គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល

នយោបាយ​ និង ការអភិវឌ្ឍន៍

ស្អែកនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន

2024/03/14 12:00:52 pm        128
នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន។របៀបវារៈទាំងនោះរួមមាន៖១- សេចក្តីព្រាងគោលនយោបាយជាតិលុបបំបាត់ជំងឺអេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨។២-សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២៥-២០២៧។៣-សេចក្តីព្រាងអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។៤- បញ្ហាផ្សេងៗ

ទស្សនកិច្ចលើកដំបូងស្នងការសហភាពអឺរ៉ុប បានធ្វើសាក្សីចុះហត្ថលេខាកិច្ចព្រមព្រៀងលើហិរញ្ញប្បទានដល់កម្ពុជាចំនួន ៧៩លានអឺរ៉ូ

2024/03/14 11:50:25 am        225
ភ្នំពេញ៖ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួបទ្វេភាគី និងរៀបចំ​ជំនួប​អាហារ​ការងារថ្ងៃត្រង់ជាមួយ លោកជំទាវ ជូតា អេភើលឡៃនិន ស្នងការសហភាព​អឺរ៉ុបស​ម្រាប់​ភាព​ជាដៃគូអន្តរជាតិ ក្នុងដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃរបស់លោកជំទាវ នៅ​ព្រះរាជា​ណា​ចក្រ​ក​ម្ពុជា ដែលជាព្រឹត្តិការណ៍សំខាន់មួយទៀត ក្នុងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និង​សហភាព​អឺរ៉ុ​ប។ក្នុងជំនួបនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយ និងការចូលរួមចំណែកដែលមិនអាចកាត់ថ្លៃបានរបស់សហភាពអឺរ៉ុប ក្នុងការស្តារឡើងវិញ និងការអភិវឌ្ឍគួរឱ្យកត់សម្គាល់លើគ្រប់វិស័យនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមក៏បានកោតសរសើរចំពោះវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់នៃទំនាក់ទំនងកម្ពុជា-សហភាពអឺរ៉ុប ដែលត្រូវបានកសាងឡើងដោយផ្អែកលើភាពជាដៃគូដ៏យូរអង្វែង និងការគោរពគ្នាទៅវិញទៅមកក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអបអរសាទរ សហភាពអឺរ៉ុបដែលបានរៀបចំ ដោយជោគជ័យនូវកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន-សហភាពអឺរ៉ុបលើកទី២៤ និងវេទិកាថ្នាក់រដ្ឋមន្ត្រីសហភាពអឺរ៉ុប-ឥណ្ឌូប៉ាស៊ីហ្វិកលើកទី៣ នៅថ្ងៃទី១-២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីក្រុងព្រុចសែល។ ឯកឧត្តមបា នយកចិត្តទុកដាក់លើការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍រួមរបស់អឺរ៉ុបសម្រាប់ឆ្នាំ២០២១-២០២៧ កម្មវិធីច្រកទ្វារសកលនៅកម្ពុជា និងគំនិតផ្តួចផ្តើមក្រុមអឺរ៉ុប (TEIs) ដែលជាការរួមចំណែកជាវិជ្ជមានមួយទៀត ក្នុងការពង្រឹងសមត្ថភាពរបស់ប្រទេសកម្ពុជា ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពនូវគោលដៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់កម្ពុជា និងប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូន លោកជំទាវស្នងការ អំពីការវាយតម្លៃពីស្ថានភាពកម្ពុជាសម្រាប់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចបំផុត ដែលត្រូវបានរំពឹងថា អាចនៅឆ្នាំ២០២៩។ នៅក្នុងដំណើរទស្សនកិច្ចលើកដំបូងនេះ លោកជំទាវ អេភើលឡៃនិន ទទួលស្គាល់ពីសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់នៅក្នុងប្រទេសកម្ពុជា ហើយបានសម្តែងការគាំទ្រយ៉ាងខ្លាំងរបស់សហភាពអឺរ៉ុបក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យជាមួយកម្ពុជា ដែលជាដៃគូដ៏សំខាន់ និងគួរជាទីទុកចិត្ត។ លោកជំទាវ បានសម្តែងនូវសុទិដ្ឋិនិយមខ្ពស់ថា ការអនុវត្តកម្មវិធីច្រកទ្វារសកលនៅកម្ពុជា និងគំនិតផ្តួចផ្តើម សហភាពអឺរ៉ុបនៅកម្ពុជា នឹងចូលរួមលើកទឹកចិត្ត និងទាក់ទាញអ្នកវិនិយោគសហភាពអឺរ៉ុបកាន់តែច្រើនមកកម្ពុជា។ លោកជំទាវស្នងការបានជម្រាបជូនអំពីការត្រៀមខ្លួនផ្តល់ការគាំទ្រចាំបាច់ សម្រាប់ការត្រៀមចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចបំផុត។ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈលើការវិវត្តសភាពការណ៍នយោបាយនៅកម្ពុជាក៏ដូចជាប្រធានបទសំខាន់ៗដទៃទៀត ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម ពាក់ព័ន្ធនឹងបញ្ហាតំបន់ និងអន្តរជាតិ ជាពិសេសលើកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប សមាហរណកម្មអាស៊ាន បញ្ហាតំបន់ និងពិភពលោក។គួរឱ្យកត់សម្គាល់ ក្នុងដំណើរទស្សនកិច្ចនេះ លោកជំទាវ អេភើលឡៃនិន ក៏បានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានចំនួន ៤ រវាងកម្ពុជា និងសហភាពអឺរ៉ុប ដែលមានទឹកប្រាក់ប្រមាណ ៧៩ លានអឺរ៉ូ ដោយផ្តោតលើការអប់រំបច្ចេកទេស ថាមពលប្រកប ដោយចីរភាព កសិកម្មប្រកបដោយចីរភាព និងប្រព័ន្ធអាហារ និងជំនួយពាណិជ្ជកម្ម។ លោកជំទាវ អេភើលឡៃនិន និង ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស      អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដាក់ឱ្យដំណើរការនូវគំនិតផ្តួចផ្តើមក្រុមអឺរ៉ុបនៅកម្ពុជាដែលមានទឹកប្រាក់ប្រមាណ ១,៤ ប៊ីលាន អឺរ៉ូ ដើម្បីគាំទ្រធុរកិច្ចបៃតង រោងចក្របៃតង និងការងារសមរម្យ៕ 

