ឯកឧត្តម ឌិត ទីណា បង្ហាញសក្តានុពលវិស័យកសិកម្មដល់អ្នកវិនិយោគមកពីកូរ៉េ ដើម្បីជំរុញទីផ្សារនាំចេញ
កម្ពុជាកំពុងត្រៀមលក្ខណៈនៃវិស័យ MSMEs សម្រាប់ការចាកចេញពីប្រទេស LDC
លទ្ធផលចរចាពាណិជ្ជកម្ម៖ កម្ពុជា-អាមេរិក វាយ​តម្លៃ​ខ្ពស់​លើ​វឌ្ឍនភាព​ជា​វិជ្ជមាន នៃ​ការ​ចរចា​កន្លង​មក និងបានឯកភាពដាក់ចេញនូវសំណើរៀងៗខ្លួនបន្ថែមទៀត
កម្ពុជា-អូស្រ្តាលី ប្រកាសផ្លូវការនូវផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច

សេដ្ឋកិច្ច និង កសិកម្ម

ក្រុមហ៊ុនមកពីជាង៤០ប្រទេស នឹងចូលរួមពិព័រណ៍វិស័យផ្គត់ផ្គង់ម្ហូបអាហារនៅកម្ពុជា

2023/08/10 10:41:58 am        282
ភ្នំពេញ៖ គណៈកម្មាធិការរៀបចំពិព័រណ៍ CAMFOOD/CAMHOTEL នឹងរៀបចំពិព័រណ៍ស្តីពី វិស័យផ្គត់ផ្គង់ម្ហូបអាហារសណ្ឋាគារ ​និងបដិសណ្ឋារកិច្ចខ្នាតអន្តរជាតិនៅថ្ងៃទី១៤ ដល់១៦ ​ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ ​ដោយមានក្រុមហ៊ុនមកពីជាង ​៤០ប្រទេស នឹងចូលរួមដាក់តាំងបង្ហាញ​អំពីទំនិញថ្មីៗ បច្ចេកវិទ្យា និងបទពិសោធន៍​ជាច្រើនផ្សេងទៀត ដើម្បីបង្ហាញក្នុងព្រឹត្តការណ៍​ដ៏ធំមួយនេះ។លោក លូ ម៉េង ប្រធានសហព័ន្ធទេសចរណ៍កម្ពុជា បានមានប្រសាសន៍ប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី ថា ពិព័រណ៍ CAMFOOD/CAMHOTEL ជាពិព័រណ៌អន្តរជាតិដ៏ធំបំផុតនៅកម្ពុជាសម្រាប់វិស័យ​ម្ហូបអាហារ សណ្ឋាគារ ​និងបដិសណ្ឋារកិច្ច ហើយទទួលបានការគាំទ្រពីសំណាក់ក្រុមហ៊ុនផ្គត់ផ្គង់​ទាំងជាតិ និងអន្តរជាតិជាច្រើនផងដែរ ក្នុងការចូលរួមដាក់តាំងបង្ហាញផលិតផលនិងសេវាកម្ម​ពាក់ព័ន្ធ។លោកបានអំពាវនាវឲ្យក្រុមហ៊ុនក្នុងស្រុក ជាពិសេសអ្នកដែលមានបំណងចង់បើកអាជីវកម្មថ្មី ឬអ្នកកំពុងទទួលទានមុខរបរផ្សេងទៀត ​អញ្ញើញចូលរួមទស្សនាដោយឥតគិតថ្លៃ ព្រោះអាច​ធ្វើការស្វែងយល់អំពីចំណេះដឹងថ្មី​ ពីបណ្តាដៃគូសហការទាំងក្នុង និងក្រៅប្រទេស។ពិព័រណ៍ CAMFOOD/CAMHOTEL​ ត្រូវបានសហការរៀបចំដោយសហព័ន្ធ​ទេសចរណ៍កម្ពុជា សមាគម​ចុងភៅកម្ពុជា ​និងសមាគមភោជនីយដ្ឋានកម្ពុជា ក្នុងគោលបំណងដើម្បីលើកកម្ពស់​វិស័យទេសចរណ៍ ​និងទាក់ទាញភ្ញៀវទេសចរណឲ្យកាន់តែច្រើន​បន្ថែមទៀតមកកាន់កម្ពុជា។ពិព័រណ៍​នេះ នឹងរៀបចំឡើងនៅមជ្ឈមណ្ឌលពិព័រណ៍ ​និងសន្និបាតកោះពេជ្រ ​រាជធានីភ្នំពេញ ហើយ​នឹងមានការត្រលប់មកវិញនូវការប្រកួតធ្វើម្ហូបកម្ពុជាផងដែរ៕អត្ថបទ៖ ឈិត បូរ៉ាវី 

