សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
ឆេះខុនដូ Wealth Mansion តែសមត្ថកិច្ចជួយពន្លត់ទាន់ពេលដោយមិនរាលដាលទ្រង់ទ្រាយធំ
ជនជាតិវៀតណាម និងជនជាតិចិនជាងពីររយនាក់ទៀតត្រូវបានអាជ្ញាធរបណ្តេញចេញពីកម្ពុជាក្រោយរក ឃើញជាប់ពាក់ព័ន្ធករណី Online Scams
អាជ្ញាធរនិងមន្ត្រីជំនាញខេត្តកំពង់ឆ្នាំងចុះរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវជាតិលេខ៥ ក្នុងស្រុកកំពង់ត្រឡាច

សន្តិសុខ និង សង្គម

ការប្រុងប្រយ័ត្នត្រូវបានណែនាំ ចំពោះភ្លៀងធ្លាក់ខ្លាំង នៅប្រទេសជប៉ុន

2023/08/07 12:26:10 pm        287
ជប៉ុន៖ ព្យុះត្រូពិកដ៏មានឥទ្ធិពល Khanun កំពុងបក់ឆ្ពោះទៅកាន់ភាគខាងកើត ដោយកំពុងនៅព័ទ្ធជុំវិញតំបន់ Amami របស់ខេត្ត Kagoshima និងតំបន់ដ៏ទៃទៀតក្នុងតំបន់ព្យុះ។ មន្ត្រីអាកាសធាតុកំពុងជំរុញឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ខណៈក្រុមពពកភ្លៀងសកម្ម អាចវិវឌ្ឍទៅភាគខាងត្បូងតំបន់គ្យូស៊ូ(Kyushu) និងតំបន់ Amami រហូតដល់ព្រឹកថ្ងៃអង្គារ។ ភ្លៀងធ្លាក់ខ្លាំងពុំធ្លាប់មានក្នុងកំណត់ត្រា ដែលលើសខ្លាំងពីទឹកភ្លៀងធ្លាក់ជាប្រចាំកម្រិតមធ្យម អាចធ្លាក់នៅតំបន់ Kyushu និងតំបន់ជាច្រើនទៀតនៅផ្នែកសមុទ្រប៉ាស៊ីហ្វិកនៅប្រទេសជប៉ុនភាគខាងកើតនិងភាគខាងលិច រហូតដល់អំឡុងថ្ងៃព្រហស្បតិ៍។ ទោះជាយ៉ាងណា ពលរដ្ឋនៅក្នុងតំបន់ជាច្រើននៅឆ្ងាយពីព្យុះ ត្រូវបានណែនាំឲ្យមានការប្រុងប្រយ័ត្នជាមុន ដូចជា ពិនិត្យមើលផែនទីនៃគ្រោះថ្នាក់។ ទីភ្នាក់ងារឧតុនិយមជប៉ុន និយាយថា ព្យុះKhanun កំពុងបក់យឺតៗទៅភាគឦសាននៅលើទឹកមានចម្ងាយ១៨០គីឡូម៉ែត្រភាគអាគ្នេយ៍ ទីក្រុង Amami ក្នុងខេត្ត Kagoshima ខណៈនៅម៉ោង១០ព្រឹកថ្ងៃចន្ទនេះ ម៉ោងក្នុងតំបន់។ព្យុះទីហ្វុង Khanun ត្រូវបានគេរំពឹងថា នឹងផ្លាស់ប្តូរទិសដៅរបស់វាទៅភាគខាងជើង និងខិតទៅជិតខ្លាំងតំបន់ Kyushu នៅថ្ងៃពុធ។ ភ្លៀងធ្លាក់២៤ម៉ោងរហូតដល់ព្រឹកថ្ងៃអង្គារ ត្រូវបានព្យាករណ៍ថា នឹងឈានដល់កម្រិត ៣០០មីលីម៉ែត្រ នៅទីក្រុង Amami និងតំបន់ Kyushu ភាគខាងត្បូង និង២៥០មីលីម៉ែត្រ នៅក្នុងតំបន់ Shikoku(ស៊ីកូគុ) និងតំបន់ Tokai៕

