សម្តេចតេជោ ហ៊ុន សែន ថ្លែងថា អាវក្រោះ និងសម្ភារយោធាម៉ាក DSS សុទ្ធតែមានគុណភាពហើយអាវការពារនេះនាយករដ្ឋមន្រ្តីបានសាករួចហើយ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យមើលរោងចក្រ ផលិតសម្ភារៈយោធា DSS និងសំណេះសំណាលជាមួយកម្មករ កម្មការិនី
សម្ដេចតេជោឱ្យបើកការស៊ើបអង្កេតអ្នកពាក់ព័ន្ធនាំសាច់បង្កកពីថៃចូលមកម្ពុជាមិនឱ្យរួចខ្លួនឡើយ
សម្ដេចតេជោ៖កម្ពុជាមិនមានទម្លាប់ទៅឈ្លានពានប្រទេសណាទេ មានតែនាំទ័ពចេញទៅរក្សាសន្ដិភាព

នយោបាយ​ និង ការអភិវឌ្ឍន៍

យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានមានភាពច្បាស់លាស់ ជួយឲ្យប្រជាជនមានជីវភាពប្រសើរ និងការអភិវឌ្ឍប្រទេសថែមទៀត

2024/04/24 07:39:54 am        155
ភ្នំពេញ៖ អនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣ ២០២៨ បានដាក់ចេញ ដោយមានភាពច្បាស់លាស់ និងជួយឲ្យប្រជាជនមានជីវភាពប្រសើរ និងការអភិវឌ្ឍរបស់កម្ពុជា ឆ្ពោះទៅសម្រេចគោលដៅជាប្រទេសអព្យាក្រឹតកាបូន។ នេះជាការលើកឡើងរបស់ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ក្នុងឱកាសផ្សព្វផ្សាយក្នុងអង្គប្រជុំបូកសរុបការងារត្រីមាសទី១ ឆ្នាំ២០២៤ នៃវេទិការអង្គការក្រៅរដ្ឋាភិបាល (The NGO Forum) នៅរាជធានីភ្នំពេញ នាថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤។ឯកឧត្តម បានលើកឡើងបន្ថែមថា យុទ្ធសាស្រ្តចក្រា ជាត្រីវិស័យ ចង្អុលបង្ហាញផ្លូវឆ្ពោះទៅ ចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈកិច្ចសហប្រតិបត្តិការ និងការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបៃតង។ឯកឧត្តម បានគូសបញ្ជាក់ទៀតថាយុទ្ធសាស្រ្តចក្រាបានរចនាឡើងជារូបរង្វង់ ដោយមានយុទ្ធសាស្រ្តស្នូល ផ្តោតលើមុំចំនួន៣ រួមមាន៖ ពង្រឹងគោលនយោបាយ កសាងរដ្ឋបាល ឌីជីថល និងពង្រីកការផ្សព្វផ្សាយ ដែលមុំទាំងបីនេះ ជាកម្លាំងចលករដ៏សំខាន់ក្នុងការរុញបង្វិលយុទ្ធសាស្រ្ត បីផ្សេងទៀត ឱ្យដំណើរការដោយជោគជ័យ គឺយុទ្ធសាស្រ្តទី១ ភាពស្អាត ដែលផ្តោតលើមុំ គ្រប់គ្រងការបំពុល ធ្វើទំនើបកម្ម សមត្ថភាពវិនិច្ឆ័យការបំពុល និងលើកកម្ពស់ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន យុទ្ធសាស្រ្តទី២ ភាពបៃតង ផ្តោតលើមុំ ពង្រីកចលនាដាំដើមឈើ ជំរុញការគ្រប់គ្រងតំបន់ការពារ ធម្មជាតិ និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និង យុទ្ធសាស្រ្តទី៣ ចីរភាព ផ្តោតលើមុំ ធ្វើអនុលោមភាព ពង្រីកសហប្រតិបត្តិការ និងពង្រឹងការសម្របសម្រួល។សូមបញ្ចាក់ថា ឈរលើភាពស្អាត ដោយផ្តើមចេញពីការគាំទ្ររបស់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ កម្មករ កម្មការនី ប្រជាពលរដ្ឋកម្ពុជា ដៃគូអភិវឌ្ឍន៍ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ចំនួនជាង៧លាននាក់ ដែលបានរួមចំណែកដោយបេះដូង ធ្វើឱ្យសាលារៀនស្អាត វត្តអារាមស្អាត ភូមិឋានស្អាត សហគមន៍ស្អាត និងទីក្រុងស្អាត គឺជាភាពជោគជ័យរបស់យើងទាំងអស់គ្នា។ យុទ្ធនាការនេះ បានជួយឱ្យយើងមានភាពស្អាតទាំងក្នុង និងក្រៅ ប្រៀបដូចជាភាពស្រស់ស្អាត ក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគឱ្យមកប្រទេសរបស់យើង។ លើសពីភាពស្អាត ការដាំ និងស្តារព្រៃឈើ ដើម្បីភាពបៃតង នឹងរក្សាបាននូវអព្យាក្រឹតកាបូន ដែលជាចំណែកនៃការរកប្រាក់ចំណូលបន្ថែមរបស់ប្រជាសហគមន៍ នឹងជួយឱ្យមានការអភិវឌ្ឍដោយចីរភាព។ ជាមួយគ្នានេះ ឯកឧត្តមបានសំដែងការីករាយ និងស្វាគមន៍ចំពោះបណ្តាដៃគូសហការ និងអភិវឌ្ឍន៍ ចូលរួមលើអាទិភាពការងាររបស់ក្រសួងបរិស្ថាន ឆ្លើយតបយុទ្ធសាស្រ្តចក្រា ដែលបានដាក់ចេញ ជាពិសេសគ្រប់គម្រោងអភិវឌ្ឍន៍ ដែលបានគាំទ្រ ដល់ការលើកស្ទួយជីវភាពប្រជាពលរដ្ឋ នៅតាមសហគមន៍ ដើម្បីទទួលបានភាពជោគជ័យជាមួយគ្នា ឆ្ពោះទៅគោលដៅសម្រេចបានកម្ពុជាជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃ៦០% នៅឆ្នាំ២០៥០៕

ឯកឧត្តមប្រធានរដ្ឋឡាវ ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងឡាវ-កម្ពុជា ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសទាំងពីរ

