ឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
ដើមខែមិថុនានេះ កម្លាំងនគរបាលរាជធានីបង្ក្រាបគ្រឿងញៀន០៥ករណី ឃាត់មនុស្ស២៤នាក់ និងដកហូតគ្រឿងញៀន៦៦គីឡូក្រាម
បង្ក្រាបជនជាតិចិន០៤នាក់ ជាក្រុមត្រៀមរៀបចំផែនការណ៍ចាប់ជំរិត តែត្រូវទប់ស្កាត់ទាន់ពេល
សមត្ថកិច្ចខេត្តស្វាយរៀងបន្តចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឃាត់ខ្លួនជនសង្ស័យជនជាតិចិន វៀតណាម និងខ្មែរចំនួន ៧៣នាក់

សន្តិសុខ និង សង្គម

កសិករតវ៉ារាប់ម៉ឺននាក់ គំរាមដាក់ប៉ូឡូញ ឱ្យស្ថិតក្នុងភាពជាប់គាំង បន្ទាប់ពីការប៉ះទង្គិចជាមួយនគរបាល

2024/03/07 10:04:26 am        135
កសិករដែលកំពុងតវ៉ារាប់ម៉ឺននាក់ និងអ្នកគាំទ្ររបស់ពួកគេបានព្រមានកាលពីថ្ងៃពុធ (០៦ មីនា) ថាពួកគេនឹងធ្វើឱ្យប្រទេសប៉ូឡូញស្ថិតក្នុងភាពជាប់គាំង បន្ទាប់ពីមានការប៉ះទង្គិចគ្នាដោយហិង្សាជាមួយនគរបាលនៅខាងក្រៅសភារបស់ប្រទេសក្នុងរដ្ឋធានីវ៉ាសូវី។ក្រុមបាតុករបានដើរក្បួនតវ៉ាឆ្ពោះទៅកាន់សភានៅមួយថ្ងៃមុននោះ ជាទីដែលសាក្សីរបស់សារព័ត៌មានរ៉យទ័របានមើលឃើញនគរបាលប្រើដំបង បាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់បែកផ្សែងប្រឆាំងនឹងក្រុមបាតុករ ខណៈបាតុករខ្លះគប់ដុំថ្ម និងផាវលើកម្លាំងសន្តិសុខ។លោក ថូម៉ាស អូបហ្សានស្គី (Tomasz Obszanski) មេដឹកនាំសហជីពកសិករបានប៉ាន់ប្រមាណថាអ្នកតវ៉ាមានចំនួនច្រើនម៉ឺននាក់ ខណៈដែលក្រុមមន្ត្រីទីក្រុងវ៉ាសូវី បាននិយាយថាអ្នតវ៉ាមានចំនួនប្រហែល ៣០.០០០ នាក់។កសិករនៅទូទាំងសហភាពអឺរ៉ុប បាននឹងកំពុងអំពាវនាវឱ្យមានការផ្លាស់ប្តូរការរឹតបន្តឹងដែលដាក់លើពួកគេដោយផែនការកិច្ចព្រមព្រៀងបៃតងរបស់ប្លុកដើម្បីដោះស្រាយបម្រែបម្រួលអាកាសធាតុ និងទាមទារឱ្យដំឡើងពន្ធគយឡើងវិញលើការនាំចូលផលិតផលកសិកម្មពីអ៊ុយក្រែនដែលត្រូវបានលើកលែង បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី៕

មនុស្ស៣នាក់បានស្លាប់ ក្នុងវាយប្រហារលើកដំបូងរបស់ក្រុមចលនាហ៊ូទី លើនាវាដឹកទំនិញនៅសមុទ្រក្រហម

