ឃាតកម្មចាក់សម្លាប់មនុស្សរួចយកសពប្លុងចោលក្នុងរថយន្តនៅខណ្ឌដង្កោ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនក្រុមឃាតកបាន០៤នាក់
ដើមខែមិថុនានេះ កម្លាំងនគរបាលរាជធានីបង្ក្រាបគ្រឿងញៀន០៥ករណី ឃាត់មនុស្ស២៤នាក់ និងដកហូតគ្រឿងញៀន៦៦គីឡូក្រាម
បង្ក្រាបជនជាតិចិន០៤នាក់ ជាក្រុមត្រៀមរៀបចំផែនការណ៍ចាប់ជំរិត តែត្រូវទប់ស្កាត់ទាន់ពេល
សមត្ថកិច្ចខេត្តស្វាយរៀងបន្តចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឃាត់ខ្លួនជនសង្ស័យជនជាតិចិន វៀតណាម និងខ្មែរចំនួន ៧៣នាក់

សន្តិសុខ និង សង្គម

ទួរគីនិយាយថា ខ្លួនបានសម្លាប់ជនសកម្មប្រយុទ្ធ៣២នាក់ នៅក្នុងប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរី

2024/01/14 12:19:36 pm        142
ក្រសួងការជាតិ បាននិយាយ កាលពីថ្ងៃសៅរ៍ថា កងយោធាទួរគី បានសម្លាប់ក្រុមសកម្មប្រយុទុ្ធឃើត២៣នាក់ នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ និង៩នាក់ទៀត នៅភាគខាងជើងប្រទេសស៊ីរី មួយថ្ងៃបន្ទាប់ពី ទាហានទួរគី៩នាក់ ត្រូវបានសម្លាប់ នៅក្នុងការប៉ះទង្គិចគ្នាជាច្រើនលើក។បន្ទាប់ពីឧបទ្ទវហេតុនេះ កើតឡើង ក្រសួងការពារជាតិ បាននិយាយថា ទាហានទួរគី៩នាក់ បានស្លាប់ និង៤នាក់ទៀត បានរងរបួស នៅក្នុងការប៉ះទង្គិចគ្នា កាលពីថ្ងៃសុក្រជាមួយក្រុមសកម្មប្រយុទ្ធគណបក្សពលករឃើតឬ (PKK) នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់។កងទ័ពទួរគី បានធ្វើប្រតិបត្ដិការឆ្លងកាត់ព្រំដែន ជាអ្វីដែលហៅថា ចាក់កណ្តាប់ក្រញ៉ាំនៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលជាផ្នែកមួយនៃការវាយប្រហារបស់ប្រទេសនេះ ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធPKK។ក្រុមសកម្មប្រយុទ្ធ PKKនេះ ត្រូវបានប្រទេសទួរគី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបហៅថា ជាក្រុមភេរវជន ដែលបានកាន់អាវុធប្រឆាំង​នឹងប្រទេសទួរគី ចាប់តាំងពីឆ្នាំ១៩៨៤មក៕អត្ថបទ មករា (Makara)

មនុស្ស១០នាក់ស្លាប់ និង៦នាក់ បាត់ខ្លួននៅក្នុងឧបទ្ទវហេតុអណ្ដូងរ៉ែធ្យូងថ្ម មួយក្នុងប្រទេសចិន

2024/01/14 12:16:18 pm        136
ក្រុមអាជ្ញាធរមូលដ្ឋាន បាននិយាយ កាលពីថ្ងៃសៅរ៍ថា មនុស្ស១០នាក់ បានស្លាប់និង៦នាក់ទៀតបាត់ខ្លួន បន្ទាប់ពីមានឧបទ្ទវហេតុអណ្ដូងរ៉ែមួយក្នុងក្រុងភីងទីងសាន (Pingdingshan) នៅខេត្ដហ៊ើណាន ភាគកណ្ដាលប្រទេសចិនមក។ឧបទ្ទវហេតុនេះ បានកើតឡើងនៅម៉ោង១៤:៥៥នាទី កាលពីថ្ងៃសុក្រ នៅក្នុងអណ្ដូងរ៉ែលធ្យូងថ្មមួយដែលធ្វើប្រតិបត្ដិការដោយក្រុមហ៊ុនអាជីវកម្មរ៉ែ ធ្យូងថ្ម ភីងទីងសាន ធានណាន (Pingdingshan Tianan)។ការស៊ើបអង្កេតបឋម បានបង្ហាញថា ឧបទ្ទវហេតុនេះ បានបណ្ដាលមកពី ធ្យូងថ្ម និងការផ្ទុះឧស្ម័ន។មនុស្សសរុបទាំងអស់៤២៥នាក់ កំពុងធ្វើការនៅក្រោមដីនៅពេលហេតុការណ៍នេះ បានកើតឡើង។ការងារជួយសង្រ្គោះនៅតែបន្ដធ្វើនៅឡើយ ហើយអ្នកដែលទទួលខុសត្រូវក្នុងអណ្ដូងរ៉ែធ្យូងថ្មនេះ ត្រូវបានអាជ្ញាធរសន្ដិសុខរដ្ឋចាប់ឃុំខ្លួន។អត្ថបទ មករា (Makara)

