គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល

នយោបាយ​ និង ការអភិវឌ្ឍន៍

ប៉ូឡូញនិយាយថា សហភាពអឺរ៉ុប យល់ព្រមកែប្រែកិច្ចព្រមព្រៀងដឹកជញ្ជូនជាមួយអ៊ុយក្រែន

2024/03/06 02:58:13 pm        65
ក្រសួងហេដ្ឋារចនាសម្ព័ន្ធរបស់ប៉ូឡូញ បាននិយាយកាលពីថ្ងៃអង្គារ (០៥ មីនា) ថាគណៈកម្មការអឺរ៉ុបបានយល់ព្រមធ្វើការដើម្បីផ្លាស់ប្តូរកិច្ចព្រមព្រៀងរបស់សហភាពអឺរ៉ុប ជាមួយអ៊ុយក្រែន លើការដឹកជញ្ជូនទំនិញតាមផ្លូវគោក ដែលអ្នកដឹកទំនិញប៉ូឡូញបានទាមទារ។ការពិនិត្យឡើងវិញនៃកិច្ចព្រមព្រៀង ដែលបានដកចេញការរឹតបន្តឹងភាគច្រើនសម្រាប់អ្នកបើកបរដឹកជញ្ជូនទំនិញរវាងអ៊ុយក្រែន និងសហភាពអឺរ៉ុបនេះ គឺស្ថិតក្នុងចំណោមការទាមទារសំខាន់ៗរបស់អ្នកដឹកទំនិញប៉ូឡូញ ដែលបានបិទច្រកព្រំដែនមួយចំនួនជាមួយអ៊ុយក្រែន ដើម្បីតវ៉ាអស់រយៈពេលជាច្រើនសប្តាហ៍។កាលពីខែវិច្ឆិកា ក្រុមអ្នកដឹកជញ្ជូនប៉ូឡូញបានបិទច្រកព្រំដែនជាមួយអ៊ុយក្រែន ដោយតវ៉ាលើអ្វីដែលពួកគេនិយាយថាជាការប្រកួតប្រជែងមិនយុត្តិធម៌ពីសមភាគីអ៊ុយក្រែនរបស់ពួកគេ។ការតវ៉ានេះត្រូវបានផ្អាកក្នុងខែមករា បន្ទាប់ពីរដ្ឋាភិបាលនៅទីក្រុងវ៉ាសូវី បានសន្យាគាំទ្រការទាមទាររបស់ពួកគេនៅក្នុងកិច្ចពិភាក្សាជាមួយទីក្រុងព្រុចសែល និងពិភាក្សាអំពីការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប សម្រាប់ក្រុមហ៊ុនដឹកជញ្ជូនប៉ូឡូញដែលរងផលប៉ះពាល់៕

បារាំងនឹងចូលរួមជាមួយផែនការរបស់សាធារណរដ្ឋឆេក ដើម្បីទិញគ្រាប់កាំភ្លើងធំ៨០ម៉ឺនគ្រាប់ឲ្យអ៊ុយក្រែន

