អគ្គនាយកដ្ឋានពន្ធនាគារ កំពុងសិក្សារៀបចំទីតាំងឃុំឃាំងថ្មីបន្ថែម ខណៈចំនួនជនជាប់ឃុំមានការកើនឡើងខ្លាំង
សមត្ថកិច្ចខេត្តព្រះសីហនុរកឃើញអ្នកបើកបររថយន្តធុនធ្ងន់មួយចំនួនមានសារធាតុគ្រឿងញៀននៅក្នុងខ្លួន
ឆេះខុនដូ Wealth Mansion តែសមត្ថកិច្ចជួយពន្លត់ទាន់ពេលដោយមិនរាលដាលទ្រង់ទ្រាយធំ
ជនជាតិវៀតណាម និងជនជាតិចិនជាងពីររយនាក់ទៀតត្រូវបានអាជ្ញាធរបណ្តេញចេញពីកម្ពុជាក្រោយរក ឃើញជាប់ពាក់ព័ន្ធករណី Online Scams

សន្តិសុខ និង សង្គម

ភ្នំពេញត្រៀមកម្លាំងជាង៤៤០០នាក់រក្សាសន្តិសុខ នាថ្ងៃបិទយុទ្ធនាការឃោសនា និងថ្ងៃបោះឆ្នោត

2023/07/19 05:02:58 pm        151
ភ្នំពេញ៖ នគរបាលត្រៀមកម្លាំងជាង៤៤០០នាក់ ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់​នាថ្ងៃបិទយុទ្ធនាការឃោសនា និងថ្ងៃបោះឆ្នោត។ថ្ងៃទី២១ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ គឺជាថ្ងៃបិទយុទ្ធនាការឃោសនារកសំឡេង​គាំទ្ររបស់​គណបក្ស​នយោបាយទាំង១៨ ដែលមានក្នុងបញ្ជីបោះឆ្នោតរបស់​គណៈកម្មាធិការជាតិរៀបចំ​ការឆ្នោត ​សម្រាប់នីតិកាលទី៧ និងថ្ងៃទី២៣ ខែកក្កដា គឺជាថ្ងៃប្រព្រឹត្តទៅនៃដំណើរការ​បោះឆ្នោត​ជ្រើស​តាំងតំណាងរាស្រ្ត។ ជាមួយគ្នានេះកិច្ចការសន្តិសុខ និងសណ្ដាប់ធ្នាប់ត្រូវបានយកចិត្តទុក​ដាក់ខ្ពស់ សម្រាប់រាជធានីភ្នំពេញកម្លាំងការពារសន្តិសុខជាង ៤៤០០នាក់ ត្រូវបានត្រៀមរួចជាស្រេច ​ដើម្បីបម្រើដល់ដំណើរការបោះឆ្នោតនេះ។លោកឧត្ដមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានប្រាប់ទូរទស្សន៍ BTV នារសៀលថ្ងៃទី១៩ ខែកក្កដា​ ឆ្នាំ២០២៣ថា ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង ​និងជាស្នងការនគរបាលរាជធានីបានប្រជុំរៀបចំផែនការ​ការពារសន្តិសុខ សណ្តាប់ធ្នាប់រួចរាល់​ហើយកាលពីព្រឹកមិញ និងបានដាក់ចេញនូវផែនការច្បាស់លាស់ ដោយប្រើកម្លាំងជាង៤៤០០នាក់។ទាក់ទិននិងការការពារសន្តិសុខសណ្តាប់ធ្នាប់នេះដែរ កម្លាំងនគរបាលតាមបណ្តាខណ្ឌជាប់​ព្រំប្រទល់​ខេត្តកណ្ដាល ដែលមានច្រកចេញចូលក៏បានត្រៀមលក្ខណៈសម្រួលសណ្ដាប់ធ្នាប់​ចរាចរណ៍ដល់ប្រជាពលរដ្ឋដែលចាកចេញពីរាជធានីភ្នំពេញទៅកាន់បណ្ដាខេត្តដើម្បីចូលរួមបោះឆ្នោតផងដែរ។ ទន្ទឹមគ្នានេះរដ្ឋបាលរាជធានីភ្នំពេញក៏បានរៀបចំចំណតចំនួន១០ទីតាំង​ និងរថយន្តក្រុង ៣៥០គ្រឿង ​ដើម្បីធ្វើដំណើរចាកចេញពីរាជធានីតាមច្រកសំខាន់ៗ​ក្នុងការដឹក​ជញ្ជូនកម្មករ និយោជិត​ និងប្រជាពលរដ្ឋដោយឥតគិតថ្លៃផងដែរ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