ការិយាល័យប្រធានាធិបតីអ៊ុយក្រែនចាត់ទុកកិច្ចប្រជុំលើសំណើសន្តិភាពថាមានផ្លែផ្កា

2023/08/07 12:23:44 pm        298
អ៊ុយក្រែន៖ ការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានចាត់ទុកសន្និសីទអន្តរជាតិលើសំណើសន្តិភាពរបស់ប្រទេសនេះថា មានផ្លែផ្កាច្រើន។ កិច្ចពិភាក្សារយៈពេលពីរថ្ងៃបានបញ្ចប់ទៅកាលពីថ្ងៃអាទិត្យ។ មន្ត្រីជាន់ខ្ពស់នៃប្រទេសជាង ៤០ និងអង្គការអន្តរជាតិ បានចូលរួមក្នុងកិច្ចប្រជុំនៅទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត។ អ្នកចូលរួម រួមមានក្រុមប្រទេសG7 ព្រមទាំងប្រទេសឥណ្ឌា ប្រេស៊ីល និងប្រទេសកំពុងអភិវឌ្ឍន៍សកលខាងផ្សេងទៀត ដែលគេហៅ Global South ។ ប្រទេសចិនក៏បានចូលរួមជាលើកដំបូងផងដែរ។ក្រុមអ្នកចូលរួមបានពិភាក្សាពីសំណើសន្តិភាពចំនួន១០ចំណុច រួមមានទាំងការដកខ្លួនចេញរបស់កងកម្លាំងរុស្ស៊ី និងការស្តារឡើងវិញទឹកដីអ៊ុយក្រែន។ កិច្ចប្រជុំដំបូងបានធ្វើឡើងកាលពីខែមិថុនា។ ការិយាល័យប្រធានាធិបតីអ៊ុយក្រែន នៅក្នុងសេចក្តីថ្លែងការណ៍បាននិយាយថាចំនួនអ្នកចូលរួមដែលបានកើនឡើង បង្ហាញពីចំណាប់អារម្មណ៍ខ្លាំងរបស់ពិភពលោកក្នុងការបង្កើតសន្តិភាពប្រកបដោយនិរន្តរភាពនិងយូរអង្វែង។ សេចក្តីថ្លែងការណ៍និយាយថា អ្នកចូលរួមទាំងអស់បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសរបស់ពួកគេចំពោះគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងការគោរពចំពោះអធិបតេយ្យភាព និងភាពមិនអាចរំលោភបំពានបាននៃបូរណភាពទឹកដីរបស់រដ្ឋនានា។លោក Andriy Yermak ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា យើងមានការពិគ្រោះយោបល់ប្រកបដោយផ្លែផ្កាច្រើន លើគោលការណ៍សំខាន់ៗដែលសន្តិភាពយូរអង្វែងគួរត្រូវបានបង្កើតឡើង៕

លោក ដូណាល់ ត្រាំ នឹងស្វែងរកចៅក្រមថ្មី នៅក្នុងការកាត់ក្តីពីបទឃុបឃិតក្នុងការបោះឆ្នោត

