គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល

នយោបាយ​ និង ការអភិវឌ្ឍន៍

រដ្ឋមន្ត្រីការបរទេសអាល់ហ្សេរី និងបារាំង ពិភាក្សាគ្នាអំពីការវិវឌ្ឍនៅតំបន់ហ្កាហ្សា

2024/03/21 11:56:54 am        110
រដ្ឋមន្ត្រីការបរទេសអាល់ហ្សេរី លោក Ahmed Attaf និងសមភាគីបារាំងលោក Stephane Sejourne កាលពីថ្ងៃពុធ បានពិភាក្សាអំពីការវិវឌ្ឍនៅតំបន់ហ្កាហ្សាស្ទ្រីប នៅក្នុងការសន្ទនាតាមទូរស័ព្ទ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាល់ហ្សេរី។សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថា រដ្ឋមន្ត្រីទាំងពីរ បានពិភាក្សាអំពីស្ថានភាពដ៏ធ្ងន់ធ្ងរ ដែលប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សាកំពុងប្រឈម ចំពេលដែលសង្គ្រាមកំពុងបន្ត ដោយសង្កត់ធ្ងន់លើតម្រូវការបន្ទាន់សម្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីធ្វើអន្តរាគមន៍ និងដោះស្រាយវិបត្តិមនុស្សធម៌ដែលកំពុងកើនឡើង នៅក្នុងទឹកដីនេះ ហើយបានគូសបញ្ជាក់ពីសារៈសំខាន់នៃការឈានដល់បទឈប់បាញ់អចិន្ត្រៃយ៍ និងគ្មានលក្ខខណ្ឌ។រដ្ឋមន្ត្រីទាំងពីរ បានព្រមព្រៀងគ្នាស្តារឡើងវិញនូវដំណើរការសន្តិភាព សំដៅលើការសម្រេចបានដំណោះស្រាយដ៏ត្រឹមត្រូវ យូរអង្វែង និងរួមបញ្ចូលចំពោះបញ្ហាប៉ាឡេស្ទីន ដោយផ្អែកលើគោលការណ៍នៃដំណោះស្រាយរដ្ឋពីរ។លោក Attaf និង លោក Sejourne ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗ បន្ថែមពីលើការរៀបចំសម្រាប់កិច្ចប្រជុំកម្រិតខ្ពស់ នាពេលខាងមុខ។ចាប់តាំងពីការចូលជាសមាជិកមិនអចិន្ត្រៃយ៍របស់ខ្លួននៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងខែមករា អាល់ហ្សេរី បានធ្វើការយ៉ាងសកម្មលើការអនុម័តសេចក្តីព្រាងសេចក្តីសម្រេចដែលគាំទ្រឲ្យមានបទឈប់បាញ់នៅតំបន់ហ្កាហ្សា។

លោក Putin បង្ហាញមហិច្ឆិតាលើសង្រ្គាមអ៊ុយក្រែន ក្រោយឈ្នះការបោះឆ្នោត

2024/03/21 11:54:16 am        138
លោក Vladimir Putin បានទៅកាន់ទីលានចតុរង្គក្រហមឬ Red Square កាលពីដើមសប្ដាហ៍នេះ ដើម្បីអបអរសាទរការជាប់ឆ្នោតដែលគេមើលឃើញថា លោកនឹងពង្រីងរបបដឹកនាំរបស់លោកលើប្រទេសរុស្ស៊ី ពិសេសផ្ដោតលើផែនការក្ដោបក្ដាប់ដែនដីរបស់អ៊ុយក្រែន ក្នុងពេលសង្រ្គាមនៅតែបន្ត។ថ្លែងប៉ុន្មានម៉ោង ក្រោយការប្រកាសជ័យជម្នះដ៏ច្រើនលើសលប់ នៃការបោះឆ្នោតដោយគ្មានគណបក្សប្រឆាំងចូលរួម លោកបាននិយាយថា យើងត្រូវរួមគ្នា និងចាប់ដៃគ្នាជាធ្លុងមួយ ។ លោក Putin បានប្រើប្រាស់ឱកាសនេះដើម្បីពង្រីកប្រព័ន្ធផ្លូវរថភ្លើងទាំងអស់ទៅកាន់ឧបទ្វីប គ្រីម៉េ (Crimea) ដែលខ្លួនបានដណ្ដើមកាន់កាប់ពីអ៊ុយក្រែន ដូចជាការតភ្ជាប់ទៅកាន់ស្ពានរបស់ឧបទ្វីបនេះពីប្រទេសរុស្ស៊ី ដែលជារឿយៗ រងការវាយប្រហារពីអ៊ុយក្រែន ។ ឧបទ្វីបគ្រីម៉េ ដែលមានសារៈសំខាន់ចំពោះអំណាចកងទ័ពជើងទឹករបស់រុស្ស៊ី ត្រូវបានប្រើជាមូលដ្ឋានដ៏សំខាន់ និងជាទីតាំងជំនួយដល់សង្រ្គាមលើអ៊ុយក្រែន ដែលលោកបានព្យាយាមអះអាងជាមួយដែនដីទាំងអស់ដែលរុស្ស៊ីបានកាន់កាប់និង និងបង្កើនការដាក់ពង្រាយយោធារបស់រុស្ស៊ីនៅតាមគោលដៅកំណត់នៅលើឧបទ្វីបនេះ៕

