រយៈពេល១ខែកន្លះចុងឆមាសទី១នេះ សមត្ថកិច្ចរាជធានី បង្ក្រាបបទល្មើសគ្រឿងញៀន ឃាត់មនុស្ស៧៣នាក់
​កម្លាំងនគរបាលស្រុកស្វាយជ្រំយកចិត្តទុកដាក់ទប់ស្កាត់និងបង្ក្រាប ធ្វើឱ្យបទល្មើសថយចុះស្ទើរទាំងស្រុង
នគរបាលចាប់ខ្លួនជនសង្ស័យ៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន និងទីតាំងបង្កបល្បែងស៊ីសង នៅខណ្ឌឫស្សីកែវ
នគរបាលនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឃាត់ខ្លួនជនបរទេសម្នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកញ្ឆាក្រៀមឆ្លងដែនជិត ២០គីឡូក្រាម

សន្តិសុខ និង សង្គម

កាំភ្លើងធំបានផ្ទុះនៅលើតំបន់ហ្កាហ្សាភាគខាងត្បូង ចំពេលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា

2024/06/22 05:43:13 pm        288
កងកម្លាំងអ៊ីស្រាអែលបានប្រយុទ្ធគ្នានៅទីក្រុង Rafah និងវាយលុកទីតាំងភាគខាងកើតនៃទីក្រុង Khan Younis នៅភាគខាងត្បូង Gaza នាថ្ងៃសៅរ៍ (ទី២២ មិថុនា) នេះ។ សំណុំផ្សែងត្រូវបានគេឃើញហុយទ្រលោមកាត់ព្រំដែនក្នុងតំបន់ហ្កាហ្សា ខណៈសំឡេងកាំភ្លើងធំបានបន្លឺឡើងខ្ទរលើដីស្រែចម្ការ នៅខាងព្រំដែនអ៊ីស្រាអែល។មកទល់ពេលនេះ មានរយៈពេលជាង ៨ខែហើយ ក្នុងសង្រ្គាមនៅហ្កាហ្សា ហើយការរុលទៅមុខរបស់អ៊ីស្រាអែល ឥឡូវនេះ ផ្តោតលើតំបន់ចុងក្រោយចំនួន២ ដែលកងកម្លាំងរបស់ខ្លួន មិនទាន់អាចដណ្តើមបាន នោះគឺទីក្រុង Rafah នៅជ្រុងភាគខាងត្បូងរបស់តំបន់ហ្កាហ្សា និងតំបន់ជុំវិញទីក្រុង Deir al-Balah ភាគកណ្តាល។គួរបញ្ជាក់ថា យុទ្ធនាការផ្លូវគោក និងផ្លូវអាកាសរបស់អ៊ីស្រាអែលនេះ ត្រូវបានបង្កឡើង ដោយសារក្រុមសកម្មប្រយុទ្ធដឹកនាំដោយក្រុមហាម៉ាស បានវាយលុកចូលទៅក្នុងភាគខាងត្បូងអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ដែលបានសម្លាប់មនុស្សប្រហែល ១.២០០នាក់ និងចាប់ជាចំណាប់ថ្នូរជាង ២៥០នាក់។ហើយយោងតាមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន បានឲ្យដឹងថា ការវាយលុកសងសឹករបស់អ៊ីស្រាអែល បានធ្វើឲ្យតំបន់ហ្កាហ្សាត្រូវបានបំផ្លិចបំផ្លាញ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៧.៥៥១នាក់ និងបានធ្វើឲ្យប្រជាជនប៉ាឡេស្ទីនស្ទើរតែទាំងអស់គ្មានផ្ទះសម្បែងជ្រកកោន និងក្លាយជាទុរគតជន៕

