អាមេរិកបង្ហាញការគាំទ្រពេញទំហឹង លើការជំរុញការវិនិយោគអាមេរិកមកកាន់កម្ពុជា
អ្នកជំនាញ៖ កិច្ចចរចាព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-អាមេរិក នឹងសម្រេចផលវិជ្ជាមាន​ក្នុងពេលឆាប់ៗ
រយៈពេល៤ខែឆ្នាំនេះ ទំហំពាណិជ្ជកម្មគ្រឿងអលង្ការ និងត្បូងមានតម្លៃមានទឹកប្រាក់ជាង២៤៤ លានដុល្លារ
គណៈកម្មាធិការវិនិយោគ លើកទឹកចិត្តដល់ធុរកិច្ចជប៉ុនវិនិយោគ បង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា

សេដ្ឋកិច្ច និង កសិកម្ម

រដ្ឋមន្រ្តីក្រសួងកសិកម្ម ស្នើរួមគ្នាអភិរក្សធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជាឱ្យបានគង់វង្ស

2025/03/24 01:03:19 pm        121
ខណៈដែលវិស័យជលផលនៅប្រទេសកម្ពុជាមានភាពល្អប្រសើរច្រើនពីមួយឆ្នាំទៅមួយឆ្នាំ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវប្រជាពលរដ្ឋខ្មែរទាំងអស់ បន្តរួមសហការគ្នាអភិរក្សធនធានធម្មជាតិ ជាពិសេសការរក្សាឲ្យបាននូវប្រភេទសត្វជិតផុតពូជ ដើម្បីអភិវឌ្ឍដោយចីរភាព។ក្នុងឱកាសអញ្ជើញបើកកម្មវិធី «ជុំវិញទន្លេមេគង្គ» នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម បានមានប្រសាសន៍ថា រហូតមកដល់បច្ចុប្បន្ន ក្នុងរាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា បាននិងកំពុងរួមគ្នាអភិវឌ្ឍដោយចីរភាព ក្នុងគោលបំណងដើម្បីបង្កើនការការពារ និងអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព ដើម្បីទុកជាប្រយោជន៍សម្រាប់កូនចៅតជំនាន់ផង និងដើម្បីរួមចំណែកលើកកម្ពស់វិស័យជលផលនៅកម្ពុជាឲ្យមានការរីកចម្រើនប្រកបដោយមោទនភាព។ឯកឧត្តម ឌិត ទីណា បានគូសបញ្ជាក់ថា ការគ្រប់គ្រងធនធានធម្មជាតិឲ្យមាននិរន្ដរភាព គឺជាភារកិច្ចមួយ ដែលមានលក្ខណៈលំបាកស្មុគស្មាញ ប្រទាក់ក្រឡាគ្នា ដែលទាមទារឲ្យថ្នាក់ដឹកនាំ គ្រប់អង្គភាព និងមន្រ្តីជំនាញត្រូវបង្កើនស្មារតីទទួលខុសត្រូវ ផ្តល់កិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ឲ្យបានល្អប្រសើរ ដើម្បីអភិវឌ្ឍន៍ និងអភិរក្សធនធានធម្មជាតិរបស់ជាតិឲ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។សូមជំរាបជូនថា នៅក្នុងកម្មវិធី «ជុំវិញទន្លេមេគង្គ» ដែលជាផ្នែកមួយនៃមហោស្រពភាពយន្តអន្ដរជាតិកម្ពុជា (Cambodia International Film Festival) ធ្វើឡើងដើម្បីលើកកម្ពស់ការយល់ដឹងអំពីបរិស្ថាន និងជីវភាពប្រជាជននៅតាមដងទន្លេមេគង្គ។ ក្នុងនោះ ក៏មានការចាក់បញ្ចាំងជូននូវវីដេអូចំនួន២ផងដែរ ទី១.ជាវីដេអូផលិតដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពីកិច្ចខិតខំប្រឹងប្រែងក្នុងការងារអភិរក្សសត្វផ្សោតទន្លេមេគង្គ និងទី២.ជាវីដេអូផលិតដោយអង្គការសត្វព្រៃនិងរុក្ខជាតិ អំពីជោគជ័យនៃការអភិរក្សសត្វក្រពើភ្នំនៅកម្ពុជា៕ អត្ថបទ៖ ឈិត បូរ៉ាវី 

វិនិយោគិនថៃបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ លើបរិយាកាសវិនិយោគនៅកម្ពុជា

