អាវុធហត្ថរាជធានីឃាត់ខ្លួនក្មេងទំនើង ០៥នាក់ ពាក់ព័ន្ធករណីហិង្សា កាប់ វាយ និងគប់ ប្លន់ម៉ូតូ
បង្ក្រាបករណីចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ ជំរិតទារប្រាក់១០ម៉ឺនដុល្លារ ឃាត់ខ្លួនជនសង្ស័យ០៤នាក់
ស្លាប់១៨នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍៦ថ្ងៃ,ពីថ្ងៃទី២០ដល់២៥សីហានេះ
ឃាត់ខ្លួនជនបរទេសចំនួន៥នាក់ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង

សន្តិសុខ និង សង្គម

មនុស្សយ៉ាងហោចណាស់៤នាក់ស្លាប់ ក្នុងអគ្គិភ័យឆេះអគារលំនៅឋាននៅប្រទេសអេស្បាញ

2024/02/23 03:15:29 pm        79
ក្រុមអ្នកពន្លត់អគ្គីភ័យ បានតស៊ូទប់ស្កាត់អណ្តាតភ្លើង ដែលបានឆេះហ៊ុមព័ទ្ធអាគារលំនៅឋានទាំងមូលនៅក្នុងទីក្រុង Valencia របស់អេស្ប៉ាញ ដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក រាយការណ៍ថា មនុស្សជាច្រើននៅតែជាប់នៅខាងក្នុងអគារ។អគ្គិភ័យ បានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ នៅជាន់ទី៤ នៃអគារមួយកន្លែង នៅខាងជើងទីក្រុង ហើយភ្លាមៗនោះ បានរាលដាលដល់អគារផ្សេងទៀត។ រហូតមកដល់ពេលនេះ យ៉ាងហោចណាស់មនុស្ស៤នាក់ បានស្លាប់ នេះបើយោងតាមអង្គភាពសេវាសង្គ្រោះបន្ទាន់។នៅខាងមុខនៃអគារទាំងមូល ត្រូវបានឆាបឆេះ ខណៈផ្នែកដែលឆេះបានបាក់ធ្លាក់ មកលើចិញ្ចើមផ្លូវខាងក្រោម ហើយការផ្ទុះ ត្រូវបានគេឮនៅខាងក្នុងអគារ។ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ប្រជាជន បានអំពាវនាវសុំជំនួយចេញពីយ៉រនៃលំនៅឋានរបស់ពួកគេ។

នាវាមួយគ្រឿង បើកការបាញ់ប្រហារនៅជិតជំរំទីក្រុង Rafah នៅតំបន់ហ្កាហ្សា

2024/02/23 03:12:11 pm        82
នាវាមួយគ្រឿង បានបើកការបាញ់រះ នៅឆ្នេរសមុទ្រក្បែរជំរំសម្រាប់ជនភៀសខ្លួននៅទីក្រុង Rafah តំបន់ហ្កា កាលពីថ្ងៃព្រហស្បតិ៍ ដោយបានបាញ់ជាច្រើនគ្រាប់ក្នុងទិសដៅទៅលើអ្វីដែលមើលទៅដូចជាទូកតូចមួយគ្រឿង។វីដេអូ បង្ហាញពីទូកតូចមួយគ្រឿង កំពុងខិតទៅជិតឆ្នេរសមុទ្រ ហើយនាវាដែលបានបាញ់រះនោះ បានបើកចេញ បន្ទាប់ពីការបាញ់ប្រហាររបស់ខ្លួន។អ៊ីស្រាអែល បានគំរាមបើកការវាយប្រហារពេញលេញលើក្រុង Rafah ជាទីក្រុងចុងក្រោយនៅជាយភាគខាងត្បូងតំបន់ហ្កាហ្សា ទោះបីជាមានការស្នើសុំពីអន្តរជាតិ រួមទាំងពីសម្ព័ន្ធមិត្តសំខាន់របស់ខ្លួននៅក្នុងក្រុងវ៉ាស៊ីនតោនក៏ដោយ។ពលរដ្ឋដែលបានភៀសខ្លួនទៅទីក្រុង Rafah ពីកន្លែងផ្សេងៗនិយាយថា គ្មានកន្លែងណាដែលត្រូវទៅនោះទេ។ ទន្ទឹមនឹងនោះ លំហូរជំនួយតិចតួច ស្ទើរតែអស់ទាំងស្រុង។ប្រទេសអ៊ីស្រាអែល បានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួននៅតំបន់ហ្កាហ្សា បន្ទាប់ពីក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្កាហ្សា បានសម្រុកចូលក្រុងចាច្រើនរបស់អ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ដោយបានសម្លាប់មនុស្ស ១.២០០នាក់ និងចាប់ចំណាប់ថ្នូរ ២៥៣នាក់។ ចាប់តាំងពីពេលនោះមក មនុស្សជិត ៣០.០០០នាក់ត្រូវបានបញ្ជាក់ថាបានស្លាប់នៅក្នុងតំបន់ហ្កាហ្សា ដោយមនុស្សរាប់ពាន់នាក់ទៀត គេបរាម្ភថាបានស្លាប់ រកមិនទាន់ឃើញនៅក្រោមគំនរបាក់បែក។