2023/08/07 12:21:02 pm        283
អាមេរិក៖ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យថា លោកនឹងដាក់ញត្តិសុំឱ្យមានចៅក្រមផ្សេងទៀត ពិនិត្យមើលការកាត់ក្តីបទឧក្រិដ្ឋ ជាប្រវត្តិសាស្ត្ររបស់លោក និងសម្រាប់សំណុំរឿងនេះដែលនឹងត្រូវផ្លាស់ចេញពីទីក្រុងវ៉ាស៊ីនតោន។ សមាជិកគណបក្សសាធារណរដ្ឋដែលត្រូវបានចោទប្រកាន់ចំនួនពីរលើករូបនេះ បានរៀបចំសកម្មភាពរិះគន់ជាបន្តបន្ទាប់ប្រឆាំងអ្នកទាំងឡាយណាដែលកាត់ទោសលោកឬកំពុងដំណើរការរឿងក្តី ដែលលោកប្រឈមមុខនឹងការចោទប្រកាន់ពីបទប៉ុនប៉ងលុបចោលលទ្ធផលបោះឆ្នោតឆ្នាំ ២០២០ និងក្លែងបន្លំនៅសហរដ្ឋអាមេរិក។គោលដៅចុងក្រោយរបស់លោក ចៅក្រមសហព័ន្ធប្រចាំតំបន់របស់សហរដ្ឋអាមេរិក លោកស្រី Tanya Chutkan ជាអ្នកដែលត្រូវបានតែងតាំងដោយអតីតប្រធានាធិបតីគណបក្សប្រជាធិបតេយ្យ លោក Barack Obama ដែលត្រូវបានចាត់តាំងដោយចៃដន្យក្នុងសំណុំរឿងនៅទីក្រុងវ៉ាស៊ីនតោន។ លោក Trump ដោយប្រើអក្សរធំទាំងអស់បានបង្ហោះនៅលើបណ្តាញ Truth Social របស់លោកថា ពុំមានវិធីណាដែលខ្ញុំអាចទទួលបានការកាត់ក្តីដោយយុត្តិធម៌ជាមួយចៅក្រមដែលត្រូវបានចាត់តាំង ចំពោះករណីសេរីភាពនៃការបញ្ចេញមតិការបោះឆ្នោតដោយយុត្តិធម៌ដែលគួរឱ្យអស់សំណើចនោះទេ។ គេគ្រប់គ្នាដឹងពីបញ្ហានេះ ហើយលោកស្រីក៍ដឹងដែរ។ លោក Trump បាននិយាយបន្តថា យើងនឹងស្នើសុំឱ្យមានការបដិសេធភ្លាមៗពីចៅក្រមនេះ ដោយផ្អែកលើហេតុផលដ៏មានឥទ្ធិពល ហើយដូចគ្នានេះដែរសម្រាប់ការផ្លាស់ប្តូរទីកន្លែងចេញពីទីក្រុងវ៉ាស៊ីនតោន ជាទីក្រុងខ្មៅភាគច្រើនដែលមាននិន្នាការប្រជាធិបតេយ្យខ្លាំង។លោកស្រី Chutkan អាយុ ៦១ ឆ្នាំ គឺជាចៅក្រមម្នាក់ក្នុងចំណោមចៅក្រមជាង១០នាក់នៅលើកៅអីតុលាការសហព័ន្ធទីក្រុងវ៉ាស៊ីនតោន។ ការតែងតាំងរបស់លោកស្រីឡើងកាន់តួនាទីក្នុងឆ្នាំ២០១៤ ត្រូវបានព្រឹទ្ធសភាអនុម័តជាឯកច្ឆ័ន្ទ៕