ហុងគ្រីប្រឆាំងនឹងការបញ្ចូនសព្វាវុធទៅឲ្យអ៊ុយក្រែន

2023/07/19 02:28:55 pm        280
ហុងគ្រី៖ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសហុងគ្រី បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសហុងគ្រីប្រឆាំងនឹងការចែកចាយសព្វាវុធណាមួយដល់អ៊ុយក្រែន ហើយជាពិសេសប្រឆាំងនឹងការប្រើប្រាស់គ្រាប់បែកចង្កោម ដោយបានបន្ថែមថា ដំណោះស្រាយត្រូវតែដើរមករកតុចរចា មិនមែននៅលើសមរភូមិនោះទេ។លោក Peter Szijjarto រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី បានគូសបញ្ជាក់អំពីទស្សនៈរបស់ប្រទេសលោកចំពោះវិបត្តិអ៊ុយក្រែននៅក្នុងបទសម្ភាសន៍មួយនៅទីស្នាក់ការអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក។សហរដ្ឋអាមេរិកបានប្រកាសកាលពីដើមខែកក្កដាថា គ្រាប់បែកចង្កោមនឹងជាផ្នែកមួយនៃកញ្ចប់ជំនួយយោធាថ្មីដល់អ៊ុយក្រែនមានតម្លៃ ៨០០លានដុល្លារអាមេរិក ដែលជាការសម្រេចមួយបានធ្វើឱ្យមានការរិះគន់យ៉ាងខ្លាំងនៅទូទាំងពិភពលោក។លោក Szijjarto បាននិយាយថា សព្វាវុធកាន់តែច្រើនត្រូវបានបញ្ជូនទៅអ៊ុយក្រែន នោះជម្លោះនឹងកាន់តែយូរ ហើយចំនួនអ្នកស្លាប់ និងរបួសកាន់តែកើនឡើង។ លោកបានសង្កត់ធ្ងន់ថា គួរតែមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីនាំមកនូវបទឈប់បាញ់ និងបានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ ដោះស្រាយវិបត្តិតាមរយៈការចរចា មិនមែនតាមរយៈការប្រយុទ្ធគ្នានោះទេ៕

ប្រទេសគុយបាកំពុងតស៊ូដើម្បីរកប្រាក់ពីបរទេស

2023/07/19 02:25:09 pm        313
គុយបា៖ ប្រទេសគុយបាដែលជួបកង្វះខាតសាច់ប្រាក់ បានធ្លាក់ចុះនូវផែនការនាំចេញ និងនាំចូលរបស់ខ្លួន រហូតមកដល់ខែមិថុនានៃឆ្នាំនេះ ចំពេលមានកង្វះខាតធ្ងន់ធ្ងរពាក់ព័ន្ធនឹងការពឹងផ្អែកលើស្បៀងអាហារ ប្រេង  ឥន្ធនៈនិងសម្ភារៈសម្រាប់កសិកម្ម និងការផលិតពីបរទេស។អនុរដ្ឋមន្ត្រីសេដ្ឋកិច្ចទីមួយ លោកស្រី Leticia Morales បានប្រាប់គណៈកម្មការសភា កាលពីថ្ងៃអង្គារថា ប្រាក់ចំណូលនាំចេញមានចំនួន ១,៣ពាន់ដុល្លារ ៣៥,៧ភាគរយនៃការរំពឹងទុក ខណៈដែលការនាំចូលមានចំនួន៤,៤ពាន់លានដុល្លារ។លោកស្រី បាននិយាយថា វិស័យទេសចរណ៍ ស្ករ នីកែល និងអ្នករកបានរូបិយប័ណ្ណដែលអាចធ្វើពាណិជ្ជកម្មផ្សេងទៀត សុទ្ធតែជួបការខ្វះខាតទាំងអស់។អ្នកកាសែតបរទេស មិនត្រូវបានអញ្ជើញឲ្យចូលរួមកិច្ចប្រជុំនោះទេ។របាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Prensa Latina នឹងមិនមានភាពភ្ញាក់ផ្អើលទេចំពោះអ្នកស្រុកដែលមិនបានឃើញពីការលំបាកនៃការខ្វះខាតស្បៀងអាហារ ឱសថ ប្រេងឥន្ធនៈ និងទំនិញផ្សេងទៀត ចាប់តាំងពីឆ្នាំ ២០២០ និងអតិផរណាដែលមានចំនួនបីខ្ទង់ដែលនាំឲ្យមានការតវ៉ា និងការធ្វើនិរប្រវេសន៍ក្នុងកម្រិតខ្ពស់បំផុត។លោកស្រី Morales មិនបាននិយាយថាផែនការនាំចូលជាង ៩ពាន់លានដុល្លារអាមេរិក ហើយការនាំចេញចំនួន ៣,៦ ពាន់លានដុល្លារនៅឆ្នាំនេះ បានផ្លាស់ប្តូរនោះទេ។បើប្រៀបធៀបនៅឆ្នាំ ២០១៩ ប្រទេសដែលគ្រប់គ្រងដោយរបបកុម្មុយនីស្តមួយនេះ បានរាយការណ៍ពីការនាំចេញចំនួន ១២,៦ ពាន់លានដុល្លារ និងការនាំចូលចំនួន ១១ពាន់លានដុល្លារ៕

នាយករដ្ឋមន្ត្រីជប៉ុនជំរុញឱ្យចិនបង្ហាញ 'ភស្តុតាងវិទ្យាសាស្ត្រ' លើការជជែកដេញដោលជុំវិញគម្រោងបង្ហូរសំណល់ទឹក ហ្វ៊ូគូស៊ីម៉ា

