គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រសួងយុត្តិធម៌អាមេរិក ប្តឹងក្រុមហ៊ុន Apple ពីបទប្រើអំណាចផ្តាច់មុខនៅក្នុងទីផ្សារស្មាតហ្វូន

2024/03/22 11:32:57 am        106
ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក រួមជាមួយនឹងអគ្គមេធាវីរដ្ឋ និងស្រុកចំនួន ១៦ រូបផ្សេងទៀតកាលពីថ្ងៃព្រហស្បតិ៍ (២១ មីនា) បានដាក់ពាក្យបណ្ដឹងប្រឆាំងការទុកចិត្តស៊ីវិល ប្រឆាំងនឹងក្រុមហ៊ុន អេបផល (Apple) ដោយចោទប្រកាន់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សមួយនេះថា បានរក្សាការផ្តាច់មុខដោយខុសច្បាប់លើស្មាតហ្វូន។អគ្គមេធាវី មឺរីក ហ្កាលែន (Merrick Garland) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងវ៉ាស៊ីនតោន ថា «ក្រុមហ៊ុន Apple បានរក្សាអំណាចផ្តាច់មុខនៅក្នុងទីផ្សារស្មាតហ្វូន ដោយមិនមែនគ្រាន់តែរក្សាការនាំមុខនៃការប្រកួតប្រជែងលើគុណសម្បត្តិនោះទេ ប៉ុន្តែដោយការបំពានច្បាប់ប្រឆាំងការទុកចិត្តរបស់សហព័ន្ធ»។លោកបានបន្ថែមថា «យើងចោទប្រកាន់ថា Apple បានប្រើប្រាស់យុទ្ធសាស្រ្តដែលពឹងផ្អែកលើការមិនរាប់បញ្ចូល និងអាកប្បកិរិយាប្រឆាំងនឹងការប្រកួតប្រជែង ដែលប៉ះពាល់ទាំងអ្នកប្រើប្រាស់ និងអ្នកអភិវឌ្ឍន៍កម្មវិធី»។ លើសពីនេះ អ្នកប្រើប្រាស់ អាយហ្វូន (iPhone) យល់ឃើញថា ស្មាតហ្វូនគូប្រជែងមានគុណភាពទាបជាង ដោយសារតែបទពិសោធន៍មិនល្អនៃការផ្ញើសារទៅកាន់មិត្តភក្តិ និងក្រុមគ្រួសារ ដែលមិនប្រើទូរស័ព្ទ iPhone។បណ្តឹងប្រឆាំងនឹង Apple នេះគឺជាសកម្មភាពចុងក្រោយដែលធ្វើឡើងដោយអាជ្ញាធរប្រឆាំងការទុកចិត្តរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹង «ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សទាំងបួន» ដែលរួមមាន ក្រុមហ៊ុន Apple ក្រុមហ៊ុន អាម៉ាហ្សូន (Amazon) ក្រុមហ៊ុន ហ្វេសប៊ុន (Facebook) ដែលឥឡូវនេះមានឈ្មោះថា មេតា (Meta) និងក្រុមហ៊ុន ហ្គូហ្គល (Google)៕

កូរ៉េខាងជើង បញ្ជូនគណៈប្រតិភូទៅប្រទេសចិន វៀតណាម និងឡាវ ក្នុងបំណងពង្រឹកការទូត

2024/03/22 11:29:37 am        96
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាននិយាយនៅថ្ងៃសុក្រ (២២ មីនា) នេះថា ប្រទេសកូរ៉េខាងជើង បានបញ្ជូនគណៈប្រតិភូមួយក្រុមទៅកាន់ប្រទេសចិន វៀតណាម និងឡាវ ខណៈប្រទេសឯកោនេះព្យយាមពង្រីកទំនាក់ទំនងការទូតរបស់ខ្លួន បន្ទាប់ពីការបិទខ្ទប់កូវីដ១៩ នៅក្នុងវិធានការមួយដែលត្រូវបានគេមើលឃើញថាមានគោលបំណងពង្រឹងទំនាក់ទំនងជាមួយប្រទេសដែលចែករំលែកមនោគមវិជ្ជាសង្គមនិយម។ប្រព័ន្ធផ្សព្វផ្សាយ KCNA បាននិយាយថា ក្រុមមកពីគណបក្សពលករកូរ៉េខាងជើង ដែលកំពុងកាន់អំណាចដឹកនាំដោយលោក គីម សុងណាម (Kim Song Nam) សមាជិកជំនួសនៃការិយាល័យនយោបាយ និងជាប្រធាននាយកដ្ឋានអន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមរបស់បក្ស បានទៅដល់ទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍។នេះជាដំណើរទស្សនកិច្ចក្រៅប្រទេសជាលើកដំបូងដែលត្រូវបានគេដឹង របស់លោក គីម ចាប់តាំងពីលោកត្រូវបានតែងតាំងឱ្យកាន់តំណែងក្នុងឆ្នាំ ២០២១ មក។ លោក គីម ដែលបានបម្រើការជាអ្នកបកប្រែសម្រាប់អតីតស្ថាបនិករបស់កូរ៉េខាងជើង លោក គីម អ៊ីលសុង (Kim Il-sung) និងអតីតមេដឹកនាំ គីម ជុងអ៊ីល (Kim Jong-il) ត្រូវបានគេស្គាល់ថាជាអ្នកជំនាញលើប្រទេសចិន។ឆ្នាំនេះ គឺជាខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកូរ៉េខាងជើង និងចិន។ កូរ៉េខាងជើងបានប្រកាសឆ្នាំ២០២៤ ថាជាឆ្នាំនៃមិត្តភាពកូរ៉េខាងជើង-ចិន ដែលជាការចាត់តាំងដំបូងបង្អស់ក្នុងឆ្នាំ២០០៩ ដើម្បីប្រារព្ធខួបលើកទី៦០ នៃទំនាក់ទំនងការទូត៕

