ជនជាតិវៀតណាម និងជនជាតិចិនជាងពីររយនាក់ទៀតត្រូវបានអាជ្ញាធរបណ្តេញចេញពីកម្ពុជាក្រោយរក ឃើញជាប់ពាក់ព័ន្ធករណី Online Scams
អាជ្ញាធរនិងមន្ត្រីជំនាញខេត្តកំពង់ឆ្នាំងចុះរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវជាតិលេខ៥ ក្នុងស្រុកកំពង់ត្រឡាច
បណ្តេញជនជាតិវៀតណាមជិត ២០០នាក់ទៀតចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams
ស្នងការរាជធានី អំពាវនាវដល់យុវជនជៀសឆ្ងាយពីសកម្មភាពក្មេងទំនើង បើប្រព្រឹត្ត​ល្មើស​មានតែ​ការអនុវត្តផ្លូវច្បាប់ប៉ុណ្ណោះ

សន្តិសុខ និង សង្គម

មជ្ឈមណ្ឌលតស៊ូជាតិ៖ ក្រុមទាហានស៊ីឈ្នួល Wagner ចាកចេញពីប្រទេសបេឡារុស ដោយសារប្រាក់ខែទាប

2023/08/21 10:36:00 am        193
បេឡារុស៖ មជ្ឈមណ្ឌលតស៊ូជាតិ បានរាយការណ៍កាលពីថ្ងៃទី១៩ ខែសីហាថា ទាហានស៊ីឈ្នួលជាងមួយពាន់នាក់របស់Wagner Group បានចាកចេញពីប្រទេសបេឡារុស ដោយសារតែពួកគេមិនសប្បាយចិត្តនឹងប្រាក់ឈ្នួលរបស់ពួកគេ។ប្រភពជាច្រើននៅក្នុងប្រទេសបេឡារុស បានប្រាប់មជ្ឈមណ្ឌលនេះថា ចំនួនយុទ្ធជននៃក្រុមWagner បានធ្លាក់ចុះពី៥.៨០០នាក់ មកត្រឹម ៤.៤០០នាក់។យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌល កង្វះមូលនិធិពីប្រទេសរុស្ស៊ី គឺជាមូលហេតុ។ ដោយមិនពេញចិត្តនឹងប្រាក់ចំណូលរបស់ពួកគេ ក្រុមទាហានស៊ីឈ្នួលWagner ដែលឈរជើងនៅក្នុងប្រទេសបេឡារុស បានចុះកិច្ចសន្យា ដើម្បីប្រយុទ្ធនៅក្នុងប្រទេសអាហ្វ្រិក ឬចាកចេញទៅវិស្សមកាល ដោយគ្មានចេតនាវិលត្រឡប់មកវិញទេ។រដ្ឋាភិបាលបេឡារុស បានបង្កើតភាពជាដៃគូជាមួយ Wagner Group ក្នុងខែកក្កដា នៅពេលដែលក្រុមហ៊ុនយោធាឯកជន (PMC) បានផ្លាស់ប្តូរទីតាំងទៅប្រទេសបេឡារុស បន្ទាប់ពីការបះបោរខែមិថុនារបស់មេដឹកនាំទាហានស៊ីឈ្នួល លោក យ៉េវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) ។ ចាប់តាំងពីពេលនោះមក សមាជិករបស់ក្រុម Wagner បានបណ្តុះបណ្តាលទាហានបេឡារុសលើបច្ចេកទេសប្រយុទ្ធ៕

ក្រុមបាតុករប្រមូលផ្ដុំគ្នាគាំទ្ររដ្ឋប្រហារក្នុងប្រទេសនីហ្សេ បន្ទាប់ពីមេដឹកនាំព្រមានប្រឆាំងនឹងអន្តរាគមន៍ពីបរទេស

