ក្របខ័ណ្ឌទស្សនាទានស្តីពីយុទ្ធសាស្រ្តជំរុញវិនិយោគនឹងជួយទាក់ទាញការវិនិយោគដល់កម្ពុជា
ប្រធានសមាគមក្នុងស្រុក៖ ការធ្វើពាណិជ្ជកម្មកម្ពុជា-អាមេរិក នឹង​មាន​សន្ទុះ​កាន់​តែ​ខ្លាំង​បន្ទាប់​ពី​ចុះ​កិច្ច​ព្រមព្រៀងថ្មីនេះ
ធុរកិច្ចកម្ពុជា-ម៉ាឡេស៊ី បង្កើតកិច្ចសហការផលិតទឹកដោះគោស្រស់ ដើម្បីបំពេញតម្រូវការទីផ្សារ
ផលិតផលខ្មែរជាច្រើនមុខ ដែលផលិតនៅក្នុងស្រុក បាននិងកំពុងដាក់លក់ នៅក្នុងស្តង់ ផ្សារផលិតផលខ្មែរ ខេត្តកំពង់ស្ពឺ

សេដ្ឋកិច្ច និង កសិកម្ម

ទូតជប៉ុន អរគុណកម្ពុជា​បានខិតខំ​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ឆ្លើយ​តប​ប្រកប​ដោយ​ភាព​ទន់​ភ្លន់​ចំពោះ​ក្ដីកង្វល់ និងសំណូមពរនានារបស់វិនិយោគិនជប៉ុន

2025/09/03 04:00:24 pm        353
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី៣ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុ​ប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម UENO Atsushi ឯកអគ្គរដ្ឋទូតវិសាមញ្ញ និង​ពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំលើកទី៣០ នៃ​គណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ សមាគម​ធុរកិច្ចជប៉ុននៅកម្ពុជា(JBAC) គណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច និង​ឧស្សាហ​កម្ម​ AEM-METI (AMEICC) ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA) អង្គ​ការ​ពាណិជ្ជកម្មក្រៅប្រទេសជប៉ុន(JETRO) និងតំណាង​ក្រុម​ហ៊ុន​ជប៉ុន​ដែល​មាន​ប្រតិបត្តិការ​វិនិយោគ​នៅ​កម្ពុជាទាំងផ្ទាល់ និងតាមប្រព័ន្ធ online សរុបចំនួនប្រមាណ ២០០រូប។កិច្ចប្រជុំទ្វេភាគីនេះគឺជាផ្នែកមួយនៃយន្តការថែទាំវិនិយោគ រៀបចំឡើង​ក្រោម​ក្រប​ខណ្ឌនៃ​កិច្ច​ព្រម​ព្រៀង​រវាងព្រះរាជាណាចក្រកម្ពុជា និងជប៉ុន ស្តីពីសេរីភាវូបនីយកម្ម ការជំរុញ និងការ​ការពារ​វិនិយោគ។ ក្នុងកិច្ចប្រជុំនេះ បញ្ហាប្រឈម ព្រមទាំងសំណើសុំនានារបស់ផ្នែកឯកជន ត្រូវ​បាន​លើកយកមកពិភាក្សា និងស្នើសុំការពិនិត្យដោះស្រាយ ដើម្បីបន្តជំរុញ​កិច្ច​សហការ​រវាង​រដ្ឋាភិបាល​កម្ពុជា និងវិស័យឯកជន។ ប្រធានបទដែលបានលើកមកពិភាក្សាក្នុងកិច្ចប្រជុំលើកទី៣០នេះ មានវិសាលភាព​គ្រប​ដណ្តប់​លើ​វិស័យ​ពន្ធដារ គយ បរិស្ថាន ពាណិជ្ជកម្ម ភស្ដុភារកម្ម ថាមពល សន្តិសុខ និងការងារ។ជា​កិច្ចចាប់ផ្ដើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ វត្តមាន​របស់ឯកឧត្តមឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា តំណាងក្រសួង-ស្ថាប័ន សមាគម អង្គការ និង​វិស័យឯកជនជប៉ុនដែលបានអញ្ជើញចូលរួមកិច្ចប្រជុំនាឱកាសនេះ។ ជាមួយគ្នានេះ ឯកឧត្តម​ឧប​នាយករដ្ឋមន្ត្រី ក៏បានថ្លែង​នូវ​អំណរ​គុណ​ជូន​ចំពោះ​វិនិយោគិន​ជប៉ុន​ទាំង​អស់​ដែល​បាន​មក​បណ្តាក់​ទុន​វិនិយោគ ពង្រឹង និងពង្រីកប្រតិបត្តិការធុរកិច្ច និងគម្រោងវិនិយោគរបស់ខ្លួន ដែល​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញពីការផ្តល់នូវសេចក្តីទុកចិត្តមកលើរាជរដ្ឋាភិបាលកម្ពុជា។លើកឡើងក្នុងឱកាសនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត សម្ដែងការសោក​ស្ដាយ​ចំពោះ​ការ​បាត់​បង់​ជីវិត​របស់​ទាហាន​ពលី​កម្ពុជា ក្នុងបញ្ហាជម្លោះកម្ពុជា-ថៃ។ រាជរដ្ឋាភិបាលជប៉ុនបានចូលរួមរំលែកទុក្ខជាមួយកម្ពុជា ដោយសម្រេចផ្តល់​ជំនួយ​ឥត​សំណង​សង្គ្រោះ​ប​ន្ទាន់ចំនួន ១,៨លានដុល្លារអាម៉េរិក ដើម្បីឆ្លើយតបទៅនឹងតម្រូវការមនុស្សធម៌ផងដែរ។ ប្រទេសជប៉ុនបន្តគាំទ្រលើការអនុវត្តនូវបទឈប់បាញ់ដែលសម្រេចដោយថ្នាក់ដឹកនាំកំពូលរបស់ប្រទេស​ទាំង​ពីរ។ ជាកិច្ចបន្តចំពោះកិច្ចការងារវិនិយោគ ឯកឧត្តមឯកអគ្គរដ្ឋទូត បានថ្លែង​អំណរ​គុណ​ជូន​ចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីដែលតែងតែគាំទ្រ និងផ្ដល់កា​រ​សម្រប​សម្រួល​រាល់​សំណូម​ពរ​នានា​របស់វិនិយោគិនជប៉ុន ពិសេសចូលរួមពង្រឹង​កិច្ច​សហ​ប្រតិប​ត្តិការ​ទ្វេភាគី​ស្តីពី​ការ​ជំរុញ និងទាក់ទាញវិនិយោគប្រកបដោយគុណភាព និងស្តង់ដារខ្ពស់។ ទន្ទឹមនឹងនេះ ឯកឧត្តម​ក៏​បាន​វាយ​តម្លៃ​ខ្ពស់ជូ​ន​ចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំង​អស់​ដែល​កន្លង​មក​បានខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការសម្របសម្រួល និង​ផ្តល់​នូវ​ការ​ឆ្លើយតបប្រកបដោយភាពទន់ភ្លន់ចំពោះក្ដីកង្វល់ និងសំណូមពរ​នានា​របស់​វិនិយោ​គិន​ជប៉ុន​។ មុនបញ្ចប់កិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើសុំឱ្យស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បន្ត​ជំរុញ និងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំបង្កើតកម្មវិធីនានា ដើម្បី​ទាក់​ទាញ​វិនិយោគិន និងផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយអំពីបរិយាកាសវិនិយោគ ការលើក​ទឹក​ចិត្ត និងសក្ដានុពលរបស់កម្ពុជាជូនវិនិយោគិនជប៉ុនឱ្យបានកាន់តែទូលំទូលាយមួយកម្រិតទៀត៕

