សភាពាណិជ្ជកម្មកម្ពុជា រៀបចំវេទិកាធុរកិច្ច និងនវានុវត្តន៍២០២៥ ដើម្បីលើកកម្ពស់វិស័យនវានុវត្តន៍និងធុរកិច្ច
​​​​ប្រធានសមាគមអ្នកផ្គត់ផ្គង់ត្រីប្ដេជ្ញាចិត្តចូលរួមផ្គត់ផ្គង់ទិន្នផលត្រីឱ្យឆ្លើយតបតាមតម្រូវការទីផ្សារ
រដ្ឋមន្ត្រីក្រសួងសាធារណការ ចូលរួមកិច្ចប្រជុំពិភាក្សាការងារលើការរៀបចំផែនការមេ និងការអភិវឌ្ឍច្រករបៀងគម្រោងព្រែកជីកហ្វូណនតេជោ
ឯកឧត្តម ឌិត ទីណា ចុះត្រួតពិនិត្យស្ថានភាពដីសម្រាប់ផលិតកម្មដំណាំបន្លែដេីម្បីផ្គត់ផ្គង់ដល់កងទ័ព

សេដ្ឋកិច្ច និង កសិកម្ម

អូស្រ្តាលីផ្តល់ហិរញ្ញប្បទានឥតសំណង ៦៥ លានដុល្លារ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព

2022/12/13 12:04:54 pm        276
ភ្នំពេញ៖ អូស្រ្តាលី បានផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៦៥ លានដុល្លារអាមេរិក សម្រាប់ការ​អនុវត្តរយៈពេល ៥ឆ្នាំនៅកម្ពុជា លើការកំណត់ និងរិះរកដំណោះស្រាយ ដើម្បីសម្រេច​បាន​នូវ​កំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព, ភាពធន់ និងបរិយាប័ន្ន ។ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា លើកឡើងក្នុងជំនួបសម្តែងការ​គួរសម​ជាមួយ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន​ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងពិធីចុះហត្ថលេខាលើកិច្ចសម្របសម្រួលបំពេញបន្ថែមសម្រាប់កម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី​ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់​ នៅថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២២ នេះថា​ កម្មវិធី CAP RED ដែលបានហិរញ្ញប្បទានតាមរយៈមូលនិធិពីក្រសួងការបរទេស និង​ពាណិជ្ជកម្ម នៃរដ្ឋាភិបាលអូស្រ្តាលី​ តាមរយៈស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា នូវហិរញ្ញប្បទាន​ឥតសំណង​ចំនួនប្រមាណ ៨៧ ​លានដុល្លារអូស្រ្តាលី ត្រូវប្រមាណ ​៦៥ លានដុល្លារអាមេរិក សម្រាប់​រយៈពេល ៥ ឆ្នាំ គិតចាប់ពីខែមិថុនា ឆ្នាំ ២០២២ ដល់ខែមិថុនា ឆ្នាំ ២០២៧ ។ កម្មវិធី CAP RED នឹងមានការសហការអនុវត្តរួមគ្នារវាងវិស័យឯកជន ​និងរាជរដ្ឋាភិបាលកម្ពុជា លើការ​កំណត់ និងរិះរកដំណោះស្រាយ ដើម្បីសម្រេច​បាន​នូវកំណើន​សេដ្ឋកិច្ចប្រកបដោយ​និរន្តរភាព, ភាពធន់ និងបរិយាប័ន្ន ដោយផ្តោតលើវិស័យគោលចំនួន ៤ គឺ៖ ហេដ្ឋារចនាសម្ព័ន្ធ, ពាណិជ្ជកម្ម និងវិនិយោគ, កសិកម្ម និងកសិឧស្សាហកម្ម និងយេនឌ័រ និងបរិយាប័ន្ន។ជាការឆ្លើយតបឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណ​រ​គុណ​ចំពោះរដ្ឋាភិបាលអូស្រ្តាលី ​ដែលតែងតែបានជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ​អភិវឌ្ឍលើវិស័យសេដ្ឋកិច្ច, សង្គម ​និងសុខមាលភាពប្រជាជន ​ព្រមទាំងបានចូលរួមគាំទ្រកម្ពុជា ក្នុងការ​ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩​ តាម​រយៈការផ្តល់នូវជំនួយ​ជា​វ៉ាក់សាំង និង​ការ​ចូលរួមការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ក្នុងពេលអន្តរកាលនេះ ។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បន្តថា ​កិច្ចសម្របសម្រួលបំពេញបន្ថែមនេះ ​គឺ​ជា​ឯកសារគោល​សម្រាប់​រៀបចំ​យន្តការជាក់ស្ដែង ​ដើម្បីឈានដល់ការ​អនុវត្តប្រកបដោយជោគជ័យ​ នូវកម្មវិធី CAP RED ដែលជាក្របខណ្ឌរួមនៃការផ្ដល់ហិរញ្ញប្បទានឥត​សំណង​របស់ក្រសួងការបរទេស និង​ពាណិជ្ជកម្ម ចំពោះប្រជាជនកម្ពុជា៕អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាចក្រភពអង់គ្លេស នឹងចុះអនុស្សារណដើម្បីជំរុញពាណិជ្ជកម្ម និងវិនិយោគ