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា

2024/03/14 11:00:08 am        83
នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា និងជាប្រធានកិត្តិយសសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញ​ជាអ​ធិបតីភាពដ៏ខ្ពង់ខ្ពស់​ក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាល សហភាព​សហព័ន្ធ​យុវជន​កម្ពុជា(ស.ស.យ.ក) នៅសាលសន្និសីទសណ្ឋាគារ សុខាភ្នំពេញ។ ពិធីនេះមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍ សមាជិក សមាជិកា គណៈកម្មាធិការកណ្តាល ស.ស.យ.ក. ព្រមទាំងភ្ញៀវកិត្តិយស សរុបចំនួន ៧៦០រូប។ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. បានថ្លែង​របាយការណ៍​ស្ដីពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​គណៈកម្មាធិការ​កណ្ដាល ស.ស.យ.ក. ដែលបានប្រពឹត្តទៅរយៈពេល១ថ្ងៃកន្លះមកនេះ ដោយ​អង្គ​ប្រជុំ​សម្រេចលទ្ធផលផ្លែផ្កាគួរជាទីមោទកៈ ។ទន្ទឹមនឹងនេះ ឯកឧត្តមបានរំលឹកពីគំរូវីរភាពរបស់ប្រធានទី១ របស់ ស.ស.យ.ក. គឺ​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំជំនាន់មុន ដែលបានលះបង់កម្លាំងកាយ ចិត្ត ស្មារតី បញ្ញា ពូនជ្រុំចលនាយុវជន រួមគ្នាដើម្បីនាំមកនូវសុខសន្តិភាព ស្ថេរភាព ជូន​ប្រទេស​កម្ពុជា​។ ជាមួយគ្នានេះ ឯកឧត្តម បានបានបង្ហាញការគាំទ្រយ៉ាងមុតមាំចំពោះការដឹកនាំរបស់សម្ដេច​មហា​​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ដែលពោរពេញដោយសមត្ថភាព និង​ជា​អ្នក​បន្តវេនក្នុ​ង​ការដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅមុខ ក្រោមម្លប់សន្តិភាព ស្ថិរភាពផងដែរ។ ក្នុងនាមជាប្រធាន ស.ស.យ.ក. ឯកឧត្តម ហ៊ុន ម៉ានី បានប្ដេជ្ញា នឹងបន្តគាំទ្រនូវ​គោល​នយោបាយ​​ដែល​ដាក់​ចេញដោយរាជរដ្ឋាភិបាល បន្តជំរុញ និងគាំទ្រសមាជិក សមាជិកា​គ្រប់​រូប​ឱ្យ​ចូល​រួម​ចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ ប្រកាន់នូវសាមគ្គីភាព ស្មារតីស្ម័គ្រចិត្ត និងបេ្តជ្ញាក្នុង​ការ​ការពារ​សមិទ្ធផលនានា ដែលបានមកពីការពលីរបស់ថ្នាក់ដឹកនាំជំនាន់មុន និងបន្ត​កសាង​សមិទ្ធផល​ថ្មីៗ ដើម្បីចូលរួមចំណែកជំរុញវឌ្ឍនភាពសង្គមជាតិកម្ពុជា៕

