សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ
សម្ដេចធិបតី៖ យុទ្ធនាការកម្ចាត់ Online Scams ប៉ុន្មានខែចុងក្រោយនេះ បានស្ដារមុខមាត់កម្ពុជាមកវិញ
សម្ដេចធិបតី៖ កម្ពុជាជាសមាជិក WTO មិនអាចហាមឃាត់ការនាំចូលទំនិញពីប្រទេសដទៃបានទេ
សម្ដេចធិបតី៖ ឆ្នាំ២០២៩ កម្ពុជានឹងចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចបន្តដំណើរទៅកាន់ប្រទេសអភិវឌ្ឍន៍

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រទេសប៉ូឡូញ នឹងបង្កើនវត្តមានយោធានៅតាមព្រំដែនជាមួយរុស្ស៊ី និងបេឡារុស

2024/07/11 01:24:18 pm        213
សហភាពអឺរ៉ុប និងសមាជិកអង្គការណាតូ ប៉ូឡូញ បាននិយាយកាលពីថ្ងៃពុធ (១០ កក្កដា) ថាខ្លួននឹងបង្កើនវត្តមានយោធា និងបន្ទាយការពារនៅតាមព្រំដែនរបស់ខ្លួនជាមួយប្រទេសរុស្ស៊ី និងបេឡារុស។ទីក្រុងវ៉ាសូវី បានប្រកាសកាលពីខែឧសភាថា ខ្លួននឹងវិនិយោគជាង ២ ពាន់លានអឺរ៉ូ ក្នុងការពង្រឹងព្រំដែនភាគខាងជើងរបស់ខ្លួនជាមួយនឹងតំបន់ កាលីនីនក្រាដ (Kaliningrad) របស់រុស្ស៊ី និងព្រំដែនភាគខាងកើតរបស់ខ្លួនជាមួយបេឡារុស។លោកឧត្តមសេនីយ៍ វ៉ីស្លាវ គូគូឡា (Wieslaw Kukula) នាយសេនាធិការនៃយោធាប៉ូឡូញបាននិយាយថា ទាហានប៉ូឡូញជិត ៦.០០០ នាក់កំពុងការពារព្រំដែនជាមួយបេឡារុស និងរុស្ស៊ី ប៉ុន្តែរដ្ឋាភិបាលគ្រោងនឹងបង្កើនចំនួននោះ «រហូតដល់ ១៧.០០០ នាក់ដោយ ៨.០០០ នាក់ឈរជើងនៅទីតាំង និង ៩.០០០ នាក់ជាទាហានបម្រុង»។ លោកបាននិយាយថា «កម្លាំងប្រតិកម្មព្រំដែនរហ័ស» នឹងត្រូវដាក់ពង្រាយ «ក្នុងរយៈពេល ៤៨ ម៉ោង» ដើម្បីគាំទ្រឆ្មាំព្រំដែន និងការពារ «ការភ្ញាក់ផ្អើល» ដែលអាចកើតមានពីទីក្រុងមូស្គូ និងទីក្រុងមីនស្កិ៍ (Minsk)។ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមរបស់រុស្ស៊ី លើអ៊ុយក្រែន ក្នុងឆ្នាំ២០២២ ប៉ូឡូញបានផ្តល់ការគាំទ្រដល់ទីក្រុងគីវ ដោយឥតងាករេ។ ការវាយលុករបស់ទីក្រុងមូស្គូ បានជំរុញឱ្យទីក្រុងវ៉ាសូវី ធ្វើទំនើបកម្មកងទ័ពរបស់ខ្លួនយ៉ាងឆាប់រហ័ស និងបែងចែក ៤ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួនសម្រាប់ការការពារ ដែលជាសមាមាត្រខ្ពស់បំផុតនៃសមាជិកណាតូ៕

គណៈកម្មការពាក់ព័ន្ធត្រៀមរួចរាល់សម្រាប់ពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នាដើមខែសីហាខាងមុខ