2024/04/24 07:22:54 am        158
នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួប ឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun Sisoulith) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងគណៈប្រតិភូ ដើម្បីពិភាក្សាការងារនៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានរដ្ឋ ថងលុន ស៊ីសុលីត បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកទទួលជំនួបពិភាក្សាការងារ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងឡាវ-កម្ពុជា ជាពិសេសចំពោះការរៀបចំផ្លាស់ប្ដូរថ្នាក់ដឹកនាំនៅក្នុងប្រទេសកម្ពុជាពីជំនាន់មុន មកជំនាន់ថ្មី ដែលបានដំណើរការយ៉ាងរលូន និងប្រកបដោយលទ្ធផលល្អប្រសើរ។ ជាមួយគ្នានេះ ឯកឧត្តមប្រធានរដ្ឋ បានកត់សម្គាល់ឃើញថា ក្នុងរយៈពេលនៃការដឹកនាំរបស់សម្ដេចធិបតី ប្រមាណ៨ខែមកនេះ កម្ពុជាមានស្ថិរភាពនយោបាយ និងកំពុងបោះជំហានទៅមុខ ទាំងទិដ្ឋភាពសន្តិសុខ សន្តិភាព កំណើនសេដ្ឋកិច្ច និង ទាំងការកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ បន្ថែមលើនេះ ឯកឧត្តមប្រធានរដ្ឋ ក៏បានថ្លែងអំណរគុណចំពោះភាគីកម្ពុជា ដែលបានជួយគាំទ្រដល់ភាគីឡាវ ជាប្រធានអាស៊ានប្តូរវេនក្នុងឆ្នាំ២០២៤ ដោយឡាវនឹងខិតខំរៀនសូត្រពីជោគជ័យរបស់កម្ពុជា ដែលបានដឹកនាំជាប្រធានអាស៊ាននៅឆ្នាំ២០២២។ ប្រទេសឡាវក៏នឹងរង់ចាំទទួលស្វាគមន៍ជានិច្ចចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី នៅប្រទេសឡាវនាពេលខាងមុខ ជាពិសេសក្នុងខណ:នៃការអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន របស់សម្តេចធិបតី នៅក្នុងខែតុលា ឆ្នាំ២០២៤ ខាងមុខ។ជាការឆ្លើយតប សម្ដេចធិបតី បានថ្លែងអំណរគុណចំពោះប្រទេសឡាវ ដែលតែងតែចាត់ទុកកម្ពុជាជាមិត្តដ៏ល្អ ជាអ្នកជិតខាងដ៏ប្រពៃ ជាមួយនឹងមិត្តភាព និងសាមគ្គីភាពជាប្រពៃណី និងខិតខំបន្តពង្រឹង និងពង្រីកទំនាក់ទំនងនេះឱ្យកាន់តែរីកចម្រើន និងទទួលបានលទ្ធផលផ្លែផ្កាថែមទៀតក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យសំខាន់ៗមួយចំនួន រួមមាន៖ វិស័យថាមពល ការតភ្ជាប់ កិច្ចការព្រំដែន ការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន កិច្ចការការពារជាតិ និងសន្តិសុខ ក៏ដូចជាទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ ពាក់ព័ន្ធនឹងវិស័យថាមពល សម្តេចធិបតី បានគូសបញ្ជាក់ថា វិស័យថាមពល មានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា ជាពិសេសដើម្បីធានាឱ្យបាននូវសន្តិសុខថាមពល និងធានាបាននូវភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងពិភពលោក ហើយសម្តេចធិបតី ក៏បានស្នើឱ្យភាគីឡាវពិចារណា និងរិះរកដំណោះស្រាយសមស្របនានា ដើម្បីធ្វើយ៉ាងណាអាចធានាបាននូវការផ្គត់ផ្គង់អគ្គិសនីមកកម្ពុជាប្រកបដោយនិរន្តរភាព និងទាន់ពេល។ ចំពោះកិច្ចការព្រំដែន ឯកឧត្តមប្រធានរដ្ឋឡាវ ក៏បានបញ្ជាក់ជូនសម្តេចធិបតីថា ប្រទេសឡាវត្រៀមខ្លួនជាស្រេចក្នុងការដោះស្រាយជាមួយកម្ពុជា ដោយឈរលើសទ្ធិសញ្ញាកំណត់ព្រំដែនរដ្ឋកម្ពុជា-ឡាវ ឆ្នាំ២០២៣ ដែលបានចូលជាធរមាន។ចំពោះមុខសម្តេចធិបតី ឯកឧត្តមប្រធានរដ្ឋបានគូសបញ្ជាក់ថា ទោះបីជាមានបញ្ហាប្រឈមនានា ដែលកើតមានឡើងក្នុងតំបន់ និងពិភពលោកយ៉ាងណាក៏ដោយ ក៏ប្រទេសឡាវនឹងបន្តប្តេជ្ញារក្សាទំនាក់ទំនងដ៏ល្អរវាងឡាវ-កម្ពុជា និងខិតខំរកដំណោះស្រាយ ក្នុងគោលដៅបន្តចំណងមិត្តភាព សាមគ្គីភាពដ៏ស្អិតរមួត និងយូរអង្វែង ព្រមទាំងជំរុញបន្ថែមទៀតដល់ការលើកកម្ពស់កម្រិតទំនាក់ទំនងទ្វេភាគី ដែលនឹងនាំមកនូវផលប្រយោជន៍រួមជូនប្រជាជន និងប្រទេសទាំងពីរ។ជាទីបញ្ចប់ សម្ដេចធិបតី ក៏បានថ្លែងអំណរគុណ និងជូនពរមហាប្រសើរដល់ឯកឧត្ដមប្រធានរដ្ឋ និងគណៈប្រតិភូ ជាមួយនឹងការស្វាគមន៍ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា ៕

បណ្តុំអង្គការសង្គមស៊ីវិលប្រកាសថ្កោលទោសចំពោះសកម្មភាពរបស់គណបក្សកម្លាំងជាតិដែលបង្ករភាពវឹកវរដោយចេតនាចំពោះជាតិ

