សមត្ថកិច្ចចម្រុះរាជធានីភ្នំពេញ បង្ក្រាបឃ្លាំងស្តុកសាច់បង្កក​ពីរទីតាំងម្សិលមិញ​រកឃើញ​សាច់​បង្កករាប់រយតោននាំចូលពីប្រទេសថៃ
រដ្ឋបាលខណ្ឌប្ញស្សីកែវបង្ក្រាបឃ្លាំងស្តុកសាច់បង្កករាប់សិបតោនដែលនាំចូលមកពីប្រទេសថៃ
អាជ្ញាធរ និងកងកម្លាំងរាជធានីភ្នំពេញបន្តចុះត្រួតពិនិត្យទីតាំងប្រមូលផ្ដុំ ៩០ទីតាំងបន្ថែមទៀត ដើម្បីលុបបំបាត់បទល្មើសនានា ពិសេសបទល្មើសការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា
សមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កករាប់រយតោនមួយកន្លែងស្ថិតនៅខណ្ឌសែនសុខ ក្រោយសង្ស័យនាំចូលពីប្រទេសថៃ

សន្តិសុខ និង សង្គម

កម្លាំងនគរបាលខណ្ឌដូនពេញ ចុះបង្ក្រាបករណីគ្រឿងញៀនឃាត់ខ្លួនមនុស្ស ១៨នាក់

2024/05/21 02:39:33 pm        292
កម្លាំងនគរបាល នៃអធិការដ្ឋាន​នគរបាលខណ្ឌ​ដូនពេញ​ បាន​ឡោមព័ទ្ធ​ទីតាំង​ផ្ទះសំណាក់​មួយ​កន្លែង​យី​ហោសួស្ដី ធ្វើការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ ប្រុសស្រី ពាក់ព័ន្ធនឹងគ្រឿងញៀន ១៨នាក់ ដកហូតសារញៀនធាតុមួយចំនួន រួមទាំងសម្ភារៈប្រើប្រាស់មួយចំនួន។ប្រតិបត្តិការនេះ ដឹកនាំផ្ទាល់ដោយ ជា ខេមា អភិបាលខណ្ឌដូនពេញ ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ និងលោកវរៈសេនីយ៍ឯកទៀង ចាន់សា អធិការនគរបាល​ខណ្ឌ​ដូន​ពេញ​បាន​ធ្វើ​ឡើង​នៅ​វេលាម៉ោង ១២ និង៤០នាទីរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នៅ​ចំណុច​ផ្ទះ​សំណាក់ យីហោ សួរស្តី ផ្ទះលេខ38A0 ផ្លូវលេខ៨៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។តាមប្រភពព័ត៌មានពីមន្ត្រីជំនាញអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានឲ្យដឹងថាមុនឈានដល់ការឡោមព័ទ្ធនៅចំណុចទីតាំងផ្ទះសំណាក់នេះដោយមានប្រជាពលរដ្ឋរាយការណ៍មកថានៅចំណុច​ផ្ទះ​សំណាក់យីហោ សួស្ដី មានក្រុមក្មេងស្ទាវមិនស្គាល់អត្តសញ្ញាណប្រមូលផ្ដុំ ពពាក់​ពពួន​គ្នា​​ចេញចូល​នៅ​ក្នុង​ផ្ទះ​សំណាក់​នេះ​ដែល​មាន​ការ​សង្ស័យ​ពាក់ព័ន្ធ​នឹង​សារធាតុ​ញៀន​ផង​ដែរ​។ក្រោយទទួលបានសេចក្ដីរាយការណ៍កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានធ្វើការ​ស្រាវជ្រាវ រហូតកំណត់មុខសញ្ញាបាន រួចសុំ​គោល​ការណ៍​ចុះ​ឡោម​ព័ទ្ធ​ចំណុច​ទីតាំង​ផ្ទះ​សំណាក់​នេះ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ ប្រុសស្រី ១៨នាក់ និង​ដក​រហូត​សារធាតុ​មាន​មួយ​ចំនួនផងដែរ។បច្ចុប្បន្នជនសង្ស័យ១៨នាក់រួមទាំងវត្ថុតាង ត្រូវបានកម្លាំង​នគរបា​លខ​ណ្ឌ​ដូន​ពេញ​នាំ​ខ្លួន​យក​ទៅ​អធិការដ្ឋាននគរបាលខណ្ឌដើម្បីធ្វើការសួរនាំ កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕  អត្ថបទ៖ កុម្ភៈ 

