ឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
ដើមខែមិថុនានេះ កម្លាំងនគរបាលរាជធានីបង្ក្រាបគ្រឿងញៀន០៥ករណី ឃាត់មនុស្ស២៤នាក់ និងដកហូតគ្រឿងញៀន៦៦គីឡូក្រាម
បង្ក្រាបជនជាតិចិន០៤នាក់ ជាក្រុមត្រៀមរៀបចំផែនការណ៍ចាប់ជំរិត តែត្រូវទប់ស្កាត់ទាន់ពេល
សមត្ថកិច្ចខេត្តស្វាយរៀងបន្តចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឃាត់ខ្លួនជនសង្ស័យជនជាតិចិន វៀតណាម និងខ្មែរចំនួន ៧៣នាក់

សន្តិសុខ និង សង្គម

អឺរ៉ុប រងគ្រោះខ្លាំងបំផុតដោយសារការឡើងថ្លៃប្រេង ដែលបង្កឡើងដោយវិបត្តិសមុទ្រក្រហម

2024/01/31 09:48:50 am        127
អឺរ៉ុបនឹងរងការគ្រោះខ្លាំងបំផុត និងជួបប្រទះបញ្ហាប្រឈមដ៏ធំបំផុត ទាក់ទងនឹងការផ្គត់ផ្គង់ប្រេងដែលត្រូវបានរឹតត្បិត បន្ទាប់ពីការវាយប្រហារនាពេលថ្មីៗនេះដោយក្រុមចលនាឧទ្ទាម ហ៊ូទី (Houthi) ដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់។ នោះជាទស្សនៈរបស់លោក ចូណាថាន់ ឡាំ(Jonathan Lamb)អ្នកវិភាគទីផ្សារប្រេង និងឧស្ម័នមកពីធនាគារវិនិយោគ Wood and Company ក្នុងតំបន់អឺរ៉ុប។ ក្រុមហ៊ូទី បានចាប់ផ្តើមរលកនៃការបំផ្ទុះយានដ្រូន និងមីស៊ីល នាវាពាណិជ្ជកម្ម និងកងទ័ពជើងទឹក ចាប់តាំងពីថ្ងៃទី១៩ ខែវិច្ឆិកា ដើម្បីឆ្លើយតបទៅនឹងប្រតិបត្តិការយោធារបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្កាហ្សា។ ជាការឆ្លើយតប ក្រុមហ៊ុនដឹកជញ្ជូន បានបង្វែរផ្លូវធ្វើដំណើររបស់នាវារាប់រយគ្រឿងនៅជុំវិញផ្លូវទឹក Cape of Good Hope របស់អាហ្វ្រិកខាងត្បូង ដែលចំណាយពេលយូរជាង ចន្លោះពី១០ថ្ងៃទៅ១៤ថ្ងៃ និងមានតម្លៃថ្លៃជាងការឆ្លងកាត់សមុទ្រក្រហម និងព្រែកជីកស៊ុយអេ។ លោក ឡាំ បានប្រាប់កម្មវិធី Europe's Global Business របស់ទូរទស្សន៍ CGTNថា លោកគិតអំពីតម្លៃប្រេងពិតប្រាកដ រាល់ពេលដែលមានវិបត្តិបែបនេះ តម្លៃប្រេងមាននិន្នាការឡើងថ្លៃយ៉ាងឆាប់រហ័ស ។ លោកគិតថា នឹងមិនជះផលប៉ះពាល់ខ្លាំងដល់តម្លៃប្រេងយូរអង្វែងនោះទេ។ ទោះជាយ៉ាងណាក៏ដោយ យើងត្រូវចាំថា តំបន់មួយនៃពិភពលោកដែលរងគ្រោះដោយវិបត្តិនៅសមុទ្រក្រហមគឺអឺរ៉ុប។ អាស៊ី នឹងអាចទទួលបានប្រេងឆៅ និងផលិតផល និងឧស្ម័នធម្មជាតិរបស់ខ្លួនជាធម្មតា។ សហរដ្ឋអាមេរិក មិនទិញច្រើនពីមជ្ឈិមបូព៌ាទេ។ ដូច្នេះ ពិតជាប៉ះពាល់ដល់ពលរដ្ឋនៅអឺរ៉ុប។ ការវាយប្រហាររបស់ក្រុម ហ៊ូទី ដាក់គោលដៅលើផ្លូវមួយដែលមានប្រហែល១៥ ភាគរយនៃចរាចរណ៍ដឹកជញ្ជូនរបស់ពិភពលោក ហើយដើរតួជាច្រកដ៏សំខាន់រវាងអឺរ៉ុប និងអាស៊ី៕