2022/12/12 01:42:44 pm        205
ភ្នំពេញ៖ កម្ពុជា-ចក្រភព​អង់គ្លេស គ្រោង​នឹង​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) រវាង​កម្ពុជា និង​ចក្រភព​អង់គ្លេស ស្តីពី​ការ​បង្កើត​វេទិកា​ពាណិជ្ជកម្ម ​និង​វិនិយោគ​រួមគ្នា​ នាពេល​ខាងមុខ ដើម្បី​ជំរុញ​ការ​ដោះដូរ​ទំនិញ ​និង​កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី។លោក ថុល ណារ៉ា អគ្គនាយករងពាណិជ្ជកម្មអន្តរជាតិ ​កាលសប្តាហ៍កន្លងទៅ បានទទួលជួប​ប្រតិភូ​ចក្រភព​អង់គ្លេស​ដែលដឹកនាំដោយលោក​ ស្ទូវើត ក្លេតុន (Stewart Clayton) ប្រធានទទួលបន្ទុក​ផ្នែក​ពាណិជ្ជកម្មចក្រភពអង់គ្លេសប្រចាំកម្ពុជា​ ដើម្បី​ផ្លាស់ប្តូរ​កិច្ចពិភាក្សាលើវឌ្ឍនភាព និង​កាលានុវត្តភាព​នៃក្របខណ្ឌកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគី ជាពិសេសកិច្ច​សម្រួល​ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ក្នុងជំនួបខាងលើនេះ ភាគីកម្ពុជាបានលើកឡើងពីសារៈសំខាន់នៃចំណងមិត្តភាព និងទំនាក់ទំនង​ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរជាពិសេស ខណៈពេលដែល​ប្រទេសទាំងពីរ​គ្រោងនឹង​ប្រារព្ធ​ខួបអនុស្សាវរីយ៍ទំនាក់ទំនង​ការទូតរយៈពេល៧០ឆ្នាំ ​នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ។ កម្ពុជា បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអង់គ្លេសសម្រាប់ការផ្តល់​ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម​ដល់​ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ​រួមមាន​៖ កម្ពុជាផងដែរ​ ដែលបានរួមចំណែកដល់ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា និងបានស្នើសុំឱ្យមានការជួយគាំទ្រ​ដល់កម្ពុជាបន្ថែម​ក្នុងខណៈពេលដែលប្រទេស​កម្ពុជានឹងចាកចេញពីក្របខណ្ឌប្រទេសអភិវឌ្ឍន៍​តិចតួចនាពេលខាងមុខ។ ដើម្បីចាប់យកកាលានុវត្តភាពនៃពាណិជ្ជកម្មទ្វេភាគីនាពេលអនាគត ជាពិសេសលើការ​ជំរុញ​ទំនាក់ទំនង​កាន់តែជិតស្និទ្ធិរវាងវិស័យឯកជននៃប្រទេសទាំងពីរ កិច្ចប្រជុំក៏បានពិភាក្សានិងពិនិត្យ​លទ្ធភាពរៀបចំអនុស្សរណៈនៃការយោគយល់គ្នារវាងកម្ពុជា​និងចក្រភពអង់គ្លេស ស្តីពីការបង្កើត​វេទិកា​ពាណិជ្ជកម្ម និងវិនិយោគរួមគ្នានាពេលខាងមុខ ដែលអនុស្សរណៈនៃការយោគយល់​នេះ​នឹងក្លាយជាឧបករណ៍សម្រាប់តភ្ជាប់ទំនាក់ទំនង​ វឌ្ឍនភាពកិច្ចសហប្រតិបត្តិការ និងចែករំលែក​នូវកាលានុវត្តភាពនានារវាងដៃគូធុរកិច្ចនៃប្រទេសទាំងពីរ។សូមគូសបញ្ជាក់ថា ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា-ចក្រភពអង់គ្លេស ក្នុងរយៈពេល១១ខែ​ដំបូង​នៃឆ្នាំ២០២២ សម្រេចបានប្រមាណ ​៨៣៧.៦៦ លានដុល្លារអាមេរិក ជាមួយនឹងកំណើន​ប្រមាណ​ជិត ៧% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១៕អត្ថបទ៖ ជា វណ្ណៈ

តម្លៃសាំងធម្មតា ៤,១០០រៀល និងម៉ាស៊ូត ៤,៤៥០រៀល ក្នុង១លីត្រ គិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែធ្នូ

2022/12/12 01:35:49 pm        533
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដោយកំណត់តម្លៃតម្លៃសាំងធម្មតា ៤,១០០រៀល និងម៉ាស៊ូត ៤,៤៥០រៀល ក្នុង១លីត្រ គិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែធ្នូ។យោងលើការព្រមព្រៀង លើរូបមន្តកំណត់តម្លៃជាមួយក្រុមហ៊ុនប្រេងឥន្ធនៈដែល​ប្រកបអាជីវកម្ម​នៅកម្ពុជា ដោយផ្អែកលើការ​ប្រែប្រួល​នៃតម្លៃប្រេងឥន្ធនៈលើទីផ្សារក្នុងតំបន់​ និងអន្តរជាតិ, ថ្លៃលក់​រាយប្រេងឥន្ធនៈពីថ្ងៃទី១១ ដល់២០ ខែធ្នូ ឆ្នាំ២០២២ នឹងត្រូវលក់ ៤.៣៦៨រៀល/លីត្រ សម្រាប់សាំង​ធម្មតា EA92 និង ៤.៧១៨រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត​។ដើម្បីជួយ​សម្រួល​ដល់ជីវភាពរបស់ប្រជាជន​ និងដោយមានការចូលរួមចំណែក ពីក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា ​បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៦,៥សេនដុល្លារ/លីត្រ ។ ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្ត ចាប់ពីថ្ងៃទី១១ ដល់២០ ខែធ្នូ ឆ្នាំ២០២២ នឹងចុះមក​៤.១០០រៀល/លីត្រ សម្រាប់ សាំងធម្មតា​ និង៤.៤៥០រៀល/លីត្រ ​សម្រាប់ប្រេងម៉ាស៊ូត ។សូមបញ្ជាក់ថា​ ក្រសួងពាណិជ្ជកម្មមិនមែនជាអ្នកកំណត់ថ្លៃលកំរាយប្រេងឥន្ធនៈនៅកម្ពុជាទេ គឺ​ក្រសួងគ្រាន់តែស្រង់តម្លៃឡើង-ចុះ ​នៃប្រេងតាមទីផ្សារអន្តរជាតិ មក​គណនា​តាមប្រកាស​ដូចមាន​ក្នុង​ឯកសារ​យោងខាងលើតែប៉ុណ្ណោះ ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

