គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចធិបតី បង្ហាញមោទនភាពចំពោះសមិទ្ធផលព្រលានយន្តហោះអន្តរជាតិតេជោ នៅលើទឹកដីកម្ពុជា

2024/03/12 01:07:04 pm        113
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បង្ហាញមោទនភាព និងអារម្មណ៍រំភើប ចំពោះសមិទ្ធផលព្រលានយន្តហោះអន្តរជាតិតេជោនៅលើទឹកដីកម្ពុជា ក្នុងឱកាសអញ្ជើញពិនិត្យការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ កណ្តាលស្ទឹង ខេត្តកណ្ដាល ខណៈការសាងសង់ជំហានទី១ សម្រេចបានជាង ៦៦ ភាគរយហើយ និងគ្រោងដាក់ឱ្យប្រើប្រាស់នៅឆ្នាំក្រោយ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ក្នុងឱកាសអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ ដោយបានកោតសរសើរ និងបង្ហាញមោទនភាពចំពោះសមិទ្ធផលព្រលានយន្តហោះអន្តរជាតិតេជោ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ សម្ដេចធិបតីបញ្ជាក់ថា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ គឺត្រូវបន្តរហូតទោះបីជាអំឡុងពេលការផ្ទុះរីករាលដាលជំងឺកូវីដ-១៩ ក៏ដោយ គឺមិនបានឈប់សម្រាកនោះទេ។ ខណៈវឌ្ឍនភាពជំហានទី១ នៃការសាងសង គឺសម្រេចបានជាង ៦៦% និងបានចំណាយទឹកប្រាក់សរុបសម្រាប់ការសាងសង់ប្រមាណ ១ ពាន់លានដុល្លារហើយ។ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័ន អ្នកវិនិយោគិនដែលបានបណ្ដាក់ទុន និងកម្មករ អ្នកសាងសង់ព្រលានយន្តហោះនេះទាំងអស់ ដែលបានរួមគ្នាធ្វើការដោះស្រាយបញ្ហាផ្សេងៗ និងធ្វើឱ្យការការសាងសង់អាកាសយានដ្ឋាន​អន្តរជាតិតេជោ អាចដំណើរការទៅបានដោយរលូន និងប្រកបដោយសមិទ្ធផលរហូត​មកទល់ពេលនេះ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបញ្ជាក់ថា ប្រទេសកម្ពុជាធ្លាប់មានព្រលានយន្តហោះខ្នាតធំ កាលពី ៦៥ឆ្នាំមុន ប៉ុន្តែនៅឆ្នាំខាងមុខនេះប្រទេសកម្ពុជា នឹងបើកដំណើរការព្រលានយន្តហោះខ្នាតធំ​ជាប្រវត្តិសាស្រ្ត​មួយទៀត។ សម្តេចធិបតីថ្លែងថា សម្តេចធ្លាប់បានឃើញព្រលានយន្តហោះធំ​ច្រើនហើយ​ តែមិនរំភើបដូចឃើញព្រលានយន្តហោះអន្តរជាតិតេជោ នៅលើទឹកដីកម្ពុជាបែប​នេះឡើយ ពីព្រោះសមិទ្ធផលនេះ ​គឺជា របស់ខ្មែរ នៅលើទឹកដីកម្ពុជា។ សូមជម្រាបថា គម្រោងអភិវឌ្ឍសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ត្រូវបានបែងចែកជា ៣ដំណាក់កាល។ ដំណាក់កាលទី១ អាកាសយានដ្ឋានអន្តរជាតិនេះ អាចទទួលអ្នកដំណើរបានប្រមាណ ១៣ លាននាក់ក្នុងមួយឆ្នាំ, ដំណាក់កាលទី២ អាចទទួល​បានអ្នកដំណើរ ៣០លាននាក់ក្នុង១ឆ្នាំ និងដំណាក់កាលទី៣ អាចទទួលបានអ្នកដំណើររហូតដល់ ៥០ លាននាក់ក្នុងមួយឆ្នាំ។ កាលានុវត្តភាពថ្មីនេះ នឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក្លា និងសំខាន់សម្រាប់វិស័យទេសចរណ៍ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និយាយដោយឡែក ព្រមទាំងវិស័យទេសចរណ៍នៅទូទាំងប្រទេស និយាយជារួម។ បន្ថែមពីនេះ​ក៏នឹងអាចទាក់ទាញដល់វិនិយោគិន មកវិនិយោគនៅកម្ពុជា រួមទាំងផ្តល់ប្រយោជន៍​សេដ្ឋកិច្ចដល់ប្រជាពលរដ្ឋផងដែរ៕អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចធិបតី៖ មានសន្តិភាព និងស្ថិរភាព ទើបមានវិនិយោគិនមកវិនិយោគនៅកម្ពុជា

