រដ្ឋបាលខណ្ឌប្ញស្សីកែវបង្ក្រាបឃ្លាំងស្តុកសាច់បង្កករាប់សិបតោនដែលនាំចូលមកពីប្រទេសថៃ
អាជ្ញាធរ និងកងកម្លាំងរាជធានីភ្នំពេញបន្តចុះត្រួតពិនិត្យទីតាំងប្រមូលផ្ដុំ ៩០ទីតាំងបន្ថែមទៀត ដើម្បីលុបបំបាត់បទល្មើសនានា ពិសេសបទល្មើសការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា
សមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កករាប់រយតោនមួយកន្លែងស្ថិតនៅខណ្ឌសែនសុខ ក្រោយសង្ស័យនាំចូលពីប្រទេសថៃ
រដ្ឋបាលខេត្តព្រះសីហនុបង្ហាញលទ្ធផលបង្ក្រាបបទល្មើស ONLINE SCAMS ៖ រកឃើញមនុស្សជិត៥ពាន់នាក់ និងដកហូតអាជ្ញាបណ្ណកាស៊ីណូចំនួន ១១ទីតាំង

សន្តិសុខ និង សង្គម

ប្រេស៊ីលព្រមានពីទឹកជំនន់ និងបំណាក់ដីបន្ថែមទៀត ខណៈភ្លៀងធ្លាក់ថ្មីវាយប្រហារភាគខាងត្បូង

2024/05/12 04:33:29 pm        177
ក្រុមអាជ្ញាធរបានព្រមានថា ភ្លៀងធ្លាក់ថ្មីនៅតំបន់កំពុងរងគ្រោះទឹកជំនន់ភាគខាងត្បូងប្រទេសប្រេស៊ីល ត្រូវគេរំពឹងថានឹងដាក់បន្ទុកដ៏ធ្ងន់បំផុតនៅចន្លោះថ្ងៃអាទិត្យ និងថ្ងៃចន្ទសប្ដាហ៍នេះ ដែលជាការនាំទុក្ខសោកជាថ្មីដល់ជនរងគ្រោះដោយទឹកជំនន់រួចទៅហើយ ដែលបានសម្លាប់មនុស្ស១៣៦ នាក់ មកទល់ពេលនេះ។ ក្រុមអាជ្ញាធររដ្ឋ បានព្រមានកាលពីល្ងាចថ្ងៃសៅរ៍អំពីហានិភ័យនៃការកើនឡើងកម្រិតទឹក និងបំណាក់ដីបន្ថែមទៀត។ អភិបាលក្រុង រីអូ គ្រែនដេ ដូ ស៊ុល ( Rio Grande do Sul) លោកអេក្វាដូ ឡេតេ (Eduardo Leite) បាននិយាយនៅក្នុងវីដេអូមួយនៅលើបណ្ដាញ Instagram ថា យើងនៅតែជួបប្រទះស្ថានភាពអាសន្ននៅឡើយ។ទីភ្នាក់ងារការពារជនស៊ីវិលបាននិយាយថា ភ្លៀងធ្លាក់ខ្លាំងកាលពីសប្តាហ៍មុនបានបណ្តាលឱ្យទន្លេក្នុងរដ្ឋកសិកម្មហៀរប្រៀបច្រាំង បណ្តាលឱ្យមនុស្សចំនួន ៨០៦ នាក់រងរបួស និង ១២៥ នាក់ទៀតបាត់ខ្លួន បន្ថែមពីលើអ្នកស្លាប់។ក្នុងចំណោមប្រជាជនជាងពីរលាននាក់ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ មានជាង ៥៣៧.០០០នាក់ ត្រូវបានបង្ខំឱ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេដោយស្នាក់នៅក្នុងជម្រកបណ្ដោះអាសន្នចំនួន ៨១.០០០ កន្លែង ។ យោងតាមសហព័ន្ធជាតិក្រុងនេះ បានឱ្យដឹងថា លំនៅឋានជាង ៩២.០០០ ខ្នង ត្រូវបានខូចខាត ឬបំផ្លាញដោយទឹកជំនន់៕