រាជរដ្ឋាភិបាល​ ប្រមូលចំណូលសារពើពន្ធបាន ២,៨ពាន់លានដុល្លារក្នុងត្រីមាសទី១

2023/08/09 02:38:22 pm        240
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រមូលចំណូលសារពើពន្ធ -ពន្ធដារ ​និងគយ ​និងរដ្ឋាករ បាន​ចំនួនប្រមាណជាង ១១ ៤៨៧ ពាន់លានរៀល​ ឬស្មើនឹងប្រមាណ ២,៨ ​ពាន់លានដុល្លារ ក្នុងត្រីមាសទី១ឆ្នាំ២០២៣នេះ។របាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ និងវាយតម្លៃការអនុវត្តច្បាប់​ស្តីពីហិរញ្ញវត្ថុ​សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ចេញផ្សាយនៅដើម​សប្តាហ៍នេះ បង្ហាញថា ​ចំណូលសារពើពន្ធសរុបសម្រាប់ឆមាសទី១ ​ឆ្នាំ២០២៣ ​អនុវត្តបាន ៤៩,១ភាគរយ​ នៃច្បាប់ហិរញ្ញវត្ថុ។ចំណូលគយ និងរដ្ឋាករ អនុវត្តបានចំនួន ៤ ៦០៧ ពាន់លានរៀល សមមូលនឹង ១,១ពាន់លាន​ដុល្លារ ថយចុះ១០ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ។ ​ចំណែក ​ចំណូលពន្ធដារ (ថ្នាក់ជាតិ) ​អនុវត្តបានចំនួន ៦ ៨៩០ ​ពាន់លានរៀល ឬស្មើនឹង ១,៦ពាន់លានដុល្លារ កើន​ឡើង០,៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ ​លើកឡើងថា ​ចំណូលគយ ​និងរដ្ឋាករ ​ក្នុងឆមាសទី១​ ឆ្នាំ២០២៣ ថយចុះ ដោយសារ​ចំណូលពីមុខទំនិញយានយន្ត និងគ្រឿង​ចក្របានធ្លាក់ចុះខ្លាំង​ និងការអនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីក្នុងក្របខ័ណ្ឌអាស៊ាន​ និងរវាងអាស៊ានជាមួយ​នឹង​ដៃគូអាស៊ាន​ផ្សេងទៀត។ចំណែកចំណូលពន្ធដារកើនឡើង ​ឆ្លុះបញ្ចាំង​ឱ្យឃើញពីប្រសិទ្ធភាពនៃកិច្ច​ខិតខំប្រឹងប្រែង​ក្នុងការ​អនុវត្តនូវផែនការយុទ្ធសាស្រ្ត ​និងផែនការប្រតិបត្តិរបស់អគ្គនាយកដ្ឋាន​ពន្ធដារ។​សូមបញ្ជាក់ថា ​កម្ពុជា​មាន​ស្ថាប័ន​ចំនួន​ពីរ​ទទួល​បន្ទុក​ប្រមូល​ចំណូល​ពន្ធ។ មួយ​គឺអគ្គនាយកដ្ឋានពន្ធដារ ​ដែលផ្តោតលើពន្ធផ្ទៃក្នុងដូចជា​ ពន្ធលើប្រាក់ចំណូល​ ពន្ធលើប្រាក់បៀវត្សរ៍ ពន្ធលើតម្លៃបន្ថែម និងពន្ធអចលនទ្រព្យ ​និងមួយទៀតគឺអគ្គនាយកដ្ឋានគយ​ និងរដ្ឋាករ ដែលប្រមូល​ពន្ធ លើទំនិញចូល និងនាំចេញ៕ អត្ថបទ៖ វណ្ណៈ 

សហជីព និងនិយោជិតរំពឹងថា ប្រាក់ឈ្នួលឆ្នាំ២០២៤ នឹងអាចកើនឡើងថែមទៀត

2023/08/09 01:47:25 pm        517
ភ្នំពេញ៖ ស្របពេលកិច្ចប្រជុំចចារប្រាក់ឈ្នួលអប្បរមាក្នុងវិស័យឧស្សាហកម្មកាត់ដេរ សម្រាប់ឆ្នាំ២០២៤ នឹងចាប់ផ្តើមពីថ្ងៃទី១៦ ​សីហា ឆ្នាំ២០២៣តទៅនេះ​ ភាគីសហជីព​ ក៏ដូចជាកម្មករ កម្មការិនី​រោងចក្រ សង្ឃឹមទុកថា​ នឹងអាចដំឡើង​ដូចរៀងរាល់ឆ្នាំ ទោះបីក្នុងកម្រិតតិច ឬច្រើន ដោយ​សារការទទួល​បានការយកចិត្តទុកដាក់បំផុតពីគ្រប់ភាគីពាក់ព័ន្ធ។កម្មករ កម្មការិនី រោងចក្រកាត់ស្បែកជើងមួយកន្លែង ​ស្ថិតនៅសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃទី៩ សីហា ​ឆ្នាំ២០២៣នេះ​ បានឱ្យដឹងថា​ក្រោយ​ចូលបំពេញការងារក្នុងវិស័យកាត់ដេរជាច្រើនឆ្នាំមកនេះ ប្រាក់ឈ្នួលអប្បបរមាដែលទទួល​បាន​តែងតែ​កើនឡើងជារៀងរាល់ឆ្នាំ។ ពួកគេនៅតែជឿជាក់ថា ​ប្រាក់ឈ្នួល​នឹងទទួលបាន​ការ​ដំឡើង​ប្រាក់ឈ្នួលខ្ពស់បន្តទៀត​សម្រាប់ឆ្នាំ២០២៤ ជាពិសេសការគៀងគរអ្នកបញ្ជាទិញមក​ប្រទេស​កម្ពុជាឲ្យកាន់តែច្រើនឡើង ដើម្បីមានការថែមម៉ោង ​និងមានប្រាក់ចំណូលខ្ពស់។ លោក សាំង សុធា សហជីពមូលដ្ឋាន ​និងជាកម្មកររោងចក្រ បានលើកឡើងថា ទោះបីជាប្រាក់​ឈ្នួលអាច​ដំឡើង​ ឬមិនអាចដំឡើង​បានសម្រាប់ឆ្នាំ២០២៤ ​ក៏នៅតែពេញចិត្តទទួល ព្រោះដូច​ដឹងស្រាប់ហើយថា ក្រៅពីវិបត្តិកូវីដ១៩ ​នៅជួបបញ្ហាសង្រ្គាមរវាងរុស្ស៉ី ​និងអ៊ុយក្រែន។ដោយឡែកលោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ ​បានលើកឡើងថា ស្របពេល​នាយករដ្ឋមន្រ្តីថ្មី នឹងត្រូវចូលកាន់តំណែងជំនួសសម្តេចតេជោ ​ហ៊ុន សែន នឹងអាច​ដំឡើង​ដូចរៀងរាល់ឆ្នាំ ដោយសាររាជរដ្ឋាភិបាលតែងតែមានការលើកទឹក​ចិត្តក្នុងការដំឡើង​ ទោះជា​ក្នុងចំនួនតិចក៏ដោយ។ប្រាក់ឈ្នួល​អប្បបរមា​របស់កម្មករនិយោជិត​ក្នុងវិស័យវាយនភណ្ឌកាត់ដេរ​ សំលៀកបំពាក់ ស្បែកជើង ​និងផលិតផលិតផលធ្វើដំណើរ ​និងកាបូប​ ត្រូវ​បានដំឡើង​ពីចំនួន ៤០ដុល្លារអាម៉េរិក ក្នុងឆ្នាំ១៩៩៧ ​រហូតដល់ចំនួន ២០០ដុល្លារអាម៉េរិក​ ក្នុងឆ្នាំ២០២៣នេះ៕អត្ថបទ ឈិត បូរ៉ាវី