2024/03/12 12:58:57 pm        177
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានមានប្រសាសន៍បញ្ជាក់បន្ថែមអំពីគុណតម្លៃនៃសន្ដិភាព និងស្ថិរភាពរបស់ប្រទេសកម្ពុជា ដែលរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋបានរួមគ្នាខិតខំថែរក្សាបានរហូតមកដល់បច្ចុប្បន្ននេះ គឺជាសមិទ្ធផលមួយដ៏សំខាន់ដែលអាចទាក់ទាញកំណើនវិនិយោគនានាពីបណ្ដាប្រទេសផ្សេងៗមកបណ្ដាក់ទុននៅកម្ពុជា។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមិទ្ធផលនានា រួមទាំងព្រលានយន្តហោះអន្តរជាតិនេះ កើតឡើងទៅបានដោយសារប្រទេសកម្ពុជា មានសុខសន្តិភាព និងស្ថិរភាព ប្រជាពលរដ្ឋរួបរួមសាមគ្គីគ្នា និងជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលតាំងពីអាណត្តិមុនដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន និងនៅអាណត្តិទី៧នេះផងដែរ។ សម្តេចធិបតីបានបញ្ជាក់ថា ដោយសារកត្តាសន្តិភាព និងស្ថិរភាពនេះហើយទើបវិនិយោគិនបរទេសមកបណ្តាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា។ក្នុងឱកាសនោះសម្តេចធិបតី នាយករដ្ឋមន្រ្ដីក៏បានសង្កត់ធ្ងន់ថា កាលពីអតីតកាល ដោយសារសង្រ្គាមព្រលានយន្តហោះនៅកម្ពុជាត្រូវបានប្រើប្រាស់សម្រាប់តែដឹកមនុស្សចេញពីប្រទេសឬធ្វើចំណាកស្រុកទៅប្រទេសផ្សេងតែប៉ុណ្ណោះ ប៉ុន្តែនៅពេលនេះនៅកម្ពុជាមានភ្ញៀវទេសចរ ចូលមកទស្សនា និងមានភ្ញៀវទេសចរក្នុងស្រុកចេញទៅលេងក្រៅប្រទេសប្រកបដយសន្ដិភាព និងនិរន្តរភាពយ៉ាងខ្លាំង៕អត្ថបទ៖វ៉ន ដារ៉ា

សម្តេចធិបតី៖ អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាចលករសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ

2024/03/12 12:52:27 pm        96
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ថា សមិទ្ធផលអាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាចលករដ៏មានតម្លៃសម្រាប់ជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីមានប្រសាសន៍បែបនេះ ក្នុងឱកាស អញ្ជើញត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សំណង់អាកាសយានដ្ឋានអន្តរជាតិតេជោ ពុំមែនតែជានិមិត្តរូបនៃភាពល្អមើលប៉ុណ្ណោះទេ ប៉ុន្តែគឺបង្ហាញពីការរីកចម្រើនរបស់កម្ពុជា និងការទាក់ទាញភ្ញៀវទេសចរ ជាពិសេស គឺជាចលករសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាជន។សម្តេចធិបតីនាយករដ្ឋមន្រ្ដី បានបញ្ជាក់បន្ថែមថា ព្រលានយន្តហោះនេះក៏នឹងចូលរួមទាក់ទាញ និងជំរុញវិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើន ដើម្បីបង្កើតការងារ និងបង្កើនចំណូលជូនប្រជាពលរដ្ឋ និងបង្កើនចំណូលថវិកាជាតិផងដែរ។ សម្តេចធិបតីសង្កត់ធ្ងន់ថា វិស័យទេសចរណ៍ បាននិងកំពុងចូលរួមចំណែកយ៉ាងធំធេងសម្រាប់​កំណើន​សេដ្ឋកិច្ចជាតិ ប៉ុន្តែទន្ទឹមនោះ កម្ពុជាត្រូវពង្រឹង និងពង្រីកសេវាកម្មទេសចរណ៍​ឱ្យកាន់​តែច្រើនថែមទៀត ជាពិសេសវិស័យទេសចរណ៍របស់កម្ពុជា ​ដែលមានគុណភាព ដើម្បីឱ្យ​ទេសចរបរទេសស្នាក់នៅយូរអង្វែងនៅក្នុងប្រទេសកម្ពុជា៕អត្ថបទ៖ វ៉ន ដារ៉ា

