ឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
ដើមខែមិថុនានេះ កម្លាំងនគរបាលរាជធានីបង្ក្រាបគ្រឿងញៀន០៥ករណី ឃាត់មនុស្ស២៤នាក់ និងដកហូតគ្រឿងញៀន៦៦គីឡូក្រាម
បង្ក្រាបជនជាតិចិន០៤នាក់ ជាក្រុមត្រៀមរៀបចំផែនការណ៍ចាប់ជំរិត តែត្រូវទប់ស្កាត់ទាន់ពេល
សមត្ថកិច្ចខេត្តស្វាយរៀងបន្តចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឃាត់ខ្លួនជនសង្ស័យជនជាតិចិន វៀតណាម និងខ្មែរចំនួន ៧៣នាក់

សន្តិសុខ និង សង្គម

ក្រុមចលនាហ៊ូទី ប្ដេជ្ញាឆ្លើយតបវិញ ក្រោយអាមេរិក និងអង់គ្លេស វាយប្រហារលើគោលដៅរាប់សិបកន្លែងនៅយេម៉ែន

2024/02/05 09:07:59 am        156
ក្រុមចលនាឧទ្ទាមហ៊ូទី(Houthis)របស់ប្រទេសយេម៉ែន បាននិយាយកាលពីថ្ងៃអាទិត្យ ទី ៤ ខែកុម្ភៈ ថា ការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិក និងអង់គ្លេស នឹងមិនអាចរារាំងពួកគេបានឡើយហើយបានប្តេជ្ញាឆ្លើយតប បន្ទាប់ពីគោលដៅរាប់សិបកន្លែងត្រូវបានវាយប្រហារជាការសងសឹកចំពោះក្រុមឧទ្ទាមនានាគាំទ្រដោយអ៊ីរ៉ង់ ដែលបើកការវាយប្រហារនៅសមុទ្រក្រហមជាថ្មី។ ការវាយឆ្មក់តាមអាកាសរួមគ្នាក្នុងប្រទេសយេម៉ែនកាលពីល្ងាចថ្ងៃសៅរ៍ ដែលអ៊ីរ៉ង់បានថ្កោលទោសបានធ្វើឡើងបន្ទាប់ពីរលកដាច់ដោយឡែកនៃការវាយប្រហារដោយឯកតោភាគីរបស់អាមេរិកប្រឆាំងនឹងគោលដៅនានាដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដោយយានដ្រូនដែលបានសម្លាប់ទាហានអាមេរិកបីនាក់នៅហ្ស៊កដានី។ នេះជាលើកទីបីហើយដែលកងកម្លាំងអង់គ្លេស និងអាមេរិក បានរួមដៃគ្នាតម្រង់គោលដៅទៅលើក្រុមឧទ្ទាមហ៊ូទី ដែលការវាយប្រហាររបស់ក្រុមនេះក្នុងបំណងបង្ហាញសាមគ្គីភាពជាមួយប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សាដែលរងការគ្រោះដោយសង្រ្គាម បានរំខានដល់ពាណិជ្ជកម្មពិភពលោក។ សហរដ្ឋអាមេរិក ក៏បានបើកការវាយឆ្មក់តាមអាកាសជាបន្តបន្ទាប់ផងដែរ ប្រឆាំងនឹងក្រុមឧទ្ទាមក្នុងប្រទេសយេម៉ែនដោយខ្លួនឯង ប៉ុន្តែការវាយប្រហាររបស់ក្រុមនេះ លើផ្លូវពាណិជ្ជកម្មសមុទ្រក្រហមដ៏សំខាន់នៅតែបន្តកើតមាន។ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសដទៃទៀត ដែលផ្តល់ការគាំទ្រសម្រាប់ប្រតិបត្តិការនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារកាលពីថ្ងៃសៅរ៍បានដាក់គោលដៅ ចំនួន ៣៦ របស់ក្រុមហ៊ូទី នៅទូទាំង ១៣ ទីតាំងក្នុងប្រទេសយេម៉ែន ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារបន្តរបស់ក្រុមឧទ្ទាមហ៊ូទី ប្រឆាំងនឹងការដឹកជញ្ជូនអន្តរជាតិ និងពាណិជ្ជកម្ម ព្រមទាំងនាវាកងទ័ពជើងទឹកដែលឆ្លងកាត់សមុទ្រក្រហម ៕

សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ៤នាក់ដកហូតគ្រឿងញៀនជាង១០គីឡូក្រាម

2024/02/03 04:15:33 pm        334
ភ្នំពេញ ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យ ៤នាក់ជាបន្តបន្ទាប់ ដកហូតគ្រឿងញៀនជាង ១០គីឡូក្រាម ។នគរបាលប្រាប់ឲ្យដឹងថា ដោយអនុវត្តតាមបញ្ជានាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង២០ និង១៥នាទី កម្លាំងជំនាញ (ក១) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ស្រាវជ្រាវ បង្រ្កាបបទល្មើសគ្រឿងញៀម ៤គោលដៅផ្សេងគ្នានៅរាជធានីភ្នំពេញ ។នគរបាលប្រាប់បន្តឲ្យដឹងថា គោលដៅទី១៖ នៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ឃាត់ជនសង្ស័យឈ្មោះ ខាត់ សាវុធ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ វត្ថុតាងសារធាតុញៀនចំនួន ប្រភេទ MDMA សរុបចំនួន ៣០០កញ្ចប់ ទម្ងន់ ២ ៦២១.១០ក្រាម និងម៉ូតូកង់បី១គ្រឿង។ គោលដៅទី២៖ នៅវេលាម៉ោង២១៖១០នាទី បន្ទប់ជួលលេខ៨ ផ្លូវលំ ភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ឃាត់ជនសង្ស័យ ឈ្មោះ ច័ន្ទ សុភ័ក្រ ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ វត្ថុតាងសារធាតុញៀន ចំនួន ៨៧៣ កញ្ចប់ ទម្ងន់ ៧ ៦៤៥.៩៣ក្រាម និងម៉ូតូ១គ្រឿង។ គោលដៅទី៣៖ វេលាម៉ោង២២៖៣០នាទី ក្បែរផ្សារសូរិយា សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឃាត់ជនសង្ស័យ ឈ្មោះ វ៉ាន់ សុធារាជ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ។ គោលដៅទី៤៖ វេលាម៉ោង ២៣៖៣០នាទី ក្បែររង្វង់មូលនាងមច្ឆា សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឃាត់ជនសង្ស័យ ឈ្មោះ សុខ យ៉ាង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម ។ សរុបសារធាតុញៀនប្រភេទ (MDMA) ចំនួន ១ ១៧៣ កញ្ចប់ ស្មើ ទម្ងន់ជាង ១០គីឡូក្រាម ។ ចំពោះជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ ដោយ ៖ តារាវុទ្ធី