2024/03/07 09:42:49 am        180
ទីបញ្ជាការកណ្ដាកសហរដ្ឋអាមេរិក បាននិយាយថា ការវាយប្រហារដោយមីស៊ីលរបស់ក្រុមឧទ្ទាមហ៊ូទី លើនាវាដឹកទំនិញនៅសមុទ្រក្រហមកាលពីថ្ងៃពុធទី៦មីនា បានសម្លាប់មនុស្ស៣នាក់ ជាការវាយប្រហារនាំឲ្យមានបាត់បង់ជីវិតមនុស្សលើកដំបូង ដែលត្រូវបានរាយការណ៍ ចាប់តាំងពីក្រុមឧទ្ទាមហ៊ូទី គាំទ្រដោយអ៊ីរ៉ង់ បានចាប់ផ្ដើមវាយប្រហារលើនាវាដឹកទំនិញ នៅក្នុងផ្លូវទឹកដ៏មមាញឹកបំផុតមួយរបស់ពិភពលោក។ ក្រុមចលនាហ៊ូទី បានអះអាងថាខ្លួនជាអ្នកវាយប្រហារ ដែលបានធ្វើឱ្យនាវា True Confidence មានទង់ជាតិរបស់ប្រទេសកោះ បាបាដូស (Barbados)ជាកម្មសិទ្ធិរបស់ក្រិក ឆេះសន្ធោសន្ធៅនៅចម្ងាយប្រហែល៥០ ម៉ាយក្បែរឆ្នេរសមុទ្រ នៃកំពង់ផែ អាដែន (Aden) របស់ប្រទេសយេម៉ែន។នៅក្នុងសារមុននេះ នៅលើបណ្ដាញសង្គម X ឆ្លើយតបទៅនឹងការអះអាងរបស់ក្រុមហ៊ូទី ស្ថានទូតអង់គ្លេសបានសរសេរថា យ៉ាងហោចណាស់នាវិកស្លូតត្រង់ ៣នាក់បានស្លាប់។ នេះគឺជាផលវិបាកដ៏ក្រៀមក្រំ ប៉ុន្តែជៀសមិនរួចរបស់ក្រុមហ៊ូទី បានបាញ់មីស៊ីលខ្វះការប្រុងប្រយ័ត្នទៅលើការដឹកជញ្ជូនអន្តរជាតិ។ ពួកគេត្រូវតែបញ្ឈប់សកម្មភាពបែបនេះ។ ក្រុម ហ៊ូទី បាននិងកំពុងវវាប្រហារលើនាវានានា នៅសមុទ្រក្រហមតាំងពីខែវិច្ឆិកាមក ជាអ្វីដែលពួកគេនិយាយថាជាយុទ្ធនាការសាមគ្គីភាពជាមួយពលរដ្ឋប៉ាឡេស្ទីនអំឡុងសង្គ្រាមនៅហ្កាហ្សា ដែលបង្កឡើងដោយការសម្លាប់រង្គាលកាលពីថ្ងៃទី ៧ ខែតុលារបស់ក្រុមហាម៉ាសនៅក្នុងទឹកដីអ៊ីស្រាអែល។ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក បាននិងកំពុងចាប់ផ្តើមការវាយប្រហារសងសឹកប្រឆាំងនឹងក្រុមឧទ្ទាមហ៊ូទី ហើយការបញ្ជាក់ពីអ្នកស្លាប់អាចនាំឱ្យមានសម្ពាធសម្រាប់សកម្មភាពយោធាកាន់តែខ្លាំង៕

ប្រជាជនស៊ូដង់ រាប់លាននាក់កំពុងស្រេកឃ្លាន ដោយសារសង្រ្គាមរំខានដល់ការផ្គត់ផ្គង់ស្បៀងអាហារ

