កសិករធ្វើស្រែពឹងប្រព័ន្ធធារាសាស្ត្រគ្រប់ជ្រុងជ្រោយនៅស្រុកស្អាង ខេត្តកណ្ដាល ត្រៀមធ្វើស្រែលើកទីពីរ
វិស័យឯកជនចាត់ទុកបញ្ជរសាធារណៈចល័តក្រសួងការងារជាកន្លែងផ្តល់ព័ត៌មានពិត និងច្បាស់លាស់
ស្រូវប្រាំងនៅស្រុកចន្ទ្រាជាង ៦០០ហិកតា ត្រូវបានជួយសង្រ្គោះ ខណៈកម្លាំងដឹកជញ្ជូន​លេខ៩៩​បន្តជួយកន្លែងរងគ្រោះដទៃជាបន្តបន្ទាប់ទៀត
ការលក់ដុំ-រាយតាមអនឡាញកំពុងមានសម្ទុះកើនឡើង ខណៈការលក់ដូរនៅតាមទីផ្សារ​បានធ្លាក់ចុះ

សេដ្ឋកិច្ច និង កសិកម្ម

កម្ពុជាស្នើ IFC បន្តគាំទ្របច្ចេកទេស និងហិរញ្ញវត្ថុដើម្បីឈានសម្រេចចក្ខុវិស័យដែលកំណត់

2024/12/18 01:58:08 pm        150
មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល ស្នើសុំឱ្យសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC បន្ត​គាំទ្រ​កម្ពុជា​ទាំង​ផ្នែក​បច្ចេក​ទេស និងហិរញ្ញវត្ថុ ដើម្បី អាចឱ្យកម្ពុជា​ឈាន​ឆ្ពោះទៅ​សម្រេច​បាន​ដោយ​ជោគ​ជ័យ​នូវ​ចក្ខុ​វិស័យ​ឆ្នាំ២០៣០ និងឆ្នាំ ២០៥០ ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុងជំនួបពិភាក្សាការងារ ជាមួយ ឯកឧត្តម រីកាដូ តូលីធី (Riccardo Puliti) អនុប្រធាន​ប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក នៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation IFC) នៅថ្ងៃទី១៧ ខែធ្នូ ម្សិលមិញនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បាន​រំលឹកឡើងវិញ នូវកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងសាជីវកម្ម​ហិរញ្ញ​វត្ថុ​អន្តរជាតិ ​IFC ជាច្រើនទស្សវត្សន៍កន្លងមក និងបានវាយ តម្លៃខ្ពស់ ចំពោះការ​ចូលរួម​ចំណែក​ដ៏​សំខាន់​របស់ IFC ដែលបានគាំទ្រកម្ពុជា ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ចាប់តាំងពីឆ្នាំ ២០០០ មក ទាំងក្នុងវិស័យហិរញ្ញវត្ថុ, កសិ-ពាណិជ្ជកម្ម, ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត, ភាព​ជាដៃគូ​រវាង​រដ្ឋ និង​ឯកជន, និងវិស័យអប់រំ ដែលជា លទ្ធផលបានជួយបង្កើតឱកាសការងារថ្មី បង្កើ​ន​ប្រាក់​ចំណូល និងកាត់បន្ថយភាពក្រីក្រ ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានថ្លែងអំណរគុណចំពោះការប្តេជ្ញា និងគោលជំហររបស់ IFC ក្នុង​ការរួមចំណែកជំរុញ ការអភិវឌ្ឍរបស់កម្ពុជា និងបានជម្រាបជូនថា វិស័យជាអាទិភាពដែល IFC បានកំណត់ គឺពិតជាឆ្លើយតបទៅនឹងបញ្ចកោណយុទ្ធសាស្ត្រ ទាំង ៥ នៃយុទ្ធសាស្ត្រ​បញ្ច​កោណ-​ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ដែលស្ថិតក្រោ​មកា​រ​ដឹក​នាំដ៏​ត្រឹមត្រូវ, ស្វាហាប់ និងឈ្លាសវៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋ​មន្ត្រី ជាអាទិ៍, វិស័យហិរញ្ញវត្ថុ, ហេដ្ឋារចនាសម្ព័ន្ធ និង វិស័យឡូជីស្ទីក គឺជាវិស័យគន្លឹះ គាំទ្រ​ការ​អនុវត្ត​កម្ម​វិធីជំរុញកំណើនរបស់រាជរដ្ឋាភិបាលសម្រាប់រយៈពេល៤ ឆ្នាំខាងមុខ ។ ក្នុងជំនួបនេះ ដែរ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានស្នើសុំឱ្យសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បន្តគាំទ្រ​កម្ពុជា​ទាំង​ផ្នែក​បច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីអាច ឱ្យកម្ពុជាឈាន​ឆ្ពោះ​ទៅស​ម្រេច​បាន​ដោយ​ជោគ​ជ័យ​នូវ​ចក្ខុ​វិស័​យឆ្នាំ២០៣០ និងឆ្នាំ ២០៥០ ។ជាការឆ្លើយតប, ឯកឧត្តម កាដូ ភូលីធី បានកោតសរសើរ និងវាយតម្លៃ​ខ្ព​ស់​ដល់​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍប្រទេស ជាមួយនឹងការដាក់​ចេញ​នូវ​គោល​នយោបាយ ផែនការយុទ្ធសាស្ត្រ និងការវិនិយោគជាបន្តបន្ទាប់ រហូតមានការរីក ចំរើនយ៉ាង​ឆាប់​រហ័ស​ដូច​សព្វថ្ងៃ ។ ឯកឧត្តមអនុប្រធាន ក៏បានសម្តែងនូវ​ការ​កោត​សរសើរ​ចំពោះកា​រ​រីក​ចំរើន​របស់​កម្ពុជា ក្នុងការអភិវឌ្ឍ ថាមពលស្អាត ដែលបច្ចុប្បន្នសម្រេចបាន ៥៨% នៃគោលដៅ ៧០% ព្រមទាំងបានគូសបញ្ជាក់អំពីការប្តេជ្ញា និងគោលជំហររបស់ IFC ក្នុងការ​បន្ត​គាំទ្រ​ការ​អភិវឌ្ឍ​របស់​កម្ពុជា តាមរយៈការជំរុញកិច្ចប្រតិបត្តិការឡើងវិញ លើវិស័យអាទិភាព​សំខាន់ៗ​ជា​អាទិ៍​៖ វិស័យហិរញ្ញវត្ថុ, ហិរញ្ញប្បទានបៃតង, ឡូជីស្ទីក, ថាមពល, ការឆ្លើយតប​ទៅ​នឹង​បម្រែ​បម្រួល​អាកាសធាតុ ជាមួយនឹងការបន្តផ្តល់សេវាប្រឹក្សា និងការបណ្តុះបណ្តាល ដើម្បីរួម​ចំណែក​ជួយ​ឱ្យ​កម្ពុជា សម្រេចបាននូវគោល​ដៅ​អភិវឌ្ឍ​ប្រែ​ក្លាយ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០៕ អត្ថបទ៖ សុន រ៉ាឌី