ប៉ាឡេស្ទីន ស្វាគមន៍ចំពោះការបញ្ឈប់ការនាំចេញសព្វាវុធរបស់កាណាដា ទៅអ៊ីស្រាអែល

2024/03/21 11:51:08 am        78
នាយករដ្ឋមន្ត្រីដែនដីប៉ាឡេស្ទីន លោក ម៉ូហាម៉ាដ ស្តាយ៉េ(Mohammad Shtayyeh) កាលពីថ្ងៃពុធ បានស្វាគមន៍ ការសម្រេចចិត្តរបស់រដ្ឋាភិបាលប្រទេសកាណាដា ក្នុងការបញ្ឈប់ការនាំចេញអាវុធទៅកាន់ប្រទេសអ៊ីស្រាអែល ក្នុងពេលមានសង្រ្គាមដែលនៅតែបន្ត នៅតំបន់ហ្កាហ្សាស្ទ្រីប។លោក Shtayyeh បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា សង្រ្គាមប្រល័យពូជសាសន៍របស់អ៊ីស្រាអែល ទាមទារឱ្យមានជំហរពីអន្តរជាតិយ៉ាងម៉ឺងម៉ាត់ ដើម្បីបញ្ឈប់ការផ្តល់អាវុធដល់អ៊ីស្រាអែល និងដាក់ទណ្ឌកម្មជាបន្ទាន់ ដើម្បីទប់ស្កាត់ប្រទេសនេះពីការបន្តឧក្រិដ្ឋកម្មរបស់ខ្លួន។ លោកបានបញ្ជាក់លើតម្រូវការបន្ទាន់ក្នុងការដាក់សម្ពាធឲ្យបើកច្រកព្រំដែនទៅកាន់តំបន់ហ្កាហ្សា ធានាបានការចូលមកដល់នៃជំនួយមនុស្សធម៌គ្រប់គ្រាន់ និងការស្តារការផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាត ឡើងវិញ។ រដ្ឋមន្ត្រីការបរទេសកាណាដា លោកស្រី Melanie Joly បានប្រកាសកាលពីយប់ថ្ងៃអង្គារថា ទីក្រុង Ottawa នឹងបញ្ឈប់ការនាំចេញអាវុធរបស់ខ្លួនទៅកាន់ប្រទេសអ៊ីស្រាអែល។សេចក្តីថ្លែងការណ៍របស់លោកស្រី Joly បានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីសភាកាណាដា បានអំពាវនាវឱ្យបញ្ឈប់ការដឹកជញ្ជូនអាវុធទៅកាន់ប្រទេសអ៊ីស្រាអែល។ កាលពីពេលថ្មីៗនេះ ប្រទេសកាណាដា បានពន្យារពេលការដឹកជញ្ជូនយានរថពាសដែកចំនួន ១១ គ្រឿង ទៅកាន់នគរបាលអ៊ីស្រាអែល និងការដឹកជញ្ជូនឧបករណ៍មើលឃើញនៅពេលយប់ ផ្សេងទៀត។ រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz បានរិះគន់ខ្លាំងៗចំពោះការសម្រេចចិត្តនេះ ដោយបាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ប្រវត្តិសាស្ត្រនឹងវិនិច្ឆ័យចំណាត់ការបច្ចុប្បន្នរបស់រដ្ឋាភិបាលកាណាដា យ៉ាងហ្មត់ចត់។លោកបានិយាយថា វាគួរឱ្យសោកស្តាយ ដែលរដ្ឋាភិបាលកាណាដា មានចំណាត់ការប្រឆាំងចំពោះសិទ្ធិរបស់អ៊ីស្រាអែលក្នុងការការពារខ្លួនប្រឆាំងឃាតករក្រុមហាម៉ាស ដែលបានប្រព្រឹត្តឧក្រិដ្ឋកម្មមកលើប្រជាជនអ៊ីស្រាអែលស្លូតត្រង់។

