ជនបរទេស១៣នាក់ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យានៅសៀមរាប
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញសម្រេចឃុំខ្លួនជនត្រូវចោទ៨នាក់ជាបណ្តោះអាសន្នពាក់ព័ន្ធអំពើឆបោកតាមឆបោកតាមប្រព័ន្ធអនឡាញ
ត្រឹមថ្ងៃទី១៩កក្កដា សមត្ថកិច្ចរាជធានី-ខេត្ត បង្រ្កាបករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ៥២ទីតាំង ឃាត់ខ្លួនជនសង្ស័យ ២.៧៦៧ នាក់ មានជនជាតិចិនចំនួន ៨៤៣នាក់
កម្លាំងចម្រុះ រកឃើញជនជាតិចិន ៩០នាក់, ជនជាតិវៀតណាម ៣៥នាក់, ជនជាតិមីយ៉ាន់ម៉ា១៥នាក់, ឡាវម្នាក់ ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស Online Scam នៅក្រុងបាវិត

សន្តិសុខ និង សង្គម

មនុស្សយ៉ាងហោចណាស់១៥នាក់ស្លាប់ ដោយបំណាក់ដីនៅឥណ្ឌូនេស៊ី

2024/05/06 02:18:38 pm        72
អាជ្ញាធរតំបន់ បាននិយាយកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់មនុស្ស១៥នាក់ ត្រូវបានគេរកឃើញស្លាប់ បន្ទាប់ពីមានបំណាក់ដី នៅប្រទេសឥណ្ឌូនេស៊ី ភាគកណ្តាល។ប្រធានទីភ្នាក់ងារគ្រោះមហន្តរាយតំបន់ លោក Sulaiman Maila បាននិយាយថា យ៉ាងហោចណាស់ ជនរងគ្រោះ១៧នាក់ ត្រូវបានជម្លៀសចេញពីបំណាក់ដី ដែលបានវាយប្រហារនៅក្រុង Tana Toraja ខេត្ត South Sulawesi ប៉ុន្តែ២នាក់ក្នុងចំណោមពួកគេនៅរស់រានមានជីវិត ខណៈ១៥នាក់ផ្សេងទៀត បានស្លាប់។លោកបាននិយាយបន្ថែមថា យោងតាមការរាយការណ៍ពីប្រជាជន បានឲ្យដឹងថា មនុស្សពីរនាក់ទៀតបានបាត់ខ្លួន ដោយសន្មត់ថាកប់នៅក្រោមគំនរនៃបំណាក់ដី។ ក្រុង Tana Toraja និងតំបន់ជុំវិញក្រុងនេះ បានជួបប្រទះភ្លៀងធ្លាក់ខ្លាំងកាលពីសប្តាហ៍កន្លងទៅនេះ។ប្រទេសឥណ្ឌូណេស៊ី ងាយនឹងមានបំណាក់ដីអំឡុងពេលរដូវវស្សា ហើយបញ្ហាបានធ្វើឲ្យកាន់តែធ្ងន់ធ្ងរទៅៗនៅតំបន់មួយចំនួនដោយការកាប់បំផ្លាញព្រៃឈើ ហើយភ្លៀងធ្លាក់ខ្លាំងអូសបន្លាយពេលយូរ បណ្តាលឱ្យមានទឹកជំនន់នៅតំបន់ខ្លះនៃប្រទេសប្រជុំកោះមួយនេះ។កាលពីខែមុន ទឹកជំនន់ដ៏គំហុក និងបំណាក់ដីនៅកោះស៊ូម៉ាត្រា បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៣០នាក់ស្លាប់ និងជាច្រើននាក់ទៀតបាត់ខ្លួន។ កាលពីខែធ្នូ បំណាក់ដី និងទឹកជំនន់ បានហូរបំផ្លាញលំនៅឋានរាប់សិបខ្នង និងបានបំផ្លាញសណ្ឋាគារមួយកន្លែងនៅជិតបឹង Toba នៅលើកោះស៊ូម៉ាត្រា ដោយបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់២នាក់ស្លាប់។

អាជ្ញាធរអ៊ីស្រាអែល វាយឆ្មក់ចូលការិយាល័យប្រព័ន្ធផ្សព្វផ្សាយ Al Jazeera បន្ទាប់ពីបទបញ្ជាឲ្យបិទ