វិមានក្រឹមឡាំង៖ចិន រងសម្ពាធមិនធ្លាប់មានពីអាមេរិក និងអឺរ៉ុប លើការបង់ប្រាក់របស់រុស្ស៊ី

2024/03/22 11:24:40 am        123
វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងប៉េកាំងស្ថិតនៅក្រោមសម្ពាធមិនធ្លាប់មានពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដើម្បីឱ្យរឹតត្បិតលើទីក្រុងមូស្គូ ដោយធ្វើអត្ថាធិប្បាយលើការបដិសេធរបស់ធនាគារចិនមួយចំនួនក្នុងការទទួលយកការទូទាត់ពីប្រទេសរុស្ស៊ី។ ក្រុមអ្នកជំនួញរុស្ស៊ីកាលពីខែមករា បានខ្វល់ខ្វាយចំពោះបញ្ហានានារួមទាំងការដោះស្រាយជាមួយធនាគារចិន។សហរដ្ឋអាមេរិក បាននិងកំពុងគំរាមកំហែងធនាគារនានានៅក្នុងប្រទេសដូចជាទួរគី និងចិន ដោយការដាក់ទណ្ឌកម្មបន្ទាប់បន្សំសម្រាប់ការសម្របសម្រួលពាណិជ្ជកម្មជាមួយរុស្ស៊ី។ កាសែត អ៊ីសវ៉េទីយ៉ា (Izvestia) ដែលដកស្រង់ប្រភពទីផ្សារនានា បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាធនាគារចិន ភីង អាន (Ping An Bank) និង ធនាគារ នីងបូ (Bank of Ningbo) បានបញ្ឈប់ដំណើរការទូទាត់ជារូបិយប័ណ្ណចិនពីប្រទេសរុស្ស៊ី។ កាសែតនេះក៏បាននិយាយផងដែរថាធនាគារ DBS Bank, Great Wall West China Bank និង ធនាគារ ឆាយណា ហ្សែហ្ស៊ាំង (China Zheshang Bank) បានណែនាំការរឹតបន្តឹងមួយចំនួនលើប្រតិបត្តិការជាមួយរុស្ស៊ី។អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ស្ថានភាពជាមួយធនាគារចិនបានបង្កឲ្យមានបញ្ហា ប៉ុន្តែបាននិយាយថា ពួកគេអាចជម្នះបាន។ លោក Peskov បានប្រាប់សន្និសីទប្រចាំថ្ងៃតាមទូរស័ព្ទជាមួយអ្នកសារព័ត៌មានថា ជាការពិតណាស់ សម្ពាធមិនធ្លាប់មានពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប លើសាធារណរដ្ឋប្រជាមានិតចិននៅតែបន្ត រួមទាំងនៅក្នុងបរិបទនៃទំនាក់ទំនងជាមួយយើងផងដែរ។រុស្ស៊ី បានក្លាយជាប្រទេសនាំចេញប្រេងធំបំផុតទៅកាន់ប្រទេសចិន ស្របពេលខ្លួនផ្លាស់ប្តូរពាណិជ្ជកម្មឆ្ងាយពីអឺរ៉ុប ដែលបានដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរប្រឆាំងទីក្រុងមូស្គូ បន្ទាប់ពីការចាប់ផ្តើមនៃអ្វីដែលវិមានក្រឹមឡាំងហៅថាប្រតិបត្តិការសឹកពិសេសនៅអ៊ុយក្រែន កាលពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាថៃ

2024/03/22 11:22:13 am        103
នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តម​ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញ​ជួប​ពិភាក្សា​ការងារ​ជាមួយ ឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ័រ មៈថា (Wan Muhamad Noor Matha) ប្រធាន​រដ្ឋសភា នៃ​ព្រះរាជាណាចក្រថៃ នៅវិមាន៧មករា រាជធានីភ្នំពេញ។ សម្ដេចតេជោបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្តម វ៉ាន់ មហាម៉ាត់ ណ័រ ម៉ៈថា ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រថៃ ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់​រដ្ឋសភា​មក​បំពេញ​​ទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចតេជោ មាន​ជំនឿ​ជាក់​យ៉ាង​មុត​មាំថា ដំណើរ​ទស្សនកិច្ច​របស់​គណៈ​ប្រតិភូ​ជាន់​ខ្ពស់រ​ដ្ឋសភា​ព្រះរាជាណាចក្រ​ថៃ​នៅ​ពេល​នេះនឹ​ង​បាន​រួម​ចំណែកយ៉ាងសំខាន់ថែមទៀត​ដល់ការពង្រឹង និងពង្រីកនៅទំនាក់ទំនងជាមិត្តភាព​រវាង​ប្រទេស និង​ប្រជាជន ជាពិសេសស្ថាប័ននិតិប្ប​​ញ្ញត្តិ​នៃប្រទេសទាំងពីរ។ សម្ដេចតេជោ បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅនិងមានកិត្តិយសណាស់ដែលឯកឧត្តម វ៉ាន់ មហាម៉ាត់ ណ័រ ម៉:ថា ដែលបានអញ្ជើញចូលរួមពិធីស្រាយ​បួសជាមួយបងប្អូនខ្មែរអ៊ីស្លាម​​នៅកម្ពុជា ​ដែល​ជាផ្នែកមួយធ្វើឱ្យមានសុខដុមនីយកម្មសាសនានៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម វ៉ាន់ មហាម៉ាត់ ណ័រ ម៉ៈថា បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះសម្ដេចតេជោ ដែ​ល​បានអនុញ្ញាតឱ្យគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាថៃជួបសម្ដែងការគួរសម និងបានជម្រាបជូន​សម្ដេចតេជោ​ថា កាលពី៣០ឆ្នាំមុនឯកឧត្តមបានជួបសម្ដេច​តេជោក្នុងនាមជាអ្នកនយោបាយវ័យ​ក្មេង​របស់​កម្ពុជា​ដ៏មានសក្ដានុពល និងនៅថ្ងៃនេះបានជួបសម្ដេចបានសារជាថ្មីម្ដងទៀត។ឯកឧត្តម វ៉ាន់ មហាម៉ាត់ ណ័រ ម៉:ថា ឯកឧត្តមបានលើកឡើងថា កម្ពុជានិងថៃ ជាប្រទេសភូមិផង​របង​ជាមួយគ្នា​​ ដូច្នេះយើងត្រូវចេះស្រលាញ់និងសាមគ្គីគ្នា ដើម្បីជាផលប្រយោជន៍ដល់ប្រជាជន​នៃ​​ប្រទេសយើង​ទាំងពីរ។ ឯកឧត្តមគូសបញ្ជាក់ថា ប្រទេសថៃ​នឹង​យក​ចិត្ត​ទុក​ដាក់​មើល​ថែ​ពលករ​កម្ពុជា​​ដែ​លកំពុងធ្វើការ និងប្រកបមុខរបបក្នុងប្រទេសថៃដូចជាប្រជាជនថៃដែរ ជាពិសេស​បាន​ផ្ដល់​ឱកាស​​ឱ្យ​គ្រួសារ ​និងកូនរបស់ពលករកម្ពុជាទទួលបានការអប់រំរៀនសូត្រភាសាថៃផងដែរ។ ឯកឧត្តម វ៉ាន់ មហាម៉ាត់ ណ័រ ម៉ៈថា បានអបអរសាទរចំពោះសម្ដេចតេជោ ដែល​បាន​ទទួល​តួនាទី​​​ជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងអបអរសាទរចំពោះសម្ដេចតេជោ ដែល​នឹង​​ត្រូវ​ក្លាយ​ជាប្រធានព្រឹទ្ធសភានៅពេលខាងមុខ។ ជាការឆ្លើយតបសម្ដេចតេជោ បានវាយតម្លៃខ្ពស់ចំពោះការរីកចំរើនលើគ្រប់វិស័យនៃ​ទំនាក់ទំនង​កម្ពុជាថៃ និងបានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ​ចំពោះរដ្ឋាភិបាលថៃដែលបានយកចិត្តទុក​ដាក់​ផ្ដល់​ការថែទាំដល់ពលករកម្ពុជាដែលកំពុងធ្វើការនៅប្រទេសថៃ។ សម្ដេចតេជោបានជម្រុញឱ្យប្រទេស​ទាំងពីរ​លើកកម្ពស់ថែម​ទៀត​លើ​កិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិស័យការងារ ទេសចរណ៍ជាដើម។ល។ និងចង់​ឃើញ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរលើកកម្ពស់ពីទំនាក់ទំនងដៃ​គូរ​ជាយុទ្ធសាស្ដ្រ​ទៅ​ជាដៃគូរ​យុទ្ធសាស្ដ្រ​គ្រប់​ជ្រុង​ជ្រោយ​នៅ​ពេលអនាគត។ ចំពោះកិច្ចសហប្រតិបត្តិការ   តំបន់យើងត្រូវ​ជំរុញ​ថែមទៀត ដើម្បី​ផល​ប្រយោជន៍រវាង​ប្រទេស​ទាំងពីរក្នុងក្របខ័ណ្ឌអាស៊ាន អ៊ិចមិច និង មហាអនុតំបន់មេគង្គ ។ ជាចុងបញ្ចប់ សម្ដេចបានថ្លែងអំណរគុណដល់ឯកឧត្តម វ៉ាន់ មហាម៉ាត់ ណ័រ ម៉ៈថា ដែលបាន​អបអរ​សាទរចំពោះសម្ដេច និងបានជូនពរគណៈប្រតិភូទទួលបានជោគជ័យ​ក្នុង​ដំណើរ​ទស្សន​កិច្ច​​​នៅ​ព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទៈ ដារ៉ា