ឆ្នាំ២០២៤ កម្ពុជាលក់ជ័រកៅស៊ូបានជាង៦៤០លានដុល្លារ កើនជាង៣០ភាគរយ

2024/12/18 11:18:46 am        118
ក្នុងឆ្នាំ២០២៤នេះ ការលក់ជ័រកៅស៊ូរបស់កម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់ រហូត​ដល់​ជាង ៣០ភាគរយ ដោយទទួលបានចំណូលជាង៦៤០លានដុល្លារ បើធៀបនឹងឆ្នាំ២០២៣ ហើយ​ឆ្នាំនេះ ជាមធ្យមតម្លៃជ័រកៅស៊ូ ចន្លោះពីជាង១ពាន់ ទៅ២ពាន់ដុល្លារ ក្នុងមួយតោន ។លោក ឃុន កក្កដា អគ្គនាយកស្តីទី នៃអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានឱ្យដឹងថា ចាប់តាំងពីមានវត្តមាននៅលើទឹកដីកម្ពុជា ដំណាំកៅស៊ូ បានផ្សារភ្ជាប់ និង​បំពេញ​តួនាទីយ៉ាងសកម្មក្នុងការរួមចំណែកទ្រទ្រង់សេដ្ឋកិច្ច សង្គម និងបរិស្ថាននៃប្រទេសកម្ពុជា រហូត​ដល់បច្ចុប្បន្ន ។លោក​បានបន្តថា នៅឆ្នាំ២០២៤នេះ ផលិតផលជ័រកៅស៊ូសម្រេចបានប្រមាណជាង៤០ម៉ឺនតោន បើ​ធៀប​នឹងឆ្នាំ២០២៣ មានការកើនឡើងចំនួន៤ភាគរយ និងរក​ចំណូល​បាន​ជាង​៦៤០​លាន​ដុល្លារកើនជាង៣០ភាគរយ ដែលថ្លៃលក់ជាមធ្យមក្នុងមួយឆ្នាំនេះ គឺជាង១ពាន់៦០០ដុល្លារ ក្នុង​មួយ​តោនកើនឡើង ២៨០ដុល្លារ ហើយសង្ឃឹមថា នឹងឡើងបន្ថែមទៀត ខណៈដែលកម្ពុជា កំពុង​មាន​រោងចក្រផលិតកង់រថ យន្តចំនួនបី និងគ្រោងបង្កើតពីរទៀត ។លោក គិន ឧត្តមមុនីស៊ីណាត នាយកប្រតិបត្តិក្រុមហ៊ុនផលិតកង់រថយន្តម៉ាកសាយឡុន (SAILUN TIRE CAMBODIA) បានឱ្យដឹងថា បច្ចុប្បន្ននេះ ក្រុមហ៊ុន​បាន​បោះ​ទុន​វិនិយោគ​ប្រមាណ​មួយពាន់លានដុល្លារនៅក្នុងប្រទេសកម្ពុជា លើការផលិតកង់រថយន្ត ហើយបាន​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស ជាង៣០ទូទាំងពិភពលោក ។លោកបានបញ្ជាក់ថា ក្រុមហ៊ុនសាយឡុន បានប្រមូលទិញជ័រកៅស៊ូប្រមាណជាង៣០ភាគរយ នៃ ផ្ទៃ​ដី​ដំណាំកៅស៊ូជាង៤០ម៉ឺនហិកតានៅក្នុងប្រទេសកម្ពុជា ជា​មួយ​នឹង​ការ​បង្កើត​ការងារ​ជូន​ពលរដ្ឋ​បាន ជាង៧ពាន់នាក់ ហើយឆ្នាំក្រោយ បន្ទាប់ពីក្រុមហ៊ុនពង្រីកការវិនិយោគ នឹង​បង្កើត​ការងារ​ដល់​ជាង ១ម៉ឺននាក់។សូមបញ្ជាក់ថា ដំណាំកៅស៊ូ បានចាប់បដិសន្ធិនៅកម្ពុជា នៅឆ្នាំ១៩២០ ដោយមាន​ក្រុមហ៊ុ​ន​វិនិយោគិន​បារាំងធំៗចំនួន៥ បានបង្កើតចម្ការកៅស៊ូកសិ-ឧស្សាហកម្ម ដែលដំបូង​ដាំ​នៅ​ខេត្ត​កំពង់​ចាម ក្រចេះ និងខេត្តកំពង់ធំ ។ គិតត្រឹមឆ្នាំ១៩៦៩ កម្ពុជា មានផ្ទៃដីដាំដុះកៅស៊ូ សរុប​ជាង​៦៤០​ពាន់ហិកតា ដែលក្នុង នោះជាង៣៩០ពាន់ហិកតា ចៀរជ័រយក​ផល​ជ័រ​បាន​ចំនួន​៥០​ពាន់​តោន សម្រាប់បម្រើសេចក្តីត្រូវការក្នុង ស្រុក និងនាំចេញប្ដូរយករូបីយបណ្ណអន្តរជាតិ។ ក្នុង​រយៈ​ពេល​ជាង​២០ឆ្នាំចុងក្រោយ (២០០០-២០២០) ផ្ទៃដីដំណាំកៅស៊ូបានកើនឡើង៨ដង ដោយ​ឆ្នាំ​២០០០ មានត្រឹម៥ម៉ឺនដើម ហើយមកដល់ឆ្នាំនេះ មានផ្ទៃដីដំណាំកៅស៊ូ ចំនួន៤២៥ពាន់ ៤៤​៣​ហិកតា ក្នុងនោះ៥២ភាគរយ ជាចម្ការកៅស៊ូកសិឧស្សាហ កម្ម និង៤៨ភាគរយ ជាផ្ទៃ​ដី​កៅ​ស៊ូ​គ្រួសារ​៕ អត្ថបទ៖ សុខរិទ្ធិ