2024/07/11 11:47:47 am        250
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គណៈកម្មការពាក់ព័ន្ធទាំងអស់​បាន​ត្រៀមរួចរាល់ សម្រាប់​ពិធីបើកការដ្ឋាន​ព្រែកជីកហ្វូណនតេជោ​ដែល​ជា​គម្រោង​មោទន​ភាព​ជាតិ​ជា​ប្រវត្តិសាស្រ្ត ដែលនឹងប្រព្រឹត្តទៅនាដើមខែសីហាខាងមុខ។ការបញ្ជាក់របស់ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ BTV News នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ បន្ទាប់ពីឯកឧត្តម ស៊ុន ចាន់ថុល ឧប​នាយក​រដ្ឋ​មន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីម្សិលមិញនេះ បានអញ្ជើញ​ចុះពិ​និត្យ​វឌ្ឍនភាព​ការងាររៀបចំទីតាំង ត្រៀមប្រារព្ធពិធីបើកការដ្ឋានគម្រោងព្រែកជីកហ្វូណនតេជោ ដោយ​មាន​ការចូលរួមពីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋមន្ត្រី​ក្រសួង​ធន​ធាន​ទឹក និងឧតុនិយម ព្រមទាំងមន្ត្រីជំនាញមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប ស្ថិតនៅ​ភូមិ​ព្រែក​តាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា សម្រាប់​ដំណើរ​ការ​បើក​ជា​ផ្លូវ​ការ​គម្រោង​ផ្លូវ​នាវាចរណ៍​ដែល​ជា​គម្រោង​ប្រវត្តិសាស្រ្ត​ក្រោម​គំនិត​ផ្តួច​ផ្តើម​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងក្រោម​ការ​បន្ត​ដឹកនាំ​របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ទៅលើគម្រោង​នាវា​ចរណ៍​នេះ​ គឺជាគម្រោងដ៏មានមោទកភាពរបស់ប្រជាពលរដ្ឋគ្រប់រូប និងគ្រប់និន្នាការនយោបាយ ហើយ​មក​ទល់​ពេលនេះញ គ្រប់គណៈកម្មការ​ទាំងអស់​ត្រៀម​រួចរាល់​លើ​ការងារ​នេះ​ដោយ​សម្រេច​បាន​ប្រសិទ្ធ​ភាព និងប្រសិទ្ធផលខ្ពស់ ដើម្បីប្រាកដថាដំណើរ​ការ​បើកការដ្ឋាន​ព្រែកជីក​ហ្វូណន​តេជោ​ដំណើរ​ការ​រដោយរលូនតាមការគ្រោងទុក។សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្រ្តី ប្រកាសពិធីបើកការដ្ឋាននៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។ គម្រោង​នេះ​ត្រូវ​បានមជ្ឈដ្ឋានក្នុង និងក្រៅប្រទេសបន្តគាំទ្រយ៉ាងពេញទំហឹង ដើម្បីឱ្យគម្រោង​នេះ​ក្លាយ​ជា​ផ្លូវ​នាវា​ចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ដោយតភ្ជាប់ផ្លូវ​ទឹក​រវាង​ទន្លេរ​ទៅ​កាន់​សមុទ្រ​កម្ពុជា​ ឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប និងមានប្រវែង១៨០គីឡូម៉ែត្រ ខណៈ​គម្រោង​គ្រោង​ចំណាយទុនសាងសង់ប្រមាណ ១,៧០០លានដុល្លារអាមេរិក៕ អត្ថបទ សេក ឧត្តម 