មនុស្សយ៉ាងតិច៣០នាក់ ស្លាប់ ខណៈភ្លៀងធ្លាក់ខ្លាំង វាយប្រហារអាមេរិកកណ្តាល

2024/06/22 04:21:29 pm        149
យោងតាមមន្ត្រីក្នុងតំបន់ បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៣០នាក់ បានបាត់បង់ជីវិត ហើយរាប់ពាន់នាក់ត្រូវបានបង្ខំឲ្យជម្លៀសចេញពីផ្ទះសម្បែង ខណៈដែលព្យុះ និងភ្លៀងធ្លាក់ខ្លាំង នៅតែបន្តកើតមាននៅអាមេរិកកណ្តាល ដោយភ្លៀងធ្លាក់ឥតឈប់ឈរ បង្កជាទឹកជំនន់នៅតាមទន្លេ បំផ្លាញផ្ទះសម្បែង ធ្វើឲ្យមានបំណាក់ដី និងកាត់ផ្តាច់សហគមន៍ទាំងមូល។អាជ្ញាធរអែលសាល់វ៉ាឌ័រ កាលពីថ្ងៃសុក្រ (ទី២១ ខែមិថុនា) បាននិយាយថា ចំនួនអ្នកស្លាប់ឥឡូវនេះ បានកើនឡើងដល់ ១៩នាក់ហើយ ក្នុងចំណោមនោះមានកុមារ ៦នាក់ ខណៈមនុស្សជាង ៣.០០០នាក់ នៅតែរស់ក្នុងជម្រកបណ្តោះអាសន្ន។ចំណែកអាជ្ញាធរកាតេម៉ាឡា នៅថ្ងៃទី២១ ខែមិថុនានោះដែរ បានរាយការណ៍ថា មានមនុស្សស្លាប់ ១០នាក់ ជិត ១១.០០០នាក់ ត្រូវបានជម្លៀសចេញ ជិត ៣៨០នាក់ នៅតែស្ថិតក្នុងជម្រកបណ្តោះអាសន្ន ៣០០នាក់ រងរបួសធ្ងន់ ហើយស្ពានចំនួន ៤កន្លែង ត្រូវបានបំផ្លាញ។ទន្ទឹមនឹងនេះដែរ ប្រទេសជិតខាងហុងឌូរ៉ាស បានរាយការណ៍ថា មានអ្នកស្លាប់ម្នាក់ ហើយមនុស្សជាង ១.២០០នាក់ ត្រូវបានជម្លៀស ដោយប្រហែល ៣០០នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ អាជ្ញាធរនៃប្រទេសនេះ បានប្រាប់ថា ភ្លៀងបានកាត់ផ្តាច់សហគមន៍ចំនួន ១៨០កន្លែង និងបំផ្លាញផ្ទះសម្បែងចំនួន ២២ខ្នង។នៅប្រទេសម៉ិកស៊ិកឯណោះវិញ អាជ្ញាធរបានព្យាករថា នឹងមានភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេសភាគច្រើន និងភ្លៀងធ្លាក់ខ្លាំងពាសពេញផ្នែកនៃឆ្នេរសមុទ្រប៉ាស៊ីហ្វិក និងអាត្លង់ទិក ក៏ដូចជាដីគោកបន្ថែមទៀត ដោយនាំមកនូវផ្លេកបន្ទោរ ខ្យល់បក់ខ្លាំង អាចធ្លាក់ព្រិល និងទឹកជំនន់ នៅជុំវិញទន្លេ។ កាលពីថ្ងៃទី២០ ខែមិថុនា ភ្លៀងធ្លាក់ខ្លាំងបាននាំឲ្យអាជ្ញាធរជម្លៀសមនុស្សប្រហែល ៨០នាក់ចេញពីមន្ទីរពេទ្យកុមារក្នុងរដ្ឋ Oaxaca៕

ខ្មាន់កាំភ្លើងបាញ់ប្រហារនៅបុរី ប៉េង ហួត បឹងស្នោរត្រូវបានអយ្យការអមសាលាដំបូង សម្រេចចោទប្រកាន់ចំនួន ០៣បទល្មើស