ការនាំចេញផលិតផលកម្មន្តសាលមិនមែនកាត់ដេរកើនឡើងខ្ពស់ រួមចំណែកយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ច

2023/08/09 10:53:27 am        134
ភ្នំពេញ៖ កម្ពុជាកំពុងមានមោទនភាព នៃការស្រូបយកឧស្សាហកម្មកម្មន្តសាលមិនមែនកាត់ដេរ ខណៈដែលវិស័យនេះដំណើការខ្សែច្រវ៉ាក់ផលិតកម្មនៅក្នុងប្រទេសយ៉ាងផុលផុស និងបានកំពុងពង្រីកខ្លួនកាន់ធំនៅក្នុងសេដ្ឋកិច្ច។អនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ, វិស័យនេះគឺជាផ្នែកមួយនៅក្នុងចង្កោមវិស័យឧស្សាហកម្ម បច្ចុប្បន្នបានកំពុងដើរតួយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ច។ ក្នុងឆ្នាំ ២០២៣នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​បានប៉ាន់ស្មានថា នឹងបន្តកំណើនក្នុងអត្រាប្រមាណ ១១,៧% ដោយសារការរំពឹងទុក​ភាពល្អ​ប្រសើរនៃតម្រូវការខាងក្រៅ ស្របពេលដែលផលិត កម្មបម្រើឱ្យទីផ្សារក្នុងស្រុកក៏មាន​និន្នាការកើន​ឡើង, ជាក់ស្តែងក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៣, ការនាំចេញផលិតផលកម្មសាល​មិនមែន​កាត់ដេរបានកើនឡើងប្រមាណ ២២,៧%។ជុំវិញវិស័យនេះ, អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងថា កម្ពុជាពិត​ជាត្រូវការខ្សែច្រវ៉ាក់​ផលិតកម្ម នៃកម្មន្តសាលមិនមែនកាត់ដេរ ព្រោះកម្ពុជាមិនអាចពឹងផ្អែក​លើវិស័យ​ឧស្សាហកម្មកាត់ដេរ​ និងវិស័យកសិកម្មតែប៉ុណ្ណោះនោះឡើយ។ វិស័យឧស្សាហកម្មកម្មន្តសាលមិនមែន​កាត់ដេរ ​បានកំពុងស្រូបយកធនធានជំនាញ និងបច្ចេកវិទ្យា ជាពិសេសបានផ្តល់នូវតម្លៃបន្ថែមខ្ពស់ ដែលជាផ្នែកមួយយ៉ាងសំខាន់សម្រាប់​ជួយរុញ​កំណើនសេដ្ឋកិច្ច។សូមបញ្ជាក់ថា តាមការវាយតម្លៃរយៈពេល ៦ខែ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កម្មន្តសាល​មិនមែនកាត់ដេរ ត្រូវបានប៉ាន់ស្មានថា ​នឹងបន្តកំណើនក្នុងអត្រាប្រមាណ ១១,៧% ដោយសារការ​រំពឹងទុក​ភាពល្អប្រសើរនៃតម្រូវការខាងក្រៅ ស្របពេលដែលផលិតកម្មបម្រើឱ្យទីផ្សារក្នុងស្រុក​ក៏មាននិន្នាការកើនឡើង ​ខណៈដែលវិស័យកាត់ដេរ​ ត្រូវបានប៉ាន់ស្មានថា នឹងសម្រេចបានត្រឹមតែ​កំណើន៤,០%,៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជានាំចេញកសិផលជាង ៤,៥លានតោន ទទួលបានចំណូលជាង២,៦ពាន់លានដុល្លារ ក្នុងរយៈពេល៧ខែ