ចំនួនអ្នកស្លាប់ក្នុងទឹកជំនន់នៅកេនយ៉ា បានកើនឡើងដល់២៦៧នាក់

2024/05/12 04:30:06 pm        300
ក្រុមអាជ្ញាធរបានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ឥតឈប់នៅក្នុងប្រទេសកេនយ៉ាក្នុងរយៈពេលបីសប្តាហ៍ចុងក្រោយនេះបានឆក់យកជីវិតមនុស្សចំនួន ២៦៧ នាក់។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក គីទូរ៉េ គីនឌីគី (Kithure Kindiki) បាននិយាយថា មនុស្ស ១៨៨ នាក់ បានរងរបួស ខណៈមនុស្ស៧៥ នាក់នៅតែបាត់ខ្លួន។ លោកបានគូសបញ្ជាក់ ថាលក្ខខណ្ឌអាកាសធាតុមិនល្អ បានប៉ះពាល់ដល់មនុស្ស ៣៨៩,០០០ នាក់ដោយមនុស្សចំនួន ៥៦,០០០ គ្រួសារត្រូវបានបង្ខំឱ្យជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ។ទឹកជំនន់បានបំផ្លាញផ្ទៃដីកសិកម្ម ៩.០០០ ហិចតា និងបណ្តាលឱ្យបាត់បង់សត្វពាហនៈ ចំនួន ៤.០០០ ក្បាល។រដ្ឋាភិបាលបានបង្កើតជំរំស្នាក់នៅចំនួន ១៦៧ កន្លែង ដើម្បីជួយដល់ជនរងគ្រោះ។ប្រទេសនៅទូទាំងទ្វីបអាហ្រ្វិកខាងកើត រួមទាំងប្រទេសកេនយ៉ា តង់ហ្សានី សូម៉ាលី ប៊ូរុនឌី និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ កំពុងប្រឈមនឹងផលប៉ះពាល់ដោយសារទឹកជំនន់ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង៕

កាណាដា ចេញបញ្ជាជម្លៀសពលរដ្ឋតាមសហគមន៍ក្នុងខេត្តអាល់ប៊ើតា ព្រោះរងការគំរាមពីចំហេះព្រៃ

2024/05/12 04:07:22 pm        403
គេបានឃើញផ្សែងយ៉ាងក្រាស់កំពុងហុយចេញគ្របដណ្ដប់ពាសពេញខេត្តអាល់ប៊ើតា(Alberta) កាលពីថ្ងៃសៅរ៍ ១១ ឧសភា ខណៈអណ្ដាតភ្លើង ដែលមិនអាចគ្រប់គ្រងបាន បានបន្តឆាបឆេះនៅភាគនិរតីនៃទីក្រុងសំបូរដោយប្រេងដ៏សំខាន់របស់កាណាដា។ការជូនដំណឹងអំពីការជម្លៀសត្រូវបានចេញសម្រាប់តំបន់ជាយក្រុងហ្វត ម៉ាក់ម៉ូរ៉េ (Fort McMurray) នៃខេត្តអាល់ប៊ើតូ (Alberta) ដែលធ្វើឱ្យតំបន់នេះ ស្ថិតក្នុងចំណោមតំបន់ដែលត្រូវចាត់វិធានការ មុនគេ នៅមុនរដូវភ្លើងឆេះព្រៃចូលមកដល់ ។នៅក្នុងការជូនដំណឹងមួយកាលពីល្ងាចថ្ងៃសុក្រ ១១ឧសភា រដ្ឋាភិបាល ខេត្ត Alberta បាននិយាយថា គ្រោះថ្នាក់ពីចំហេះព្រៃ មានសភាពខ្លាំងក្លា នៅក្នុងតំបន់ព្រៃ ហ្វត ម៉ាក់ម៉ូរ៉េ និងមិនអាចគ្រប់គ្រងបានក្នុងទំហំ១.០០០ហិចតា។រដ្ឋាភិបាលសហព័ន្ធបានព្រមានថា ប្រទេសកាណាដា នឹងប្រឈមរដូវកាលភ្លើងឆេះព្រៃ ដ៏មហន្តរាយ មួយផ្សេងទៀត ខណៈខ្លួនបានព្យាករណ៍ថា សីតុណ្ហភាពនិទាឃរដូវ និងរដូវក្តៅខ្ពស់ជាងធម្មតា ភាគច្រើននៅទូទាំងប្រទេស ៕