រាជរដ្ឋាភិបាល រំពឹងខ្ពស់ លើការប្រមូលចំណូលពន្ធដារ ក្នុងឆ្នាំ ២០២៣

2022/12/12 01:29:10 pm        258
ភ្នំពេញ៖ នៅក្នុងឆ្នាំ ២០២៣ រាជរដ្ឋាភិបាល គ្រោងបង្កើនការប្រមូលចំណូលក្នុងវិស័យពន្ធដារ ខ្ពស់ជាងឆ្នាំ ២០២២ ដោយរំពឹងខ្ពស់​ លើការប្រមូលចំណូលលើផ្នែកនេះ ស្របពេលអគ្គនាយក​ដ្ឋានមានការកែទម្រង់ល្អ ​និងការគ្រប់គ្រងដឹកនាំការប្រមូលចំណូលបានល្អ។ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួល​បន្ទុក​ជា​អគ្គនាយក ​នៃអគ្គនាយកដ្ឋានពន្ធដារ លើកឡើងនាចុងសប្តាហ៍ ក្នុងវិបស្សនាស្តីពីវឌ្ឍនភាព​នៃ​ប្រព័ន្ធ​គ្រប់គ្រងទិន្នន័យ សម្រាប់ផ្តល់សេវាតាមអនឡាញ (e-Tax Services) កន្លងមកថា នៅ​ឆ្នាំក្រោយ​នេះ រាជរដ្ឋាភិបាលត្រូវការចំណាយថវិការខ្ពស់ ​ព្រោះនៅក្នុងឆ្នាំ ២០២៣ ជាឆ្នាំកម្ពុជា​មាន​ព្រិត្តិការណ៍ធំៗជាច្រើន ​ជាពិសេសការរៀបចំបោះឆ្នោត និងការរៀបចំព្រិត្តិការណ៍ស៊ីហ្គេម និងត្រូវការ​កញ្ចប់ថវិកា​សម្រាប់គាំពារសង្គមជាដើម។នៅក្នុងឆ្នាំ ២០២៣ ខាងមុខ សម្រាប់វិស័យពន្ធដារ រាជរដ្ឋាភិបាលបានអនុម័ត តម្រូវឱ្យអគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធផ្ទៃក្នុងក្នុងចំនួនប្រមាណជាង ១៤ ពាន់ប៊ីលានរៀល ត្រូវជាង ៣ ៥៧១ លានដុល្លារ កើនឡើងជាង ២៦ ភាគរយ ធៀបនឹងផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ ដែលកំណត់ឱ្យពន្ធដារប្រមូលចំណូលក្នុងរង្វង់ជាង ១១ ពាន់ប៊ីលានរៀល ត្រូវជាង ២ ៨១៩ លានដុល្លារ។ជុំវិញការប្រមូលចំណូលនៅឆ្នាំ ២០២៣ នេះ នៅក្នុងសិក្ខាសាលាបូកសរុបលទ្ធផលប្រមូលចំណូល​ពន្ធប្រចាំខែ តុលា នាពេលកន្លងមក ឯកឧត្តម គង់ វិបុល បានបញ្ជាក់ពីការប្តេជ្ញាចិត្តថា បើទោះ​ជាការ​កើន​ឡើងនៃផែនការប្រមូលចំណូលពន្ធក្នុងឆ្នាំ ​២០២៣ ខ្ពស់ជាឆ្នាំ ​២០២២ ប្រមាណជាង ៣ ០៤៦ ប៊ីលានរៀល ត្រូវជាង ៧៥២ លានដុល្លារ, ដែលជាចំនួនមួយកើនឡើងខ្ពស់ ហើយអាចនឹងនាំ​ឱ្យ​ការ​បំពេញ​បេសកកម្មរបស់អគ្គនាយកដ្ឋានពន្ធដារមានសភាពតានតឹងកាន់តែខ្លាំង តែទោះបី​យ៉ាងណា អគ្គនាយកដ្ឋានពន្ធដារ​ នឹងព្យាយាមឱ្យអស់ពីលទ្ធភាព ដើម្បីបំពេញបេសកកម្ម​ប្រមូល​ចំណូលពន្ធ អនុវត្តភារឲ្យបានល្អ ​ដើម្បីបន្តគាំទ្រ ចំពោះការអនុវត្តគោលនយោបាយ​នានា​របស់​រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕អត្ថបទ៖ សុន រ៉ាឌី