2023/07/19 02:21:23 pm        307
ជប៉ុន៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida កាលពីថ្ងៃអង្គារ (ទី១៨ ខែកក្កដា) បានជំរុញឱ្យប្រទេសចិន បង្ហាញ "ភស្តុតាងវិទ្យាសាស្ត្រ" នៅក្នុងការជជែកដេញដោលជុំវិញការបញ្ចេញទឹកសំណល់ពីរោងចក្រថាមពលនុយក្លេអ៊ែរ ហ្វ៊ូគូស៊ីម៉ា ដៃអ៊ិឈី ដែលបានរងគ្រោះដោយគ្រោះមហន្តរាយ។លោក Kishida បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានសន្និដ្ឋានថា ផែនការរបស់ប្រទេសជប៉ុនក្នុងការបញ្ចេញប្រព័ន្ធដំណើរការរាវកម្រិតខ្ពស់ (ALPS) ដែលបានធ្វើប្រព្រឹត្តកម្មទឹករួច ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក គឺស្របតាមស្តង់ដារសុវត្ថិភាពអន្តរជាតិ។ជប៉ុនគ្រោងនឹងចាប់ផ្តើមបញ្ចេញទឹកជាង១លានតោនពីរោងចក្រថាមពលហ្វូគូស៊ីម៉ាដែលបានខូចខាត នៅរដូវក្តៅនេះ។ ប្រទេសចិនបានបញ្ចេញសំឡេងខ្លាំងក្លាបំផុតក្នុងចំណោមអ្នករិះគន់ទាំងនោះ ដោយនិយាយថា ផែនការនេះនឹងបង្កគ្រោះថ្នាក់ដល់បរិស្ថាន និងអាយុជីវិតមនុស្ស៕

ឃាត់ខ្លួនអ្នកកាសែតម្នាក់ដែលក្លែងឈ្មោះបុគ្គលិកព័ត៌មានទូរទស្សន៍បាយ័ន ដើម្បីឆាតសុំថវិកាមន្ដ្រីតាមក្រសួងស្ថាប័ន

2023/07/19 01:40:56 pm        3312
នគរបាលបានឃាត់ខ្លួនអ្នកកាសែតម្នាក់ ដែលក្លែងអត្ត​សញ្ញាណជា​បុគ្គលិក​ស្ថានីយ៍​ទូរទស្សន៍​បាយ័ន ដើម្បីសុំ និងជម្រិតទារប្រាក់ពីថ្នាក់ដឹកនាំ តាមអង្គភាពស្ថាប័នរដ្ឋនានា។នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា កាលពី​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នាយកដ្ឋាន​ប្រឆាំង​បទ​ល្មើស​បច្ចេកវិទ្យា​បាន​ចុះ​អនុវត្ត​ដីកា​ដោយ​ឃាត់​ខ្លួន​ជនសង្ស័យម្នាក់ឈ្មោះ មូល រតនៈ ភេទប្រុស អាយុ ៣០ឆ្នាំ នៅចំណុចភូមិសាស្ត្រ ភូមិ​ត្រពាំង​ជើង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ទាក់ទិននិងការឃាត់ខ្លួននេះ គឺតាំងពីដើមឆ្នាំ២០២១មក ជន​សង្ស័យ​រូប​នេះ​តែង​តែ​យក​អត្ត​សញ្ញាណ​បុគ្គលិកនៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ដើម្បីយកទៅភ្ជាប់សារ Telegram និង WhatsApp និងតែងតែទាក់ទងទៅកាន់ថ្នាក់ដឹកនាំអង្គភាពចំណុះក្រសួងស្ថាប័ននានា ដើម្បី​សុំ​ប្រាក់​ចុះបេសកកម្ម និងគំរាមកំហែង ថានឹងចុះព័ត៌មានអំពីអំពើអសកម្មនានា ដើម្បីជាថ្នូរ និ​ង​ប្រាក់។ ទើប​ដល់ដើមឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន បានដាក់​ពាក្យ​បណ្ដឹង​មក​នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ប្ដឹងពីជនសង្ស័យ​បាន​ប្រើ​ប្រាស់​អត្ត​សញ្ញាណ​របស់​បុគ្គលិកទូរទស្សន៍បាយ័ន ដើម្បីដើរសុំ និងទារប្រាក់ពីថ្នាក់ដឹកនាំ ដែលនាំ​ឱ្យ​ប៉ះពាល់​ដល់​កិត្តិយសស្ថានីយទូរទស្សន៍។នគរបាលបន្ថែមថា បន្ទាប់ពីធ្វើការស្រាវជ្រាវបានល្អិតល្អន់ នាយកដ្ឋាន​បាន​កំណត់​មុខ​សញ្ញាជន​សង្ស័យ​មួយ​រូប ឈ្មោះ មូល រតនៈ មានមុខរបរជានិពន្ធនាយកកាសែតសេនាធិបតី និងបន្ទាប់​មក​នាយកដ្ឋាន​ក៏បានទទួលដីការបញ្ជាឱ្យចូលខ្លួនលេខ ២៨៣ អ.យ.ក ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ របស់ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជដំបូងរាជធានីភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី១៨ ខែកក្កដានេះ កម្លាំងនាយកដ្ឋាន​បាន​សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ខណ្ឌសែនសុខ នៃ​ស្នងការដ្ឋានរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនបុគ្គលរូបនេះ ដើម្បីបញ្ជូ​ន​ទៅ​សាលា​ដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី៕

