សភាពាណិជ្ជកម្មកម្ពុជា រៀបចំវេទិកាធុរកិច្ច និងនវានុវត្តន៍២០២៥ ដើម្បីលើកកម្ពស់វិស័យនវានុវត្តន៍និងធុរកិច្ច
​​​​ប្រធានសមាគមអ្នកផ្គត់ផ្គង់ត្រីប្ដេជ្ញាចិត្តចូលរួមផ្គត់ផ្គង់ទិន្នផលត្រីឱ្យឆ្លើយតបតាមតម្រូវការទីផ្សារ
រដ្ឋមន្ត្រីក្រសួងសាធារណការ ចូលរួមកិច្ចប្រជុំពិភាក្សាការងារលើការរៀបចំផែនការមេ និងការអភិវឌ្ឍច្រករបៀងគម្រោងព្រែកជីកហ្វូណនតេជោ
ឯកឧត្តម ឌិត ទីណា ចុះត្រួតពិនិត្យស្ថានភាពដីសម្រាប់ផលិតកម្មដំណាំបន្លែដេីម្បីផ្គត់ផ្គង់ដល់កងទ័ព

សេដ្ឋកិច្ច និង កសិកម្ម

ក្រសួងពាណិជ្ជកម្ម ជំរុញការពង្រឹងគុណភាពផលិតផលខ្មែរ ដើម្បីនាំចេញទៅក្រៅប្រទេស

2022/12/16 01:32:43 pm        616
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី១៦ ធ្នូ ឆ្នាំ២០២២នេះ បានរៀបចំសិក្ខាសាលាស្តីពី ការពង្រឹង​គុណភាព​ផលិតផលខ្មែរ ​និងសេវាកម្ម ​ដើម្បីជំរុញការនាំចេញ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពីមន្រ្តីជំនាញអន្តរក្រសួង ​តំណាងក្រុមហ៊ុន សហគ្រាស ​និងតំណាងផ្សារទំនើបជាដើម សរុប​ចំនួនប្រហែលជិត ១០០នាក់។ឯកឧត្តម កៅ កោសល អគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ​នៃក្រសួងពាណិជ្ជកម្ម បាន​ឲ្យដឹងថា គោលបំណង​សំខាន់​នៃអង្គពិធីនេះ ​គឺ​ដើម្បី​ចង់​បំផុស​ចលនា​មហាជន ពិសេស​ប្រជាជនកម្ពុជា​ឲ្យងាកមក ​គាំទ្រការប្រើប្រាស់ផលិតផលខ្មែរឲ្យបានច្រើន។សិក្ខាសាលានេះ ​គឺធ្វើអមជាមួយព្រឹត្តិការណ៍ ​ពិព័រណ៍ផលិតផលខ្មែរ ​និងទំនិញនាំចេញ-នាំចូល លើកទី១៥ ​សម្រាប់​ប្រជាពលរដ្ឋខ្មែរជាទូទៅ ឲ្យបានឃើញ និងស្គាល់ផលិតផលរបស់ខ្មែរឲ្យកាន់​តែ​ទូលំទូលាយ។ ឯកឧត្តម បានឲ្យដឹងទៀតថា ​គោលបំណងមួយទៀតនោះ ​ដើម្បីជំរុញអ្នកផលិត និងអ្នកនាំចេញ​ទាំង​អស់ឲ្យពង្រឹងគុណភាព ​ពង្រឹងសេវាលើផលិតផលខ្មែរ​ឲ្យមានគុណភាពខ្ពស់ ការវេចខ្ចប់​បាន​ត្រឹមត្រូវ​ លក់ក្នុងតម្លៃសមស្រប​ ដើម្បីអាចជំរុញ​ដល់ការនាំចេញផលិតផលខ្មែរទៅកាន់​ទីផ្សារ​នៅក្រៅប្រទេស។យោងតាមបទបង្ហាញ​ ការលើកកម្ពស់ផលិតផលខ្មេរស្របតាមតម្រូវការទីផ្សារ របស់លោក ហ៊ឹង ចក់ ​អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ ​បានឲ្យដឹងថា ​មកដល់ពេលនេះ ​ក្រសួងពាណិជ្ជកម្ម បាន​និង​កំពុងរៀបចំគោលនយោបាយ ​និង​យុទ្ធសាស្រ្ត​ចរចា​បើកទីផ្សារ ​ដើម្បី​ទាញយកឲ្យ​បាន​នូវ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរីជាមួយប្រទេសធំៗ​ និងតំបន់ចំនួន៨ ​នៅទូទាំង​ពិភពលោក រួមមាន៖ប្រទេសចិន, កូរ៉េខាងត្បូង, ជប៉ុន, អង់គ្លេស, អាម៉េរិក, ឥណ្ឌា, ម៉ុងហ្គោលី និង​សហភាព​សេដ្ឋកិច្ចអឺរ៉ាស៊ាន។សូមបញ្ជាក់ថា ពាក់ព័ន្ធពិព័រណ៍ផលិតផលខ្មែរ ​និងទំនិញនាំចេញ-នាំចូល​ លើកទី១៥ ដែលរៀបចំ​ឡើងនៅអគារពិព័រណ៍​កោះពេជ្រ រាជធានីភ្នំពេញ​ គឺមានរយៈពេល ៤ថ្ងៃ ​ចាប់ពីថ្ងៃទី១៥ ដល់១៨ ខែធ្នូ ​ឆ្នាំ២០២២​ ដោយមានស្តង់សរុប​ចំនួន ២៦៨ស្តង់ ​ក្នុងនោះ​មានស្តង់ពីស្ថានទូតបរទេស​ប្រចាំ​នៅកម្ពុជា ស្តង់មកពីរាជធានី-ខេត្ត សភាពាណិជ្ជកម្មកម្ពុជា ​សហព័ន្ធស្រូវអង្ករ អង្គការ សមាគម​អាជីវកម្ម ក្រុមហ៊ុន សហគ្រាសក្នុងស្រុក ​និងមកពីបរទេសដែលមានក្រុមហ៊ុន សហគ្រាស​សរុបចំនួន ១៨១ក្រុមហ៊ុន៕ អត្ថបទ៖ ឈិត បូរ៉ាវី

