វិស័យឯកជនកំពុងចូលរួមចំណែកលើការទាក់ទាញវិនិយោគិនបរទេសមកបណ្តាក់ទុននៅកម្ពុជា
អូស្រ្តាលីគាំទ្រកម្ពុជា ក្នុងការសម្រេចបាននូវកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ
ក្រុមការងារក្រសួងធនធានទឹកចុះពិនិត្យការអនុវត្តគម្រោងស្តារអូរយាយហុក ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់
ក្រុមការងារក្រសួងធនធានទឹកបន្តចុះពិនិត្យជាក់ស្តែងស្ថានភាពទឹកតាមអាងទឹក និងប្រឡាយក្នុងភូមិសាស្រ្តខេត្តស្វាយរៀង និងព្រៃវែង

សេដ្ឋកិច្ច និង កសិកម្ម

អ អិម អេ ខេមបូឌា ត្រូវបានតែងតាំងជាអ្នកផ្តល់សេវាកម្មផ្នែកថែទាំ និងជួសជុលរថយន្តម៉ាក JEEP និងRAM នៅកម្ពុជា

2024/08/12 01:44:57 pm        239
ភ្នំពេញ៖ Stellantis នៅថ្ងៃទី១២ សីហា ឆ្នាំ២០២៤នេះ បានប្រកាសថា ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក. គឺជាដៃគូសេវាកម្មផ្នែកថែទាំ និងជួសជុល សម្រាប់រថយន្តម៉ាក Jeep និង RAM នៅកម្ពុជា ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃនេះតទៅ។ នៅក្នុងសន្និសីទសារព័ត៌មានថ្ងៃនេះ បានបញ្ជាក់ថា Jeep ត្រូវបានបង្កើតជាកេរ្តិ៍ដំណែលដ៏អស្ចារ្យ​នៅ​ក្នុង​អំឡុងពេលជាង ៨០ឆ្នាំ ដែលបង្ហាញថា រថយន្ត Jeep គឺជារថយន្តប្រភេទ SUV ដែល​មាន​សមត្ថភាព ភាពប៉ិនប្រសប់ និងអាចសម្របគ្រប់ស្ថានភាពផ្លូវសម្រាប់បំពេញតម្រូវការ ធ្វើ​ដំណើរ​ដែល​ល្អឥតខ្ចោះ។ ចំណែកឯរថយន្ត RAM គឺជារថយន្ត Pick Up ប្រភេទធំ ជារថយន្ត​ដែល​ធន់ និងអាចប្រើប្រាស់បានយូរបំផុតនៅសហរដ្ឋអាមេរិក ដោយអាច​ប្រើប្រាស់​បាន​លើស​ពី​ដែន​កំណត់ ប្រកបដោយភាពងាយស្រួល និងបច្ចេកវិទ្យាទំនើប។ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា មានប្រសាសន៍ថា ក្រុម​ហ៊ុន​ពិត​ជា​មាន​សេចក្តី​សោមនស្សរីករាយជាខ្លាំង សម្រាប់ការទទួលសិទ្ធិផ្តាច់មុខលើការផ្តល់សេវាកម្មថែទាំ និង​ជួសជុលរថយន្តម៉ាក Jeep និង RAM ដល់អតិថិជននៅកម្ពុជា។ លោកបានអះអាងថា ក្រុម​ការងារ​ផ្នែក​នេះ សុទ្ធសឹងមានជំនាញច្បាស់លាស់ ដោយសារមានការបង្ហាត់បង្រៀន និងទទួល​ស្គាល់​ពី​សមត្ថភាព​ក្នុង​ការផ្តល់សេវាកម្ម និងបម្រើជូនអតិថិជន​ស្របតាម​ស្តង់ដា​ត្រឹម​ត្រូវ​របស់​ម៉ាក​ទាំង​ពីរ​នេះ។ជាមួយគ្នានេះ លោក Daniel Gonzalez, COO, ASEAN, Stellantis បានបញ្ជាក់ថា ស្រប​តាម​ការ​ប្តេជ្ញា​ចិត្ត​របស់ក្រុមហ៊ុនក្នុងការផ្តល់នូវគុណភាពសេវាកម្មដល់អតិថិជន កិច្ចសហការ​ការងារ​ភាព​ជាដៃ​គូ​ជាមួយក្រុមហ៊ុន អ អិម អេ ខេមបូឌា នឹងពង្រឹងបទពិសោធន៍​សេវាកម្ម​ក្រោយ​ការ​លក់​ចំពោះ​ការ​ថែទាំ និងជួសជុលរថយន្ត Jeep និង RAM ជូនដល់អតិថិជនក្នុង​ប្រទេស​កម្ពុជា​ឱ្យ​កាន់​តែ​ប្រសើរ​ជាង​មុន។ ហើយក្រុមការងារជឿជាក់យ៉ាងពេញទំហឹង ក្នុងការផ្តល់ជូនអតិថិជន​នូវជំ​នួយ​ផ្នែក​សេវាកម្មកម្រិតខ្ពស់បំផុត ដើម្បីធានាថារថយន្តម៉ាក Jeep និង RAM នៅតែបន្តផ្តល់​នូវ​ដំណើរ​ការ​ដ៏ពិសេសដែលឆ្លុះបញ្ចាំងពីគុណភាព និងភាពជឿជាក់ចំពោះម៉ាកល្បីទាំងពីរនេះ ដូច​ដែល​គេ​បានស្គាល់កន្លងមក។គិតមកដល់ពេលនេះ ក្រុមហ៊ុន អ អិម អេ ខេមបូឌា ម.ក. បង្ហាញវត្តមាននៅប្រទេសកម្ពុជា រយៈ​ពេល​ ៣២ឆ្នាំមកហើយ ក្នុងការផ្តល់ជូននូវសេវាកម្ម និងនាំយកផលិត​ផល​ល្បីៗ​លើ​ពិភព​លោក​មក​កាន់​ទីផ្សារកម្ពុជា រួមមាន៖ វិស័យយានយន្ត កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ឃ្លាំង សេវាកម្ម​ហិរញ្ញវត្ថុ និងសេវាកម្មជួលរថយន្ត៕

