គិតត្រឹមខែមិថុនាឆ្នាំនេះ ជប៉ុន​បានផ្តល់ហិរញ្ញប្បទានជាង ៣,៥ ពាន់លាន​ដុល្លារ​អនុវត្ត​គម្រោង​នានា​នៅកម្ពុជា
កម្ពុជាទទួលបានគម្រោងវិនិយោគ ២៧៦ ទំហំទុនវិនិយោគ ៤,៧ប៊ីលាន​ដុល្លារ​ក្នុង​ឆមាសទី១​ឆ្នាំ​នេះ
ទីផ្សារអាមេរិកកំពុងស្រូបយកទំនិញសក្តានុពលថ្មីៗបន្ថែមគាំទ្រដល់កំណើនការនាំចេញរបស់កម្ពុជា
ចំនួនកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តភ្នំពេញ កើនឡើងជាង ៣១% ក្នុងឆមាសទី១

សេដ្ឋកិច្ច និង កសិកម្ម

វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានពង្រីកវិសាលភាពប្រកបដោយនិរន្តរភាព និងដោយទំនុកចិត្ត

2024/11/29 02:22:02 pm        199
វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានបន្តពង្រីកវិសាលភាពប្រតិបត្តិការរបស់ខ្លួន ប្រកប​ដោយ​និរន្តរភាព និងទំនុកចិត្ត និងបានបន្ត អភិវឌ្ឍសេវាហិរញ្ញវត្ថុថ្មីៗ ដើម្បីបំពេញ​តម្រូវ​ការ​ហិរញ្ញ​វត្ថុ​ប្រកប​ដោយ​ប្រសិទ្ធភាព មានកិច្ចការពារ និងប្រកបដោយបរិយាបន្ន ។លោក អែម កំណាន់ អគ្គនាយករងត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា លើកឡើង​នៅ​ក្នុង​សិក្ខា​សាលា​ផ្សព្វផ្សាយ ស្ដីពី "វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា”នៅខេត្តត្បូងឃ្មុំ ថ្ងៃទី ២៨ ខែ វិច្ឆិកា ម្សិល​មិញ​នេះ​ថា ជាច្រើនទស្សវត្សរ៍កន្លងទៅ វិស័យមីក្រូហិរញ្ញ វត្ថុនៅកម្ពុជា បានបង្ហាញ​ពី​ការ​វិវត្ត​ និង​រីក​ចម្រើន​យ៉ាងខ្លាំង ហើយបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គមកម្ពុជា ជំរុញកម្រិតបរិយាបន្នហិរញ្ញវត្ថុ កាត់បន្ថយ​វិសមភាព​ក្នុង​ការ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ និងកាត់បន្ថយភាព ក្រីក្ររបស់ប្រជាពលរដ្ឋនៅតាមតំបន់មូលដ្ឋាន។លោក បន្តថា ទោះបីយ៉ាងនេះក្តី វិស័យ​នេះ​ក៏​កំពុង​ទទួល​រង​នូវ​ការ​ចោទ​ប្រកាន់​មិន​មាន​មូលដ្ឋាន​ជាក់​លាក់ និងការព្រួយបារម្ភ ពីអង្គការសង្គមស៊ីវិលមួយចំនួន ពាក់ព័ន្ធនឹង​ការ​បញ្ចេញ​ឥណទាន​ហួស​ពី​តម្រូវការ ដែលជាកត្តាជំរុញឱ្យគ្រួសារក្រីក្រជាប់បំណុល លើសលប់ ការអនុវត្ត​សកម្មភាព​ប្រមូល​បំណុល​ដែលមានលក្ខណៈគំរាមកំហែង និងការបង្ខំឱ្យគ្រួសារក្រីក្រកាត់បន្ថយរបបអាហារ ឬ​លក់ដីធ្លី ឬធ្វើចំណាកស្រុកខុសច្បាប់ ឬជំរុញឱ្យមានការបោះបង់ការសិក្សា និងការ​ជិះជាន់​លើ​ពលកម្ម​កុមារ ដើម្បីអាចទូទាត់ សងប្រាក់។ បញ្ហាចម្បងៗ​ដែល​ជា​ដើមហេតុ​នៃ​ការ​ចោទ​ប្រកាន់​ទាំង​នេះរួ​មមាន៖ ការផ្តល់កម្ចី និងសកម្មភាពបញ្ចាំខុសច្បាប់ ចំណេះដឹងផ្នែក​ហិរញ្ញវត្ថុ​នៅ​មាន​កម្រិត​ទាប ការឆកល្វែងក្នុងការអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិ កម្សាយនៃដំណើរការវាយតម្លៃ ក្នុង​ការផ្តល់ឥណទាន ការផ្តល់ឥណទានដោយផ្ដោតតែលើទ្រព្យបញ្ចាំ ការគិតកម្រៃសេវា និង​ការ​ពិន័យ​ផ្សេងៗក្នុងកម្រិតខ្ពស់ និងការអនុវត្ត​ការងារ​របស់​បុគ្គលិក​គ្រឹះស្ថាន​ដោយ​គ្មាន​ក្រម​សីល​ធម៌​វិជ្ជាជីវៈ​ជា​ដើម​។លោក អែម កំណាន់ លើកឡើងថា បញ្ហានេះ ធនាគារជាតិនៃកម្ពុជា តែងតែយកចិត្ត​ទុក​ដាក់​ក្នុង​ការ​អនុវត្ត​សកម្មភាពជាច្រើន ដើម្បីជួយសម្រួលបញ្ហាប្រឈមនានាដែលមានក្នុងប្រព័ន្ធធនាគារ។ ជាក់ស្ដែង ធនាគារជាតិនៃកម្ពុជា បាននិងកំពុងពង្រឹងក្របខ័ណ្ឌ បទប្បញ្ញត្តិ និងត្រួត​ពិនិត្យ​ធនាគារ ក្នុងទិសដៅធានាឱ្យបាននូវការប្រកួតប្រជែងដែលស្មើភាព សុចរិតភាព តម្លាភាព និង​គិតគូរ​ដល់អ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ និងការរីកចម្រើន​ប្រព័ន្ធ​ធនាគារ​ប្រកប​ដោយ​ចីរភាព និង​ការ​អភិវឌ្ឍ។ ក្នុងសិក្ខាសាលានេះដែរ, សុន្ទរកថា លោកជំទាវ ឌិត នីតា ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​សមាគម​មី​ក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា លើកឡើង ផងដែថា បញ្ហានេះសមាគមបានកិច្ចខិតខំប្រឹងប្រែង ក្នុងការទប់ស្កាត់ និង​កាត់បន្ថយការប្រើប្រាស់សេវាឥណទានក្រៅផ្លូវការ កិច្ចការ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​តាមរ​យៈការ​បោះ​ពុម្ព​បញ្ជីឈ្មោះគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការ រួចធ្វើការបែងចែកសៀវភៅ ដល់ គ្រប់​អាជ្ញាធរ​មូលដ្ឋានដែលរួមមាន៖ មេឃុំ មេភូមិ និងប៉ូលីសប៉ុស្តិ ដើម្បីអាជ្ញាធរមូលដ្ឋានមាន មូលដ្ឋាន​នៅ​ក្នុងការផ្តល់ព័ត៌មាន បឋម ក៏ដូចជាធ្វើការផ្សព្វផ្សាយបន្តនូវគ្រឹះស្ថានធនាគារ និង​ហិរញ្ញវត្ថុ​ផ្លូវការទាំងនោះ។ ជាក់ស្តែងវិស័យមីក្រូហិរញ្ញនៅកម្ពុជា នៅតែបន្ត រក្សាបានកំណើន និង​ស្ថិរភាពតាមរយៈការផ្តល់សេវាកម្ម ប្រកបដោយបរិយាបន្ន ជាមួយស្មារតីទទួលខុសត្រូវខ្ពស់ និង​កិច្ច​ការពារ អតិថិជន ស្របតាមយុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥៕ អត្ថបទ៖ សុន រ៉ាឌី