ប្រតិភូវិនិយោគិនចិនចំនួន ៣ក្រុម ចាប់អាម្មណ៍យ៉ាងខ្លាំងលើការវិនិយោគនៅកម្ពុជា

2024/12/18 09:46:47 am        176
ប្រតិភូវិនិយោគិនមកពីប្រទេសចិនចំនួន ៣ក្រុម បានកំពុងស្វែងរកឱកាសវិនិយោគ និង​បាន​ចាប់​អារម្មណ៍​លើ​ការមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាលើវិស័យជាច្រើន និងបានប្តេជ្ញាជួយ​គៀង​គរ​វិនិយោគិន​ចិន ឱ្យមកធ្វើការវិនិយោគនៅកម្ពុជាបន្ថែមផងដែរ។ ឯកឧត្ដម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និង​ពិភាក្សា​ការងារជាមួយ គណៈប្រតិភូវិនិយោគិនចិន នៅថ្ងៃទី ១៧ ម្សិលមិញនេះ, ឯកឧត្តម​អគ្គ​លេខា​ធិការ បានសម្តែងនូវការស្វាគមន៍ជូនចំពោះគណៈប្រតិភូ ទាំងអស់ និងបានគូស​រំលេច​ពី​កំណើន​នៃ​រំហូរវិនិយោគនៅកម្ពុជាជារួម ជាពិសេសកំណើនៃរំហូរវិនិយោគចិនមកកម្ពុជា ក្នុង​រយៈ​ពេល​ ប្រមាណ១ទសវត្សរ៍ចុងក្រោយនេះ ដែលប្រភពទុនពីប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ១ ឬ​លេខ២ ជារៀងរាល់ឆ្នាំ។ ឯកឧត្តមអគ្គលេខាធិការ បានគូសរំលេចអំពីភាពរីកលូតលាស់នៃទំនាក់ទំនងកម្ពុជា-ចិន ដែល​បាន​ឈាន​ដល់​កម្រិតខ្ពស់ បំផុត ហើយភាគីទាំងពីរ​បាន​ខិតខំ​ប្រឹង​ប្រែង​កសាង​សហគមន៍​វាសនា​រួម​កម្ពុជា-ចិន ប្រកបដោយភាពស៊ីជម្រៅ ពង្រឹងក្របខ័ណ្ឌកិច្ច សហប្រតិបត្តិការត្បូងពេជ្រ និង​បង្កើត​ឱ្យ​មានវឌ្ឍនភាពវិជ្ជមានក្នុងការកសាងរបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា ក៏​ដូច​ជា​របៀង​មច្ឆា និងអង្ករ ដែលនាំមកនូវផលប្រយោជន៍រូបវន្តដល់ប្រទេសទាំងពីរ។ បន្ថែមពីនេះ ឯកឧត្តម​អគ្គ​លេខា​ធិការ ក៏បានធ្វើអត្ថាធិប្បាយអំពី បរិយាកាស និងរបបវិនិយោគកម្ពុជា ដែលមានភាព​អំណោយ​ផល និងបើកចំហសម្រាប់វិនិយោគិនដោយគ្មានរើសអើង។  ជាការឆ្លើយតប លោកស្រី ចូវ ហួយថុង អគ្គនាយករងក្រុមហ៊ុន ចុងខឺប៉ីហ្វាង មក​ពី​ទី​ក្រុង​សិន​យ៉ាង ខេត្តលាវនីង ប្រទេស ចិន, បានជម្រាបជូនថា លោកស្រីបាន​ធ្វើ​ការ​សិក្សា​ពី​កាលានុវ​ត្ត​ភាព​វិនិ​យោគ​នៅកម្ពុជាអស់រយៈពេលប្រមាណ ២ ឆ្នាំមកហើយ នៅ ពេលនេះ ក្រុមហ៊ុន​មាន​បំណង​បណ្តាក់​ទុន​វិនិយោគក្នុងវិស័យឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម សម្រាប់ទីផ្សារក្នុងស្រុក និង​ការនាំចេញ។ ដោយឡែកគណៈប្រតិភូសមាគមលើកកម្ពស់បច្ចេកវិទ្យា គ្រប់គ្រងសេដ្ឋកិច្ច អន្តរជាតិប៉េកាំង តំណាង​ដោយ​លោកស្រី Li Zeqing ប្រធានមជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​នៃ​សកល​វិទ្យា​ល័យ​ប៉េកាំង លោកស្រីបានកត់សម្គាល់អំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រ រវាងកម្ពុជា-ចិន ដែល​ត្រូវ​បាន​ថ្នាក់​ដឹក​នាំកំពូលនៃប្រទេសទាំងពីរ ធ្វើការដំឡើងកម្រិត និងបន្ស៉ីគ្នារវាង​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​ប្រទេស​។ ស្របគ្នានេះ លោកស្រីបានបង្ហាញនូវចំណាប់អារម្មណ៍ ចំពោះបច្ចុប្បន្ន​ភាព​ថ្មី​នៃ​បរិយាកាស​វិនិយោគនៅកម្ពុជា ដែលមានភាពល្អ ប្រសើរ និងទាក់ទាញខ្ពស់, លោកស្រីបាន​ណែនាំ​ឱ្យ​សហគ្រាសឆ្នើម ដែលបានអញ្ជើញចូលរួមអមដំណើរ ធ្វើការសិក្សាសមិទ្ធិលទ្ធភាព លើ​មុខសញ្ញាគន្លឹះ និងអាទិភាពនានាសំដៅច្បាមយកកាលានុវត្តភាព និងទីផ្សារ។  ចំណែក ប្រតិភូសម្ព័ន្ធឧស្សាហកម្ម និងពាណិជ្ជកម្មខេត្តហ៊ូប៉ី នៃសាធារណរដ្ឋប្រជាមានិតចិន ដែល​ដឹកនាំដោយលោក អ៊ូ ជឺយុង (Wu Zhiyong) អនុប្រធានសម្ព័ន្ធឧស្សាហកម្ម និង​ពាណិជ្ជ​កម្ម​ខេត្ត​ហ៊ូប៉ី និងជាអនុប្រធានសភាពាណិជ្ជកម្មខេត្តហ៊ូប៉ី, លោក សង្ឃឹមថា ទំនាក់ទំនង​នៃ​ប្រទេស​យើង​ទាំងពីរ តាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ នឹងបន្តធ្វើឱ្យប្រជាជនចិន ជា​ពិសេស វិនិយោគិននៅខេត្តហ៊ូប៉ី មានចំណាប់អារម្មណ៍មកបណ្តាក់ទុនវិនិយោគ នៅក​ម្ពុជា​កាន់​តែ​ច្រើន​ទ្បើង​ថែម​ទៀតផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