ចិន៖ សេចក្តីថ្លែងការណ៍របស់ NATO ពោរពេញដោយវោហារសាស្ត្រអរិភាព និងពាក្យកុហក

2024/07/11 11:22:51 am        265
អ្នកនាំពាក្យរបស់បេសកកម្មចិន ប្រចាំនៅសហភាពអឺរ៉ុបបាននិយាយថា កិច្ចប្រជុំកំពូលរបស់អង្គការណាតូ (NATO) នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានគ្រោងទុករបស់ទីក្រុងវ៉ាស៊ីនតោន គឺពោរពេញទៅដោយ «វោហាសាស្ត្រអរិភាព» ហើយខ្លឹមសារដែលទាក់ទងនឹងប្រទេសចិនគឺមានការញុះញង់ និងការកុហក។ពង្រាងសេចក្តីថ្លែងការណ៍នោះបាននិយាយថា ចិនបានក្លាយជាអ្នកជួយដល់កិច្ចប្រឹងប្រែងសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន ហើយក្រុងប៉េកាំង បន្តបង្កបញ្ហាជាប្រព័ន្ធដល់អឺរ៉ុប និងសន្តិសុខ។ អ្នកនាំពាក្យចិនបាននិយាយថា «ដូចដែលយើងទាំងអស់គ្នាដឹងហើយថា ប្រទេសចិនមិនមែនជាអ្នកបង្កើតវិបត្តិនៅអ៊ុយក្រែនទេ» នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយបេសកកម្មចិនប្រចាំសហភាពអឺរ៉ុបនៅថ្ងៃព្រហស្បតិ៍ (១១ កក្កដា) នេះ។អ្នកនាំពាក្យបាននិយាយនៅក្នុងការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានថា «សេចក្តីប្រកាសនៃកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅទីក្រុងវ៉ាស៊ីនតោន គឺពោរពេញដោយចិត្តគំនិតនៃសង្រ្គាមត្រជាក់ និងវោហាសាស្ត្រដ៏អាក្រក់ ហើយខ្លឹមសារដែលទាក់ទងនឹងប្រទេសចិនគឺពោរពេញទៅដោយការញុះញង់ ការភូតកុហក បំភ្លើស និងលាបពណ៌»។មេដឹកនាំនៃបណ្តាប្រទេសណាតូ បានប្រកាន់ជំហរប្រឆាំងកាន់តែខ្លាំងលើការគាំទ្ររបស់ចិន សម្រាប់រុស្ស៊ី ហើយសេចក្តីប្រកាសនេះបានពង្រឹងភាសារិះគន់របស់ណាតូ ទៅលើចិន។ ទីក្រុងប៉េកាំង បានដាក់ចេញនូវឯកសារចំនួន ១២ ចំណុចកាលពីជាងមួយឆ្នាំមុន ដែលនិយាយពីគោលការណ៍ទូទៅសម្រាប់ការបញ្ចប់សង្រ្គាមអ៊ុយក្រែន ប៉ុន្តែមិនបានបញ្ជាក់លម្អិតនោះទេ។ ផែនការនោះបានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅនៅពេលនោះទាំងនៅរុស្ស៊ី និងអ៊ុយក្រែន៕

អាមេរិក នឹងចាប់ផ្តើមដាក់ពង្រាយសព្វាវុធរយៈចម្ងាយឆ្ងាយក្នុងអាល្លឺម៉ង់ នៅឆ្នាំ២០២៦

2024/07/11 11:18:29 am        242
សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃពុធ (១០ កក្កដា) ថា សហរដ្ឋអាមេរិក នឹងចាប់ផ្តើមដាក់ពង្រាយសមត្ថភាពបាញ់រយៈចម្ងាយឆ្ងាយនៅប្រទេសអាល្លឺម៉ង់ ក្នុងឆ្នាំ២០២៦ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះអង្គការណាតូ និងការការពារអឺរ៉ុប។ប្រទេសទាំងពីរបាននិយាយថា «ការដាក់ពង្រាយជាដំណាក់កាល» របស់សហរដ្ឋអាមេរិក កំពុងរៀបចំសម្រាប់ការឈរជើងរយៈពេលវែងនៃសមត្ថភាពបែបនេះ ដែលនឹងរួមបញ្ចូលមីស៊ីលស្ដង់ដារ៦ (SM-6), មីស៊ីលតម្រង់គោលដៅ ថូម៉ាហក (Tomahawk) និងសព្វាវុធល្បឿនលឿនជាងសំឡេង ដែលមានរយៈចម្ងាយឆ្ងាយជាងសមត្ថភាពបច្ចុប្បន្ននៅក្នុងទ្វីបអឺរ៉ុប។មីស៊ីលដែលមានមូលដ្ឋានបាញ់ពីដី ជាមួយរយៈចម្ងាយលើសពី ៥០០ គីឡូម៉ែត្រត្រូវបានហាមឃាត់រហូតដល់ឆ្នាំ២០១៩ ក្រោមសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម (INF) ដែលចុះហត្ថលេខាដោយលោក មីកហែល ហ្គូបាឈែវ (Mikhail Gorbachev) អតីតមេដឹកនាំសហភាពសូវៀត និងអតីតប្រធានាធិបតីអាមេរិក លោក រ៉ូណាល់ រ៉េហ្កាន (Ronald Reagan) ក្នុងឆ្នាំ១៩៨៧។នោះជាលើកដំបូងដែលមហាអំណាចទាំងពីរបានព្រមព្រៀងគ្នាកាត់បន្ថយឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន និងបានលុបបំបាត់អាវុធមួយប្រភេទទាំងមូល។ សហរដ្ឋអាមេរិក បានដកខ្លួនចេញពីសន្ធិសញ្ញា INF នោះក្នុងឆ្នាំ២០១៩ ដោយនិយាយថា ទីក្រុងមូស្គូបានរំលោភលើកិច្ចព្រមព្រៀងនេះ ដោយលើកឡើងពីការអភិវឌ្ឍន៍មីស៊ីលតម្រង់គោលដៅ 9M729 របស់រុស្ស៊ី ដែលត្រូវគេស្គាល់នៅក្នុងអង្គការណាតូថាជាមីស៊ីលបាញ់ពីដី SSC-8 ប៉ុន្តែវិមានក្រឹមឡាំងបានបដិសេធម្តងហើយម្តងទៀតលើការចោទប្រកាន់នោះ៕

