សភាពាណិជ្ជកម្មកម្ពុជា រៀបចំវេទិកាធុរកិច្ច និងនវានុវត្តន៍២០២៥ ដើម្បីលើកកម្ពស់វិស័យនវានុវត្តន៍និងធុរកិច្ច
​​​​ប្រធានសមាគមអ្នកផ្គត់ផ្គង់ត្រីប្ដេជ្ញាចិត្តចូលរួមផ្គត់ផ្គង់ទិន្នផលត្រីឱ្យឆ្លើយតបតាមតម្រូវការទីផ្សារ
រដ្ឋមន្ត្រីក្រសួងសាធារណការ ចូលរួមកិច្ចប្រជុំពិភាក្សាការងារលើការរៀបចំផែនការមេ និងការអភិវឌ្ឍច្រករបៀងគម្រោងព្រែកជីកហ្វូណនតេជោ
ឯកឧត្តម ឌិត ទីណា ចុះត្រួតពិនិត្យស្ថានភាពដីសម្រាប់ផលិតកម្មដំណាំបន្លែដេីម្បីផ្គត់ផ្គង់ដល់កងទ័ព

សេដ្ឋកិច្ច និង កសិកម្ម

សមាគមជប៉ុន-កម្ពុជា សន្យាទាក់ទាញវិនិយោគិនជប៉ុនជួយអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា

2023/02/07 03:06:46 pm        423
ភ្នំពេញ៖ សមាគមជប៉ុន-កម្ពុជា(JCA) បានសន្យាថា នឹងទាក់ទាញអ្នកវិនិយោគទុនរបស់ខ្លួនឱ្យ​បាន​ច្រើនបន្ថែមទៀត សម្រាប់ចូលរួមជួយអភិវឌ្ឍន៍វិស័យធនធានមនុស្សរបស់កម្ពុជា​ឲ្យកាន់តែមាន​សមត្ថភាពទាំងចំណេះ ជំនាញ ដើម្បីដើរឱ្យទាន់តម្រូវការសង្គម-សេដ្ឋកិច្ច ដែលកំពុងមានការរីក​ចម្រើន​នាពេលបច្ចុប្បន្ននេះ។ការសន្យាថានឹងជួយកម្ពុជាលើការអភិវឌ្ឍធនធានមនុស្សនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ​មួយរវាងឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា(JCA) និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ។ឯកឧត្តមបន្តថា ការវិនិយោគរបស់ជប៉ុន ពិតជានាំនូវបច្ចេកវិទ្យាទំនើបថ្មីៗ និងយន្តការគ្រប់គ្រង​ក្រុមហ៊ុន រោងចក្រ​ ឱ្យកាន់តែមានភាពងាយស្រួល។ ​ឯកឧត្តមកត់សម្គាល់ឃើញថា ក្រុមហ៊ុន​របស់ជប៉ុន​ដែលមានវត្តមាននៅកម្ពុជា កម្រមានវិវាទការងារណាស់ ក្រុមហ៊ុនអនុវត្តទៅ​តាមច្បាប់​បានល្អ រួមនឹងទំនាក់ទំនងរវាងនិយោជកជប៉ុន និងកម្មករនិយោជិតកម្ពុជាមានភាព​សុខដុមរមនា​នឹងគ្នា។ឯកឧត្តមរដ្ឋមន្ត្រី ចង់ឃើញកម្មសិក្សាការីកម្ពុជាបានទៅធ្វើការនៅប្រទេសជប៉ុន ឱ្យបាន ៥ ម៉ឺននាក់ ខណៈបច្ចុប្បន្នកម្មសិក្សាការីកម្ពុជាបានចេញទៅធ្វើការនៅជប៉ុនបានត្រឹមប្រមាណ ២ ម៉ឺននាក់​ប៉ុណ្ណោះ។ ដោយឯកឧត្តម ស្នើដល់ខាងភាគីជប៉ុនធ្វើការបណ្តុះបណ្តាល​ធនធានមនុស្សរបស់កម្ពុជា ដើម្បីឈានទៅសម្រេចឱ្យបាននូវចំនួន ៥ ម៉ឺននាក់នាពេលដ៏ខ្លីខាងមុខនេះ។លោក Fumiaki រួមនឹងសមាជិករបស់សមាគម បញ្ជាក់ថា នឹងប្រឹងប្រែងធ្វើយ៉ាងណាជួយ​មក​កម្ពុជាលើជំនាញដ៏ចំាបាច់ដែលកំពុងមានតម្រូវការសម្រាប់ទៅធ្វើការនៅជប៉ុន។ លោកបន្តថា ដោយសង្កេតឃើញថា រថយន្តដែលផលិតនៅប្រទេសជប៉ុន​បានចរាចរណ៍នៅ​កម្ពុជា​មានចំនួនកាន់តែច្រើន ដែលជាឱកាសមួយសម្រាប់ឱ្យខាងជប៉ុនផ្តល់ការបណ្តុះបណ្តាល​លើ​ជំនាញថែទាំ និងជួសជុលរថយន្តនេះទៅដល់យុវជនកម្ពុជា​ឱ្យកាន់តែមានសមត្ថភាព រួមនឹងផ្តល់​ការបណ្តុះបណ្តាលជំនាញ​កែសម្ផស្ស​ដែលជាជំនាញមួយកំពុងតែពេញនិយម ដែលអាចផ្តល់​ចំណូលបានប្រសើរ ​បើយុវជន ​យុវតីរបស់កម្ពុជា ចាប់យក​អាជីព​ខាង​កែសម្ផស្ស​នេះបាន​ស្ទាត់ជំនាញ៕ អត្ថបទ៖ វ៉ន ដារ៉ា