ទីភ្នាក់ងារអឺរ៉ុបសម្រាប់កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ បំផ្លាញបណ្តាញរត់ពន្ធជនអន្តោប្រវេសន៍នៅអឺរ៉ុប

2024/02/23 02:50:37 pm        84
នគរបាលប្រទេសបារាំង និងបែលហ្សិក បាននិយាយថា ទីភ្នាក់ងារសហភាពអឺរ៉ុបសម្រាប់កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ (Europol) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា បណ្តាញរត់ពន្ធជនអន្តោប្រវេសន៍ធំបំផុតមួយឆ្លងកាត់ព្រែកជីកអង់គ្លេស ត្រូវបានបំផ្លាញនឹងបានចាប់ខ្លួនមនុស្ស ១៩នាក់នៅក្នុងប្រទេសអាល្លឺម៉ង់ រួមទាំងអ្នកដឹកនាំ និងអ្នករៀបចំ ចំនួន ៤ នាក់ ។ ជនសង្ស័យក្នុងការស៊ើបអង្កេត ដែលបានចាប់ផ្តើមនៅចុងឆ្នាំ ២០២២ បានរៀបចំការទិញ ស្តុកទុក និងដឹកជញ្ជូនទូកកៅស៊ូ ដែលភាគច្រើនមានប្រភពមកពីប្រទេសចិន ដែលពួកគេធ្លាប់រត់ពន្ធជនអន្តោប្រវេសន៍ ពីឆ្នេរសមុទ្រ នៅក្បែរទីក្រុង Calais របស់ប្រទេសបារាំង ឆ្ពោះទៅកាន់ចក្រភពអង់គ្លេស។ទីភ្នាក់ងារសហភាពអឺរ៉ុបសម្រាប់កិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ (Europol) បាននិយាយថា ជាមធ្យម ក្រុមជនអន្ធពាល ដាក់ជនអន្តោប្រវេសន៍ចំនួន៥០ នាក់ នៅក្នុងទូកដែលអាចផ្ទុកអ្នកដំណើរអតិបរមា ត្រឹមតែ ១០ នាក់ ដោយទារប្រាក់ចន្លោះពី ១.០០០ទៅ៣.០០០ អឺរ៉ូ ឬ ១.០៨១ ទៅ ៣.២៤២ ដុល្លារ សម្រាប់ជនអន្តោប្រវេសន៍ម្នាក់។ការិយាល័យរដ្ឋអាជ្ញាសហព័ន្ធប្រទេសបែលហ្ស៊ិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា មន្ត្រីនគរបាលអាល្លឺម៉ង់ប្រហែល ៩០០នាក់ បានចូលរួមក្នុងប្រតិបត្តិការនេះ។កាលពីដើមខែនេះ ទីភ្នាក់ងារព្រំដែន Frontex របស់សហភាពអឺរ៉ុប បាននិយាយថា ការធ្វើអន្តោប្រវេសន៍មិនទៀងទាត់ ទៅកាន់ប្លុកនេះមកពីអាហ្វ្រិកខាងលិច បានកើនឡើងច្រើនជាង ១០ ដង កាលពីឆ្នាំមុន នៅក្នុងខែមករា។

