ក្រសួងទេសចរណ៍ចុះសិក្សារៀបចំគោលដៅទេសចរណ៍ និងកញ្ចប់ទស្សនកិច្ចភ្នំគូលែន ដើម្បីជំរុញការស្នាក់ និងការដកបទពិសោធន៍ទេសចរណ៍ភ្នំគូលែន!
ប្រាសាទភ្នំបាខែងជួសជុលបានពីរជាន់ហើយ និងបន្តជួសជុលពីរជាន់ទៀត
មហោស្រពសិល្បៈចម្រៀងសម័យទសវត្សរ៍ទី៦០ ឆ្នាំ២០២៥ ខេត្តកំពង់ស្ពឺ ប្រកួតវគ្គផ្តាច់ព្រ័ត្រនាថ្ងៃនេះ
លោកជំទាវ ភឿង សកុណា អញ្ជើញ អធិបតីពិធីបិទ និងបើកវគ្គបណ្តុះបណ្ដាលជំនាញវិជ្ជាជីវៈដូនតា ដល់យុវជន ខណៈសិស្សចំនួន ១១១ នាក់ទទួលបានលទ្ធផលសិក្សាដោយជោគជ័យ

វប្បធម៌ និងទេសចរណ៍

ព្រៃរងទឹកភ្លៀងតំបន់ជួរភ្នំក្រវាញខាងត្បូងមិនត្រឹមតែជាអច្ឆរិយៈធម្មជាតិដ៏អស្ចារ្យតែប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយយ៉ាងសំខាន់នៃបេតិកភណ្ឌ និងជាប្រភពនៃមោទកភាពរបស់ជាតិខ្មែរ

2024/07/15 09:41:40 am        368
ក្រសួងបរិស្ថានបានឱ្យដឹងថា ព្រៃរងទឹកភ្លៀងតំបន់ជួរភ្នំក្រវាញខាងត្បូងមិនត្រឹមតែ​ជាអច្ឆរិយៈ​ធម្មជាតិដ៏អស្ចារ្យតែប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយយ៉ាងសំខាន់នៃបេតិកភណ្ឌ និងជាប្រភព​នៃ​មោទកភាពរបស់ជាតិខ្មែរ។ តំបន់ទេសភាពមួយនេះ សំបូរពោរពេញ​ទៅ​ដោយ​ជីវិត​សត្វព្រៃ​ចម្រុះ​ប្រភេទ និងជាដែនដីជម្រករបស់សហគមន៍ជនជាតិដើមភាគតិចជាច្រើនជំនាន់មកហើយ។ មិន​ថាប្រពៃណីឬរបៀបរស់នៅរបស់ពួកគេបានផ្សារភ្ជាប់យ៉ាងចាក់ស្រេះទៅនឹងដែនដីព្រៃដ៏ស្រស់ត្រកាល និងពុំទាន់រងការបំផ្លាញមួយនេះ។ ការចូលរួម​ការពារព្រៃរងទឹកភ្លៀងតំបន់ជួរភ្នំ​ក្រវាញ​មិនត្រឹមតែ​មាន​សារៈសំខាន់​ក្នុង​ការ​រក្សា​ឱ្យបាន​នូវបេតិកភណ្ឌវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការធានា​ដល់​ការ​រស់​រាន​មាន​ជីវិត​នៃប្រ​ភេទ​សត្វ រុក្ខជាតិ ក៏ដូចជាជីវៈចម្រុះជាច្រើនទៀត ដែលពឹងផ្អែកលើប្រព័ន្ធអេកូឡូស៊ីមួយនេះ។ រីក​រាយ​សាទរ ក៏ដូចជាចូលរួមថែរក្សាព្រៃរងទឹកភ្លៀងរបស់កម្ពុជា៕

ទិដ្ឋភាពភ្ញៀវទេសចរ ជិះទូកកម្សាន្តនៅបារាយណ៍ជយតាដាក ឬបារាយណ៍នាគព័ន្ធ

2024/07/12 03:25:09 pm        300
ទិដ្ឋភាពភ្ញៀវទេសចរ ជិះទូកកម្សាន្តនៅបារាយណ៍ជយតាដាក ឬបារាយណ៍នាគព័ន្ធ តាមរយៈសេវាកម្មបម្រើជិះទូកកម្សាន្តរបស់សហគមន៍សាមគ្គីដើម្បីអភិវឌ្ឍន៍ទេសចរណ៍ ដែលទេសចរអាចផ្លាស់ប្ដូរបរិយាកាសដោយចូលទស្សនាប្រាសាទនាគព័ន្ធស្ថិតនៅលើកោះ អាចគយគន់ទេសភាពព្រៃប្រឹក្សាជុំវិញ រុក្ខវារីជាតិ មច្ឆជាតិ បក្សាបក្សី និងទស្សនាថ្ងៃលិចផង។ ការគាំទ្រជិះទូករបស់សហគមន៍ ជាការលើកកម្ពស់វិស័យទេសចរណ៍ធម្មជាតិបែបប្រវត្តិសាស្ត្រ និងផ្តល់ការងារដល់ប្រជាជនក្នុងសហគមន៍ជុំវិញបារាយណ៍ប្រវត្តិសាស្ត្រមួយនេះដែរ។សូមជម្រាបជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមានបំណងចង់ជិះទូកកម្សាន្តនៅបារាយណ៍ជយតដាក នេះ អាចទាក់ទងជាវសំបុត្រតាមរយៈលេខទូរសព្ទ ០៨៩ ២១១ ៧៣៧ សូមអរគុណ៕ប្រភព៖ អាជ្ញាធរជាតិអប្សរា