គ្រួសារអ្នកទិញលក់ត្រីមួយគ្រួសារនៅក្រុងពោធិ៍សាត់រងការបាញ់ប្រហារប៉ងសម្លាប់

2024/02/03 02:47:21 pm        524
ពោធិ៍សាត់៖ ក្រុមគ្រួសារអ្នកទិញលក់ត្រីនៅក្រុងពោធិ៍សាត់បានរងនូវការបាញ់ប្រហារប៉ុនប៉ងផ្តាច់ជីវិតទាំងគ្រួសារ ដោយសមត្ថកិច្ចខេត្តពោធិ៍សាត់បានដាក់ការសន្និដ្ឋានជំហានដំបូងអាចផ្តើមពីរឿងគំនុំ ប៉ុន្តែមុខសញ្ញជនដៃដល់មិនទាន់កំណត់បាននៅឡើយទេ ខណៈជនរងគ្រោះកំពុងសង្គ្រោះក្នុងមន្ទីរពេទ្យ។នគរបាលក្រុងពោធិ៍សាត់បានឱ្យដឹងថា ករណីនេះ ខ្មាន់កាំភ្លើងមិនស្គាល់មុខចំនួន ០៣នាក់ ប្រដាក់ដោយអាវុធខ្លីមិនស្គាល់ម៉ាក បានជិះម៉ូតូ ០១គ្រឿង មកឈប់មុខផ្ទះជនរងគ្រោះ រួចដើរចូលទៅបាញ់មនុស្សដែលកំពុងជួបជុំគ្នាទទួលទានអាហារពេលល្ងាច បណ្ដាលឲ្យរងរបួសចំនួន ០៣នាក់ នៅវេលាម៉ោងប្រមាណជាង ៧យប់ថ្ងៃទី០២ ខែមករា ម្សិលមិញ នៅតាមបណ្ដោយផ្លូវកៅ នៅភូមិបណ្ដុះសណ្ដែក សង្កាត់បន្ទាយដី ក្រុង-ខេត្តពោធិ៍សាត់។តាមរបាយការណ៍របស់នគរបាលបានឱ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍អំពើបាញ់ប្រហារមានចំនួន ០៣នាក់ ទី១- ឈ្មោះ ទិត្យ កុសល ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករទិញ-លក់ត្រី បានរងរបួសធ្ងន់កំពុងស្ថិតក្នុងស្ថានភាពសង្រ្គោះបន្ទាន់ ទី២- ឈ្មោះ ជា វួចហេង ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប្រពន្ធ និងទី- ៣ ឈ្មោះ ជា ណៃហួយ ភេទស្រី អាយុ ៦១ឆ្នាំ ជនជាតិខ្មែរ ត្រូវជាម្ដាយ រងរបួសកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។ តាមរយៈរូបភាពវីដេអូកាមេរ៉ាសុវត្ថិភាព បានបង្ហាញថា ខ្មាន់កាំភ្លើងមានគ្នា ០២នាក់ មធ្យោបាយដោយម៉ូតូ ០១គ្រឿង អ្នកបើកបរម៉ូតូពាក់មួកកាតិប ចំណែកអ្នករួមដំណើរ គឺជាជនដៃដល់ ពាក់អាវស ពាក់មួកសុវត្ថិភាព បានចុះពីម៉ូតូដើរសំដៅចូលទៅដោយមានកាន់អ្វី១ដុំដាក់ទៅលើតុហើយទាញមកវិញ ខណៈនោះក៏បានដកអាវុធខ្លីពីចង្កេះបាញ់សំដៅទៅក្រុមគ្រួសាររងគ្រោះចំនួន ០៦គ្រាប់ បណ្ដាលឲ្យរបួសដួលរដូករណែល ភ្លាមៗនោះជនបង្កបានរត់ឡើងម៉ូតូជិះគេចខ្លួនបាត់។ ក្រោយកើតហេតុបន្តិចសមត្ថកិច្ចបានចុះស្រាវជ្រាវជុំវិញករណីនេះ។ក្រុមគ្រូពេទ្យផ្នែកវះកាត់នៃមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ បានសង្គ្រោះដោយធ្វើការវះកាត់ភ្លាមៗជូនស្ត្រីរងគ្រោះដែលគ្រោះថ្នាក់ធ្ងន់ធ្ងរដោយសារគ្រាប់កាំភ្លើងធ្លាយចូលពីក្រោមឆ្អឹងជំនីខាងស្ដាំចេញនៅក្រោមឆ្អឹងជំនីផ្នែកខាងឆ្វេង។ ចំពោះស្ថានភាពអំឡុងពេលវះកាត់មានការហូរឈាមក្នុងពោះធ្ងន់ធ្ងរ បែកថ្លើមទាំងសងខាង ធ្លាយថង់ទឹកប្រម៉ាត់ និងធ្លាយក្រពះចំនួន ០៣កន្លែង ក្រោយការវះកាត់សភាពជនរងគ្រោះស្ថិតក្នុងការតាមដាន។បច្ចុប្បន្នករណីខនេះ សមត្ថកិច្ចចម្រុះខេត្តពោធិ៍សាត់ កំពុងសហការគ្នាក្នុងការស្រាវជ្រាវ ដើម្បីកំណត់អត្តសញ្ញាណជនដៃដល់ឈានដល់ចាប់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕ ពៅ ភិរុណ

ចាប់បានម្នាក់គេចខ្លួនម្នាក់ករណីគាស់ទម្លោះទម្លាយលួចយកសម្ភារៈនៅសង្កាត់ស្ទឹងមានជ័យទី៣