រុស្ស៊ី ដណ្ដើមបានភូមិចំនួន៥ ក្នុងតំបន់ ខាគីវ របស់អ៊ុយក្រែន ខណៈ លោក Zelenskyy អំពាវនាវរកជំនួយ

2024/05/12 04:01:27 pm        433
រុស្ស៊ីនិយាយកាលពីថ្ងៃសៅរ៍១១ឧសភាថាខ្លួនដណ្តើមបានភូមិចំនួន៥ក្នុងតំបន់ខាគីវ (Kharkiv)ភាគឦសានរបស់ប្រទេសអ៊ុយក្រែន អំឡុងការវាយលុកដីដ៏គួរឱ្យភ្ញាក់ផ្អើល ដែលបានជំរុញឱ្យមានការជម្លៀសមនុស្សប្រមាណ១.៧៧៥នាក់ ដោយសារមានការវាយប្រហារគ្នាដ៏ខ្លាំងក្លា ខណៈលោកប្រធានាធិបតី Volodymyr Zelenskyy បានធ្វើការអំពាវនាវរកជំនួយយោធាជាបន្ទាន់។ ក្រសួងការពារជាតិរបស់ទីក្រុងមូស្គូនិយាយថា កងទ័ពរបស់ខ្លួនបានរំដោះ ភូមិចំនួន៥នៅក្នុងតំបន់ ខាគីវ របស់អ៊ុយក្រែននៅជិតព្រំដែនរុស្ស៊ីគឺភូមិ បូរីស៊ីវកា(Borysivka)ភូមិ អូហ្គើស្ទេវ (Ogirtseve) ភូមិ ផ្លេតេនីវកា (Pletenivka) ភូមិភីលណា (Pylna) និង ភូមិ ស្ទ្រីឡេចា (Strilecha) ព្រមទាំងដណ្តើមបានភូមិមួយ នៅក្នុងតំបន់ដូណេត (Donetsk) ផងដែរ ។ ក្រសួងការពារជាតិអ៊ុយក្រែនបាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសរុស្ស៊ី បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅលើតំបន់ខាគីវ ដែលជាការរុលទៅមុខតិចតួចចូលទៅក្នុងតំបន់ព្រំដែន ពីកន្លែងដែលខ្លួនត្រូវបានកងទ័ពអ៊ុយក្រែនរុញត្រឡប់ក្រោយវិញជិតពីរឆ្នាំមុន។ ក្រោយមកកាលពីថ្ងៃសៅរ៍ ទីបញ្ជាការយោធាអ៊ុយក្រែនបាននិយាយថា កងទ័ពថ្មើរជើងរបស់រុស្ស៊ី មានការគាំទ្រពីការវាយប្រហារតាមអាកាស។លោក Zelenskyy បាននិយាយនៅក្នុងសុន្ទរកថាពេលយប់របស់លោកកាលពីថ្ងៃសៅរ៍ថា កងទ័ពអ៊ុយក្រែន បាននិងកំពុងវាយប្រហារតបតនៅក្នុងភូមិនានាតាមព្រំដែនក្នុងតំបន់ខាគីវ ៕