មនុស្សរាប់សិបនាក់ តវ៉ានៅសភាប្រទេសក្រិក មុនពេលជម្រះក្តីជុំវិញការលិចនាវាជនអន្តោប្រវេសន៍

2024/05/21 09:09:33 am        153
មនុស្សរាប់សិបនាក់ បានមកប្រមូលផ្តុំគ្នានៅខាងក្រៅសភាប្រទេសក្រិក កាលពីថ្ងៃចន្ទដើម្បីតវ៉ា នៅមុនការជម្រះក្តីបុរសជនជាតិអេហ្ស៊ីប៩នាក់ ដែលប្រឈមមុខទៅនឹងបទចោទប្រកាន់ពីបទរត់ពន្ធ ពាក់ព័ន្ធនឹងការលិចនាវាជនអន្តោប្រវេសន៍កាលពីឆ្នាំមុន។ នៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២៣ ទូកនេសាទឈ្មោះ Adriana មួយគ្រឿងមានផ្ទុកជនអន្តោប្រវេសន៍ពី ៥០០ ទៅ៧០០នាក់ មកពីប្រទេសប៉ាគីស្ថាន ស៊ីរី និងអេហ្ស៊ីប បានលិចនៅជិតទីក្រុង Pylos ភាគខាងត្បូង នៅក្នុងដែនទឹកអន្តរជាតិ ក្នុងផ្លូវធ្វើដំណើរពីប្រទេសលីប៊ី ទៅកាន់ប្រទេសអ៊ីតាលី។ មនុស្ស១០៤នាក់ បានរួចជីវិត ហើយមានតែសាកសព៨២នាក់ ប៉ុណ្ណោះ ត្រូវបានគេរកឃើញ។ការតវ៉ានេះ ធ្វើឡើងដើម្បីគាំទ្រដល់អ្នកនៅរស់រានមានជីវិតជនជាតិអេហ្ស៊ីប៩នាក់ ដែលជិះនៅលើទូកជនអន្តោប្រវេសន៍ និងជាអ្នកដែលត្រូវបានចោទប្រកាន់ពីបទបង្កឧបទ្ទវហេតុ ចូលរួមក្នុងអង្គការឧក្រិដ្ឋកម្ម និងការរត់ពន្ធជនអន្តោប្រវេសន៍។ ពួកគេ បានបដិសេធថាពុំមានកំហុសអ្វីទាំងអស់។ពេលវេលានៃការលិចទូក Adriana ក្នុងខែមិថុនាឆ្នាំមុន នៅតែជាប្រភពនៃជម្លោះរវាងអាជ្ញាធរប្រទេសក្រិក និងក្រុមគាំទ្រសិទ្ធិអ្នកនៅរស់រានមានជីវិត និងជនអន្តោប្រវេសន៍ មានន័យថាការជម្រះក្តី អាចជាឱកាសដំបូងដើម្បីស្តាប់ជាផ្លូវការនូវសាច់រឿងរបស់អ្នកដែលមានវត្តមាននៅពេលលិចទូកនោះ។អ្នកនៅរស់រានមានជីវិត បានចោទប្រកាន់ឆ្មាំល្បាតឆ្នេរប្រទេសក្រិកថាបានពន្លិចទូក។ អាជ្ញាធរ ដែលបានឃ្លាំមើល ទូក Adriana ជាច្រើនម៉ោង បាននិយាយថា ទូកបានក្រឡាប់នៅពេលដែលនាវាឆ្មាំល្បាតឆ្នេរ ស្ថិតនៅក្នុងចម្ងាយប្រហែល៧០ម៉ែត្រ។ អង្គភាពសេវាឆ្មាំល្បាតឆ្នេរ បានបដិសេធថាពុំមានកំហុសអ្វីនោះទេ។

មនុស្សជាច្រើនមកពីប្រទេសនៅអឺរ៉ុប ចូលរួមបាតុកម្មនៅទីក្រុងប្រ៊ុចសែល អំពាវនាវឱ្យមានបទឈប់បាញ់នៅហ្កាហ្សា