អ្នកជំនាញ៖ វិស័យអចលនទ្រព្យនឹងងើបឡើងនៅឆ្នាំ២០២៨ ប្រហាក់ប្រហែលមុនវិបត្តិកូវីដ-១៩

2024/08/12 12:15:47 pm        334
អ្នកជំនាញក្នុងវិស័យអចលនវត្ថុ មើលឃើញថា វិស័យអចលនទ្រព្យ​នៅកម្ពុជា បាន​កំពុង​ចាប់​ផ្តើម​ងើប​ឡើង​ពីឆ្នាំ២០២៤ នេះបន្តិច ម្តងៗ ហើយនឹងអាចងើបឡើង​ល្អ​ប្រសើរ​ប្រហាក់​ប្រហែល​មុន​វិបត្តិ​ជំងឺកូវីដ-១៩ នៅក្នុងរយៈពេល ៤ឆ្នាំបន្ទាប់ទៀត ស្របពេលក្រសួង- ពាក់ព័ន្ធ បាន​បង្ហាញ​ពី​របាយការណ៍នៃនិន្នាការឡើងឡើងផងដែរ។ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បង្ហាញទិន្នន័យស្ថានភាពវិស័យសំណង់ ក្នុង​នោះ​នៅ​ក្នុងខែមិថុនា ឆ្នាំ ២០២៤ ដែលក្រសួងបានអនុញ្ញាតសាងសង់ សរុបមាន ៣១២ គម្រោងកើន ៣៥ភាគរយ, មានផ្ទៃក្រឡា ១ ៨៦៩ ពាន់ម៉ែត្រការ៉េ កើន ៣៦ ភាគរយ ដោយបានបន្តរើបឡើងវិញជាបន្តបន្ទាប់ ខណៈការប្រើប្រាស់ទុនវិនិយោគមានទំហំទឹកប្រាក់ ៧២៥ លានដុល្លារ អាមេរិក ថយចុះ ២ ភាគរយ ធៀបនឹងខែមុន។ ចំពោះ​គម្រោង​ដែល​បាន​សាង​សង់​រួម​មាន៖ សំណង់លំនៅដ្ឋាន ២៥១ គម្រោង, សំណង់ឧស្សាហកម្ម ២៧ គម្រោង, សំណង់​ពាណិជ្ជកម្ម ១៥ គម្រោង, សំណង់ទេសចរណ៍ ៥ គម្រោង, និងសំណង់សាធារណៈ ១៤ គម្រោង​។ទាក់ទិនវិស័យសំណង់នេះ, លោក សន សៀប ប្រធានសមាគមអ្នក​វាយ​តម្លៃ​ និង​ភ្នាក់​ងារ​អចលន​វត្ថុ​កម្ពុជា លើកឡើងថា បើតាមការកត់សម្គាល់ នៅឆ្នាំ ២០០៨ វិស័យអចលនទ្រព្យ​បាន​ចាប់​ផ្តើម​ថម​ថយ ដោយវិបត្តិហិរញ្ញវត្ថុនៅសហអាមេរិក, ហើយវិបត្តិ នេះក៏បានជះឥទ្ធិពល​ដល់​កម្ពុជា​ផង​ដែរ​, សម្រាប់បញ្ហានេះរហូតដល់ឆ្នាំ ២០១២ ទើបមានស្ថានភាពល្អប្រសើរវិញ។ ស្រដៀងគ្នានេះ ផង​ដែរ ចំពោះស្ថានភាពហុងកុង នៅក្នុងឆ្នាំ ១៩៩៧ វិបត្តិកើតឡើងចំនួនពីរ គឺនៅអាស៊ី និងការ​ផ្ទេរ​ពី​អង់​គ្លេសទៅចិន ដោយ វិបត្តិទាំងពីនេះបាន​ធ្វើ​ឱ្យ​វិស័​យ​អចលន​ទ្រព្យ​នៅ​ហុងកុង​ធ្លាក់​ចុះ​ជាប់​ៗ​គ្នារយៈពេល ៦ ឆ្នាំ ហើយក្នុងរយៈពេល ៦ ឆ្នាំបន្ទាប់ ទើបបាន ស្តារត្រឡប់ដូចដើមវិញ។លោក បន្តថា តាមរយៈបទពិសោធន៍ខាងលើនេះ, ខណៈ​ដែល​វិបត្តិជា​សកល​បាន​កើត​ឡើង​ដោយ​សារ​ការផ្ទុះជំងឺកូវីដ-១៩ និងការអូសបន្លាយសង្គ្រាម-រុស្សីអ៊ុយក្រែនជាដើម បើគិតមកុំ​ដល់​ពេល​នេះ​មានរយៈពេលជាង ៣ ឆ្នាំហើយ ដូច្នេះនៅក្នុងឆ្នាំ ២០២៤ នេះ ចំពោះវិស័យ​អចលន​ទ្រព្យ គឺមានចំណុចវិជ្ជមានតិចតួចឡើងវិញ ហើយនឹងអាចបន្តងើបឡើងល្អប្រសើរ នៅ​ក្នុង​រយៈ​ពេល ៤ឆ្នាំខាងមុខ, ជាក់ស្តែងមកដល់បច្ចុប្បន្ននេះ ឃើញថា មានតម្រូវការ​ខ្លះៗ​ក៏​បាន​ងើប​ឡើង​វិញ​ ក៏ដូចជាការទិញលក់ អចលទ្រព្យ មួយចំនួន ដែលទាបជាងតម្លៃទីផ្សារ លក់បន្ទាន់ជាដើម។សូមបញ្ជាក់ថា ជុំវិញវិស័យសំណង់នេះ ក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ ២០២៤ គម្រោង​ទទួល​បាន​ការ​អនុញ្ញាត​សាងសង់សរុប មាន ចំនួន ១ ៦៤២ គម្រោង ក្នុងនោះមានគម្រោងលំនៅដ្ឋាន ១ ៣៤៦ គម្រោង (មានបុរីចំនួន ១ ២៩៨ គម្រោង និងខុនដូ ៤៨ គម្រោង), សំណង់ឧស្សាហកម្ម ១១៥ គម្រោង, សំណង់ពាណិជ្ជកម្ម ១០៥ គម្រោង, សំណង់ទេសចរណ៍ ២៦ គម្រោង, សំណង់ សាធារណៈ ៤៩ គម្រោង, និងសំណង់វិនិយោគ ១ គម្រោង៕ អត្ថបទ៖ សុន រ៉ាឌី

រយៈពេល៧ខែឆ្នាំនេះ ពាណិជ្ជកម្មទំនិញកម្ពុជាជាមួយបរទេសមានទំហំទឹកប្រាក់ជាង ៣១ ពាន់លានដុល្លារ