នាយករដ្ឋមន្ត្រីហៃទី បានលាលែងពីតំណែង ខណៈវិបត្តិកាន់តែធ្ងន់ធ្ងរបង្កឡើងដោយក្រុមជនអន្ធពាល

2024/03/12 12:26:26 pm        78
យោងតាមក្រុមមេដឹកនាំក្នុងតំបន់ នាយករដ្ឋមន្ត្រីដែលកំពុងរងសម្ពាធយ៉ាងខ្លាំង លោក អារៀល ហេនរី (Ariel Henry) បានលាលែងពីតំណែង ប៉ុន្មានសប្ដាហ៍ក្រោយភាពចលាចលកាន់តែខ្លាំង នៅក្នុងប្រទេសស្ថិតក្នុងតំបន់ការ៉ាអ៊ីប មួយនេះ ជាទីដែលក្រុមជនអន្ធពាលកំពុងវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធរដ្ឋាភិបាល ហើយសណ្ដាប់ធ្នាប់សង្គមស្ទើរតែដួលរលំ។ ក្រុមមន្ត្រីរបស់ប្លុក CARICOM ក្នុងតំបន់ បានប្រកាសកាលពីយប់ថ្ងៃចន្ទថា លោកហេនរី បានដាក់លិខិតលាលែងពីតំណែងរបស់លោករួចរាល់ហើយ។ លោក អ៊ីហ្វានអាលី (Irfaan Ali )ប្រធានប្លុក CARICOM និងជាមេដឹកនាំប្រទេសកោះ ហ្គីយ៉ាណាបាននិយាយថា យើងទទួលស្គាល់ការលាលែងពីតំណែងរបស់លោកនាយករដ្ឋមន្ត្រី អារៀល ហេនរី លើការបង្កើតក្រុមប្រឹក្សាប្រធានាធិបតីអន្តរកាល និងការតែងតាំងនាយករដ្ឋមន្ត្រីបណ្តោះអាសន្ន។ នៅពេលអំពើហិង្សាដ៏ធ្ងន់ធ្ងរបានផ្ទុះឡើងកាលពីសប្ដាហ៍មុន លោក ហេនរី ស្ថិតក្នុងប្រទេសកេនយ៉ាដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយក្នុងការបញ្ជូនមន្ត្រីនគរបាលកេនយ៉ាទៅកាន់ប្រទេសហៃទីដើម្បីស្ដារស្ថានភាពសន្តិសុខឡើងវិញ ដែលរដ្ឋាភិបាលរបស់លោកបានបាត់បង់ការគ្រប់គ្រង។ លោក ហេនរី ដែលបានឡើងកាន់អំណាចដោយពុំបានបោះឆ្នោតកាលពីឆ្នាំ ២០២១ បន្ទាប់ពីការធ្វើឃាតប្រធានាធិបតី នៅពេលនោះរបស់ប្រទេសហៃទី បានពន្យារពេលការបោះឆ្នោតដែលបានគ្រោងធ្វើឡើងកាលពីខែមុន ដោយនិយាយថា មិនអាចមានការបោះឆ្នោតកើតឡើងទេ រហូតដល់ប្រទេសនេះមានសុវត្ថិភាព។ ប៉ុន្តែការសម្រេចចិត្តរបស់លោកបានធ្វើឱ្យក្រុមបាតុករខឹងសម្បារកាន់តែខ្លាំង ដែលទាមទារឱ្យលាលែងពីតំណែងជាច្រើនខែមកហើយ ខណៈប្រទេសហៃទីបានធ្លាក់ចូលទៅក្នុងភាពក្រីក្របន្ថែមទៀត និងអំពើហិង្សាបង្កឡើងដោយក្រុមជនអន្ធពាលកាន់តែធ្ងន់ធ្ងរ ៕

ប្រធាន IAEA នឹងពិនិត្យមើលប្រតិបត្តិការបង្ហូរទឹកពីរោងចក្រនុយក្លេអ៊ែរ Fukushima Daiichi