គយរកចំណូលបាន​ជិត ២ ៧០០ លាន​ដុល្លារ កើនលើសផែនការ១០៥ភាគរយ ក្នុងឆ្នាំ២០២២

2023/02/06 03:20:30 pm        468
ភ្នំពេញ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ រកចំណូល​បាន​ចំនួន ១០ ៩៩៨,៩ ប៊ី​លាន​រៀល ដែល​ស្មើនឹង​ប្រមាណ ២ ៦៩០លាន​ដុល្លារ មាន​កំណើន​ ១៨,៣​ ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២១​។ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និង​រដ្ឋាករកម្ពុជា លើកឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគយ ​និងរដ្ឋាករកម្ពុជា ប្រចាំឆ្នាំ​២០២២ នៅថ្ងៃទី ៣ ខែ កុម្ភៈ ឆ្នាំ ២០២៣ នេះថា ​ជុំវិញការប្រមូលចំណូលនៅក្នុងឆ្នាំ ២០២២ គយ និងរដ្ឋាករ ​ប្រមូលចំណូលបានជិត ១១ ​ពាន់ប៊ីលានរៀល ស្មើជាង ២ ៦៩០ លានដុល្លារអាមេរិក គឺសម្រេចបានប្រមាណ ជិត ១០៥ ភាគរយ​ នៃផែនការដែលកំណត់ដោយច្បាប់។ចំពោះក្រុមទំនិញ ​ដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានរួមមាន៖ យានយន្ត​និងគ្រឿងចក្រមានចំនួនជាង ៥ ០៧៨ ប៊ីលានរៀល ត្រូវប្រមាណជាង ៤៦ ភាគរយ នៃចំណូលសរុប, ទំនិញចម្រុះ ជាង ៣ ០៣២ ប៊ីលានរៀល​ ត្រូវជាង ២៧ ភាគរយ, ផលិតផល​តេលសិលា ២ ២៣៨ ប៊ីលានរៀល ត្រូវជាង ២០ ភាគរយ, និងសម្ភារសំណង់ និងកម្រៃផ្សេងៗ មានចំនួនជាង​ ៦៤៩ ប៊ីលានរៀល ត្រូវជិត ៦ ភាគរយ​ នៃចំណូលសរុប។ជុំវិញការប្រមូលចំណូលនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​បានណែនាំ​និងជំរុញឲ្យគយ​ និងរដ្ឋាករកម្ពុជា ត្រូវបន្ត​ខិតខំ​ប្រឹងប្រែងប្រមូលចំណូលឱ្យបានអស់សក្ដានុពល, ពិនិត្យឡើងវិញនូវគោលនយោបាយ​និង​ធ្វើ​វិចារណកម្មពន្ធ និងអាករដើម្បីជួយគាំទ្រដល់វិស័យផលិតកម្មក្នុងស្រុក និងទំនិញចាំបាច់​បម្រើ​ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ, ពង្រឹងប្រសិទ្ធភាពការងារបច្ចេកទេសគយ, ពង្រឹង​អនុលោមភាពនៃការដាក់ពន្ធ និងអាករជាបន្ទុករដ្ឋ, អនុវត្តឱ្យមានប្រសិទ្ធភាពនូវវិធានការដាក់​ទោសទណ្ឌ ​ចំពោះបុគ្គលដែលប្រព្រឹត្តបទល្មើស, ពង្រឹងប្រសិទ្ធភាពការងារបង្ការ និងបង្ក្រាបអំពើរត់​គេចពន្ធនិងបន្លំពន្ធ​ តាមរយៈការពង្រឹងការគ្រប់គ្រងដើមទី ​កណ្ដាលទី និងចុងទី ទន្ទឹមនឹងការពង្រឹង​ការអនុវត្ត​ការងារសវនកម្ម។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បន្តថា ក្រៅពីគោលការណ៍ខាងលើ, គយ និងរដ្ឋាករ ត្រូវព​ង្រឹង​ការគ្រប់គ្រងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (e-Commerce) ពិសេសទំនិញដែលមាន​លក្ខណៈជាបញ្ញើប្រៃសណីយ៍, ពិនិត្យឡើងវិញការធ្វើវិ​មជ្ឈការ​ដល់អង្គភាពក្រោមឱវាទ, ធ្វើទំនើបកម្ម និងពង្រីកវិសាលភាពប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន, បន្តលើកកម្ពស់ប្រសិទ្ធភាព​កិច្ច​សហប្រតិបត្តិការជាមួយក្រសួង-ស្ថាប័ន និងផ្នែកឯកជន, ​ពិនិត្យលទ្ធភាពវិសោធនកម្ម ច្បាប់​ស្ដីពីគយ, ចូលរួមអនុវត្តគោលនយោបាយ និងវិធានការនានារបស់រាជរដ្ឋាភិបាល, និងបន្តរៀបចំ​អភិវឌ្ឍន៍​ស្ថាប័ន និងហេដ្ឋារចនាសម្ព័ន្ធដោយឈរលើទស្សនៈវិស័យវែងឆ្ងាយ និងវិធានការ​ផ្សេងៗទៀត ដើម្បីសម្រាប់ការអនុវត្តការប្រមូលចំណូលពន្ធ ​និងអាករបន្ថែមនៅឆ្នាំ ២០២៣ ឲ្យមានប្រសិទ្ធភាព៕អត្ថបទ៖ សុន រ៉ាឌី