2024/08/12 11:09:23 am        215
រយៈពេល ៧ ខែ ក្នុងឆ្នាំ ២០២៤នេះ ជញ្ជីងធ្វើពាណិជ្ជកម្មទំនិញជាមួយប្រទេស សំខាន់ៗ របស់ កម្ពុជា​មានទំហំទឹកប្រាក់សរុបជាង ៣១ ពាន់លានដុល្លារ ក្នុងនោះការនាំចេញទំនិញរបស់កម្ពុជា មាន​ទឹកប្រាក់ជាង ១៤ ពាន់លានដុល្លារ ខណៈការនាំចូលពីបរទេសមានចំនួនជាង ១៦ ពាន់​លាន​ដុល្លារ។អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​បង្ហាញ​ស្ថិតិ​ពាណិជ្ជ​កម្ម នៃការធ្វើពាណិជ្ជកម្មលើ ទីផ្សារអន្តរជាតិរបស់កម្ពុជា សម្រាប់រយៈពេល ៧ ខែ ក្នុងឆ្នាំ ២០២៤ នេះ ក្នុងនោះការធ្វើការធ្វើពាណិជ្ជកម្មជាមួយប្រទេសដៃគូរសំខាន់ៗ របស់កម្ពុជា​មាន​ចំនួន២០ និងបណ្តាប្រទេសមួយចំនួនផ្សេងទៀត គិតជាទឹកប្រាក់សរុបមានចំនួនជាង ៣១​ពាន់​លាន​ដុល្លារអាមេរិក កើនឡើង ១៥ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នំា ២០២៣ ក្នុងនោះ​បើ​គិត​រយៈ​ពេល ៧ខែនេះ សម្រាប់ការធ្វើពាណិជ្ជកម្មលើទីផ្សារអន្តរជាតិរបស់កម្ពុជា មាន​កំណើន​កើន​ឡើង​ជា​បន្តបន្ទាប់គួរកត់សម្គាល់។ជុំវិញការធ្វើពាណិជ្ជកម្មអន្តរជាតិនេះ ចំពោះការនាំចេញទំនិញរបស់កម្ពុជា ក្នុងរយៈពេលនេះដែរ មានទំហំទឹកជាង ១៤ ពាន់លាន ដុល្លារ កើនឡើងប្រមាណជាង ១៤ ភាគរយ បើធៀបរយៈ​ពេល​ដូច​គ្នា​ឆ្នំា២០២៣ ក្នុងនោះកម្ពុជាបាននាំទៅកាន់ប្រទេសសំខាន់ៗរួមមាន៖ ប្រទេសចិនជិត ១ ០០០ លានដុល្លារ, សហរដ្ឋអាមេរិក ជាង ៥ ៥០០ លានដុល្លារ, វៀតណាម ជាង ២ ២០០ លានដុល្លារ, ថៃជិត ៥០០ លានដុល្លារ, ជប៉ុន ជាង ៧៦៤ លានដុល្លារ, អាល្លឺម៉ង់ ជាង ៥១៦ លានដុល្លារ, អេស្ប៉ាញ ៥៦០ លានដុល្លារ, កាណាដា ៦០៥ លានដុល្លារ, អង់គ្លេស ៥៣០ លានដុល្លារ, ហូឡង់ ៤២៧ លានដុល្លារ, បានរាំង ២២៩ លានដុល្លារ, កូរ៉េខាងត្បូង ១៨៧ លានដុល្លារ និងការនាំចេញ ទៅកាន់ប្រទេសផ្សេងៗជាច្រើនទៀត។ចំណែកការនាំចូលវិញ នៅក្នុងរយៈពេល៧ ខែនេះដែរ កម្ពុជា​បាន​នាំ​ចូល​ទំនិញ​មាន​ទំហំ​ទឹក​ប្រាក់​សរុប​ប្រមាណជាង ១៦ ពាន់លាន ដុល្លារ កើនឡើងជិត ១៦ ភាគរយ ក្នុងនោះការនាំ​ចូល​ពី​ប្រទេស​ចិន មានទឹកប្រាក់ជិត ៧ ៧០០ លានដុល្លារ, វៀតណាមជាង ២ ៤០០ លានដុល្លារ, ថៃ ជាង ២ ០០០ លានដុល្លារ, សឹង្ហបុរី ៥១១ លានដុល្លារ, ឥណ្ឌូនស៊ី ៦០០ លានដុល្លារ, តៃវ៉ាន់ ៤០៥ លានដុល្លារ, កូរ៉េខាងត្បូង ២៩១ លានដុល្លារ, ម៉ាឡេស៊ី ៤៦០ លានដុល្លារ, ហុងកុង ២៣១ លានដុល្លារ, ក្រៅពីនេះកម្ពុជាក៏បាននាំចូលទំនិញផ្សេងៗ ពីបណ្តាប្រទេសជាច្រើន ទៀត៕ អត្ថបទ៖ សុន រ៉ាឌី

ព្រឹត្តិការណ៍ GUMBALL 3000 ជាព្រឹត្តិការណ៍លើកស្ទួយកាន់តែខ្ពស់ដល់ទេសចរណ៍របស់កម្ពុជា

2024/08/10 04:43:14 pm        1247
មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ ថ្លែងថា ព្រឹត្តិការណ៍ប្រមូលផ្ដុំកំពូល​រថយន្ត​ទំនើបៗ​លំដាប់​សេដ្ឋី​ដ៏ល្បី​ល្បាញលើពិភពលោក ដែលមានឈ្មោះថា GUMBALL 3000 ជាព្រឹត្តិការណ៍​លើក​ស្ទួយ​កាន់​តែ​ខ្ពស់ដល់វិស័យទេសចរណ៍របស់កម្ពុជា។ ថ្លែងក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ស្តីពីព្រឹត្តិការណ៍​ប្រមូល​ផ្ដុំ​កំពូល​រថយន្តទំនើបៗលំដាប់សេដ្ឋីដ៏ល្បីល្បាញលើពិភពលោក GUMBALL 3000 ដែលជា​ព្រឹត្តិការណ៍​ជួបជុំកំពូលរថយន្តទំនើបៗ នឹងធ្វើឡើងនៅប្រទេសកម្ពុជានាពាក់ខែកញ្ញាខាងមុខ ក្រោម​ការរៀបចំរបស់ក្រុមហ៊ុនដ៏ល្បីបំផុតនៅកម្ពុជា តាមរយៈក្រុមហ៊ុន ជីបម៉ុង គ្រុប រួម​សហការជាមួយនឹងក្រសួងទេសចរណ៍ និងសហការផ្សព្វផ្សាយរបស់អគ្គនាយកដ្ឋានវិទ្យុ និង​ទូរទស្សន៍​បាយ័ន។ ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ មានប្រសាសន៍ថា ក្នុង​នាមសេនាធិការរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្រ្តី និងការយកចិត្តទុកដាក់របស់ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ គឺ​ការ​រៀប​ចំ​ព្រឹត្តិការណ៍នេះនឹងលើកស្ទួយដល់វិស័យទេសចរណ៍​របស់​កម្ពុជា​ឱ្យ​កាន់​តែ​រីក​ចម្រើន​បន្ថែម​ទៀត។ ឯកឧត្តម បញ្ជាក់ថា វិស័យទេសចរណ៍ជាចន្ទុលរបស់ជាតិ ដូច្នេះព្រឹត្តិការណ៍​ប្រមូល​ផ្ដុំ​កំពូល​រថយន្ត​ទំនើបៗលំដាប់សេដ្ឋីដ៏ល្បីល្បាញលើពិភពលោក ដែលមានឈ្មោះថា GUMBALL 3000នេះ ជាឱកាសដើម្បីផ្សព្វផ្សាយពីសក្ដានុពលកម្ពុជាទៅកាន់ពិភពលោក នេះជា​ផលិត​ផល​ទេសចរណ៍ថ្មីមួយទៀត ដើម្បីផ្សព្វផ្សាយ ជំរុញវិស័យទេសចរណ៍។ ឯកឧត្តម បញ្ជាក់ទៀតថា នេះជាឱកាសដ៏កម្រមួយ ដែលកម្ពុជា អាច​ផ្សព្វ​ផ្សាយ​ពី​សក្ដានុពល​របស់​ខ្លួន​នឹងក្លាយជាព្រឹត្តិការណ៍កាន់តែទាក់ទាញ​ពីទេសចរណ៍​របស់​កម្ពុជា​ទៅកាន់​ពិភ​ព​លោក​តាម​រយៈការចូលរួមរបស់អ្នកមានឥទ្ធិពល អភិជន និងកំពូលតារាគ្រប់ប្រភេទលើពិភពលោក។ ជាមួយគ្នា លោកឧកញ៉ា លាង ពៅ សមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនជីបម៉ុង គ្រុប បាន​ថ្លែង​ថា ព្រឹត្តិការណ៍ GUMBALL 3000 ធ្វើឡើងនៅកម្ពុជាឆ្នាំនេះ គឺធ្វើឡើងក្នុងគោលដៅធំៗ ចំនួន​៤​គឺ យុទ្ធនាការផ្សព្វផ្សាយវិស័យទេសចរណ៍នៅកម្ពុជា, យុទ្ធនាការ​សប្បុរសធម៌​រៃ​អង្គាស​ថវិកា​ជួយ​ដល់​មន្ទីរ​ពេទ្យកុមារនៅសៀមរាប, ទី៣ ការបើកឱកាសរវាងអ្នកវិនិយោគទុនឯកជនបរទេស និង​នៅ​ក្នុង​ស្រុកបានជួបគ្នា និងកាន់តែពិសេសនោះ គឺការបង្កើតកំណត់ត្រាពិភពលោកហ្គីណេស ដោយ​ចតរថយន្តទំនើបៗច្រើនបំផុត នៅតំបន់បេតិកភណ្ឌ គឺនៅមុខប្រាសាទអង្គរ។ សូមជម្រាបថា ព្រឹត្តិការណ៍ GUMBALL 3000 ដែលនឹងធ្វើនៅកម្ពុជាឆ្នាំនេះ គឺចំពេល​គម្រប់​ខួប​២៥​ឆ្នាំ​។ ព្រឹត្តិការណ៍ GUMBALL 3000 ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៩ ដោយសហគ្រិន​ជន​ជាតិ​អង់​គ្លេស Maximillion Cooper។ Gumball 3000 គឺជាការប្រមូលផ្តុំរថយន្តដ៏ធំ ដែល​បាន​នាំយករ​ថយន្តទំនើបៗ និងមានអ្នកចូលរួម​រាប់​ពាន់​គ្រឿង​ក្នុង​ដំណើរ​ដ៏វិសេស​វិសាល​ជុំវិញ​ពិភព​លោក ដោយចុះទៅដល់គ្រប់ទ្វីបដើម្បីបង្កើតបទពិសោធន៍ ដ៏អស្ចារ្យបំផុតមួយ៕