កម្ពុជាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ

2025/09/01 11:16:45 am        390
មជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ និងជាអង្គភាពបរិវត្តកម្មឌីជីថល ផ្សព្វ​ផ្សាយអំ​ពី​ផែន​ការ​យុទ្ធ​សាស្ត្រ​អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ២០២៤-២០២៨ ដើម្បី​លើក​កម្ពស់​ការយល់ដឹង និងជំរុញឱ្យមានការចូលរួមយ៉ាងផុសផុលពីគ្រប់ តួអង្គសង្គមពាក់ព័ន្ធ ក្នុង​ការ​អនុវត្តផែនការយុទ្ធសាស្រ្តនេះប្រកបដោយប្រសិទ្ធភាព និងសក្ដិសិទ្ធិភាព។ ឯកឧត្ដម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​ជា​អគ្គ​លេខា​ធិការ​នៃ​អគ្គ​លេខា​ធិការដ្ឋាន ​អ.ស.ហ. នៅថ្ងៃ ទី១ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញ​ចូលរួម​ក្នុង​សិក្ខា​សាលា​ផ្សព្វ​ផ្សាយ​ស្តីពី​ផែន​ការ​យុទ្ធសាស្ត្រអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ក្នុង វិស័យហិរញ្ញវត្ថុ​មិន​មែន​ធនាគារ​ ២០២៤-២០២៨, សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយ ការ​ដាក់​ឱ្យ​ប្រើ​ប្រា​ស់ ផែនការយុទ្ធសាស្ត្រខាងលើ ព្រមទាំងលើកកម្ពស់ការយល់ដឹង និងជំរុញ​ឱ្យ​មាន​ការ​ចូល​រួម​យ៉ា​ង​ផុសផុលពីគ្រប់តួអង្គសង្គមពាក់ព័ន្ធ ក្នុងការអនុវត្ត​ផែន​ការ​យុទ្ធសាស្រ្ត​នេះ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព ស្របតាមអាទិភាពគន្លឹះគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែល បាន​កំណត់​ក្នុង​យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១, ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង​សង្គម ឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨។ សូម​បញ្ជាក់ថា ក្នុងរយៈពេល២ទស្សវត្សរ៍ចុងក្រោយនេះ, បច្ចេក​វិទ្យា​បាន​ក្លាយ​ជា​កាតាលីករ​ថ្មី​ដ៏​មាន​សារៈ​សំខាន់ នៃការអភិវឌ្ឍសេដ្ឋ- កិច្ចនិងសង្គមឌីជីថល។ ស្របតាមចលនា​ការណ៍​នៃ​ការ​ធ្វើ​ឌីជីថល​ភាវូបនីយកម្មនិងបរិវត្តកម្មឌីជីថល ក្នុងតំបន់និងពិភពលោក, ការ ប្រើប្រាស់​បច្ចេក​វិទ្យា​ក្នុង​សេដ្ឋកិច្ច និងសង្គម មានការកើនឡើងយ៉ាងឆាប់រហ័ស ជាពិសេស​ក្នុង​អំឡុង​ និង​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ-១៩។ ការណ៍នេះផ្តល់កាលានុវត្តភាពថ្មីៗជាច្រើនដល់គ្រប់តួអង្គសង្គម ឆ្លើយ​តប​ទៅ​នឹង​បដិវត្តន៍​ឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថល ក៏ដូច ជាតម្រូវការក្នុង​ការ​លើក​កម្ពស់​ផលិត​ភាព​សេដ្ឋកិច្ច និង​សង្គមកម្ពុជា, បច្ចេកវិទ្យាត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាអាទិភាពគន្លឹះ១ ក្នុង ចំណោម​អាទិភាពគន្លឹះទាំង ៥ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។ក្នុង​ដំណើរ​នៃ​ការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ការ​ប្រែក្លា​យ​កម្ពុជា​ជា​ប្រទេស​មានចំណូលខ្ពស់, រាជរដ្ឋាភិបាលបានដាក់​ចេញ​នូវ​ក្រប​ខណ្ឌ​គោល​នយោបាយ​សេដ្ឋកិច្ច និង​សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដើម្បីកសាង “ម៉ូដែលកំណើនថ្មី” គឺ​សេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ដែលក្នុងនោះក៏មានការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុផងដែរ។ ឆ្លើយ​តបទៅ នឹងក្របខណ្ឌគោលនយោបាយនេះ, រាជរដ្ឋាភិបាលបានដាក់ចេញនូវ "គោល​នយោ​បាយ​អភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ ដើម្បីអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ សំដៅ​រួម​ចំណែកជំរុញសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ដ៏រស់រវើក៕ អត្ថបទ៖ សុន រ៉ាឌី

ម្ចាស់សិប្បកម្មជាស្រ្តី៖ ការផលិតក្នុងស្រុកកើនឡើងខ្លាំង បើធៀប​មុន​ពេល​ផ្ទុះ​ឡើង​នៃ​ជម្លោះ​ព្រំដែន