អង្គការសុខភាពពិភពលោក មានផែនការជម្លៀសអ្នកជំងឺបន្ថែមទៀត ពីមន្ទីរពេទ្យតំបន់ហ្កាហ្សា

2024/02/23 02:37:11 pm        54
យោងតាមមន្ត្រីអង្គការសុខភាពពិភពលោក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទីភ្នាក់ងារផ្តល់ជំនួយ សង្ឃឹមថានឹងជម្លៀសអ្នកជំងឺប្រមាណ១៤០នាក់ ដែលជាប់គាំងនៅក្នុងមន្ទីរពេទ្យ Nasser តំបន់ហ្កាហ្សា ខណៈអាជ្ញាធរប៉ាឡេស្ទីន បានរាយការណ៍ថាទាហានអ៊ីស្រាអែល បានដកថយ ប៉ុន្តែនៅតែហ៊ុមព័ទ្ធបរិវេណនោះ។ ក្រសួងសុខាភិបាលតំបន់ហ្កាហ្សា បាននិយាយថា ក្រុមគ្រូពេទ្យបានបញ្ចុះសាកសពអ្នកជំងឺ ១៣ នាក់នៅបរិវេណមន្ទីរពេទ្យ ដែលបានស្លាប់ដោយសារអគារនោះគ្មានថាមពល ឬអុកហ្សីសែន។ អង្គារសុខភាពពិភពលោក និយាយថា មន្ទីរពេទ្យនៅទីក្រុង Khan Younis ជាមន្ទីរពេទ្យធំទីពីរនៅតំបន់ហ្កាហ្សា និងមានសារៈសំខាន់ចំពោះសេវាសុខភាពដែលមិនដំណើរការនៅដែនដីនោះចាប់តាំងពីសប្តាហ៍មុន បន្ទាប់ពីការហ៊ុមព័ទ្ធរបស់អ៊ីស្រាអែល ក្រោយពីមានការវាយឆ្មក់។ មន្ត្រីទីភ្នាក់ងារអង្គការសហប្រជាជាតិ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា អង្គការសុខភាពពិភពលោក និងដៃគូ រហូតមកដល់ពេលនេះបានធ្វើការជម្លៀសអ្នកជំងឺចំនួនបីលើក ចេញពីមន្ទីរពេទ្យ ដែលការជម្លៀសចុងក្រោយធ្វើឡើងកាលពីថ្ងៃពុធ ដោយបានផ្ទេរអ្នកជំងឺសរុបចំនួន ៥១នាក់ទៅកាន់ភាគខាងត្បូងតំបន់ហ្កាហ្សា។ មន្ត្រីអង្គការសុខភាពពិភពលោកនិយាយថា អង្គការសុខភាពពិភពលោក នឹងបន្តព្យាយាមជម្លៀសអ្នកជំងឺឈឺធ្ងន់ និងរបួសធ្ងន់ចេញពីមន្ទីរពេទ្យ Nasser ទៅកាន់មន្ទីរពេទ្យផ្សេងទៀតនៅភាគខាងត្បូង រួមទាំងមន្ទីរចល័តដែលត្រូវបានបង្កើតឡើងនៅទីក្រុងរ៉ាហ្វា។ ទោះជាយ៉ាងណា វាជាបេសកកម្មដ៏លំបាក និងមានហានិភ័យខ្ពស់។ ក្រសួងសុខាភិបាលតំបន់ហ្កាហ្សាបាននិយាយថា កងកម្លាំងអ៊ីស្រាអែល បានដាក់ទីតាំងនៅជុំវិញបរិវេណមន្ទីរពេទ្យ ដោយរារាំងការសកម្មភាពចូលនិងចេញពីមន្ទីពេទ្យ។ ក្រសួងសុខាភិបាលតំបន់ហ្កាហ្សា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា អ្នកជំងឺ ១១០ នាក់កំពុងរង់ចាំឲ្យគេជម្លៀសចេញ។ ក្រសួងនិយាយថាអ្នកជំងឺ ៨ នាក់នៅមន្ទីពេទ្យ Nasser បានស្លាប់ដោយសារតែខ្វះថាមពល និងអុកហ្សីសែន កាលពីបួនថ្ងៃមុន ហើយសាកសពរបស់ពួកគេបានចាប់ផ្តើមរលួយ ដែលបង្កហានិភ័យដល់អ្នកជំងឺផ្សេងទៀត។