2024/05/20 01:21:17 pm        176
ក្រុមបាតុកររាប់ម៉ឺននាក់ មកពីបណ្តាប្រទេសនានានៅអឺរ៉ុប បានចូលរួមធ្វើបាតុកម្មនៅទីក្រុងប្រ៊ុចសែល កាលពីថ្ងៃអាទិត្យ ដោយអំពាវនាវឱ្យមានបទឈប់បាញ់បន្ទាន់នៅក្នុងតំបន់ហ្កាហ្សា។ ដោយការស្រែកពាក្យស្លោកដូចជា «បញ្ឈប់ប្រល័យពូជសាសន៍នៅប៉ាឡេស្ទីន» «តស៊ូ» និង «សាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន» ក្រុមបាតុករ បានដង្ហែរបាតុកម្មពីស្ថានីយ៍ ហ្គែ ឌូណត(Gare du Nord) ទៅកាន់ទីលាន Jean Rey ទីស្នាក់ការអឺរ៉ុប។បាតុកម្ម ដែលត្រូវបានរៀបចំដោយសម្ព័ន្ធអង្គការសង្គមស៊ីវិល រួមមានសមាគមបែលហ្សិក-ប៉ាឡេស្ទីន អង្គការឆ័ត្រនិយាយភាសាបារាំងនិងហូឡង់ និងសមូហភាពប៉ាឡេស្ទីន Beitna បានទាក់ទាញអ្នកចូលរួមប្រហែល ៤០.០០០នាក់។អ្នករៀបចំ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ មានចំណាត់ការបន្ទាន់ ដើម្បីធានាបានបទឈប់បាញ់ជាអចិន្ត្រៃយ៍ ការពារជនស៊ីវិល និងដោះលែងចំណាប់ថ្នូរ។ ពួកគេក៏បានទាមទារឱ្យបញ្ចប់ការបិទផ្លូវនៅតំបន់ហ្កាហ្សា និងបង្កើនលទ្ធភាពដំណើរការជំនួយមនុស្សធម៌សម្រាប់ដែនដីប៉ាឡេស្ទីន។លោក ក្រេកហ្គ័ររី ម៉ៅហ្សេ(Gregory Mauze) អ្នកនាំពាក្យសមាគមបែលហ្សិក-ប៉ាឡេស្ទីន បាននិយាយថា សហភាពអឺរ៉ុប គឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អ៊ីស្រាអែល ហើយមានសម្ពាធយ៉ាងសំខាន់ក្នុងការដើរតួនាទីយ៉ាងសកម្ម និងបញ្ចប់នូវអ្វីដែលស្ថាប័នអន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាលកាន់តែច្រើនកំពុងចាត់ទុកថា ជាអំពើប្រល័យពូជសាសន៍។បាតុកម្មនៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក គឺជាបាតុកម្មទ្រង់ទ្រាយធំលើកទីប្រាំមួយ នៅក្នុងប្រទេសបែលហ្សិក ចាប់តាំងពីជម្លោះបានចាប់ផ្តើមនៅថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣។ អ្នករៀបចំ បានបង្ហាញក្តីសង្ឃឹមថា សម្ពាធអន្តរជាតិ នឹងជួយបញ្ចប់អរិភាព និងផ្តល់ជំនួយដែលត្រូវការច្រើនដល់ ប្រជាជនប៉ាឡេស្ទីន។ អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា បាននិយាយថា ចំនួនអ្នកស្លាប់នៃប្រជាជនប៉ាឡេស្ទីន ពីការវាយប្រហារដែលនៅបន្តរបស់អ៊ីស្រាអែល ទៅលើតំបន់ហ្កាហ្សា បានកើនឡើងដល់ ៣៥.៣៨៦ នាក់។