ក្រុមហេសបូឡា នឹងបញ្ឈប់ការបាញ់ផ្លោង ប្រសិនបើសន្តិភាពឈានដល់នៅតំបន់ហ្កាហ្សា

2024/07/11 11:08:09 am        208
មេដឹកនាំក្រុម ហេសបូឡា លោក Hassan Nasrallah បានបញ្ជាក់កាលពីថ្ងៃពុធថា ក្រុមរបស់លោកនឹងបញ្ឈប់ការវាយប្រហារទៅលើអ៊ីស្រាអែល ប្រសិនបើកិច្ចព្រមព្រៀងមួយត្រូវបានឈានដល់លើបទឈប់បាញ់នៅតំបន់ហ្កាហ្សា។លោក Nasrallah បាននិយាយដូច្នេះនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ ដើម្បីរំលឹកដល់លោក Mohammad Ni'mah Nasser ជាមេដឹកនាំគណបក្ស ដែលត្រូវបានសម្លាប់ដោយអ៊ីស្រាអែល នៅភាគខាងត្បូងប្រទេសលីបង់ កាលពីសប្តាហ៍មុន។មេដឹកនាំក្រុមហេសបូឡា បានធ្វើការឆ្លើយតបទៅនឹងការអត្ថាធិប្បាយកាលពីពេលមុនរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Yoav Gallant អំពីការបន្តជម្លោះដ៏មានសក្តានុពលនៅក្នុងប្រទេសលីបង់ ទោះបីជាសង្រ្គាមនៅតំបន់ហ្កាហ្សាបញ្ចប់ក៏ដោយ ដោយអះអាងពីសារៈសំខាន់នៃការការពារនៅភាគខាងត្បូងប្រទេសលីបង់ និងប្រជាជនរបស់ខ្លួន។លោក Nasrallah បានបញ្ជាក់ជាថ្មីថា ក្រុមហេសបូឡា នឹងគាំទ្រនូវការសម្រេចចិត្តណាមួយ ដែលធ្វើឡើងដោយក្រុមហាម៉ាស ក្នុងការចរចាជាមួយអ៊ីស្រាអែល។ការនិយាយលើកឡើងរបស់ លោក Nasrallah ធ្វើឡើងខណៈគណៈប្រតិភូ មកពីប្រទេសអេហ្ស៊ីប សហរដ្ឋអាមេរិក កាតា និងអ៊ីស្រាអែល បានជួបប្រជុំគ្នា កាលពីថ្ងៃពុធក្នុងរដ្ឋធានី Doha របស់ប្រទេសកាតា ដើម្បីបន្តកិច្ចចរចាបទឈប់បាញ់នៅហ្កាហ្សា។

កងទ័ពជើងទឹកម៉ិកស៊ិកព្រមានថា សារធាតុគីមី ប្រើប្រាស់បានពីរយ៉ាង អាចជំរុញឲ្យមានការជួញដូមេតំហ្វេតាមីន