2023/08/21 10:33:15 am        146
នីហ្សេ៖ មនុស្សរាប់ម៉ឺននាក់បានធ្វើបាតុកម្មនៅរដ្ឋធានីប្រទេសនីហ្សេ កាលពីថ្ងៃអាទិត្យ (២០ សីហា) ដើម្បីគាំទ្ររដ្ឋប្រហារយោធាកាលពីខែមុន ដោយមេដឹកនាំរបស់ពួកគេ បានព្រមានប្រឆាំងនឹងការអន្តរាគមន៍ពីខាងក្រៅ ខណៈពេលដែលរដ្ឋប្រហារេបានស្នើសុំការផ្លាស់ប្តូរអំណាចរយៈពេល៣ឆ្នាំ។ក្រុមបាតុករ បានស្រែកពាក្យស្លោកជាអរិភាព ចំពោះអតីតមហាអំណាចអាណានិគមបារាំង និងប្លុកតំបន់អាហ្វ្រិកខាងលិច ECOWAS ដែលកំពុងពិចារណាប្រតិបត្តិការយោធាដ៏មានសក្តានុពលមួយ ដើម្បីដាក់ប្រធានាធិបតីនីហ្សេ លោក Mohamed Bazoum ឲ្យកាន់តំណែងឡើងវិញ ប្រសិនបើការចរចាជាមួយមេដឹកនាំរដ្ឋប្រហារបរាជ័យ។ មេដឹកនាំយោធាថ្មីរបស់ប្រទេសតំបន់ Sahel អាហ្វ្រិកដ៏ក្រីក្រមួយនេះ បានហាមឃាត់ជាផ្លូវការនូវបាតុកម្ម ប៉ុន្តែនៅក្នុងការអនុវត្តជាក់ស្តែង ក្រុមអ្នកដែលគាំទ្ររដ្ឋប្រហារ ត្រូវបានអនុញ្ញាត។ក្រុមបាតុករបានកាន់បដាដោយនិយាយថា «បញ្ឈប់ការធ្វើអន្តរាគមន៍យោធា» និង «និយាយថា ទេ ចំពោះទណ្ឌកម្ម» ដោយសំដៅលើការកាត់បន្ថយជំនួយហិរញ្ញវត្ថុ និងការរឹតបន្តឹងពាណិជ្ជកម្ម ដែលបានដាក់ដោយសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច (ECOWAS) ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី២៦ ខែកក្កដា មក។ការធ្វើបាតុកម្មគាំទ្ររដ្ឋប្រហារចុងក្រោយបំផុតនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីមេដឹកនាំថ្មីនៅរដ្ឋធានី នីញ៉ាមេ លោកឧត្តមសេនីយ Abdourahamane Tiani បានព្រមានថា ការលុកលុយរបស់យោធាបរទេសចូលទៅក្នុងប្រទេសនីហ្សេ នឹងមិនមែនជា «ការដើរកម្សាន្ត» របស់ពួកគេនោះទេ៕

ព្រះមហាក្សត្រប្រទេសម៉ារ៉ុក លើកលែងទោសដល់អ្នកទោសចំនួន៦៥៣នាក់ ក្នុងខួបទិវាបដិវត្តន៍

2023/08/21 10:30:44 am        126
ម៉ារ៉ុក៖ ក្រសួងយុត្តិធម៌បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា ព្រះមហាក្សត្រម៉ារ៉ុក Mohammed ទី៦ ទ្រង់បាលើកលែងទោសដល់អ្នកទោសចំនួន៦៥៣នាក់ ក្នុងថ្ងៃខួបនៃទិវាបដិវត្តន៍របស់ព្រះមហាក្សត្រ និងប្រជាជន។ យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា អ្នកទោសមួយចំនួនត្រូវបានផ្តល់សេរីភាព អ្នកខ្លះមានទោសជាប់ពន្ធនាគាររយៈពេលខ្លី ខណៈអ្នកផ្សេងទៀតត្រូវបានកាត់បន្ថយទោស ឬលុបចោលការផាកពិន័យ។សេចក្តីថ្លែងការណ៍បានបន្ថែមថា អ្នកទោសចំនួន១៦នាក់ដែលត្រូវបានកាត់ទោស នៅក្នុងករណីជ្រុលនិយម និងអំពើភេរវកម្ម ក៏ត្រូវបានលើកលែងទោសផងដែរ។ អ្នកទោស៨នាក់ក្នុងចំណោមអ្នកទាំងនោះ នឹងត្រូវបានដោះលែង ហើយអ្នកទោសម្នាក់នឹងត្រូវលុបចោលការផាកពិន័យ និងដោះលែង ចំណែកអ្នកទោស៧នាក់ដែលនៅសល់នោះ ត្រូវបានកាត់បន្ថយទោស។ទិវាបដិវត្តន៍ព្រះមហាក្សត្រ និងប្រជាជន ដែលត្រូវបានប្រារព្ធនៅប្រទេសម៉ារ៉ុកនៅថ្ងៃទី២០ ខែសីហា ជារៀងរាល់ឆ្នាំ ជាទិវារំលឹកដល់ការតស៊ូរបស់រាជាណាចក្រ ដើម្បីឯករាជ្យភាពពីការគ្រប់គ្រងអាណានិគម៕