ពលរដ្ឋយ៉េម៉ែននៅតែមិនចុះញ៉ម បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសបន្ថែមរបស់អាមេរិកមក

2024/01/14 12:04:12 pm        162
អ្នករស្រុកក្នុងរដ្ឋធានីសាណាអា (Sanaa)មិនតក់ស្លត់ ហើយនៅតែមិនចុះញ៉មកាលពីថ្ងៃសៅរ៍ បន្ទាប់ពី ការវាយប្រហារបន្ថែមទៀតរបស់សហរដ្ឋអាមេរិក ដែលបានដាក់គោលដៅលើក្រុមហ៊ូធី ក្នុងប្រទេសយ៉េម៉ែននោះ។សហរដ្ឋអាមេរិក បានធ្វើការវាយប្រហារបន្ថែមប្រឆាំងកងទ័ពហ៊ូធី ក្នុងប្រទេសយ៉េម៉ែន កាលពីថ្ងៃសុក្រ បន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បែឌិន បានប្ដេជ្ញាការពារនាវាដឹកជញ្ជូននានា ក្នុងសមុទ្រក្រហម ដែលរាលដាលចេញមកពីសង្រ្គាមរវាងអ៊ីស្រាអែលជាមួយក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សា។អ្នកនាំពាក្យក្រុមហ៊ូធី លោកម៉ូហាមេត អាបឌុលសាឡាំ បានប្រាប់អ្នកសារព័ត៌មាន Reutersថា ការវាយប្រហាររបស់អាមេរិកលើប្រទេសយ៉េម៉ែន ក្នុងនោះរួមមាន ការវាយប្រហារមួយថ្មីបំផុត​លើ​មូលដ្ឋានយោធាមួយក្នុងក្រុងសាណាអា (Sanaa) មិនបានធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរលើសមត្ថភាព​ក្រុមហ៊ូធី នៅដែលបន្ដរារាំងនាវានានាដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល កុំឲ្យឆ្លងកាត់ សមុទ្រក្រហម និងសមុទ្រអារ៉ាប់៕ អត្ថបទ មករា(Makara)

សមត្ថកិច្ចខេត្តបាត់ដំបង ឃាត់ខ្លួនបុរសម្នាក់ប្រើកាំភ្លើងដូចទូរសព្ទ iPhoneទៅគំរាមអ្នកដទៃ