ជនអន្តោប្រវេសន៍១០នាក់ដែលស្លាប់ អណ្តែតមកដល់ច្រាំងសមុទ្រនៅទុយនីស៊ី

2023/08/07 12:18:02 pm        74
ទុយនីស៊ី៖ អាជ្ញាធរបាននិយាយកាលពីថ្ងៃអាទិត្យថា សាកសពជនអន្តោប្រវេសន៍១០នាក់ ត្រូវបានរកឃើញនៅលើឆ្នេរមួយកន្លែងក្នុងប្រទេសទុយនីស៊ី ក្បែរទីក្រុង Sfax ដែលបានឃើញការកើនឡើងនៅឆ្នាំនេះក្នុងការឆ្លងកាត់សមុទ្រឆ្ពោះទៅអឺរ៉ុប។ ប្រទេសទុយនីស៊ី បានក្លាយជាច្រកផ្លូវដ៏សំខាន់សម្រាប់ជនអន្តោប្រវេសន៍មិនទៀងទាត់ និងអ្នកស្វែងរកសិទ្ធិជ្រកកោនជាចម្បងមកពីផ្នែកផ្សេងៗនៃទ្វីបអាហ្រ្វិក ដោយប៉ុនប៉ងធ្វើដំណើរដោយគ្រោះថ្នាក់ជាញឹកញាប់តាមទូកគ្មានសុវត្ថិភាព ក្នុងក្តីសង្ឃឹមពីជីវិតកាន់តែប្រសើរ។ កងឆ្មាំជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សាកសព១០នាក់ ត្រូវបានរកឃើញក្នុងរយៈពេល ៤៨ម៉ោងកន្លងទៅនេះដោយអង្គភាពឆ្មាំឆ្នេរសមុទ្រ នៅភាគខាងជើងទីក្រុង Sfax នៅភាគខាងកើត ប្រទេសទុយនីស៊ី។ អ្នកនាំពាក្យតុលាការទីក្រុង Sfax លោក Faouzi Masmoudi បានប្រាប់សារព័ត៌មាន AFP ថា តុលាការត្រូវបានគេជូនដំណឹងអំពីការរកឃើញសាកសពប្រាំបីនាក់ ដែលជាក់ស្តែងជាជនជាតិអាហ្វ្រិកនៅអនុតំបន់សាហារ៉ាហើយក្រុមអ្នកស៊ើបអង្កេតកំពុងធ្វើការដើម្បីកំណត់អត្តសញ្ញាណពួកគេ។ លោក Masmoudi បាននិយាយថា ជនអន្តោប្រវេសន៍ដែលបានស្លាប់ត្រូវបានគេរកឃើញនៅចន្លោះថ្ងៃសុក្រ និងថ្ងៃសៅរ៍ ក្នុងអំឡុងពេលមានព្យុះ ដែលអាចពន្លិចទូករបស់ពួកគេ ប៉ុន្តែបានកត់សម្គាល់ថាពុំមានការរាយការណ៍ពីបំណែកទូកលិចនៅជិតក្រុង Sfax នោះទេ។ អ្នកនាំពាក្យរូបនេះបាននិយាយថា ពួកគេប្រហែលជាបានចាប់ផ្តើមចេញពីតំបន់ផ្សេងទៀតតាមបណ្តោយឆ្នេរប្រទេសទុយនីស៊ី។ យោងតាមក្រសួងមហាផ្ទៃរបស់ប្រទេសអាហ្រ្វិកខាងជើងបានឲ្យដឹងថា សាកសពចំនួន ៩០១នាក់ ត្រូវបានរកឃើញនៅឆ្នាំនេះគិតត្រឹមថ្ងៃទី ២០ ខែកក្កដា បន្ទាប់ពីមានឧបទ្ទវហេតុ នៅសមុទ្រមេឌីទែរ៉ាណេ ហើយ ៣៤,២៩០នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះ ឬត្រូវបានស្ទាក់ចាប់។ ក្រសួងនិយាយថាភាគច្រើននៃជនអន្តោប្រវេសន៍គឺមកពីបណ្តាប្រទេសអនុតំបន់សាហារ៉ាអាហ្វ្រិក។ យោងតាមតួលេខរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ជនអន្តោប្រវេសន៍ជិត ៩០.០០០ នាក់បានមកដល់ប្រទេសអ៊ីតាលីនៅឆ្នាំនេះ។ ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ UNHCR បាននិយាយថា ភាគច្រើននៃជនអន្តោប្រវេសន៍បានចាប់ផ្តើមពីប្រទេសទុយនីស៊ី ឬប្រទេសជិតខាងលីប៊ី៕

លោក Zelenskiy ពិនិត្យមីស៊ីល និងប្រព័ន្ធការពារដែនអាកាសផ្គត់ផ្គង់ដោយលោកខាងលិចនៅថ្ងៃទិវាកងទ័ពអាកាស

2023/08/07 12:15:36 pm        117
អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានធ្វើទស្សនកិច្ចនៅព្រលានយន្តហោះមួយកន្លែងនៅទីតាំងដែលពុំបានបញ្ជាក់ឈ្មោះកាលពីថ្ងៃអាទិត្យ ដើម្បីអបអរដល់អាកាសយានិកទាំងបុរសនិងស្ត្រីដែលកំពុងប្រយុទ្ធប្រឆាំងការឈ្លានពានរបស់រុស្ស៊ី និងដើម្បីពិនិត្យមើលយន្តហោះផលិតនៅសូវៀត បំពាក់នូវអ្វីដែលទំនងជាមីស៊ីល Anglo-French Storm Shadow ។ លោក Zelenskiy បានពិនិត្យមើលប្រព័ន្ធការពារដែនអាកាសដែលផ្គត់ផ្គង់ដោយប្រទេសលោកខាងលិចចំនួនពីរគ្រឿងគឺប្រព័ន្ធដែនអាកាសប៉ាទ្រីយ៉ូតនិង Iris T-SLM ដែលត្រូវបានដាក់តាំងបង្ហាញនៅព្រលានយន្តហោះមួយកន្លែងដែលមិនបានបញ្ជាក់ឈ្មោះឱ្យដឹង។ ទីភ្នាក់ងារសារព័ត៌មាន RIA របស់រុស្ស៊ី បានដកស្រង់សម្តីលោក Sergei Aksyonov ប្រធានតំបន់គ្រីម៉េដែលលើកបន្តុបដោយទីក្រុងមូស្គូបាននិយាយថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងខណៈរុស្ស៊ីបាននិយាយថា ការវាយប្រហារដោយមីស៊ីលរបស់អ៊ុយក្រែនបានបំផ្លាញស្ពាននៅផ្លូវ Chonhar ដែលតភ្ជាប់ពីដីគោកអ៊ុយក្រែនទៅកាន់តំបន់គ្រីម៉េ កាលពីថ្ងៃអាទិត្យ ទី៦ ខែសីហា ។ សារព័ត៌មាន RIA បានដកស្រង់សម្តីអភិបាលក្រុង Kherson ស្តីទី លោក Vladimir Saldo ជាអ្នកត្រូវបានលើកបន្តុបដោយទីក្រុងមូស្គូម្នាក់ទៀត ដោយនិយាយថា ការវាយប្រហារទៅលើស្ពាន ជាផ្លូវមួយក្នុងចំណោមផ្លូវតភ្ជាប់ទាំងបីរវាងតំបន់គ្រីម៉េនិងអ៊ុយក្រែនដីគោក ពាក់ព័ន្ធនឹងមីស៊ីល Anglo-French Storm Shadow ប៉ុន្តែលោកពុំបានផ្តល់ភស្តុតាងណាមួយឡើយ៕

