គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល

នយោបាយ​ និង ការអភិវឌ្ឍន៍

សមុទ្រក្រហម៖ អាមេរិក អង់គ្លេស និងបារាំង បានបំផ្លាញយានដ្រូនរបស់ក្រុមហ៊ូទី រាប់សិបគ្រឿង

2024/03/11 12:47:00 pm        194
កងកម្លាំងអាមេរិក អង់គ្លេស និងបារាំង បាននិយាយថា ពួកគេបានវាយបកទៅលើការវាយប្រហារជាបន្តបន្ទាប់របស់ក្រុមហ៊ួទីដែលគាំទ្រដោយអ៊ីរ៉ង់ នៅ ឆ្នេរសមុទ្រនៃប្រទេសយេម៉ែន។យោធាអាមេរិក បាននិយាយថា យ៉ាងហោចណាស់ យានអាកាសគ្មានមនុស្សបើក (UAVs) ចំនួន ២៨ គ្រឿង ត្រូវបានបាញ់ទម្លាក់ពីលើសមុទ្រក្រហម កាលពីព្រឹកថ្ងៃសៅរ៍។ដោយរួមជាមួយនឹងកងកម្លាំងចម្រុះ សហរដ្ឋអាមេរិក បាននិយាយថា ខ្លួនបានធ្វើសកម្មភាពបន្ទាប់ពីកំណត់គោលដៅវាយប្រហារ «ទ្រង់ទ្រាយធំ» បានបង្ហាញពីការគំរាមកំហែងដែលអាចនឹងកើតចំពោះនាវាជំនួញ»។ក្រុមហ៊ួទី បានអះអាងថា ពួកគេ បានកំណត់គោលដៅលើកនាវាពាណិជ្ជកម្ម Propel Fortune និងនាវាពិឃាតរបស់អាមេរិកមួយចំនួន។សេចក្តីថ្លែងការណ៍មួយពីទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បាននិយាយថា មិនមានគ្រឿងយុទ្ធោបករណ៍របស់សហរដ្ឋអាមេរិក ឬក្រុមចម្រុះ ត្រូវបានខូចខាតទេ ហើយមិនមានរបាយការណ៍អំពីការខូចខាតនាវាពាណិជ្ជកម្មនោះទេ។ចាប់តាំងពីខែវិច្ឆិកាមក ក្រុមហ៊ួទី បាននិងកំពុងវាយប្រហារនាវានៅសមុទ្រក្រហម និងឈូងសមុទ្រ Aden ជាអ្វីដែលពួកគេនិយាយថា ជាយុទ្ធនាការនៃសាមគ្គីភាពជាមួយប៉ាឡេស្ទីន ក្នុងអំឡុងពេលសង្រ្គាមរបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា។ រដ្ឋមន្ត្រីការពារជាតិចក្រភពអង់គ្លេស លោក Grant Shapps បាននិយាយថា នាវាចម្បាំង HMS Richmond របស់កងទ័ពជើងទឹក HMS Richmond បានបាញ់ទម្លាក់យានដ្រូនពីរគ្រឿង ដែលបានបាញ់បង្ហោះដោយក្រុមហ៊ូទី កាលពីយប់ថ្ងៃសុក្រ។

បេសកជនUN ប្រចាំប្រទេសលីប៊ី សម្តែងការព្រួយបារម្ភអំពីភាពជាប់គាំងនយោបាយបច្ចុប្បន្ននៅលីប៊ី

2024/03/11 12:28:02 pm        187
អ្នកតំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិប្រចាំប្រទេសលីប៊ី លោកអាប់ឌូលឡាយ៉េ បាធីលី (Abdoulaye Bathily) បានបង្ហាញការព្រួយបារម្ភចំពោះភាពជាប់គាំងផ្នែកនយោបាយ របស់ប្រទេសលីប៊ី ដោយជំរុញឱ្យមានការបង្កើតរដ្ឋាភិបាលបង្រួបបង្រួមមួយ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ការបោះឆ្នោត។លោក Bathily បានជួបជាមួយនាយករដ្ឋមន្ត្រីលីប៊ី លោក អាប់ឌុល ហាម៉េដ ឌីបេបា(Abdul-Hamed Dbeibah) ក្នុងអំឡុងពេលដែលពួកគេពិនិត្យមើលស្ថានភាពនយោបាយ សន្តិសុខ និងសេដ្ឋកិច្ចរបស់ប្រទេសលីប៊ី ហើយបានពិភាក្សាអំពីវិធីដើម្បីជំរុញដំណើរការនយោបាយឆ្ពោះទៅមុខ តាមរយៈដំណោះស្រាយផ្នែកនយោបាយ។លោក Bathily បាននិយាយនៅលើបណ្តាញ X ថា លោក បាននិយាយឡើងវិញពីការព្រួយបារម្ភរបស់លោកទាក់ទងនឹងភាពជាប់គាំងនយោបាយបច្ចុប្បន្ន និងផលវិបាកចំពោះស្ថានភាពសន្តិសុខ និងសេដ្ឋកិច្ចរបស់ប្រជាជនលីប៊ី ហើយបានអំពាវនាវជាថ្មីដល់មេដឹកនាំប្រទេសលីប៊ីទាំងអស់ ឱ្យក្រោកឡើងប្រឈមមុខនឹងបញ្ហា ហើយព្រមព្រៀងលើរដ្ឋាភិបាលបង្រួបបង្រួម ដើម្បីដឹកនាំប្រទេសទៅកាន់ការបោះឆ្នោត។ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយសមាជិកនៃក្រុមប្រឹក្សារដ្ឋជាន់ខ្ពស់ លោក Bathily បានបញ្ជាក់លើតម្រូវការបន្ទាន់ក្នុងការអនុវត្តច្បាប់បោះឆ្នោត និងបង្កើតរដ្ឋាភិបាលបង្រួបបង្រួមមួយ។ប្រទេសលីប៊ី បានបរាជ័យក្នុងការរៀបចំការបោះឆ្នោតសកល កាលពីខែធ្នូ ឆ្នាំ ២០២១ ខណៈត្រូវបានគ្រោងទុក ដោយសារការខ្វែងគំនិតគ្នាលើច្បាប់បោះឆ្នោត ក្នុងចំណោមគណបក្សនៅប្រទេសលីប៊ី។