កូរ៉េខាងជើងបង្ហាញរថក្រោះប្រយុទ្ធថ្មី ខណៈលោក Kim Jong-un អួតថាជារថក្រោះដ៏មានឥទ្ធិពលបំផុតនៅក្នុងពិភពលោក

2024/03/14 10:17:11 am        276
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា មេដឹកនាំប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានដឹកនាំការបង្ហាញផ្នែកយោធា ដែលពាក់ព័ន្ធនឹងអង្គភាពរថក្រោះ។ ប្រទេសកូរ៉េខាងជើងបានបង្ហាញរថក្រោះប្រយុទ្ធថ្មី អំឡុងពេលសមយុទ្ធយោធា ស្របពេលមានសមយុទ្ធយោធារួមគ្នារវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ លោក គីម បានសម្តែងការពេញចិត្តជាខ្លាំង ដែលរថក្រោះប្រយុទ្ធដ៏សំខាន់ប្រភេទថ្មី បានបង្ហាញដោយជោគជ័យនូវឥទ្ធិពលដ៏ទាក់ទាញ នៅក្នុងការបង្ហាញលើកដំបូង ជាអ្វីដែលប្រព័ន្ធផ្សព្វផ្សាយ KCNA ពិពណ៌នាថាជា «ការប្រកួតហ្វឹកហាត់»។ ប្រព័ន្ធផ្សព្វផ្សាយ KCNA បានរាយការណ៍ថា ព្រឹត្តិការណ៍យោធានេះ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យយ៉ាងហ្មត់ចត់ នូវសមត្ថភាពប្រយុទ្ធជាក់ស្តែងរបស់ក្រុមសមាជិករថក្រោះ និងធ្វើឱ្យពួកគេស៊ាំទៅនឹងវិធីសាស្ត្រប្រយុទ្ធក្នុងបេសកកម្មតាកទិកផ្សេងៗគ្នា។ សេចក្តីរាយការណ៍បាននិយាយថា ការបង្កើតមធ្យោបាយយ៉ាងឆាប់រហ័សរបស់ពួកគេ ឆ្លងកាត់កាលៈទេសៈប្រយុទ្ធដ៏តានតឹងបំផុត រថក្រោះធុនធ្ងន់វាយប្រហារគោលដៅភ្លាមៗ និងបានបំបែកខ្សែការពារដ៏រឹងមាំជាមួយនឹងភាពបត់បែនខ្ពស់ ។ លោក Kim បានបញ្ជាក់អំពីតម្រូវការក្នុងការរៀបចំសមយុទ្ធ ក្លែងប្រដូចធ្វើជាសង្រ្គាមពិត និងការប្រកួតហ្វឹកហ្វឺនជាក់ស្តែង ដើម្បីបង្កើនសមត្ថភាពប្រយុទ្ធ ដែលអាចអនុវត្តបេសកកម្មប្រយុទ្ធបានភ្លាមៗ និងច្បាស់លាស់ក្នុងកាលៈទេសៈណាមួយ។ការបង្ហាញខ្លួនរបស់លោក Kim នៅក្នុងការបង្ហាញផ្នែកយោធាបានធ្វើឡើង ប៉ុន្មានថ្ងៃបន្ទាប់ពីលោក បានដឹកនាំសមយុទ្ធបាញ់កាំភ្លើងធំធ្វើឡើងដោយកងទ័ពប្រជាជនកូរ៉េ ជាកងកម្លាំងយោធារបស់ប្រទេស កាលពីសប្តាហ៍មុន។