2024/01/12 01:04:51 pm        3032
បាត់ដំបង៖ កម្លាំងសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង កាលពីថ្ងៃទី១១ ខែ មករា ឆ្នាំ២០២៤ បានធ្វើការឃាត់ខ្លួនបុរសម្នាក់ដែលបានប្រើប្រាស់កាំភ្លើងពិតមានរូបរាងដូចទូរសព្ទម៉ាកIphone ទៅគំរាមអ្នកដទៃ ដោយសារខឹងរឿងចាក់ធុងបាស់ខ្លាំងៗបង្កការរំខាន។យោងតាមស្នងការនគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងក្រោយពេលដែលសមត្ថកិច្ចទទួលបានពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះបេ ខេមរិន ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិដំណាក់ហ្លួងសង្កាត់ វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំ បង ថាមានករណីគំរាមកំហែង និង កាន់កាប់អាវុធខុសច្បាប់ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នៅចំណុចក្រុមទី០៧ ភូមិដំណាក់ហ្លួង សង្កាត់ វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយជនសង័្សយខាងលើបាន ប្រើប្រាស់អាវុធគំរាមដល់អាយុជីវិតរបស់គាត់។ ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះសា ម្លិះ ភេទ ប្រុស អាយុ ៤៣ឆ្នាំ មានទីលំ នៅ ភូមិដង្កោទាប សង្កាត់ទួល តាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ត្រូវបានបញ្ជូនខ្លួនទៅ កាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអនុវត្តទោសទៅតាមផ្លូវច្បាប់ ។ក្រោយពេលសួរនាំជនសង្ស័យបានសារភាពថា រូបគេពិតជាបានដកអាវុធចេញពីហោប៉ៅភ្ជង់​ទៅ​លើជនរងគ្រោះពិតប្រាកដមែន ដោយសារខឹងជនរងគ្រោះផឹកស៊ីចាក់ធុងបាស់លឺខ្លាំងៗ ។ សម្ភារៈដកហូតបានរួមមាន៖ កាំភ្លើងមិនស្គាល់ម៉ាកមានរាងដូចទូរសព្ទដែលមានលេខ IC380 ចំនួន១,គ្រាប់កាំភ្លើង ចំនួន០៦គ្រាប់ ,មួកសុវត្ថិភាព១,ទូរស័ព្ទម៉ាកអូប៉ូ ពណ៌មាស១គ្រឿង ,ស្រោមដាក់គ្រាប់កាំភ្លើងក្រណាត់ ពណ៌ខ្មៅ ១ ,ម៉ូតូម៉ាក់Yamaha Sirius ពណ៌ខ្មៅ មិនស្គាល់សេរី និងឆ្នាំ១គ្រឿង។សូមបញ្ជាក់ថា អាវុធប្រភេទIC380 នេះជាអាវុធដែលផលិតឡើងឱ្យដូចទៅនឹងទូរសព្ទដៃសេរីទំនើប ហើយនៅពេលកាន់ប្រើប្រាស់ មិនងាយដឹងថាជាអាវុធ នោះទេ លុះត្រាតែផ្តើមធ្វើសកម្មភាពទើប ដឹងថាវាជាអាវុធ អាចបាញ់ប្រហារបាន។ពេលនេះ ជនសង្ស័យ និងវត្ថុតាង ត្រូវរៀបចំបញ្ជូន​ទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តទោសតាមផ្លូវច្បាប់៕

អេក្វាឌ័រ រំលាយក្រុមភេរវករ តាមច្បាប់និងបទបញ្ជា ក្នុងការបោសសម្អាតប្រទេសដែលមានភាពចលាចល

2024/01/12 12:38:29 pm        349
ក្រុមមន្ត្រីបានរាយការណ៍ថា កងកម្លាំងប្រដាប់អាវុធប្រទេសអេក្វាឌ័រ មានវិធានការប្រឆាំងក្រុម «ភេរវករ» នៅក្នុងប្រទេសអាមេរិកខាងត្បូងដែលជួបភាពចលាចល ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីស្ដារឡើងវិញច្បាប់ និងសណ្តាប់ធ្នាប់។អ្នកដែលត្រូវបានឃុំខ្លួន មកពីប្រតិបត្តិការចំនួនបីផ្សេងគ្នាក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ត្រូវបានបង្ហាញដល់ប្រព័ន្ធផ្សព្វផ្សាយ។ យោងតាមក្រុមមន្រ្តីបានឲ្យដឹងថា ក្រុមជនអន្ធពាល Los Lobos និងក្រុម Los Lagartos Mafia 18 ត្រូវបានរំលាយចោល ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងផ្នែកកសន្តិសុខ។ អាវុធជាច្រើន ត្រូវបានរឹបអូស ហើយមនុស្ស ១៤ នាក់ត្រូវបានចាប់ខ្លួនជាផ្នែកនៃប្រតិបត្តិការនេះ។ប្រតិបត្តិការរបស់យោធា និងនគរបាល បានធ្វើឡើងនៅជុំវិញប្រទេសអេក្វាឌ័រ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីឆ្លើយតបទៅនឹងរលកនៃអំពើហិង្សា និងការឃុំខ្លួនបុគ្គលិកពន្ធនាគារប្រមាណ១៨០នាក់ធ្វើឡើង ដោយអ្នកទោស ខណៈរដ្ឋាភិបាល បានសន្យាធ្វើសង្រ្គាមលើក្រុមជនអន្ធពាលឧក្រិដ្ឋកម្ម ដែលពួកគេបានដាក់កំហុសចំពោះភាពចលាចលនេះ។ការកើនឡើងអំពើហិង្សាយ៉ាងខ្លាំងក្នុងសប្តាហ៍នេះ រួមមានទាំងការសម្រុកចូលស្ថានីយ៍ទូរទស្សន៍កំពុងផ្សាយផ្ទាល់ ការបំផ្ទុះនៅក្នុងទីក្រុងនានា និងការចាប់ពង្រត់មន្រ្តីនគរបាល ទំនងជាការឆ្លើយតបទៅនឹងផែនការរបស់ប្រធានាធិបតីថ្មី លោក Daniel Noboa ក្នុងការដោះស្រាយស្ថានភាពសន្តិសុខធ្ងន់ធ្ងរ។

