១១ថ្ងៃសមត្ថកិច្ចបង្ក្រាប និងបញ្ជូនក្រុមក្មេងទំនើងជិត៦០នាក់ទៀតទៅពន្ធនាគារ!
ម៉ូតូបំពាក់ស៊ីម៉ាំងកែច្នៃ ជាច្រើនគ្រឿងត្រូវអាវុធហត្ថខណ្ឌដូនពេញ ឃាត់ និងរក្សាទុក​រយៈពេល​៣ខែ
នគរបាលថ្នាក់មូលដ្ឋាននៅតែបន្តអំពាវនាវឱ្យពលរដ្ឋទៅធ្វើបច្ចុប្បន្នភាពអត្តសញ្ញាណប័ណ្ណ ដើម្បីទុកប្រើប្រាស់តាមតម្រូវការ
ក្មេងទំនើងប្រុសស្រី ០៨នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ

សន្តិសុខ និង សង្គម

​នគរបាល នៅតែបន្តឹងការបង្ក្រាប ក្រុមជនបង្កបទល្មើសអសន្តិសុខសង្គមនានា ក្នុងរាជធានីភ្នំពេញ

2024/12/21 01:01:50 pm        132
ភ្នំពេញ ៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅតែបន្តឹងសកម្មភាពរបស់ខ្លួន ក្នុងការបង្ក្រាបរាល់សកម្មភាពរបស់ក្រុមជនទាំងឡាយ ដែលបង្ក ឬប្រព្រឹត្តិអំពើអសន្តិសុខសង្គមនានា ដោយមិនបន្ធូរបន្ថយដៃនោះឡើយ ។ ជាក់ស្តែង នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញមុខក្រុមជនសង្ស័យចំនួន២២នាក់ ពាក់ព័ន្ធនឹង០៤បទល្មើសផ្សេងៗ ដែលប្រព្រឹត្តិទៅក្នុងខណ្ឌចំនួន០៥ មានខណ្ឌចំការមន , មានជ័យ , កំបូល , ៧មករា និងខណ្ឌដូនពេញ ។ ជនសង្ស័យទាំង២២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងនគរបាលតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌនីមួយៗខាងលើ ធ្វើការបង្ក្រាបបានជាបន្តបន្ទាប់ និងនៅតាមទីតាំងផ្សេងៗផ្សេងៗគ្នា បន្ទាប់ពីក្រុមទាំងនោះ បានប្រព្រឹត្តិបទល្មើសរួច ។ ជនទាំង២២នាក់ ពាក់ព័ន្ធករណី ៖ ធាក់ប្លន់យកម៉ូតូ , ករណីលួចទ្រព្យសម្បត្តិ , ករណីឆក់ទ្រព្យសម្បត្តិ និងករណីហិង្សាកាប់គ្នាបង្ករបួសស្នាម ។ ក្រោយធ្វើការបង្ហាញមុខជាសាធារណះរួចមក កម្លាំងសមត្ថកិច្ចបានបញ្ចូនខ្លួនក្រុមជនសង្ស័យទាំង២២នាក់ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ។ សូមបញ្ជាក់ថា ៖ នៅព្រឹកថ្ងៃខែដដែលនេះ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំដាក់ផែនការបន្តពង្រឹងកិច្ចការងារការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ផងដែរ ។ កិច្ចប្រជុំនោះ មានការចូលរួមពីលោកស្នងការរង ជំនួយការឯកឧត្តមស្នងការ លោកអនុប្រធានផែនការងារ លោក-លោកស្រីនាយការិយាល័យជំនាញទាំង៣៣ លោកអធិការខណ្ឌទាំង១៤ និងមន្រ្តីពាក់ព័ន្ធផងដែរ ៕ អត្ថបទ ៖ លីហេង

កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់រឹបអូសគ្រឿងញៀនជាង ២គីឡូក្រាម