អាជ្ញាធរតំបន់ព្រំដែនបញ្ជាក់ថា ការធ្វើស្រែងាយស្រួលទទួលផលច្រើន តែចំណេញតិច

2022/12/09 03:53:26 pm        386
កំពត៖ អាជ្ញាធរនៅតាមតំបន់ព្រំដែនកម្ពុជា-វៀតណាម បានឲ្យដឹងថា កសិកម្មជាវិស័យស្នូលមួយ ក្នុងការជួយលើកស្ទួយជីវភាពពលរដ្ឋ និងអភវិឌ្ឍន៍មូលដ្ឋាន។ ក្នុងនោះការបង្កបង្កើនផលស្រូវសំខាន់ជាងគេ ហើយបច្ចុប្បន្នស្រែងាយស្រួលធ្វើ និងទទួលបាន​ផលច្រើន​ជាងមុន ១ហិកតា ​៦តោន​ ប៉ុន្តែចំណេញតិច ​ព្រោះគ្មានទីផ្សារក្នុងស្រុក ហើយជី និងថ្នាំកសិកម្ម ឡើងថ្លៃរហូត។ មេឃុំព្រែកក្រើស លោក សេក ឈិន បានឲ្យដឹងថា ឃុំព្រែកក្រើស​ជាឃុំមួយផលិតស្រូវ​បានច្រើនជាងគេ ក្នុងស្រុកកំពង់ត្រាច ​ឃុំមានផ្ទៃដីស្រែ ​ចំនួន ១៦១៦ហិកតា ក្នុងនោះមាន​ផ្ទៃដីធ្វើស្រែប្រាំង ៧៨៥ហិកតា។ លោក បានបញ្ជាក់ថា ការធ្វើស្រែបច្ចុប្បន្នប្រើកម្លាំងម៉ាស៊ីន ភ្ជួររាស់ ​សាប់ព្រោះ​ ច្រូតកាត់ ​បោកបែនមួយចប់​ មិនពិបាកដូចមុនទេ ​ហើយក្នុងមួយឆ្នាំ ពលរដ្ឋខ្លះធ្វើបាន២ដង​ និងខ្លះ៣ដង​ ហើយទិន្នផលស្រូវ ១ហិកតា ​៥ទៅ ៦តោន។ យ៉ាងណាក៏ដោយ ​លោកមេឃុំព្រែកក្រើស បានបញ្ជាក់អំពី​ផលវិបាកសម្រាប់​កសិករ​ធ្វើស្រែនៅ​តាមតំបន់ព្រំដែនថា ​ដោយសារតែយើងគ្មានទីផ្សារស្រូវក្នុងស្រុក ស្រូវ​ទាំងអស់​ត្រូវ​លក់​ចេញ​ទៅ​ប្រទេសវៀតណាម ​ធ្វើឲ្យឈ្មួញវៀតណាម ​និង​ឈ្មួញកណ្តាល ទម្លាក់​តម្លៃយើង​ពេលស្រូវ​ប្រមូលផលបានច្រើន​ ម្យ៉ាងទៀតតម្លៃជី ​ឡើងថ្លៃរហូត។តាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ ខេត្តកំពតមានផ្ទៃដីស្រែជាង ១៣ម៉ឺនហិកតា​ ដែលអាចប្រមូលផលបានរង្វង់ ​៥០ម៉ឺនតោនក្នុងមួយឆ្នាំ។​ ជាក់ស្តែងឆ្នាំ ​២០២២នេះ ការប្រមូលផលស្រូវវស្សាបានជាង ២៨ម៉ឺនតោន​ លើផ្ទៃដីស្រែជាង ៨ម៉ឺនហិកតា ​ស្មើនឹង៦៤% នៃផ្ទៃដី​បង្កបង្កើតផលសរុប៕អត្ថបទ៖ អន សារឹម

ទីផ្សារជ្រូករស់កំពុងងើបឡើងវិញ បន្ទាប់ពីការអន្តរាគមន៍នៃការនាំចេញរបស់ក្រសួងកសិកម្ម

2022/12/09 12:50:07 pm        293
ភ្នំពេញ៖ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា រំពឹងថា តម្លៃជ្រូករស់នឹងងើបឡើងវិញ ​នៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ ​ខណៈក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ​បាន​អនុញ្ញាត​ជា​គោលការណ៍ ឱ្យនាំចេញជ្រូករស់ទៅក្រៅប្រទេស។លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លើកឡើង នៅថ្ងៃទី ៩ ខែ ធ្នូ ឆ្នាំ ២០២២ នេះថា ​នាពេលកន្លងមក ការផ្គត់ផ្គង់​ជ្រូក​រស់លើទីផ្សារក្នុងស្រុក ​មាន​ចំនួនច្រើន បានកកស្ទុះ​ និង​ស្របពេលមានការនាំចូលសាច់បង្កកមកពីប្រទេសជិតខាង​ ធ្វើឲ្យតម្លៃជ្រូករស់កាន់តែធ្លាក់ចុះ ដោយ​មានតម្លៃទាបជាង ៨០០០រៀល ក្នុងមួយគីឡូក្រាម។លោក បន្តថា បច្ចុប្បន្នដោយមានការអន្តរាគមន៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ សព្វថ្ងៃនេះ ​កម្ពុជាបានកំពុងធ្វើការនាំចេញជ្រូករស់ទៅប្រទេសវៀតណាម ក្នុងមួយថ្ងៃៗ​រាប់រយក្បាល ​ដែលជួយឱ្យតម្លៃជ្រូកក្នុងស្រុកងើបឡើងវិញ ។ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​លើកឡើងថា បច្ចុប្បន្នក្រសួង​សង្កេតឃើញថា​ ទីផ្សារជ្រូករស់នៅក្រៅប្រទេសមាន​តម្លៃខ្ពស់ ក្នុងនោះ​ស្រប​ពេល​ទីផ្សារចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា​មានចំនួនច្រើន ​ជំរុញឲ្យមានការនាំចេញទៅកាន់​ប្រទេសជិតខាង គឺដើម្បីបើកទីផ្សារ​នេះ​ជួយដល់កសិករ ​មានទីផ្សារបន្ថែម ។ ឯកឧត្តម បន្តថា រាជរដ្ឋាភិបាលបានគិតគូរណាស់ ​និងបានជំរុញឲ្យមានការចុះកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីជាមួយប្រទេសចិន​ និងជាមួយកូរ៉េ​ ដែលនឹងចូលជាធរមានក្នុង​ពេលឆាប់ៗ គឺ​ដើម្បីជំរុញដល់ការនាំចេញ​ ប៉ុន្តែកត្តាទាំងនោះ ​ត្រូវដោះស្រាយនូវរបាំងបច្ចេកទេស ពោលគឺ​ទាមទារផលិតមានស្តង់ដារខ្ពស់ ​និងមានតម្លៃប្រកួតប្រជែង ​ទើបអាចឈានចូលទីផ្សារគេបាន។ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីពេលថ្មីៗនេះ បានសម្រេចអនុញ្ញាតជា​គោល​ការណ៍​ឱ្យក្រុមហ៊ុនអង្គរ សុខសែនជ័យ ឯ.ក ប្រមូលទិញសត្វជ្រូករស់តាមបណ្តារាជធានី-ខេត្ត ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ ចំនួន ២០ម៉ឺនក្បាល​ ដើម្បីនាំចេញទៅ​ផ្គត់ផ្គង់​ទីផ្សារ​ប្រទេសវៀតណាម ​ថៃ និងប្រទេសចិន ​សម្រាប់រយៈពេល ៣ខែ ​ចាប់ពីថ្ងៃទី២១ ​ខែវិច្ឆិកា ឆ្នាំ២០២២ ​ដល់ថ្ងៃទី២០ខែកុម្ភៈ ឆ្នាំ២០២៣ ៕អត្ថបទ៖ សុន រ៉ាឌី

