គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល

នយោបាយ​ និង ការអភិវឌ្ឍន៍

ស៊ុយអែតចូលជាសមាជិកណាតូ ខណៈសង្គ្រាមនៅអ៊ុយក្រែន ជំរុញឲ្យគិតពីបញ្ហាសន្តិសុខឡើងវិញ

2024/03/08 02:20:08 pm        197
ស៊ុយអែត បានចូលរួមជាមួយអង្គការណាតូក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍ ពីរឆ្នាំបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន បានបង្ខំឲ្យខ្លួនគិតឡើងវិញនូវគោលនយោបាយសន្តិសុខជាតិរបស់ខ្លួន ហើយសន្និដ្ឋានថា ការគាំទ្រសម្រាប់សម្ព័ន្ធភាព គឺជាការធានាសុវត្ថិភាពដ៏ល្អបំផុតរបស់ប្រទេសនៅតំបន់ស្កែនឌីវ៉ានៀ។នាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson បានប្រគល់ឯកសារចុងក្រោយដល់រដ្ឋាភិបាលសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ ដែលជាជំហានចុងក្រោយក្នុងដំណើរការរយៈពេលយូរ ដើម្បីទទួលបានការគាំទ្រពីសមាជិកទាំងអស់ ដើម្បីចូលរួមសម្ព័ន្ធភាពយោធានេះ។លោកអង់តូនី ប្ល៊ីនខិន ( Antony Blinken) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បាននិយាយ ខណៈដែលលោកបានទទួលឯកសារចូលជាសមាជិករបស់ស៊ុយអែតពីលោក Kristersson ថា៖ «រឿងល្អៗ បានមកដល់អ្នកដែលរង់ចាំហើយ»។លោកប្ល៊ីនខិន បានថ្លែងថា៖«អ្វីគ្រប់យ៉ាង បានផ្លាស់ប្តូរ» បន្ទាប់ពីការលុកលុយពេញទំហឹងរបស់រុស្ស៊ីលើអ៊ុយក្រែន ដោយលើកឡើងពីការស្ទង់មតិបង្ហាញពីការផ្លាស់ប្តូរដ៏ធំនៅក្នុងមតិសាធារណៈស៊ុយអែតលើការចូលរួមក្នុងអង្គការណាតូ។«ប្រទេសស៊ុយអែត បានដឹងអ្វីមួយយ៉ាងស៊ីជម្រៅ: ប្រសិនបើលោកពូទីន មានឆន្ទៈព្យាយាមលុបបំបាត់ប្រទេសជិតខាងមួយចេញពីផែនទី នោះលោកប្រហែលជាមិនឈប់នៅទីនោះទេ»។សម្រាប់អង្គការណាតូ ការចូលជាសមាជិករបស់ស៊ុយអែត និងហ្វាំងឡង់ ដែលចែកព្រំដែន ១.៣៤០គីឡូម៉ែត្រ (៨៣០ម៉ាយ) ជាមួយរុស្ស៊ី គឺជាការបន្ថែមដ៏សំខាន់បំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍។ វាក៏ជាការវាយប្រហារមួយផងដែរសម្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលបានព្យាយាមរារាំងការពង្រឹងសម្ព័ន្ធភាពបន្ថែមទៀត។

អភិបាលខេត្តឧត្តរមានជ័យ ដាក់បទបញ្ជាដល់កម្លាំសមត្ថកិច្ចទាំងអស់ ត្រូវបង្រ្កាបល្បែងស៊ីសងក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឱ្យអស់

2024/03/08 01:30:03 pm        146
ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ឯកឧត្តម ប៉ែន កុសល្យ បានដាក់បទបញ្ជាដល់កងកម្លាំង​សមត្ថកិច្ចជំនាញ​ពាក់ព័ន្ធទាំងអស់ ត្រូវ​បង្រ្កាបល្បែងស៊ីសង​គ្រប់រូបភាព ពិសេសការលេងល្បែង​ស៊ីសង​ឆ្នោតតាមប្រព័ន្ធអនឡាញ ត្រូវបង្រ្កាបឲ្យមាន​ប្រសិទ្ធភាព ប្រសិនបើក្នុងដែនសមត្ថកិច្ច​ណាមួយ​ហ៊ាន​លបលួច​បើក​ឲ្យមាន​ករណីលេងល្បែង​ស៊ីសងនោះ និងត្រូវទទួលខុសត្រូវ​ចំពោះច្បាប់។ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈបញ្ជាឯកភាពខេត្ត​ ថ្លែងបែបនេះ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត និងមានការចូលរួមពីកងកម្លាំង​សមត្ថកិច្ចជំនាញស្ថាប័នពាក់ព័ន្ធជាច្រើនរូបផងដែរ នាថ្ងៃទី៨មីនាឆ្នាំ២០២៤នេះ។ឯកឧត្តមប្រធានគណៈបញ្ជាការខេត្ត បានធ្វើការណែនាំជំរុញដល់អាជ្ញាធរ និងមេឃុំ មេភូមិ នៅតាមបណ្តាលក្រុងស្រុកទាំងប្រាំរបស់ខេត្ត ត្រូវអនុវត្តធ្វើការពន្លឿនការដោះស្រាយបញ្ហា​ទំនាស់​វិវាទដីធ្លី ដែលមាននៅសេសសល់ទាំង​ប៉ុន្មាន​នៅក្នុងមូលដ្ឋាន​របស់ខ្លួន​ត្រូវធ្វើការដោះស្រាយ​ឲ្យ​លឿន និងឆាប់បំផុតទៅតាមអ្វីដែលអាច​ធ្វើបានដើម្បី​សម្រួល​ដល់ការធ្វើប្លង់ជូន​ប្រជាពលរដ្ឋ​ប្រកបដោយកម្លាភាព​ និងមានភាពជឿជាក់​ ដើម្បីពលរដ្ឋបានអាស្រ័យ​ផលលើដីរបស់​គាត់បាន​ស្របច្បាប់ផងដែរ។ឯកឧត្តម ប៉ែន កុសល្យ បានសង្កាត់ធ្ងន់ថា ដោយឡែកចំពោះបញ្ហា នៅតាមបណ្តាលច្រកព្រំដែន​កម្ពុជា ថៃ នានាក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ កងកម្លាំងជំនាញស្ថាប័នពាក់ព័ន្ធ​ទាំងអស់​ត្រូវធ្វើការពង្រឹងការងារភារកិច្ចតួរនាទីស្នូលរបស់ខ្លួន​ឲ្យមានប្រសិទ្ធភាព​ក្នុងការក្តាប់​ឲ្យ​បានរាល់​សភាពការណ៍​ព័ត៌មានផ្សេងៗ និងត្រូវចេះ​សាមគ្គីភាពគ្នាផ្ទៃក្នុងតែមួយក្នុងការរួម​សហការគ្នា​ដើម្បីបម្រើផលប្រយោជន៍រួម ជូនដល់ប្រជាពលរដ្ឋក្នុងសង្គម​ឲ្យ​ទទួលភាពកក់ក្តៅផងដែរ៕