2024/12/19 02:25:40 pm        166
អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃ ស្នង​ការ​ដ្ឋាន​នគរបាលខេត្តបាត់ដំបងនិងដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង និងឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជ​អាជ្ញា​នៃ​អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯកសុខ និមល ស្នង​ការ​រង​ផែនជំនាញ​ប្រឆាំង​គ្រឿងញៀន​សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​ដឹកនាំ​ធ្វើ​ការ​បង្រ្កាប​ករណីគ្រឿងញៀនមួយករណី ដោយបានឃាត់ខ្លួនជនសង័្សយចំនួន៣នាក់នៅ ក្នុង​មូល​ដ្ឋាន​ក្រុងបាត់ដំបង ស្រុកថ្មគោលនិងខេត្តបន្ទាយមានជ័យនៅថ្ងៃទី១៥-១៦ ខែធ្នូ ឆ្នាំ​២០២៤។ជន​សង្ស័យទាំង៣នាក់ដែលត្រូវបានឃាត់ខ្លួនរួមមាន៖ ១-ឈ្មោះឆាយ កុសល ភេទប្រុស អាយុ ៣៦​ឆ្នាំ រស់នៅភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង,២-ឈ្មោះ ចាន់ វណ្ណដា ភេទ​ប្រុស​អាយុ ១៨ឆ្នាំ រស់ នៅភូមិតារាងបាល់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោ ភ័ណ ខេត្ត​បន្ទាយ​មានជ័យ និងទី៣-ឈ្មោះ ចាន់ ម៉ារីណា ភេទស្រី អាយុ ២៥ឆ្នាំ រស់ នៅភូមិតារាងបាល់ សង្កាត់​កំពង់​ស្វាយ ក្រុងសិរីសោ ភ័ណ ខេត្តបន្ទាយមានជ័យ។វត្ថុតាងចាប់យកបានរួមមាន៖ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE) សរុបចំនួន ១០ថង់ ទម្ងន់ ២៥១១,៥៦ក្រាម (ថ្នាំសុទ្ធ) ,ម៉ូតូចំនួន២គ្រឿង ,ទូរស័ព្ទដៃចំនួន៥គ្រឿង (ចាស់) និងជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន១គ្រឿង។បន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចបាន​ចាត់​ចែង​រៀបចំ​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង ដើម្បី​អនុវត្តទោសទៅតាមផ្លូវច្បាប់៕