2024/07/11 11:06:03 am        199
ទីក្រុងកំពង់ផែ ម៉ានហ្សានីលឡូ(Manzanillo) ស្ថិតនៅលើឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់ប្រទេសម៉ិកស៊ិក គឺជាកំពង់ផែធំបំផុតរបស់ប្រទេស។ កំពង់ផែនេះ ទទួលបានស្ទើរតែ ៦០% នៃការដឹកជញ្ជូនទូកុងតឺន័រ ដែលមកដល់ប្រទេសម៉ិកស៊ិក ជារៀងរាល់ថ្ងៃ។ មន្ត្រីកងទ័ពជើងទឹកប្រទេសម៉ិកស៊ិក ដែលធ្វើការនៅទីតាំងនេះមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីលំហូរនៃសារធាតុគីមីដែលគ្រប់គ្រងមិនបានល្អ ចូលទៅក្នុងកំពង់ផែ ដែលអាចត្រូវបានប្រើប្រាស់ដើម្បីផលិតថ្នាំញៀនសំយោគដូចជា មេតំហ្វេតាមីន និងហ្វង់តានីល ជាដើម។មន្ត្រីការពារកំពង់ផែបាននិយាយដោយមិនបញ្ចេញឈ្មោះថា ទីក្រុង Manzanillo ដោយសារទីតាំងយុទ្ធសាស្ត្ររបស់ទីក្រុង វាគឺជាបង្អួចសម្រាប់កំពង់ផែនៅអាស៊ី អាមេរិកខាងត្បូង និងអាមេរិកខាងជើង។ ក្រុមមន្ត្រី បានឃើញ ការកើនឡើងការនាំចូលសារធាតុគីមីប្រើប្រាស់បានពីរយ៉ាង ភាគច្រើនមកពីប្រទេសចិន ដែលត្រូវបានប្រើប្រាស់ដើម្បីផលិតទំនិញស្របច្បាប់ ដូចជាអាហារ ទឹកអប់ និងឱសថ។ ប៉ុន្តែសារធាតុគីមីដូចគ្នានេះ ក៏កើនឡើងទ្វេដងផងដែរជាសារធាតុ ដែលអាចផលិតថ្នាំញៀនសំយោគដូចជា មេតំហ្វេតាមីន និងហ្វង់តានីល។មន្ត្រីកងទ័ពជើងទឹកម្នាក់បាននិយាយថា បរិមាណដ៏ច្រើននៃសារធាតុគីមី ដែលប្រើប្រាស់បានពីរយ៉ាង ទាំងនេះ ត្រូវបានរកឃើញនៅក្នុងមន្ទីរពិសោធន៍គ្រឿងញៀនលួចលាក់។ មន្ត្រីម្នាក់នៅកំពង់ផែ Manzanillo បានចង្អុលទៅរកការដឹកជញ្ជូនពីប្រទេសចិន ដែលត្រូវបានរឹបអូសកាលពីខែមករា ដោយមានអាស៊ីតអាសេទិកទឹកកក៨៨តោន ជាសារធាតុគីមី មិនត្រូវបានគ្រប់គ្រង ត្រូវបានប្រើប្រាស់ក្នុងការផលិតថ្នាំញៀនមេតំហ្វេតាមីន ។មន្ត្រីកងទ័ពជើងទឹកម្នាក់ទៀតបាននិយាយថា សារធាតុដែលត្រូវបានរឹបអូសជាច្រើន ក៏ត្រូវបាននាំចូលដោយក្រុមហ៊ុន ក្នុងរដ្ឋ ចាលីស្កូ(Jalisco) និងរដ្ឋស៊ីណាឡូវ(Sinaloa) ប្រទេសម៉ិកស៊ិក។ ទាំងនេះគឺជាមូលដ្ឋានរបស់ក្រុមជួញដូរគ្រឿងញៀនធំបំផុតចំនួនពីររបស់ប្រទេសម៉ិកស៊ិក គឺក្រុម Sinaloa Cartel និងគូប្រជែងរបស់ខ្លួន គឺក្រុម Jalisco New Generation Cartel ។

កោះតៃវ៉ាន់ រាយការណ៍កំណើនសកម្មភាពទ័ពអាកាសចិន បន្ទាប់ពីនាវាផ្ទុកយន្តហោះបើកឆ្លងកាត់កោះ

2024/07/11 10:52:19 am        215
អាជ្ញាធរការពារជាតិកោះតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍ (១១ កក្កដា) នេះ បានរាយការណ៍ថាខ្លួនបានរកឃើញការកើនឡើងនៃយន្តហោះយោធាចិន ដែលកំពុងប្រតិបត្តិការជុំវិញកោះនេះ បន្ទាប់ពីនាវាផ្ទុកយន្តហោះចិនមួយគ្រឿង បានបើកឆ្លងកាត់ទៅភាគខាងត្បូងនៃកោះតៃវ៉ាន់ តាមផ្លូវធ្វើសមយុទ្ធនៅសមុទ្រប៉ាស៊ីហ្វិក។កោះតៃវ៉ាន់ ដែលចិនចាត់ទុកជាទឹកដីរបស់ខ្លួន បានត្អូញត្អែរពីសកម្មភាពយោធាចិនម្តងហើយម្តងទៀតក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ។ ប្រមុខអាជ្ញាធរការពារជាតិតៃវ៉ាន់ បាននិយាយកាលពីថ្ងៃពុធថា នាវាផ្ទុកយន្តហោះចិន សានតុង (Shandong) បានឆ្លងកាត់ជិតប្រទេសហ្វីលីពីន ក្នុងដំណើរឆ្ពោះទៅកាន់សមយុទ្ធប៉ាស៊ីហ្វិក។នៅក្នុងបច្ចុប្បន្នភាពប្រចាំថ្ងៃរបស់ខ្លួនអំពីសកម្មភាពយោធាចិនក្នុងរយៈពេល ២៤កន្លងមកនេះ ដែលចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍ កោះតៃវ៉ាន់បាននិយាយថា ខ្លួនបានរកឃើញយន្តហោះយោធាចិនចំនួន ៦៦ គ្រឿងដែលកំពុងប្រតិបត្តិការនៅជុំវិញកោះនេះ។ អាជ្ញាធរនេះបាននិយាយថា ក្នុងចំណោមនោះ មាន ៣៩ គ្រឿងបានឆ្លងទៅភាគខាងត្បូង និងភាគអាគ្នេយ៍នៃកោះ ហើយធ្លាប់និយាយមុននោះថា ខ្លួនបានរកឃើញយន្តហោះចំនួន ៣៦ គ្រឿងដែលកំពុងធ្វើដំណើរទៅកាន់ប៉ាស៊ីហ្វិកខាងលិច ដើម្បីធ្វើសមយុទ្ធជាមួយនាវាផ្ទុកយន្តហោះចិន សានតុង។ ក្រសួងការពារជាតិចិន មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយលើសកម្មភាពរបស់នាវា សានតុង នោះទេ៕