លោក Kim Jong Un ពិនិត្យមើលការសាកល្បងមីស៊ីលតម្រង់គោលដៅខណៈកូរ៉េខាងត្បូង និងអាមេរិក ចាប់ផ្ដើមសមយុទ្ធយោធា

2023/08/21 10:28:30 am        175
កូរ៉េខាងជើង៖ សារព័ត៌មានរដ្ឋ បានរាយការណ៍នៅថ្ងៃចន្ទនេះថា មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានពិនិត្យមើលការបាញ់សាកល្បងមីស៊ីលតម្រង់គោលដៅជាយុទ្ធសាស្ត្រពីនាវាអង្គភាពកងទ័ពជើងទឹក ខណៈយោធាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ចាប់ផ្ដើមសមយុទ្ធប្រចាំឆ្នាំដ៏ធំ ដែលកូរ៉េខាងជើង ចាត់ទុកថាជាការហាត់សមមុនការឈ្លានពាន ។  សេចក្ដីរាយការណ៍របស់កូរ៉េខាងជើងអំពីការបាញ់សាកល្បងមីស៊ីលនេះ បានកើតមានឡើង៣ថ្ងៃប៉ុណ្ណោះបន្ទាប់ពីក្រុមមេដឹកនាំអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានព្រមព្រៀងគ្នាពង្រីកទំនាក់សន្តិសុខនិងសេដ្ឋកិច្ច នៅជំនួបកំពូលមួយក្នុងសហរដ្ឋអាមេរិក។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បាននិយាយថាអំឡុងចុះពិនិត្យនៅលើនាវាជើងទឹក នៅតំបន់ឆ្នេរភាគខាងកើត លោក Kim បានជិះទូកល្បាតដើម្បីពិនិត្យឡើងវិញ នូវអាវុធ និងការត្រៀមសម្រាប់ការប្រយុទ្ធរបស់ខ្លួន ។ ក្រោយមកលោកបានពិនិត្យមើលកងទ័ពដែនសមុទ្ររបស់ខ្លួន ដែលកំពុងធ្វើសមយុទ្ធបាញ់មីស៊ីលតម្រង់គោលដៅយុទ្ធសាស្ត្រ ។  សារព័ត៌មាននេះពុំបាននិយាយទេថា ការបាញ់មីស៊ីលទាំងនេះ បានកើតឡើងនៅពេលណា ហើយរូបថតពីសារព័ត៌មានរដ្ឋ បានបង្ហាញលោក Kim កំពុងមើលការបាញ់មីស៊ីល ចេញពីកន្លែងមួយផ្សេងទៀត  មិនមែននៅលើទូកល្បាតទេ ។ ការប្រើពាក្យយុទ្ធសាស្ត្ររបស់សារព័ត៌មាន KCNA សំដៅដល់អាវុធដែលបានសាកល្បងបង្ហាញថាសុទ្ធតែ ជាប្រភទអាវុធដែលត្រូវបានផលិតឡើងដើម្បីបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ៕

ចំនួនអ្នកស្លាប់ពីចំហេះព្រៃកោះម៉ូអ៊ី ឡើងដល់១១៤នាក់ ខណៈប្រធានទីភ្នាក់ងារគ្រាអាសន្នលាលែងពីតំណែង