2024/06/22 03:59:10 pm        456
ភ្នំពេញ៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បង្ហាញពីចំណាត់ការផ្លូវច្បាប់ លើករណីបាញ់ប្រហារនៅខណ្ឌច្បារអំពៅ ដែលបានបណ្តាលឱ្យមានមនុស្ស ០២នាក់ បានស្លាប់ និង ០២នាក់ ទៀតរងរបួស។អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានឱ្យដឹងថា នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានបញ្ជូនជនសង្ស័យចំនួន ០៣នាក់ ដែលមាន ឈ្មោះ ស្រី ស៊ីណា ឈ្មោះ សាន សុខចំរើន ហៅ ឆ្អឹង និងឈ្មោះ ទិន ទូច ហៅ រ៉ាដូ មកកាន់​អយ្យការ​អមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីបាញ់ប្រហារបណ្តាលឱ្យជនរង​គ្រោះឈ្មោះ ឡុង លីសុង ភេទប្រុស និង ឈ្មោះ ឃីន កញ្ចនា ភេទស្រី បានស្លាប់ ព្រមទាំងឈ្មោះ ហុង រិទ្ធារ័ក្ស និងឈ្មោះ សុខុម រតនៈ បានរងរបួស កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ បង្កឡើងដោយជនសង្ស័យឈ្មោះ ស្រី ស៊ីណា ។ក្រោយពីទទួលពិនិត្យ និងស្តាប់ចម្លើយបុគ្គលពាក់ព័ន្ធនានា តំណាងអយ្យការបានសម្រេច​ចោទប្រកាន់​លើសំណុំរឿងចំនួន២ ដែលសំណុំរឿងទី១ មានជនសង្ស័យឈ្មោះ ស្រី ស៊ីណា ដែល​បានប្រព្រឹត្តអំពើបាញ់ប្រហារបណ្តាលឱ្យជនរងគ្រោះ ០២នាក់បានស្លាប់ តំណាងអយ្យការ​បានធ្វើការ​ចោទប្រកាន់លើឈ្មោះនេះពីបទ ឃាតកម្ម និងបទប្រើប្រាស់អាវុធដោយគ្មាន​ការ​អនុញ្ញាត តាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ។អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបន្ថែមថា ចំពោះសំណុំរឿងទី២ មានជន​សង្ស័យឈ្មោះ ស្រី ស៊ីណា ដែលបានប្រព្រឹត្តអំពើបាញ់ប្រហារបណ្តាលឱ្យជនរងគ្រោះ ០២នាក់​រងរបួស តំណាងអយ្យការបានធ្វើការចោទប្រកាន់លើឈ្មោះនេះពីបទ ប៉ុនប៉ងឃាតកម្ម និងបទ​ប្រើប្រាស់​អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា ២៧ និងមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ។ ចំពោះមនុស្ស ០២នាក់ទៀត មានឈ្មោះ សាន សុខចំរើន ហៅ ឆ្អឹង និងឈ្មោះ ទិន ទូច ហៅ រ៉ាដូ តំណាង​អយ្យការបានសម្រេចដោះលែងឱ្យមានសេរីភាពវិញ ដោយហេតុថា​បុគ្គលទាំងពីរនាក់នេះមិនមាន​ជាប់ពាក់ព័ន្ធទៅនឹងការប្រព្រឹត្តបទល្មើសខាងលើនេះទេ។អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងពីដំណើររឿងថា ក្រោយ​ពីពិនិត្យលើសំណុំរឿង ព្រមទាំងស្តាប់ចម្លើយភាគីពាក់ព័ន្ធបានបង្ហាញឱ្យឃើញថា ក្នុងអំឡុង​ឆ្នាំ២០១៧ ឈ្មោះ ស្រី ស៊ីណា បានជួលផ្ទះលេខ២៤ ផ្លូវP-10F នៃបុរីប៉េងហួតបឹងស្ងោរឱ្យទៅឈ្មោះ សេង ចាន់សុផាត និងឈ្មោះ សាន ស្រីពេជ្រ ។ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ឈ្មោះ សាន ស្រីពេជ្រ មានជម្លោះជាមួយឈ្មោះ ឡុង លីសុង ដែលជាអ្នកជិតខាងរបស់ខ្លួនពីរឿងកាប់​មែក​ស្វាយ វាយកំទេចផើងផ្កា និងស្នួរខោអាវលយចូលក្នុងបរិវេណផ្ទះរបស់ឈ្មោះ ឡុង លីសុង ហើយឈ្មោះ សាន ស្រីពេជ្រ ក៏បានទូរស័ព្ទប្រាប់ទៅឈ្មោះ ស្រី ស៊ីណា ដើម្បីឱ្យមកជួយ​ដោះស្រាយ ។ រហូតដល់ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ០៣ រសៀល ឈ្មោះ ស្រី ស៊ីណា បានទៅ​ទីតាំងផ្ទះខាងលើដើម្បីដោះស្រាយ ហើយឈ្មោះ សាន ស្រីពេជ្រ ក៏បានឱ្យប្អូនប្រុស​របស់ខ្លួនឈ្មោះ សាន សុខចំរើន ហៅ ឆ្អឹង បើកឡានទៅយកឈ្មោះ ស្រី ស៊ីណា ពីកន្លែងចតឡាន ។ ពេលដែលឈ្មោះ សាន សុខចំរើន បាននាំឈ្មោះ ស្រី ស៊ីណា ទៅដល់ផ្ទះកើតហេតុរួចហើយ ឈ្មោះ សាន សុខចំរើន ក៏បានបើកឡានចេញពីផ្ទះកើតហេតុដើម្បីទៅយកកូនរបស់ឈ្មោះ សាន ស្រីពេជ្រ ដែលរៀនសាលាម្តុំវត្តនិរោធភ្លាមដែរ ។អ្នកនាំពាក្យបន្ថែមថា ដោយឡែកឈ្មោះ ស្រី ស៊ីណា តែម្នាក់ឯងក៏បានចូលទៅក្នុងផ្ទះរបស់ឈ្មោះ ឡុង លីសុង ដើម្បីសួរនាំរឿងជម្លោះពីថ្ងៃមុន ។ ការជជែកគ្នាក៏បានឈានទៅដល់ជម្លោះពាក្យសម្តី ហើយឈ្មោះ ស្រី ស៊ីណា ក៏បានដកកាំភ្លើងខ្លីដែលសៀតនឹងចង្កេះបញ្ចូលគ្រាប់បាញ់ទៅលើឈ្មោះ ឡុង លីសុង ជាច្រើនគ្រាប់បណ្តាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ ឃើញសភាពដូច្នេះនោះឈ្មោះ ឃីន កញ្ចនា បានស្ទុះទៅជួយតែត្រូវបានឈ្មោះ ស្រី ស៊ីណា បាញ់ចំនួន ០៣គ្រាប់ បណ្តាលឱ្យដួល​ទៅលើដី ដែលក្រោយមកបានស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកឯមនុស្សប្រុស ០២នាក់ទៀតដែលនៅក្នុងផ្ទះកើតហេតុជាមួយគ្នានោះ ក៏ត្រូវបានឈ្មោះ ស្រី សីណា បាញ់សំដៅ​ជាច្រើន​គ្រាប់ទៀតបណ្តាលឱ្យរងរបួសដៃ និងជើង ។ ក្រោយពីធ្វើសកម្មភាពបាញ់ប្រហាររួច ជនសង្ស័យ ស្រី ស៊ីណា បានចាកចេញឆ្ងាយពីកន្លែងកើតហេតុហើយបាន​សុំអ្នកជិះម៉ូតូធ្វើ​ដំណើរ​តាមផ្លូវឈ្មោះ ទិន ទូច ហៅ រ៉ាដូ ដើម្បីឱ្យជូនខ្លួនទៅកន្លែងចតឡានរួចបានបើកឡានគេចខ្លួន ។ បន្ទាប់ពីទទួលបានការ ​រាយការណ៍ សមត្ថកិច្ចនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធបានធ្វើការ ស៊ើបអង្កេតស្រាវជ្រាវ ​និងបានឃាត់ខ្លួនជនសង្ស័យទាំង ០៣រូបខាងលើ រួចបញ្ជូនទៅកាន់អយ្យការអមសាលាដំបូង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អាវុធហត្ថខេត្តឧត្តរមានជ័យ ឃាត់ខ្លួនជនសង្ស័យ៦នាក់ ករណីប្រើប្រាស់ និងរក្សាទុកសារធាតុញៀន