ការនាំចេញស្រូវទៅវៀតណាម តាមច្រកទ្វេភាគីតន់ហន់ខេត្តកំពត ធ្លាក់ចុះច្រើន

2022/12/08 05:09:29 pm        477
កំពត៖ មន្ត្រីប្រចាំការនៅច្រកទ្វារទ្វេភាគីតន់ហន់ ខេត្តកំពត បានបញ្ជាក់ថា ចាប់តាំង​ពី​មានការ​ផ្ទុះឡើង ​នៃជំងឺកូវីដ១៩មក​ ការ​នាំចេញស្រូវទៅប្រទេសវៀតណាម​ តាមច្រកតន់ហន់ បានធ្លាក់​ចុះជាលំដាប់។ តាមរបាយការណ៍របស់មន្ទីរកសិកម្ម ​រយៈពេល១១ខែឆ្នាំ២០២២នេះ ស្រូវនាំចេញ​ប្រមាណ ៤ម៉ឺនតោន​ប៉ុណ្ណោះ ​ខណៈដែលនៅឆ្នាំ២០២១​ ការនាំស្រូវចេញ​មានចំនួនជាង ១០ម៉ឺនតោន។ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីតន់ហន់ ​លោក វរសេនីយ៍ទោ នាក់ សុវណ្ណគិរី ជំនួស​មុខ​ឲ្យប្រធាន​ច្រកទ្វារ បានប្រាប់ថា ​ចាប់ទាំងពីមានការផ្ទុះឡើង​ នៃជំងឺកូវីដ១៩ សកម្មភាព​ដោះដូរទំនិញតាមច្រកទ្វារទ្វេភាគីតន់ហន់ ​មាន​ភាពស្ងប់ស្ងាត់ ពិសេសការនាំចេញ​ស្រូវមាន​ការ​ថមថយច្រើន។ កាលពីមុនកូវីដ១៩ផ្ទុះឡើង ​រដូវកាលប្រមូលផលនេះ នៅច្រកមានរថយន្ត​ដឹកស្រូវ​តម្រង់កន្ទុយគ្នា ​ដើម្បីនាំស្រូវចេញទៅវៀតណាម​ ប៉ុន្តែ​ឥឡូវ​ស្ងប់ស្ងាត់ ក្នុងមួយថ្ងៃមាន​រថយន្តដឹកស្រូវចេញជាង ​១០គ្រឿងប៉ុណ្ណោះ ។ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ចាន់ រិទ្ធ បានប្រាប់ឲ្យដឹងដែរថា តម្លៃស្រូវឆ្នាំ​នេះ​ថេរល្អ ​ ស្រូវអ៊ីអ៊ែ តម្លៃ៨៧០រៀលក្នុងមួយគីឡូក្រាម​ ស្រូវធ្ងន់ ​តម្លៃ១២០០រៀល ក្នុងមួយ​គីឡូក្រាម ​ហើយតម្លៃនេះ​មិនទាបជាងរាល់ឆ្នាំទេ ប៉ុន្តែការនាំចេញស្រូវទៅវៀតណាម​តាម​ច្រកតន់ហន់ធ្លាក់ចុះ។ តាមរបាយការណ៍របស់មន្ទីរ រយៈពេល១១ខែឆ្នាំ២០២២នេះ ​ការនាំចេញស្រូវទៅវៀតណាម តាម​ច្រកតន់ហន់បាន ប្រមាណ៤ម៉ឺនតោនប៉ុណ្ណោះ ​ខណៈដែលឆ្នាំ២០២១ ការនាំចេញស្រូវបានជាង ១០ម៉ឺនតោន។ ឈ្មួញទិញលក់ស្រូវ ​បានប្រាប់ឲ្យដឹងថា​ តម្លៃស្រូវមិនសូវប្រែប្រួល​នោះទេ ជា​ធម្មតាតម្លៃស្រូវ​ស្ថិត​នៅ​ចន្លោះពី៨០០រៀល ទៅ១២៥០រៀលក្នុងមួយគីឡូក្រាម ​ទៅតាមប្រភេទស្រូវ។ ការធ្លាក់ចុះនៃការនាំចេញស្រូវទៅវៀតណាម ​តាមច្រកទ្វារទ្វេភាគីតន់ហន់នេះ បើតាមមន្ត្រីជំនាញ​បានបញ្ជាក់ថា ​ដោយសារច្រកនេះ ​ពិបាកទម្លាក់ស្រូវចុះទូកខាងវៀតណាម ទាមទារ​ឲ្យ​ឈ្មួញ​ត្រូវ​មានកម្លាំងកម្មករខ្លួនឯង ​ហើយកន្លងមកឈ្មួញ ​និងពលរដ្ឋជាច្រើន​បាន​ស្នើសុំ ​ឲ្យ​រដ្ឋបាលខេត្ត​ជួយ​សម្របសម្រួល​ភាគីវៀតណាម ​ដើម្បី​បើកច្រកព្រៃទន្លេ ​ដែលទីនោះងាយ​ស្រួល និង​សំបូរ​កម្លាំងកម្មករ។ យ៉ាងណាក៏ដោយ ​ច្រកទ្វារទ្វេភាគីតន់ហន់ ​នៅតែដើរតួនាទី​យ៉ាង​សំខាន់ ​ក្នុងការ​ជួយ​សម្រួល​ដល់​ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងសង់​ ឲ្យប្រសើរឡើង ​តាមរយៈការដោះដូរទំនិញគ្នា៕អត្ថបទ៖ អន សារឹម

ការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច កម្ពុជា-អេមីរ៉ាតអារ៉ាប់រួមជុំទី២ នឹងធ្វើឡើងនៅខែធ្នូនេះ

2022/12/08 04:50:06 pm        284
ភ្នំពេញ៖ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា​ បានដឹកនាំ​ក្រុមការងារ​ចរចា​កិច្ច​ព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (CAM-UAE CEPA) ចូលរួមកិច្ចប្រជុំចង្អៀតអន្តរក្រសួង ​តាមប្រព័ន្ធវីដេអូ ​ដើម្បីគោរពរាយការណ៍ជូន អំពីលទ្ធផល​នៃ​ការ​ចរចាកិច្ចព្រមព្រៀង និងស្នើសុំគោលការណ៍​សម្រាប់ការចរចាជុំបន្ត។ក្រសួងពាណិជ្ជកម្ម ​បានឲ្យដឹងថា កិច្ចប្រជុំចង្អៀតអន្តរក្រសួងនេះ ​បានប្រព្រឹត្តទៅ កាលពី​រសៀលថ្ងៃទី៧ ធ្នូ ឆ្នាំ២០២២ក្រោមអធិបតីភាព ​ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី ​រដ្ឋមន្រ្តីក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ​និងជាប្រធានគណៈកម្មាធិការគោល​នយោបាយ​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ប្រភពដដែល បានបន្តថា ក្រោយពីបានស្តាប់ការរាយការណ៍របស់ ​ឯកឧត្តម ប៉ាន សូរស័ក្តិ ជូន​ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ​និងអង្គប្រជុំ ​អំពីប្រវត្តិសាវតា ​និងវឌ្ឍនភាពនៃការចរចាកិច្ច​ព្រមព្រៀង​នេះ​ អង្គប្រជុំក៏បានពិភាក្សាលើសំណូមពរ ​និងបញ្ហានានារបស់ក្រុមការងារចរចា​កិច្ច​ព្រមព្រៀង​ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម និងបាន​ទទួល​អនុសាសន៍​ណែនាំ​និងសេចក្តីសម្រេច ​ពីឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ លើចំណុចមួយចំនួន​ពាក់ព័ន្ធ​នឹងការចរចាលើអត្ថបទកិច្ចព្រមព្រៀង​ និងការបើកច្រកទីផ្សារពាណិជ្ជកម្មទំនិញ ពាណិជ្ជកម្ម​សេវា ​និងពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល ​សំដៅត្រៀមការចរចាជុំទី២ ដែលគ្រោង​ប្រព្រឹត្តិទៅ ​ចាប់ពីថ្ងៃទី១៩ ដល់២១ ខែធ្នូនេះ នៅកម្ពុជា។តាមឯកឧត្តមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា​ សារៈសំខាន់ក្នុងការបន្តធ្វើសមាហរណកម្ម និង​សហប្រតិបត្តិការសេដ្ឋកិច្ចរបស់កម្ពុជា​ទៅក្នុងតំបន់​ និងសកលលោក ស្របតាម​យុទ្ធសាស្រ្ត​ចតុកោណ​ដំណាក់កាលទី៤ ​របស់រាជរដ្ឋាភិបាលកម្ពុជា​ ក្នុងគោលបំណងបន្តធ្វើពិពិធកម្មទីផ្សារនាំ​ចេញ​សម្រាប់ផលិតផលកម្ពុជាឱ្យកាន់តែសំបូរបែប​ និងប្រសើរជាងមុន និងជាពិសេស​ចូលរួម​ចំណែក​ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ១៩ និងបង្កើតឱកាសការងារកាន់​តែច្រើន​ជូន​ប្រជាពលរដ្ឋ៕អត្ថបទ៖ ឈិត បូរ៉ាវី