2024/03/06 02:21:13 pm        113
ប្រធានាធិបតីបារាំងលោក អាម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានគាំទ្រផែនការរបស់សារធារណរដ្ឋឆេក ក្នុងការបញ្ជូនគ្រាបកាំភ្លើងធំចំនួន ៨00.000 គ្រាប់ ទៅកាន់ប្រទេសអ៊ុយក្រែនពីបណ្តាប្រទេសនៅក្រៅសហភាពអឺរ៉ុប ដើម្បីជួយប្រទេសនេះ ទប់ទល់នឹងការឈ្លានពានពេញទំហឹងរបស់រុស្ស៊ី។លោកប្រធានាធិបតីបារាំង បានថ្លែងថា គំនិតផ្តួចផ្តើមរបស់ឆេក «មានប្រយោជន៍ខ្លាំងណាស់ យើងគាំទ្រវា យើងនឹងចូលរួមក្នុងផែនការនេះ»។លោក បានបន្ថែមថា៖ «ប្រទេសនេះ បានស្វែងរកគ្រាប់រំសេវនៅគ្រប់ទីកន្លែងដែលមាន ហើយត្រូវគ្នាជាមួយនឹងឧបករណ៍ ដែលយើងបានបញ្ជូន [ទៅអ៊ុយក្រែន]»។និយាយអំពីមធ្យោបាយក្នុងការស្វែងរកមូលនិធិ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ផែនការរបស់ប្រទេសឆេក លោកម៉ាក្រុង បានស្នើថា វាអាចជា «ការប្រមូលផ្តុំទ្វេភាគី វាអាចជាកិច្ចសហប្រតិបត្តិការជាមួយភាគីទីបី និងការផ្តល់ហិរញ្ញប្បទានទ្វេភាគី»។ប្រធានាធិបតីបារាំងរូបនេះ បានស្នើថា៖«វាអាចជាការផ្តល់ហិរញ្ញប្បទានរបស់អឺរ៉ុប ដែលជាឧបករណ៍សន្តិភាពអឺរ៉ុប ដែលអាចត្រូវបានប្រមូលផ្តុំជាផ្នែកសម្រាប់គំនិតផ្តួចផ្តើមនេះ»។នៅក្នុងសន្និសិទសន្តិសុខទីក្រុងមុយនិច (Munich) ប្រធានាធិបតីឆេក លោក Petr Pavel បាននិយាយថា ប្រទេសនេះ បានរកឃើញវិធី ដើម្បីទទួលបានគ្រាប់កាំភ្លើងចំនួន ៨០០.000 ដែលខ្លួនអាចបញ្ជូនទៅកាន់អ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ប្រសិនបើការផ្តល់មូលនិធិដឹកជញ្ជូន ត្រូវបានផ្តល់ឲ្យនោះ។ក្រសួងការពារជាតិឆេក បាននិយាយកាលពីមុនថា ខ្លួនកំពុងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងនេះ ហើយបានទទួលការប្តេជ្ញាចិត្តពីមុនពីប្រទេសកាណាដា ដាណឺម៉ាក និងប្រទេសផ្សេងទៀតដែលមិនមានបំណងចង់បង្ហាញអត្តសញ្ញាណ។ប្រទេសហូឡង់ ដែលបានផ្តល់២៥០លានអឺរ៉ូរួចហើយក្នុងការទិញគ្រាប់រំសេវ ហើយបែលហ្ស៊ិកដែលនឹងបរិច្ចាគ ២០០ លានអឺរ៉ូ បានប្រកាសជាសាធារណៈអំពីការចូលរួមរបស់ពួកគេ។

សហភាពអឺរ៉ុប បង្ហាញផែនការថ្មី ដើម្បីជំរុញឧស្សាហកម្មការពារជាតិ

2024/03/06 02:13:09 pm        83
សហភាពអឺរ៉ុប បានបង្ហាញផែនការថ្មី ដើម្បីពង្រឹងឧស្សាហកម្មការពារជាតិរបស់ប្លុកនេះ បន្ទាប់ពីការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន។ គណៈកម្មការអឺរ៉ុប ដែលជាស្ថាប័នប្រតិបត្តិរបស់សហភាពអឺរ៉ុប កាលពីថ្ងៃអង្គារ បានចេញផ្សាយយុទ្ធសាស្ត្រឧស្សាហកម្មការពារជាតិលើកដំបូងរបស់ខ្លួនមិនធ្លាប់មាន និងកម្មវិធីឧស្សាហកម្មការពារជាតិថ្មី ដើម្បីធ្វើឲ្យប្រសើរឡើងការត្រៀមខ្លួន និងសន្តិសុខរបស់សហភាពអឺរ៉ុប។ផែនការនេះ អំពាវនាវឱ្យរដ្ឋជាសមាជិក ទិញយុទ្ធោបករណ៍ការពារជាតិយ៉ាងហោចណាស់ ៤០ភាគរយទាំងអស់គ្នា ក្នុង «លក្ខណៈសហការ» នៅឆ្នាំ ២០៣០។ ផែនការនេះ ក៏និយាយផងដែរថា បណ្តាប្រទេសសហភាពអឺរ៉ុប គួរតែមានគោលបំណងចំណាយយ៉ាងហោចណាស់ ៥០ ភាគរយនៃថវិកាលទ្ធកម្មការពារជាតិថ្មីរបស់ពួកគេ នៅក្នុងប្លុក នៅឆ្នាំដដែលនេះ។ សហភាពអឺរ៉ុប និយាយថា ខ្លួននឹងគៀងគរថវិកាចំនួន ១,៥ពាន់លានអឺរ៉ូ ឬប្រហែល ១,៦ ពាន់លានដុល្លារ នៃថវិការបស់ខ្លួន ក្នុងរយៈពេលឆ្នាំ ២០២៥ ដល់ឆ្នាំ២០២៧។ ផែនការនេះ ក៏អំពាវនាវឱ្យមានការបង្កើតការិយាល័យនៅទីក្រុងគីវ ប្រទេសអ៊ុយក្រែន ដើម្បីអភិវឌ្ឍបច្ចេកវិទ្យា និងធ្វើឲ្យប្រសើរកិច្ចសហប្រតិបត្តិការរវាងយោធា និងផ្នែកធុរកិច្ច របស់ប្រទេសអ៊ុយក្រែន និងក្រុមហ៊ុនសហភាពអឺរ៉ុប។ ប្រទេសជាសមាជិកសហភាពអឺរ៉ុប បាននឹងកំពុងកាត់បន្ថយការវិនិយោគក្នុងវិស័យការពារជាតិ ចាប់តាំងពីចុងបញ្ចប់នៃសង្គ្រាមត្រជាក់។ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញការព្រួយបារម្ភថា ការចំណាយយោធានៅអឺរ៉ុប មិនគ្រប់គ្រាន់។ អនុប្រធានគណៈកម្មការអឺរ៉ុប លោកស្រី ម៉ាហ្គ្រេត វ៉េស្តាជឺ(Margrethe Vestager) បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសជាសមាជិកសហភាពអឺរ៉ុប ត្រូវតែទទួលខុសត្រូវបន្ថែមទៀតសម្រាប់សន្តិសុខរបស់ពួកគេ ដោយមិនគិតពីសក្ដានុពលនៃការបោះឆ្នោត នៅក្នុងសហរដ្ឋអាមេរិក។ លោកស្រី បានបញ្ជាក់ ពីសារៈសំខាន់របស់សហភាពអឺរ៉ុប ដែលមានយុទ្ធសាស្ត្រក្នុងវិស័យការពារជាតិរបស់ខ្លួន។