2024/06/22 03:44:16 pm        189
កម្លាំងអាវុធហត្ថខេត្តឧត្តរមានជ័យដឹកនាំដោយលោកវរសេនីយ៍ទោ យ៉ាង វ៉ាន ប្រធាន​មន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស ធ្វើការបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់​ដោយខុសច្បាប់ នូវសាធាតុញៀន ក្នុងសង្កាត់សំរោង និងសង្កាត់បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ឃាត់ខ្លួនជនសង្ស័យ ៦នាក់។អាវុធហត្ថ បានឱ្យដឹងថា ជនសង្ស័យ ចំនួន៦នាក់ ១-ឈ្មោះ ខេង ណេត ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរគ្មាន។ ២-ឈ្មោះ ទុំ សាន់ទិ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ។ ៣-ឈ្មោះ ឆាន់ថន វ៉ាន់ថៃ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរធ្វើស្រែ។ ៤-ឈ្មោះ អៀម ដា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរជាងឡាន។ ៥-ឈ្មោះ ណាក់ ឌីណា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរលក់ដូរ។ ៦-ឈ្មោះ ឌី បញ្ញា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកម្មករ ។វត្ថុតាងដកហូតបានរួមមាន៖ ម្ស៉ៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) ៣កញ្ចប់ តូច ២កញ្ចប់ ធំ ១កញ្ចប់ ទម្ងន់ ៣៣.៦១ក្រាម ទូរស័ព្ទដៃ ៣គ្រឿង ដាវ ១ដើមនិងសម្ភារៈសម្រាប់ប្រើប្រាស់សារធាតុញៀនមួយចំនួន។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី។

រុស្ស៊ីបើកការវាយប្រហារ «ទ្រង់ទ្រាយធំ» លើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន

2024/06/22 03:35:28 pm        196
អ៊ុយក្រែន នៅថ្ងៃសៅរ៍ (ទី២២ ខែមិថុនា) នេះ បាននិយាយថា រុស្ស៊ីបានបើកការវាយប្រហារ «ទ្រង់ទ្រាយធំ» ពេញមួយយប់លើហេដ្ឋារចនាសម្ព័ន្ធថាមពល នៅភាគខាងលិច និងខាងត្បូងរបស់ប្រទេស។ក្រសួងថាមពលបានប្រាប់ឲ្យដឹងថា «ឧបករណ៍នៅឯកន្លែង (ប្រតិបត្តិករ) Ukrenergo ក្នុងតំបន់ Zaporizhzhia និង Lviv បានរងការខូចខាត» ដោយបន្ថែមថា បុគ្គលិក ២នាក់បានរងរបួស ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅតំបន់ Zaporizhzhia។ ក្រសួងបានបន្ថែមទៀតថា នេះគឺជា «ការវាយប្រហាររួមគ្នាទ្រង់ទ្រាយធំលើហេដ្ឋារចនាសម្ព័ន្ធថាមពល» ក្នុងរយៈពេល ៣ខែកន្លងមកនេះ។គួរបញ្ជាក់ថា ដោយមានរយៈពេលជាង ២ឆ្នាំនៅក្នុងការលុកលុយរបស់រុស្ស៊ី ការវាយប្រហារដោយមីស៊ីល និងយានដ្រូន បានធ្វើឲ្យខូចដល់សមត្ថភាពផលិតអគ្គិសនីរបស់អ៊ុយក្រែន ហើយបានបង្ខំឲ្យទីក្រុងគីវផ្ដាច់ចរន្តអគ្គិសនី និងនាំចូលការផ្គត់ផ្គង់ពីសហភាពអឺរ៉ុប។កាលពីថ្ងៃទី២០ ខែមិថុនា អាជ្ញាធរអ៊ុយក្រែន បាននិយាយថា ហេដ្ឋារចនាសម្ព័ន្ធថាមពល ក្នុងនោះរួមទាំងស្ថានីយថាមពលមួយ បានរងការខូចខាតនៅក្នុងការវាយប្រហារយ៉ាងខ្លាំងក្លាពេញមួយយប់ ដែលបានបណ្តាលឲ្យបុគ្គលិក ៧នាក់ រងរបួស។DTEK ដែលជាក្រុមហ៊ុនថាមពលឯកជនធំជាងគេនៅអ៊ុយក្រែន បានប្រាប់ថា ការវាយប្រហារបានបង្កឲ្យមាន «ការខូចខាតយ៉ាងធ្ងន់ធ្ងរ» ដល់រោងចក្រមួយរបស់ខ្លួន។ ហើយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា ការវាយប្រហាររបស់រុស្ស៊ី បានបំផ្លាញពសមត្ថភាពផ្ដល់ថាមពលពាក់កណ្ដាលរបស់អ៊ុយក្រែន៕

មនុស្ស ៦នាក់ ត្រូវបានរកឃើញស្លាប់នៅក្នុងបំណាក់ដី ក្នុងខេត្ត Fujian របស់ចិន

2024/06/22 01:40:57 pm        90
ទូរទស្សន៍រដ្ឋ CCTV នៅថ្ងៃសៅរ៍ (ទី២២ ខែមិថុនា) នេះ បានរាយការណ៍ថា មនុស្ស ៦នាក់ ត្រូវបានរកឃើញថា បានបាត់បង់ជីវិតហើយ បន្ទាប់ពីបានបាត់ខ្លួនកាលពី ១សប្តាហ៍មុន អំឡុងមានបំណាក់ដីដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង នៅក្នុងខេត្ត Fujian ភាគអាគ្នេយ៍របស់ប្រទេសចិន។CCTV បានឲ្យដឹងថា បុគ្គលិកជួយសង្គ្រោះបានរកឃើញសពអ្នកទាំងនោះ បន្ទាប់ពីចាប់ផ្ដើមការស្វែងរកយ៉ាងទូលំទូលាយ ចាប់តាំងពីបាត់បង់ទំនាក់ទំនងជាមួយជនរងគ្រោះ កាលពីថ្ងៃទី១៦ ខែមិថុនា។ គួរបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំងខុសពីធម្មតា បានវាយប្រហារភាគខាងត្បូងប្រទេសចិន បន្ទាប់ពីការចាប់ផ្តើមដំបូងនៃរដូវទឹកជំនន់ប្រចាំឆ្នាំ។ជាមួយគ្នានេះ ទូរទស្សន៍ CCTV បានផ្សព្វផ្សាយថា ចំនួនអ្នកស្លាប់ បានកើនឡើងដល់ ៣៨នាក់ហើយ កាលពីថ្ងៃទី២១ ខែមិថុនា នៅក្នុងទីក្រុង Meizhou ក្នុងខេត្ត Guangdong ភាគខាងត្បូងប្រទេសចិន ជាកន្លែងដែលភ្លៀងធ្លាក់ខ្លាំងបាននាំឲ្យមានទឹកជំនន់យ៉ាងគំហុកភ្លាមៗ និងបំណាក់ដី ដែលបានបំផ្លាញផ្ទះសម្បែងកម្ពស់ទាបៗរាប់រយខ្នង ហើយនិងបង្កការខូចខាតដល់ផ្លូវថ្នល់ និងដំណាំដាំដុះ៕

