ស្នងការរាជធានី បញ្ជារឲ្យរឹតបន្តឹងកាន់តែខ្លាំង លើម៉ូតូកៃច្នៃបំពង់ស៊ីម៉ាំងបង្កសម្លេងរំខានដល់ពលរដ្ឋ តាមទីសាធារណៈ
ចាប់ខ្លួនជនសង្ស័យ៥នាក់ពាក់ពន្ធ័ករណីចាប់ ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់
សមត្ថកិច្ចខេត្តមណ្ឌលគិរី និងខេត្តសៀមរាប ឃាត់ខ្លួនជនបរទេសចំនួន១៦២នាក់ ក្នុង​ប្រតិបត្តិការ​បង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា
ជនបរទេស១៣នាក់ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យានៅសៀមរាប

សន្តិសុខ និង សង្គម

ប្រមុខយោធាអ៊ីស្រាអែល៖ អ៊ីស្រាអែល បានសម្លាប់ក្រុមសកម្មប្រយុទ្ធ ៩០០នាក់ នៅទីក្រុងរ៉ាហ្វានៃតំបន់ ហ្កាហ្សា

2024/07/03 01:11:28 pm        88
ប្រមុខយោធាអ៊ីស្រាអែល លោក Herzi Halevi បាននិយាយកាលពីថ្ងៃអង្គារថា អ៊ីស្រាអែល បានសម្លាប់ក្រុមសកម្មប្រយុទ្ធប្រមាណ ៩០០នាក់ នៅក្នុងទីក្រុងរ៉ាហ្វា ចាប់តាំងពីការចាប់ផ្តើមនៃការវាយលុកជើងគោករបស់អ៊ីស្រាអែល លើទីក្រុងភាគខាងត្បូងបំផុត ក្នុងតំបន់ហ្កាហ្សា កាលពីដើមខែឧសភា។ លោក Halevi បាននិយាយនៅពេលចុះទៅពិនិត្យទីតាំងដឹកជញ្ជូនយោធា នៅតំបន់ហ្កាហ្សាស្ទ្រីបថា អ្នកស្លាប់ និងរបួសរួមមាន«យ៉ាងហោចណាស់មេបញ្ជាការកងវរសេនាតូចម្នាក់ មេបញ្ជាការកងអនុសេនាធំ និងភ្នាក់ងារសម្ងាត់ជាច្រើននាក់។ នេះបើទៅតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយកងកម្លាំងការពារអ៊ីស្រាអែល (IDF)។ លោក Halevi បានបញ្ជាក់ថា ការវាយលុកនៅទីក្រុងរ៉ាហ្វា ត្រូវបានគេរំពឹងថា នឹងបញ្ចប់ក្នុងរយៈពេលតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ។លោកបានបន្ថែមថា៖«ឥឡូវនេះ កិច្ចខិតខំប្រឹងប្រែងផ្តោតលើការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធក្រោមដី ហើយវាត្រូវការពេលវេលា» ដោយបានកត់សម្គាល់ថា៖«យុទ្ធនាការមានរយៈពេលយូរ ដោយសារយើងមិនចង់ទុកហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមសកម្មប្រយុទ្ធ នៅក្នុងទីក្រុងរ៉ាហ្វា ឲ្យនៅតទៅទៀតទេ»។មុនពេលចាប់ផ្តើមការវាយលុកជើងគោក ទីក្រុងរ៉ាហ្វា គឺជាទីតាំងមួយក្នុងចំណោមទីតាំងមួយចំនួន ដែលជនស៊ីវិល ស្វែងរកការជ្រកកោនពីការវាយប្រហារទ្រង់ទ្រាយធំរបស់អ៊ីស្រាអែល នៅទូទាំងដែនដីប៉ាឡេស្ទីន។