មេបញ្ជាការអាមេរិក ព្រួយបារម្ភពីសកម្មភាពរបស់ចិន លើប្រទេសហ្វីលីពីន

2024/03/21 11:47:56 am        118
មេបញ្ជាការនៃទីបញ្ជាការដ្ឋានតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិក បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងថា សកម្មភាពឈ្លានពានម្តងហើយម្តងទៀតរបស់ប្រទេសចិនលើប្រទេសហ្វីលីពីន នៅសមុទ្រចិនខាងត្បូង កំពុងធ្វើឱ្យតំបន់នេះក្លាយជា «ចំណុចក្តៅដ៏សំខាន់មួយ» ។ លោក ចន អាហ្គីលីណូ(John Aquilino) បាននិយាយនៅក្នុងសវនាការរបស់គណៈកម្មាធិការអង្គភាពសេវាប្រដាប់អាវុធរបស់សភា កាលពីថ្ងៃពុធថា ចំណុចក្តៅ អាចបញ្ចប់ទៅនៅកន្លែងដ៏អាក្រក់។ការកត់សម្គាល់របស់លោក Aquilino ធ្វើឡើងបន្ទាប់ពីនាវាឆ្មាំល្បាតឆ្នេរចិន បានបាញ់កាណុងបាញ់ទឹក ដាក់លើនាវាផ្គត់ផ្គង់របស់ហ្វីលីពីន នៅជិតតំបន់ជម្លោះថ្មប៉ប្រាស់ទឹក Thomas Shoal កាលពីថ្ងៃទី ៥ ខែមីនា។ ឧបទ្ទវហេតុនេះ បានបណ្តាលឱ្យសមាជិកនាវិកហ្វីលីពីនបួននាក់រងរបួស។ មេបញ្ជាការរូបនេះ បាននិយាយថា សកម្មភាពឈ្លានពាន និងវាយប្រហារដ៏គ្រោះថ្នាក់ ដែលនៅតែបន្តរបស់ប្រទេសចិនប្រឆាំងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ធ្វើឲ្យលោកព្រួយបារម្ភ។លោកបាននិយាយថា ប្រសិនបើនាវិក ឬទាហានហ្វីលីពីន ត្រូវបានគេសម្លាប់ មាត្រាទី ៥ នៃសន្ធិសញ្ញាការពារទៅវិញទៅមក អាចត្រូវបានយកមកប្រើ។ លោកបានពន្យល់ថា វានឹងក្លាយជា «តម្រូវការ និងទំនួលខុសត្រូវរបស់លោក» ក្នុងការផ្តល់ជម្រើសដល់រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រសិនបើរឿងនេះកើតឡើង។ បញ្ហានេះ ត្រូវបានគេរំពឹងថានឹងត្រូវពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលត្រីភាគី ដែលមានការចូលរួមពីប្រទេសជប៉ុន សហរដ្ឋអាមេរិក និងប្រទេសហ្វីលីពីន ដែលគ្រោងធ្វើនៅថ្ងៃទី ១១ ខែមេសា ក្នុងទីក្រុងវ៉ាស៊ីនតោន។

ប្រធានាធិបតីហ្វីលីពីន ព្រមានអំពីហានិភ័យរបស់ប្រទេសចិន ដោយនិយាយថាលោកពុំបានធ្វើឲ្យអ្នកណាខឹងទេ