2025/09/01 11:03:31 am        260
ម្ចាស់​សិប្បកម្មជាស្រ្តី កំពុងមានភាពមមាញឹកនៅក្នុងខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន នៃ​កិច្ច​ដំណើរ​ការ​ផលិត និងវេចខ្ចប់ ដោយមាន សម្ទុះកើនឡើងចំនួន៣ដង បើធៀបមុន​ពេល​នៃ​ការ​ផ្ទុះ​ឡើង​នូវ​ជម្លោះ​ព្រំដែន ដើម្បីផលិតរុញចូលទីផ្សារគាំទ្រ និងឆ្លើយតបដល់ការប្រើ ប្រាស់របស់​ប្រជាពលរដ្ឋ​។   លោកជំទាវ ចាន់ ភារី ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីកិច្ចដំណើរការ ផលិត វេចខ្ចប់ និងការផ្គត់ផ្គត់ទំនិញចូលទីផ្សាររបស់សហគ្រិនជាស្តី្រ នេះ​ថា ជុំវិញផលិតផលក្នុងស្រុក ពីមួយឆ្នាំទៅមួយមានការរីក ចម្រើនគួរឱ្យកត់សម្គាល់ ខណៈ​ដែល​កម្ពុជា​មាន​ដៃគូរជាច្រើន ក្នុងការកសាងសមត្ថភាព ចំណេះ-ជំនាញ ជាពិសេស​នៅ​លើ​គុណ​ភាព និងកម្រិតស្តង់ដារនៃការផលិត ក្នុងនោះក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​នវា​នុវត្តន៍​ ក៏បានផ្តល់នូវផ្នែកបច្ចេកទេស និង បច្ចេកវិទ្យាផ្សេងៗ ដើម្បីត្រួសត្រាយផ្លូវ ផ្តល់​ឱកាស​ដល់​សហ​គ្រិនជាស្រ្តីផលិតក្នុងស្រុក មានឱកាសបង្ហាញនូវផលិតផល របស់ខ្លួន សម្រាប់​ទីផ្សារ​ក្នុង​ និង​ក្រៅប្រទេស។លោកជំទាវ លើកឡើងបន្តថា ជុំវិញការខិតខំប្រឹងប្រែងខាងលើនេះ ស្របពេលការ​ផ្ទុះ​ឡើង​នូវ​ជម្លោះ​ព្រំដែន ដែលបង្កឡើង ដោយប្រទេសជិតខាងរបស់កម្ពុជា គឺបានកំពុងប្រែក្លាយ​បញ្ហា​ប្រឈម​ឲ្យ​ក្លាយ​ទៅជាកា​លានុវត្តភាព ដល់ម្ចាស់សហគ្រិនជាស្រ្តី នៅក្នុង​កិច្ច​ដំណើរ​ការ​អាជីវកម្ម​របស់​ខ្លួន ​ក្នុងការផលិត និងកែច្នៃផលិតផលសម្រាប់រុញចូលទីផ្សារ គាំទ្រ ដល់​ការ​ប្រើ​ប្រាស់​ផលិត​ផល​ក្នុងស្រុក ដែលក្នុងនោះការផលិតរបស់សហគ្រិនជាស្រ្តី បានហក់ឡើង៣ដង បើ​ធៀប​ទៅ​រយៈ​ពេល​មុនវិបត្តិ ខណៈដែលស្មារតីសេ្នហាជាតិ និងចលនា​រួបរួម​ជាតិ​កំពុង​មាន​សម្ទុះ​ខ្លាំង​ក្លា​។ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ លើកឡើងនៅក្នុង ពិធីមហាសន្និបាតរបស់សហព័ន្ធស្រូវ-អង្ករកម្ពុជា ថ្មីៗនេះថា ទាក់​ទិន​ការ​ផ្ទុះឡើងនូវជម្លោះព្រំដែននេះ រាជរដ្ឋាភិបាលកំពុងតាមដាន និង​វាយ​តម្លៃ​ស្ថាន​ការណ៍​ជាក់​ស្តែង ​ដោយយកចិត្តទុកដាក់បំផុត ព្រមទាំងថ្លឹងថ្លែង និងត្រៀមដាក់​ចេញ​នូវ​វិធាន​ការ​ឆ្លើយ​តប​មុត​ស្រួច ​លើគ្រប់វិស័យទាំងឡាយសំដៅ រក្សាចលនការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដើម្បី​ប្រែ​ក្លា​​យ​បញ្ហាប្រឈមទាំងនេះ ឲ្យក្លាយទៅជា កាលានុវត្តភាព, ជាពិសេស​សម្រាប់​ការ​លើក​កម្ពស់​សហ​គ្រាស​ធុនតូច និងមធ្យម ខណៈដែលស្មារតីសេ្នហាជាតិ និងចលនារួបរួមជាតិ កាន់​តែ​មាន​សម្ទុះ​ខ្លាំង​ឡើ​ង ដែលជំរុញដល់ការលើកស្ទួយ និងការឲ្យតម្លៃខ្ពស់ដល់ផលិតផលក្នុងស្រុក៕ អត្ថបទ៖ សុន រ៉ាឌី

កម្ពុជា សម្ពោធដាក់ឱ្យប្រើប្រាស់យុទ្ធសាស្រ្តពង្រីក និងពិពិធកម្មទីផ្សានាំចេញអង្ករ ២០២៥-២០៣០

2025/08/26 12:31:37 pm        135
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ សហព័ន្ធស្រូវអង្ករកម្ពុជា បានរៀបចំ​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ផ្លូវការនៃយុទ្ធសាស្រ្តពង្រីក និងពិពិធកម្មទីផ្សានាំចេញអង្ករកម្ពុជា ២០២៥-២០៣០ និងកម្មវិធីមហាសន្និបាតសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៤ និងការ​បោះឆ្នោត​ជ្រើស​រើស​ប្រធាន​សហព័ន្ធ ប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល នៃសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិ​ទី៥។ពិធីសម្ពោធនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ និងលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និង​មាន​ការ​អញ្ជើញ​ចូល​រួមពីភ្ញៀវជាតិ និងអន្តរជាតិជាច្រើននាក់។លោក លន់ យ៉េង អគ្គលេខាធិការនៃសហព័ន្ធស្រូវអង្ករកម្ពុជា បានមាន​ប្រសាសន៍​ប្រាប់​បណ្តាញ​អ្នក​សារ​ព័ត៌មាន ឱ្យដឹងថា យុទ្ធសាស្រ្តពង្រីក និងពិពិធកម្មទីផ្សានាំចេញអង្ករកម្ពុជា ឆ្នាំ២០២៥-២០៣០ មានគោលបំណងដើម្បីរួមសហការគ្នា និងសម្រេចបានគោលដៅនាំចេញអង្ករចំនួន ១​លាន​តោន នៅឆ្នាំ២០៣០ ដែលការណ៍នេះ នឹងបង្ហាញ​ពី​តួនាទី​ដ៏​សំខាន់​របស់​កម្ពុជា​ក្នុងកិច្ច​ការ​កែ​លម្អ​សន្តិសុខ ស្បៀង និងអាហារូបត្ថម្ភជាសកល។លោកបានបន្តថា យុទ្ធសាស្ត្រនាំចេញនេះ នឹងដើរតួរជាត្រីវិស័យ និងជាការណែនាំ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈមនានា និងបើកឱកាស​ការ​ធ្វើ​ពាណិជ្ជកម្មប​ន្ថែម​ទៀត​សម្រាប់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាគោលការណ៍គឺ “រក្សា​ទីផ្សារដែលមានស្រាប់ ខណៈពេលដែលបើកទីផ្សារថ្មីបន្ថែមទៀត”។នៅក្នុងកម្មវិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បានអបអរ​សាទរ​នូវ​កម្មវិធី​យុទ្ធ​សាស្ត្រ​ពង្រីក​ទីផ្សារ​ស្រូវ​អង្ករកម្ពុជា ខណៈពេលបច្ចុប្បន្ននេះក្រសួងកសិកម្ម និងបណ្តារោងម៉ាស៊ីននានា បាន​ខិតខំព្យាយាមជួយសម្រួលដល់ការលក់ចេញស្រូវរបស់ប្រជាកសិករ និង​បាន​លើក​ឡើង​ពី​ភាព​ជោគ​ជ័យ​របស់​កម្ពុជាចាប់តាំងពីការខ្វះខាតស្រូវអង្ករ រហូតដល់អភិវឌ្ឍន៍រីក​ចម្រើន​អាច​នាំ​ចេញ​ជា​លក្ខណៈ​ពាណិជ្ជកម្មនៅលើទីផ្សារអន្តរជាតិ។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំដល់សហព័ន្ធស្រូវអង្ករកម្ពុជា ត្រូវ​គិត​គូរ​ឱ្យ​មាន​ភាពបន្ស៉ីគ្នា ដាក់ចេញនូវយុទ្ធសាស្រ្តមុតស្រួចវែងឆ្ងាយ អនុវត្តប្រកបដោយប្រសិទ្ធភាព និង​បង្កើនភាពជឿជាក់ពីប្រជាកសិករ ជាពិសេសជំរុញការធ្វើទីផ្សារក្រៅស្រុក និងស្លាក​យី​ហោអ​ង្ករ​ក្រអូប​កម្ពុជា ជាមួយនឹងគុណភាពខ្ពស់ តម្លៃថ្លៃ មានលក្ខណៈពិសេសខុសដាច់គេ ស្រប​ពេល​ដែល​កម្ពុជាមា​នបទពិសោធន៍ជោគជ័យជាច្រើនក្នុងការធ្វើទីផ្សារផលិតផលនេះ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