រលកកម្តៅក្តៅខ្លាំងនាំឲ្យមានការព្រមានពីបញ្ហាសុខភាពនៅទូទាំងអឺរ៉ុប និងសហរដ្ឋអាមេរិក

2023/07/19 12:52:47 pm        252
រលកកម្តៅដ៏ក្តៅហួតហែងដែលបានវាយប្រហារតំបន់ជាច្រើននៅអឺរ៉ុប អាស៊ី និងសហរដ្ឋអាមេរិក កាន់តែធ្ងន់ធ្ងរទៅកាលពីថ្ងៃអង្គារម្សិលមិញ ក្នុងនោះអង្គការឧតុនិយមពិភពលោក(WMO) បានព្រមានពីហានិភ័យកើនឡើងករណីស្លាប់មនុស្សពាក់ព័ន្ធសីតុណ្ហភាពខ្ពស់ខ្លាំងហួសហេតុនេះ ។  ប្រជាពលរដ្ឋអាមេរិក កំពុងប្រឈមនឹងអាកាសធាតុក្តៅបំផុត ចាប់ពីកម្តៅដូចភ្លើងនៅរដ្ឋ Texas និងរដ្ឋ Southern California រហូតដល់ខ្យល់ឈ្លក់ផ្សែងអណ្តែតដល់តំបន់ Midwest បង្កឡើងដោយសារភ្លើងឆេះព្រៃនៅប្រទេសកាណាដា ។  ការព្រមានពីទឹកជំនន់ បានធ្វើឡើងផងដែរសម្រាប់ទីក្រុង Vermont ដែលទើបតែជន់លិចកាលពីសប្តាហ៍មុន ស្របពេលដែលព្យុះត្រូពិក Calvin ត្រូវបានគេរំពឹងថានឹងបោកបក់លើរដ្ឋហាវ៉ៃ ស្ថិតក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ។  ទីក្រុង Phoenix ស្ថិតនៅភាគនិរតីរដ្ឋ Arizona បានរកឃើញសីតុណ្ហភាពខ្ពស់រហូតដល់ ៤៣អង្សាសេ រយៈពេល ១៩ថ្ងៃជាប់ៗគ្នាកាលពីថ្ងៃអង្គារ ពោលគឺបំបែកកណត់ត្រាចាស់រយៈពេល ១៨ថ្ងៃជាប់ៗគ្នា ។  ស្របពេលដែលសីតុណ្ហភាពនៅក្នុងរដ្ឋធានីរដ្ឋ Arizona មួយនេះ កើនឡើងដល់៤៧អង្សាសេ លោក Amit Ghagoji វ័យ ៤០ឆ្នាំ ដែលជាភ្ញៀវក្រៅរដ្ឋ បានដើរលេងតាមព្រៃក្នុងឧទ្យាន Papago របស់ទីក្រុង Phoenix ។  លោក Bhagoji និយាយថា វាប្រៀបបាននឹងអ្នកបើកគម្របឡ.ដុតនំអញ្ចឹងដែរ ហើយវាគឺជារលកកម្តៅក្តៅខ្លាំងណាស់ ។ បើសិនជាអ្នកធ្វើនំ ឬធ្វើអ្វីមួយ ហើយអ្នកបើកគម្របឡ. វានឹងជះចំហាយក្តៅភ្លាមលើមុខរបស់អ្នក ។  លោក Tom Frieders គឺជាអ្នកឧតុនិយមនៅសេវាកម្មឧតុនិយមជាតិ ស្ថិតក្នុងទីក្រុង Phoenix និយាយថា សីតុណ្ហភាពខ្ពស់ក្នុងតំបន់ នឹងមានចន្លោះពី ៤៦អង្សាសេ និង ៤៨,៩អង្សាសេ សម្រាប់រយៈពេល ៧ថ្ងៃទៀត បើសិនជាមិនយូរជាងនេះទេនោះ ។  ស្របពេលដែលសីតុណ្ហភាពក្តៅខ្លាំង វាយប្រហារតំបន់ជាច្រើនរបស់អឺរ៉ុប អំឡុងវិស្សមកាលរដូវក្តៅនេះ អង្គការ WMO បាននិយាយថា រលកកម្តៅនៅអឌ្ឍគោលខាងជើង នឹងកាន់តែធ្ងន់ធ្ងរខ្លាំង ។ មនុស្សប្រហែល ៦១.០០០នាក់ អាចត្រូវបានស្លាប់ដោយសារតែរលកកម្តៅនៅអឺរ៉ុបកាលពីឆ្នាំមុន ៕

ភ្លើងឆេះព្រៃនៅភាគពាយ័ព្យទីក្រុងអាតែន ប្រទេសក្រិក បន្តឆាបឆេះដល់ពេលយប់ និងបានបំផ្លិចបំផ្លាញផ្ទះសម្បែងជាច្រើន