2024/03/12 12:15:09 pm        92
ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ នឹងទៅពិនិត្យមើលរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ដែលមិនដំណើរការ នៅថ្ងៃពុធ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសជប៉ុន។ អគ្គនាយក លោក Rafael Mariano Grossi នឹងធ្វើដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃទៅកាន់ប្រទេសនេះ តាមការអញ្ជើញរបស់ក្រសួងការបរទេសជប៉ុន។ លោក ត្រូវបានគេរំពឹងថានឹង ជួបជាមួយប្រធានគណៈរដ្ឋមន្ត្រីលោក Hayashi Yoshimasa នៅថ្ងៃអង្គារនេះ ជាថ្ងៃដំបូងនៃដំណើរទស្សនកិច្ច។ នេះនឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ចាប់តាំងពីប្រតិបត្តិកររោងចក្រ Fukushima Daiichi បានចាប់ផ្តើមបញ្ចេញទឹកធ្វើប្រព្រឹត្តិកម្ម និងពង្រាវរួចចូលទៅក្នុងមហាសមុទ្រ កាលពីខែសីហា ឆ្នាំមុន។ លោក Grossi នឹងពិនិត្យមើលពីរបៀបប្រតិបត្តិការបង្ហូរទឹកចេញ ដែលកំពុងត្រូវបានអនុវត្ត នៅពេលលោកទៅកាន់រោងចក្រនៅថ្ងៃពុធស្អែកនេះ។ មុននឹងបញ្ចេញទឹកដែលបានធ្វើប្រព្រឹត្តិកម្មរួចចូលទៅក្នុងមហាសមុទ្រ ប្រតិបត្តិកររបស់រោងចក្របានពង្រាវទឹកដើម្បីកាត់បន្ថយកម្រិតសារធាតុទ្រីទីចូម(tritium) ដល់ប្រហែលមួយភាគប្រាំពីរនៃកម្រិតណែនាំរបស់អង្គការសុខភាពពិភពលោកសម្រាប់ទឹកទទួលទាន។ ទីភ្នាក់ងារ IAEA បានបញ្ជាក់ជាថ្មីនៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយកាលពីខែមករា ថា ប្រតិបត្តិការនេះ គឺស្របទៅនឹងស្តង់ដារសុវត្ថិភាពអន្តរជាតិ។ ប៉ុន្តែប្រទេសចិន បានផ្អាកការនាំចូលផលិតផលសមុទ្ររបស់ប្រទេសជប៉ុន បន្ទាប់ពីប្រតិបត្តិករ បានចាប់ផ្តើមបញ្ចេញទឹកដែលបានធ្វើប្រព្រឹត្តិកម្មនិងពង្រាវរួច។ កាលពីថ្ងៃច័ន្ទ ប្រទេសជប៉ុន បានប្រារព្ធខួប១៣ឆ្នាំ នៃឧបទ្ទវហេតុនៅរោងចក្រ Fukushima Daiichi ។ នៅថ្ងៃនោះដែរ នាយករដ្ឋមន្ត្រីជប៉ុន លោក Kishida Fumio បាននិយាយថា ការរឹតត្បិត ដែលពុំមានមូលដ្ឋាននៅក្នុងវិទ្យាសាស្ត្រ មិនត្រូវបណ្តែតបណ្តោយឱ្យបាននោះទេ។ លោក បានប្ដេជ្ញាបន្តទាមទារឱ្យប្រទេសចិន ដកចេញវិធានការនេះជាបន្ទាន់។ រដ្ឋាភិបាលជប៉ុន សង្ឃឹមថានឹងបំបាត់ការព្រួយបារម្ភពីសុវត្ថិភាពទាំងក្នុងប្រទេស និងក្រៅប្រទេស ដោយមានការចូលរួមពីទីភ្នាក់ងារថាមពលអតាមិកអន្តរជាតិ(IAEA)។

លោក Biden ជួបការលំបាកក្នុងការទាញយកប្រជាប្រិយភាពពីអ្នកបោះឆ្នោតជនជាតិស្បែកខ្មៅនៅរដ្ឋ Georgia