2024/03/07 09:38:02 am        133
ពលរដ្ឋស៊ូដង់ រាប់លាននាក់កំពុងស្រេកឃ្លាននៅតំបន់មួយចំនួននៃប្រទេសស៊ូដង់ ដែលរងគ្រោះខ្លាំងបំផុតដោយសង្គ្រាម ដែលបានផ្ទុះឡើងកាលពីខែមេសាកន្លងទៅ រួមទាំងតំបន់នៅក្នុងរដ្ឋធានីខាទុម និងនៅតំបន់ វេស ដាហ្វឺ (West Darfur) ជាទីដែលអ្នកស្រុកតាមតំបន់មួយចំនួនមិនទទួលបានជំនួយទាល់តែសោះចាប់តាំងពីសង្រ្គាមបានចាប់ផ្ដើមមក។នៅក្នុងរដ្ឋធានីរបស់ប្រទេសស៊ូដង់ មនុស្សរាប់សែននាក់ប្រឈមមុខនឹងការលំបាកប្រចាំថ្ងៃក្នុងការស្វែងរកអាហារ ខណៈផ្ទះបាយសហគមន៍ដែលពួកគេពឹងអាស្រ័យ ត្រូវបានគំរាមកំហែងដោយការផ្គត់ផ្គង់ធ្លាក់ចុះ និងការដាច់ទំនាក់ទំនងនៅទូទាំងប្រទេសជាច្រើនសប្តាហ៍ថ្មីៗនេះ។ចំនួនប្រជាជនស៊ូដង់ ប្រឈមមុខនឹងកម្រិតនៃភាពអត់ឃ្លានក្នុងគ្រាអាសន្ន ដែលជាដំណាក់កាលមួយមុនកម្រិតទុរ្ភិក្ស បានកើនឡើងច្រើនជាងបីដងក្នុងមួយឆ្នាំរហូតដល់ជិត ៥ លាននាក់ នេះបើយោងតាមការដាក់បញ្ចូលដំណាក់កាលសន្តិសុខស្បៀងអាហារ ដែលជាសន្ទស្សន៍សន្តិសុខស្បៀងទទួលស្គាល់ជាសកល។ទីភ្នាក់ងារជំនួយជាច្រើន ដែលនិយាយថាពួកគេមិនអាចផ្តល់ស្បៀងអាហារទៅកាន់តំបន់ជាច្រើននៃប្រទេសដែលហែកហួរដោយសង្រ្គាមនេះ កំពុងព្រមានថាភាពអត់ឃ្លានកាន់តែអាក្រក់ទៅៗ ក្នុងពេលរដូវចាប់ផ្ដើមដាំដុះពីខែមេសា ដល់ខែកក្កដា របស់ប្រទេសស៊ូដង់ជិតមកដល់ ដោយសារនោះជាពេលវេលានៃឆ្នាំដែលអាហារមានតិចបំផុតព្រោះកសិករកំពុងដាំដុះ៕

អាមេរិក ជំរុញនាយករដ្ឋមន្ត្រីហៃទី ឱ្យពន្លឿនការផ្ទេរអំណាច ខណៈក្រុមជនអន្ធពាលគំរាមធ្វើសង្គ្រាមស៊ីវិល

2024/03/07 09:29:26 am        154
សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃពុធ (០៦ មីនា) ថាខ្លួនកំពុងអំពាវនាវឱ្យនាយករដ្ឋមន្រ្តីហៃទី លោក អារៀល ហិនរី (Ariel Henry) ពន្លឿនការផ្លាស់ប្តូរនយោបាយ ខណៈក្រុមជនអន្ធពាលប្រដាប់អាវុធស្វះស្វែងរកការបណ្តេញលោកចេញពីតំណែង ស្របពេលមានការដួលរលំនៃសន្តិសុខ និងវិបត្តិមនុស្សធម៌នៅក្នុងប្រទេសសមុទ្រការ៉ាអ៊ីបមួយនេះ។លោក ហិនរី ដែលជាមេដឹកនាំបណ្តោះអាសន្ន និងមិនបានជាប់ឆ្នោតរបស់ប្រទេសហៃទី បានស្ថិតនៅក្នុងទឹកដីសហរដ្ឋអាមេរិក នៃដែនដីព័រតូរីកូ ចាប់តាំងពីថ្ងៃអង្គារ ហើយទំនងជាមិនអាច ឬមិនចង់ត្រឡប់ទៅប្រទេសដែលហែកហួរដោយជម្លោះរបស់ខ្លួនវិញនោះទេ ខណៈក្រុមជនអន្ធពាលហៃទីបានព្រមានថាប្រសិនបើលោក ហិនរី មិនលាលែងពីតំណែង ហើយប្រទេសនានានៅតែបន្តគាំទ្រលោកនោះ វាអាចនាំឱ្យមានសង្គ្រាមស៊ីវិល។អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយថា សហរដ្ឋអាមេរិកមិនបានជំរុញឱ្យលោក ហិនរី លាលែងពីតំណែងនោះទេ ប៉ុន្តែចង់ឱ្យលោក «ពន្លឿន» ការផ្លាស់ប្តូរអំណាចនយោបាយ ហើយអាមេរិក នឹងមិនជួយនាយករដ្ឋមន្រ្តីបណ្តោះអាសន្នរបស់ហៃទីរូបនេះត្រឡប់ទៅប្រទេសកំណើតវិញឡើយ។លោក ហិនរី ដែលកាន់អំណាច ប៉ុន្តែមិនបានជាប់ឆ្នោតចាប់តាំងពីការធ្វើឃាតប្រធានាធិបតី ហូវ៉េនែល ម៉យសេ (Jovenel Moise) ក្នុងឆ្នាំ២០២១មក បានពន្យារពេលការបោះឆ្នោតដែលខ្លួនបានសន្យា ដោយនិយាយថាស្ថេរភាពសន្តិសុខត្រូវតែបង្កើតឡើងជាមុនសិនសម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌៕

អាមេរិក៖ បទឈប់បាញ់នៅហ្កាហ្សាអាចកើតឡើង ខណៈអាហ្វ្រិកខាងត្បូង ស្នើឲ្យតុលាការពិភពលោកធ្វើអន្តរាគមន៍ជាថ្មី

2024/03/07 08:15:10 am        197
កាលពីពុធទី៦មីនា សហរដ្ឋអាមេរិក បាននិយាយថា ការចរចាស្ដីពីបទឈប់បាញ់និងដោះលែងចំណាប់ខ្មាំងនៅក្នុងតំបន់ហ្កាហ្សា នៅតែអាចឈានដល់កិច្ចព្រមព្រៀងរវាងក្រមហាម៉ាស និងអ៊ីស្រាអែល ខណៈស្ថានភាពវិបត្តិមនុស្សធម៌ក្នុងតំបន់រងការឡោមព័ទ្ធមួយនេះ បានជំរុញឲ្យអាហ្វ្រិកខាងត្បូងស្នើជាថ្មីឲ្យតុលាការពិភពលោកចាត់វិធានការបន្ទាន់នានា។ ក្រុមអ្នកចរចាមកពីក្រុមសកម្មប្រយុទ្ធហាម៉ាស ប្រទេសកាតា និងអេហ្ស៊ីប ដោយគ្មានវត្តមានអ៊ីស្រាអែល កំពុងព្យាយាមសម្រេចឲ្យបានបទឈប់បាញ់រយៈពេល៤០ថ្ងៃ សម្រាប់ឱកាសនៃពីធីបុណ្យខែតបអាហារ រ៉ាម៉ាដាន( Ramadan)របស់មូស្លីមសាសនិក ដែលនឹងចាប់ផ្ដើមនៅដើមសប្ដាហ៍ក្រោយ។ ទោះបីបរិយាកាសការចរចាហាក់នៅត្រឹងយ៉ាងណាក្ដី សហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃពុធថា កិច្ចព្រមព្រៀងបទឈប់បាញ់នៅតែអាចកើតឡើងបាន។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ម៉ាត់ស៊ូ មីល័រ (Matthew Miller) បាននិយាយនៅក្នុងទីក្រុងវ៉ាស៊ីនតោនថា យើងនៅតែបន្តជឿថា ឧបសគ្គនានាសុទ្ធតែអាចឆ្លងកាត់បាន ហើយកិច្ចព្រមព្រៀងមួយនឹងអាចសម្រេចបាន ដូច្នេះយើងនឹងបន្តជំរុញទៅមុខ។ ប៉ុន្តែប្រទេសអាហ្វ្រិកខាងត្បូង ដែលកាលពីខែមករា បាននាំសំណុំរឿងមួយទៅកាន់តុលាការយុត្តិធម៌ពិភពលោកក្នុងទីក្រុងឡាអេ ដោយចោទប្រកាន់អ៊ីស្រាអែលពីបទប្រព្រឹត្តអំពើប្រល័យពូជសាសន៍ក្នុងតំបន់ហ្កាហ្សា កាលពីថ្ងៃពុធ សប្ដាហ៍នេះ បានស្នើដល់តុលាការនេះជាថ្មីឲ្យមានបទបញ្ជាគ្រាអាសន្នបន្ទាន់ រួមទាំងបញ្ឈប់ការប្រយុទ្ធគ្នា ព្រោះជនស៊ីវិលប៉ាឡេស្ទីន កំពុងប្រឈមនឹងការអត់ឃ្លានរហូតដល់ស្លាប់៕