អ៊ីរ៉ង់ប្រយ័ត្នប្រយែងចំពោះការឆ្លើយតបពីអាមេរិក បន្ទាប់ពីការវាយប្រហារដ៏សាហាវលើទាហាននៅហ្ស៊កដានី

2024/01/31 09:45:25 am        83
ក្រុមអ្នកអត្ថាធិប្បាយអ៊ីរ៉ង់ បានព្រមានកាលពីថ្ងៃអង្គារ ៣០ ខែមករា អំពីការសងសឹកខាងយោធារបស់សហរដ្ឋអាមេរិកបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានសន្យាថានឹងឆ្លើយតបដ៏ធ្ងន់ធ្ងរចំពោះការស្លាប់របស់ទាហានខ្លួន ប៉ុន្តែភាគច្រើនបានយល់ស្របថាសង្រ្គាមពេញបន្ទុកទំនងជានឹងមិនកើតឡើងក្នុងពេលឆាប់ៗនេះទេ។ លោកប្រធានាធិបតីអាមេរិក Joe Biden បានស្តីបន្ទោស ក្រុមសកម្មប្រយុទ្ធគាំទ្រដោយអ៊ីរ៉ង់ ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ចំពោះការវាយប្រហារដោយយានដ្រូនកាលពីថ្ងៃអាទិត្យលើមូលដ្ឋានទ័ពវាលខ្សាចដាច់ស្រយាលក្នុងប្រទេសហ្ស៊កដានីក្បែរប្រទេសស៊ីរី និងអ៊ីរ៉ាក់ ដែលបានសម្លាប់កងកម្លាំងអាមេរិកបីនាក់។ ការស្លាប់របស់យោធាអាមេរិកលើកដំបូងនៅក្នុងការវាយប្រហារមួយចាប់តាំងពីការផ្ទុះឡើងនៃសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស កាលពីថ្ងៃទី ៧ ខែតុលា បានធ្វើឱ្យភាពតានតឹងឡើងកម្ដៅខ្លាំងរវាងសត្រូវយូរអង្វែង ទាំង២ នៅដើមឆ្នាំនៃកាបោះឆ្នោតរបស់សហរដ្ឋអាមេរិកក្នុងឆ្នាំ២០២៤នេះ។ សត្រូវដ៏យូរលង់រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ បានរងគ្រោះរៀងៗខ្លួន និងអត់ធ្មត់ខ្លាំងព្រោះតែពួកគេមិនចង់បានសង្រ្គាម ដូច្នេះការព្រមានរបស់លោក Biden បានធ្វើឱ្យអ៊ីរ៉ង់ទស្សន៍ទាយអំពីវិធានការបន្ទាប់។ អ្នកវិភាគនយោបាយ លោកអាម៉េដ ហ្សេដាបាលី (Ahmad Zeidabadi)បានសរសេរនៅក្នុងកាសែត ហាម មីហាន (Ham Mihan) ថា លទ្ធភាពដែលលោក Biden នឹងបញ្ជាឱ្យមានការវាយប្រហារដោយផ្ទាល់ទៅលើគោលដៅនានារបស់អ៊ីរ៉ង់ មិនអាចត្រូវបានព្រងើយកន្តើយឡើយ ។ ប៉ុន្តែលោកបាននិយាយថាការវាយប្រហារណាមួយរបស់អាមេរិកទំនងជាផ្តោតលើមូលដ្ឋានទ័ពអ៊ីរ៉ង់ក្នុងប្រទេសផ្សេងទៀត៕

លោក Netanyahu ៖ គ្មានការដកទ័ពអ៊ីស្រាអែល ចេញពីតំបន់ហ្កាហ្សាឡើយ រហូតទាល់តែ ទទួលបានជ័យជម្នះទាំងស្រុង