មនុស្ស ២៤០.០០០នាក់ ត្រូវបានជម្លៀសចេញពីព្យុះភ្លៀង នៅក្នុងប្រទេសចិន

2024/07/03 11:53:18 am        68
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ នៅថ្ងៃពុធ ទី៣ ខែកក្កដា នេះថា ប្រជាជនជិតមួយភាគបួននៃប្រជាជនមួយលាននាក់ ត្រូវបានជម្លៀសចេញនៅភាគខាងកើតប្រទេសចិន ខណៈព្យុះភ្លៀងបានវាយបោកបក់នៅប្រទេសនេះ និងបណ្តាលឱ្យទន្លេ យ៉ង់ស្សេ(Yangtze) និងទន្លេផ្សេងទៀតកើនឡើង។ ប្រទេសចិន បាននឹងកំពុងទប់ទល់ទៅនឹងលក្ខខណ្ឌអាកាសធាតុមិនអំណោយផលខ្លាំង ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ មានចាប់ពីភ្លៀងធ្លាក់ខ្លាំង រហូតដល់ការកើនឡើងរលកកម្ដៅ។ប្រទេសនេះ គឺជាប្រទេសនាំមុខគេនៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលអ្នកវិទ្យាសាស្ត្រ និយាយថាជំរុញឱ្យមានបម្រែបម្រួលអាកាសធាតុ និងបង្កើតឱ្យមានព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរកាន់តែញឹកញាប់ និងខ្លាំង។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បាននិយាយថា ព្យុះ បានធ្វើឲ្យប៉ះពាល់ដល់អ្នកស្រុកចំនួន ៩៩១.០០០នាក់នៅក្នុងខេត្ត អាន់ហួយ(Anhui) និងបានបង្ខំឱ្យមានការជម្លៀសមនុស្សចំនួន ២៤២.០០០នាក់ គិតត្រឹមរសៀលថ្ងៃអង្គារម្សិលមិញ។នាយកដ្ឋានគ្រប់គ្រងគ្រោះអាសន្នខេត្តបាននិយាយថា កាលពីថ្ងៃអង្គារ ព្យុះភ្លៀងបានបង្កការបំផ្លិចបំផ្លាញនៅក្នុងស្រុក និងតំបន់ចំនួន៣៦កន្លែង ក្នុងក្រុងចំនួន៧ នៃខេត្ត Anhui ។ នាយកដ្ឋាននិយាយថា ទន្លេ Yangtze ដែលជាទន្លេវែងបំផុតរបស់ប្រទេសចិន បានមើលឃើញកម្រិតទឹក លើសពីសញ្ញាប្រកាសអាសន្ន និងនៅបន្តកើនឡើង។ភ្លៀងធ្លាក់ខ្លាំង ក៏បានរុញកម្រិតទឹកលើសពីកម្រិតប្រកាសអាសន្ននៅក្នុងទន្លេចំនួន២០ ផ្សេងទៀត និងបឹងចំនួន៦ក្នុងខេត្តនេះ។ រូបភាពជាច្រើន បង្ហាញពីអ្នកស្ម័គ្រចិត្តកំពុងកាន់ឆ័ត្រ មានពាក់អាវកាក់ព័ណ៌ក្រហមដើរល្បាតតាមមាត់ទន្លេ និងដាក់គរអាវសង្គ្រោះជីវិត និងអាវពោងនៅមាត់ច្រាំង។យោងតាម សារព័ត៌មានស៊ីនហួ បានឱ្យដឹងថា ភ្លៀងធ្លាក់ច្រើនជាង១០០មីលីម៉ែត្រ ត្រូវបានកត់ត្រានៅស្ថានីយអាកាសធាតុរាប់រយកន្លែង នៅទូទាំងខេត្តអានហ៊ុយ ចន្លោះម៉ោង ៥ល្ងាចថ្ងៃចន្ទ និងម៉ោងដូចគ្នា កាលពីថ្ងៃអង្គារ។