ការបើកជើងហោះត្រង់កម្ពុជា-ចិន នៅក្នុងខែកុម្ភៈនេះ នឹងបន្តកើនឡើងទ្វេដង

2023/02/06 02:52:56 pm        482
ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ គឺជាថ្ងៃដែលរដ្ឋាភិបាលចិន ប្រកាសបើកផ្លូវការ អនុញ្ញាតឱ្យក្រុមហ៊ុនទេសចរណ៍នានានាំភ្ញៀវទេសចចេញដើរកម្សាន្ត នៅតាមប្រទេសគោលដៅ​អនុញ្ញាតចំនួន២០ប្រទេស ក្នុងនោះក៏មានប្រទេសកម្ពុជាមួយផងដែរ។ អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ​បានឲ្យដឹងថា តាមរយៈការប្រកាសបើក​ទេស​ចរណ៍ចិន បានធ្វើឲ្យជើងហោះហើរកម្ពុជា ​ចិន ​កើនឡើងទ្វេដងនៅក្នុងខែកុម្ភៈនេះ។ ឯកឧត្តម ជា អូន រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍​ស៊ីវិល​កម្ពុជា បានថ្លែងប្រាប់BTV​ នៅថ្ងៃទី០៦ ខែកុម្ភៈនេះថា ចាប់តាំងពីរដ្ឋាភិបាលចិន ប្រកាស​បើកប្រទេសចិនវិញ នៅថ្ងៃទី០៣ ខែមករានេះមក សំគាល់ឃើញថា​ ចំនួនជើងហោះហើរកម្ពុជា-ចិននៅក្នុងខែមករា​ ឆ្នាំ២០២៣ មានកំណើនជាង៧០% ធៀបនឹងខែធ្នូឆ្នាំ២០២២ ហើយនៅក្នុង​កុម្ភៈនេះ មានក្រុមហ៊ុនអាកាសចរណ៍ចិនដាក់សំណើរហោះហើរត្រង់កម្ពុជា-ចិន កើនដល់ជាង ៦០០ជើង ពោលគឺកើនឡើងជាង ២ដងបើធៀបនឹងខែមករា។ឯកឧត្តម ជា អូន បន្តថា ចាប់ពីថ្ងៃស្អែកនេះតទៅ ​មានក្រុមហ៊ុនអាកាសចរណ៍ចិនមួយ បានប្រកាស​បើក​ជើងហោះហើរត្រង់ទៅមករាជធានីភ្នំពេញ ​ក្រុងប៉េកាំងប្រទេសចិនជាដំបូង និងមិនធ្លាប់​មានក្នុងប្រវត្តិសាស្ត្រ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ចំនួន២២ ក្នុងនោះ​មាន​ក្រុមហ៊ុន​អាកាសចរណ៍ចិនចំនួន១៦ ​និងកម្ពុជាចំនួន​ ៦ក្រុមហ៊ុនផងដែរ បានតភ្ជាប់ជើងហោះហើរ​ត្រង់ចំនួន ៣៧ខេត្តក្រុង ក្នុងនោះកម្ពុជាចំនួន ៣ខេត្តក្រុង និងភាគីចិនចំនួន ៣៤ខេត្តក្រុង ។បើតាមភ្ញៀវទេសចរអន្តរជាតិមកពីប្រទេសចិន​ បានថ្លែងថា ពួកគេសប្បាយចិត្តណាស់ ដែលប្រទេស​ចិនប្រកាសបើកប្រទេសវិញ ​ហើយគោលដៅទេសចរណ៍ដំបូងបំផុត គឺចង់មក​ទស្សនាកម្ពុជា ពិសេសទៅទស្សនាប្រាសាទអង្គរវត្ត ​និងគោលដៅទេសចរណ៍នានាទៀតនៅកម្ពុជា ។តាមឲ្យដឹងពីគណៈកម្មការអន្តរក្រសួង សម្រួលការធ្វើការដំណើរ និងការដឹកជញ្ជូនភ្ញៀវទេសចរ​អន្តរជាតិ ​និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ ​និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស (គ. អ.ច.ទ) ៖ ចាប់ពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះតទៅ ​ប្រទេសចិនប្រកាសអនុញ្ញាតឲ្យក្រុមហ៊ុន​ទេសចរណ៍​នាំភ្ញៀវទេសចរចិន​ចេញក្រៅប្រទេស ដោយជ្រើសរើសគោលដៅប្រទេសចំនួន​២០រួមមាន៖ ​ប្រទេស​កម្ពុជា ថៃ ឡាវ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ម៉ាលឌីវ ស្រីលង្កា អារ៉ាប់រួម អេហ្ស៊ីប កេនយ៉ា អាហ្រឹ្វកខាងត្បូង រុស្ស៊ី សី្វសហ្សឺឡេន ហុងគ្រី ញ៉ូវហ្សេឡេន ហ្វីជី គុយប៉ា និងអាហ្សង់ទីន៕ អត្ថបទ៖ ស៊ុម សុខជា