2024/01/31 09:39:25 am        135
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានប្តេជ្ញាជាថ្មីទៀតថានឹងមិនដកកងទ័ពចេញពីតំបន់ហ្កាហ្សាឡើយ រហូតទទួលបានជ័យជម្នះទាំងស្រុង ដែលជាការរំលឹកពីគម្លាតដ៏ធំនៅក្នុងជំហរជាសាធារណៈនៃភាគីជម្លោះសូម្បីតែការផ្អាកប្រយុទ្ធជាបណ្ដោះអាស្នក៏ដោយ។ ក្រុមហាម៉ាសបាននិយាយកាលពីថ្ងៃអង្គារ៣០ខែមករា ថាខ្លួនបានទទួល និងកំពុងសិក្សាសំណើថ្មីសម្រាប់បទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងនៅតំបន់ហ្កាហ្សា ដែលបង្ហាញដោយក្រុមអ្នកសម្របសម្រួល បន្ទាប់ពីកិច្ចពិភាក្សាជាមួយអ៊ីស្រាអែល ជាអ្វីដែលទំនងជាគំនិតផ្តួចផ្តើមសន្តិភាពដ៏ជាក់លាក់បំផុតអស់រយៈពេលជាច្រើនខែមកនេះ។ មន្ត្រីជាន់ខ្ពស់មួយរូបរបស់ក្រុមហាម៉ាសបានប្រាប់សារព័ត៌មាន Reuters ថា សំណើនេះពាក់ព័ន្ធនឹងបទឈប់បាញ់បីដំណាក់កាល អំឡុងពេលក្រុមនេះ នឹងដោះលែងជនស៊ីវិលដែលនៅសេសសល់ជាលើកដំបូងក្នុងចំណោមចំណាប់ខ្មាំងដែលខ្លួនចាប់បានកាលពីថ្ងៃទី ៧ ខែតុលា បន្ទាប់មក ទាហាន ហើយចុងក្រោយ គឺសាកសពចំណាប់ខ្មាំងដែលត្រូវបានសម្លាប់។ មន្ត្រីដែលបាននិយាយសុំមិនបញ្ចេញឈ្មោះ ពុំបានបញ្ជាក់ថាតើដំណាក់កាលទាំងនោះ នឹងមានរយៈពេលយូរប៉ុណ្ណា ឬលទ្ធភាព ដែលនឹងធ្វើតាមដំណាក់កាលចុងក្រោយនោះទេ។ ប៉ុន្តែនេះជាលើកទីមួយហើយ ចាប់តាំងពីផុតសុពលភាពបទឈប់បាញ់រយៈពេលខ្លីនៃសង្រ្គាមមកទល់ពេលនេះ កាលពីចុងខែវិច្ឆិកា ដែលព័ត៌មានលម្អិតត្រូវបានចេញផ្សាយអំពីសំណើថ្មីដែលកំពុងត្រូវបានពិចារណាដោយភាគីទាំងពីរ។ សំណើបទឈប់បាញ់បានធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សាក្នុងទីក្រុងប៉ារីសដែលមានប្រធានចារកម្មមកពីអ៊ីស្រាអែល សហរដ្ឋអាមេរិក និងអេហ្ស៊ីប និងនាយករដ្ឋមន្ត្រីកាតា។ នៅក្នុងការកត់សម្គាល់នៃភាពហ្មត់ចត់នៃការចរចានេះ ប្រធានក្រុមហាម៉ាស លោកអ៊ីស្មេលហានីយ៉េ (Ismail Haniyeh) បាននិយាយថា លោកនឹងទៅកាន់ទីក្រុងគែរ(Cairo)របស់អេហ្ស៊ីប ដើម្បីពិភាក្សាបញ្ហានេះ ដែលជាដំណើរជាសាធារណៈលើកដំបូងរបស់លោកនៅទីនោះរយៈពេលជាងមួយខែ៕

កោះតៃវ៉ាន់ ខឹងនឹងការផ្លាស់ប្តូរ «ជាឯកតោភាគី» របស់ចិន លើផ្លូវហោះហើរច្រកសមុទ្រតៃវ៉ាន់