មនុស្ស ២០នាក់បានស្លាប់ នៅក្នុងការវាយប្រហារតាមអាកាស នៅតំបន់ហ្កាហ្សាភាគកណ្តាល

2024/05/20 01:11:23 pm        249
មនុស្ស២០នាក់ នៅតំបន់ហ្កាហ្សាភាគកណ្តាល ត្រូវបានសម្លាប់ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ ខណៈដែលការប្រយុទ្ធ នៅតែបន្តបំផ្លាញតំបន់នេះ កាលពីចុងសប្តាហ៍។សារព័ត៌មាន AP បានរាយការណ៍ថា កំណត់ត្រាពីមន្ទីរពេទ្យ Al-Aqsa Martyrs បានបង្ហាញថា មនុស្ស ២០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសនៅជំរំ Nuseirat ជាជំរុំជនភៀសខ្លួនប៉ាឡេស្ទីនដែលមានតាំងពីសង្គ្រាមអារ៉ាប់-អ៊ីស្រាអែល ឆ្នាំ ១៩៤៨មកម្ល៉េះ។ មន្ទីរពេទ្យដែលមានទីតាំងនៅទីក្រុង Deir al-Balah ក្បែរនោះ បានរកឃើញសាកសព ដែលភាគច្រើនជាស្ត្រី និងកុមារ។សេវាសង្គ្រោះអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន បាននិយាយថា ការវាយប្រហារដាច់ដោយឡែកមួយ នៅជំរំNuseirat បានសម្លាប់មនុស្ស ៥នាក់បន្ថែមទៀត នេះបើយោងតាមសារព័ត៌មាន AP។សង្គ្រាមនៅតំបន់ហ្កាហ្សា បានសម្លាប់ប្រជាជនប៉ាឡេស្ទីនប្រហែល ៣៥.000នាក់ នេះបើយោងតាមក្រសួងសុខាភិបាលហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស ដែលមិនបែងចែករវាងការស្លាប់របស់ជនស៊ីវិលនិងក្រុមប្រយុទ្ធទេ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានប្តេជ្ញាលុបបំបាត់ក្រុមហាម៉ាស បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា របស់ក្រុមសកម្មប្រយុទ្ធ ទៅលើអ៊ីស្រាអែលភាគខាងត្បូង ដែលបានសម្លាប់មនុស្សប្រហែល ១.២០០ នាក់។

មនុស្សយ៉ាងហោចណាស់៦៦នាក់ស្លាប់ ដោយសារទឹកជំនន់នៅប្រទេសអាហ្វហ្គានីស្ថាន

2024/05/20 11:56:29 am        76
អាជ្ញាធរតំបន់ ក្នុងប្រទេសអាហ្វហ្គានីស្ថាន បាននិយាយថា ទឹកជំនន់នៅភាគខាងជើងខេត្ត ហ្វារីយ៉ាប(Faryab) បានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៦៦នាក់ស្លាប់។ អាជ្ញាធរខេត្ត និយាយថា ទឹកជំនន់កាលពីថ្ងៃសៅរ៍ បានជន់លិច និងហូរនាំ ឬបានធ្វើឲ្យខូចខាតលំនៅឋានប្រហែល ១.៥០០ខ្នង និងបានបណ្តាលឲ្យមនុស្ស៨ នាក់បាត់ខ្លួន។ ប្រតិបត្តិការជួយសង្គ្រោះកំពុងនៅបន្តនៅក្នុងតំបន់។ប្រទេសអាហ្វហ្គានីស្ថាន បានរងគ្រោះដោយទឹកជំនន់ដ៏គំហុកជាបន្តបន្ទាប់ ដោយសារតែភ្លៀងធ្លាក់ខ្លាំងនៅក្នុងខែនេះ។ យ៉ាងហោចណាស់មនុស្ស១៨០នាក់ ត្រូវបានគេបញ្ជាក់ថាបានស្លាប់នៅក្នុងទីក្រុង បាកឡាន(Baghlan) និងខេត្តផ្សេងៗទៀតនៅភាគខាងជើង ខណៈមនុស្សយ៉ាងហោចណាស់ ៥០នាក់ទៀត បានស្លាប់នៅក្នុងខេត្ត Ghor ភាគកណ្តាល។ការផ្តល់ជំនួយដល់អ្នកទាំងឡាយដែលរងផលប៉ះពាល់ដោយទឹកជំនន់ និងការស្តារឡើងវិញជីវភាពរបស់ពួកគេ គឺជាបញ្ហាប្រឈមដ៏ធំសម្រាប់ប្រទេសអាហ្វហ្គានីស្ថាន។ប្រទេសនេះ កំពុងប្រឈមមុខទៅនឹងការលំបាកផ្នែកសេដ្ឋកិច្ច ព្រមទាំងកង្វះស្បៀងអាហារ ក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់ ដែលបានដណ្តើមអំណាចមកវិញ កាលពីបីឆ្នាំកន្លងទៅនេះ។