UN៖ ជនស៊ីវិលប៉ាឡេស្ទីនជិត ២ លាននាក់នៅតំបន់ហ្កាហ្សា ឥឡូវនេះត្រូវភៀសខ្លួន

2024/07/03 08:34:29 am        95
អ្នកសម្របសម្រួលផ្នែកមនុស្សធម៌របស់អង្គការសហប្រជាជាតិប្រចាំតំបន់ហ្កាហ្សា លោកស្រី ស៊ីហ្គ្រីដ ខាក (Sigrid Kaag) បាននិយាយកាលពីថ្ងៃអង្គារ (០២ កក្កដា) ថា មនុស្ស ១,៩ លាននាក់ ដែលស្មើនឹង ៨០ ភាគរយនៃចំនួនប្រជាជននៃទឹកដីនេះ ត្រូវបានផ្លាស់ទីលំនៅ ឬភៀសខ្លួន ដោយបន្ថែមថាលោកស្រីមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរបាយការណ៍នៃបទបញ្ជាជម្លៀសថ្មីសម្រាប់ក្រុង ខាន់ យូនីស (Khan Younis) ខណៈប្រមុខអង្គការសហប្រជាជាតិ និយាយថានោះជាបញ្ជាជម្លៀសទ្រង់ទ្រាយធំបំផុតចាប់ពីខែតុលា មក។អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា មនុស្សរហូតដល់ ២៥០.០០០ នាក់ត្រូវបានរងផលប៉ះពាល់ដោយបទបញ្ជាយោធាអ៊ីស្រាអែល ប្រាប់ឱ្យជនស៊ីវិលចាកចេញពីតំបន់ អាល់-ការ៉ារ៉ា (Al-Qarara), បានី ស៊ូហែលឡា (Bani Suhaila) និងតំបន់ផ្សេងទៀតនៅជិតទីក្រុង ខាន់យូនីស របស់ដែនដីដែលមានប្រជាជនសរុប ២,៤ លាននាក់មួយនេះ។លោកស្រីបាននិយាយថា ជំនួយដែលចូលទៅដល់តំបន់ហ៊ុមព័ទ្ធនេះគឺមិនគ្រប់គ្រាន់ទេ ហើយថាការបើកច្រកឆ្លងកាត់ថ្មី ជាពិសេសទៅកាន់តំបន់ហ្កាហ្សាភាគខាងត្បូង គឺចាំបាច់ដើម្បីបញ្ចៀសគ្រោះមហន្តរាយមនុស្សធម៌។ លោកស្រី ខាក បាននិយាយថា ច្រកឆ្លងកាត់ក្រុង រ៉ាហ្វា (Rafah) រវាងតំបន់ហ្កាហ្សា និងអេហ្ស៊ីប គួរតែត្រូវបានបើកឡើងវិញ ហើយបានអង្វរករដល់សហគមន៍អន្តរជាតិឱ្យធ្វើបន្ថែមទៀត ដើម្បីផ្តល់មូលនិធិដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះ។អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរ៉េស (Antonio Guterres) បាននិយាយថា «បទបញ្ជាសម្រាប់ការជម្លៀសទំហំ ១១៧ គីឡូម៉ែត្រក្រឡានៅក្នុងក្រុង ខាន់យូនីស និងក្រុងរ៉ាហ្វា អនុវត្តចំពោះទីតាំងទំហំប្រហែលមួយភាគបីនៃតំបន់ហ្កាហ្សា ដែលធ្វើឱ្យវាក្លាយជាបញ្ជាជម្លៀសដ៏ធំបំផុតចាប់តាំងពីខែតុលាមក ឆ្នាំមុនមក៕

[UPDATE] ចំនួនអ្នកស្លាប់ដោយសារការប្រជ្រៀតជាន់គ្នានៅប្រទេសឥណ្ឌា កើនឡើងដល់ ១១៦នាក់

2024/07/03 08:13:26 am        87
ក្រុមអាជ្ញាធរបាននិយាយថា មនុស្សចំនួន១១៦ នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួសនៅក្នុងការប្រជ្រៀតជាន់គ្នានៅឯពិធីជួបជុំសាសនាហិណ្ឌូមួយ នៅប្រទេសឥណ្ឌាភាគខាងជើង ។ហ្វូងមនុស្សដ៏ធំមួយបានប្រមូលផ្តុំគ្នាកាលពីថ្ងៃអង្គារសប្ដាហ៍នេះ នៅភូមិមួយក្នុងស្រុក ហាតរ៉ាស(Hathras) នៃរដ្ឋឧតាប្រទេស(Uttar Pradesh) ចម្ងាយប្រហែល ២០០ គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃរដ្ឋធានី New Delhi សម្រាប់ការសន្ដាប់ការទូន្មានខាងសាសនា ហើយព្យុះធូលីដ៏ខ្លាំងក្លា បានបង្កឱ្យមានការភ័យស្លន់ស្លោនៅពេលមនុស្សកំពុងចាកចេញពីពិធី។ មនុស្សជាច្រើនត្រូវបានប្រជ្រៀតជាន់គ្នា ហើយគរលើគ្នា ចំណែកមួយចំនួនបានធ្លាក់ចូលលូតាមផ្លូវក្នុងភាពចលាចលនេះ។ លោក ប្រាសាន់ គូម៉ា (Prashant Kumar) ស្នងការនគរបាលក្នុងរដ្ឋ ឧតា ប្រទេស បាននិយាយថា មនុស្សយ៉ាងហោចណាស់១១៦ នាក់បានស្លាប់ ភាគច្រើនជាស្ត្រី និងកុមារ។ មន្ត្រីនគរបាលលោក រ៉ាចេស ស៊ីញ ( Rajesh Singh) បាននិយាយថា ភាពចង្អៀតណែនខ្លាំង អាចជាកត្តាដើមចមមួយ។ របាយការណ៍ដំបូងបានលើកឡើងថា មនុស្សជាង ១៥,០០០នាក់ បានប្រមូលផ្តុំគ្នាសម្រាប់ព្រឹត្តិការណ៍នេះ ដែលមានការអនុញ្ញាតឲ្យចូលរួមប្រមាណ៥,០០០នាក់ ប៉ុណ្ណោះ៕

លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឱ្យកោះហៅ មន្រ្តីនគរបាលរចរាចរណ៍ និងមន្រ្តីជាប់កិច្ចសន្យា ២នាក់ មកសួរនាំក្រោយរងការរិះគន់យ៉ាងខ្លាំងលពេលអនុវត្ត​ភារកិច្ច

2024/07/02 04:49:29 pm        165
ភ្នំពេញ ៖ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យកោះហៅ មន្រ្តីនគរបាលរចរាចរណ៍និងមន្រ្តីជាប់កិច្ចសន្យា ២នាក់ មកសួរនាំ នៅការិយាល័យនគរបាលចរាចរណ៍ ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ បន្ទាប់ពី កើតមានការរិះគន់ យ៉ាងខ្លាំងទៅលើមន្រ្តីចរាចរណ៍ (ជាប់កិច្ចសន្យា) មួយរូប ដែលឈរជើងនៅគោលដៅ ត្រង់ចំណុចស្តុបណតប្រ៊ីដ ឬស្តុប ២០០៤ ដែលបានទៅចាប់ទាញដងកញ្ចក់ម៉ូតូ របស់ក្មេងស្រីម្នាក់ បណ្តាលអោយដួល ហើយបែរជានាំគ្នា ឈរមើល ក្នុងនោះក៏ឃើញមាន មន្រ្តីប៉ូលិសចរាចរណ៍ មួយរូប ក៏ឈរមើល ដូចគ្នាផងដែរ។បើយោងតាមការបញ្ជាក់របស់លោកវរសេនីយ៍ឯក សំ វិច្ឆកា អ្នកនាំពាក្យស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី២ ខែកក្ដដានេះថា មន្រ្តីទាំងពីររូបនោះ ត្រូវបានមន្រ្តីជំនាញកំពុងសួរនាំ និងផ្អាកការងារ​បណ្ដោះអាសន្ន រង់ចាំបទបញ្ជាពីលោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គា្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធី៕

មន្ត្រីសហជីព៖ បុគ្គលិកក្រុមហ៊ុន Samsung Electronics នឹងធ្វើកូដកម្ម ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកក្កដា