SDF បានបញ្ចេញថវិកាជាង ១៤លានដុល្លារ លើការជួយជ្រោមជ្រែងដល់សហគ្រាសក្នុងស្រុក

2024/11/28 12:40:40 pm        362
មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) គិតមកដល់ពេលនេះ បានបញ្ចេញកញ្ចប់ថវិកាសរុបជាង ១៤ លាន​ដុល្លារ ក្នុងនោះសម្រាប់ សហគ្រាសធុនតូច និងមធ្យម មានទឹកប្រាក់ជាង ៨ លានដុល្លារ លើ​ការ​ជួយជ្រោមជ្រែងអភិវឌ្ឍន៍ជំនាញដល់រោងចក្រ សហគ្រាស គ្រឹះស្ថានបណ្តុះបណ្តាល សមាគម​ធុរកិច្ច និងស្ថាប័ននានា។ជុំវិញមូល​និធិអភិវឌ្ឍន៍ជំនាញ (SDF) នេះ ត្រូវបានបង្កើតឡើងមានរយៈ ៦ ឆ្នាំមកហើយ ដែល​មូល​​និធិអភិវឌ្ឍជំនាញនេះ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើក​កម្ពស់​សមត្ថភាព​​ប្រកួតប្រជែង និង​កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាបំពេញតម្រូវការ ដ៏ធំធេង នៃកម្លាំងពលកម្មជំនាញ ទាំង​កម្រិតទាប មធ្យម និងខ្ពស់ ឱ្យត្រូវនឹងតម្រូវការរបស់វិនិយោគិន និងសហគ្រាស ទាំង​គុណភាព និងបរិមាណ។ទាក់ទិន (SDF) នេះ, លោក គី សុខគីម នាយកប្រតិបត្តិមូលនិធិអភិវឌ្ឍន៏ជំនាញ (SDF) លើក​ឡើង​ឱ្យ​ដឹងថា គិតមកដល់ មកនេះ មូលនិធិអភិវឌ្ឍន៏ជំនាញ (SDF) បានចូលរួម​ពង្រឹង​ធន​ធាន​មនុស្ស​ដល់​រោងចក្រ សហគ្រាស គ្រឹះស្ថានបណ្តុះបណ្តាល សមាគមធុរកិច្ច និងស្ថាប័ននានា ក្នុងនោះបើតាមការវាយតម្លៃ ចំពោះការងារកន្លងមក គឺបានអនុវត្តយ៉ាងល្អប្រសើរ ជាពិសេស សម្រាប់​ធុនតូច និងមធ្យម ដែលមិនទាន់ចុះបញ្ជី ពួកគាត់បាន​ពង្រីក​ខ្លួន​ទៅ​ជា​សហ​គ្រាស​មាន​លក្ខណៈ​សម្បត្តិគ្រប់គ្រាន់ ក្នុងការចុះ បញ្ជីឱ្យក្លាយជាសហគ្រាសតូច ឈានទៅមធ្យម និងពី​មធ្យម​ឡើងទៅធំជាដើម ។ ចំណែកនៅពេលខាងមុខ, មូលនិធិអភិវឌ្ឍន៏ ជំនាញ នឹង​ធ្វើ​ការ​ជាមួយ​ដៃគូពាក់ព័ន្ធបន្ថែម ទាំងខាងសមាគម ក៏ដូចជាខាងដៃគូអភិវឌ្ឍន៍ ដើម្បីរៀប​ចំ​ជា​កញ្ចប់​ពង្រឹង​សមត្ថភាព ក្នុងរយៈពេលវែង ដើម្បីជ្រើសរើស SME ដែលមានសក្តានុពលខ្ពស់ ជំរុញ​ដល់​ការ​នាំ​ចេញ និងបង្កើននូវតម្លៃបន្ថែមផងដែរ។លោក បន្តថា ជាក់ស្តែងមកដល់ពេលនេះ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បាន​បញ្ចេញ​កញ្ចប់​ថវិកា​ជា​ច្រើន ដើម្បីជួយ ជ្រោមជ្រែង ចូលរួមលើកកម្ពស់ជំនាញ គុណភាព និងបរិមាណ ឆ្លើយ​តប​ទៅ​នឹងតម្រូវការទីផ្សារ ដោយមានសិក្ខាកាមទទួលផល ចំនួនជាង ៣២ ពាន់នាក់, នេះជា​ក្នុង​គោល​ដៅ​ចូល​រួមចំណែក ប្រែក្លាយកម្ពុជាទៅជាប្រទេសចំណូលខ្ពស់ត្រឹមឆ្នាំ ២០៥០ ស្របតាម ចក្ខុ​វិស័យរាជរដ្ឋាភិបាលកម្ពុជា។សូមបញ្ជាក់ថា មូលនិធិអភិវឌ្ឍន៍ជំនាញ ត្រូវបានបង្កើតឡើងដំបូង ជាគម្រោងសាកល្បង ដោយ​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីខែ មីនា ឆ្នាំ ២០១៨ ក្នុងគោលបំណងធ្វើតេស្ដសាកល្បង យន្ដការថ្មី និងមានលក្ខណៈនវានុវត្តន៍ ដើម្បីប្រមូល គ្រប់គ្រង និងបែងចែក ធនធាន​ទាំង​ហិរញ្ញ​វត្ថុ ​និងមិនមែនហិរញ្ញវត្ថុ សំដៅចូលរួមដោះស្រាយបញ្ហាកង្វះហិរញ្ញប្បទាន និងបញ្ហាកង្វះជំនាញ ក្នុងគោលដៅពង្រឹងគុណភាព និងពង្រីកវិសាលភាព នៃការ​អភិវឌ្ឍ​ជំនាញ​ឱ្យ​ត្រូវ​នឹង​តម្រូវ​ការ​វិស័យ​ឯកជន និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាតិ តាមរយៈយន្តការចែករំលែកថ្លៃ និងការ​ចូលរួម​បណ្តុះ​បណ្តាល​ដោយផ្ទាល់ ពីសំណាក់វិស័យឯកជន៕ អត្ថបទ៖ សុន រ៉ាឌី

