គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល

នយោបាយ​ និង ការអភិវឌ្ឍន៍

កូរ៉េខាងត្បូងនិយាយថា កូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទីក

2024/04/02 08:43:01 am        116
យោធាប្រទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃអង្គារ ទី ២ ខែមេសានេះថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទីក ចេញពីឆ្នេរសមុទ្រភាគខាងកើត។ឆ្មាំល្បាតឆ្នេររបស់ប្រទេសជប៉ុន បាននិយាយថា មីស៊ីលជាក់ស្តែងបានធ្លាក់ចូលទៅក្នុងសមុទ្ររួចហើយ។ ក្នុងពេលមានការព្រួយបារម្ភ ថា ប្រទេសរុស្ស៊ី និងកូរ៉េខាងជើង កំពុងបង្កើតទំនាក់ទំនងយោធាកាន់តែជិតស្និទ្ធ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តសំខាន់ៗនៅអាស៊ីរបស់ខ្លួន មានប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន កំពុងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ។ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងរៀបចំជំនួបកំពូលរវាងប្រធានាធិបតី លោក Joe Biden និងសមភាគីជប៉ុន និងកូរ៉េខាងត្បូង នៅខែកក្កដា នៅក្រៅកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធយោធាណាតូ ក្នុងទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ប្រភពព័ត៌មានពីរដ្ឋាភិបាលជប៉ុន បាននិយាយថា មីស៊ីលបាលីស្ទីក ដែលត្រូវបានបាញ់ដោយប្រទេសកូរ៉េខាងជើង ទំនងជា បានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខ របស់ប្រទេសជប៉ុន។

ក្រុមមន្ត្រីអាមេរិក និងអ៊ីស្រាអែល គ្រោងពិភាក្សាស្ដីពីផែនការឈ្លានពានទីក្រុងរ៉ាហ្វារបស់ដែនដីហ្កាហ្សា

2024/04/02 08:22:45 am        94
ក្រុមមន្ត្រីជាន់ខ្ពស់អាមេរិក និងអ៊ីស្រាអែល គ្រោងនឹងរៀបចំជំនួបតាមវីដេអូមួយ កាលពីថ្ងៃចន្ទទី១ខែមេសា ដើម្បីពិភាក្សាអំពីសំណើរបស់រដ្ឋបាល លោក Biden លើការឈ្លានពានរបស់យោធាអ៊ីស្រាអែលចូលក្នុងទីក្រុងរ៉ាហ្វា (Rafah)នៃដែនដីហ្កាហ្សា ។ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានលុបចោលផែនការបំពេញទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន កាលពីសប្ដាហ៍មុន ដោយគណៈប្រតិភូជាន់ខ្ពស់មួយរូបរបស់អ៊ីស្រាអែល បន្ទាប់ពីសហរដ្ឋអាមេរិក បានបើកដៃឲ្យមានដំណើរការនៃសេចក្ដីសម្រេចបទឈប់បាញ់ក្នុងតំបន់ហ្កាហ្សា នៅឯអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទសប្ដាហ៍មុន ដែលធ្វើឲ្យមានការប៉ះទង្គិចជាថ្មី ក្នុងសង្រ្គាមនេះ ជាមួយលោក Joe Biden។ ក្រុមមន្ត្រីបាននិយាយថា រយៈពេល២ថ្ងៃក្រោយ អ៊ីស្រាអែល បានស្នើសេតវិមាន ឲ្យរៀបចំពេលវេលាជាថ្មីសម្រាប់ជំនួបកម្រិតខ្ពស់លើផែនការរបស់យោធា សម្រាប់ការវាយលុកចូលក្នុងទៅក្រុងរ៉ាហ្វា ភាគខាងត្បូងរបស់ដែនដីហ្កាហ្សា ដែលគេមើលឃើញថា ទំនងជាមានបំណងបន្ធូរបន្ថយភាពតានតឹងរវាងសម្ព័ន្ធមិត្តទាំង២។ សហរដ្ឋអាមេរិក ដែលព្រួយបារម្ភចំពោះវិបត្តិមនុស្សកាន់តែធ្ងន់ធ្ងរនៅក្នុងដែនដីហ្កាហ្សា ចង់ឲ្យអ៊ីស្រាអែល ពិចារណាជម្រើសនានាក្នុងការឈ្លានពានដោយថ្មើរជើងចូលក្នុងទីក្រុងរ៉ាហ្វា ជាជម្រកមានសុវត្ថិភាពមួយសម្រាប់ប្រជាពលរដ្ឋប៉ាឡេស្ទីនជាង១លាននាក់ ភៀសខ្លួនទៅជ្រកកោននៅទីនោះ។ ក្រុមមន្ត្រីនិយាយថាក្រុមការងារចរចារបស់សហរដ្ឋអាមេរិក នឹងត្រូវដឹកនាំដោយទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ជែកស៊ូលីវ៉ាន់ (Jake Sullivan)៕