2024/02/03 10:24:02 am        113
ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី៣ ឃាត់ខ្លួនជនសង្ស័យម្នាក់ និងម្នាក់ទៀតគេចខ្លួនបាត់ករណីលួចមានស្ថានទម្ងន់ទោសគាស់ទម្លោះទម្លាយលួចយកសម្ភារៈ ។នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ប្រាប់ឲ្យដឹង នាព្រឹកថ្ងៃទី៣ កុម្ភៈ ថា កាលពីថ្ងៃទី១ ខែកុម្ភៈឆ្នាំ២០២៤ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹមានជ័យទី៣ ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកពីរនាក់ដែលបានធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋលួចយកទ្រព្យសម្បត្តិនៅចំណុចបន្ទប់ជួល ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ គង់ សាវីន ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិទ្រាបួនសង្កាត់ស្ទឹងទី៣ ខណ្ឌមានជ័យ ចំណែកជនសង្ស័យដែលគេចខ្លួនឈ្មោះ រ៉ុង ភេទប្រុស អាយុប្រហែល ២០ ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅមិនពិតប្រាកដ ។ ជនរងគ្រោះឈ្មោះ ហ៊ុល ពិសាល ភេទប្រុស អាយុ ៤៤ ឆ្នាំមុខរបរយោធា ស្នាក់នៅផ្ទះជួលភូមិទ្រាបួន សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យរាជធានីភ្នំពេញ ជនសង្ស័យសមត្ថកិច្ចកំពុងកសាងសុំរឿងបញ្ជូនដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ដោយ ៖ តារាវុទ្ធី

ក្រុមកសិករគប់ស៊ុត និងដុំថ្មលើសភាសហភាពអឺរ៉ុប តវ៉ាប្រឆាំងការដំឡើងពន្ធ និងទំនិញឡើងថ្លៃខណៈមានជំនួបកំពូល

2024/02/02 09:34:37 am        100
ប្រជាកសិករបានគប់ស៊ុត និងដុំថ្មទៅលើសភាអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ ដោយចាប់ផ្តើមបំពួកភ្លើងនៅជិតអគារ និងអុជកាំជ្រួចស្របពេលមានការតវ៉ាដើម្បីដាក់សម្ពាធលើកិច្ចប្រជុំកំពូលរបស់ក្រុមមេដឹកនាំសហភាពអឺរ៉ុប ឲ្យធ្វើការងារបន្ថែមទៀតក្នុងការជួយពួកគេទាក់ទងនឹងការដំឡើងពន្ធ និងការឡើងថ្លៃម្ហូបអាហារនៅលើទីផ្សារប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ។ កសិករពោពេញដោយកំហឹងបានដុតភ្លើងជាច្រើនកន្លែងនៅទីលានកណ្តាលទីក្រុងបព្រុចសែលកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ថ្ងៃទី១ ខែកុម្ភៈ ក្រោយមកត្រូវបានបណ្តេញចេញដោយនគរបាល បន្ទាប់ពីការតវ៉ាមួយថ្ងៃ ដែលបានធ្វើឱ្យកក្រើករដ្ឋធានីបែលហ្ស៊ិក។ ក្រុមអ្នកតវ៉ាបានព្យាយាមរុះរើរបាំងដែលបានដំឡើងនៅមុខសភា រារាំងប្លុកមួយចំនួន ជាទីតាំងដែលកិច្ចប្រជុំកំពូលកំពុងប្រព្រឹត្តទៅ ប៉ុន្តែកងកម្លាំងនគរបាល បានរុញពួកគេត្រឡប់ទៅវិញ ដោយប្រើ ទុយោទឹក។ នគរបាលក៏បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកផងដែរ។ មន្ត្រីម្នាក់ក្នុងតំបន់បាននិយាយថា រូបសំណាកមួយនៅលើទីលានដែលកសិករប្រមូលផ្តុំនៅជិតសភាជាមួយត្រាក់ទ័ររបស់ពួកគេត្រូវបានខូចខាត។ យោងតាមការប៉ាន់ប្រមាណរបស់នគរបាល ផ្លូវសំខាន់ៗនៅទីក្រុងព្រុចសែល ដែលជាបេះដូងនៃសហភាពអឺរ៉ុប ត្រូវបានរារាំងដោយត្រាក់ទ័រប្រហែល១.៣០០គ្រឿង ។ ក្រុមប្រជាកសិករនិយាយថា ពួកគេពុំបានទទួលប្រាក់ខែគ្រប់គ្រាន់ ហើយត្រូវជាប់ពន្ធទៀត និងច្បាប់បៃតងឬគោលនយោបាយបរិស្ថាន ប្រឈមនឹងការប្រកួតប្រជែងមិនយុត្តិធម៌ពីបរទេស៕