ទិវាជាតិអំណានឆ្នាំនេះធ្វើឡើងក្រោមប្រធានបទ «អំណានជាមូលដ្ឋានគ្រឹះ សម្រាប់ទាំងអស់គ្នាក្នុងជីវិត»

2024/03/11 12:15:04 pm        314
កម្ពុជានៅថ្ងៃទី១១ ខែ មីនា ឆ្នាំ ២០២៤នេះ បានរៀបចំពិធីអបអរសាទរទិវាជាតិអំណានលើកទី ៩ ក្រោមប្រធានបទ «អំណានជាមូលដ្ឋានគ្រឹះសម្រាប់ទាំងអស់គ្នាក្នុងជីវិត»។ ទិវាជាតិ​អំណាន​នៅ​ក្នុង​ឆ្នាំ២០២៤នេះ រៀបចំឡើងនៅទីតាំងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយមានទាំង​ការ​តាំង​ពិព័រណ៍​សៀវភៅ ការធ្វើបឋកាថាពីវិស័យអប់រំ បូករួមទាំងការប្រកួតប្រជែង និងការប្រកាស​ជ័យ​លាភី អានអត្ថបទ ស្មូតកំណាព្យ តែងនិពន្ធ និងការបកស្រាយប្រធានបទផងដែរ។ក្នុងឱកាសបើកទិវាជាតិអំណាន នាថ្ងៃនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និងកីឡា បានលើកឡើងថា ប្រធានបទ «អំណានជា​មូល​ដ្ឋាន​គ្រឹះ​សម្រា​ប់​ទាំង​អស់​គ្នាក្នុងជីវិត» ជាប្រធានបទឆ្លុះបញ្ចាំងពីសារៈសំខាន់នៃអំណាន ដើម្បីបណ្ដុះ​មូលដ្ឋាន​គ្រឹះ​​ដ៏រឹងមាំ សម្រាប់ឈានទៅរកជីវិតល្អប្រសើរសម្រាប់មនុស្សគ្រប់ៗគ្នា។ ឯកឧត្តមបញ្ជាក់ថា អំណានមិនមែនផ្តោតតែលើការទទួលបានព័ត៌មាននោះទេ ប៉ុន្តែ​អំណាន​នឹង​នាំមកនូវការពង្រឹងចំណេះដឹង ការយល់ដឹង ទស្សនៈរបស់អ្នកអានផងដែរ។ ការអាន​ជួយ​ឱ្យប្រជា​ពលរដ្ឋ​អាចស្វែងរកឃើញនូវគំនិតថ្មីៗ យល់ពីវប្បធម៌ជាតិ អន្តរជាតិ បទពិសោធន៍ ដែល​នាំ​ទៅ​រក​ការ​រីក​ចម្រើនរបស់ខ្លួន។ឯកឧត្តមបន្តថាតាមរយៈការអាន បានធ្វើឱ្យពលរដ្ឋមានលទ្ធភាពប្រាស្រ័យទាក់ទងគ្នា បានយ៉ាង​ល្អ​ប្រសើរ​ប្រកបដោយប្រសិទ្ធភាព ប្រកបដោយការត្រិះរិះពិចារណា ការដោះស្រាយបញ្ហាផ្សេងៗ ក្នុង​ទិដ្ឋភាពនៃជីវិតក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។ក្នុងពិធី​ដដែលនេះ ក៏មានការប្រកាសជ័យលាភី អានអត្ថបទ ស្មូតកំណាព្យ តែងនិពន្ធ និង​ការ​បក​ស្រាយ​ប្រធានបទផងដែរ។ ជ័យលាភីទាំងនេះ ឆ្លងកាត់ការប្រកួត​ប្រជែង​ជ្រើស​រើស​ពី​កម្រិត​សាលា ស្រុក-ខណ្ឌ រាជធានី-ខេត្ត រហូតដល់វគ្គផ្ដាច់ព្រ័តក្នុងព្រឹត្តិការណ៍ទិវាជាតិអំណាន។ ក្រោយ​ប្រកាសលទ្ធផល ជ័យលាភីលេខ ១ ផ្នែកអានអត្ថបទ និងជ័យលាភីលេខ ១ផ្នែកស្មូត​កំណាព្យ បានលើកឡើងពីភាពរីករាយជាខ្លាំង ដែលខ្លួនអាចសម្រេចបានជោគជ័យនៅថ្ងៃនេះ។ ពួក​គេ​នឹងបន្តប្រឹងប្រែង ហើយចាត់ទុកថានេះជាជោគជ័យសម្រាប់ខ្លួនឯង សម្រាប់គ្រួសារ សម្រាប់​សាលា និងខេត្តទាំងមូលផងដែរ។គួរបញ្ជាក់ឱ្យដឹងថា ទិវាជាតិអំណានប្រព្រឹត្តិឡើងជារៀងរាល់ឆ្នាំ។ ព្រឹត្តិការណ៍ក្នុងឆ្នាំ ២០២៤នេះ ជាលើក​ទី៩ ដែលកម្ពុជាបានរៀបចំឡើង ដោយមានការតាំងពិព័រណ៍សៀវភៅជាង ១០០ស្តង់ បាន​ចូលរួមក្នុងរយៈពេល ៣ថ្ងៃផងដែរ៕ អត្ថបទ៖ គឹមហុក 