ប្រធានាធិបតីប៉េរូ ច្រានចោលការលាលែងពីតំណែង ក្នុងពេលមានការស៊ើបអង្កេតលើក្រុមហ៊ុន Rolex

2024/04/01 03:31:11 pm        51
ប្រធានាធិបតីប៉េរូ លោកស្រី ឌីណា បូលូអាតេ(Dina Boluarte) បាននិយាយថា លោកស្រី នឹងមិនលាលែងពីតំណែងនោះទេ បន្ទាប់ពីលំនៅឋានរបស់លោកស្រីត្រូវបានឆ្មក់ចូលឆែកឆេរ ជាផ្នែកមួយនៃការស៊ើបអង្កេតលើកម្មសិទ្ធរបស់របរទំនើបខុសច្បាប់ដែលអាចកើតមាន និងពុំបានប្រកាសពីកម្មសិទ្ធិមាននាឡិកាប្រណីត។ មន្ត្រីប្រហែល ២០ នាក់មកពីការិយាល័យរដ្ឋអាជ្ញាសាធារណៈ និងនគរបាល ២០ នាក់បានឆ្មក់ចូលឆែកឆេរលំនៅឋានរបស់លោកស្រី Boluarte កាលពីយប់ថ្ងៃសុក្រ ទី២៩ ខែមីនា និងនៅវិមានប្រធានាធិបតី កាលពីថ្ងៃសៅរ៍។លំនៅឋានរបស់លោកស្រី Boluarte ស្ថិតនៅក្នុងទីក្រុង Lima មានចម្ងាយពីរបីគីឡូម៉ែត្រពីវិមានដែលលោកស្រីធ្វើការ។ កាលពីពីរសប្តាហ៍មុន រដ្ឋអាជ្ញា បានចាប់ផ្តើមការស៊ើបអង្កេតបឋមបន្ទាប់ពីមានរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយមួយដោយកម្មវិធីអ៊ីនធឺណិត La- Encerrona ដែលប្រធានាធិបតីរូបនេះមាននាឡិកាម៉ាក Rolex ជាច្រើនគ្រឿង។ ការស៊ើបអង្កេតនេះ មានគោលបំណងដើម្បីកំណត់ថាតើមានមូលដ្ឋានសម្រាប់ការស៊ើបអង្កេតផ្លូវការ លើប្រធានាធិបតីរូបនេះឬយ៉ាងណា។លោកស្រី Boluarte ដែលបានចូលកាន់តំណែងចាប់តាំងពីខែធ្នូ ឆ្នាំ ២០២២ បានទទួលស្គាល់ថាលោកស្រីមាននាឡិកា Rolex ជាច្រើនគ្រឿង ដែលលោកស្រី បាននិយាយថាលោកស្រី បានទិញដោយប្រាក់ដែលលោកស្រីរកបាន តាំងពីនៅវ័យក្មេង។ អាជ្ញាធរប្រទេសប៉េរូ បានឆ្មក់ចូលឆែកឆេរលំនៅឋាន និងការិយាល័យរបស់ប្រធានាធិបតី លោកស្រី Dina Boluarte ជុំវិញការចោទប្រកាន់ថាមានរបស់របរទំនើបខុសច្បាប់ និងពុំបានប្រកាសថាមាននាឡិកាប្រណីតជាច្រើនគ្រឿង។លោកស្រី Boluarte មានប្រតិកម្មយ៉ាងខ្លាំងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយចាត់ទុកការឆ្មក់ចូលឆែកឆេរតាមអំពើចិត្ត និងមិនសមស្រប។