2024/04/23 05:31:49 pm        326
ភ្នំពេញ៖បណ្តុំអង្គការសង្គមស៊ីវិល នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ ២០២៤នេះ បាន​ចេញសេចក្ដីថ្លែងការណ៍ ប្រកាសថ្កោលទោស ចំពោះសកម្មភាពរបស់ គណបក្សកម្លាំងជាតិ ដែលបង្ករភាពវឹកវរ ដោយចេតនា។ក្រុមយុវជន​បានលើកឡើងថា ពួកគេធ្លាប់ឃើញសកម្មភាព និងមានបទពិសោធន៍នៃការបង្ករភាពវឹកវរដល់សង្គមជាតិ របស់ក្រុមជ្រុលនិយមនាពេលកន្លងមក។ ការរៀបចំយុទ្ធសាស្រ្តបំបែកកបំបាក់កម្លាំងសាមគ្គីភាព ដែលប្រទេសកម្ពុជាកំពុងតែមានសេចក្តីសុខក្សេមក្សាន្ត​ និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ សេចក្ដីថ្លែងការណ៍ ប្រកាសថ្កោលទោសរបស់ក្រុមយុវជន​បានលើកឡើងថា ជាការពិតណាស់ការដឹកនាំប្រទេសដើម្បីឱ្យមានការអភិវឌ្ឍន៍ និងជឿនលឿន តែងតែមានការពង្រឹងការអនុវត្តច្បាប់     ជនណាដែលបង្កររឿងផ្ទុយនឹងច្បាប់គួរតែទុកឱ្យច្បាប់ជាកំណត់។ បើការរស់នៅក្នុងប្រទេសដែលគ្មានច្បាប់ ជនបំពានច្បាប់ចេះតែកើតមាន តើយើងអាចបើកភ្នែកមើលប្រទេសជាតិរបស់ខ្លួនក្នុងភាពវឹកវរបានដែលឬទេ? ប្រទេសកម្ពុជាធ្លាប់ឆ្លងកាត់ការឈ្លានពានពីបរទេសដោយការសាបព្រោះមនោគមន៍វិជ្ជានយោបាយខ្មៅកខ្វក់ លាប់ពណ៌ ញុះញង់ បំបែកបំបាក់ រហូតដល់កម្ពុជាសឹងបាត់បង់ប្រទេសទាំងមូល តើប្រជាពលរដ្ឋខ្មែរគ្រប់រូបនៅចាំបានទេ?ក្រុមយុវជនបានរម្លឹកថា កម្ពុជាត្រូវបានចាប់ផ្តើមកសាងឡើងវិញចាប់ពីបាតដៃទទេ រហូតមានការរីកចម្រើនលើគ្រប់វិស័យ ការបូជាសាច់ស្រស់ឈាមស្រស់ របស់ប្រមុខថា្នក់ដឹកនាំ ដើម្បីតែបុព្វហេតុជាតិ និងបូរណភាពទឹកដី និងអធិបតេយ្យភាពពេញលេញ។ បច្ចុប្បន្នកម្ពុជា ក្លាយជាប្រទេសស្មើមុខស្មើមាត់នៅលើសាកលលោក និងមានការអភិវឌ្ឍន៍ជឿនលឿនឆាប់រហ័សជាងគេបំផុតនៅក្នុងតំបន់។ក្រុមយុវជនមើលឃើញថា ការសម្ដែងការមិនពេញចិត្តជាមួយនឹងភាពរីកចម្រើនរបស់ប្រទេសជាតិខ្លួន និងការប្រឆាំងទៅលើចំណាត់ការរបស់   តុលាការ ដើម្បីរក្សាសុខសន្តិភាពរបស់ប្រទេសជាតិគឺជាទង្វើរក្បត់ជាតិកំណើតខ្លួន។ ក្នុងនាមយើងខ្ញុំជាថ្នាក់ដឹកនាំបណ្តុំអង្គការសង្គមស៊ីវិល សូមថ្កោលទោស និងប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះទង្វើលដល់គឃ្លើញរបស់គណបក្សនយោបាយដែលមានឈាមជាខ្មែរ តែទទួលមនោគមពីក្រៅប្រទេសចង់បំផ្លាញ់ សុខសន្តិភាព និងការអភិឌ្ឍន៍របស់សង្គមជាតិខ្មែរបច្ចុប្បន្ន។ទោះក្នុងរូបភាព និងតម្លៃណាក៏ដោយក្នុងនាមជាជាតិសាសន៍ខ្មែរ គួរតែគិតគូរពី សន្តិភាព ឯករាជ្យ អធិបតេយ្យ និង​បូរណភាពទឹកដី របស់ជាតិខ្លួនទាំងអស់គ្នា។ យ៉ាងណាមិញរាល់សកម្មភាពទាំងឡាយណាដែលបានបង្ករ និងប៉ះពាល់ដល់ការពារសន្ដិសុខជាតិ សណ្ដាប់ធ្នាប់សង្គម យើងត្រូវរួមគ្នាដាច់ខាតកម្ចាត់នយោបាយជ្រុលនិយមឱ្យចេញផុតពីកម្ពុជា​។ តាមរយៈសេចក្ដីថ្លែងការ បណ្តុំអង្គការសង្គមស៊ីវិល បានអំពាវនាវដល់ប្រជាជនខ្មែរគ្រប់រូប គួរគិតគូរពីមនសិកាជាតិនិយម ឈប់ចាញ់កលមនោគមវិជ្ជាខ្មៅកខ្វក់ របស់ក្រុមនយោបាយក្រុមជ្រុលនិយមក្រៅប្រទេស។ សូមកុំចូលរួមជាមួយនូវសកម្មភាពដែលបង្ហាញពីភាពបែកបាក់សាមគ្គី តាមការញុះញង់របស់ក្រុមនយោបាយជ្រុលនិយមមួយចំនួនតូច ដែលមានចេតនាចង់បង្ករភាពវឹកវរដល់សង្គមជាតិខ្លួនឱ្យសោះ។ យើងខ្ញុំសង្ឃឹមនិងជឿរជាក់ថា បេះដូងនៃបុព្វបុរសខ្មែរគ្រប់ជំនាន់ពិតជាបានដាស់តឿនប្រជាពលរដ្ឋខ្មែរគ្រប់រូបកុំឱ្យដើរជាន់ដានចាស់ដែលធ្វើឱ្យខ្មែរមានការឈឺចាប់តទៅទៀតទេ។ ខ្មែរត្រូវតែរឹងមាំទាំងកម្លាំកាយនិងប្រាជ្ញាស្មារតី រួមគ្នាលុបបំបាត់នយោបាយខ្មៅកខ្វក់ជ្រុលនិយមឲ្យចេញផុតពីកម្ពុជាចាប់ពីពេលនេះតទៅ៕ 

ក្រុមគ្រូពេទ្យ “កម្មវិធីជាតិសុខភាពភ្នែក” ចុះពិនិត្យព្យាបាល និងវះកាត់ជំងឺភ្នែកដោយឥតគិតថ្លៃជូនពលរដ្ឋ ក្នុងខេត្តព្រះវិហារ