ប្រភព៖ អាមេរិក នឹងបន្តដឹកជញ្ជូនគ្រាប់បែកទម្ងន់ជាង ២០០គីឡូក្រាមទៅឱ្យអ៊ីស្រាអែល

2024/07/11 10:48:59 am        297
មន្ត្រីអាមេរិកមួយរូបបាននិយាយកាលពីថ្ងៃពុធ (១០ កក្កដា) ថា រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) នឹងបន្តដឹកជញ្ជូនគ្រាប់បែកទម្ងន់ ៥០០ ផោន (ជាង ២២៦ គីឡូក្រាម) ទៅឱ្យអ៊ីស្រាអែល ប៉ុន្តែនឹងបន្តរារាំងការផ្គត់ផ្គង់គ្រាប់បែកទម្ងន់ ២.០០០ ផោន (ជាង ៩០៧ គីឡូក្រាម) ជុំវិញការព្រួយបារម្ភថាអ៊ីស្រាអែល អាចនឹងប្រើប្រាស់គ្រាប់បែកធុនធ្ងន់ទាំងនោះនៅក្នុងតំបន់ហ្កាហ្សា ដែលមានប្រជាជនរស់នៅច្រើន។សហរដ្ឋអាមេរិក កាលពីខែឧសភា បានផ្អាកការដឹកជញ្ជូនគ្រាប់បែកទម្ងន់ ២.០០០ ផោន និង ៥០០ ផោននេះ ដោយសារតែការបារម្ភពីផលប៉ះពាល់ដែលគ្រឿងយុទ្ធោបករណ៍ទាំងនោះអាចបង្កនៅក្នុងតំបន់ហ្កាហ្សា។ ការព្រួយបារម្ភជាពិសេសរបស់រដ្ឋបាលលោក បៃដិន គឺការប្រើប្រាស់គ្រាប់បែកដ៏ធំបែបនេះនៅក្នុងទីក្រុងរ៉ាហ្វា (Rafah) ជាទីដែលប្រជាជនប៉ាឡេស្ទីនជាងមួយលាននាក់បានភៀសខ្លួន។គ្រាប់បែកទម្ងន់ ២.០០០ ផោនមួយគ្រាប់អាចច្រៀកបេតុង និងដែកក្រាស់ៗជាបំណែកៗ បង្កើតបានជាកាំផ្ទុះ (ទំហំនៃការផ្ទុះ) យ៉ាងធំទូលាយ។ មន្ត្រីអាមេរិកនិយាយថា គ្រាប់បែកទម្ងន់ ៥០០ ផោនត្រូវបានដាក់បញ្ចូលក្នុងការដឹកជញ្ជូនជាមួយគ្នានឹងគ្រាប់បែបធំៗដែលត្រូវបានផ្អាកទាំងនោះ ដូច្នេះហើយទើបគ្រាប់បែកទាំងអស់ត្រូវផ្អាកដឹកស្របគ្នា។ អាមេរិក បានជូនដំណឹងដល់អ៊ីស្រាអែលថាខ្លួនកំពុងបញ្ចេញគ្រាប់បែកទម្ងន់ ៥០០ ផោន ប៉ុន្តែនៅតែផ្អាកគ្រាប់បែកធំៗដដែល។កាលពីខែមិថុនា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណាតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានអះអាងថា ទីក្រុងវ៉ាស៊ីនតោនកំពុងដកហូតអាវុធ ហើយបានអង្វរករមន្ត្រីអាមេរិកឱ្យដោះស្រាយស្ថានការណ៍។ មន្រ្តីជំនិតរបស់លោក Biden បានសម្តែងការខកចិត្តចំពោះការលើកឡើងរបស់មេដឹកនាំអ៊ីស្រាអែលរូបនេះ៕