2024/05/06 02:14:36 pm        112
មន្ត្រីអ៊ីស្រាអែល និងប្រភពព័ត៌មាន Al Jazeera បានប្រាប់សារព័ត៌មានរ៉យទ័រថា អាជ្ញាធរប្រទេសអ៊ីស្រាអែល បានឆ្មក់ចូលបន្ទប់សណ្ឋាគារក្នុងទីក្រុងហ្ស៊េរុយសាឡឹម ដែលប្រើប្រាស់ដោយប្រព័ន្ធផ្សព្វផ្សាយ Al Jazeera ជាការិយាល័យរបស់ខ្លួន បន្ទាប់ពីរដ្ឋាភិបាល បានសម្រេចបិទប្រតិបត្តិការក្នុងស្រុករបស់ស្ថានីយ៍ទូរទស្សន៍ប្រទេសកាតា កាលពីថ្ងៃអាទិត្យ ទី៥ ខែឧសភា។វីដេអូដែលទទួលបានដោយសារព័ត៌មាន Reuters បានបង្ហាញមន្ត្រី នៅសណ្ឋាគារនាំយកឧបករណ៍កាមេរ៉ា ចេញពីសណ្ឋាគារក្នុងទីក្រុងហ្ស៊េរុយសាឡឹមខាងកើត។ គណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បានបិទបណ្តាញផ្សព្វផ្សាយមួយនេះ ដរាបណាសង្រ្គាមនៅតំបន់ហ្កាហ្សានៅតែបន្ត ដោយបាននិយាយថា វាគំរាមកំហែងដល់សន្តិសុខជាតិ។ប្រព័ន្ធផ្សព្វផ្សាយ Al Jazeera បាននិយាយថា ចំណាត់ការនេះ គឺជាសកម្មភាពឧក្រិដ្ឋកម្ម ហើយការចោទប្រកាន់ថា បណ្តាញនេះគំរាមកំហែងដល់សន្តិសុខអ៊ីស្រាអែល គឺជា «ការកុហកដ៏គ្រោះថ្នាក់ និងគួរឱ្យអស់សំណើច» ដែលធ្វើអោយអ្នកសារព័ត៌មានរបស់ខ្លួនប្រឈមទៅនឹងហានិភ័យ។ ប្រព័ន្ធផ្សព្វផ្សាយនេះរក្សាសិទ្ធិក្នុងការបន្តគ្រប់ជំហានផ្លូវច្បាប់ទាំងអស់។ក្រុមហ៊ុនផ្តល់សេវាទូរទស្សន៍ផ្កាយរណប និងទូរទស្សន៍ខ្សែកាបរបស់ប្រទេសអ៊ីស្រាអែល បានផ្អាកការផ្សាយរបស់ទូរទស្សន៍ Al Jazeera បន្ទាប់ពីសេចក្តីសម្រេចរបស់រដ្ឋាភិបាល។ ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានរិះគន់ចំពោះការបិទនេះផងដែរ។ ច្បាប់អនុញ្ញាតឱ្យលោក Netanyahu និងគណៈរដ្ឋមន្ត្រីសន្តិសុខរបស់លោក បិទការិយាល័យប្រព័ន្ធផ្សព្វផ្សាយនេះនៅក្នុងប្រទេសអ៊ីស្រាអែល រយៈពេល៤៥ថ្ងៃ ជារយៈពេលដែលអាចបន្តថ្មី។ ដូច្នេះ វាអាចនៅក្នុងធរមានរហូតដល់ចុងខែកក្កដា ឬរហូតដល់ចប់ប្រតិបត្តិការយោធាសំខាន់ៗនៅតំបន់ហ្កាហ្សា។

តំបន់ហ្កាហ្សាភាគខាងជើង កំពុងធ្លាក់ចូលក្នុង«គ្រោះទុរ្ភិក្សយ៉ាងពេញទំហឹង»