កាកបាទក្រហម៖ មនុស្ស ២២នាក់ ស្លាប់ក្នុងការវាយប្រហារនៅក្បែរការិយាល័យរបស់ខ្លួន នៅតំបន់ហ្កាហ្សា

2024/06/22 01:35:40 pm        85
គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) ប្រាប់ឲ្យដឹងថា ការិយាល័យរបស់ខ្លួន នៅហ្កាហ្សា បានរងការខូចខាតដោយការបាញ់ផ្លោង ខណៈហេតុការណ៍នេះបានសម្លាប់មនុស្ស ២២នាក់ ដែលបានស្វែងរកទីជម្រក នៅជុំវិញបរិវេណការិយាល័យរបស់ខ្លួន។សេចក្តីថ្លែងការណ៍របស់ ICRC បានរៀបរាប់ថា៖ «គ្រាប់មីស៊ីលហោះពត់ពែនធុនធ្ងន់ បានធ្លាក់ក្នុងចម្ងាយប៉ុន្មានម៉ែត្រពីការិយាល័យ និងលំនៅឋានរបស់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ កាលពីរសៀលថ្ងៃសុក្រ (ទី២១ ខែមិថុនា)»។ ហើយសេចក្ដីថ្លែងការណ៍នោះ បានបន្ថែមថា ភាគីទាំងអស់មានកាតព្វកិច្ចត្រូវចាត់វិធានការប្រុងប្រយ័ត្ន ដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់ជនស៊ីវិល និងទីកន្លែងមនុស្សធម៌។អ្នកនាំពាក្យកងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា ការស៊ើបអង្កេតដំបូង បានបង្ហាញថា មិនមាន «តម្រុយ» ដែលថា IDF បានធ្វើការវាយប្រហារនៅក្នុងតំបន់នោះទេ ប៉ុន្តែបានបន្ថែមថា ហេតុការណ៍នេះ «កំពុងស្ថិតក្រោមការត្រួតពិនិត្យ»។ICRC បាននិយាយថា៖ «ការវាយប្រហារបានធ្វើឲ្យខូចខាតដល់រចនាសម្ព័ន្ធនៃការិយាល័យរបស់ ICRC ដែលត្រូវបានហ៊ុមព័ទ្ធដោយជនស៊ីវិលភៀសខ្លួនរាប់រយនាក់ដែលរស់នៅក្នុងតង់ ក្នុងនោះរួមទាំងសហសេវិកប៉ាឡេស្ទីនរបស់យើងជាច្រើននាក់ផងដែរ»។ICRC បានប្រាប់បន្ថែមថា៖ «ឧបទ្ទវហេតុនេះបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់ នៅមន្ទីរពេទ្យកាកបាទក្រហម ដែលនៅក្បែរនោះ ដោយមន្ទីរពេទ្យបានទទួលសពមនុស្ស ២២នាក់ និងអ្នករបួស ៤៥នាក់ ខណៈមានរបាយការណ៍ពីអ្នករងរបួសបន្ថែម។ ឧបទ្ទវហេតុសន្តិសុខធ្ងន់ធ្ងរ គឺជាបញ្ហាមួយ ក្នុងចំណោមបញ្ហាជាច្រើនក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ»៕

រយៈពេល៣ថ្ងៃសាលាដំបូងរាជធានី-ខេត្ត ចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀន៥៨ករណី ឃាត់ជនសង្ស័យ ១២៨ នាក់

2024/06/22 12:05:36 pm        87
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឱ្យដឹងថា ក្នុងរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀនសរុបចំនួន ៥៨ ករណី ដែលក្នុងនោះ មានជនសង្ស័យចំនួន ១៤៣ នាក់ និងត្រូវបានឃាត់ខ្លួនចំនួន ១២៨ នាក់។ អ្នកនាំពាក្យបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត ដែលបានចាត់វិធានការក្នុងការអនុវត្តច្បាប់ ​យ៉ាងម៉ឺងម៉ាត់ក្នុងសំណុំរឿងពាក់ព័ន្ធនឹងករណីគ្រឿងញៀន ប្រកបដោយការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការការពារសន្តិសុខ និងសុវត្ថិភាពរបស់សង្គមជាតិ ព្រមទាំងភាពសុខសាន្តរបស់ប្រជាពលរដ្ឋ។បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ គ៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចាកឆ្ងាយពី​គ្រឿងញៀន ក៏ដូចជាចៀសវាងនូវរាល់សកម្មភាពទាំងឡាយណាដែលបង្កអន្តរាយដល់គ្រួសារ និងសង្គមជាតិ និងចូលរួមអនុវត្ត “៣កុំ ១រាយការណ៍” ដែលមានន័យថា “កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និង​បទល្មើសផ្សេងៗទៀត” ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួនជូនដល់សមត្ថកិច្ច៕