មន្ត្រីជំនាញ នៃក្រសួងវប្បធម៌ កំពុងជួសជុលកុលាលភាជន៍ និងរៀបចំពិព័រណ៍ឡើងវិញនៅ​ក្នុងសារមនី្ទរភូមិស្នាយ ខេត្តបន្ទាយមានជ័យ

2024/07/12 01:39:38 pm        215
មន្ត្រីជំនាញ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងជួសជុលកុលាលភាជន៍ និងរៀប​ចំ​ពិព័រណ៍​ឡើងវិញនៅក្នុងសារមនី្ទរភូមិស្នាយ ស្ថិតក្នុងភូមិទេពកោសា ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ។លោក ទេព សុខា ប្រធានការិយាល័យវិភាគ និងពិសោធន៍ នាយកដ្ឋានបុរាណវិទ្យា និង​បុរេ​ប្រវតិ្តវិទ្យា នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាទូទៅធ្វើកិច្ចការអភិរក្ស និងជួសជុល​កុលាលភាជន៍ រួមទាំងការបង្ហាត់បង្រៀន បណ្តុះបណ្តាលដល់និសិ្សត មហាវិទ្យាល័យបុរាណវិទ្យា នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងមន្រី្តនៅតាមមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈរាជធានី ខេត្ត បានថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះថា សារមនី្ទ​រ​ភូមិ​ស្នាយ ត្រូវបានកសាងនៅក្នុងឆ្នាំ២០០៧ ហើយវត្ថុសិល្បៈដែលរៀបចំដាក់តាំង​ពិព័រណ៍​នៅ​ក្នុង​សារមនី្ទរ​នេះ គឺបានមកពីការធ្វើកំណាយនៅក្នុងស្ថានីយភូមិស្នាយ។ ក្នុងគោលបំណងអភិរក្សកុលាលភាជន៍ដែលមាននៅក្នុងសារមនី្ទរភូមិស្នាយ ដោយហេតុថា​កុលាលភាជន៍​ដែលសេសសល់ពីមុន មិនមានស្តង់ដា និងគ្មានគុណភាពល្អ ដែលបណ្តាលឲ្យ​កុលាលភាជន៍​ខូច និងបាក់ស្រុតចុះក្រោម ក្លាយជាបំណែក។ ដូច្នេះក្រុមការងារមកពីក្រសួងវប្បធម៌ និងមនី្ទរវប្បធម៌ខេត្ត រួមនិងនិសិ្សត បានធ្វើការអភិរក្ស ជួសជុល​កុលាលភាជន៍នេះឡើងវិញ ដើម្បីឲ្យប្រសើរ និងរៀបចំបើកពិព័រណ៍​នៅក្នុងសារមនី្ទរ​ភូមិស្នាយ។លោក ទេព សុខា បានបញ្ជាក់ទៀតថា ក្នុងឆ្នាំ២០២៤ មន្រី្តជំនាញរបស់យើងកំពុងខិតខំរៀបចំ សារមនី្ទរនានាឲ្យបានស្អាត ដែលមាននៅក្នុងខេត្តបន្ទាយមានជ័យ ដូចជា៖ សារមនី្ទរស្វាយចេក សារមនី្ទរបន្ទាយមានជ័យ និងសារមនី្ទរភូមិស្នាយ ជាពិសេសការងារដែលសំខាន់ និងជាស្នូល គឺយើងបានធ្វើការបណ្តុះបណ្តាលដល់មន្រី្ត សិស្ស និសិ្សត ដែលអាចធ្វើការអភិរក្ស ជួសជុលកុលាលភាជន៍ទៅថ្ងៃក្រោយបាន ដែលជាផ្នែកមួយជួយដល់ការអភិរក្ស មរតកវប្បធម៌ក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានល្អប្រសើរ៕ អត្ថបទ រដ្ឋា 

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនឹងរៀបចំមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា លើកទី៤ ឆ្នាំ២០២៤