គ្រូពេទ្យនៅហ្កាហ្សាដែលអស់កំលាំង ព្យាយាមជួយជនរងគ្រោះពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល

2024/01/12 12:29:30 pm        363
ពលរដ្ឋប៉ាឡេស្ទីន ដែលរងរបួស បានសម្រុកចូលទៅក្នុងមន្ទីរពេទ្យ al-Aqsa ក្នុងទីក្រុង Deir al-Balah តំបន់ហ្កាហ្សា ខណៈក្រុមគ្រូពេទ្យដែលអស់កម្លាំង បានព្យាយាមជួយជនរងគ្រោះពីការវាយប្រហារ និងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល។វេជ្ជបណ្ឌិត លោក Khaled Abu Awaimer បាននិយាយថា មន្ទីរពេទ្យកំពុងអស់ការផ្គត់ផ្គង់ឱសថ ហើយ គ្រូពេទ្យដែលនៅសេសសល់ក្នុងចំណោមគ្រូពេទ្យជាច្រើន បានភៀសខ្លួនចេញ ដោយខ្លាចរងការវាយប្រហារម្តងទៀត ហើយត្រូវរត់ភៀសខ្លួនម្តងទៀត។ ជោគវាសនារបស់មន្ទីរពេទ្យនានា និងស្ថានភាពក្រុមគ្រូពេទ្យ ដែលកំពុងធ្វើប្រតិបត្តិការក្រោមការទម្លាក់គ្រាប់បែក ជាមួយនឹងចរន្តអគ្គិសនីម្តងមានម្តងដាច់ និងការផ្គត់ផ្គង់ទឹក និងស្តុកថ្នាំពេទ្យមិនគ្រប់គ្រាន់ បានជំរុញឱ្យមានការព្រួយបារម្ភពីសំណាក់អង្គការសហប្រជាជាតិ អំពីការដួលរលំប្រព័ន្ធសុខាភិបាល។ខណៈលោក Abu Awaimer បាននិយាយថា មនុស្សរាប់សិបនាក់បានប្រជ្រៀតគ្នានៅជុំវិញតំបន់មន្ទីរពេទ្យដ៏រវល់ ដោយមួយចំនួនទាញគ្រែស្នែងអ្នករបួស ខណៈក្រុមគ្រូពេទ្យបានរៀបចំបង់រុំរបួស។ លោកបាននិយាយថា នៅជុំវិញមន្ទីរពេទ្យកាលពីពេលថ្មីៗនេះ បានរងការវាយប្រហារ ហើយរថយន្តសង្គ្រោះត្រូវបានបំផ្លាញ។ គ្រូពេទ្យជាច្រើនដែលកំពុងធ្វើការនៅមន្ទីរពេទ្យ al-Aqsa បានភៀសខ្លួនចេញពីមន្ទីរពេទ្យផ្សេងៗទៀតនៅភាគខាងជើងតំបន់ហ្កាហ្សារួចហើយ ក្នុងការប្រឈមមុខទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែល។ នៅពេលនេះ ពួកគេខ្លាចសេណារីយ៉ូដដែលនេះកើតឡើងម្តងទៀត ខណៈការទម្លាក់គ្រាប់បែកនៅភាគកណ្តាលតំបន់ហ៊ុមព័ទ្ធ បានជំរុញឲ្យមនុស្សរត់ទៅកាន់ភាគខាងត្បូង។

លោក Hunter Biden ចេញពីតុលាការ បន្ទាប់ពីនិយាយពីភាពគ្មានទោសចំពោះបទចោទប្រកាន់ក្លែងបន្លំពន្ធ