មនុស្សយ៉ាងហោចណាស់២៤នាក់ បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តក្រុងនៅប្រទេសម៉ារ៉ុក

2023/08/07 12:12:50 pm        110
ម៉ារុក៖ មនុស្សយ៉ាងហោចណាស់២៤នាក់ បានស្លាប់ បន្ទាប់ពីរថយន្តមួយគ្រឿងបានក្រឡាប់នៅក្នុងប្រទេសម៉ារុក ក្នុងឧបទ្ទវហេតុមួយក្នុងចំណោមគ្រោះថ្នាក់សាហាវបំផុតជាច្រើនក្នុងរយៈពេលជាច្រើនឆ្នាំនៅក្នុងប្រទេសនេះ ។ ក្រុមអាជ្ញាធរបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ MAP ថា រថយន្តក្រុងធន់តូចមួយគ្រឿងដែលធ្វើដំណើរទៅផ្សារប្រចាំសប្ដាហ៍នៅក្នុងទីប្រជុំជន ឌឹមណេត (Demnate) ក្នុងខេត្តអាហ្ស៊ីឡាល (Azilal) បានប្រឡាប់ ខណៈពេលកំពុងដឹកអ្នកដំណើរនៅតាមផ្លូវកាលពីថ្ងៃអាទិត្យ ។ ប្រភពខាងលើនិយាយថា ពេលទទួលបានដំណឹងភ្លាមៗ ក្រុមអាជ្ញាធរប្រចាំតំបន់  កងកម្លាំងអាវុធហត្ថ និងអង្គភាពការពារជនស៊ីវិល បានទៅដល់កន្លែងកើតហេតុដើម្បីចាត់វិធានការចាំបាច់នានា។ ប្រភពដដែលបន្ថែមថា ក្រុមអាជ្ញាធរកំពុងធ្វើការស៊ើបអង្កេតពីមូលហេតុនាំឲ្យមានឧបទ្ទវហេតុនេះកើតឡើង។ ។ គ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃអាទិត្យ គឺជាឧបទ្ទវហេតុតាមផ្លូវដ៏ធ្ងន់ធ្ងរចុងក្រោយបំផុតជាច្រើននៅក្នុងប្រទេសនៅអាមេរិកខាងជើងមួយនេះ។  កាលពីរដូវក្ដៅឆ្នាំមុន មនុស្ស២៣នាក់ បានស្លាប់នៅពេលរថយន្តក្រុងមួយគ្រឿង បានក្រឡាប់នៅលើផ្លូវរថយន្តមួយនៅភាគខាងកើត រដ្ឋធានីសេដ្ឋកិច្ច កាសាប្លង់កា(Casablanca) របស់ប្រទេសនេះ ៕