តំណាងអយ្យការសម្រេចចោទជនត្រូវចោទ អិត ឆេងហ៊ត ពីបទ ប៉ុនប៉ងឃាតកម្ម

2024/12/11 06:51:33 pm        246
ភ្នំពេញ៖ លោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្ននាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងនាល្ងាចថ្ងៃទី១១ ខែធ្នូឆ្នាំ២០២៤នេះ ពាក់ព័ន្ធករណីនេះ តំណាងអយ្យការបានសម្រេចចោទប្រកាន់លើបុគ្គលឈ្មោះ អ៉ិត ឆេងហ៊ត ភេទប្រុស ពីបទ ប៉ុនប៉ងឃាតកម្ម យោងតាមមាត្រា ២៧ និងមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ។ ហើយនិងបញ្ជូនសំណុំរឿងទៅចៅក្រមដើម្បីបន្តនីតិវីធី។គួបញ្ជាក់ផងដែរ នៅព្រឹកថ្ងៃទី១១ ខែធ្នូឆ្នាំ២០២៤នេះ នគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញមុខជនសង្ស័យម្នាក់នេះពាក់ព័ន្ធនឹងករណីប៉ុនប៉ងឃាតកម្មជាសាធារណៈរួចបានបញ្ជូនទៅតុលាការ។គួរំលឹកផងដែរ កាលពីថ្ងៃទី០៦ ខែ វិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១៦ និង៣៥ នាទីមានករណី ករណីប៉ុនប៉ងឃាតកម្មប្រព្រឹត្តនៅ ចំណុចមុខសាលាសុវណ្ណភូមិ ផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ គឺបណ្ដាមកពីគំនុំដែលជនសង្ស័យឈ្មោះ អ៊ុត ឆេងហ៊ត បានស្គាល់រាប់អាន និងស្រឡាញ់គ្នាជាសង្សា ដោយលួចលាក់ ជាមួយឈ្មោះ ហ៊ុន រចនា ភេទ ស្រី អាយុ ៤០ ឆ្នាំ ជនជាតិ ខ្មែរ ដែលពេលនោះ ឈ្មោះ ហ៊ុន រចនា មានប្តី និងមានកូនចំនួន ០៤ នាក់ កំពុងរស់នៅជាមួយគ្នា ។ លុះដល់ថ្ងៃមិនចាំ ខែមករា ឆ្នាំ ២០២៤ ជនរងគ្រោះឈ្មោះ ឃឹម ដារិទ្ធ ប្រើគណនីតឹកតុកឈ្មោះ ដារិទ្ធ បានយករូបថតរបស់គាត់ដើរលេង ជាមួយឈ្មោះ ហ៊ុន រចនា មកផុសក្នុងគណនីតឹកតុករបស់គាត់ និងយករូបថតនេះផ្ញើមកគណនីតឹកតុករបស់ ជនសង្ស័យឈ្មោះ CHHENG HORT និងសរសេរអក្សរថា កុំទៅរញ៉េរញ៉ៃជាមួយឈ្មោះ ហ៊ុន រចនា ទៀត បើ មិនចង់ងាប់ និងមិនចង់មានរឿង ហើយចាប់ពីពេលនោះមកជនរងគ្រោះឈ្មោះ ឃឹម ដារិទ្ធ បានឆាត និងទូរស័ព្ទទៅជេរ ប្រមាថ ជនសង្ស័យ ដោយពាក្យអសុរស និងឈ្លោះជេរគ្នាទៅវិញ ទៅមក តាមទូរសព្ទ័ ជាបន្តបន្ទាប់ រហូតដល់ជនសង្ស័យខឹង និងគុំចាំសងសឹកលើជនរងគ្រោះ តែម្តង។លុះដល់ថ្ងៃកើតហេតុដោយជនសង្ស័យក៏បានជិះម៉ូតូយកទៅទុកនៅក្នុងស្ថានីយ៍ប្រេងឥន្ធនៈPTT ដែលនៅជាប់ សាលារៀនសុវណ្ណភូមិនោះ ហើយបានដើរទៅរកជនរងគ្រោះនិងបានយកពូថៅចេញពីក្នុងកាបូបស្ពាយ មកធ្វើ សកម្មភាពកាប់លើជនរងគ្រោះ ចំក្បាលពីក្រោយចំនួន ០៤ ទៅ ០៥ ពូថៅ រយះចេញឈាមជាច្រើន រួចហើយ ជនសង្ស័យបានកាន់ពូថៅ រត់មកយកម៉ូតូដែលទុកនៅស្ថានីយ៍ប្រេងឥន្ធនៈ PTT ហើយបោះពូថៅចោលនៅលើ សួនច្បារមុខស្ថានីយ៍ប្រេងនោះ រួចយកម៉ូតូជិះគេចខ្លួនបាត់តែម្តង ។ ក្រោយប្រព្រឹត្តបទល្មើសរួច ជនសង្ស័យបានគេចខ្លួនរហូត ដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ ទើបកម្លាំងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសហការជាមួយនគរបាលខណ្ឌដង្កោស្រាវជ្រាវហើយឈានទៅសហការឃាត់ខ្លួនជនសង្ស័យបាននៅចំណុចការដ្ឋានសំណង់ ក្រុងបាវិត ខេត្តស្វាយរៀង៕អត្ថបទ៖ កុម្ភះ

កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ៧មករា បន្តចុះរៀបចំសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន រក្សាចិញ្ជើមផ្លូវ