ស្ថានទូតអាមេរិក ព្រមានពីការវាយប្រហារដែលនឹងកើតឡើងនៅទីក្រុងមូស្គូ ដោយពួកជ្រុលនិយម

2024/03/11 11:57:29 am        254
ស្ថានទូតអាមេរិកប្រចាំនៅប្រទេសរុស្ស៊ី បានព្រមានថា «ពួកជ្រុលនិយម» មានផែនការដែលជិតមកដល់សម្រាប់ការវាយប្រហារនៅទីក្រុងមូស្គូ រយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីសេវាសន្តិសុខរុស្ស៊ី បាននិយាយថា ពួកគេបានបញ្ឈប់ការបាញ់ប្រហារដែលបានគ្រោងទុកមួយនៅវិហារជី្វហ្វ ដោយសាខាប្រដាប់អាវុធរបស់ក្រុមរដ្ឋអ៊ីស្លាមអាហ្វហ្គានីស្ថាន។ស្ថានទូតអាមេរិក ដែលបានជំរុញម្តងហើយម្តងទៀតឱ្យពលរដ្ឋអាមេរិកទាំងអស់ឱ្យចាកចេញពីប្រទេសរុស្ស៊ីជាបន្ទាន់ មិនបានផ្ដល់ព័ត៌មានលម្អិតបន្ថែមអំពីលក្ខណៈនៃការគំរាមកំហែងនេះទេ ប៉ុន្តែបាននិយាយថា ប្រជាជនគួរតែជៀសវាងការប្រមូលផ្ដុំដូចជាការប្រគុំតន្ត្រី និងហ្វូងមនុស្ស ហើយត្រូវប្រុងប្រយ័ត្នពីអ្នកនៅជុំវិញខ្លួនរបស់ពួកគេ។ស្ថានទូតនេះបានចេញការព្រមានរបស់ខ្លួនជាច្រើនម៉ោង បន្ទាប់ពីសេវាសន្តិសុខសហព័ន្ធរបស់រុស្ស៊ី (FSB) ដែលជាអ្នកស្នងតំណែងសំខាន់នៃទីភ្នាក់ងារចារកម្ម KGB សម័យសូវៀត បាននិយាយថា ខ្លួនបានរារាំងការវាយប្រហារលើវិហារជី្វហ្វនៅទីក្រុងមូស្គូ ដោយសាខាប្រដាប់អាវុធរបស់ក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិកាយស៊ុននី។សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក រួមមាន អង់គ្លេស កាណាដា កូរ៉េខាងត្បូង និងឡាតវី បានធ្វើការព្រមានដូចគ្នានេះ ហើយបានប្រាប់ពលរដ្ឋរបស់ពួកគេកុំឱ្យធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី។ បណ្ដាប្រទេសលោកខាងលិចភាគច្រើនណែនាំប្រឆាំងនឹងការធ្វើដំណើរទាំងអស់ទៅរុស្ស៊ី ហើយនិយាយថាពលរដ្ឋរបស់ពួកគេគួរតែចាកចេញពីទីនោះ៕

ច្បាប់ស្តីពីការដឹកជញ្ជូនផ្លូវទឹក នឹងជួយឲ្យការប្រកួតប្រជែងវិនិយោគ កាន់តែយុត្តិធម៌ សមធម៌ និងតម្លាភាព