អ្នកជំនាញជំរុញភាគីពាក់ព័ន្ធ អនុវត្តតាមលក្ខខណ្ឌរបស់ប្រទេសចិន ដើម្បីធានានិរន្តរភាពនាំចេញផ្លែមៀនស្រស់

2022/12/16 01:14:06 pm        602
ភ្នំពេញ៖ ជាថ្មីម្តងទៀត អ្នកជំនាញវិស័យកសិកម្ម បានជំរុញដល់ប្រជាពលរដ្ឋ ​និងភាគីពាក់ព័ន្ធ បន្ត​អនុវត្តតាម​លក្ខខណ្ឌ​តម្រូវរបស់ប្រទេសចិន ដើម្បីធានានិរន្តរភាពនាំចេញផ្លែមៀនស្រស់។មានប្រសាសន៍​ប្រាប់BTV នៅថ្ងៃទី១៦ ​ខែធ្នូនេះ លោក ជួ មករា ​ប្រធានសហភាព​សហគមន៍​ផ្លែមៀន​កម្ពុជា ​បានឲ្យដឹងថា ​បច្ចុប្បន្នសហគមន៍​មិនទាន់សាកល្បង​នាំផ្លែមៀនស្រស់​ពី​កម្ពុជា​ទៅកាន់ប្រទេសចិននោះ ​បើទោះបីក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ បានចុះកិច្ច​ព្រៀម​ព្រៀង​នាំផ្លែមៀនស្រស់ពីកម្ពុជា​ទៅកាន់ប្រទេសចិន ​កាលអំឡុងចុងខែតុលាកន្លងទៅ ដោយ​សារសហគមន៍​កំពុងរៀបចំលក្ខណៈបច្ចេកទេស​ដោយ​គោរព​តាម​លក្ខខណ្ឌ​របស់ភាគីចិន។ លោកថា ការនាំផ្លែមៀនស្រស់របស់សហគមន៍ ​គ្រោងនឹងចាប់ផ្តើម​នៅខែមីនា ឆ្នាំ២០២៣ ក្នុងរង្វង់​បរិមាណចាប់ពី ១០០តោនឡើងទៅ។ លោក ជួ មករា បានជំរុញដល់ប្រជាកសិករ និងភាគីពាក់ព័ន្ធ ​បន្តពង្រឹងលក្ខខណ្ឌរបស់ប្រទេសចិន ដើម្បីធានា​និរន្តរភាពនាំចេញផ្លែមៀពីកម្ពុជា​ទៅប្រទេសចិន ខណៈបច្ចុប្បន្នមាន​អ្នកវិនិយោគិន​មួយ​ចំនួននាំផ្លែមៀនស្រស់ចេញទៅជាបន្តបន្ទាប់។នៅចុងខែតុលា ឆ្នាំ២០២២នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ ​បានរៀបចំ​ពី​សម្ពោធ​នាំចេញ​ផ្លែមៀន​ស្រស់​កម្ពុជា​ ទៅកាន់ទីផ្សារចិនជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម ​និងឯកឧត្តម វ៉ាង វិនធាន​ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។នៅក្នុងឱកាសនោះ ​ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីថ្មី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ ​និងនេសាទ បាន​ថ្លែងថា ការ​សម្រេច​បាន​សិទ្ធិនាំចេញផ្លែមៀនស្រស់ជាផ្លូវការ ​ទៅកាន់ប្រទេសចិន គឺជាការ​បោះ​ជំហាន​ទៅមុខយ៉ាងវែង​សម្រាប់កម្ពុជា។ ​នេះគឺជាជោគជ័យថ្មីមួយទៀត​ ដែលប្រសូតចេញ​ពី​កិច្ច​សហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ​រវាងប្រទេសទាំងពីរ ដែលនឹងចូលរួម​ចំណែក​យ៉ាងសំខាន់ ​ដល់ការអភិវឌ្ឍវិស័យកសិកម្ម។បច្ចុប្បន្នចំការមៀនដែលទទួលបាន​ការអនុម័ត ​ចុះបញ្ជីជាផ្លូវការឱ្យនាំចេញផ្លែមៀនទៅកាន់​ទីផ្សារ​ចិន មានចំនួន៧៤ ​ក្នុងនោះ​នៅខេត្តប៉ៃលិនចំនួន ​៤០ចំការ ​បាត់ដំបងចំនួន២៨ ចំការ និង​បន្ទាយមានជ័យ​ចំនួន ៦ចំការ។​ ដោយឡែក ​រោងចក្រវេចខ្ចប់មានចំនួន ៨ រួមមាននៅ​ខេត្ត​កណ្តាលចំនួន ១ ខេត្តបាត់ដំបង ចំនួន៣ ខេត្តប៉ៃលិនចំនួន២ ​និងខេត្តព្រះសីហនុចំនួន២៕ អ​ត្ថបទ៖ សោភណ្ឌ

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ គាំទ្រកម្មវិធីអន្តរកម្មថាមពលរបស់កម្ពុជា