ក្រុមការងារអន្តរក្រសួង (ត្រី-វិស័យ) អញ្ជើញចុះជួបសហគមន៍មូលដ្ឋាន សម្រាប់អនុវត្តអន្តរាគមន៍អន្តរវិស័យកសិកម្ម-ទឹក-ជនបទ

2025/08/20 10:09:09 am        174
កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ ឯកឧត្តម អាន ពេជ្រហត្ថដា រដ្ឋលេខាធិការក្រសួងធនធានទឹក និង​ឧតុ​និយម និងឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ រួមនឹងឯកឧត្ដម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងសមាជិកអចិន្រ្ដៃយ៍ សមាជិកក្រុមការងារត្រី-វិស័យ និង​ក្រុម​លេខា​ធិការ​ដ្ឋានអន្តរក្រសួងទាំងបី បានអញ្ជើញចុះជួបប្រជុំពិភាក្សាជាមួយប្រធាន អនុប្រធាន សមាជិក​សហគមន៍​កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង ដើម្បីចុះអនុវត្តអន្តរាគមន៍អន្តរវិស័យកសិកម្ម-ទឹក-​ជនបទ ស្ថិតនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្ត​ពោធិ៍សាត់ ក្នុងក្របខណ្ឌត្រីវិស័យ និងគម្រោង CASDP។ ឯកឧត្តរដ្ឋលេខាធិការបានគូសបញ្ជាក់ថា សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ត្រយឹង បាន​ចុះ​កិច្ច​ព្រម​ព្រៀងជាមួយគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) គាំទ្រថវិកា​ហិរញ្ញ​ប្បទាន​ដោយ​ធនាគារ​ពិភពលោក ដែលរួមមានជាសម្រាប់ជាទុនបំពេញបន្ថែម ៤០% លើការវិនិយោគ​របស់​សហគមន៍ និងការគាំទ្រខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធសាធារណៈសរុបចំនួន ១,២ លានដុល្លារ សម្រាប់​គាំទ្រដល់សកម្មភាពផលិតកម្មកម្រិតសហគមន៍របស់ខ្លួន ក្នុងនោះ​សម្រាប់​គាំទ្រ​ផ្ទាល់​ដល់​ផលិតកម្មម្ទេស និងរៀបចំជាប្រព័ន្ធស្រោចស្រព ដោយមានការ​បំពាក់​ទុយោ​មេ​ចែក​ចាយ​ទឹក​ធ្វើ​កសិកម្មដល់ទូទាំងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង។ សហគមន៍កសិកម្មទំនើបនេះ មាន​ធុរកិច្ច​ម្ទេស ១៣៣ គ្រួសារ លើផ្ទៃដីដាំដុះ ៣៨ ហិកតា ដោយរួមបញ្ចូល​ការ​សាង​សង់​ប្រព័ន្ធ​ស្រោច​ស្រព ស្តារអាងទឹក ជីកស្រះ និងតទុយោទឹកបញ្ជូនទឹកដល់ចម្ការម្ទេស។ បន្ទាប់ពីជំនួប​ពិភាក្សា គណប្រតិភូ និងតំណាងសហគមន៍ បានចុះពិនិត្យ​ទីតាំង​ផលិតកម្ម​ម្ទេស​កំពុង​ឈូស​ឆាយ ដោយទីតាំងនេះនឹង​តភ្ជាប់​ជាមួយ​ប្រព័ន្ធ​ស្រោច​ស្រព​ពី​ទុយោ​មេ​ចែក​ចាយ​ទឹក​បាន​អនុម័ត​ដេញថ្លៃសាងសង់ និងគ្រោងបញ្ចប់នៅដើមឆ្នាំ២០២៦ ខាងមុខ ដោយប្រើប្រាស់​កញ្ចប់​ថវិកា​គម្រោង CASDP ៕

ឯកឧត្តម ស៊ុន ចាន់ថុល អញ្ជើញ​បើកកម្មវិធីផ្សព្វផ្សាយនិងបណ្តុះបណ្តាលអំពី នីតិវិធី​នៃ​ការ​ចុះ​បញ្ជី​គម្រោង​វិនិយោគតាមប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា cdcIPM និងការប្រើប្រាស់​ហត្ថលេខា និងត្រាអេឡិចត្រូនិក (e-Signature & e-Stamp)