ទឹកជំនន់ និងបំណាក់ដីនៅឥណ្ឌូនេស៊ី បានឆក់យកជីវិតមនុស្ស ២៨នាក់ និង៤នាក់បាត់ខ្លួន

2024/05/12 02:51:31 pm        222
ក្រុមអាជ្ញាធរ បាននិយាយនៅថ្ងៃអាទិត្យទី១២ឧសភា ថា ភ្លៀងធ្លាក់ខ្លាំងបានបង្កឲ្យមានទឹកជំនន់ និងបំណាក់ដី នៅក្នុងខេត្តស៊ូម៉ាត្រាខាងលិច របស់ប្រទេសឥណ្ឌូនេស៊ី ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់២៨នាក់ និង ៤ នាក់ទៀតកំពុងបាត់ខ្លួន។លោក អាប់ឌុល ម៉ាលីក (Abdul Malik) ប្រធានក្រុមជួយសង្គ្រោះប្រចាំខេត្តនេះ បានប្រាប់សារព័ត៌មាន Reuters ថា មានមនុស្ស ២៨នាក់បានស្លាប់ ហើយយើងនៅតែកំពុងស្វែងរកមនុស្ស ៤ នាក់ផ្សេងទៀតដែលកំពុងបាត់ខ្លួន ។ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ BNPB បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទឹកជំនន់ចាប់តាំងពីយប់ថ្ងៃសៅរ៍ បាននាំបង្កឲ្យមានល្បាប់គ្របដណ្ដប់តំបន់ តាណា ដាតា (Tanah Datar) ដែលប៉ះពាល់ដល់អនុសង្កាត់ចំនួន៥។ BNPB បាននិយាយថាការវាយតម្លៃចុងក្រោយរបស់ខ្លួនបានបង្ហាញថាផ្ទះសម្បែងពលរដ្ឋចំនួន ៨៤ ខ្នងនិងស្ពានចំនួន១៥ខ្សែ ត្រូវបានរងផលប៉ះពាល់ ដោយគ្រោះមហន្តរាយនេះ ដោយបន្ថែមថាគ្រឿងចក្រធុនធ្ងន់ត្រូវបានដាក់ពង្រាយដើម្បីបង្កើនល្បឿននៃការសម្អាតផ្លូវ៕

អ៊ីស្រាអែល វាយប្រហារតំបន់ហ្កាហ្សា ខណៈបញ្ជាឲ្យពលរដ្ឋក្នុងទីក្រុងរ៉ាហ្វា ជម្លៀសចេញបន្ថែមទៀត

2024/05/12 02:36:17 pm        214
អ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ ១១ ឧសភា បានវាយប្រហារផ្នែកខ្លះនៃតំបន់ហ្កាហ្សា រួមទាំងទីក្រុង រ៉ាហ្វា (Rafah) ជាទីដែលខ្លួនបានពង្រីកបញ្ជាជម្លៀស ខណៈអង្គការសហប្រជាជាតិបានព្រមានថាការលុកលុយភ្លាមៗលើទីក្រុងនេះ ដែលជាជម្រកចុងក្រោយរបស់ពលរដ្ឋហ្កាហ្សា នឹងបណ្ដាលមនុស្សប្រឈមនឹងគ្រោះមហន្តរាយកាន់តែធ្ងន់ធ្ងរ។អ្នកសារព័ត៌មាន AFP គ្រូពេទ្យ និងអ្នកឃើញហេតុការណ៍ បានរាយការណ៍ថាមានការវាយប្រហារនៅទូទាំងតំបន់ឆ្នេរ ដែលអង្គការសហប្រជាជាតិនិយាយថាការផ្តល់ជំនួយមនុស្សធម៌ត្រូវបានរារាំង បន្ទាប់ពីទាហានអ៊ីស្រាអែលបានផ្គើននឹងការប្រឆាំងជាអន្តរជាតិ និងបានចូលទៅកាន់ភាគខាងកើតក្រុងរ៉ាហ្វា ក្នុងសប្តាហ៍នេះ។ សេចក្តីថ្លែងការណ៍របស់មន្ទីរពេទ្យបាននិយាយថាមនុស្សយ៉ាងហោចណាស់ ២១ នាក់ត្រូវបានសម្លាប់ក្នុងអំឡុងការវាយប្រហារនៅកណ្តាលដែនដីហ្កាហ្សា ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ អាល់ អាកសា ម៉ាធ័រ (Al-Aqsa Martyrs) ក្នុងទីក្រុង ឌៀរ អាល់ បាឡា (Deir al-Balah) ។អ៊ីស្រាអែល បានអំពាវនាវកាលពីយប់ថ្ងៃសៅរ៍ទី១១ឧសភា ឲ្យពលរដ្ឋប៉ាឡេស្ទីន នៅក្នុងតំបន់នានានៃទីក្រុងរ៉ាហ្វា នៅភាគខាងត្បូងរបស់ដែនដីហ្កាហ្សា ជម្លៀសខ្លួនចេញមុនអ្វីដែលខ្លួន បានហៅថា ជាការពង្រីកតំបន់មនុស្សធម៌ ក្នុងទីប្រជុំជន អាល់ ម៉ាវ៉ាស៊ី ( Al-Mawasi) ក្នុងការបង្ហាញបន្ថែមទៀតថាយោធាកំពុងដើរទៅមុខតាមផែនការសម្រាប់ការវាយប្រហារដោយថ្មើរជើងលើទីក្រុងរ៉ាហ្វា៕