អតីតមេដឹកនាំកោះតៃវ៉ាន់ ចេញដំណើរទៅប្រទេសចិន ហើយទំនងជានឹងជួបលោក ស៊ី ជីនពីង

2024/04/01 03:26:56 pm        188
អតីតមេដឹកនាំកោះតៃវ៉ាន់ លោក ម៉ា អ៊ីងចូវ (Ma Ying-jeou) បានចាកចេញនៅថ្ងៃចន្ទ (០១ មេសា) នេះសម្រាប់ដំណើរទស្សនកិច្ចរយៈពេល ១១ ថ្ងៃទៅកាន់ប្រទេសចិន ជាទីដែលលោកត្រូវបានគេរំពឹងថានឹងជួបជាលើកទីពីរ ជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) ក្នុងអំឡុងពេលនៃភាពតានតឹងនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។កាលពីឆ្នាំមុន លោក ម៉ា ដែលជាមេដឹកនាំពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១៦ បានក្លាយជាអតីតមេដឹកនាំតៃវ៉ាន់ ដំបូងគេដែលធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន។ ចាប់តាំងពីរដ្ឋាភិបាលនៃសាធារណរដ្ឋចិន បានភៀសខ្លួនទៅកោះតៃវ៉ាន់ ក្នុងឆ្នាំ ១៩៤៩ បន្ទាប់ពីចាញ់សង្រ្គាមស៊ីវិលរបស់មេដឹកនាំកុម្មុយនិស្ត លោក ម៉ៅ សេទុង មក មិនមានមេដឹកនាំតៃវ៉ាន់ណាម្នាក់បានទៅទស្សនកិច្ចប្រទេសចិនទេ។លោក ម៉ា បានជួបលោក ស៊ី នៅប្រទេសសិង្ហបុរីកាលពីចុងឆ្នាំ ២០១៥ សម្រាប់កិច្ចប្រជុំកំពូលមួយ ភ្លាមៗមុនពេលមេដឹកនាំតៃវ៉ាន់បច្ចុប្បន្នគឺលោកស្រី សៃ អ៊ីងវិន (Tsai Ing-wen) បានឈ្នះការបោះឆ្នោត។លោក ម៉ា និងរដ្ឋាភិបាលរបស់ចិន មិនបានបញ្ជាក់ពីជំនួបជាមួយលោក ស៊ី ដែលត្រូវបានរាយការណ៍យ៉ាងទូលំទូលាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់នោះទេ។ ប្រភពបីដែលដឹងពីដំណើររបស់លោក ម៉ា បានប្រាប់សារព័ត៌មានរ៉យទ័រថា ជំនួបនោះត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅនៅទីក្រុងប៉េកាំងនៅថ្ងៃចន្ទសប្តាហ៍ក្រោយ៕

NATO ប្រារព្ធខួបលើកទី ៧៥ ស្របពេលការបោះឆ្នោតអាមេរិក ដែលអាចកំណត់តួនាទីខ្លួនក្នុងសម្ព័ន្ធយោធា

2024/04/01 03:21:10 pm        161
ជាមួយនឹងអង្គការណាតូ (Nato) ប្រារព្ធខួបលើកទី ៧៥ នៅថ្ងៃទី ០៤ ខែមេសា ខាងមុខនេះ ការចូលជាសមាជិករបស់ប្រទេសស៊ុយអែត និងហ្វាំងឡង់ គឺជាការបន្ថែមដ៏សំខាន់បំផុតចំពោះសម្ព័ន្ធយោធាក្នុងប៉ុន្មានទសវត្សរ៍កន្លងមក ខណៈការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក នៅរដូវស្លឹកឈើជ្រុះក្នុងខែវិច្ឆិកា ឆ្នាំនេះ អាចកំណត់តួនាទីរបស់មហាអំណាចមួយនេះនៅក្នុងអង្គការ ណាតូ។ការពង្រីកខ្លួនរបស់អង្គការណាតូ ដែលរួមមានសមាជិកចំនួន ៣២ ប្រទេសមកទល់ពេលនេះ ត្រូវបានមនុស្សជាច្រើនមើលឃើញថា ជាការវាយប្រហារមួយសម្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលបានព្យាយាមទប់ស្កាត់ការពង្រឹងសម្ព័ន្ធយោធាបន្ថែមទៀត។យោងតាមក្រុមអ្នកវិភាគបានឱ្យដឹងថា អង្គការណាតូ មានបញ្ហាប្រឈមផ្ទាល់ខ្លួន រួមទាំងការផ្លាស់ប្តូរកងកម្លាំងណាតូ ដើម្បីផ្តោតលើការការពារប្រឆាំងនឹងការវាយប្រហារណាមួយរបស់រុស្ស៊ី បន្ទាប់ពីជាច្រើនទសវត្សរ៍ដែល ណាតូ ផ្តោតលើបេសកកម្មហួសពីព្រំដែនរបស់ខ្លួន ដូចជានៅអាហ្វហ្គានីស្ថាន និងតំបន់បាល់កង់ ហើយនិងតួនាទីរបស់ខ្លួននៅអាស៊ី។សម្ព័ន្ធយោធា ដែលត្រូវបានបង្កើតឡើងនៅថ្ងៃទី ០៤ ខែមេសា ឆ្នាំ ១៩៤៩ បានចាប់ផ្តើមនៅពេលដែលរដ្ឋមន្ត្រីការបរទេសមកពីប្រទេសចំនួន ១២ បានចុះហត្ថលេខាលើសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬត្រូវបានគេស្គាល់ថាជាសន្ធិសញ្ញាវ៉ាស៊ីនតោន ក្នុងទីក្រុង វ៉ាស៊ីនតោន ឌីស៊ី របស់សហរដ្ឋអាមេរិក៕