ពិភពលោកប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិនៅថ្ងៃនេះ

2024/03/08 12:59:01 pm        134
ពិភពលោកប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ៨មីនានៅថ្ងៃសុក្រនេះ ប៉ុន្តែអំឡុងការប្រារព្ធតែងមានសកម្មភាពតវ៉ាផ្សេងៗបានកើតឡើង ។ស្ត្រីនៅទូទាំងពិភពលោកនឹងទាមទារប្រាក់ឈ្នួលស្មើគ្នា សិទ្ធិបន្តពូជ ការអប់រំ យុត្តិធម៌ ការសម្រេចចិត្តលើការងារ និងតម្រូវការចាំបាច់ផ្សេងទៀតក្នុងអំឡុងពេលបាតុកម្មប្រារព្ធទិវាសិទ្ធិនារីអន្តរជាតិ៨មីនានៅថ្ងៃសុក្រសប្ដាហ៍នេះ។ ដោយត្រូវបានទទួលស្គាល់ជាផ្លូវការពីអង្គការសហប្រជាជាតិក្នុងឆ្នាំកាលពីឆ្នាំ១៩៧៧ ទិវានារីអន្តរជាតិត្រូវបានប្រារព្ធឡើងតាមរបៀបផ្សេងៗគ្នា និងទៅតាមកម្រិតផ្សេងៗគ្នានៅតាមប្រទេសនានាជុំវិញពិភពលោក។ ការតវ៉ាជាច្រើនជាញឹកញាប់តែងមានលក្ខណៈនយោបាយ ហើយជួនកាលមានអំពើហិង្សា ចាក់ឫសក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ស្ត្រីក្នុងការលើកកម្ពស់សិទ្ធិជាកម្មករ។ ការធ្វើបាតុកម្មត្រូវបានគ្រោងធ្វើចាប់ពីទីក្រុងតូក្យូ ដល់ទីក្រុងម៉ិកស៊ិក ហើយប្រធានបទសកលសម្រាប់ឆ្នាំនេះគឺ ការជំរុញចិត្តក្នុងការផ្ដល់តម្លៃរួម។ ទិវាសិទ្ធិនារីអន្តរជាតិគឺជាការប្រារព្ធពិធីជាសាកល ហើយអំពាវនាវឱ្យចាត់វិធានការ ដែលត្រូវបានកើតឡើងដោយមានបាតុកម្ម ភាគច្រើនជាស្ត្រីនៅជុំវិញពិភពលោក រាប់ចាប់ពីការតវ៉ាប្រឆាំង រហូតដល់ការរត់សប្បុរសធម៌។ខ្លះអបអរសាទរសមិទ្ធិផលសេដ្ឋកិច្ច សង្គម និងនយោបាយរបស់ស្ត្រី ខណៈខ្លះទៀតជំរុញឱ្យរដ្ឋាភិបាលធានានូវប្រាក់ឈ្នួលស្មើគ្នា លទ្ធភាពទទួលបានការថែទាំសុខភាព យុត្តិធម៌សម្រាប់ជនរងគ្រោះនៃអំពើហិង្សាផ្អែកលើយេនឌ័រ និងការអប់រំសម្រាប់ក្មេងស្រី ជាដើម ។ថ្ងៃនេះគឺជាថ្ងៃឈប់សម្រាកផ្លូវការនៅក្នុងប្រទេសជាង២០ រួមទាំងអាហ្វហ្គានីស្ថាន ប៊ួគីណាហ្វាស៊ូ អ៊ុយក្រែន រុស្ស៊ី និងគុយបា និងមានប្រទេសតែមួយគត់នៅក្នុងទ្វីបអាមេរិក។ ដូចនៅក្នុងទិដ្ឋភាពផ្សេងទៀតនៃជីវិត ប្រព័ន្ធផ្សព្វផ្សាយសង្គមដើរតួនាទីយ៉ាងសំខាន់ក្នុងអំឡុងទិវាសិទ្ធិនារីអន្តរជាតិ ជាពិសេសតាមរយៈការពង្រីកការយកចិត្តទុកដាក់ចំពោះបាតុកម្មដែលបានធ្វើឡើងនៅក្នុងប្រទេសដែលមានរដ្ឋាភិបាលគាបសង្កត់ចំពោះស្ត្រី និងការមិនយល់ស្របជាទូទៅ៕