2024/04/23 03:52:48 pm        132
មន្ទីរសុខាភិបាលខេត្តព្រះវិហារ សហការជាមួយក្រុមគ្រូពេទ្យ របស់កម្មវិធីជាតិសុខភាព ភ្នែក ក្រោមការឧបត្ថម្ភពីមូលនិធិថែទាំភ្នែក ចុះមកពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែកដោយឥត គិតថ្លៃជូនប្រជាពលរដ្ឋ ក្នុងខេត្តព្រះវិហារ ដែលមានបញ្ហាដូចជាភ្នែកឡើងបាយ ទឹកដក់ក្នុងភ្នែក ភ្នែកដុះកន្ទុយថ្លែង និងត្របកភ្នែកធ្លាក់ជាដើម។ការពិនិត្យព្យាបាល និងវះកាត់ជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ ធ្វើឡើងរយៈពេល ០៥ថ្ងៃទី ចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ នៅមន្ទីរ ពេទ្យបង្អែក១៦មករា​ ស្ថិតក្នុងភូមិសាស្ដ្រភូមិអណ្ដូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។នាយកប្រតិបត្តិមូលនិធិថែទាំភ្នែក (Eye Care Foundation) លោក ចន ស្ដែនវើក (Bjorn Stenvers) បានមានប្រសាសន៍ថា បេសកកម្មដ៏សំខាន់របស់ អាយឃ៊ែរ ដែលបានធ្វើ ឡើងក្នុងពេលនេះ គឺជាកិច្ចការសំខាន់បំផុតសម្រាប់ជួយគាំទ្រ ដល់ការផ្ដល់សេវាពិនិត្យព្យាបាល និងវះកាត់ជំងឺភ្នែក ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ​គឺធ្វើយ៉ាងណាផ្ដល់ឱកាសដល់អ្នកមាន បញ្ហាភ្នែក មានលទ្ធភាព​ទទួលបានការព្យាបាល និងទទួលបានការយល់ដឹងកាន់តែច្រើនថែម ទៀតអំពីរបៀបនៃការថែទាំ​ភ្នែក​ឱ្យបានត្រឹមត្រូវ ហើយទាំងនេះគឺជាការរួមចំណែកដ៏សំខាន់មួយ ក្នុងការកាត់បន្ថយអត្រា​ពិការភ្នែកនៅកម្ពុជា​ ជាពិសេស គឺបានដើរស្របទៅនឹងផែនការយុទ្ធ-សាស្ដ្ររបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ឆ្នាំ២០២៦-២០៣០។ប្រធានមន្ទីរសុខាភិបាល ខេត្តព្រះវិហារ លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងអំណរគុណ ដល់មូលនិធិថែទាំភ្នែក ដែលកន្លងមករហូតមកដល់បច្ចុប្បន្ន តែងតែសហការណ៍ ក្នុងការពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែកជូនដល់ប្រជាពលរដ្ឋ និងបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុង ការកាត់បន្ថយភាពក្រីក្រ លើកកម្ពស់សុខុមាលភាព ពិសេសសុខភាពភ្នែក របស់ប្រជាពលរដ្ឋ ក្នុងខេត្តព្រះវិហារ កាន់តែល្អប្រសើរ។ជាមួយនេះ លោកវេជ្ជបណ្ឌិត គួង ឡូ បានបញ្ជាក់ថា កន្លងមកអង្គការមូលនិធិថែទាំភ្នែក ក៏ធ្លាប់បានផ្ដល់វគ្គបណ្ដុះបណ្ដាលពីបញ្ហាសុខភាពភ្នែក ដល់គ្រូពេទ្យ នៅតាមមណ្ឌលសុខភាព មួយចំនួនក្នុងខេត្តរួចមកហើយ ប៉ុន្ដែនៅមិនទាន់គ្រប់គ្រាន់នៅឡើយ ហេតុដូច្នេះ លោកក៏បានស្នើ សុំដល់មូលនិធិថែទាំភ្នែក ជួយផ្ដល់វគ្គបណ្ដុះបណ្ដាលមួយចំនួន ដល់មន្ដ្រីសុខាភិបាល និងក្រុម គ្រូពេទ្យឯកទេសភ្នែក រួមនិងសម្ភារៈបរិក្ខា ដើម្បីបំរើដល់ការផ្ដល់សេវាពិនិត្យ ព្យាបាល និងវះកាត់ ជំងឺភ្នែកជូនប្រជាពលរដ្ឋ។ទន្ទឹមនឹងនេះដែរ បងប្អូនប្រជាពលរដ្ឋ ក៏បានថ្លែងនូវអំណរគុណដល់ក្រុមគ្រូពេទ្យ របស់ កម្មវិធីជាតិ​សុខភាពភ្នែក និងមូលនិធិថែទាំភ្នែក ដែលបានគាំទ្រ និងផ្ដល់ការព្យាបាល ជំងឺដោយ ឥតគិត​ថ្លៃដល់​ពួកគាត់ ជាពិសេសអាជ្ញាធរខេត្ត ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ របស់បងប្អូន​ប្រជាពលរដ្ឋដោយនាំគ្រូពេទ្យចំណានៗ មកព្យាបាលជំងឺដល់ពួកគាត់៕

ប្រធានរដ្ឋឡាវ៖ ក្នុងឋានៈសម្តេចតេជោជាប្រធានព្រឹទ្ធសភា ទំនាក់ទំនងរវាងអង្គការនីតិប្បញ្ញត្តិប្រទេសទាំងពីរ នឹងកាន់តែល្អប្រសើរ