2024/03/21 11:43:06 am        159
លោកប្រធានាធិបតីហ្វីលីពីនហ្វើឌីណានម៉ាកូសជូនៀរ(Ferdinand Marcos Jr) បាននិយាយថាការគំរាមកំហែងដល់ប្រជាជាតិរបស់លោកពីការទាមទារដ៏ខ្លាំងក្លារបស់ចិននៅក្នុងសមុទ្រចិនខាងត្បូងកំពុងកើនឡើង ប៉ុន្តែបានអះអាងថា កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលលោកក្នុងការអះអាងសិទ្ធិអធិបតេយ្យភាពលើតំបន់ជម្លោះ គឺមិនមែនមានន័យថាចាប់ផ្តើមជម្លោះដោយការធ្វើឲ្យអ្នកណាម្នាក់ផ្ទុះកំហឹង ឬខឹងគោ ទៅវាយរទេះ នោះទេ។លោក Marcos បាននិយាយកាលពីថ្ងៃអង្គារនៅក្នុងបទសម្ភាសន៍ជាមួយអ្នកសម្របសម្រួលកម្មវិធីរបស់ទូរទស្សន៍ Bloomberg លោកស្រីហាសលីនដា អាមីន (Haslinda Amin) នៅវិមានប្រធានាធិបតីក្នុងរដ្ឋធានីម៉ានីល ថា យើងកំពុងព្យាយាមរក្សាអ្វីៗឱ្យនៅនឹងដដែល ។លោកបានបន្ថែមថា បញ្ហាប្រឈមនោះគឺថា ដោយសារតែការគំរាមកំហែងបានកើនឡើង យើងត្រូវតែធ្វើបន្ថែមទៀតដើម្បីការពារទឹកដីរបស់យើង។ ទន្ទឹមនឹងកោះតៃវ៉ាន់ ការប្រឈមដាក់គ្នារវាងហ្វីលីពីន និងចិន ជុំវិញបញ្ហាថ្មប៉ប្រះទឹក និងកោះជាច្រើនបានក្លាយទៅជាចំណុចក្ដៅមួយនៅក្នុងតំបន់។ ចាប់តាំងពីលោក Marcos ចូលកាន់តំណែងក្នុងឆ្នាំ ២០២២ យោធា និងឆ្មាំឆ្នេរសមុទ្រហ្វីលីពីន បានបង្កើនប្រតិបត្តិការផ្គត់ផ្គង់កងទ័ពនៅឯមូលដ្ឋាន មួយ និងអមដំណើរការពារក្រុមប្រជានេសាទហ្វីលីពីន ដែលលោកនិយាយថាបានពឹងផ្អែកលើដែនទឹកនេះជាច្រើនជំនាន់មកហើយ។ ជំហរនោះបានជំរុញឱ្យមានការថ្កោលទោសពីទីក្រុងប៉េកាំង ដែលកងនាវានេសាទ និងនាវាឆ្មាំសមុទ្រតែងតែរារាំងនាវាហ្វីលីពីន ហើយថែមទាំងបានប៉ះទង្គិចគ្នានជារឿយៗ ដោយបង្កើនហានិភ័យនៃការផ្ទុះជម្លោះជាមួយចិន ដែលអាចអូសទាញសហរដ្ឋអាមេរិកឲ្យធ្លាក់ចូលក្នុងជម្លោះយ៉ាងឆាប់រហ័ស។ប្រធានាធិបតីវ័យ៦៦ ឆ្នាំ ដែលមានទំនោរខ្លាំងទៅកាន់សហរដ្ឋអាមេរិក រូបនេះ បាននិយាយថា យើងពុំបានញុះញង់បង្កជម្លោះណាមួយទេ។ យើងពុំបានជំរុញឲ្យមានការប្រឈមដាក់គ្នាណាមួយឡើយ។ យើងគ្រាន់តែព្យាយាមចិញ្ចឹមប្រជាជនយើងតែប៉ុណ្ណោះ៕

មេដឹកនាំបក្សប្រឆាំងវេណេស៊ុយអេឡា និយាយថា ការចាប់ខ្លួនសម្ព័ន្ធមិត្ត នឹងមិនធ្វើឱ្យលោកស្រីចុះខ្សោយឡើយ