យោធាអាមេរិកទម្លាក់ជំនួយបន្ថែមដល់តំបន់ហ្កាហ្សា នឹងមិនដាក់ពង្រាយកងទ័ពទេ

2024/03/06 02:10:14 pm        97
យោធាអាមេរិក បានអនុវត្តការទម្លាក់ជំនួយមនុស្សធម៌ផ្លូវអាកាសថ្មីដល់ប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្កា ហ្សាកាលពីថ្ងៃអង្គារ ដោយទម្លាក់តាមឆ័ត្រយោងនូវអាហារជាង ៣៦.៨០០កញ្ចប់ ខណៈដែលរដ្ឋបាល លោកបៃដិន បានជំរុញមន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលឲ្យទទួលបានជំនួយកាន់តែច្រើន ក្នុងអំឡុងពេលកិច្ចពិភាក្សា នៅទីក្រុងវ៉ាស៊ីនតោន។ការវាយលុករបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ដែលត្រូវបានគាំទ្រដោយសហរដ្ឋអាមេរិក បានផ្លាស់ប្តូរទីលំនៅភាគច្រើននៃប្រជាជន ២,៣លាននាក់ និងនាំឲ្យមានការខ្វះខាតស្បៀងអាហារ ទឹក និងថ្នាំពេទ្យ។ស្ថានភាពនេះ គឺអាក្រក់បំផុតនៅភាគខាងជើងនៃតំបន់ហ្កាហ្សា ដែលហួសពីលទ្ធភាពនៃភ្នាក់ងារជំនួយ ឬកាមេរ៉ាព័ត៌មាន ហើយជាគោលដៅនៃការធ្លាក់ចុះ កាលពីថ្ងៃអង្គារ។ អាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សា បាននិយាយថា កុមារចំនួន ១៥នាក់ បានស្លាប់ ដោយសារកង្វះអាហារូបត្ថម្ភ ឬខ្វះជាតិទឹក នៅក្នុងមន្ទីរពេទ្យតែមួយ។មន្ត្រីអាមេរិក បាននិយាយថា ជំនួយដែលទម្លាក់តាមអាកាស គឺជាជម្រើសដ៏ថ្លៃ និងមិនគ្រប់គ្រាន់សម្រាប់ជំនួយដែលដឹកជញ្ជូនមក ដោយសារទំហំនៃវិបត្តិមនុស្សធម៌។ រដ្ឋបាលរបស់ប្រធានាធិបតី ចូ បៃដិន កំពុងជំរុញឲ្យមានជំនួយចូលកាន់តែច្រើនឡើងតាមផ្លូវគោក។រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austinកាលពីថ្ងៃអង្គារ បានជួបជាមួយលោក Benny Gantz សមាជិកនៃគណៈរដ្ឋមន្ត្រីរបស់អ៊ីស្រាអែល នៅមន្ទីរបញ្ចកោណ ហើយបានជំរុញឲ្យមានការគាំទ្ររបស់លោកសម្រាប់អ៊ីស្រាអែល ក្នុងការធ្វើការបន្ថែមទៀត ដើម្បីជួយជនស៊ីវិល។

រដ្ឋបាលរាជធានីភ្នំពេញ ចុះចែកបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន២៦គ្រួសារ