2024/07/02 02:52:47 pm        113
មន្ត្រីសហជីពម្នាក់ នៅថ្ងៃអង្គារ (ទី២ ខែកក្កដា) បានប្រាប់ឲ្យដឹងថា សហជីពកម្មករ នៅក្រុមហ៊ុន Samsung Electronics ក្នុងប្រទេសកូរ៉េខាងត្បូង បានប្រកាសពីការធ្វើកូដកម្ម ចាប់ពីថ្ងៃទី៨ ខែកក្កដា ដល់ថ្ងៃទី១០ ខែកក្កដា ខណៈដែលសហជីពបង្កើនសកម្មភាពតវ៉ារបស់បុគ្គលិក ប្រឆាំងនឹងក្រុមហ៊ុនដ៏មានតម្លៃបំផុតរបស់ប្រទេសនេះ។មន្ត្រីរូបនោះបានប្រាប់សារព័ត៌មាន Reuters តាមរយៈទូរស័ព្ទថា សហជីពកំពុងផ្ទៀងផ្ទាត់ថា តើកម្មករប៉ុន្មាននាក់ នឹងចូលរួមក្នុងកូដកម្មនេះ។ ហើយប្រធានសហជីព លោក Son Woo-mok បាននិយាយកាលពីល្ងាចថ្ងៃចន្ទ (ទី១ ខែកក្កដា) ថា សហជីពចង់បានប្រព័ន្ធតម្លាភាពបន្ថែមទៀត ដើម្បីឲ្យមានប្រាក់រង្វាន់ និងពេលសម្រាក ហើយចង់ឲ្យក្រុមហ៊ុនប្រព្រឹត្តចំពោះខ្លួន ក្នុងនាមជាដៃគូស្មើភាពមួយ។ក្រុមហ៊ុន Samsung បដិសេធមិនធ្វើអត្ថាធិប្បាយអ្វីនោះឡើយ ពាក់ព័ន្ធនឹងគម្រោងកូដកម្មរបស់សហជីពនេះ។ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនមិនមានការប៉ះទង្គិចនោះទេ ដោយឡើង ០,១ភាគរយ នៅក្នុងការជួញដូរនាពេលព្រឹកអង្គារនេះ ធៀបនឹងការធ្លាក់ចុះ ០,៧ភាគរយ នៅក្នុងសន្ទស្សន៍តម្លៃគោល។ជាមួយគ្នានេះ អ្នកវិភាគ ២រូប បានប្រាប់សារព័ត៌មាន Reuters ថា ការធ្វើកូដកម្មដោយខ្លួនឯងនេះ ទំនងជាមិនមានផលប៉ះពាល់ខ្លាំងដល់ទិន្នផលបន្ទះឈីបនោះទេ ដោយសារតែការផលិតភាគច្រើន នៅឯក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំដ៏ធំបំផុតរបស់ពិភពលោកមួយនេះ គឺដំណើរការដោយស្វ័យប្រវត្តិ។គួរបញ្ជាក់ថា កាលពីខែមុន កម្មករបានឈប់សម្រាកប្រចាំឆ្នាំនៅក្នុងថ្ងៃតែមួយ ដែលជាសកម្មភាពតវ៉ារបស់បុគ្គលិកដំបូងរបស់សហជីពប្រកបដោយប្រសិទ្ធភាព។ នៅពេលនោះក្រុមហ៊ុន Samsung បាននិយាយថា មិនមានផលប៉ះពាល់ដល់ផលិតកម្ម ឬដំណើរការអាជីវកម្មនោះទេ។ ក្រុមអ្នកវិភាគបាននិយាយថា ការធ្វើកូដកម្មទាំងនោះភាគច្រើន ធ្វើឡើងដោយបុគ្គលិគនៅឯការិយាល័យខាងក្នុងទីក្រុង មិនមែនបុគ្គលិកនៅកន្លែងផលិតនោះទេ៕

ជើងហោះហើរក្រុមហ៊ុនអាកាសចារណ៍ Air Europa ចុះចតដោយបង្ខំនៅប្រេស៊ីល ក្រោយរងការវាយប្រហារពីខ្យល់បណ្ដាលឲ្យមនុស្ស៣០នាក់រងរបួស

2024/07/02 12:59:21 pm        108
អ្នកដំណើររាប់សិបនាក់បានរងរបួសកាលពីថ្ងៃចន្ទ ទី ១ខែកក្កដា នៅពេលជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Air Europa ហោះចេញពីទីក្រុងម៉ាដ្រីដ (Madrid) ប្រទេសអេស្ប៉ាញ ទៅកាន់ទីក្រុង ម៉ុងតេវីដេអូ (Montevideo) ប្រទេស អ៊ុយរូហ្កាយ (Uruguay) បានជួបភាពច្របូកច្របល់ដោយសាររងការវាយប្រហារពីខ្យល់កួចខ្លាំង ដែលបណ្តាលឱ្យមានការចុះចតជាបន្ទាន់នៅក្នុងប្រទេសប្រេស៊ីល។ ជើងហោះហើរ UX045 ជាមួយអ្នកដំណើរ៣២៥នាក់ នៅលើយន្តហោះ ត្រូវបានបង្វែរទិសដៅនៅពេលព្រឹកព្រលឹមថ្ងៃចន្ទសប្ដាហ៍នេះ ទៅកាន់អាកាសយានដ្ឋាន ណាតាល ( Natal) នៅភាគឦសានប្រទេសប្រេស៊ីល ជាទីដែលរថយន្តសង្គ្រោះបន្ទាន់រាប់សិបគ្រឿងកំពុងរង់ចាំសង្រ្គោះ។ មន្ត្រីជាន់ខ្ពស់សុខាភិបាលរបស់រដ្ឋ រីអូ ក្រែនដេ ដូ ណតេ (Rio Grande do Norte) របស់ប្រទេសប្រេស៊ីល បានប្រាប់សារព័ត៌មាន AFP ថា អ្នកដំណើរចំនួន ៤០នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និងគ្លីនិកក្នុងទីក្រុង ណាតាល ដើម្បីព្យាបាលអ្នកមានរបួសស្រាល។ មនុស្ស១១នាក់ បានបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យ Monsenhor Walfredo Gurgel កាលពីរសៀលថ្ងៃចន្ទសប្ដាហ៍នេះ។ក្នុងចំណោមអ្នករងរបួសមានជនជាតិ អេស្ប៉ាញ អាហ្សង់ទីន អ៊ុយរូហ្កាយ អ៊ីស្រាអែល បូលីវី និងអាល្លឺម៉ង់៕