លោកZelenskyy៖ ពិភពលោកមិនអាចរង់ចាំរហូតដល់ការបោះឆ្នោតអាមេរិកក្នុងខែវិច្ឆិកា ដើម្បីចាត់វិធានការបណ្ដេញ Putin បានឡើយ

2024/07/11 10:46:25 am        217
លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃអង្គារថា ត្រូវតែចាត់វិធានការយ៉ាងម៉ឺងម៉ាត់មុនការបោះឆ្នោតប្រធានាធិបតីអាមេរិកក្នុងខែវិច្ឆិកា ដើម្បីទប់ទល់ការវាយលុករបស់រុស្ស៊ីលើប្រទេសលោក ដោយប្រើសុន្ទរកថាមួយនៅខាងក្រៅកិច្ចប្រជុំកំពូលរបស់អង្គការណាតូដើម្បីជំរុញឱ្យមានការគាំទ្រកាន់តែខ្លាំងក្នុងអំឡុងពេលវេលាដ៏សំខាន់នេះ ប៉ុន្តែពេលនេះនយោបាយមានភាពច្របូកច្របល់នៅក្នុងសហរដ្ឋអាមេរិក។ លោក Zelenskyy បាននិយាយថា ត្រូវដើរចេញពីស្រមោលក្នុងការសម្រេចចិត្តដ៏រឹងមាំដើម្បីចាត់វិធានការ និងមិនរង់ចាំដល់ខែវិច្ឆិកា ឬខែផ្សេងទៀតឡើយ។ យើងត្រូវតែរឹងមាំ និងគេចចេញភាពមិនចុះសម្រុងគ្នា។ ថ្លែងក្នុងទីក្រុងវ៉ាស៊ីនតោន បួនខែមុនការបោះឆ្នោត ហ៊ុមព័ទ្ធដោយភាពមិនច្បាស់លាស់ថ្មី បន្ទាប់ពីការជជែកដេញដោលមិនល្អរបស់លោកប្រធានាធិបតី Joe Biden លោកបានសំដៅលើសាររបស់លោកទៅកាន់គណបក្សសាធារណរដ្ឋ ដែលមេដឹកនាំរបស់អង្គការ NATO រំពឹងថា បក្សនេះអាចឈ្នះតំណែងប្រធានាធិបតីក្នុងការបោះឆ្នោតឆ្នាំនេះ។ លោក Zelenskyy បានបន្ថែមថា ប្រធានាធិបតីសហរដ្ឋអាមេរិក ត្រូវតែលុបបំបាត់ភាពមិនចុះសម្រុងក្នុងការការពារលទ្ធិប្រជាធិបតេយ្យ ក៏ដូចជាទប់ទល់នឹងប្រធានាធិបតីរុស្ស៊ី Vladimir Putin៕

អេហ្ស៊ីប៖ ការចរចាកំពុងដំណើរការជាមួយលីបង់ និងអ៊ីស្រាអែល ដើម្បីបញ្ចៀសការប្រឈមមុខដាក់គ្នា