មន្ត្រីក្រសួងកសិកម្មពិនិត្យការប្រមូលទិញ និងការវេចខ្ចប់ផ្លែមៀនប៉ៃលិន សម្រាប់នាំចេញ​ទៅ​ប្រទេសចិន

2024/11/27 04:34:12 pm        476
ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរ ដោយលោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បាន​អញ្ជើញ​ចុះពិនិត្យខ្សែសង្វាក់ផលិតកម្មប្រមូលទិញ និងការវេចខ្ចប់ផ្លែមៀនប៉ៃលិន សម្រាប់​នាំ​ចេញ​ទៅ​ប្រទេសចិន របស់ក្រុមហ៊ុន ឆាយណា ជីនវរ័យាន អ៊ីមផត អិចផត (ខេមបូឌា) ឯ.ក ដែល​មានទីតាំងស្ថិតនៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃ លិន និងបាន​បន្ត​ចុះ​ពិនិត្យ​ការ​ប្រមូល​ផលមៀ​នប៉ៃលិន នៅភូមិដីក្រហម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។ឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានលើក​ឡើង​ថា ក្រសួងកសិកម្ម បាននឹងកំពុ​ងយ​ក​ចិត្ត​ទុក​ដាក់​លើ​ការ​ស្វះស្វែង​រក​ទីផ្សារ​កសិផល​ជូន​ប្រជា​ពលរដ្ឋ​ជា​ប្រចាំជារួម គឺទិន្នផលគ្រប់ប្រភេទ ដោយឡែកពេលនេះ គឺនិយាយអំពីទិន្នផល​ផ្លែ​មៀ​ន​ស្រស់​។ឯកឧត្តម បានបញ្ជាក់ទៅកាន់សហគមន៍ នៃម្ចាស់ចម្ការមៀនស្រស់ទាំងអស់ថា ការនាំ​ចេញ​ទិន្នផល​ផ្លែមៀនស្រស់ តាមរយៈក្រុមហ៊ុននាំចេញទៅបាន អាស្រ័យលើទិន្នផលផ្លែមៀនល្អ ដែល​អាច​ទទួល​យកបាន មាន អនាម័យល្អសមរម្យ មានគុណភាព តាមស្តង់ដាល្អ។ ម្ចាស់​ចម្ការ​នីមួយ​ៗ ដែលរោងចក្រអាចទទួលទិញយក ទាល់តែ​កសិករ​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​អគ្គ​នាយក​ដ្ឋាន​ជំនាញ​ នៃក្រសួងកសិកម្មឱ្យបានត្រឹមត្រូវ តាមបច្ចេក ទេស ដោយគ្មានសារធាតុគីមីពុល។ បើច​ម្ការ​មៀន​ណា ធ្វើមិនបានត្រឹមត្រូវតាមស្តង់ដាទេ គឺរោងចក្រ ឬក្រុមហ៊ុន មិនប្រមូលទិញទេ ព្រោះ​ត្រូវ​មាន​ការ​ឆ្លងកាត់ត្រួតពិនិត្យពីក្រសួងជំនាញជាមុនសិន។ឯកឧត្តម គី ច័ន្ទរំដួល បានបញ្ជាក់ទៀតថា ការវាយតម្លៃនៅចម្ការមៀន ឃើញចម្ការមៀនប៉ៃលិន ដាំដុះ ស្អាត មៀនអនាម័យល្អ ហើយក៏មានការកត់ត្រានៃការអនុវត្តផលិតកម្មទៅតាមស្តង់ដាមួយ ដែល​ហៅថា ការអនុវត្តកសិកម្មល្អបានត្រឹមត្រូវ ។លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានឱ្យដឹងថា បច្ចុប្បន្ន ខេត្តប៉ៃលិន មានផ្ទៃដីដាំដុះមៀនប៉ៃលិន សរុប៤៩២០ហិកតា, កសិករ​ដាំដុះ​មៀន​ប៉ៃលិន ចំនួន៦៨៩គ្រួសារ ដោយមានផ្ទៃដីប្រមូលផល ចំនួន៤១២០ហិកតា ដែល​បរិមាណ​ប្រមូល​ផល បានចំនួន៦១៨០០តោន។ ដោយ ឡែក ការចុះប្រមូលទិន្នន័យ ការនាំ​ចេញ​ផ្លែ​មៀន​ប៉ៃលិន របស់ក្រុមហ៊ុន ឆាយណា ជីនវរ័យាន អ៊ីមផត អិចផត (ខេមបូឌា) ឯ.ក ទទួល​បាន​លទ្ធផល​ដូច​ខាងក្រោម៖ នាំចេញក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ បានចំនួន១ ៥២១ តោន។ បើ​គិត​ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ផ្លែមៀនប៉ៃលិនស្រស់ ត្រូវ​បាន​នាំចេញ​សរុបចំនួន១២ពាន់៤៧០តោន ៕

កិច្ចប្រជុំកំពូលសេដ្ឋកិច្ច GCET រំពឹងទាក់ទាញវិនិយោគិនកាន់តែកើនឡើងថែមទៀត មកបណ្តាក់ទុននៅកម្ពុជា