2024/04/23 02:04:27 pm        310
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម ថងលុន ស៊ីសុលីត (Thongloun Sisoutlith) ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅប្រទេសកម្ពុជា រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់២៤ ខែមេសា ឆ្នាំ២០២៤។សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ថងលូនស៊ីសុលីត ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។ សម្ដេចតេជោ បានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ថងលុន នៅកម្ពុជានាពេលនេះ នឹងពង្រឹងថែមទៀតនូវទំនាក់ទំនង រវាងប្រទេស និងប្រជាជននៃប្រទេសទាំង២ ដែលជាបងប្អូន ជាអ្នកជិតខាងល្អ ហើយនៅថ្ងៃស្អែកនេះ គណបក្សទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សបដិវត្តន៍ឡាវ នឹងជួបប្រជុំគ្នាផងដែរ។សម្ដេចតេជោ បានសម្តែងការរីករាយ ដោយឃើញថា ក្នុងរយៈពេលចុងក្រោយនេះ គឺមានការ​ផ្លាស់ប្តូរ​ទស្សនកិច្ចទៅវិញទៅមកជាញឹកញាប់ ដោយ សម្ដេចតេជោ ក៏បានទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ ហើយក្រោយមក ប្រធានសភាកម្ពុជាក៏បានទៅធ្វើទស្សនកិច្ចនៅប្រទេសឡាវ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក៏ទើបនឹងបានបំពេញទស្សនកិច្ចនៅប្រទេសឡាវហើយនៅពេលនេះ ប្រធានរដ្ឋឡាវ ក៏បានមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ហើយជាមួយគ្នានេះដែរ សម្តេចតេជោក៏បានឆ្លៀតសម្តែងការអរគុណចំពោះលិខិតអបអរសាទរ ពីថ្នាក់ដឹកនាំឡាវចំពោះជោគជ័យរបស់ គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតព្រឹទ្ធសភាកន្លងទៅនេះ និងអបអរសាទរចំពោះ សម្ដេចតេជោ ដែលត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ ជាការឆ្លើយតប ឯកឧត្ដម ប្រធានរដ្ឋឡាវ បានសម្តែងការរីករាយដែលបានបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ ហើយក៏បានជួប សម្តេចតេជោ ដែលជាមិត្តភក្តិចាស់ ជាគ្រូ ហើយ សម្ដេចតេជោ គឺមានបទពិសោធច្រើន ក្នុងការដឹកនាំប្រទេសកម្ពុជា ឲ្យមានការអភិវឌ្ឍ មានការរីកចម្រើន ហើយដោយថា សម្ដេចតេជោ ជាប្រធានគណបក្សផងនោះ ទោះបីជា សម្តេចធ្វើជាប្រធានព្រឹទ្ធសភា ក៏សម្ដេចនៅតែអាចគ្រប់គ្រងនិងដឹកនាំ ឲ្យមានដំណើរប្រព្រឹត្តទៅយ៉ាងល្អរបស់កម្ពុជា ក៏ដូចជាស្ថាប័នផ្សេងៗទៀត។ ហើយជាថ្មីម្តងទៀត ឯកឧត្ដម ប្រធានរដ្ឋឡាវ ក៏ដូចជា រដ្ឋសភា និងប្រជាជនឡាវ បានអបអរសាទរចំពោះ គណបក្សប្រជាជននិងអបអរសាទរយ៉ាងកក់ក្តៅចំពោះ សម្តេចតេជោត្រូវបានជ្រើសតាំងជាប្រធានព្រឹទ្ធសភា។ ឯកឧត្ដម ប្រធានរដ្ឋ ក៏បានរៀបរាប់ថា មុននេះ ឯកឧត្ដម បានចូលជួប សវនាការ ជាមួយ ព្រះករុណា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងបរិយាកាសរីករាយកក់ក្ដៅជាទីបំផុត។ ប្រធានរដ្ឋឡាវ ក៏បានថ្លែងអំណរគុណចំពោះ សម្តេចតេជោ ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលបានជួយគាំទ្រឡាវ ហើយ ឯកឧត្ដមប្រធានរដ្ឋ ក៏បានកត់សម្គាល់នៃការរីកចម្រើនរបស់កម្ពុជា ហើយរីករាយ​ដែលបាន​មកកម្ពុជាជាបន្តបន្ទាប់ ដោយការបំពេញទស្សនកិច្ច ហើយក៏បានចូលរួមកីឡាស៊ីហ្គេមកន្លងទៅនេះ ដែលកម្ពុជាបានប្រារព្ធធ្វើឡើងប្រកបដោយជោគជ័យ ហើយនៅពេលនេះបានបំពេញទស្សនកិច្ច​នៅកម្ពុជាថែមទៀត ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ។ឯកឧត្ដម ប្រធានរដ្ឋឡាវ ក៏បានសម្តែងក្តីសង្ឃឹមថា ក្នុងឋានៈសម្តេចតេជោ ជាប្រធានព្រឹទ្ធសភា ទំនាក់ទំនងរវាងអង្គការនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរនឹងកាន់តែល្អប្រសើរថែមទៀត ក្នុងការលើកកម្ពស់កម្រិតដៃគូ ដែលប្រទេសយើងជាដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមួយគ្នានេះ យើងបានរួមដំណើរក្នុងការកសាងសមត្ថភាព ហើយ សម្តេចតេជោ និង ឯកឧត្តម ថង លុន បានធ្វើកិច្ចការជាច្រើនដើម្បីត្រួសត្រាយសម្រាប់ក្មេងជំនាន់ក្រោយជាពិសេសលើ បញ្ហាព្រំដែន គឺខិតខំដោះស្រាយយ៉ាងណាដើម្បីឲ្យកូនចៅជំនាន់ក្រោយកុំឲ្យមានបញ្ហា។ សម្ដេចតេជោ បានមានប្រសាសន៍បន្តថា ទំនាក់ទំនងរវាងគណបក្សប្រជាជនកម្ពុជា និង​គណបក្សបដិវត្តន៍ឡាវ គឺមានរយៈពេលជាង៤០ឆ្នាំមកហើយ ចាប់តាំងពីប្រទេសយើងទាំង២ មានទំនាក់ទំនងគ្នា ដែលនៅពេលនោះ គណបក្សប្រជាជនកម្ពុជា បានគ្រប់គ្រងអសនៈ២ភាគ៣។ ហើយយើងបានធ្វើការជាមួយគ្នាជាច្រើនឆ្នាំ ដោយសម្រេចបានជោគជ័យត្រចះត្រចង់។ ឯកឧត្តម ថងលូន បានរំលឹកនៅពេល ដែល ឯកឧត្ដម បានជួប សម្តេចតេជោ ដំបូងគឺនៅទីក្រុងមូស្គូ ក្នុងពេលដែលសម្ដេចតេជោ ជារដ្ឋមន្ត្រីការបរទេស ដែលពេលនោះ ឯកឧត្ដមប្រធានរដ្ឋឡាវ បានជួយសម្របសម្រួលអោយមានជំនួបជាមួយភាគីថៃ និងបានជួយគ្នាជាបន្តបន្ទាប់ផងដែរ។សម្ដេចតេជោ ក៏បានធ្វើការកត់សម្គាល់ថា ក្នុងរយៈពេល៨ខែចុងក្រោយនេះ ការសម្រេចអោយ​មានផ្លាស់ប្ដូរផ្ទេរអ្នកជំនាន់ចាស់ឲ្យទៅក្មេងជំនាន់ថ្មី គឺជាទស្សនៈដ៏ត្រឹមត្រូវ ដោយកម្ពុជា​នៅតែមានស្ថិរភាពនយោបាយ មានកំណើនសេដ្ឋកិច្ចរឹងមាំ ចំណូលថវិកាជាតិមានកំណើន និងមិនមានវិបត្តិកើតឡើង។ ហើយតាមការស្ទង់មតិជំនឿលើការដឹកនាំរបស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏មានការកើនឡើងជាបន្តបន្ទាប់ តែទោះយ៉ាងណាក៏ដោយគណបក្សប្រជាជន​កម្ពុជា​ក៏មិនព្រងើយកន្តើយក្នុងការត្រៀមខ្លួនដើម្បីជោគជ័យក្នុងការបោះឆ្នោតឆ្នាំ២០២៧-ឆ្នាំ២០២៨ ខាងមុខនេះដែរ។ ទាក់ទងនឹង វិស័យសេដ្ឋកិច្ច ទេសចរ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានសម្តែងការរីករាយចំពោះកិច្ចសហប្រតិបត្តិការដែលយើងមានសព្វថ្ងៃ ដោយទំហំពាណិជ្ជកម្មមានការកើនឡើង កម្ពុជាបានទិញអគ្គិសនីពីប្រទេសឡាវច្រើន ហើយឡាវក៏បានប្ដេជ្ញាខិតខំប្រមូលអគ្គិសនី ផ្ដល់ឲ្យកម្ពុជា អោយបានគ្រប់គ្រាន់ និងពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការវិស័យថាមពលនេះ ហើយក្រៅពីនោះ ពាក់ព័ន្ធវិស័យទេសចរណ៍ក៏ល្អប្រសើរ ដោយយើងបានធ្វើការហោះហើរត្រង់ឡើងវិញ ចំនួនទេសចរក្រៅប្រទេសមកកម្ពុជា ហើយក៏មានពីកម្ពុជា បន្តទៅឡាវមានការកើនឡើងជាបន្តបន្ទាប់។ ឯកឧត្ដម ប្រធានរដ្ឋឡាវ បានរំឭកថា សម្តេចតេជោបានចែករំលែកនូវមេរៀនល្អៗជាច្រើន ក្នុងការរក្សាស្ថិរភាពនយោបាយ និងកោតសរសើរចំពោះ ការរៀបចំផ្ទេរតំណែង ពីអ្នកជំនាន់ចាស់ទៅជំនាន់ថ្មី ហើយការផ្តល់តួនាទីទៅដល់មន្ត្រីរាជការអោយមានដំណើរ​ប្រព្រឹត្តទៅរបស់រាជរដ្ឋាភិបាល ក៏ដូចជាស្ថាប័នផ្សេងៗបានរលូន ហើយក៏បញ្ជាក់ទៀតថា ឯកឧត្ដម រីករាយដែលបានជួបសម្ដេចតេជោ នាពេលនេះហើយក៏បានសង្កេតឃើញថា កម្ពុជាមានស្ថិរភាពនយោបាយហើយកំពុងតែបោះជំហានទៅមុខយ៉ាងល្អប្រសើរ។ ឯកឧត្តម ប្រធានរដ្ឋឡាវ បានបញ្ជាក់ថា វត្តមានរបស់ ឯកឧត្ដម នាពេលនេះគឺ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា និងចូលរួមប្រជុំរវាងគណបក្សទាំងពីរ ក្នុងឱកាសនេះដែរ ឯកឧត្ដមក៏បានអញ្ជើញសម្ដេចតេជោ ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសឡាវ និងចូលរួមប្រជុំរវាងគណបក្សទាំងពីរនៅឆ្នាំក្រោយផងដែរ។ ជាមួយគ្នាដែរ ឯកឧត្ដមប្រធានរដ្ឋ ក៏បានថ្លែងអំណរគុណ សម្តេចតេជោ ដែលបានចាត់ទុក ឯកឧត្ដម ជាភ្ញៀវបរទេសកំពូលទី១ បំពេញទស្សនកិច្ចផ្លូវរដ្ឋ ក្នុងខណៈដែលសម្តេចមានតួនាទីជាប្រធានព្រឹទ្ធសភា និងជំរុញឲ្យកូន​ចៅជំនាន់​ក្រោយមានទំនាក់ទំនងល្អជាមួយគ្នា ធ្វើការជាមួយគ្នា សុខដុមក្នុងការរស់នៅភូមិផងរបង​ជាមួយគ្នាប្រកបដោយការទុកចិត្តគ្នា។ ជាចុងក្រោយ សម្ដចតេជោ ក៏បានស្នើសុំឲ្យ ឯកឧត្ដម ប្រធានរដ្ឋឡាវ គាំទ្រនូវគម្រោង ព្រែកជីកហ្វូណន របស់កម្ពុជា ពីព្រោះព្រែកជីកនេះគឺមិនមានការប៉ះពាល់ដល់បរិស្ថាន ឬក៏លំហូរចរន្តទឹកអ្វីនោះទេ​ តែព្រែកជីកនេះ គឺជាការតភ្ជាប់រវាងទន្លេបាសាក់​ដើម្បី​ទៅកាន់​សមុទ្រកម្ពុជា ហើយប្រធានរដ្ឋឡាវ បានគាំទ្រចំពោះគម្រោងនេះផងដែរ៕