រុស្សី ដណ្តើមបានមកវិញការគ្រប់គ្រងផ្នែកមួយនៅទីតាំងលំនៅឋាន ក្នុងតំបន់ Zaporizhzhia

2024/03/08 12:55:11 pm        219
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសរុស្ស៊ីនិយាយថា កងកម្លាំងរបស់ប្រទេស ដណ្តើមបានមកវិញ ផ្នែកខាងត្បូងទីក្រុង Robotyne ជាទីតាំងលំនៅឋាន ក្នុងតំបន់ Zaporizhzhia ភាគខាងត្បូងប្រទេសអ៊ុយក្រែន។ ទីភ្នាក់ងារសារព័ត៌មាន TASS បានរាយការណ៍ពីការអះអាងនេះកាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់សម្តីសមាជិកនៃចលនាគាំទ្រវិមានក្រឹមឡាំងនៅក្នុងតំបន់។ ក្រសួងការពារជាតិអ៊ុយក្រែន បាននិយាយកាលពីខែសីហា ឆ្នាំមុនថា ខ្លួនបានដណ្តើមមកវិញទីតាំងលំនៅឋាន ជាផ្នែកមួយនៃការវាយលុករបស់ខ្លួនលើកងកម្លាំងរុស្ស៊ី។ វិទ្យាស្ថានសម្រាប់ការសិក្សាសង្រ្គាម (Think Tank) របស់សហរដ្ឋអាមេរិក បាននិយាយថា វីដេអូភូមិសាស្ត្រ ដែលបានចេញផ្សាយកាលពីដើមសប្តាហ៍នេះ «បង្ហាញថាកងកម្លាំងរុស្ស៊ីនាពេលថ្មីៗនេះ បានរុលចូលទៅដល់ភាគខាងកើតទីក្រុង Robotyne។ កងកម្លាំងរុស្ស៊ី ក៏បានវាយប្រហារដោយមីស៊ីលក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍។ ស្ត្រីម្នាក់ត្រូវបានសម្លាប់ខណៈមីស៊ីលមួយគ្រាប់បានបាញ់លើលំនៅឋានរបស់នាង នៅតំបន់ភាគខាងកើតទីក្រុង Kharkiv។ សាលារៀន មន្ទីពេទ្យ និងសម្ភារៈបរិក្ខារផ្សេងទៀត បានរងការខូចខាតនៅតំបន់ភាគឦសាននៃខេត្ត Sumy ។ទន្ទឹមនឹងនេះ ក្រសួងការបរទេសរុស្ស៊ី បាននិយាយថា ក្រសួងបានកោះហៅឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសរុស្ស៊ី លោកស្រី Lynne Tracy កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីព្រមានលោកស្រីថា ទីក្រុងមូស្គូនឹង «ដាក់គំនាបយ៉ាងតឹងរ៉ឹង និងដាច់ខាត» ចំពោះការប៉ុនប៉ងចូលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ខ្លួន។ ក្រសួងនិយាយថា ក្រសួងអាចនឹងបណ្ដេញបុគ្គលិកស្ថានទូតអាមេរិកណាមួយដែលជាប់ពាក់ព័ន្ធទៅនឹងសកម្មភាពបែបនេះ ហើយការប៉ុនប៉ងជ្រៀតជ្រែករួមមាន «យុទ្ធនាការក្នុងការរារាំង និងព័ត៌មានមិនពិត នៅក្នុងបរិបទនៃការបោះឆ្នោត និងប្រតិបត្តិការយោធាពិសេស។ប្រទេសរុស្ស៊ី មានផែនការរៀបចំការបោះឆ្នោតប្រធានាធិបតី ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែមីនា ហើយចាត់ទុកការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែនថាជា «ប្រតិបត្តិការសឹកពិសេស»។

កម្ពុជាជាប្រទេសដៃគូដ៏ល្អបំផុតក្នុងការគាំទ្រដល់សកម្មភាពរបស់សហព័ន្ធជាតិ នៃគ្រួសារ​ទាហាន​អាមេរិក​បាត់ខ្លួន​នៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប្រមាណជាង ៣២ ឆ្នាំមកនេះ

2024/03/08 12:53:59 pm        198
នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី Ann Mills-Griffiths ប្រធាន​សហព័ន្ធជាតិ​នៃ​គ្រួសារ​ទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប លោកស្រី Ann Mills-Griffiths បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែល​បាន​ឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោកស្រី និងសហការី ចូលជួប​សម្តែង​ការ​គួរសម ព្រមទាំងបានចូលរួមអបអរសាទរ​ចំពោះជោគជ័យ​នៃដំណើរបំពេញបេសកកម្ម​ការងារ​របស់សម្តេចធិបតី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី នៅទីក្រុង​ម៉ែលប៊ន ប្រទេសអូស្ត្រាលី។ ជាមួយគ្នានេះដែរ លោកស្រី ក៏បានផ្តាំផ្ញើការសួរសុខទុកជូនចំពោះ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធាន​ក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និងបានអបអរសាទរចំពោះជ័យជម្នះនៃការបោះឆ្នោតព្រឹទ្ធសភា ​អាណត្តិទី៥ កាលពីថ្ងៃទី២៥​​​ខែកុម្ភៈ​​កន្លងមកនេះ។ លោកស្រី ក៏បានគោរពថ្លែងអំ​ណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​រាជ​រដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់​នូវ​កិច្ចសហការ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​សកម្មភាព​របស់​សហព័ន្ធជាតិ នៃ​គ្រួសារទាហានអាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ ក្នុងរយៈពេលប្រមណ​ជាង ៣២ ឆ្នាំមកនេះ។ ជាងនេះទៅទៀត លោកស្រីបានសង្កត់ធ្ងន់ថា កម្ពុជាគឺជាដៃគូ​ដ៏ល្អបំផុត​ក្នុង​ការ​គាំទ្រ​សកម្ម​ភាព​ការងារ​របស់​សហព័ន្ធជាតិ​នៃ​គ្រួសារ​ទាហាន​អាមេរិក​បាត់​ខ្លួន​នៅ​អាស៊ីអាគ្នេយ៍ ដែលនេះជាកាយវិការមនុស្សធម៌ និងបង្ហាញពីមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ​ចំពោះក្រុម​គ្រួសារទាហានដែលបានបាត់ខ្លួន ដោយកម្ពុជាបានបែកចែកយ៉ាង​ច្បាស់រវាង​ការងារ​មនុស្ស​ធម៌ និងបញ្ហានយោបាយ។ ទន្ទឹងនឹងនេះ លោកស្រី ក៏បានគោរពជម្រាបជូន សម្តេចធិបតី អំពី​អ្នក​ដែលត្រូវបន្តការងារបន្ទាប់ពីលោកស្រីបញ្ចប់ភារកិច្ច គីលោក Mark Stephensen ដែល​លោក​នឹងត្រូវបន្តកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាបន្ថែមទៀត។ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះ លោកស្រី Ann Mills-Griffiths និងសហការី ព្រមទាំងបាន​វាយ​តម្លៃ​ខ្ពស់​ចំពោះសកម្មភាពការងាររបស់សហព័ន្ធជាតិ​នៃគ្រួសារ​ទាហាន​អាមេរិកបាត់ខ្លួននៅអាស៊ីអាគ្នេយ៍ នាពេលកន្លងមក។ សម្តេចធិបតី ក៏បានបញ្ជាក់ផង​ដែរថា​ រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តការគាំទ្រការងារបស់សហព័ន្ធលោកស្រី ហើយរាជ​រដ្ឋាភិបាល​នឹង​ខិតខំបន្ថែមទៀតក្នុងការសម្របសម្រួល​លើ​សកម្មភាព​នេះ​ឱ្យ​សម្រេច​បាន​ជោគជ័យ ទោះបីជានៅតំបន់ខ្លះ​នៅមានលក្ខណៈស្មុគស្មាញក៏ដោយ។ ទន្ទឹមគ្នានេះ សម្តេចធិបតី បានបញ្ជាក់​ជូនលោកស្រីថា​ជាមួយនឹងបទពិសោធន៍ដ៏ច្បាស់លាស់​និងយូរអង្វែង​រាជរដ្ឋាភិបាលនឹងប្រគល់ភារកិច្ចជូន ឯកឧត្តម ប៉ុល សារឿន បន្តទៀត​ក្នុងការសម្របសម្រួល និងសហកា​រជា​មួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តបេសកកម្មស្រាវជ្រាវ និង ជីករុករកអដ្ឋិធាតុ​ជនជាតិអាមេរិកបាត់ខ្លួន ឱ្យបានជោគជ័យ ប្រកបដោយកាយវិការនៃការគោរព និង ស្រឡាញ់ ចំពោះក្រុមគ្រួសា​រនៃទាហានដែលបានបាត់ខ្លួន ៕