ផលិតផលខ្មែរកាន់តែច្រើនទទួលបានការគាំទ្រនៅក្នុងពិព័រណ៍ពាណិជ្ជកម្មកម្ពុជា

2024/12/17 04:49:46 pm        131
ក្រុមអាជីវករដែលចូលរួមតាំងបង្ហាញផលិតផលនានាក្នុងពិព័រណ៍ពាណិជ្ជកម្មកម្ពុជា លើកទី១៦ ឆ្នាំ២០២៤នេះ បានបង្ហាញទឹកមុខសប្បាយរីករាយ និងឲ្យដឹងស្រដៀងគ្នាថា ឆ្នាំនេះ​ទទួល​បាន​លទ្ធផល​ជាទីគាប់ចិត្ត ដោយសារទទួលបាននូវការគាំទ្រពីសាធារណៈជន ក៏ដូចជាដៃគូអាជីវកម្មថ្មីៗ​ថែម​ទៀតក្នុងកា​រព​ង្រីក​ទីផ្សារ​លក់​ទាំង​នៅក្នុ​ង​ស្រុក​ និង​សម្រាប់​នាំចេញ​។កញ្ញា ប៉ែត សុខណា ម្ចាស់ហាងស្រម៉ៃ មកពីខេត្តសៀមរាប នៅក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី កញ្ញាបានរៀបរាប់ថា ក្នុងកម្មវិធីពិព័រណ៍ពាណិជ្ជកម្មរយៈពេល៤ថ្ងៃកន្លងមកនេះ គឺមាន​អ្នក​ចូល​ទស្សនា​យ៉ាងច្រើនកុះករ ថែមទាំងលក់ដាច់អស់ច្រើនសម្រាប់អតិថិជនចាស់និងថ្មី។ កញ្ញា​បាន​បន្ត​ថា តាមរយៈកម្មវិធីនេះដែរ កញ្ញាក៏ទទួលបាននូវទំនាក់ទំនងថ្មីៗបន្ថែមទៀតពីភ្ញៀវជាតិ និង​អន្តរជាតិ ដែលមានគោលបំណងចង់សហការជាដៃគូក្នុងការពង្រីកអាជីវកម្ម។ កញ្ញា វាសនា វេជ្ជរ៉ាវ៉ា ម្ចាស់អាជីវកម្មខាងផ្នែកអំបុក មកពីខេត្តបាត់ដំបង បាន​ឲ្យ​ដឹង​ស្រដៀង​គ្នា​ថា តាមរយៈព្រឹត្តការណ៍ពិព័រណ៍នេះ ពិតជាទទួលផ្លែផ្កាល្អៗជាច្រើន ដូចជាជំនួប​ផ្នែក​ពាណិជ្ជ​កម្ម​ជាមួយដៃ​គូនានាទាំងជាតិ អន្តរជាតិ និងការបង្ហាញផ្លូវ​ក្នុងការ​ដាក់​តាំង​បង្ហាញ​លក់​ផលិត​ផល​ខ្មែរ​នៅ​បណ្តាផ្សារទំនើបថ្មីៗបន្ថែមទៀតផ្សេងទៀត។ កញ្ញា បានបន្តទៀតថា អ្វីដែលជា​ក្តីរំពឹង​ទុក​ក្រោយ​ចប់​កម្មវិធីនេះ គឺសង្ឃឹមថា គ្រប់ផលិតផលទាំងអស់ អាចនឹងដំណើរកា​រ​លក់​កាន់​តែ​ល្អ​ប្រសើរ​ទៅ​មុខ​បន្ថែមទៀត ទាំងការដាក់តាំងលក់នៅតាមទីផ្សារ និងការពង្រីកដៃ​គូ​អាជីវកម្ម​នៅ​ក្រៅ​ប្រ​ទេស ខណៈផលិតផលទាំងអស់របស់កញ្ញា មានការ​ទទួល​ស្គាល់​យ៉ាងត្រឹម​ត្រូវ​ពី​ក្រសួ​ង​ស្ថាប័ន​ពាក់ព័ន្ធ និងមានស្តង់ដារ ជាពិសេស​ទំនិញ​ប្រកប​ដោយ​គុណភាព និង​ផ្តល់​ទំនុក​ចិត្ត​ខ្ពស់​ទៅ​កាន់​អតិថិជន។នៅក្នុងពិធីបើកពិព័រណ៍ពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ លោក​ជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា បេសកកម្ម​ចម្បង​របស់​ពិព័រណ៍​នេះ គឺដើម្បីជំរុញសកម្មភាពពាណិជ្ជកម្មកម្ពុជា និងធ្វើឱ្យកាន់តែប្រសើរឡើងនូវបរិយាកាស និង​ឱកាស​ធុរកិច្ច ព្រមទាំងជំរុញសកម្មភាពនាំចេញ នាំចូល និងការផ្សារភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម ការ​កសាងបណ្ដាញរវាងអ្នកចូលរួមតាំងពិព័រណ៍ក្នុងស្រុក និងអន្តរជាតិ ព្រម​ទាំង​អ្នក​ចូល​រួម​ទស្សនា​ពិព័រណ៍ផងដែរ។សូមបញ្ជាក់ទៀតថា ពិព័រណ៍ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៤នេះ ធ្វើឡើងក្រោមមូលបទ “យុគ​សម័យ​ថ្មី​នៃពាណិជ្ជកម្ម”តំណាងឱ្យការស្តារឡើងវិញ និងការរីកចម្រើននៃពាណិជ្ជកម្មរបស់កម្ពុជា ដែល​បង្ហាញពីសករាជថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ច ការចូលរួមជាសកល និងការ​ពង្រឹង​ភាព​ប្រកួត​ប្រជែង។ ពាក្យ “យុគ សម័យថ្មី”ឆ្លុះបញ្ចាំងពីវិធីសាស្ត្រដ៏សកម្ម និងប្រកប​ដោ​យ​ថាមវន្ត​នៃ​បេសក​កម្ម​ពាណិជ្ជកម្មបច្ចុប្បន្ន និងបង្ហាញពីការប្តេជ្ញា​ចិត្ត​របស់​កម្ពុជា​ក្នុង​ការ​សម្រេច​ឱ្យ​បាន​នូវ​ចក្ខុ​វិស័យ​ឆ្នាំ​២០៣០​៕ អត្ថបទ ឈិត បូរ៉ាវី

IFC កំពុងសហការជួយកម្ពុជាឈានទៅសម្រេចជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០