2024/01/31 08:57:03 am        140
រដ្ឋាភិបាលរបស់កោះតៃវ៉ាន់ បានសម្តែងការខឹងសម្បារយ៉ាងខ្លាំង បន្ទាប់ពីប្រទេសចិន បានផ្លាស់ប្តូរផ្លូវហោះហើរ «ជាឯកតោភាគី» នៅជិតខ្សែបន្ទាត់មេដ្យានដ៏រសើបនៅក្នុងច្រកសមុទ្រតៃវ៉ាន់ ដោយនិយាយថាវាហាក់ដូចជាការប៉ុនប៉ងដោយចេតនាដើម្បីផ្លាស់ប្តូរស្ថានភាពសម្រាប់លទ្ធភាពនៃប្រតិបត្តិការយោធា។រដ្ឋបាលអាកាសចរណ៍ស៊ីវិលរបស់ប្រទេសចិន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយកាលពីល្ងាចថ្ងៃអង្គារថា ចាប់ពីថ្ងៃព្រហស្បតិ៍ (០១ កុម្ភៈ) ខាងមុខនេះ ខ្លួននឹងលុបចោល «រយៈចម្ងាយចេញពីគោលដៅដើម (offset measure)» សម្រាប់ប្រតិបត្តិការភាគខាងត្បូងនៃផ្លូវហោះហើរ M503 ដែលស្ថិតនៅភាគខាងលិចនៃខ្សែបន្ទាត់មេដ្យានរបស់ច្រកសមុទ្រ។ខ្សែបន្ទាត់មេដ្យានបានបម្រើការជារបាំងក្រៅផ្លូវការជាច្រើនឆ្នាំរវាងកោះតៃវ៉ាន់ និងប្រទេសចិន ប៉ុន្តែចិននិយាយថា ខ្លួនមិនទទួលស្គាល់អត្ថិភាពរបស់ខ្សែបន្ទាត់នេះទេ ហើយយន្តហោះចម្បាំងរបស់ចិនឥឡូវនេះតែងតែហោះហើរពីលើនោះជាទៀងទាត់។ប្រទេសចិន ក៏បាននិយាយផងដែរថាខ្លួនកំពុងបើកផ្លូវហោះហើរពីខាងលិចទៅខាងកើត ដែលនិយាយម្យ៉ាងទៀតក្នុងទិសដៅទៅកាន់កោះតៃវ៉ាន់ នៅលើផ្លូវហោះហើរពីរពីទីក្រុង សៀមិន (Xiamen) និងទីក្រុង ហ្វ៊ូចូវ (Fuzhou) របស់ប្រទេសចិន។ រដ្ឋបាលអាកាសចរណ៍ស៊ីវិលរបស់កោះតៃវ៉ាន់ និងក្រុមប្រឹក្សាកិច្ចការដីគោក ដែលបង្កើតគោលនយោបាយចិន បានចាត់ទុកចំណាត់ការនេះថាជាសកម្មភាព «ឯកតោភាគី» ហើយពួកគេបានតវ៉ាយ៉ាងខ្លាំងចំពោះបញ្ហានេះ៕

កងកម្លាំងអ៊ីស្រាអែល សម្លាប់ជនសកម្មប្រយុទ្ធប៉ាឡេស្ទីន ៣នាក់ ក្នុងការវាយឆ្មក់លើមន្ទីរពេទ្យ West Bank

2024/01/31 08:31:13 am        117
សាក្សី និងអាជ្ញាធរបាននិយាយថា កងកុម្មង់ដូអ៊ីស្រាអែល ក្លែងខ្លួនជាបុគ្គលិកពេទ្យ និងស្ត្រីមូស្លីម បានសម្រុកចូលមន្ទីរពេទ្យមួយកន្លែងនៅតំបន់កាន់កាប់ វេស បែង (West Bank) កាលពីថ្ងៃអង្គារ (៣០ មករា) ហើយបានសម្លាប់ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីន ៣នាក់ ដែលម្នាក់ក្នុងចំណោមពួកគេដេកស្លាប់នៅលើគ្រែ។យោធាអ៊ីស្រាអែលបាននិយាយថា ជនសកម្មប្រយុទ្ធបីនាក់នោះត្រូវបានសម្លាប់នៅក្នុងប្រតិបត្តិការបន្លំខ្លួនរួមគ្នាដោយកងទ័ព សេវាសន្តិសុខ ស៊ីន បេត (Shin Bet) និងនគរបាលព្រំដែននៅក្នុងមន្ទីរពេទ្យ អ៊ីប៊ីន ស៊ីណា (Ibn Sina) ក្នុងទីក្រុង ជេនីន (Jenin) ដែលជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលតានតឹងខ្លាំងបំផុតនៅតំបន់កាន់កាប់ វេស បែង។ក្រសួងសុខាភិបាលប៉ាឡេស្ទីនបានបញ្ជាក់ពីការស្លាប់នេះ ហើយបានអំពាវនាវឲ្យអង្គការសហប្រជាជាតិធានាការការពារមណ្ឌលសុខភាព។យោធាអ៊ីស្រាអែលបាននិយាយថា អ្នកទាំងបីនោះបានលាក់ខ្លួននៅក្នុងមន្ទីរពេទ្យ ហើយបាននិយាយថានេះគឺជា «ឧទាហរណ៍មួយផ្សេងទៀតនៃការប្រើប្រាស់តំបន់ស៊ីវិល និងមន្ទីរពេទ្យជាជម្រក និងខែលការពារខ្លួនដោយអង្គការភេរវកម្ម» ប៉ុន្តែក្រុមហាម៉ាស បានបដិសេធការចោទប្រកាន់បែបនេះ៕