2024/11/27 10:35:37 am        156
តាមរយៈកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកល (GCET) ឯកឧត្ដមបណ្ឌិត សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ប្រធានក្រុមប្រឹក្សា ប្រឹក្សា​គោល​នយោបាយ​ពាណិជ្ជ​កម្ម និងជាប្រធានគណៈកម្មាធិការរៀបចំកម្ពុជា បង្ហាញក្តីសង្ឃឹមថា ចិននឹងទាក់ទាញវិនិយោគបរទេសមកកម្ពុជាកាន់តែច្រើនឡើងបន្ថែមទៀត ជាពិសេសអ្នកវិនិយោគមកពីប្រទេសចិនឲ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ក្នុងកិច្ចប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកល កាលពីថ្ងៃទី២៦ ខែវិច្ឆិកាកន្លងទៅ ឯកឧត្តមបណ្ឌិត សុក ស៊ីផាន់ណា បានមានប្រសាសន៍ថា កិច្ចប្រជុំនេះ រៀបចំឡើងស្របពេលដែលពិភពលោកកំពុងភាពស្មុគស្មាញដែលមិនធ្លាប់មានពីមុនមក កម្ពុជាស្វាគមន៍ចំពោះកិច្ចសន្ទនាដ៏សំខាន់នេះ ដើម្បីធ្វើការជាមួយដៃគូទាំងអស់ក្នុងការកសាងអនាគតប្រកបដោយនិរន្តរភាព និងវិបុលភាពសម្រាប់តំបន់របស់យើង។ឯកឧត្ដមបណ្ឌិត បានលើកឡើងបន្តថា កិច្ចប្រជុំកំពូលខាងលើនេះ ពិតជាបាននាំមកនូវផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចដល់ប្រទេសកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ។ ឯកឧត្តមបន្តថា ពេលដែលយើងរៀបចំសន្និសីទក្នុងកិច្ចប្រជុំបែបនេះ យើងរំពឹងថា អ្នកវិនិយោគទុនគាត់មកជជែក ពិភាក្សា និងមកស្វែងយល់ពីសេដ្ឋកិច្ចទីផ្សារនៅកម្ពុជាបានដោយស្រួល ជាពិសេសការស្វែងរកកាលានុវត្តភាព។ ឯកឧត្តម សុក ស៊ីផាន់ណា បានបញ្ជាក់ទៀតថា កិច្ចប្រជុំថ្ងៃនេះ នៅពេលខាងមុខ ប្រហែលអាចជា ៣ខែ ឬ១ឆ្នាំទៀត គេនឹងអាចមកម្ពុជា។ ប៉ុន្តែសំខាន់ចំពោះមុខ គឺគេបានមកស្រុកយើង បានឃើញស្រុកយើង។ អ្នកវិនិយោគទុនគេ មានកាលវិភាគរបស់គេ គេនឹងបញ្ជូនអ្នកជំនាញរបស់គេមកសិក្សា មកជួបអ្នកវិនិយោគស្រុកយើង។ ដូច្នេះ ទាល់ពេលហ្នឹង ទើបយើងឃើញសកម្មភាពជាក់ស្តែង។សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកល (GCET) ពីមុនត្រូវបានស្គាល់ថា ជាកិច្ចប្រជុំកំពូលសេដ្ឋកិច្ចពិភពលោករបស់ចិន គឺជាវេទិកាអន្តរជាតិដ៏សំខាន់មួយ ដែលផ្តោតលើការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសចិន អាស៊ាន និងប្រជាជនចិនទូទាំងពិភពលោក។ កិច្ចប្រជុំកំពូលនេះ ក៏ជួយសម្រួលដល់ការសិក្សានៃវប្បធម៌ចម្រុះ និងការផ្លាស់ប្ដូររវាងទស្សនវិស័យលោកខាងកើត និងលោកខាងលិច។ ចាប់តាំងពីការបង្កើតឡើងនៅក្នុងឆ្នាំ២០០៩ កិច្ចប្រជុំកំពូលនេះ ត្រូវបានរៀបចំឡើងនៅក្នុងទីក្រុងនានា រួមមានទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី , ម៉ែលបូន ប្រទេសកាណាដា, ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស , ទីក្រុងឆុងឈីង , ទីក្រុងប៉េកាំង , ហុងកុង និងម៉ាកាវជាដើម៕ អត្ថបទ ឈិត បូរ៉ាវី 

ADB អនុម័តប្រាក់កម្ចីចំនួន ៥០លានដុល្លារ ដើម្បីជំរុញពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែងនៅកម្ពុជា

2024/11/27 10:10:06 am        202
ADB អនុម័តប្រាក់កម្ចីផ្តោតលើគោលនយោបាយចំនួន ៥០ លានដុល្លារ ដើម្បី​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹង​ប្រែងរបស់កម្ពុជា ក្នុងការធ្វើឱ្យ បរិយាកាសធុរកិច្ចកាន់តែងាយ ស្រួលសម្រាប់ការវិនិយោគ លើក​កម្ពស់អាជីវកម្មឱ្យកាន់តែមានសមត្ថភាពប្រកួតប្រជែងខ្ពស់ និងបន្ធូរបន្ថយ របាំង​ពាណិជ្ជកម្ម​។បើតាមរបាយការណ៍ ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា ADB ចេញផ្សាយ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ​២០២៤នេះ បានបង្ហាញ នូវការអនុម័តប្រាក់កម្ចីផ្តោតលើគោលនយោបាយចំនួន ៥០ លាន​ដុល្លារ គាំទ្រកំណែទម្រង់គោលនយោបាយ ដើម្បីជំរុញពាណិជ្ជកម្ម និង សមត្ថភាព​ប្រកួត​ប្រជែង​នៅ​កម្ពុជា។ ចំណែកកម្មវិធីរងទី២ នៃកម្មវិធីពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែង កំពុង​ដំណើ​​រ​នេះ គឺពង្រឹង កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការបង្កើនការ​វិនិយោគ​ពី​វិស័យ​ឯក​ជន ដើម្បីសម្រេចបានកំណើនកាន់តែខ្ពស់ ប្រកបដោយ បរិយាបន្ន និងមានចីរភាព ដើម្បីលើ​ក​​កម្ពស់​ជីវភាពរស់នៅ និងមុរបររបស់ប្រជាពលរដ្ឋ។ជុំវិញគម្រោងខាងលើ, លោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី ADB ប្រចាំកម្ពុជា លើកឡើងថា «កម្មវិធី នេះគាំទ្រដល់ការបន្តការប្ដេជ្ញាចិត្តរបស់ ADB ក្នុងការជំរុញសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា និងពង្រឹងប្រព័ន្ធអេកូឡូស៊ី ដើម្បីធ្វើឱ្យអាជីវ កម្មកាន់តែរីកចម្រើន នាំមកនូវការវិនិយោគជាមួយឱកាសការងារកាន់តែច្រើន និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ កម្មវិធីនេះផ្ដោត លើសហគ្រាសធុនមីក្រូ តូច និងមធ្យម ឬ MSMEs ដោយសារវិស័យនេះគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ហើយកំណើនរបស់វាមានសារៈ សំខាន់ខ្លាំងណាស់ ក្នុងការបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស។ ជាមួយប្រាក់បន្ថែមពិសេសនេះ គឺដើម្បីលើកទឹកចិត្តដល់ សហគ្រាសគោលដៅមួយចំនួន ដោយ ADB មានគោលបំណងជំរុញសហគ្រាសទាំងនោះក្នុងការធ្វើពិពិធកម្ម ប្រើប្រាស់ជម្រើសឌីជីថល និងបង្កើនផលិតភាព។ កម្មវិធីនេះក៏សម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងព្រំដែនឱ្យកាន់តែរលូន និងមានប្រសិទ្ធភាពជាងមុន តាមរយៈ ការធ្វើឱ្យប្រសើរឡើងនូវក្របខ័ណ្ឌបទប្បញ្ញត្តិ សម្រួលនីតិវិធី និងកាត់បន្ថយរបាំងពាណិជ្ជកម្ម ដើម្បីបង្កលក្ខណៈឱ្យប្រទេសកម្ពុជា ជ្រៀត ចូលក្នុងទីផ្សារក្នុងតំបន់ និងពិភពលោក។ចំពោះឧបសគ្គចម្បងដែលប្រទាក់ក្រឡាគ្នាចំនួនបី ដែលបង្កជាបញ្ហាប្រឈមធំសម្រាប់ការអភិវឌ្ឍរបស់កម្ពុជារួមមាន បរិយាកាស សម្រាប់ការវិនិយោគ និងអាជីវកម្មដែលមិនទាន់ដំណើរការល្អសហគ្រាសធុនមីក្រូ តូច និងមធ្យម មិនទាន់សូវរីកចម្រើន និងរបាំងមួយ ចំនួនសម្រាប់ពាណិជ្ជកម្មឆ្លងព្រំដែន។ កត្តាទាំងនេះបានកាត់បន្ថយផលិតភាព និងសមត្ថភាពប្រកួតប្រជែង ហើយរារាំងសេដ្ឋកិច្ច ពីការ សម្រេចបាននូវសក្តានុពលកំណើនពេញលេញ។ កម្មវិធីរបស់ ADB ខាងលើគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការ ដោះស្រាយបញ្ហាប្រឈមទាំងនេះ និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។ វានឹងជួយសម្រួលបទប្បញ្ញត្តិធុរកិច្ច និងលើក កម្ពស់សេវាសាធារណៈ ឱ្យកាន់តែប្រសើរសម្រាប់ការធ្វើអាជីវកម្មនៅកម្ពុជា។ បញ្ហានេះ ធនាគារអភិវឌ្ឍន៍អាស៊ី ADB ប្តេជ្ញាថានឹងសម្រេច ឱ្យបាននូវវិបុលភាព បរិយាបន្ន ភាពធន់និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ ភាពក្រីក្រផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