គណៈប្រតិភូអ៊ីស្រាអែល ទៅដល់អេហ្ស៊ីប ដើម្បីពិភាក្សាបទឈប់បាញ់ និងការដោះលែងចំណាប់ថ្នូរ

2024/04/01 01:27:33 pm        108
ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍កាលពីថ្ងៃអាទិត្យថា គណៈប្រតិភូរបស់ប្រទេសនេះ បានទៅដល់ប្រទេសអេហ្ស៊ីប សម្រាប់ការចរចាស្តីពីការផ្អាកការប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សាស្ទ្រីប ជាថ្នូរទៅនឹងការដោះលែងចំណាប់ថ្នូរដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស កាលពីថ្ងៃទី ៧ ខែតុលា។ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានដកស្រង់សម្តីមន្ត្រីក្រុមហាម៉ាស ដែលនិយាយថាក្រុមនេះនឹង រង់ចាំស្តាប់ពីអ្នកសម្របសម្រួលអេហ្ស៊ីប អំពីលទ្ធផលនៃកិច្ចចរចាជាមួយអ៊ីស្រាអែលជាមុនសិន។ក្រុមហាម៉ាស បានប្រើប្រាស់ការចរចាកាលពីពេលមុនដើម្បីទាមទារបទឈប់បាញ់ជាអចិន្ត្រៃយ៍ ការដកកងទ័ពរបស់អ៊ីស្រាអែលចេញពីតំបន់ហ្កាហ្សា និងកិច្ចព្រមព្រៀងអនុញ្ញាតឱ្យពលរដ្ឋប៉ាឡេស្ទីនដែលភៀសខ្លួនចេញទៅភាគខាងត្បូងឲ្យត្រឡប់ទៅភាគខាងជើងវិញ។ ប៉ុន្តែ អ៊ីស្រាអែល នៅបន្តបដិសេធបទឈប់បាញ់បែបនេះ។ គេហទំព័រព័ត៌មានសហរដ្ឋអាមេរិក អាស៊ីអូស(Axios) បានរាយការណ៍កាលពីថ្ងៃអាទិត្យថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានច្រានចោលសំណើរបស់នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេស និងអ្នកចរចាអ៊ីស្រាអែលផ្សេងទៀត ដើម្បីផ្តល់ឱកាសឱ្យពួកគេបន្ថែមទៀត ដូច្នេះពួកគេអាចទទួលបានកិច្ចព្រមព្រៀងចំណាប់ថ្នូរជាមួយក្រុមហាម៉ាស។ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា សមាជិកមួយចំនួនរបស់គណៈរដ្ឋមន្ត្រីទទួលបន្ទុកសង្គ្រាមអ៊ីស្រាអែល បានជំរុញលោក Netanyahu ឱ្យបង្ហាញពីភាពបត់បែនបន្ថែមទៀត ដែលលោក Netanyahu បានចោទប្រកាន់ពួកគេពីភាពទន់ជ្រាយ និងមិនដឹងពីរបៀបចរចាជាមួយក្រុមហាម៉ាស។ ដោយប្រឆាំងទៅនឹងទិដ្ឋភាពនេះ មនុស្សរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅសភារបស់ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យដើម្បីអំពាវនាវឱ្យលោក Netanyahu លាលែងពីតំណែង។ ពួកគេនិយាយថា លោក បានបរាជ័យក្នុងការដោះលែងចំណាប់ថ្នូរ ដែលនៅតែជាប់ឃុំឃាំងនៅតំបន់ហ្កាហ្សា។បាតុករម្នាក់ ដែលមានមិត្តភក្តិត្រូវបានចាប់ជាចំណាប់ថ្នូរមិនទាន់ត្រឡប់មកវិញ បាននិយាយថាលោក Netanyahu គួរតែចាកចេញជាបន្ទាន់ ខណៈរដ្ឋាភិបាលរបស់លោកពុំដែលបានធ្វើអ្វីដែលគួរធ្វើ។ បាតុករម្នាក់ទៀតបាននិយាយថា លោក Netanyahu គួរតែចុះចេញពីដំណែង ខណៈកុមារជាច្រើនត្រូវបានសម្លាប់នៅក្នុងតំបន់ហ្កាហ្សា ហើយការដោះលែងចំណាប់ថ្នូរពេញលេញមិនទាន់ធ្វើឡើងនៅឡើយ។