អគ្គីភ័យឆាប់ឆេះផ្ទះពលរដ្ឋ ជាប់របងម៉ុងឌីយ៉ាល់ ខូចខាតផ្ទះអស់៥ខ្នង

2024/03/06 05:42:31 pm        29
ភ្នំពេញ៖លំនៅឋានធ្វើពីឈើប្រក់ស័ង្កសីសង់ជាប់ៗគ្នា នៅក្រោយរបងនៅក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ត្រូវបានអគ្គីភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលអោយផ្ទះចំនួន៥ខ្នងរងការខូចខាតអស់ទាំងស្រុង ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤និង១០នាទីល្ងាច ថ្ងៃទី០៦ខែមិនា ឆ្នាំ២០២៤នេះហើយ រថយន្តពន្លត់អគ្គីភ័យ ជាច្រើនគ្រឿងបានទៅអន្តរាគមន៍ បាញ់ពន្លត់។តាមប្រភពបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញ ភ្លើង បានឆាបឆេះចេញពីជាប់ទី១នៃផ្ទះឈើមួយខ្នងដែលម្ចាស់បិទទ្វារទុកចោល ហើយ បានឆេះរាល់ដាល់យ៉ាងរហ័ស ទៅផ្ទះផ្សេងទៀត ដែលនៅជាប់នោះ យ៉ាងសន្ធោសន្ធៅ ។ភ្លាមៗ បង្កអោយមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនាំគ្នា ជញ្ជូនអីវ៉ាន់ចេញ និងទាក់ទងរថយន្តទៅអន្តរាគមន៍។ តាមនគរបាលការិយាល័យ បង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញបានអោយដឹងថា នៅក្នុងហេតុការណ៍នេះ រថយន្ត ពន្លត់អគ្គីភ័យ ប្រមាណជិត២០គ្រឿងបានទៅអន្តរាគមន៍បាញ់ពន្លត់។តាមនគរបាលបានអោយដឹងទៀតថា ផ្ទះដែលត្រូវភ្លើង ឆេះជាប្រភេផ្ទះធ្វើពីឈើលើថ្មក្រោម ប្រក់ស័ង្កសី ដែលបានសង់ជាប់ៗគ្នា តាមផ្លូវឌឿងហែម ។អគ្គិភ័យ នេះបានបំផ្លាញផ្ទះអស់៥ខ្នង អស់ទាំងស្រុង រួមជាមួយ សម្ភារះមួយចំនួនទៀត ។ទាក់ទិនការកើតមានអគ្គីភ័យនេះ សមត្ថកិច្ចពុំទាន់ដឹងពីមូលហេតុ អ្វីឡើយ កំពុងតែ ស្រាវជ្រាវ ។ទោះបីជាយ៉ាងណាគេមានការសង្ស័យ ថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕ អត្ថបទ៖ កុម្ភៈ

ពលរដ្ឋស្រេកឃ្លានរបស់ហ្កាហ្សា ទន្ទឹងរង់ចាំជំនួយ ទោះជាបន្ទាប់ពីការស្លាប់រយនាក់ក្នុងក្បួនជំនួយក៏ដោយ

2024/03/06 02:54:13 pm        62
ហ្វូងមនុស្សបានរត់កាត់ផ្លូវទីក្រុងហ្កាហ្សា ដែលពោរពេញដោយគំនរបាក់បែក និងសំណល់គ្រាប់កាំភ្លើង ក្នុងក្តីសង្ឃឹមថានឹងទៅដល់ក្បួនជំនួយដ៏កម្រមួយ ដោយកំពុងប្រថុយជីវិតរបស់ពួកគេដើម្បីទទួលបានអាហារសម្រាប់ក្រុមគ្រួសារដែលកំពុងស្រេកឃ្លាន ខណៈទុរ្ភិក្សបានកើតឡើងរយៈពេលប្រាំខែក្នុងយុទ្ធនាការយោធារបស់អ៊ីស្រាអែល និងបន្ទាប់ពីអ្នកចាំយកជំនួយជាង ១០០ នាក់បានស្លាប់។ការផ្តល់ជំនួយនៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីនបានដួលរលំ ដោយមានតែមួយភាគប៉ុណ្ណោះនៃស្បៀងអាហារដែលត្រូវការ បានចូលក្នុងទីក្រុង និងមានជំនួយតិចតួចបំផុតទៅដល់តំបន់ភាគខាងជើង ជាទីដែលមន្ទីរពេទ្យនិយាយថាកុមារបានចាប់ផ្តើមស្លាប់ដោយសារកង្វះអាហារូបត្ថម្ភ។ការស្លាប់របស់អ្នកស្វែងរកជំនួយប៉ាឡេស្ទីនជាង ១០០ នាក់ បានទាក់ទាញការផ្តោតអារម្មណ៍ជាថ្មីលើកំហុសឆ្គងក្នុងការផ្ដល់ជំនួយនៅហ្កាហ្សា ជាទីងដែលអង្គការសហប្រជាជាតិត្អូញត្អែរពី «ឧបសគ្គដ៏ច្រើនលើសលប់» ខណៈពេលដែលអ៊ីស្រាអែលនិយាយថាខ្លួនកំពុងព្យាយាមអស់ពីសមត្ថភាព ហើយថាអង្គការសហប្រជាជាតិ ទទួលខុសត្រូវចំពោះការដឹកជញ្ជូន។ភាពអត់ឃ្លានខិតជិតដល់កម្រិតមហន្តរាយនៅក្នុងផ្នែកខ្លះនៃតំបន់ហ្កាហ្សា ហើយជំនួយដ៏ច្រើនជាប់គាំងនៅក្នុងឃ្លាំងរង់ចាំការចែកចាយ ខណៈលំហូរនៃការផ្គត់ផ្គង់បានថយចុះដល់កម្រិតយឺតបំផុតមួយ៕