ការវាយប្រហាររបស់អ៊ីស្រាអែល សម្លាប់មនុស្ស៤០នាក់ និងជាង១០០នាក់រងរបួសក្នុងតំបន់ហ្កាហ្សា

2024/02/23 02:29:57 pm        152
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សា បាននិយាយនៅក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ជនជាតិប៉ាឡេស្ទីន យ៉ាងហោចណាស់៤០នាក់ បានស្លាប់ និងជាង១០០នាក់ផ្សេងទៀតបានរងរបួសក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាស្ទ្រីប។ ប្រភពពីកងកម្លាំងសន្តិសុខប៉ាឡេស្ទីន បានប្រាប់សារព័ត៌មាន ស៊ីនហួ ថា យន្តហោះអ៊ីស្រាអែលបានវាយឆ្មក់ជាច្រើនលើកលើលំនៅឋានប្រជាពលរដ្ឋក្នុងទីក្រុង ឌៀរ អេល បាឡា (Deir el-Balah) ដែលបានបំផ្លិចបំផ្លាញទាំងស្រុង។ ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស បានបញ្ជាក់ថាសាកសពជនរងគ្រោះមួយចំនួន ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យអាល់ អាកសា (al-Aqsa )។ រថយន្តគិលានសង្គ្រោះ និងក្រុមការពារជនស៊ីវិល បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុដើម្បីជួយជីវិតមនុស្ស បន្ទាប់ពីការវាយឆ្មក់របស់អ៊ីស្រាអែល កម្ទេចភូមិឋាននោះយ៉ាងធ្ងន់ធ្ងរ ។ ប្រភពពីក្រុមវេជ្ជសាស្ត្រ បាននិយាយថា មន្ទីរពេទ្យអាល់ អាកសា បច្ចុប្បន្ន ផ្ទុកណែនដោយអ្នករបួស អ្នកជំងឺ និងជនភៀសខ្លួនរាប់ពាន់នាក់៕

កំទេចកំទីពីមីស៊ីលកូរ៉េខាងជើង ដែលរុស្ស៊ី ប្រើនៅអ៊ុយក្រែន អាចលាតត្រដាងបណ្តាញលទ្ធកម្ម

2024/02/23 01:15:47 pm        136
ក្រុមអ្នកជំនាញបាននិយាយថា ការលាតត្រដាងនៃមីស៊ីលកូរ៉េខាងជើងមួយគ្រាប់ដែលបាញ់ដោយរុស្ស៊ី នៅអ៊ុយក្រែន មានសមាសធាតុមួយចំនួនធំ ដែលភ្ជាប់ទៅនឹងក្រុមហ៊ុនមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានគូសបញ្ជាក់អំពីការលំបាកក្នុងការអនុវត្តទណ្ឌកម្មប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ប៉ុន្តែការបើកបង្ហាញនេះអាចជួយស្វែងរកបណ្តាញលទ្ធកម្ម (ភាពជាកម្មសិទ្ធដោយការទិញ ឬលក់) ខុសច្បាប់របស់កូរ៉េខាងជើង។នៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយនៅសប្តាហ៍នេះ ស្ថាប័នស្រាវជ្រាវអារុធជម្លោះ (CAR) ដែលជាអង្គការមានមូលដ្ឋាននៅចក្រភពអង់គ្លេស និងតាមដានប្រភពដើមនៃអាវុធដែលប្រើក្នុងជម្លោះបាននិយាយថា ខ្លួនបានពិនិត្យមើលសមាសធាតុអេឡិចត្រូនិច រួមទាំងប្រព័ន្ធរុករករបស់មីស៊ីលនេះ ហើយបានរកឃើញថា សមាសធាតុជាច្រើនត្រូវបានផលិតថ្មីៗនេះ និងដាក់ស្លាកសញ្ញារបស់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។អង្គការនេះបាននិយាយថា ចំនួន ៧៥% នៃសមាសធាតុទាំងនោះត្រូវបាន «ភ្ជាប់ជាមួយក្រុមហ៊ុនដែលដាក់បញ្ចូលអាជីវកម្មក្នុងសហរដ្ឋអាមេរិក» ហើយចំនួន ១៦% ជារបស់ក្រុមហ៊ុននៅអឺរ៉ុប និង ១១% របស់ក្រុមហ៊ុននៅអាស៊ី។ក្រុមអ្នកជំនាញការដាក់ទណ្ឌកម្មបាននិយាយថា ការរកឃើញនេះមិនគួរឱ្យភ្ញាក់ផ្អើលទេ ទោះបីជាអស់រយៈពេលជាច្រើនឆ្នាំដែលសហរដ្ឋអាមេរិក បានដឹកនាំកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដើម្បីរឹតបន្តឹងសមត្ថភាពរបស់កូរ៉េខាងជើង ក្នុងការទទួលបានគ្រឿងបន្លាស់ និងមូលនិធិសម្រាប់កម្មវិធីមីស៊ីលបាលិស្ទិក និងនុយក្លេអ៊ែររបស់ខ្លួនក៏ដោយ៕