៦ខែ អាជ្ញាធររឹបអូសគ្រឿងញៀនជាង៥តោន និងឃាត់ខ្លួនមនុស្សជាង ១ម៉ឺននាក់ កំណត់ត្រាកើនជាងឆ្នាំមុន

2024/07/02 12:35:02 pm        142
នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បាន​ថ្លែង​ថា ក្នុងរយៈពេល៦ខែ (មួយឆមាស) គឺចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ​២០២៤​ កម្លាំងសមត្ថកិច្ច​បានបង្ក្រាបបទល្មើសគ្រឿងញៀនចំនួនជាង ៤ ៧០០ករណី រឹបអូស​គ្រឿង​ញៀន​ជាង ៥តោន និងឃាត់ខ្លួនមនុស្សជាង ១ម៉ឺននាក់ ដែលចំនួននេះ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នាក្នុងឆ្នាំ២០២៣ គឺមានការកើនឡើង ។ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វីរិទ្ធ មានប្រសាសន៍ថា ការបង្ក្រាបបានមានការកើនឡើងនេះ គឺ​ដោយសារការខិតខំបន្ថែមទៀត របស់សមត្ថកិច្ចពាក់ព័ន្ធ ក្នុងការបង្ក្រាបនៅទូទាំងប្រទេស ជាមួ​យ​នឹងយុទ្ធនាការអប់រំផ្សព្វផ្សាយ ពីបញ្ហាគ្រឿងញៀន នៅតាមមូលដ្ឋាននានា ។ឯកឧត្តមបានបន្តថា ការបង្ក្រាបបទល្មើសគ្រឿងញៀន គឺពុំមានការលំបាកនោះទេ ប៉ុន្តែ​មាន​ការ​ប្រឈម​នឹង​បញ្ហាមួយចំនួន ដែលកំពុងដោះស្រាយ តែសមត្ថកិច្ច គឺមានភាពមោះ​មុត​អង់អាច​ក្លាហាន និងការស្ទុះស្ទារកាន់តែសកម្មជាងមុន ព្រោះរាជរដ្ឋាភិបាលបានដាក់ចេញ នូវយុទ្ធនាការ​បន្ថែម ជាមួយនេះ បទល្មើសគ្រឿងញៀនជាច្រើន ក៏ពាក់ព័ន្ធនឹងមុខសញ្ញាក្មេងទំនើង ដែល​សមត្ថកិច្ច​បង្ក្រាបបានផងដែរ ។នាយកឧត្តមសេនីយ៍ មាស វីរិទ្ធ បានបន្ថែមថា ជាមួយនឹងការអនុវត្តផ្នែកច្បាប់ គឺបង្ក្រាប​ករណី​ជួញ​ដូរ ចែកចាយ ការកែច្នៃ និងរក្សាទុកជាដើមនោះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បាន​បង្កើតនូវ App (No Drug) ដែលប្រជាពលរដ្ឋដោនឡូត អាចផ្ញើសារ​សំណូមពរ​ក្នុង​ការ​ជួយ​បង្ក្រាប​ករណីគ្រឿងញៀន នៅក្នុងមូលដ្ឋានរបស់ពួកគាត់ ខណៈសំណូមពរ​ប្រមាណ​ជាង​ពាក់​កណ្ដាល គឺបានដោះស្រាយរួចរាល់ ។គួរបញ្ជាក់ថា ការបង្កើតនូវ App ឈ្មោះ No Drug បានធ្វើឲ្យប្រជាពលរដ្ឋមានការពេញចិត្ត និង​ជឿជា​ក់ថា អែបនេះ នឹងជួយបានច្រើនក្នុងការលុបបំបាត់បញ្ហាគ្រឿងញៀន នៅក្នុង​ប្រទេស​កម្ពុជា ខណៈដែលមានអ្នកបានដោនយកប្រើប្រាស់ និងមើលព័ត៌មានប្រមាណជាង ២ម៉ឺន​នាក់​មក​ហើយ ជាមួយនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជា​យ៉ាង​ម៉ឺង​មាត់ និងដាច់ណាត់ ចំពោះការបង្ក្រាប ទប់ស្កាត់ករណីក្មេងទំនើង និងបទល្មើសផ្សេងៗ មិន​ឲ្យ​មាន​ការ​ដកដៃនោះដែរ៕ អត្ថបទ បាន សុខរិទ្ធិ

