គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល

នយោបាយ​ និង ការអភិវឌ្ឍន៍

BREAKING NEWS! សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញបទបញ្ជាម៉ឺងម៉ាត់ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ

2024/02/20 04:37:29 pm        186
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ បានចេញបទបញ្ជា ស្តីពី«ការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ»។តាមរយៈបទបញ្ជា សម្ដេចធិបតីបញ្ជាក់ថា រាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការដាក់ចេញនូវវិធានការដ៏ម៉ឺងម៉ាត់តាមរយៈបទបញ្ជាដាច់ខាត ដូចខាងក្រោម៖១, គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាដែលស្ថិតក្រោមឱវាទរបស់ខ្លួនលើការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។២, គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណាដែលត្រូវបានរកឃើញថាមានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។៣, ការអនុវត្តទណ្ឌកម្មខាងវិន័យនេះ ពុំរារាំងដល់ការអនុវត្តទណ្ឌកម្មព្រហ្មទណ្ឌដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានឡើយ ៕

ឯកឧត្តមបណ្ឌិត ម៉ឹង មករា ចុះជួបសំណេះសំណាលជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

2024/02/20 03:29:41 pm        214
ត្បូងឃ្មុំ ៖ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកមេមត់ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយអាជ្ញាធរ រួមទាំងប្រជាពលរដ្ឋស្រុកមេមត់ ចំនួន ២៧៣នាក់ ប្រព្រឹត្តទៅនៅវត្តទួលវិហារ ក្នុងភូមិរបងច្រុះ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ម្សិលមិញនេះ។ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានពាំនាំការសួរសុខទុក្ខ និង​ការនឹករលឹកពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដែលមានវត្តមានក្នុងកម្មវិធីនេះ។ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានសង្កត់ធ្ងន់ថា យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់​រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយ​របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា បានកំណត់នូវបេសកកម្ម​ជាប្រវត្តិសាស្ត្រចម្បងៗ ចំនួនពីរគឺ ទី១, រក្សា និងថែបំប៉នសុខសន្តិភាព ដែលសម្រេច​បានមក​ដោយលំបាក ជាមួយនឹងការលះបង់មិនអាចកាត់ថ្លៃបាន និងពូនជ្រុំចលនការនៃ​កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជារួម។និងទី២, កសាង និងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់​ជំរុញសន្ទុះនៃការ​អភិវឌ្ឍប្រទេសជាតិ ដោយឆ្លងកាត់បង្គោលចរនៃការប្រែក្លាយខ្លួន ជាប្រទេសមានចំណូលមធ្យម​កម្រិត​ខ្ពស់​នៅឆ្នាំ២០៣០ ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានគូសរំលេចថា "យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១" នឹងបន្តពង្រឹង និងពង្រីកការលើកស្ទួយកម្រិតជីវភាពគ្រួសារប្រជាពលរដ្ឋគ្រប់​ទីកន្លែងទូទាំងប្រទេស ​បង្កើតការងារ និងធនធានមនុស្សឲ្យបានកាន់តែច្រើន ដើម្បីចូលរួមចំណែក​ក្នុងការធានាឲ្យបាននូវកំណើនសេដ្ឋកិច្ចជាតិ។ ​ការបន្តជួយដល់ប្រជាជន បញ្ជាក់ឲ្យឃើញថា ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ជាប់ជាប្រចាំ ដោះស្រាយនូវទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ ការពារ ​និងបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ។ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកមេមត់ ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានដាក់ចុះនូវគោលជំហរ និងផែនការជាយុទ្ធសាស្ត្រក្នុងការគាំទ្រ រួមចំណែកជាមួយ ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ក្នុងការអនុវត្តនូវកម្មវិធីនយោបាយ​ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ​ឲ្យមានប្រសិទ្ធភាព ដើម្បីធានាឲ្យបាននូវកំនើនសេដ្ឋកិច្ចជាតិ បង្កើនការងារ​ឱ្យបានច្រើនជូនប្រជាពលរដ្ឋ សម្រេចបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ បន្តពង្រឹងសមត្ថភាព​អភិបាលកិច្ចនិងលើកកម្ពស់គុណភាពស្ថាប័ន និងធានាឲ្យបាននូវចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា៕ អត្ថបទ៖ កុម្ភៈ