អូស្ត្រាលី ចេញការព្រមានជាថ្មីឲ្យជម្លៀសពលរដ្ឋ ខណៈចំហេះព្រៃគំរាមកំហែងទីក្រុងតូចៗ កាន់តែច្រើន

2024/02/23 01:08:50 pm        99
អូស្ត្រាលីបានចេញការព្រមានជាថ្មី នៅថ្ងៃសុក្រទី២៣សប្ដាហ៍នេះ ចំពោះទីក្រុងតូចៗរាប់សិបកន្លែងនៅជាយប្រទេស ខណៈក្រុមអ្នកពន្លត់អគ្គិភ័យប្រហែល១ពាន់នាក់ បានប្រឹងប្រែងពន្លត់អណ្ដាតភ្លើងនៅក្នុងរដ្ឋវីកតូរីយ៉ា (Victoria) ដែលត្រូវបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ សម្លាប់បសុសត្វ និងកំពុងគំរាមកំហែងរាលដាលចូលដល់ទីក្រុងតូចៗកាន់តែច្រើន ។កាលពីថ្ងៃព្រហស្បតិ៍ ទី២២កុម្ភៈ មនុស្សជាង២ពាន់នាក់ បានចាកចេញពីទីក្រុងនានាក្នុងភាគខាងលិចរដ្ឋវីកតូរីយ៉ា បន្ទាប់ពីមានបញ្ជាឲ្យប្រជាពលរដ្ឋជម្លៀសចេញជាបន្ទាន់ ខណៈតំបន់ទាំងនោះនៅតែមានសុវត្ថិភាពនៅឡើយ ហើយបានធ្វើដំណើរទៅកាន់ភាគខាងកើតទីប្រជុំបាឡារ៉ាត( Ballarat ស្ថិតនៅចម្ងាយ៩៥គីឡូម៉ែត្រពីភាគខាងលិចក្រុងមេលប៊ន( Melbourne)។ ដោយទទួលបានជំនួយពីយន្តហោះជាង៥០គ្រឿងបន្ថែមទៀត ក្រុមអ្នកពន្លត់អគ្គិភ័យ បានព្យាយាមពន្លត់អណ្ដាតភ្លើងដែលកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅនៅថ្ងៃសុក្រនេះ។ មានក្ដីរំពឹងថា ការបោកបក់កម្លាំងខ្យល់ខ្លាំងហួសពីការរំពឹងទុក នឹងជំរុញឲ្យអណ្ដាតភ្លើងរាលដាលកាន់តែលឿន និងជិតទីក្រុងតូចៗនានា ខណៈដែលក្រុមអ្នកសង្រ្គោះបន្ទាន់ បានជំរុញឲ្យស្នាក់នៅក្នុងផ្ទះ ប្រសិនបើ មិនអាចចាកចេញបាន។ ផ្ទៃដីដ៏ធំនៃរដ្ឋនេះ ត្រូវបានដាក់ក្នុងគ្រាអាសន្ន ដោយសារចំហេះព្រៃ ហើយមន្ទីរឧតុនិយមកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះដែរ បានចេញការព្រមានដ៏គ្រោះថ្នាក់សម្រាប់សង្កាត់មួយចំនួនដោយសារតែអាកាសធាតុក្ដៅ ខ្យល់ស្ងួត និងអាចមានផ្គររន្ទះ៕