សម្តេច ឃួន សុដារី៖ ការដោះស្រាយវិសមភាពយេនឌ័រមិនមែន ដើម្បីតែស្ត្រីប៉ុណ្ណោះទេ តែនឹងធ្វើឱ្យសង្គមមានយុត្តិធម៌ សមភាព និងវិបុលភាពសម្រាប់ទាំងអស់គ្នា

2024/03/08 12:38:32 pm        177
ភ្នំពេញ៖ នៅពេលអញ្ជើញថ្លែងបទអន្តរាគមន៍ក្នុងវេទិកាតុមូលលើកទី២ ស្តីពី សមភាព និង​ចំនួនស្មើគ្នារវាងស្រ្តី និងបុរសក្នុងវិស័យនយោបាយ និងការអះអាងពីតួនាទីគម្រូរបស់ស្រ្តី នាថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រ​កម្ពុជា បានសង្កត់ធ្ងន់ថា កម្ពុជាបានប្តេជ្ញាចិត្តយ៉ាងមោះមុត​ក្នុងកា​រពង្រឹង​សមភាពយេនឌ័រ និងការចូលរួមរបស់ស្ត្រីក្នុងកិច្ចការនយោបាយ។ សម្តេចប្រធានរដ្ឋសភា បានលើកឡើងបន្តថា យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់​រាជរដ្ឋាភិបាលនីតិកាលទី ៧ ជាផែនការអភិវឌ្ឍរយៈពេល ៥ឆ្នាំ (ឆ្នាំ២០២៣-២០២៨) បាន​គូស​បញ្ជាក់អំពីសារៈសំខាន់នៃសមភាពយេនឌ័រ និងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រី នៅលើ​វិស័យ​សំខាន់ៗរួមមាន សេដ្ឋកិច្ច អប់រំ សុខាភិបាល និងភាពជាអ្នកដឹកនាំសាធារណៈ។ សម្តេច​រដ្ឋសភាធិបតី បានសង្កត់ធ្ងន់ថា រដ្ឋសភា​បា​នប្តេជ្ញា​ចិត្ត​ក្នុង​បុព្វ​ហេតុ​លើក​កម្ពស់​សម​ភាព​យេនឌ័រ តាមរយៈការងារនីតិកម្ម ការងារតាមដានត្រួតពិនិត្យ និងវាយតម្លៃ និង​ភាព​ជាតំ​ណាង​របស់​ខ្លួន “យើងបានបញ្ជាក់ច្បាស់នូវវិធីសាស្ត្រផ្តោតលើយេនឌ័រ និងការរឆ្លើយត​ប​ទៅ​នឹង​តម្រូវ​ការ​យេនឌ័រ​ក្នុងការស្វែងរកការគាំទ្រមតិលើការបង្កើតច្បាប់ និងគោលនយោបាយ”។ សម្តេចប្រធានរដ្ឋសភា បានបន្តទៀតថា នៅពេល​យើង​អាច​លើក​កម្ពស់​កម្រិត​នៃ​សមភាព​យេនឌ័របាន យើងមិនត្រឹមតែអាចកៀរគរមតិដើម្បីសម្រេចបាននូវសិទ្ធិសម្រាប់ស្ត្រីនោះទេ ហើយ​យើង​ក៏​អាចជួយជំរុញឱ្យសង្គមមួយមានយុត្តិធម៌ សមភាព និងវិបុលភាពសម្រាប់ទាំងអស់គ្នា។កិច្ចប្រជុំកំពូលប្រធានសភាជាស្រ្តីពិភពលោកលើកទី១ ដែលរដ្ឋសភាប្រទេសបាំងធ្វើជាម្ចាស់ផ្ទះ មាន​ការអញ្ជើញចូលរួមពីប្រធានសភាជាស្រ្តី មកពីប្រទេសចំនួន២៥ នៅទូទាំងពិភពលោក ដែល​មក​ជួប​ជុំគ្នាដើម្បីជំរុញបន្ថែមទៀតនូវការទូតសភាប្រកបដោយភាពបុរេសកម្ម ដែលគិតគូរ​ពី​បញ្ហា​ស្រ្តី​ និង​ក្មេងស្រី ការលើកកម្ពស់សិទ្ធិស្រ្តី និងការប្រឆាំងរាល់ទម្រង់នៃអំពើហិង្សាលើស្ត្រី។ ជាង​នេះ​ទៀត អ្វីដែលសំខាន់គឺ សភាដើរតួនាទីនាំមុខ ក្នុងការជំរុញឱ្យមានសមភាពរវាងស្ត្រីនិងបុរស តាមរយៈ​ការតាក់តែងនិងអនុម័តច្បាប់ពាក់ព័ន្ធសំខាន់ៗ។ កិច្ចប្រជុំកំពូលនេះមានវេទិកាតុមូលសំខាន់ចំនួនពីរ គឺទី១ មានប្រធានបទ ការអប់រំ​ប្រកប​ដោយ​សមភាព ការប្រយុទ្ធប្រឆាំងនឹងអំពើហិង្សាលើស្ត្រី និងសុខភាពស្ត្រី និងទី២មានប្រធានបទ សមភាព និង​ចំនួនស្មើគ្នារវាងស្ត្រី និងបុរសក្នុងវិស័យនយោបាយ និងការអះអាងអំពីតួនាទី​គម្រូ​របស់​ស្ត្រី។​សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងទៅកាន់អង្គប្រជុំបន្តថា ភាពជាអ្នកដឹកនាំរបស់ស្ត្រី មិន​មែន​គ្រាន់​តែជារឿងនិទាននោះទេ តែជាសក្ខីកម្មនៃភាពធន់ និងសមត្ថភាពរបស់ស្រ្តី។ ស្ត្រីបាន​បង្ហាញ​នូវ​ភាពជាអ្នកដឹកនាំដែលរួមបញ្ចូលដោយលក្ខណៈនៃការយល់ចិត្ត ការយកចិត្តទុកដាក់ ការ​ចែក​រំលែក និងភាពជាអ្នកដឹកនាំល្អិតល្អន់ទាំងនៅតាមគេហដ្ឋាន និងក្នុងវិស័យវិជ្ជាជីវៈ។សម្តេច​ប្រធានរដ្ឋសភា បានជម្រាបជូនអង្គប្រជុំថា គេត្រូវទទួល​ស្គាល់​ពី​ធម្មជាតិ​ដែល​បាន​ចាក់​ឫស​យ៉ា​ងជ្រៅក្នុងវិសមភាពយេនឌ័រ។ ស្ត្រីនិងក្មេងស្រីតែងប្រឈមទៅនឹងអំពើហិង្សា ការ​រំលោភ​បំពាន និងការផ្តល់តម្លៃមិនស្មើគ្នា ទាំងនៅតាមផ្ទះ កន្លែងធ្វើការ និងតាមសហគមន៍ ព្រមទាំង​មិន​ទាន់​បាន​នូវឱកាសរៀនសូត្រ រកប្រាក់ចំណូល និងដឹកនាំថែមទៀតផង។ ការដោះស្រាយ​វិសម​ភាព​យេនឌ័រ គឺជាបញ្ហាសកលមួយដែលផ្តល់អត្ថប្រយោជន៍ដល់មនុស្សគ្រប់រូប មិនមែន​សម្រាប់​តែ​ស្ត្រីប៉ុណ្ណោះទេ។ ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី បានលើកឡើង​ថា​ការ​ជួប​ជុំ​ប្រធាន​សភា​ជា​ស្រ្តី​នាឱកាសនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ស្រ្តី។ តំណាងស្រ្តីដែលបានជជែក ពិភាក្សាយ៉ាងហ្មត់​ចត់​អំពី​ប្រធាន​បទ​ដ៏​មា​ន​សក្តា​នុពល​រវាង​សម​ភាព​យេន​ឌ័រ ភាពស្មើគ្នា និងការពង្រឹងអំណាចនៅក្នុងនយោបាយ បានគូសបញ្ជាក់​ពី​តួនាទី​ដ៏​សំខាន់​របស់​ស្ត្រី​គម្រូក្នុងសង្គម។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា “ស្ត្រីត្រូវកសា​ង​សមត្ថ​ភាព និងជំនាញរបស់ខ្លួន ដើម្បីចាប់យកនូវកាលានុវត្តភាព ដែលគាំទ្រដោយ​បរិយាកាស​អំណោយ​ផល រួមបញ្ចូលទាំងការគាំទ្រពីក្រុមគ្រួសារ ដៃគូ និងសហគមន៍។ យើងចាំបាច់ត្រូវធ្វើការផ្លាស់ប្តូរបទដ្ឋានសង្គម រួមមានផ្នត់គំនិត ក៏ដូចជាប្រព័ន្ធនយោបាយ និង​សេដ្ឋកិច្ច សំដៅផ្តល់​សិទ្ធិ​អំណាច​ដល់​ស្ត្រី​ដើម្បី​ឱ្យ​ពួក​គេអាចសម្រេច​បាន​នូវ​សក្តា​នុពលរបស់​ខ្លួន”៕​