2024/07/11 10:58:42 am        125
នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹង​ប្រារព្ធ​មហោ​ស្រព​ជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤ ឆ្នាំ២០២៤ ក្រោមពាក្យស្លោក "ភាពយន្តខ្នាត​ខ្លី​ជា​ជំហាន​ឆ្ពោះទៅ កាន់ភាពយន្តខ្លាតវែង" កាលបរិច្ឆេទរៀបចំពិធីបើកមហោស្រព នៅថ្ងៃទី២៥ ខែ​វិច្ឆិកា ឆ្នាំ២០២៤ និងពិធីបិទនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលសន្និសីទចតុម្មុខ រាជ​ធានី​ភ្នំពេញ​ខាងមុខនេះ។បើតាមលោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយ​វប្បធម៌ ​នៃ​ក្រសួង​វប្បធម៌ ​និងវិចិត្រសិល្បៈ បានថ្លែងប្រាប់BTV ព័ត៌មាន នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤​នេះ​ថា ​ក្នុងគោលបំណងជំរុញលើកទឹកចិត្តដល់យុវជនក្នុងការអភិវឌ្ឍសមត្ថភាព និងការ​បញ្ចេញ​គំនិត​ច្នៃប្រឌិត តាមរយៈអេក្រង់ ឬផ្ទាំងសំពត់ស ដែលជាជំហ៊ានក្លាយជាផលិតករភាពយន្ត ព្រម​ទាំង​ដើម្បីរួមចំណែកអភិវឌ្ឍវិស័យភាពយន្តជាតិ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងប្រារព្ធ​រៀបចំ​មហោ​ស្រព​ជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤ ឆ្នាំ២០២៤ ក្រោមពាក្យស្លោក "ភាពយន្ត​ខ្នាត​ខ្លី​ជា​ជំហាន​ឆ្ពោះទៅកាន់ភាពយន្តខ្លាតវែង" តាមកាលបរិច្ឆេទខ្លឹមសារលក្ខ ខណ្ឌ ចូលរួម និង​គោល​ការណ៍​វិនិច្ឆ័យ​ដូចខាងក្រោម៖ ខ្លឹមសារគោលនៃរឿង ១.វប្បធម៌ / ការអភិវឌ្ឍសង្គម ខ្លឹមសារ​នៃ​សាច់​រឿង​ត្រូវ​ឆ្លុះបញ្ចាំងពីទិដ្ឋភាពសង្គម និងបង្កប់ដោយអត្តសញ្ញាណជាតិ រួមមាន៖ ចំណេះដឹង ជំនឿ​សាសនា សិល្បៈប្រពៃណីទំនៀមទម្លាប់ ដែល​ទាក់ទង​ទៅ​នឹង​ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​។ ភាពច្នៃប្រឌិតនិងការបង្កើតថ្មី ផ្តោតលើភាពស្រមើស្រមៃ បំណងប្រាថ្នា អារម្មណ៍​ផ្លូវ​ចិត្ត ការស្រឡាញ់ និងទំនាក់ទំនងក្នុងសង្គម ដោយបង្កប់នូវគំនិតទស្សនវិជ្ជា និងបច្ចេកវិជ្ជាថ្មីៗ។សូមបញ្ជាក់ផងដែរថា កាល​បរិច្ឆេទ​នៃ​ការ​ទទួល​ពាក្យ​ចូលរួម​ប្រកួត​ប្រជែង​ចាប់​ពីថ្ងៃជូន​ដំណឹង​រហូត​ដល់​ថ្ងៃ​ទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដោយអ្នកស្នើសុំត្រូវភ្ជាប់មកជាមួយនូវ៖ ពាក្យ​ស្នើ​សុំ​ចូល​រួម​ប្រកួត​ប្រជែង (Google Form), ស្នាដៃភាពយន្តខ្លីជាទម្រង់ MP4, វីដេអូ Trailer ជាទម្រង់ MP4 ​រយៈពេល៣០វិនាទី, រូបភាពសកម្មភាពនៃការផលិត ចំនួន០៤សន្លឹក ក្នុងទម្រង់ JPEG (High Resolution), រូបថតអ្នកដឹកនាំរឿង (Portrait) ចំនួន ០២សន្លឹកក្នុងទម្រង់ JPEG (High Resolution), រូបភាព Poster ចំនួន ០១សន្លឹកក្នុងទម្រង់ JPEG (High Resolution) សូម​ភ្ជាប់ឯកសារខាងលើ មកនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយ​វប្បធម៌​ដោយ​ផ្ទាល់​បន្ទាប់​ពីធ្វើការដាក់ពាក្យតាមរយៈ Google Form រួច។ពានរង្វាន់ក្នុង​មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤ រួមមាន៖ ពានជ័យលាភីលេខ១ (Gold Award) ទទួលបានពានមាស អមដោយថវិកា, ពានជ័យលាភីលេខ២ (Silver Award) ទទួល​បានពានប្រាក់ អមដោយថវិកា, ពានជ័យលាភីលេខ៣ (Bronze Award) ទទួលបាន​ពានសំរិទ្ធ អមដោយថវិកា, ពានរង្វាន់របស់មេប្រយោគ (Special Jury Award) ទទួលបានពាន អម​ដោយ​ថវិកា និងពានរង្វាន់ទស្សនិកជន(Audience Award) ទទួលបានពាន៕ អត្ថបទ រដ្ឋា