2024/03/12 12:02:31 pm        107
មានការផ្លាស់ប្តូរជាច្រើនចាប់តាំងពីក្រុមសង្គមស៊ីវិលសម្រាប់ជនជាតិស្បែកខ្មៅ វ័នដា ម៉ូស៍លី (Wanda Mosley) បានជំរុញអ្នកបោះឆ្នោតជនជាតិស្បែកខ្មៅរាប់ពាន់នាក់នៅទូទាំងរដ្ឋ ចចា (Georgia) ដើម្បីជួយយកជ័យជម្នះការបោះឆ្នោតសកលកាលពីឆ្នាំ២០២០ សម្រាប់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden)។បច្ចុប្បន្ន អ្នកបោះឆ្នោតស្បែកខ្មៅមួយចំនួន មានអារម្មណ៍មិនសប្បាយចិត្តដោយសារកំណើននៃការចំណាយសម្រាប់ការរស់នៅប្រចាំថ្ងៃ និងអាទិភាពនៃយុត្តិធម៍ពូជសាសន៍ដែលពួកគេមានអារម្មណ៍ថាគណបក្សប្រជាធិបតេយ្យរបស់លោក បៃដិន មិនទាន់បានបំពេញតាមការសន្យា នេះបើយោងតាមការស្ទង់មតិ និងការសម្ភាសន៍បានបង្ហាញ។ការស្ទង់មតិរបស់មជ្ឈមណ្ឌលស្រាវជ្រាវ ភូ (Pew) នៅក្នុងខែមករា បានរកឃើញថាជនជាតិអាមេរិកស្បែកខ្មៅមានការខ្វែងគំនិតគ្នាលើការបំពេញមុខងាររបស់លោក បៃដិន ដែលប្រហែល ៤៩ ភាគរយនៃមនុស្សពេញវ័យស្បែកខ្មៅមិនយល់ស្រប ហើយមានមនុស្ស ៤៨ ភាគរយប៉ុណ្ណោះបានយល់ស្រប ខណៈធ្លាប់មានអ្នកបោះឆ្នោតស្បែកខ្មៅ ៩២ ភាគរយបានគាំទ្រលោក បៃដិន កាលពីឆ្នាំ២០២០។ទាំងលោក បៃដិន និងគូប្រជែងរបស់ខ្លួន គឺបេក្ខជនមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) បានទៅបំពេញទស្សនកិច្ចនៅរដ្ឋ Georgia កាលពីថ្ងៃសៅរ៍ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទាក់ទាញអ្នកបោះឆ្នោតមុនការបោះឆ្នោតបឋមនៅថ្ងៃអង្គារ។ លទ្ធផលនៅទីនោះអាចដើរតួនាទីជាផ្លូវដ៏លំបាកមួយនៅខាងមុខសម្រាប់លោក បៃដិន មុនពេលការបោះឆ្នោតសកលនៅខែវិច្ឆិកា ក្នុងការទាញការគាំទ្រពីអ្នកបោះឆ្នោតជនជាតិស្បែកខ្មៅ ដែលតាមប្រវត្តិសាស្ត្រគឺជាប្លុកបោះឆ្នោតដ៏ស្មោះត្រង់បំផុតរបស់គណបក្សប្រជាធិបតេយ្យ៕

ប្រមុខ NATO៖ ស៊ុយអែត ចូលជាសមាជិកអង្គការណាតូ បង្ហាញថាលោក ពូទីន បានបរាជ័យហើយ

2024/03/12 11:59:36 am        86
ប្រធានអង្គការណាតូ លោក ជេនស៍ ស្តុលថិនប៊ឺក (Jens Stoltenberg) បាននិយាយកាលពីថ្ងៃចន្ទ (១១ មីនា) ថាការចូលជាសមាជិករបស់ប្រទេសស៊ុយអែត ទៅក្នុងសម្ព័ន្ធយោធាដឹកនាំដោយសហរដ្ឋអាមេរិកនេះ បានបង្ហាញថាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាន «បរាជ័យ» នៅក្នុងយុទ្ធសាស្ត្រសង្គ្រាមអ៊ុយក្រែន ក្នុងការព្យាយាមធ្វើឱ្យប្រទេសនេះចុះខ្សោយ។លោក ស្តុលថិនប៊ឺក បាននិយាយថា ការឈ្លានពានរបស់វិមានក្រឹមឡាំង មិនត្រឹមតែបានជំរុញឱ្យបណ្ដាប្រទេសដែលពីមុនមិនចូលបក្សសម្ព័ន្ធ ដូចជាស៊ុយអែត និងហ្វាំងឡង់ ឱ្យស្ថិតនៅក្រោមឆ័ត្រការពារជាតិរបស់ណាតូប៉ុណ្ណោះទេ ប៉ុន្តែឥឡូវនេះ «អ៊ុយក្រែនផ្ទាល់ក៏កាន់តែខិតជិតសមាជិកភាពណាតូជាងពេលមុនៗដែរ»។ការអត្ថាធិប្បាយរបស់ប្រមុខណាតូ ដែលធ្វើឡើងនៅក្បែរនាយករដ្ឋមន្ត្រីស៊ុយអែត លោក អឺហ្វ គ្រីស្ទើសសុន (Ulf Kristersson) នេះ បានកើតឡើងមុនពេលទង់ជាតិរបស់ប្រទេសស៊ុយអែតត្រូវបានបង្ហូតឡើងលើបង្គោលទង់ជាតិនៅឯទីស្នាក់ការកណ្តាលទីក្រុងប្រ៊ុចសែល របស់អង្គការណាតូ ក្នុងពិធីមួយដែលប្រទេសស៊ុយអែតក្លាយជាប្រទេសសមាជិកទី៣២ របស់សម្ព័ន្ធយោធា។សម្រាប់រុស្សី លោក ពូទីន បានចាត់ទុកការលុកលុយទាំងអស់របស់ខ្លួននៅឆ្នាំ ២០២២ លើអ៊ុយក្រែនថាជា «ប្រតិបត្តិការយោធាពិសេស» ការពារប្រឆាំងនឹងអង្គការណាតូ ដែលកំពុងពង្រីកខ្លួន ខណៈបណ្ដាប្រទេសសមាជិកនៃសម្ព័ន្ធយោធានេះបានផ្ដល់ប្រាក់ជំនួយផ្នែកយោធា និងហិរញ្ញវត្ថុរបស់ពួកគេដល់ទីក្រុងគីវ ក្នុងការប្រយុទ្ធរបស់ខ្លួនប្រឆាំងតបតនឹងរុស្ស៊ី៕