អ៊ីស្រាអែល ផ្តោតការវាយប្រហារលើក្រុង Rafah ខណៈក្រុមហាម៉ាស កំពុងថ្លឹងថ្លែងសំណើបទឈប់បាញ់

2024/02/02 09:29:09 am        126
អ៊ីស្រាអែល បានត្រៀមខ្លួនក្នុងការវាយរុលក្នុងសង្រ្គាមរបស់ខ្លួននៅតំបន់ហ្កាហ្សា នៅចុងភាគខាងត្បូងជិតព្រំដែនអេហ្ស៊ីប បន្ទាប់ពីបានអះអាងថាបានកម្ចាត់ក្រុមហាម៉ាស នៅក្រុងខាន់ យូនីស (Khan Younis) ខណៈកិច្ចខិតខំប្រឹងប្រែងការទូតក្នុងការស្វែងរកបទឈប់បាញ់ត្រូវបានពន្លឿន ហើយក្រុមហាម៉ាស កំពុងថ្លឹងថ្លែងសំណើបទឈប់បាញ់ដែលខ្លួនបានទទួល។រដ្ឋមន្ត្រីការពារជាតិ លោក យ៉ាវ ហ្កាឡាន់ (Yoav Gallant) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ថា ជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងពួកសកម្មប្រយុទ្ធប៉ាឡេស្ទីននៅក្នុងទីក្រុង ខាន់ យូនីស ភាគខាងត្បូងតំបន់ហ្កាហ្សា ជាទីដែលអ៊ីស្រាអែលបានបើកការវាយប្រហារថ្មើរជើងដ៏ធំកាលពីសប្តាហ៍មុន មានន័យថាកងកម្លាំងរបស់ខ្លួនអាចឈានទៅដល់ទីក្រុងរ៉ាហ្វាហ្វ (Rafah) នៅតាមព្រំដែនភាគខាងត្បូងនៃតំបន់នោះ។ជាងពាក់កណ្តាលនៃប្រជាជន ២,៣លាននាក់នៅតំបន់ហ្កាហ្សា កំពុងស្នាក់នៅក្នុងតំបន់នេះ ដែលភាគច្រើនកំពុងជួបការលំបាក និងភាពស្រេកឃ្លាននៅក្នុងតង់បណ្តោះអាសន្ន និងអគារសាធារណៈផ្សេងៗ។ ក្នុងពេលជាមួយគ្នានេះ អ្នកសម្របសម្រួលកាតា និងអេហ្ស៊ីប សង្ឃឹមថាមានការឆ្លើយតបជាវិជ្ជមានពីក្រុមហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្កាហ្សា ទៅនឹងសំណើជាក់ស្តែងដំបូងដើម្បីបញ្ឈប់ការបន្តប្រយុទ្ធ ដែលបានយល់ព្រមជាមួយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក ក្នុងកិច្ចពិភាក្សានៅទីក្រុងប៉ារីសកាលពីសប្តាហ៍មុន៕

គុយបាពន្យារពេលការដំឡើងថ្លៃប្រេងឥន្ធនៈនៅថ្ងៃទី ១ ខែកុម្ភៈ ដោយលើកឡើងពីការវាយប្រហារតាមអ៊ីនធឺណិត

2024/02/01 12:54:50 pm        273
អនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោកស្រី មីលដ្រេ ហ្ក្រាណាឌីឡូ(Mildrey Granadillo) បាននិយាយ កាលពីថ្ងៃពុធថា ប្រទេសគុយបា បានបិទការដំឡើងថ្លៃប្រេងសាំងកើនឡើង៥ដង ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី ១ ខែកុម្ភៈនេះ ដោយសារការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត។ លោកស្រី Granadillo បាននិយាយថា ការសម្រេចចិត្តនេះ ត្រូវបានទទួលរងឥទ្ធិពលដោយការកើតឡើងនៃឧបទ្ទវហេតុសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត នៅក្នុងបណ្តាញកុំព្យូទ័រ សម្រាប់ទីផ្សារប្រេងឥន្ធនៈ។ប្រទេសគុយបា កាលពីចុងខែធ្នូ បានប្រកាសនូវវិធានការជាបន្តបន្ទាប់ រួមទាំងការដំឡើងថ្លៃប្រេងឥន្ធនៈ និងតម្លៃដឹកជញ្ជូនសាធារណៈ ដើម្បីកាត់បន្ថយឱនភាពដែលធ្លាក់ជ្រៅ។ ក្រុមអ្នករិះគន់ បានចាត់ទុកវិធានការមានទំនោទៅរកអតិផរណា ថា ខុសពេលវេលា និងកង្វះការលើកទឹកចិត្ត សម្រាប់ការផលិតក្នុងស្រុក។លោកស្រី បាននិយាយនៅក្នុងនាទីចុងក្រោយនៃការផ្សាយព័ត៌មានពេលថ្ងៃត្រង់នៅលើកញ្ចក់ទូរទស្សន៍រដ្ឋ ថា ប្រេងឥន្ធនៈ នឹងនៅតែស្ថិតក្នុងតម្លៃបច្ចុប្បន្ន។