មានព្រឹត្តិការណ៍ជាច្រើន ក្នុងខួប២ឆ្នាំចាប់តាំងពីការរំដោះបានទីក្រុង Bucha របស់អ៊ុយក្រែន ពីការគ្រប់គ្រងរបស់រុស្ស៊ី

2024/04/01 01:23:53 pm        132
ប្រជាជននៅក្នុងទីក្រុង Bucha របស់អ៊ុយក្រែន បានចូលរួមព្រឹត្តិការណ៍ជាច្រើន កាលពីថ្ងៃអាទិត្យដើម្បីប្រារព្ធខួប២ឆ្នាំនៃការរំដោះទីក្រុងនេះពីការគ្រប់គ្រងរបស់រុស្ស៊ី។ អាជ្ញាធរក្នុងតំបន់ បាននិយាយថា ជនស៊ីវិលចំនួន ៥០៩នាក់ រួមទាំងកុមារ ១២ នាក់ ត្រូវបានសម្លាប់ នៅថ្ងៃដំបូងនៃការឈ្លានពានមកលើអ៊ុយក្រែន។ ក្រុមសិល្បៈករ បានរំលឹកដល់ជនរងគ្រោះដោយការប្រគំតន្ត្រីនៅព្រះវិហារ ជាកន្លែងដែលសាកសពជាច្រើនត្រូវបានគេរកឃើញ បន្ទាប់ពីកងកម្លាំងរុស្ស៊ីបានដកខ្លួនចេញពីទីក្រុងដែលមានទីតាំងនៅជិតរដ្ឋធានីគីវ។ អ្នកចូលទស្សនា បានដាក់ផ្កានៅវិមានមួយកន្លែងដែលមានសរសេរឈ្មោះអ្នកដែលត្រូវបានគេសម្លាប់ក្នុងអំឡុងពេលចូលកាន់កាប់។ស្ត្រីម្នាក់ ដែលប្អូនប្រុសរបស់គាត់ត្រូវបានកងកម្លាំងរុស្ស៊ីសម្លាប់ក្នុងអាយុ ៣៤ ឆ្នាំ បាននិយាយថា ប្អូនប្រុសគាត់បានបាត់ខ្លួន៣៩ថ្ងៃ បន្ទាប់ពីចេញទៅទិញទឹក។ លោកស្រីនិយាយថា ការបាត់ខ្លួនរបស់ប្អូនប្រុសលោកស្រី បានបន្សល់ទុកកូនតូចៗពីរនាក់ ហើយក្រុមគ្រួសារពុំទាន់ដឹងពីការស្លាប់របស់ប្អូនប្រុសគាត់នៅឡើយ។ អ្នកចូលរួម រួមមានមន្ត្រីមកពីបរទេស ព្រមទាំងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន និងអង្គការជំនួយផ្សេងៗទៀត ដែលបាននិងកំពុងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការកសាងទីក្រុងនេះឡើងវិញ។បុរសម្នាក់ដែលកូនប្រុសពេញវ័យរបស់គាត់ ត្រូវទាហានរុស្ស៊ីធ្វើទារុណកម្មរហូតដល់ស្លាប់ បានប្រដូចពួកគេទៅនឹងគ្រោះកាចដ៏ចង្រៃ។ លោកបាននិយាយថា គ្រោះកាចនេះនឹងរាលដាលពាសពេញពិភពលោក ប្រសិនបើសហគមន៍អន្តរជាតិ បរាជ័យក្នុងការជួយប្រទេសអ៊ុយក្រែន។