ឥណ្ឌា មានចំណាត់ការមុនការបោះឆ្នោតដើម្បីអនុវត្តច្បាប់ចូលសញ្ជាតិ ដែលប្រឆាំងដោយពលរដ្ឋមូស្លីម

2024/03/12 11:55:55 am        90
ប្រទេសឥណ្ឌា បានប្រកាសវិធានការកាលពីថ្ងៃចន្ទ ទី១១ ខែមីនា ដើម្បីអនុវត្តច្បាប់ចូលសញ្ជាតិឆ្នាំ ២០១៩ ដែលក្រុមអ្នករិះគន់ ចាត់ទុកថាប្រឆាំងពលរដ្ឋមូស្លីម ប៉ុន្មានសប្តាហ៍មុនពេលនាយករដ្ឋមន្ត្រី លោក Narendra Modi ស្វែងរកអាណត្តិទីបី សម្រាប់រដ្ឋាភិបាលជាតិនិយមហិណ្ឌូរបស់លោក។ ច្បាប់វិសោធនកម្មចូលសញ្ជាតិ ផ្តល់សញ្ជាតិឥណ្ឌាដល់សាសនាហិណ្ឌូ ប៉ារស៊ីស ស៊ីក ពុទ្ធសាសនិក ជេន និងគ្រិស្តសាសនិក ដែលបានភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌាដែលភាគច្រើនជាអ្នកកាន់សាសនាហិណ្ឌូ មកពីប្រទេសអាហ្វហ្គានីស្ថាន បង់ក្លាដែស និងប៉ាគីស្ថាន នៅមុនថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៤។ ក្រុមអ្នកកាន់សាសនាឥស្លាមនិយាយថា ច្បាប់នេះ រួមជាមួយនឹងការចុះបញ្ជីជាតិដែលបានស្នើឡើងរបស់ពលរដ្ឋ អាចរើសអើងប្រឆាំងពលរដ្ឋមូស្លីម ២០០លាននាក់នៅប្រទេសឥណ្ឌា ជាចំនួនប្រជាជនមូស្លីមច្រើនបំផុតទីបីរបស់ពិភពលោក។ ពួកគេបារម្ភថា រដ្ឋាភិបាលអាចនឹងដកសញ្ជាតិពលរដ្ឋមូស្លីម ចេញដោយគ្មានឯកសារក្នុងរដ្ឋព្រំដែនមួយចំនួន។ រដ្ឋាភិបាលបដិសេធថា ខ្លួនមិនប្រឆាំងពលរដ្ឋមូស្លីមនោះទេ ហើយនិយាយថា ច្បាប់នេះចាំបាច់ត្រូវជួយជនជាតិភាគតិច ដែលប្រឈមមុខការធ្វើទុក្ខបុកម្នេញនៅក្នុងប្រទេសដែលមានពលរដ្ឋមូស្លីមភាគច្រើន។ គណបក្សប្រឆាំង បាននិយាយថាការប្រកាសកាលពីថ្ងៃចន្ទ ត្រូវបានជំរុញដោយការបោះឆ្នោតខិតចូលជិតមកដល់។ លោក D. Raja អគ្គលេខាធិការបក្សកុម្មុយនិស្តប្រចាំតំបន់របស់ប្រទេសឥណ្ឌា បាននិយាយថា គ្មានអ្វីក្រៅពីការបែងចែកប្រជាជន បង្កើតភាពតានតឹងក្នុងចំណោមប្រជាជននៅពេលបោះឆ្នោតនោះទេ។