ធនាគារលោកខាងលិច ព្រមានពីហានិភ័យនៃគម្រោង EU ក្នុងការប្រើប្រាសចំណូលពីទ្រព្យបង្កករបស់រុស្ស៊ី

2024/03/22 11:14:23 am        66
ប្រភពឧស្សាហកម្មជាន់ខ្ពស់បាននិយាយថា ធនាគារលោកខាងលិចមួយចំនួនបានចាប់ផ្តើមបញ្ចុះបញ្ចូលប្រឆាំងនឹងសំណើរបស់សហភាពអឺរ៉ុប ក្នុងការចែកចាយឡើងវិញនូវការប្រាក់រាប់ពាន់លានអឺរ៉ូ ដែលរកបានលើទ្រព្យសម្បត្តិរបស់រុស្ស៊ី ដែលត្រូវបានបង្កក ដោយបារម្ភថាគម្រោងនេះអាចនាំឱ្យមានការកាត់ក្តី ដែលត្រូវចំណាយសងវិញយ៉ាងលើសលប់។មេដឹកនាំសហភាពអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ (២១ មីនា) កំពុងពិភាក្សាអំពីផែនការប្រើប្រាស់ប្រាក់រហូតដល់ ៣ ពាន់លានអឺរ៉ូ (៣,២៦ ពាន់លានដុល្លារ) ក្នុងមួយឆ្នាំ ដើម្បីផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ខណៈដែលពួកគេព្យាយាមជំរុញការប្រយុទ្ធរបស់ទីក្រុងគីវ ប្រឆាំងនឹងរុស្ស៊ី ដែលនៅតែជាម្ចាស់ទ្រព្យសម្បត្តិដែលជាប់គាំងនេះ។ទោះជាយ៉ាងណាក៏ដោយ ធនាគារមួយចំនួនភ័យខ្លាចថា បន្ទាប់ពីផែនការនោះ ពួកគេអាចនឹងត្រូវចាប់ឱ្យទទួលខុសត្រូវដោយរុស្ស៊ី ប្រសិនបើពួកគេពាក់ព័ន្ធនឹងការផ្ទេរប្រាក់ណាមួយទៅកាន់អ៊ុយក្រែន ហើយថាផែនការរបស់សហភាពអឺរ៉ុប អាចត្រូវបានពង្រីកដល់ទ្រព្យសម្បត្តិនៅក្នុងគណនីដែលពួកគេកាន់កាប់សម្រាប់បុគ្គល និងក្រុមហ៊ុនដែលត្រូវបានទទួលទណ្ឌកម្ម។ប្រភពនេះក៏មានការព្រួយបារម្ភផងដែរថា សំណើនេះនឹងនាំឱ្យមានការលុបបំបាត់ការទុកចិត្តកាន់តែធំនៅក្នុងប្រព័ន្ធធនាគារលោកខាងលិច។ រុស្ស៊ីនិយាយថា ការប៉ុនប៉ងណាមួយដើម្បីដណ្តើមយកដើមទុន ឬការប្រាក់របស់ខ្លួនគឺជា «អំពើចោរកម្ម» ដែលនឹងនាំទៅដល់ការចាត់វិធានការផ្លូវច្បាប់ជាច្រើនទសវត្សរ៍ប្រឆាំងនឹងអ្នកពាក់ព័ន្ធទាំងអស់ ហើយទីក្រុងមូស្គូ បាននិយាយម្តងហើយម្តងទៀតថា ខ្លួននឹងសងសឹកវិញ ប្រសិនបើទ្រព្យសម្បត្តិ ឬប្រាក់ចំណូលរបស់ខ្លួនត្រូវបានដកហូត៕