2024/03/06 01:53:28 pm        101
រដ្ឋបាលរាជធានីភ្នំពេញក្រោមការដឹកនាំឯកឧត្តម ឃួង ស្រេង បានចាត់អោយលោក ធឹម សំអាន អភិបាលព្រែកព្នៅ និងប្រធានភូមិបាលខណ្ឌ ចុះចែកបណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋដែលរស់ នៅលើដី មិនស្របច្បាប់នៅភូមិសំរោងត្បូង អោយរស់នៅលើដីស្របច្បាប់ ដែលរដ្ឋបាលរាជធានី ភ្នំពេញ បានរៀបចំជូនប្រជាពលរដ្ឋចំនួនសរុប២៦គ្រួសារ នៅព្រឹកថ្ងៃទី០៦ខែមីនា ឆ្នាំ២០២៤ នេះ។ក្នុងកម្មវីធីចែកបណ្ណកម្មសិទ្ធិ លោក ធឹម សំអាន អភិបាលព្រែកព្នៅ បានអំពាវនាវ ដល់ប្រជាពលរដ្ឋ រស់នៅតាមបណ្ដោយផ្លូវលេខ១៥១ លើដី កម្មសិទ្ធិរដ្ឋ ចំនួនប្រមាណ៧០គ្រួសារ សុំមកទទួល យកដី ខាងរដ្ឋបាលរាជធានី និង រដ្ឋបាលខណ្ឌរៀបចំជូនដោយក្នុងមួយគ្រួសារទទួលបានដីចំនួន ០១ឡូត៍ ទំហំ៤ម៉ែត្រកន្លះ គុណនិង១៨ម៉ែត្រ មានបណ្ណកម្មសិទ្ធិស្របច្បាប់ ។ក្នុងពិធីនោះ លោកអភិបាលខណ្ឌ សំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅលើដីរដ្ឋគ្មាន​បណ្ឌកម្មសិទ្ធិត្រឹមត្រូវនោះ ចូលរួមជាមួយអាជ្ញាធរ ក្នុងការដោះស្រាយ ​ដើម្បីផលប្រយោជន៍រួម ដោយឈរលើគោលនយោបាយឈ្នះឈ្នះ របស់ប្រមុខរដ្ឋាភិបាល៕អត្ថបទ៖ កុម្ភៈ

ឯកឧត្តម អ៊ិន ចន្ថា ចុះផ្សព្វផ្សាយ​កម្មវិធី​អាទិភាពរបស់ក្រសួង ដល់មន្ត្រី នៃ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ ខេត្តពោធិ៍សាត់