រដ្ឋមន្ត្រីក្រសួងកសិកម្ម ណែនាំប្រធានមន្ទីរកសិកម្មរាជធានីភ្នំពេញត្រូវមានសាមគ្គីភាពផ្ទៃក្នុង និងអនុវត្តភារៈកិច្ចប្រកបដោយប្រសិទ្ធិភាព

2024/11/21 04:17:19 pm        427
រដ្ឋមន្ត្រីក្រសួងកសិកម្ម ណែនាំប្រធានមន្ទីរកសិកម្មរាជធានីភ្នំពេញ ដែលត្រូវបានប្រកាសចូលកាន់មុខតំណែងត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ ព្រោះថាសាមគ្គីភាពផ្ទៃក្នុងមានសារៈសំខាន់ណាស់។ក្នុងអញ្ជើញប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា មន្ទីរទាំងអស់ គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួង និងរាជធានី-ខេត្ត ដោយក្រសួងជាឪពុក ឯរាជធានី-ខេត្តជាម្ដាយ រាល់សកម្មភាពការងាររបស់មន្ទីរ គឺដឹកនាំបញ្ជាពីក្រសួង និងរាជធានី-ខេត្ត បើក្រសួង និងរាជធានី-ខេត្ត ដែលជាឪពុកម្ដាយ មិនស៊ីចង្វាក់គ្នា នោះការងាររបស់មន្ទីរក៏មានបញ្ហាទៅតាមនោះដែរ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គឺបានបន្ស៊ីការងារគ្នា និងដាក់ទិសដៅតែមួយឲ្យមន្ទីរក្រោមឱវាទអនុវត្តមិនធ្លាប់មានបញ្ហាទេ។ឯកឧត្តម ឌិត ទីណា បានបន្តថា តំណែងប្រធានមន្ទីរឥឡូវ ឋានៈស្មើនឹងប្រធាននាយកដ្ឋាន ពោលគឺតែងតាំងដោយអនុក្រឹត្យ ខណៈដែលពីមុនតែងតាំងដោយប្រកាសប៉ុណ្ណោះ។ ដូច្នេះដើម្បីឆ្លើយតបទៅនឹងការជឿទុកចិត្តរបស់រាជរដ្ឋាភិបាល ប្រធានមន្ទីរទាំងអស់ត្រូវបំពេញការងារឲ្យបានល្អប្រសើរទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចុះ។ មួយវិញទៀត ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ ព្រោះថាសាមគ្គីភាពផ្ទៃក្នុងនេះ មានសារៈសំខាន់ណាស់ បើគ្មានសាមគ្គីភាពផ្ទៃក្នុងទេ ការអនុវត្តការងារពិតជាមិនទទួលបានជោគជ័យនោះទេ។ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានលើកឡើងពីស្ថានភាពការងាររដ្ឋបាលរាជធានីភ្នំពេញ និងការងារសន្តិសុខសណ្ដាប់ធ្នាប់ទូទៅ ដែលការងារនេះរដ្ឋបាលរាជធានីភ្នំពេញអនុវត្តបានយ៉ាងល្អរហូតទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល។ឯកឧត្ដម ឃួង ស្រេង លើកឡើងថា ចំពោះការតែងតាំងប្រធានមន្ទីរថ្មីនេះ ធ្វើឡើងជាធម្មតាសម្រាប់មន្ត្រីរាជការ ដើម្បីសម្រួលភារកិច្ចឲ្យមន្ទីរអនុវត្តការងារកាន់តែប្រសើរឡើងថែមទៀត។ ឯកឧត្ដមអភិបាលរាជធានីបានស្នើឲ្យប្រធានមន្ទីរកសិកម្មថ្មីត្រូវសហការឲ្យបានល្អជាមួយមន្ត្រីក៏ដូចជាអាជ្ញាធរដែនដីលើវិស័យកសិកម្មនេះ ពិសេសរក្សាឲ្យបាននូវសាមគ្គីភាពផ្ទៃក្នុង។នៅក្នុងឱកាសនោះដែរ លោក ញ៉ែម តារារិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីភ្នំពេញថ្មី បានថ្លែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញដែលបានផ្ដល់នូវជំនឿទុកចិត្ត តែងតាំងលោកជាប្រធានមន្ទីរកសិកម្ម។ ដើម្បីឆ្លើយតបទៅនឹងការជឿទុកចិត្តនេះ លោកបានប្តេជ្ញាចិត្តបំពេញការងារជូនអង្គភាព ក្រសួងកសិកម្ម និងរដ្ឋបាលរាជធានីភ្នំពេញឲ្យបានល្អបំផុត រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ធ្វើអ្វីៗដើម្បីផលប្រយោជន៍រួម។ លោកប្ដេជ្ញា បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋលើវិស័យកសិកម្មនេះឲ្យកាន់តែល្អប្រសើរជាមួយនឹងការពង្រឹងប្រមូលពន្ធតាមអ្វីដែលអាចធ្វើទៅបាន៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

ឯកឧត្តម ឌិត ទីណា លើកទឹកចិត្តអង្គការតុកកែញញឹមកម្ពុជា​ឲ្យបន្តលើក​កម្ពស់​ការអប់រំ​ធនធាន​មនុស្ស​ក្នុង​វិស័យកសិកម្ម