ប្រទេសវេណេស៊ុយអេឡា បង្កើតរដ្ឋថ្មី ក្នុងដែនដីក្រោមជម្លោះជាមួយប្រទេសហ្គីយ៉ាន

2024/03/22 11:08:39 am        104
សមាជិកសភាប្រទេសវ៉េណេស៊ុយអេឡា ដែលជាសម្ព័ន្ធមិត្តជាមួយរដ្ឋាភិបាលរបស់ប្រធានាធិបតី លោក នីកូឡាស់ ម៉ាឌូរ៉ូ កាលពីថ្ងៃព្រហស្បតិ៍ បានអនុម័តការបង្កើតរដ្ឋថ្មីមួយនៅក្នុងដែនដី ជាគោលដៅនៃជម្លោះជាយូរមកហើយជាមួយប្រទេសជិតខាងហ្គីយ៉ាន ទោះបីជាសំណុំរឿងតុលាការអន្តរជាតិ កំពុងនៅបន្តក៏ដោយ។ ការអនុម័តនេះ គឺស្របតាមវោហាសាស្ត្រថ្មីៗរបស់លោក Maduro អំពីសិទ្ធិរបស់ប្រទេសលោក ក្នុងការគ្រប់គ្រងតំបន់អេសេហ្គីបូ(Esequibo) មានទំហំ ១៦០.០០០ គីឡូម៉ែត្រក្រឡា ប៉ុន្តែនឹងពុំមានផលប៉ះពាល់ជាក់ស្តែងភ្លាមៗនៅឡើយនោះទេ។តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នឹងត្រូវសម្រេចថាតើប្រទេសណាមួយ ជាកម្មសិទ្ធិដែនដីនេះ ប៉ុន្តែ រដ្ឋាភិបាលប្រទេសវេណេស៊ុយអេឡា បាននិយាយថា ខ្លួនមិនទទួលស្គាល់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)នោះទេ ហើយការធ្វើប្រជាមតិកាលពីខែធ្នូដែលគាំទ្រការបង្កើតរដ្ឋថ្មី ស្ថិតក្នុងចំណោមបញ្ហាផ្សេងទៀត ដែលផ្តល់ឱ្យប្រទេសនេះនូវសិទ្ធិគ្រប់គ្រងតំបន់ Esequibo និងអនុញ្ញាតឱ្យរុករកប្រេងនៅទីនោះ។ អាជ្ញាធរបោះឆ្នោតរបស់ប្រទេសវេណេហ្ស៊ុយអេឡា បាននិយាយថា ប្រជាជនវេណេស៊ុយអេឡា ជាង១០លាននាក់ បានបោះឆ្នោតប្រជាមតិកាលពីខែធ្នូ ប៉ុន្តែរហូតមកដល់ពេលនេះពុំទាន់បានបញ្ចេញលទ្ធផលណាមួយនៅឡើយ។ប្រទេសហ្គីយ៉ាន បាននិយាយថា ព្រំដែនរបស់ខ្លួន ពុំមានសម្រាប់កិច្ចពិភាក្សាទេ ហើយប្រទេសនេះ នឹងការពារដែនអធិបតេយ្យភាពរបស់ខ្លួន។ប្រទេសវេណេស៊ុយអេឡា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានពិនិត្យឡើងវិញនូវការទាមទាររបស់ខ្លួនចំពោះដែនដី និងតំបន់ឆ្នេរសមុទ្រ បន្ទាប់ពីការរកឃើញអណ្តូងប្រេង និងឧស្ម័នធំៗ និងក្នុងពេលមានភាពចលាចលនយោបាយផ្ទៃក្នុង នៅមុនការបោះឆ្នោត ដែលត្រូវបានរំពឹងទុក នៅឆ្នាំនេះ។

អង្គការសហប្រជាជាតិ អនុម័តសេចក្ដីសម្រេចប្រាជ្ញាសិប្បនិម្មិតសកលជាលើកដំបូង

2024/03/22 11:03:53 am        64
ក្រុមមន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា មហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ (២១ មីនា) បានអនុម័តជាឯកច្ឆ័ន្ទនូវសេចក្ដីសម្រេចសកលជាលើកដំបូង ស្តីពីប្រព័ន្ធបច្ចេកវិទ្យាប្រាជ្ញាសិប្បនិម្មិត AI ដើម្បីលើកទឹកចិត្តដល់ការការពារទិន្នន័យផ្ទាល់ខ្លួន ការត្រួតពិនិត្យ AI សម្រាប់ហានិភ័យ និងការការពារសិទ្ធិមនុស្ស។ក្រុមមន្ត្រីទាំងនោះបាននិយាយថា សេចក្ដីសម្រេចគ្មានចំណងផ្លូវច្បាប់ ដែលស្នើឡើងដោយសហរដ្ឋអាមេរិក និងសហការឧបត្ថម្ភដោយប្រទេសចិន និងប្រទេសចំនួន ១២១ ផ្សេងទៀតនេះ បានចំណាយពេលបីខែដើម្បីចរចា ហើយក៏ជាអ្នកតស៊ូមតិដើម្បីពង្រឹងគោលនយោបាយឯកជនភាពផងដែរ។ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោកស្រី លីនដា ថូម៉ាស ហ្គ្រីនហ្វីល (Linda Thomas-Greenfield) បាននិយាយបន្ទាប់ពីសេចក្ដីសម្រេចត្រូវបានអនុម័តថា «ថ្ងៃនេះ សមាជិកទាំង ១៩៣ ប្រទេសនៃមហាសន្និបាតអង្គការសហប្រជាជាតិ បានបញ្ចេញសំឡេងតែមួយ ហើយបានរួមគ្នាធ្វើការជ្រើសរើសដើម្បីគ្រប់គ្រងបប្រាជ្ញាសិប្បនិម្មិត AI ជាជាងអនុញ្ញាតឱ្យបច្ចេកវិទ្យានេះគ្រប់គ្រងលើមនុស្ស»។សេចក្ដីសម្រេចនេះគឺជាគំនិតផ្តួចផ្តើមចុងក្រោយបង្អស់ដោយរដ្ឋាភិបាលជុំវិញពិភពលោកដើម្បីកំណត់លើការអភិវឌ្ឍន៍របស់ AI ស្របពេលមានការភ័យខ្លាចថាបច្ចេកវិទ្យានេះអាចត្រូវបានគេប្រើដើម្បីរំខានដល់ដំណើរការប្រជាធិបតេយ្យ ការក្លែងបន្លំ ឬនាំឱ្យមានការបាត់បង់ការងារសម្រាប់មនុស្ស ក្នុងចំណោមគ្រោះថ្នាក់ផ្សេងទៀត៕