2024/12/17 11:58:02 am        106
សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) កំពុងធ្វើកិច្ចសហការល្អជាមួយកម្ពុជា និង​បាន​បង្ហាញ​ពី​បំណង​ពង្រឹង និង​ពង្រីកបន្ថែម និងការស្វែងយល់បន្ថែមអំពីសក្តានុពល ពិសេសអំពី​គោល​នយោបាយ និង​វិស័យអាទិភាពសំខាន់ៗ ដើម្បីជួយកម្ពុជាឈានទៅសម្រេច គោលដៅរបស់​កម្ពុជា​ ជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។លោក Riccardo Puliti អនុប្រធានសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ធនាគារពិភពលោក ប្រចាំ​តំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងជំនួបភាក្សាការងារជាមួយ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយក​រដ្ឋ​មន្រ្តី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃ ម្សិលមិញនេះ លោកបាន​សម្ដែង​នូវ​សោមនស្ស​រីករាយ ដែលបានទទួលឱកាសក្នុងការចូលជួពសម្តែងការគួរសម និងជួបពិភាក្សា ការ​ងារ​ជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងបានវាយតម្លៃខ្ពស់ ចំពោះ​ការ​រីក​ចម្រើន​របស់​ប្រទេស​កម្ពុជា។​ លោកបានជម្រាបជូន ថា IFC ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បាននិង​កំពុង​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការពិនិត្យមើល និងផ្តល់ការប្រឹក្សាប្រតិបត្តិការវិនិយោគ លើគ្រប់ វិស័យនៅក្នុងតំបន់ និង​ជួយធនាគារពិភពលោកអភិវឌ្ឍវិស័យឯកជនប្រកបដោយចីរភាព។លោក Riccardo Puliti បានបន្ថែមថា IFC បាននិងកំពុងធ្វើកិច្ចសហការល្អជាមួយកម្ពុជា ហើយ​បង្ហាញ​ពី​បំណងពង្រឹង និងពង្រីកបន្ថែមនូវកិច្ចសហការនេះ និងស្វែងយល់បន្ថែម​អំពី​សក្តា​នុពល​របស់​កម្ពុជា ពិសេសអំពីគោលនយោបាយ និងវិស័យ អាទិភាពសំខាន់ៗ​មួយ​ចំនួន​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដើម្បីឈានទៅសម្រេចគោលដៅរបស់កម្ពុជា ជាប្រទេសដែលមានចំណូល ខ្ពស់​នៅ​ឆ្នាំ២០៥០ ពិសេស ថាតើ IFC អាចចូលសហការ​ជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុ​ជា​លើ​ផ្នែក​អ្វី​ខ្លះ​?ជាការឆ្លើយតប ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី បានជម្រាបថា ដើម្បីសម្រេច​ចក្ខុ​វិស័យ​ខាង​លើ រាជរដ្ឋាភិបាល កម្ពុជាបានយកវិស័យឯកជនជាដៃគូ និងជាក្បាល​ម៉ាស៊ីន​សម្រាប់​ជំរុញកំ​ណើនសេដ្ឋកិច្ច និងលើកកម្ពស់បរិកាសវិនិយោគឱ្យកាន់ តែល្អប្រសើរ ដើម្បី​ទាក់​ទាញ​វិនិយោគ​ផ្ទាល់ពីបរទេស។ ជាមួយនឹងការអនុម័តច្បាប់វិនិយោគថ្មីនៅឆ្នាំ ២០២១ អ្នកវិនិយោគ​បរទេស អាចដាក់ទុនវិនិយោគលើគ្រប់វិស័យ និងធ្វើជាម្ចាស់អាជីវកម្ម ១០០% មិនមាន​ការ​រើស​អើង និងផ្តល់នូវការលើកទឹកចិត្តយ៉ាងច្រើន ហើយច្បាប់វិនិយោគកម្ពុជា បានផ្តល់អា​ទិភាព​លើ​វិស័យ​អាទិភាពមួយចំនួនដូចជា ឧស្សាហកម្មដែលមានបច្ចេកវិទ្យាខ្ពស់ អេឡិចត្រូ និច យានយន្ត កសិកម្ម កសិឧស្សាហកម្ម ឧស្សាហកម្មកែច្នៃកសិកផល ឧស្សាហកម្មឌីជីថល ហេដ្ឋារចនាសម្ព័ន្ធ ឡូជីស្ទិក និង ទេសចរណ៍ជាដើម។ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានជម្រាបអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល លើ​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធដឹកជញ្ជូន និង ភស្តុភារកម្ម ដែលជាវិស័យដ៏សំខាន់ ដើម្បីចូលរួម​ឈាន​ទៅ​សម្រេច​គោល​ដៅ​ខាងលើ ដោយរាជរដ្ឋាភិបាលបានអនុម័តនូវផែនការមេ គ្រប់ជ្រុងជ្រោយ ស្តីពី​ប្រព័ន្ធ​ដឹក​ជញ្ជូនអន្តរមធ្យោបាយ និងភស្តុភាកម្មកម្ពុជាឆ្នាំ២០២៣-២០៣៣ ដែលមាន​គម្រោង​ចំនួន ១៧៤ ដែលត្រូវការថវិកាវិនិយោគប្រមាណជាង ៣៧ ពាន់លានដុល្លារអាមេរិក ដែល​ក្នុង​នោះ​រួម​មាន គម្រោងផ្លូវថ្នល់ ផ្លូវល្បឿនលឿន ផ្លូវដែក ផ្លូវទឹក កំពង់ផែ ផ្លូវអាកាស និង​មជ្ឈ​មណ្ឌល​ភស្តុភាកម្ម ផងដែរ ដែល IFC អាចចូលរួមជួយអភិវឌ្ឍ ដោយពិនិត្យជ្រើសរើសយក គម្រោង​អាទិភាពបំផុតចំនួន៥ មកពិនិត្យ និងវិនិយោគ។ ជាមួយគ្នានេះ ឯកឧត្តម​ឧប​នាយករដ្ឋ​មន្រ្តី ក៏បានជម្រាបអំពីគម្រោង ព្រែកជីកហ្វូណនតេជោ និងវឌ្ឍនភាពនៃគម្រោងនេះ ដែល​ជា​គម្រោង​ប្រវត្តិសាស្រ្តនិងមានអត្ថប្រយោជន៍ខ្ពស់ ដោយជួយកាត់បន្ថយ ចំណាយដឹកជញ្ជូន ការ​ខូច​ផ្លូវ​ថ្នល់ និងស្ទះចរាចរណ៍ និងជួយទ្រទ្រង់ដល់វិស័យផ្សេងៗ ទៀតជាច្រើនផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