កម្ពុជាបានអនុម័តគម្រោងថ្មីចំនួន ៤៤ មានទុនវិនិយោគជាង ៣៩៦ លានដុល្លារអាម៉េរិក

2024/08/08 11:11:00 am        118
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅក្នុងខែកក្កដា ឆ្នាំ២០២៤ នេះ បានអនុម័តគម្រោងថ្មីចំនួន ៤១ និងគម្រោងពង្រីកផលិតកម្មចំនួន ៣ មានទុនវិនិយោគសរុបប្រមាណជាង ៣៩៦ លានដុល្លារអាម៉េរិក ដោយគម្រោងទាំងនេះ នឹងបង្កើតការងារបានប្រមាណ ២៥ ពាន់កន្លែង។យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលអនុម័តដោយ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា ក្នុងខែ កក្កដា ឆ្នាំ២០២៤ នេះ មានចំនួន ៤១ គម្រោង និងគម្រោង​ពង្រីក​ផលិត​កម្ម​ចំនួន ៣ គម្រោង មានទុនវិនិយោគសរុបប្រមាណជាង ៣៩៦ លានដុល្លារអាម៉េរិក នៅ​ក្នុង​ចំណោមគម្រោងវិនិយោគសរុបនេះ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន ៣១ គម្រោង និង​គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៣ គម្រោង​។ចំណែកគម្រោងនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស, ជាការកត់សម្គាល់ គម្រោង​វិនិយោគ​ដែល​មាន​ភាព​លេច​ធ្លោ​ជាងគេ ប្រចាំខែ កក្កដារួមមាន៖ គម្រោងពង្រីក​ផលិតកម្ម​របស់​គម្រោង​វិនិយោគ​បង្កើត​រោង​ចក្របោកគក់ ជ្រលក់ពណ៌ និងបោះពុម្ព ដែលមានទីតាំង ស្ថិតនៅភូមិក្រាំងទា ឃុំ​ព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគបន្ថែមប្រមាណជាង ២១ លាន​ដុល្លារ​អាម៉េរិក និងអាច បង្កើតការងារបន្ថែមបានចំនួន ៧៤ កន្លែង។ចំពោះគម្រោងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរួមមាន, គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស កោះ​កុង ចេជាង មានទីតាំងស្ថិត នៅភូមិអូរជ្រៅ ភូមិផ្លោង នៃឃុំបឹងព្រាវ និងភូមិឈើនាង ឃុំ​ជ្រោយ​ស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងទុនវិនិយោគចំនួន ១០០ លានដុល្លារអាម៉េរិក និង​អាច​បង្កើត​ការងារបានចំនួន ៣៣១ កន្លែង។ ដោយឡែក​គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​សារធាតុ កែច្នៃចំណីអាហារ (Galatin) វិញ, មានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេ​ជាង ក្នុងទុនវិនិយោគប្រមាណជាង ២៦ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៩៤​កន្លែង។គួរបញ្ជាក់ថា ក្នុងខែ កក្កដា ឆ្នាំ ២០២៤ នេះ ការវិនិយោគមកពីប្រទេសចិន ស្ថិតនៅ​លំដាប់​លេខ​រៀង​ទី១ ដោយបានរួមចំណែក ៦៨ ភាគរយ នៃទុនវិនិយោគសរុប ខណៈពេល​ដែល​ការ​វិនិយោគ​ក្នុង​ស្រុក​គ្របដណ្តប់ជាង ១៤ ភាគរយ នៃទុនវិនិយោគសរុប៕ អត្ថបទ៖ សុន រ៉ាឌី