នគរបាលអូស្ត្រាលី ចាប់ខ្លួនក្មេងប្រុសជំទង់ម្នាក់ បន្ទាប់ពីចាក់បុរសម្នាក់នៅសាកលវិទ្យាល័យស៊ីដនី

2024/07/02 11:46:44 am        73
នគរបាលប្រទេសអូស្ត្រាលី និយាយថា ពួកគេបានចាប់ខ្លួនក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ បន្ទាប់ពីបានប្រើកំាបិតចាក់ទៅលើបុរសម្នាក់នៅសាកលវិទ្យាល័យស៊ីដនី នៅព្រឹកថ្ងៃអង្គារ ទី២ ខែកក្កដានេះ ដែលបង្កឱ្យមានការបិទខ្ទប់អគារសាកលវិទ្យាល័យ។នគរបាលរដ្ឋ New South Wales បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្រុមសង្គ្រោះបន្ទាន់ បានព្យាបាលបុរសអាយុ២២ឆ្នាំម្នាក់ ដែលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងស្ថានភាពធ្ងន់ធ្ងរ ប៉ុន្តែមានស្ថេរភាព។នគរបាលនិយាយថា អ្នកវាយប្រហារដែលបានចោទប្រកាន់ បានឡើងជិះរថយន្តក្រុង បន្ទាប់ពីឧបទ្ទវហេតុ ហើយត្រូវបានចាប់ខ្លួននៅជិតមន្ទីរពេទ្យមួយកន្លែង។ សេចក្តីថ្លែងការណ៍ និយាយថា ពុំមានហានិភ័យបន្តកើតមានចំពោះសហគមន៍នោះទេ ហើយជនរងគ្រោះ និងអ្នកវាយប្រហារ មិនបានស្គាល់គ្នានោះទេ។ នគរបាល បានហ៊ុមព័ទ្ធខ្សែដើម្បីបិទនៅកន្លែងកើតហេតុ។ការវាយប្រហារនេះ កើតឡើងប្រហែលពីរខែ បន្ទាប់ពីមនុស្ស៦នាក់ ត្រូវបានសម្លាប់ និង១២នាក់ បានរងរបួស ក្នុងការវាយប្រហារដោយកាំបិតនៅផ្សារទំនើបមួយនៅឆ្នេរសមុទ្រក្នុងតំបន់ Bondi ទីក្រុងស៊ីដនី ។ការវាយប្រហារទាំងពីរលើកនេះ បានជំរុញឱ្យរដ្ឋាភិបាលរដ្ឋ New South Wales រឹតបន្តឹងច្បាប់ប្រើប្រាស់កាំបិតរបស់ប្រទេស។ សភារបស់រដ្ឋ បានអនុម័តច្បាប់កាលពីខែមិថុនា ដោយផ្តល់ឱ្យនគរបាលនូវម៉ាស៊ីនស្កែនអេឡិចត្រូនិចរាវរកលោហៈ ដើម្បីត្រួតពិនិត្យមនុស្ស ដោយពុំចាំបាច់មានដីកា នៅមជ្ឈមណ្ឌលផ្សារទំនើប កន្លែងហាត់កីឡា និងស្ថានីយ៍ដឹកជញ្ជូនសាធារណៈ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៖ រយៈពេល៧ថ្ងៃ​សមត្ថកិច្ចបង្ក្រាបករណីក្មេង​ទំនើងសរុប​ ៣១ករណី និងឃាត់ខ្លួន ១២៤នាក់