ការនាំចេញរបស់កម្ពុជាកើនឡើងប្រមាណជាង ៥០ពាន់លានដុល្លារ គិតត្រឹមឆ្នាំ២០២៤

2024/12/16 03:38:35 pm        124
ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី១៦ ខែធ្នូនេះ បានរៀបចំវេទិកាស្តីពីការនាំចេញរបស់កម្ពុជា ក្នុង​គោលបំណង ជំរុញកិច្ចពិភាក្សាពាណិជ្ជកម្ម , ជួយបំពាក់បំប៉នដល់អ្នកនាំចេញ និង​ជំរុញ​ដល់​ការ​បង្កើត​ទំនាក់ទំនងនិងបង្ហាញអំពីចំណុចខ្លាំងនៃឧស្សាហកម្មកម្ពុជា ដែលជាព្រឹត្តិការណ៍អម “ពិព័រណ៍​ពាណិជ្ជកម្មកម្ពុជា” នៅរាជធានីភ្នំពេញ។លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងពិធីបើកវេទិកានេះ បានមាន​ប្រសាស​ន៍ថា ប្រៀបធៀបទៅនឹងរយៈពេល ២០ឆ្នាំមុន ពោលឆ្នាំ២០០២ និង២០០៣ កម្ពុជា​សម្រេច​បាន​ទំហំពាណិជ្ជកម្មសរុបចំនួនតែជាង ៣ពាន់លានដុល្លារទេ រហូតមកដល់ពេលបច្ចុប្បន្ន មាន​ការកើនឡើងរហូតចំនួនជាង ៥០ពាន់លានដុល្លារ។ លោកជំទាវបានបន្តថា សម្រាប់​ឆ្នាំ​២០២៤​នេះ ទំហំពាណិជ្ជកម្មរបស់កម្ពុជា មានចំនួនកើនឡើងប្រមាណ ១៦% ក្នុងនោះ ទោះ​បី​ក្នុង​កំឡុងការរាតត្បាតនៃជំងឺកូវីដ១៩ក្តី ក៏ប៉ុន្តែការ​ធ្វើ​ពាណិជ្ជកម្ម​របស់​កម្ពុជា​នៅ​តែ​បន្ត​រក្សា​លំនឹង​បានល្អ។លោកជំទាវរដ្ឋលេខាធិការ បានឲ្យដឹងទៀតថា បើគិតក្នុងរយៈពេល ១១ខែ ឆ្នាំ២០២៤ ការ​នាំ​ចេញ​របស់​កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានចំនួនជាង ២៤ពាន់លានដុល្លារ កើន​ឡើង​១៤% បើធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២៣ ក្នុងនោះ​មុខ​ទំនិញ​សំខាន់ៗ​របស់​កម្ពុជា​ក្នុង​ការ​នាំ​ចេញ មានដូចជា សម្លៀកបំពាក់ កាបូបធ្វើដំណើរ ស្បែកជើង ស្រូវ អង្ករ កង់ គ្រឿងបង្គុំ និង​គ្រឿងអេឡិចត្រូនិចជាដើម។ទាក់ទិនស្ថានភាពទីផ្សារនាំចេញរបស់កម្ពុជា លោក ប៊ុន ណារិន ប្រធានសមាគម​អ្នក​ផលិត​ម៉ាក​សម្គាល់​ភូមិ​សាស្រ្តទំនិញអំបិលកំពត កែប បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា និយាយដោយ​ឡែក​សម្រាប់​វិស័យអំបិល គិតចាប់តាំងពីដើមមកទីផ្សារអំបិល ក្រៅពីការផ្គត់ផ្គង់ក្នុងស្រុក គឺមិនដែល​ធ្លាប់​មាន​ការនាំចេញទៅលក់នៅក្រៅស្រុកនោះទេ ប៉ុន្តែឥឡូវនេះ​អំបិល​កម្ពុជា​មាន​ការ​ទទួល​ស្គាល់​ច្រើន​ពីទីផ្សារអន្តរជាតិ នេះគឺជាជោគជ័យមួយនិងល្អបំផុតសម្រាប់វិស័យអំបិល ជា​ពិសេស​ដោយ​សារ​ការគាំទ្ររបស់រាជរដ្ឋាភិបាល ដែលមានក្រសួងពាណិជ្ជកម្ម ជាសេនាធិការ គឺបានខិតខំ​ទាក់​ទាញ និងធ្វើការទំនាក់ទំនងផ្សេងៗជាដើមជាមួយបណ្តាប្រទេសជាដៃគូ។ លោកបន្ថែមថា និយាយ​ជារួម មិនមែនតែវិស័យអំបិលនោះទេដែលមានទីផ្សារច្រើន ពោលគឺគ្រប់​ផលិត​ផល​ខ្មែរ​ទាំង​អស់​គឺមានលើគ្រប់ទីផ្សារអន្តរជាតិ ខណៈពីមុនមិនដែលមានទាល់តែសោះ ជាក់ស្តែងដូចជា​នៅ​ខាង​ប៉ែកអឺរ៉ុប សហរដ្ឋអាម៉េរិក ជប៉ុន ចិន សិង្ហបុរី និងកូរ៉េជាដើម។សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បានកំពុងរៀបចំពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ដែលប្រព្រឹត្តទៅ​រយៈ​ពេល ៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៣ ដល់១៦ ខែធ្នូ ឆ្នាំ២០២៤ ក្នុងគោលបំណង​តាំង​បង្ហាញ​ផលិត​ផល​មា​នគុណភាពខ្ពស់របស់កម្ពុជា ទំនិញនាំចេញ-នាំចូលសំខាន់ៗ និងសេវា​កម្ម​ដែល​មាន​លក្ខណៈពិសេសរបស់បណ្តាអ្នកផ្គត់ផ្គង់ជុំវិញពិភពលោក ទាំងក្នុងស្រុក និងទំនិញនាំចូល ដែល​មាន​ពីពាណិជ្ជករជាតិ និងអន្តរជាតិ។ ព្រឹត្តិការណ៍នេះ មានការតាំង​បង្ហាញ​នូវ​ផលិត​​ផល​ចម្រុះ ដែលជាផលិតផលសក្តានុពលរបស់កម្ពុជា ទំនិញនាំចេញ-នាំចូល ដែលមាន​គុណភាព​ខ្ពស់ និងសេវាកម្មដែលមានលក្ខណៈពិសេសរបស់បណ្តាអ្នកផ្គត់ផ្គង់កម្ពុជា និងបរទេស៕ អត្ថបទ ឈិត បូរ៉ាវី 

ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បង្ហាញពីឱកាសសក្តានុពលដល់ក្រុមហ៊ុនចំនួន៤ ដើម្បីសិក្សា​បណ្តាក់ទុន​លើវិស័យថាមពលនៅកម្ពុជា

2024/12/11 02:31:34 pm        126
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុនចំនួន៤ ដឹកនាំដោយអ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Sam Sn Group ចូលជួបសម្តែងការគួរសម និង​ពិភាក្សា​ការងារ។ គណៈប្រភូវិនិយោគិនអញ្ជើញមកពីក្រុមហ៊ុនដែលជាដៃគូចំនួនបីទៀតរួមមាន៖ ១. ក្រុមហ៊ុន Bolt Battery Company Limited and Bolt Energy, ២. ក្រុមហ៊ុន Genezen Energy និង ៣. ក្រុមហ៊ុន Sam St Investment Pte., Ltd.។តាមរយៈជំនួបនេះ គណៈប្រតិភូនៃក្រុមហ៊ុនទាំង៤ បានមាន​ឱកាស​ស្វែង​យល់​បន្ថែម​ទៀត​អំ​ពី​បរិយាកាស​វិនិយោគ ការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល និងកិច្ចវិនិយោគលើវិស័យថាមពលស្អាត ជាវិស័យ​ដែល​ក្រុម​ហ៊ុន​កំពុងមា​ន​ចំណាប់អារម្មណ៍ស្វែងរកការបណ្ដាក់ទុនវិនិយោគនៅកម្ពុជាផងដែរ។ ក្នុងនោះ កម្ពុជាជាទីតាំងវិនិយោគដ៏មានសក្តានុពលជាមួយនឹងកម្លាំងពលកម្មវ័យក្មេង ប្រកប​ដោយ​ថាមវ័ន្ត​ដែលអាចចូលរួមក្នុងផលិតកម្មការងារបានល្អប្រសើរ ពិសេសរាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៧ នៃ​រដ្ឋសភា បានបន្តយកចិត្តទុកដាក់ និងចាត់​ទុក​ផ្នែក​ឯកជន​ជា​ក្បាល​ម៉ាស៊ីន​យ៉ាង​សំខាន់​សម្រាប់​ជំរុញ​កំណើត​សេដ្ឋកិច្ចជាតិ៕

ជប៉ុនផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាជាង ៧,២លានដុល្លារ ដើម្បីលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

2024/12/10 04:08:39 pm        191
ភ្នំពេញ៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធមួយចំនួនទៀតស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់ចំនួន ១.០០១ លានយ៉េន ស្មើនឹងប្រមាណ ៧,២ លានដុល្លារ អាមេរិក។ ហិរញ្ញប្បទានឥតសំណងនេះ មានគោលបំណងអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និង ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាករេរបស់ជប៉ុន ក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ជំនួយនេះក៏នឹងរួមចំណែកក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ៕