2023/07/19 12:45:09 pm        267
ក្រិក៖ ភ្លើងឆេះព្រៃ ២កន្លែងបានឆាបឆេះដោយមិនអាចគ្រប់គ្រងបានលើដីព្រៃក្នុងទីក្រុង Mandra នៅភាគពាយ័ព្យទីក្រុងអាតែន ប្រទេសក្រិក រយៈពេល ២ថ្ងៃជាប់ៗគ្នា កាលពីថ្ងៃអង្គារ ដោយបង្ខំឲ្យប្រជាពលរដ្ឋកាន់តែច្រើនរត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ស្របពេលដែលក្រុមអាជ្ញាធរ ព្យាយាមបញ្ឈប់អណ្តាតភ្លើងពីការរីករាលដាលដល់តំបន់ដែលមានរោងចក្រចម្រាញ់ប្រេងកាត ។  យោងតាមការអះអាងរបស់ក្រុមសាក្សី និងក្រុមមន្រ្តី បានឲ្យដឹងថា ភ្លើងឆេះព្រៃមួយកន្លែង មានមុខកាត់រហូតដល់ ៨គ.ម ដោយបានឆាបឆេះផ្ទះសម្បែងប្រជាពលរដ្ឋ និងរថយន្តនៅជុំវិញទីក្រុង Mandra ស្ថិតនៅភាគខាងលិចរដ្ឋធានីអាតែន ដែលគ្របដណ្តប់ពីលើដោយផ្សែងខ្មៅយ៉ាងក្រាស់ឃ្មឹក ។  លោក Christos Stathis គឺជាអភិបាលក្រុង Mandra បាននិយាយប្រាប់ទូរទស្សន៍ Open TV ថា ពួកយើងកំពុងរស់នៅក្នុងស្ថានភាពអាក្រក់ ។ ផ្ទះសម្បែង និងអចលទ្រព្យ ត្រូវបានឆាបឆេះដោយតែភ្លើងឆេះព្រៃ ។  គួរឲ្យដឹងថា កាលពីឆ្នាំ ២០១៧ ទីក្រុង Mandra ដែលជាតំបន់ឧស្សាហកម្មធំ បានរងគ្រោះដោយសារទឹកជំនន់ដែលបានសម្លាប់មនុស្ស ២៤នាក់ ។  ការធ្វើចរាចរណ៍ ត្រូវបានផ្អាករយៈពេលជាច្រើនម៉ោងនៅតាមផ្លូវជាតិ ២ខ្សែតភ្ជាប់ទីក្រុងអាតែនជាមួយទីក្រុង Elefsina និងទីក្រុង Corinth ជាកន្លែងដែលរោងចក្រចម្រាញ់ប្រេងកាតកំពុងប្រតិបត្តិការ ។ កាលពីល្ងាចថ្ងៃអង្គារ អណ្តាតភ្លើងបានឆាបឆេះឆ្ពោះទៅកាន់ទីក្រុងមាត់សមុទ្រ Nea Peramos ។  សាក្សីរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បាននិយាយថា ផ្ទះសម្បែង និងរោងចក្រផលិតនាវាខ្នាតតូចមួយកន្លែង ត្រូវបានបំផ្លាញនៅក្នុងទីក្រុង Neos Pontos ហើយសំណុំផ្សែងខ្មៅដ៏ក្រាស់ បានហោះលើមេឃ ក្រោយការផ្ទុះ ។  មន្រ្តីនគរបាលមួយរូប និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា មកទល់នឹងពេលនេះ ស្រុកយ៉ាងហោចចំនួន ៧ ត្រូវបានជម្លៀសប្រជាពលរដ្ឋចេញ ហើយក្រុមនគរបាល បានជួយជម្លៀសមនុស្សជាង ៣០០នាក់ ។  លោក Andreas Theodosiadis គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុង Mandra ដែលឈរនៅជុំវិញកម្ទេចកម្ទី និងបំណែករថយន្តដែលរងការឆាបឆេះ និយាយថា ពួកយើងបានប្រឹងអស់ពីលទ្ធភាពដើម្បីពន្លត់ភ្លើងឆេះព្រៃ ហើយឥឡូវអ្វីៗត្រូវបានបំផ្លាញអស់ដោយសារតែវា ៕

UN៖ គំនិតមានច្រើនលើវិធីនាំចេញគ្រាប់ធុញ្ញជាតិ និងជីគីមីអ៊ុយក្រែន និងរុស្ស៊ីទៅកាន់ទីផ្សារពិភពលោក