ប្រធានក្រុមប្រឹក្សាអឺរ៉ុប៖ ទ្រព្យរុស្ស៊ីដែលត្រូវបានបង្កក យើងប្តេជ្ញាថានឹងចាត់វិធានការឱ្យបានឆាប់

2024/03/22 10:43:01 am        87
មេដឹកនាំសហភាពអឺរ៉ុប បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សហភាពអឺរ៉ុប អាចប្រើប្រាស់ចំណូលការប្រាក់ពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានបង្កកដើម្បីជួយអ៊ុយក្រែន ក្នុងរយៈពេលពីរបីខែ ក្រោមផែនការដែលរួមមានការទិញអាវុធសម្រាប់ទីក្រុងគីវ។ មេដឹកនាំប្រទេសជាសមាជិកទាំង ២៧ របស់ប្លុកនេះ បានព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងប្រ៊ុចសែល ដើម្បីឆ្ពោះទៅមុខជាមួយនឹងការងារលើផែនការ ដែលបានបង្ហាញក្នុងសប្តាហ៍នេះដោយស្ថាប័នប្រតិបត្តិរបស់សហភាពអឺរ៉ុប។ លោក Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប បាននិយាយទៅកាន់អ្នកសារព័ត៌មានថា «យើងប្តេជ្ញាថានឹងមានចំណាត់ការឲ្យបានឆាប់រហ័ស» ។បំណងរបស់មេដឹកនាំសម្រាប់ភាពបន្ទាន់ បង្ហាញពីការបង្កើនការព្រមានអំពីសង្រ្គាមនៅអ៊ុយក្រែន ដោយកងកម្លាំងអ៊ុយក្រែនចង់បានគ្រាប់រំសេវយ៉ាងខ្លាំងសម្រាប់ទីក្រុងគីវ ដែលបានតស៊ូទប់ទល់ជាមួយកងទ័ពរុស្ស៊ី ព្រមទាំងចង់បានកញ្ចប់ជំនួយយោធាចំនួន ៦០ពាន់លានដុល្លារដែលបានជាប់គាំងនៅក្នុងសភាសហរដ្ឋអាមេរិក។ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយថា ជំនួយ ១ ពាន់លានអឺរ៉ូដំបូង (១,០៩ ពាន់លានដុល្លារ) ពីផែនការនេះអាចត្រូវបានបញ្ចេញនៅដើមខែ ថ្ងៃទី ១ ខែ កក្កដា។ គណៈកម្មាការ បានស្នើឱ្យផ្ទេរប្រាក់ ៩០ភាគរយ ពីទ្រព្យរបស់រុស្ស៊ីដែលត្រូវបានបង្កក ចូលទៅមូលនិធិ គ្រប់គ្រងដោយសហភាពអឺរ៉ុប ដែលប្រើសម្រាប់ផ្តល់ហិរញ្ញប្បទានអាវុធសម្រាប់ទីក្រុងគីវ។ ១០ភាគរយផ្សេងទៀតនឹងដាក់ចូលទៅក្នុងជំនួយថវិកាសម្រាប់ទីក្រុងគីវ។ គណៈកម្មាការ បានប៉ាន់ប្រមាណថា ប្រាក់លើទ្រព្យសកម្ម មូលបត្រ និងសាច់ប្រាក់របស់ធនាគារកណ្តាលរុស្ស៊ីផ្សេងៗ អាចស្ថិតនៅចន្លោះពី ២,៥ ពាន់លានអឺរ៉ូ (២,៧៣ ពាន់លានដុល្លារ) និង៣ ពាន់លានអឺរ៉ូ ក្នុងមួយឆ្នាំ។លោកស្រី Von der Leyen បាននិយាយថា គណៈកម្មការអឺរ៉ុប បានរៀបចំសំណើរដើម្បីបង្កើនពន្ធលើការនាំចូលគ្រាប់ធញ្ញជាតិ គ្រាប់ពូជ និងផលិតផលជាច្រើនទៀតដែលមកពីរុស្ស៊ី និងប្រទេសបេឡារុស ហើយមានហេតុផលល្អមួយចំនួនសម្រាប់បង្កើតសំណើនេះ។ គោលដៅគឺ ដើម្បីការពារគ្រាប់ធញ្ញជាតិរុស្ស៊ី ពីការធ្វើឲ្យមានអស្ថិរភាពទីផ្សារនៅសហភាពអឺរ៉ុបសម្រាប់ផលិតផលទាំងនេះ។

ជនភៀសខ្លួនអ៊ុយក្រែន និងទាហានដែលរងរបួស កំពុងសង្ឃឹមជំនួយអាមេរិក ខណៈដែលការផ្តល់មូលនិធិនៅជាប់គាំង