ចិន លើកឡើងថា បម្រាមលើ បណ្ដាញសង្គមTikTok នឹងផ្តល់ផលត្រឡប់ទៅលើអាមេរិកវិញ

2024/03/14 09:35:44 am        137
ប្រទេសចិន បានព្រមានថា បម្រាមដែលបានស្នើលើក្រុមហ៊ុនបណ្ដាញសង្គម TikTok នឹងផ្តល់ផលត្រឡប់ទៅលើអាមេរិកវិញ ខណៈក្រុមតំណាងរាស្ត្រអាមេរិក បានអនុម័តលើពង្រាងច្បាប់មួយដែលអាចនាំឲ្យអេប (app) នេះត្រូវបានហាមប្រាម។ ពង្រាងច្បាប់នៅក្នុងសភា នឹងបង្ខំឲ្យអេប (app)គ្រប់គ្រងដោយប្រទេសចិន ផ្ដាច់ទំនាក់ទំនងជាមួយប្រទេសចិន ឬមិនអាចមាននៅក្នុងសហរដ្ឋអាមេរិក។ ក្រុមមន្ត្រីអាមេរិកបានបង្ហាញក្ដីកង្វល់ជាយូរមកហើយចំពោះកម្មវិធីវីដេអូកម្សាន្តខ្លីៗ TikTok ដោយយោងទៅលើកត្តាហានីភ័យផ្នែកសន្តិសុខជាតិដ៏សំខាន់។ម្ចាស់ក្រុមហ៊ុន TikTok បានច្រានចោលដដែលៗ ដែលថាបណ្ដាញសង្គមមួយនេះមានការគំរាមកំហែង។ មុនពេលបោះឆ្នោត អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនប៊ិន (Wang Wenbin) បានចោទប្រកាន់សហរដ្ឋអាមេរិកពីបទ គាបសង្កត់បណ្ដាញសង្គម TikTok ទោះបីជាការពិតដែលថាខ្លួន មិនដែលរកឃើញភស្តុតាងដែលថា TikTok គំរាមកំហែងដល់សន្តិសុខជាតិក៏ដោយ។លោក Wang បន្ថែមថាអាកប្បកិរិយាសម្លុតបែបនេះដែលមិនអាចឈ្នះក្នុងការប្រកួតប្រជែងដោយយុត្តិធម៌បាន រំខានដល់សកម្មភាពអាជីវកម្មធម្មតារបស់ក្រុមហ៊ុន បំផ្លាញទំនុកចិត្តរបស់អ្នកវិនិយោគអន្តរជាតិក្នុងបរិយាកាសវិនិយោគនិងធ្វើឱ្យខូចសណ្តាប់ធ្នាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិធម្មតា។ កាលពីថ្ងៃពុធ ពង្រាងច្បាប់នេះ បានអនុម័តដោយមានការគាំទ្រពីបក្សទាំង២ពីភាគីទាំង២ក្នុងសភា។ ដោយត្រូវបានគេស្គាល់ជាផ្លូវការថា ការការពារជនជាតិអាមេរិកពីច្បាប់កម្មវិធីគ្រប់គ្រងដោយសត្រូវបរទេស ឥឡូវនេះបានបញ្ជូនទៅកាន់ព្រឹទ្ធសភា ជាទីដែលគេមិនច្បាស់ថាតើ ពង្រាងច្បាប់នេះ មានការគាំទ្រគ្រប់គ្រាន់ដើម្បីអនុម័តឬអត់។សេតវិមានបាននិយាយថា ប្រសិនបើអាចទៅរួច លោកប្រធានាធិបតី Joe Biden នឹងចុះហត្ថលេខាលើច្បាប់នេះ៕

ប្រធានាធិបតីហ្វីលីពីន នឹងជួបលោក Blinken នៅសប្តាហ៍ក្រោយ ខណៈភាពតានតឹងសមុទ្រចិនខាងត្បូងកើនឡើង

2024/03/14 09:31:29 am        149
ការិយាល័យរបស់មេដឹកនាំទីក្រុងម៉ានីល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃពុធ (១៣ មីនា) ថាប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន ម៉ាកូស ជូនៀ (Ferdinand Marcos Jr) នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អាន់តូនី ប្លីងខិន (Antony Blinken) នៅថ្ងៃទី១៩ ខែមីនា ដើម្បីដោះស្រាយកិច្ចសហប្រតិបត្តិការ និងបញ្ហាសន្តិសុខ។ជំនួបនេះធ្វើឡើងបន្ទាប់ពីមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងហ្វីលីពីន និងចិន ជុំវិញជម្លោះដែនទឹកនៅសមុទ្រចិនខាងត្បូង។ លោក ម៉ាកូស បានប្តេជ្ញាការពារការទាមទារដែនសមុទ្ររបស់ហ្វីលីពីន បន្ទាប់ពីប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធដើម្បីសម្របសម្រួលការរៀបចំសម្រាប់ជម្លោះយោធានៅដែនសមុទ្រ។សារព័ត៌មានជប៉ុន អាសាហ៊ី (Asahi) ក៏បានរាយការណ៍ដែរថា បណ្ដាមេដឹកនាំមកពីប្រទេសជប៉ុន សហរដ្ឋអាមេរិក និងហ្វីលីពីន កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការរៀបចំកិច្ចប្រជុំកំពូលនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី នៅខែក្រោយនេះ។សេចក្តីសម្រេចឆ្នាំ២០១៦ ដោយតុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍នៅទីក្រុងឡាអេ បានរកឃើញថា ការទាមទារដ៏លើសលប់របស់ចិនមិនមានមូលដ្ឋានផ្លូវច្បាប់ទេ ប៉ុន្តែទីក្រុងប៉េកាំង បានច្រានចោលសេចក្តីសម្រេចនេះ ដោយអះអាងថាខ្លួនមាន «អធិបតេយ្យភាពដែលមិនអាចប្រកែកបាន» លើដែនទឹកភាគច្រើននៃសមុទ្រចិនខាងត្បូង៕