ការវាយប្រហារជាបន្តបន្ទាប់របស់រុស្ស៊ី មានគោលបំណងកាត់ផ្តាច់ចរន្តអគ្គិសនីរបស់អ៊ុយក្រែន

2024/04/01 01:18:20 pm        171
នៅកណ្តាលទីក្រុងខាគីវ ( Kharkiv) អ្នកឮសំឡេងម៉ាស៊ីនភ្លើង នៅគ្រប់ផ្លូវ។ រយៈពេល១០ថ្ងៃកន្លងទៅ ទីក្រុងទី២របស់អ៊ុយក្រែន បានធ្លាក់ចូលទៅក្នុងភាពងងឹតដោយសារការវាយប្រហារដោយមីស៊ីលរបស់រុស្សីដែលកំណត់គោលដៅទៅលើប្រព័ន្ធថាមពល ជាការដ៏ធំបំផុត ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមពេញទំហឹង។នៅពេលដែលទីក្រុងខាគីវ ធ្វើការដើម្បីស្តារថាមពលឡើងវិញ មានរលកនៃការវាយប្រហារបន្ថែមនៅទូទាំងប្រទេស ដោយកំណត់គោលដៅទៅលើការផ្គត់ផ្គង់ថាមពល។លោកប្រធានាធិបតី វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelensky) បានថ្កោលទោសអ្វីដែលលោកហៅថា ជា«ភេរវកម្មមីស៊ីល»របស់រុស្ស៊ី។លោកប្រធានាធិបតីអ៊ុយក្រែន ក៏បានអំពាវនាវជាថ្មីដល់សម្ព័ន្ធមិត្តរបស់ប្រទេសលោកសម្រាប់ប្រព័ន្ធការពារដែនអាកាសបន្ថែមទៀត ដើម្បីយកមកការពារ។អាជ្ញាធរនៅទីក្រុងអូដេសា ( Odesa) នៅលើសមុទ្រខ្មៅ នៅភាគខាងត្បូងនៃប្រទេស បាននិយាយថា ប្រព័ន្ធថាមពលនៅទីនោះ គឺជាចុងក្រោយបំផុតដែលត្រូវបានវាយប្រហារនៅពេលយប់ជាមួយនឹងមីស៊ីល និងយានដ្រូនដែលបានបណ្តាលឲ្យដាច់ភ្លើងមួយផ្នែក។នៅទីក្រុងខាគីវភាគខាងជើង ការវាយប្រហារនោះ បានឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ។អភិបាលក្រុងខាគីវ លោក Igor Terekhov បាននិយាយថា វានឹងចំណាយពេលជាច្រើនសប្តាហ៍ ដើម្បីស្តារការផ្គត់ផ្គង់ពេញលេញឡើងវិញ ហើយប្រសិនបើកងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ី មិនវាយប្រហារគោលដៅដដែល ម្តងទៀតទេ។

បក្សប្រឆាំងឥណ្ឌារួមគ្នាប្រឆាំងការចាប់ខ្លួននៅមុនការបោះឆ្នោត ដោយបន្ទោសនាយករដ្ឋមន្ត្រី លោក Modi