2024/03/06 01:35:26 pm        55
ខេត្តពោធិ៍សាត់ ៖ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានរៀបចំ​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​កម្ម​វិធី​អាទិភាព​ទាំង​បួន របស់ក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់ថ្នាក់ដឹកនាំ និ​ង​មន្ត្រី​រាជការ នៃ​មន្ទីរ​អភិវឌ្ឍន៍​ជន​បទខេត្តពោធិ៍សាត់ ក្រោមអធិបតីភាព ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាង​ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។លោក ធីម សុធារ៉ា ប្រធានមន្ទីរ បានឡើងមានមតិស្វាគមន៍ និងថ្លែងអំណរគុណ ជូន​ចំពោះ ឯកឧត្តម​រដ្ឋមន្ត្រី តាមរយៈឯកឧត្តម រដ្ឋលេខាធិការ ដែលកន្លងមក តែងតែយកចិត្តទុកដាក់ខ្ពស់ ដល់​មន្ត្រីរាជការរបស់មន្ទីរ តាមរយៈការចុះមកសំណេៈសំណាលដោយផ្ទាល់ និងបើក​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​កម្មវិធីនានារបស់ក្រសួង ដល់មន្ត្រីរាជការ ពិសេសការផ្សព្វ​ផ្សាយ​កម្ម​វិធី​អាទិភាព​ទាំង​បួន​របស់ក្រសួងនាពេលនេះ។ចំពោះខ្លឹមសារស្តីពីកម្មវិធីអាទិភាពទាំងបួន របស់ក្រសួងអភិវឌ្ឍន៍ជនបទរួមមាន៖ ១-ការ​អភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ ២-ការកែលម្អ​លក្ខខណ្ឌ​នៃ​ការ​រស់​នៅ​របស់​សហគមន៍​ជន​បទ ៣-ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និង៤-ពង្រឹងសេវាគាំទ្ររដ្ឋបាល និង​កិច្ចការ​ទូទៅ និងផែនការសកម្មភាពរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សម្រាប់ឆ្នាំ២០២៤ ។ ឯកឧត្តម អ៊ិន ចន្ថា បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់មន្ទីរ ដែល​បាន​ខិតខំ​យក​ចិត្តទុកដាក់ស្តាប់ និងចូលរួមជាមតិយោបល់យ៉ាងផុសផុល ដែលអាច​ស​បញ្ជាក់​ថា​មន្ត្រី​ជំនាញ​តាម​ការិយាល័យនីមួយៗ កាន់តែបានយល់ច្បាស់អំពី ផែនការ​សកម្មភាព​របស់​ខ្លួន​ដែល​ត្រូវ​អនុវត្ត​ក្នុងឆ្នាំ២០២៤នេះតទៅ។ ជាមួយគ្នានោះដែរ ឯកឧត្តម បានបន្តលើក​ឡើង​អំពី​យុទ្ធ​សាស្ត្រ​បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំ​ប្រកប​ដោយ​កិត្តិ​បណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណា​ចក្រ​កម្ពុជា​ ដែលបានដាក់ចេញនូវបេសកកម្មជាប្រវត្តិសាស្ត្រ ដើម្បីពន្លឿន​ការ​អភិវឌ្ឍ​ឈាន​ឆ្ពោះ​ទៅ​កាន់​ចក្ខុ​វិស័យកម្ពុជា ជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ តាមរយៈ​ការ​ដាក់​ចេញ​នូវ​យុទ្ធសាស្រ្ត​បញ្ចកោណដំណាក់កាលទី១ ដែលមានបាវចនា ៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធ​ភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន ៥ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេក​វិទ្យា​ឌីជីថល។ ក្នុងនោះដែរឯកឧត្តម អ៊ិន ចន្ថា សូមឲ្យមន្ត្រីរាជ​ការ​គ្រប់​ជាន់​ថ្នាក់​នៃ​មន្ទីរ​អភិវឌ្ឍន៍​ជន​បទ​ខេត្ត​ពោធិ៍សាត់ ត្រូវបំពេញការងារតួនាទីប្រកបដោយភាពប្តូរផ្តាច់ សាមគ្គិភាព វិន័យ ឆន្ទះ បូករួម និងការលើកទឹកចិត្ត ដើម្បីបម្រើផលប្រយោជន៍ជូនជាតិមាតុភូមិនិងប្រជាជន ។ក្រោយបញ្ចប់កិច្ចប្រជុំ ឯកឧត្តម អ៊ិន ចន្ថា រួមនិងលោក ធីម សុធារ៉ា និងមន្ត្រីជំនាញ បាន​អញ្ជើញ​ចុះ​ទៅ​ពិនិត្យការដ្ឋានស្ថាបនាផ្លូវបេតុងប្រវែង១២០០ម៉ែត្រ និងលូកាត់ផ្លូវប្រវែង៨ម៉ែត្រ១កន្លែង ដែល​កំពុង​ស្ថាបនានៅលើកំណាត់ផ្លូវត្រពាំងជង-បត់រំដួល ក្នុងស្រុកបាកាន ដែល​ស្ថិត​ក្នុង​គម្រោង​គ្រោះ​ទឹកជំនន់ឆ្នាំ២០២៣ ដោយបច្ចុប្បន្នសម្រេចបាន៧៥ភាគរយ៕ អត្ថបទ៖ ភិរុណ ពៅ 

នាយករដ្ឋមន្ត្រីលីបង់៖ ការចរចាបញ្ចប់ការប្រយុទ្ធគ្នាតាមព្រំដែនលីបង់និងអ៊ីស្រាអែល នឹងចាប់ផ្តើមក្នុងខែរ៉ាម៉ាដាន