ក្រុមប្រឆាំងនឹងលោក Lukashenko រួបរួមគ្នារៀបចំផែនការធ្វើលិខិតឆ្លងដែនបេឡារុសថ្មី

2023/08/07 12:10:06 pm        143
បេឡារុស៖ ក្រុមប្រឆាំងដែលនិរទេសខ្លួនរបស់ប្រធានាធិបតី អាឡិចសាន់ឌឺ លូកាសិនកូ ( Alexander Lukashenko) បានជួបប្រជុំគ្នានៅប្រទេសប៉ូឡូញ កាលពីថ្ងៃអាទិត្យនៅមុនថ្ងៃគម្រប់ខួបលើកទី៣ នៃការតវ៉ាក្រោយការបោះឆ្នោតដែលមិនបានជោគជ័យរបស់ពួកគេ ដើម្បីបង្ហាញពីការរួបរួម និងផែនការយុទ្ធសាស្រ្តរួមទាំងការចេញលិខិតឆ្លងដែន«បេឡារុសថ្មី»។ដោយត្រូវបានបង្កើតឡើងក្នុងខែសីហា ឆ្នាំ ២០២២ ដោយលោក ស្រី ស្វីអាតឡាណា ទីខាណូស្កាយ៉ា (Sviatlana Tsikhanouskaya) រដ្ឋាភិបាលស្វ័យប្រកាសដែលនិរទេសខ្លួន បានបើកស្ថានទូតជំនួសជាង២០ និងមជ្ឈមណ្ឌលព័ត៌មាន នៅបរទេស។លោកស្រី ទីខាណូស្កាយ៉ា មានវ័យ៤០ឆ្នាំ ជាអតីតគ្រូបង្រៀនភាសាអង់គ្លេស ដែលបានរត់គេចខ្លួនបន្ទាប់ពីបានធ្វើការប្រឆាំងនឹងលោក លូកាសិនកូ នៅក្នុងការបោះឆ្នោតឆ្នាំ ២០២០ ដែលក្រុមអ្នករិះគន់បានហៅថា មានការលួចបន្លំ បាននិយាយថា គណបក្សប្រឆាំងនឹងស្វែងរកការទទួលស្គាល់ពីអន្តរជាតិសម្រាប់លិខិតឆ្លងដែនជំនួសនោះ។ថ្លែងនៅឯសណ្ឋាគារមួយក្នុងទីក្រុងវ៉ាសូវី ( Warsaw ) ទៅកាន់សកម្មជនរាប់រយនាក់ រួមទាំងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងក្រុមពលរដ្ឋ លោកស្រី ទីខាណូស្កាយ៉ា បានជំរុញឲ្យកងកម្លាំងប្រឆាំងនៅក្រៅប្រទេសរួបរួមគ្នា និងគាំទ្រការបង្កើតចលនា«បេឡារុសថ្មី»នេះ៕

ប្រទេសចិន បានចេញផ្សាយភាពយន្តឯកសារចំនួន៨ដែលបង្ហាញពីសមត្ថភាពរបស់ខ្លួនក្នុងការវាយប្រហារកោះតៃវ៉ាន់

2023/08/07 12:06:45 pm        144
តៃវ៉ាន់៖ ប្រទេសចិន បានចេញផ្សាយភាពយន្តឯកសារចំនួន៨អំពីការត្រៀមខ្លួនរបស់យោធារបស់ខ្លួន ក្នុងការវាយប្រហារកោះតៃវ៉ាន់ដែលបង្ហាញពីទាហានដែលសន្យាថានឹងស្លាប់ក្នុងការក្រសោបយកកោះនេះ ប្រសិនបើចាំបាច់។វគ្គដំបូងនៃភាពយន្តឯកសារឈ្មោះថា ការដេញតាមក្តីសុបិន «Chasing Dreams» ត្រូវបានចាក់ផ្សាយដោយទូរទស្សន៍រដ្ឋ CCTV កាលពីថ្ងៃអង្គារ ដើម្បីប្រារព្ធខួបលើកទី៩៥នៃកងទ័ពរំដោះប្រជាជនចិនដែលជាយោធារបស់ប្រទេសចិន។ភាពយន្តឯកសារនោះ បង្ហាញពីរូបភាពវីដេអូនៃសមយុទ្ធយោធា ជាពិសេសនៅជុំវិញកោះតៃវ៉ាន់ និងការបញ្ជាក់យ៉ាងលាស់ពីទាហានរាប់សិបនាក់។អ្នកខ្លះនិយាយថា ពួកគេសុខចិត្តលះបង់ជីវិត ដើម្បីបុព្វហេតុដណ្តើមយកកោះនេះ។បុរសដែលត្រូវបានគេស្គាល់ថា លី ប៉េង (Li Peng) អ្នកបើកយន្តហោះពីក្រុមទ័ពសេះវ៉ាង ហៃ (Wang Hai)នៅក្រោមទីបញ្ជាការយុទ្ធសាស្ត្រភាគខាងកើតរបស់យោធាដែលទទួលខុសត្រូវក្នុងការធ្វើប្រតិបត្តិការនៅច្រកសមុទ្រតៃវ៉ាន់ បាននិយាយថា៖«យន្តហោះចម្បាំងរបស់ខ្ញុំ នឹងក្លាយជាមីស៊ីលចុងក្រោយរបស់ខ្ញុំ ដោយប្រញាប់ប្រញាល់រត់ឆ្ពោះទៅរកសត្រូវ ប្រសិនបើនៅក្នុងសមរភូមិពិត ខ្ញុំបានប្រើគ្រាប់ទាំងអស់ របស់ខ្ញុំ»៕