ឃាត់ខ្លួនមន្ដ្រីកងរាជអាវុធហត្ថស្រុកចិត្របុរីដែលប្រើអាវុធបាញ់សត្វកុក

2024/01/30 05:47:07 pm        1997
ក្រចេះ ៖ ឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឱ្យដឹងថា នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ កងរាជអាវុធហត្ថ បានឃើញបណ្ដាញប្រព័ន្ធព័ត៌មានសង្គម បង្ហោះអំពីសកម្មភាពបាញ់សត្វ (សត្វកុក) បុគ្គលដែលបាញ់សត្វកុកនោះ ពាក់អាវយឺតពណ៌ត្រេអ៉ី ដែលមានអក្សរពីខាងក្រោយ "អ.ហ" ជិះរថយន្ដមួយគ្រឿង ម៉ាក កាមរីបាឡែន ពាក់ស្លាកលេខ ភ្នំពេញ 2Q-7290 និងមានស្លាកសញ្ញាសម្គាល់រថយន្តចេញចូលទីបញ្ជាការ “អ.ហ”។ឧត្តមសេនីយ៍ត្រី អេង ហុី បញ្ជាក់ថា បុគ្គលនោះឈ្មោះ កង សុផាណារ័ត្ន ឋានន្ដរសក្តិ អនុសេនីយ៍ត្រី មុខងារជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកចិត្របុរី ត្រូវបានឃាត់ខ្លួនដោយកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ។ អនុវត្តតាមការដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជំនាញមន្ត្រីនគរបាលយុត្តិធម៌ បានប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើដើម្បីបន្តកសាងនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តក្រចេះ៕ ដោយ ៖ ប្រាក់ វ៉ាន់ដា

ប៉ាឡេស្ទីន រិះគន់ផែនការរបស់អ៊ីស្រាអែលស្តាំនិយមក្នុងការគ្រប់គ្រងតំបន់ហ្កាហ្សា ឡើងវិញ

2024/01/30 02:20:41 pm        74
ក្រសួងការបរទេសប៉ាឡេស្ទីន នៅទីក្រុងរ៉ាម៉ាឡា (Ramallah)កាលពីថ្ងៃចន្ទ បានថ្កោលទោសយ៉ាងខ្លាំងចំពោះការអំពាវនាវរបស់រដ្ឋមន្ត្រីអ៊ីស្រាអែលមួយចំនួនសម្រាប់ការធ្វើអាណានិគមឡើងវិញនូវតំបន់ហ្កា ហ្សាស្ទ្រីប។ក្រសួង បាននិយាយអំពី«កិច្ចប្រជុំដែលធ្វើឡើងដោយអង្គការភេរវកម្មអាណានិគម» នៅទីក្រុហ្ស៊េរុយសាឡឹម កាលពីថ្ងៃអាទិត្យ ដោយយោងទៅលើសន្និសីទរបស់រដ្ឋមន្ត្រីរដ្ឋាភិបាលអ៊ីស្រាអែល។រដ្ឋមន្ត្រីមកពីគណបក្សកាន់អំណាចស្តាំនិយម Likud របស់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) ត្រូវបានបង្ហាញវត្តមាន នៅក្នុងសន្និសីទគាំទ្រអ្នកតាំងលំនៅ នៅទីក្រុងហ្ស៊េរុយសាឡឹម កាលពីល្ងាចថ្ងៃអាទិត្យ។ទោះបីជាយ៉ាងណាក៏ដោយ លោកណេតាន់យ៉ាហ៊ូ បានពណ៌នាអំពីផែនការ ដើម្បីតាំងទីលំនៅថ្មី នៅតំបន់ហ្កាហ្សាស្រ្ទីប បន្ទាប់ពីសង្គ្រាមថា ជារឿងមិនពិត។នៅក្នុង «សន្និសីទនៃជ័យជម្នះ » លោក អ៊ីរាម៉ា បេន ហ្គ្វី (Itamar Ben-Gvir) ដែលជារដ្ឋមន្ត្រីស្តាំនិយមជ្រុលទទួលបន្ទុកសន្តិសុខជាតិ បានអំពាវនាវមិនត្រឹមតែឲ្យមានការវិលត្រឡប់របស់អ្នកតាំងលំនៅអ៊ីស្រាអែលទៅកាន់តំបន់ឆ្នេរ និងភូមិមួយចំនួននៅវេសបែងភាគខាងជើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាន«លើកទឹកចិត្ត [ប៉ាឡេស្ទីន ]ឲ្យចាកចេញទៀតផង។លោកបន្តថា មានតែរឿងនេះទេ ដែលអាចទប់ស្កាត់ការសម្លាប់រង្គាលដូចថ្ងៃទី៧ តុលា។ក្រសួងប៉ាឡេស្ទីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«កិច្ចប្រជុំនេះ និងរបៀបវារៈជាថ្មីម្តងទៀត បង្ហាញពីមុខមាត់ពិតរបស់រដ្ឋាភិបាលចម្រុះស្តាំនិយមអ៊ីស្រាអែល រួមទាំងការបដិសេធសន្តិភាព និងការតស៊ូក្នុងការបន្តការកាន់កាប់ អាណានិគម និងរបបបំបែកពូជសាសន៍»។