2025/03/24 11:16:22 am        120
វិនិយោគិនថៃដែលកំពុងបណ្ដាក់ទុនវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ លើការធ្វើធុរកិច្ច និងការ វិនិយោគ ខណៈកម្ពុជាគឺជាប្រទេសបានផ្តល់នូវទំនុកចិត្ត និងភាពអំណោយផលគ្រប់បែបយ៉ាងដល់បរិយាកាសវិនិយោគ ការធ្វើអាជីវកម្ម និងពាណិជ្ជកម្ម ប្រកបដោយបរិយាប័ន្ន។ក្រុមធុរកិច្ចថៃដែលបណ្តាក់ទុនវិនិយោគនៅកម្ពុជា ថ្លែងលើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន នៅក្នុងកម្មវិធីប្រកួត កីឡាវាយសីមិត្តភាព និងអាហារសាមគ្គី រៀបចំដោយសមាគមពាណិជ្ជកម្មថៃនៅកម្ពុជា នាចុងសប្តាហ៍កន្លងទៅនេះ។ ក្រុមធុរកិច្ចបានលើកឡើងថា កម្ពុជា-ថៃ គឺជាប្រទេសដែលមានកិច្ចសហប្រតិបត្តិការយ៉ាងល្អ រវាងរាជរដ្ឋាភិបាលនិងរាជរដ្ឋាភិបាល ប្រជាជននិងប្រជាជន ជាពិសេសការធ្វើ ពាណិជ្ជកម្មទ្វេភាគី និងការវិនិយោគជាដើម។ក្រុមធុរកិច្ចទាំងនេះបន្តថា ជាក់ស្តែងការដាក់ទុនរកស៊ីទទួលទានរបស់ពួកគាត់នៅកម្ពុជា មានក្រុមហ៊ុនមួយចំនួនបានដំណើរ ការអាជីវកម្មនៅកម្ពុជា ខ្លះបានជាង ៣០ឆ្នាំ ក្រុមហ៊ុនខ្លះជាង ២០ឆ្នាំហើយ ដែលនេះបានបង្ហាញនូវភាពអំណោយផលរបស់កម្ពុជា ដល់វិនិយោគិនប្រទេស មិនថាប្រទេសវិនិយោគិនថៃ ឬវិនិយោគិនផ្សេងៗទៀតឡើយ ស្ថិតក្រោមបរិយាកាសធ្វើអាជីវកម្មសម្រាប់ ផ្គត់ផ្គង់ក្នុងស្រុក និងការនាំចេញជាដើម។លោកស្រី ជីរ៉ាណាន់ វង្សមង្គល ប្រធានសមាគមពាណិជ្ជកម្មថៃប្រចាំនៅកម្ពុជា លើកឡើងថា ក្រៅពីការធ្វើអាជីវកម្ម និង ពាណិជ្ជកម្ម អ្វីដែលជាចម្បងគឺបញ្ហាសុខភាព, ជាក់ស្តែងការប្រកួតកីឡា សមាគមតែងតែរៀបចំឱ្យមានព្រឹត្តិការណ៍ប្រកួតប្រជែង ដើម្បីសុខភាពទាំងអស់គ្នា មានសុខភាពល្អ និងជំរុញដល់ការធ្វើអាជីវកម្មកាន់តែខ្លាំងក្លា ជាក់ស្តែងមកដល់ពេលនេះ ក្រៅពីក្រុមហ៊ុន ថៃដែលកំពុងវិនិយោគនៅកម្ពុជា បច្ចុប្បន្នឃើញថា មានធុរកិច្ចថៃថ្មីៗជាច្រើនទៀត ចូលមកសិក្សាស្វែងយល់ជាបន្តបន្ទាប់ដូចជា ផ្នែក សុខភាព និងកែសម្ពស្ស និងការស្វែងរកឱកាសនាំទំនិញចូលមកទីផ្សារកម្ពុជាជាដើម ក្នុងគោលដៅជំរុញបរិយាសវិនិយោគ និងការធ្វើ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លា។ ជុំវិញធុរកិច្ចថៃ, នាពេលថ្មីៗកន្លងមកនេះ ឯកឧត្តម ទួល ត្រៃសូរ៉ាត់ ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានលើកឡើងនៅក្នុងជំនួបអាហារ សាមគ្គីរវាងធុរកិច្ចថៃនិងកម្ពុជា ថា ប្រទេសថៃគឺជាអ្នកវិនិយោគបរទេសដ៏សំខាន់មួយសម្រាប់កម្ពុជា ដែលបានរួមចំណែកដល់ សន្តិសុខស្បៀង ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធការអភិវឌ្ឍន៍ ធនធានមនុស្ស ក៏ដូចជាការកែលម្អសុខភាពសាធារណៈនៅកម្ពុជា ដែលបានឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់អ្នកវិនិយោគថៃ ចំពោះទស្សនវិស័យសេដ្ឋកិច្ចរបស់កម្ពុជាផងដែរ៕ អត្ថបទ៖ សុន រ៉ាឌី

ឯកឧត្តម ឃឹម ហ្វីណង់៖ វិស័យកសិកម្មកម្ពុជានឹងរឹងមាំជាងមុនប្រសិនបើ «ការធ្វើផលិតកម្ម​កសិកម្ម​តាមកិច្ចសន្យា-Contract Farming» អាចអនុវត្តបានដោយប្រសិទ្ធភាព

2025/03/23 02:48:53 pm        174
ភ្នំពេញ៖ ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍បញ្ជាក់ថា វិស័យកសិកម្មកម្ពុជានឹងរឹងមាំជាងមុន ព្រមទាំងមានសមត្ថភាពប្រកួតប្រជែងជាមួយកសិផលប្រទេសដទៃ ទាំងលើកត្តាថ្លៃ បរិមាណ និងគុណភាព ប្រសិនបើ«ការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា-Contract Farming» អាចអនុវត្តបានដោយប្រសិទ្ធភាព។ ឯកឧត្តម ឃឹម ហ្វីណង់ ថ្លែងថា ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងដឹកនាំធ្វើកិច្ចការជាច្រើនក្នុងពេលកន្លងមក ដើម្បីជំរុញ និងបង្កបរិយាកាសអំណោយផលដល់ការធ្វើផលិតកម្មកសិកម្មជាប្រព័ន្ធបែបនេះ រួមមានការរៀបចំច្បាប់ស្តីពីការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា និងការលើកទឹកចិត្តឱ្យកសិករចងក្រងគ្នាផលិតជាសហគមន៍កសិកម្មទំនើប។ ឯកឧត្តម ឃឹម ហ្វីណង់ បញ្ជាក់ថា ការធ្វើសមាហរណកម្មនៃខ្សែច្រវ៉ាក់ផលិតកម្មក្នុងវិស័យកសិកម្មនឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់វិស័យកសិកម្មទាំងមូល ជាពិសេសការពារបងប្អូនកសិករខ្នាតតូចដែលធ្វើកសិកម្មជាលក្ខណៈគ្រួសារពីហានិភ័យទីផ្សារ៕

ចាប់ពីខែធ្នូ២០២៤ដល់ថ្ងៃទី១៧ ខែមីនាឆ្នាំនេះ ក្រសួងធនធានទឹកអន្តរាគមន៍​បូមទឹកសង្គ្រោះស្រូវប្រាំង កសិករបានជាង ៩៣១៣៣ ហិកតាក្នុងក្របខ័ណ្ឌទូទាំងប្រទេស