2024/01/12 12:26:31 pm        349
កូនប្រុសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden លោក Hunter Biden បាននិយាយពីភាពគ្មានទោសកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងតុលាការសហព័ន្ធក្នុងទីក្រុង Los Angeles ចំពោះបទចោទប្រកាន់បញ្ហាពន្ធ ដែលផ្តើមចេញពីអាជីវកម្ម ជំរុញឱ្យមានការស៊ើបអង្កេតលើការចោទប្រកាន់លើឪពុកលោកផងដែរ។ លោក Hunter Biden អាយុ៥៣ឆ្នាំ ត្រូវបានចោទប្រកាន់បទព្រហ្មទណ្ឌ ពីការខកខានមិនបានបង់ពន្ធចំនួន $ ១,៤លានដុល្លារនៅចន្លោះឆ្នាំ២០១៦ និងឆ្នាំ២០១៩ ខណៈមានការចំណាយប្រាក់រាប់លានដុល្លារលើគ្រឿងញៀន ក្បួនការពារ រថយន្តពីបរទេស និងទំនិញដែលមានតម្លៃខ្ពស់ផ្សេងទៀត។ លោក អាចប្រឈមការជាប់ពន្ធនាគាររហូតដល់ ១៧ ឆ្នាំ ប្រសិនបើត្រូវបានកាត់ទោស។ លោក Hunter Biden បានឆ្លើយតបថា «ពុំមានទោសកំហុសទេ» នៅពេលចៅក្រមតំបន់សហរដ្ឋអាមេរិក លោក Mark Scarsi បានសួរថា តើលោកឆ្លើយសារភាពក្នុងករណីនេះដោយរបៀបណា។ លោក Biden ពុំបាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មាន ឬក្រុមអ្នកតវ៉ាដែលកំពុងរង់ចាំនៅខាងក្រៅតុលាការបន្ទាប់ពីសវនាការនោះទេ។ ក្បួនរថយន្តសហព័ន្ធ បានចាកចេញពីអគារតាមច្រកចេញខាងក្រោយ។ មេធាវីរបស់លោក Biden លោក Abbe Lowell បាននិយាយថា កូនក្តីរបស់លោក បានបង់ពន្ធរបស់គាត់ ហើយកំពុងត្រូវបានគេធ្វើទុក្ខបុកម្នេញ ដោយសារតែនាមត្រកូលដ៏ល្បីរបស់គាត់។ កូនប្រុសរបស់ប្រធានាធិបតី ដែលត្រូវបានពិភាក្សាជាសាធារណៈអំពីការបំពានលើសារធាតុញៀន មិនដែលកាន់តំណែងនៅក្នុងសេតវិមាន ឬនៅក្នុងយុទ្ធនាការរបស់ឪពុកគាត់ឡើយ។ លោកបាននិយាយពីភាពគ្មានទោស នៅក្នុងករណីសហព័ន្ធដាច់ដោយឡែកមួយនៅក្នុងរដ្ឋ Delaware ដែលលោកត្រូវបានចោទប្រកាន់ពីបទនិយាយកុហក អំពីការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅពេលលោកបានទិញកាំភ្លើងមួយដើម។ ការចោទប្រកាន់ទាំងនេះ អាចជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំ ប្រសិនបើត្រូវបានកាត់ទោស។ លោក Hunter Biden បានផ្តល់សក្ខីកម្មជាសាធារណៈនៅក្នុងការស៊ើបអង្កេត ប៉ុន្តែសមាជិកសភា បានបដិសេធលើបញ្ហារបស់លោក។ លោកបានបង្កឲ្យមានភាពចលាចល នៅវិមាន Capitol Hill កាលពីថ្ងៃពុធ នៅពេលដែលលោកបានបង្ហាញខ្លួនដោយមិននឹកស្មានដល់នៅក្នុងសវនាការរបស់សភា។

អង្គការ Oxfam៖ អ្នកស្លាប់ប្រចាំថ្ងៃនៅតំបន់ហ្កាហ្សា លើសពីជម្លោះធំៗផ្សេងទៀតនៅក្នុងសតវត្សទី ២១នេះ