សួនរុក្ខជាតិអង្គរ ទទួលបានពាន Traveller's Choice Awards Winner 2024 នាថ្ងៃនេះ

2024/07/10 03:57:10 pm        472
សួនរុក្ខជាតិអង្គរ ដែលគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ទទួបានពាន Traveller's Choice Awards Winner 2024 ពីគេហទំព័រទេចរណ៍ដ៏ល្បីឈ្មោះTripAdvisor នៅថ្ងៃទី១០ ខែកក្កដា ២០២៤នេះ។សួនរុក្ខជាតិនេះ មានទីតាំងស្ថិតនៅតាមបណ្ដោយរុក្ខវិថីព្រះសីហនុ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ឆ្ពោះទៅប្រាសាទអង្គរ។ សួនរុក្ខជាតិអង្គរ ដំបូងឡើយមានឈ្មោះថា «សួនគ្រឿងទេស» បង្កើតឡើងពីឆ្នាំ២០០៥ ដែលកាលណោះមានផ្ទៃដីប្រមាណ ២ហិកតាប៉ុណ្ណោះ។នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ សួនរុក្ខជាតិអង្គរដែលមានទំហំផ្ទៃដីជាង ១៥ហិកតា ក៏ត្រូវបានបើកសម្ពោធជាផ្លូវការ ដោយបានក្លាយជាសមិទ្ធផលទេសចរណ៍បន្ថែម នៅក្នុងក្រុងសៀមរាប ដែលអាជ្ញាធរជាតិអប្សរាបានបង្កើតឡើង ដោយមានដាំរុក្ខជាតិចម្រុះរាប់ម៉ឺនដើមនៃពូជជាង ៥០០ប្រភេទ ដូចជា ដើមផ្កា ស្មៅ ឈើហូបផ្លែ ដោយអាចចាត់ទុកថា ជាសួនមានលក្ខណៈពិសេសលើសសួនកម្សាន្តដទៃទៀតនៅប្រទេសកម្ពុជា ដោយសារតែសួននេះ ស្ថិតក្នុងរចនាបទបែបខ្មែរ មានដាំបន្លែចម្រុះជាច្រើនមុខ មានសួនរុក្ខជាតិធ្វើឱសថ សួនគ្រឿងទេស សួនអម្បូរត្នោត សួនលំនៅដ្ឋានខ្មែរ សួនព្រៃឈើនិងបន្ថែមលើនេះ ក៏មានសួនសត្វជាច្រើនប្រភេទ ដូចជា អណ្តើក ក្ងោក ព្រាប ទន្សាយ និងសត្វស្លាបព្វាំងជាដើម។កាលពីខែមីនា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរាបានគម្រោងពង្រីកសួនរុក្ខជាតិអង្គរ នេះរហូតដល់ទំហំជាង ១៥០ហិកតា ដោយធ្វើរបងសម្រាប់ដោះលែងសត្វព្រៃ និងការពារព្រៃឈើ រៀបចំផ្លូវដើរ ស្ពានថ្មើរជើងសម្រាប់ទេសចរដើរកម្សាន្តក្នុងព្រៃធម្មជាតិផងដែរ៕

អ្នកប្រកបរបរវិស័យសណ្ឋាគារ និងបដិសណ្ឋារកិច្ចបង្ហាញពីតម្រូវការកម្លាំងពលកម្មជំនាញ​លើវិស័យនេះ

2024/07/10 01:22:14 pm        155
ស្របពេលដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញ​ពីតម្រូវ​ការ​កម្លាំង​ពលកម្ម​ជា​ច្រើន​ម៉ឺនកន្លែង។ ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ និងសណ្ឋាគារ បានឲ្យដឹងពី​បញ្ហា​ប្រឈម​​ក្នុង​ការ​ជ្រើសរើសកម្លាំងពលកម្មជំនាញ និងខណៈភាគីពាក់ព័ន្ធទាំងវិស័យរដ្ឋ និងឯកជន បាន​និងកំពុង​រួមគ្នាដោះស្រាយផងដែរ។ជួបសម្ភាសន៍ជាមួយ លោកស្រី ខៃ ចិន្តា ដែលជាម្ចាស់សណ្ឋាគារចំនួន២កន្លែងផ្សេងគ្នា ទី១.​ឈ្មោះ ទែរូ ស្ថិតនៅខេត្តរតនគិរី និងទី២.ឈ្មោះ សូរិយា ប៊ូរី ស្ថិតនៅកោះទ្រង់ ខេត្តក្រចេះ នៅ​ព្រឹក​ថ្ងៃទី១០ កក្កដា ឆ្នាំ២០២៤នេះ នៅក្រុងភ្នំពេញ លោកស្រី បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា គិតមកដល់បច្ចុប្បន្ននេះ លោកស្រីប្រឡូកក្នុងវិស័យសណ្ឋាគារជិត៣០ឆ្នាំ ដោយ​ទទួល​បាន​បទ​ពិសោធន៍​ជា​ច្រើនក្នុងវិស័យមួយនេះ។ លោកស្រីបន្តថា ជាការកត់សម្គាល់ និងមើល​ឃើញ​កន្លង​មក ការឆ្លើយតបក្នុងការជ្រើសរើសកម្លាំងពលកម្ម មិនថាតែវិស័យសណ្ឋាគារនោះទេ ពោល​សឹង​តែ​គ្រប់​វិស័យ គឺពិតជាខ្វះខាតច្រើនមែនទែន ជាពិសេសកម្លាំង​ពលកម្មខាង​ផ្នែក​ចំណេះ​ និង​ជំនាញ​វិស័យ​សណ្ឋាគារ និងបដិសណ្ឋារកិច្ចនេះ។លោកស្រី បន្ថែមទៀតថា សព្វថ្ងៃនេះ កម្ពុជា​នៅ​មាន​កង្វះ​ខាត​កម្លាំង​ពលកម្ម​ជំនាញ​ជា​ច្រើន​វិស័យ ដែលទាមទាឲ្យមានការចូលរួមទាំងអស់គ្នា ទាំងរដ្ឋនិងឯកជន ក៏ដូចជាយុវជន ដើម្បី​រួម​គ្នា​ឆ្លើយ​តប​ឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នក​វិនិយោគ​ឲ្យ​ចូល​មក​បណ្តាក់ទុននៅកម្ពុជា ដើម្បីបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ។ដើម្បីឆ្លើយតបឲ្យបានល្អទៅនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងទៅអនាគត លោកស្រី ខៃ ចិន្តា បានចែករំលែកជាសារបន្ថែមដល់សិស្ស និស្សិត យុវជន និងអ្នកស្វែងករកការងារថា បើ​យុវជន​មិនទាន់មានកិច្ចការងារធ្វើ ឬកំពុងរៀនជំនាញទូទៅហើយ គួរតែបន្ថែម​មុខ​ជំនាញ​មួយ​ថែម​ទៀត និងឲ្យចំគោលដៅ នោះឱកាសការងារ ក៏ដូចជាអាទិភាព​ក៏​ខុសគ្នា​រវាង​អ្នក​មិន​មាន​ជំនាញ​ផង​ដែរ។បើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បច្ចុប្បន្ននេះ កម្ពុជា​មាន​តម្រូវ​ការ​កម្លាំង​ពលកម្ម​ចំនួន​ជាង ៤ម៉ឺន ៦ពាន់កន្លែង សម្រាប់បម្រើទៅលើវិស័យធំៗ ចំនួន៣ ក្នុងនោះ វិស័យ​ឧស្សាហកម្ម មានតម្រូវការចំនួនជាង ៣ម៉ឺន ៤ពាន់កន្លែង , វិស័យសេវាកម្ម ចំនួនជាង ៤,៥០០​កន្លែង និងវិស័យកសិកម្មមានចំនួនជាង ៧ពាន់កន្លែង៕ អត្ថបទ ឈិត បូរ៉ាវី 