ការវាយប្រហាររបស់រុស្ស៊ី លើតំបន់ Kharkov របស់អ៊ុយក្រែន បានសម្លាប់មនុស្ស ១១នាក់

2024/05/20 11:47:30 am        106
រុស្ស៊ី បានវាយប្រហាររមណីយដ្ឋានមាត់បឹងដ៏មមាញឹកមួយនៅជាយទីក្រុងធំទីពីររបស់អ៊ុយក្រែន កាលពីថ្ងៃអាទិត្យ (១៩ ឧសភា) និងបានវាយប្រហារភូមិនានាក្នុងតំបន់ជុំវិញនោះ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១១ នាក់ និងជាច្រើននាក់ទៀតរងរបួស។ការវាយប្រហារដោយមីស៊ីលនេះ គឺជាការវាយប្រហារជាបន្តបន្ទាប់ចុងក្រោយបំផុតរបស់រុស្ស៊ី ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះទៅលើតំបន់ ខាគីវ (Kharkiv) នៃភាគឦសានអ៊ុយក្រែន ជាទីដែលកងទ័ពរុស្ស៊ី បានបើកការវាយលុក។ ក្រុមជួយសង្គ្រោះបាននិយាយថា ការវាយប្រហារដំបូងត្រូវបានបន្តដោយការវាយប្រហារលើកទីពីរប្រហែល ២០ នាទីក្រោយមក ដោយបានកំណត់គោលដៅលើក្រុមសង្គ្រោះបន្ទាន់នៅកន្លែងកើតហេតុ។កងកម្លាំងរុស្ស៊ី បានវាយរុញចូលទៅក្នុងភាគខាងជើងនៃតំបន់ ខាគីវ កាលពីសប្តាហ៍មុន ហើយយោធារុស្ស៊ីបាននិយាយថា ពួកគេបានវាយដណ្ដើមបានភូមិយ៉ាងហោចណាស់ចំនួន ១២ ខណៈការបាញ់ផ្លោងរបស់អ៊ុយក្រែន ឆ្លងកាត់ព្រំដែនបានបង្ករបួសដល់មនុស្ស ១៣ នាក់កាលពីថ្ងៃអាទិត្យ នៅក្នុងតំបន់ ប៊ែលហ្គោរ៉ូដ (Belgorod) របស់រុស្ស៊ី។ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskiy) បានអំពាវនាវជាថ្មីម្តងទៀតឱ្យសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួនផ្គត់ផ្គង់ទីក្រុងគីវ នូវប្រព័ន្ធការពារដែនអាកាសបន្ថែមដើម្បីការពារតំបន់ខាគីវ និងទីក្រុងផ្សេងៗទៀត៕

ប្រជាជនកុងហ្គោ «ភ្ញាក់ផ្អើល» ចំពោះការប៉ុនប៉ងរដ្ឋប្រហារដែលត្រូវបានចោទថាពាក់ព័ន្ធនឹងពលរដ្ឋអាមេរិក

2024/05/20 11:24:17 am        97
ប្រជាជននៅក្នុងរដ្ឋធានី គីនស្សាសា(Kinshasa) របស់សាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោ បាននិយាយថា ពួកគេមានការភ្ញាក់ផ្អើលជាខ្លាំង កាលពីថ្ងៃអាទិត្យ បន្ទាប់ពីមានព័ត៌មានអំពីការប៉ុនប៉ងធ្វើរដ្ឋប្រហារមួយត្រូវបានចោទប្រកាន់ ដែលត្រូវបានគេរាយការណ៍ថា មានជាប់ពាក់ព័ន្ធជាមួយពលរដ្ឋអាមេរិក ហើយបានធ្វើឱ្យមេដឹកនាំនៃរដ្ឋប្រហារស្លាប់។រដ្ឋាភិបាលបាននិយាយថា មនុស្សប្រហែល៥០នាក់ រួមមានទាំងជនជាតិអាមេរិក៣នាក់ ត្រូវបានចាប់ខ្លួន បន្ទាប់ពីការវាយប្រហារនៅមុនថ្ងៃរះលើការិយាល័យប្រធានាធិបតី និងលំនៅឋានរបស់សមាជិកសភាដ៏លេចធ្លោម្នាក់។យោងតាមអ្នកនាំពាក្យកងទ័ព និងសាក្សី បាននិយាយថា ការបាញ់កាំភ្លើង បានផ្ទុះឡើងនៅម៉ោងប្រហែល៤ទៀបភ្លឺ ម៉ោងក្នុងតំបន់ ខណៈក្រុមជនប្រដាប់អាវុធ បានវាយលុកទីតាំងសំខាន់ៗនៅកណ្តាលទីក្រុងគីនហ្សាសា(Kinshasa) ហើយអ្នកវាយប្រហារម្នាក់ ត្រូវបានសម្លាប់។ ផ្លូវនានានៅក្នុងទីក្រុង Kinshasa ជាទីក្រុងដែលមានប្រជាជនជាង១០លាននាក់ បានវិលមករកភាពប្រក្រតីវិញ កាលពីរសៀលថ្ងៃអាទិត្យ បន្ទាប់ពីការផ្ទុះអំពើហិង្សារយៈពេលខ្លី។