ទេសចរបរទេសចាប់ផ្ដើមមានកំណើនមកលេងកម្សាន្ត និងសរសើរប្រទេសកម្ពុជា

2023/02/03 02:37:20 pm        375
ព្រះសីហនុ៖ បន្តាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានល្អប្រសើរ មកដល់ពេលនេះ ខេត្ដព្រះសីហនុ មានភ្ញៀវទេសចរអន្ដរជាតិ ចូលមកលេងកម្សាន្ដ និងស្នាក់នៅលម្ហែច្រើនគួរឱ្យកត់សម្គាល់ ចាប់តាំងពីចុងឆ្នាំ២០២២ និងដើមឆ្នាំ២០៣៣ ពិសេសភ្ញៀវទេសចរបទេសប៉ែកអឺរ៉ុប ។ល។ នៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ មានភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ បានធ្វើដំណើរទៅលេង កម្សាន្ដ និងស្នាក់នៅលម្ហែនៅរមណីយដ្ឋានទេសចរណ៍តាមបណ្ដាកោះ អ្នកខ្លះ ទើបធ្វើដំណើរមកប្រទេសកម្ពុជាដំបូង អ្នកខ្លះទៀតធ្លាប់បានចូលមកច្រើនដង ពួកគេ សុទ្ធតែ​បានសម្ដែងក្ដីរីករាយចំពោះបរិស្ថាន ការអភិវឌ្ឍ ​និងសន្ដិសុខសុវត្ថិភាព ព្រមទាំង​មធ្យោយធ្វើដំណើរតាមផ្លូវទឹកទំនើប ​និងសុវត្ថិភាពខ្ពស់ ។តំណាងក្រុមហ៊ុនដឹកជញ្ជូនទេសចរណ៍ជលយានខេត្ដព្រះសីហនុ ​បានឱ្យដឹងថា​ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ រហូត មកដល់ខែកុម្ភៈ ឆ្នាំ២០២៣ ​ចំនួនភ្ញៀវទេសចរ ​មានការកើនឡើង ពិសេស​ភ្ញៀវទេសចរបរទេស (អឺរ៉ុប) ​ហើយកត្ដាដែល ធ្វើឱ្យភ្ញៀវមានការចាប់អារម្មណ៍ទៅលេង​តាម​បណ្ដាកោះនេះ​ គឺដោយសារតាមបណ្ដាកោះមានការអភិវឌ្ឍច្រើន​ ធនធាន ​ធម្មជាតិសម្បូរបែប ឆ្នេរសមុទ្រស្អាត ​ពិសេសគឺសន្ដិសុខល្អ ​មធ្យោបាយធ្វើដំណើរទំនើប​ លឿន ​និងសុវត្ថិភាព។អាកាសយានដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ (កងកេង) បានទទួលជើងហោះហើរលើក​ដំបូងមក​ពីប្រទេសចិន​ កាលពីថ្ងៃទី២៧ ​ខែមករា ឆ្នាំ២០២៣ ​ជាមួយវត្តមានភ្ញៀវទេសចរជាង១០០នាក់ ខណៈទេសចរ​ប៉ែកអឺរ៉ុប ​ក៏បន្តចូលមក ​លេងខេត្តនេះផងដែរ ៕អត្ថបទ៖ គង់ ប៊ុនថា

ឆ្នាំ២០២២ខេត្តកំពង់ចាមផលិតស្រូវបានជាង ៥៤ ម៉ឺនតោនកើន ១១,៧ ភាគរយ

2023/02/03 11:08:09 am        246
ភ្នំពេញ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងឱ្យដឹងថា ការងារកសិកម្ម ដំណាំស្រូវក្នុងខេត្តកំពង់ចាម អនុវត្តបានចំនួន ១៤០.៧៣៦ ហិកតា ក្នុងឆ្នាំ២០១៨ កើនដល់ ១៤៧.៤២២ ហិកតា ក្នុងឆ្នាំ២០២២ កើនប្រមាណជា ៤,៧%។ ចំណែកផលិតផលស្រូវផលិតបានចំនួន ៤៨៨.២៩២ តោនក្នុងឆ្នាំ២០១៨ កើនដល់ ៥៤៥.៥២១ តោនក្នុងឆ្នាំ២០២២ កើនប្រមាណ១១,៧ ភាគរយ។ឯកឧត្តម អភិបាលខេត្តកំពង់ចាម ថ្លែងឱ្យដឹងបែបនេះក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តកំពង់ចាម» រៀបចំដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះនៅទីស្ដីការគណៈរដ្ឋមន្រ្ដី។ឯកឧត្តម អភិបាលខេត្តបានឱ្យដឹងថា សម្រាប់តុល្យភាពស្បៀង ជារៀងរាល់ឆ្នាំខេត្តកំពង់ចាម ធានាបាននូវសន្តិសុខស្បៀងជានិច្ច ដោយក្នុងមួយឆ្នាំៗ ផលិតស្រូវបានចំនួន ៤៧៤.៦០៤ តោន គិតជាស្បៀងប្រមាណ ៣០៣.៧៤៦ តោន មិនតែប៉ុណ្ណោះខេត្តកំពង់ចាម នៅសល់ស្បៀង​ជា​អង្ករប្រមាណជា ១៦២,៣៤១ តោន គិតជាស្រូវ ២៥៣.៦៥៨ តោន សម្រាប់ការនាំចេញផងដែរ។បើតាមឯកឧត្តម អភិបាលខេត្ត ដំណាំរយៈពេលខ្លីបានចូលរួមយ៉ាងសកម្មក្នុងលើកស្ទួយសេដ្ឋកិច្ច​គ្រួសាររបស់ប្រជាពលរដ្ឋ។ ដំណាំនេះអាចផលិតបានពី ២ទៅ៣ដងក្នុង១ឆ្នាំ ដូចជា ដំណាំបន្លែគ្រប់មុខ ដំណាំសណ្តែក ដំណាំឡូង និងថ្នាំជក់ជាដើម ដែលក្នុងឆ្នាំ២០១៨ ផលិតបានចំនួន ៦៣២.៣០៣ តោន កើនដល់ ៧៣៦.៧១៣តោន ក្នុងឆ្នាំ២០២២។ រីឯដំណាំរយៈពេលវែងដូចជា ចេក ចន្ទី ស្វាយ ដូង ខ្នុរ ជាដើម ក្នុងឆ្នាំ២០១៨ ផលិតបានចំនួន ១៦៦.៦០៤ តោន កើនដល់ ២៥៦ ៦៨០ តោន ក្នុងឆ្នាំ២០២២។ ដោយឡែក ដំណាំកៅស៊ូ គឺជាដំណាំកសិ-ឧស្សាហកម្មមួយដ៍សំខាន់ ដែលបានបន្សល់ទុកកាល​ពីសម័យបារាំងមកម្ល៉េះ។ ខេត្តកំពង់ចាមចាប់តាំងពីឆ្នាំ២០១៤មក មកទល់ពេល នេះដំណាំកៅស៊ូ មានសរុបចំនួន ៣៣.២៤៥ ហិកតា ដែលក្នុងនោះមាន ដំណាំកៅស៊ូ គ្រួសារចំនួន ២៥.៤៨៧ ហិកតានិងដំណាំកៅស៊ូក្រុមហ៊ុន ចំនួន ៧.៧៥៨ ហិកតា៕ អត្ថបទ៖ វ៉ន ដារ៉ា