ក្រុមបាតុករត្រឡប់ទៅតវ៉ាតាមដងផ្លូវទូទាំងប្រទេសអ៊ីស្រាអែលឡើងវិញ ទាមទារឲ្យដោះលែងចំណាប់ខ្មាំង

2024/05/12 02:19:49 pm        282
ប្រជាពលរដ្ឋអ៊ីស្រាអែលរាប់ពាន់នាក់ បានចេញតវ៉ាតាមផ្លូវនានា កាលពីថ្ងៃសៅរ៍ ១១ ឧសភា ដោយទាមទារឱ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ធ្វើការងារបន្ថែមទៀតដើម្បីធានាឲ្យបានការដោះលែងចំណាប់ខ្មាំង ដែលកំពុងត្រូវបានឃុំខ្លួនដោយក្រុមសកម្មប្រយុទ្ធហាម៉ាសនៅតំបន់ហ្កាហ្សាស្ទ្រីប ។ នគរបាលអ៊ីស្រាអែល បានរុញក្រុមបាតុករ និងប្រើកាណុងបាញ់ទឹកទៅលើពួកគេ អំឡុងការតវ៉ាប្រឆាំងរដ្ឋាភិបាលក្នុងក្រុង Tel Aviv ។ សមាជិកគ្រួសារចំណាប់ខ្មាំង ដែលកាន់រូបថតមនុស្សជាទីស្រលាញ់របស់ពួកគេនៅតែជាប់ឃុំ បានចូលរួមជាមួយក្រុមមនុស្សដែលធ្វើបាតុកម្មនៅទីក្រុង Tel Aviv។យោងទៅតាមអាជ្ញាធរអ៊ីស្រាអែល ម្នាក់ក្នុងចំណោមក្រុមអ្នកតវ៉ា គឺ អ្នកស្រី ណាម៉ា វ៉េប៊ើក (Naama Weinberg) ដែលបងប្អូនជីដូនមួយរបស់អ្នកស្រី ឈ្មោះ អ៊ីតៃ ស្វីស្គី (Itai Svirsky) ត្រូវបានក្រុម ហាម៉ាស ចាប់យកទៅក្នុងអំឡុងការវាយលុកកាលពីថ្ងៃទី ៧ ខែតុលា នៅទីប្រជុំជនមួយក្នុងប្រទេសអ៊ីស្រាអែល ត្រូវបានសម្លាប់នៅក្នុងការជាប់ឃុំឃាំង។ អ្នកស្រីបាននិយាយដោយយោងតាមវីដេអូមួយរបស់ក្រុមហាម៉ាសដែលបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃសៅរ៍ ថាចំណាប់ថ្នូរជនជាតិអ៊ីស្រាអែលម្នាក់ទៀតបានស្លាប់។ ខណៈពេលល្ងាចបានចូលមកដល់ ក្រុមអ្នកតវ៉ាមួយចំនួនបានបិទផ្លូវធំមួយក្នុងទីក្រុងនេះ មុនពេលត្រូវបានបំបែកដោយកម្លាំងនគរបាល ដែលបានប្រើកាណុងបាញ់ទឹកដើម្បីរុញក្រុមអ្នកតវ៉ាឲ្យថយក្រោយ ហើយយ៉ាងហោចណាស់មនុស្សបីនាក់ត្រូវបានចាប់ខ្លួន៕