2023/08/09 10:40:25 am        298
ភ្នំពេញ៖ កម្ពុជាបាននាំចេញកសិផលទៅក្រៅប្រទេស​ មានបរិមាណសរុប ៤,៥លានតោន ទៅទៅកាន់ទិសដៅ ៦៨ប្រទេស ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៣ ​ដោយមានការថយចុះចំនួន -១៩,២០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ ​បានលើកឡើងក្នុងរបាយការណ៍ការនាំចេញកសិផល​នៅ​ក្រៅប្រទេស ក្នុងរយៈពេល៧ខែ ​ឆ្នាំ២០២៣នៅថ្ងៃទី៨ ​ខែសីហានេះថា​ ការនាំចេញកសិផលទៅ​ក្រៅប្រទេស​ដែលអគ្គនាយកដ្ឋានកសិកម្មទទួលបានផ្អែកលើប្រព័ន្ធទិន្នន័យ​គ្រឹះភូតគាម​អនាម័យជាតិ រួមមាន ​អង្ករចំនួនជាង ៣៦ម៉ឺនតោន ស្រូវចំនួនជាង ១,៥លានតោន និងកសិផលក្រៅពីស្រូវ-អង្ករចំនួនជាង ២,៦លានតោន។ការប៉ាន់ស្មានតម្លៃគិតជាទឹកប្រាក់ ដែលទទួលបានពីការនាំចេញកសិផល មានចំនួនជាង ២,៦ពាន់​លានដុល្លារអាមេរិក ដែលក្នុងនោះ តម្លៃពីការនាំចេញអង្ករមានចំនួនជាង ៣១៣លានដុល្លារអាមេរិក តម្លៃពីការនាំចេញស្រូវមានចំនួនជាង ៥០៤ លានដុល្លារអាមេរិក និងតម្លៃការនាំចេញ​កសិផល​ក្រៅពីស្រូវ-អង្ករមានចំនួនជាង ​១,៨ពាន់លានដុល្លារអាមេរិក​។ របាយការណ៍ដដែលបន្តថា ថ្វីត្បិតតែការនាំចេញកសិផលទៅទីផ្សារក្រៅប្រទេសមាននិន្នាការ​ថយ​ចុះបន្តិចមែន ប៉ុន្តែបើធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២៣ ​ក្រសួងមើលឃើញថា ​មានកំណើនចំនួន ៣,៣២% ដែលនេះជាសញ្ញាណវិជ្ជមានមួយឈានទៅរកការកើនឡើង​នៅពេលវេលាខាងមុខ។ កើនឡើងនេះដោយសារតែ បច្ចុប្បន្ននេះ ប្រទេសឥណ្ឌាបានប្រកាសបិទការនាំចេញអង្ករ ដើម្បីរក្សា​សន្តិសុខ​ស្បៀងក្នុងប្រទេសរបស់ខ្លួន។ ក្រសួងលើកឡើងថា ​ខណៈពេលដែលតម្លៃអង្ករលើទីផ្សារអន្តរជាតិបាននិងកំពុងតែហក់ឡើង កម្ពុជា​កំពុងតែសិក្សាអំពីយុទ្ធសាស្ត្រដែលអាចទាញយកផលប្រយោជន៍ខាង​សេដ្ឋកិច្ចពី​ព្រឹត្តិការណ៍​នេះ ​តាមរយៈការបង្កើនសមត្ថភាពឱ្យរោងម៉ាស៊ីនក្នុងស្រុកប្រមូលទិញស្តុកទុក បង្កើនការកែច្នៃ និងនាំចេញផ្ទាល់ទៅកាន់ទីផ្សារអន្តរជាតិ៕អត្ថបទ៖ វណ្ណៈ

យន្តហោះដឹកអ្នកដំណើរចុះចតផ្ទៃទឹក នឹងចាប់ផ្តើមដំណើរការនៅកម្ពុជា ក្នុងខែធ្នូ ឆ្នាំ២០២៣

2023/08/08 01:44:10 pm        820
ភ្នំពេញ៖ បើមិនមានការប្រែប្រួលនោះទេ យន្តហោះហោះចុះចតលើផ្ទៃទឹក ​និងលើគោក នឹង​ចាប់ផ្តើមបើកដំណើរការដឹកអ្នកដំណើរ ​និងទេសចរជាតិអន្តរជាតិនៅក្នុងស្រុក ជាលើកដំបូងនៅកម្ពុជា នៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០២៣នេះ។បើតាមការអះអាងរបស់ឯកឧត្តម ជុក ជំនោរ អគ្គនាយកអគ្គនាយកដ្ឋានអភិវឌ្ឍន៍​ទេសចរណ៍ និង​សហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ ​នៅថ្ងៃទី៨ ខែសីហានេះ ​បានឲ្យដឹងថា គម្រោង​ផ្តល់សេវាដឹកជញ្ជូនផ្លូវអាកាសតាមរយៈយន្តហោះលើទឹក ​របស់ក្រុមហ៊ុន ​Samra Seaplane នឹងចាប់ផ្តើមដឹកអ្នកដំណើរ ​និងទេសចរជាតិអន្តរជាតិ ក្នុងស្រុក​ រវាងសៀមរាប ​ខេត្តព្រះសីហនុ នៅក្នុងខែធ្នូ ឆ្នាំ២០២៣នេះ។ឯកឧត្តម បន្តថា ​យន្តហោះលើទឹកនេះដែរ នឹងដាក់តាំង​បង្ហាញ ​នៅក្នុងឱកាសកម្ពុជា ​រៀបចំ​បុណ្យ​សមុទ្រជុំទី៣ លើកទី១០ នៅខេត្តកែប ​នៅចុងឆ្នាំនេះផងដែរ។ឯកឧត្តម ជុក ជំនោរ ថ្លែងថា នៅក្នុងជំនួបក្រុមការងារអ្នកជំនាញទេសចរណ៍ ​ជាមួយលោក Dennis Keller នាយប្រតិបត្តិក្រុមហ៊ុន Samra Seaplane ​ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ​Royal Group កាល​ពីពេលថ្មីៗនេះ តំណាងក្រុមហ៊ុន​ ក៏បានបញ្ជាក់ថា ​នៅពេលនេះ ក្រុមហ៊ុន​បានកំពុងធ្វើការ​ជាមួយ​រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល ​ដើម្បីធ្វើការចុះបញ្ជីហោះហើរជាផ្លូវការ និងសិក្សាពី​លក្ខណៈ​បច្ចេកទេស បទដ្ឋានច្បាប់ពាក់ព័ន្ធលើការហោះហើរ​បន្ថែមទៀត ដោយក្នុងនោះក្រុមហ៊ុន​គ្រោងនាំ​ចូលប្រភេទយន្តហោះហោះលើទឹកចំនួន​ ២គ្រឿងនៅចុងឆ្នាំ២០២៣នេះ នឹង​សាកល្បង​ហោះហើរ​សម្រាប់គោលដៅខេត្តសៀមរាប-ព្រះសីហនុ ​និងភ្នំពេញ-ព្រះសីហនុ ហើយក៏នឹងចុះចតទៅដល់​គោលដៅរមណីយដ្ឋានប្រណិតសំខាន់ៗដូចជា៖ កោះសង្សា កោះក្របី និងកោះនានាទៀត​នៅខេត្តកំពត កែប និងកោះកុង។ឯកឧត្តម បន្តថា​ គម្រោងផ្តល់សេវាដឹកជញ្ជូនផ្លូវអាកាស​តាមរយៈយន្តហោះលើទឹក ​នេះ នឹង​ផ្តល់​ភាពងាយស្រួល និងឆាប់រហ័សសម្រាប់ការធ្វើដំណើររបស់ទេសចរ​ទៅកាន់គោលដៅ​រមណីយដ្ឋាន​ប្រណិតសំខាន់ៗនៅកម្ពុជា​ ជាពិសេសតំបន់សមុទ្រ៕អត្ថបទ៖ ស៊ុមសុខជា

សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៣រំពឹងសម្រេចបានកំណើនរឹងមាំ ទោះបីរងសម្ពាធពីកត្តាខាងក្រៅ

2023/08/08 01:32:25 pm        727
ភ្នំពេញ៖ សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៣ ត្រូវបានវាយតម្លៃថា នឹងសម្រេចបានកំណើនក្នុងអត្រា ៥,៦% ជាមួយនឹងអត្រាអតិផរណាក្នុងរង្វង់ ២,៥% ទោះបីជាស្ថានភាពសេដ្ឋកិច្ចសកលមានកំណើនមិន​ច្បាស់លាស់​ដោយសាររងផលវិបាក​នៃសង្គ្រាមរុស្សី-អ៊ុយក្រែន​ និងការបន្តរឹតបន្ដឹងគោល​នយោបាយរូបិយវត្ថុក្នុងបណ្តាប្រទេសអភិវឌ្ឍន៍។ក្នុងរបាយការណ៍លទ្ធផលនៃការអនុវត្តថវិការឆមាសទី១ និងការវាយតម្លៃការអនុវត្តច្បាប់ ស្តីពី​ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៣ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​លើកឡើងថា ​ត្បិតរងផល​វិបាក​នៃសង្គ្រាមរុស្សី-អ៊ុយក្រែន, សង្គ្រាមពាណិជ្ជកម្ម និងបច្ចេកវិទ្យារវាងចិន-អាម៉េរិក និងការ​បន្តរឹតបន្ដឹង​គោល​នយោបាយរូបិយវត្ថុក្នុង​បណ្តា​ប្រទេស​អភិវឌ្ឍន៍​ កំពុងធ្វើឱ្យទស្សនវិស័យ​សេដ្ឋកិច្ច​សកល ​បន្តមានភាពមិនប្រាកដប្រជាខ្ពស់ និង​បាន​ដាក់​សម្ពាធមកលើអនុវិស័យ​បម្រើការនាំចេញ ​ជាពិសេសអនុវិស័យកាត់ដេរ សេដ្ឋកិចុ្ចកម្ពុជា ​នឹងមានកំណើនរឹងមាំ សម្រេច​ក្នុងអត្រារឹងមាំ ដូចការ​ប៉ាន់ស្មាន់ ​ធ្វើឡើងកាលពីដើមឆ្នាំ។​វិស័យឧស្សាហកម្មត្រូវបានប៉ាន់ស្មានថា ​នឹងមានកំណើន​ ៥,០%ទាបជាងការរំពឹងទុក ដោយ​សារការ​ថមថយកំណើន​នៃអនុវិស័យកាត់ដេរ ​និងការបន្តកំណើន​ទាបនៃអនុវិស័យសំណង់ ក្នុងខណៈដែលអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរនៅបន្តរក្សាបានកំណើនល្អប្រសើរ។ចំពោះវិស័យសេវាកម្មវិញ, ត្រូវបានប៉ាន់ស្មានដែរថា ​នឹងបន្តងើបឡើងក្នុងរង្វង់ ៨,១% ដែលគាំទ្រ​ដោយ​សន្ទុះលឿនជាងការរំពឹងទុកនៃកំណើនអនុវិស័យសណ្ឋាគារ​ និងភោជនីយដ្ឋាន និងសេវាកម្មគាំទ្រ​ផ្សេងទៀតរួមមាន៖​ អនុវិស័យលក់ដុំ-រាយ និងដឹកជញ្ជូន ទោះបីជាអនុវិស័យអចលនទ្រព្យ ​បន្តមានកំណើនទាបជាងការរំពឹងទុកយ៉ាងណាក្តី។ ដោយឡែកវិស័យកសិកម្ម ត្រូវបានប៉ាន់ស្មានថា​ សម្រេចបានកំណើន​ទាបជាងនិន្នាការធម្មតាបន្តិច ក្នុងអត្រា ០,៩% ដោយ សារកត្តាអាកាសធាតុ, ថ្លៃធាតុចូលកសិកម្មនៅបន្តមានតម្លៃខ្ពស់ និង​កត្តាបញ្ហាប្រឈមជារចនាសម្ព័ន្ធ៕ អត្ថបទ៖ សុន រ៉ាឌី