ទំហំសេដ្ឋកិច្ចខេត្តកំពង់ចាមមានជាង ១ ៨០០លានដុល្លារ ដែលស្មើនឹង ៦,៧% នៃសេដ្ឋកិច្ចជាតិសរុប

2023/02/03 10:01:22 am        331
ភ្នំពេញ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ទំហំសេដ្ឋកិច្ចរបស់ខេត្តកំពង់ចាម សរុបប្រមាណ ៧.៣៩២.៧៣៨ លានរៀល ស្នើនឹងប្រមាណ ១.៨០៥ លានដុល្លា ដែលស្មើនឹង ៦,៧% នៃសេដ្ឋកិច្ចជាតិសរុប។ ឯកឧត្តមអភិបាលខេត្តកំពង់ចាម ថ្លែងឱ្យដឹងបែបនេះក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តកំពង់ចាម» រៀបចំដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅទីស្ដីការគណៈរដ្ឋមន្រ្ដី។ឯកឧត្តម បានឱ្យដឹងថា ខេត្តកំពង់ចាម មានចំណូលសម្រាប់មនុស្សម្នាក់មានចំនួន ១.៥៩២ ដុល្លា។ សេដ្ឋកិច្ចខេត្តកំពង់ចាម មានកំណើន ៨,៥% នៅឆ្នាំ២០១៨ និងធ្លាក់ចុះដោយសារវិបត្តិកូវីដ-១៩ ឆ្នាំ២០២០ (-១,១%) និងកើនឡើងវិញ ១,៣% ក្នុងឆ្នាំ២០២១។បើតាមឯកឧត្តម អ៊ុន ចាន់ដា ខេត្តកំពង់ចាមមានសក្តានុពលសេដ្ឋកិច្ច ពឹងផ្អែកលើវិស័យសំខាន់ៗ​ចំនួន ៣ គឺវិស័យកសិកម្ម សេវាកម្ម និងវិស័យឧស្សាហកម្ម។ ក្នុងនោះ ទី១ វិស័យកសិកម្ម មានទំហំ ២.៦៥៧.៣៤៣ លានរៀល និងមានចំណែក ៤១,១% នៃសេដ្ឋកិច្ចខេត្ត និងកំណើនពី ៣,៦% ទៅ ៤% ក្នុងឆ្នាំ២០២១ ដែលក្នុងនោះដំណាំមានកំណើនថេរ ៤,៤% ការចិញ្ចឹមសត្វមានកំណើនពី២,៨% ទៅ ៣,៥% ជលផលនេសាទមានកំណើនពី ២,៤% ទៅ ៣,៥% និងរុក្ខាប្រមាញ់ មាន១,៤%ថេរ។ ទី២ វិស័យសេវាកម្ម មានទំហំ ២,៤៤០,១៣៣ លានរៀល និងមានចំណែក៣៧,៧% នៃសេដ្ឋកិច្ចខេត្ត និងមានការថយចុះ ៥,៩% ដែលក្នុងនោះលក់ដុំលក់រាយមានការថយចុះ៧,៥% សណ្ឋាគារ និងភោជនីដ្ឋានថយចុះ ១២,៥% រដ្ឋបាលសាធារណៈមានកំណើន ១៤,៦% ហិរញ្ញ វត្ថុមានកំណើន ៣% និងសេវាកម្មផ្សេងទៀតថយចុះ ៨,២%។ទី៣ វិស័យឧស្សាហកម្ម មានទំហំ ១.៣៧២.៤៨៨ លានរៀល និងមានចំណែក ២១,២% នៃសេដ្ឋកិច្ចខេត្ត និងមានកំណើន ១១,៣% ដែលក្នុងនោះរ៉ែមានកំណើន ១៨,៤% កម្មន្តសាល ១២,៩% អគ្គីសនី ៣% ទឹកស្អាត ១,៩% និងសំណង់ ១,៨%៕ អ​ត្ថបទ៖ ដារ៉ា