ក្រុមឧទ្ទាមមីយ៉ាន់ម៉ា អះអាងគ្រប់គ្រងភូមិ ខណៈបដិសេធថា មិនកំណត់គោលដៅលើជនជាតិរ៉ូហ៊ីងយ៉ា

2024/05/20 08:53:31 am        187
ក្រុមជនជាតិភាគតិចប្រដាប់អាវុធដ៏មានឥទ្ធិពលមួយនៅក្នុងសហភាពមីយ៉ាន់ម៉ា បាននិយាយកាលពីថ្ងៃអាទិត្យ (១៩ ឧសភា) ថា ខ្លួនបានទទួលការគ្រប់គ្រងលើភូមិមួយនៅភាគខាងលិចនៃរដ្ឋរ៉ាឃីន (Rakhine) បន្ទាប់ពីការប្រយុទ្ធគ្នាជាច្រើនសប្តាហ៍ ដោយបដិសេធការចោទប្រកាន់ដែលថាខ្លួនបានកំណត់គោលដៅលើសមាជិកនៃជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា ក្នុងអំឡុងពេលវាយលុក។លោក ឃីន ធូខា (Khine Thu Kha) អ្នកនាំពាក្យនៃកងទ័ពអារ៉ាកាន (AA) បាននិយាយថា ទាហានរបស់ខ្លួនបានដណ្តើមយកទីក្រុង ប៊ូធីដួង (Buthidaung) នៅជិតព្រំដែនមីយ៉ាន់ម៉ា ជាមួយប្រទេសបង់ក្លាដែស ដែលជាការបរាជ័យក្នុងសមរភូមិប្រយុទ្ធមួយទៀតសម្រាប់របបយោធាកាន់អំណាច ដែលកំពុងប្រយុទ្ធជាមួយក្រុមប្រឆាំងនៅលើសមរភូមិមុខជាច្រើន។សកម្មជនរ៉ូហ៊ីងយ៉ា មួយចំនួនបានចោទប្រកាន់កងទ័ពអារ៉ាកាន ថាបានកំណត់គោលដៅលើសហគមន៍ក្នុងអំឡុងពេលវាយលុកលើភូមិ ប៊ូធីដួង និងតំបន់ជុំវិញនោះ ដោយបង្ខំពួកគេជាច្រើននាក់ឱ្យភៀសខ្លួនដើម្បីសុវត្ថិភាព។ ជនជាតិរ៉ូហ៊ីងយ៉ា បានប្រឈមមុខនឹងការធ្វើទុក្ខបុកម្នេញនៅមីយ៉ាន់ម៉ា ដែលប្រជាជនភាគច្រើនកាន់ព្រះពុទ្ធសាសនាអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ បន្ទាប់ពីបានរត់គេចពីការបង្រ្កាបដែលដឹកនាំដោយយោធាក្នុងឆ្នាំ២០១៧ ជនជាតិរ៉ូហ៊ីងយ៉ាជិតមួយលាននាក់បានរស់នៅក្នុងជំរំជនភៀសខ្លួននៅក្នុងស្រុក ខកស៍បាហ៊្សា (Cox's Bazar) ព្រំដែនប្រទេសបង់ក្លាដែស។មីយ៉ាន់ម៉ា បានស្ថិតក្នុងភាពចលាចលចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ២០២១ ដែលនាំឱ្យមានកំណើននៃការប្រយុទ្ធគ្នាជាមួយនឹងក្រុមឧទ្ទាមជនជាតិភាគតិចដែលបានបង្កើតឡើងជាយូរមកហើយ៕

នគរបាលខណ្ឌទួលគោក បង្ហាញមុខជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីឆក់លួច ប្លន់ យ៉ាងសកម្ម