2023/07/19 12:41:49 pm        232
UN៖អង្គការសហប្រជាជាតិ(UN)និយាយកាលពីថ្ងៃអង្គារថា មាននូវគំនិតជាច្រើនបានលេចចេញឡើងដើម្បីជួយឲ្យគ្រាប់ធុញ្ញជាតិអ៊ុយក្រែន និងរុស្ស៊ី ហើយនិងជីគីមីរុស្ស៊ី ទៅកាន់ទីផ្សារសកលលោក ក្រោយទីក្រុងម៉ូស្គូ ឈប់ទទួលយកកិច្ចព្រមព្រៀងអនុញ្ញាតឲ្យមានការនាំចេញគ្រាប់ធុញ្ញជាតិអ៊ុយក្រែនដោយសុវត្ថិភាពចេញពីកំពង់ផែសមុទ្រខ្មៅ ។  កិច្ចព្រមព្រៀងសមុទ្រខ្មៅនេះ ត្រូវបានរៀបចំឡើងដោយ UN និងប្រទេសទួរគី កាលពីខែកក្កដា ឆ្នាំមុន ដើម្បីប្រយុទ្ធប្រឆំាងនឹងវិបត្តិស្បៀងអាហារពិភពលោក បង្កឡើងដោយសារការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន ។ អ៊ុយក្រែន និងរុស្ស៊ី ស្ថិតនៅក្នុងចំណោមប្រទេសនាំចេញគ្រាប់ធុញ្ញជាតិធំៗបំផុតរបស់ពិភពលោក ។  ការដកខ្លួនចេញពីកិច្ចព្រមព្រៀងរបស់រុស្ស៊ីកាលពីថ្ងៃចន្ទ ដែលរួមទាំងការដកចេញការធានាចំពោះការធ្វើនាវាចរណ៍ប្រកបដោយសុវត្ថិភាពនោះ បានបញ្ចប់ផងដែរនូវកិច្ចព្រមព្រៀងរវាង UN និងទីក្រុងម៉ូស្គូ ដែលក្រុមមន្រ្តី UNបានយល់ព្រមជួយនាំចេញជីគីមី និងស្បៀងអាហាររុស្ស៊ីទៅកាន់ទីផ្សារពិភពលោក ។  អ្នកនាំពាក្យអង្គការសហប្រជាជាតិលោក Stephane Dujarric និយាយថា ទោះបីជាយ៉ាងណាក៏ដោយ អគ្គលេខាធិការ UNលោក Antonio Guterresនឹងបន្តស្វែងរកវិធីដែលមានលទ្ធភាពទាំងអស់ ដើម្បីធានាបានថា គ្រាប់ធុញ្ញជាតិអ៊ុយក្រែន គ្រាប់ធុញ្ញជាតិរុស្ស៊ី ជីគីមីរុស្ស៊ី អាចនាំចេញទៅកាន់ទីផ្សារពិភពលោកបាន ។  លោកបាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មានដោយពុំបានផ្តល់សេចក្តីលម្អិតថា មាននូវគំនិតច្រើនណាស់បានលេចចេញ ។  ខណៈពេលនោះដែរ រដ្ឋមន្រ្តីក្រសួងការបរទេសអ៊ុយក្រែនលោក Dmytro Kuleba និយាយថា ជម្រើសផ្សេងទៀតចំពោះកិច្ចព្រមព្រៀងគ្រាប់ធុញ្ញជាតិសមុទ្រខ្មៅ ត្រូវតែរកឲ្យឃើញ ហើយបច្ចុប្បន្នមាននូវការជជែកពិភាក្សាយ៉ាងសកម្មបំផុត ។  លោកបន្តថា ការនាំចេញគ្រាប់ធុញ្ញជាតិអ៊ុយក្រែនឆ្លងកាត់អឺរ៉ុបមិនអាចទូទាត់ជាមួយការចែកចាយពីកំពង់ផែអ៊ុយក្រែននៅសមុទ្រខ្មៅបាននោះទេ ៕

សហរដ្ឋអាមេរិករងការវាយប្រហារដោយកម្ដៅក្ដៅខ្លាំង ខ្យល់អាប់អួ ខ្យល់ព្យុះត្រូពិច ទាំងអស់ក្នុងពេលតែមួយ