2024/05/06 02:11:13 pm        146
មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ បាននិយាយថា ឥឡូវនេះ ភាគខាងជើងនៃតំបន់ហ្គាហ្សា បានធ្លាក់ចូលទៅក្នុង «គ្រោះទុរ្ភិក្សយ៉ាងពេញទំហឹង» ដែលកំពុងឆ្ពោះទៅភាគខាងត្បូង ខណៈដែលសង្រ្គាមជិតដល់ ៧ខែហើយនោះ»។លោកស្រី Cindy McCain នាយកនៃកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ បានក្លាយជាមន្ត្រីអន្តរជាតិដ៏លេចធ្លោបំផុត ដែលបាននិយាយថា គ្រោះទុរ្ភិក្ស បានវាយប្រហារតំបន់ហ្កាហ្សាដែលបំផ្លិចបំផ្លាញដោយសង្រ្គាមរួចហើយ។ ចាប់តាំងពីខែមីនាមក អង្គការសហប្រជាជាតិ និងអង្គការជំនួយបាននិងកំពុងនិយាយថា គ្រោះទុរ្ភិក្សគឺ «ជិតមកដល់» នៅក្នុងតំបន់ហ្កាហ្សា ប៉ុន្តែមិនទាន់បានធ្វើសេចក្តីប្រកាសជាផ្លូវការនៅឡើយទេ។លោកស្រី McCain បានប្រាប់ទូរទស្សន៍ NBC ក្នុងបទសម្ភាសមួយដែលចាក់ផ្សាយកាលពីថ្ងៃអាទិត្យថា៖«វាជារឿងគួររន្ធត់ណាស់»។ «មានគ្រោះទុរ្ភិក្ស គឺគ្រោះទុរ្ភិក្សយ៉ាងពេញទំហឹង នៅភាគខាងជើង ហើយវាកំពុងរំកិលចូលទៅទិសខាងត្បូង។លោកស្រី McCain បាននិយាយថា បទឈប់បាញ់មួយ ក៏ដូចជាលំហូរនៃជំនួយកាន់តែច្រើន ឆ្លងកាត់ផ្លូវគោក និងផ្លូវសមុទ្រ គឺត្រូវការយ៉ាងខ្លាំងបំផុត។នៅភាគខាងជើងនៃតំបន់ហ្កាហ្សាស្ទ្រីបដែលត្រូវបានឡោមព័ទ្ធ ជនស៊ីវិល ត្រូវបានកាត់ផ្តាច់ពីការផ្គត់ផ្គង់ជំនួយភាគច្រើន ហើយត្រូវបានជំរុញឲ្យទៅលាក់ខ្លួនដោយសារការប្រយុទ្ធកាន់តែខ្លាំងឡើង។ អត្រាកង្វះអាហារូបត្ថម្ភដ៏ស្រួចស្រាល់ ក្នុងចំណោមកុមារអាយុក្រោម ៥ឆ្នាំ បានកើនឡើងពី ១ភាគរយ មុនពេលសង្រ្គាមដល់ ៣០ភាគរយ នៅខែមីនា។

អ៊ីស្រាអែល និងក្រុមហាម៉ាសស្តីបន្ទោសគ្នាទៅវិញទៅមក ជុំវិញបទឈប់បាញ់ និងការចរចាចំណាប់ថ្នូរ

2024/05/06 02:06:08 pm        105
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) បាននិយាយថា លោក«មិនអាចទទួលយក» ការទាមទាររបស់ក្រុមហាម៉ាស ដើម្បីបញ្ចប់សង្រ្គាម នៅតំបន់ហ្កាហ្សា ខណៈដែលភាគីទាំងពីរ បានធ្វើការស្តីបន្ទោសគ្នា ចំពេលមានកិច្ចចរចាបទឈប់បាញ់ថ្មីដែលបង្ហាញពីសញ្ញាតិចតួចនៃការទម្លាយភាពគាំងនោះ។ការពិភាក្សា ត្រូវបានគេគិតថា ផ្តោតលើក្របខណ្ឌថ្មីមួយត្រូវបានស្នើឡើងដោយទីក្រុងគែរ ដែលអំពាវនាវឲ្យក្រុមសកម្មប្រយុទ្ធដោះលែងចំណាប់ថ្នូរដែលត្រូវបានចាប់ពង្រត់ពីប្រទេសអ៊ីស្រាអែល ជាថ្នូរនឹងការផ្អាកអរិភាព នៅក្នុងតំបន់ហ្កាហ្សា។ឥឡូវនេះ គណៈប្រតិភូក្រុមហាម៉ាស បានចាកចេញពីប្រទេសអេហ្ស៊ីបហើយ បន្ទាប់ពីកិច្ចចរចាដ៏លំបាកចុងក្រោយបង្អស់ជាច្រើនខែ ដោយនិយាយថា «ការពិភាក្សាស៊ីជម្រៅ និងប្រកបដោយភាពហ្មត់ចត់ បានកើតឡើង»។មានហេតុផលមួយចំនួនសម្រាប់សុទិដ្ឋិនិយម ដោយប្រព័ន្ធផ្សព្វផ្សាយអេហ្ស៊ីប បានដកស្រង់សម្តីមន្ត្រីអេហ្ស៊ីបថា មាន «ការរីកចម្រើនគួរឲ្យកត់សម្គាល់» នៅក្នុងការចរចា។ ប៉ុន្តែការអត្ថាធិប្បាយចុងក្រោយរបស់អ៊ីស្រាអែល និងក្រុមហាម៉ាស បង្ហាញថា អ្នកទាំងពីរ មិនទាន់បានឈានដល់ការព្រមព្រៀងណាមួយនៅឡើយទេ។កាលពីថ្ងៃអាទិត្យ មេដឹកនាំការិយាល័យនយោបាយរបស់ក្រុមហាម៉ាស លោក អ៊ីស្មេល ហានីយ៉េ (Ismail Haniyeh) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមនេះ នៅតែចង់ឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមអ្នកសម្រុះសម្រួល ប៉ុន្តែថាសំណើណាមួយ នឹងត្រូវធានាការដកទ័ពអ៊ីស្រាអែល និងបញ្ឈប់ការប្រយុទ្ធគ្នាជាអចិន្ត្រៃយ៍។