2023/08/21 10:25:48 am        104
អាមេរិក៖ មនុស្សយ៉ាងហោចណាស់ ១១៤នាក់ បានបាត់បង់ជីវិតនៅក្នុងចំហេះព្រៃដ៏មហន្តរាយនៅកោះម៉ូអ៊ី រដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក ខណៈដែលក្រុមសង្គ្រោះបន្តស្វែងរកអ្នកបាត់ខ្លួនចំនួន១.០០០នាក់ នៅក្នុងទីក្រុងដែលត្រូវបានបំផ្លាញដោយចំហេះនេះ។ការស្វែងរក និងកំណត់អត្តសញ្ញាណជនរងគ្រោះ នៅតែមានភាពយឺតយ៉ាវនៅឡើយ ដោយរហូតមកដល់ពេលនេះ ជនរងគ្រោះតែ១០នាក់ប៉ុណ្ណោះ ត្រូវបានគេកំណត់អត្តសញ្ញាណ។ អភិបាលរដ្ឋហាវ៉ៃ លោក Josh Green បានប៉ាន់ប្រមាណថា អគារ និងលំនៅឋានចំនួន៣.០០០ខ្នង ត្រូវបានដុតបំផ្លាញ ឬត្រូវបានខូចខាត ហើយការខាតបង់មានចំនួនជិត៦ពាន់លានដុល្លារ។ប្រធានទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នកោះម៉ូអ៊ី បានលាលែងពីតំណែងកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីក្រុមមន្ត្រីបានស្ថិតនៅក្រោមការត្រួតពិនិត្យកាន់តែខ្លាំងឡើងលើការឆ្លើយតបទៅនឹងចំហេះព្រៃដ៏មហន្តរាយនេះ។លោក Herman Andaya បានដាក់ពាក្យលាលែងពីតំណែង ត្រឹមតែមួយថ្ងៃបន្ទាប់ពីលោកបានការពារការសម្រេចរបស់ខ្លួន ក្នុងការមិនប្រើស៊ីរ៉ែនជូនដំណឹងនៅខាងក្រៅ មុនពេលចំហេះបានគ្របដណ្ដប់លើសហគមន៍ប្រវត្តិសាស្រ្ត ទីក្រុងឡាហេណា។ លោក Andaya បានលើកឡើងពីហេតុផលសុខភាពដែលមិនបានបញ្ជាក់ច្បាស់លាស់ ក្នុងការលាលែងតំណែងនេះ។ជាមួយគ្នានេះដែរ ចំហេះព្រៃនៅរដ្ឋធានីវ៉ាស៊ីនតោន បានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ កាលពីថ្ងៃសៅរ៍ (១៩សីហា) ដោយបានបំផ្លាញអាគារចំនួន១៩០ខ្នង ខណៈរដ្ឋ New Jersey ក៏ទទួលរងការវាយប្រហារពីចំហេះព្រៃកាលពីថ្ងៃអាទិត្យ (២០សីហា) ផងដែរ៕

បេសកកម្មទៅកាន់ភពព្រះចន្ទលើកដំបូងរបស់រុស្ស៊ីក្នុងរយៈពេល៤៧ឆ្នាំបានបុកចូលភពព្រះចន្ទដោយពុំបានទទួលជោគជ័យ