2024/03/21 11:40:16 am        119
បេក្ខជនប្រធានាធិបតីគណបក្សប្រឆាំងប្រទេសវេណេស៊ុយអេឡា លោកស្រី ម៉ារីយ៉ា ចូរីណា ម៉ាឆាដូ(Maria Corina Machado) បាននិយាយកាលពីថ្ងៃពុធថា ការចោទប្រកាន់ដែលដាក់កម្រិតលើក្រុមរបស់លោកស្រី ធ្វើឡើងដោយអគ្គមេធាវីរបស់ប្រទេស គឺមិនពិតនោះទេ បន្ទាប់ពីមនុស្សពីរនាក់ដែលជិតស្និទ្ធទៅនឹងលោកស្រី Machado ត្រូវបានចាប់ខ្លួន។ការចាប់ខ្លួននេះ ត្រូវបានកំណត់ថានឹងធ្វើឱ្យមានភាពស្មុគស្មាញចំពោះសេណារីយ៉ូ ដែលកំពុងច្របូកច្របល់រួចទៅហើយ នៅមុនការប្រកួតប្រជែងតំណែងប្រធានាធិបតី នៅខែកក្កដា។លោកស្រី Machado បានទទួលជ័យជម្នះក្នុងការប្រកួតប្រជែងជ្រើសរើសបេក្ខជនរបស់គណបក្សប្រឆាំង កាលខែតុលា ប៉ុន្តែត្រូវបានរារាំង មិនឱ្យចុះឈ្មោះបេក្ខភាពរបស់លោកស្រីក្នុងបញ្ជីបេក្ខជនបោះឆ្នោត។លោកស្រីនិយាយថា ប្រសិនបើរបបនេះជឿថា ជាមួយនឹងសកម្មភាពទាំងនេះ ពួកគេនឹងធ្វើឱ្យលោកស្រីនៅឯកោ ពួកគេនឹងបញ្ឈប់លោកស្រី សូមបញ្ជាក់ឱ្យច្បាស់ថា ក្រុមរបស់យើងគឺវេណេស៊ុយអេឡា។សមាជិកប្រាំពីរនាក់ផ្សេងទៀតនៃក្រុមរបស់លោកស្រី Machado រួមទាំងដៃស្តាំរបស់លោកស្រី លោក Magalli Meda ក៏ទទួលបានដីកា សម្រាប់ការឃុំខ្លួនរបស់ពួកគេផងដែរ។ប្រធានាធិបតីប្រទេសវេណេស៊ុយអេឡា លោក Nicolas Maduro កំពុងស្វែងរកការបោះឆ្នោតថ្មី សម្រាប់អាណត្តិប្រាំមួយឆ្នាំទៀត។

ប៉ូឡូញបន្ថែមសម្ពាធទៅលើអាល្លឺម៉ង់ជុំវិញការបញ្ជូនមីស៊ីលTaurusទៅឲ្យអ៊ុយក្រែន

2024/03/21 11:37:06 am        92
រដ្ឋមន្ត្រីការបរទេសប៉ូឡូញ Radoslaw Sikorski បានផ្តល់ការគាំទ្ររបស់ខ្លួនសម្រាប់អ៊ុយក្រែន ក្នុងការមានមីស៊ីលតម្រង់គោលដៅ Taurus ហើយបានចោទប្រកាន់អាល្លឺម៉ង់ពីការស្ទាក់ស្ទើរ ក្នុងការផ្តល់ប្រព័ន្ធសព្វាវុធថ្មីនេះ ទៅកាន់តំបន់សង្រ្គាម។លោក Sikorski បានប្រាប់សារព័ត៌មាន dpa នៅក្នុងបទសម្ភាសន៍មួយថា ការផ្តល់មីស៊ីល Taurus ដែលមានរយៈចម្ងាយ ៥០០ គីឡូម៉ែត្រ នឹងជួយពង្រឹងសមត្ថភាពរបស់អ៊ុយក្រែនឲ្យកាន់តែខ្លាំង ក្នុងការការពារខ្លួន។ លោកបាននិយាយថា៖«ជាមួយនឹងមីស៊ីលរបស់អង់គ្លេស និងអាមេរិក អ៊ុយក្រែនអាចបង្ខំជនជាតិរុស្សីឲ្យផ្លាស់ទីមជ្ឈមណ្ឌលដឹកជញ្ជូន កន្លែងស្តុកគ្រាប់រំសេវ មជ្ឈមណ្ឌលបញ្ជា និងគ្រប់គ្រង បណ្តាញតំណភ្ជាប់ដឹកជញ្ជូនរបស់ពួកគេ ទៅកាន់តែឆ្ងាយពីជួរមុខ ហើយមីស៊ីលរបស់អាល្លឺម៉ង់ នឹងបង្ខំពួកគេឲ្យទៅកាន់តែឆ្លាយថែមទៀត។លោក Sikorski បានរិះគន់ដំណើរការធ្វើការសម្រេចចិត្តដ៏យូរ នៅក្នុងរដ្ឋាភិបាលអាល្លឺម៉ង់។លោកបាននិយាយថា ទីក្រុងប៊ែរឡាំងមាន «ហេតុផលជាប្រវត្តិសាស្ត្រដែលព្រួយបារម្ភអំពីការបញ្ជូនគ្រឿងយុទ្ធោបករណ៍ ឬកងទ័ពទៅអ៊ុយក្រែន។ យើងយល់អំពីបញ្ហានេះ ប៉ុន្តែយើងគ្រាន់តែសង្ឃឹមថា ការពិភាក្សារបស់អ្នក នឹងអាចប្រព្រឹត្តទៅបានឆាប់»។ លោកបានបញ្ជាក់ថា៖«រុស្ស៊ីហាក់ដូចជាកំពុងបន្តការវាយលុក។ អ៊ុយក្រែនគឺខ្វះខាតគ្រាប់រំសេវ»។ ដោយសំដៅទៅលើមីស៊ីល Taurus លោក Sikorski បាននិយាយថា ស្ថានភាពដ៏តានតឹងបែបនេះ មានន័យថា «ក្នុងរយៈពេល៦ខែ [វា] មិនមែនជាការសម្រេចចិត្តដូចគ្នានោះទេ»។