2024/07/02 10:28:12 am        135
ភ្នំពេញ៖ លោកបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២ ខែកក្កដានេះ បានឱ្យដឹងថា រយៈពេល៧ ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះ សមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃ បានបង្ក្រាបករណីក្មេងទំនើងសរុបចំនួន៣១ករណី និងឃាត់​ខ្លួន​ក្មេង​ទំនើងសរុប១២៤នាក់ ក្នុងភូមិសាស្រ្តរាជធានី-ខេត្តចំនួន១១។ក្នុងនោះមាន ខេត្តព្រះវិហារកើតឡើង៣ករណី ឃាត់ខ្លួន២៩នាក់, រាជធានីភ្នំពេញ១២ករណី ឃាត់​ខ្លួន២៣នាក់, សៀមរាប៤ករណី ឃាត់ខ្លួន២៣នាក់, កំពង់ធំ១ ឃាត់ខ្លួន១៣នាក់, កំពង់ស្ពឺ​៣ករណី ឃាត់ខ្លួន៩នាក់, តាកែវ១ករណី ឃាត់ខ្លួន៧នាក់, បន្ទាយមានជ័យ៣ករណី ឃាត់ខ្លួន​៦នាក់, កណ្តាល១ករណី ឃាត់ខ្លួន៦នាក់, ស្វាយរៀង១ករណី ឃាត់ខ្លួន៤នាក់, ព្រះសីហនុ​១ករណី ឃាត់ខ្លួន២នាក់ និង ព្រៃវែង១ករណី ឃាត់ខ្លួន២នាក់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មន្ទីរ សុរិយោដី រាជធានី និងអាជ្ញាធរ ចុះបិទផ្សាយឯកសារក្បាលដី ត្រៀមចេញ ប្លង់ជូនពលរដ្ឋ៤ភូមិ នៅខណ្ឌ ដង្កោ​
08/23/2025 09:08 PM
កម្ពុជា-វៀតណាមនឹងរៀបចំពិព័រណ៍អន្តរជាតិ លើកទី២ ដើម្បីជំរុញ​ទីផ្សារ​ពាណិជ្ជកម្ម និង​កសិកម្ម​នៅកម្ពុជា
08/23/2025 04:08 PM
អ៊ុយក្រែន ព្រមានបេឡារុស ប្រឆាំងនឹងការបង្កហេតុ អំឡុងសមយុទ្ធយោធាជាមួយរុស្ស៊ី នៅខែកញ្ញា
08/23/2025 04:08 PM
ឥណ្ឌា កំពុងប្រឹងប្រែងចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ខណៈពន្ធថ្មីខិតជិតមកដល់
08/23/2025 04:08 PM
ព័រទុយហ្គាល់ កំពុងស៊ូទ្រាំនឹងរលកកម្ដៅដ៏កំណាច ដែលឆក់យកជីវិតមនុស្សជាង ១ពាន់នាក់ នៅឆ្នាំ២០២៥នេះ
08/23/2025 04:08 PM
ការិយាល័យថវិកាសភាអាមេរិក៖ ពន្ធរបស់លោក Trump អាចបន្ថយឱនភាពបាន ៤សែនកោដិដុល្លារ
08/23/2025 04:08 PM
ទីភ្នាក់ងារសិទ្ធិមនុស្ស UN៖ ការស្លាប់ដោយសារភាពអត់ឃ្លាននៅហ្កាហ្សា អាចជាឧក្រិដ្ឋកម្មសង្គ្រាម
08/23/2025 04:08 PM
UN៖ កងកម្លាំងប្រដាប់អាវុធ RSF របស់ស៊ូដង់ សម្លាប់ជនស៊ីវិលជិត ៩០នាក់ ក្នុងការវាយប្រហារ ១០ថ្ងៃ
08/23/2025 04:08 PM
ភ្នំភ្លើងនៅរដ្ឋហាវ៉ៃ របស់អាមេរិក ផ្ទុះឡើងជាលើកទី៣១ ដោយព្រួសកម្អែភ្នំភ្លើងរាប់សិបម៉ែត្រឡើងលើមេឃ
08/23/2025 02:08 PM
អ៊ីស្រាអែល បដិសេធការប្រកាសគ្រោះទុរ្ភិក្សនៅតំបន់ហ្កាហ្សា ថាជារឿងកុហកបោកប្រាស់
08/23/2025 02:08 PM