2024/03/22 10:03:08 am        75
ប្រាក់ពន្ធអាមេរិកជាង ១១៣ ពាន់លានដុល្លារ ត្រូវបានបញ្ជូនទៅជួយអ៊ុយក្រែនទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី។ ប៉ុន្តែជំនួយបន្ថែមចំនួន ៦០ពាន់លានដុល្លារ ត្រូវបានជាប់គាំងនៅក្នុងសភា ហើយមន្ត្រីការពារជាតិ បានព្រមានថា អ៊ុយក្រែនកំពុងអស់ធនធានហើយនោះ។នៅប្រទេសអ៊ុយក្រែន មានការខ្វះខាតទាហាន គ្រាប់រំសេវ និងទំនុកចិត្តថា ជំនួយរបស់លោកខាងលិច នឹងមកដល់ក្នុងពេលឆាប់ៗនេះ។ទាហាននិងជនស៊ីវិលរាប់ម៉ឺននាក់ បានស្លាប់ឬបាត់បង់អវយវៈក្នុងសង្គ្រាម។លោកអូលេកសាន បាហ្ស៊ីលីវីច (Oleksandr Bazilevych) មានវ័យ២៥ឆ្នាំ មាននៅសល់តែដៃស្តាំប៉ុណ្ណោះ។ គ្រាប់បែកដៃរុស្ស៊ី បានផ្ទុះនៅជិតលោកកាលពីខែកញ្ញាឆ្នាំមុន ខណៈដែលលោកកំពុងជួយមិត្ត ដែលរងរបួស ទៅដល់ពេទ្យ។ លោកមិនមានការភ្ញាក់ផ្អើលទេ នៅពេលដែលខ្លួន បានបាត់អវយវៈនោះ។លោកបាហ្ស៊ីលីវីច បាននិយាយថា៖«វាអាចនឹងអាក្រក់ជាងនេះទៅទៀត។ អង្គការផ្សេងទៀត បានប្រាប់លោកថា ពួកគេមិនអាចជួយលោកបាន។ បន្ទាប់មកលោក បានទៅរកជំនួយពីមូលនិធិProtez។លោកវេជ្ជបណ្ឌិត Yakov Gradinar ជនជាតិអាមេរិកដើមកំណើតអ៊ុយក្រែន រស់នៅក្នុងរដ្ឋមីនីសូតា( Minnesota) និងធ្វើការជាអ្នកជំនាញផ្នែកអវៈយវៈសិប្បនិម្មិត នៅពេលដែលសង្រ្គាម បានចាប់ផ្តើមកាលពីពីរឆ្នាំមុន។ លោកវេជ្ជបណ្ឌិត និងដៃគូអាជីវកម្ម និងជានាយកប្រតិបត្តិរបស់ខ្លួនគឺ លោក Yury Aroshidze ឥឡូវនេះ បានបើកគ្លីនិកចំនួន៣ ដោយមួយទៀត នៅតាមផ្លូវក្នុងទីក្រុងគីវ ប្រទេសអ៊ុយក្រែន។

បណ្ដាទីភ្នាក់ងារ UN និងប្រទេស៣៦ទៀត ពិភាក្សាពីមធ្យោបាយផ្ដល់ជំនួយទៅហ្កាហ្សា តាមរយៈកោះស៊ីប