ខេត្តកំពតនាំចេញកសិផលសំខាន់ៗរបស់ខ្លួនចំនួន៦មុខ ទៅទីផ្សារអន្តរជាតិ

2024/08/06 04:33:27 pm        266
មន្ត្រីជំនាញបានប្រាប់ឲ្យដឹងថា ទីផ្សារនាំចេញផលិតផលកសិកម្មរបស់ខេត្តកំពត កាន់តែធំទូលាយពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងនោះកសិផលសំខាន់ចំនួន៦មុខ មាន ស្រូវ ម្រេច ស្វាយ ចេក ទុរេន និងអំបិល(GI) ត្រូវបាននាំចេញទៅទីផ្សារអន្តរជាតិ មានប្រទេសចិន និងអាមេរិកជាដើម ។ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពត លោកស្រី កុម្ភៈ បានប្រាប់ឲ្យដឹងថា ទំហំនៃការនាំចេញ នាំចូលទំនិញរបស់ខេត្តកំពតមានស្ថានភាពល្អជាវិជ្ជមាន ពិសេសការនាំចេញផលិតផលកសិកម្ម កាន់តែមានភាពល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។ លោកបានបញ្ជាក់ថា គិតចាប់ពីខែកញ្ញាឆ្នាំ២០២៣ ដល់ ខែមិថុនា ឆ្នាំ២០២៤ ខេត្តកំពត បាននាំចូលទំនិញកសិកម្ម មានដូចជា៖ សម្ភារៈប្រើប្រាស់ទូទៅ, ផ្លែឈើ, បន្លែ, សម្ភារៈសំណង់ ។ល។ ទំហំទឹកប្រាក់សរុបចំនួន ៣,១២១,៤២១,២០០ រៀល។ ខណៈដែលទំនិញនាំចេញ មានដូចជា៖ ស្រូវអ៊ីអ៊ារ ៖ ចំនួន ៤៧,២២៦ តោន គិតជាទឹកប្រាក់ ៥៤,២៩០,១៣៧,៥០០ រៀល, ស្រូវធ្ងន់ ៖ ចំនួន ២៩,៥៥៣ តោន គិតជាទឹកប្រាក់ ៤៣,២៣៧,៤៦៥,០០០ រៀល, ស្វាយកែវរមៀត៖ ចំនួន ១២,០៧៩ តោន គិតជាទឹកប្រាក់ ៧,២៨២,៣៩១,៧០០ រៀល, ទុរេនកំពត ៖ ចំនួន ៦០តោន គិតជាទឹកប្រាក់ចំនួន ១,០៨០,០០០,០០០ រៀល។លោកបានគូសបញ្ជាក់បន្ថែមថា សម្រាប់ឆមាសទី១ឆ្នាំ២០២៤នេះ ការនាំចេញផលិតផលកសិកម្ម​សំខាន់៦មុខមាន១. ស្វាយកែវរមៀត ទៅប្រទេសវៀតណាម ចំនួន៩៤៨៥តោន ។ ២. ម្រេច៖ សម្រាប់ម្រេចជ្រក់ ៤៩៩១គីឡូ ម្រេចខ្មៅ១៩៧១០គីឡូ ម្រេចក្រហម ៥៨៤៥គីឡូ ម្រេចស ១៦៨២គីឡូ ម្រេចខ្ចី ២១៥៨គីឡូ សរុប ៣៤ ៣៨៦គីឡូក្រាម ។ ៣. ការនាំស្រូវទៅ​ប្រទេសវៀតណាម ស្រូវអ៊ីអ៊ែ(សើម) ២៦៦១៧តោន ស្រូវធ្ងន់(សើម)៧៣២តោន ស្រូវធ្ងន់(ស្ងួត)៣៥៨១តោន ។ ៤. អំពិលជីអាយ(GI) មានផ្កាអំបិល អំបិលស្លឹក និងអំបិលគ្រួស នាំទៅប្រទេសឆែក អង់គ្លេស និងសហរដ្ឋអាមេរិក ចំនួន ១០០តោន។ដោយឡែកទី៥. ចេកអំបូងលឿង រយៈពេល៩ខែ មកត្រឹមខែមិថុនា ឆ្នាំ២០២៤ ផ្ទៃដីដាំ​ដុះ១៤១១ហិកតា បរិមាណផលប្រមូលបាន ៤៩ ៦១០តោន នាំទៅប្រទេសចិន​ ៤១ ៣៧០តោន លក់ក្នុងស្រុក៨២៤០តោន ខណៈដែលទី៦. ទុរេន មានចំនួន៦០តោន ៕

សកម្មភាពសេដ្ឋកិច្ចក្នុងស្រុកនឹងបន្តងើបឡើង គាំទ្រដោយវិស័យចម្បងមួយចំនួន

2024/08/06 01:52:03 pm        159
សកម្មភាពសេដ្ឋកិច្ចកម្ពុជានឹងបន្តចលនាងើបឡើង ដែលគាំទ្រដោយវិស័យសេវាកម្ម និង​ពាណិជ្ជ​កម្ម ជាពិសេសលើវិស័យ ពាណិជ្ជកម្មអន្តរជាតិ ជាមួយសម្ទុះនៃការនាំចេញ ដែល​ជំរុញ​ដោយ​ភាព​ជា​ដៃគូ​អន្តរជាតិ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្សេងៗ។ សូចនាករសេដ្ឋកិច្ចសំខាន់ៗ នៃរយៈពេល ៦ ខែ ឆ្នាំ ២០២៤, បានបង្ហាញនូវនិន្នាការ​សេដ្ឋកិច្ច​កាន់​តែ​ល្អ​ប្រសើរជាបន្តបន្ទាប់ ក្នុងនោះបើគិតត្រឹមឆមាសទី១ ទំហំពាណិជ្ជកម្ម​លើ​ទីផ្សារ​អន្តរជាតិ​របស់​កម្ពុជា មានទឹកប្រាក់ប្រមាណជាង ២៦ លានពាន់ដុល្លារអា មេរិក កើនជាង ១២ ភាគរយ បើ​ធៀបនឹងឆមាសទី១ ក្នុងឆ្នាំ ២០២៣ ក្នុងនោះកម្ពុជាបាននាំចេញមានទឹកប្រាក់ជាង ១២ ពាន់ លាន​ដុល្លារកើន ១២ភាគរយ ខណៈការនាំចូលមានទឹកប្រាក់ជាង ១៣ ពាន់លានដុល្លារ កើន​ជាង ១២ភាគរយ។ជុំវិញបញ្ហានេះដែរ, អ្នកឧកញ៉ា លឹម ហេង អនុប្រធានប្រធានសភាពាណិជ្ជកម្មកម្ពុជា លើក​ឡើង​ថា បើយោងតាមស្ថានភាពខាង លើនេះ បានបង្ហាញសញ្ញាណកាន់តែល្អ ជាពិសេស​លើ​ការ​ធ្វើ​ពាណិជ្ជ​កម្មអន្តរជាតិ នឹងរំពឹងថា សកម្មភាពសេដ្ឋកិច្ចកម្ពុជានឹងបន្ត ចលនាងើបឡើង​ជា​បន្ត​បន្ទាប់​។ ចំពោះការងើបឡើងនេះ បានកើតចេញជាពីការ​ខិតខំ​ប្រឹងប្រែង​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល ជាក់ស្តែង កន្លងមកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា សម្តេចបានអញ្ជើញចេញទៅក្រៅ ប្រទេសជាបន្តបន្ទាប់ ដើម្បីបង្កើតនូវ​ទំនាក់​ទំនង និងកិច្ចសហប្រតិបត្តិការ ជាពិសេសការដឹកនាំរៀបចំនូវវេទិការធុរកិច្ចជាដើម រួមជា មួយ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម បានកំពុងជំរុញនាំចេញ និងវិនិយោគ ដែលជាចំណែក​ដល់​ការ​អភិវឌ្ឍជាតិ។ចំណែកការវិនិយោគវិញ, អ្នកឧកញ៉ា លឹម ហេង លើកឡើងបន្ថែមថា នៅក្នុងវិបត្តិជាសកលនេះ ឃើញ​ថា ប្រទេសមួយចំនួនជួប អស្ថិរភាពនយោបាយ ដែលជាហេតុ​ធ្វើ​ឲ្យអ្ន​ក​វិនិយោគ​ងាក​មក​រក​កម្ពុជា ជាក់ស្តែងមកដល់ពេលនេះ កម្ពុជានៅតែទទួលបានក្រុមហ៊ុនថ្មីៗ មកបណ្តាក់​ទុន​ជា​បន្ត​បន្ទាប់​។សូមបញ្ជាក់ថា បើយោងតាមរបាយការណ៍និន្នាការសេដ្ឋកិច្ច-សង្គម នៃក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ ការនាំចេញទំនិញ នៅក្នុងខែ មិថុនា ឆ្នាំ២០២៤ ហាក់បានបង្ហាញពីការធ្លាក់ចុះបន្តិច រវាង​ប្រទេស​ដែល​នៅប៉ែកអាស៊ី ជាពិសេសក្នុងតំបន់អាស៊ាន និងចិន ខណៈដែលការនាំចេញ ជារួម​ក្នុង​ឆមាសទី១នេះ មានកំណើនល្អប្រសើរទៅគ្រប់បណ្តាទីផ្សារសំខាន់ៗ។ ជាក់ស្ដែង ក្នុងខែ មិថុនា ឆ្នាំ២០២៤ ការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់​អាស៊ាន ចិន និងជប៉ុន បាន​ធ្លាក់​ចុះ​ក្នុង​រង្វង់​ជិត ១៦ ភាគរយ, ជិត ៨ ភាគរយ និង ០,៥ រៀងគ្នា ដោយសារការនាំចេញទៅប្រទេស ទាំងនេះ ភាគច្រើនជាទំនិញកសិផល ប៉ុន្តែគិតត្រឹមឆមាសទី១ ឆ្នាំ២០២៤ ការនាំ​ចេញ​ទៅ​កាន់​ទីផ្សារ​តំបន់អាស៊ាន មានទំហំ ២ ៦៨៧ លានដុល្លារ កើនជាង ៨ ភាគរយ ក្នុងនោះទីផ្សារអឺរ៉ុប មាន​ទំហំ ១ ៩៩៥ លានដុល្លារ កើនជាង ៩ ភាគរយ, ទីផ្សារអាម៉េរិក ៤ ៤០១ លានដុល្លារ កើន​ជិត ៤ ភាគរយ, ទីផ្សារចិន ៨១៥ លានដុល្លារ កើនជាង ១៤ ភាគរយ, ទីផ្សារជប៉ុន ៦២៩ លាន​ដុល្លារ កើន ១៥ ភាគរយ, និងទីផ្សារប្រទេសផ្សេងទៀត មានទំហំ ១ ៤៧៤ លានដុល្លារ កើន​ឡើង​ជាង ១២ ភាគរយ ធៀបនឹងឆមាសទី១ឆ្នាំមុន៕ អត្ថបទ៖ សុន រ៉ាឌី 