ការចោទប្រកាន់របស់អ៊ីស្រាអែល គំរាមកំហែងដល់ទីភ្នាក់ងារផ្តល់ជំនួយរបស់អង្គការសហប្រជាជាតិ

2024/01/30 01:19:13 pm        84
កងកម្លាំងអ៊ីស្រាអែល បាននិយាយថា ពួកគេបានសម្លាប់ខ្មាន់កាំភ្លើងក្រុមហាម៉ាស ដែលព្យាយាមវាយឆ្មក់ទាហាន កាលពីថ្ងៃចន្ទ នៅជិតមន្ទីរពេទ្យមួយកន្លែងនៅភាគខាងត្បូងតំបន់ហ្កាហ្សា។ បុគ្គលិកផ្តល់ជំនួយជាមួយអង្គការសង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន បាននិយាយថា ពលរដ្ឋអ៊ីស្រាអែលកំពុងដាក់គោលដៅលើនរណាម្នាក់ ដែលធ្វើដំណើរឆ្លងកាត់តំបន់នេះ។ បុគ្គលិកផ្តល់ជំនួយ បាននិយាយថា មន្ទីរពេទ្យ Al-Amal ក្នុងទីក្រុង Khan Younis បានស្ថិតនៅក្រោមការហ៊ុមព័ទ្ធរយៈពេល៨ថ្ងៃមកហើយ ហើយមានការបាញ់ផ្លោងដែលបានធ្វើឱ្យក្រុមរបស់ពួកគេពុំអាចទៅដល់អ្នកឡាយដែលត្រូវការជំនួយ។ ពួកគេ និយាយថា កង្វះការផ្គត់ផ្គង់អុកហ្សីសែន បានបង្ខំឱ្យពួកគេបញ្ឈប់ការវះកាត់។ បុគ្គលិកជំនួយប៉ាឡេស្ទីន ជាមួយទីភ្នាក់ងារជំនួយនិងការងាររបស់អង្គការសហប្រជាជាតិ បានទទួលដំណឹងថា មន្ត្រីអ៊ីស្រាអែល ចោទប្រកាន់ពួកគេពីការជាប់ពាក់ព័ន្ធក្នុងការវាយប្រហាររបស់ក្រុមហាម៉ាសកាលពីខែតុលា។ សេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ បាននិយាយថា មន្ត្រីចារកម្មអ៊ីស្រាអែល បានចែករំលែកឯកសារ ដែលចុះបញ្ចីឈ្មោះបុគ្គលិក។ ពួកគេនិយាយថា ឯកសារនេះ បានចោទប្រកាន់បុគ្គលិកមួយចំនួនបានផ្គត់ផ្គង់គ្រាប់រំសេវ និងជួយក្នុងការចាប់ពង្រត់ និងបាននិយាយថាបុគ្គលិកទីភ្នាក់ងារ UNRWA ១៩០ នាក់គឺជា អ្នកប្រយុទ្ធដ៏រឹងរូស។ ការចោទប្រកាន់នេះ បានជំរុញឱ្យប្រទេសជាង១០ រួមមានទាំងសហរដ្ឋអាមេរិក អាល្លឺម៉ង់ និងជប៉ុន ផ្អាកការផ្តល់មូលនិធិដល់ទីភ្នាក់ងារនេះ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នឹងជួបប្រជុំនៅថ្ងៃអង្គារនេះ ជាមួយគណៈប្រតិភូនៃប្រទេសម្ចាស់ជំនួយធំៗ។ អ្នកនាំពាក្យរបស់លោក លោក Stephane Dujarric បាននិយាយថាអង្គការសហប្រជាជាតិ មាន បុគ្គលិកដែលខិតខំប្រឹងប្រែងធ្វើការរាប់ម៉ឺននាក់កំពុងធ្វើការនៅទូទាំងតំបន់។ លោក និយាយថា លោក Guterres សង្ឃឹមថាម្ចាស់ជំនួយនឹង ធានាបាននូវការបន្តប្រតិបត្តិការរបស់ទីភ្នាក់ងារ UNRWA។ មន្ត្រីទីភ្នាក់ងារបានព្រមានថា មូលនិធិរបស់ពួកគេ អាចនឹងអស់នៅចុងខែកុម្ភៈ។