2024/11/21 03:22:11 pm        219
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យអង្គការ តុកកែ​ញញឹមកម្ពុជា (Smiling Gecko) ចូលជួបពិភាក្សាការងារ អំពី​គំនិត​ផ្តួចផ្តើម​បង្កើត​កម្ម​វិធី​ឧត្តម​សិក្សាថ្នាក់បរិញ្ញាបត្ររួមគ្នា នៅទីស្តីការក្រសួង។ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២១ វិច្ឆិកា ឆ្នាំ២០២៤នេះ បានឲ្យ​ដឹង​ក្នុង​បណ្តាញ​សង្គម​ថា ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងក្តីរីករាយ​ចំពោះ​អង្គការ​តុកកែញញឹមកម្ពុជា ក្នុងការពិនិត្យលទ្ធភាពចូលរួមក្នុងវិស័យកសិកម្ម ដោយមាន​បំណង​ចង់​លើកកម្ពស់ការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស ខណៈ អង្គការនេះជា​គំរូ​សហគមន៍​មួយ​ដ៏​ល្អ ដែលអាចផ្សាភ្ជាប់ការអប់រំ កសិកម្ម សិប្បកម្ម សេវាកម្ម និងទេសចរណ៍ មានភាព​ស៊ី​ចង្វាក់​គ្នា និងល្អប្រសើរ។ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់​អនុសាសន៍​ឱ្យ​អង្គការ​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​ចូល​រួម​ការ​អភិវឌ្ឍ​ធ​នធានមនុស្សក្នុងវិស័យកសិកម្ម ដើម្បីជួយគាំទ្រនូវសហគមន៍កសិកម្មទំនើប ដែលត្រូវ​ការ​ធន​ធានមនុស្ស ដែលអាចដឹកនាំទៅរកភាពចំនេញ ពង្រឹងនូវខ្សែច្រវ៉ាក់ផលិតកម្មនិងតម្លៃ និង​អាច​នាំយកផលិតផលពីកសិដ្ឋានទៅទីផ្សារបានយ៉ាងពិតប្រាកដ។ ក្នុងការងារនេះ ឯកឧត្តម បាន​បង្ហាញ​ការ​ចាប់អារម្មណ៍ និងបានគូសបញ្ជាក់ថា កម្មវិធីសិក្សាពាក់ព័ន្ធនឹងជំនាញកសិ-ធុរកិច្ច និង​ការ​កែ​ច្នៃអាហារគឺពិតជាសំខាន់ក្នុងវិស័យកសិកម្ម ដែលត្រូវអភិវ​ឌ្ឍ​ធនធា​ន​មនុស្ស​ប្រកប​ទៅ​ដោយ​ចំណេះ​ដឹង ចំណេះធ្វើ មានភាពជាអ្នកដឹកនាំ និងមានភាពបុរេសកម្ម។ ឯកឧត្តម ជឿ​ជាក់​ថា អង្គការតុកកែញញឹមកម្ពុជា នឹងបន្ត​អភិវ​ឌ្ឍ​បេសកកម្ម​របស់​ខ្លួន​តទៅ​មុខ​បន្ថែម​ទៀត​ទូទាំង​ប្រទេស​កម្ពុជា ហើយក្រសួងកសិកម្ម នឹងជួយគាំទ្រដល់កិច្ចសហការអភិវឌ្ឍធនធានមនុស្ស ក្នុង​វិស័យកសិកម្មឱ្យកាន់តែរីកចំរើន។សូម​ជម្រាបជូនថា ជំនួបខាងលើនេះ ធ្វើឡើងក្នុង​គោល​បំណង​ពិភាក្សា​អំពី​គំនិត​ផ្តួចផ្តើម​បង្កើត​កម្ម​វិធី​ឧត្តមសិក្សាថ្នាក់បរិញ្ញាបត្ររួមគ្នា ដែលពាក់ព័ន្ធជំនាញការកែច្នៃអាហារ និងជំនាញកសិ-ធុរ​កិច្ច និងការអភិវឌ្ឍជាចង្កោមសំដៅដល់ការបង្កើតភូមិអភិវឌ្ឍដែលមាន ហេដ្ឋារចនាសម្ព័ន្ធ ការ​អប់រំ មុខរបរ កសិកម្ម សិប្បកម្ម សេវាកម្ម និងការសិក្សាស្រាវជ្រាវ៕ អត្ថបទ៖ ឈិត បូរ៉ាវី

ចិនធ្វើការស្វែងយល់ លើការកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងប្រព័ន្ធថវិការបស់កម្ពុជា

2024/11/21 03:03:30 pm        228
ចិនធ្វើការស្វែងយល់ អំពីសមិទ្ធផលនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏​ដូច​ជា​ប្រព័ន្ធ​ថវិកា​របស់កម្ពុជា ទាំងនៅថ្នាក់ជាតិ និង​ក្រោមជាតិ, អំពីដំណើរការ នៃ​ការ​កែ​ទម្រង់​ការ​គ្រប់​គ្រង​ទ្រព្យ​សម្បត្តិរដ្ឋ និងសហគ្រាសសាធារណៈរបស់រដ្ឋ, ព្រមទាំង សមិទ្ធិផល និងផ្នែក​ហិរញ្ញប្ប​ទាន​សហ​ប្រតិបត្តិការ។ឯកឧត្តម ស៊ី ហុងឆាយ ប្រធានគណៈកម្មការកិច្ចការថវិកានៃគណៈអចិន្ត្រៃយ៍ តំណាង​សភា​ប្រជា​ជន​ចិន​ទូទាំងប្រទេស នៅក្នុងជំនួបជាមួយ ឯកឧត្តម ចាន់ សុធី រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅថ្ងៃទី ២០ ម្សិលមិញនេះ បានគូសបញ្ជាក់ ថា ឯកឧត្តមមានសេចក្តីរីករាយ និង​អបអរ​សារទរ ចំពោះចំណងមិត្តភាពដែកថែប រវាងប្រទេសទាំងពីរ ដែលតែងជួយគាំទ្រគ្នា និងរួម សុខ​រួមទុក្ខជាមួយគ្នា ក្រោមការដឹកនាំរបស់ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង និង​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងសម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តម គូសរំលេចផងដែរថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់កម្ពុជានាពេលនេះ គឺ​ស្ថិត​ក្នុង​បរិការណ៍ជាមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជន និងប្រទេស​ទាំង​ពីរ​កាន់​តែ​រីក​ចម្រើន និងរឹងមាំជាលំដាប់លើគ្រប់វិស័យ ជាពិសេសវិស័យ ពាណិជ្ជកម្ម វិស័យទេសចរណ៍ សេដ្ឋកិច្ច​ឌីជីថល និងសេដ្ឋកិច្ចបៃតង ព្រមទាំងហិរញ្ញាប្បទានសហប្រតិបត្តិការ ជាឧត្តម​ប្រយោជន៍ នៃប្រជាជនរបស់ប្រទេសទាំងពីរ នៅក្នុងយុគសម័យថ្មីនេះ។នៅក្នុងជំនួបនេះ, ឯកឧត្តម ចាន់ សុធី បានអរគុណចំពោះការជួយគាំទ្ររបស់រដ្ឋាភិបាល និង​ប្រជាជន​ចិន នៅលើដំណើរការ នៃការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជាកន្លងមក, កម្ពុជាបាន​ប្រើ​ប្រាស់​ហិរញ្ញប្បទានសហប្រតិបត្តិការពីប្រទេសចិន ក៏ដូចជាដៃគូអភិវឌ្ឍន៍ ផ្សេងទៀត ប្រកប​ដោយ​ស្មារតី​ទទួលខុសត្រូវ, ដែលប្រការនេះបានរួមចំណែកធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា មានការ​រីក​ចម្រើន​ធំ​ឡើង ជាលំដាប់, បើទោះបីជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបាន​ប្រឈម​ទៅ​នឹង​វិបត្តិធំៗជាបន្តបន្ទាប់ក្តី។ ឯកឧត្តម គូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់​ឯកឧត្តម​ប្រធាន​គណៈកម្មការ​កិច្ច​ការ​ថវិកា​នា​ពេល​នេះ នឹងជាការពាំនាំ ដ៏សំខាន់ ជូនទៅដល់ថ្នាក់ដឹកនាំ នៃសភាតំណាង​ប្រជាជន​ចិន​ទូទាំង​ប្រទេស​ អំពីផ្លែផ្កាគួរជាទីមោទនៈ នៃកិច្ចសហប្រតិត្តិការ រវាងរដ្ឋាភិបាល នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ​៕ អត្ថបទ៖ សុន រ៉ាឌី