ទាហានអ៊ីស្រាអែលបីនាក់ បានស្លាប់នៅក្នុងការវាយប្រហារដោយគ្រាប់រ៉ុក្កែត នៅច្រកឆ្លងកាត់ Kerem Shalom

2024/05/06 02:02:41 pm        96
អ៊ីស្រាអែល បានបិទច្រកឆ្លងកាត់ Kerem Shalom ចូលទៅក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីក្រុមហាម៉ាស បានបាញ់គ្រាប់រ៉ុក្កែតចេញពីក្នុងតំបន់ហ្កាហ្សាស្ទ្រីប។អ៊ីស្រាអែល បាននិយាយថា ការវាយប្រហារនោះ បានសម្លាប់ទាហានរបស់ខ្លួនបីនាក់ និងជាច្រើននាក់ផ្សេងទៀត រងរបួស។ច្រកឆ្លងកាត់នេះ គឺជាផ្លូវមួយក្នុងចំណោមផ្លូវមួយចំនួន ដើម្បីទទួលបានជំនួយមនុស្សធម៌ រួមទាំងស្បៀងអាហារ និងការផ្គត់ផ្គង់វេជ្ជសាស្រ្ត ទៅកាន់តំបន់ហ្កាហ្សា។ក្រុមអ្នកសម្រុះសម្រួលក្នុងប្រទេសអេហ្ស៊ីប បានធ្វើការចរចារយៈពេលពីរថ្ងៃ ក្នុងគោលបំណងធានាបាននូវកិច្ចព្រមព្រៀងមួយសម្រាប់បទឈប់បាញ់នៅតំបន់ហ្កាហ្សា និងការដោះលែងចំណាប់ថ្នូរដែលត្រូវបាន ក្រុមហាម៉ាសចាប់ឃុំខ្លួន។នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហាម៉ាស បាននិយាយថា ជុំចុងក្រោយបំផុត បានបញ្ចប់កាលពីថ្ងៃអាទិត្យ ហើយថា គណៈប្រតិភូរបស់ខ្លួន នឹងធ្វើដំណើរពីទីក្រុងគែរ ទៅកាន់ប្រទេសកាតា ដើម្បីពិគ្រោះជាមួយថ្នាក់ដឹកនាំរបស់ក្រុមនេះ។យោងតាមរបាយការណ៍បានឲ្យដឹងថា ប្រធាន CIA លោក William Burns ដែលបានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល ក៏បានចាកចេញពីរដ្ឋធានីអេហ្ស៊ីបសម្រាប់កិច្ចពិភាក្សា នៅទីក្រុងដូហាផងដែរ។សំណើបទឈប់បាញ់នេះ ត្រូវបានគេជឿថា ពាក់ព័ន្ធនឹងការផ្អាករយៈពេល ៤០ថ្ងៃក្នុងការប្រយុទ្ធគ្នា ខណៈពេលដែលចំណាប់ថ្នូរ ត្រូវបានដោះលែង និងការដោះលែងអ្នកទោសប៉ាឡេស្ទីនមួយចំនួនដែលកំពុងត្រូវបានឃុំខ្លួន នៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែល។

ទឹកជំនន់នៅតង់ហ្សានី បំផ្លាញស្ពានចំនួន៤កន្លែង និងដំណាំរាប់រយហិកតា

2024/05/06 01:58:12 pm        63
មន្ត្រីបាននិយាយថា ផ្លូវហាយវ៉េប្រវែង៣៩៦គីឡូម៉ែត្ររបស់ប្រទេសតង់ហ្សានី ដែលតភ្ជាប់ទីក្រុងកំពង់ផែ Dar es Salaam និងតំបន់ Lindi និង Mtwara ភាគខាងត្បូង ត្រូវបានបិទ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីទឹកជំនន់ដ៏កំហុគ បានហូរបំផ្លាញយ៉ាងហោចណាស់ស្ពានសំខាន់ៗចំនួន៤កន្លែង។លោក Joseph Mwasabeja មេបញ្ជាការកងកម្លាំងសង្គ្រោះនិងអគ្គិភ័យ របស់ប្រទេសតង់ហ្សានី ប្រចាំតំបន់ Lindi បាននិយាយថា ផ្លូវហាយវ៉េ ត្រូវបានបិទរហូតដល់មានការជូនដំណឹងបន្ថែម។ លោកនិយាយថា ទឹកជំនន់ដ៏គំហុគ ត្រូវបានបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងពេញមួយយប់ ដែលបណ្តាលមកពីព្យុះស៊ីក្លូនត្រូពិច Hidaya មុនពេលវាបានបាត់បង់កម្លាំងទាំងស្រុងបន្ទាប់ពីវាយបក់ដល់ដីគោកនៅលើកោះ Mafia ។ទឹកជំនន់បានហូរបំផ្លាញស្ពានឆ្លងកាត់ ចំនួន៤កន្លែង ក្នុងស្រុក Kilwa ក្នុងតំបន់ Lindi។ លោក Mohamed Nyundo អធិការស្រុក Kilwa បាននិយាយថា ទឹកជំនន់ បានធ្វើឲ្យលិចលង់លំនៅឋានជាច្រើនខ្នងនៅក្នុងភូមិចំនួនប្រាំពីរ ហើយប្រជាជនត្រូវបានជម្លៀសចេញពីទីលំនៅឋានរបស់ពួកគេ ខណៈទឹកជំនន់ ក៏បានបំផ្លាញដំណាំកសិកម្មរាប់រយហិកតា។ព្យុះស៊ីក្លូនត្រូពិច ត្រូវបានគេព្យាករណ៍ថានឹងវាយបក់បោកតំបន់ឆ្នេរមហាសមុទ្រឥណ្ឌារបស់ប្រទេសតង់ហ្សានី ។