វិស័យឯកជនបង្ហាញពីស្ថិរភាពក្នុងអាជីវកម្ម និងប្ដេជ្ញារួមគ្នាអភិវឌ្ឍន៍លើការកែច្នៃផលិតផលក្នុងស្រុក

2023/08/08 12:33:43 pm        479
ភ្នំពេញ៖ លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានថ្លែងថា ​ចាប់តាំពីមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៧ឆ្នាំ២០២៣នេះ រហូតដល់ការបោះឆ្នោតបានបញ្ចប់វិស័យឯកជន ​ជាពិសេសសហគ្រាសធុនតូច និងមធ្យម​នៅក្នុងប្រទេសកម្ពុជា​អាចរក្សាបាននូវស្ថិរភាពក្នុងការប្រកបអាជីវកម្ម និងបានប្ដេជ្ញា​សហការ​ធ្វើការងារជាមួយរដ្ឋាភិបាលថ្មី​ជាដោយផ្ដោតសំខាន់លើការកែច្នៃ​ផលិតផលក្នុងស្រុក។ លោកឧកញ៉ា តែ តាំងប៉ ថ្លែងប្រាប់ទូរទស្សន៍ BTV នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ ២០២៣នេះថា​ប្រទេសកម្ពុជា​ក្រោមការដឹកនាំដោយរាជរដ្ឋាភិបាល​មានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្ដី កាលពីអាណត្តិមុនៗ គ្រប់គ្រងបានយ៉ាងល្អចំពោះបញ្ហានយោបាយនៅក្នុងប្រទេស ជាពិសេស​វិបត្តិជំងឺកូវីដ-១៩ហើយបានរៀបចំព្រឹត្តិការធំៗ​ជាច្រើនឱ្យទទួល​បានជោគជ័យ​ដូចជា​ព្រឹត្តិការស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមជាដើម។ លោកបន្តថា តាមរយៈយុទ្ធសាស្រ្ដ និងគោលនយោបាយច្បាស់លាស់​របស់រាជរដ្ឋាភិបាលដែល​ដឹកនាំដោយ​គណបក្សប្រជាជនកម្ពុជានេះហើយទើប​អាច​រក្សា​បាន​នូវស្ថិរភាព និងការអភិវឌ្ឍ​នៅក្នុងប្រទេសកម្ពុជា។ លោកឧកញ៉ា តែ តាំងប៉ ក្នុងនាមប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច ​និងមធ្យមកម្ពុជា​បានអបអរសាទរចំពោះឯកឧត្ដមបណ្ឌិត ​ហ៊ុន ម៉ាណែត ដែល​ព្រះមហាក្សត្របាន​ចេញ​ព្រះរាជក្រឹត្យចាត់តាំង​នាយករដ្ឋមន្ត្រីថ្មី សម្រាប់ដឹកនាំប្រទេសកម្ពុជា ។ លោកបន្តថា វិស័យ​ឯកជនជាពិសេសសហគ្រាសធុនតូច​ និងមធ្យមកម្ពុជា ប្ដេជ្ញារួមគ្នាធ្វើកិច្ចការងារ​ជាមួយ​រាជរដ្ឋាភិបាលថ្មីជាពិសេសលើការកែច្នៃផលិតផលក្នុងស្រុកដើម្បីអភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គមកម្ពុជា​ឱ្យមានការរីកចម្រើនទៅមុខបន្ថែមទៀត។ សូមជម្រាបថា សហគ្រាសធុនតូច និងមធ្យម បានកំពុង​ដើរតួរជាឆ្អឹងខ្នង​នៃសេដ្ឋកិច្ចជាតិ។ ដើម្បីគាំទ្រ ​និងជំរុញឱ្យមានកំណើនជាបន្តបន្ទាប់ ​និងការពង្រីកអាជីវកម្មខ្នាតតូច និង​មធ្យមរបស់សហគ្រាសធុនតូច និង​មធ្យមរាជរដ្ឋាភិបាល​បាន​លើក​ទឹកចិត្តផ្នែក​គោល​នយោបាយដូចជា ​ការកាត់បន្ថយពន្ធ ​និងការលើកលែងពន្ធជាដើម៕អត្ថបទ៖ វ៉ន ដារ៉ា