អង្គការសហប្រជាជាតិ៖ យោធាសហភាពមីយ៉ាន់ម៉ា កំពុងប្រឈមការគំរាមកំហែងដែលមានស្រាប់

2024/03/21 11:34:01 am        44
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិប្រចាំសហភាពមីយ៉ាន់ម៉ា បាននិយាយកាលពីថ្ងៃពុធ ទី២០មីនា ថា របបយោធាកំពុងប្រឈមនឹងការគំរាមកំហែងដែលមានស្រាប់ ប៉ុន្តែពិភពលោកអាចជួយបញ្ចប់សុបិន្តអាក្រក់ របស់ខ្លួន ដោយការការដាក់ទណ្ឌកម្មដែលបានសម្របសម្រួល។ លោក ថូម អែនឌ្រូ (Tom Andrews)និយាយថា ការស្លាប់យ៉ាងច្រើនក្នុងចំណោមកងកម្លាំងរបស់របបសឹក ព្រមទាំងការរត់ចោលជួរ ការទម្លាក់អាវុធសុំចុះចាញ់ និង បញ្ហាប្រឈមលើការកែណ្ឌកម្លាំងថ្មី បាននាំឲ្យមានការធ្លាក់ចុះចំនួនកងទ័ព រុញឲ្យមានការគំរាមកំហែងដែលមានស្រាប់កាន់តែច្រើនសម្រាប់យោធាមីយ៉ាន់ម៉ា។ លោកនិយាយថា អ្នកទាំងឡាយ ដែលបានភ្នាល់ ថា របបសឹកនេះអាចស្ដារសណ្ដាប់ធ្នាប់ និងស្ថិរភាពនៅក្នុងសហភាពមីយ៉ាន់ម៉ា បានប្រាកដជាចាញ់។ របបសឹកនេះ បានឡើងកាន់អំណាចក្នុងរដ្ឋប្រហារយោធាកាលពីខែកុម្ភៈឆ្នាំ២០២១ ដែលបានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតប្រជាធិបតេយ្យលោកស្រី អ៊ុង សានស៊ូជី ឈានដល់ការបញ្ចប់ការសាកល្បងរបស់របបប្រជាធិបតេយ្យដ៏ក្មេងខ្ចីរយៈពេល១០ឆ្នាំ និងបានរុញទម្លាក់ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះឲ្យធ្លាក់ក្នុងភាពចលាចលដ៏បង្ហូរឈាម ដែលមានមនុស្សរាប់ពាន់នាក់បានស្លាប់។ របបសឹកនេះ កំពុងព្យាយាមលុបបំបាត់ការតស៊ូប្រឆាំងខ្លួនជាយូរមកហើយ ពីសំណាក់ក្រុមឧទ្ទាមជនជាតិភាគតិច និង កងកម្លាំងការពារប្រជាជនគាំទ្រលទ្ធិប្រជាធិបតេយ្យទើបកកើតថ្មី។ លោក Andrews បាននិយាយថា យោធាសហភាពមីយ៉ានម៉ា គឺជាកត្តាដ៏សំខាន់បំផុត ដែលជំរុញឲ្យមានអំពើហិង្សា អស្ថិរភាព ការដាំក្បាលចុះផ្នែកសេដ្ឋកិច្ច និងភាពអាណាធិបេតេយ្យគ្មានច្បាប់ទម្លាប់នៅក្នុងប្រទេស៕