ទឹកជំនន់បានឆក់យកជីវិតមនុស្សជាង៣០០នាក់ នៅប្រទេសអាហ្វហ្គានីស្ថាន

2024/05/12 01:17:57 pm        132
កម្មវិធីស្បៀងអាហារពិភពលោកបាននិយាយកាលពីថ្ងៃសៅរ៍ ១១ ឧសភា ថា មនុស្សជាង ៣០០ នាក់បានស្លាប់ក្នុងទឹកជំនន់ដ៏គំហុក ដែលបានបំផ្លិចបំផ្លាញខេត្តជាច្រើនរបស់ប្រទេសអាហ្វហ្គានីស្ថាន ខណៈក្រុមអាជ្ញាធរបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន និងបានប្រញាប់ប្រញាល់ជួយសង្គ្រោះអ្នករងរបួស។ភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃសុក្រ បានធ្វើឱ្យទឹកទន្លេហក់ឡើងហៀរប្រៀបច្រាំង ហើយល្បាប់ហូរកប់ភូមិនានា និងគ្របដណ្ដប់ពាសពេញដីកសិកម្មក្នុងខេត្តមួយចំនួន។អ្នកសារព័ត៌មាន AFP បានឃើញ អ្នកនៅរស់រានមានជីវិតកាលពីថ្ងៃសៅរ៍ នាំគ្នាសម្អាតផ្លូវផ្សេងៗដែលគ្របដណ្ដប់ដោយល្បាប់ កម្ទេចកម្ទី និងអគារដែលរងការខូចខាត ។ ស្របពេលក្រុមអាជ្ញាធរ និងក្រុមអង្គការមិនមែនរដ្ឋាភិបាល បានដាក់ពង្រាយក្រុមអ្នកជួយសង្គ្រោះ និងផ្ដល់ជំនួយ ដោយព្រមានថា តំបន់មួយចំនួនត្រូវបានកាត់ផ្តាច់ដោយសារទឹកជំនន់។យោងតាមអង្គការ WFP ខេត្ត បាឡាន (Baghlan) ភាគខាងជើង គឺជាខេត្តមួយក្នុងចំណោមខេត្តជាច្រើនដែលរងគ្រោះខ្លាំងជាងគេបំផុត ដោយមនុស្សជាង ៣០០ នាក់បានស្លាប់នៅក្នុងខេត្តនេះតែមួយគត់ ហើយផ្ទះសម្បែងប្រជាពលរដ្ឋរាប់ពាន់ខ្នង ត្រូវបានបំផ្លាញ ឬខូចខាត ។ លោក រ៉ាណា ឌើរ៉ាស់ (Rana Deraz) មន្ត្រីទំនាក់ទំនងរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំប្រទេសអាហ្វហ្គានីស្ថាន បានប្រាប់សារព័ត៌មាន AFP ថា តាមព័ត៌មានបច្ចុប្បន្ន នៅក្នុងខេត្ត បាឡាន មានអ្នកស្លាប់ចំនួន ៣១១នាក់ លំនៅឋានចំនួន២.០១១ ខ្នងត្រូវបានបំផ្លាញ និងផ្ទះចំនួន២.៨០០ ខ្នងត្រូវបានខូចខាត៕