អគ្គិភ័យ មិនអាចគ្រប់គ្រងបាន ខណៈទីក្រុងឆ្នេរនៅអាហ្វ្រិកខាងត្បូង ប្រយុទ្ធទប់ស្កាត់អណ្តាតភ្លើង

2024/02/01 12:46:40 pm        226
ក្រុមអ្នកពន្លត់អគ្គិភ័យ បានប្រយុទ្ធដើម្បីទប់ស្កាត់ចំហេះព្រៃ ដែលកំពុងឆាបឆេះនៅទីក្រុងនានានៅតំបន់ឆ្នេរ Western Cape ប្រទេសអាហ្វ្រិកខាងត្បូង ចូលដល់ថ្ងៃទី ៣ កាលពីថ្ងៃពុធ។រដ្ឋមន្ត្រីបរិស្ថានប្រចាំតំបន់ បាននិយាយថា អគ្គិភ័យមិនអាចគ្រប់គ្រងបានទេ ប៉ុន្តែការជម្លៀសពលរដ្ឋចេញ បានជួយបញ្ចៀសការបាត់បង់អាយុជីវិត។លោកនិយាយបន្តថា បច្ចុប្បន្នអគ្គិភ័យមិនទាន់ស្ថិតនៅក្រោមការគ្រប់គ្រងនៅឡើយ។ លោក អាន់តុន ប្រេដែល(Anton Bredell) រដ្ឋមន្ត្រីកិច្ចការបរិស្ថាននិងផែនការអភិវឌ្ឍន៍តំបន់ Western Cape បានប្រាប់សារព័ត៌មានរ៉យទ័រថា វាហួសពីការគ្រប់គ្រងបាន នៅក្នុងតំបន់មួយចំនួន ប៉ុន្តែវាពុំមានហានិភ័យនៃការបាត់បង់អាយុជីវិត ឬខូចខាតទ្រព្យសម្បត្តិនាពេលនេះទេ។អាជ្ញាធរតំបន់ បានបញ្ជាឱ្យប្រជាជននៅក្នុងក្រុងដែលរងគ្រោះ ជម្លៀសខ្លួនទៅកាន់តំបន់មានសុវត្ថិភាពជាងនេះ។ ផ្សែងអ័ព្ទដ៏ក្រាស់ បានគ្របដណ្តប់លើផ្ទៃអាកាសនៅឆ្នេរ ប្រីនហ្គល(Pringle) និងឆ្នេរ Betty នៅក្បែរនោះ ហើយអគ្គិភ័យ ត្រូវបានគេឃើញនៅតាមតំបន់ជួរភ្នំ។ ឧទ្ធម្ភាគចក្រ កំពុងនាំយកទឹកពីមហាសមុទ្រនៅក្បែរនោះ ហើយទម្លាក់ទឹកទៅលើអគ្គិភ័យ។មូលហេតុនៃចំហេះព្រៃ កំពុងស្ថិតក្រោមការស៊ើបអង្កេត។ ចំហេះព្រៃ គឺជារឿងធម្មតានៅតំបន់ភ្នំ ជុំវិញទីក្រុង Cape Town និងតំបន់ឆ្នេរជុំវិញនោះ ក្នុងអំឡុងរដូវក្តៅ ដោយសារស្ថានភាពអាកាសធាតុស្ងួត មានខ្យល់បក់ និងក្តៅខ្លាំង។

អ៊ីស្រាអែល៖ ទីភ្នាក់ងារ UNRWA ត្រូវតែបិទ ខណៈយន្តហោះចម្បាំងអ៊ីស្រាអែល វាយប្រហារតំបន់ហ្កាហ្សា