2022/12/15 12:52:09 pm        334
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តាមវិស័យមួយដែល​រួមបញ្ចូល​កម្ចីផ្អែកលើគោលនយោបាយចំនួន៥០លានដុល្លារ និងការវិនិយោគ​គម្រោង​ចំនួន ​២៣លានដុល្លារ​ដើម្បីគាំទ្រ​អន្តរកម្មថាមពលរបស់​ប្រទេសកម្ពុជា។កម្មវិធីអភិវឌ្ឍន៍តាមវិស័យសម្រាប់អន្តរកម្មថាមពលនេះ រួមមានកញ្ចប់កំណែទម្រង់គោល​នយោបាយ​ដ៏ទូលំទូលាយដំបូងរបស់ ADB សម្រាប់វិស័យថាមពលនៅកម្ពុជា​ដែលនឹងត្រូវបានផ្តល់​ហិរញ្ញប្បទានដោយប្រាក់កម្ចីចំនួន៤០លានដុល្លារពីធនធានសម្បទានរបស់ ADB និង​ប្រាក់កម្ចីចំនួន ១០លានដុល្លារពីមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន ដែលជាផ្នែកមួយ​នៃហិរញ្ញវត្ថុ​កាតាលីករ​បៃតង​អាស៊ាន (ACGF)។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានចេញ​ផ្សាយ​នៅថ្ងៃទី ១៥ខែធ្នូនេះ។ក្នុងសេចក្ដីប្រកាស បានបញ្ជាក់ថា សម្រាប់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធចំនួន ២៣លាន​ដុល្លារ​នោះ ​កម្មវិធីបង្កើនថាមពលកកើតឡើងវិញសម្រាប់កម្ពុជា​របស់​មូលនិធិវិនិយោគអាកាសធាតុ នឹង​ផ្តល់ប្រាក់កម្ចីចំនួន៦លានដុល្លារ និងជំនួយចំនួន​៥លានដុល្លារ​ដែលជាហិរញ្ញប្បទាន​អាកាស​ធាតុ។ មូលនិធិអាកាសធាតុបៃតងនឹងបន្ថែមប្រាក់កម្ចី​ចំនួន​១២លានដុល្លារតាមរយៈកម្មវិធី​ការស្តា​ឡើងវិញ​បៃតងនៃហិរញ្ញវត្ថុកាតាលីករបៃតងអាស៊ាន។ ចំពោះថវិកា​ទាំងអស់​នឹងត្រូវគ្រប់គ្រងដោយ ADB។កម្មវិធីនេះ គាំទ្ររបៀបវារៈនៃអន្តរកម្មរថាមពលរបស់​រាជរដ្ឋាភិបាលកម្ពុជា​ដើម្បី​បង្កើន​ថាមពលក​កើតឡើងវិញនិងប្រសិទ្ធភាពថាមពលនិងផ្លាស់ចេញពីឥន្ធនៈហ្វូស៊ីល។គម្រោងនេះ ​បង្កើតការធ្វើផែនការ និងបទបញ្ញាតិ្តដោយប្រើ​ទិន្នន័យ​សម្រាប់ប្រព័ន្ធថាមពល​ដើម្បី​បង្កើន​ភាពបត់បែននិងភាពធន់ និងពង្រឹងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធថ្មីសម្រាប់​ការធ្វើផែន​ការ​យុទ្ធសាស្រ្ត ព្រមទាំងបង្ហាញពីបច្ចេកវិទ្យា និងគំរូអាជីវកម្មថ្មីៗ។កម្មវិធីនេះបង្កើតឡើងផ្អែកលើជោគជ័យសំខាន់ៗ ដែលបង្ហាញពីការផ្លាស់ប្តូរថាមពលកំពុង​មានសកម្មភាព។ ប្រព័ន្ធដែលភ្ជាប់បណ្តាញថាមពលពន្លឺព្រះអាទិត្យដំបូងគេបង្អស់របស់​ប្រទេស​ត្រូវបានជំរុញដោយវិស័យឯកជន និង ផ្តល់ហិរញ្ញប្បទានដោយ​ ADB ក្នុងឆ្នាំ២០១៦។ដោយមានការគាំទ្របន្ថែមពី ADB ក្នុងឆ្នាំ២០១៨ រាជរដ្ឋាភិបាលបានរៀបចំផែនការមេ​ថាមពលពន្លឺ​ព្រះអាទិត្យ​និង​ដាក់ឱ្យដំណើរការសួនថាមពលពន្លឺព្រះអាទិត្យ​ដំបូងបង្អស់របស់​ប្រទេសកម្ពុជា​ដែល​មានសមត្ថភាព ១០០ មេហ្គាវ៉ាត់ ក្នុងឆ្នាំ២០១៩ ក្រោមវិធីសាស្រ្តភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជនដែលនាំឱ្យតម្លៃថាមពលពន្លឺព្រះអាទិត្យមានកម្រិតទាបបំផុតនៅក្នុងតំបន់នាពេលនោះ។កាលពីដើមឆ្នាំនេះរាជរដ្ឋាភិបាលបានផ្តួចផ្តើមបង្កើតកម្មវិធីលទ្ធកម្មថាមពលពន្លឺព្រះអាទិត្យ២ ជីហ្គាវ៉ាត់​ ជាមួយនឹងថ្មផ្ទុកដែលត្រូវបានគាំទ្រដោយADB ផងដែរ៕ អត្ថបទ៖ វណ្ណៈ 