2024/07/11 10:43:07 am        216
រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប បាននិយាយកាលពីថ្ងៃពុធ ទី១០ កក្កដា ថា ការចរចា កំពុងដំណើរការជាមួយភាគីប្រទេសលីបង់ និងអ៊ីស្រាអែល ដើម្បីបញ្ចៀសការជាប់ពាក់ព័ន្ធដោយផ្ទាល់ទាំងអស់ក្នុងការប្រឈមមុខដាក់គ្នា។នៅក្នុងសន្និសីទសារព័ត៌មានរួមជាមួយសមភាគីប្រទេសហ្ស៊កដានី រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក បាដ អាប់ដែលឡាតទី(Badr Abdelatty) បាននិយាយថា ជំនួបកាលពីនាពេលថ្មីៗនេះ មានគោលបំណងបញ្ឈប់ «សេណារីយ៉ូដ៏ធ្ងន់ធ្ងរ» នៅលើសមរភូមិប្រទេសលីបង់។ក្រុមហេសបូឡា បានចាប់ផ្តើមការបាញ់ផ្លោងទៅលើគោលដៅរបស់អ៊ីស្រាអែល នៅតាមព្រំដែន ដើម្បីគាំទ្រដល់ប៉ាឡេស្ទីន បន្ទាប់ពីក្រុមហាម៉ាស់ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួន បានបើកការវាយប្រហារ កាលពីថ្ងៃទី ៧ ខែតុលា ទៅលើអ៊ីស្រាអែល ដែលបង្កឱ្យមានសង្រ្គាមនៅតំបន់ហ្កាហ្សា។ក្រុមនេះ បានចាត់ទុកការវាយប្រហាររបស់ខ្លួនម្តងហើយម្តងទៀតថាជា «សមរភូមិគាំទ្រ» ក្នុងគោលបំណងធ្វើឲ្យធនធានយោធារបស់អ៊ីស្រាអែលចេញឆ្ងាយពីតំបន់ហ្កាហ្សា និងគាំទ្រប៉ាឡេស្ទីន។ប្រជាជនអ៊ីស្រាអែល និងលីបង់ រាប់ម៉ឺននាក់ត្រូវបានបង្ខំឱ្យជម្លៀសខ្លួនចេញពីតំបន់នៅជុំវិញព្រំដែនរវាងប្រទេសទាំងពីរ ហើយអ្នកសង្កេតការណ៍អន្តរជាតិ បានព្រមានក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះអំពីហានិភ័យនៃជម្លោះកាន់តែរីកធំ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីហ៊ុនម៉ាណែត អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ការ​សារមន្ទីរ​ព្រះវិហារ​អដ្ឋរស្ស និងពុទ្ធាភិសេកព្រះបដិមាព្រះសម្មាសម្ពុទ្ធអង្គធំ ក្នុង​រមណីយ​ដ្ឋាន​ភ្នំ​ព្រះរាជ​ទ្រព្យ (ឧដុង្គ)
06/29/2026 01:06 PM
អ្នកនាំពាក្យក្រសួងការងារ៖ គិតត្រឹម ៥ខែដើមឆ្នាំ២០២៦នេះ ចំនួនសហគ្រាស ក្រុមហ៊ុន រោងចក្រនៅកម្ពុជា​មាន​ចំនួន ៤៧ ២៩៩ សហគ្រាស កើនឡើង​ចំនួន ៦៥០ស​ហគ្រា​ស
06/29/2026 01:06 PM
អាជ្ញាធរខេត្តកំពង់ស្ពឺ សម្ពោធផ្លូវបេតុងក្រាលកៅស៊ូលើខ្នងភ្នំឧទ្យានជាតិសុរាម្រិតកុសមៈគីរីរម្យ ដើម្បីលើកកម្ពស់វិស័យទេសចណ៍
06/29/2026 12:06 PM
ក្រុមប្រឹក្សាធម្មនុញ្ញប្រគល់ស្តម្ភរដ្ឋធម្មនុញ្ញចម្លង ដើម្បីតម្កល់នៅសាលារាជធានី-ខេត្ត សម្រាប់​ប្រារព្ធ​ពិធីគោរពរដ្ឋធម្មនុញ្ញ
06/29/2026 12:06 PM
មន្រ្ដីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅបន្ត របស់មន្ទីរអភិវឌ្ឃន៍ជនបទខេត្តកំពត
06/29/2026 12:06 PM
រដ្ឋាភិបាល​កម្ពុជា​​បង្កើត​ក្រុម​ការងារ​អន្តរក្រសួង​ ដើម្បី​ទាក់ទាញភ្ញៀវទេសចរ​អន្តរជាតិមកទស្សនាកម្ពុជា
06/29/2026 12:06 PM
ក្រសួងផែនការ សាងសង់អគារវិទ្យាស្ថានជាតិស្ថិតិថ្មី ដែល​ជា​ការ​វិនិយោគ​លើ​អនាគត​ប្រព័ន្ធ​ស្ថិតិ​ជាតិ
06/29/2026 12:06 PM
អ៊ីស្រាអែល សម្លាប់ពលរដ្ឋប៉ាឡេស្ទីនច្រើននាក់នៅហ្កាហ្សា ខណៈការវាយប្រហារលើជំរំតង់នៅតែបន្ត
06/29/2026 12:06 PM
ក្រសួងបរិស្ថាន៖ កម្ពុជានៅតែបន្តហាមឃាត់ការនាំចូលសំណល់អេឡិចត្រូនិក (e-waste) ដើម្បីការពារបរិស្ថាន ធនធានធម្មជាតិ និងសុខភាពសាធារណៈ
06/29/2026 12:06 PM
មេដឹកនាំរុស្ស៊ី និងបេឡារុស តាមសេចក្តីរាយការណ៍ថា ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសន្តិសុខ
06/29/2026 12:06 PM