ប៉មនិមិត្តរូបតួអាហ្វែលរបស់បារាំង ត្រូវបានបិទ ខណៈបុគ្គលិកចេញតវ៉ាប្រឆាំងផែនការហិរញ្ញវត្ថុ

2024/02/20 02:19:16 pm        138
សហជីពបានប្រាប់សារព័ត៌មាន AFP ថាម៉បតួអាហ្វែល(Eiffel Tower) មួយចំណោមទីតាំងទេសចរណ៍ល្បីល្បាញបំផុតជាច្រើនរបស់ពិភពលោក ត្រូវបានបិទកាលពីថ្ងៃចន្ទ បន្ទាប់ពីបុគ្គលិកចេញធ្វើកូដកម្មតវ៉ា។ ពួកគេនិយាយថា កូដកម្ម ដែលត្រូវបានអំពាវនាវឲ្យតវ៉ាជុំវិញការគ្រប់គ្រងហិរញ្ញវត្ថុរបស់វិមាននិមិត្តរូបនេះ អាចនឹងបន្តទៀត។ ប្រតិបត្តិករ SETE របស់ប៉មនេះ បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថាការទៅលេងកម្សាន្តនៅប៉មនេះ ត្រូវបានរំខានកាលពីថ្ងៃចន្ទ ។ ប្រភពខាងលើបានណែនាំដល់អ្នកកាន់សំបុត្រចូលទស្សនា ពិនិត្យមើលនៅលើគេហទំព័រជាមុនសិនមុនទៅលេងកម្សាន្ត ឬផ្អាកដំណើរកម្សាន្តរបស់ខ្លួន ។អ្នកកាន់សំបុត្រតាមរយៈសំបុត្រ E-ticket ត្រូវបានស្នើរឲ្យពិនិត្យមើលសារអេឡិចត្រូនិករបស់ពួកគេសម្រាប់ព័ត៌មានបន្ថែម។ នេះគឺជាកូដកម្មលើទី២ នៅប៉មតួអាហ្វែល ក្នុងរយៈពេល២ខែ ក្នុងហេតុផលដូចគ្នា។ ក្រុមសហជីពបានរិះគន់ប្រតិបត្តិករ SETE ចំពោះគំរូធុរកិច្ចរបស់ខ្លួនដែលពួកគេនិយាយថា ផ្អែកលើចំនួនអ្នកចូលទស្សនានាពេលអនាគដែលត្រូវបានប៉ាន់ប្រមាណថា មានការធ្លាក់ចុះ ខណៈការចំណាយការសាងសង់ ក្រោមការប៉ាន់ប្រមាណ ។ យោងតាមគេហទំព័ររបស់ខ្លួន ប៉មដែលជានិមិត្តដ៏ល្បាញល្បីបំផុតរបស់ក្រុងប៉ារីស បានទាក់ទាញអ្នកទៅទស្សនាជិត៧លាននាក់ក្នុងមួយឆ្នាំ ប្រហែល៣ភាគ៤នៃភ្ញៀវទេសចរណ៍គឺជាជនបរទេស៕

រដ្ឋមន្ត្រីការបរទេសអៀរឡង់ ព្រមានសហភាពអឺរ៉ុប កុំឲ្យអ៊ីស្រាអែលវាយប្រហារលើទីក្រុងរ៉ាហ្វា