សភាអាមេរិក អនុម័តច្បាប់បង្ខំឱ្យ ByteDance លក់ TikTok បើមិនដូច្នេះទេនឹងប្រឈមការហាមឃាត់

2024/03/14 09:28:39 am        223
សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក បានអនុម័តយ៉ាងលើសលប់លើសេចក្ដីស្នើច្បាប់មួយកាលពីថ្ងៃពុធ (១៣ មីនា) ដែលនឹងផ្តល់ឱ្យម្ចាស់កម្មវិធីវីដេអូខ្លី ទីកតុក (TikTok) គឺក្រុមហ៊ុនចិន បៃឌែន (ByteDance) រយៈពេលប្រហែលប្រាំមួយខែ ដើម្បីលក់ទ្រព្យសម្បត្តិសហរដ្ឋអាមេរិកនៃកម្មវិធីវីដេអូកម្សាន្តមួយនេះ បើមិនដូច្នេះទេក្រុមហ៊ុននេះនឹងប្រឈមមុខនឹងការហាមឃាត់ នៅក្នុងការគំរាមកំហែងដ៏ធំបំផុតចំពោះ TikTok ចាប់តាំងពីរដ្ឋបាលលោកអតីតប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) មក។សេចក្ដីស្នើច្បាប់នេះបានអនុម័តក្នុងសំឡេងគាំទ្រ ៣៥២ ទល់នឹងការប្រឆាំង ៦៥ សំឡេងនៅក្នុងការបោះឆ្នោតទ្វេបក្ស ប៉ុន្តែសំណើនេះប្រឈមមុខនឹងផ្លូវមិនច្បាស់លាស់នៅក្នុងព្រឹទ្ធសភា ដែលអ្នកខ្លះគាំទ្រវិធីសាស្រ្តផ្សេងទៀតចំពោះចំណាត់ការលើកម្មវិធីដែលគ្រប់គ្រងដោយបរទេស និងបានបង្កឱ្យមានការព្រួយបារម្ភអំពីសុវត្ថិភាពនេះ។ ជោគវាសនារបស់ TikTok ដែលប្រើប្រាស់ដោយជនជាតិអាមេរិកប្រហែល ១៧០ លាននាក់ បានក្លាយជាបញ្ហាចម្បងនៅក្នុងទីក្រុងវ៉ាស៊ីនតោន។ សមាជិកសភាបាននិយាយថាការិយាល័យរបស់ពួកគេបានទទួលការហៅទូរស័ព្ទយ៉ាងច្រើនពីអ្នកប្រើប្រាស់ TikTok វ័យជំទង់ ដែលប្រឆាំងនឹងច្បាប់នេះ។វិធានការនេះ គឺជាជំហានចុងក្រោយបង្អស់នៅក្នុងទីក្រុងវ៉ាស៊ីនតោន ដើម្បីឆ្លើយតបនឹងកង្វល់សន្តិសុខជាតិរបស់អាមេរិកចំពោះប្រទេសចិន។ ក្រសួងការបរទេសចិន បានរិះគន់ច្បាប់នេះកាលពីថ្ងៃអង្គារ ដោយលើកហេតុផលថា «ទោះបីជាសហរដ្ឋអាមេរិក មិនដែលបានរកឃើញភស្តុតាងណាមួយដែលថា TikTok គំរាមកំហែងដល់សន្តិសុខជាតិក៏ដោយ ក៏អាមេរិកមិនដែលឈប់ធ្វើទុកបុកម្នេញ TikTok នោះទេ»៕

អនុរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា ឱ្យបានកាន់តែរីកចម្រើនបន្ថែមទៀត