ឯកឧត្តមបណ្ឌិត លី ធុជ អរគុណប្រទេសហ្វីជី ដែលគាំទ្រការអនុវត្តនៃអនុសញ្ញាអូតាវ៉ា ដើម្បីលប់បំបាត់ទុក្ខវេទនាដោយសារមីនប្រឆាំងមនុស្ស

2024/04/23 01:41:46 pm        275
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានជួបប្រជុំទ្វេភាគីជាមួយ លោកជំទាវ Lenora Qereqeretabua អនុរដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋហ្វីជី ដើម្បីស្វែងរកការគាំទ្រក្នុងការធ្វើសកលភាវូនីយកម្មនៃអនុសញ្ញាហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស(អនុសញ្ញាអូតាវ៉ា) ក្នុងខណៈពេលដែលកម្ពុជាកំពុងធ្វើប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៥-២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤។ក្នុងជំនួបនេះ ថ្ងៃទី២៣ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការ UN-ESCAP នាទីក្រុងបាងកក ប្រទេសថៃ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីគោលដៅអាទិភាពចំនួន ០៣ របស់កម្ពុជា ក្នុង នាមជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ រួមមាន ការធ្វើសកលភាវូនីយកម្មនៃអនុសញ្ញា កិច្ចការបោសសម្អាតមីន និងកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន។ក្នុងការធ្វើសកលភាវូនីយកម្មនៃអនុសញ្ញា កម្ពុជា កំពុងស្វែងរកគាំទ្រ និងកៀរគរបណ្ដាប្រទេសដែលពុំទាន់ក្លាយជារដ្ឋភាគីនៃអនុសញ្ញា ឱ្យចូលរួមជារដ្ឋភាគី ក្នុងនោះមានប្រទេសចំនួន ០៣ រួមមាន តុងហ្កា ម៉ាក្រូណេស៊ី និងកោះម៉ាស្យល ស្ថិតក្នុងតំបន់ប៉ាស៊ីហ្វិក ផងដែរ។ ជាមួយគ្នានេះ កម្ពុជា មានបំណងកៀរគរប្រទេសទាំង ៣ នេះ ក្នុងចំណោមប្រទេសដទៃទៀត ដើម្បីប្រែក្លាយតំបន់ប៉ាស៊ីហ្វិកទាំងមូលជាតំបន់គ្មានមីន ដែលកិច្ចការនេះត្រូវការគាំទ្រពីប្រទេសហ្វីជីក្នុងការបញ្ចុះបញ្ចូល និងកៀរគរប្រទេសទាំងបីឱ្យចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា។ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានថ្លែងអំណរគុណដល់ប្រទេសហ្វីជី ដែលបានផ្តល់​ការគាំទ្រ​ដល់ការអនុវត្តនៃអនុសញ្ញាអូតាវ៉ា ដែលជាអនុសញ្ញាមនុស្សធម៌ក្នុងការលប់បំបាត់​ទុក្ខ​វេទនា​ដោយសារមីនប្រឆាំងមនុស្ស។ តាងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានអញ្ជើញថ្នាក់ដឹកនាំនៃសាធារណរដ្ឋហ្វីជី ចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំ​កិច្ចប្រជុំ​នៅទឹកដីខេត្តសៀមរាប​ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ។ជាការឆ្លើយតប លោកជំទាវ Lenora Qereqeretabua បានមានប្រសាសន៍ថា ប្រទេសហ្វីជី ស្វាគមន៍​ចំពោះសំណើរបស់កម្ពុជាដើម្បីធ្វើឱ្យតំបន់ប៉ាស៊ីហ្វិកទាំងមូលគ្មានមីន ព្រមទាំងសម្តែងនូវការគាំទ្រ​ភាពជាប្រធានរបស់កម្ពុជាសម្រាប់អនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ផងដែរ៕ ដោយ៖ ភារម្យ

សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នឹងពិភាក្សាលើថ្លៃចំណាយរបស់ទ័ពអាមេរិកក្នុងសប្តាហ៍នេះ