2024/05/17 02:49:36 pm        481
នៅវេលាម៉ោង១រសៀលថ្ងៃទី១៧ ខែឧសភាឆ្នាំ ២០២៤ នេះ នគរបាលខណ្ឌទួលគោក បានធ្វើការបង្ហាញមុខជនសង្ស័យ២នាក់ ដែលជាមុខសញ្ញាចាស់ លួច ឆក់ ប្លន់ យ៉ាងសកម្ម ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ក្នុងការបង្ហាញមុខនេះលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បាន​ឲ្យដឹងថា ​ជនសង្ស័យទាំង០២នាក់នេះ ​ត្រូវបានកម្លាំងនគរបាលផែនព្រហ្មទណ្ឌខណ្ឌទួលគោក ដេញ​ប្រផាប់ប្រភីង​ឃាត់ខ្លួន​បាមភ្លាមៗតែម្ដង ​ក្រោយជនសង្ស័យទាំង២នាក់នេះ ​បានធ្វើសកម្មភាព ឆក់ខ្សែក ប្លាទីន មានដាំត្បូងពេជ្រ បានសម្រេចរួចត្រូវបានកម្លាំងជំនាញ ឃាត់ខ្លួន។លោកអធិការ បានបញ្ជាក់ប្រាប់ថា ជនសង្ស័យទាំង ០២នាក់នេះ ជាមុខសញ្ញាចាស់ ទើបតែចេញ​ពី​ពន្ធនាគារ ​ហើយបន្ទាប់ពីចេញ​ពន្ធនាគារ​ក្នុង​អំឡុងខែឧសភា ​ឆ្នាំ២០២៤នេះ​ បានធ្វើសកម្មភាព ០៤ករណីបន្តបន្ទាប់ ​ក្នុងភូមិសាស្រ្ត ខណ្ឌបឹងកេងកង​ ខណ្ឌមានជ័យ និងខណ្ឌទួលគោក។គួរបញ្ជាក់ផងដែរ កាលពីវេលាម៉ោង ០៤និង៣០នាទីល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ បាន​ធ្វើសកម្មភាពឆក់ខ្សែក ពីជនរងគ្រោះ ​នៅចំណុចមុខផ្ទះលេខ ០៨A ផ្លូវលេខ២៣០ ភូមិ០៨ សង្កាត់បឹងសាឡាង ​ខណ្ឌទួលគោក។ និងឃាត់ខ្លួនបានភា្លមៗ ​នៅចំណុច មុខផ្ទះលេខ៤២ ផ្លូវលេខ៣៣៦ ភូមិ ១២​ សង្កាត់បឹងសាឡាង​ ខណ្ឌទួលគោក ។ក្រោយធ្វើការបង្ហាញមុខ​ជនសង្ស័យទាំង០២ ត្រូវបាននគរបាលកសាង​សំណុំរឿង បញ្ជូន​ខ្លួន​ទៅ​អយ្យការអមសាលាដំបូង​រាជធានីភ្នំពេញ ​ចាត់ការតាមនីតិវិធី៕អត្ថបទ៖ កុម្ភៈ

សមត្ថកិច្ចបង្ហាញមុខក្រុមក្មេងទំនើង៣ក្រុម តែងធ្វើសកម្មភាពកាប់ប្លន់ទ្រព្យសម្បត្តិ និងអុកឡុក ក្នុងរាជធានីភ្នំពេញ