កូរ៉េខាងត្បូង ងាកទៅជួលគ្រូពេទ្យបរទេស ខណៈកូដកម្មវេជ្ជសាស្ត្រអូសបន្លាយ

2024/05/10 01:44:35 pm        230
នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃសុក្រ (១០ ឧសភា) នេះថា ប្រទេសនេះនឹងអនុញ្ញាតឱ្យវេជ្ជបណ្ឌិតបរទេសធ្វើការនៅក្នុងមន្ទីរពេទ្យរបស់ខ្លួន បន្ទាប់ពីដំណើរការពិនិត្យយ៉ាងម៉ត់ចត់មួយ ខណៈដែលការធ្វើកូដកម្មរយៈពេលជាច្រើនខែដោយក្រុមគ្រូពេទ្យហាត់ការ មិនបង្ហាញសញ្ញាធូរស្រាល។ គ្រូពេទ្យរាប់ពាន់នាក់ បានឈប់ធ្វើការនៅថ្ងៃទី២០ ខែកុម្ភៈ ដើម្បីតវ៉ាចំពោះគម្រោងរបស់រដ្ឋាភិបាលក្នុងការបណ្ដុះបណ្ដាលវេជ្ជបណ្ឌិតបន្ថែមទៀត ដែលបង្កឱ្យមានភាពចលាចលក្នុងមន្ទីរពេទ្យ។រដ្ឋាភិបាលដែលបានផ្តល់សម្បទានមួយចំនួនរួចហើយនៅក្នុងសំណើបញ្ចប់ការប្រឈមមុខដាក់គ្នានោះ បាននិយាយនៅសប្តាហ៍នេះថា វេជ្ជបណ្ឌិតដែលមានអាជ្ញាប័ណ្ណវេជ្ជសាស្ត្របរទេសនឹងត្រូវបានអនុញ្ញាតឱ្យអនុវត្តការងារនៅក្នុងប្រទេសនេះក្នុងគោលបំណងដើម្បីបន្ធូរបន្ថយការរំខានដល់សេវាកម្ម។រដ្ឋាភិបាលត្រូវបានជាប់គាំងក្នុងការប្រឈមមុខដាក់គ្នាជាមួយវេជ្ជបណ្ឌិតហាត់ការ ដែលបានបដិសេធមិនត្រឡប់ទៅធ្វើការនៅមន្ទីរពេទ្យរបស់ពួកគេវិញ បើទោះបីជាក្រសួងសុខាភិបាលកាលពីខែមុន បានយល់ព្រមកាត់បន្ថយផ្នែកខ្លះនៃកំណែទម្រង់ការបណ្តុះបណ្តាលផ្នែកវេជ្ជសាស្រ្ត ដែលបានស្នើឡើងសម្រាប់ឆ្នាំ២០២៥ ក៏ដោយ។វេជ្ជបណ្ឌិតដែលធ្វើកូដកម្មបានច្រានចោលការផ្តល់ជូននេះ ដោយទាមទារឱ្យលុបចោលទាំងស្រុងនូវផែនការបង្កើនចំនួននិស្សិតពេទ្យបន្ថែមទៀត ដែលរដ្ឋាភិបាលនិយាយថាមានសារៈសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងកង្វះខាត និងការថែទាំប្រជាជនដែលមានវ័យចំណាស់យ៉ាងឆាប់រហ័សនេះ៕