ទីផ្សារបញ្ជាទិញបន្លែខេត្តមណ្ឌលគិរី កាន់តែមានតម្រូវការខ្ពស់នៅឆ្នាំនេះ

2023/02/02 05:16:51 pm        803
មណ្ឌលគិរី៖ កសិករដាំបន្លែជាច្រើនមុខនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បានលើកឡើងថា នៅឆ្នាំ២០២៣នេះ ទីផ្សារបញ្ជាទិញបន្លែ កាន់តែមានតម្រូវការច្រើនជាងមុន ខណៈដែលកសិករ​ស្ទើរតែពុំអាចផលិតទិន្នផលបន្លែទាន់ពេលវេលា ស្របតាមការចង់បាន នៃទំហំទីផ្សារបច្ចុប្បន្ន ។ លោក ឃ្លោង ថេង ជាកសិករដាំបន្លែនៅចំណុចមាត់បឹងទំនប់ក្រោម ស្ថិតក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ​បានលើកឡើងថា ប្រភេទបន្លែដែលលោកផ្ដោតដាំដុះច្រើន​ជាងគេ គឺស្ពៃក្ដោប ព្រោះស្ដៃក្ដោប ជាបន្លែអាចទុកបានយូរ ពោលគឺនៅពេលដល់រដូវកាត់យក​ទិន្នផល ស្ពៃកក្ដោប ​អាចកាត់បន្តបន្ទាប់គ្នាបានក្នុងរយៈពេលយូរ​ មិនខូចខាតនោះទេ ខុសប្លែកពីប​ន្លែផ្សេងទៀត ថែមទាំងមានតម្លៃថ្លៃទៀតផង ។ លោក ឃ្លោក ថេង បន្តទៀតថា នៅក្នុងឆ្នាំនេះទីផ្សារបញ្ជាទិញបន្លែកាន់តែល្អជាងឆ្នាំមុន ក្រោយវិបត្តិកូវីដ១៩ បានផុតរលត់ទៅ ។ លោកបញ្ជាក់ថា មន្ទីរកសិកម្មក៏បានខិតខំជួយជ្រោមជ្រែង​លោកច្រើនណាស់ដែរ ជុំវិញការ​បង្កបង្កើន​ផលបន្លែរាល់ថ្ងៃនេះ ។កសិករខាងលើ បានឲ្យដឹងទៀតថា ស្ពៃក្ដោបបច្ចុប្បន្នអាចលក់បានក្នុងតម្លៃ ៥ទៅ៦ពាន់រៀល ក្នុង​មួយគីឡូក្រាម ​ហើយក្នុងផ្ទៃដីចំការជិតកន្លះហិកតារបស់លោក លោកអាចកាត់ស្ពៃក្ដោប​យកទៅ​លក់លើទីផ្សារ ចន្លោះពី៤០គីឡូ ទៅជាង១០០គីឡូក្រាមជាប្រចាំ។ ក្នុងនោះដែរ ក្រៅពីស្ពៃក្ដោប លោកក៏បានដាំបន្លែរួមផ្សំផ្សេងទៀតខ្លះដែរ ដូចជាង​ស្លឹកខ្ទឹម​ ស្ពៃក្រញ៉ាញ់ ​ត្រប់ ត្រសក់ជាដើម ។ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី លោក សុង ឃាង ​បានឲ្យដឹងដែរថា ផ្ទៃដីដាំដុះដំណាំបន្លែរដូវប្រាំងគិតត្រឹមថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣អនុវត្តបាន១១៤ហិកតា កើនលើសឆ្នាំមុន១៣ ហិកតា​ បរិមាណផល ១ ៣១៩តោន ។ចំពោះទីផ្សារបន្លែនៅក្រុសែនមនោរម្យល្អជាងឆ្នាំមុន ​សម្រាប់បន្លែនាំចេញទៅទីផ្សារក្រៅខេត្ត។ ក្នុងនោះមន្ទីរបាន​ផ្សព្វផ្សាយ​បច្ចេកទេសថ្មីសមស្រប​ដល់កសិករ និងជំរុញការ​ដាំដុះដំណាំ​សមស្រប​សម្រាប់នាំចេញទាំងក្នុង​ និងក្រៅប្រទេស ។លោកប្រធានមន្ទីរបញ្ជាក់ថា ថ្មីៗនេះនៅមន្ទីរកសិកម្មក៏ទើប​សម្ពោធ​សមទ្ធិផល​ដ៏ទំនើបមួយ គឺ សួន​វិទ្យាសាស្ត្រកសិកម្ម ​សម្រាប់ផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីៗជូនដល់កសិករ​ និងជួយជំរុញទំនើប កម្ម​របស់កសិករផងដែរ ។ លោក​ប្រធានមន្ទីរ ​បានបន្តទៀតថា ​បច្ចុប្បន្ន​ មន្ត្រីជំនាញខេត្តមណ្ឌលគិរី ក៏កំ ពុងធ្វើកិច្ច​សហប្រតិបត្តិការមួយទៀត ​មានការគាំទ្រពីប្រទេសកូរ៉េខាងត្បូង ​លើការដាំដុះដំឡូងបារាំង ដោយ​មានទីប្រឹក្សាបច្ចេកទេស ​សិក្សាផ្ដល់បច្ចេកទេស​ តម្រង់ទិសឲ្យកសិករដាំដុះកាន់តែត្រឹមត្រូវ ​និងបាន ទិន្នផលខ្ពស់ ​ថែមទាំងការពារទប់ស្កាត់ពីជំងឺ ​និងការយាយី​ពី​សត្វល្អិតជាដើម ហើយនៅ​ពាក់កណ្ដាលឆ្នាំនេះ​ នឹងមាន​មជ្ឈមណ្ឌលផ្សព្វផ្សាយបច្ចេកទេសបន្លែ ផលិតពូជ​ដំឡូងបារាំង​នៅក្នុងខេត្តមណ្ឌលគិរីផងដែរ ៕អ៊ិត ភីរុណ

កម្ពុជាកំពុងត្រៀមខ្លួន ចាកចេញពីពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច ក្នុងឆ្នាំ២០២៤