សម្តេចធិបតី៖ គម្រោងសាងសង់អាកាសយានអន្តរជាតិតេជោ មិនមែនសង់ឡើងឲ្យល្អតែមើលទេ គឺធ្វើឡើងដើម្បីប្រយោជន៍កម្ពុជា

2024/03/12 11:38:50 am        184
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា គម្រោងសាងសង់អាកាសយាន ដ្ឋានអន្តរជាតិតេជោ ដែលស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលនោះ មិនមែនសាងសង់ឡើងឲ្យគ្រាន់តែល្អមើលនោះទេ គឺគ្រប់យ៉ាងធ្វើឡើង ដើម្បីផលប្រយោជន៍ដល់ប្រទេសជាតិទាំងមូល ខណៈសមិទ្ធផលនេះ មានឡើងក៏កើតចេញពីផលលាភនៃសន្តិភាពផងដែរ។ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងចុះត្រួតពិនិត្យវឌ្ឍនភាព នៃគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់4Fដំណាក់កាលទី១ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជានិមិត្តរូបនៃសន្តិភាព និងការអភិវឌ្ឍនៅប្រទេសកម្ពុជា ហើយផលប្រយោជន៍ជាច្រើនដែលកើតចេញ ពីអាកាសយានដ្ឋាននេះនឹងដល់ដៃបងប្អូនប្រជាពលរដ្ឋ និងដល់ប្រទេសជាតិទាំងមូល។សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានបញ្ជាក់ផងដែរថា ការសម្រេចកសាងអាកាស​យានដ្ឋានអន្តរជាតិថ្មីនេះឡើងគឺជាចក្ខុវែងឆ្ងាយរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដើម្បីពង្រីកការតភ្ជាប់ផ្លូវអាកាសរបស់កម្ពុជា ខណៈព្រលាន​យន្តហោះនៅខេត្តសៀមរាប និងខេត្តព្រះសីហនុ ក៏បាននិងកំពុងកែលម្អ និងពង្រីកបន្ថែមដូចគ្នាផងដែរនោះ។ សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានអះអាងផងដែរថា អាកាសយានដ្ឋានអន្តរជាតិតេជោ ក៏ជាកន្លែងមួយ ដែលមានសក្ដានុពលសម្រាប់ទិសនិរតីផងដែរ ដូច្នេះហើយរាជរដ្ឋាភិបាលជ្រើស​យកកន្លែងនេះ ដើម្បីជំរុញហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក ផ្លូវគោក និងផ្លូវវអាកាសសម្រាប់​ប្រជាជន​រាប់លាននាក់ នៅខេត្តកណ្ដាល ខេត្តតាកែវ ខេត្តកែប ខេត្តកំពត និងខេត្តផ្សេងៗទៀតផងដែរ។សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិតេជោ(TIA) បានចាប់ផ្តើមដំណើរ​ការ​សាងសង់នៅឆ្នាំ ២០២០ ដែលនៅលើផ្ទៃដីចំនួន ២.៦០០ ហិកតា ស្ថិតនៅភូមិសាស្ត្រស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល និងស្រុកបាទី ខេត្តតាកែវ។ បច្ចុប្បន្នអាកាសយានដ្ឋាននេះ សម្រេចបានការសាងសង់ចំនួន ជាង៦៦ភាគរយហើយក្នុងដំណាក់កាលទី១ នឹងដាក់ឲ្យប្រើប្រាស់នាឆមាសទី១ ក្នុងឆ្នាំ២០២៥ ខាងមុខនេះ៕អត្ថបទបាន ចក់

បណ្ដាប្រទេសមូស្លីម ប្រកាសចាប់ផ្ដើមពិធីបុណ្យរ៉ាម៉ាដាន ក្រោមស្រមោលសង្រ្គាមនៅហ្កាហ្សា