អាកាសធាតុមិនអំណោយផលខ្លាំងបន្ទាប់ពីរដូវរងា បណ្តាលឲ្យមនុស្សរាប់សិបនាក់ស្លាប់នៅអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន

2024/03/06 02:28:44 pm        76
ការធ្លាក់ព្រិល និងភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៨០នាក់ស្លាប់ នៅក្នុងប្រទេស អាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន ខណៈអាកាសធាតុមិនអំណោយផលខ្លាំង បានបំផ្លិចបំផ្លាញនៅក្នុងប្រទេសទាំងពីរនេះ។ ទឹកជំនន់ បានជន់លិចសហគមន៍ជាច្រើន និងបង្ខំពលរដ្ឋភៀសខ្លួនចេញ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈព្យុះព្រិល និងបំណាក់ដីនៅតំបន់ភ្នំ បានបិទផ្លូវហាយវ៉េសំខាន់ៗ។ កាលពីថ្ងៃទី ៥ ខែមីនា នាយករដ្ឋមន្ត្រីដែលទើបជាប់ឆ្នោតរបស់ប្រទេសប៉ាគីស្ថាន លោក ស្សេបាស ហ្សារីហ្វ(Shehbaz Sharif) បានចុះពិនិត្យទីក្រុងឆ្នេរ Gwadar ភាគខាងត្បូង ដែលបានជន់លិច បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃទី ២៨ ខែកុម្ភៈ។ មន្ត្រីរដ្ឋបាលតំបន់ និយាយថា លំនៅឋានរាប់រយខ្នង ត្រូវបានជន់លិចដោយទឹកជំនន់ ដែលបង្ខំឱ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួនចេញពីទីក្រុង។ មន្ត្រីនិយាយថា ទឹកជំនន់ បានបណ្តាលឲ្យមនុស្ស ៥នាក់ស្លាប់ និងបានជន់លិច ឬធ្វើឲ្យខូចខាតលំនៅឋានជាង ៣.២០០ខ្នង នៅទីក្រុងឆ្នេរ Gwadar និងនៅទីក្រុង Jiwani និងទីក្រុង Pasni ដែលនៅក្បែរនោះ។ នៅប្រទេសអាហ្វហ្គានីស្ថានដែលនៅជិតខាង ការធ្លាក់ព្រិលខ្លាំងនាពេលថ្មីៗនេះ បានបណ្តាលឲ្យឱ្យមនុស្ស ៣៩នាក់ បាត់បង់ជីវិតនៅក្នុងខេត្តផ្សេងៗគ្នា ខណៈមនុស្សរាប់សិបនាក់ផ្សេងទៀតបានរងរបួស។ លោក Janan Sayeq អ្នកនាំពាក្យក្រសួងគ្រប់គ្រងគ្រោះមហន្តរាយ ដឹកនាំដោយក្រុមតាលីបង់ បាននិយាយថា ព្រិលនិងភ្លៀងកាលពីពេលថ្មីៗនេះ បានបំផ្លាញលំនៅឋានចំនួន ៦៣៧ខ្នងទាំងស្រុង ឬដោយផ្នែក និងបានបណ្តាលឲ្យសត្វពាហនៈជាង ១៤.០០០ក្បាលងាប់។ ប្រទេសនៅជិតខាងទាំងពីរនេះ ស្ថិតក្នុងចំណោមប្រទេសមួយចំនួន ដែលងាយរងគ្រោះបំផុតចំពោះបម្រែបម្រួលអាកាសធាតុ។ ប្រទេសទាំងពីរ ជារឿយៗប្រឈមមុខទៅនឹងការរញ្ជួយដី គ្រោះរាំងស្ងួត ទឹកជំនន់ បំណាក់ដី និងគ្រោះមហន្តរាយធម្មជាតិផ្សេងៗទៀត។