2024/04/01 01:07:33 pm        74
គណបក្សប្រឆាំងប្រទេសឥណ្ឌា បានមកប្រមូលផ្តុំគ្នានៅក្នុងការជួបជុំមួយក្នុងទីក្រុង ញូ ដេលី (New Delhi) កាលពីថ្ងៃអាទិត្យ ដើម្បីតវ៉ាប្រឆាំងការចាប់ខ្លួនអ្នករិះគន់ លោក Modi ដ៏លេចធ្លោ មួយសប្តាហ៍មុនការបោះឆ្នោតរបស់ប្រទេស។នៅក្នុងការបង្ហាញសាមគ្គីភាព មេដឹកនាំគណបក្សប្រឆាំង បានកាន់ដៃគ្នាក្នុងអំឡុងពេលនៃការជួបជុំនេះ ខណៈអ្នកគាំទ្របានបង្ហាញផ្ទាំងបដាដោយមានរូបភាពរបស់ប្រធានរដ្ឋមន្រ្តីប្រចាំក្រុង Delhi លោក អាវីន កេជរីវ៉ាល(Arvind Kejriwal) ជាអ្នកដែលត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ២១ ខែមីនា ពីបទប្រព្រឹត្តអំពើពុករលួយលើការផ្តល់អាជ្ញាប័ណ្ណផលិតផលស្រា។លោក Kejriwal គឺជាអ្នករិះគន់ លោក Modi ដ៏ខ្លាំងក្លាម្នាក់ អ្នកគាំប្រឆាំងអំពើពុករលួយ និងជាមេដឹកនាំជាន់ខ្ពស់នៃប្លុកប្រឆាំងនៅឥណ្ឌាដែលមានសមាជិក ២៧នាក់។ មេដឹកនាំគណបក្ស Congress លោក រ៉ាហ៊ុល ហ្គានឌី(Rahul Gandhi) បាននិយាយទៅកាន់ការជួបជុំគ្នានេះថា ប្រសិនបើគណបក្ស បារ៉ាទីយ៉ា ចាណាតា (Bharatiya Janata) (BJP) របស់លោក Narendra Modi ឈ្នះការបោះឆ្នោត និងផ្លាស់ប្តូររដ្ឋធម្មនុញ្ញ ប្រទេសទាំងមូលនឹងឆាបឆេះ។ថ្លែងទៅកាន់ហ្វូងមនុស្ស ភរិយារបស់ លោក Kejriwal គឺលោកស្រី Sunita Kejriwal បាននិយាយថា «លទ្ធិហ្វាស៊ីសនិយម នឹងមិនដំណើរការទេ» នៅក្នុងប្រទេសឥណ្ឌា។ យោងតាមការស្ទង់មតិមតិ បានឲ្យដឹងថា លោក Modi ត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថា នឹងទទួលជ័យជម្នះអាណត្តិទី ៣ ជាប់ៗគ្នាក្នុងអំឡុងពេលការបោះឆ្នោតសកល នៅខែមេសានេះ ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ញុះបន្ថែមលើការចោទប្រកាន់ ដែលថាមេដឹកនាំកោះតៃវ៉ាន់ នឹងរត់គេចពីសង្គ្រាម ក្រោយលែងកាន់អំណាច