2024/03/14 09:25:22 am        132
នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម កុមឹរ៉ា ម៉ាសាហ៊ីរ៉ូ (KOMURA Masahiro) អនុ​រដ្ឋមន្រ្តី ក្រសួងការបរទេសជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅ​វិមានសន្តិភាព។ក្នុងឱកាសនៃជំនួប ឯកឧត្តម កុមឹរ៉ា ម៉ាសាហ៊ីរ៉ូ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែល​បាន​ឆ្លៀត​ពេល​វេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួប​សម្តែង​ការ​គួរ​សម និងពិភាក្សាការងារ។ ឯកឧត្តមអនុរដ្ឋមន្រ្តី ក៏បានគោរពជម្រាបជូនសម្តេចធិបតីថា ជប៉ុន​នឹង​បន្ត​ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត ស្រប​តាម​ស្មារតី នៃ​ការឯកភាពគ្នារវាងប្រមុខរដ្ឋាភិបាលទាំងពីរ នាពេលកន្លងមក លើវិស័យជាច្រើន ដូចជា​ វិស័យពាណិជ្ជកម្ម និងវិនិយោគ ឧស្សាហកម្ម ទេសចរណ៍ ឌីជីថល ការពារជាតិ និងសន្តិសុខ​។ ទន្ទឹម​នឹងនេះ ឯកឧត្តមអនុរដ្ឋមន្រ្តី ក៏បានគោរពជម្រាបជូន សម្តេចធិបតី ផងដែរថា ក្នុង​ដំណើរ​ទស្សន​កិច្ច​នៅ​ព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ ឯកឧត្តមនឹងចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ឥណទានសម្បទាន ដែលមានទឹកប្រាក់ប្រមាណ​​ ១៥០​លាន​ដុល្លារ​ សម្រាប់គម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យក្នុងតំបន់ ​ព្រមទាំងចូលរួមក្នុងកិច្ចប្រជុំ ICC-Angkor / សំបូរ​ព្រៃគុក​ ដោយឯកឧត្តមបានលើកឡើងថា កិច្ចសហប្រតិបត្តិការនេះ គឺជា​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ​គំរូមួយលើវិស័យអភិរក្ស និងការពារបេតិកភណ្ឌវប្បធម៌ផងដែរ។ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះឯកឧត្តម កុមឹរ៉ា ម៉ាសាហ៊ីរ៉ូ និង​គណៈ​ប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំង​បាន​ថ្លែង​អំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកម្ពុជា-ជប៉ុន ដែលជា​ទំនាក់​ទំនង​ស្ថិតក្នុ​ងក​ម្រិតល្អប្រសើរបំផុតក្នុងប្រវត្តិនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ បន្ទាប់ពីការ​ដំឡើង​កម្រិត​ទំនាក់​ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” ក្នុងឆ្នាំ ២០២៣។ សម្តេច​ធិបតី​ បានគូសបញ្ជាក់ជូនឯកឧត្តមអនុរដ្ឋមន្ត្រីផងដែរថា ក្នុងរយៈពេល៦ខែនេះ កម្ពុជា និងជប៉ុន បាន​សម្រេច​នូវសមិទ្ធផលរួមគ្នាជាច្រើន ដូចជា៖ ការសម្ពោធផ្លូវជាតិលេខ៥ ការ​សម្ពោធ​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹកកខ្វក់ ការពង្រីកកំពង់ផែស្វយ័តខេត្តព្រះសីហនុ និងការ​ជំរុញ​វិនិយោគ​ពី​ប្រទេស​ជប៉ុន​មក​កម្ពុជា​ជាដើម។ ក្នុងក្របខ័ណ្ឌនៃវិស័យការពារជាតិ និងសន្តិសុខ សម្តេចធិបតី បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងការ ដំឡើង​កម្រិត​នៃ​កិច្ច​ប្រជុំ​មន្ត្រី​ជាន់​ខ្ពស់​នៃប្រទេសទាំងពីរ និងការធ្វើសកម្មភាពរួមគ្នាមួយចំនួន ដូចជា ទស្សនកិច្ច​កងនាវានៃ​កង​កម្លាំង​ស្វ័យការពារជើងទឹកជប៉ុន ព្រមទាំង​ការធ្វើលំហាត់រួមគ្នាផងដែរ។ ជាងនេះទៅទៀត សម្ដេច​ធិបតី ក៏បានថ្លែងអំណរគុណចំពោះការជួយគាំទ្ររបស់ប្រទេសជប៉ុន តាមរយៈយន្តការ ICC-Angkor ដែលជាយន្តការមួយក្នុងការចូលរួមថែរក្សា និងអភិរក្ស​បេតិកភណ្ឌ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ព្រមទាំងបានកត់សម្គាល់ពីភាពរីកចម្រើននៃយន្តការនេះ ដោយបាន​ពង្រីក​ដល់​ការ​អភិរក្ស​នៅ​តំបន់ប្រាសាទសំបូរព្រៃគុក និងការបន្តសុពលភាពនៃយន្តការនេះ រយៈពេល ១០​ឆ្នាំ​បន្ថែម​ទៀត​ផងដែរ។ មុននឹងបញ្ចប់ សម្ដេចធិបតី និងឯកឧត្តមអនុរដ្ឋមន្ត្រី ក៏បាន​បញ្ជាក់​អំពី​ការ​បន្ត​នូវ​កិច្ចសហប្រតិបត្តិការ ក្នុងតំបន់ និងអន្តរជាតិ ដើម្បីរួមចំណែកក្នុងការគាំពារដល់សន្តិភាព និង​វិបុលភាពនៅក្នុងតំបន់ និងអន្តរជាតិផងដែរ៕

ប្រធាន IAEA សង្កត់ធ្ងន់លើការត្រួតពិនិត្យបន្ថែមទៀតនៃការបញ្ចេញទឹកសំណល់នុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា

