាជិកពេញលេញរបស់អង្គការសហប្រជាជាតិ។ យោងតាមអាជ្ញាធរប៉ាឡេស្ទីន ដែលគ្រប់គ្រងផ្នែកមួយចំនួននៅតំបន់កាន់កាប់ West Bank បានឲ្យដឹងថា សមាជិក ១៣៧ប្រទេស ក្នុងចំណោមសមាជិកអង្គការសហប្រជាជាតិចំនួន ១៩៥ប្រទេស បានទទួលស្គាល់រដ្ឋប៉ាឡេស្ទីន រួចហើយ។ពួកគេរួមមានទាំងប្រទេសជាច្រើនមកពីតំបន់មជ្ឈិមបូព៌ា អាហ្រ្វិក និងតំបន់ផ្សេងៗទៀត ប៉ុន្តែពុំមែនសហរដ្ឋអាមេរិក កាណាដា ប្រទេសនៅអឺរ៉ុបខាងលិចភាគច្រើន ប្រទេសអូស្ត្រាលី ជប៉ុន ឬប្រទេសកូរ៉េខាងត្បូងនោះទេ។ឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិ របស់ប្រទេសម៉ាល់តា លោកស្រី វ៉ានណេសា ហ្វ្រេសហ្សៀ( Vanessa Frazier) បានស្នើឲ្យគណៈកម្មការដែលជួបប្រជុំគ្នាកាលពីថ្ងៃចន្ទ ម៉ោង៣រសៀល ម៉ោងក្នុងស្រុក ឲ្យពិចារណាពាក្យស្នើសុំនេះ។ ប្រទេសម៉ាល់តា គឺជាប្រធាននៃក្រុមប្រឹក្សាសន្តិសុខ សម្រាប់ខែមេសានេះ។

រដ្ឋអាជ្ញាពិសេសជំរុញឱ្យតុលាការកំពូលអាមេរិក បដិសេធសំណើសុំអភ័យឯកសិទ្ធិរបស់លោក Trump

2024/04/09 08:59:33 am        192
រដ្ឋអាជ្ញាពិសេស ដែលកំពុងបន្តលើការចោទប្រកាន់ពីបទឧក្រិដ្ឋសហព័ន្ធប្រឆាំងនឹងលោក ដូណាល់ ត្រាំ (Donald Trump) សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់លោកដើម្បីបង្វែរលទ្ធផលឆ្នោតឆ្នាំ២០២០ បានដាក់សំណុំរឿងសង្ខេបទៅតុលាការកំពូល កាលពីថ្ងៃចន្ទ (០៨ មេសា) ដោយជំរុញឱ្យក្រុមយុត្តិធម៌បដិសេធសំណើរបស់អតីតប្រធានាធិបតីរូបនេះ សម្រាប់អភ័យឯកសិទ្ធិពីការកាត់ទោស ដោយឈរលើគោលការណ៍ថា «ពុំមាននរណាម្នាក់នៅលើច្បាប់នោះទេ»។សំណុំរឿងនេះនឹងត្រូវជជែកនៅចំពោះមុខតុលាការនៅថ្ងៃទី២៥ ខែមេសា។ លោក ត្រាំ បានប្តឹងឧទ្ធរណ៍ចំពោះការបដិសេធរបស់តុលាការជាន់ទាបលើសំណើរបស់ខ្លួនក្នុងការការពារពីសំណុំរឿងព្រហ្មទណ្ឌ ដែលនាំមកដោយរដ្ឋអាជ្ញាពិសេស លោក ជែក ស្មីត (Jack Smith) ដោយសារតែពេលនោះលោកកំពុងបម្រើការជាប្រធានាធិបតី នៅពេលដែលលោកបានធ្វើសកម្មភាពបែបនោះ។នៅក្នុងឯកសារចុងក្រោយរបស់ខ្លួនមុនការជជែកនៅក្នុងតុលាការ លោករដ្ឋអាជ្ញាពិសេស ស្មីត បានប្រាប់ក្រុមយុត្តិធម៌ថា ប្រសិនបើលោក ត្រាំ ត្រូវបានកាត់ទោស សកម្មភាពរបស់លោកដែលនាំទៅដល់ការចោទប្រកាន់នេះ នឹងតំណាងឱ្យ «ការរំលោភបំពានដែលមិនធ្លាប់មានពីមុនមកលើរចនាសម្ព័ន្ធនៃរដ្ឋាភិបាលអាមេរិក»។លោក ត្រាំ ដែលជាអតីតប្រធានាធិបតីដំបូងគេដែលត្រូវបានកាត់ទោសឧក្រិដ្ឋកម្ម គឺជាបេក្ខជនមកពីគណបក្សសាធារណរដ្ឋ ដែលប្រជែងនឹងប្រធានាធិបតីបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន (Joe Biden) ក្នុងការបោះឆ្នោតសហរដ្ឋអាមេរិក នៅថ្ងៃទី០៥ ខែវិច្ឆិកា ខាងមុខ។ លោក ត្រាំ បានផ្ដល់ចម្លើយពីភាពគ្មានទោសក្នុងករណីនេះ និងសំណុំរឿងឧក្រិដ្ឋកម្មបីផ្សេងទៀតដែលលោកកំពុងប្រឈមមុខ ដោយចង់លាបពណ៌បណ្ដឹងទាំងនោះថា មានហេតុផលនយោបាយ៕