2023/07/19 12:30:47 pm        222
អាមេរិក៖ សហរដ្ឋអាមេរិកកំពុងជួបប្រទះនឹងស្ថានភាពអាកាសធាតុខុសពីធម្មតា រាប់ចាប់តាំងពីព្យុះត្រូពិច នៅរដ្ឋហាវ៉ៃ រហូតដល់ការឡើងកម្ដៅក្ដៅបំផុតទូទាំងរដ្ឋនៅតំបន់ Sun Belt និងគុណភាពខ្យល់មិនល្អ នៅក្នុងតំបន់ជាច្រើន ខណៈដែលផ្សែងពីចំហេះព្រៃរបស់ប្រទេសកាណាដា បានបក់មកពាសពេញតំបន់ព្រំដែន។ខណៈដែលសហរដ្ឋអាមេរិក និងចិន ដែលជាប្រទេសបញ្ចេញផ្សែងពុលធំជាងគេបំផុតរបស់ពិភពលោក បានព្យាយាមឈានដល់កិច្ចព្រមព្រៀងកាត់បន្ថយការបញ្ចេញកាបូន ជនជាតិអាមេរិកបានជួបប្រទះនឹងរូបភាពផ្សេងៗនៃព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ ដែលអ្នកវិទ្យាសាស្ត្រនិយាយថា ទំនងជាក្លាយជារឿងធម្មតា ក្រោមការប្រែប្រួលអាកាសធាតុដែលជំរុញដោយឥន្ធនៈហ្វូស៊ីល។កម្ដៅក្ដៅខ្លាំង ដែលបន្តមាននៅភាគខាងត្បូង និងភាគខាងលិចនៃសហរដ្ឋអាមេរិក កំពុងធ្វើឲ្យប្រជាជនអាមេរិករាប់សិបលាននាក់នៅក្រោមការផ្ដល់ប្រឹក្សាអំពីការឡើងក្ដៅខ្លាំងនេះ។ នៅទីក្រុង Phoenix រដ្ឋអារីហ្សូណា (Arizona) កាលពីថ្ងៃអង្គារ (ទី១៨ ខែកក្កដា) កម្ដៅបានឡើងលើសពី ៤៣អង្សាសេ ដែលមានរយៈពេលថ្ងៃទី១៩ថ្ងៃជាប់ៗគ្នា ដោយហួសពីកម្រិតបែបនេះ កាលពីមុន រយៈពេល១៨ថ្ងៃ ជាប់ៗគ្នា។កន្លែងក្តៅបំផុតនៅសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារ (ទី១៨ ខែកក្កដា) ត្រូវបានគេរំពឹងថា មាននៅជ្រលងមរណៈ (Death Valley) របស់រដ្ឋកាលីហ្វ័រញ៉ា ដែលសីតុណ្ហភាពនៅឯមជ្ឈមណ្ឌលអ្នកទេសចរ ក្នុងឧទ្យានជាតិ Death Valley ត្រូវបានគេរំពឹងថា នឹងឡើងដល់ ៥០អង្សាសេ។ជាមួយគ្នានេះ បើយោងតាមគេហទំព័រ AirNow.gov ដែលតាមដានការបង្កកង្វក់ បានឲ្យដឹងថា ផ្សែងពីចំហេះព្រៃនៅប្រទេសកាណាដា បានហោះអណ្តែតពាសពេញសហរដ្ឋអាមេរិក ដែលបណ្តាលឲ្យមានគុណភាពខ្យល់មិនល្អ នាថ្ងៃអង្គារនោះ នៅតំបន់ឆ្ងាយៗ ដូចជាឧទ្យានជាតិ Yosemite ជាដើម។ចំណែកកោះដ៏ធំ (Big Island ) របស់រដ្ឋហាវៃ (Hawaii) ឯណោះវិញ សេវាអាកាសធាតុជាតិ (NWS) បានឲ្យដឹងថា កោះធំនេះបានស្ថិតនៅក្រោមការព្រមានអំពីព្យុះត្រូពិច កាលពីព្រឹកថ្ងៃអង្គារ ខណៈដែលកោះនេះត្រៀមប្រឈមជាមួយព្យុះត្រូពិច Calvin ដែលរំពឹងថា នឹងនាំឲ្យមានភ្លៀងធ្លាក់កម្រិត ៨អ៊ីញ (ជាង ២០សង់ទីម៉ែត្រ) និងល្បឿនខ្យល់បក់ខ្លាំង ៤០ម៉ាយល៍ (ជាង ៦៤គីឡូម៉ែត្រ) ក្នុងមួយម៉ោង។លើសពីនេះទៀត នៅចម្ងាយជិត ៥.០០០ម៉ាយល៍ (ជាង៨.០០០គីឡូម៉ែត្រ) ពីភាគឦសាន ក្នុងរដ្ឋ Vermont ការតាមដានទឹកជំនន់ បានប្រព្រឹត្តទៅ សម្រាប់ផ្នែកខ្លះនៅភាគកណ្តាលរបស់រដ្ឋ ក្នុងនោះរួមទាំងរដ្ឋធានី Montpelier ដែលត្រូវបានជន់លិច បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងកាលពីសប្តាហ៍មុន៕