2024/03/14 09:04:50 am        84
អគ្គនាយកទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) លោក រ៉ាហ្វាអែល ហ្គ្រូស៊ី (Rafael Grossi) បានសង្កត់ធ្ងន់លើការបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីត្រួតពិនិត្យការបង្ហូរទឹកសំណល់ដែលមានមេរោគនុយក្លេអ៊ែរចូលក្នុងមហាសមុទ្រ ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដៃអ៊ីឈី (Fukushima Daiichi) ដែលរងការខូចខាត របស់ប្រទេសជប៉ុន នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃពុធ (១៣ មីនា)។ប្រធានទីភ្នាក់ងារ IAEA រូបនេះបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់អង្គការនេះក្នុងការត្រួតពិនិត្យបន្ថែមលើការបង្ហូរសំណល់ទឹក នៅពេលដែលលោកបានជួបជាមួយក្រុមអ្នកនេសាទក្នុងស្រុកនៅទីក្រុង អ៊ីវ៉ាគី (Iwaki) នៃខេត្តភាគឦសាន ហ្វ៊ូគូស៊ីម៉ា (Fukushima) ក្នុងអំឡុងពេលធ្វើដំណើររយៈពេលបីថ្ងៃនៅក្នុងប្រទេសជប៉ុន។លោក ហ្គ្រូស៊ី ដែលបានសង្កត់ធ្ងន់លើតួនាទីរបស់ទីភ្នាក់ងារ IAEA ជាអ្នកសង្កេតការណ៍ឯករាជ្យ បានរំលឹកឡើងវិញនូវជំហររបស់អង្គការនេះលើការបន្តប្រុងប្រយ័ត្នពេញមួយដំណើរការត្រួតពិនិត្យ។ខណៈពេលដែលរដ្ឋាភិបាលជប៉ុន និងប្រតិបត្តិកររោងចក្រអគ្គិសនីតូក្យូ (TEPCO) បានអះអាងពីសុវត្ថិភាព និងភាពចាំបាច់នៃការបញ្ចេញទឹកនេះ ការព្រួយបារម្ភជាច្រើនត្រូវបានលើកឡើងដោយបណ្ដាប្រទេសជិតខាង និងអ្នកពាក់ព័ន្ធក្នុងតំបន់ទាក់ទងនឹងផលប៉ះពាល់បរិស្ថានដែលអាចកើតមាន៕

គណ:កម្មការទី៣ នៃរដ្ឋសភា ទទួលជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងបរិស្ថាន