2024/03/12 10:26:04 am        171
ដោយពិធីបុណ្យរ៉ាម៉ាដាន(Ramadan) បានចាប់ផ្តើមកាលពីថ្ងៃចន្ទសប្ដាហ៍នេះ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាតា អារ៉ាប់រួម អេហ្ស៊ីប និងប្រទេសជាច្រើនទៀត បានប្រកាសជាខែតមអាហារដ៏វិសុទ្ធរបស់មូស្លីម ដែលនឹងប្រព្រឹត្តទៅក្រោមស្រមោលសង្រ្គាមបំផ្លិចបំផ្លាញនៅតំបន់ហ្កាហ្សា។អារ៉ាប៊ីសាអ៊ូឌីត ដែលជាកន្លែងគោរពបូជាដ៏ពិសិដ្ឋបំផុតរបស់សាសនាអ៊ីស្លាម បាននិយាយតាមរយៈទីភ្នាក់ងារសារព័ត៌មាន SPA ផ្លូវការរបស់ខ្លួនកាលពីថ្ងៃអាទិត្យថា តុលាការកំពូលបានប្រកាសថា ថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ ២០២៤ ជាការចាប់ផ្តើមនៃខែដ៏វិសុទ្ធនៃបុណ្យរ៉ាម៉ាដានសម្រាប់ឆ្នាំនេះ។ប្រទេសអារ៉ាប់រួម និងកាតា ក៏បានប្រកាសកាលបរិច្ឆេទចាប់ផ្តើមសម្រាប់បុណ្យរ៉ាម៉ាដាន តាមរយៈសារព័ត៌មានផ្លូវការរបស់ខ្លួនផងដែរ បន្ទាប់ពីការគយគន់ឃើញព្រះចន្ទមួយចំហៀង។មុននេះ ប្រទេសអ៊ីរ៉ង់ សម្រេចជ្រើសរើសយកថ្ងៃអង្គារទី១២មីនាសប្ដាហ៍នេះ ជាការចាប់ផ្តើមនៃបុណ្យ រ៉ាម៉ាដាន បន្ទាប់ពីការិយាល័យ អ៊ីស្តេឡាល "Estehlal" ឬការិយាល័យសង្កេតព្រះចន្ទបាននិយាយថា ខ្លួនមិនទាន់អាចសង្កេតឃើញព្រះចន្ទនៃរ៉ាម៉ាដាន បាននៅឡើយទេ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទេយ្យទានសម្តេចធិបតី និងលោកជំទាវបណ្ឌិត បានប្រគេនព្រះសង្ឃចំនួន ៣៦វត្ត ក្នុងខេត្តកំពង់ឆ្នាំង
09/21/2025 04:09 PM
​​ទេយ្យទានរបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិតបានប្រគេនដល់ព្រះសង្ឃ ១៤វត្ត នៅខេត្តស្វាយរៀង
09/21/2025 04:09 PM
អង្គការសហប្រជាជាតិ ព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពកាន់តែយ៉ាប់យ៉ឺននៅក្នុងទីក្រុង el-Fasher របស់ស៊ូដង់
09/21/2025 04:09 PM
សមត្ថកិច្ចបង្រ្កាបករណីចាប់ឃុំឃាំងបង្ខាំងមនុស្សធ្វើទារុណកម្មដោយខុសច្បាប់ និងជួញដូរមនុស្សដោយមានគោលដៅដោយឃាត់ជនសង្ស័យ៧នាក់
09/21/2025 03:09 PM
អង់គ្លេស និងព័រទុយហ្គាល់ នឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅមុនការពិភាក្សារបស់អង្គការសហប្រជាជាតិ
09/21/2025 03:09 PM
យន្តហោះចម្បាំងអង់គ្លេសចាប់ផ្តើមបេសកកម្មការពារដែនអាកាសរបស់អង្គការណាតូលើប្រទេសប៉ូឡូញ
09/21/2025 03:09 PM
ក្រុមបាតុករអ៊ីស្រាអែល បន្តប្រមូលផ្ដុំទាមទារឲ្យរដ្ឋាភិបាល បញ្ចប់សង្គ្រាមនៅហ្កាហ្សា
09/21/2025 03:09 PM
ពលរដ្ឋជិតឆ្ងាយជាច្រើននាំទេយ្យទានទៅធ្វើបុណ្យ និងប្រគេនព្រះសង្ឃនៅវត្តព្រៃចាន់ក្នុងឱកាសភ្ជុំបិណ្ឌនេះ
09/21/2025 02:09 PM
លោក Trump ព្រមានអាហ្វហ្គានីស្ថានពីភាពធ្ងន់ធ្ងរ ប្រសិនបើមិនប្រគល់មូលដ្ឋានទ័ព Bagramឲ្យអាមេរិកវិញ
09/21/2025 02:09 PM
អ៊ីរ៉ង់និយាយាថា ខ្លួននឹងផ្អាកកិច្ចសហប្រតិបត្តិការជាមួយទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊េររបស់អង្គការសហប្រជាជាតិ
09/21/2025 02:09 PM