កុមារម្នាក់ស្លាប់ ក្រោយទឹកហូរកួច នៅរដ្ឋតិចសាស់សហរដ្ឋអាមេរិក ខណៈមានព្យុះភ្លៀងនិងទឹកជំនន់

2024/05/06 12:13:53 pm        61
ព្យុះភ្លៀងនៅក្នុងរដ្ឋតិចសាស់(Texas) សហរដ្ឋអាមេរិក បាននាំមកនូវទឹកភ្លៀងបន្ថែមទៀត កាលពីថ្ងៃអាទិត្យ ទី៥ឧសភា ជាការបន្ថែមបន្ទុកមានស្រាប់ទៅលើតំបន់ហូស្តុន ជាទីដែលមនុស្សរាប់រយនាក់ ត្រូវបានជួយសង្រ្គោះពីលំនៅឋាន និងផ្លូវ រងការជន់លិច ខណៈទឹកជំនន់ចូលទៅដល់ភាគខាងជើងតំបន់ ហ្វត ហ្វ៊ស (Fort Worth) បណ្ដាលឲ្យក្មេងប្រុសអាយុ៥ឆ្នាំម្នាក់ បានស្លាប់ បន្ទាប់ពីទឹកហូរកួច នៅពេលរថយន្តដែលរូបគេកំពុងជិះ ជាប់ក្នុងទឹកជំនន់។ក្រុមមន្ត្រីបាននិយាយកាលពីយប់ថ្ងៃសៅរ៍ថា មនុស្សយ៉ាងហោចណាស់២២៤នាក់ ត្រូវបានជួយសង្រ្គោះ ចេញពីផ្ទះសម្បែង និងរថយន្ត នៅក្នុងស្រុក Harris ខណៈការចេញបញ្ជាឲ្យជម្លៀស និងតាមដានស្ថានភាពទឹកជំនន់ ត្រូវបានអនុវត្តន៍ ស្របពេលរដ្ឋមួយនេះនៅតែទទួលរងគ្រោះពីកម្រិតទឹកភ្លៀងខ្ពស់កាលពីថ្ងៃអាទិត្យ។យ៉ាងណានៅក្នុងស្រុក Harris ពុំទាន់មានរបាយការណ៍ស្ដីពីអ្នកស្លាប់ ឬរបួសទេ ជាមួយគ្នានោះ សត្វចិញ្ចឹមចំនួន១៥៣ក្បាល ក៏ត្រូវបានជួយសង្រ្គោះដែរ ។ កាលពីថ្មីៗនេះ មន្ត្រីព្យាករណ៍អាកាសធាតុ បាននិយាយថា កម្រិតទឹកភ្លៀង ពី១ទៅ៣ អ៊ីញ អាចនឹងកើតមាននៅព្រឹកថ្ងៃចន្ទនេះ ហើយថាតំបន់មួយចំនួនអាចមើលឃើញ កម្រិតទឹកពី៤ទៅ៨អ៊ីញ ។ ការព្យាយាករណ៍បង្ហាញថាមានឱកាស២០% ថានឹងមានភ្លៀងធ្លាក់នៅព្រឹកថ្ងៃចន្ទនេះ៕

ក្រុមមន្ត្រី៖ ការវាយប្រហាររបស់រុស្ស៊ីលើទីក្រុងខាគីវ និងតំបន់ជុំវិញ បានសម្លាប់មនុស្សម្នាក់ និង២៤នាក់រងរបួស