ក្រុមហ៊ុនខ្មែរ-អាមេរិក ចាប់ដៃគ្នាវិនិយោគលើការកែច្នៃនាំចេញកន្ទក់ទៅទីផ្សារអាមេរិក

2024/12/10 01:12:19 pm        137
ដំណើរទស្សនកិច្ចក្រុមហ៊ុនឯកជនរបស់សហរដ្ឋអាម៉េរិកមកកម្ពុជា បាន​បង្ហាញ​អំពី​ការ​បោះ​ជំហាន​ថ្មី​យ៉ាង​មោះមុត លើការផលិត និងកែច្នៃផលិតផលកន្ទក់សរីរាង្គ របស់ប្រទេសកម្ពុជា ឱ្យ​ស្រប​តាម​ស្តង់ដារគុណភាព និងលក្ខណៈបច្ចេកទេស ដើម្បីនាំចូលទៅកាន់ ទីផ្សារ​សហរដ្ឋ​អាម៉េរិក​។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ៩ ម្សិលមិញនេះ បាន អនុញ្ញាតឱ្យក្រុមហ៊ុនចំនួន ២ ដែលធ្វើ​ការ​វិនិយោគ​រួមគ្នា​​លើ​ការ​កែ​ច្នៃ​នាំ​ចេញ​កន្ទក់​របស់​កម្ពុជា ទៅទីផ្សារសហរដ្ឋអាម៉េរិករួមមាន៖ ក្រុមហ៊ុន Amru Rice ដឹកនាំ​ដោយ​នាយក​ប្រតិបត្តិក្រុមហ៊ុន ឧកញ៉ា សុង សារ៉ន និងក្រុមហ៊ុន Stabil Nutrition LLC ដឹកនាំដោយ លោក​ប្រធានក្រុមហ៊ុន Michael A. Tarrasch ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ជំនួបសម្ដែងការគួរសម និងពិភាក្សា ការងារនាឱកាសនេះ ត្រូវបានរៀបចំឡើងក្រោយក្រុមហ៊ុន Amru Rice និងក្រុមហ៊ុន Stabil Nutrition LLC ដែលបាន ចុះ​អនុស្សារណៈ នៃ​ការយោ​គ​យល់​គ្នា​កាល​ពីខែកញ្ញា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ពោលគឺអំឡុង ដំណើរ​ទស្សនកិច្ចទាក់ទាញ និងជំរុញវិនិយោគរបស់សហរដ្ឋអាមេរិកកាលពីខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ។ ក្នុងកិច្ចពិភាក្សានាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បាន​ជម្រាប​ជូន​អំពី​កិច្ច​សម្រួល​វិនិយោគ​របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុង​ការ​គាំទ្រ​ធុរកិច្ច តាមរយៈការលើកទឹកចិត្ត និងការលើកលែងពន្ធនានា ចំពោះកិច្ច វិនិយោគ។ ឯកឧត្តម​ឧប​នាយក​រដ្ឋ​មន្ត្រី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនទាំង២ ទទួលបានភាគ​ជោគជ័យ​ក្នុង​កិច្ចការ​វិនិយោគ​របស់ខ្លួន លើការកែច្នៃនិងនាំចេញកន្ទក់ពីកម្ពុជា និងបានរំលេចផងដែរ អំពីបច្ចុប្បន្នភាព​ស្ថានភា​ព​វិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។នៅក្នុងថ្ងៃដ៏ដែលនេះដែរ, ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានអនុញ្ញាតឱ្យលោក Yoshihisa Kainuma អគ្គនាយកក្រុមហ៊ុន មីនេបៀមីត្សូមី (MinebeaMitsumi) និងសហការី ចូល​ជួប​សម្ដែង​ការ​គួរសម និងពិភាក្សាការងារផងដែរ ក្នុងនោះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បាន​សម្ដែង​ភាព​រីករាយដែលក្រុមហ៊ុន មីនេបៀមីត្សូមី បានទទួលជោគជ័យលើគម្រោងវិនិយោគបង្កើតតំបន់ សេដ្ឋ​កិច្ចពិសេស ក្នុងខេត្តពោធិ៍សាត់ និងទទួលបានលទ្ធផលល្អប្រសើរគួរឱ្យកត់សម្គាល់ ក្នុងកិច្ច​ការងារ​វិនិយោគរបស់ក្រុមហ៊ុន នៅកម្ពុជា នេះបង្ហាញ​ឱ្យ​ឃើញ​តាមរយៈ​ការ​ពង្រីក​ផលិតកម្ម​ដោយ​បន្ថែមទុនវិនិយោគមកកម្ពុជា។ ក្នុងឱកាសនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានស្នើសុំការ​ចូលរួម​ផ្សព្វ​ផ្សាយ​អំពី​ភាព​ជោគ​ជ័យ​របស់​​ក្រុម​ហ៊ុនទៅកាន់ បណ្ដាវិនិយោគិនក្នុងវិស័យពាក់ព័ន្ធ និងវិស័យដទៃ ដើម្បីឱ្យក្រុមហ៊ុន​ផ្សេង​ៗ​ទៀត អាចប្រើប្រាស់ឧករណ៍នេះ បានជាមូលដ្ឋានសម្រាប់ ពិនិត្យលទ្ធភាព​ស្វែង​រក​ការ​បណ្ដាក់​ទុន​វិនិយោគនៅកម្ពុជា។ សូមជម្រាបថា ក្រុមហ៊ុនមីនេបៀមីត្សូមី គឺជាក្រុមហ៊ុន​ផលិត​គ្រឿង​បង្គុំ សៀគ្វីអេឡិចត្រូនិក គ្រឿងបន្លាស់យានយន្ត និងគ្រឿងម៉ាស៊ីនក្នុងវិស័យឧស្សាហកម្ម ដែល​មានរោងចក្រនៅក្នុងបណ្តាប្រទេស ជាច្រើនផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី 

ធនាគារADB បាននិងកំពុងជំរុញវិស័យ MSMEs ឱ្យរីកចម្រើន​តាមរយៈការផ្តល់​ប្រាក់កម្ចី​ទៅ​ឱ្យដៃគូ​សហការ