ម្តាយរបស់លោក Navalny ចោទអ្នកស៊ើបអង្កេតរុស្ស៊ី ថាព្យាយាមបញ្ចុះសពកូនប្រុសខ្លួនដោយសម្ងាត់

2024/02/23 01:04:45 pm        120
ម្តាយរបស់អតីតមេដឹកនាំបក្សប្រឆាំងដ៏សំខាន់របស់រុស្ស៊ី លោក អាឡិចស៊ី ណាវ៉ាលនី (Alexei Navalny) បានចោទប្រកាន់ក្រុមអ្នកស៊ើបអង្កេតរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ (២២ កុម្ភៈ) ថាមានគម្រោងបញ្ចុះសពកូនប្រុសរបស់ខ្លួនដោយសម្ងាត់ដោយគ្មានពិធីបុណ្យសព បន្ទាប់ពីតស៊ូអស់ជាច្រើនថ្ងៃមកទល់ពេលនេះដោយឥតប្រយោជន៍ ក្នុងការបញ្ចុះបញ្ចូលពួកគេឱ្យប្រគល់សាកសពរបស់លោក ណាវ៉ាលនី។លោកស្រី ល្យូដមីឡា ណាវ៉ាលណាយ៉ា (Lyudmila Navalnaya) បានធ្វើការចោទប្រកាន់នេះនៅក្នុងវីដេអូបណ្ដាញសង្គមយូធូបមួយ ដែលបានផ្សព្វផ្សាយរយៈពេលប្រាំមួយថ្ងៃបន្ទាប់ពីអ្នកនយោបាយប្រឆាំងដ៏ល្បីរបស់រុស្ស៊ីនេះបានស្លាប់ភ្លាមៗនៅក្នុងពន្ធនាគារអាណានិគមព្រហ្មទណ្ឌអាកទិក ជាទីដែលលោកត្រូវបានកាត់ទោសយ៉ាងយូរ។លោកស្រី ណាវ៉ាលណាយ៉ា បាននិយាយថា «ពួកគេចង់ឱ្យការបញ្ចុះសពនេះ ត្រូវបានធ្វើឡើងដោយសម្ងាត់ដោយគ្មានពាក្យលាចុងក្រោយ ហើយយើងមិនយល់ស្របនឹងរឿងនេះឡើយ»។ ក្រុមអ្នកស៊ើបអង្កេតរុស្ស៊ី មិនបានឆ្លើយតបភ្លាមៗជុំវិញការលើកឡើងនេះទេ។ក្រុមជំនួយការ និងក្រុមគ្រួសាររបស់លោក ណាវ៉ាលនី បានចោទលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ថាបានសម្លាប់អ្នកនយោបាយប្រឆាំងរូបនេះ ដែលនេះជាការចោទប្រកាន់ដែលវិមានក្រឹមឡាំង បានច្រានចោលយ៉ាងខឹងសម្បារ។ អតីតមេដឹកនាំប្រឆាំងដែលបានទទួលមរណភាពលោក ណាវ៉ាលនី វ័យ ៤៧ ឆ្នាំ ត្រូវជាប់ពន្ធនាគារសរុបច្រើនជាង ៣០ ឆ្នាំលើការចោទប្រកាន់រួមទាំងការក្លែងបន្លំ និងសកម្មភាពជ្រុលនិយម ដែលលោកនិយាយថាត្រូវបានបង្កើតឡើងដើម្បីបំបិទមាត់លោក៕

ប្រមុខ MSF រិះគន់អាមេរិកនៅ UN ដោយនិយាយថា កុមារហ្កាហ្សា រងគ្រោះទាំងផ្លូវកាយ និងផ្លូវចិត្ត