2024/05/06 11:58:29 am        101
មន្ត្រីក្នុងតំបន់ បាននិយាយថា ការវាយប្រហាររបស់រុស្សី នៅថ្ងៃបុណ្យរំលឹកកំណើតព្រះយេស៊ូគ្រិស្តរស់ឡើងវិញ កាលពីថ្ងៃអាទិត្យ បានសម្លាប់ស្រ្តីម្នាក់ ដែលកប់នៅក្រោមគំនរបាក់បែក និង ២៤នាក់រងរបួស នៅក្នុងទីក្រុងខាគីវ (Kharkiv) ភាគឦសាននៃប្រទេសអ៊ុយក្រែន និងតំបន់ជុំវិញនោះ។អភិបាលតំបន់ លោក Oleh Syniehubov ដែលបានសរសេរនៅលើកម្មវិធីផ្ញើសារ Telegram បាននិយាយថា មនុស្ស ៦នាក់ បានរងរបួសនៅក្នុងការវាយប្រហារដោយយានដ្រូននៅពេលយប់ទៅលើសង្កាត់ អូស្នូវយ៉ានស្គី Osnovyanskyi នៃទីក្រុងខាគីវដែលជាទីក្រុងធំទី២ របស់ប្រទេសអ៊ុយក្រែន។រដ្ឋអាជ្ញាក្នុងតំបន់ខាគីវ បាននិយាយថា មនុស្ស ១៥នាក់ទៀត បានរងរបួសនៅក្នុងការវាយប្រហារមួយនៅថ្ងៃដដែល ដោយទម្លាក់គ្រាប់បែកពីលើអាកាសទៅលើភាគកណ្តាលទីក្រុងនេះ។លោក Natalia Avilova-Patrikeyeva បាននិយាយនៅខាងក្រៅអគារផ្ទះល្វែងមួយ ដែលមានឡៅតឿ និងបង្អួចបែកបាក់ខ្ទេចខ្ទាំថា៖«លើកក្រោយវាអាចត្រូវចំផ្ទះរបស់ខ្ញុំ។ ហេតុអ្វីបានជាវាត្រូវចំទីនេះ? អ្នកណានៅទីនេះ? ហើយវាបានកើតនៅថ្ងៃដ៏ពិសិដ្ឋបែបនេះ។ «ខ្ញុំគិតថា យ៉ាងហោចណាស់នៅថ្ងៃនេះ វានឹងនៅស្ងប់ស្ងាត់។ នៅម៉ោង៤ ព្រឹក ក៏មាការវាយប្រហារដែរ។ ខ្ញុំមិនបានគេងទេ គឺខ្ញុំមិនបានគេងទាល់តែសោះ»។បន្ទាប់ពីពាក់កណ្តាលអធ្រាត្រ ទូរទស្សន៍សាធារណៈ Suspilne បានរាយការណ៍ពីការដាច់ចរន្តអគ្គិសនីនៅក្នុងផ្នែកខ្លះនៃតំបន់ខាគីវ ។ ទូរទស្សន៍ ក៏បានឲ្យដឹងទៀតថា មានការដាច់ចរន្តអគ្គិសនី នៅក្នុងតំបន់ Sumy ដែលនៅជាប់គ្នា បន្ទាប់ពីមានរបាយការណ៍ពីការវាយប្រហារដោយយានដ្រូន និងមានការផ្ទុះជាច្រើន។តំបន់ខាគីវ បានទប់ទល់នឹងការវាយលុករបស់រុស្ស៊ីរយៈពេលមួយសប្តាហ៍ នៅក្នុងថ្ងៃដំបូងនៃខែកុម្ភៈឆ្នាំ ២០២២ ការលុកលុយរបស់រុស្ស៊ី ហើយបានក្លាយជាគោលដៅនៃការវាយប្រហារញឹកញាប់ ក្នុងប៉ុន្មាន សប្តាហ៍ថ្មីៗនេះ។

មេដឹកនាំហាម៉ាស បានលាក់ខ្លួននៅក្នុងតំបន់ហ្កាហ្សា ដោយប្រើចំណាប់ថ្នូរដែលប្រើជាខែលការពារមនុស្ស