2024/02/20 02:16:33 pm        112
រដ្ឋមន្ត្រីការបរទេសអៀរឡង់ លោក ម៉ៃខល ម៉ាទីន (Micheál Martin) បានថ្លែងកាលពីថ្ងៃចន្ទថា សហភាពអឺរ៉ុប «ត្រូវតែធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបាន» ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលអ៊ីស្រាអែល កុំឲ្យវាយប្រហារទីក្រុងរ៉ាហ្វា (Rafah) នៅតំបន់ហ្កាហ្សាស្ទ្រីបភាគខាងត្បូង។លោកម៉ាទីន បាននិយាយថា៖«កម្រិតនៃភាពអមនុស្សធម៌ដែលឥឡូវនេះ កំពុងកើតឡើងនៅក្នុងតំបន់ហ្កា ហ្សា បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល ដោយសំដៅលើការវាយលុកថ្មើរជើង និងផ្លូវអាកាសរបស់អ៊ីស្រា អែល ដើម្បីកម្ចាត់ក្រុមហាម៉ាស ជាការឆ្លើយតបទៅនឹងការវាយប្រហារភេរវកម្ម កាលពីថ្ងៃទី៧ ខែតុលា។រដ្ឋាភិបាលអ៊ីស្រាអែល បាននឹងកំពុងរៀបចំបើកការវាយលុកថ្នើរជើងទ្រង់ទ្រាយធំមួយចូលទៅក្នុងទីក្រុង រ៉ាហ្វាដែលជាទីក្រុងភាគខាងត្បូងបំផុតក្នុងតំបន់ហ្កាហ្សា ក្បែរព្រំដែនជាមួយប្រទេសអេហ្ស៊ីប ទោះបីជាមានការភ័យខ្លាចពីអន្តរជាតិថា វានឹងនាំឲ្យមានការស្លាប់ជនស៊ីវិលយ៉ាងច្រើនក៏ដោយ។រដ្ឋមន្ត្រីការបរទេសលុចសំបួ លោក សាវី បេតែល (Xavier Bettel) បាននិយាយថា លោកបានព្រមាន អ៊ីស្រាអែលថា ប្រទេសនេះ កំពុងស្ថិតក្នុងគ្រោះថ្នាក់នៃការបាត់បង់ «ការគាំទ្រចុងក្រោយ ដែលពួកគេមាននៅក្នុងពិភពលោក»ប្រសិនបើពួកគេ វាយប្រហារលើទីក្រុងរ៉ាហ្វា។លោកម៉ាទីន បានជំរុញឲ្យក្រុមហាម៉ាសដោះលែងចំណាប់ថ្នូរអ៊ីស្រាអែល ដែលត្រូវបានចាប់ខ្លួនក្នុងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា និងឲ្យចុះចាញ់អាវុធរបស់ពួកគេ។ លោកក៏បានអំពាវនាវឲ្យមានបទឈប់បាញ់មនុស្សធម៌ នៅក្នុងកិច្ចប្រជុំរបស់រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប ក្នុងទីក្រុងប្រ៊ុចសែល។

អាល្លឺម៉ង់គាំទ្រការដាក់ទណ្ឌកម្មបន្ថែមទៀត របស់សហភាពអឺរ៉ុបលើរុស្ស៊ី ជុំវិញការស្លាប់របស់លោកណា វ៉ាល់នី

2024/02/20 02:04:34 pm        85
ប្រទេសអាល្លឺម៉ង់ និងបណ្តាប្រទេសសហភាពអឺរ៉ុបផ្សេងទៀត កំពុងស្នើដាក់ទណ្ឌកម្មបន្ថែមទៀតប្រឆាំងនឹងរុស្ស៊ី បន្ទាប់ពីការស្លាប់របស់អ្នករិះគន់វិមានក្រឹមឡាំង និងអ្នកនយោបាយប្រឆាំងលោក អាឡិចស៊ី ណាវ៉ាល់នី (Alexi Navalny) នៅក្នុងពន្ធនាគាររុស្ស៊ី។រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី អានណាឡេណា បែបក់ (Annalena Baerbock) បាននិយាយថា ឧបករណ៍របស់សហភាពអឺរ៉ុបដែលអនុញ្ញាតឲ្យដាក់ទណ្ឌកម្មសម្រាប់ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ នឹងត្រូវប្រើដើម្បីដាក់ទណ្ឌកម្មរុស្ស៊ីចំពោះការស្លាប់របស់លោកណាវ៉ាល់នី។លោកស្រី បាននិយាយកាលពីថ្ងៃចន្ទ នៅមុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប នៅទីក្រុងប្រ៊ុច សែល។ឧបករណ៍ដាក់ទណ្ឌកម្ម គឺរបបទណ្ឌកម្មសិទ្ធិមនុស្សសកលរបស់សហភាពអឺរ៉ុប ត្រូវបានគេប្រើប្រាស់រួចហើយ ដើម្បីដាក់ទណ្ឌកម្មមុខងាររដ្ឋាភិបាលរុស្ស៊ីចំពោះការដាក់លោកណាវ៉ាល់នីក្នុងពន្ធនាគារ។បុគ្គលដែលរងផលប៉ះពាល់ នឹងត្រូវបិទគណនីហិរញ្ញវត្ថុ និងបង្កកទ្រព្យសម្បត្តិផ្សេងទៀត នៅក្នុងសហភាពអឺរ៉ុប។ លើសពីនេះ ពួកគេ នឹងមិនត្រូវបានអនុញ្ញាតឲ្យចូលសហភាពអឺរ៉ុប ឬធ្វើអាជីវកម្មជាមួយពលរដ្ឋសហភាពអឺរ៉ុបទៀតទេ។លោក ចូសិប បូរ៉ែល (Josep Borrell) ប្រមុខការទូតរបស់សហភាពអឺរ៉ុប ក៏បាននិយាយកាលពីថ្ងៃចន្ទថាលោកនឹងស្នើប្តូរឈ្មោះឧបករណ៍នេះថា «របបទណ្ឌកម្មសិទ្ធិមនុស្សរបស់លោកណាវ៉ាល់នី» ដើម្បីផ្តល់ជាកិត្តិយសដល់ការតស៊ូរបស់ជនជាតិរុស្ស៊ីរូបនេះដើម្បីសិទ្ធិមនុស្ស»។