2024/02/23 12:56:07 pm        153
ប្រធានអង្គការ វេជ្ជបណ្ឌិតគ្មានព្រំដែន (MSF) បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ (២២ កុម្ភៈ) ថាក្រុមវេជ្ជសាស្រ្តនៅតំបន់ហ្កាហ្សាស្ទ្រីប បានបង្កើតអក្សរកាត់ថ្មីមួយគឺ WCNSF ដែលមានន័យថា «កុមាររងរបួស និងគ្មានគ្រួសារនៅរស់រានមានជីវិតទេ»។អគ្គលេខាធិការអន្តរជាតិរបស់អង្គការ MSF លោក គ្រីសស្តូហ្វឺ ឡុកយៀ (Christopher Lockyear) បានប្រាប់ក្រុមប្រឹក្សាដែលមានសមាជិក ១៥ រដ្ឋនេះថា «កុមារដែលរួចរស់ជីវិតពីសង្រ្គាមនេះ នឹងមិនត្រឹមតែទទួលនូវរបួសផ្លូវចិត្តដែលអាចមើលឃើញប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏រងរបួសផ្លូវកាយយ៉ាងធ្ងន់ធ្ងរផងដែរ»។លោក ឡុកយៀ បានថ្កោលទោសសហរដ្ឋអាមេរិក ដោយនិយាយថាលោកមិននឹកស្មាននោះទេថាអាមេរិកបានប្រើអំណាចវ៉េតូម្តងហើយម្តងទៀតដើម្បីរារាំងក្រុមប្រឹក្សាពីការទាមទារបទឈប់បាញ់មនុស្សធម៌ភ្លាមៗនៅក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស នៅតំបន់ហ្កាហ្សា។ប្រធានអង្គការ MSF រូបនេះបន្ថែមថា «ការរត់ភៀសខ្លួនម្តងហើយម្តងទៀត ការភ័យខ្លាចឥតឈប់ឈរ និងការមើលឃើញសមាជិកគ្រួសារបានបាត់បង់ជីវិតនៅចំពោះមុខពួកគេ បង្កជារបួសផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ហើយបញ្ហាទាំងនេះបានធ្វើឱ្យកុមារអាយុត្រឹមតែ ៥ ឆ្នាំ អាចប្រាប់យើងបានថាពួកគេចង់ស្លាប់វិញប្រសើរជាង»៕

អ៊ីស្រាអែល បង្ខំឲ្យរំលាយទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីនរបស់UN ខណៈវិបត្តិមនុស្សធម៌កាន់តែធ្ងន់ធ្ងរ