ប្រសាសន៍សំខាន់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីបិទសន្និបាតរបស់ក្រសួងផែនការ

2024/04/09 08:51:46 am        143
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតី ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៤ របស់ក្រសួងផែនការ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ ២០២៤នេះ ។ប្រសាសន៍សំខាន់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖ -សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការរៀបចំផែនការមិនមែនចេះតែនឹកឃើញចង់ធ្វើនោះទេ ពោលគឺត្រូវមានផែនការវែងឆ្ងាយក្នុងការដាក់ទិសដៅអភិវឌ្ឍន៍ប្រទេសជាតិ ដូចជា យុទ្ធសាស្រ្តបញ្ចកោណយ៉ាងដូច្នេះដែរ គឺមិនមែនគិតមួយឆ្នាំធ្វើមួយឆ្នាំនោះទេ គឺមានផែនការរយៈពេល ២៥ឆ្នាំទៅមុខ។-សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទិន្នន័យត្រឹមត្រូវ ធ្វើឲ្យការដាក់ ផែនការបានល្អ និងជួយឲ្យរាជរដ្ឋាភិបាលរៀបចំគោលនយោបាយបានស៊ីជម្រៅ ។ ទិន្នន័យនេះ គឺមាន សារសំខាន់ខ្លាំងណាស់ ដូច្នេះហើយត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ចំពោះទិន្នន័យនេះ។

សេតវិមាន ដាក់សម្ពាធលើអ៊ីស្រាអែល អនុញ្ញាតឲ្យមានរថយន្តដឹកជំនួយកាន់តែច្រើនចូលដែនដីហ្កាហ្សា