2023/02/02 01:29:35 pm        384
ភ្នំពេញ៖ កម្ពុជាកំពុងត្រៀមខ្លួនរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តផែនការចាកចេញពីប្រទេស​អភិវឌ្ឍន៍​តិចតួច (LDC) ​ឱ្យបានសម្រេចតាមការវាយតម្លៃរបស់អង្គការសហប្រជាជាតិនៅក្នុងឆ្នាំ ២០២៤​ ខាងមុខនេះ ​និងបន្តរយៈពេលអន្តរកាលតាមការចាំបាច់ ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារក្រសួងពាណិជ្ជកម្មប្រចាំឆ្នាំ២០២២ និង​លើកទិសដៅការងារសម្រាប់ឆ្នាំ២០២៣​ នៅថ្ងៃទី៣១ ខែមករា ​បានស្នើឱ្យក្រសួងពាណិជ្ជកម្ម ត្រូវ​ពង្រឹងការត្រៀមខ្លួនរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តផែនការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ​ឱ្យបានសម្រេចតាមការវាយតម្លៃរបស់អង្គការសហប្រជាជាតិនៅក្នុងឆ្នាំ ​២០២៤ ខាងមុខនេះ និង​បន្តរយៈពេលអន្តរកាលតាមការចាំបាច់ ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ​ស្នើឱ្យ​មានការពិនិត្យឱ្យបាន​ល្អិតល្អន់ ​អំពីផលប៉ះពាល់នៃការចាកចេញ​ពី​ប្រទេស LDC នេះ ​ទៅនឹងការចរចាក្រោមក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក (WTO) និង​ក្របខណ្ឌតំបន់ មកលើសេដ្ឋកិច្ចកម្ពុជា, ជាពិសេស ត្រូវត្រៀមខ្លួនក្នុងការចរចាស្នើសុំ​ភាពអនុគ្រោះថ្មី ​តាមរយៈប្រព័ន្ធ (GSP Plus) ​សំដៅរក្សាទីផ្សារ ​និងរក្សាលំនឹងផលិតកម្ម ព្រមទាំង​ភាព​ទាក់ទាញសម្រាប់ការវិនិយោគនៅកម្ពុជា ​ហើយក៏ត្រូវសិក្សាផងដែរ អំពីផលប៉ះពាល់​ពី​ការបាត់បង់ទីផ្សារ (Preferences Erosion) និងភាពអនុគ្រោះពិសេសដោយឡែក​ (Special and Differential Treatment) បន្ទាប់ពីកម្ពុជាបានចាកចេញពីប្រទេស LDC។ដើម្បីអាចចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតូចបាន ​កម្ពុជាត្រូវជាប់ចំណាត់ថ្នាក់ជាលើកទី២ តាមរយៈការត្រួតពិនិត្យរាល់បីឆ្នាំម្ដង​ (triennial review) ដោយគណៈកម្មការអង្គការសហប្រជាជាតិ ស្ដីពី​គោលនយោបាយអភិវឌ្ឍន៍ ក្នុងឆ្នាំ២០២៤។ការចាកចេញ ពីប្រទេសអភិវឌ្ឍន៍តិចតូចនេះ កម្ពុជានឹងលែងទទួលបានការអនុគ្រោះពន្ធ​ពាណិជ្ជកម្ម និងវិធានការពាក់ព័ន្ធនឹងជំនួយអន្ដរជាតិទៀតនោះឡើយ។បន្ថែមពីលើនេះ ​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស្នើបន្តកិច្ចសហប្រតិបត្តិការឱ្យបានជិតស្និទ្ធបំផុត​ជា​មួយ​បណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ទាំង​ឡាយដែលកម្ពុជាកំពុងមាន, ​ជាពិសេសកិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី កម្ពុជា-ចិន​ និងកម្ពុជា-កូរ៉េ​ ឱ្យបានជាអតិបរមា ៕ អត្ថបទ៖ សុន រ៉ាឌី

អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលលើមធ្យោបាយដឹកជញ្ជូនបានជាង ១០៥ លានដុល្លារ

2023/02/01 03:13:27 pm        218
ភ្នំពេញ៖ អគ្គនាយករដ្ឋាពន្ធដារ ប្រមូលចំណូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានយន្តគ្រប់​ប្រភេទ ក្នុងឆ្នាំ ២០២២ បានចំនួនជាង ៨៨ម៉ឺនគ្រឿង​ សរុបជាថវិការមាន​ចំនួនជាង ៤២២ ប៊ីលានរៀល ត្រូវប្រមាណជាង ១០៥ លានដុល្លារ ស្មើជាង ១៣០ ភាគរយនៃផែនការប្រចាំឆ្នាំ។ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួល​បន្ទុក​ជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល​គ្រប់គ្រង​ប្រមូលចំណូល​ពន្ធប្រចាំខែ ធ្នូ និងប្រចាំឆ្នាំ ២០២២ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ ២០២៣ នេះថា បន្ទាប់ពីអគ្គនាយកដ្ឋានពន្ធដារ ​ដាក់ឲ្យអនុវត្តនៃការប្រើប្រាស់ App សម្រាប់ការបង់ពន្ធលើ​មធ្យោបាយ​ដឹកជញ្ជូន និងយានយន្តគ្រប់ប្រភេទ ឃើញថា មានលក្ខណៈងាយស្រួលដល់បងប្អូន​ប្រជាពលរដ្ឋ ក្នុងការបង់ពន្ធលើយានយន្តរបស់ខ្លួន ដោយមានបងប្អូនជាច្រើនបានបញ្ជរទិញ​តាមលកបត្រតាមប្រព័ន្ធអនឡាញនេះ។ ជាក់ស្តែងការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនប្រឆាំ ២០២២ អគ្គនាយកដ្ឋានពន្ធដារ អនុវត្ត​សម្រេច​បានលើការប្រមូលចំណូលពីយានយន្តគ្រប់ប្រភេទ ​មានចំនួនជាង ៨៨ ម៉ឺនគ្រឿង ក្នុងនោះ​មានយាន​យន្តថ្មីជាង ៨០ ពាន់គ្រឿង និងការបង់ពន្ធតាម App មានចំនួនជាង ១៦ ពាន់គ្រឿង ដោយ​ទទួលបានប្រាក់ចំណូលសរុបជាង ៤២២ ប៊ីលានរៀល ត្រូវប្រមាណជាង ១០៥ ​លានដុល្លារ ស្មើជាង ​១៣០ ភាគរយនៃផែនការប្រចាំឆ្នាំ ក្នុងនោះបើធៀបនិងឆ្នាំ ​២០២១ កើនឡើងជាង ១២ ប៊ីលានរៀល ត្រូវប្រមាណជា ៣ លានដុល្លារអាមេរិក។ទាក់ទិននឹងការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះ ក្រុមការងារចម្រុះរាជធានី-ខេត្ត ដឹកនាំ​ដោយមន្ត្រីពន្ធដារ រួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិ បានចុះត្រួត​ពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទប្រចាំឆ្នាំ​ ២០២២ នៅ​តាមគោលដៅមួយចំនួន លើកំណាត់ផ្លូវសំខាន់ៗនៃរាជធានី-ខេត្ត ដោយការងារនេះបានអនុវត្តចាប់​តាំងពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ កន្លងមក៕អត្ថបទ៖ សុន រ៉ាឌី

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ស្នើរអង្គភាពពន្ធដារបង្កើនប្រសិទ្ធភាពការប្រមូលចំណូលពន្ធតាមផែនការច្បាប់