2024/03/11 11:36:02 am        411
ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក នឹងជួយ​ឲ្យមាន​កាលានុវត្ត​ភាព​វិនិយោគ ​និងការប្រកួតប្រជែងតែមានយុត្តិធម៌ សមធម៌ និងតម្លាភាព ហើយ​សេចក្តី​ព្រាង​ច្បាប់​នេះ ព្រឹ​ទ្ធសភានឹងលើកយកទៅពិនិត្យ ហើយឲ្យយោបល់ ក្នុងសម័យប្រជុំព្រឹទ្ធសភា វិសាមញ្ញ នីតិកាលទី៤ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ស្អែកនេះ ។បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ក្រោមអធិបតី​ភាព​ឯកឧត្តម​កិត្តិនីតិ​កោស​ល​បណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ម៉ម ប៊ុននាង អ្នក​នាំពាក្យព្រឹទ្ធសភា មានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ស្តីពីការដឹកជញ្ជូនផ្លូវទឹក តាក់​តែង​ឡើងស្រ​ប​តាមមាត្រាទី១១៣ថ្មី នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងស្របតា​មប្រ​ការ​៣២​ ជំពូកទី៦ នៃបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា ហើយសេចក្តីព្រាងច្បាប់នេះ មានចំនួន១៨ជំពូក និ​ង​២៧៥មាត្រា ។ឯកឧត្តមបន្តថា ច្បាប់នេះតាក់តែងឡើង ក្នុងគោលបំណងធានាការគ្រប់គ្រង និ​ង​ការ​អភិវឌ្ឍ​វិស័យ​ដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែកម្ពុជា ដើម្បីរក្សាសណ្ដាប់ធ្នាប់ ធានាសុវត្ថិភាព សន្តិសុខ​នៃ​ការ​ដឹកជញ្ជូនតាមផ្លូវទឹក ព្រមទាំងការកសាង និងថែរក្សាការពារហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ និង​រួមចំណែកការពារបរិស្ថាន ព្រមទាំងផ្ដល់កាលានុវត្តភាពវិនិយោគ និង​ការ​ប្រកួត​ប្រជែង​តែ​មាន​យុត្តិធម៌ សមធម៌ និងតម្លាភាព សម្រាប់បម្រើពាណិជ្ជកម្មជាតិ និងអន្តរជាតិ និងការ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ ។ឯកឧត្តម ម៉ម ប៊ុននាង បានបន្ថែមថា ក្រៅពីសេចក្តីព្រាងច្បាប់ខាងលើ គណៈកម្មាធិការ​អចិន្ត្រៃយ៍​ព្រឹទ្ធ​សភា ក៏បានពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើវិធីសារ សម្រាប់​ធ្វើវិសោធនកម្មកិច្ចព្រមព្រងម៉ារ៉ាកេស ស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បី​បញ្ចូល​កិច្ចព្រមព្រៀងស្តីពីការឧបត្ថម្ភធនជលផល ។ឯកឧត្តម​អ្នកនាំពាក្យ បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះ មានចំនួន១២មាត្រា ធ្វើឡើង​ក្នុង​គោល​បំណង​ចូលរួមចំណែក ធានានូវនិរន្តរភាពធនធានជលផលសមុទ្រ ក្នុងកម្រិតសកល តំបន់ និង​រដ្ឋជាសមាជិកនីមួយៗ នៃអង្គការពាណិជ្ជកម្មពិភពលោក តាមរយៈការហាមឃាត់ ឬបញ្ឈប់​ការ​ឧបត្ថម្ភធនមានលក្ខណៈបង្កគ្រោះថ្នាក់ ពាក់ព័ន្ធនឹងការនេសាទសមុទ្រ ហើយព្រឹទ្ធសភា​នឹង​លើក​យក​ទៅពិនិត្យ ហើយឲ្យយោបល់ ក្នុងសម័យប្រជុំព្រឹទ្ធសភា វិសាមញ្ញ នីតិកាលទី៤ នៅថ្ងៃ​ទី១២ ខែមីនាស្អែកផងដែរ ៕ អត្ថបទ បាន សុខរិទ្ធិ

សម្ដេចធិបតី៖ រាជរដ្ឋាភិបាលកំពុងអនុវត្តរបៀបវារៈគោលនយោបាយឌីជីថល​ដោយស្មារតីបុរេសកម្ម