ប្រទេសវៀតណាម នឹងតែងតាំងប្រធានាធិបតីទីបី ក្នុងរយៈពេលត្រឹមតែមួយឆ្នាំ

2024/03/21 11:20:48 am        81
ប្រទេសវៀតណាម កំពុងស្វែងរកប្រធានាធិបតីទីបីរបស់ខ្លួនក្នុងរយៈពេលត្រឹមតែជាងមួយឆ្នាំ បន្ទាប់ពីបក្សកុម្មុយនិស្ត ដែលកំពុងកាន់អំណាចរបស់ខ្លួន កាលពីថ្ងៃពុធ (២០ មីនា) បានបង្ខំឱ្យមានការលាលែងពីតំណែងរបស់លោកប្រធានាធិបតី វ៉ូ វ៉ាន់ ធឿង (Vo Van Thuong) ដែលទើបតែត្រូវបានជាប់ឆ្នោតកាលពីឆ្នាំមុន បន្ទាប់ពីការបណ្តេញចេញភ្លាមៗពីអ្នកកាន់តំណែងពីមុនរបស់លោក។លោក ធឿង វ័យ ៥៣ ឆ្នាំត្រូវបានចោទប្រកាន់ពីបទបំពានច្បាប់គណបក្ស នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃពុធ ដែលមិនបានបញ្ជាក់ច្បាស់ថាលោកបានធ្វើខុសអ្វីនោះទេ។ លោកបានលាលែងពីតំណែងរយៈពេលប៉ុន្មានថ្ងៃ បន្ទាប់ពីនគរបាលបានប្រកាសការចាប់ខ្លួនពីបទពុករលួយកាលពីមួយទសវត្សរ៍មុនរបស់អតីតប្រមុខខេត្ត ក័ង ងៃ (Quang Ngai) ភាគកណ្តាលរបស់វៀតណាម ដែលបានបម្រើការ កាលលោក ធឿង ជាប្រធានបក្សនៅទីនោះ។គេរំពឹងថាសភាវៀតណាម នឹងតែងតាំងប្រធានាធិបតីស្តីទី រហូតដល់គណបក្សសម្រេចជ្រើសរើសបេក្ខជនប្រធានាធិបតីបន្ទាប់។ ជម្រើសដែលទំនងបំផុត គឺអនុប្រធានាធិបតី លោកស្រី វ៉ូធី អាញ់ស័ន (Vo Thi Anh Xuan) ដែលធ្លាប់បានកាន់តំណែងបណ្ដោះអាសន្នកាលពីឆ្នាំមុន ជំនួសតំណែងអតីតប្រធានាធិបតី លោក ង្វៀន ស័ន ហ្វុក (Nguyen Xuan Phuc) ដែលត្រូវបានបណ្តេញចេញពីតំណែងភ្លាមៗ។យោងតាមអ្នកវិភាគជាច្រើនបានឱ្យដឹងថា បេក្ខជននាំមុខគេសម្រាប់តំណែងអចិន្ត្រៃយ៍ រួមមានរដ្ឋមន្ត្រីសន្តិសុខសាធារណៈដ៏មានឥទ្ធិពល លោក តូ ឡាំ (To Lam) និងសមាជិកបក្សកុម្មុយនិស្តកាន់អំណាច លោកស្រី ទ្រឿង ធីម៉ៃ (Truong Thi Mai)៕

អាមេរិក ទទួលស្គាល់រដ្ឋ អារូណាចាល់ ប្រាដេស ជាផ្នែកមួយរបស់ឥណ្ឌា ស្របពេលភាពតានតឹងឥណ្ឌូចិន