ក្រុមនិស្សិតពេទ្យចុះកម្មសិក្សាកូរ៉េខាងត្បូង នឹងចេញតវ៉ា ជុំវិញកូតាសាលាពេទ្យ

2024/02/20 01:51:27 pm        108
ក្រុមវេជ្ជបណ្ឌិតចុះកម្មសិក្សានៅតាមមន្ទីរពេទ្យធំៗរបស់កូរ៉េខាងត្បូង សន្យាដើរចេញពីថ្នាក់រៀន នៅថ្ងៃអង្គារទី២០កុម្ភៈនេះ តវ៉ាប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាល ក្នុងការបញ្ជូននិស្សិតកាន់តែច្រើនចូលសិក្សាសាលាពេទ្យ ដែលបង្កឲ្យមានក្ដីបារម្ភថា នឹងមានការពន្យាពេលក្នុងការវះកាត់ និងការព្យាបាលអ្នកជំងឺ។ សារព័ត៌មាន Yonhap បានរាយការណ៍នៅថ្ងៃអង្គារនេះដោយសំអាងប្រភពពីក្រសួងសុខាភិបាល របស់ប្រទេសនេះថា និសិ្សតពេទ្យវេជ្ជបណ្ឌិតចុះកម្មសិក្សាកូរ៉េខាងត្បូងសរុប៦.៤១៥ នាក់ នៅតាមមន្ទីរពេទ្យបានដាក់លិខិតលាលែងពីការងារជាការតវ៉ាប្រឆាំងទៅនឹងផែនការរដ្ឋាភិបាលក្នុងការបង្កើនចំនួននិសិ្សតពេទ្យទោះបីជាមានបញ្ជាពីរដ្ឋាភិបាលឲ្យបន្តធ្វើការងារក៏ដោយ។ មុនសកម្មភាពឧស្សាហកម្មដែលបានគ្រោងទុក មន្ទីរពេទ្យធំៗជាច្រើន បាននិយាយថា ពួកគេកំពុងសម្របសម្រួលកាលវិភាគការវះកាត់ និងព្យាបាលអ្នកជំងឺ។ លោកនាយករដ្ឋមន្ត្រីហាន ឌុក ស៊ូ (Han Duck-soo) បានអង្វរករក្រុមវេជ្ជបណ្ឌិតកុំឲ្យយកអាយុជីវិត និងសុខភាពរបស់មនុស្សជាធ្វើចំណាប់ថ្នូរ។ លោកក៏បានបញ្ជាឲ្យមានវិធានការបន្ទាន់ផងដែរ ដូចជាការប្រើប្រាស់ការពិគ្រោះយោប់ផ្នែកវិទ្យាសាស្ត្រពីចំងាយ ការបង្កើនប្រតិបត្តិការនៅតាមមន្ទីរពេទ្យសាធារណៈ និងការបើកឃ្លីនិកយោធាជាដើម។ រដ្ឋាភិបាល គ្រោងបន្ថែមចំនួនចុះកម្មសិក្សាសាលាពេទ្យឲ្យដល់២ពាន់នាក់ដែលនឹងចាប់ផ្ដើមនៅឆ្នាំ២០២៥ខាងមុខ ខណៈមានគោលដៅបន្ថែមឲ្យដល់១ម៉ឺននាក់ នៅត្រឹមឆ្នាំ២០៣៥ ។ ចំនួននិស្សិតពេទ្យចូលសិក្សាប្រចាំឆ្នាំគឺប្រហែល៣ពាន់នាក់៕