2024/03/11 10:47:16 am        304
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ថា រាជ​រដ្ឋាភិបាល​បាន​និង​កំពុងអនុវត្តរបៀបវារៈគោលនយោបាយឌីជីថល ដោយស្មារតីបុរេសកម្ម និងបើក​ចំហ​សំដៅ​ស​ម្រេច​ឱ្យបានគោលដៅអភិវឌ្ឍន៍ឌីជីថលជាតិ និងគោលដៅអភិវឌ្ឍន៍ ឌីជីថលតំបន់ និង​សកលដូចមានកំណត់ក្នុងផែនការមេឌីជីថលអាស៊ាន ២០២៥ និងយុទ្ធសាស្ត្រឌីជីថល ២០២២-២០២៥ របស់អង្គការសហប្រជាជាតិ។សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍បែបនេះក្នុងឱកាអញ្ជើញជាអធិបតី ពិធី​បើក​«វេទិកា​រដ្ឋាភិបាល​ឌីជីថល​ លើកទី១ ឆ្នាំ២០២៤» នាព្រឹក ថ្ងៃទី១១ មីនា ២០២៤ នៅមជ្ឈមណ្ឌល​សន្និបាត និងពិព័រណ៍កោះពេជ្រ។ ក្នុងឱកាសនោះសម្តេចធិបតីបានបង្ហាញក្តីសោមនស្សរីករាយដោយបានចូលរួមជាអធិបតីក្នុងពិធីបើក «វេទិការដ្ឋាភិបាល ឌីជីថល និងពិព័រណ៍រដ្ឋាភិបាលឌីជីថល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ លើកទី ១» ក្រោមប្រធានបទ «ការលើកកម្ពស់ចីរភាព និង បរិយាប័ន្ននៃការអភិវឌ្ឍ តាម​រយៈការអនុវត្តគោល នយោបាយឌីជីថល» ដែលមានការចូលរួមពីបណ្ដាប្រទេសអាស៊ាន ប្រទេស​ក្នុងតំបន់ ក៏ដូចជា ក្រសួង-ស្ថាប័ន វិស័យឯកជន សាកលវិទ្យាល័យ និង ដៃគូ​អភិវឌ្ឍន៍​របស់​កម្ពុជា។សម្តេចធិបតីក៏បានវាយតម្លៃខ្ពស់ ចំពោះការរៀបចំវេទិកាដ៏មានសារៈសំខាន់នេះឡើង រយៈពេល​៣ថ្ងៃ ដើម្បីអបអរសាទរសមិទ្ធផលដែលសម្រេចបានកន្លងមក ព្រមទាំងរួមគ្នាបង្កើតសមិទ្ធផលថ្មី តាមរយៈកិច្ចពិភាក្សាផ្លាស់ប្តូរមតិយោបល់ ចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍ល្អៗ លើក​គំនិត​ផ្តួចផ្តើម និងកិច្ចសហប្រតិបត្តិការនានា ព្រមទាំងជំរុញ​ការ​អភិវឌ្ឍ​សេវា​សាធារណៈ​ឌីជីថល​ថ្មី​ៗ​បន្ថែម​ទៀត ក្នុងគោលដៅឆ្លើយតបឱ្យទាន់ពេលទៅនឹងតម្រូវការថ្មីរបស់ប្រជាពលរដ្ឋកម្ពុជា និង​អាស៊ាន ដើម្បីឆ្ពោះទៅកាន់សេដ្ឋកិច្ច និងសង្គមឌីជីថលពេញលេញ។សូមជម្រាបថា មុំថ្មី១ «បច្ចេកវិទ្យា» ដែលជាមុំទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ បន្ថែម​ពីលើ​មុំ​ទាំង​៤ នៃយុទ្ធសាស្ត្រចតុកោណដែលមានស្រាប់មាន «មនុស្ស ទឹក ផ្លូវ ភ្លើង» រាជរដ្ឋាភិបាល​នីតិកាលទី៧ នៃ​រដ្ឋសភា បានបង្កើតក្របខណ្ឌគោលនយោបាយសង្គម សេដ្ឋកិច្ចគ្រប់ជ្រុង​ជ្រោយ​មួយ ​គឺយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ (២០២៣-២០២៨)។ យុទ្ធសាស្រ្ត​នេះ​មាន​គោល​បំណង​ជំរុញសម្ទុះនៃកំណើនសេដ្ឋកិច្ចជាតិ និងកសាងមូលដ្ឋានគ្រឹះ​ដ៏រឹងមាំ​សម្រាប់​កម្ពុជា​ ដើម្បី​ប្រែក្លាយ​កម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងសម្រេច​ជា​ប្រទេស​ដែល​មានចំណូលខ្ពស់នៅឆ្នាំ២០៥០ ដែលត្រូវបានគេស្គាល់​ថា​ជា​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៥០​។ ដើម្បីសម្រេចបាននូវគោលដៅរបស់យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រាជ​រដ្ឋាភិបាល​បាន​កំណត់យកអាទិភាពគន្លឹះ សំខាន់ៗចំនួន៥ ដោយរួមបញ្ចូល បច្ចេកវិទ្យាឌីជីថល ជា​អាទិភាពថ្មីមួយទៀតបន្ថែមលើ មនុស្ស ផ្លូវ ទឹក និងភ្លើង។ អាទិភាព​ផ្នែក​បច្ចេក​វិទ្យា​ផ្តោត​ជា​ចម្បង​លើ​ការកសាង និងការអភិវឌ្ឍហេដ្ឋា​រចនា​សម្ព័ន្ធ​ឌីជីថល​ ដើម្បី​ភ្ជាប់​ទំនាក់​ទំនង​គ្នា​ជា​មួយ​សសរស្តម្ភ​ផ្សេងទៀតនៃយុទ្ធសាស្រ្ដ៕ អត្ថបទ៖ វ៉ន រ៉ា