ADBផ្តល់ហិរញ្ញប្បទានដល់កម្ពុជា លើគម្រោងជំរុញវិស័យជលផលសមុទ្រ

2022/12/08 01:19:28 pm        615
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទាន ៧៣លានដុល្លារ ដើម្បីបង្កើនភាពធន់នឹងអាកាសធាតុ និងនិរន្តរភាពនៃជលផល តំបន់ឆ្នេរ និងសមុទ្រ​ក្នុង​ប្រទេសកម្ពុជា។គម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព ​នឹងត្រូវបានផ្តល់ហិរញ្ញប្បទានជា ប្រាក់កម្ចីចំនួន ៤១ លានដុល្លារពី ADB ជំនួយឥតសំណងចំនួន ២២ លានដុល្លារពីមូលនិធិអភិវឌ្ឍន៍​អាស៊ីរបស់ ADB និងប្រាក់កម្ចីចំនួន ១០ លានដុល្លារពីមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន ក្រោម​កញ្ចប់​ជំនួយ ASEAN Catalytic Green Finance Facility (ACGF) ។ ​ទីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍ (Agence Française de Développement) ​ក៏នឹងផ្តល់ជាសហហិរញ្ញប្បទានប្រមាណ ២០លានដុល្លារ ដែលនឹងត្រូវគ្រប់គ្រងដោយ ADB ផងដែរ។លោក Alvin Lopez អ្នកឯកទេសជាន់ខ្ពស់ផ្នែកធនធានធម្មជាតិ និងកសិកម្មរបស់ ADB ប្រចាំតំបន់ អាស៊ីអាគ្នេយ៍​មានប្រសាសន៍ថា​ «គម្រោងនេះ គឺជាការវិនិយោគដ៏សំខាន់លើកដំបូងរបស់ ADB លើ វិស័យជលផលសមុទ្រ ហើយក៏ជាជំហានដ៏សំខាន់មួយនៃផែនការសកម្មភាព​សម្រាប់​មហា​សមុទ្រ​ប្រកបដោយផាសុខភាព និងសេដ្ឋកិច្ចពណ៌ខៀវប្រកបដោយនិរន្តរភាព។ អនុវិស័យជលផលគឺជាធាតុផ្សំដ៏សំខាន់នៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ​ដែលស្មើនឹង ៨% ទៅ ១០% នៃផលទុនជាតិសរុបរបស់ប្រទេស។ ជលផលសមុទ្រមាន ១៣% នៃអនុវិស័យ ជលផល​ប៉ុន្តែការនេសាទលើសកម្រិត ​និងហានិភ័យអាកាសធាតុ និង​គ្រោះមហន្តរាយ​បាននាំឱ្យ​មានការ​ថយចុះយ៉ាងខ្លាំង ​នៃបរិមាណត្រី ​ដែលបានជះឥទ្ធិពលដល់សហគមន៍ ​និងអាជីវកម្មនៅតាម​ឆ្នេរ​សមុទ្រ ហើយបណ្តាលឱ្យតម្លៃត្រីកើនឡើង។ គម្រោងនេះ​នឹង​ពង្រឹងវិស័យជលផលសមុទ្រ​ក្នុងខេត្តជាប់មាត់ ​សមុទ្រ ​ចំនួនបួនរបស់កម្ពុជាគឺ កំពត កែប កោះកុង និង ព្រះសីហនុ ឈាន​ចេញពីការធ្លាក់ចុះយ៉ាង​គំហុកនៃ​ វិស័យជលផល លើក​កម្ពស់​ការ​ចិញ្ចឹមត្រីសមុទ្រ​ដោយនិរន្តរភាព ​និងលើកកម្ពស់ទីតាំងប្រមូលទុកផល ​នេសាទ ដើម្បីកែ​លម្អ​សុវត្ថិភាពអាហារសមុទ្រ។ មានការរំពឹងថា នៅក្រោមគម្រោងនេះជលផលក្បែរឆ្នេរ សមុទ្រប្រហែល ៤០% នឹងត្រូវ​បានបង្កើតឡើងវិញទៅជាសហគ្រាសប្រកបដោយផលិតភាព ​និង និរន្តរភាព។ គម្រោងនេះ នឹងជំរុញការអភិវឌ្ឍវិស័យឯកជនដោយបើកឱ្យសហគមន៍ឆ្នេរ ​និងអាជីវកម្មខ្នាតតូច ធ្វើពិពិធកម្មជីវភាពរស់នៅរបស់ពួកគាត់ ទទួលយកកាអនុវត្តប្រកបដោយនិរន្តរភាព និងរីកចម្រើន​ទៅជា សហគ្រាសរស់រវើក។ វាក៏នឹងគាំទ្រដល់ការពង្រឹងសេដ្ឋកិច្ចរបស់ស្ត្រី តាមរយៈការបង្កើន​ការ​ចូលរួម​របស់ ស្ត្រីនៅក្នុងសហគ្រាសខ្នាតតូច​ និងមធ្យម។ ជាទូទៅគម្រោងនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ អង្គការ ​សហគមន៍នេសាទចំនួន ២៥ និង​សមាជិក​នៃតំបន់ការពារសហគមន៍ចំនួន ១៥ ​ដែលមានចំនួនជិត​ ២0.000គ្រួសារ ក៏ដូចជា​សហគមន៍​ឆ្នេរសមុទ្រទាំងមូលដែលមានប្រជាជនប្រហែល ​២00,000 នាក់៕ អត្ថបទ៖ ដាវណ្ណ