2024/03/22 09:55:39 am        107
ក្រុមមន្ត្រីមកពីប្រទេសចំនួន៣៦និងបណ្ដាទីភ្នាក់ងារអង្គការសហប្រជាជាតិបានប្រមូលផ្តុំគ្នានៅក្នុងប្រទេសកោះស៊ីបកាលពីថ្ងៃព្រហស្បតិ៍ ២១ មីនា ដើម្បីពិភាក្សាអំពីរបៀបពន្លឿនការផ្តល់ជំនួយដល់ប្រជាជនប៉ាឡេស្ទីស្ថិតក្នុងតំបន់រងការឡោមព័ទ្ធនៅតំបន់ហ្កាហ្សាតាមផ្លូវសមុទ្រដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុន។ ការប្រមូលផ្តុំកាលពីថ្ងៃព្រហស្បតិ៍ត្រូវបានចូលរួមដោយលោក ស៊ីគ្រីដ កាក (Sigrid Kaag) អ្នកសម្របសម្រួលជាន់ខ្ពស់ផ្នែកមនុស្សធម៌ និងការកសាងឡើងវិញរបស់អង្គការសហប្រជាជាតិសម្រាប់តំបន់ហ្កាហ្សា ព្រមទាំងលោក ឃើទីស រេដ (Curtis Ried) ប្រធានបុគ្គលិកនៃក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក។ខណៈគ្រោះទុរភិក្សបានកើតមានពេញតំបន់ហ្កាហ្សា បណ្ដាទីភ្នាក់ងារកំពុងស្វែងរកផ្លូវជំនួសកាន់តែច្រើនឡើង ដើម្បីនាំជំនួយចូលទៅក្នុងតំបន់ហ្កាហ្សា ដោយបញ្ចៀសការដឹកជញ្ជួនឆ្លងកាត់ព្រំដែនដីគោក។ ប៉ុន្តែកង្វះហេដ្ឋារចនាសម្ព័ន្ធគឺជាបញ្ហា។អង្គការសប្បុរសធម៌មួយដែលបានបញ្ជូនជំនួយពីប្រទេសស៊ីបកាលពីសប្តាហ៍មុន បានចតចតក្នុងសមុទ្រឆ្ងាយពីគំនរបាក់បែក ស្របពេលសហរដ្ឋអាមេរិកក៏បានប្រកាសពីគម្រោងបង្កើតផែបណ្តែតទឹក ផងដែរ។ នៅក្រោមកិច្ចព្រមព្រៀងដែលធ្វើឡើងជាមួយអ៊ីស្រាអែល ទំនិញអាចឆ្លងកាត់ការត្រួតពិនិត្យសន្តិសុខនៅប្រទេសស៊ីបដោយក្រុមមួយរួមទាំងអ៊ីស្រាអែល ដោយលុបចោលតម្រូវការសម្រាប់ការស៊ើបអង្កេតនៅចំនុចដឹកជញ្ជូនចុងក្រោយរបស់ខ្លួនដើម្បី ឲ្យការដឹកជញ្ជូនជំនួយដំណើរការរលូន ។ នាវាមួយគ្រឿង បានចាកចេញពីប្រទេសស៊ីបកាលពីសប្តាហ៍មុន ហើយបានចែកចាយជំនួយនៅហ្កាហ្សា ខណៈនាវាពីរផ្សេងទៀតត្រូវបានគេរំពឹងថា នឹងចាកចេញនៅប៉ុន្មានថ្ងៃខាងមុខនេះ អាស្រ័យលើលក្ខខណ្ឌអាកាសធាតុ។ រដ្ឋមន្ត្រីការបរទេស កោះស៊ីប (Cyprus) លោក កូស្តានទីណូស កូមបូស (Constantinos Kombos) បាននិយាយថា ការពិភាក្សាផ្តោតលើមធ្យោបាយក្នុងការបង្កើនសមត្ថភាពប្រតិបត្តិការ ទាំងក្នុងលក្ខខណ្ឌនៃការចាកចេញ ទាំងមធ្យោបាយដឹកជញ្ជូន ព្រមទាំងទាក់ទងនឹងការទទួល និងការចែកចាយផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកស្រី von der Leyen ៖ គណៈកម្មការអឺរ៉ុបស្នើឲ្យដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនរុស្ស៊ី និងបរទេសចំនួន ៤៥
09/20/2025 03:09 PM
ប្រមុខ UN និយាយថា ពិភពលោក មិនគួរត្រូវបានបំភិតបំភ័យដោយអ៊ីស្រាអែលទេ
09/20/2025 03:09 PM
UN និយាយថា ការសម្លាប់ជនស៊ីវិល កើនឡើងគួរឲ្យកត់សម្គាល់ នៅក្នុងសង្គ្រាមស៊ូដង់ នៅឆ្នាំនេះ
09/20/2025 03:09 PM
សម្តេចប្រធានរដ្ឋសភាកម្ពុជា អរគុណរដ្ឋាភិបាលនិងសភាម៉ាឡេស៊ី ក្នុងកិច្ចខិតខំសម្របសម្រួល ដោះស្រាយជម្លោះករណីយោធាថៃរំលោភឈ្លានពានលើដែនអធិបតេយ្យកម្ពុជា
09/20/2025 02:09 PM
សម្តេច ម៉ែន សំអន អញ្ជើញចូលរួមវេនកាន់បិណ្ឌវេនទី១៣ នៅវត្តសន្តិភាព និងវត្តជម្ពូព្រឹក្សា ខេត្តស្វាយរៀង
09/20/2025 02:09 PM
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ និងលោកជំទាវ បន្តផ្តល់ជំនួយស្បៀងអាហារ ទៅវរកងនគរបាល ប្រចាំទិសភូមិភាគ៤ និងភូមិភាគ៥
09/20/2025 01:09 PM
ឯកឧត្តម ឈាង វុន អញ្ជើញដឹកនាំប្រតិភូកម្ពុជាចូលរួម ពិនិត្យពិភាក្សាលើរបាយការណ៍ បូកសរុបលទ្ធផលមហាសន្និបាត អាយប៉ាលើកទី៤៦
09/20/2025 01:09 PM
ឯកឧត្តម ហេងសួរ និងឯកឧត្តម ឃួង ស្រេង ជូនដំណើរបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋដែលធ្វើដំណើរទៅកាន់ស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ តាមរយៈរថយន្តក្រុងដោយឥតគិតថ្លៃ
09/20/2025 01:09 PM
ទូកដឹកជនអន្តោប្រវេសន៍លិចនៅឆ្នេរប្រទេសលីប៊ី បង្កឲ្យមនុស្សយ៉ាងតិច ១៩ នាក់ ស្លាប់ និង ៤២នាក់បាត់ខ្លួន
09/20/2025 12:09 PM
សេវាចារកម្មអ៊ីរ៉ាក់ និយាយថា ជនសង្ស័យបារាំងជិត ៥០នាក់ ដែលជាប់ពាក់ព័ន្ធនឹងក្រុមIS ត្រូវបញ្ជូនពីស៊ីរីទៅអ៊ីរ៉ាក់
09/20/2025 12:09 PM