សម្ដេចធិបតី៖ ការធ្វើបរិវត្តកម្មឌីជីថលគឺដើម្បីចាប់យកឱកាស និងផលប្រយោជន៍ សម្រាប់សេដ្ឋកិច្ចជាតិ

2024/03/11 10:39:10 am        229
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍ថា ការ​ធ្វើ​បរិវត្ត​កម្ម​ឌីជីថល​របស់​រាជរដ្ឋាសភិបាល គឺដើម្បីចាប់យក និងការទាញយក​ផល​ប្រយោជន៍​ជា​អតិបរមា​ពី​ការ​រីក​ចម្រើន នៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល និងដើម្បី​បង្កើន​ផលិត​ភាព ប្រសិទ្ធភាពសេដ្ឋកិច្ចព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ។សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតី ពិធី​បើក​«វេទិកា​រដ្ឋាភិបាល​ឌីជីថល លើកទី១ ឆ្នាំ២០២៤» នាព្រឹក ថ្ងៃទី១១ មីនា ២០២៤ នៅមជ្ឈមណ្ឌល​សន្និបាត និងពិព័រណ៍កោះពេជ្រ។ នាឱកាសនោះសម្តេចធិបតី បានកោតសរសើរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផលធំៗក្នុងវិស័យឌីជីថល ដែលក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, ក្រសួង​-ស្ថាប័នពាក់ព័ន្ធ និង​លេខាធិការដ្ឋាន​អាស៊ាន​សម្រេច​បាន​នា​ពេល​កន្លង​​ទៅ​ទាំង​ក្នុង​ក្រប​ខ័ណ្ឌ​កម្ពុជា និងក្របខ័ណ្ឌអាស៊ាន។ សម្តេចធិបតីថ្លែងថា ចំពោះការរៀបចំវេទិកាដ៏មានសារៈសំខាន់នេះឡើរយៈពេល៣ថ្ងៃ ដើម្បី​អប​អរ​សាទរ​សមិទ្ធផល ដែលកម្ពុជាសម្រេចបានកន្លងមកព្រមទាំងរួមគ្នាបង្កើតសមិទ្ធផលថ្មី តាម​រយៈ​ការ​ពិភាក្សាផ្លាស់ប្តូរមតិយោបល់ ចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍ល្អៗ លើក​គំនិត​ផ្តួច​ផ្តើម និងកិច្ច​សហប្រតិបត្តិការ​នានា​ព្រម​ទាំង​ជំរុញ​ការ​អភិវឌ្ឍ​សេវា​សាធារណៈ​ឌីជីថលថ្មីៗ​បន្ថែម​ទៀត​ ដើម្បី​ឆ្លើយតបឱ្យទាន់ពេលទៅនឹងកំណើននៃតម្រូវការថ្មីរបស់ប្រជាពលរដ្ឋកម្ពុជា និង​អាស៊ានក្នុងដំណើរឆ្ពោះទៅកាន់សេដ្ឋកិច្ច និងសង្គមឌីជីថលពេញលេញ។សម្ដេច​ធិបតីបញ្ជាក់ថាការធ្វើបរិវត្តកម្មឌីជីថល ក៏ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ និង​កសាង​សង្គម​ស៊ីវីល័យ ដែលពលរដ្ឋអាចទទួលបាននូវផលប្រយោជន៍ពីការប្រើប្រាស់សេវាឌីជីថល ប្រកប​ដោយ​បរិយាប័ន្ន ភាពជឿទុកចិត្តបាន និងសុវត្ថិភាពខ្ពស់​ហើយ​ក៏​រក្សា​ឱ្យ​បាន​នូវ​អ​ត្ត​សញ្ញាណ និងវប្បធម៌ជាតិផងដែរ។សូមជម្រាបថា បច្ចេកវិទ្យាឌីជីថល​គឺ​ជាវិស័យ​ដ៏មានសារៈសំ​ខា​ន់​ក្នុង​យុគ​សម័យ​បរិវត្ត​កម្ម​ឌីជីថល​នេះ ដើម្បីជំរុញដល់កិច្ចអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​សេដ្ឋកិច្ច និងសង្គមឌីជីថលចាប់តាំងពីអាណត្តិមុនដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងអាណត្តិទី៧នេះ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ក៏បានសម្រួចមុំការងាររបស់រាជរដ្ឋាភិបាលលើបច្ចេកវិទ្យាឌីជីថលនេះថែមទៀត ក្នុង​យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ច និង​សង្គមឌីជីថល៕ អត្ថបទ៖ វ៉ន ដារ៉ា