2024/04/23 01:27:56 pm        256
ក្រសួងការបរទេសអាមេរិក បាននិយាយកាលពីថ្ងៃចន្ទ (២២ មេសា) ថាក្រុមមន្ត្រីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នឹងជួបប្រជុំគ្នានៅកោះហាវ៉ៃ ក្នុងសប្តាហ៍នេះសម្រាប់កិច្ចពិភាក្សាស្តីពីការចែករំលែកតម្លៃចំណាយលើការទុកកងទ័ពអាមេរិកនៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយសហរដ្ឋអាមេរិក កំពុងស្វះស្វែងរក «លទ្ធផលដោយយុត្តិធម៌ និងសមធម៌» ដែលនឹងពង្រឹងសម្ព័ន្ធភាពរវាងប្រទេសទាំងពីរបន្ថែមទៀត។ភាគីទាំងពីរបានតែងតាំងបេសកជនកាលពីខែមុន ដើម្បីចាប់ផ្តើមកិច្ចពិភាក្សាដំបូងសម្រាប់កិច្ចព្រមព្រៀងថ្មីដែលនឹងចូលជាធរមានក្នុងឆ្នាំ២០២៦។ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង និយាយថា គោលបំណងគឺឱ្យមានកិច្ចព្រមព្រៀងមួយមុនពេលការបោះឆ្នោតនៅខែវិច្ឆិកា ដោយលោកអតីតប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បានចោទប្រកាន់ទីក្រុងសេអ៊ូល ថា «កេងចំណេញ» លើកម្លាំងយោធាអាមេរិក។ក្រសួងការបរទេសនិយាយថា កិច្ចប្រជុំលើកដំបូងស្តីពីកិច្ចព្រមព្រៀងវិធានការពិសេសកូរ៉េខាងត្បូង-សហរដ្ឋអាមេរិក លើកទី១២ នេះនឹងត្រូវធ្វើឡើងនៅទីក្រុង ហូណូលូលូ (Honolulu) របស់សហរដ្ឋអាមេរិក ពីថ្ងៃអង្គារ (២៣ មេសា) ដល់ថ្ងៃព្រហស្បតិ៍ (២៤ មេសា)។ ទាហានអាមេរិកជាង ២៨.០០០ នាក់កំពុងឈរជើងនៅកូរ៉េខាងត្បូង ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីរារាំងការគំរាមកំហែងនុយក្លេអ៊ែរពីកូរ៉េខាងជើង។កូរ៉េខាងត្បូង បានចាប់ផ្តើមរែកពុនលើការចំណាយក្នុងការដាក់ពង្រាយកងកម្លាំង ប្រើមូលនិធិដែលផ្ដល់ដល់កម្លាំងពលកម្មក្នុងស្រុក ការសាងសង់ការដំឡើងយោធា និងការគាំទ្រផ្នែកដឹកជញ្ជូនផ្សេងទៀតនៅដើមទសវត្សរ៍ឆ្នាំ១៩៩០៕

រុស្ស៊ី ប្តេជ្ញាសងសឹកចំពោះលទ្ធភាពនៃការរឹបអូសទ្រព្យសម្បត្តិបរទេសរបស់ខ្លួន

2024/04/23 01:24:29 pm        227
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្គូវ (Dmitry Peskov) បាននិយាយកាលពីថ្ងៃចន្ទ (២២ មេសា) ថាប្រទេសរុស្ស៊ី នឹងសងសឹកប្រសិនបើទ្រព្យសម្បត្តិដែលបង្កករបស់ខ្លួនត្រូវបានរឹបអូស។ សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍សប្ដាហ៍មុនបានអនុម័តច្បាប់ជំនួយបរទេសជាបន្តបន្ទាប់ រួមទាំងវិធានការរឹបអូសទ្រព្យសម្បត្តិរុស្ស៊ី ដែលត្រូវបានបង្កក ដើម្បីផ្តល់មូលនិធិដល់អ៊ុយក្រែន។លោក ផេស្គូវ បាននិយាយថា «នេះគឺជាការទន្ទ្រានយកទ្រព្យសម្បត្តិរដ្ឋ និងជារឿងខុសច្បាប់ ហើយនឹងត្រូវទទួលរងនូវសកម្មភាពសងសឹកយ៉ាងធ្ងន់ធ្ងរមួយចំនួន ឬវិវាទផ្លូវច្បាប់»។ប្រហែល ៧០ ភាគរយនៃទ្រព្យសកម្មរុស្ស៊ីទាំងអស់ដែលជាប់គាំងនៅលោកខាងលិច គឺត្រូវបានរក្សាទុកនៅក្នុងឃ្លាំងមូលបត្រកណ្តាលរបស់ប្រទេសបែលហ្ស៊ិក យ៉ូរ៉ូឃ្លៀ (Euroclear) ដែលមានតម្លៃស្មើនឹង ១៩០ ពាន់លានអឺរ៉ូ (២០៦,១ ពាន់លានដុល្លារ) នៃមូលបត្រ និងសាច់ប្រាក់របស់ធនាគារកណ្តាលរុស្ស៊ីជាច្រើន។រុស្ស៊ីនិយាយថា ការប៉ុនប៉ងណាមួយដើម្បីដណ្តើមយកដើមទុន ឬការប្រាក់របស់ខ្លួនគឺជា «អំពើចោរកម្ម» ដែលនឹងនាំទៅដល់ការចាត់វិធានការផ្លូវច្បាប់ជាច្រើនទសវត្សរ៍ប្រឆាំងនឹងអ្នកពាក់ព័ន្ធទាំងអស់ ហើយទីក្រុងមូស្គូ បាននិយាយម្តងហើយម្តងទៀតថា ខ្លួននឹងសងសឹកវិញ ប្រសិនបើទ្រព្យសម្បត្តិ ឬប្រាក់ចំណូលរបស់ខ្លួនត្រូវបានដកហូត៕

ទួរគីអាចនឹងដាក់ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី S-400ដ៏ចម្រូងចម្រាសរបស់ខ្លួន ឲ្យដំណើរការ ក្នុងពេលឆាប់ៗនេះ

2024/04/23 01:19:36 pm        265
ប្រទេសទួរគី អាចនឹងដាក់ពង្រាយប្រព័ន្ធការពារដែនអាកាស S-400 Triumf ដ៏ទំនើបរបស់ខ្លួន នៅតាមព្រំដែនអ៊ីរ៉ាក់សម្រាប់ការវាយលុករដូវក្តៅ ដែលបានគ្រោងទុកប្រឆាំងនឹងគណបក្សពលករឃើដ (PKK) នៅក្នុងតំបន់ឃើដឌីស្តង់អ៊ីរ៉ាក់។ ការសម្រេចនេះ នឹងបង្ហាញពីការដាក់ពង្រាយប្រព័ន្ធមីស៊ីលលើកដំបូងចាប់តាំងពីទីក្រុងអង់ការ៉ា បានទទួលវា នៅឆ្នាំ ២០១៩ ដែលនាំឲ្យការរិះគន់ពីលោកខាងលិច។សារព័ត៌មាន Turkiye បានរាយការណ៍កាលពីដើមខែនេះថា ប្រព័ន្ធការពារដែនអាកាស S-400 របស់ប្រទេសទួរគី អាចនឹងត្រូវបានដាក់ពង្រាយនៅតាមព្រំដែន ដោយបញ្ជាក់ថា វានឹងការពារប្រឆាំងនឹងយានដ្រូនដែលសង្ស័យថាត្រូវបានប្រើប្រាស់ដោយ PKK ។ ប៉ុន្តែប្រព័ន្ធនេះ មានប្រសិទ្ធភាពប្រឆាំងនឹងការគំរាមកំហែងធំៗជាងយានដ្រូនទៅទៀត។ ប្រព័ន្ធការពារដែនអាកាសនេះដែរ ត្រូវបានផលិតឡើង ដើម្បីបាញ់ទម្លាក់មីស៊ីលតម្រង់គោលដៅ និងមីស៊ីលបាលិស្ទិកដូចគ្នានឹងមីស៊ីលដែលបាញ់ដោយអ៊ីរ៉ង់ ក្នុងការវាយប្រហារ កាលពីថ្ងៃទី១៣ ខែមេសា ដែលមិនធ្លាប់មានពីមុនមកប្រឆាំងនឹងអ៊ីស្រាអែល ហើយការដាក់ពង្រាយរបស់ប្រព័ន្ធនេះ អាចធ្វើអោយភាពតានតឹងកាន់តែអាក្រក់ឡើងៗ ជាមួយសម្ព័ន្ធមិត្តណាតូផ្សេងទៀត ដែលធ្វើឲ្យទួរគី ចាំបាច់មានពួកវានោះ។កិច្ចព្រមព្រៀងសម្រាប់S-400 បានធ្វើឲ្យប្រទេសទួរគីចំណាយប្រាក់ប្រមាណ ២,៥ ពាន់លានដុល្លារ។ ជាលក្ខណៈប្រយោលនោះ កិច្ចព្រមព្រៀងនោះ បានធ្វើឲ្យចំណាយប្រាក់ច្រើនជាង ៩ពាន់លានដុល្លារ ដែលប្រទេសនេះ អាចផលិតបានគ្រឿងបន្លាស់ជាង៩០០ប្រភេទសម្រាប់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់យន្តហោះចម្បាំង F-35 ជាសកល។