2024/03/06 01:33:09 pm        57
នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ប្រទេសលីបង់ លោក ណាជីព មីកាទី (Najib Mikati) បាននិយាយកាលពីថ្ងៃអង្គារថា កិច្ចចរចាដោយប្រយោល ដើម្បីបញ្ចប់អរិភាពនៅតាមព្រំដែនប្រទេសលីបង់ និងអ៊ីស្រាអែល នឹងចាប់ផ្តើមក្នុងអំឡុងខែដ៏បរិសុទ្ធរបស់ពលរដ្ឋមូស្លីមនៃខែបុណ្យរ៉ាម៉ាដាន ដែលចាប់ផ្តើមនៅសប្តាហ៍ក្រោយ។ លោក Mikati បាននិយាយថា ប្រធានសភារបស់ប្រទេសលីបង់ លោក Nabih Berri ដែលស្និទ្ធស្នាលជាមួយក្រុម ហេសបូឡា កំពុងសិក្សាពីសំណើ ដែលស្នើដោយបេសកជនពិសេសសហរដ្ឋអាមេរិក លោក អាម៉ូស ហូចស្តេន(Amos Hochstein) ដែលបានទៅដល់ទីក្រុងបេរូត កាលពីថ្ងៃ ចន្ទ។ ប្រទេសលីបង់ បានចោទប្រកាន់អ៊ីស្រាអែល ពីបទ រំលោភលើសេចក្តីសម្រេចជាង ៣០.០០០ដង និងបាននិយាយថា ប្រទេសលីបង់ត្រៀមខ្លួនជាស្រេចដើម្បីអនុវត្តសេចក្តីសម្រេចឱ្យបានពេញលេញ។ លោក Mikati បាននិយាយថា សំណើរបស់លោក Hochstein ក៏រួមបញ្ចូលផងដែរនូវ ផែនការអភិវឌ្ឍន៍សម្រាប់ប្រទេសលីបង់ភាគខាងត្បូង ដែលនឹងត្រូវបានគាំទ្រដោយរដ្ឋអារ៉ាប់ និងប្រទេសផ្សេងទៀតនៅខាងក្រៅតំបន់។ ក្រុមប្រដាប់អាវុធហេសបូឡា ដ៏មានឥទ្ធិពលនៅប្រទេសលីបង់ និងអ៊ីស្រាអែល បាននិងកំពុងប្រយុទ្ធគ្នា រយៈពេលជិត ៥ ខែមកហើយ ស្របគ្នាជាមួយសង្រ្គាមនៅតំបន់ហ្កាហ្សា ដែលជំរុញឱ្យមានកិច្ចខិតខំប្រឹងប្រែងផ្នែកការទូត ក្នុងគោលបំណងទប់ស្កាត់ការរីកជម្លោះកាន់តែធំ។ក្រុមហេសបូឡា ដែលជាសម្ព័ន្ធមិត្តរបស់ក្រុមហាម៉ាស គឺជាក្រុមមួយក្នុងចំណោមក្រុមសម្ព័ន្ធមិត្តអ៊ីរ៉ង់ ជាច្រើន នៅជុំវិញតំបន់មជ្ឈិមបូព៌ា ដែលបានឈានចូលដល់ការប្រយុទ្ធគ្នាចាប់តាំងពីថ្ងៃទី ៧ ខែតុលា នៅពេលដែលក្រុមសកម្មប្រយុទ្ធហាម៉ាស បានវាយលុកអ៊ីស្រាអែលពីតំបន់ហ្កាហ្សាស្ទ្រីប ដោយបង្កឱ្យមានការវាយលុកជើងគោក ដែនអាកាស និងតាមសមុទ្រ យ៉ាងខ្លាំងក្លារបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សា។

លោក Trump និងលោកBidenត្រូវបានកំណត់ថាឈ្នះការបោះឆ្នោតបឋមនៅរដ្ឋវីជីនៀ និងរដ្ឋណស ខារ៉ូឡាយណា

2024/03/06 01:22:36 pm        86
លោកប្រធានាធិបតី Joe Biden អតីតប្រធានាធិបតីលោក Donald Trump ត្រូវបានកំណត់ថាបានឈ្នះការប្រកួតប្រជែងរបស់គណបក្សខ្លួននៅក្នុងរដ្ឋវីជីនៀ (Virginia) និងរដ្ឋណស ខារ៉ូឡាយណា (North Carolina) ខណៈការរាប់សន្លឹកឆ្នោតបានចាប់ផ្ដើមនៅថ្ងៃបោះឆ្នោតដ៏ខាន់ដែលគេឲ្យឈ្មោះថា Super Tuesdayរបស់សហរដ្ឋអាមេរិក។ ពលរដ្ឋអាមេរិករាប់លាននាក់នៅទូទាំងរដ្ឋ១៥ និងដែនដីមួយកំពុងបោះឆ្នោតសម្រេច ថា អ្នកណាគួរទទួលបានការតែងតាំងជាបេក្ខភាពប្រធានានាធិបតី។ លោក Trump កំពុងព្យាយាមទម្លាក់លោកស្រីនីគីហាលី(Nikki Haley)ចេញពីការប្រកួតប្រជែងក្នុងជួរគណបក្សសាធារណរដ្ឋ។ នៅពេលនេះគេជឿជាក់ថា លោក Trump និងលោក Biden នឹងប្រកួតប្រជែងគ្នាជាថ្មីទៀតក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅចុងឆ្នាំ២០២៤ខាងមុខនេះ។ ទូរទស្សន៍ CBS News បានកំណត់ថា លោក Biden និងលោក Trump នឹងឈ្នះការបោះឆ្នោតបឋមនៅរដ្ឋ វីជីនៀ និងរដ្ឋណស ខារ៉ូឡាយណា ។យោងតាមការព្យាករណ៍ លោក Joe Biden បានឈ្នះការបោះឆ្នោតបឋមរបស់គណបក្សប្រជាធិបតេយ្យនៅរដ្ឋវ៉ើម៉ុនមួយទៀត។ រដ្ឋចំនួន៥បន្ថែមទៀត មានរដ្ឋ Alabama, Maine, Massachusetts, Oklahoma និងរដ្ឋ Tennessee ត្រូវបិទបញ្ចប់ការបោះឆ្នោតនៅម៉ាង២០ម៉ោងនៅសហរដ្ឋអាមេរិក ។ ចំណែករដ្ឋចំនួន៧ផ្សេងទៀត និងដែនដីសាម័រ (Samoa)ក៏នឹងបញ្ចប់ការបោះឆ្នោតនៅពេលយប់ថ្ងៃអង្គារនោះដែរ៕