2025/08/14 02:11:42 pm        288
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) បានអញ្ជើញជាអធិបតីក្នុងកម្មវិធីផ្សព្វផ្សាយនិងបណ្តុះបណ្តាលអំពី នីតិវិធីនៃការចុះបញ្ជីគម្រោងវិនិយោគតាមប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា cdcIPM និងការប្រើប្រាស់ហត្ថលេខា និងត្រាអេឡិចត្រូនិក (e-Signature & e-Stamp) ដោយមានការចូលរួមពីថ្នាក់ដឹកនាំក.អ.ក., ថ្នាក់ដឹកនាំក្រសួង/ស្ថាប័នពាក់ព័ន្ធ, និងថ្នាក់ដឹកនាំរដ្ឋបាលរាជធានី/ខេត្ត។កម្មវិធីនាព្រឹកនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងបង្ហាញដល់ ក្រសួង/ស្ថាប័ន រដ្ឋបាលរាជធានី/ខេត្ត ឱ្យបានយល់កាន់តែច្បាស់អំពីការប្រើប្រាស់ប្រព័ន្ធ cdcIPM ក្នុងការធ្វើសាមញ្ញកម្មនីតិវិធីផ្តល់សេវា និងការប្រើប្រាស់ឯកសារឌីជីថល ដែលនឹងចូលរួមកាត់បន្ថយការក្លែងបន្លំឯកសារសាធារណៈដោយមានភ្ជាប់ជាមួយការផ្ទៀងផ្ទាត់ឯកសារតាមថ្នាលបច្ចេកវិទ្យាឌីជីថល និងមានអនុលោមភាពតាមច្បាប់ ក៏ដូចជាបទដ្ឋានគតិយុត្តនានា រួមមានជាអាទិ៍៖ ច្បាប់ស្តីពីវិនិយោគ, ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក, អនុក្រឹត្យលេខ១៣៩ ស្តីពីការអនុវត្តច្បាប់វិនិយោគ និងអនុក្រឹត្យលេខ៥១ ស្តីពីថ្នាលផ្ទៀងផ្ទាត់ទិន្នន័យ verify.gov.kh ជាពិសេសគឺការកែលម្អបរិយាកាសធុរកិច្ច និងការវិនិយោគនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។ថ្លែងក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីការចំណេញពេលវេលាតាមរយៈការប្រើប្រាស់ប្រព័ន្ធ cdcIPM ដែលផ្តល់លទ្ធភាពឱ្យថ្នាក់ដឹកនាំ ក.អ.ក. មន្ត្រីបច្ចេកទេស ក៏ដូចជាវិនិយោគិនអាចបំពេញភារកិច្ច និងដាក់ពាក្យស្នើសុំបានពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ ជាក់ស្តែងរូបឯកឧត្តមផ្ទាល់បានអនុម័តគម្រោងពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដូចជា៖ អំឡុងពេលធ្វើដំណើរតាមរថភ្លើងពីទីក្រុងប៉ារីស មកទីក្រុងឡុងដ៍ក្នុងអំឡុងពេលបំពេញបេសកកម្មទាក់ទាញវិនិយោគនៅតំបន់អ៉ឺរ៉ុប, អំឡុងពេលធ្វើដំណើរតាមយន្តហោះត្រឡប់មកពីបំពេញបេសកកម្មនៅសហរដ្ឋអាម៉េរិកជាដើម។តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ ក.អ.ក. ក្នុងការទាក់ទាញវិនិយោគ និងការសម្រួលពន្លឿននីតិវិធី ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងរយៈពេល ៧ខែ នៃឆ្នាំ២០២៥ មានគម្រោងវិនិយោគរហូតដល់ទៅ ៤៤០ គម្រោងត្រូវបានអនុម័ត ក្នុងទំហំទុនវិនិយោគប្រមាណ ៦,៧ពាន់លានដុល្លារអាម៉េរិក និងបង្កើតការងារបានប្រមាណ ៣១២ពាន់កន្លែង។ ចំនួនគម្រោងដែលបានអនុម័តក្នុងរយៈពេល ៧ខែ នៃឆ្នាំ២០២៥ ជាតួលេខដែលច្រើនជាងរយៈពេល ១២ខែពេញ នៃឆ្នាំ២០២៤ ហើយក៏ជាតួលេខខ្ពស់ជាងគេបំផុតក្នុងកំណត់ត្រាប្រវត្តិការងារជាង៣០ឆ្នាំ បន្ទាប់ពីបង្កើត ក.អ.ក. ។គួររម្លឹកដែរថា៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដាក់ឱ្យប្រើប្រាស់សាកល្បងប្រព័ន្ធ cdcIPM នៅក្នុងខែសីហា ឆ្នាំ២០២៤ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ ជាមួយគ្នានេះ ដោយទទួលបានគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ការដាក់ឱ្យប្រើប្រាស់ហត្ថលេខាអេឡិចត្រូនិក (e-Signature) និងត្រាអេឡិចត្រូនិក (e-Stamp) លើឯកសារទម្រង់ឌីជីថលចេញពីប្រព័ន្ធ cdcIPM ត្រូវបានធ្វើឡើងជាផ្លូវការ តាមរយៈសេចក្តីជូនដំណឹងលេខ ១៣៥៦/២៥ ក.អ.ក. ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥។ សូមជម្រាបដែរថា ក្នុងរយៈពេលជិតមួយឆ្នាំដែលបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ cdcIPM មានការដាក់ពាក្យស្នើសុំវិនិយោគតាមរយៈប្រព័ន្ធនេះមានចំនួន ៣៨២គម្រោង ក្នុងនោះបានអនុម័តចំនួន ៣២៨គម្រោង៕

រយៈពេល៧ខែ, កម្ពុជានាំចេញទំនិញទៅសហរដ្ឋអាមេរិក មានទឹកប្រាក់ជិត ៧ពាន់លានដុល្លារ

2025/08/12 01:17:06 pm        277
ការនាំចេញទំនិញទៅកាន់សហរដ្ឋអាម៉េរិករបស់កម្ពុជា នៅក្នុងរយៈពេល៧ ខែ ឆ្នាំ ២០២៥ មាន​ទំហំ​ទឹកប្រាក់សរុបជិត ៧ ពាន់លាន ដុល្លាអាម៉េរិក កើនឡើងជិត ២៦ ភាគរយ ធៀបរយៈពេល​ដូច​គ្នា​ឆ្នាំ២០២៤ ពោលគឺ, ទីផ្សារសហរដ្ឋអាមេរិកបានឈរក្នុងលំដាប់ទី១ និងបាន គាំទ្រដល់​កំណើន​ខ្ពស់នៃការនាំចេញទំនិញរបស់កម្ពុជា។អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប​ង្ហាញ​ស្ថិតិ​ពាណិជ្ជ​កម្ម​ នៃការធ្វើពាណិជ្ជកម្មលើទីផ្សារ អន្តរជាតិរបស់កម្ពុជា ក្នុង​នោះ​ការ​ធ្វើ​ពាណិជ្ជ​កម្មទ្វេ​ភាគី​រវាង​កម្ពុជា​-អាមេរិក នៅក្នុងរយៈពេល៧ ខែ ឆ្នាំ២០២៥ នេះ, មានទំហំទឹកប្រាក់សរុប ជាង ៧ ១០០ លាន​ដុល្លារអាមេរិក កើនឡើងជិត ២៦ ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤ (មានទំហំទឹកប្រាក់ប្រមាណជាង ៥ ៦០០ លានដុល្លារអាមេរិកប៉ុណ្ណោះ) ក្នុងនោះ​កម្ពុ​ជា​បាន​នាំ​ចេញ​ទៅ​ទីផ្សារ​អាមេរិក មានទឹកប្រាក់ជិត៧ ពាន់លានដុល្លារ កើនជិត ២៦ ភាគរយ ខណៈការ​នាំ​ចូល​មានទឹកប្រាក់ជាង ២០១ លានដុល្លារ កើនជាង ៣០ ភាគរយ បើធៀបរយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០២៤​។ជុំវិញការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាមេរិក បានបន្តឈរក្នុងលំដាប់ទី១ នៃការស្រូប​យក​ទំនិញ​របស់​កម្ពុជារួមមាន៖ សម្លៀក បំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរជាដើម នៅក្នុងរយៈ​ពេល​ជាង ៤ឆ្នាំចុងក្រោយនេះ បន្ទាប់ពីផុតសុពលភាព នៃការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ GSP របស់​សហរដ្ឋអាមេរិកដល់កម្ពុជា។ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ពុជា លើកឡើងថា ជុំវិញ​ពន្ធប​ដិការ​វាង​កម្ពុជា-​សហរ្ឋអាមេរិក ឃើញ ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និង​ប៉ិនប្រសព្វ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី សម្តេច​បាន​យក​ចិត្ត​ទុក​ដាក់​យ៉ាងខ្លាំង នៅលើការងារចរចារពន្ធបដិកានេះ រហូតធ្វើឱ្យកម្ពុជាសម្រេចបានពន្ធបដិកា ១៩% ដែលជាអត្រាមួយទាបសម្រាប់ឱកាសរបស់កម្ពុជា ប៉ុន្តែបញ្ហានេះ​វា​អាស្រ័យ​ទៅ​លើ​សមត្ថភាព​ផលិត​របស់យើង ក្រៅពីរោងចក្រកាត់ ដេរ ស្បែកជើង និងសម្ភារៈធ្វើដំណើរ ថាតើ​កម្ពុជា និង​ត្រូវការជំរុញផលិតផលអ្វីបន្ថែមទៀត ដើម្បីនាំចេញទៅទីផ្សារអាមេរិក ខណៈការ វិនិយោគ កម្ពុជាបានកំពុងដើរទៅមុខរួចហើយ។ សូមបញ្ជាក់ថា នៅក្នុងរយៈពេល៧ ខែ ឆ្នាំ២០២៥នេះ ការ​ដោះ​ដូរ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា មានទំហំទឹកប្រាក់សរុបជិត ៣៧ ពាន់លានដុល្លារអាមេរិក បានកើនឡើងជាង ១៦ ភាគ​រយ ក្នុងនោះកម្ពុជាបាននាំចេញទំនិញសំខាន់ៗមានទឹកប្រាក់ជាង ១៧ ពាន់ លានដុល្លារ កើន​ជាង ១៦ ភាគរយ ខណៈតម្លៃនៃការនាំចូលមានទឹកប្រាក់ជាង ១៩ ពាន់លានដុល្លារ កើនជាង ១៦ ភាគរយដូចគ្នា បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤៕ អត្ថបទ៖ សុន រ៉ាឌី