រដ្ឋមន្ត្រីការបរទេសអង់គ្លេស ជំរុញឲ្យមានការបញ្ជូនអាវុធរយៈចម្ងាយឆ្ងាយទៅឲ្យអ៊ុយក្រែន

2024/03/08 11:50:16 am        117
រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ដេវីត កាមេរូន បានតស៊ូមតិយ៉ាងម៉ឺងម៉ាត់ លើការបញ្ជូនអាវុធរយៈចម្ងាយឆ្ងាយទៅឲ្យប្រទេសអ៊ុយក្រែន ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៊ែរឡាំង កាលពីថ្ងៃព្រហស្បតិ៍។លោកបានថ្លែងបន្ទាប់ពីជួបជាមួយរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ អានណាឡេណា បែបក់ (Annalena Baerbock) នៅទីក្រុងប៊ែរឡាំងថា៖«នៅពេលនិយាយអំពីអាវុធរយៈចម្ងាយឆ្ងាយ ខ្ញុំអាចនិយាយសម្រាប់តែបទពិសោធរបស់ចក្រភពអង់គ្លេសអំពីប្រសិទ្ធភាពនៃអាវុធទាំងនេះក្នុងការជួយអ៊ុយក្រែនប្រយុទ្ធប្រឆាំងនឹងការឈ្លានពានខុសច្បាប់នេះ»។មីស៊ីលតម្រង់គោលដៅ Storm Shadow ជាអាវុធដែលអង់គ្លេស កំពុងផ្គត់ផ្គង់ឲ្យអ៊ុយក្រែន ។ ទោះជាយ៉ាងណាក៏ដោយ លោកអធិការបតីអាល្លឺម៉ង់ អូឡាហ្វ សូល (Olaf Scholz) បដិសេធមិនផ្តល់មីស៊ីល តម្រង់គោលដៅរយៈចម្ងាយឆ្ងាយ Taurus របស់កងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ ដោយសារលោក បារម្ភថា អាល្លឺម៉ង់ អាចចូលរួមក្នុងសង្គ្រាមនេះ។លោកកាមេរូន បានជំទាស់យ៉ាងដាច់អហង្ការចំពោះទ្រឹស្តីដែលថា ការផ្តល់ប្រព័ន្ធសព្វាវុធថ្មី អាចនាំទៅដល់ការពង្រីកសង្រ្គាមនេះ។ លោកកាមេរូន បាននិយាយថា៖ «នៅគ្រប់ដំណាក់កាល វាត្រូវបានគេនិយាយថា ប្រសិនបើអ្នកផ្តល់អាវុធប្រឆាំងរថក្រោះដល់អ៊ុយក្រែន នោះគឺជាការកើនឡើងភាពតានតឹង។ ទេ វាមិនមែនទេ។ ប្រសិនបើអ្នកផ្តល់រថក្រោះដល់អ៊ុយក្រែន នោះគឺជាការកើនឡើងភាពតានតឹង។ ទេ វាមិនមែនទេ។ ប្រសិនបើអ្នកផ្តល់កាំភ្លើងធំរយៈចម្ងាយឆ្ងាយ ឬអាវុធបាញ់បានចម្ងាយឆ្ងាយ ដល់អ៊ុយក្រែន។ នោះ គឺជាការកើនឡើងភាពតានតឹង។ លោកកាមេរូន បានបន្តទៀតថា៖«ប្រសិនបើអ្នកកំពុងធ្វើអ្វីដែលអ្នកកំពុងធ្វើ គឺជួយប្រទេសមួយការពារខ្លួនពីការឈ្លានពានខុសច្បាប់ និងអយុត្តិធម៌ទាំងស្រុងនោះ វាមិនគួរមានអ្វីមករារាំងអ្នកក្នុងការជួយប្រទេសនោះឲ្យទទួលបានមកវិញនូវទឹកដីរបស់ខ្លួន»។