អូស្ត្រាលី នឹងវិនិយោគថវិកាក្នុងវិស័យការពារជាតិ១១,១ពាន់លានដុល្លារអូស្ត្រាលីបន្ថែមទៀត ដើម្បីទប់ឥទ្ធិពលចិន

2024/02/20 01:44:22 pm        57
ប្រទេសអូស្ត្រាលី បានឲ្យដឹងនៅថ្ងៃអង្គារទី២០កុម្ភៈសប្ដាហ៍នេះថា ខ្លួននឹងវិនិយោគកញ្ចប់ថវិកាក្នុងវិស័យយោធាចំនួន១១,១ពាន់លានដុល្លារអូស្ត្រាលីបន្ថែមទៀត ដល់កងកម្លាំងកងទ័ពជើងទឹកនាពេលអនាគត និងបង្កើនវិស័យឧស្សាហកម្មផលិតនាវារបស់ប្រទេសនេះ។ លោក រីឆាដ ម៉ាឡេស(Richard Marles)រដ្ឋមន្ត្រីក្រសួងការពារជាតិបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា ការបន្ថែមកញ្ចប់មូលនិធិសម្រាប់អង្គភាពកងទ័ពនឹងនាំមកនូវទាំងការអភិវឌ្ឍនជំនាញ និងការវិនិយោគប្រកបដោយនិរន្តរភាពក្នុងវិស័យកងទ័ពជើងទឹក នឹងកើនឡើងសរុបដល់៥៤,២ពាន់លានដុល្លារអូស្ត្រាលី នៅរយៈពេល១០ឆ្នាំខាងមុខ។អង្គភាពងទ័ពជើងទឹកនេះ ក៏នឹងទទួលបាននាវាចម្បាំងពី១១ ដល់២៦គ្រឿង ផងដែរ ដែលជាចំនួនច្រើនបំផុត ចាប់តាំងពីការបញ្ចប់សង្រ្គាមលោកលើកទី២មក។ ប្រទេសអូស្ត្រាលី កំពុងសំឡឹងរកការទប់ទល់សមត្ថភាពការពារជាតិរបស់ចិន ស្របពេលមានក្ដីបារម្ភអំពីការកើនឡើងភាពតានតឹងភូមិសាស្ត្រនយោបាយសកល និងឥទ្ធិពលរបស់ចិនដែលចេះតែកើនឡើងនៅក្នុងចំណោមប្រទេសមួយចំនួននៅមហាសាគរប៉ាស៊ីហ្វិក។ គួររម្លឹកថា ការពិនិត្យឡើងវិញជាយុទ្ធសាស្ត្រនៃវិស័យការពារជាតិរបស់រដ្ឋាភិបាលនេះ កាលពីឆ្នាំមុន បាននិយាយថា ការប្រកួតប្រជែងដ៏ខ្លាំងក្លារវាងអាមេរិក និងចិន កំពុងកក្រើកខ្លាំងនៅក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិក ហើយថាការប្រកួតប្រជែងគ្នារបស់មហាអំណាចធំៗបានបង្កឲ្យមានជម្លោះដ៏ធ្ងន់ធ្ងរ៕

អ៊ុយក្រែនសម្លឹងទៅភាគខាងកើត បន្ទាប់ពីការដកថយពីក្រុងអាវឌីវកា ខណៈកាណាដាជំនួយយានដ្រូនជាង៨០០គ្រឿង