លោក Biden និងលោកTrumpចោទដាក់គ្នាអំឡុងដំណើរទៅកាន់រដ្ឋចចាសហរដ្ឋអាមេរិក

2024/03/11 10:34:53 am        282
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងអតីតប្រធានាធិបតី លោកDonald Trump បានចាប់ផ្តើមយុទ្ធនាការបោះឆ្នោតសកលអមដោយព្រឹត្តិការណ៍ប្រកួតប្រជែងកាលពីថ្ងៃសៅរ៍ក្នុងរដ្ឋចចា (Georgia) ដែលជារដ្ឋមានភាពប្រទាញប្រទង់គ្នាដ៏ក្តៅគគុក ។ បេក្ខជនទាំង២បានបង្កើនសង្គ្រាមពាក្យសម្ដីដោយចោទដាក់គ្នាទៅវិញទៅមក ខណៈលោក Biden ចាត់ទុកលោក Trump ថាជាជនផ្តាច់ការ រីឯលោក Trump បានរិះគន់ការដោះស្រាយរបស់លោក Biden លើបញ្ហាព្រំដែនភាគខាងត្បូង។ ដំណើរដំណាលគ្នារបស់លោក Biden និង លោកTrump ទៅកាន់រដ្ឋ ចចា កើតមានឡើង ក្រោយសុន្ទរកថាប្រចាំឆ្នាំរបស់លោក Biden ជាទីដែលលោកបានលាតត្រដាងភាពខ្វែងគំនិតជាមួយលោក Trump ដោយទទួលបានការសរសើរពីគណបក្សប្រជាធិបតេយ្យ។ រឿងនេះបានកើតឡើងភ្លាមៗបន្ទាប់ពីគូប្រជែងសំខាន់របស់គណបក្សសាធារណរដ្ឋតែមួយគត់របស់ លោកTrump ដែលនៅសេសសល់ចុងក្រោយគឺលោកស្រី នីគីហាលី (Nikki Haley) អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិបានដកខ្លួនចេញ ដោយបើកផ្លូវសម្រាប់ការតែងតាំងរបស់លោក។ នៅទីក្រុងអាត្លង់តា(Atlanta)លោក Biden បានគូសបញ្ជាក់ពីសមិទ្ធផលរបស់លោក និងបានព្រមានអំពីការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ ប្រសិនបើលោក Trump ឈ្នះនៅក្នុងខែវិច្ឆិកា ដោយសង្កត់ធ្ងន់លើប្រព័ន្ធតម្លៃខុសគ្នារបស់បេក្ខជនទាំង២។ លើសពីនេះ លោក Biden បានរិះគន់គោលជំហរ និងគោលនយោបាយរបស់លោក Trump លើបញ្ហាដូចជា សិទ្ធិនៃការរំលូតកូន ការយកពន្ធ និងការធ្វើអន្តោប្រវេសន៍ជាដើម។ការប្រមូលផ្តុំគ្នានៅរដ្ឋចរចាបានផ្តល់ឱកាសឱ្យ លោក Trump ផ្តោតលើបញ្ហាសំខាន់របស់លោក គឺបញ្ហាអន្តោប្រវេសន៍ និងសន្តិសុខព្រំដែន៕

អនុស្សរណៈយោគយល់គ្នាចំនួន៤ បានចុះហត្ថលេខាក្នុងវេទិការដ្ឋាភិបាលឌីជីថល

2024/03/11 10:30:09 am        225
នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកវេទិការដ្ឋាភិបាលឌីជីថល លើកទី១ ឆ្នាំ២០២៤ និងពិព័រណ៍​បច្ចេកវិទ្យាឌីជីថល ដែលវេទិកានេះរៀបចំដោយក្រសួងប្រៃសនីយ៍ និង​ទូរគមនាគមន៍ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។បន្ទាប់ពីបានចូលរួមពិធីបើក “វេទិការដ្ឋាភិបាលឌីជីថល (Digital Government Forum)” លើកទី១ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ក៏បានអញ្ជើញ​ជាអធិបតី​ភាព​ក្នុង​ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ចំនួន ៤ រួមមាន៖១/ អនុស្សរណៈនៃការយោគយល់ស្តីពីបរិវត្តកម្មឌីជីថលរវាងក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងបច្ចេកវិទ្យា និង​ទូរគមនាគមន៍ នៃ​សាធារណរដ្ឋ​ប្រជាមានិតឡាវ២/ អនុស្សរណៈនៃការយោគយល់ស្តីពីបរិវត្តកម្មឌីជីថលរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ៣/ អនុស្សរណៈនៃការយោគយល់ស្តីពីមជ្ឈមណ្ឌលសហប្រតិបតិការរដ្ឋាភិបាលឌីជីថលរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃ និងសន្តិសុខ នៃសាធារណរដ្ឋកូរ៉េ៤/ អនុស្សរណៈនៃការយោគយល់ស្តីពីមជ្ឈមណ្ឌលបច្ចេកវិទ្យាឌីជីថលរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជា និងទីភ្នាក់ងារសង្គមព័ត៌មានជាតិកូរ៉េ (NIA)។

អ៊ុយក្រែន រិះគន់ សម្ដេចប៉ាប ចំពោះការអត្ថាធិប្បាយឲ្យលើកទង់ស ចរចាបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី

2024/03/11 10:29:01 am        260
ប្រទេសអ៊ុយក្រែន បានច្រានចោលយ៉ាងដាច់អហង្ការចំពោះការអំពាវនាវរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស ( Pope Francis) ឲ្យទីក្រុងគីវ (Kyiv) ចរចាបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី និងជំរុញឲ្យលើកទង់ស។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែននិយាយថា ខ្លួននឹងមិនលើកទង់ណាមួយ ក្រៅតែពីពណ៌ខៀវ និងលឿងរបស់ប្រទេសអ៊ុយក្រែនឡើយ។ ហើយប្រធានាធិបតីរបស់ប្រទេសនេះលោក Volodymyr Zelensky បានច្រានចោលការអត្ថាធិប្បាយថាជា ការសម្របសម្រួលគ្មានមូលដ្ឋាន ។ ក្រោយមកអ្នកនាំពាក្យរបស់បុរីវ៉ាទីកង់បាននិយាយថា សម្តេចប៉ាប កំពុងមានព្រះបន្ទូលអំពីការបញ្ឈប់ការប្រយុទ្ធគ្នាតាមរយៈការចរចា មិនមែនជាលក្ខខណ្ឌនោះទេ។ បទសម្ភាសន៍ជាមួយទូរទស្សន៍ RSI របស់ប្រទេសស្វីស ដែលបានថតកាលពីខែកុម្ភៈ គ្រោងនឹងចាក់ផ្សាយនៅថ្ងៃទី២០ ខែមីនា ជាផ្នែកនៃកម្មវិធីវប្បធម៌។ យោងតាមលិខិតមួយដែលដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters សម្តេចប៉ាប ត្រូវបានស្នើឱ្យធ្វើអត្ថាធិប្បាយលើការជជែកដេញដោលគ្នារវាងអ្នកដែលចង់ឱ្យអ៊ុយក្រែនស្វែងរកដំណោះស្រាយជាមួយរុស្ស៊ី ឬគ្រវី"ទង់ស" ខណៈមានការលើកឡើងថា ការធ្វើដូច្នេះនឹងធ្វើឱ្យមានការឈ្លានពានស្របច្បាប់។សម្តេចប៉ាបត្រូវបានគេដកស្រង់សម្តីថា៖ អ្នកខ្លាំងបំផុតគឺអ្នកដែលមើលស្ថានភាព គិតពីប្រជាជន ហើយជំរុញឲ្យលើកទង់ស ចរចា។សម្ដេចបានបន្ថែមថា នៅពេលអ្នកមើលឃើញថាអ្នកចាញ់ នោះអ្វីៗមិនដំណើរការល្អទេ អ្នកត្រូវចូលរួមក្នុងការចរចា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាអញ្ជើញនិវត្តន៍ដល់មាតុប្រទេស ក្រោយពីបានចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី ទទួលបានជោគជ័យ ប្រកបដោយមោទនភាព
09/21/2025 08:09 PM
ទេយ្យទានសម្តេចធិបតី និងលោកជំទាវបណ្ឌិត បានប្រគេនព្រះសង្ឃចំនួន ៣៦វត្ត ក្នុងខេត្តកំពង់ឆ្នាំង
09/21/2025 04:09 PM
​​ទេយ្យទានរបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិតបានប្រគេនដល់ព្រះសង្ឃ ១៤វត្ត នៅខេត្តស្វាយរៀង
09/21/2025 04:09 PM
អង្គការសហប្រជាជាតិ ព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពកាន់តែយ៉ាប់យ៉ឺននៅក្នុងទីក្រុង el-Fasher របស់ស៊ូដង់
09/21/2025 04:09 PM
សមត្ថកិច្ចបង្រ្កាបករណីចាប់ឃុំឃាំងបង្ខាំងមនុស្សធ្វើទារុណកម្មដោយខុសច្បាប់ និងជួញដូរមនុស្សដោយមានគោលដៅដោយឃាត់ជនសង្ស័យ៧នាក់
09/21/2025 03:09 PM
អង់គ្លេស និងព័រទុយហ្គាល់ នឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅមុនការពិភាក្សារបស់អង្គការសហប្រជាជាតិ
09/21/2025 03:09 PM
យន្តហោះចម្បាំងអង់គ្លេសចាប់ផ្តើមបេសកកម្មការពារដែនអាកាសរបស់អង្គការណាតូលើប្រទេសប៉ូឡូញ
09/21/2025 03:09 PM
ក្រុមបាតុករអ៊ីស្រាអែល បន្តប្រមូលផ្ដុំទាមទារឲ្យរដ្ឋាភិបាល បញ្ចប់សង្គ្រាមនៅហ្កាហ្សា
09/21/2025 03:09 PM
ពលរដ្ឋជិតឆ្ងាយជាច្រើននាំទេយ្យទានទៅធ្វើបុណ្យ និងប្រគេនព្រះសង្ឃនៅវត្តព្រៃចាន់ក្នុងឱកាសភ្ជុំបិណ្ឌនេះ
09/21/2025 02:09 PM
លោក Trump ព្រមានអាហ្វហ្គានីស្ថានពីភាពធ្ងន់ធ្ងរ ប្រសិនបើមិនប្រគល់មូលដ្ឋានទ័ព Bagramឲ្យអាមេរិកវិញ
09/21/2025 02:09 PM