មនុស្សបីនាក់ស្លាប់ និង១០នាក់រងរបួសក្នុងការបាញ់ប្រហារនៅផ្សារទំនើប រដ្ឋ Arkansas

2024/06/22 10:40:15 am        122
នគរបាលរដ្ឋ Arkansas សហរដ្ឋអាមេរិក បាននិយាយថា ខ្មាន់កាំភ្លើងម្នាក់ បានបើកការបាញ់ប្រហារនៅផ្សារទំនើបមួយកន្លែងនៅរដ្ឋ Arkansas កាលពីថ្ងៃសុក្រ ដោយបានសម្លាប់ជនស៊ីវិល ៣នាក់ និងរងរបួស ១០នាក់ផ្សេងទៀត រួមទាំងមន្ត្រីនគរបាលពីរនាក់។នាយកនគរបាល រដ្ឋ Arkansas លោក Mike Hagar បាននិយាយទៅកាន់អ្នកសារព័ត៌មានថា ជនសង្ស័យ បានរងរបួសនៅក្នុងការបាញ់ប្រហារជាមួយនគរបាល ហើយត្រូវបានចាប់ខ្លួន។ការបាញ់ប្រហារ បានកើតឡើងនៅហាងលក់គ្រឿងទេស ម៉េត បាត់ឈ័រ(Mad Butcher) ក្នុងទីក្រុងហ្វ័ដៃស៍(Fordyce) ជាទីក្រុងមានមនុស្សចំនួន៣.២០០នាក់ ។អភិបាលរដ្ឋ លោកស្រី Sarah Huckabee Sanders បាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា លោកស្រី ត្រូវបានគេរាយការណ៍អំពីឧប្បត្តិហេតុនេះ។ រូបភាពវីដេអូ បានបង្ហាញពីអង្គភាពសេវាសង្គ្រោះបន្ទាន់ ស្ថិតនៅជុំវិញតំបន់ដែលខ្មាន់កាំភ្លើងបានបាញ់ប្រហារនៅផ្សារទំនើប Arkansas ។នគរបាលនិយាយថា ជាអកុសល យើងអាចបញ្ជាក់បានថា ជនស៊ីវិលស្លូតត្រង់ចំនួន១១នាក់ត្រូវបានគេបាញ់ ហើយបីនាក់ក្នុងចំណោមនោះបានស្លាប់។ មន្ត្រីអនុវត្តច្បាប់ពីរនាក់ បានរងរបួសនៅក្នុងការបាញ់តជាមួយខ្មាន់កាំភ្លើង ខណៈជនសង្ស័យក៏ត្រូវបានបាញ់ឲ្យរងបួស និងត្រូវបានចាប់ខ្លួន។ នគរបាល ពុំបានពន្យល់អំពីស្ថានការណ៍នៃការបាញ់ប្រហារនោះទេ ហើយមន្ត្រីនគរបាលដែលរងរបួស និងជនសង្ស័យ ត្រូវបានគេរំពឹងថានៅមានជីវិត បន្ទាប់ពីបញ្ជូនទៅកាន់មន្ទីពេទ្យ។