2024/02/20 01:25:01 pm        89
យោធាអ៊ុយក្រែន បាននិយាយកាលពីថ្ងៃចន្ទថា កងទ័ពរបស់ខ្លួននឹងកាន់កាប់ទីតាំងការពារថ្មី នៅភាគខាងកើត និងវាយរុញច្រានការប៉ុនប៉ងរបស់រុស្ស៊ីវាយលុករុលទៅមុខ។ ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីការដកថយរបស់ពួកគេពីទីក្រុង Avdiivka ដែលត្រូវបានដណ្តើមយក។ វីដេអូរបស់យោធា ដែលបានចេញផ្សាយផ្សាយដោយអ៊ុយក្រែន បង្ហាញពីទិដ្ឋភាពនៅសមរភូមិ រួមទាំង ទាហានអ៊ុយក្រែន ដែលកំពុងការពារនៅខាងក្នុងអគារឧស្សាហកម្មជាច្រើនកន្លែង។ លោក Andrii Teren មេបញ្ជាការកងពលលេខ ១១០ បាននិយាយថា រុស្ស៊ី បានធ្វើឲ្យអ្នកការពារចុះខ្សោយ។ «យើងពុំមានទាហានគ្រប់គ្រាន់នោះទេ យើងពុំមានគ្រាប់ផ្លោងគ្រប់គ្រាន់ យើងពុំមានលទ្ធភាពគ្រប់គ្រាន់ដើម្បីវាយរុញច្រាននោះទេ។ ប្រសិនបើយើងមានគ្រាប់ច្រើន នោះយើងអាចបញ្ឈប់សត្រូវ ប៉ុន្តែជាអកុសល យើងពុំមានទេ។ វីដេអូ ដែលបានចេញផ្សាយដោយក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃចន្ទ បានបង្ហាញពីការវាយប្រហារលើរោងចក្រកូកាកូឡារបស់ទីក្រុង Avdiivka ដែលបច្ចុប្បន្ននេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។ ការដួលរលំរបស់ទីក្រុង Avdiivka បានផ្តល់ទៅឱ្យវិមានក្រឹមឡាំងនូវការរុលទៅមុខក្នុងសមរភូមិធំបំផុតរបស់ខ្លួន ចាប់តាំងពីខែឧសភា នៅពេលដែលទីក្រុង Bakhmut ត្រូវបានដណ្តើមយក ហើយជាសញ្ញាច្បាស់បំផុត ដែលទំនោរនៃសង្គ្រាម បានប្រែក្លាយទៅជាការពេញចិត្តរបស់រុស្ស៊ី។ ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការពារជាតិកាណាដា លោក Bill Blair បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសកាណាដា នឹងផ្តល់ជំនួយប្រព័ន្ធយានដ្រូនពហុបេសកកម្ម SkyRanger R70 ជាង ៨០០ គ្រឿង ដល់ប្រទេសអ៊ុយក្រែន ដើម្បីជួយក្នុងសង្គ្រាមរបស់ខ្លួនជាមួយប្រទេសរុស្ស៊ី។ ក្រសួងការពារជាតិរបស់ប្រទេសនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២មក ប្រទេសកាណាដា បានសន្យាផ្តល់ជំនួយជាង ៩,៧ពាន់លានដុល្លារដល់ប្រទេសអ៊ុយក្រែន រួមទាំងជំនួយយោធាជាង ២,៤ ពាន់លានដុល្លារកាណាដា ផងដែរ។

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទទួលបានរថយន្តមួយគ្រឿងជាអំណោយពីលោក ពូទីន