ក្នុងរយៈពេល ៧ខែ, CDC អនុម័តគម្រោងវិនិយោគបានចំនួន ៤៤០គម្រោង មានទុន ៦,៧ ប៊ីលានដុល្លារ

2025/08/12 11:01:19 am        177
នៅក្នុងរយៈពេល៧ ខែ ឆ្នាំ២០២៥, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័ត​គម្រោង​វិនិយោគ​សរុប​ចំនួន ៤៤០គម្រោង មានទុន វិនិយោគ ៦,៧ ពាន់លានដុល្លារអាម៉េរិក ក្នុង​នោះ​ការ​វិនិយោគ​​វិស័យឧស្សាហកម្ម ៤,៧ ប៊ីលានដុល្លារ, កសិកម្ម និងកសិឧស្សាហកម្ម ៣៥៦ លាន​ដុល្លារ​, ទេសចរណ៍ ១៦៧ លានដុល្លារ, វិស័យហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ ១,៥ ប៊ីលាន​ដុល្លារ​។ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចេញសេចក្តីប្រកាសព័ត៌មាន លើការ​អនុម័ត​គម្រោង​វិនិយោគ​នៅ​ព្រះរាជា​ណា​ចក្រកម្ពុជា ក្នុង នោះ សម្រាប់ខែ កក្កដា ឆ្នាំ ២០២៥, គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចុះបញ្ជីគម្រោង វិនិយោគសរុបចំនួន ៦៧ គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៩៤៤ លានដុល្លារអាម៉េរិក និងអាច​បង្កើត​ការងារ​បាន​ប្រមាណ ៥៧ពាន់កន្លែង។ក្នុងចំណោមគម្រោងវិនិយោគសរុបខាងលើ, ក្នុងនោះគម្រោងវិនិយោគ ដែលមាន​ទីតាំង​ស្ថិត​នៅ​ក្រៅ​តំ​បន់សេដ្ឋកិច្ចពិសេស មានចំនួន ៤៣ គម្រោង និងគម្រោង​វិនិយោគ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​តំប​ន់​សេដ្ឋកិច្ចពិសេស មានចំនួន ២៤ គម្រោង។ ជារួមការ ចុះបញ្ជីគម្រោង​វិនិយោគ​មាន​ការ​កើន​ឡើងចំនួន ២៣ គម្រោង ខណៈទំហំទុនវិនិយោគមានការកើនឡើងប្រមាណ ៥៤៧ លាន ដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ១៣៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ចំណែកនៅក្នុងរយៈ៧ ខែ ឆ្នាំ២០២៥នេះវិញ, ការចុះបញ្ជីគម្រោងវិនិយោគមានចំនួន ៤៤០ គម្រោង កើនឡើងចំនួន ២០៦ គម្រោង ស្មើនឹងប្រមាណ ៨៨% ខណៈ​ទំហំ​ទុន​វិនិយោគ​មាន​ប្រមាណ ៦,៧ ពាន់លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ៣ ពាន់ លានដុល្លារអាម៉េរិក ស្មើ​នឹង​ប្រមាណ ៨៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ជាការកត់សម្គាល់ ត្រឹមតែរយៈពេល ៧ខែឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគកម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគ លើស​ការ​ចុះ​ប​​ញ្ជីគម្រោងវិនិយោគពេញមួយឆ្នាំ ២០២៤ រហូតដល់ទៅ ២៦ គម្រោង។សូមបញ្ជក់ថា នៅក្នុងរយៈពេល ៧ ខែនេះ ប្រភព​ទុន​វិនិយោគ​នៅ​កម្ពុជា​ដែល​ឈាន​មុខ​គេរួ​ម​មាន​៖ ប្រទេសចិន ជាង ៥៣%, ការវិនិយោគក្នុងស្រុក ជិត ៣០%, សឹង្ហបុរី ជាង ៧%, វៀតណាម ជិត ៦%, កោះ British Virgin ០.៩០%, អង់គ្លេស ០.៤៩%, កោះ Cayman ០,៤៤%, Bermuda ០.៣៨%, សហរដ្ឋអាមេរិក ០,៣២% និងកោះ Samoa ០,៣០% នៃ​ទុន​វិនិយោគ​សរុប​៕ អត្ថបទ៖ សុន រ៉ាឌី