2025/03/23 01:55:26 pm        193
នៅថ្ងៃសៅរ៍ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥នេះ ក្រសួងធនធានទឹក និងឧតុនិយម បានរាយការណ៍ពីលទ្ធផលការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំង និងដំណាំរួមផ្សំរបស់បងប្អូនប្រជាកសិករក្នុងក្របខ័ណ្ឌទូទាំងប្រទេស ឆ្នាំ២០២៤-២០២៥ ដែលកិច្ចអន្តរាគមន៍បានចាប់ផ្តើមតាំងពីខែធ្នូ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥។ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា កិច្ចអន្តរាគមន៍បានធ្វើឡើង ក្នុងរាជធានី-ខេត្តចំនួន១៧គឺ ខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ធំ កំពត កណ្តាល ក្រចេះ ព្រៃវែង ពោធិ៍សាត់ សៀមរាប ស្វាយរៀង តាកែវ ប៉ៃលិន ត្បូងឃ្មុំ កំពង់ឆ្នាំង ឧត្តរមានជ័យ និងរាជធានីភ្នំពេញ ដោយសហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្ត ក្រសួងស្ថាប័នពាក់ព័ន្ធ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរដែនដី សប្បុរសជន និងសហគមន៍មូលដ្ឋាន និងបានប្រើប្រាស់ម៉ាស៊ីនបូមទឹក ម៉ាស៊ីនបូមទឹកចល័ត និងប្រើប្រាស់គ្រឿងចក្រ ដើម្បីកាយប្រឡាយនាំទឹកទៅជួយសង្គ្រោះស្រូវប្រាំង និងដំណាំរួមផ្សំរបស់ប្រជាកសិករ។បើតាមរបាយការណ៍បានឱ្យដឹងថា ក្នុងក្របខ័ណទូទាំងប្រទេស ឆ្នាំ២០២៤-២០២៥នេះ ផែនការធ្វើស្រូវប្រាំងសរុបមានចំនួន ៥៣៥៦០០ហិកតា ប៉ុន្តែជាក់ស្តែង ការអនុវត្តដាំដុះស្រូវប្រាំងមានចំនួន ៩០៧០៣៥ហិកតា ក្នុងនោះផ្ទៃដីដែលត្រូវអន្តរាគមន៍មានចំនួន ៩៣៥៨៣ហិកតា ហើយផ្ទៃដីដែលបានជួយអន្តរាគមន៍មានចំនួន ៩៣១៣៣ហិកតា។ទន្ទឹមនឹងនេះ របាយការណ៍បានបញ្ជាក់ថា ក្រុមការងារអន្តរាគមន៍បានប្រើប្រាស់ម៉ាស៊ីនបូមទឹកសរុបចំនួន ១៧៣គ្រឿង ក្នុងនោះម៉ាស៊ីនបូមទឹកចល័តកម្លាំង៦៥សេះចំនួន ១៦៩គ្រឿង និងម៉ាស៊ីនស្ថានីយចំនួន ៤គ្រឿង ហើយបានប្រើប្រាស់ប្រេងឥន្ធនៈចំនួន ៣៤៤៤៨០លីត្រ។ ចំណែកផ្ទៃដីមួយចំនួនទៀត ទទួលបានការជួយអន្តរាគមន៍ពីស្ថានីយបូមទឹកប្រើថាមពលអគ្គិសនី និងការគាំទ្រពីសប្បុរសជនគ្រប់ទិសទី ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននានា។ជាចុងក្រោយ របាយការណ៍ក៏បានបញ្ជាក់ឱ្យដឹងថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងធនធានទឹក និងឧតុនិយម នៅតែបន្តជម្រាបជូនដំណឹងដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរដែនដី និងសាធារណជន ដើម្បីចូលរួមសហការថែរក្សា និងប្រើប្រាស់ទឹក ដោយសន្សំសំចៃក្នុងកម្រិតខ្ពស់បំផុត ជាពិសេសនៅតំបន់ជនបទដាច់ស្រយាលដែលនៅឆ្ងាយពីប្រភពទឹក។សូមបញ្ជាក់ថា កិច្ចការអន្តរាគមន៍ទឹកគឺជារឿងបន្ទាន់ ដែលប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគិតគូរយកចិត្តទុកដាក់យ៉ាងខ្លាំង ព្រមទាំងបានណែនាំឱ្យក្រសួងស្ថាប័នទាំងអស់ចុះអន្តរាគមន៍ទឹកនៅគ្រប់ខេត្តក្រុង ជាពិសេស ក្រសួងធនធានទឹក និងឧតុនិយមដែលជាក្រសួងបច្ចេកទេសជំនាញ ត្រូវដើរតួនាទីចម្បងក្នុងការអន្តរាគមន៍ ដោយមានការចូលរួមសហការគាំទ្រស្អិតរមួតពីក្រសួងស្ថាប័នពាក់ព័ន្ធដទៃទៀត និងអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យទទួលបានជោគជ័យ៕

រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងឯកអគ្គរាជទូតជប៉ុន អញ្ជើញចូលរួមភ្ជាប់បំពង់មេនាំទឹកឆៅកោះនរា