លោក Bidenវាយប្រហារលោក Trump ពាក់ព័ន្ធបញ្ហារុស្ស៊ី ក្នុងសុន្ទរកថាប្រចាំឆ្នាំដ៏តានតឹង

2024/03/08 11:47:06 am        153
លោកប្រធានាធិបតី Joe Biden បានវាយប្រហារអតីតប្រធានាធិបតីលោក Donald Trump សម្រាប់ឥរិយាបទចំពោះប្រទេសរុស្ស៊ី ដោយពុំបានខ្វល់ខ្វាយអំពីការរាតត្បាតជំងឺ COVID-19 និងសកម្មភាព លុកលុយរបស់លោកនៅក្នុងវិមាន Capitol កាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ២០២១ ក្នុងសុន្ទរកថាប្រចាំឆ្នាំដែលបង្ហាញពីការប្ដេជ្ញាចិត្តរបស់លោកសម្រាប់ការបោះឆ្នោតជាថ្មីនៅឆ្នាំ ២០២៤នេះ ។ ថ្លែងនៅមុនសម័យប្រជុំរួមគ្នានៃសភា និងព្រឹទ្ធសភា លោក Biden បានចាប់ផ្ដើមសុន្ទរកថារបស់លោកដោយការរិះគន់ចំៗលើលោក Trump ចំពោះការអត្ថាធិប្បាយដែលថានឹងបើកដៃឲ្យប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ឈ្លានពានប្រទេសជាស ម្ព័ន្ធមិត្តណាតូផ្សេងទៀត ប្រសិនបើពួកគេមិនបង់លុយឲ្យថ្លៃការពារជាតិឲ្យបានគ្រប់ចំនួន។ លោក Biden បាននិយាយដោយដកស្រង់សម្ដីលោក Trump ថា ឥឡូវនេះ អ្នកកាន់តំណែងមុនរបស់ខ្ញុំ ដែលជាអតីតប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ ប្រាប់លោក Putin ថា ចង់ធ្វើអីក៏ធ្វើតាមចិត្តចុះ។ខ្ញុំគិតថានេះជារឿងហួសចិត្ត គ្រោះថ្នាក់ ហើយមិនអាចទទួលយកបានឡើយ។ លោក Biden ដែលបាននិងកំពុងជំរុញសភាឲ្យផ្តល់ថវិកាបន្ថែមដល់អ៊ុយក្រែនសម្រាប់សង្រ្គាមជាមួយរុស្ស៊ីនោះ ក៏មានសារមួយផងដែរផ្ដាំទៅលោក Putin ថា យើងនឹងមិនដើរចោលអ៊ុយក្រែនឡើយ។លោកប្រធានាធិបតីរូបនេះ មានគំនិតផ្ទុយគ្នាជាមួយលោក Trump ដែលជាគូប្រជែងរបស់លោកមកពីគណបក្សសាធារណរដ្ឋនៅក្នុងការបោះឆ្នោតនៅថ្ងៃទី ៥ ខែវិច្ឆិកា២០២៤ អំពីលទ្ធិប្រជាធិបតេយ្យ សិទ្ធិរំលូតកូន និងសេដ្ឋកិច្ច អំឡុងពេលសុន្ទរកថាដែលគណបក្សប្រជាធិបតេយ្យមើលឃើញថាជាឱកាសមាសសម្រាប់លោក Biden ប្រមូលប្រជាប្រិយភាពសម្រាប់អាណត្តិទីពីរនៅចំពោះមុខជនជាតិអាមេរិករាប់លាននាក់ ដែលកំពុងទស្សនាតាមកញ្ចក់ទូរទស្សន៍៕

អាមេរិក គំរាមចាត់វិធានការប្រឆាំងអ៊ីរ៉ង់ នៅទីភ្នាក់ងារថាមពលបរិមាណូអន្តរជាតិជុំវិញការបន្តសកម្មភាពនុយក្លេអ៊ែរ