ក្រសួងទេសចរណ៍៖ ចរន្តទេសចរអន្តរជាតិមកទស្សនាកម្ពុជាបន្តងើបឡើងវិញ ក្នុងកម្រិតទាប

2024/07/10 12:23:52 pm        199
ក្នុងចន្លោះខែឧសភា ដល់ខែកញ្ញានេះ ជាទូទៅស្ថានភាពទេសចរណ៍កម្ពុជា គឺពុំសូវ​មាន​ទេសចរ​ជាតិ អន្តរជាតិ​ដើរកម្សាន្តច្រើននោះទេ ដោយសារបញ្ហាមានភ្លៀងច្រើន ដែលគេតែងហៅថាជារដូវ Low Season ហើយបើតាមអ្នកនាំពាក្យក្រសួងទេសចរណ៍ ចរន្ត​ទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា ក្នុងអំឡុងពេលនេះ ហាក់មានកំណើនកើនឡើងគួរគត់សម្កាល់ ប៉ុន្ដែភ្ញៀវមិន​សូវ​ធ្វើ​ដំណើរ​បម្លាស់​ទីច្រើន​នោះទេ។ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងប្រាប់BTV នៅថ្ងៃទី១០ ខែកក្កដានេះថា កម្ពុជា នៅក្នុងអំឡុងពេលនេះ គឺមានភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា មានកំណើនកើនឡើង ប៉ុន្តែកើនក្នុងកម្រិតទាប និងមិនអាចផ្គត់ផ្គង់តម្រូវការអាជីវកម្មទេសចរណ៍នៅកម្ពុជា បានគ្រប់សេចក្តីតម្រូវការ ខណៈភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនានៅកម្ពុជា ក្នុងអំឡុងពេលនេះដែរ ភាគច្រើនមកទស្សនា ហាក់មិនសូវធ្វើដំណើរបម្លាស់ទីដើរទស្សនាច្រើននោះទេ។ឯកឧត្តម តុប សុភ័ក បន្តថា នៅក្នុងរដូវកាលទេសចរដើរកម្សាន្តតិចតួចនេះ ថ្នាក់ដឹកនាំ​ក្រសួង​ទេសចរណ៍​បាន​សហការជាមួយស្ថាប័នដៃគូ និងវិស័យឯកជន ធ្វើការងារ និងអនុវត្តគោល​នយោបាយ​លើក​ទឹកចិត្តជាច្រើនដើម្បីជំរុញភាពទាក់ទាញ និងទទួល​ទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា​ក្នុងរដូវកាលLow Season និងHigh Seasonឲ្យបានល្អប្រសើរ។លោកជំទាវ ឆាយ សៀវលីន ប្រធានសមាគមទីភ្នាក់ទេសចរណ៍កម្ពុជា CATA ថ្លែងទទួល​ស្គាល់​ថា រៀងរាល់ឆ្នាំ ទេសចរណ៍កម្ពុជា ពីខែឧសភា ដល់ខែកញ្ញា​ទូទៅ​គឺ​ពុំ​សូវ​មាន​ទេសចរ​អន្តរជាតិ​ច្រើន​នោះ​ទេ ហើយនៅក្នុងឆ្នាំនេះ បើទោះ បណ្តាក្រុមហ៊ុន​ការីទេសចរណ៍​ខិតខិត​ផ្សព្វ​ផ្សាយ​គោល​ដៅ​ទេសចរណ៍កម្ពុជា មានបញ្ចុះតម្លៃកញ្ចប់ផលិតផលទេសចរណ៍ និងផ្តល់ការ​លើក​ទឹក​ចិត្ត​ការ​ដើរ​កម្សាន្តនានាក៏ដោយ ក៏យើងនៅតែមិនអាចទទួលបានភ្ញៀវច្រើន ដូចក្នុងរដូវ High Season ចាប់ពីខែកញ្ញា រហូតដល់ខែមេសានេះដែរ។របាយការណ៍ក្រសួងទេសចរណ៍បានឲ្យដឹងថា ក្នុងរយៈពេល៥ ឆ្នាំ២០២៤នេះ កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិមកទស្សនាប្រមាណ២លាន៦៤ម៉ឺននាក់កើនឡើង២២% ប្រៀបធៀប​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០២៣ ហើយបើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩ គឺទេសចរអន្តរជាតិមកទស្សនា ងើប​ឡើង​វិញបានប្រមាណ៩០%នោះទេ៕ អត្ថបទ ស៊ុម សុខជា 