2024/02/01 12:43:53 pm        220
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានអំពាវនាវកាលពីថ្ងៃពុធ ឲ្យបិទទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីន(UNRWA) ខណៈកងកម្លាំងរបស់លោក បានធ្វើការវាយប្រហារតាមអាកាសបន្ថែមទៀតទៅលើតំបន់ហ្កាហ្សា ក្នុងពេលមានកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត សម្រាប់បទឈប់បាញ់ និងការដោះលែងចំណាប់ថ្នូរ នៅក្នុងតំបន់ហ៊ុមព័ទ្ធនេះ។ ម្ចាស់ជំនួយរួមទាំងសហរដ្ឋអាមេរិក បានផ្អាកការផ្តល់មូលនិធិដោយរង់ចាំការស៊ើបអង្កេត ប៉ុន្តែទីភ្នាក់ងារផ្តល់ជំនួយទាំងអស់ និយាយថាការបញ្ចប់ប្រតិបត្តិការរបស់ទីភ្នាក់ងារ UNRWA នឹងបំផ្លាញកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ នៅក្នុងតំបន់ហ្កាហ្សា។ ប៉ាឡេស្ទីន បានចោទប្រកាន់អ៊ីស្រាអែលពីបទក្លែងបន្លំព័ត៌មានដើម្បីបង្ខូចឈ្មោះ ទីភ្នាក់ងារ UNRWA ដែលត្រូវបានបង្កើតឡើងដើម្បីជួយដល់ជនភៀសខ្លួនពីសង្គ្រាមនៅក្នុងការបង្កើតរបស់អ៊ីស្រាអែល ក្នុងឆ្នាំ ១៩៤៨ ហើយប្រជាជនជាងពាក់កណ្តាលនៅតំបន់ហ្កាហ្សាស្វែងរកជំនួយជាប្រចាំថ្ងៃ។ យោងតាមការិយាល័យបានឲ្យដឹងថា លោក Netanyahu បាននិយាយទៅកាន់គណៈប្រតិភូអង្គការសហប្រជាជាតិ ដែលមកធ្វើទស្សនកិច្ចថា «វាដល់ពេលហើយ ដែលសហគមន៍អន្តរជាតិ និងអង្គការសហប្រជាជាតិខ្លួនឯង យល់ថា បេសកកម្មរបស់ទីភ្នាក់ងារ UNRWA ត្រូវបញ្ចប់។ លោកបាននិយាយថា ទីភ្នាក់ងារ UNRWA គួរតែត្រូវបានជំនួសដោយទីភ្នាក់ងារផ្តល់ជំនួយផ្សេងទៀត ប្រសិនបើយើងនឹងដោះស្រាយបញ្ហានៅតំបន់ហ្កាហ្សា ខណៈយើងមានបំណងធ្វើបន្ត។ ប្រទេសមហាអំណាចពិភពលោក សង្ឃឹមថានឹងទប់ស្កាត់ជម្លោះកាន់តែរីកធំ ប៉ុន្តែភាពតានតឹងនៅមជ្ឈិមបូព៌ា នៅតែមានកម្រិតខ្ពស់ បន្ទាប់ពីក្រុមឧទ្ទាមហ៊ូទី ដែលជាសម្ព័ន្ធមិត្តអ៊ីរ៉ង់នៅប្រទេសយេម៉ែន បាននិយាយថា ពួកគេនឹងបន្តវាយប្រហារនាវាចម្បាំងអាមេរិក និងអង់គ្លេស នៅសមុទ្រក្រហមក្នុងសាមគ្គីភាពជាមួយប៉ាឡេស្ទីន។