2025/03/21 08:08:08 pm        185
រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានអញ្ជើញជាអធិបតីក្នុង ពិធីភ្ជាប់បំពង់មេនាំទឹកឆៅកោះនរា តាមបច្ចេកទេសទំនើប ដោយមិនមានការផ្អាកផ្គត់ផ្គង់ទឹកស្អាត ស្ថិតក្រោមគម្រោងអភិវឌ្ឍន៍ប្រព័ន្ធ គ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាត បែបឌីជីថលក្នុងតំបន់ និងទីប្រជុំជន។ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នេះ បានអញ្ជើញជាអធិបតីក្នុងពិធីភ្ជាប់បំពង់មេនាំទឹកឆៅ ដោយពុំ ផ្ដាច់ការផ្គត់ផ្គង់ទឹកស្អាត ក្រោមគម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាតបែបឌីជីថលក្នុងតំបន់ និងទីប្រជុំជន។ គម្រោង សាងសង់ស្ថានីយបូមទឹកឆៅថ្មីកោះនរានេះ ជាគម្រោងជំនួសស្ថានីយបូមទឹកឆៅក្ដីតាកុយ ដើម្បីជួយសម្រួលដល់គម្រោងអភិវឌ្ឍន៍ កោះនរាថ្មី របស់ក្រុមហ៊ុន OCIC ។ ជុំវិញគម្រោងខាងលើនេះ, នឹងរួមបញ្ចូលសេវាទីប្រឹក្សាបច្ចេកទេស ការសាងសង់ស្ថានីយ៍បូមទឹកឆៅដែលមានសមត្ថភាពសរុប ៤៦ ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ (រួមបញ្ចូលសមត្ថភាពមានស្រាប់របស់ស្ថានីយ៍បូមទឹកឆៅក្តីតាកុយចំនួន ២៦ ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ និងសមត្ថភាពថ្មី ២០ ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ), ការដំឡើងប្រព័ន្ធអេឡិចត្រូមេកានិក, សម្ភារបរិក្ខារ, និងបំពង់មេនាំទឹកឆៅមានចំនួន ២ ខ្សែ ប្រវែង១.៦០០ ម៉ែត្រ មានមុខកាត់ ១.៤០០ មីលីម៉ែត្រ។ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លើកឡើងថា នេះជា លើកទី១ក្នុងប្រវត្តិសាស្រ្ត ដែលកម្ពុជាអាចតភ្ជាប់បំពង់មេនាំទឹកឆៅ ដោយពុំផ្ដាច់ការផ្គត់ផ្គង់ទឹកស្អាត សម្រាប់បំពង់ដែលមានមុខកាត់ ធំបែបនេះ។ ប្រព័ន្ធបច្ចេកវិទ្យាតភ្ជាប់ដោយមិនផ្ដាច់ការផ្គត់ផ្គង់ទឹកស្អាតនេះ នឹងធានានិរន្តរភាពនៃការផ្គត់ផ្គង់ទឹកស្អាតជូនអតិថិជន ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ព្រមទាំងនិរន្តរភាពនៃសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម ផលិតកម្ម និងសេវាកម្មនានា។ គម្រោងនេះ ក៏បង្ហាញពីការរួមចំណែករបស់ក្រុមហ៊ុន OCIC ដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដោយ ក្រុមហ៊ុនបានសាងសង់ជំនួសមកវិញនូវស្ថានីយបូមទឹកឆៅមួយ ដែលមានសមត្ថភាពលើសពីស្ថានីយបូមទឹកឆៅក្ដីតាកុយ។ទាក់ទិនការភ្ជាប់បំពង់មេខាងនេះដែរ, រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមជំនាញការជប៉ុន បានបានសហការគ្នាយ៉ាងជិតស្និទ្ធ រិះរក វិធីសាស្ត្របញ្ជៀសការកាត់ផ្តាច់សេវា ឬបញ្ឈប់ដំណើរការរោងចក្រផលិតទឹកស្អាត នៅពេលអនុវត្តការតភ្ជាប់នេះ។ ជាលទ្ធផល, រដ្ឋាករ ទឹកស្វយ័តក្រុងភ្នំពេញ បានទទួលការគាំទ្រផ្នែកបច្ចេកទេស និងសម្ភារ តាមរយៈគម្រោងភ្ជាប់បំពង់មេនាំទឹកឆៅ គឺមិនបានកាត់ផ្ដាច់ការ ផ្គត់ផ្គង់ទឹកស្អាត នេះជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត បែបឌីជីថលក្នុងតំបន់ទីប្រជុំជន ក្រោម ជំនួយឥតសំណង របស់រដ្ឋាភិបាលជប៉ុន៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាពិនិត្យពិភាក្សានៃវឌ្ឍនភាព លើការតភ្ជាប់ប្រព័ន្ធ cdcIPM ទៅថ្នាក់ក្រោមជាតិ

2025/03/21 07:47:36 pm        133
កម្ពុជាពិនិត្យពិភាក្សាលើវឌ្ឍនភាពការងារតភ្ជាប់ប្រព័ន្ធចែករំលែកទិន្នន័យ និងនីតិវិធីចុះបញ្ជីគម្រោងវិនិយោគនៅថ្នាក់ក្រោមជាតិ តាមប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ជំរុញភាពប្រទាក់ក្រឡា និងមានសង្គតិភាពនៃលំហូរការងារ ពីថ្នាក់ ជាតិដល់ថ្នាក់ក្រោមជាតិ។លោក បូរ៉ាត មុនីរ័តន៍ តំណាង ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី២០ ខែ មីនា ឆ្នាំ២០២៥ នេះ បានដឹកនាំកិច្ចប្រជុំបន្ត ពីកិច្ចប្រជុំលើកទី១ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២៥ កន្លងទៅ ដើម្បីពិនិត្យវឌ្ឍនភាពការងារតភ្ជាប់ប្រព័ន្ធចែករំលែកទិន្នន័យ និងនីតិវិធីចុះបញ្ជីគម្រោង វិនិយោគនៅថ្នាក់ក្រោម ជាតិ តាមប្រព័ន្ធ cdcIPM រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងមហាផ្ទៃ។គួររម្លឹកដែរថា កិច្ចការងារនេះអនុវត្តស្របតាមស្មារតីកិច្ចប្រជុំកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីធានាបាននូវភាពធន់ និងចីរភាព នៃការរៀបចំយន្តការប្រទាក់ ក្រឡា និងមានសង្គតិភាពនៃលំហូរការងារពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ជុំវិញការគ្រប់គ្រងការចុះបញ្ជី និងការត្រួតពិនិត្យតាម ដានការអនុវត្តគម្រោងវិនិយោគ។បន្ថែមពីនោះ កិច្ចការនេះជាទិសដៅដែលបានដាក់ចេញដោយ សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងជាប្រធាន ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា ក្នុងកិច្ចប្រជុំផ្លូវការលើកទី១ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២៤ លើការអនុវត្តឱ្យបានពេញ លេញ លើការប្រើប្រាស់ប្រព័ន្ធ cdcIPM ទាំងនៅក្នុងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងថ្នាក់ក្រោមជាតិ តាមរយៈអនុគណៈកម្មាធិការ វិនិយោគរាជធានី-ខេត្ត នឹងឈានទៅរៀបចំការបណ្តុះបណ្តាល និងអនុវត្តសាកល្បងនៅត្រីមាសទី២ ដើម្បជាមូលដ្ឋានឆ្ពោះទៅដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការនៅត្រីមាសទី៣ ឆ្នាំ២០២៥៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជាមានសុទិដ្ឋិនិយមខ្ពស់ លើការទាក់ទាញវិនិយោគិនពីទីក្រុងសៀងហៃមកធ្វើការវិនិយោគ