ក្រុមគាំទ្រប៉ាឡេស្ទីន ប្តឹងកាណាដា ជុំវិញការនាំចេញគ្រឿងយុទ្ធោបករណ៍ទៅអ៊ីស្រាអែល

2024/03/06 02:26:13 pm        75
ក្រុមតស៊ូមតិគាំទ្រប៉ាឡេស្ទីន និងសិទ្ធិមនុស្ស នៅប្រទេសកាណាដា កាលពីថ្ងៃអង្គារ (០៥ មីនា) បានដាក់ពាក្យប្តឹងរដ្ឋាភិបាលសហព័ន្ធដើម្បីបញ្ឈប់កាណាដា ពីការអនុញ្ញាតឱ្យក្រុមហ៊ុននាំចេញទំនិញយោធា និងបច្ចេកវិទ្យាទៅកាន់អ៊ីស្រាអែល។ពាក្យបណ្តឹង ដែលដាក់ក្នុងតុលាការសហព័ន្ធនេះបានលើកហេតុផលថា ច្បាប់របស់ប្រទេសកាណាដារារាំងការនាំចេញយោធាទៅកាន់អ៊ីស្រាអែល ដោយសារតែមាន «ហានិភ័យធំៗ» ដែលគ្រឿងយុទ្ធោបករណ៍ទាំងនោះអាចត្រូវបានគេប្រើប្រាស់ដើម្បីបំពានច្បាប់អន្តរជាតិ និងប្រព្រឹត្តអំពើហឹង្សាធ្ងន់ធ្ងរលើស្ត្រី និងកុមារ នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីអ្នកដាក់ពាក្យបណ្តឹង។ចាប់តាំងពីសង្រ្គាមហ្កាហ្សា បានចាប់ផ្ដើមមក ទីក្រុងអូតាវ៉ា បានយល់ព្រមលើការនាំចេញយ៉ាងហោចណាស់ចំនួន ២៨,៥ លានដុល្លារកាណាដា (២១ លានដុល្លារអាមេរិក) នៃការអនុញ្ញាតថ្មីសម្រាប់ការនាំចេញយោធាទៅកាន់អ៊ីស្រាអែល ដែលច្រើនជាងតម្លៃនៃការអនុញ្ញាតកាលពីឆ្នាំមុន។ យុទ្ធនាការយោធារបស់អ៊ីស្រាអែល បានជំរុញឲ្យមានការតវ៉ាគាំទ្រប៉ាឡេស្ទីនជាប្រចាំនៅក្នុងទីក្រុងធំៗរបស់កាណាដា។ លោកនាយករដ្ឋមន្ត្រី ចាស្ទីន ទ្រូដូ (Justin Trudeau) បាននិយាយយ៉ាងជាប់លាប់ថា អ៊ីស្រាអែល មានសិទ្ធិការពារខ្លួនបន្ទាប់ពីការវាយលុករបស់ពួកហាម៉ាស កាលពីខែតុលា៕