2024/02/20 12:48:33 pm        269
ប្រព័ន្ធផ្សព្វផ្សាយផ្លូវការបានរាយការណ៍នៅថ្ងៃអង្គារ (២០ កុម្ភៈ) នេះថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានទទួលរថយន្តមួយគ្រឿងពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ជាអំណោយ «សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន» នៅក្នុងអ្វីដែលអាចជាការរំលោភលើបម្រាមរបស់អង្គការសហប្រជាជាតិ ដែលទីក្រុងមូស្គូ បានចូលរួមដើម្បីអនុម័តប្រឆាំងនឹងទីក្រុងព្យុងយ៉ាង។ប្រទេសទាំងពីរនេះបានពង្រឹងទំនាក់ទំនងកាន់តែជិតស្និទ្ធចាប់តាំងពីលោក គីម និងលោក ពូទីន បានជួបប្រជុំគ្នាកាលពីខែកញ្ញា ហើយបានសន្យាជំរុញការផ្លាស់ប្តូរលើគ្រប់វិស័យ នៅពេលដែលភាពឯកោអន្តរជាតិរបស់ពួកគេកាន់តែស៊ីជម្រៅ ជុំវិញសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន និងការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ប្រព័ន្ធផ្សព្វផ្សាយ KCNA បាននិយាយថា ប្អូនស្រីរបស់លោក គីម «បានថ្លែងអំណរគុណជំនួសនាមឱ្យលោក គីម ជុងអ៊ុន ដោយក្តីគោរពចំពោះលោក ពូទីន ទៅកាន់ភាគីរុស្ស៊ី ដោយនិយាយថា អំណោយនោះជាការបង្ហាញយ៉ាងច្បាស់អំពីទំនាក់ទំនងផ្ទាល់ខ្លួនពិសេសរវាងមេដឹកនាំកំពូលទាំងពីររូប»។របាយការណ៍នោះមិនបានរៀបរាប់អំពីប្រភេទរថយន្ត ឬមធ្យោបាយដែលត្រូវបានដឹកជញ្ជូនពីប្រទេសរុស្ស៊ីឡើយ។ លោក គីម ត្រូវបានគេជឿថាជាអ្នកចូលចិត្តរថយន្តទំនើប ហើយលោកមានរថយន្តបរទេសដ៏ប្រណិតជាច្រើនគ្រឿង ដែលគេជឿថាត្រូវបានរត់ពន្ធដោយខុសច្បាប់៕