2025/03/21 07:43:48 pm        176
សៀងហៃ: មន្រ្តីជាន់ខ្ពស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានសុទិដ្ឋិនិយមខ្ពស់ អំពីឱកាសនៃការស្រូបយកវិនិយោគិន និងធុរជន នៅទីក្រុង សៀងហៃ ក្នុងការមកពិនិត្យលទ្ធភាព និងមកសិក្សាស្វែងយល់នៅកម្ពុជាដោយផ្ទាល់ បន្ទាប់ពីការរៀបចំវេទិកានៅទីនោះដោយជោគជ័យ។ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងវេទិកាកិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន និងអញ្ជើញក្នុងពិធីចុះហត្ថលេខាលើលិខិតសម្តែងបំណងស្តីពីកិច្ចសហប្រតិបត្តិការរៀបចំកម្មវិធីជំរុញ និងទាក់ទាញវិនិ- យោគ នៅទីក្រុងសៀងហៃ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ នេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសោមនស្ស រីករាយក្រៃលែង ដែលបានចូលរួមក្នុងវេទិកាដ៏មានសារៈសំខាន់នាឱកាសនេះ ក្នុងនោះឯកឧត្តម ក៏បានរំលេចអំពីសក្តានុពលវិជ្ជមាន នានារបស់ព្រះរាជាណាចក្រកម្ពុជារួមមាន៖ សុខសន្តិភាព ស្ថិរភាពនយោបាយ, ស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ដែលមានលំនឹងវិជ្ជមាន, កម្លាំងពលកម្មវ័យក្មេងប្រកបដោយថាមវន្ត និងបើកទូលាយទទួលយកការបណ្តុះបណ្តាលថ្មីៗ, រាជរដ្ឋាភិបាលដែលគាំទ្រដល់ វិស័យ ឯកជន, របបវិនិយោគដែលមានភាពទាក់ទាញ បត់បែន និងអនុគ្រោះ, ហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយដែលបាន និងកំពុង អភិវឌ្ឍឱ្យកាន់តែមានភាពតភ្ជាប់ និងប្រទាក់ក្រឡា, និងទីតាំងភូមិសាស្ត្រដែលមានអំណោយផលខ្ពស់។តាមរយៈវេទិកានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហាញនូវសុទិដ្ឋិនិយមយ៉ាងមុតមាំថា វិនិយោគិន និងធុរជនដែល បានអញ្ជើញចូលរួមក្នុងវេទិកានេះ នឹងពិនិត្យលទ្ធភាព អញ្ជើញមកសិក្សាស្វែងយល់ដោយផ្ទាល់នៅកម្ពុជា ក៏ដូចជាផ្សព្វផ្សាយបន្តនូវ បច្ចុប្បន្នភាព នៃបរិយាកាសវិនិយោគនៅកម្ពុជា ទៅកាន់សហគមន៍ធុរកិច្ចទីក្រុងសៀងហៃ ឱ្យកាន់តែទូលំទូលាយបន្ថែមផងដែរ។សូមជម្រាបថា ជុំវិញវេទិកាខាងលើ លិខិតសម្តែងបំណងស្តីពីកិច្ចសហប្រតិបត្តិការរៀបចំកម្មវិធីជំរុញ និងទាក់ទាញវិនិយោគរវាង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសម្ព័ន្ធភស្តុភារកម្មសកល ត្រូវបានចុះហត្ថលេខាក្រោមសក្ខីភាពដ៏ខ្ពង់ខ្ពស់, ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា-ជប៉ុនទស្សនកិច្ចស្ថានីយបូមទឹកឆៅថ្មីកោះនរា និងបើកការដ្ឋានគម្រោងភ្ជាប់បំពង់មេនាំទឹកឆៅ