2024/12/11 11:58:13 am        122
កម្លាំងគណៈបញ្ជាឯកភាពខណ្ឌ៧មករា បានបន្តយកចិត្តទុកដាក់ពីបញ្ហា បរិស្ថានអនាម័យ សណ្ដាប់​ធ្នាប់សាធារណៈ ជាពិសេសបញ្ហាកកស្ទះចរាចរណ៍ ដែលពលរដ្ឋនិងអាជីវករ មួយ​ចំនួន​ធំ​បាន​យក​ចិញ្ចើម​ផ្លូវសាធារណៈ ធ្វើជាកន្លែងចំណត ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ និង​សោភ័ណភាព​ដង​ផ្លូវផងដែរ។ ដូច្នេះកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌបានចុះរៀបចំ អប់រំ​ណែនាំ​ដល់​ម្ចាស់​អាជីវកម្មមួយចំនួន​ឲ្យចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីរំដោះចិញ្ចើម រក្សាចិញ្ជើមផ្លូវ សម្រាប់​អ្នកថ្មើរជើង និងកាត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ។ ជាក់ស្ដែងការចុះរៀបចំនេះដែរ បានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ដោយមាន​ការ​ណែនាំ​ផ្ទាល់ពីសំណាក់ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា បាន​ចាត់​ឲ្យ​កម្លាំង​សណ្ដាប់ធ្នាប់ខណ្ឌបន្តចុះ ផ្លូវលេខ ១៤៣ ផ្លូវលេខ១៥៦ ផ្លូវលេខ២១៥ ផ្លូវលេខ២១១ ជាប់​ជា​ប្រចាំដើម្បីរៀបចំ អប់រំណែនាំ ដល់ម្ចាស់អាជីវកម្ម មួយចំនួន ឲ្យចូលរួមសហការ​ជាមួយ​អាជ្ញាធរ ដើម្បីរំដោះចិញ្ជើម រក្សាចិញ្ជើមផ្លូវ សម្រាប់អ្នកថ្មើរជើង និងកាត់បន្ថយ​ការ​កក​​ស្ទះ​ចរាចរណ៍​ផងដែរ។ ជាពិសេស ទីតាំងភោជនីយដ្ឋាន ទីតាំងគ្រឹះស្ថានអប់រំ ណែនាំ​ដល់​អាណា​ព្យាបាល​សិស្សដែលប្រើប្រាស់រថយន្ត យកនិងមកទទួលកូនចេញពីសាលា ចូលរួម​រក្សា​​សណ្ដាប់​ធ្នាប់ ចិញ្ចើម​ផ្លូវ ចតរថយន្តឲ្យបានត្រឹមត្រូវ ជាសវៀងបង្កការកកស្ទះចរាចរណ៍ ដល់ប្រជាពលរដ្ឋ អ្នក​ធ្វើ​ដំណើរ។ ក្នុងប្រតិបត្តិការចុះអប់រំណែនាំ ប្រជាពលរដ្ឋ អាជីវករ ម្ចាស់ទីតាំងភោជនីយដ្ឋាន ទីតាំង​គ្រឹះ​ស្ថាន​អប់រំ​ បានចូលរួមសហការជាមួយកម្លាំងអាជ្ញាធរខណ្ឌបានយ៉ាងល្អ ដើម្បីរំដោះចិញ្ចើម​ផ្លូវ កាត់​បន្ថយ​ការ​កកស្ទះចរាចរណ៍ តាមដងផ្លូវក្នុងមូលដ្ឋាន។ សូមបញ្ជាក់ផងដែរ ការរៀបចំសណ្ដាប់ធ្នាប់ រក្សាបរិស្ថានអនាម័យនេះ កន្លងទៅ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ តែតែងណែនាំដល់ អាជ្ញាធរមូលដ្ឋានទាំង១៤ខណ្ឌ យក​ចិត្ត​ទុក​ដាក់​ជាប់​ជា​ប្រចាំ ដើម្បីរក្សាសណ្ដាប់ធ្នាប់សាធារណៈ និងកាត់បន្ថយការកកស្ទះ ឲ្យបា​ន​ល្អ​ប្រសើរ និងមានសោភ័ណភាពល្អ សមជាទីក្រុងស៉ីវីល័យ៕ អត្ថបទ៖ កុម្ភះ

តំណាងអយ្យការសម្រេចចោទបុរសម្នាក់ បើកបរក្នុងស្ថានភាពស្រវឹង បណ្ដាលឲ្យមានមនុស្សស្លាប់ និងរបួស