ប្រទេសឈីលី ដាក់រដ្ឋធានីលើការប្រកាសអាសន្នពណ៌ក្រហម ខណៈរលកកម្ដៅវាយប្រហារទីក្រុង

2024/01/30 01:12:13 pm        96
ទីក្រុង Santiago របស់ប្រទេសឈីលី កំពុងស្ថិតនៅក្រោមការប្រកាសអាសន្នពណ៌ក្រហម សម្រាប់រលកកម្តៅខ្លាំង ដែលបានវាយបោកបក់នៅផ្នែកមួយចំនួនរបស់ប្រទេស ដោយរដ្ឋធានីរបស់ប្រទេសនេះ ត្រូវបានគេរំពឹងថា នឹងកើនឡើងកម្តៅពេញមួយសប្តាហ៍។ពលរដ្ឋក្នុងតំបន់ បានធ្វើឲ្យត្រជាក់ខ្លួនដោយបានស្វែងរកនៅតាមប្រភពទឹកក្នុងទីក្រុង ខណៈសីតុណ្ហភាពកាលពីថ្ងៃចន្ទ ទី២៩ ខែ មករា ឡើងដល់ ៣៣ អង្សាសេ ហើយនៅថ្ងៃពុធ ទី៣១ ខែមករា ត្រូវបានគេរំពឹងថានឹងជាថ្ងៃក្តៅបំផុតនៅក្នុងសប្តាហ៍ ដែលនឹងមានសីតុណ្ហភាព ៣៥ អង្សារសេ។ដោយមានសន្ទស្សន៍កាំរស្មី UV ត្រូវបានចុះបញ្ជីថា «មានកម្រិតខ្លាំង» ក្រុមមន្ត្រី កំពុងព្រមានដល់ប្រជាជនឱ្យនៅស្នាក់ក្នុងលំនៅឋាន ដើម្បីរក្សាជាតិទឹក និងរក្សាភាពត្រជាក់។