ប្រធានUNអំពាវនាវឲ្យប្រើគោលនយោបាយ«UN 2.0» ដើម្បីដោះស្រាយបញ្ហាប្រឈមនានា

2024/04/23 01:15:11 pm        254
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) កាលពីថ្ងៃចន្ទ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃ«ការពង្រឹង និងធ្វើទំនើបកម្ម»របស់អង្គការសហប្រជាជាតិ ដើម្បីបម្រើ និងជួយដល់ប្រជាជនពិភពលោក ឲ្យកាន់តែមានប្រសិទ្ធភាព។មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ បាននិយាយថា ចំពេលមានវិបត្តិចម្រុះ រាប់ចាប់ពីជម្លោះ រហូតដល់អាកាសធាតុ និងភាពក្រីក្រ និងវិសមភាព ពិភពលោកសម្លឹងទៅអង្គការសហប្រជាជាតិ ដើម្បីជួយផ្តល់ឲ្យពិភពលោកកាន់តែប្រសើរ សុវត្ថិភាព និងបៃតងជាងមុន ដែលយើងត្រូវការ។លោកបានសង្កត់ធ្ងន់នៅក្នុងសារបើកដំណើរការគោលនយោបាយ UN 2.0 ថា៖«ប៉ុន្តែយើងមិនអាចដោះស្រាយបញ្ហាសតវត្សរ៍ទី២១ ជាមួយនឹងឧបករណ៍សតវត្សរ៍ទី២០បានទេ យើងត្រូវការគោលនយោបាយ«UN 2.0»។ការផ្លាស់ប្តូរជំនាញ និងវប្បធម៍ដែលបង្កប់នៅក្នុងចក្ខុវិស័យរបស់ប្រធានអង្គការសហប្រជាជាតិចំពោះគោលនយោបាយ UN 2.0 គឺផ្តោតលើការជំរុញសមត្ថភាពទំនើបចុងក្រោយនៅក្នុងទិន្នន័យ ដំណោះស្រាយឌីជីថល ការច្នៃប្រឌិត ការព្យាករណ៍ និងឥរិយាវិទ្យាសាស្រ្ត ដើម្បីផ្តល់លទ្ធផលខ្លាំងជាងមុន និងជួយប្រទេសនានាបង្កើនល្បឿនកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។ចក្ខុវិស័យរបស់លោកអគ្គលេខាធិការ ត្រូវបានដាក់ចេញជាលើកដំបូង នៅក្នុងរបាយការណ៍សង្ខេបគោលនយោបាយដែលបានចាប់ផ្តើម កាលពីខែកញ្ញា ឆ្នាំមុន។នៅក្នុងសុន្ទរកថាកាលពីថ្ងៃចន្ទរបស់លោកហ្គុយតឺរេស បានគូសបញ្ជាក់ពីភាពចាំបាច់សម្រាប់ «វប្បធម៌គិតឆ្ពោះទៅមុខ» នៅអង្គការសហប្រជាជាតិ ដែលជំរុញដោយវឌ្ឍនភាពបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស។ លោកបានកត់សម្គាល់ថា នេះគឺមានសារៈសំខាន់ចំពោះកំណែទម្រង់សំខាន់ៗ ដែលមានចែងក្នុងរបៀប វារៈរួមរបស់យើង គម្រោងផែនការរបស់លោកសម្រាប់កិច្ចសហប្រតិបត្តិការជាសកល និងការធ្វើឲ្យសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព ក៏ដូចជាកិច្ចប្រជុំកំពូលនៃអនាគតដែលគ្រោងនឹងធ្វើឡើង នៅថ្ងៃទី ២២-២៣ ខែកញ្ញា នៅទីក្រុងញូវយ៉ក។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កាកបាទក្រហមកម្ពុជា ទទួលថវិកាពីសមាគមឧកញ៉ាកម្ពុជាចំនួន ១,០០៩,៩៩៩ ដុល្លារ អាមេរិក ក្នុងទិវា ៨ឧសភា ២០២៦
06/13/2026 05:06 PM
យន្តហោះចម្បាំងស៊ុយអែត ស្ទាក់យន្តហោះប្រយុទ្ធ​របស់​រុស្ស៊ី នៅជិតព្រំដែន
06/13/2026 05:06 PM
លីបង់រាយការណ៍ពីការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង ក្រោយ​មាន​ការព្រមានជម្លៀស
06/13/2026 05:06 PM
ប៉ាគីស្ថាន និងអេហ្ស៊ីបស្វាគមន៍វឌ្ឍនភាព រវាងអាមេរិក និងអ៊ីរ៉ង់ ដោយសង្ឃឹមមាន​កិច្ចព្រមព្រៀងសន្តិភាពដំបូង
06/13/2026 05:06 PM
ចំនួនអ្នកស្លាប់ដោយសារ​​រញ្ជួយដី នៅហ្វីលីពីន កើនឡើងដល់ ៦១នាក់ ខណៈប្រតិបត្តិការ​ជួយ​សង្គ្រោះកំពុង​បន្ត​
06/13/2026 05:06 PM
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការទៅកាន់បារាំង និងស្លូវ៉ាគី
06/13/2026 05:06 PM
[UPDATE] គ្រោះថ្នាក់ធ្លាក់យន្តហោះរបស់កងទ័ពអាកាសឥណ្ឌា មាន​អ្នកស្លាប់ ៥នាក់​
06/13/2026 05:06 PM
យន្តហោះដឹកជញ្ជូនយោធាធ្លាក់ នៅឥណ្ឌា ខណៈចំនួនអ្នកស្លាប់ និងរបួស មិន​ទាន់​ដឹង​នៅ​ឡើយទេ
06/13/2026 04:06 PM
ឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវ​បាននាំ​យក​ទៅផ្សព្វផ្សាយជូន​ពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប
06/13/2026 04:06 PM
វិស័យរដ្ឋបញ្ជាក់ពីការ​ប្តេជ្ញាចិត្តក្នុងការជួយពង្រឹងការយល់ដឹងអំពីច្បាប់ និងនីតិវិធីគយដល់វិស័យ SMEs
06/13/2026 04:06 PM