2024/03/14 08:36:56 am        67
គណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានក្នុងបំណងស្វែងយល់ និងពិគ្រោះយោបល់លើការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ពាក់ព័ន្ធនឹងវិស័យបរិស្ថាន។ជំនួបពិភាក្សាការងាររវាងគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា ជាមួយគណ:ប្រតិភូក្រសួងបរិស្ថានបានធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែមីនាឆ្នាំ២០២៤ នាសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាតំណាងគណៈកម្មការជំនាញនៃរដ្ឋសភា។ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះគឺធ្វើឡើងក្នុងគោលបំណងសិក្សាស្វែងយល់នូវវិស័យការងារដែលជាសមត្ថកិច្ចទទួលខុសត្រូវរបស់គណៈកម្មការទី៣ នៃរដ្ឋសភា រួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាឱ្យមានប្រសិទ្ធភាព។ ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ាង សុផល្លែត បានមានប្រសាសន៍ជម្រាបជូនគណៈកម្មការជំនាញទាំង១០ នៃរដ្ឋសភាថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាប្រមុខ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដោយបានអនុវត្តផែនការសកម្មភាព និងមានវិធានការដោះស្រាយច្បាស់លាស់លើបញ្ហាបរិស្ថាន ជាពិសេសគឺពង្រឹងច្បាប់លើកវិស័យព្រៃឈើដោយគ្មានយោគយល់នោះទេដោយអនុវត្តពីថ្នាក់ក្រោមរហូតដល់ថ្នាក់ជាតិដើម្បីរួមគ្នាថែរក្សាអនុផលព្រៃឈើឱ្យគង់វង់រក្សាសម្រស់ធម្មជាតិបៃតង និងទុកជាជម្រកសត្វព្រៃ។ នាពេលបច្ចុប្បន្នក្រសួងបរិស្ថានក៏បានធ្វើការផ្សព្វផ្សាយដល់សាធារណជនទូទាំងប្រទេសឱ្យយល់ពីការថែរក្សាបរិស្ថាន និងធ្វើការផ្សព្វផ្សាយលុបបំបាត់មិនឱ្យមានថង់ផ្លាស្ទីក ជាពិសេសក្រសួងបានដាក់ចេញនៅផែនការភាពស្អាតដោយបញ្ចូលភាពស្អាតបរិស្ថានជុំវិញខ្លួន បញ្ជ្រាបក្នុងផ្នត់គំនិតរបស់ប្រជាជន និងពិភពលោកឱ្យចូលរួមថែរក្សាបរិស្ថាន ដោយធ្វើការរស់នៅស្អាត ហូបស្អាតដែលជាកត្តាចាំបាច់ក្នុវការរស់នៅប្រចាំថ្ងៃ។ ឯកឧត្តមបន្តថាក្រសួងបានធ្វើការជម្រុញផ្សព្វផ្សាយដល់ប្អូនប្រជាពលរដ្ឋឱ្យចូលរួមដាំដើមឈើឱ្យបានច្រើនដើម្បីប្រែក្លាយទៅជាតំបន់បៃតងគ្រប់ទីកន្លែងជាពិសេសក្រសួងក៏នឹងមានគម្រោងធ្វើការចែកជូនកូនឈើដល់ប្រជាជនចំនួន១០ម៉ឺនដើមសម្រាប់ដាំដុះទៅតាមតម្រូវរបស់បងប្អូន។ ក្រសួងក៏មានគោលដៅមួយចំនួនទៀតធ្វើការកែប្រែតំបន់ការពារទៅជាគោលដៅលំហែបៃតងនៅតាមតំបន់សហគមមួយចំនួនដើម្បីធ្វើការចូលរួមទាក់ទាញនៅភ្ញៀវទេសចរណ៍មកកាន់តែច្រើនក្នុងកែប្រែជីវភាពរស់នៅរបស់បងប្អូនឱ្យកាន់តែប្រសើរឡើង។បន្ទាប់ពីបានស្តាប់នូវការរាយការណ៍របស់ឯកឧត្តមរដ្ឋមន្ត្រីរួចមក ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង បំពេញការងាររបស់ក្រសួងក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តមរដ្ឋមន្រ្តី ដោយបានសម្រេចនូវសមិទ្ធផលសំខាន់ៗជាច្រើន ក្នុងក្របខ័ណ្ឌវិស័យបរិស្ថានដែលបានរួមចំណែកយ៉ាងធំធេងក្នុងការថែរក្សាបរិស្ថានឱ្យភាពល្អប្រសើរ ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា ច្រានចោលការផ្សាយលើផេកហ្វេសប៊ុករបស់ថៃ និងបញ្ជាក់ថា តំបន់ភូមិព្រៃចាន់ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ 42 និង 43 គឺជាតំបន់ដែលភាគីកម្ពុជា-ថៃពុំទាន់បានឯកភាពគ្នា
09/21/2025 10:09 AM
នគរបាលហូឡង់ បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងបានប៉ះទង្គិចជាមួយបាតុករប្រឆាំងអន្តោប្រវេសន៍
09/21/2025 10:09 AM
យន្តហោះរុស្ស៊ីចូលក្នុងដែនអាកាសរបស់អេស្តូនីក្នុងការសាកល្បងចុងក្រោយសម្រាប់អង្គការណាតូ
09/21/2025 10:09 AM
បុណ្យភ្ជុំបិណ្ឌវេនទី១៤ ប្រជាពុទ្ធបរិស័ទនៅរាជធានីភ្នំពេញ កាន់តែច្រើនកុះករ យកទេយ្យទាន និងចង្ហាន់នានាទៅប្រគេនព្រះសង្ឃ
09/21/2025 10:09 AM
សម្ដេចធិបតី រាជរដ្ឋាភិបាលកំពុងអនុវត្តគ្រប់មធ្យោបាយដើម្បីជួយឱ្យយោធិនទាំង១៨រូបបានត្រលប់មកវិញ
09/21/2025 10:09 AM
សម្ដេចធិបតី អំពាវនាវដល់ពលរដ្ឋគោរពច្បាប់ចរាចរណ៍ដើម្បីរក្សាសុវត្ថិភាពនៅតាមដងផ្លូវទាំងអស់គ្នា
09/21/2025 10:09 AM
មនុស្សមួយចំនួនបានស្លាប់ទាំងនៅអ៊ុយក្រែន និងរុស្ស៊ី ក្នុងពេលវាយប្រហារដោយយានដ្រូននិងមីស៊ីលទៅវិញទៅមក
09/21/2025 10:09 AM
ជនជាតិប៉ាឡេស្ទីន ៦០ នាក់បានស្លាប់ ខណៈអ៊ីស្រាអែលបន្តវាយប្រហារទីក្រុងហ្កាហ្សា
09/21/2025 10:09 AM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងប្រធានគណៈប្រតិភូអាយប៉ា អញ្ជើញចុះហត្ថលេខាលើរបាយការណ៍លទ្ធផលមហាសន្និបាតលើកទី៤៦
09/21/2025 08:09 AM
ហូលីវីតចិន គ្រោងផលិតភាពយន្តភាគខ្លីៗ និងអភិវឌ្ឍទេសចរណ៍ជាមួយបច្ចេកវិទ្យាទំនើប នៅកម្ពុជា
09/20/2025 09:09 PM