2024/03/21 11:18:04 am        87
ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃពុធ (២០ មីនា) ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក ទទួលស្គាល់រដ្ឋ អារូណាចាល ប្រាដេស (Arunachal Pradesh) ថាជាផ្នែកមួយនៃប្រទេសឥណ្ឌា និង «ប្រឆាំងយ៉ាងខ្លាំង» រាល់ការប៉ុនប៉ងជាឯកតោភាគីក្នុងការជំរុញការទាមទារទឹកដី ឬការទន្ទ្រានដោយយោធា ឬជនស៊ីវិល ឆ្លងកាត់បន្ទាត់នៃការគ្រប់គ្រងជាក់ស្តែង នៅក្នុងរដ្ឋភាគឦសានប្រទេសឥណ្ឌា ដែលមានព្រំដែនជាមួយប្រទេសចិន។ប្រទេសជិតខាង ដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរ ចិន និងឥណ្ឌា មានព្រំប្រទល់ប្រវែង ៣.០០០ គីឡូម៉ែត្រជាមួយគ្នា ដែលភាគច្រើននៃទឹកដីព្រំដែនទាំងនោះមិនត្រូវបានកំណត់ច្បាស់លាស់ទេ។ យ៉ាងហោចណាស់ទាហានឥណ្ឌា ២០ នាក់ និងទាហានចិន ៤ នាក់ ត្រូវបានសម្លាប់ក្នុងឆ្នាំ ២០២០ ក្នុងការប៉ះទង្គិចតាមព្រំដែនរបស់ពួកគេនៅតំបន់ភ្នំហិម៉ាឡៃភាគខាងលិចមួយនេះ។ប្រទេសចិន បានទាមទាររដ្ឋ អារូណាចាល ប្រាដេស ថាជាផ្នែកនៃភាគខាងត្បូងតំបន់ទីបេ របស់ខ្លួន ប៉ុន្តែទីក្រុង ញ៉ូវដេលី បដិសេធការអះអាងនេះ ដោយនិយាយថារដ្ឋភាគឦសានមួយនេះ តែងតែជាផ្នែកមួយនៃប្រទេសឥណ្ឌាជានិច្ច។ក្រសួងការបរទេសឥណ្ឌា បាននិយាយកាលពីថ្ងៃអង្គារថាប្រទេសចិន កំពុងធ្វើ «ការអះអាងមិនសមហេតុផល» លើរដ្ឋ អារូណាចាល ប្រាដេស ដោយបន្ថែមថារដ្ឋនេះនឹងតែងតែជា «ផ្នែកសំខាន់ និងមិនអាចកាត់ផ្តាច់បានរបស់ឥណ្ឌា»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សភាសហភាពអឺរ៉ុប កំពុងតាមដានដោយយកចិត្តទុកដាក់ការអនុវត្តបទឈប់បាញ់
09/20/2025 07:09 PM
ផ្ទះ​អតីត​យុទ្ធ​ជន​ ៣៥ខ្នង ស្ថិតនៅ​ឃុំ​ក្រយា​ ស្រុក​សន្ទុក​ ខេត្ត​កំពង់​ធំ​ រងផលប៉ះពាល់​ដោយ​ជំនន់​ទឹក​ភ្លៀង
09/20/2025 06:09 PM
ឯកអគ្គរដ្ឋទូត៖ ដាណឺម៉ាកប្រើកោះ Bornholm ដើម្បីគំរាមកំហែងសន្តិសុខរបស់រុស្ស៊ី រួមទាំងតំបន់ Kaliningrad
09/20/2025 04:09 PM
មនុស្សរាប់ពាន់នាក់ ធ្វើបាតុកម្មនៅយេម៉ែនប្រឆាំងនឹងប្រតិបត្តិការយោធាអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា
09/20/2025 04:09 PM
អាមេរិក កំពុងពិភាក្សាជាមួយក្រុមតាលីបង់អំពីការវិលត្រឡប់នូវយោធារបស់ខ្លួន ទៅមូលដ្ឋានទ័ពអាកាស Bagram វិញ
09/20/2025 04:09 PM
កូរ៉េខាងត្បូង មានបំណងរក្សាទំនាក់ទំនងជាមួយរុស្ស៊ី
09/20/2025 03:09 PM
រុស្ស៊ីបើកការវាយប្រហារចង្កោមលើគោលដៅអ៊ុយក្រែន ចំណែកអ៊ុយក្រែន បានវាយប្រហារមជ្ឈមណ្ឌលដឹកជញ្ជូនយោធារុស្ស៊ី
09/20/2025 03:09 PM
មន្ត្រីជាន់ខ្ពស់៖ យន្តហោះចម្បាំង MiG-31 របស់រុស្ស៊ី មិនបានបំពានដែនអាកាសអេស្តូនីទេ
09/20/2025 03:09 PM
គណៈកម្មាការអឺរ៉ុប៖ និយាយថា ប្រទេសចំនួន៨របស់សហភាពអឺរ៉ុប បន្តនាំចូលឧស្ម័នពីរុស្ស៊ី
09/20/2025 03:09 PM
លោកស្រី von der Leyen ៖ គណៈកម្មការអឺរ៉ុបស្នើឲ្យដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនរុស្ស៊ី និងបរទេសចំនួន ៤៥
09/20/2025 03:09 PM