2023/08/21 10:20:16 am        141
រុស្ស៊ី៖ បេសកកម្មទៅកាន់ភពព្រះចន្ទលើកដំបូងរបស់រុស្ស៊ីក្នុងរយៈពេល៤៧ឆ្នាំបានបរាជ័យ ពេលយានអវកាសLuna-25របស់ខ្លួនគ្រប់គ្រងលែងបាននិងធ្លាក់ចូលទៅក្នុងភពព្រះចន្ទបន្ទាប់ពីការរៀបចំសម្រាប់គន្លងវិថីមុនចុះចតមានបញ្ហាដោយបញ្ជាក់ពីការធ្លាក់ចុះក្រោយសម័យសូវៀតដែលធ្លាប់ជាកម្មវិធីអវកាសដ៏អស្ចារ្យ។សាជីវកម្មអវកាសរដ្ឋ Roskosmos បាននិយាយថា ខ្លួនបានបាត់បង់ការទាក់ទងជាមួយយានអវកាសនោះនៅម៉ោង ១១:៥៧ នាទី ម៉ោងសកល GMT កាលពីថ្ងៃសៅរ៍ បន្ទាប់ពីមានបញ្ហា ខណៈដែលយាននេះត្រូវបានបង្វែរចូលទៅក្នុងគន្លងមុនចុះចត។ការចុះចតដែលមានការគ្រប់គ្រងក្នុងសម្ពាធស្រាលត្រូវ បានគ្រោងទុកនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ។ ទីភ្នាក់ងារអវកាស Roskosmos បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ឧបករណ៍នេះបានផ្លាស់ប្តូរទៅក្នុងគន្លងដែលមិនអាចដឹងមុនបាន ហើយលែងកើតមានទៀតដោយសារតែការប៉ះទង្គិចជាមួយនឹងផ្ទៃភពព្រះចន្ទ ។ សេចក្ដីថ្លែងការណ៍ខាងលើនេះ បាននិយាយថាគណៈកម្មការអន្តរនាយកដ្ឋានពិសេសមួយត្រូវបានបង្កើតឡើងដើម្បីស៊ើបអង្កេតមូលហេតុនៅពីក្រោយការបាត់បង់យាន Luna-25 ដែលបេសកកម្មរបស់ពួកគេបានបង្កើនក្តីសង្ឃឹមនៅទីក្រុងម៉ូស្គូដែលថាប្រទេសរុស្ស៊ីនឹងត្រលប់ទៅរកការប្រណាំងប្រជែងទៅកាន់ភពព្រះចន្ទដែលមានថាឥទ្ធិពលដ៏ធំ។ការបរាជ័យនេះបានបញ្ជាក់ពីការធ្លាក់ចុះនៃអំណាចផ្នែកអវកាសរបស់រុស្ស៊ី ចាប់តាំងពី ថ្ងៃដ៏រុងរឿងនៃការប្រកួតប្រជែងក្នុងសង្គ្រាមត្រជាក់ នៅពេលដែលទីក្រុងម៉ូស្គូជាប្រទេសដំបូងគេដែលបាញ់បង្ហោះផ្កាយរណបទៅកាន់គន្លងផែនដី។ យានអវកាសដែលមានឈ្មោះថា Sputnik 1 កាលពីឆ្នាំ ១៩៥៧ និងអវកាសយានិកសូវៀតលោក Yuri Gagarin បានក្លាយជាបុរសដំបូងគេដែលធ្វើដំណើរទៅកាន់ទីអវកាស កាលពីឆ្នាំ ១៩៦១។ឧបទ្ទវហេតុនេះក៏កើតឡើងផងដែរស្របពេលសេដ្ឋកិច្ចទំហំ ២ សែនកោដិដុល្លាររបស់រុស្ស៊ីប្រឈម នឹងបញ្ហាខាងក្រៅដ៏ធំបំផុតរបស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកនេះ ទន្ទឹមនឹងសម្ពាធនៃទណ្ឌកម្មរបស់លោកខាងលិច និងការប្រយុទ្ធប្រឆាំងនឹងសង្គ្រាមដីគោកដ៏ធំបំផុតនៅអ៊ុយក្រែនចាប់តាំងពីសង្គ្រាមលោកលើកទីពីរ៕

កុមារ៧នាក់ស្លាប់ដោយសារអគ្គិភ័យនៅជំរំកុងហ្គោ សម្រាប់ជនរងគ្រោះភៀសខ្លួនចេញពីទឹកជំនន់

2023/08/20 04:18:39 pm        236
លោក ថូម៉ាស់ បេឃិនហ្គា (Thomas Bakenga) មន្ត្រីក្នុងតំបន់ បាននិយាយថាកុមារយ៉ាងហោចណាស់៧ នាក់បានស្លាប់នៅភាគខាងកើតកុងហ្គោកាលពីថ្ងៃសៅរ៍បន្ទាប់ពីអគ្គិភ័យបានឆាបឆេះនៅជំរំសម្រាប់ប្រជាជនដែលត្រូវបានផ្លាស់ទីលំនៅដោយសារទឹកជំនន់។មនុស្សរាប់រយគ្រួសារបានរស់នៅក្នុងខ្ទមបណ្ដោះអាសន្ននៅឯជម្រកនៅក្នុងទីក្រុងកាឡេហេ(Kalehe) ចាប់តាំងពីខែឧសភាមក នៅពេលដែលទឹកជំនន់បានបំផ្លិចបំផ្លាញផ្ទះរបស់ពួកគេនៅក្នុងភូមិ បាសបាស ស៊ូ (Bushushu) និងភូមិនីយ៉ាមូគូប៊ី ( Nyamukubi )ក្នុងខេត្ត គីវូខាងត្បូង (South Kivu)។យោងតាមរដ្ឋបាលតំបន់ Kalehe Bakenga បានប្រាប់សារព័ត៌មានរ៉យទ័រថា កុមារដែលស្លាប់ក្នុងអគ្គិភ័យមានអាយុចន្លោះពី១ឆ្នាំទៅ៥ឆ្នាំ ខណៈមនុស្សពេញវ័យ ៤ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរកំពុងសម្រាលព្យាបាលនៅក្នុងមន្ទីរពេទ្យ ។ ការស្លាប់នេះបាននាំមកនូវសោកនាដកម្មបន្ថែមទៀតដល់សហគមន៍មួយដែលនៅតែសោកសៅចំពោះការបាត់បង់មនុស្សយ៉ាងហោចណាស់ ៤៦០នាក់ ក្នុងគ្រោះទឹកជំនន់។ មនុស្សសរុបជិត ៩ពាន់នាក់ ត្រូវបានរងផលប៉ះពាល់ដោយគ្រោះមហន្តរាយនេះ ដែលឃើញទឹកជំនន់បានជន់លិចកប់អគារនៅក្នុងល្បប់ និងកាត់ផ្តាច់ផ្លូវនានា៕