កម្មវិធី Facebook និង Instagram របស់ Meta ដំណើរការឡើងវិញ បន្ទាប់ពីការដាច់បណ្ដាញជាសកល

2024/03/06 01:19:59 pm        97
កម្មវិធីបណ្ដាញសង្គម ហ្វេសប៊ុក (Facebook) និង អ៊ីនស្តាក្រាម (Instagram) ដែលគ្រប់គ្រងដោយក្រុមហ៊ុនមេតា (Meta) បានដំណើរការឡើងវិញកាលពីថ្ងៃអង្គារ (០៥ មីនា) បន្ទាប់ពីការដាច់បណ្ដាញជាងពីរម៉ោង ដែលបណ្តាលមកពីបញ្ហាបច្ចេកទេស និងធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់រាប់លាននាក់នៅទូទាំងពិភពលោក។ បញ្ហារំខាននេះបានចាប់ផ្តើមនៅម៉ោងប្រហែល ១០ ព្រឹក (ម៉ោងក្នុងស្រុក)។អ្នកនាំពាក្យក្រុមហ៊ុនមេតា លោក អាន់ឌី ស្តូន (Andy Stone) បាននិយាយនៅក្នុងការបង្ហោះនៅលើបណ្ដាញសង្គម X ដោយមិនបានបញ្ជាក់លម្អិតអំពីបញ្ហានេះថា «នៅមុននេះ បញ្ហាបច្ចេកទេសបានធ្វើឱ្យអ្នកប្រើប្រាស់ពិបាកក្នុងការចូលប្រើសេវាកម្មមួយចំនួនរបស់យើង ហើយយើងបានដោះស្រាយបញ្ហានេះសម្រាប់មនុស្សគ្រប់គ្នាដែលរងផលប៉ះពាល់រួចហើយ»។អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានបាននិយាយថា ក្រុមប្រឹក្សាកំពុងតាមដានករណីនេះ ហើយមិនបានរកឃើញសកម្មភាពវាយប្រហារតាមអ៊ីនធឺណិតណាមួយនៅពេលនេះទេ។ការដាច់បណ្ដាញនេះគឺស្ថិតក្នុងចំណោមប្រធានបទពេញនិយមបំផុតនៅលើបណ្ដាញសង្គម X ដែលពីមុនជា Twitter ដោយម្ចាស់វេទិកានេះលោក អ៊ីឡុន ម៉ាស (Elon Musk) បានចំអកក្រុមហ៊ុនមេតា ជាមួយនឹងសារបង្ហោះដែលនិយាយថា «ប្រសិនបើអ្នកកំពុងអានការបង្ហោះនេះ នោះគឺដោយសារតែម៉ាស៊ីនមេរបស់យើងកំពុងដំណើរការជាធម្មតាមិនមានបញ្ហាអ្វីដូចគេឡើយ»៕

ក្រុមអ្នកជំនាញ៖ ថវិកាការពារជាតិរបស់ចិន បង្ហាញពីការត្រៀមខ្លួនខាងយោធា មិនមែនសង្រ្គាមជិតមកដល់ទេ