2024/12/09 07:31:17 pm        167
ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ បានឲ្យដឹងថា តំណាងអយ្យការសម្រេចចោទ បុរសម្នាក់ ដែលបើករថយន្តម៉ាក lexus Nx200T បុករះ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និង០២នាក់ទៀតរបួសធ្ងន់ ពីបទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យរបួសនិងស្លាប់អ្នកដទៃ តាមមាត្រា៨៣ និងមាត្រា៨៥ នៃច្បាប់ចរាចរណ៍ផ្លូវគោក។យោងតាមសមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ជនត្រូវចោទមានឈ្មោះ ស្រី ឧត្តម ភេទប្រុស អាយុ៣០ឆ្នាំ បើកបរក្រោមស្ថានភាពស្រវឹងមានអត្រាជាតិអាលកុល ០.៦២mg/l ។គួរបញ្ជាក់ដែរ កាលពីវេលាម៉ោង ១១និង៣៥នាទីយប់ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ ចំណុចស្តុបសំណង់១២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៨២ កែងផ្លូវលេខ២៦១ ភូមិ៨ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានបុរសម្នាក់បានបើករថយន្តម៉ាក lexus Nx200T តាមបណ្ដោយផ្លូវទេពផនក្នុងល្បឿនយ៉ាងលឿនបានបុករះម៉ូតូចំនួន ០២គ្រឿង ដើមឈើមួយដើមបាក់ដល់គល់ បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់០២នាក់។ប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុមានបុរសម្នាក់ដែលបើករថយន្តម៉ាក lexus Nx200t ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BT-4562 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៨២ ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកែងផ្លូវលេខ២៦១ រថយន្តបានបុកម៉ូតូ ពីរគ្រឿង កំពុងបើកឆ្លងភ្លើងស្តុប (ភ្លើងស្តុបពណ៌ខៀវ) មួយគ្រឿង ម៉ាក PCX ពណ៌ស ពាក់ស្លាកភ្នំពេញ 1KF-2588 និង ម៉ូតូមួយគ្រឿងទៀតម៉ាក Let បណ្ដាលឲ្យម៉ូតូ PCX និង ម្ចាស់ម៉ូតូ ជាប់លើកញ្ចក់រថយន្តរហូតមកបុក ផ្តាច់ដើមឈើមួយដើមបាក់ដល់ដី បណ្ដាលឲ្យបុរសម្ចាស់ម៉ូតូ PCX ស្លាប់ភ្លាមៗនៅក្បែររថយន្ត និង មានមនុស្ស០២នាក់ផ្សេងទៀតរងរបួសធ្ងន់។ ចំណែករថយន្តរងការខូចខាត ខ្ទេចមួយកំណាត់មុខនិង ដាច់ម៉ូតូ PCX ជាពីរកំណាត់ផងដែរ៕អត្ថបទ៖ កុម្ភះ

គណៈបញ្ជាការឯកភាពខណ្ឌ៧មករា បន្តអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងជាតិស្រវឹង ក្នុងមូលដ្ឋាន