វិនិយោគិនមកពីឌូបៃ ឥណ្ឌា និងសិង្ហបុរី កំពុងគ្រោងធ្វើការវិនិយោគ​លើវិស័យ​សុខាភិបាល​នៅកម្ពុជា

2024/08/06 01:04:06 pm        95
ក្រុមវិនិយោគិនមកពីទីក្រុងឌូបៃ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ប្រទេសឥណ្ឌា និងសិង្ហបុរី បាន​បង្ហាញ​ការចាប់អារម្មណ៍ និងគ្រោងធ្វើការវិនិយោគលើវិស័យសុខាភិបាល និងភោជនីយកដ្ឋាន ជាដើម នៅក្នុងប្រទេសកម្ពុជា ។ក្នុងពេលនេះ ក្រុមអ្នកវិនិយោគមកពីទីក្រុងឌូបៃ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ប្រទេសឥណ្ឌា និងសិង្ហ បុរី កំពុងធ្វើទស្សនកិច្ចប្រទេសកម្ពុជា ដើម្បីសិក្សាស្វែងយល់បន្ថែម និងជួបជាមួយមន្ត្រី ឬអ្នក​ពាក់ព័ន្ធ​នៅកម្ពុជា ។ លោកវេជ្ជបណ្ឌិត សារ៉ាយូឌីន (Sirajuddin) ដែលជាអ្នកសម្រប​សម្រួល​ក្រុម​អ្នកវិ​និយោគនេះ បានឱ្យដឹងថា លោកបានមកដល់ប្រទេសកម្ពុជាប្រមាណ៧ឆ្នាំមកហើយ និង​បាននាំអ្នកវិនិយោគមក កម្ពុជាជាច្រើន ហើយពេលនេះ បាននាំ​អ្នក​វិនិយោគ​បន្ថែម​ទៀត​មក​ពីឌូបៃ សិង្ហបុរី និងឥណ្ឌា ដែលពួកគេ ពិតជាចង់វិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយ​ចង់​បង្កើត​ក្រុមហ៊ុន និងអ្វីៗជាច្រើនទៀត ព្រោះកម្ពុជា ជាប្រទេសដ៏ស្រស់ស្អាតខ្លាំង និងគួរឲ្យទាក់ទាញ ។លោកបានបង្ហាញការពេញចិត្ត និងស្រឡាញ់ពលរដ្ឋ និងប្រទេសកម្ពុជា ដែលមានបរិយាកាសល្អ ហើយ​នឹងបន្តនាំអ្នកវិនិយោគមកកាន់តែច្រើនបន្ថែមទៀតពីជុំវិញពិភពលោក ដើម្បីចូលរួ​ម​លើក​កម្ពស់ ប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើន ខណៈពេលនេះ ក៏បាននាំអ្នកវិនិយោគមកពីឌូបៃ សិង្ហបុរី និងឥណ្ឌា ក្នុងនោះមានអ្នកមានបទពិសោធន៍លើការផលិតភាគយន្តនៅឥណ្ឌា និង​សមាគម​ភោជនីដ្ឋានហាឡាល់ ជាដើម ។អ្នកវិនិយោគ បានលើកឡើងថា កម្ពុជា មានវប្បធម៌ និងអរិយធម៌ដ៏យូរលង់ណាស់មកហើយ ជា មួយ​នឹង​ការមានបទពិសោធន៍ផ្នែកពាណិជ្ជកម្មដ៏សម្បូរបែប ហើយពួកគេ គឺមាន​បំណង​យក​នាំ​មក​នូវ​ការ វិនិយោគបែបស្ដង់ដាអន្តរជាតិមកកាន់កម្ពុជា រួមទាំងការនាំ​យក​ផលិត​ផល​ពី​កម្ពុជា​ទៅ​កាន់​ពិភពលោក។ពួកគេបាន​បន្តថា ជាមួយនឹងការមានបទពិសោធន៍ និងការិយាល័យក្រុមហ៊ុន នៅក្នុងប្រទេស ចំនួន​១៨ជុំវិញពិភពលោក ដែលកំពុងផ្តោតសំខាន់លើទេសចរណ៍វេជ្ជសាស្រ្ត ក៏ចង់​ធ្វើ​ការ​វិនិយោគ​វិស័យ នេះនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការបើកនូវភោជនីយកដ្ឋានបែបឥណ្ឌា និង​អារ៉ាប់ ជាដើម ខណៈ ដែលកម្ពុជា មានស្ថិរភាពនយោបាយល្អ ជាអ្វី​ដែល​អ្នក​វិនិយោគ​បរទេស​ចង់បាន និងមានទំនុកចិត្ត ។ក្នុងដំណើរស្វែងរកឱកាសវិនិយោគនេះ វិនិយោគិនឌូបៃ ឥណ្ឌា និងសិង្ហបុរី ក៏មានគម្រោងជួប ជា​មួយ​ថ្នាក់​ដឹកនាំ និងមន្ត្រីនៃក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួន ដែលក្នុងនោះមា​ន​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន និងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាដើម៕ អត្ថបទ៖ បាន សុខរិទ្ធិ