2023/02/01 03:08:10 pm        247
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើរដល់អគ្គនាយកដ្ឋានស្នូល ទទួលបន្ទុក​លើ​កិច្ចការ​គ្រប់គ្រងប្រមូលចំណូល បន្តការយកចិត្តទុកដាក់ និងបន្តរៀបចំគោលនយោបាយកៀរគរចំណូល ការពង្រឹងគ្រប់គ្រងប្រមូលចំណូលពន្ធស្របតាមគោលដៅ​ ដែលបានដាក់ចេញក្នុងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលគ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែ ធ្នូ និងប្រចាំឆ្នាំ ២០២២ របស់អគ្គនាយករដ្ឋានពន្ធដារ នៅថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៣ នេះថា ឯកឧត្តមបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការពន្ធដារទាំងអស់ ក្នុងការចូលរួមចំណែកបំពេញភារកិច្ចអស់ពីកម្លាំងកាយចិត្ត និងសម្រេចបានលទ្ធផលការងារគ្រប់គ្រងប្រមូលចំណូលពន្ធយ៉ាងល្អប្រសើរ ដោយសម្រេចបានលើសផែនការ ។ តែទោះបីយ៉ាងណា សភាពការណ៍ថ្មីៗនៃសេដ្ឋកិច្ចសកល ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ និងវិបត្តិនានា បានអាចជះឥទ្ធិពលជាអវិជ្ជមានមកលើសេដ្ឋកិច្ចកម្ពុជា ក្នុងនោះវិស័យមួយចំនួន​អាចនៅទ្រឹង និងបន្តថមថយ។ ប៉ុន្តែវិស័យខ្លះទៀតអាចរំពឹងថា នឹងមានកំណើន។ ជាទិសដៅក្នុងការអនុវត្តបន្តសម្រាប់ឆ្នាំ ២០២៣ អគ្គនាយករដ្ឋានពន្ធដារ ត្រូវបន្តរៀបចំគោល​នយោបាយ​កៀរគរចំណូល ​សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី ៧, ព្រោះអគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ ​និងរដ្ឋាករកម្ពុជា ជាអគ្គនាយកដ្ឋានស្នូល ទទួលបន្ទុកលើកិច្ចការ​គ្រប់គ្រងប្រមូលចំណូល។ ត្រូវរៀបចំឱ្យបានទាន់ពេលវេលានូវគោលនយោបាយសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងដាក់ឱ្យអនុវត្តឱ្យបាន​មុនដំណាច់ឆ្នាំ ២០២៣ ដើម្បីអភិវឌ្ឍន៍​ និងលើកកម្ពស់សេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យបានកាន់តែរីកធំធាត់ ក្នុងក្របខ័ណ្ឌប្រព័ន្ធគ្រប់គ្រងមួយដែលមានប្រព័ន្ធសេដ្ឋកិច្ចផ្លូវការ។សូមបញ្ជាក់ថា សម្រាប់រយៈពេល ១២ ខែ ឆ្នាំ ២០២២ ចំណូលពន្ធ-អាករ ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ​ មានចំនួន ១៣ ៩៩៣ ប៊ីលានរៀល ត្រូវប្រមាណជាង ៣ ៤៥៥ លានដុល្លារ ស្មើជាង ១២២ ភាគរយ នៃផែនការច្បាប់​ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២២ ធៀបនឹងចំណូលពន្ធ-អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២១ ឃើញថាកើនឡើងចំនួនជាង ២ ៧០២ ប៊ីលានរៀល ត្រូវជា ៦៦៧ លានដុល្លារ ជិតប្រមាណ ២៤ ភាគរយ៕អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស២៨នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារនៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា
07/04/2025 02:07 PM
ប្រព័ន្ធការពារដែនអាកាសដំណើរការក្នុងទីក្រុងគីវ ខណៈរុស្ស៊ីវាយប្រហារដោយយានដ្រូនពេញមួយយប់
07/04/2025 02:07 PM
សម្តេចប្រធានរដ្ឋសភា ថ្លែងអំណរគុណវីរកងទ័ពបានពលិកម្ម យ៉ាងអង់អាចការពារបូរណភាពទឹកដី
07/04/2025 02:07 PM
កម្ពុជាចែករំលែកបទពិសោធន៍ ប្រព័ន្ធទូទាត់សងប្រាក់ឌីជីថល និងប្រព័ន្ធបាគងដល់អន្តរជាតិ
07/04/2025 02:07 PM
មនី្ទរពេទ្យព្រះអង្គឌួង និងសាកលវិទ្យាល័យ ស្ត្រី ប៊ូសាន បើកវគ្គបណ្តុះបណ្តាលជូនដល់គិលានុបដ្ឋាក និងឆ្មប
07/04/2025 01:07 PM
ឯកឧត្តមសាស្ត្រាចារ្យ ហ៊ុន ចំរើន អញ្ជើញបើក ទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រ និងវិទ្យាសាស្ត្រថែទាំ លើកទី២៧
07/04/2025 01:07 PM
ភាគខាងកើតប្រទេសចិន ស្ថិតក្រោមរលកកម្ដៅ ខណៈផ្នែកផ្សេងទៀតកំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង
07/04/2025 01:07 PM
លោក Trump រំពឹងថា ក្រុមហាម៉ាសនឹងសម្រេចចិត្តក្នុងពេល ២៤ម៉ោង លើសំណើសន្តិភាព "ចុងក្រោយ"
07/04/2025 01:07 PM
កម្ពុជាគ្រោងរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចពិភាក្សាពហុភាគីក្នុងតំបន់ ពាក់ព័ន្ធនឹងការជួញដូរមនុស្ស និងឆបោកតាមអនឡញ
07/04/2025 01:07 PM
ឯកឧត្ដម ឃួង ស្រេង ណែនាំគ្រប់ខណ្ឌឱ្យបង្ក្រាបគ្រឿងញៀន លុបបំបាត់ការជក់បារីអេឡិចត្រូនិច ឬស៊ីហ្សា និងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
07/04/2025 01:07 PM