តុលាការព្រហ្មទណ្ឌអន្តរជាតិ ចេញដីកាចាប់ខ្លួនមន្ត្រីរុស្ស៊ី២នាក់

2024/03/06 02:16:05 pm        95
តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនមន្ត្រីជាន់ខ្ពស់រុស្ស៊ីចំនួនពីររូប។ តុលាការ បានធ្វើសេចក្តីប្រកាសនេះ កាលពីថ្ងៃអង្គារ។ រដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) កំពុងចោទប្រកាន់ លោក សឺហ្កេ កូប៊ីឡាស់ (Sergei Kobylash) និងលោក វីកទ័រ សូកូឡូវ(Viktor Sokolov) ក្រោមការទទួលខុសត្រូវ ដែលគ្របដណ្តប់ការវាយប្រហារលើ «ទ្រព្យសម្បត្តិស៊ីវិល»។ ទាំងនោះរួមមាន គោលដៅមិនមែនយោធា ដូចជាលំនៅឋាន សាលារៀន ឬទីកន្លែងគោរពបូជា។ លោក Kobylash គឺជាប្រធានផ្នែកកងទ័ពអាកាសនៅក្នុងកងកម្លាំងអវកាសរុស្ស៊ី ហើយ លោក Sokolov បានបញ្ជាកងទ័ពជើងទឹកនៅសមុទ្រខ្មៅ នៅពេលនៃការវាយប្រហារដែលកំពុងស្ថិតក្រោមការស៊ើបអង្កេត ចន្លោះខែតុលា ឆ្នាំ ២០២២ ដល់ខែមីនា ឆ្នាំ ២០២៣។ ចៅក្រម និយាយថា មានហេតុផលសមស្រប ដើម្បីជឿថា អ្នកទាំងពីរទទួលខុសត្រូវចំពោះការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី។ ប្រធានរដ្ឋអាជ្ញារបស់តុលាការ លោក Karim Khan បានធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីស៊ើបអង្កេតការខូចខាតបណ្តាញអគ្គិសនី។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានស្វាគមន៍ចំពោះសេចក្តីសម្រេច របស់តុលាការ ដោយលោក បាននិយាយថា ឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ របស់រុស្ស៊ី គឺជាក់ស្តែង ហើយ «ឃាតករត្រូវតែទទួលខុសត្រូវ» ។ រុស្ស៊ី ពុំមែនជាសមាជិកនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC) នោះទេ ហើយមេដឹកនាំនៅវិមានក្រឹមឡាំង មិនទទួលស្គាល់អំណាចរបស់តុលាការនេះឡើយ។ ពួកគេទំនងជា មិនប្រគល់ជនសង្ស័យឲ្យទៅកាត់ទោស នៅទីក្រុងឡាអេ នោះទេ។តុលាការ បានចេញដីកា កាលពីឆ្នាំមុន សម្រាប់ប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន និងមន្ត្រីជាន់ខ្ពស់ម្នាក់ផ្សេងទៀត ជុំវិញការនិរទេសកុមារអ៊ុយក្រែនទៅកាន់ប្រទេសរបស់ពួកគេ ហើយរុស្ស៊ី បានសងសឹកចិញ ដោយចេញដីកាសម្រាប់ចៅក្រមនិងប្រធានរដ្ឋអាជ្ញាតុលាករព្រហ្មទណ្ឌអន្តរជាតិ(ICC) ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ស្ថានភាពព្រំដែននៅតំបន់អូរភ្លុកដំរី ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទីតាំងរងការវាយប្រហារ និងកំពុងកាន់កាប់ដោយខុសច្បាប់ដោយយោធាថៃ
06/06/2026 06:06 PM
ឯកអគ្គរដ្ឋទូត៖ ប៉ាគីស្ថាននៅតែរក្សាទំនាក់ទំនងជាមួយរុស្ស៊ីជុំវិញបញ្ហាអ៊ីរ៉ង់
06/06/2026 04:06 PM
CENTCOM៖ សហរដ្ឋអាមេរិកបានបាញ់ទម្លាក់មីស៊ីលអ៊ីរ៉ង់ដែលបាញ់ឆ្ពោះទៅប្រទេសកូវ៉ែត និងបារ៉ែន
06/06/2026 04:06 PM
ឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
06/06/2026 04:06 PM
ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»
06/06/2026 04:06 PM
លោក PUTIN៖ រុស្ស៊ីនឹងបន្តសាងសង់រោងចក្រនុយក្លេអ៊ែរនៅក្នុងប្រទេសអ៊ីរ៉ង់ នៅពេលស្ថានការណ៍ស្ងប់ស្ងាត់
06/06/2026 04:06 PM
សារព័ត៌មាន Politico ៖ ប្រទេសណាតូកំពុងពិភាក្សាអំពីកញ្ចប់ជំនួយហិរញ្ញវត្ថុចំនួន ៧០ ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែន
06/06/2026 03:06 PM
អៀរឡង់ដាក់បម្រាមធ្វើដំណើរលើរដ្ឋមន្ត្រីអ៊ីស្រាអែលពីររូបមិនឲ្យចូលប្រទេសនេះ
06/06/2026 03:06 PM
ទីប្រឹក្សាមេដឹកនាំកំពូលអ៊ីរ៉ង់អំពាវនាវឲ្យលោក TRUMP បញ្ឈប់ការបិទច្រកសមុទ្រហ័រមូស និងដោះលែងទ្រព្យសកម្មរបស់ក្រុងតអេរ៉ង់
06/06/2026 03:06 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ អ៊ីរ៉ង់ច្រានចោលការអះអាងដែលថា ខ្លួនយល់ព្រមប្រគល់សារធាតុអ៊ុយរ៉ានីញ៉ូមឲ្យទៅប្រទេសទី៣
06/06/2026 02:06 PM