សកម្មជនអាកាសធាតុប្រេស៊ីល តវ៉ាប្រឆាំងនឹងការរុករកប្រេងនៅតំបន់ព្រៃអាម៉ាហ្សូន

2023/08/07 12:03:24 pm        96
ប្រេស៊ីល៖ ក្រុមសកម្មជនបរិស្ថានប្រេស៊ីលបានតវ៉ានៅទីក្រុង Belem ភាគខាងជើងប្រទេសប្រេស៊ីលកាលពីថ្ងៃអាទិត្យ (៦ សីហា) ដើម្បីបដិសេធសំណើរបស់ក្រុមហ៊ុនប្រេង Petrobras សម្រាប់ការរុករកប្រេងនៅតំបន់ព្រៃអាម៉ាហ្សូន ដោយសារតែហានិភ័យនៃការធ្លាយប្រេង។ក្រុមបាតុករបានប្រមូលផ្តុំគ្នានៅខាងក្រៅមជ្ឈមណ្ឌលសន្និបាត ជាទីដែលកិច្ចសន្ទនាស្ដីពីទំបន់ព្រៃអាម៉ាហ្សូន កំពុងប្រព្រឹត្តទៅ ជាព្រឹត្តិការណ៍មួយមុនពេលកិច្ចប្រជុំកំពូល អាម៉ាហ្សូន ដែលនឹងចាប់ផ្តើមនៅថ្ងៃអង្គារ (៨ សីហា)ខាងមុខនេះក្នុងទីក្រុង Belem ប្រទេសប្រេស៊ីល។ បណ្ដាអ្នកបរិស្ថានវិទ្យាអះអាងថា ពួកគេមានការព្រួយបារម្ភអំពីការរញ្ជួយដី និងគម្រោងប្រេងនៅតំបន់ព្រៃអាម៉ាហ្សូន របស់ប្រទេសប្រេស៊ីល។ក្នុងព្រឹត្តិការណ៍ដូចគ្នាកាលពីថ្ងៃសៅរ៍ (៥ សីហា) រដ្ឋមន្ត្រីបរិស្ថានប្រេស៊ីលលោកស្រី Marina Silva បាននិយាយថា វិទ្យាស្ថានបរិស្ថាន និងធនធានធម្មជាតិកកើតឡើងវិញរបស់ប្រេស៊ីល (Ibama) នឹងវាយតម្លៃសំណើរបស់ក្រុមហ៊ុន Petrobras ក្នុងការដំឡើងវេទិកាខួងសាកល្បងនៅឆ្នេរសមុទ្រ Amapá ដើម្បីពិនិត្យមើលប្រេងនៅក្នុងតំបន់នេះ៕