អ្នកនាំចេញសង្ឃឹមថា ការនាំចេញផលិតផលធ្វើដំណើរ និងស្បែកជើង​នឹង​កើនឡើងបន្ថែមទៀត​នៅឆ្នាំ២០២៥ ខាងមុខ

2024/11/21 02:43:59 pm        378
ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានដាក់ក្តីរំពឹងទុកថា សម្រាប់ការនាំចេញ​ការ​វិស័យ​កាត់​ដេរខាងផ្នែក ផលិតផលធ្វើដំណើរ កាបូប និងស្បែកជើង នៅឆ្នាំ២០២៥ខាងមុខ នឹង​មានសញ្ញាវិជ្ជមានកើនឡើងបន្តទៀត ដោយសារតែស្ថានភាពសេដ្ឋកិច្ច ក៏ដូច​ជា​នយោបាយ​កម្ពុជា​រក្សា​បាននូវភាពល្អប្រសើរ និងម៉្យាងទៀត អ្នកបញ្ជាទិញក៏ដូចជារោងចក្រពីបរទេស មានទំនុក​ចិត្ត​ខ្ពស់​មកកាន់កម្ពុជា។អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមអ្នកវិនិយោគកម្ពុជា បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា កត្តាដែលនាំឲ្យលោកមានជំនឿជឿជាក់លើការនាំចេញនេះ ទី១.​គឺ​យោង​លើ​ទិន្ន​ន័យ​លើ​ការនាំចេញ ដោយគិតត្រឹមរយៈពេល ១០ខែ ឆ្នាំ២០២៤ សម្រេចបានចំនួនប្រមាណជាង ១,៣០០លានដុល្លារអាម៉េរិក។ និង​ទី២.​កាលពីថ្មីៗ​កន្លង​ទៅ​នេះ​ក្នុង​ពិព័រណ៍​អន្តរជាតិ​ពាណិជ្ជកម្ម​កម្ពុជា រយៈពេល២ថ្ងៃ នៅកោះពេជ្រ សមាគម​របស់​លោក​បាន​ទទួល​ជួប​ជាមួយ​អ្នក​បញ្ជា​ទិញ​ទំនិញ​ជា​ច្រើន​មក​ពីចក្រភពអង់គ្លេស ដើម្បីជួបជជែកគ្នា និងស្វែងយល់ដោយ​ផ្ទាល់​តាម​បណ្តា​រោង​ចក្រ​អំពី​គុណភាពទំនិញ និងតម្លៃនាំចេញ។អ្នកឧកញ៉ា បញ្ជាក់ឲ្យដឹងទៀតថា បើតាម​ការព្យាករណ៍​ការវិភាគ​របស់​សមាគម​សហព័ន្ធ​អ្នក​វិនិយោគ​កម្ពុជា សម្រាប់ឆ្នាំ២០២៥ខាងមុខនេះ ការបញ្ជាទិញ នឹងអាចកើនឡើង​ច្រើ​ន​ជាង​ឆ្នាំ​២០២៤​ ដែលកើនឡើងយ៉ាងតិចមិនក្រោម ២០ទៅ៣០% នោះទេ។ ខណៈសព្វថ្ងៃនេះ ការ​នាំ​ចេញ​ផលិតផលទាំងអស់នោះ មានចំនួនដ៏ច្រើនគួរសមទៅខាងប៉ែកប្រទេសអឺរ៉ុប សហរដ្ឋ​អាម៉េរិក អង់គ្លេស កាណាដា និងបណ្តាប្រទេសក្នុងអាស៊ីដូចជា ចិន ជប៉ុន និងកូរ៉េជាដើម។ ជុំវិញ​ការនាំចេញនេះដែរ នៅថ្ងៃទី២០ ខែវិច្ឆិកាកន្លងទៅនេះ ក្រសួងពាណិជ្ជកម្ម បានរៀប​ចំ​សិក្ខា​សាលា​ផ្សព្វ​ផ្សាយអំពី អត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាង​កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE CEPA) បន្ទាប់​ពី​បាន​ចូល​ជា​ធរមាន​កាល​ពី​ខែ​មករា ឆ្នាំ២០២៤នេះ។ កិច្ចព្រមព្រៀងនេះ កម្ពុជានឹងអាចនាំ​ទំនិញ​ទៅ​ទី​ផ្សារ​អេមីរ៉ាត​អារ៉ាប់​រួម​ជាមួយ​អត្រា​ពន្ធសូន្យលើមុខទំនិញសំខាន់ៗដូចជា៖ កាបូបធ្វើដំណើរ, ស្បែកជើង, សម្លៀក​បំពាក់, កង់, ផ្លែឈើ និងប្រភេទទំនិញកសិកម្មកែច្នៃជាដើម។ កិច្ចព្រមព្រៀងនេះដែរ ក៏នឹង​អនុញ្ញាត​ឱ្យកម្ពុជាអាចផ្គត់ផ្គង់សេវាពាណិជ្ជកម្មសំខាន់ៗដូចជា៖ សេវាកម្មអាជីពនិងធុរកិច្ច សេវា​កម្មសំណង់និងវិស្វកម្ម និងសេវាកម្មបរិស្ថាន ជាដើម។ តាម​ឲ្យ​ដឹងរបស់សមាគមស្បែកជើងកម្ពុជា គិតមកដល់បច្ចុប្បន្ននេះ កម្ពុជាមាន​រោង​ចក្រ​ផលិត​ផលិត​ផល​ស្បែកជើងសរុបចំនួន ១៥៥រោងចក្រ ដែលផ្តល់ឱកាស​ការងារ​ជូន​ប្រជា​ពលរដ្ឋ​សរុប​ចំនួន​ជាង ១៥ម៉ឺន ៥ពាន់នាក់៕ អត្ថបទ៖ ឈិត បូរ៉ាវី