ក្រសួងសេដ្ឋកិច្ច៖ ស្ថានភាពបំណុលសាធារណៈកម្ពុជា នៅតែមានចីរភាព និងហានិភ័យកម្រិតទាប

2022/12/15 12:40:30 pm        293
ភ្នំពេញ៖ គិតត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២២នេះ រួមបញ្ចូល​ទាំង​បំណុល​មរតក​កម្ពុជា មាន​សន្និធិបំណុលសាធារណៈសរុបចំនួន ៩.៤៧ ប៊ីលានដុល្លារអាមេរិក​ ដែល​ឆ្លុះបញ្ចាំង​ថា ស្ថានភាពបំណុលសាធារណៈកម្ពុជា ​នៅតែមានចីរភាព​ និងហានិភ័យកម្រិតទាប។យោងតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ បានឱ្យដឹងថា គិតត្រឹមដំណាច់ត្រីមាសទី៣ ឆ្នាំ២០២២នេះ ​រួមបញ្ចូល​ទាំងបំណុលមរតក កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបចំនួន ៩.៤៧ ប៊ីលានដុល្លារអាមេរិក ក្នុងនោះ​ ៩.៤៦ប៊ីលានដុល្លារ ​ជាបំណុលសាធារណៈក្រៅប្រទេស ដែល​ស្មើ ៩៩.៨៩% និង១០.១៥លានដុល្លារ ឬប្រមាណ ០.១១% ជាបំណុល​សាធារណៈក្នុងប្រទេស។គិតចាប់ពីត្រីមាសទី១ ដល់ត្រីមាសទី៣ ឆ្នាំ២០២២នេះ កម្ពុជាបានចុះកិច្ចព្រមព្រៀង​ឥណទាន​សម្បទានថ្មី ជាមួយដៃគូអភិវឌ្ឍន៍នានា ចំនួន ១ ២១៧.៩០ ​លានដុល្លារអាមេរិក​ ស្មើនឹង ៩៤៩. ៨៣ លានដុល្លារអេសដេអ៊ែរ ឬស្មើនឹង៥៩% នៃពិដានដែលច្បាប់អនុញ្ញាត។ ក្នុងនោះក្របខ័ណ្ឌទ្វេភាគីមានប្រមាណ ៦៨% និងពហុភាគី មានប្រមាណ ៣២%។ ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ គឺ​សម្រាប់បំពេញ​តម្រូវការហិរញ្ញប្បទាន ​ក្នុងវិស័យអទិភាពរបស់រាជរដ្ឋាភិបាល សំដៅរួម​ចំណែក​ទ្រទ្រង់​ចីរភាពនៃកំណើនរយៈពេលវែង​ និងបង្កើនផលិតភាពសេដ្ឋកិច្ច ​ឬផលិតភាពផលិតកម្ម។ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា​ លទ្ធផលបឋម​នៃការវិភាគចីរភាពបំណុល រហូត​ដល់​ដំណាច់ឆ្នាំ២០២២ បង្ហាញថា ​បើទោះបីជាសេដ្ឋកិច្ចកម្ពុជា ទទួលរងនូវផលប៉ះពាល់ពីការរីក​រាល​ដាល​នៃការវិបត្តិជំងឺកូវីដ១៩​ និងពីកត្តាខាងក្រៅផ្សេងទៀតក្តី ​នៅតែស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោល​គឺនៅតែមានចីរភាព និងហានិភ័យកម្រិតទាបដដែល ​ដោយរាល់សូចនាករបំណុលគន្លឹះៗ​ទាំង​អស់សុទ្ធតែ ស្ថិតក្រោអនុបាតតម្លៃបច្ចុប្បន្ននៃបំណុលសាធារណៈក្រៅប្រទេសធៀបនឹង ផ.ស.ស​ មានត្រឹមកម្រិត ២៤.៩% ​ធៀបនឹងអនុបាតគោល ៤០%។ក្នុងរយៈពេល៩ខែ​ រាជរដ្ឋាភិបាលកម្ពុជា បានទូទាត់សេវាបំណុល ​ជូនដៃគូអភិវឌ្ឍន៍ចំនួន ៤០៤.៥៧​លាន​ដុល្លារអាមេរិក កើនឡើង១៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះ​សម្រាប់ក្របខណ្ឌទ្វេភាគីចំនួន​ ៣១១.៦៧លានដុល្លារអាមេរិក និងពហុភាគីចំនួ ៩២.៩០លានដុល្លារអាមេរិក។សូមបញ្ជាក់ផងដែរ​ ក្នុងចំណោមបំណុលសាធារណៈ សរុប ៩.៤៧ប៊ីលានដុល្លារអាមេរិកនេះ ក្នុងនោះ​កម្ពុជាជំពាក់ចិនចំនួន ៤១%, ជប៉ុន ១០%, កូរ៉េ​ ៥%, បារាំង ៥%, ​បំណុលមរតក មានចំនួន ៧% , ADB ២០%, ​ធនាគារពិភពលោក ៩% ​និងពហុភាគីផ្សេងទៀត៕អត្ថបទ វណ្ណៈ

ពលរដ្ឋខេត្តស្វាយរៀង ប្រមូលទុកដាក់ផលស្រូវបានជាង៤សែនតោន

2022/12/14 04:36:53 pm        357
ស្វាយរៀង៖ គិតត្រឹមថ្ងៃទី១០ ខែធ្នូឆ្នាំនេះ កសិករនៅទូទាំងខេត្តស្វាយរៀង បានធ្វើការ​ប្រមូល​ទុកដាក់ផល​ស្រូវបានជាង៤សែនតោនហើយ នៅលើផ្ទៃដី ១៣៣ ពាន់៣០៩ហិកតា ដោយ​ទទួលបានទិន្នផល គិតជាមធ្យមក្នុង១ហិកតា ២តោន ៨០០គីឡូក្រាម សម្រាប់ហូបចុក និងបម្រើទីផ្សារ ។លោក សុខ សុទ្ធាវុធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង នៅថ្ងៃទី១៣ ខែធ្នូ នេះបានប្រាប់ទូរទស្សន៍ BTVតាមសារតេឡេក្រាមថា នៅរដូវវស្សាឆ្នាំ២០២២នេះ ពលរដ្ឋ នៅខេត្តស្វាយរៀង សម្រេច​ផលិតស្រូវបានជាង៩០% នៃផែនការផលិតស្រូវប្រចាំឆ្នាំ១៦៧ពាន់ ៥០០ហិកតា ក្នុងនោះ ស្រូវជាង ៥០០ហិកតា ស្ថិតនៅក្រុងបាវិត ​ស្រុកកំពង់រោទិ៍ ​និងស្រុកស្វាយជ្រំ បានរងជំនន់ទឹកភ្លៀង ជន់លិចខូចខាត។ទាក់ទងទៅនឹងតម្លៃស្រូវនៅខេត្តស្វាយរៀង ក្នុងពេលបច្ចុប្បន្ននេះ ក្រុមឈ្មួញបានដើរប្រមូលទិញ ពី​កសិករនៅតាមគ្រួសារ ​ដើម្បីយកទៅលក់បន្ត ​នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា វៀតណាម ក្នុងភូមិ សាស្ត្រច្រកទ្វារព្រំដែនអន្តរជាតិព្រៃវ័ល្ល ឃុំថ្មី ស្រុកកំពង់រោទិ៍ ក្នុង១គីឡូក្រាមស្រូវ (អ៊ី អ៊ែរ) ចម្រុះហើយសើមមានតម្លៃ៩៣០រៀល ទៅ៩៤០រៀល ​ ឯស្រូវស្រែ​ចម្រុះ ហើយសើម​ មានតម្លៃក្នុង​១គីឡូក្រាម ពី១ ពាន់រៀល ទៅ១ពាន់១០០រៀល ​បើប្រៀបធៀបទៅនឹងតម្លៃស្រូវឆ្នាំ២០២១ មាន​តម្លៃប្រហាក់ប្រហែលគ្នាទេ ​តែបើវិភាគផ្នែកសេដ្ឋកិច្ច ​ការងារធ្វើស្រែរបស់កសិករនៅឆ្នាំនេះ មាន​ផលចំណេញតិចតួច ​ចំពោះអ្នកមានមធ្យោបាលផលិត ​តែ​សម្រាប់អ្នកគ្មានមធ្យោបាយផលិត គឺ​ខាត​ចូលថ្លៃដើម ​ដោយតម្លៃពលកម្ម និងសម្ភារកសិកម្ម ជី ថ្នាំកសិកម្ម ប្រេងឥន្ធនៈ មានតម្លៃទ្វេរដង ៕