2024/12/10 12:50:34 pm        169
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាន និងកំពុងជំរុញវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅកម្ពុជាឱ្យមានភាពរីកចម្រើន តាមរយៈ​ការ​ផ្តល់​ប្រាក់​កម្ចី​ចំនួន ១០​លាន​ដុល្លារ​ទៅ​ឱ្យ​ធនាគារ​ប្រៃសណីយ៍កម្ពុជា។បន្ទាប់មកធនាគារប្រៃសណីយ៍កម្ពុជា បន្តផ្តល់ប្រាក់កម្ចី​ទៅ​ឱ្យ​អតិថិជន​ដែលយកទៅប្រើប្រាស់ក្នុងវិស័យ MSMEs និងជាពិសេសសហគ្រិនជាស្រ្តី។លោកស្រី Jyotsana Varma (ចូតសាណា វ៉ាម៉ា) នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា (ADB) នៅល្ងាចថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារធនាគារ ADB និងក្រុម​អ្នក​សារ​ព័ត៌មានចុះទស្សនកិច្ចនៅអាជីវកម្មធ្វើស្រែអំបិលរបស់អ្នកស្រី ហុង ស្រីមុំ ដែលទទួល​បាន​ប្រាក់​កម្ចី​ពី​ធនាគារប្រៃសណីយ៍កម្ពុជា។នៅក្នុងឱកាសនោះ លោកស្រី Jyotsana Varma (ចូតសាណា វ៉ាម៉ា) មានប្រសាសន៍ថា ក្នុង​នាម​ធនាគារអភិវឌ្ឍន៍អាស៊ី លោកស្រីពិតជា​មាន​ក្តីរំភើប​រីក​ណាស់​នៅ​ពេល​អ្នក​ទទួល​ផល​ពី​គម្រោង ដូចជាអ្នកហុង ស្រីមុំ ខ្ចីលុយពីធនាគារយកទៅប្រើប្រាស់យ៉ាងមានប្រសិទ្ធិភាព។ លោក​ស្រី Jyotsana Varma (ចូតសាណា វ៉ាម៉ា) មានសុទិដ្ឋិនិយមថា គម្រោងរបស់ADB អាច​ពង្រីក​ភាព​ជា​សហគ្រិនស្រ្តីក្នុងចំណោមស្រី្តដទៃទៀតក្នុងប្រទេសកម្ពុជា ដែលការងារនេះស្រប​គ្នា​ទៅ​នឹង​ការ​ប្តេជ្ញា​ចិត្តរបស់រាជរដ្ឋាភិបាលក្នុងលើកកម្ពស់សហគ្រិនស្រ្តីក្នុងវិស័យ MSMEs។អ្នកស្រី ហុង ស្រីមុំ ម្ចាស់អាជីវកម្មធ្វើស្រែអំបិល ស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត បានលើក​ឡើង​ដែ​រ​ថា កម្ចីដែលទទួលពីធនាគារប្រៃសណីយ៍កម្ពុជា អ្នកស្រីយកទៅពង្រីកអាជីវកម្មធ្វើស្រែអំបិល និង​រៀប​ចំ​ឃ្លាំងសម្រាប់ទុកដាក់អំបិល។ លើសពីនេះ អ្នកស្រីបាន​ជំរុញ​ដល់​សហគ្រិន​ជា​ស្រ្តី​គួរ​ហ៊ាន​ខ្ចី​លុយ​ពីធនាគារដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនឱ្យមានភាពរីកចម្រើន។កាលពី​អំឡុងខែកុម្ភៈ ឆ្នាំ ២០២៣ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារ​ប្រៃសណីយ៍​កម្ពុជា​ (CP Bank) បានចុះហត្ថលេខាលើប្រាក់កម្ចីរហូតដល់ ១0 លានដុល្លារ ដើម្បីគាំទ្រ​ដល់​ការ​ស្ដារ​ឡើង វិញនូវស្ថានភាពសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅកម្ពុជា ពី​ផល​ប៉ះ​ពាល់​កន្លងមកដោយជំងឺកូវីដ១៩ តាមរយៈការពង្រីកលទ្ធភាពទទួលបានហិរញ្ញវត្ថុ យ៉ាង​ហោច​ណាស់ ​៥0% នៃប្រាក់កម្ចីនេះត្រូវ​បាន​បម្រុង​សម្រាប់​ផ្តល់​ហិរញ្ញ​ប្ប​ទាន​ដល់​សហ​គ្រាស​ធុន​មីក្រូ តូច និងមធ្យម ដែលដឹកនាំដោយស្ត្រី។បន្ថែមលើនេះ ធនាគារ ADB ក៏ជួយធនាគារ CP Bank ក្នុងការបញ្ជ្រាបសមភាពយេនឌ័រ និង​ការ​ពង្រឹង​សិទ្ធិអំណាចរបស់ស្ត្រីទៅក្នុងសកម្មភាពអាជីវកម្មរបស់ខ្លួន តាមរយៈការ​បង្កើត​ផែន​ការ​សកម្ម​ភា​ពយេនឌ័រ និងការតែងតាំងជនបង្គោលផ្នែកយេនឌ័រក្នុងចំណោមបុគ្គលិក៕ អត្ថបទ៖ទូច សោភ័ណ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ជំរុញឱ្យហ៊្សកដានី ទទួលយកពលរដ្ឋហ្កាហ្សា ប៉ុន្តែត្រូវបានបដិសេធ
02/12/2025 08:02 AM
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល និយាយថាបទឈប់បាញ់ហ្កាហ្សា នឹងចប់ ប្រសិនបើក្រុមហាម៉ាស មិនដោះលែងចំណាប់ថ្នូរ
02/12/2025 08:02 AM
សម្តេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរ និងអនុមោទនាបុណ្យមាឃបូជា
02/12/2025 08:02 AM
រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបាឋកថាលើភាពជាអ្នកដឹកនាំស្តីពី«វិធីសាស្រ្តនៃគិតពិចារណាតាមបែបវិចារវិទ្យា»ផ្នែកទី១
02/11/2025 09:02 PM
ឯកឧត្តមប្រធានព្រឹទ្ធសភាហ្វីលីពីនមានសុទិដ្ឋិនិយមចំពោះ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងហ្វីលីពីន-កម្ពុជា
02/11/2025 08:02 PM
រាជរដ្ឋាភិបាលចាត់ទុកការអភិវឌ្ឍធនមនុស្សជាអាទិភាពទី១ សំដៅចូលរួមលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច
02/11/2025 08:02 PM
វិមានក្រឹមឡាំង៖ មិនមានអ្វីត្រូវរាយការណ៍ថ្មី អំពីការពិភាក្សាជាមួយសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងអ៊ុយក្រែន
02/11/2025 07:02 PM
ហ្សកដានីច្រានចោលសំពាធទទួលយកពលរដ្ឋហ្កាហ្សា ក្រោយលោក Trumpដាក់ឱសានវាទសម្រាប់ការដោះលែងចំណាប់ថ្នូរ
02/11/2025 07:02 PM
ជនប៉ាឡេស្ទីននំាគ្នាប្រតិកម្មក្រោយលោក Trumpនិយាយថា សូមឲ្យផ្ទុះឋាននរកនៅហ្កាហ្សាបើចំណាប់ថ្នូរមិនវិលត្រឡប់មកវិញ
02/11/2025 07:02 PM
ជើងហោះហើរដំបូងដឹកជនអន្តោប្រវេសន៍និរទេសពីអាមេរិកបានចុះចតនៅប្រទេសវេណេស៊ុយអេឡា
02/11/2025 07:02 PM