ពលរដ្ឋ ៣ភូមិអាចរកចំណូលបានពីមុខរបរត្បាញក្រមា ជាមុខរបរបានបន្សល់ទុកតាំងពីដូនតា

2023/08/08 11:45:20 am        121
ឧត្តរមានជ័យ៖ ប្រជាពលរដ្ឋចំនួន៣ភូមិគឺភូមិតាមា ភូមិទំនប់ថ្មី និងភូមិរង្សី ស្ថិតក្នុងឃុំបេង ស្រុកបន្ទាយអំពឹល ខេត្តឧត្តរមានជ័យ បង្កើតជាសហគមន៍ត្បាញក្រមា ដែលបន្សល់ទុកតាំង​ពី​ដូនតា អាចធ្វើឲ្យជីវភាព​របស់ពួកគាត់ បានធូរធាមួយកម្រិត បន្ទាប់ពីធ្វើស្រែចំការជៀសវាងការចំណាកស្រុក ។ប្រជាពលរដ្ឋឈ្មោះ សយ សារី តំណាងឲ្យពលរដ្ឋដទៃទៀត រស់នៅចំណុចភូមិទំនប់ថ្មីឃុំបេង បានរៀបរាប់ថា គ្រួសាររបស់គាត់ ក៏​ដូចជាក្រុមគ្រួសារដទៃទៀត មួយចំនួន​បា​ន​ងាកមក​ប្រកប​មុខរបរត្បាញក្រមា ដែលជារបរមួយមានតាំងបុរាណបានបន្សល់ទុកពីដូនតា បច្ចុប្បន្នមុខរបរនេះ នៅតែបន្តមានប្រជាពលរដ្ឋមួយចំនួនបន្តធ្វើរបរនេះ ព្រោះរបរត្បាញក្រមា​អាចផ្តល់ប្រយោជន៍ច្រើន​ដល់ពួកគាត់បន្ទាប់ពីធ្វើស្រែចំការ។ពលរដ្ឋរូបនេះ បានបន្តថា ការត្បាញក្រមាប្រសិនបើយើងខិតខំនោះ ក្នុងមួយថ្ងៃ​អាចត្បាញ​បាន​ចំនួនពីរទៅបីប្រមាផងដែរ ។ ក្រមាមួយអាចលក់បានតម្លៃជាងពីរម៉ឺនរៀល ទៅ​តាមប្រភេទ​សាច់ក្រមា ។ ក្នុងនោះ​នៅពេលយើងធ្វើបានហើយនោះ មានខាងមន្ទីរកិច្ចការនារីខេត្ត​មក​ទទួល​ទិញ​ពីបងប្អូន និងជួយរកទីផ្សារឲ្យមិនលំបាកបងប្អូន​យកទៅលក់នៅ​លើទីផ្សារនោះទេ ដោយតម្លៃសមរម្យដូចលើ​ទីផ្សារផងដែរ។យ៉ាងណាម៉ិញលោកស្រីឯក សុភារុំ ប្រធានមន្ទីរកិច្ចការនារីខេត្តឧត្តរមានជ័យ បានលើកឡើងថា ការត្បាញក្រមានេះ មិនមែនសុទ្ធតែអ្នកស្រុកបន្ទាយអំពឹលចេះត្បាញទាំងអស់គ្រប់គ្នានោះទេ គឺក្រុមការងារជ្រើសរើស និងជួយឧបត្ថម្ភចំពោះតែពលរដ្ឋណា​មាន​ជំនាញ​ស្រាប់ និងអ្នកមិនចេះ​អាចរៀនបន្ត​ពីអ្នកចេះក្នុងមូលដ្ឋាន​របស់ខ្លួន​ ដើម្បីទទួលបានជំនាញត្បាញនេះ។លោកស្រីបញ្ជាក់ថា ក្នុងនោះមន្ទីរកិច្ចការនារីខេត្តបានជ្រើសអ្នក​ដែល​មាន​ជំនាញ​ចេះ​ត្បាញ​ស្រាប់​នៅតាមបណ្តាលក្រុងស្រុកគោលដៅ​ រួមមាន​៖ ស្រុកចុងកាល់ ក្រុងសំរោង និងស្រុកបន្ទាយអំពឹល ដើម្បីបង្កើតជាសហគមន៍នៅតាមមូលដ្ឋានរៀងៗខ្លួន រាល់សំម្ភារៈ និង​របស់​របរ​ប្រើប្រាស់​ផ្សេងៗ​ដែលពលរដ្ឋពុំមានលទ្ធភាពទិញខាងមន្ទីរជាអ្នកជួយឧត្ថម្ភធ្វើយ៉ាងណាឲ្យតែប្រជាពលរដ្ឋ​អាចរក​ចំណូល​បានគ្រប់គ្រាន់​សម្រាប់ការផ្គត់ផ្គង់ជីវភាពក្នុងក្រុមក្រួសាររបស់ពួគាត់។ជាមួយគ្នានោះដែរលោកស្រី ក៏​បាន​អំពាវនាវដល់​អាជីវករ ​និង​តាម​មន្ទីរស្ថាប័ននានា​ជុំវិញខេត្ត​ធ្វើយ៉ាងណាជួយគាំទ្រ ​និងទិញផលិតផល​ដែលជាស្នាដៃរបស់​កូនខ្មែរ​ដែល​ធ្វើចេញ​ពី​ដៃផ្ទាល់​របស់​ប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់ ​និងជំរុញ​ឲ្យមានការផលិតបន្ថែមទៀត ដើម្បីជាការលើកទឹកចិត្ត​ដល់ពួកគាត់​ផងដែរ៕ 