2024/02/23 12:07:15 pm        75
ទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួន និងការងារប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិបានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានឈានដល់ចំណុចរបត់មួយ ខណៈទីភ្នាក់ងារនេះ កំពុងតស៊ូទប់ទល់នឹងសង្គ្រាមនៅក្នុងតំបន់ហ្កាហ្សា។ ប្រធានទីភ្នាក់ងារនេះ លោក ហ្វីលីប ឡាហ្សារីនី (Philippe Lazzarini) បាននិយាយថា ពិតជាសោកស្តាយខ្លាំងបំផុតដែលឥឡូវនេះលោកត្រូវតែជូនដំណឹងដល់អ្នកថាទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួន និងការងារប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ (UNRWA) បានឈានដល់ចំណុចរបត់ ខណៈក្រុមម្ចាស់ជំនួយបង្កកមូលនិធិ អ៊ីស្រាអែលដាក់សម្ពាធឱ្យរំលាយទីភ្នាក់ងារនេះចោល និងតម្រូវការមនុស្សធម៌កើនឡើង។ លោកបានថ្លែងក្នុងលិខិតមួយទៅសភាថា សមត្ថភាពរបស់ទីភ្នាក់ងារក្នុងការបំពេញអាណត្តិដែលបានផ្តល់ឲ្យតាមរយៈដំណោះស្រាយមហាសន្និបាតលេខ ៣០២ ឥឡូវត្រូវបានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ។ នោះគឺជាសេចក្ដីសម្រេចដែលទីភ្នាក់ងារនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៤៩ បន្ទាប់ពីការបង្កើតអ៊ីស្រាអែល។ UNRWA បានផ្តល់ការងារដល់មនុស្សប្រមាណ៣ម៉ឺននាក់ ដែលកំពុងធ្វើការនៅក្នុងដែនដីហ្កាហ្សាកាន់កាប់ដោយអ៊ីស្រាអែល នៅក្នុងប្រទេសលីបង់ ហ្ស៊កដានី និងស៊ីរី។ ប្រទេសជាច្រើន រួមទាំងសហរដ្ឋអាមេរិក អង់គ្លេស អាល្លឺម៉ង់ និងជប៉ុន បានផ្អាកការផ្តល់មូលនិធិដល់ អង្គការ UNRWA ឆ្លើយតបទៅនឹងការចោទប្រកាន់របស់អ៊ីស្រាអែលថា បុគ្គលិករបស់ខ្លួនមួយចំនួនបានចូលរួមក្នុងការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា លើអ៊ីស្រាអែល។ នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយកាលពីចុងសប្តាហ៍ លោកហ្សារីនី បាននិយាយថា ថវិកាចំនួន៤៣៨លានដុល្លារត្រូវបានជាប់គាំង ស្មើនឹងជាងពាក់កណ្តាលនៃមូលនិធិដែលរំពឹងទុកសម្រាប់ឆ្នាំ២០២៤។ លោកបាននិយាយថា អ៊ីស្រាអែលកំពុងខិតខំប្រឹងប្រែងរួមគ្នាដើម្បីបំផ្លាញ ទីភ្នាក់UNRWA ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងទេសចរណ៍កម្ពុជា និងខេត្តយូណានចុះអនុស្សរណៈចំនួន ៥ លើកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ជាមួយគ្នា
08/27/2025 09:08 PM
​ក្រសួងការពារជាតិកម្ពុជាសម្តែងការសោកស្តាយចំពោះឧបទ្ទវហេតុផ្ទុះគ្រាប់មីនបណ្តាលឱ្យកងទ័ពថៃរងរបួស ខណៈកម្ពុជាមិនបានប្រើប្រាស់ និងមិនបានដាក់គ្រាប់មីនថ្មីឡើយ
08/27/2025 08:08 PM
គ្រោះថ្នាក់រថយន្តក្រុងដឹកអ្នកដំណើរ នៅអាហ្វហ្គានីស្ថាន បណ្ដាលឲ្យមនុស្ស ២៥នាក់ស្លាប់
08/27/2025 08:08 PM
​​រដ្ឋមន្រ្តីសុខាភិបាល «អាកាសយានដ្ឋានអន្តរជាតិតេជោ ក្លាយជាច្រកព្រំដែនអាកាសរបស់ជាតិ យ៉ាងទូលំទូលាយជាមួយពិភពលោក ខណៈសុខាភិបាលផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើសុវត្ថិភាពផ្នែកសុខភាព សម្រាប់ផ្តល់ជូនអ្នកដំណើរគ្រប់ៗគ្នា»
08/27/2025 08:08 PM
ឯកឧត្តមគង់ សុភី លើកឡើងថា សិក្ខាសាលាស្តីពីឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ នៅខេត្តសៀមរាបសម្រេចបានសមិទ្ធផលធំៗចំនួន ៥
08/27/2025 08:08 PM
គណៈរដ្ឋមន្ត្រីអាល្លឺម៉ង់ អនុម័តសេចក្ដីស្នើច្បាប់ចូលបម្រើយោធាដោយស្ម័គ្រចិត្ត
08/27/2025 08:08 PM
IAEA វិលទៅកាន់អ៊ីរ៉ង់វិញ តែមិនទាន់មានកិច្ចព្រមព្រៀង ស្តីពីការត្រួតពិនិត្យ
08/27/2025 08:08 PM
សម្តេច ប៉ាប ឡេអូ អំពាវនាវឲ្យមានបទឈប់បាញ់ និងការដោះលែងចំណាប់ថ្នូរ នៅក្នុងជម្លោះអ៊ីស្រាអែល-ហាម៉ាស
08/27/2025 08:08 PM
ចិន និងអារ៉ាប៊ីសាអ៊ូឌីត បើកកិច្ចពិភាក្សាពាណិជ្ជកម្ម និងវិនិយោគ នៅទីក្រុងប៉េកាំង
08/27/2025 08:08 PM
កូរ៉េខាងត្បូងនឹងហាមមិនឲ្យប្រើទូរសព្ទដៃ ក្នុងថ្នាក់រៀន ចាប់ពីខែមីនាឆ្នាំក្រោយ
08/27/2025 08:08 PM