2025/03/21 07:38:11 pm        159
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អញ្ជើញទស្សនកិច្ច ការដ្ឋានស្ថានីយបូមទឹកឆៅថ្មីកោះនរា និងបើកការដ្ឋានគម្រោងភ្ជាប់បំពង់មេនាំទឹកឆៅ ដោយមិនមានផ្តាច់ការផ្គត់ផ្គង់ទឹកស្អាត ក្រោម គម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាតបែបឌីជីថល ក្នុងតំបន់ទីប្រជុំជន។ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្ដម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នេះ បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីដំណើរទស្សនកិច្ច ការដ្ឋានស្ថានីយបូមទឹកឆៅថ្មីកោះនរា និងបើកការដ្ឋានគម្រោងភ្ជាប់បំពង់មេនាំទឹកឆៅ គម្រោងសាងសង់ស្ថានីយបូមទឹកឆៅថ្មីកោះនរា គឺជាស្ថានីយបូមទឹកឆៅថ្មី ដើម្បីជំនួសស្ថានីយបូមទឹកឆៅក្តីតាកុយ ដែលទទួលផលប៉ះពាល់នៃគម្រោងអភិវឌ្ឍន៍កោះនរាថ្មី របស់ ក្រុមហ៊ុន អូរវើស៊ី ខេមបូឌាន អិនវេសមេន ខបភើរេសិន (OCIC) ។ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លើកឡើងឱ្យដឹងថា សម្រាប់គម្រោងភ្ជាប់បំពង់មេនាំទឹកឆៅនេះ គឺមិនផ្តាច់ការផ្គត់ផ្គង់ទឹកស្អាត នេះជាគម្រោងប្រវត្តិសាស្ត្រមួយនៅកម្ពុជា និងពុំដែលធ្លាប់ អនុវត្តនៅក្នុងប្រទេសនោះឡើយ។ ការសម្រេចនៅលទ្ធផលនេះ មិនត្រឹមតែផ្តល់ផលប្រយោធន៍ដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ឬការ ធានាដល់ការផ្គត់ផ្គង់ទឹកស្អាតជូនអតិថិជននៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅនោះទេ ប៉ុន្តែគឺបានផ្ដល់នូវលទ្ធផលជាវិជ្ជមានដោយ ប្រយោល ទៅដល់វិស័យសេដ្ឋកិច្ច ដំណើរការរស់នៅ និងកត្តានិភ័យដោយចៃដន្យផងដែរ ព្រោះប្រសិនបើរដ្ឋាករទឹកពុំទទួលបាន នូវគម្រោងនេះពីរាជរដ្ឋាភិបាលជប៉ុននោះទេ ច្បាស់ណាស់ការតភ្ជាប់បំពង់នេះ នឹងតម្រូវការ ផ្ដាច់ការផ្គត់ផ្គង់ទឹកស្អាត ដែលមាន បរិមាណ ២៦០ ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ អាចបណ្តាលឱ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់ការរស់នៅ ការប្រកបរបរចិញ្ចឹមជីវិត ដំណើរការ ឧស្សាហកម្ម សិប្បកម្ម និងហានិភ័យដែលអាចកើតឡើងជាយថាហេតុផងដែរ។សូមបញ្ជាក់ថា ជុំវិញគម្រោងខាងលើនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ទទួលបានការគាំទ្រពេញទំហឹងពីរាជរដ្ឋាភិបាល ជាពិសេស ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ក្រោមស្មារតីទទួលខុសត្រូវខ្ពស់ របស់ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងកោះនរា ដោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុន OCIC បាន ចុះហត្ថលេខាលើកិច្ចសន្យា «ស្ដីពីការស្ដារឡើងវិញ នូវផលប៉ះពាល់របស់គម្រោងអភិវឌ្ឍន៍កោះនរាថ្មី មកលើប្រព័ន្ធផលិតកម្មទឹកស្អាត និរោធ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ» មានទំហំទឹកប្រាក់សរុបប្រមាណ ២៦,៦ លានដុល្លារអាមេរិក សម្រាប់អនុវត្តការងារដូច ជា៖ សេវាទីប្រឹក្សាបច្ចេកទេស, សាងសង់ស្ថានីយបូមទឹកឆៅមានសមត្ថភាពបូមទឹកសរុប ៤៦០ ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ដោយគិត បញ្ចូលនៃសមត្ថភាពបច្ចុប្បន្នរបស់ស្ថានីយបូមទឹកឆៅក្ដីតាកុយ (២៦០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ) និងសមត្ថភាពបន្ថែមនាពេល អនាគត សម្រាប់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនិរោធជំហានទី៣, ប្រព័ន្ធអេឡិចត្រូមេកានិក, សម្ភារបំពង់ តំណភ្ជាប់ និងវ៉ាន, និងបំពង់ មេនាំទឹកឆៅទំហំមុខកាត់ ១.៤០០ មីលីម៉ែត្រ ចំនួន២ខ្សែ ដោយមានប្រវែងសរុប ១.៦០០ ម៉ែត្រ (ប្រវែង៨០០ម៉ែត្រក្នុងមួយខ្សែ)៕អត្ថបទ៖ សុន រ៉ាឌី

អស្ចារ្យខ្លាំងណាស់! គម្រោងថ្មីដ៏ធំនៅកណ្តាលទីក្រុង ហ្រ្គេនលែនម៉ាក ២៧១ របស់ ជីប ម៉ុង លែន ប្រកាសបើកលក់ជាផ្លូវការហើយ