កម្ពុជាកំពុងលើកទឹកចិត្តដល់អ្នកធុរកិច្ចឱ្យស្វែងយល់ពីឱកាសវិនិយោគលើវិស័យកសិកម្មនៅកម្ពុជា

2024/07/31 01:34:39 pm        137
IDI បង្កើតកម្មវិធីផ្តល់ឱកាសដល់ធុរកិច្ច និងវិនិយោគិនទាំងក្នុង និងក្រៅស្រុក ដើម្បីចែក​រំលែក​នូវ​ឱកាស​វិនិយោគ ការផ្តល់ ចំណេះដឹង ការធ្វើធុរកិច្ចនិងពាណិជ្ជកម្ម សម្រាប់ការធ្វើអាជីវកម្ម ជា​ពិសេស​ការវិនិយោគនៅលើវិស័យកសិកម្មនៅកម្ពុជា។លោកបណ្ឌិត ហោ សេរីវឌ្ឍន៍ ប្រធានក្រុមប្រឹក្សាភិបាលសមាគម IDI និងក្រុមហ៊ុន IDC លើក​ឡើង​នៅក្នុ​ងកម្មវិធី IDI Investment Roadshow នៅថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២៤ នេះថា IDI Investment Roadshow គឺជាកម្មវិធីមួយ ដែលរៀបចំ ឡើងដើម្បី​បង្ហាញ​ពីឱកាស​វិនិយោគ​នៅ​ក​ម្ពុជា និងការប្រមូលផ្តុំការវិនិយោគរួមគ្នា សម្រាប់វិនិយោគលើវិស័យផ្សេងៗគ្នា ជាក់ស្តែងនា ពេល​នេះ យើងបានកំពុងផ្តោតលើវិស័យកសិកម្ម ដើម្បីបង្កើត​ជាមូល​និធិ​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម និងការបង្ហាញឱកាសវិនិយោគ លើកាហ្វេ ម្ទេស ដែលដំណាំទាំងនេះ គឺជា​ដំណាំ​សក្តានុពល​មួយ​នៅក្នុងវិស័យកសិកម្ម រួមជាមួយការចែករំលែកនូវបទពិសោធន៍ ផ្សេងៗទៀត រវាង​អ្នក​ជំនាញបរទេស និងអ្នកជំនាញក្នុងស្រុក។ជុំវិញវិស័យកសិកម្មនេះ, លោកបណ្ឌិត ក៏បានអំពាវនាវដល់ម្ចាស់កសិដ្ឋាន សហគ្រាស និង​កសិករ​ដែល​ស្ថិតនៅក្នុង វិស័យកសិកម្មនេះ សូមមានទំនុកចិត្តក្នុងការដំាដុះលើវិស័យកសិកម្ម, ព្រោះ​បច្ចុប្បន្នកម្ពុជាមានទីផ្សារកាន់តែធំ ហើយការចូលរួម ពីតួអង្គផ្សេង​ៗ​ក៏​មាន​ភាព​កាន់​តែប្រ​សើរ​ជា​​ងមុន ទាំងក្នុងស្រុកនិងក្រៅស្រុក ជាពិសេសរាជរដ្ឋាភិបាលបាននិងកំពុងគាំទ្រនិងយក ចិត្ត​ទុកដាក់ខ្ពស់លើវិស័យនេះផងដែរ។ ដូច្នេះអ្នកដែលកំពុងធ្វើនៅក្នុងវិស័យកសិកម្ម ទាំង​អ្នក​ដាំ​ដុះ ​និងកែច្នៃ ត្រូវអនុវត្តន៍ឲ្យបានល្អ ស្របតាមតម្រូវការទីផ្សារ ដើម្បីជំរុញ​ការ​នាំ​ចេញ​ឲ្យបា​ន​កាន់​តែ​ច្រើ​ន។សូមបញ្ជាក់ថា ជុំវិញវិស័យកសិកម្មនេះ នៅក្នុងឆមាសទី១ ឆ្នាំ២០២៤ កម្ពុជាបាន​នាំ​ចេញ​កសិផល​ទៅ​ទីផ្សារ​ក្រៅប្រទេស មាន បរិមាណសរុបជាង ៦,១ លានតោន គិតជាទំហំ​ទឹក​ប្រាក់​ត្រូវ​ប្រមាណ​ជាង ២ ៨០០ លានដុល្លារអាមេរិក ដោយគាំទ្រកំណើន នៃការនាំចេញរួមមាន៖ ស្រូវ អង្ករ ដំឡូងមីស្រស់ ម្សៅ ដំឡូង គ្រាប់ស្វាយចន្ទី ពោត ផ្លែមៀន ផ្លែស្វាយ និងម្រេច​ជា​ដើម​៕ អត្ថបទ៖ សុន រ៉ាឌី