កម្ពុជា-កូរ៉េ នឹងចុះហត្ថលេខាលើឥណទានសម្បទាន ក្នុងទំហំទឹកប្រាក់ជាង ១៥០០លានដុល្លារ

2022/12/08 12:23:08 pm        555
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ស្អែកនេះ នឹងអញ្ជើញជាអធិបតីនៅក្នុងពិធីចុះហត្ថលេខាស្តីពីការ ​ផ្ដល់ឥណទានសម្បទាន នៃមូលនិធិ​សហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២២-២០២៦ ដែលមានទំហំទឹកប្រាក់ចំនួន ១៥០០លានដុល្លារអាមេរិក ។យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស ​និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ បានឲ្យដឹងថា ​ការចុះហត្ថលេខានេះ ​នឹងធ្វើឡើងរវាងឯកឧត្តម ប្រាក់ សុខុន ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស ​និងឯកឧត្តម ប៉ាក ហឹងឃ្យង ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា ។សេចក្តីប្រកាសព័ត៌មាន បានបន្តថា ក្នុងពេលជាមួយគ្នានោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ និងលោកស្រី Minnie CHEY ប្រធានមូលនិធិ​ សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍសេដ្ឋកិច្ច នៃធនាគារនីហ័រណអាហ័រណ​កូរ៉េ​ប្រចាំកម្ពុជា ​ក៏នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន ​សម្រាប់គម្រោងចំនួន២ ។ប្រភពបានបន្ថែមថា សម្រាប់គម្រោងចំនួន២នោះ រួមមាន ទី១. គម្រោងពង្រឹងសមត្ថភាពប្រព័ន្ធ​បណ្ដាញ​បញ្ជូនអគ្គិនសីនៅខេត្តព្រះសីហនុ ​ដែលមានទឹកប្រាក់ចំនួន ​៧០លានដុល្លារ និងទី២. គម្រោង​សាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ-អរិយក្សត្រ) ដែលមាន​ទឹកប្រាក់​ចំនួន ២៤៥ ៩០៩ ០០០ដុល្លារអាមេរិក ។គួរបញ្ជាក់ថា ឥណទានសម្បទាន ​ដែលផ្ដល់ដោយរដ្ឋាភិបាលកូរ៉េនេះ ​នឹងចូលរួមចំណែកដ៏សំខាន់ ដល់​កិច្ចខិតខំប្រឹងប្រែង​របស់រាជរដ្ឋាភិបាលកម្ពុជា​ ក្នុងការពន្លឿន​ការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំង​ពង្រឹង​បន្ថែមទៀត នូវទំនាក់ទំនងល្អ​ ដែលមានស្រាប់រវាងប្រជាជាតិទាំងពីរ ៕ អត្ថបទ៖ បាន សុខរិទ្ធិ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អភិបាលខេត្តប៉ៃលិន ពិនិត្យមើលការដាំដុះបន្លែសរីរាង្គ និងកសិផលដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ
07/06/2025 07:07 PM
ក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ភៀសសឹកដោយមិនគិតថ្លៃ នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម ខេត្តព្រះវិហារ
07/06/2025 05:07 PM
ឯកឧត្តម ហេង សួរ៖ កត្តាសន្ដិភាពធ្វើឱ្យយុវជនកម្ពុជាកាន់ប៊ិក ជំនួសដោយការកាន់កាំភ្លើងក្នុងសមរភូមិ
07/06/2025 05:07 PM
«កម្មវិធីប៉ាម៉ានី» ជួយជំរុញបន្ថែមទៀតឱ្យកុមារដឹងពីគុណតម្លៃនៃការសិក្សា និងជួយបំផុសឱ្យកុមារស្រលាញ់ និងខិតខំសិក្សារៀនសូត្រ ក៏ដូចជាលើកទឹកចិត្តឱ្យឪពុកម្តាយ ឬអាណាព្យាបាល ជំរុញកូនៗ ឱ្យខិតខំសិក្សារៀនសូត្រ
07/06/2025 05:07 PM
នាយករដ្ឋមន្ត្រីជប៉ុននិយាយថា នឹងមិនងាយក្នុងការសម្របសម្រួលជាមួយលោក Trump លើពន្ធទេ
07/06/2025 03:07 PM
ឯកឧត្តម ហ៊ុន ម៉ានី បំផុសចលនាបរិស្ថានតាមរយៈការជំរុញឱ្យពលរដ្ឋ កងកម្លាំង មន្ត្រីរាជការ សិស្ស និស្សិត ចូលរួមដាំកូនឈើទាំងអស់គ្នាចាប់ផ្តើមពីក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ
07/06/2025 03:07 PM
មនុស្សរាប់ពាន់នាក់បានរងផលប៉ះពាល់នៅទីក្រុងព្រំដែនកូឡុំប៊ី បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់
07/06/2025 02:07 PM
សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដើម្បីកសាងព្រះវិហារ ស្ថិតក្នុងវត្តជ័យមុនី ទំហំទទឹង ១២ម៉ែត្រ និងបណ្តោយ ២៤ម៉ែត្រ
07/06/2025 02:07 PM
ប្រមុខ UN ថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ីលើអ៊ុយក្រែន
07/06/2025 02:07 PM
អ្នកនាំពាក្យសម្ដេចតេជោ ផ្ដាំទៅក្រុមអ្នកស្ទង់មតិថៃ «កុំបារម្ភរឿងប្រជាប្រិយភាពសម្ដេចតេជោ និងសម្ដេចធិបតី ប៉ុន្ដែគួរខិតខំដោះស្រាយបញ្ហាផ្ទៃ ក្នុងរបស់ខ្លួនវិញ»
07/06/2025 02:07 PM