2024/05/06 11:50:36 am        99
មេភេរវករដែលនៅពីក្រោយការសម្លាប់រង្គាលរបស់ក្រុមហាម៉ាសលើមនុស្សជិត ១.២០០ នាក់ រួមទាំងជនជាតិអាមេរិកជាង ៣០នាក់ ត្រូវបានគេជឿថា កំពុងប្រើចំណាប់ថ្នូរ ជាខែលការពារមនុស្ស ដើម្បីរារាំងទាហានអ៊ីស្រាអែលដែលស្វែងរកចាប់ខ្លួនលោក នៅក្នុងផ្លូវរូងក្រោមដីជ្រៅ នៅតំបន់ហ្កាហ្សា។ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Sky News Australia កាលពីថ្ងៃព្រហស្បតិ៍ ព័ត៌មានដ៏គួរឲ្យភ្ញាក់ផ្អើលអំពីមេដឹកនាំក្រុមហាម៉ាស លោក យ៉ាយ៉ា អាល់ស៊ីនវ៉ា ( Yahya Sinwar) ត្រូវបានបង្ហាញដោយ លោកឧត្តមសេនីយ៍ Jack Keane អ្នកវិភាគយុទ្ធសាស្ត្រជាន់ខ្ពស់របស់បណ្តាញសារព័ត៌មាន FOX News Channel និងជាអតីតនាយរងសេនាធិការកងទ័ពអាមេរិក។ លោក Keane បាននិយាយថា ប្រភពរបស់ខ្ញុំប្រាប់ខ្ញុំថា លោក ស៊ីនវ៉ា ដែលជាមេដឹកនាំលេខនៃអង្គការហាម៉ាស នៅតំបន់ហ្កាហ្សា មានចំណាប់ថ្នូរ ពី ១៥ ទៅ ២០នាក់ ដែលការពារគាត់និងគ្រួសាររបស់គាត់”។ នោះហើយជាមូលហេតុដែលពួកគេមានចំណាប់ថ្នូរទាំងនេះ ដើម្បីធានាការរស់រានមានជីវិតរបស់ពួកគេ។ អ៊ីស្រាអែល ពិតជាត្រឹមត្រូវក្នុងការដាក់សម្ពាធយោធាលើពួកគេ ដើម្បីបង្ខំឲ្យមានការដោះលែងចំណាប់ថ្នូរ។ការលាតត្រដាងរបស់លោក Keane ស្របគ្នានឹងសេចក្តីថ្លែងការណ៍របស់ទីប្រឹក្សាសន្តិសុខជាតិអ៊ីស្រាអែល លោក Tzachi Hanegbi ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអ៊ីស្រាអែល Channel 12 កាលពីថ្ងៃសៅរ៍ថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) ស្ទើរតែបានសម្លាប់លោក ស៊ីនវ៉ា ទៅហើយ ។ លោក Hanegbi បាននិយាយថា លោក ស៊ីនវា «កំពុងរស់នៅក្នុងស្ថានភាពភាពមិនប្រាកដប្រជា» ហើយថា គាត់នឹងអាចមិនរស់រានមានជីវិតបានយូរទេ ដោយសារការប្រឈមមុខគ្នា ជាមួយកងកម្លាំងអ៊ីស្រាអែល»។