សំណើបទឈប់បាញ់ នឹងត្រូវបញ្ជូនទៅក្រុមហាម៉ាស ខណៈសង្រ្គាមបន្តផ្ទុះឡើងនៅហ្កាហ្សា

2024/01/30 01:05:49 pm        78
អ្នកសម្របសម្រួលប្រទេសកាតា និយាយកាលពីថ្ងៃចន្ទថា ក្របខ័ណ្ឌមួយនឹងបញ្ឈប់ការប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សា និងការដោះលែងចំណាប់ថ្នូរ នឹងត្រូវបញ្ជូនទៅក្រុមហាម៉ាស ខណៈជម្លោះដ៏ជូរចត់ បានផ្ទុះឡើងជុំវិញទីភ្នាក់ងារផ្តល់ជំនួយរបស់អង្គការសហប្រជាជាតិសម្រាប់ដែនដីប៉ាឡេស្ទីន។ ខណៈការប្រយុទ្ធដ៏ឃោឃៅជាថ្មីម្តងទៀត បានធ្វើឱ្យរង្គោះរង្គើតំបន់ហ្កាហ្សា ការព្រួយបារម្ភនៃជម្លោះក្នុងតំបន់រីកកាន់តែធំ បន្ទាប់ពីសម្ព័ន្ធមិត្តជិតស្និតបំផុតរបស់អ៊ីស្រាអ៊ែល គឺទីក្រុងវ៉ាស៊ីនតោន បានប្តេជ្ញាឆ្លើយតបចំពោះការវាយប្រហារ ដែលបានសម្លាប់ទាហានអាមេរិកបីនាក់នៅប្រទេសហ្ស៊កដានី។ ក្រសួងសុខាភិបាល បាននិយាយនៅក្នុងដែនដីប៉ាឡេស្ទីនគ្រប់គ្រងដោយក្រុមហាម៉ាសថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ទៅលើតំបន់ហ្កាហ្សា បានសម្លាប់មនុស្ស ២១៥នាក់បន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោង រួមទាំងសមាជិក ២០នាក់ នៃគ្រួសារមួយ។ កងកម្លាំងទ័ពជើងគោក ដែលគាំទ្រដោយរថក្រោះ បានផ្តោតទៅលើទីក្រុងសំខាន់ Khan Younis នៅភាគខាងត្បូង ជាស្រុកកំណើតរបស់មេដឹកនាំរបស់ក្រុមហាម៉ាស់ នៅហ្កាហ្សា លោក Yahya Sinwar។ កងទ័ពបាននិយាយថា ការិយាល័យរបស់លោក Sinwar ទីតាំងយោធា និង ទីតាំងផលិតគ្រាប់រ៉ុក្កែតដ៏សំខាន់ ត្រូវបានវាយឆ្មក់ដោយកងទ័ពអ៊ីស្រាអែល។ ដោយពលរដ្ឋតំបន់ហ្កាហ្សា កំពុងប្រឈមមុខទៅនឹងស្ថានភាពមនុស្សធម៌ធ្ងន់ធ្ងរ បន្ទាប់ពីសង្រ្គាមជិត ៤ ខែ អង្គការផ្តល់ជំនួយអន្តរជាតិចំនួន ២០ បាននិយាយថាពួកគេ «ខឹងសម្បារ» ចំពោះការផ្អាកការផ្តល់មូលនិធិដល់ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) ។ ម្ចាស់ជំនួយធំៗជាច្រើន រួមមានសហរដ្ឋអាមេរិក និងអាល្លឺម៉ង់ បានបញ្ឈប់ការផ្តល់មូលនិធិជុំវិញការអះអាងរបស់អ៊ីស្រាអែលថា បុគ្គលិកទីភ្នាក់ងារ UNRWA មួយចំនួន បានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារថ្ងៃទី ៧ ខែតុលា របស់ក្រុមហាម៉ាស ដែលបង្កឱ្យមានការប្រយុទ្ធគ្នា។ ប្រភពពីទីភ្នាក់ងារ UNRWA បានប្រាប់សារព័ត៌មាន AFP ថា ការផ្អាកការផ្តល់មូលនិធិ ពុំទាន់មានផលប៉ះពាល់ជាមូលដ្ឋាននៅឡើយ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក គីម រិទ្ធី ៖«ការសម្រេចចិត្តចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការចូលរួមចំណែកក្នុងការថែរក្សាសុខសន្តិភាព និងបន្តកសាងការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន»
06/07/2026 06:06 PM
ក្រុមអ្នកជំនាញការអាដហុក ចុះពិនិត្យគម្រោងការងារនៅប្រាសាទមេបុណ្យខាងលិច
06/07/2026 05:06 PM
វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងធ្វើតេស្តRPLដល់អតីតពលករមកពីថៃ ដើម្បីបំប្លែងបទពិសោធន៍ការងារទៅជាវិញ្ញាបនបត្រទទួលស្គាល់ជំនាញផ្លូវការ
06/07/2026 04:06 PM
ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
06/07/2026 04:06 PM
អ្នកតំណាងរាស្ត្រខេត្តពោធិ៍សាត់ ជួបសំណេះសំណាល និងផ្សព្វផ្សាយច្បាប់សំខាន់ៗជូនពលរដ្ឋឃុំកំពង់ពោធិ៍
06/07/2026 04:06 PM
ឯកឧត្តម គន់ គីម អញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារទីស្នាក់ការ អ.ន.ក.ខេត្តតាកែវ
06/07/2026 03:06 PM
ឆ្មាំល្បាតឆ្នេរកោះតៃវ៉ាន់និយាយថា ខ្លួនបានដាក់ពង្រាយនាវាដើម្បីឆ្លើយតបទៅនឹងប្រតិបត្តិការរបស់ចិន
06/07/2026 03:06 PM
សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនចង្ហាន់សមណសិស្សជាង១ពាន់អង្គ/នាក់ ក្នុងឱកាសប្រឡងធម្មវិន័យ
06/07/2026 03:06 PM
បារាំង និងសម្ព័ន្ធមិត្តសម្លឹងរកការចាត់វិធានការថ្នាក់ជាតិ ដើម្បីដាក់សម្ពាធលើអ៊ីស្រាអែលលើបញ្ហាតំបន់ West Bank
06/07/2026 02:06 PM
ករណីឆ្លងជំងឺអេបូឡាហក់ឡើងជាង ៤០០នាក់ ខណៈក្ដីបារម្ភកើនឡើងពីការផ្ទុះឡើងនៃជំងឺនេះនៅអាហ្វ្រិកកណ្តាល
06/07/2026 02:06 PM