2024/03/06 01:17:05 pm        75
ក្រុមអ្នកវិភាគបាននិយាយថា កំណើន ៧,២ភាគរយ ដែលបានកំណត់សម្រាប់ថវិកាយោធារបស់ប្រទេសចិននៅឆ្នាំនេះ គឺដូចគ្នាទៅនឹងឆ្នាំ២០២៣ ហើយបង្ហាញថាទីក្រុងប៉េកាំងពុំបានត្រៀមខ្លួនសម្រាប់សង្រ្គាមដែលជិតមកដល់នោះទេ ប៉ុន្តែកំពុងចាត់វិធានការប្រុងប្រយ័ត្នជាយុទ្ធសាស្រ្តដើម្បីការពារផលប្រយោជន៍របស់ខ្លួន។ ថវិកានេះត្រូវបានបញ្ចេញដោយក្រសួងហិរញ្ញវត្ថុកាលពីថ្ងៃអង្គារ ខណៈលោកនាយករដ្ឋមន្ត្រីលី ឈាង(Li Qiang) ថ្លែងសុន្ទរកថាបើកសម័យប្រជុំសភាប្រជាជន។ អ្នកជំនាញនិយាយថាការផ្តោតលើកម្លាំងបម្រុងឆ្លុះបញ្ចាំងពីមេរៀនដែលបានរៀនសូត្រពីសង្គ្រាមអ៊ុយក្រែន។ នៅក្នុងរបាយការណ៍ការងាររបស់លោក លោក Li បានគូសបញ្ជាក់អំពីការបង្កើនការគាំទ្រសម្រាប់ការត្រៀមខ្លួនធ្វើសង្គ្រាមតាមរយៈការពង្រីកកងកម្លាំងបម្រុង។ លោកក៏បានសង្កត់ធ្ងន់ផងដែរអំពីតម្រូវការសម្រាប់ភាពស្មោះត្រង់ខាងយោធា បន្ទាប់ពីមានការបោសសម្អាតដ៏ធំបំផុតមួយនៅក្នុងក្រសួងការពារជាតិក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ យោងតាមក្រសួងខាងលើ កញ្ចប់ថវិកាយោធាដ៏ធំបំផុតរបស់មហាអំណាចទីពីររបស់ពិភពលោក ដែលនឹងកើនឡើងដល់១,៦៧ សែនកោដិយ័នស្មើ ២៣២ពាន់លានដុល្លារ ត្រូវបានឃ្លាំមើលយ៉ាងដិតដល់ ខណៈប្រទេសចិនប្រឈមភាពតានតឹងជាច្រើននៅក្នុងសមុទ្រចិនខាងត្បូង និងច្រកសមុទ្រតៃវ៉ាន់ព្រមទាំងជម្លោះក្នុងការប្រកួតប្រជែងសណ្ដើមឥទ្ធិពលរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក។លោក យ៉េ កាង (Yue Gang)វរសេនីយឯកចូលនិវត្តន៍មកពីកងទ័ពរំដោះប្រជាជនចិន (PLA) បាននិយាយថា កំណើននៃការចំណាយយោធារបស់ប្រទេសចិនគឺស្របជាមួយនឹងកំណើននៃផលិតផលក្នុងស្រុកសរុប GDP ដោយបន្ថែមថា ការចំណាយនេះគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍន៍ ស្ថិរភាពនៃវិស័យការពារជាតិ និងការពង្រីកវិស័យយោធា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាអញ្ជើញនិវត្តន៍ដល់មាតុប្រទេស ក្រោយពីបានចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៦ នៅប្រទេសម៉ាឡេស៊ី ទទួលបានជោគជ័យ ប្រកបដោយមោទនភាព
09/21/2025 08:09 PM
ទេយ្យទានសម្តេចធិបតី និងលោកជំទាវបណ្ឌិត បានប្រគេនព្រះសង្ឃចំនួន ៣៦វត្ត ក្នុងខេត្តកំពង់ឆ្នាំង
09/21/2025 04:09 PM
​​ទេយ្យទានរបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិតបានប្រគេនដល់ព្រះសង្ឃ ១៤វត្ត នៅខេត្តស្វាយរៀង
09/21/2025 04:09 PM
អង្គការសហប្រជាជាតិ ព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពកាន់តែយ៉ាប់យ៉ឺននៅក្នុងទីក្រុង el-Fasher របស់ស៊ូដង់
09/21/2025 04:09 PM
សមត្ថកិច្ចបង្រ្កាបករណីចាប់ឃុំឃាំងបង្ខាំងមនុស្សធ្វើទារុណកម្មដោយខុសច្បាប់ និងជួញដូរមនុស្សដោយមានគោលដៅដោយឃាត់ជនសង្ស័យ៧នាក់
09/21/2025 03:09 PM
អង់គ្លេស និងព័រទុយហ្គាល់ នឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅមុនការពិភាក្សារបស់អង្គការសហប្រជាជាតិ
09/21/2025 03:09 PM
យន្តហោះចម្បាំងអង់គ្លេសចាប់ផ្តើមបេសកកម្មការពារដែនអាកាសរបស់អង្គការណាតូលើប្រទេសប៉ូឡូញ
09/21/2025 03:09 PM
ក្រុមបាតុករអ៊ីស្រាអែល បន្តប្រមូលផ្ដុំទាមទារឲ្យរដ្ឋាភិបាល បញ្ចប់សង្គ្រាមនៅហ្កាហ្សា
09/21/2025 03:09 PM
ពលរដ្ឋជិតឆ្ងាយជាច្រើននាំទេយ្យទានទៅធ្វើបុណ្យ និងប្រគេនព្រះសង្ឃនៅវត្តព្រៃចាន់ក្នុងឱកាសភ្ជុំបិណ្ឌនេះ
09/21/2025 02:09 PM
លោក Trump ព្រមានអាហ្វហ្គានីស្ថានពីភាពធ្ងន់ធ្ងរ ប្រសិនបើមិនប្រគល់មូលដ្ឋានទ័ព Bagramឲ្យអាមេរិកវិញ
09/21/2025 02:09 PM