វិស័យកសិកម្មមានកំណើន ១,២% គាំទ្រដោយកំណើនផលដំណាំ និងធនធានជលផល

2025/08/08 02:29:16 pm        401
ធនាគារជាតិនៃកម្ពុជា បានប៉ានស្មានថា វិស័យកសិកម្មនៅកម្ពុជា នៅក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ បានបន្តមានកំណើន កើនឡើងក្នុងរង្វង់ ១,២% ដោយបានគាំទ្រកំណើននៃអនុវិស័យផលដំណាំ និងធនធានជលផល។តាមរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅឆមាសទី២ ឆ្នាំ២០២៥ របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជានៅក្នុងឆមាសទី១នេះ បានកើន ៥.៩% បើទោះបីជាប្រឈមនឹងភាពមិនច្បាស់លាស់ពីកត្តាខាងក្រៅខ្លាំងក៏ដោយ ក៏ កំណើននេះត្រូវបានគាំទ្រដោយវិស័យមួយចំនួន ក្នុងនោះវិស័យកសិកម្ម, បានបន្តមានកំណើន ១,២% ដែលគាំទ្រដោយកំណើន ផលដំណាំ និងធនធានជលផល។ចំពោះផលដំណាំ, ក្នុងនោះផលស្រូវរដូវប្រាំងបានកើនជិត ១១% ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន ដល់ ៤,៣ លានតោន ដោយ សារភាពអំណោយផលនៃអាកាសធាតុ និងការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ។ ទន្ទឹមនេះ ការកើនឡើងនៃថ្លៃស្រូវនៅឆ្នាំ២០២៣-២០២៤ ក៏បានរួមចំណែកជំរុញការដាំដុះផងដែរ។ លើសពីនេះផ្ទៃដីដាំដុះស្រូវរដូវវស្សាក៏បានកើន ៤,៤% ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន។ ចំណែក ផលជ័រកៅស៊ូវិញ នៅក្នុងរយៈពេលនេះដែរ បានកើនឡើង ១,៣% ដល់ជាង ១៤២ ពាន់តោន ដោយសារការកំណើនតម្រូវការ ស្រប ពេលតម្លៃជ័រកៅស៊ូជាមធ្យមបន្តកើនឡើងខ្ពស់ជាង ៣០% ដល់ជិត ២ ពាន់ដុល្លារអាមេរិក ក្នុង១តោន ។ ចំណែកធនធានជលផល បានកើនជិត ១៦% ក្នុងនោះផលនេសាទទឹកសាប និងសមុទ្របានកើនជាង ២៣% ដែលជាចម្បងដោយសារការពង្រឹងវិធានការ ទប់ស្កាត់សកម្មភាពនេសាទខុសច្បាប់ ស្របពេលដែលផលវារីវប្បកម្ម កើន ៦% ផងដែរ។ឧកញ៉ាបណ្ឌិត ឈិន កេន អ្នកសម្របសម្រួលទីផ្សារនាំចេញកសិផលកម្ពុជា លើកឡើងថា ជុំវិញវិស័យកសិកម្មនេះឃើញថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ទាំងការដាំដុះ និងទីផ្សារនាំចេញ គិតមកដល់ពេលនេះ, ផលិតផលកម្ពុជាជាច្រើនកំពុងហៀរចេញ ទៅកាន់ទីផ្សារក្រៅប្រទេស ជាក់ស្តែងថ្មីៗនេះ គយចិនបានអនុញ្ញត្តិនាំចេញចូលផ្លែធុរេនរបស់កម្ពុជាបន្ថែមទៀត និងរំពឹងថា កសិផល របស់កម្ពុជាជាច្រើនទៀត នឹងត្រូវនាំចេញជាបន្តបន្ទាប់ គាំទ្រដល់កំណើនាំចេញ និងការរីកលូតលាស់វិស័យកសិកម្មក្នុងស្រុក។ជុំវិញវិស័យកសិកម្មនេះ, បើយោងតាមច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ ត្រូវបានរាជរដ្ឋាភិបាលព្យាករថា នៅក្នុងឆ្នាំ ២០២៥ វិស័យនេះនឹងមានកំណើនឡើង ១,១% ដោយសារការរំពឹងទុកនូវកំណើនល្អនៃអនុវិស័យដំណាំ និងចិញ្ចឹមសត្វ និងការងើប សន្សឹមៗនៃអនុវិស័យនេសាទ។ អនុវិស័យដំណាំ ត្រូវបានរំពឹងថា នៅរក្សាកំណើនល្អ ដោយសារការបន្តកើននៃការវិនិយោគទាំងក្នុង ស្រុកនិងពីបរទេស លើការកែច្នៃផលិតផលកសិកម្ម ការបង្កើនការវិនិយោគសាធារណៈ និងអន្តរាគមន៍របស់រាជរដ្ឋាភិបាល។ ទន្ទឹមនេះ អនុវិស័យចិញ្ចឹមសត្វត្រូវបានព្យាករថានឹងបន្តងើបសន្សឹមៗ ដោយសារវិធានអន្តរាគមន៍របស់រាជរដ្ឋាភិបាលលើការនាំចូលសាច់បង្កក កន្លងមក ដែលនឹងលើកទឹកចិត្តការចិញ្ចឹមក្នុងស្រុក ខណៈអនុវិស័យនេសាទ ត្រូវបានព្យាករថា នឹងមានកំណើនល្អ ក្រោមការរំពឹងទុក នូវកំណើនផលចាប់ទឹកសាប ដែលនឹងត្រូវបានបន្តស្តារឡើងវិញ ដោយសារការដាក់ចេញនូវគោលនយោបាយ បង្ក្រាបបទល្មើស នេសាទ និងការវិនិយោគក្នុងវារីវប្បកម្ម ក្រោមការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលនិងការគាំទ្រពីដៃគូអភិវឌ្ឍន៍ សំដៅដោះស្រាយ បញ្ហាប្រឈមជារចនាសម្ព័ន្ធ ផ្តល់ការគាំទ្រផ្នែកហិរញ្ញប្បទាន និងជំរុញការផ្សព្វផ្សាយបច្ចេកទេសនិងការប្រើប្រាស់ពូជត្រី ប្រកបដោយ ប្រសិទ្ធភាពខ្ពស់និងគុណភាព៕ អត្ថបទ៖ សុន រ៉ាឌី