UNHCR៖ ជនភៀសខ្លួនស៊ូដង់ខាងត្បូង១,៣ លាននាក់ ត្រឡប់ទៅលំនៅឋានវិញ

2024/05/10 12:29:34 pm        173
ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UNHCR) បាននិយាយថា ជនភៀសខ្លួនស៊ូដង់ខាងត្បូង ប្រហែល ១,៣៣លាននាក់ បានវិលត្រឡប់ទៅលំនៅឋានវិញដោយខ្លួនឯង ចាប់តាំងពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពដែលបានស្តារឡើងវិញក្នុងខែតុលា ឆ្នាំ២០១៨ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៤។អង្គការ UNHCR បាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់ខ្លួន ដែលបានចេញផ្សាយនៅទីក្រុង Juba រដ្ឋធានីប្រទេសស៊ូដង់ខាងត្បូងថា ការវិលត្រឡប់ទៅវិញរបស់ប្រជាជនស៊ូដង់ខាងត្បូង ៤៥.៤២៩នាក់ ត្រូវបានផ្ទៀងផ្ទាត់ និងរាយការណ៍នៅក្នុងខែមីនា ដែលមាន១២ភាគរយច្រើនជាងកាលពីខែកុម្ភៈ។ អង្គការនេះ បានសន្មតថាមានការកើនឡើងចំពោះភាពអសន្តិសុខ នៅក្នុងប្រទេសទៅសុំសិទ្ធិជ្រកកោន ជាពិសេសនៅក្នុងប្រទេសស៊ូដង់ បានជួបអសន្តិសុខស្បៀង រួមទាំងការកាត់បន្ថយអាហារូបត្ថម្ភ និងកង្វះការងារ ព្រមទាំងឱកាសក្នុងការចិញ្ចឹមជីវិត។យោងតាមអង្គការ UNHCR បានឲ្យដឹងថា ភាគច្រើននៃអ្នកវិលត្រឡប់ទៅវិញកាលពីខែមីនា មកពីប្រទេសស៊ូដង់ និងប្រទេសអេត្យូពី។គិតត្រឹមថ្ងៃទី៣១ ខែមីនា អង្គការ UNHCR បានរាយការណ៍អំពីជនភៀសខ្លួនស៊ូដង់ខាងត្បូង ចំនួន២,២ លាននាក់ នៅក្នុងតំបន់ ដែលរួមមានប្រទេសកេនយ៉ា អ៊ុយហ្គង់ដា ស៊ូដង់ អេត្យូពី សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

BREAKING NEWS! យោធាសហរដ្ឋអាមេរិកបានបើកការវាយប្រហារថ្មីលើប្រទេសអ៊ីរ៉ង់ បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា កងកម្លាំងអាមេរិកនឹងវាយប្រហារប្រទេសនេះ «យ៉ាងខ្លាំង»
06/11/2026 06:06 AM
បឹងធំបំផុតលំដាប់ទី ៣របស់ហុងគ្រីរីងស្ងួត គំរាមកំហែងដល់វិស័យទេសចរណ៍ និងជីវិតសត្វព្រៃ
06/10/2026 09:06 PM
ក្រុមតាលីបង់៖ ការវាយប្រហារតាមច្រកអាកាសប៉ាគីស្ថាន សម្លាប់មនុស្សយ៉ាងហោច ១៣នាក់ នៅអាហ្វហ្គានីស្ថាន
06/10/2026 08:06 PM
កូរ៉េខាងត្បូង៖ កូរ៉េខាងជើងទំនង​កាន់តែមិនបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ អំឡុងសង្គ្រាមអាមេរិក-អ៊ីរ៉ង់
06/10/2026 08:06 PM
ក្រុមឆ្មាំល្បាតឆ្នេរក្រិក សង្រ្គោះជនអន្តោប្រវេសន៍ជិត ៥៥០នាក់នៅជិតកោះ Crete
06/10/2026 08:06 PM
ចិនព្រមាន EU កុំ​ដាក់​ទណ្ឌកម្ម ដោយ​កំណត់គោលដៅអង្គភាពចិន ជុំវិញទំនាក់ទំនងជាមួយ​រុស្ស៊ី
06/10/2026 08:06 PM
ប្រធានសិទ្ធិមនុស្ស៖ UN នឹងបញ្ជូនអ្នកស៊ើបអង្កេតទៅលីបង់ ជុំវិញ​លទ្ធ​ភាព​ដែល​មាន​ការរំលោភច្បាប់
06/10/2026 07:06 PM
អ៊ុយក្រែនវាយប្រហារទីតាំងជាច្រើនកន្លែងនៅកំពង់ផែ Mariupol កាន់កាប់ដោយរុស្ស៊ី
06/10/2026 07:06 PM
ប្រធានាធិបតីទួរគី៖ វត្តមានរបស់លោក Trump នៅកិច្ចប្រជុំកំពូលណាតូ គឺសំខាន់សម្រាប់ស្ថិរភាពរបស់សម្ព័ន្ធមិត្ត
06/10/2026 07:06 PM
លោក Trump៖ អ៊ីរ៉ង់បានចំណាយពេលយូរពេក ដើម្បីចរចាកិច្ចព្រមព្រៀង ហើយនឹងត្រូវប្រឈម​ផលវិបាក
06/10/2026 07:06 PM