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គ្រោងបើកមហោស្រពល្ខោនបាសាក់ទូទាំងប្រទេស ឆ្នាំ២០២៤

2024/07/10 10:48:18 am        323
នាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គ្រោងបើកមហោ​ស្រពល្ខោន​បាសាក់ទូទាំងប្រទេស នាខែតុលា ឆ្នាំ២០២៤ខាងមុខនេះ។ នេះបើយោងតាម​ការ​បញ្ជាក់​រប​ស់ប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ឈាង ឆដាភ័ក្រ បានថ្លែងប្រាប់BTV ព័ត៌មាន នាថ្ងៃនេះ។លោក បន្តថា ជារៀងរាល់ឆ្នាំនាយកដ្ឋាន តែងតែរៀបចំមហោស្រពបុរាណនេះឡើង ក្នុង​គោល​បំណង​លើក​ទឹកចិត្តសិល្បករ សិល្បការិនី ដែលគាត់ប្រកបអាជីពទម្រង់សិល្បៈបុរាណនេះ។ មាន​ន័យ​ថាក្រសួង ក៏ដូចជានាយកដ្ឋាន បានយកចិត្តជាខ្លាំងទៅសិល្បករ សិល្បការិនី ហើ​យ​ការ​រៀប​ចំ​មហោ​ស្រពល្ខោនបាសាក់ គឺដើម្បីថែរក្សា ការពារ លើកស្ទួយ លើកទឹកចិត្ត​សិល្បករ​ល្ខោន​បាសាក់ និងដើម្បីផ្សព្វផ្សាយជូនដល់មហាជន ជាពិសេសយុវជន យុវនារី ដែលជាទំពាំង​ស្នង​ឫស្សី​នៃ​ប្រទេសជាតិ ឱ្យបានស្គាល់ និងស្វែងយល់អំពីល្ខោនបាសាក់ ព្រមទាំងរួមគ្នា​គាំទ្រ​មរតក​វប្បធម៌​ខ្មែរ​។ សូមបញ្ជាក់ផងដែរថា មហោស្រពល្ខោនបាសាក់ មិនគ្រាន់តែជាវេទិកា ប្រកួត​ប្រជែង​យក​ពាន​រង្វាន់​នោះ​ទេ ប៉ុន្តែគឺជាទីកន្លែងជួបជុំសិក្សាស្វែងយល់ វាស់ស្ទង់សមត្ថភាព និងការចែក​រំលែក​បទ​ពិសោធ និងចំណេះដឹងផងដែរ។ ដូចនេះគោលដៅសំខាន់នៃការរៀបចំមហោស្រពល្ខោនបាសាក់ គឺ​ដើម្បីផ្តល់ឱកាសក្នុងការសិក្សាពីចំណុចខ្លាំង និងចំណុចខ្សោយ លើផ្នែកតាក់តែងនិពន្ធរឿង ការ​ដឹក​នាំដំឡើងរឿង និងការសម្តែងជាដើម សំដៅពង្រឹងសមត្ថភាព និងលើក​កម្ពស់​វិស័យ​សិល្បៈ​ទស្សនីយភាពមួយនេះ ដើម្បីឈានទៅដល់ការប្រកួតប្រជែងលើឆាក អន្តរជាតិ៕ អត្ថបទ រដ្ឋា 

នាយកដ្ឋានសិល្បៈទស្សនីយភាព ខិតខំដំឡើងស្នាដៃថ្មីៗ ដែលកន្លងមកមានទម្រង់​សិល្បៈមួយចំនួន​មិនសូវមានសកម្មភាព