UN ចោទអ៊ីស្រាអែលពីការច្រានចោលឲ្យមានដំណើរការផ្តល់ជំនួយនៅហ្កាហ្សា

2024/05/06 11:43:02 am        107
មន្ត្រីជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ កាលពីថ្ងៃអាទិត្យទី៥ ឧសភា បានចោទប្រកាន់អ៊ីស្រាអែលពីការបន្តបដិសេធដំណើរការផ្តល់ជំនួយមនុស្សធម៌របស់អង្គការសហប្រជាជាតិនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ជាកន្លែងដែលប្រធានស្បៀងអាហាររបស់អង្គការសហប្រជាជាតិ បានព្រមានថា គ្រោះទុរ្ភិក្សពេញលេញ បានកើតមាននៅភាគខាងជើងតំបន់ហ៊ុមព័ទ្ធដែលមានប្រជាជន ២,៣ លាននាក់។ខណៈ ពុំមែនជាការប្រកាសអំពីគ្រោះទុរ្ភិក្សផ្លូវការ នាយកប្រតិបត្តិកម្មវិធីស្បៀងអាហារពិភពលោក លោក Cindy McCain បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា ដោយផ្អែកលើភាពភ័យខ្លាចគ្រោះទុរ្ភិក្សនៅភាគខាងជើង វាក៏កំពុងឆ្ពោះទៅភាគខាងត្បូងផងដែរ។ COGAT ជាទីភ្នាក់ងាររបស់ក្រសួងការពារជាតិអ៊ីស្រាអែល ដែលមានភារកិច្ចសម្របសម្រួលការបញ្ជូនជំនួយទៅក្នុងដែនដីប៉ាឡេស្ទីនបាននិយាយឲ្យដឹងថា អ៊ីស្រាអែល បានបន្តបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការជម្រុញការផ្តល់ជំនួយទៅដល់តំបន់ហ្កាហ្សា។ នៅក្នុងកិច្ចពិភាក្សា រវាងអ្នកតំណាងអ៊ីស្រាអែល និងអង្គការសហប្រជាជាតិ រួមមានអង្គគារ WFP គ្មានអង្គភាពណាមួយបង្ហាញពីហានិភ័យនោះទេ។ ដោយកត់សម្គាល់ពីស្ថានភាពប្រសើរឡើង អង្គការអន្តរជាតិ បាននិយាយកាលពីសប្តាហ៍មុនថា បរិមាណនៃជំនួយដែលត្រូវបានដឹកជញ្ជូន ទៅកាន់ភាគខាងជើងតំបន់ហ្កាហ្សា ត្រូវបានកាត់បន្ថយចាប់តាំងពីបរិមាណមានកម្រិតខ្ពស់ពេកទាក់ទងទៅនឹងចំនួនប្រជាជន។ ប្រធានទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីន(UNRWA) លោក Philippe Lazzarini កាលពីថ្ងៃអាទិត្យ បានចោទប្រកាន់អ៊ីស្រាអែលថា បានបន្តបដិសេធដំណើរការផ្តល់ជំនួយរបស់អង្គការសហប្រជាជាតិនៅតំបន់ហ្កាហ្សា ខណៈដែលទីភ្នាក់ងារនេះ ព្យាយាមបញ្ចៀសគ្រោះទុរ្ភិក្ស។ លោក Lazzarini បានបង្ហោះលើបណ្តាញXថា «ត្រឹមតែពីរសប្តាហ៍ចុងក្រោយនេះ យើងបានកត់ត្រាឧបទ្ទវហេតុចំនួន១០លើក ពាក់ព័ន្ធទៅនឹងការបាញ់ប្រហារលើក្បួនរថយន្ត ការចាប់ខ្លួនបុគ្គលិកអង្គការសហប្រជាជាតិ រួមមានការគំរាមកំហែងដោយអាវុធ និងការពន្យាពេលយ៉ាងយូរនៅប៉ុស្តិ៍ត្រួតពិនិត្យ ដែលបង្ខំឱ្យក្បួនរថយន្តត្រូវធ្វើដំណើរក្នុងពេលយប់ងងឹត ឬផ្អាកដំណើរ។ លោក Lazzarini ក៏បានអំពាវនាវឱ្យ ក្រុមហាម៉ាស និងក្រុមប្រដាប់អាវុធផ្សេងទៀត បញ្ឈប់ការវាយប្រហារណាមួយនៅច្រកឆ្លងកាត់មនុស្សធម៌ ជៀសវាងការបង្វែរជំនួយ និងធ្វើឱ្យប្រាកដថា ជំនួយបានទៅដល់អ្នកដែលត្រូវការទាំងអស់។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនបរទេស១៣នាក់ត្រូវបានឃាត់ខ្លួនក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យានៅសៀមរាប
07/21/2025 09:07 PM
​ការអនុវត្ត​វិធានការគន្លឹះក្នុងវិស័យអប់រំ (គ.វ.អ.) នៅសាលាបឋមសិក្សា ត្រពាំងអារ័ក្ស ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
07/21/2025 08:07 PM
អ្នកជំនាញ UN ជំរុញឲ្យក្រុមតាលីបង់ដោះលែងប្តីប្រពន្ធសញ្ជាតិអង់គ្លេសវ័យចំណាស់ជាប់ឃុំនៅអាហ្វហ្គានីស្ថាន
07/21/2025 08:07 PM
អ៊ីរ៉ង់បន្ទោសអឺរ៉ុបថា បានធ្វើឲ្យដួលរលំនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ មុនការចរចាថ្មី
07/21/2025 08:07 PM
កសិករកំពង់ធំជាង១០០គ្រួសារ ទទួលផលចំណេញច្រើនជាងមុន ក្រោយស្ម័គ្រចិត្តចងក្រងជាសហគមន៍កសិកម្មទំនើប
07/21/2025 08:07 PM
ទាហានប៉ារ៉ាប៉ាគីស្ថាន ៨នាក់ និងសមាជិកក្រុមប្រយុទ្ធ ៤នាក់ ត្រូវបានសម្លាប់ អំឡុងការប៉ះទង្គិចគ្នា នៅភាគពាយព្យ
07/21/2025 08:07 PM
វិមានក្រឹមឡាំងមិនច្រានចោលពីលទ្ធភាពមានកិច្ចប្រជុំ Putin-Trump នៅទីក្រុងប៉េកាំង ក្នុងខែកញ្ញា
07/21/2025 08:07 PM
វិមានក្រឹមឡាំងទទួលស្គាល់ភាពតានតឹងក្នុងទំនាក់ទំនងជាមួយអាស៊ែបៃហ្សង់ តែសង្ឃឹមថា នឹងប្រសើរឡើងវិញ
07/21/2025 07:07 PM
រដ្ឋទូតឥណ្ឌូនេស៊ី ត្រៀមផ្តល់ការគាំទ្រ និងកិច្ចសហការជាមួយកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងការឆបោកតាមបច្ចេកវិទ្យា
07/21/2025 07:07 PM
អភិបាលខេត្តប៉ៃលិនពិនិត្យទីតាំងសាងសង់ខ្លោងទ្វារនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ
07/21/2025 07:07 PM