2024/12/08 10:23:31 am        99
ភ្នំពេញ៖ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាបទល្មើសផ្សេងៗ អនុវត្តតាមប្រមុខថ្នាក់ដឹកនាំរបស់រដ្ឋាភិបាល តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដូច្នេះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាតិស្រវឹងនិងបទល្មើសផ្សេងៗដើម្បីបង្ការទប់ស្កាត់ រាល់បទល្មើស នៅក្នុងមូលដ្ឋាន។ជាក់ស្ដែងនៅយប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករានិងជាប្រធានគណៈបញ្ជាការឯកភាពបានដឹកនាំផ្ទាល់ កម្លាំងចម្រុះដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាតិស្រវឹងនិងបទល្មើសផ្សេងៗនៅក្នុងមូលដ្ឋានដើម្បីបង្ការទប់ស្កាត់និងដើម្បីបង្កើនភាពសន្តិសុខជូនបងប្អូនប្រជាពលរដ្ឋឲ្យមានភាពប្រសើរ។លោក ថេង សុថុល ប្រធានគណៈបញ្ជាការឯកភាព បានដឹកនាំចុះផ្ទាល់បានឲ្យដឹងថាការចុះត្រួតពិនិត្យនិងអនុវត្តច្បាប់ចរាចរណ៍នេះយោងតាមថ្នាក់ដឹកនាំដែលដាក់បទបញ្ជាឲ្យដាក់ត្រួតពិនិត្យជាប់ជាប្រចាំនិងតាមបណ្ដាលគោលដៅផ្សេងៗនៅក្នុងមូលដ្ឋានដើម្បីបង្ការទប់ស្កាត់រាល់បទល្មើសជាពិសេសគឺបទល្មើសគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងក្នុងមួយថ្ងៃមួយថ្ងៃជាច្រើនករណី បណ្ដាលឱ្យមានមនុស្សរងរបួសនិងស្លាប់ជាប់ជាប្រចាំផងដែរ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍យើងទាំងអស់គ្នាសូមចូលរួមគោរពច្បាប់ចរាចរណ៍កុំបើកបរក្នុងពេលស្ថានភាពស្រវឹង។ឆ្លៀតក្នុងឱកាសនេះ លោកវរសេនីយ៍ទោ ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ចដែលចុះអនុវត្តច្បាប់ចរាចរណ៍ នៅតាមគោលដៅ ជាប្រយោជន៍ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដោយយថាហេតុ៕អត្ថបទ៖ កុម្ភះ

ឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ម្នាក់ករណីបាញ់បោះសេរី៧១គ្រាប់ផ្អើលទាំងយប់នៅស្រុកបាទី

2024/12/07 03:38:51 pm        281
កម្លាំងនគរបាល នៃ អធិការដ្ឋាននគរបាលស្រុកបាទី ចាប់ខ្លួនជនជាតិចិនតៃវ៉ាន់ម្នាក់ ក្រោយ​បាញ់​បោះសេរី៧១គ្រាប់ ផ្អើលសមត្ថកិច្ច និង អ្នកស្រុកបាទី ។ហេតុការណ៍កើតឡើង កាលពីវេលាម៉ោង ១ជាងយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចវាលស្រែ ភូមិកណ្តាល​ ឃុំលំពង់​ ស្រុកបាទី​ ខេត្តតាកែវ​ ។នគរបាលប្រាប់ឲ្យដឹងថា ខ្មាន់កាំភ្លើង ឈ្មោះ CAI JIA YOU ជនជាតិចិនតៃវ៉ាន់ ភេទប្រុស អាយុ ២០ឆ្នាំ កាន់កាំភ្លើងខ្លី ម៉ាក Sig Sauer ។ ចំពោះមូលហេតុ នៃការបាញ់បោះសេរីនេះ ដោយសារ​ជនសង្ស័យខឹងសង្សារបែកចិត្ត ។ នគរបាលស្រុកបាទីបញ្ជាក់ថា ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់​ស្នងការដ្ឋាន​នគរបាលខេត្តតាកែវ ដើម្បីបន្តនីតិវិធី ៕ តារាវុទ្ធី

ឆ្មក់ចុះបង្ក្រាបទីតាំងលួចលាក់ប្រើប្រាស់គ្រឿងញៀនដ៏ធំមួយកន្លែង នៅខណ្ឌជ្រោយចង្វា ឃាត់មនុស្ស៩៣នាក់