គ.ជ.ប៖ ១០ថ្ងៃនៃយុទ្ធការឃោសនាបោះឆ្នោតព្រឹទ្ធសភាពុំមានបាតុភាពណាមួយ​កើតឡើងឡើយ

2024/02/20 11:09:35 am        155
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានប្រកាសឱ្យដឹងថា គិតត្រឹមថ្ងៃទី១៩ ខែ​កុម្ភៈ ឆ្នាំ ២០២៤នេះគឺមានរយៈពេល១០ថ្ងៃហើយនៃយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើស​តាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥នេះ ខណៈដែលស្ថានភាពទូទៅគឺបានប្រព្រឹត្តទៅដោយរលូន មាន​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំ​មាន​បាតុភាព​ណាមួយ​កើត​ឡើង​គួរ​ឱ្យកត់​សម្គាល់ឡើយ។យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប បានឱ្យដឹងថា ស្ថានភាពទូទៅនៅថ្ងៃទី១០ នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆាំ្ន២០២៤នេះ គឺ​ពុំ​មាន​ការហែក្បួនឃោសនាបោះឆ្នោតទេ ប៉ុន្តែគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត បាន​ធ្វើ​សកម្មភាព​ឃោសនាផ្សេងៗទៀតតាមកម្មវិធីដែលគណបក្ស នយោបាយនីមួយៗបានគ្រោងទុក។តាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោតទាំង ២៥ បានឱ្យដឹងថា គណបក្សប្រជាជនកម្ពុជាបានធ្វើសកម្មភាពនៅគ្រប់ភូមិភាគ ដោយនៅភូមិភាគទី២ មានការ​ចាក់​មេក្រូ​ផ្សព្វផ្សាយ និងនៅភូមិភាគផ្សេងទៀមានការជួបប្រជុំចុះជួបអ្នកបោះឆ្នោត ចែកខិត្តបណ្ណ និង​បង្រៀន​គូសសន្លឹកឆ្នោត។គណបក្ស ឆន្ទៈខ្មែរ មានសកម្មភាពជួបប្រជុំនៅរាជធានីភ្នំពេញ នៃភូមិភាគទី១ និងនៅ​ខេត្ត​ព្រះវិហារ និងខេត្តស្ទឹងត្រែង នៃភូមិភាគទី៨ ហើយមានសកម្មភាពចែកខិត្តបណ្ណ ជួបប្រជុំ និង​ចាក់​មេ​ក្រូ​ផ្សព្វផ្សាយតាមទីស្នាក់ការគណបក្សនៅខេត្តព្រៃវែងនៃភូមិភាគទី៦។ ចំណែក គណបក្សហ៊្វុនស៊ិនប៉ិច មានសកម្មភាព​ចាក់​មេក្រូ​ផ្សព្វ​ផ្សាយ​តាម​ទីស្នាក់​ការ​គណបក្ស​នៅ​ខេត្តកំពត នៃភូមិភាគទី៥ និងខេត្តព្រះសីហនុ នៃភូមិភាគទី៧។ រីឯ គណបក្ស កម្លាំងជាតិ មិន​បាន​ធ្វើសកម្មភាពឃោសនាបោះឆ្នោតនៅថ្ងៃទី១០ នៃយុទ្ធនាការនេះទេ។ គ.ជ.ប បញ្ជាក់ថា «ជាទូទៅការ​ឃោសនា​បោះឆ្នោត​របស់​គណបក្ស​នយោបាយ​នៅ​ថ្ងៃ១០ នៃ​យុទ្ធនាការ​នេះ គឺបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយ កើតឡើងគួរឱ្យកត់សម្គាល់ឡើយ»។សូម​ជម្រាបថា ការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មាន​រយៈពេល១៤ថ្ងៃ គឺចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។ រីឯ​ការ​បោះឆ្នោត​នឹង​ប្រព្រឹ​ត្ត​ទៅ​នៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ៧:០០ព្រឹក ដល់ម៉ោង ៣:០០​រសៀ។ អ្នកបោះឆ្នោត ជាតំណាងរាស្ត្រក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់​ទាំង​អស់​ក្នុង​តំណែងសរុបមានចំនួន ១១,៧៤៧ នាក់ដែលបែងចែកជា ៨ ភូមិភាគ និង ៣៣ ការិយាល័យបោះឆ្នោត៕ អត្ថបទ៖ វ៉ន ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចតេជោ​​ ហ៊ុន សែន​៖ ជំហរកម្ពុជានឹងមិនផ្លាស់ប្តូរទេ ហើយ​កម្ពុជា​ក៏​មិន​ធ្វើ​ថោក​ទៅ​សុំ​ថៃ​បើក​ច្រក​ព្រំដែន​នោះដែរ, ថៃអាចបន្តបិទ សូម្បី១០០ឆ្នាំទៀតក៏កម្ពុជាមិនស្លាប់ដែរ
09/23/2025 06:09 PM
អ៊ីរ៉ង់ និង E3 នឹងបើកកិច្ចចរចាដ៏សំខាន់ ដើម្បីបញ្ចៀសការដាក់ទណ្ឌកម្ម តែឱកាសនៅ​តែស្ដួចស្ដើង
09/23/2025 06:09 PM
បាតុករគាំទ្រប៉ាឡេស្ទីន បិទកំពង់ផែទីក្រុង Genoa និងប៉ះង្គិចជាមួយនគរបាល នៅទីក្រុង Milan
09/23/2025 05:09 PM
មនុស្សយ៉ាងតិច ២នាក់ ស្លាប់ និងជាច្រើននាក់ រងរបួស ក្រោយអគារបាក់រលំ នៅភាគកណ្តាលឥណ្ឌា
09/23/2025 05:09 PM
នាយករដ្ឋមន្ត្រីអូស្ត្រាលីលើកឡើងពីការសម្លាប់បុគ្គលិកជំនួយក្នុងសុន្ទរកថា ស្តីពី​ការទទួល​ស្គាល់​ប៉ាឡេស្ទីន
09/23/2025 05:09 PM
ឧទ្ធម្ភាគចក្រ និងរថយន្ត ស្វែងរក និងជួយសង្គ្រោះអ្នកស្រុកជាប់ក្នុងទឹកជំនន់ នៅអ៊ីតាលី
09/23/2025 05:09 PM
លោក Trump នឹងជួបក្រុមមន្ត្រីមកពីប្រទេសមូស្លីមភាគច្រើន ដើម្បីពិភាក្សាអំពីតំបន់ហ្កាហ្សា
09/23/2025 05:09 PM
ជប៉ុនបដិសេធមិនទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ
09/23/2025 05:09 PM
អ្នកការទូតជាន់ខ្ពស់មកពីអាមេរិក កូរ៉េខាងត្បូង និងជប៉ុន សម្តែងក្ដីបារម្ភ អំពីច្រកសមុទ្រតៃវ៉ាន់
09/23/2025 05:09 PM
ក្រុមលោក Trump៖ កិច្ចព្រមព្រៀង TikTok ជិតកើតឡើង ដោយ Oracle និង Silver Lake ស្ថិតក្នុងចំណោមអ្នកវិនិយោគ
09/23/2025 05:09 PM