ផលិតផលជលផលកម្ពុជាចំនួន៤មុខទៀត ត្រូវអនុញ្ញាតឱ្យនាំចេញទៅប្រទេសចិន

2023/08/08 09:57:57 am        492
ស្ថានទូតចិនប្រចាំនៅកម្ពុជា នៅយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣នេះ បានផ្សព្វផ្សាយលើ Facebook ផ្លូវការរបស់ខ្លួនថា រដ្ឋបាលគយនៃប្រទេសចិន ទើបបានបញ្ចប់នីតិវិធី ក្នុងការអនុញ្ញាតឱ្យផលិតផល​ជលផល​របស់កម្ពុជា ​៤មុខទៀត អាចនាំចេញដោយផ្ទាល់ទៅកាន់ប្រទេសចិនបាន។ផលិតផលជលផលចិញ្ចឹមទាំង ៤មុខនេះរួមមាន៖ បង្កងប៉ាក អន្ទង់ ត្រីដំរី និងខ្យង។ស្ថានទូតចិនប្រចាំកម្ពុជា បញ្ជាក់ដូច្នេះថា ផ្អែកលើពាណិជ្ជកម្មប្រពៃណី ដែលមានស្រាប់លើ​ជលផល​​រវាងចិន ​និងកម្ពុជា រួមមានបង្កងប៉ាក អន្ទង់ ត្រីដំរី និងខ្យង សម្រេចបាននូវជលផល​ទាំង​ស្រុង ដែលត្រូវបានអនុញ្ញាត​នាំចេញទៅកាន់ប្រទេសចិន។ សម្រាប់ក្រុមហ៊ុន​ដែលត្រូវបានរដ្ឋបាលគយ​នៃប្រទេសចិន ​ទទួលស្គាល់សម្រាប់ការនាំចេញផលិត​ផល​ជលផលទាំងនេះគឺ ក្រុមហ៊ុន Cambodian Tienit International Trading។​ ការអនុញ្ញាតនេះ ជា​សមិទ្ធផលដ៏សំខាន់ក្នុងការនាំចេញកសិផលកម្ពុជា ​ទៅកាន់ទីផ្សារប្រទេសចិន។សូមជម្រាបថា កាលពីខែឧសភា ឆ្នាំ២០២៣ ផលិតផលជលផលធម្មជាតិរបស់កម្ពុជាចំនួន ១១ប្រភេទ​ ទទួលបានការអនុញ្ញាតឲ្យនាំចេញ ​ទៅកាន់ទីផ្សារប្រទេសចិន។​ ផលិផលចំនួន ១១ប្រភេទនេះរួមមាន៖ កំពឹសទឹកសាប, ត្រីប្រាធំ, ត្រីប្រាខ្ចៅ, ខ្យងទឹកសាបពីរប្រភេទ, អន្ទង់ទឹកសាប, បង្កងកណ្តូបពីរប្រភេទ, បង្គាខ្លឹង, បង្គាស, និងបង្គាប៉ារ៉ា។អគ្គរដ្ឋបាលគយចិន បានអនុម័តលើការចុះបញ្ជី ​របស់ក្រុមហ៊ុននាំចេញមានឈ្មោះ KIM CHOU Co., Ltd Import Export and International Transportation ដែលបានស្នើសុំនាំចេញផល​ផលិតផល​ជលផលពីធម្មជាតិចំនួន ១១ប្រភេទទៅកាន់ប្រទេសចិន។សូមជម្រាបថា រហូតមកដល់ពេលនេះ ​ផលិតផលកសិកម្មរបស់កម្ពុជា ដែលអាចនាំចេញ​ប្រទេសចិន រួមមាន៖ អង្ករ ដំឡូងមីក្រៀម គ្រាប់ស្វាយចន្ទី ចេក ផ្លែស្វាយ ពោត ផ្លែមៀនប៉ៃលិន (តាង៉ែន) ត្រីប្រា ម្រេច ផលិតផលជលផលពីធម្មជាតិចំនួន ​១១ប្រភេទ និងផលិតផលជលផល​ចិញ្ចឹម ៤មុខទៀត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សេតវិមាន៖ ថ្ងៃកំណត់ពាណិជ្ជកម្មរបស់លោក Trump នៅខែកក្កដា «មិនមែនបញ្ហាធំដុំ» ទេ
06/27/2025 04:06 PM
ឱនភាពពាណិជ្ជកម្មអាមេរិកកើនឡើង ទោះលោក Trump មានវិធានការដំឡើងពន្ធ
06/27/2025 04:06 PM
WSJ៖ EU ពិចារណាទម្លាក់ពន្ធលើការនាំចូលអាមេរិក ដើម្បីឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្ម
06/27/2025 04:06 PM
ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត៖ កាឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា ធ្វើឡើងតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»
06/27/2025 04:06 PM
ចិនផ្ញើសារទៅលោក Hegseth ថា អាមេរិក កំពុងស្ថិតលើផ្លូវទៅកាន់ «គ្រោះថ្នាក់ធ្ងន់ធ្ងរ»
06/27/2025 04:06 PM
លោក Putin និយាយថា ធនាគារពិភពលោក មានភាពលម្អៀង
06/27/2025 03:06 PM
ក្រិកកំពុងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយប្រទេសលីប៊ី ដើម្បីបញ្ឈប់ការកើនឡើងនៃលំហូរជនអន្តោប្រវេសន៍
06/27/2025 03:06 PM
ឯកឧត្តម ឌិត ទីណា បង្ហាញសក្តានុពលវិស័យកសិកម្មដល់អ្នកវិនិយោគមកពីកូរ៉េ ដើម្បីជំរុញទីផ្សារនាំចេញ
06/27/2025 03:06 PM
ប្រមុខការទូត៖ អ៊ីរ៉ង់នឹងផ្លាស់ប្តូរគោលនយោបាយការបរទេស បន្ទាប់ពីមានជម្លោះជាមួយអ៊ីស្រាអែល
06/27/2025 03:06 PM
ការប៉ះទង្គិចគ្នា បានផ្ទុះឡើង ក្នុងរដ្ឋធានីតូហ្គោ ខណៈក្រុមបាតុករអំពាវនាវឲ្យប្រធានាធិបតីលាលែងពីតំណែង
06/27/2025 03:06 PM