2024/07/09 02:11:26 pm        423
ចាស់ព្រឹទ្ធាចារ្យ សិល្បករ សិល្បការិនី នាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ ខិតខំហាត់សមដំឡើងស្នាដៃថ្មីៗ ដែលកន្លងមកមានទម្រង់សិល្បៈមួយចំនួន​មិន​សូវ​មាន​សកម្មភាព និងស្ទើតែបាត់បង់ ដូចជា៖ អាយ៉ៃរឿង និងល្ខោនបាមោជ្ជទ័យ។នេះបើយោងតាមការបញ្ជាក់របស់លោក ឈាង ឆដាភ័ក្រ ប្រធាន​នាយកដ្ឋាន​សិល្បៈ​ទស្សនីយ​ភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ​២០២៤នេះ។លោក ប្រធាននាយកដ្ឋាន បានលើកឡើងទៀតថា ក្នុងឆ្នាំ២០២៤នេះ នាយកដ្ឋាន បាន​បែង​ចែក​ការងារ​ជា​៣ផ្នែក ទី១. ការដំឡើងស្នាដៃថ្មី, ទី២. ការផ្សព្វផ្សាយ និងទី៣. ការបណ្តុះបណ្តាល។ ចំពោះ​ការ​ដំឡើងស្នាដៃថ្មី ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៤ នាយកដ្ឋាន បានដំឡើង​ស្នាដៃ​ថ្មី​ជា​ច្រើន ដូចជា៖ របាំបែបទំនើបកម្ម របាំចម្រុះ របាំសហសម័យចំនួន២ ទម្រង់អាយ៉ៃរឿង និង​ថត​ឯកសារ​ភ្លេងពិណពាទ្យចំនួន៣៣បទ និងចំណុចដែលសំខាន់មួយទៀតនោះ គឺបង្កើត​ទម្រង់​ល្ខោន​បាមោជ្ជទ័យ។ ជាមួយគ្នានោះ នាយកដ្ឋានបានធ្វើការផ្សព្វផ្សាយជាច្រើន ទាំង​លក្ខណៈ​ជាតិ និងលក្ខណៈអន្តរជាតិ។ ក្នុងនោះការផ្សព្វផ្សាយលក្ខណៈជាតិ បានធ្វើការ​សម្តែង​ល្ខោន​និយាយ​រឿង​ផ្កា​ស្រពោន សម្តែងក្នុងកម្មវិធីទិវាវប្បធម៌ជាតិ៣មីនា សម្តែងក្នុងកម្មវិធីសំពតបទខ្មែរ សម្តែង​ក្នុងកម្មវិធីបុណ្យទន្លេលើកទី៨ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ជាទីបំផុត​របស់​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា។ ដោយឡែកចំពោះកិច្ចការផ្សព្វផ្សាយជាលក្ខណៈអន្តរជាតិ បានធ្វើការសម្តែងនៅប្រទេសជប៉ុន ចិន ឥណ្ឌា ថៃ និងបណ្តាប្រទេសផ្សេងទៀត។ ជាពិសេស​យើង​បាន​បណ្តុះ​បណ្តាល​លើ​ជំនាញ​ប៉ាក់​ឌិន និងជំនាញថត សម្រាប់ផលិតឯកសាររបស់នាយកដ្ឋាន ព្រមទាំង​បញ្ជូន​មន្ត្រី​ទៅ​សិក្សា​ភាសាបរទេសផងដែរ។ជាចុងក្រោយលោក ឈាង ឆដាភ័ក្រ បានសំណូមដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន ដែល​ជា​ទំពាំង​ស្នងឫស្សី ចូលរួមគាំទ្រ តាមរយៈព្រឹតិ្តការណ៍វប្បធម៌ផ្សេងៗ ព្រោះថាការ​ចូល​រួម​របស់​ប្រជា​ពលរដ្ឋ ក៏ដូចជាយុវជន គឺជាសកម្មភាពមួយដ៏សំខាន់ និងធ្វើឲ្យមានការរីកចម្រើន និង​បាន​រួម​ចំណែកក្នុងការថែរក្សា ការពារ ពង្រឹងនូវអត្តសញ្ញាណជាតិ លើកកម្ពស់វប្បធម៌ ប្រពៃណី និង​ទំនៀម​ទំលាប់​ជាតិរបស់ខ្លួន ដូចពាក្យថា «កិច្ចថែរក្សា ការពារ បេតិកភណ្ឌវប្បធម៌ គឺជា​ភារកិច្ច​របស់​កូន​ខ្មែរគ្រប់ៗរូប»៕ អត្ថបទ រដ្ឋា

បាងកក អ៊ែរវេយ៍ រៀបចំពិព័រណ៍ទេសចរណ៍ និងបង្ហាញជាផ្លូវការនូវបណ្ណ Cambodia Travel Pass នៅភ្នំពេញ