2024/03/08 11:02:15 am        174
សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ បានគំរាមចាត់វិធានការនាពេលអនាគតប្រឆាំងនឹងអ៊ីរ៉ង់ នៅឯអង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ ប្រសិនបើទីក្រុងតេអេរ៉ង់ បន្តមិនឆ្លើយតបអ្នកឃ្លាំមើល ដោយបដិសេធកិច្ចសហប្រតិបត្តិការ និងចម្លើយដែលអង្គការនេះ ស្វែងរកលើបញ្ហាមួយចំនួនរួមទាំងភ័ស្តុតាងអ៊ុយរ៉ានីញ៉ូមដែលមិនអាចពន្យល់បានជាយូរមកហើយនោះ។នៅឯកិច្ចប្រជុំប្រចាំត្រីមាសនៃក្រុមប្រឹក្សាអភិបាលប្រទេសចំនួន៣៥ របស់ទីភ្នាក់ងារថាមពលបរិមាណូ អន្តរជាតិ (IAEA) ទីក្រុងវ៉ាស៊ីនតោន បានប្រាប់អ៊ីរ៉ង់ម្តងទៀតឲ្យសហការជាមួយក្រុមអធិការកិច្ច IAEA ដែលស្វែងរកការពន្យល់ពីទីក្រុងតេអេរ៉ង់អស់រយៈពេលជាច្រើនឆ្នាំអំពីប្រភពដើមនៃភាគល្អិតអ៊ុយរ៉ានីញ៉ូមនៅកន្លែងមួយចំនួនដែលមិនបានបញ្ជាក់។ទោះជាយ៉ាងនេះក្តី សហរដ្ឋអាមេរិកបានឈប់រយៈពេលខ្លីក្នុងការស្វែងរកដំណោះស្រាយប្រឆាំងនឹងអ៊ីរ៉ង់។ ក្រុមអ្នកការទូត បានលើកឡើងពីការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកក្នុងខែវិច្ឆិកាថា ជាហេតុផលដែលក្រុងវ៉ាស៊ីនតោនស្ទាក់ស្ទើរក្នុងការធ្វើដូច្នេះ។ ទីក្រុងតេអេរ៉ង់ ប្រកាន់ខ្ជាប់នូវសេចក្តីសម្រេចបែបនេះ ហើយជារឿយៗឆ្លើយតបដោយការបង្កើនសកម្មភាពរបស់ខ្លួន។សហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់កិច្ចប្រជុំក្រុមប្រឹក្សាភិបាលថា៖«យើងជឿថា យើងបានឈានដល់ចំណុចដែលយើង និងសហគមន៍អន្តរជាតិ ត្រូវតែពិចារណាឡើងវិញពីរបៀបដើម្បីឆ្លើយតបទៅនឹងការបន្តសកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់" ។ «យើងមិនអាចអនុញ្ញាតឲ្យគំរូនៃអាកប្បកិរិយាបច្ចុប្បន្នរបស់អ៊ីរ៉ង់បន្តទៅទៀតទេ។ឥឡូវនេះ វាមានរយៈពេលជាងមួយឆ្នាំហើយ ចាប់តាំងពីសេចក្តីសម្រេចចុងក្រោយរបស់ក្រុមប្រឹក្សាភិបាលប្រឆាំងនឹងអ៊ីរ៉ង់ ដែលបានបញ្ជាឲ្យទីក្រុងតេអេរ៉ង់សហការជាបន្ទាន់ជាមួយនឹងការស៊ើបអង្កេតលើភាគ ល្អិតអ៊ុយរ៉ានីញ៉ូមទាំងនោះ។ ទីក្រុងតេអេរ៉ង់ បានច្រានចោលសេចក្តីសម្រេចនេះថា ជា «នយោបាយ» និង «ប្រឆាំងអ៊ីរ៉ង់» ទោះបីជាមានតែប្រទេសចិន និងរុស្ស៊ីដែលជំទាស់ក៏ដោយ។

សម្ដេចធិបតី៖ រាជរដ្ឋាភិបាលបន្តផ្ដល់អាទិភាពខ្ពស់ បង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី​លើគ្រប់វិស័យ