ឥណទានរបស់ធនាគារ និងមីក្រូហិរញ្ញវត្ថុចូលរួមចំណែកយ៉ាងសំខាន់ដល់សកម្មភាពអាជីវកម្ម

2022/12/14 02:38:32 pm        223
ភ្នំពេញ៖ ប្រតិបត្តិការ​របស់​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បានបង្ហាញ​ពី​ដំណើរការ​អាជីវកម្ម​ដ៏​រឹងមាំ​ក្នុង​ត្រីមាស​ទី២ នៃ​ឆ្នាំនេះ ដោយសារ​ការ​ស្ទុះ​ងើបឡើង​វិញ​យ៉ាង​ឆាប់រហ័ស​នៃ​សកម្មភាព​អាជីវកម្ម​ចាប់​តាំងពី​រាជ​​រដ្ឋាភិបាល​បាន​ប្រកាស​បើក​ដំណើរ​ការ​សេដ្ឋកិច្ច​សង្គម​ឡើងវិញ​ពេញ​​លេញ​នៅក្នុង​ខែវិច្ឆិកា ឆ្នាំមុន​។ធនាគារជាតិ​នៃ​កម្ពុជា​ បាន​ចេញ​ផ្សាយ​របាយការណ៍​នា​ថ្ងៃទី​ ១១ ខែធ្នូ ឆ្នាំ​ ២០២២ ​បង្ហាញថា គិត​ត្រឹម​ដំណាច់ត្រីមាស​ទី​២ ឆ្នាំ​ ២០២២ គ្រឹះ​ស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​បាន​បង្កើន​ប្រាក់កម្ចី​ចំនួន ២១៦​ ពាន់​ពាន់​លាន​រៀល ​ឬស្មើនឹងប្រមាណ ៥៣,១​ ពាន់​លាន​ដុល្លារ​ ដល់​វិស័យ​ឯកជន ​កើន ២៣,៦​ ភាគរយ​ធៀប​ចុង​ត្រីមាស​ទី​ ២ ឆ្នាំមុន​។ឥណទាន​ដល់​វិស័យ​ឯកជន​គ្របដណ្ដប់​លើ​សំណង់​ ការ​ជួញដូរ​ដុំ និង​រាយ កសិកម្ម អង្គភាព​គ្រួសារ​ និង​កម្មន្តសាល​ និងវិស័យ​ផ្សេងៗ​ ​។​ធនាគារជាតិ​នៃ​កម្ពុជា បាន​លើក​ឡើងថា​ ឥណទាន​គឺជា​ប្រភព​ទុន​ដ៏​សំខាន់​សម្រាប់​គាំទ្រ​សកម្ម​ភាព​សេដ្ឋកិច្ច ​និង​រួមចំណែក​ដល់​វិស័យ​សំខាន់ៗ​ដូចជា ​សំណង់ ​ការ​ជួញដូរ​ដុំ និង​រាយ ​សេវាកម្ម កសិកម្ម​អង្គភាព​គ្រួសារ និង​កម្មន្តសាល​​។បច្ចុប្បន្ន​កម្ពុ​ជា​មាន​ធនាគារ​ពាណិជ្ជ​ចំនួន ៥៦ ធនាគារ​ឯកទេស ចំនួន១០ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ចំនួន​ ៨៤ក្រុមហ៊ុន​ភតិសន្យា ​ចំនួន ១៧ ការិយាល័យ​តំណាង​ធនាគារ​បរទេស​ ចំនួន៦ ក្រុមហ៊ុន​ផ្ដល់​សេវា​ទូទាត់​ចំនួន ​៣០ និង​ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​ចំនួន ២៣២៕អត្ថបទ៖ វណ្ណៈ

កម្ពុជានាំចូលប្រេង និងឧស្ម័នក្នុងទំហំទឹកប្រាក់ ៣,៣៨ពាន់លានដុល្លារ ក្នុងរយៈពេល១១ខែ