2025/03/21 06:42:16 pm        212
ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង លែន ជាក្រុមហ៊ុនឈានមុខផ្នែកអភិវឌ្ឍន៍លំនៅដ្ឋាន និងតំបន់​ពាណិជ្ជកម្ម​ក្នុង​ប្រទេសកម្ពុជា បានប្រកាសបើក​លក់​គម្រោង​អភិវឌ្ឍន៍​ទំនើប​ចម្រុះ​ដ៏​ធំ​សម្បើម​កណ្តាល​ទីក្រុង គម្រោង ហ្រ្គេនលែនម៉ាក ២៧១ ជាផ្លូវការហើយ បន្ទាប់ការប្រកាសពិធី​បញ្ចុះបឋម​សិលា​បើកការដ្ឋានសាងសង់គម្រោងធំៗចំនួន២ព្រមគ្នា កាលពីថ្មីៗកន្លងទៅនេះ។ កម្មវិធីនេះប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ នៅទីតាំងគម្រោងផ្ទាល់ ក្រោមការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។គម្រោង ហ្រ្គេនលែនម៉ាក ២៧១ ជាគម្រោងអភិវឌ្ឍន៍ទំនើបចម្រុះថ្មីដ៏មានសក្តានុពលបំផុត និងធំសម្បើម ដែលតភ្ជាប់ពីគម្រោងលែនម៉ាក ២៧១ ត្រឹមតែ ៣នាទីពីផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល និង ១០-១៥នាទី ទៅកាន់អាកាសយាន្តដ្ឋានអន្តរជាតិ តេជោតាខ្មៅ ដែលគ្រោងបើកដំណើរការក្នុងពេលឆាប់ៗនេះ។គម្រោង ហ្រ្គេនលែនម៉ាក ២៧១ ហ៊ុំព័ទ្ធដោយផ្លូវយុទ្ឋសាស្រ្តធំៗខ្វាត់ខ្វែងដល់ទៅ៣ គឺផ្លូវ ៦០ម៉ែត្រ ផ្លូវ ២៧១ និងផ្លូវ ៣៧១ ស្ថិតក្នុងតំបន់យុទ្ធសាស្រ្តជាមូលដ្ឋានពាណិជ្ជកម្មឈានមុខសំខាន់ៗ កណ្តាលទីក្រុង មានចរន្តសេដ្ឋកិច្ចដ៏ខ្លាំងក្លា។គម្រោងអភិវឌ្ឍន៍ទំនើបចម្រុះថ្មី មួយនេះនឹងនាំមកនូវទំនើបកម្មនៃការរស់នៅ ជាមួយគ្រឿងបរិក្ខារយ៉ាងសម្បូរបែបរួមមាន៖មជ្ឈមណ្ឌលសន្និបាត ជីប ម៉ុង ដ៏ធំជាងគេនៅព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនបទពិសោធន៍នៃការរៀបចំកម្មវិធីធំៗ ដូចជា ប្រជុំអាស៊ាន បន្ទប់ប្រជុំ សាលពិព័រណ៍ធំៗ កន្លែងរៀបចំសិក្ខារសាលា សន្និបាតខាតធំ ឬ សម្រាប់ការរៀបចំកម្មវិធីអាពាហ៍ពិពាហ៍លំដាប់កំពូល ដែលស្វាគមន៍ភ្ញៀវបានរហូតដល់ជាង ១០,០០០នាក់ ជាមួយការរចនាតាមស្តង់ដារអន្តរជាតិដំបូងគេ មានបំពាក់ផ្ទាំង LED ដ៏ទំនើប និងចំណតយានយន្តដ៏ធំទូលាយ ផ្តល់ភាពងាយស្រួលសម្រាប់កម្មវិធីធំៗរបស់លោកអ្នក។ មជ្ឈមណ្ឌលកីឡាដ៏ធំ បំពាក់សម្ភារៈទំនើបៗ មានអាងហែលទឹកខ្នាតអន្តរជាតិសម្រាប់មនុស្សគ្រប់វ័យ និងមានកីឡាកម្សាន្តជាច្រើន បន្ថែមជូនមុខងារសុខភាពដ៏ចាំបាច់ ឧទ្យាន ហ្រ្គេនលែនម៉ាក តាមមាត់ទឹក ដែលលាយបញ្ចូលគ្នាជាមួយរុក្ខវិថី បៃតងស្រស់ត្រកាល ជាកន្លែងសម្រាកលំហែ និងជួបជុំប្រកបដោយភាពសុខដុមរមនា។ មជ្ឈមណ្ឌលធុរកិច្ចចម្រុះ និងមជ្ឈមណ្ឌលច្នៃប្រឌិតបច្ចេកវិទ្យាដ៏ធំដំបូងគេ។ លើសពីនេះ គ្រឹះស្ថានអន្តរជាតិធំៗ នឹងប្រែក្លាយ ហ្រ្គេនលែនម៉ាក ២៧១ អោយជាគោលដៅទាក់ទាញ និងលេចធ្លោជាងគេនៅក្នុងតំបន់។បើនិយាយពីជម្រើសម៉ូដផ្ទះថ្មីៗ ប្រណីតៗ ស្រស់ស្អាតគឺមានយ៉ាងច្រើននៅក្នុងគម្រោង។ អ្វីដែលរឹតតែគួរអោយចាប់អារម្មណ៍ អ្នកឧកញ៉ា លាង ហួង ក៏បានប្រកាសអំពីការផ្តល់ជូនជាពិសេសក្នុងឱកាសបើកលក់ជាផ្លូវការនេះផងដែរ ចំពោះការបង់ឥតប្រាក់កក់ និងបង់ឥតការប្រាក់រហូតដល់ ៣៦ ខែ ការបញ្ចុះតម្លៃរហូតដល់ ១០% ការបង្វិលកងសំណាងយកប័ណ្ណបញ្ចុះតម្លៃបន្ថែម ប័ណ្ណទិញគ្រឿងអេឡិចត្រូនិច និងរង្វាន់ដ៏សន្ធឹកសន្ធាប់ជាច្រើនទៀត៕ 

ឯកឧត្តម ស៊ុន ចាន់ថុល បន្តដឹកនាំគណៈប្រតិភូកម្ពុជាបំពេញទស្សនកិច្ចទៅ​កាន់ក្រុមហ៊ុន​វិនិយោគ​ឆ្នើមៗនៅក្នុងក្រុងចឹងចូវ និងចូលរួមកិច្ចពិភាក្សាតុមូលធុរកិច្ច​ស្តីពីកិច្ច​សហប្រតិបត្តិការរវាងកម្ពុជា និងខេត្តហ៊ឺណាន