2024/12/05 11:43:36 pm        237
ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជារផ្ទាល់ ដោយលោកឧត្តមសេនីយ៍ឯករ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកការឆ្មក់ចុះបង្ក្រាបទីតាំងលួចលាក់ប្រើប្រាស់គ្រឿងញៀនដ៏ធំមួយកន្លែងជ្រកក្រោមស្លាកអាជីវកម្មភោជនីយដ្ឋានហាងតែ ដោយបានឃាត់ខ្លួនក្រុមជនសង្ស័យ៩៣នាក់ និងបានដកហូតគ្រឿងញៀនជាច្រើនរយកញ្ចប់ផងដែរ ។ ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងកាលពីយប់ថ្ងៃទី០៣ឈានចូលថ្ងៃទី០៤ខែធ្នូឆ្នាំ២០២៤ស្ថិតក្នុងភូមិព្រែកតាគង់សង្កាត់ព្រែកតាសេកខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដោយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញសហការណ៍ជាមួយមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ និងដោយមានការសម្របសម្រួលនីតិវិធីច្បាប់ ពីលេាកប្លង់សុផលព្រះរាជអាជ្ញារនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។ ក្នុងការប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចអាវុធហត្ថ បានឃាត់ខ្លួនមនុស្សសរុប៩៣នាក់ ( ស្រី៤៩នាក់ ) ក្នុងនោះមាន០៣សញ្ចាតិ ខ្មែរ , ចិន និងវៀតណាម និងបានរកឃើញវត្ថុតាងគ្រឿងញៀនចម្រុះជាង៤០០កញ្ចប់ , បំពង់ខ្យល់ជាង១០០បំពង់និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនធំផ្សេងទៀតផងដែរ ។ក្រោយការឃាត់ខ្លួន ជនសង្ស័យត្រូវបានបញ្ចូនទៅសាកសួរនាំ និងឃុំខ្លួនបណ្តោះអាសន្ន នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រងចាំកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់នៅពេលក្រោយ ៕ តារាវុទ្ធី

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យឆ្មក់បង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់

2024/12/03 09:54:32 am        191
អាជ្ញាធរខណ្ឌពោធិ៍សែនជ័យឆ្មក់បង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់នៅក្នុងមូលដ្ឋាន ក្រោយ​ទទួល​បាន​សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ។អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ប្រាប់ឲ្យដឹងថា ដោយមានការណែនាំ​ពីលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ កាល​ពីវេលាម៉ោង ១៩ និង ២៤ នាទីយប់ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ លោក ផុន សុផាន អភិបាល​រងខណ្ឌពោធិ៍សែនជ័យ បានដឹកនាំគណៈកម្មការចម្រុះចុះទីតាំងស្នូកឃ័រ ០១ទីតាំង មាន​បង្កប់​ល្បែងស៊ីសង និងហ្គេមបាញ់​ត្រី ខុសច្បាប់ ស្ថិតនៅផ្ទះលេខគ្មាន ផ្លូវបេតុង ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជាក់ស្តែងក្រុមការងារពិនិត្យឃើញថាទីតាំងខាងលើនេះមានដាក់ទូរហ្គេមបាញ់ត្រី ចំនួន ០៣ទូរ និងទូរហ្គេមតូច (ហ្គេមផ្លែឈើ) ចំនួន ០២ទូរ ប៉ុន្តែមិនទាន់ដំណើរការនោះទេ។ប្រភពព័ត៌មានបន្តថា ដោយពិនិត្យឃើញបែបនេះ ក្រុមការ​សាលា​ខណ្ឌ​ពោធិ៍សែន​ជ័យ​បាន​សម្រេច​ដក​ហូត​ទូរហ្គេមបាញ់ត្រី ចំនួន ០៣ទូរ ទូរហ្គេមតូច (ហ្គេមផ្លែឈើ) ចំនួន ០២ទូរនិង​កៅអ៊ី ចំនួន ១៧ យកទៅរក្សាទុកនៅសាលាខណ្ឌពោធិ៍សែនជ័យ ដើម្បីរង់ចាំ​មាន​ចំណាត់​ការ​បន្តទៀត។ជាមួយគ្នានេះអាជ្ញាធរពោធិ៍សែនជ័យ សូមសំណូមពរប្រជាពលរដ្ឋទាំងអស់ ប្រសិនបើដឹងថា ទីណាកន្លែងណា មានលួចលាក់បើកលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ សូមផ្តល់​ដំណឹង​ជា​បន្ទាន់​ទៅ​កាន់​អាជ្ញាធរ ឬសមត្ថកិច្ច ដើម្បីមានវិធានការទប់ស្កាត់បង្ក្រាប៕ តារាវុទ្ធី