អាមេរិក និយាយថា ព្យុះសង្ឃរា Hilary ចុះខ្សោយកម្លាំងប៉ុន្តែនៅអាចបង្កគ្រោះថ្នាក់ខ្លាំង

2023/08/20 04:14:58 pm        207
ព្យុះសង្ឃរា Hilary បានចុះខ្សោយកម្លាំង ខណៈកំពុងឆ្ពោះទៅកាន់ឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់ប្រទេសម៉ិកស៊ិក និងរដ្ឋកាលីហ្វ័រនីញ៉ា ប៉ុន្តែនៅតែអាចបង្កឲ្យមានទឹកជំនន់ គំរាមកំហែងដល់អាយុជីវិត ។ ដោយមានខ្យល់បក់ក្នុងល្បឿន១៤០ គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវបានបន្ទាបទៅជាព្យុះប្រភេទកម្រិតទី១ ។មន្ត្រីម្នាក់បាននិយាយថា ភ្លៀងធ្លាក់ខ្លាំងបានបោកបក់ផ្នែកខ្លះនៃឧបទ្វីប Baja California របស់ប្រទេសម៉ិកស៊ិក និងភាគនិរតីនៃសហរដ្ឋអាមេរិកទាំងកណ្ដាលអធាត្រ។ បុរសម្នាក់បានស្លាប់បន្ទាប់ពីត្រូវបានទឹកហូរគួចពេលកំពុងឆ្លងកាត់ជ្រោះមួយក្នុងតំបន់ Baja California ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា បុរសនោះកំពុងធ្វើដំណើរក្នុងរថយន្តជាមួយកូនរបស់លោកដែលមានអាយុ ៧ ឆ្នាំ ១៥ឆ្នាំ និង ២២ឆ្នាំ និងស្ត្រីម្នាក់ដែលពួកគេនៅរស់រានមានជីវិតទាំងអស់។ ព្យុះសង្ឃរាHilary ត្រូវបានគេរំពឹងថានឹងចុះខ្សោយកម្លាំងបន្ថែមទៀតទៅជាព្យុះត្រូពិច មុនពេលបោះពួយទៅដល់ភាគខាងត្បូងរដ្ឋកាលីហ្វ័រនីញ៉ា។ ព្យុះនេះនឹងក្លាយជាព្យុះត្រូពិចដំបូងគេដែលបានវាយប្រហាររដ្ឋរបស់អាមេរិកក្នុងរយៈពេលជាង ៨០ ឆ្នាំ។នៅក្នុងការផ្ដល់ព័ត៌មានវិវត្តន៍ចុងក្រោយបំផុតរបស់ខ្លួននៅម៉ោង ៦ ម៉ោងនៅសហរដ្ឋអាមេរិក នៅថ្ងៃអាទិត្យនេះ មជ្ឈមណ្ឌលតាមដានព្យុះសង្ឃរាជាតិសហរដ្ឋអាមេរិកបាននិយាយថា ព្យុះនេះស្ថិតចម្ងាយប្រហែល១៤៥ គីឡូម៉ែត្រភាគខាងត្បូងនៃតំបន់ Baja California ភាគខាងលិចបំផុតនៃ ទីក្រុង ពុនតា អ៊ើជិនី(Punta Eugenia) របស់ប្រទេសម៉ិកស៊ិក ៕