អភិបាលតំបន់៖ រុស្ស៊ីវាយប្រហារតាមផ្លូវអាកាសជាយប់ទី២ លើកំពង់ផែ Odesa របស់អ៊ុយក្រែន

2023/07/19 12:25:55 pm        261
អ៊ុយក្រែន៖ អភិបាលតំបន់ បាននិយាយថា ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន បានជាប់រវល់យ៉ាងខ្លាំង ក្នុងរយៈពេលជាច្រើនម៉ោង នៅព្រឹកថ្ងៃពុធ ដើម្បីទប់ទល់ និងកម្ទេចការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ីលើកំពង់ផែភាគខាងត្បូងនៃទីក្រុង Odesa សម្រាប់យប់ទីពីរជាប់ៗគ្នា។ប្រទេសរុស្ស៊ីបានចាប់ផ្ដើមវាយប្រហារកំពង់ផែរបស់អ៊ុយក្រែន កាលពីថ្ងៃអង្គារ (ទី១៨ ខែកក្កដា) មួយថ្ងៃបន្ទាប់ពីការដកខ្លួនចេញពីកិច្ចព្រមព្រៀងដែលគាំទ្រដោយអង្គការសហប្រជាជាតិ (UN) សម្រាប់ការនាំចេញគ្រាប់ធញ្ញជាតិតាមសមុទ្រខ្មៅប្រកបដោយសុវត្ថិភាព ដោយការសម្រេចចិត្តនេះ បានបង្កើនការបារម្ភជាចម្បង នៅទ្វីបអាហ្រ្វិក និងអាស៊ីពីការឡើងថ្លៃតម្លៃស្បៀងអាហារ និងពីការកើនឡើងនូវភាពអត់ឃ្លាន។អភិបាលក្រុង Odesa លោក Oleh Kiper បាននិយាយនៅលើកម្មវិធីផ្ញើសារនៃបណ្ដាញសង្គម Telegram ថា៖ «កុំចូលទៅជិតបង្អួច កុំបាញ់ ឬបង្ហាញពីការងាររបស់កងកម្លាំងការពារដែនអាកាសឲ្យសោះ»។ភាគខាងកើតទាំងអស់របស់ប្រទេសអ៊ុយក្រែន ត្រូវបានប្រកាសព្រមានអំពីការវាយឆ្មក់តាមអាកាស ដោយចាប់ផ្តើមភ្លាមៗបន្ទាប់ពីពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃពុធ។ ក្នុងរបាយការណ៍សមរភូមិផ្សេងទៀត ទីក្រុងម៉ូស្គូ និងទីក្រុងគីវ បានផ្តល់ព័ត៌មានផ្សេងគ្នាយ៉ាងច្រើននៃការប្រយុទ្ធគ្នា នៅភាគឦសានអ៊ុយក្រែន កាលពីថ្ងៃអង្គារ។៦សប្តាហ៍ ចាប់តាំងពីអ៊ុយក្រែនចាប់ផ្តើមបើកការវាយបក នៅភាគខាងកើត និងខាងត្បូង រុស្ស៊ីកំពុងបង្កើនការវាយលុកផ្នែកថ្មើរជើង នៅភាគឦសាន ហើយជាមួយគ្នានេះ ទីក្រុងមូស្គូនិយាយថា ការវាយលុករបស់អ៊ុយក្រែន បានបរាជ័យ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជាឡើងវគ្គ ១/២ ផ្ដាច់ព្រ័ត្រពាន ASEAN Women’s Cup ក្រោយយកឈ្នះទីម័រខាងកើត ៣-១
07/14/2026 02:07 PM
អង្គភាពចំនួន៣០ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ទទួលជ័យលាភីក្នុងការផ្តល់សេវាសាធារណៈគំរូសម្រាប់ឆ្នាំ២០២៥
07/14/2026 02:07 PM
គោព្រៃកម្ពុជា ចេញទៅហាត់ ១សប្ដាហ៍នៅជប៉ុន មុនបើកទ្វារផ្ទះទទួលសិង្ហបុរី បើកឆាកជើងឯកអាស៊ាន
07/14/2026 02:07 PM
[UPDATED] ចំនួនអ្នកស្លាប់ដោយសារអគ្គិភ័យឆេះក្លឹបកម្សាន្តរាត្រីនៅក្នុងទីក្រុងបាងកក កើនឡើងដល់ ៣០នាក់
07/14/2026 02:07 PM
ក្រុមអ្នកសង្កេតការណ៍អាស៊ាន ចុះសួរសុខទុក្ខ និង​ពិនិត្យ​ស្ថាន​ភាព​រស់​នៅ​របស់​ពលរដ្ឋ​ដែល​បាន​ផ្លាស់​ទី​លំ​នៅ​ជាបណ្តោះអាសន្ន នៅមណ្ឌលសុវត្ថិភាពវត្តពើងអង្កាម ហៅវត្តបាក់កាំ ខេត្តព្រះវិហារ
07/14/2026 02:07 PM
Soccer League រដូវកាលទី៩ ឈានដល់វគ្គ ១/២ ផ្នែកបុរស និងក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រផ្នែកនារី
07/14/2026 01:07 PM
អគ្គិសនីកម្ពុជា នឹងដំឡើងភ្លើងបំភ្លឺនៅតាមតំបន់និងផ្លូវសំខាន់ៗក្នុងខេត្តមួយចំនួនឱ្យរួចរាល់ក្នុងរយៈពេលពីរឆ្នាំទៀត
07/14/2026 01:07 PM
អាជ្ញាធរជាតិអប្សរា សហការជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តសៀមរាប អប់រំ​ណែនាំ​ដល់​អាជីវក​រ​ជួល​ឈុតបុរាណនៅមុខប្រាសាទអង្គរវត្ត
07/14/2026 01:07 PM
ទីផ្សារអាមេរិកកំពុងស្រូបយកទំនិញសក្តានុពលថ្មីៗបន្ថែមគាំទ្រដល់កំណើនការនាំចេញរបស់កម្ពុជា
07/14/2026 01:07 PM
ជំនួបអាហ្សង់ទីន និងអង់គ្លេសធ្វើឱ្យគេនឹកឃើញប្រវត្តិសាស្រ្តនៃការប៉ះទង្គិចរវាងប្រទេសទាំងពីរ មិនថានយោបាយ រឺកីឡា
07/14/2026 01:07 PM