គណៈកម្មាធិការវិនិយោគកម្ពុជា ផ្សព្វផ្សាយពីរបបវិនិយោគមានលក្ខណៈបើកចំហ និងមាន​តម្លាភាព

2024/11/21 02:13:05 pm        244
គណៈកម្មាធិការវិនិយោគកម្ពុជា ផ្សព្វផ្សាយអំពីរបបវិនិយោគក្នុងស្រុក ដែល​រាជ​រដ្ឋាភិបាល​បាន​ធ្វើ​ការ​កែលម្អ ឱ្យកាន់តែមាន ភាពបើកចំហ, តម្លាភាព, អាចប៉ាន់ប្រមាណទុកជាមុនបាន ប្រកប​ដោយ​ភាព​អំណោយផលសម្រាប់ការវិនិយោគ ដោយគ្មានការរើស អើង។ឯកឧត្តម សួន សុផល អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា នៅក្នុង​សិក្ខា​សាលា​ផ្សព្វ​ផ្សាយ ស្តីពីអត្ថប្រយោជន៍ នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា និង​អេមីរ៉ា​ត​អារ៉ាប់រួម នៅថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ២០២៤, ឯកឧត្តម បានធ្វើការ​បរិយាយ​អំពី​ទិដ្ឋភាព​ទូទៅ នៃជំពូកស្តីពីវិនិយោគ ដែលបានសំយោគនូវឧត្តមានុវត្តន៍អន្តរជាតិ ក៏ដូចជា​សមាហរណ​កម្ម ខ្លឹមសារ នៃកិច្ចព្រមព្រៀងស្តីពីការជំរុញ និងការការពារវិនិយោគ ទៅវិញទៅមករវាងកម្ពុជា និង​អេមីរ៉ាតអារ៉ាប់រួម ដែលបានចុះ ហត្ថលេខាកាលពីឆ្នាំ២០១៧។បន្ថែមពីនេះ ឯកឧត្តម ក៏បានគូសរំលេច អំពីសមាសធាតុសំខាន់ៗ ដែលបាន​ចារឹក​ក្នុង​ជំពូក​ស្តីពី​វិនិយោគ ដោយរាប់បញ្ចូល ប៉ុន្តែមិនកម្រិតត្រឹមការជំរុញវិនិយោគ, កិច្ចសម្រួល វិនិយោគ និង​ការ​ប្រកប​ធុរកិច្ចប្រកបដោយការទទួលខុសត្រូវ។ ជាមួយគ្នានេះ ឯកឧត្តមបាន​ឆ្លៀត​យក​ឱកាស​ដ៏​មាន​សារៈ​សំខាន់ ធ្វើការផ្សព្វផ្សាយអំពីរបបវិនិយោគក្នុងស្រុក ដែលរាជរដ្ឋាភិបាល​បាន​ធ្វើ​ការ​កែ​ល​ម្អ ឱ្យកាន់តែមានភាពបើកចំហ, តម្លាភាព, អាចប៉ាន់ប្រមាណទុកជាមុនបាន ប្រកប​ដោយ​ភាព​អំណោយ​ផល​សម្រាប់ការវិនិយោគ ដោយគ្មានការរើសអើង។ សូមបញ្ជាក់ថា ជុំវិញនិងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងព្រះរាជាណា​ចក្រ​កម្ពុជា និងប្រទេសអេមីរ៉ាតអារ៉ាប់ រួមនេះ បានចូលជាធរមានកាលពីថ្ងៃទី ៣១ ខែ មករា ឆ្នាំ​២០២៤។ ចំណែកសិក្ខាសាលាខាងលើ ដែលរៀបចំឡើងដោយក្រសួង ពាណិជ្ជកម្ម មាន​គោល​បំណង​បញ្ជ្រាបការឈ្វេងយល់អំពីខ្លឹមសារ នៃជំពូកស្តីពីវិនិយោគ នៃកិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយ កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ក៏ដូចជាបច្ចុប្បន្នភាពថ្មី នៃបរិយាកាស​វិនិយោគ​ក្នុង​ស្រុក៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា
07/17/2026 11:07 PM
សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ និងចាប់ដៃគូរជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា
07/17/2026 10:07 PM
ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​
07/17/2026 10:07 PM
កម្ពុជាបើកពិព័រណ៍ពាណិជ្ជកម្មទីផ្សារអាហារ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក និងការនាំចេញ
07/17/2026 09:07 PM
លោក Rubio រំពឹងថា នឹងពិភាក្សាអំពីកិច្ចប្រជុំកំពូល រវាងលោក Trump និង​លោក Xi ក្នុងកិច្ចប្រជុំអាស៊ី
07/17/2026 08:07 PM
កងទ័ព៖ ទាហានកូវ៉ែតជាច្រើននាក់រងរបួស អំឡុង​ការវាយប្រហារដោយយានដ្រូន​របស់អ៊ីរ៉ង់ លើមូលដ្ឋានយោធា
07/17/2026 08:07 PM
ផ្សែង​ពី​ចំហេះ​ព្រៃនៅ​កាណាដា ប៉ះពាល់​ដល់​ការ​ប្រកួត​វគ្គផ្តាច់ព្រ័ត្រអេស្ប៉ាញ-អាហ្សង់ទីន នៅ World Cup
07/17/2026 08:07 PM
កូរ៉េខាងជើងហាក់ដូចជាបានសាងសង់ទីតាំង​បាញ់រ៉ូកែត នៅជិតតំបន់​គ្មាន​យោធា
07/17/2026 08:07 PM
លោក Burnham៖ គណបក្សការងារ នឹង​ឈ្នះឆ្នោត​ ដោយសារ​​ «ភាព​ក្លាហាន ជឿជាក់ និងស្មោះត្រង់​» នៅចក្រភពអង់គ្លេស
07/17/2026 08:07 PM
សភា​អ៊ីស្រាអែលបញ្ចប់មុន​អាណត្តិ​ ខណៈប្រទេស​ត្រៀម​ឆ្ពោះ​ទៅរក​ការបោះឆ្នោត
07/17/2026 08:07 PM