2024/01/12 11:46:12 am        347
ក្រុមឃ្លាំមើលបាននិយាយថា ចំនួនជនស៊ីវិលស្លាប់នៅតំបន់ហ្កាហ្សា ស្ថិតក្នុងកម្រិតមួយមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រថ្មីៗនេះ ខណៈអ៊ីស្រាអែលបន្តវាយសន្ធាប់លើតំបន់ឆ្នេររងការឡោមព័ទ្ធអស់រយៈពេលជាង៣ ខែ ក្នុងសង្រ្គាមនេះ។ អង្គការសប្បុរសធម៌ Oxfam ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាចំនួនអ្នកស្លាប់ប្រចាំថ្ងៃរបស់ជនជាតិប៉ាឡេស្ទីននៅក្នុងសង្គ្រាមរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាគឺលើសពីជម្លោះធំផ្សេងទៀតនៅក្នុងសតវត្សទី ២១នេះ ខណៈអ្នករស់រានមានជីវិតនៅតែប្រឈមហានិភ័យខ្ពស់ដោយសារតែភាពអត់ឃ្លាន ជំងឺផ្សេងៗ និងផ្តាសាយ ស្របពេលអ៊ីស្រាអែលបន្តទម្លាក់គ្រាប់បែក និងសង្រ្គាមថ្មើរជើង ។ អង្គការ Oxfam បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យោធារបស់អ៊ីស្រាអែលកំពុងសម្លាប់ប្រជាជនប៉ាឡេស្ទីនក្នុងអត្រាជាមធ្យម២៥០នាក់ក្នុងមួយថ្ងៃ បរិមាណនេះលើសពីចំនួនអ្នកស្លាប់ប្រចាំថ្ងៃនៃជម្លោះធំៗផ្សេងទៀតនៃឆ្នាំថ្មីៗនេះ ។ សម្រាប់ការប្រៀបធៀប អង្គការសប្បុរសធម៌មួយនេះ បានផ្តល់បញ្ជីនៃការស្លាប់ជាមធ្យមក្នុងមួយថ្ងៃនៅក្នុងជម្លោះផ្សេងទៀតចាប់តាំងពីឈានចូលសតវត្សនេះ គឺ ៩៦,៥ នៅស៊ីរី ៥១,៦ នៅស៊ូដង់ ៥០,៨ នៅអ៊ីរ៉ាក់ ៤៣,៩ នៅអ៊ុយក្រែន ២៣,៨. នៅអាហ្វហ្គានីស្ថាន និង ១៥,៨ នៅយេម៉ែន។អង្គការ Oxfam ដដែល បាននិយាយថា វិបត្តិនេះត្រូវបានដាក់បន្ទុកបន្ថែមដោយការរឹតបន្តឹងរបស់អ៊ីស្រាអែលលើការចូលទៅកាន់តំបន់ហ្កាហ្សា ដែលមានតែ១០ ភាគរយនៃជំនួយអាហារចាំបាច់ប្រចាំសប្តាហ៍។បញ្ហានេះបង្កហានិភ័យធ្ងន់ធ្ងរនៃភាពអត់ឃ្លានសម្រាប់អ្នកដែលរួចរស់ជីវិតពីការទម្លាក់គ្រាប់បែកឥតឈប់ឈរ៕

ក្រុមសេរីភាពសារព័ត៌មាន អំពាវនាវដល់លោកបៃដិនឲ្យអ៊ីស្រាអែលទទួលខុសត្រូវចំពោះការសម្លាប់អ្នកកាសែត