ប្រតិបត្តិការការទូទាត់តាម QR Code នៅកម្ពុជា កំពុងពេញនិយមសម្រាប់អ្នកប្រើប្រាស់

2025/07/23 02:10:49 pm        359
ប្រតិបត្តិការទូទាត់តាមឃ្យូអរកូត (QR Code) នៅក្នុងបំណាច់ឆ្នាំ២០២៤ បានកើនឡើងជាង ២៥២ធៀបនឹងឆ្នាំ២០២៣ ក្នុងទំហំប្រាក់សរុបចំនួន ៥៥,៨ ប៊ីលានដុល្លារអាមេរិក ត្រូវវប្រមាណ ១២៤ភាគរយ នៃផលិតផលសរុបក្នុងស្រុក (ផ.ស.ស)។ធនាគារជាតិនៃកម្ពុជា បង្ហាញរបាយការណ៍ប្រព័ន្ធទូទាត់សងប្រាក់នៅកម្ពុជា ប្រចាំឆ្នាំ២០២៤ ក្នុង​នោះ​សេវាទូទាត់សងប្រាក់ នៅក្នុងប្រទេសកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយ​ទិន្ន​ន័យ​អតិថិជនចុះឈ្មោះបង្កើត គណនីកាបូបអេឡិចត្រូនិក (E-wallet) សរុបបាន​កើន​ឡើង​ដល់​ប្រមាណ ២០,៧ លានគណនី ពោលគឺកើនឡើងជាង ៥ ភាគរយ ធៀបនឹងឆ្នាំ២០២៣។ ជាមួយនឹងការកើនឡើងនៃការប្រើប្រាស់ស្មាតហ្វូន និងលទ្ធភាពប្រើប្រាស់អ៊ីនធឺណិត ការធ្វើ​ប្រតិបត្តិការ​តាមរយៈឌីជីថលដោយផ្ទាល់ ពេញនិយមជាងប្រតិបត្តិការតាមបញ្ហារភ្នាក់ងារ ដែល​ជា​ហេតុនាំឱ្យមានការថយចុះនៃចំនួនភ្នាក់ងារ។​ក្នុងឆ្នាំ២០២៤នេះ ការចេញផ្សាយរូបិយវត្ថុអេឡិចត្រូនិក មានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយ​សមតុល្យរូបិយវត្ថុ អេឡិចត្រូនិកសរុប ដែលបានចេញផ្សាយមានចំនួនជាង ៥៧៥ លាន​ដុល្លារ​អាមេរិក​។ ចំណែកឯសមតុល្យដែលបានរក្សាទុកក្នុង គណនីអាណត្តិព្យាបាល កើនឡើង​ជាង​ ៥៨១លានដុល្លារ កើនពី ៤៤៣ លានដុល្លារ កាលពីឆ្នាំ២០២៣។ ការកើនឡើងនេះ បាន​បង្ហាញ​ពី​ទំនុកចិត្តរបស់អ្នកប្រើប្រាស់លើសេវាទូទាត់សងប្រាក់តាមបែបឌីជីថល និងក្រប​ខណ្ឌ​បទ​ប្បញ្ញត្តិ​ដែលគាំទ្រ។គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចំនួន ៥០ គ្រឹះស្ថាន ផ្តល់សេវាធនាគារអ៊ីនធឺណិត និង​សេវា​ធនា​គារ​ចល័ត ហើយអ្នកចុះ ឈ្មោះប្រើប្រាស់ អាចធ្វើប្រតិបត្តិការសេវាធនាគារផ្សេងៗ ក្នុង​នោះ​ចំនួន​ប្រតិបត្តិការ​តាមរយៈសេវាធនាគារអ៊ីនធឺណិតក្នុងឆ្នាំ២០២៤ មានការកើនឡើង ១២៦ ភាគរយ ពី ៤,៧ ទៅ ១០,៧ លានប្រតិបត្តិការ និងទំហំប្រាក់មានការកើនឡើងប្រមាណ ៥៥,៦% ពី ១៨,២​ទៅ ២៨,៣ ប៊ីលានដុល្លារអាមេរិក ប្រមាណ ៦២% នៃផ.ស.ស។ ចំណែកការទូទាត់ប្រាក់តាមប័ណ្ណទូទាត់ កាន់តែមានភាពទូលំទូលាយ ដោយ​គ្រឹះ​ស្ថាន​ធនាគារ និង​ហិរញ្ញ​វត្ថុចំនួន ៤០ គ្រឹះស្ថាន បានចេញផ្សាយប័ណ្ណទូទាត់ចំនួនប្រមាណ ១២,៧ លាន​ប័ណ្ណ​។​ ក្នុងឆ្នាំ២០២៤ ប្រតិបត្តិការទូទាត់តាមប័ណ្ណទូទាត់ជារូបវ័ន្ត ក្នុងស្រុកសរុប មាន​ការ​ថយ​ចុះ​ប្រមាណ​ ២,២% ពីជាង ១៥០ មកត្រឹម ១៤៧ លានប្រតិបត្តិការ ក្នុងទំហំប្រាក់ជិត ២៧ ប៊ីលាន ដុល្លារ​អាមេរិក ។ ដោយឡែកចំនួនប្រតិបត្តិការប័ណ្ណទូទាត់ជារូបវ័ន្តនៅក្រៅប្រទេស មាន​ការ​កើន​ឡើង​ប្រមាណ ៩,៥% ពី ២,៨ ទៅ ៣,១ លានប្រតិបត្តិការ និងក្នុងទំហំប្រាក់ ១,១ ប៊ីលាន​ដុល្លារ​អាមេរិក​។ ចំណែកឯប្រតិបត្តិការប័ណ្ណទូទាត់តាមអនឡាញសរុបមាន ការកើនឡើងប្រមាណ ២២,៣​% និងមានទំហំប្រាក់មានការកើនឡើងប្រមាណ ៤៣,៥% ពី ១ ទៅ ១,៥ ប៊ីលាន​ដុល្លារ​អាមេរិក។ គិតត្រឹមឆ្នាំ២០២៤ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចំនួន ៤០ គ្រឹះស្ថាន បានដំឡើង​ម៉ាស៊ីន ATM ចំនួន ៥,៧ ពាន់គ្រឿង និង ៣០ គ្រឹះស្ថានបានតម្លើងម៉ាស៊ីន POS ចំនួន ៥៣,៦ ពាន់​គ្រឿង នៅទូទាំងប្រទេសកម្ពុជា ដែលជួយសម្រួលដល់លទ្ធភាពទទួលបាន សាច់​ប្រាក់​កាន់​តែ​ងាយ​ស្រួល និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធទូទាត់ទាំងមូល។ ប្រតិបត្តិការទូទាត់តាមឃ្យូអរកូត នៅ​តែ​ទទួលបានការ ពេញនិយម និងទាក់ទាញ ដែលជាមធ្យោបាយទូទាត់ប្រាក់ងាយស្រួល និង​សុវត្ថិភាព។ ចំនួនប្រតិបត្តិការទូទាត់តាមឃ្យូអរកូត បាន កើនឡើង ២៥២,៦% ធៀប​នឹង​ឆ្នាំ​២០២៣ ក្នុងទំហំប្រាក់សរុបចំនួន ៥៥,៨ ប៊ីលានដុល្លារអាមេរិកប្រមាណ ១២៤% នៃផ.ស.ស៕ អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមការងារអន្តោប្រវេសន៍ក្រុមប្រតិបត្តិការទី៤នឹងបន្តសហការជាមួយក្រុមប្រតិបត្តិការខេត្តចុះអនុវត្តការត្រួតពិនិត្យវត្តមានស្នាក់នៅជនបរទេសនៅមូលដ្ឋាន
10/30/2025 09:10 PM
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំកំពូលបៃតងនិងចីរភាពសកល ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការអភិវឌ្ឍបៃតង និងឱកាស»
10/30/2025 09:10 PM
ក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-អាស៊ែបៃហ្សង់ ប្តេជ្ញាពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរទ្វេរដង
10/30/2025 09:10 PM
នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ រកឃើញម្ចាស់ជ័យលាភី៣រូប ក្នុងពិព័រណ៍រូបថត ស្តីពី «រួមគ្នាលើកតម្កើង មរតកវប្បធម៌អរូបី»
10/30/2025 08:10 PM
ចិនបញ្ជាក់ថា ខ្លួននឹងធ្វើការជាមួយអាមេរិក ដើម្បីដោះស្រាយបញ្ហា ទាក់ទងនឹង TikTok
10/30/2025 08:10 PM
ជនប៉ាឡេស្ទីននៅទីក្រុង Khan Younis ព្រួយបារម្ភខ្លាំងពីការវាយប្រហារថ្មីរបស់អ៊ីស្រាអែល
10/30/2025 08:10 PM
បូជនីយស្ថាននៃអរិយធម៌បុរាណមេសូប៉ូតាមីនៅអ៊ីរ៉ាក់ប្រឈមនឹងការសឹករិចរិលដោយសារបម្រែបម្រួលអាកាសធាតុ
10/30/2025 08:10 PM
លោកប្រធានាធិបតី Sharaa ៖ ស៊ីរីទាក់ទាញការវិនិយោគបរទេស ២៨ពាន់លានដុល្លារក្នុងឆ្នាំនេះ
10/30/2025 08:10 PM
អធិការបតីអាល្លឺម៉ង់ និងប្រធានាធិបតីទួរគី ចូលរួមជំនួបទ្វេភាគីនៅទីក្រុងអង់ការ៉ា
10/30/2025 08:10 PM
គណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍កម្ពុជា ធ្វើទស្សនកិច្ចសិក្សា នៅសារមន្ទីរដ៏ធំ នៅទីក្រុងស៊ូចូវ
10/30/2025 08:10 PM