2024/04/01 12:58:38 pm        142
យោងតាមរបាយការណ៍ពុំបានបញ្ជាក់ ដែលបានចេញផ្សាយជាលើកដំបូងក្នុងឆ្នាំ២០២១ និងឆ្លុះបញ្ចាំងពីការបោះឆ្នោតជ្រើសរើសមេដឹកនាំរបស់កោះនេះ កាលពីខែមករា ឆ្នាំ២០២៤ មេដឹកនាំកោះតៃវ៉ាន់ លោកស្រី សៃអ៊ីងវិន (Tsai Ing-wen) គ្រោងនឹងភៀសខ្លួនតាមយន្តហោះទៅសហរដ្ឋអាមេរិក ប្រសិនបើសង្គ្រាមផ្ទុះឡើងជាមួយប្រទេសចិន។ រឿងមួយទៀតបាននិយាយថា លោកស្រី Tsai បានផ្តល់សំបុត្រ VIP ដល់មនុស្សដែលលោកស្រី ទុកចិត្ត ក្នុងការរត់គេចខ្លួន ។ យោងតាមការវិភាគដែលធ្វើឡើងសម្រាប់សារព័ត៌មាន Reuters ដោយមជ្ឈមណ្ឌលស្រាវជ្រាវបរិស្ថានព័ត៌មាន (IORG) ដែលជាអង្គការមិនមែនរដ្ឋាភិបាលមានមូលដ្ឋាននៅកោះតៃវ៉ាន់ ពួកគេស្ថិតក្នុងចំណោមក្រុមមនុស្សជាច្រើន ដែលគ្មានការគាំទ្រនៃការរៀបចំរបស់លោកស្រី Tsai ដើម្បីគេចពីគ្រោះថ្នាក់ ដែលត្រូវបានហូរចូលទៅក្នុងកោះនេះ ដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន។ ការវិភាគរបស់ IORG បានបង្ហាញថា ការនិទានរឿងដែលថា លោកស្រី Tsai គ្រោងនឹងភៀសខ្លួន ប្រសិនបើសង្គ្រាមផ្ទុះឡើងជាមួយប្រទេសចិន ហើយសមយុទ្ធយោធារបស់តៃវ៉ាន់គឺជាការហាត់សមសម្រាប់រឿងនេះ ដែលមានប្រភពចេញពីសារព័ត៌មានគ្រប់គ្រងដោយបក្សកុម្មុយនិស្តចិន (CCP) ក្នុងខែមិថុនា ឆ្នាំ ២០២១ ហើយត្រូវបានធ្វើម្តងទៀតយ៉ាងឆាប់រហ័ស ដោយប្រភពព័ត៌មានផ្លូវការរបស់ចិនផ្សេងទៀត។ទីក្រុងតៃប៉ិ(Taipei) បាននិយាយជាថ្មីថារបាយការណ៍នោះគឺមិនពិតទេ។ រដ្ឋាភិបាលពុំបានលម្អិត ជាសាធារណៈអំពីផែនការរបស់ខ្លួនសម្រាប់ការដឹកនាំក្នុងករណីមានជម្លោះនោះទេ។ សារព័ត៌មាន Reuters មិនអាចកំណត់ដោយឯករាជ្យអំពីអាទិភាពនៃផែនការរត់គេចខ្លួនបែបនេះបានទេ។ សារព័ត៌មានReuters បានស្នើឱ្យ IORG វិភាគប្រភពដើមនៃរឿងរ៉ាវអំពីសមយុទ្ធយោធារបស់តៃវ៉ាន់ ព្រោះសមយុទ្ធនេះបានទាក់ទាញកំហឹងពីចិន និងគ្របដណ្តប់ជាអន្តរជាតិយ៉ាងសំខាន់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តកំពង់ឆ្នាំង និងថ្នាក់ដឹកនាំមន្ត្រីរាជការ កាន់បិណ្ឌវេនទី១២ នៅវត្តត្រពាំងស្នោ ឧទ្ទិសកុសលដល់វីរកងទ័ព ដែលពលីជីវិត​ក្នុង​បុព្វ​ហេតុ​ការពារ​បូរណភាពទឹកដី
09/19/2025 01:09 PM
អភិបាលខណ្ឌ៧មករា ជួបសំណេះសំណាលមន្ត្រី និងប្រជាការពារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
09/19/2025 01:09 PM
ក្រសួងអប់រំ៖ លទ្ធផល​បាក់ឌុបឆ្នាំនេះ បេក្ខជនប្រឡងជាប់សរុប ១២២ ៤៧៣ នាក់ ក្នុងនោះនិទ្ទេសA ៣០០៣នាក់
09/19/2025 12:09 PM
ទីភ្នាក់ងារ IAEA ថ្កោលទោសការសាកល្បងនុយក្លេអ៊ែរចំនួន៦លើករបស់កូរ៉េខាងជើង ដោយចិននិងរុស្ស៊ីជំទាស់
09/19/2025 12:09 PM
ក្រុមជំនួយ UN កំពុងប្រឹងប្រែងឥតសម្រាកដើម្បីសម្អាតកម្ទេចថ្ម បន្ទាប់ពីគ្រោះរញ្ជួយដីនៅអាហ្វហ្គានីស្ថាន
09/19/2025 12:09 PM
កាណាដានិងម៉ិកស៊ិក ប្តេជ្ញាទំនាក់ទំនងកាន់តែជិតស្និត មុនការពិនិត្យឡើងវិញកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក
09/19/2025 12:09 PM
កូដកម្មផ្ទុះឡើងទូទាំងប្រទេសបារាំង ខណៈមនុស្សរាប់សែននាក់តវ៉ាប្រឆាំងការកាត់បន្ថយថវិកាជាតិ
09/19/2025 12:09 PM
ប្រធានជំនួយ UN ជំរុញឱ្យមេដឹកនាំពិភពលោកប្រឹងប្រែងថែមទៀត បន្ទាប់ពីអាមេរិក កាត់ជំនួយអន្តរជាតិ
09/19/2025 12:09 PM
ជនជាតិអ៊ីស្រាអែលពីរនាក់ ត្រូវបានសម្លាប់ ក្នុងការវាយប្រហារនៅច្រកឆ្លងកាត់ព្រំដែនប្រទេសហ្ស៊កដានី
09/19/2025 12:09 PM
ព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីស្នើច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែម ទៅលើសន្ធិសញ្ញាស្តីពីតំបន់អាស៊ី-អាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ
09/19/2025 12:09 PM