ចិនបានប្រើកាណុងបាញ់ទឹកក្នុងទិសដៅរបស់នាវាយោធាហ្វីលីពីន នៅសមុទ្រចិនខាងត្បូង

2023/08/07 12:00:14 pm        320
ចិន៖ នៅថ្ងៃចន្ទ (៧ សីហា)នេះ ឆ្មាំល្បាតឆ្នេរហ្វីលីពីន បានបញ្ចេញវីដេអូនៃនាវាឆ្មាំល្បាតឆ្នេរចិន ដែលកំពុងរារាំង និងប្រើកាណុងបាញ់ទឹក ក្នុងទិសដៅរបស់នាវាហ្វីលីពីន នៅសមុទ្រចិនខាងត្បូង។ក្រុមអាជ្ញាធរហ្វីលីពីនបាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងកាលពីថ្ងៃសៅរ៍ (៥ សីហា) នៅជិតច្រកសមុទ្រ Thomas Shoal ទីពីរ ដោយទីក្រុងម៉ានីលហៅទីនោះថាច្រកសមុទ្រ Ayungin Shoal ជាថ្មប៉ប្រះទឹក ដែលទាហានមួយចំនួនតូចរបស់ពួកគេរស់នៅលើកប៉ាល់អាមេរិកសម័យសង្គ្រាមលោកលើកទី២ ដែលបានទុកចោលនៅទីនោះកាលពីឆ្នាំ១៩៩៩។ឆ្មាំល្បាតឆ្នេររបស់ប្រទេសចិនបានប្រឆាំងថា ខ្លួនបានអនុវត្តការត្រួតពិនិត្យចាំបាច់ស្របតាមច្បាប់ដើម្បីរារាំងកប៉ាល់ហ្វីលីពីន ដែលខ្លួនបានចោទប្រកាន់ពីបទរំលោភបំពាន និងដឹកជញ្ជូនសម្ភារៈសំណង់ខុសច្បាប់។ប្រទេសចិនអះអាងអធិបតេយ្យភាពលើសមុទ្រចិនខាងត្បូងស្ទើរតែទាំងមូល ដែលជាការអះអាងត្រូវបានបដិសេធជាអន្តរជាតិ ដោយជារឿយៗធ្វើឱ្យប្រទេសជិតខាងរបស់ខ្លួនខឹងសម្បាជាមួយនឹងសកម្មភាពដែនសមុទ្រដែលពួកគេហៅថាឈ្លានពាន និងជាមួយនឹងសកម្មភាពរយៈពេលវែងដូចជា ការកសាងកោះនៅលើថ្មប៉ប្រះទឹក ព្រមទាំងបំពាក់ដោយមីស៊ីល និងទីលានចតយន្តហោះនៅទីនោះផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជា សម្រេចបាន​ប្រមាណ ៣៧ពាន់លាន​ដុល្លារអាមេរិក កើនជាង ២០% ក្នុង​ឆមាសទី១ ឆ្នាំនេះ
07/10/2026 01:07 PM
គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបាន ៧៩% ហើយ គិតត្រឹមដើមខែកក្កដា ឆ្នាំ២០២៦នេះ
07/10/2026 01:07 PM
ក្រសួងបរិស្ថានបើកដំណើរការពិព័រណ៍ «ពន្លកបៃតង» និងប្រកាសព្រឹត្តិការណ៍ដាំដើមត្នោតមួយលានដើមឆ្នាំ២០២៦
07/10/2026 01:07 PM
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ប្រតិភូកាកបាទក្រហមកម្ពុជា អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយលោក កឹម សុខា និងភរិយា និងក្រុមគ្រួសារ ចំពោះមរណភាពឧបាសិកា សៅ ង៉ែត
07/10/2026 01:07 PM
រដ្ឋសភានឹងបើកបន្តសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ នៅថ្ងៃទី១៤ ខែកក្កដាខាងមុខដើម្បីពិភាក្សានិងអនុម័តរបៀបវារៈចំនួន៥
07/10/2026 01:07 PM
ការប្រកួតហែលទឹកកុមារ លើកទី៣ វិលត្រឡប់មកវិញ សហព័ន្ធគ្រោងនឹងរៀបចំនៅដើមខែក្រោយ
07/10/2026 01:07 PM
អ្នកនាំពាក្យរដ្ឋាភិបាល ណែនាំឱ្យនិស្សិតខិតខំសម្រួចខ្លួនក្លាយជាមនុស្សពូកែ និងមានសមត្ថភាព ដើម្បីប្រកួតប្រជែងក្នុងទីផ្សារការងារ
07/10/2026 12:07 PM
សមត្ថកិច្ចចុះត្រួតពិនិត្យរដ្ឋបាលចំនួន៣ទីតាំងនៅក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនបរទេសចំនួន ៩៤នាក់
07/10/2026 12:07 PM
រុស្ស៊ី ថា ខ្លួនកំពុងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីការពារប្រទេស រួមទាំងពីប្រព័ន្ធ Patriot របស់អាមេរិកដែរ
07/10/2026 12:07 PM
ក្រុមអ្នកតវ៉ាប្រឆាំងអន្តោប្រវេសន៍ រំខានដល់សង្កាត់ Alexandra របស់ប្រទេសអាហ្វ្រិកខាងត្បូង
07/10/2026 12:07 PM