2024/04/09 08:30:18 am        233
សេតវិមានសហរដ្ឋអាមេរិក បានស្វាគមន៍កាលពីថ្ងៃចន្ទទី៨មេសា នៃការទៅដល់កាលពីថ្ងៃអាទិត្យនៃរថយន្តដឹកជំនួយជាង៣០០គ្រឿង នៅក្នុងដែនដីហ្កាហ្សា ហែកហួរដោយសង្រ្គាម ប៉ុន្តែបាននិយាយថា ខ្លួនកំពុងដាក់សម្ពាធលើអ៊ីស្រាអែលឲ្យបង្កើនចំនួនរហូតដល់ប្រមាណ៣៥០គ្រឿងក្នុងមួយថ្ងៃ ខណៈការចរចា នៅតែបន្តលើកិច្ចព្រមព្រៀងបទឈប់បាញ់ដោះលែងចំណាប់ខ្មាំង។ អ្នកនាំពាក្យសេតវិមានលោក John Kirby បាននិយាយថា ប្រមុខចារកម្ម CIA របស់អាមេរិក លោក វីលៀម ប៊នស៍ (William Burns) កំពុងស្ថិតក្នុងរដ្ឋធានីគែរ (Cairo) ប្រទេសអេហ្ស៊ីប កាលពីចុងសប្ដាហ៍នេះ សម្រាប់ការចរចាជុំបន្ទាប់ដ៏ចម្រូងចម្រាស ស្ដីពីការធានាការដោះលែងចំណាប់ថ្នូរ ដែលកំពុងត្រូវបានឃុំខ្លួននៅក្នុងតំបន់ហ្កាហ្សានៅឡើយដោយក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន។ សហរដ្ឋអាមេរិក សង្ឃឹមថានឹងសម្រេចបានកិច្ចព្រមព្រៀងមួយ ដែលនឹងរួមទាំងបទឈប់បាញ់រយៈពេល៦សប្ដាហ៍នៅក្នុងការវាយប្រហារឥតបន្ធូរដៃរបស់អ៊ីស្រាអែលដែលមានអាយុកាល៦ខែពេញនិងឈានចូលដល់ខែទី៧ សម្លាប់ មនុស្សជាង៣ម៉ឺននាក់ ក្នុងបំណងកម្ទេចក្រុមហាម៉ាសនៅក្នុងដែនដីប៉ាឡេស្ទីនរងការឡោមព័ទ្ធដោយកងកម្លាំងអ៊ីស្រាអែល ។ នៅពេលត្រូវបានសួរថាតើមានហេតុផលណាមួយនឹងអាចទទួលបានសុទ្ធិដ្ឋិនិយមកាន់តែច្រើនអំពីកិច្ចព្រៀងព្រៀងដោះលែងចំណាប់ខ្មាំងដែរទេ លោក Kirby បា្រប់ក្រុមអ្នកសារព័ត៌មានថា វាគួរតែមើលឃើញផ្លូវ តាមរយៈការទូត ដែលយើងកំពុងអនុវត្ត និងអ្វីដែលក្រុមសមភាគីរបស់យើងធ្វើ ។ យើងពិតជាជឿជាក់ណាស់។ យើងពិតជាចង់ឲ្យមានកិច្ចព្រមព្រៀងបទឈប់បាញ់ឈានដល់ការដោះលែងចំណាប់ខ្មាំងឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា បន្តរក្សាការអភិវឌ្ឍ និងនវានុវត្តន៍បច្ចេកវិទ្យា នៅក្នុងវិស័យសន្តិសុខផ្ទៃក្នុង
09/18/2025 10:09 PM
កម្ពុជា លើកឡើងអំពី ចក្ខុវិស័យក្នុងការជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន
09/18/2025 09:09 PM
បុរាណវិទូរកឃើញហ្វូស៊ីលត្រីដូហ្វាំងនៅបាតសមសមុទ្របុរាណប្រទេសប៉េរូ
09/18/2025 09:09 PM
ពលរដ្ឋអាហ្វហ្គានីស្ថានធ្វើមាតុភូមិនិវត្តន៍ជួបការលំបាក ស្របពេលកើតវិបត្តិសេដ្ឋកិច្ច និងអាកាសធាតុ
09/18/2025 09:09 PM
មន្រ្តីសុខាភិបាល ត្រូវមានស្មារតីបុរេសកម្ម នវានុវត្តន៍ ពង្រឹងសមត្ថភាព ដេីម្បីបង្កេីនគុណ ប្រសិទ្ធភា ព ជូនប្រជាពលរដ្ឋ
09/18/2025 08:09 PM
រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ បច្ចេកវិទ្យាឌីជីថល គឺជាកម្លាំងចលករថ្មីមួយសម្រាប់កំណើនសេដ្ឋកិច្ចសកល
09/18/2025 08:09 PM
ប្រាក់ចំណូលពីប្រេង និងឧស្ម័នរបស់រុស្ស៊ី នៅខែកញ្ញា ទំនងធ្លាក់ចុះ ២៣ភាគរយ
09/18/2025 08:09 PM
UN ៖ បម្រែបម្រួលអាកាសធាតុ បង្កភាពវឹកវរដល់វដ្តទឹករបស់ពិភពលោក
09/18/2025 08:09 PM
គុយបាអំពាវនាវឲ្យ UNបញ្ឈប់ការធ្វើយោធូបនីយកម្មសហរដ្ឋអាមេរិកនៅក្នុងតំបន់
09/18/2025 08:09 PM
ចក្រភពអង់គ្លេសនិរទេសជនអន្តោប្រវេសន៍ទៅបារាំង ក្រោមកិច្ចព្រមព្រៀងថ្មី «ម្នាក់ចូលម្នាក់ចេញ»
09/18/2025 08:09 PM