ចំនួនអ្នកស្លាប់ដោយសោកនាដកម្មគ្រឿងស្រវឹងមានសារធាតុពុលនៅឥណ្ឌា កើនឡើងដល់៥១នាក់

2024/06/22 10:38:00 am        93
យោងតាមមន្ត្រីរដ្ឋាភិបាលម្នាក់ បាននិយាយកាលពីថ្ងៃសុក្រថា ចំនួនអ្នកស្លាប់ដោយសារករណីគ្រឿងស្រវឹងមានសារធាតុពុល នៅក្នុងរដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌា បានកើនឡើងដល់យ៉ាងហោចណាស់៥១នាក់ ហើយមនុស្សជាង១០០នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ចាប់តាំងពីថ្ងៃពុធមក មនុស្សជាង ១៥០នាក់ ដែលមានអាការក្អួត ឈឺពោះ និងរាគ ត្រូវការការព្យាបាល បន្ទាប់ពីបានផឹកស្រាលាយជាមួយសារធាតុមេតាណុល។ផលិតផលនេះ ត្រូវបានផលិតឡើងនៅក្នុងស្រុក កាឡាគូរីឈី(Kallakurichi) មានចម្ងាយប្រហែល ១៥០ ម៉ាយ ពីរដ្ឋធានីរដ្ឋចេនណៃ(Chennai)។ រដ្ឋាភិបាលរដ្ឋ បាននិយាយថា នគបាល បានចាប់ខ្លួនមនុស្ស៤នាក់ពីបទលក់ស្រាខុសច្បាប់ និងបានរឹបអូសស្រានោះ។ រដ្ឋាភិបាល និយាយថា ខ្លួនបានចាត់វិធានការវិន័យចំពោះមន្ត្រីចំនួន១០នាក់ ជុំវិញការខកខានមិនបានទប់ស្កាត់ឧបទ្ទវហេតុនេះ។អ្នកស្លាប់ដោយសារគ្រឿងស្រវឹងផលិតខុសច្បាប់ ដែលគេស្គាល់ក្នុងស្រុកថា «ស្រាមានតម្លៃថោក» គឺជារឿងធម្មតានៅក្នុងប្រទេសឥណ្ឌា ដោយសារមនុស្សជាច្រើនពុំមានលទ្ធភាពទិញស្រាមានម៉ាកយីហោ។ សាធារណជន និងសកម្មជន បានអំពាវនាវម្តងហើយម្តងទៀត ឲ្យមានការបង្ក្រាបអ្នកលក់ស្រាប្រភេទនេះ។រដ្ឋាភិបាល នៅក្នុងរដ្ឋ Tamil Nadu បាននិយាយថា ខ្លួនកំពុងចាត់វិធានការដើម្បីកំណត់អត្តសញ្ញាណអ្នកដែលជាប់ពាក់ព័ន្ធក្នុងការផលិតមេតាណុល ជាសារធាតុគីមីពុល ដែលជាធម្មតាប្រើសម្រាប់គោលបំណងឧស្សាហកម្ម។ ការបូជាសពទ្រង់ទ្រាយធំ បានធ្វើឡើងរួចហើយ ហើយក្រុមគ្រួសារបានធ្វើពិធីសាសនាចុងក្រោយ។ មនុស្សរាប់សិបនាក់ បានស្លាប់កាលពីឆ្នាំមុននៅក្នុងឧបទ្ទវហេតុដូចគ្នានេះនៅក្នុងសង្កាត់មួយជិតរដ្ឋ Tamil Nadu ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រេស៊ីលនិយាយសម្រាលពីផលប៉ះពាល់ពន្ធ ខណៈលោក Trump នឹងនិយាយទៅកាន់លោក Lula
07/12/2025 08:07 AM
តុលាការព្រហ្មទណ្ឌកម្មអន្តរជាតិ ៖ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិកើតមាននៅតំបន់ Darfur ប្រទេសស៊ូដង់
07/11/2025 08:07 PM
UN៖ ការកាត់ជំនួយ UNAIDS នឹងនាំឲ្យអ្នកផ្ទុះជំងឺអេដស៍រាប់លាននាក់ស្លាប់គិតត្រឹមឆ្នាំ ២០២៩
07/11/2025 08:07 PM
អ្នកបើកបរថយន្តតាក់ស៊ីបង្កើតម៉ាស៊ីនត្រជាក់ធ្វើដោយខ្លួនឯង ខណៈរលកកម្តៅវាយប្រហារអាហ្វហ្គានីស្ថាន
07/11/2025 08:07 PM
ម្ចាស់ជ័យលាភីណូបែល លោកស្រី Mohammadi ប្រាប់ថា អ៊ីរ៉ង់ចេញការគំរាមសម្លាប់
07/11/2025 08:07 PM
ផ្លូវក្រាលកៅស៊ូពីរជាន់ DBST ចំនួន១ខ្សែ ក្នុងស្រុកកណ្តាលស្ទឹង នឹងបញ្ចប់ការស្ថាបនាក្នុងពេលឆាប់ៗ
07/11/2025 08:07 PM
សេចក្តីថ្លែងការណ៍៖ ប្រធានាធិបតីលីបង់ ច្រានចោលការធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយអ៊ីស្រាអែល
07/11/2025 08:07 PM
ឧត្តមសេនីយ៍អាមេរិក៖ អង្គការណាតូត្រូវការមីស៊ីលរយៈចម្ងាយឆ្ងាយបន្ថែមទៀត ដើម្បីទប់ស្កាត់រុស្ស៊ី
07/11/2025 08:07 PM
សមាជិកសភាក្រិក អនុម័តបំរាមសុំសិទ្ធិជ្រកកោនសម្រាប់ជនអន្តោប្រវេសន៍មកពីអាហ្វ្រិកខាងជើង
07/11/2025 07:07 PM
UN៖ ការគាំទ្រជនភៀសខ្លួនរ៉ូហ៊ីងយ៉ា នៅបង់ក្លាដែស ប្រឈមនឹងការដួលរលំ
07/11/2025 07:07 PM