មនុស្សរាប់ម៉ឺននាក់ត្រូវបានជម្លៀស ខណៈចំហេះព្រៃរាលដាលខ្លាំងនៅលើកោះធេណេរីហ្វ របស់អេស្ប៉ាញ

2023/08/20 04:06:52 pm        184
អណ្ដាតភ្លើងពីចំហេះព្រៃបានបំភ្លឺផ្ទៃមេឃនៃកោះធេណេរីហ្វ(Tenerife) នៅព្រឹកថ្ងៃអាទិត្យទី២០សីហានេះ ខណៈចំហេះព្រៃដែលកំពុងរាលដាលខ្លាំងនៅភាគខាងជើងកោះនេះ នៅពុំទាន់គ្រប់គ្រងបាននៅឡើយ។ យោងតាមការប៉ាន់ប្រមាណ ក្រុមផ្ដល់សេវាសង្រ្គោះបន្ទាន់ប្រចាំកោះកាណារី(Canary Islands) បាននិយាយថា មនុស្សជាង២៦.០០០នាក់ ត្រូវបានជម្លៀសចេញពីលំនៅឋានកាលពីរសៀលថ្ងៃសៅរ៍ ជាការកើនឡើងខ្ពស់ពីចំនួន៤.៥០០នាក់ កាលពីថ្ងៃសុក្រទី១៨សីហា។ នៅពេលនេះ ទីប្រជុំជនចំនួន១១ត្រូវបានរងផលប៉ះពាល់។ កម្ដៅ និងសីតុណ្ហភាពស្ងួតដែលចេះតែហក់ឡើងខ្ពស់នៅឆ្នាំនេះ បានរុញឲ្យមានចំហេះព្រៃកាន់តែធ្ងន់ធ្ងរខុសពីធម្មតានៅក្នុងតំបន់អឺរ៉ុប រួមទាំងកោះឡាផាលម៉ា(La Palm) របស់អេស្ប៉ាញ កាលពីខែកក្កដា ។ក្រុមអ្នកវិទ្យាសាស្ត្រ និយាយថាបម្រែបម្រួលអាកាសធាតុ បណ្ដាលឲ្យមានបញ្ហាអាកាសធាតុធ្ងន់ធ្ងរខ្លាំងនិងញឹកញាប់ ថែមទៀត ។ ភ្លើងចេះព្រៃដែលត្រូវបានគេហៅថា ជាភាពស្មុគស្មាញបំផុតដែលកោះកាណារី បានជួបប្រទះក្នុងរយៈពេល៤០ឆ្នាមកនេះ ដោយសារតែការកើនឡើងសីតុណ្ហភាពក្ដៅ ស្ថួតហួតហែង និងអាកាសធាតុមានខ្យល់បក់បោកខ្លាំង ព្រមទាំងលក្ខខណ្ឌភូមិសាស្ត្រមិនល្អ៕

នាយករដ្ឋមន្ត្រីចាំផ្ទះនិយាយថា ការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធសម្លាប់កម្មករ ១១ នាក់នៅប៉ាគីស្ថាន