ក្រុមហ៊ុនស្យាមគូបូតា និងក្រុមហ៊ុនមិត្តហ្វូន សហការគ្នាពង្រឹងវិស័យកសិកម្មនៅកម្ពុជា

2024/07/31 01:18:33 pm        165
ក្រុមហ៊ុនស្យាមគូបូតា និងក្រុមហ៊ុនមិត្តហ្វូន ចុះអនុស្សារណៈលើកិច្ចព្រមព្រៀង ការសហការគ្នា ដើម្បីពង្រឹងវិស័យកសិកម្ម ដើម្បី ផ្តល់អត្ថប្រយោជជូនដល់កសិករនៅក្នុងប្រទេសកម្ពុជា ។លោកស្រី វៈរ៉ាផន អូសាក់ថាផាន់ (Waraporn Osathapan) អគ្គនាយករងជាន់ខ្ពស់ ក្រុមហ៊ុន ស្យាមគូបូតា និងលោក កាវ ម៉ាន់ឌឺក (Cao Manh Duc) អគ្គនាយកក្រុមហ៊ុនមិត្តហ្វូន នៅថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២៤ ចុះហត្ថលេខាលើអនុស្សារណៈ នៃការយោគយល់គ្នា (MoU) លើកិច្ចសហការដើម្បីផ្តល់សេវាកម្មជូនប្រជាកសិករកម្ពុជាឲ្យបានកាន់តែប្រសើរឡើង ។ ការសហការ គ្នានេះមានគោលបំណងជាយុទ្ធសាស្រ្ត ដើម្បីជំរុញការធ្វើអាជីវកម្ម និងកិច្ចសហប្រតិបត្តិការបំពេញឲ្យគ្នាទៅវិញទៅមក លើផ្នែក ទីផ្សាររបស់ក្រុមហ៊ុនទាំងពីរ ដោយផ្តោតសំខាន់ គឺលើការអភិវឌ្ឍន៍កម្មវិធីទូរសព្ទដៃគូបូតា ដើម្បីផ្តល់សេវាកម្មកាន់តែប្រសើរដល់ អតិថិជនគូបូតា។ Viettel Group ក្នុងនាមជាក្រុមហ៊ុននាំមុខគេ ក្នុងទីផ្សារទូរគមនាគមន៍នៅក្នុងតំបន់ អាស៊ីអាគ្នេយ៍ និងជាប់ចំណាត់ ថ្នាក់លេខមួយក្នុងប្រទេសកម្ពុជា ជាមួយនឹងបណ្តាញសេវាទូរសព្ទដៃមិត្តហ្វូន បានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចសហប្រតិបត្តិការ នេះ។ យោងតាមទិន្នន័យរបស់យើង កសិករជាច្រើនកំពុងតែប្រើប្រាស់ទូរស័ព្ទដៃក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ ហើយនិន្នាការនេះនៅ តែបន្តកើនឡើង។លោកស្រី វៈរ៉ាផន អូសាក់ថាផាន់ (Waraporn Osathapan) មានប្រសាសន៍ថា ក្រុមហ៊ុនស្យាមគូបូតា បានផ្តោតយកចិត្ត ទុកដាក់យ៉ាងខ្លាំង ក្នុងការផ្តល់សេវាកម្ម និងការផ្តល់អត្ថប្រយោជន៍ពិសេសផ្សេងៗជូនអតិថិជនរបស់ខ្លួន តាមរយៈការចូលជាសមាជិក គូបូតា តាមគម្រោងថែរទាំអតិថិជន (CRM) ដែលក្នុងនោះមានគម្រោងអតិថិជនគូបូតា VIP ដែលបានផ្តល់អត្ថប្រយោជន៍ជូនដល់ អតិថិជនចាស់និងអតិថិជនថ្មី ។ ហើយកម្មវីធីទូរសព្ទដៃគូបូតា ផ្តល់ជាចំណេះដឹង និងវិធីថែទាំគ្រឿងចក្របានយ៉ាងមានប្រសិទ្ធភាព។ នៅក្នុងកិច្ចសហប្រតិបត្តិការនេះ គឺបានផ្តោតសំខាន់លើការផ្តល់សេវាកម្មឲ្យបានកាន់តែប្រសើរ ជូនដល់អតិថិជនដូចជា ការធ្វើរឲ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធសេវាទូរសព្ទជូនដល់អតិថិជនគូបូតា រួមជាមួយនិងការផ្តល់កញ្ចប់សេវាអ៊ិនធើណែត Wi-Fi និង សេវាកម្មអ៊ីនធើណែតដែលមានល្បឿនលឿន និងមានស្ថេរភាព ជាពិសេសជូនដល់អតិថិជនគូបូតាប្រចាំប្រទេសកម្ពុជា។ កិច្ចសហ- ប្រតិបត្តិការនេះ នឹងនាំទៅរកការអភិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យា និងការអភិវឌ្ឍន៍ផ្នែកសេវាកម្មសំខាន់ៗ ដែលនឹងផ្តល់អត្ថប្រយោជន៍ យ៉ាងធំធេងជូនដល់កសិករនៅក្នុងប្រទេសកម្ពុជា ៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បងប្អូនប្រជាពលរដ្ឋ ទេសចរជាតិ-អន្តរជាតិច្រើនកុះករបន្តដើរលេងកម្សាន្តតាមដងផ្លូវថ្មើរជើង (Walk Street) សប្តាហ៍ទី៤ នារាត្រីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥
02/22/2025 10:02 PM
គណបក្សប្រជាជនកម្ពុជា, បក្សកម្មុយនីស្តវៀតណាម និងបក្សប្រជាជនបដិវត្តន៍ឡាវប្ដេជ្ញាបន្តពង្រឹង-ពង្រីកកិច្ចសហប្រតិបត្តិការ និងជំរុញដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ឱ្យបានឆាប់រហ័ស
02/22/2025 10:02 PM
គណបក្សប្រជាជនកម្ពុជា និងបក្សកម្មុយនីស្តវៀតណាមប្ដេជ្ញាបន្តគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការគ្នា ដើម្បីចូលរួមថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍតំបន់ និងពិភពលោក
02/22/2025 10:02 PM
កម្ពុជា-កូរ៉េ រៀបចំពិព័រណ៍សិល្បៈរួមគ្នាជានិមិត្តរូបនៃស្មារតីយូរអង្វែងនៃទំនាក់ទំនងការទូត វប្បធម៌ និងការពង្រឹងចំណងមិត្តភាព នៅខេត្តសៀមរាប
02/22/2025 05:02 PM
កុមារពីរនាក់បានស្លាប់ ក្នុងករណីផ្ទុះគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះពីសង្គ្រាម នៅស្រុកស្វាយលើ ខេត្តសៀមរាប
02/22/2025 05:02 PM
អារ៉ាប់រួម បង្កើនជំនួយទៅកាន់តំបន់ហ្កាហ្សា នៅមុនបុណ្យរ៉ាម៉ាដាន
02/22/2025 05:02 PM
ប្រធានាធិបតីថ្មីរបស់ស៊ីរី ជួបប្រេសិតចិនជាលើកដំបូង ចាប់តាំងពីលោក Assad បានដួលរលំ
02/22/2025 05:02 PM
មនុស្សយ៉ាងតិច ៣នាក់ បានស្លាប់ និងរាប់សិបនាក់ទៀត រងរបួស បន្ទាប់ពីដំបូលផ្សារទំនើប បានបាក់ស្រុត ក្នុងប្រទេសប៉េរូ
02/22/2025 05:02 PM
ប្រជាជនងាយរងគ្រោះបំផុតចំនួន​ ១៨ គ្រួសារ​ នៅស្រុកបាទី​ ខេត្តតាកែវ​ ទទួលអំណោយមនុស្សធម៌ពី​កាកបាទក្រហមកម្ពុជា​
02/22/2025 04:02 PM
បុរសជនជាតិកូរ៉េ សុំទោសជាសាធារណៈចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះកំហុសខុសឆ្គង ដែលបានប្រព្រឹត្តទង្វើមិនសមរម្យ ដោយបន្ទោរបង់ (នោម) ក្នុងបរិវេណប្រាសាទអង្គរវត្ត
02/22/2025 04:02 PM