2022/12/14 02:05:31 pm        598
ភ្នំពេញ៖ កម្ពុជា បាននាំចូលប្រេងឥន្ទនៈ និងឧស្ម័ន ក្នុងទំហំទឹកប្រាក់ ប្រមាណជាង ៣ពាន់លាន​ដុល្លារ ក្នុងរយៈពេល ១១ខែ ឆ្នាំ២០២២ ​ខណៈរាជរដ្ឋាភិបាល កំពុងជំរុញ និងទាក់ទាញវិនិយោគ​លើ​ធនធានប្រេងកាត​ ដែលមានក្នុងប្រទេស។របាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ចេញផ្សាយកាលពីថ្ងៃចន្ទ ​បង្ហាញថា ប្រទេសកម្ពុជា​បាននាំចូលផលិតផលប្រេង និងឧស្ម័នមានតម្លៃ ៣,៣៨ ពាន់លានដុល្លារអាមេរិក​ ក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ​២០២២ កើនឡើងជិត ៥៨ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។របាយការណ៍​នេះ​ មិន​បាន​និយាយ​លម្អិត ​អំពី​បរិមាណ​ប្រេង ​និង​ឧស្ម័ន​ដែល​កម្ពុជា ​បាន​នាំ​ចូល​ក្នុង​អំឡុង​ខែ​មករា​ដល់​ខែ​វិច្ឆិកា​ឆ្នាំ​នេះ​ទេ។បច្ចុប្បន្ននេះ កម្ពុជាពឹងផ្អែកទាំងស្រុងលើការនាំចូលប្រេង និងឧស្ម័ន ​ដោយសារធនធានប្រេង និង​ឧស្ម័ន​នៅបាតសមុទ្ររបស់ខ្លួនមិនទាន់ត្រូវបានទាញយកបាននៅឡើយ។​ កន្លងមក មានការទាញ​យកប្រេង​ពីបាទសមុទ្ររបស់កម្ពុជា ​ដោយក្រុមហ៊ុនវិនិយោគ KrisEnergy ​មកពីប្រទេសសឹង្ហបុរី ប៉ុន្តែ​ខ្សែច្រវ៉ាក់នៃផលិតកម្មបូមប្រេងកាតនេះ​ ត្រូវបានផ្អាក​ដំណើរការទៅវិញ ក្រោមហេតុផល​ក្រុមហ៊ុនក្ស័យធុន។រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ឯកឧត្តម ស៊ុយ សែម កាលពីពេលថ្មីៗនេះ បាននិយាយថា តម្រូវការផលិតផលប្រេងនៅកម្ពុជា ​ត្រូវបានគេព្យាករណ៍ថានឹងកើន​ឡើងដល់ ៤,៨លានតោន​នៅឆ្នាំ២០៣០​ ពោលគឺកើនឡើងពី ​២,៨លានតោនក្នុងឆ្នាំ២០២០។រដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការវិនិយោគបន្ថែមទៀតនៅក្នុងវិស័យនេះ គឺចាំបាច់ ដើម្បីឆ្លើយតប​ទៅនឹងតម្រូវការដែលកំពុងកើនឡើងនេះ ៕ អត្ថបទ៖ វណ្ណៈ​ 

វិស័យកសិកម្មមានសក្តានុពលទាក់ទាញ និងផ្តល់ឱកាសដល់អ្នកវិនិយោគ

2022/12/14 01:11:28 pm        615
ភ្នំពេញ៖ អ្នកជំនាញកសិកម្ម រំពឹងខ្ពស់លើវិស័យកសិកម្មនៅកម្ពុជា ជាឱកាសដល់អ្នកវិនិយោគ ស្របពេលរាជរដ្ឋាភិបាលបានលើកទឹកចិត្តដល់វិស័យឧស្សាហកម្មកែច្នៃពីកសិកម្ម និងមានគោលនយោបាយកាត់បន្ថយការនាំចូល និងពង្រីកការនាំចេញ។ឯកឧត្តមបណ្ឌិត តាន់ មុនីវណ្ណ អគ្គនាយករងក្រុមហ៊ុន ម៉ុង រិទ្ធី គ្រុប លើកឡើងថា នៅឆ្នាំ ២០២៣ វិស័យកសិកម្មនឹងមានកំណើនកាន់តែល្អប្រសើរ ដោយសាររាជរដ្ឋាភិបាល បានពង្រីកគោល​នយោបាយធំៗ​បន្ថែមទៀតដូចជា ផែនទីចង្អុលផ្លូវសម្រាប់វិស័យកសិកម្ម និងការលើកទឹកចិត្ត​ឧស្សាហកម្មកែច្នៃលើវិស័យកសិកម្ម ​ខណៈបច្ចុប្បន្ន វិស័យកសិកម្មនៅលើពិភពលោក​កំពុង​ឡើងថ្លៃ។ ឯកឧត្តមបណ្ឌិត បន្តថា កម្ពុជាបានចុះកិច្ចព្រមព្រៀង FTA ជាមួយចិន និងជាមួយកូរ៉េ និងអាច​ពង្រីក FTA ទៅជាមួយប្រទេសផ្សេងៗ​បន្ថែមទៀត ដែលធ្វើឲ្យការនាំចេញវិស័យ​កសិកម្ម​និងមានលក្ខណៈទូលំទូលាយជាងមុន​ ក្នុងនោះអ្វីដែលសំខាន់បំផុត គឺរាជរដ្ឋាភិបាលបាន​បង្កើត​ការលើកទឹកចិត្តទៅលើវិស័យឧស្សាហកម្មកែច្នៃ ​គឺមានគោលនយោបាយកាត់បន្ថយការនាំចូល និងពង្រីកការនាំចេញ ​និងបំពេញតម្រូវការក្នុងស្រុក។ក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ បានព្យាករ វិស័យកសិកម្ម ​នឹងបន្តសម្រេចបានកំណើនក្នុងរង្វង់ ០,៧% ក្នុងឆ្នាំ ២០២២ និង ១,១% ក្នុងឆ្នាំ ២០២៣ ​ដោយសារកំណើនរឹងមាំនៃអនុវិស័យចិញ្ចឹមសត្វ និង​អនុវិស័យដំណាំ ​ស្របពេល​ដែល​អនុវិស័យ​នេសាទរំពឹងថា នឹងបន្តងើបឡើងវិញសន្សឹមៗ ។ អនុវិស័យដំណាំ ត្រូវបានព្យាករថា នឹងមានកំណើន ១,៤% ក្នុងឆ្នាំ ២០២២ និង ១,៦% ក្នុងឆ្នាំ ២០២៣​ ដោយសារការរំពឹងទុកនូវកំណើននៃការនាំចេញ​ផលិតផលកសិកម្ម ​ជាពិសេសដំណាំរួមផ្សំ និង​ឧស្សាហកម្ម ដែលនឹងបន្តជំរុញដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រួមមាន “កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីកម្ពុជា-ចិន”, “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ” និង “កិច្ចព្រមព្រៀង​ភាព​ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (RCEP) ផងដែរ៕អត្ថបទ៖ សុន រ៉ាឌី