2024/01/12 11:40:15 am        354
ក្រុមសេរីភាពសារព័ត៌មានឈានមុខគេ និងអង្គការសិទ្ធិមនុស្ស បានអំពាវនាវឲ្យលោកចូ បៃដិន ( Joe Biden) ធ្វើការបន្ថែមទៀត ដើម្បីដាក់សម្ពាធលើអ៊ីស្រាអែលឲ្យ «គោរពតាមច្បាប់អន្តរជាតិ» ចំពេលមានការចោទប្រកាន់ថា យោធារបស់ខ្លួន កំពុងកំណត់គោលដៅលើអ្នកកាសែត នៅក្នុងសង្រ្គាមហ្កាហ្សា និងបានសម្លាប់ពួកគេ។គណៈកម្មាធិការការពារអ្នកសារព័ត៌មាន (CPJ) អង្គការឃ្លាំមើលសិទ្ធិមនុស្ស អង្គការ Freedom House និងក្រុមផ្សេងទៀត បាននិយាយនៅក្នុងលិខិតមួយផ្ញើជូនលោកប្រធានាធិបតីអាមេរិកថា បុគ្គលិកប្រព័ន្ធផ្សព្វផ្សាយកាន់តែច្រើន ត្រូវបានសម្លាប់ នៅក្នុងជម្លោះ ចាប់តាំងពីការវាយប្រហាររបស់ពួកហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ជាងនៅក្នុងប្រទេសតែមួយ ក្នុងរយៈពេលពេញមួយឆ្នាំទៅទៀត។គណៈកម្មាធិការការពារអ្នកសារព័ត៌មាន (CPJ) គណនាថា អ្នកកាសែតយ៉ាងហោចណាស់ ៧៩នាក់ បានស្លាប់ ដែលភាគច្រើនជាជនជាតិប៉ាឡេស្ទីន និងស្ទើរតែទាំងអស់នៅក្នុងដៃរបស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) ទោះបីជាអ្នកយកព័ត៌មានអ៊ីស្រាអែល ៤នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារឆ្លងព្រំដែនរបស់ហាម៉ាសក៏ដោយ។លិខិតនោះ បានឲ្យដឹងថា៖ «ថ្មីៗនេះ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយថា សហរដ្ឋអាមេរិក មិនបានឃើញភ័ស្តុតាងណាមួយដែលថា អ៊ីស្រាអែលកំពុងកំណត់គោលដៅអ្នកកាសែតដោយចេតនានោះទេ»។ប៉ុន្តែក្រុមនេះបានកត់សម្គាល់ «របាយការណ៍គួរឲ្យទុកចិត្ត» ដោយអង្គការសិទ្ធិមនុស្ស និងប្រព័ន្ធផ្សព្វផ្សាយដែលថា យោធាអ៊ីស្រាអែលទទួលខុសត្រូវចំពោះការស្លាប់របស់អ្នកកាសែតជាច្រើននាក់ រួមទាំង «ចេតនាកំណត់គោលដៅលើរថយន្តដែលអ្នកកាសែតកំពុងធ្វើដំណើរ កាលពីថ្ងៃទី៧ ខែមករា ដោយបានសម្លាប់អ្នកកាសែតពីរនាក់ និងរបួសធ្ងន់ម្នាក់។