2024/03/08 10:42:04 am        145
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា មានប្រសាសន៍ថាថា រាជរដ្ឋាភិបាល បានបន្តកំណត់ជាអាទិភាពក្នុងការលើកកម្ពស់សមភាពយេនឌ័រ និង​ការ​បង្កើន​ភាពអង់​អាច​របស់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យ ក្នុងរបៀបវារៈគោលនយោបាយ និង​យុទ្ធសាស្ត្រ​បញ្ចកោណ ដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋ ក្នុងសង្គម​ដែល​មាន​អារ្យធម៌​ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះ ស្ដ្រី គឺជាស្នូល។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់បែបនេះ ក្នុងឱកាសថ្លែងសុន្ទរកថា អបអរ​សាទរ​ខួប​ទី​១១៣ ទិវាអន្ដរជាតិនារី ៨មីនា ឆ្នាំ២០២៤ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ ដែលកម្ពុជា ប្រារព្ធ​ទិវា​អន្តរជាតិ​នេះឡើ​ង ក្រោមមូលបទ «ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ក្នុងគោលបំណង​រំលេច ​អំពីសក្តានុពលនិងសារៈសំខាន់នៃការចូលរួម និងភាពជាតំណាងរបស់ស្ត្រី និងក្មេងស្រី នៅ​ក្នុង​សេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា។សម្ដេចធិបតីថ្លែងថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានឹង​បន្ត​ថែ​រក្សា​មរតក​ដ៏​ថ្លៃ​ថ្លា​របស់​រាជ​រដ្ឋាភិបាល អាណត្តិ មុនក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយ​របស់​សម្ដេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី តាមរយៈ​ការ​បង្កើន​ការ​វិនិយោគ​លើ​របៀប​វារៈយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីនៅក្នុងវិស័យ សេដ្ឋកិច្ច អប់រំ សុខភាព និង​ក្នុង​តួនាទី​ជាអ្នកដឹកនាំ ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ បង្កលក្ខណៈ អំណោយ​ផល​ដល់ស្ត្រី ការប្រើប្រាស់សិទ្ធិលើការសម្រេចចិត្តអំពីសុខភាព និងផែនការគ្រួសារ កាត់​បន្ថយ​ភាពងាយរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រលើស្រ្តីនិងក្មេងស្រី ព្រម​ទាំង​ការ​លើក​កម្ពស់ទំនាក់ទំនងអន្តរជំនាន់។សម្ដេចបន្តថា នយោបាយឈ្នះឈ្នះ បាននាំមកនូវភាពរីកចម្រើនជូនស្ត្រីនៅកម្ពុជា ដោយ​សុខ​សន្តិភាព​បាន​បង្កើតស្ថានភាព អំណោយផល ធ្វើឲ្យប្រទេសជាតិមានកិច្ចអភិវឌ្ឍ និងភាពរីក​ចម្រើន ដែលអនុញ្ញាតឲ្យរាជរដ្ឋាភិបាល បានពង្រីកការវិនិយោគជាបន្តបន្ទាប់លើការអភិវឌ្ឍសង្គម និង​អនុវត្ត​កម្មវិធីនយោបាយឆ្លើយតបនឹងយេនឌ័រ និងការពារសិទ្ធិមនុស្ស ជាពិសេស ការលើក​កម្ពស់​សិទ្ធិ​ស្រ្តីឲ្យបានកាន់តែទូលំទូលាយ។ មានដូចជា នៅក្នុងវិស័យអប់រំ គម្លាតយេនឌ័រនៅកម្រិតបឋមសិក្សា និងមធ្យមសិក្សា​ត្រូវ​បាន​លុប​បំបាត់​។ ស្ត្រីកម្ពុជា បានចូលរួមយ៉ាងសកម្ម និងជាតួអង្គដ៏សំខាន់ នៅក្នុងការ​លើក​កម្ពស់​ស្ថានភាព​ជីវភាព​គ្រួសារ និងកំណើនសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ។ ស្ត្រីមាន​អត្រា​ប្រមាណ​៦៩%​ ជាអ្នកតំណាងនៅក្នុងចំណោមអង្គភាព សេដ្ឋកិច្ចសរុបនៅកម្ពុជា។ កម្ពុជា​ទទួល​បាន​ការ​ដាក់​ចំណាត់​ថ្នាក់​ខ្ពស់​បំផុត នៅក្នុងចំណោមបណ្ដាប្រទេស លើសកលលោក ដែល​មាន​សេរីភាព​សម្រាប់​ស្ត្រី ក្នុងការចាប់ផ្តើមធ្វើអាជីវកម្មនិងធុរកិច្ច។ អត្រាមរណភាពមាតាមានការថយចុះជាបន្តបន្ទាប់ (ពី៤៣៧នាក់ ក្នុងឆ្នាំ២០០០ មកនៅ​ត្រឹម​១៥៤​នាក់ នៅឆ្នាំ២០២២ ក្នុងចំណោមទារកកើតរស់ ១០០,០០០នាក់)។ ស្ត្រីជាកម្មការិនី ទទួល​បានការឈប់សម្រាកលំហែមាតុភាពរយៈពេល៣ខែ ដោយទទួលបានប្រាក់បៀវត្សរ៍ ១២០% បូកបន្ថែមជាមួយនឹងការជួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ចំនួន៤០ម៉ឺនរៀល សម្រាប់​ការ​សម្រាល​កូន១នាក់ ចំនួន៨០ម៉ឺនរៀល សម្រាប់ការសម្រាលកូនភ្លោះ២នាក់ ហើយសម្រាប់​កូន​ភ្លោះ​៣​នាក់ ចំនួន១លាន២០ម៉ឺនរៀល បូកបន្ថែមនឹងជំនួយឧបត្ថម្ភរបស់សម្ដេចតេជោ ចំនួន ៥លាន​រៀលទៀត។ របាយការណ៍អង្កេតប្រជាសាស្ត្រនិងសុខភាព ចុងក្រោយ បានឱ្យដឹងថា អត្រា​ប្រេវ៉ាឡង់ នៃអំពើហិង្សាលើស្រ្តីពី សំណាក់ដៃគូ​ស្និទ្ធ​ស្នាល​ក្នុង​មួយ​ជីវិត​មាន​ការ​ថយ​ចុះ​ពី​២៩% នៅឆ្នាំ២០១៤ មកត្រឹម២១% នៅឆ្នាំ២០២១។ ការចូលរួមរបស់ស្ត្រីក្នុងតួនាទីធ្វើសេចក្តីសម្រេច បានកើនឡើងជាបន្តបន្ទាប់ តាមរយៈ​ការ​គាំទ្រ​ពី​រាជ​រដ្ឋាភិបាល និងថ្នាក់ដឹកនាំនៅគ្រប់កម្រិត ជាពិសេស ការប្តេជ្ញា​ចិត្ត​ផ្នែក​នយោបាយ​ក្នុង​ការ​ដាក់​ចេញ​វិធាន​ការជាវិជ្ជមាន ក្នុងការជ្រើសរើសក្របខ័ណ្ឌមន្ត្រីរាជការថ្មីតាមក្រសួង ស្ថាប័ន ដោយ​កំណត់​ឱ្យ​មាន​អត្រាចំនួនស្ត្រីពី២០% ទៅ៥០%។ វប្បធម៌អហិង្សា សីលធម៌សង្គម និងការ​ថែ​រក្សា​ភាព​ថ្លៃថ្នូររបស់ស្ត្រី និងតម្លៃគ្រួសារខ្មែរ ត្រូវបានលើកកម្ពស់ជា បន្តបន្ទាប់ ដោយចាត់​ទុក​ថា​ជា​កត្តា​ចាំបាច់មួយមិនអាចខ្វះបាន សម្រាប់ភាពជាពលរដ្ឋ ក្នុងសង្គមដែលមាន អារ្យធម៌ខ្ពស់ ប្រកប​ដោយ​សីលធម៌ សមធម៌ និងបរិយាបន្ន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាអញ្ជើញនិវត្តន៍ដល់មាតុប្រទេស ក្រោយពីបានចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី ទទួលបានជោគជ័យ ប្រកបដោយមោទនភាព
09/21/2025 08:09 PM
ទេយ្យទានសម្តេចធិបតី និងលោកជំទាវបណ្ឌិត បានប្រគេនព្រះសង្ឃចំនួន ៣៦វត្ត ក្នុងខេត្តកំពង់ឆ្នាំង
09/21/2025 04:09 PM
​​ទេយ្យទានរបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិតបានប្រគេនដល់ព្រះសង្ឃ ១៤វត្ត នៅខេត្តស្វាយរៀង
09/21/2025 04:09 PM
អង្គការសហប្រជាជាតិ ព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពកាន់តែយ៉ាប់យ៉ឺននៅក្នុងទីក្រុង el-Fasher របស់ស៊ូដង់
09/21/2025 04:09 PM
សមត្ថកិច្ចបង្រ្កាបករណីចាប់ឃុំឃាំងបង្ខាំងមនុស្សធ្វើទារុណកម្មដោយខុសច្បាប់ និងជួញដូរមនុស្សដោយមានគោលដៅដោយឃាត់ជនសង្ស័យ៧នាក់
09/21/2025 03:09 PM
អង់គ្លេស និងព័រទុយហ្គាល់ នឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅមុនការពិភាក្សារបស់អង្គការសហប្រជាជាតិ
09/21/2025 03:09 PM
យន្តហោះចម្បាំងអង់គ្លេសចាប់ផ្តើមបេសកកម្មការពារដែនអាកាសរបស់អង្គការណាតូលើប្រទេសប៉ូឡូញ
09/21/2025 03:09 PM
ក្រុមបាតុករអ៊ីស្រាអែល បន្តប្រមូលផ្ដុំទាមទារឲ្យរដ្ឋាភិបាល បញ្ចប់សង្គ្រាមនៅហ្កាហ្សា
09/21/2025 03:09 PM
ពលរដ្ឋជិតឆ្ងាយជាច្រើននាំទេយ្យទានទៅធ្វើបុណ្យ និងប្រគេនព្រះសង្ឃនៅវត្តព្រៃចាន់ក្នុងឱកាសភ្ជុំបិណ្ឌនេះ
09/21/2025 02:09 PM
លោក Trump ព្រមានអាហ្វហ្គានីស្ថានពីភាពធ្ងន់ធ្ងរ ប្រសិនបើមិនប្រគល់មូលដ្ឋានទ័ព Bagramឲ្យអាមេរិកវិញ
09/21/2025 02:09 PM