ការនាំចេញសរុបរបស់កម្ពុជាកើនឡើង ១៨ ភាគរយក្នុងរយៈពេល ១១ ខែ

2022/12/13 01:11:38 pm        343
ភ្នំពេញ៖ កម្ពុជាបាននាំចេញទំនិញសរុបមានទឹកប្រាក់ប្រមាញ ២០,៤ពាន់លានដុល្លារ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២២នេះ កើនឡើង១​៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំមុន។របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកាលពីថ្ងៃចន្ទ បានបង្ហាញថា កម្ពុជាបាននាំ​ចេញ​ផលិតផលសរុបក្នុងទឹកប្រាក់ចំនួន ២០,៤ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល​ ១១ ខែ ឆ្នាំ ២០២២ ​កើនឡើង ១៨ ភាគរយ ពី១៧,៣ ពាន់លានដុល្លារ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។របាយ​ការណ៍​ បាន​បន្ត​ថា ផលិតផល​នាំ​ចេញ​សំខាន់​ រួម​មាន​សំលៀកបំពាក់ ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរកង់ និង​ទំនិញ​កសិកម្ម​មួយ​ចំនួន​ដូច​ជា អង្ករ កៅស៊ូ ដំឡូងមី ចេក និង​ស្វាយ។របាយ​ការណ៍​ បាន​បន្ថែម​ថា ទិសដៅ​នាំ​ចេញ​ធំៗទាំង​៥ សម្រាប់​កម្ពុជា​ក្នុង​អំឡុង​ខែ​មករា​ដល់​ខែ​វិច្ឆិកា​​គឺ​សហរដ្ឋ​អាមេរិក វៀតណាម ចិន អាល្លឺម៉ង់ និង​ជប៉ុន។ជាមួយគ្នានេះ កម្ពុជា បាននាំចូលទំនិញសរុបចំនួន ២៧,៧ ពាន់លានដុល្លារ ​កើនឡើង ៩ ភាគរយធៀប​នឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ​ដោយទំនិញនាំចូលសំខាន់ៗរួមមាន​ប្រេង និងឧស្ម័ន វត្ថុធាតុដើម​សម្រាប់​សំលៀកបំពាក់​ ស្បែកជើង​ យានជំនិះ ​គ្រឿងយន្ត គ្រឿង​អេឡិចត្រូនិច និងផលិត​ផលប្រើប្រាស់ផ្សេងៗ។ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា មាន​ប្រសាសន៍​កាលពីពេលថ្មីៗនេះថា ​កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចតំបន់ (RCEP) និង​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ​គឺជា​ចលករ​រួមចំណែក​ក្នុងការជំរុញការនាំចេញ​របស់​ប្រទេសកម្ពុជា​កើនឡើង។ឯកឧត្តម បញ្ជាក់ថា កំណើននៃការនាំចេញរបស់កម្ពុជា ​គឺជា​សក្ខីភាព​មួយចំពោះការចូលទៅកាន់​ទីផ្សារកាន់តែធំនៃផលិតផល ​ទៅកាន់ប្រទេសសមាជិក ​RCEP ​ហើយកិច្ចព្រមព្រៀងនេះ នឹង​ផ្តល់ការ​ជំរុញដល់​កំណើន​ពាណិជ្ជកម្មរបស់កម្ពុជាក្នុងរយៈពេលវែង៕ អត្ថបទ៖ វណ្ណៈ 

ក្រសួងសេដ្ឋកិច្ច និង UPDIS ពិភាក្សាបន្ថែម លើការររៀបចំផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុ

2022/12/13 12:15:17 pm        314
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងវិទ្យាស្ថាន UPDIS របស់ប្រទេសចិន បន្តពិគ្រោះយោបល់ ពិនិត្យខ្លឹមសារនៃសេចក្តីព្រាងរបាយការណ៍ ដំណាក់កាលទី២ នៃការរៀបចំផែនការមេអភិវឌ្ឍន៍ខេត្ដព្រះសីហនុ ដើម្បីធានានូវផែនការមេ និងផែនការសកម្មភាពមានសង្គតិភាព ទៅ នឹងផែនការអភិវឌ្ឍថ្នាក់ជាតិ។ឯកឧត្ដម វង្សី វិស្សុត រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២២ បានដឹកនាំកិច្ចប្រជុំពិគ្រោះ​យោបល់​​តាមប្រព័ន្ធវីដេអូ ជាមួយវិទ្យាស្ថាននគររូបនីយកម្ម និងឌីសាញសិនជិន (UPDIS) ដើម្បីពិនិត្យធ្វើបច្ចុប្បន្នភាព និងពិភាក្សាលើខ្លឹមសារសំខាន់ៗជាយុទ្ធសាស្រ្ត និងកំណត់ទិសដៅគោលនយោបាយអាទិភាព នៃសេចក្តីព្រាងរបាយការណ៍ផែនការមេ និងសេចក្តីព្រាងរបាយការណ៍ផ្នែកពាក់ព័ន្ធទាំង១២ នៅក្នុងដំណាក់កាលទី២ នៃការរៀបចំផែន​ការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង តាមរយៈការ​ប្រែក្លាយខេត្តព្រះសីហនុជាប៉ូលនៃការអភិវឌ្ឍថ្មីមួយ និងជាទីក្រុងឆ្លាតវៃ មានការ​ប្រើប្រាស់​បច្ចេកវិទ្យាទំនើប ព្រមទាំងជាមជ្ឍមណ្ឌលពាណិជ្ជកម្ម សេវាកម្ម និងឡូជីស្ទីកដ៏រស់រវើក ក្នុងតំបន់អាស៊ាន ដើម្បីភ្ជាប់ខេត្តព្រះសីហនុទៅនឹងខ្សែច្រវ៉ាក់ផលិតកម្ម និងការផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក។គោលបំណងនៃកិច្ចប្រជុំពិគ្រោះយោបល់នេះ គឺដើម្បីពិនិត្យខ្លឹមសារនៃសេចក្តីព្រាងរបាយការណ៍ សម្រាប់ដំណាក់កាលទី២ នៃការរៀបចំផែនការមេ ដើម្បីអាចធានាបានថា ផែនការមេនិងផែនការសកម្មភាពមានសង្គតិភាពទៅនឹងផែនការអភិវឌ្ឍថ្នាក់ជាតិ មានប្រទាក់ក្រឡា និងគ្រប់ជ្រុងជ្រោយ ប្រកបដោយប្រសិទ្ធភាព, កំណត់បញ្ហាប្រឈម និងអាទិភាពគោលនយោបាយ លើទិសដៅអភិវឌ្ឍន៍សំខាន់ៗ ជាពិសេស វិស័យឧស្សាហកម្ម, វិស័យទេសចរណ៍, វិស័យហិរញ្ញវត្ថុ, ការកសាងហេរដ្ឋារចនាសម្ព័ន្ធគន្លឹះៗ និងការអភិវឌ្ឍធនធានមនុស្ស, និងសង្កត់ធ្ងន់លើការគ្រប់គ្រងការប្រើប្រាស់ដីធ្លី, ការរៀបចំក្របខណ្ឌស្ថាប័ន, និងយន្តការហិរញ្ញប្បទាន ដែលគាំទ្រ និងជំរុញការអនុវត្តផែនការមេនេះ ប្រកបដោយប្រសិទ្ធភាព ។នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្ដម វង្សី វិស្សុត បានផ្តល់អនុសាសន៍ដល់ក្រុមការងារនៃវិទ្យាស្ថាន UPDIS ឲ្យធ្វើការគិតគូរបំពេញបន្ថែម លើចំណុចសំខាន់ៗមួយចំនួនដូចជា៖ ផែនការមេត្រូវដាក់ចេញនូវផែនការសកម្មភាពលម្អិតតាមដំណាក់កាល ដោយបញ្ជាក់ច្បាស់ពីប្រភេទឧស្សាហកម្ម, ហេដ្ឋារចនាសម្ព័ន្ធសាធារណៈសារវ័ន្តសម្រាប់ទីក្រុង ដែលត្រូវអភិវឌ្ឍន៍​ក្នុងរយៈពេល០៥ឆ្នាំដំបូង និងឆ្នាំបន្តបន្ទាប់ទៀត, រៀបចំផែនទីបង្ហាញផ្លូវសម្រាប់​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ និងវិស័យឧស្សាហកម្មធុនស្រាល ដែលកំពុងដំណើរការនៅខេត្តព្រះសីហនុ, សិក្សានិងផ្តល់អនុសាសន៍សមស្រប និងទាន់ពេលវេលា លើការដោះស្រាយអាគារដែលមិនទាន់សាងសង់រួច ដើម្បីទាក់ទាញការវិនិយោគ បង្កើនចំណូលខេត្ត និងជួយជំរុញវិស័យសេដ្ឋកិច្ចសម្រាប់ខេត្តព្រះសីហនុទាំងមូល៕អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមវេជ្ជសាស្ត្រសម្ដេចតេជោ ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ភៀសសឹកដោយមិនគិតថ្លៃ នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម ខេត្តព្រះវិហារ
07/06/2025 05:07 PM
ឯកឧត្តម ហេង សួរ៖ កត្តាសន្ដិភាពធ្វើឱ្យយុវជនកម្ពុជាកាន់ប៊ិក ជំនួសដោយការកាន់កាំភ្លើងក្នុងសមរភូមិ
07/06/2025 05:07 PM
«កម្មវិធីប៉ាម៉ានី» ជួយជំរុញបន្ថែមទៀតឱ្យកុមារដឹងពីគុណតម្លៃនៃការសិក្សា និងជួយបំផុសឱ្យកុមារស្រលាញ់ និងខិតខំសិក្សារៀនសូត្រ ក៏ដូចជាលើកទឹកចិត្តឱ្យឪពុកម្តាយ ឬអាណាព្យាបាល ជំរុញកូនៗ ឱ្យខិតខំសិក្សារៀនសូត្រ
07/06/2025 05:07 PM
នាយករដ្ឋមន្ត្រីជប៉ុននិយាយថា នឹងមិនងាយក្នុងការសម្របសម្រួលជាមួយលោក Trump លើពន្ធទេ
07/06/2025 03:07 PM
ឯកឧត្តម ហ៊ុន ម៉ានី បំផុសចលនាបរិស្ថានតាមរយៈការជំរុញឱ្យពលរដ្ឋ កងកម្លាំង មន្ត្រីរាជការ សិស្ស និស្សិត ចូលរួមដាំកូនឈើទាំងអស់គ្នាចាប់ផ្តើមពីក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ
07/06/2025 03:07 PM
មនុស្សរាប់ពាន់នាក់បានរងផលប៉ះពាល់នៅទីក្រុងព្រំដែនកូឡុំប៊ី បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់
07/06/2025 02:07 PM
សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដើម្បីកសាងព្រះវិហារ ស្ថិតក្នុងវត្តជ័យមុនី ទំហំទទឹង ១២ម៉ែត្រ និងបណ្តោយ ២៤ម៉ែត្រ
07/06/2025 02:07 PM
ប្រមុខ UN ថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារដោយយានដ្រូនរបស់រុស្ស៊ីលើអ៊ុយក្រែន
07/06/2025 02:07 PM
អ្នកនាំពាក្យសម្ដេចតេជោ ផ្ដាំទៅក្រុមអ្នកស្ទង់មតិថៃ «កុំបារម្ភរឿងប្រជាប្រិយភាពសម្ដេចតេជោ និងសម្ដេចធិបតី ប៉ុន្ដែគួរខិតខំដោះស្រាយបញ្ហាផ្ទៃ ក្នុងរបស់ខ្លួនវិញ»
07/06/2025 02:07 PM
ការសង្ស័យ និងក្តីសង្ឃឹមសម្រាប់ការបញ្ចប់សង្រ្គាមនៅហ្កាហ្សា មុនជំនួបលោក Trump-Netanyahu
07/06/2025 01:07 PM