2024/05/17 02:24:33 pm        174
សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ បាន​ធ្វើ​សន្និសីទសារព័ត៌មានបង្ហាញមុខ ក្រុមជ​ន​សង្ស័យ​ជាមុខ​សញ្ញា​ក្មេង​ទំនើង​ដែល​ឧស្សាហ៍​អុកឡុក​ក្នុង​រាជ​ធានី​ភ្នំពេញ ដោយសកម្មភាពភាពកាប់ចាក់គ្នា និងរហូតឈាន​ដល់​ការ​ប្រ​ព្រឹត្តិ​អំពើ​ប្លន់​យក​ទ្រព្យ​សម្បត្តិ​ពី​ពលរដ្ឋជាច្រើនករណី នៅពេលរាត្រី ។ ការបង្ហាញមុខនេះ ធ្វើឡើងនៅការិយាល័យព្រហ្មទណ្ឌក​កម្រិត​ស្រាល ស្ថិតនៅ​ស្នងការ​រដ្ឋាន​នគរបាល​រាជធានីភ្នំពេញ ដោយបង្ហាញមុខក្រុមជនសង្ស័យ និង​វត្ថុ​តាង​ពាក់ព័ន្ធ​ជាសាធារណៈ។  លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា ៖ ក្មេងទំនើងទាំង៣ក្រុមខាងលើ ដែលមានគ្នីគ្នាសរុប១៤នាក់ ជាក្រុមទំនើង ដែលសមត្ថកិច្ច​បានបើក​ការ​ស្រាវជ្រាវ​ក្នុង​ការតាមចាប់ឃាត់ខ្លួន ក្នុងរយៈពេល០៣ថ្ងៃ ក្រោយកើតមានអំពើកាប់​ប្លន់យកទ្រព្យសម្បត្តិ​ពី​ពលរដ្ឋ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។ ក្រុមទាំងនេះ នៅមានបក្សពួកមួយចំនួនទៀត ដែល​សមត្ថ​កិច្ច កំពុងកំណត់បាន និងកំពុងបន្តយកចិត្តទុកដាក់ ក្នុងការស្រាវជ្រាវបន្តតាមទៅចាប់ខ្លួន យក​មក​ផ្តន្ទា​ទោស​តាម​ផ្លូវច្បាប់ ។ អ្នកនាំពាក្យដដែលបន្តថា ៖ កិច្ចការងារបង្ក្រាបក្រុមក្មេងទំនើង និងមុខសញ្ញាកាប់ប្លន់នេះ សមត្ថកិច្ច​រាជ​ធានី​​តែង​បានធ្វើជាប្រចាំ និងបានបន្តបង្កើនការយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការបង្ការទប់ស្កាត់ និង​បង្ក្រាប​បាន​ជា​បន្តបន្ទាប់ ដោយក្នុងរយះពេល៤ខែដើមឆ្នាំ២០២៤នេះ នគរបាលបង្ក្រាប​បាន​២២៧​ករណី ឃាត់មនុស្សបាន៦០១នាក់ ដោយបានប្រើប្រាស់វិធានការអប់រំលើជនទំនើងមិនមានបទល្មើស និង​អនុវត្តវិធានការច្បាប់ លើជនដែលបានប្រព្រឹត្តិបទល្មើស ។ សូមបញ្ជាក់ថា ក្រោយការធ្វើសន្និសិទបង្ហាញមុខត្រូវបានបញ្ចប់ នៅព្រឹកថ្ងៃខែដដែល ជនសង្ស័យ​ទាំង​១៤​នាក់​ខាងលើ ត្រូវបាននគរបាលធ្វើការបញ្ចូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ផងដែរ៕ អត្ថបទ ៖ លីហេង 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រព័ន្ធផ្សព្វផ្សាយ៖ រដ្ឋជាសមាជិករបស់អង្គការណាតូពិភាក្សាគ្នាអំពីការទិញយានដ្រូនជាបន្ទាន់
06/11/2026 02:06 PM
គ្រូ U19 កម្ពុជា រំពឹងកូនក្រុមលេងដោយវិន័យ និងការប្ដេជ្ញាខ្ពស់ ក្នុងជំនួបវគ្គ ១/២ ពាន U19 អាស៊ាន ជាមួយថៃ រសៀលនេះ
06/11/2026 02:06 PM
បេសកជនលីបង់៖ អ៊ីស្រាអែល និងអ៊ីរ៉ង់កំពុងបំផ្លាញកិច្ចខិតខំប្រឹងប្រែងសន្តិភាពរបស់សហរដ្ឋអាមេរិក
06/11/2026 02:06 PM
លោក HEGSETH ទៅទស្សនកិច្ចឈូងសមុទ្រ Guantanamo និងព្រមានគុយបាកុំឲ្យគំរាមកំហែងដល់អាមេរិក
06/11/2026 02:06 PM
អង់គ្លេស អូស្ត្រាលី និងកាណាដា បង្កើតមូលនិធិចំនួន ៤ លានដុល្លារសម្រាប់កិច្ចប្រឹងប្រែងសន្តិភាពអ៊ីស្រាអែល-ប៉ាឡេស្ទីន
06/11/2026 01:06 PM
ក្រុមអារ៉ាប់នៅUNថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់ និងសកម្មភាពរបស់អ៊ីស្រាអែល នៅទូទាំងមជ្ឈិមបូព៌ា
06/11/2026 01:06 PM
IMO ថ្កោលទោសការវាយប្រហារនាវាដឹកប្រេងនៅជិតច្រកសមុទ្រហ័រមូស បន្ទាប់ពីអាមេរិកអះអាងពីការវាយប្រហារ
06/11/2026 01:06 PM
អតិផរណាអេហ្ស៊ីប ធ្លាក់ចុះមកត្រឹម ១៣% នៅក្នុងខែឧសភា ខណៈសម្ពាធតម្លៃបានថយចុះ
06/11/2026 01:06 PM
ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ស្នើដល់ភាគីពាក់ព័ន្ធពង្រីកអំណាចទន់ផ្នែកទេសចរណ៍ ដើម្បីលើកកម្ពស់កិត្យានុភាពជាតិ និងទាក់ទាញការវិនិយោគ
06/11/2026 01:06 PM
សម្ដេចធិបតី តែងតែប្រើយន្តការការទូតសកម្មដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន
06/11/2026 01:06 PM