2023/08/20 03:47:21 pm        161
លោកនាយករដ្ឋមន្ត្រីចាំផ្ទះ អានវ៉ា អ៊ុល ហាក កាការ( Anwaar-ul-Haq Kakar) បាននិយាយនៅថ្ងៃអាទិត្យនេះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ដែលពីមុនត្រូវបានគេស្គាល់ថា Twitter ថា កម្មករចំនួន១១នាក់បានស្លាប់នៅក្នុងការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធ នៅភាគពាយ័ព្យប្រទេសប៉ាគីស្ថាន ។ មន្ត្រីសន្តិសុខ និងនគរបាលនៅភាគខាងជើងខេត្ត ឃីប៊ើ ប៉ាកទុនវ៉ា (Khyber Pakhtunkwa) បាននិយាយថា គ្រឿងផ្ទុះដែលសង្ស័យថា ជាឧបករណ៍កែច្នៃមួយ បានបំផ្ទុះឡើង បានបំផ្លិចបំផ្លាញរថយន្តដឹកកម្មករទៅកាន់គម្រោងសាងសង់នៅតំបន់ភ្នំ វ៉ាហ្ស៊ីរីស្ថាន( Waziristan) ជិតព្រំដែនអាហ្វហ្គានីស្ថាន។ស្នងការរងនគរបាលតំបន់ វ៉ាហ្ស៊ីរីស្ថាន ខាងជើង(North Waziristan)លោក រ៉េហាន ខាតាក( Rehan Khattak) បាននិយាយថា ពួកគេពេលកំពុងធ្វើការនៅប៉ុស្តិ៍កងទ័ពដែលកំពុងសាងសង់ ... គ្រឿងផ្ទុះកែច្នៃ បានផ្ទុះនៅក្រោមរថយន្តដែលដឹកកម្មករនោះ ។ គ្មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវភ្លាមៗចំពោះការបំផ្ទុះនេះទេ។ប៉ាគីស្ថានបានមើលឃើញការវាយប្រហារកក្រើកឡើងវិញ ដោយក្រុមសកម្មប្រយុទ្ធអ៊ីស្លាម ចាប់តាំងពីឆ្នាំមុននៅពេលបទឈប់បាញ់រវាងក្រុមតាលីបង់ប៉ាគីស្ថាន តេរីកអ៊ី តាលីបង់ប៉ាគីស្ថាន (TTP) និងរដ្ឋាភិបាល បានបរាជ័យ។ក្រុមផ្សេងទៀតរួមទាំងក្រុមរដ្ឋអ៊ីស្លាមក៏បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារមួយចំនួន រួមទាំងការបំផ្ទុះដ៏ធំមួយនៅឯការជួបជុំនយោបាយនៅខេត្ត ឃីប៊ើ ប៉ាកទុនវ៉ា ធ្វើឡើងដោយក្រុមសាសនាកាលពីខែមុន ដែលបានសម្លាប់មនុស្ស ៤៥នាក់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមជួយសង្រ្គោះ ជម្លៀសភ្ញៀវទេសចរបរទេស អ្នកស្រុក ក្រោយទឹកជំនន់វាយប្រហារទីក្រុង Lonavala របស់ឥណ្ឌា
07/07/2026 09:07 PM
UN៖ ករណីឆ្លងជំងឺអេបូឡានៅកុងហ្គោ កើនឡើងជាង ១.៥៦០នាក់ ស្របពេលវិបត្តិជម្លៀសខ្លួនកាន់តែអាក្រក់
07/07/2026 08:07 PM
នាវាដឹកប្រេង ២គ្រឿងរងការវាយប្រហារនៅច្រកសមុទ្រ Hormuz ខណៈមនុស្សរាប់លាននាក់កាន់ទុក្ខលោក Khamenei
07/07/2026 08:07 PM
រយៈពេល ១ពាន់ថ្ងៃនៃអំពើប្រល័យពូជសាសន៍អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា
07/07/2026 08:07 PM
ការតម្រង់ជួរយ៉ាងវែងនៅតាមស្ថានីយប្រេងក្នុងទីក្រុង Omsk ក្រោយអ៊ុយក្រែនវាយប្រហាររោងចក្រចម្រាញ់ប្រេងធំបំផុតរបស់រុស្ស៊ី
07/07/2026 08:07 PM
អាមេរិក និងអង្គការណាតូ ប្រកាសកិច្ចព្រមព្រៀងការពារជាតិក្នុងកិច្ចប្រជុំកំពូលនៅទីក្រុង Ankara
07/07/2026 08:07 PM
ពលរដ្ឋអ៊ីរ៉ង់កាន់បដាគំរាមលោក Trumpនៅពិធីបុណ្យសពអតីតមេដឹកនាំ Khamenei
07/07/2026 08:07 PM
វិមានក្រឹមឡាំងសង្ឃឹមថា កិច្ចខិតខំសន្តិភាពរបស់អាមេរិកនៅអ៊ុយក្រែន នឹងជោគជ័យ
07/07/2026 08:07 PM
មនុស្សម្នាក់ស្លាប់ និង ៧នាក់បាត់ខ្លួន ក្រោយបំណាក់ដីនៅរដ្ឋ Kerala ប្រទេសឥណ្ឌា
07/07/2026 08:07 PM
ពលរដ្ឋហ្កាហ្សាសង្ឃឹមថា ការរំសាយស្ថាប័នក្រុមហាម៉ាស នឹងជំរុញឲ្យមានកសាងតំបន់ឡើងវិញ
07/07/2026 08:07 PM