2025/03/19 11:02:18 am        164
ហ៊ឺណាន៖ កាលពីសៀលថ្ងៃអង្គារ ទី១៨ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដំណើរដោយ លោកជំទាវ សឿង រដ្ឋចាវី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់កម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន បានដឹកនាំគណៈប្រតិភូនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា, និងសមាគមឧកញ៉ាកម្ពុជា បំពេញទស្សនកិច្ចការងារទៅកាន់ ក្រុមហ៊ុនចឹងចូវស៊័ងហ៊ុយហ្វូដ (Zhengzhou Shuanghui Food Co.,Ltd.), ក្រុមហ៊ុនវិនិយោគកំពង់ផែអន្តរជាតិផ្លូវសូត្រថ្មីនៃក្រុងចឹងចូវ (Zhengzhou New Silk Road International Port Investment Co.,Ltd.) និងចូលរួមកិច្ចពិភាក្សាតុមូលធុរកិច្ចស្តីពីកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងខេត្តហ៊ឺណាន។កិច្ចពិភាក្សាតុមូលធុរកិច្ចស្តីពីកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងខេត្តហ៊ឺណាន ត្រូវបានរៀបចំឡើងក្រោមប្រធានបទ “ចែករំលែកឱកាសនៃការអភិវឌ្ឍ និងពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ហ៊ឺណាន” ជាមួយនឹងគោលបំណងក្នុងការជំរុញកំណើនសេដ្ឋកិច្ចទៅវិញទៅមក, ពង្រឹងទំនាក់ទំនងរវាងប្រជាជន និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចិនទាំងមូល ក៏ដូចជាដើម្បីសិក្សាស្វែងយល់អំពីមុខសញ្ញាវិនិយោគរបស់សហគ្រាសឆ្នើមៗប្រចាំក្រុងចឹងចូវសរុបប្រមាណជាង១០ក្រុមហ៊ុន និងពិនិត្យលទ្ធភាពទាក់ទាញឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ ដោយឡែកការធ្វើទស្សនកិច្ចទៅកាន់ក្រុមហ៊ុន និងសហគ្រាសខាងលើ គឺដើម្បីធ្វើការសិក្សាស្វែងយល់អំពីបេសកកម្ម ចក្ខុវិស័យ ខ្សែច្រវ៉ាក់ផលិតកម្ម ការគ្រប់គ្រងប្រតិបត្តិការ និងហេដ្ឋារចនាសម្ព័ន្ធនានា។មានមតិស្វាគមន៍ លោកស្រី Li Fengzhi អភិបាលរងក្រុងចឹងចូវ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូកម្ពុជាដែលបានអញ្ជើញមកធ្វើទស្សនកិច្ចនៅខេត្តហ៊ឺណាន។ ទន្ទឹមនឹងនេះ លោកជំទាវបានពិពណ៌នាជូនគណៈប្រតិភូឱ្យបានជ្រាបអំពីបច្ចុប្បន្នភាពថ្មីៗនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ក្រុងចឹងចូវ ជាពិសេសការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយដែលមានភាពខ្វាត់ខ្វែង និងតភ្ជាប់ទៅកាន់គ្រប់គោលដៅសំខាន់ៗនៅទូទាំងផ្ទៃប្រទេស។ជាការឆ្លើយតប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅរបស់ភាគីមិត្តចិនជូនចំពោះគណៈប្រតិភូកម្ពុជានាឱកាសនេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវការកោតស្ញប់ស្ញែងជូនចំពោះភាពរីកចម្រើនរបស់ក្រុងចឹងចូវ ក្រោមការដឹកនាំតម្រង់ទិសពីសំណាក់រដ្ឋបាលក្រុង, រដ្ឋបាលខេត្ត, និងរដ្ឋបាលមជ្ឈិម។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានអញ្ជើញតំណាងសហគ្រាសវិនិយោគកំពង់ផែអន្តរជាតិផ្លូវសូត្រ (Silk Road International Port Investment) និងសហគ្រាសឆ្នើមៗដទៃទៀតប្រចាំក្រុងចឹងចូវ ដែលមានមុខសញ្ញាវិនិយោគទាក់ទងនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធ, ឧស្សាហកម្ម, យានយន្ត, និងបច្ចេកវិទ្យាឌីជីថល ឱ្យអញ្ជើញមកទស្សនកិច្ចនៅកម្ពុជាដើម្បីសិក្សាសមិទ្ធិលទ្ធភាព និងឈានដល់ការពិនិត្យឱកាសបណ្តាក់ទុនវិនិយោគ ហើយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងស្វាគមន៍ជានិច្ចក្នុងការផ្តល់កិច្ចសម្របសម្រួល និងការថែទាំគាំទ្រដោយអនុលោមតាមច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា។សូមជម្រាបជូនផងដែរថា ក្រុមហ៊ុនចឹងចូវស៊័ងហ៊ុយហ្វូដ (Zhengzhou Shuanghui Food) គឺជាសហគ្រាសដែលផ្តោតសំខាន់លើមុខសញ្ញាវិនិយោគពាក់ព័ន្ធនឹងការវេចខ្ចប់ និងកែច្នៃសាច់ស្រស់ ដោយឡែកសហគ្រាសវិនិយោគកំពង់ផែអន្តរជាតិផ្លូវសូត្រ (Silk Road International Port Investment) ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (Belt and Road Initiative - BRI) ផ្តោតលើការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ដែលមានទីតាំងនៅតាមបណ្តោយ ឬជាប់ពាក់ព័ន្ធនឹងគម្រោងផ្លូវសូត្រសម័យទំនើប ជាមួយនឹងគោលបំណងក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងទំនាក់ទំនងរបស់ប្រទេសចិន ទៅកាន់សកលលោក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីបើកកិច្ចប្រជុំ ត្រៀមកិច្ច​ប្រជុំ​មន្ត្រី​ជាន់​ខ្ពស់​កិច្ច​សហ​ប្រតិបត្តិការ​អាស៊ាន ស្តីពីកិច្ចការមុខងារសាធារណៈនៅខេត្តព្រះសីហនុ
05/19/2025 10:05 AM
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ទទួលជួបសម្តែងការគួរសមជាមួយសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា
05/19/2025 10:05 AM
ប្រមុខការទូតអាមេរិក និយាយថា អាមេរិកគ្មានពេលខ្ជះខ្ជាយក្នុងការចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែនទេ
05/19/2025 10:05 AM
ម៉ូតូបំពាក់ស៊ីម៉ាំងកែច្នៃ ជាច្រើនគ្រឿងត្រូវអាវុធហត្ថខណ្ឌដូនពេញ ឃាត់ និងរក្សាទុក​រយៈពេល​៣ខែ
05/19/2025 10:05 AM
ភ្លៀងធ្លាក់ខ្លាំងឆក់យកជីវិតមនុស្ស៥ នាក់ នៅភាគខាងត្បូងប្រទេសចិន ខណៈអាជ្ញាធរជូនដំណឹងគ្រោះមហន្តរាយ
05/19/2025 09:05 AM
ឯកឧត្តមម៉ែនវិបុលប្រធានគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀងណែនាំដល់ថ្នាក់ដឹកនាំបក្សចុះជំរុញពលរដ្ឋអោយទៅចុះឈ្មោះផ្ទៀងផ្ទាត់បញ្ជីឈ្មោះបោះឆ្នោត
05/19/2025 09:05 AM
មេដឹកនាំអឺរ៉ុប និងអង់គ្លេសពិភាក្សាជាមួយលោក Trump មុនជួបតាមទូរស័ព្ទជាមួយលោក Putin
05/19/2025 09:05 AM
អាមេរិកស៊ើបអង្កេតការបុកស្ពានBrooklynដ៏មហន្តរាយនៃនាវាម៉ិកស៊ិក នៅទីក្រុងញូវយ៉ក
05/19/2025 09:05 AM
រុស្ស៊ី វាយប្រហារដោយយានដ្រូនទ្រង់ទ្រាយធំបំផុត ក្នុងសង្គ្រាមមុនការសន្ទនាជាមួយលោកTrump
05/19/2025 09:05 AM
អាមេរិក លើកពី 'បន្ទាត់ក្រហម' របស់ខ្លួន ប្រឆាំងនឹងការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់អ៊ីរ៉ង់
05/19/2025 09:05 AM