តំណាងអយ្យការសម្រេចចោទប្រកាន់ចៅសង្កាត់ចោមចៅទី២ និងស្រីម្នាក់

2024/12/01 03:04:33 pm        247
ភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លើបុគ្គល ២រូប ៖ ១- ឈ្មោះ វ៉ា សារ៉ង ភេទប្រុស ជាចៅសង្កាត់ចោមចៅទី២ ពីបទគំរាមកំហែង​ដោយមាន​បញ្ជាឲ្យបំពេញលក្ខខណ្ឌអ្វីមួយ និងបទមិនប្តឹងបរិហារពីបទឧក្រិដ្ឋ ឬបទមជ្ឈិមដោយអ្នករាជការ​សាធារណៈ តាមមាត្រា ២៣២ និងមាត្រា ៥២៨ នៃក្រមព្រហ្មទណ្ឌ។២-ឈ្មោះ ស៊ុយ ជីវ៉ា ភេទស្រី ពីបទ ប៉ុនប៉ងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា ២៧ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។លោក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រាប់ឲ្យ BTV ដឹងថា លោក វ៉ា សារ៉ង ចៅសង្កាត់ចោមចៅទី២ នៃខណ្ឌពោធិ៍សែនជ័យ និងទី២. ឈ្មោះ ស៊ុយ ជីវ៉ា ហៅ កុត ត្រូវបាននគរបាលឃាត់ខ្លួនបញ្ជូនទៅធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោយបែកធ្លាយសារសំឡេងចរចាគ្នាពាក់ព័ន្ធលុយកាក់​ក្នុងករណីជួញដូរគ្រឿង ​ហើយត្រូវបានបណ្តាសារព័ត៌មាន ក៏ដូចជា តាមបណ្តាសង្គមហ្វេសប៊ុក​ចែកចាយបន្តគ្នា ៕តារាវុទ្ធី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្សយ៉ាងហោច ៤នាក់ស្លាប់ និង ២០នាក់ផ្សេងទៀតរងរបួស ក្នុងហេតុការណ៍ផ្ទុះគ្រាប់នៅប៉ាគីស្ថាន
05/19/2025 07:05 PM
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ទទួលជួបឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំកម្ពុជា
05/19/2025 06:05 PM
នគរបាល៖ បុរសដេញចាក់មនុស្ស ៤នាក់ បណ្តាលឲ្យមនុស្ស ២នាក់ស្លាប់ នៅកូរ៉េខាងត្បូង កំពុងបន្តរត់គេចខ្លួន
05/19/2025 06:05 PM
កងទ័ពឥណ្ឌាបង្ហាញបំណែកមីស៊ីល និងយានដ្រូនប៉ាគីស្ថានដែលពួកគេបាញ់ស្កាត់
05/19/2025 05:05 PM
លោក Netanyahu ៖អ៊ីស្រាអែលត្រូវតែទប់ស្កាត់គ្រោះទុរ្ភិក្ស នៅតំបន់ហ្កាហ្សា ដើម្បី«ហេតុផលការទូត»
05/19/2025 05:05 PM
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈមួយចំនួន
05/19/2025 05:05 PM
ឧបនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ចេញដំណើរទៅចិន ដើម្បីពិភាក្សាអំពីស្ថានភាព បន្ទាប់ពីប្រឈមមុខដាក់គ្នាជាមួយឥណ្ឌា
05/19/2025 05:05 PM
ថៃ និងឥណ្ឌូនេស៊ីសន្យាពង្រឹងទំនាក់ទំនងអាស៊ាន អំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់លោក Prabowo នៅទីក្រុងបាងកក
05/19/2025 05:05 PM
រថយន្តដឹកជំនួយចាកចេញច្រកព្រំដែន Kerem Shalom ក្រោយអ៊ីស្រាអែលអនុញ្ញាតឲ្យជំនួយចូលតំបន់ហ្កាហ្សា
05/19/2025 05:05 PM
លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ចំនួន ១១៨នាក់ នៃសមាគមឧកញ៉ាកម្ពុជា ឧបត្ថម្ភថវិកាជាង ១.៧ លានដុល្លារអាម៉េរិក ជូនកាកបាទក្រហមកម្ពុជា ដើម្បីអបអរទិវា ៨ ឧសភា ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា
05/19/2025 05:05 PM