អ៊ីរ៉ង់ រឹបអូសនាវាដឹកប្រេងចេញពីប្រទេសអូម៉ង់ ក្នុងជម្លោះជាមួយសហរដ្ឋអាមេរិក

2024/01/12 11:36:37 am        416
អ៊ីរ៉ង់ បានរឹបអូសនាវាដឹកប្រេងដែលមានទង់ជាតិកោះ ម៉ាហ្សល (Marshall) នៅឈូងសមុទ្រ អូម៉ង់ កាលពីថ្ងៃព្រហស្បតិ៍ទី១១ខែមករា ជាការសងសឹកទៅនឹងការរឹបអូសកាលពីឆ្នាំមុននៃវាដូចគ្នានិងប្រេងរបស់ខ្លួនដោយសហរដ្ឋអាមេរិក។ក្រុមបុរសប្រដាប់អាវុធពាក់ម៉ាស ត្រូវបានគេរាយការណ៍ថាបានឡើងលើនាវា សេន នីកូឡាស (St Nikolas) នៅជិតកំពង់ផែ សូហា (Sohar) របស់ប្រទេសអូម៉ង់ ហើយបានបញ្ជាឱ្យបើកទៅកាន់កំពង់ផែអ៊ីរ៉ង់។នាវា St Nikolas កំពុងឆ្លងកាត់រវាងកំពង់ផែ បាស្រា (Basra)របស់អ៊ីរ៉ាក់ និងឆ្ពោះទៅកាន់គោលដៅរបស់ខ្លួននៅក្នុងប្រទេសទួរគី។ មន្ត្រីអាមេរិក និយាយថា ការវាយប្រហារនោះមានការប្រើប្រាស់ដោយយន្តហោះចម្បាំង និងមីស៊ីល តូម៉ាហាក (Tomahawk) ។ ប្រតិបត្តិការពាណិជ្ជកម្មដែនសមុទ្ររបស់ចក្រភពអង់គ្លេសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាខ្លួនបានទទួលរបាយការណ៍ថា មនុស្សគ្មានការអនុញ្ញាតចន្លោះ ពី ៤ ទៅ ៥ នាក់ត្រូវបានគេរាយការណ៍ថាពាក់ ឯកសណ្ឋានយោធាពណ៌ខ្មៅជាមួយពាក់ម៉ាស់ណព៌ខ្មៅ បានឡើងលើនាវានៅម៉ោង៣និង៣០នាទី ម៉ោងសកល ។ ពួកគេបានបន្ថែមថា ខ្លួនបានបាត់ទំនាក់ទំនងជាមួយនាវានោះហើយក្រុមអាជ្ញាធរកំពុងស៊ើបអង្កេត។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានដកស្រង់សម្ដីរបស់កងទ័ពដែលនិយាយថានាវានោះជារបស់អាមេរិក ទោះបីជាវាជាកម្មសិទ្ធិរបស់ក្រិកក៏ដោយ។ ក្រុមហ៊ុន អ៊ីមផាយអ័រ ណាវីហ្គេហ្សិន( Empire Navigation)ដែលគ្រប់គ្រងនាវានោះ បាននិយាយថានាវានោះ ត្រូវបានផ្ទុកដោយប្រេងឆៅចំនួន១៤៥.០០០តោន ហើយកំពុងដឹកជនជាតិហ្វីលីពីន ១៨ នាក់ និងជនជាតិក្រិកម្នាក់ ជានាវិក។សហរដ្ឋអាមេរិកបានអំពាវនាវឱ្យដោះលែងនាវា និងនាវិករបស់ខ្លួនជាបន្ទាន់ ដោយហៅការរឹបអូសនេះថាជាការប៉ុនប៉ងចុងក្រោយរបស់អ៊ីរ៉ង់ ដើម្បីរំខានដល់ពាណិជ្ជកម្មអន្តរជាតិ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ភ្ញៀវទេសចរចិននៅព្រំដែនកូរ៉េខាងជើង សង្ឃឹមថានឹងមានទំនាក់ទំនងប្រកបដោយស្ថិតស្ថេរ
06/08/2026 08:06 PM
របាយការណ៍៖ មន្ត្រីហេសបូឡា បញ្ជាក់​ថា ក្រុមមិនមានទំនាក់ទំនងផ្ទាល់ជាមួយលោក Trump ទេ
06/08/2026 08:06 PM
EU ដាក់ទណ្ឌកម្មលើអ្នកនាំពាក្យអង្គភាពកងទ័ព​ជើង​ទឹក IRGC និងបញ្ជាការតំបន់របស់​អ៊ីរ៉ង់
06/08/2026 08:06 PM
រលកយក្សស៊ូណាមិទៅ​ដល់ជប៉ុន ក្រោយ​មាន​រញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រ នៅហ្វីលីពីន
06/08/2026 08:06 PM
មនុស្ស ៣២នាក់ស្លាប់ ជាង ២០នាក់បាត់ខ្លួន ក្រោយការរញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រ អង្រួនតំបន់ភាគខាងត្បូងហ្វីលីពីន
06/08/2026 08:06 PM
ចិននិយាយថា គោលជំហរឧបទ្វីបកូរ៉េមិនផ្លាស់ប្តូរ ខណៈលោក Xi បំពេញទស្សនកិច្ចនៅកូរ៉េខាងជើង
06/08/2026 07:06 PM
អ៊ីរ៉ង់បន្ទោសសហរដ្ឋ​អាមេរិក អំឡុងពេល​មាន​​ការ​វាយ​ប្រហារទៅ​វិញ​ទៅមក​ថ្មីៗជាមួយអ៊ីស្រាអែល
06/08/2026 07:06 PM
នាវា ១គ្រឿង កើត​អគ្គិភ័យ​ នៅឯសមុទ្រអូម៉ង់ តែ​នាវិកជនជាតិ​ឥណ្ឌា ២៤នាក់ «មានសុវត្ថិភាព»
06/08/2026 07:06 PM
សម្តេចប៉ាបជំរុញឲ្យក្រុមមេដឹកនាំបញ្ឈប់ការបែងចែក ខណៈទ្រង់ជួបជនអន្តោប្រវេសន៍ និងអ្នកគ្មានផ្ទះសម្បែងនៅអេស្ប៉ាញ
06/08/2026 07:06 PM
នគរបាលសូម៉ាលី បង្ហាញអាវុធរឹបអូសបាន ក្រោយការប៉ះទង្គិចគ្នានៅទីក្រុង Mogadishu
06/08/2026 07:06 PM