អង្គការសហប្រជាជាតិ៖ មនុស្ស៨លាននាក់ បានភៀសខ្លួនដោយសារសង្រ្គាមស៊ូដង់

2024/02/01 11:03:55 am        221
អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធថា ចំនួនមនុស្សដែលបានភៀសខ្លួន ដោយសារសង្រ្គាមរវាងឧត្តមសេនីយ៍គូប្រជែង នៅក្នុងប្រទេសស៊ូដង់ មានប្រហែល ៨លាននាក់។ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនលោក ហ្វីលីបប៉ូ ហ្គ្រែនឌី (Filippo Grandi) ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសអេត្យូពី បានប្រមូលផ្តុំម្ចាស់ជំនួយអន្តរជាតិឲ្យបើកយុទ្ធនាការរបស់ពួកគេ ដើម្បីប្រយុទ្ធប្រឆាំងនឹងវិបត្តិ ដោយពណ៌នាស្ថានភាពនេះថា «ធ្ងន់ធ្ងរ»។លោកហ្គ្រែនឌី បានប្រាប់សារព័ត៌មាននៅទីក្រុងអាឌីសអាបេបា (Addis Ababa)ថា៖«ជម្លោះបានកើនឡើង ក្នុងកម្រិតមួយខ្លាំង និងប៉ះពាល់ដល់ជនស៊ីវិល»។លោកបានថ្លែងថា៖«ចាប់តាំងពីខែមេសាឆ្នាំ ២០២៣ ដូច្នេះតិចជាងមួយឆ្នាំមុន មនុស្ស៨លាននាក់ ត្រូវបានផ្លាស់ទីលំនៅពីផ្ទះរបស់ពួកគេ នៅក្នុងប្រទេសស៊ូដង់ ដោយបន្ថែមថា ជាង១,៥ លាននាក់ បានភៀសខ្លួនទៅកាន់ប្រទេសជិតខាងចំនួន៦។ជម្លោះរវាងប្រមុខកងទ័ពស៊ូដង់ លោកអាប់ឌែល ហ្វាតា អាល់ ប៊ុហាន ( Abdel Fattah al-Burhan) និងអតីតអនុរបស់ខ្លួន លោក ម៉ូហាម៉េដ ហាមដាន ដាហ្គ្លូ (Mohamed Hamdan Daglo) មេបញ្ជាការកងកម្លាំងគាំទ្ររហ័ស (RSF) បានផ្ទុះឡើង កាលពីខែមេសា។កិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីបញ្ចប់អំពើហិង្សា នៅតែបន្ត បន្ទាប់ពីបទឈប់បាញ់ជាច្រើន ត្រូវបានរំលោភបំពាន។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម គន់ គីម អញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារទីស្នាក់ការ អ.ន.ក.ខេត្តតាកែវ
06/07/2026 03:06 PM
ឆ្មាំល្បាតឆ្នេរកោះតៃវ៉ាន់និយាយថា ខ្លួនបានដាក់ពង្រាយនាវាដើម្បីឆ្លើយតបទៅនឹងប្រតិបត្តិការរបស់ចិន
06/07/2026 03:06 PM
សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនចង្ហាន់សមណសិស្សជាង១ពាន់អង្គ/នាក់ ក្នុងឱកាសប្រឡងធម្មវិន័យ
06/07/2026 03:06 PM
បារាំង និងសម្ព័ន្ធមិត្តសម្លឹងរកការចាត់វិធានការថ្នាក់ជាតិ ដើម្បីដាក់សម្ពាធលើអ៊ីស្រាអែលលើបញ្ហាតំបន់ West Bank
06/07/2026 02:06 PM
ករណីឆ្លងជំងឺអេបូឡាហក់ឡើងជាង ៤០០នាក់ ខណៈក្ដីបារម្ភកើនឡើងពីការផ្ទុះឡើងនៃជំងឺនេះនៅអាហ្វ្រិកកណ្តាល
06/07/2026 02:06 PM
អតីតសកម្មជនគណបក្សប្រឆាំងចំនួន៥១នាក់ ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា
06/07/2026 02:06 PM
ការបាញ់ប្រហារបណ្ដាលឱ្យនគរបាលរបួស ខណៈកងកម្លាំងបូលីវីសម្អាតផ្លូវហាយវេក្រោយបិទរយៈពេលជាច្រើនសប្តាហ៍
06/07/2026 01:06 PM
អ៊ុយក្រែនវាយប្រហារដោយយានដ្រូនជាច្រើនលើរុស្ស៊ីនៅថ្ងៃចុងក្រោយនៃវេទិកាសេដ្ឋកិច្ចដ៏សំខាន់
06/07/2026 01:06 PM
សមត្ថកិច្ចខេត្តមណ្ឌលគិរី បញ្ជូនជនជាតិចិន និងមីយ៉ាន់ម៉ា៨០នាក់ ទៅនាយកដ្ឋានអន្តោប្រវេសន៍ ពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ
06/07/2026 01:06 PM
កិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេច ស្ដីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ នៅស្រុកគូលែន
06/07/2026 01:06 PM