2024/07/06 01:02:14 pm        189
ក្រុមហ៊ុនអាកាសចរណ៍ទី១ របស់ប្រទេសថៃ បាងកក អ៊ែរវេយ៍ (Bangkok Airways) បាន​ប្រកាស​បើកពិព័រណ៍ទេសចរណ៍ “Boutique Journey Travel Fair” និងបង្ហាញបណ្ណ Cambodia Travel Pass រយៈពេល ៣ថ្ងៃ ពីថ្ងៃទី៥ ដល់៧ ខែកក្កដា ឆ្នាំ២០២៤ នៅ​ផ្សារទំនើបអ៊ីនអន ម៉ល សែនសុខ។នៅក្នុងកម្មវិធីនេះ អ្នកនាង អាម៉នរ៉ាត គង់សាវ៉ាត អនុប្រធានផ្នែកលក់ និងជា​អនុ​ប្រធាន​ស្តីទី​ផ្នែក​ទីផ្សា​រ​របស់ក្រុមហ៊ុន បាងកក អ៊ែរវេយ៍ បានបង្ហាញអារម្មណ៍រីករាយ និងលើកឡើងថា ពិតជា​រំ​ភើប​ចំពោះការរៀបចំកម្មវិធីនេះឡើងនៅក្នុងប្រទេសកម្ពុជា។ អ្នកនាងបានឲ្យដឹងថា បណ្ណ Cambodia Travel Pass នឹងផ្តល់ជូននូវការធ្វើដំណើរប្រកបដោយភាពបត់បែន និង​មាន​ងាយ​ស្រួល​ជូន​ដល់អ្នកប្រើប្រាស់ក្នុងការធ្វើដំណើរកាន់តែប្រសើរជាមួយបទពិសោធន៍ល្អៗ។លោក Komkrit Ngamwongwirot ប្រធានផ្នែកគណនេយ្យ បានមាន​ប្រសាសន៍ថា គោល​បំណង​សំខាន់​នៃកម្មវិធីនេះ គឺក្រុមហ៊ុនចង់ផ្តល់ជូន​បន្ថែម​នូវ​ជម្រើស​នៃ​ការ​ធ្វើដំណើរ​ប្រកប​ដោយ​ភាព​បត់​បែន ប្រណីតភាព និងងាយស្រួលជូនដល់អតិថិជនដ៏មានតម្លៃនៅកម្ពុជា។ លោក​បន្ថែម​ថា កម្មវិធីនេះដែរ ក៏បានឆ្លុះបញ្ចាំងពីឆន្ទៈរបស់ក្រុមហ៊ុនក្នុងការនាំនូវសេវាកម្មដ៏ល្អឯក រួមជា​មួយ​អត្ថ​ប្រយោជន៍ជាច្រើនដ៏សម្បូរបែបផងដែរជូនដល់អតិថិជន។ ជាពិសេស បណ្ណ Cambodia Travel Pass ដែលអាចធ្វើដំណើរឥតកំណត់រយៈពេល ១ឆ្នាំ សម្រាប់ការហោះហើរ រវាងភ្នំពេញ-បាង​កក និងសៀមរាប-បាងកក ក្នុងតម្លៃសរុប ២,៥៩០ដុល្លារ។ក្រុមហ៊ុនអាកាសចរណ៍ថៃ បាងកក អ៊ែរវេយ៍ បានបង្កើតឡើងក្នុងឆ្នាំ១៩៦៨ ដែល​ផ្តល់​សេវា​កម្ម​ពេញ​លេញ​ក្នុងការដឹកអ្នកដំណើរ។ តាមរយៈប្រតិបត្តិការប្រមាណ១០០ជើង ជារៀងរាល់ថ្ងៃពី​អាកាស​យាន​ដ្ឋានសុវណ្ណាភូមិនៅបាងកក និងអាកាសយានដ្ឋានសាមុយ។ ក្រុមហ៊ុននេះ ភ្ជាប់អ្នក​ដំណើរ​ទៅ​កាន់ទិសដៅហោះហើរប្រណីតៗប្រមាណជាង២០ នៅទូទាំងប្រទេសពិភពលោក និង​ក្នុង​តំបន់អាស៊ី៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពលរដ្ឋហ្កាហ្សា និយាយថា កូនៗរបស់ពួកគេនឹងស្លាប់ម្តងម្នាក់ៗ ដោយសារភាពអត់ឃ្លាន
05/20/2025 09:05 PM
មេដឹកនាំកំពូលអ៊ីរ៉ង់មិនទាន់ច្បាស់ចំពោះជោគជ័យនៃកិច្ចប្រជុំនុយក្លេអ៊ែរជាមួយអាមេរិក
05/20/2025 08:05 PM
ពលរដ្ឋអ៊ុយក្រែនជឿថា ការទូរស័ព្ទរបស់លោក Trumpជាមួយលោក Putinគួរតែគាំទ្រដោយវិធានការ
05/20/2025 08:05 PM
ប្រតិភូនគរបាលឥណ្ឌូនេស៊ី ថាសន្តិសុខកម្ពុជាមានភាពល្អប្រសើរ ខុសពីព័ត៌មានមួយចំនួនផ្សព្វផ្សាយ
05/20/2025 08:05 PM
នាយករដ្ឋមន្រ្តីកាតា៖ កិច្ចប្រជុំបទឈប់បាញ់ហ្កាហ្សានៅទីក្រុង Doha មិនអាចឆ្ពោះទៅមុខ ដោយសារការខ្វែងគំនិតគ្នាខ្លាំង
05/20/2025 08:05 PM
វៀតណាមនិយាយថា ជុំទី ២នៃកិច្ចប្រជុំពាណិជ្ជកម្មជាមួយអាមេរិក បានចាប់ផ្តើមនៅទីក្រុងវ៉ាស៊ីនតោន
05/20/2025 08:05 PM
លោកស្រី Kallas សង្ឃឹមថា រដ្ឋមន្ត្រី EU ព្រមព្រៀងដកទណ្ឌកម្មសេដ្ឋកិច្ចលើស៊ីរី
05/20/2025 07:05 PM
នគរបាល៖ កូនសិស្ស ៣នាក់ បានរងរបួស អំឡុងការវាយប្រហារ នៅសាលា ក្នុងប្រទេសហ្វាំងឡង់
05/20/2025 07:05 PM
បវរកញ្ញាវៀតណាម ត្រូវបានចាប់ខ្លួនពីបទក្លែងបន្លំអាហារមានជាតិសរសៃ
05/20/2025 07:05 PM
ប្រភពសន្តិសុខ៖ ឥណ្ឌា និងប៉ាគីស្ថាន យល់ព្រមដកទ័ពចេញនៅដំណាច់ខែឧសភានេះ
05/20/2025 07:05 PM