រដ្ឋបាលខណ្ឌប្ញស្សីកែវបង្ក្រាបឃ្លាំងស្តុកសាច់បង្កករាប់សិបតោនដែលនាំចូលមកពីប្រទេសថៃ
អាជ្ញាធរ និងកងកម្លាំងរាជធានីភ្នំពេញបន្តចុះត្រួតពិនិត្យទីតាំងប្រមូលផ្ដុំ ៩០ទីតាំងបន្ថែមទៀត ដើម្បីលុបបំបាត់បទល្មើសនានា ពិសេសបទល្មើសការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា
សមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យឃ្លាំងស្តុកសាច់បង្កករាប់រយតោនមួយកន្លែងស្ថិតនៅខណ្ឌសែនសុខ ក្រោយសង្ស័យនាំចូលពីប្រទេសថៃ
រដ្ឋបាលខេត្តព្រះសីហនុបង្ហាញលទ្ធផលបង្ក្រាបបទល្មើស ONLINE SCAMS ៖ រកឃើញមនុស្សជិត៥ពាន់នាក់ និងដកហូតអាជ្ញាបណ្ណកាស៊ីណូចំនួន ១១ទីតាំង

សន្តិសុខ និង សង្គម

បុគ្គលិកនៅអាហ្សង់ទីន ធ្វើកូដកម្មប្រឆាំងកំណែទម្រង់របស់ប្រធានាធិបតី Milei

2024/05/10 12:26:23 pm        231
សហជីពនានានៅប្រទេសអាហ្សង់ទីន បានធ្វើកូដកម្មទ្រង់ទ្រាយធំកាលពីថ្ងៃព្រហស្បតិ៍ ប្រឆាំងវិធានការរឹតត្បិតថវិកាតឹងរ៉ឹង និងកំណែទម្រង់តាមផែនការធ្វើឡើងដោយប្រធានាធិបតីសេរីនិយមថ្មី លោក ចាវីអឺ មីឡេ(Javier Milei) ដែលជំរុញកាត់បន្ថយការចំណាយដើម្បីធ្វើឱ្យទីផ្សារក្នុងស្រុកមានស្ថិរភាព ប៉ុន្តែបានរារាំងដល់សេដ្ឋកិច្ចពិតប្រាកដ។ប្រទេសនៅអាមេរិកខាងត្បូងមួយនេះ បានឃើញការដឹកជញ្ជូនសាធារណៈ វិស័យកិនគ្រាប់ធញ្ញជាតិសំខាន់ៗ ផ្សារទំនើប អាកាសយានដ្ឋាន និងធនាគារ បានផ្អាក រយៈពេល២៤ម៉ោង ខណៈសហជីពធំៗភាគច្រើន បានចូលរួមក្នុងសកម្មភាពតវ៉ាប្រឆាំងរដ្ឋាភិបាល។ កូដកម្មនេះ ត្រូវបានគេមើលឃើញថាជើងហោះហើរក៏ត្រូវបានផ្អាក កំពង់ផែមិនដំណើរការ ហើយសាលារៀននិងសាកលវិទ្យាល័យនៅបើកទ្វារមួយចំនួនប៉ុណ្ណោះ។ ទីផ្សារនានា បានកាត់បន្ថយសកម្មភាពកាលពីថ្ងៃព្រហស្បតិ៍ ខណៈធនាគារនៅតែបិទ ដោយសារបុគ្គលិករបស់ពួកគេធ្វើកូដកម្ម។រដ្ឋាភិបាល បានរិះគន់កូដកម្មនេះថាមិនសមហេតុផល និងបាននិយាយថា វានឹងធ្វើឲ្យប៉ះពាល់ដល់អ្នកដែលចង់ធ្វើការ។លោក Milei ជាសេដ្ឋវិទូ និងជាអតីតអ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយ បានទទួលជ័យជម្នះក្នុងការបោះឆ្នោតដ៏គួរឱ្យភ្ញាក់ផ្អើលមួយកាលពីឆ្នាំមុន ដោយសន្យាថានឹងជួសជុលស្លាកស្នាមនៃវិបត្តិសេដ្ឋកិច្ច នៅក្រោមរដ្ឋាភិបាលមុនៗ ដែលនាំឱ្យអស់ទុនបម្រុង និងអតិផរណាកើនឡើងដល់តួលេខបីខ្ទង់។ មនុស្សជាច្រើននៅក្នុងប្រទេសអាហ្សង់ទីន នៅតែគាំទ្រផែនការរបស់លោក បន្ទាប់ពីមានភាពចលាចលជាច្រើនឆ្នាំ។ ទោះជាយ៉ាងណា ជំហរគាំទ្រទីផ្សាររបស់លោក និងវិធានការរឹតត្បិតថវិកាដ៏តឹងរ៉ឹង បានធ្វើឱ្យប៉ះពាល់ដល់ប្រាក់ខែពិតប្រាកដរបស់ប្រជាជន ដោយបានជំរុញឱ្យមានកម្រិតនៃភាពក្រីក្រខ្ពស់ កើតមានរួចទៅហើយ។

អ៊ុយក្រែន បានវាយប្រហាររោងចក្រចម្រាញ់ប្រេងដែលមានចម្ងាយ ៧៤៦ម៉ាយ ក្នុងប្រទេសរុស្ស៊ី

2024/05/10 12:16:13 pm        314
អ៊ុយក្រែន បានបំបែកឯកទក្តកម្មជាមួយនឹងការវាយប្រហាររយៈចម្ងាយឆ្ងាយទៅលើរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ ដោយវាយចំគោលដៅចម្ងាយ ៧៤៦ ម៉ាយពីព្រំដែន។ប្រភពការពារជាតិអ៊ុយក្រែន បាននិយាយថា ការវាយប្រហារដោយយានដ្រូនដែលបានត្រូវចំរោងចក្រចម្រាញ់ប្រេង នៅក្នុងសាធារណៈរដ្ឋ បាស្កត់តូស្ថាន ( Bashkortostan) របស់រុស្ស៊ី គឺជាការងាររបស់សេវាសន្តិសុខ SBU ហើយត្រូវបានអនុវត្តនៅក្នុង«កំណត់ត្រានៃការវាយប្រហាររយៈចម្ងាយឆ្ងាយ»នេះ។ប្រភពនោះ បានបន្ថែមថា យានដ្រូននឡ ហោះបានចម្ងាយសរុប ១.៥០០ គីឡូម៉ែត្រ។ប្រភពដដែល បានអះអាងថា សេវាសន្តិសុខ SBU បានបង្ហាញជាថ្មីម្តងទៀតថា ខ្លួនមានដំណោះស្រាយផ្នែកបច្ចេកវិជ្ជាដ៏សំខាន់ដែលជួយក្នុងការវាយលុកដ៏ខ្លាំងក្លាទៅលើសត្រូវ»។មុននេះ សេវាសន្តិសុខ បានរាយការណ៍ថា យានដ្រូនរបស់អ៊ុយក្រែន បានវាយប្រហារឃ្លាំងស្តុកប្រេងចំនួនពីរ ក្នុងប្រទេសរុស្ស៊ី បណ្តាលឲ្យមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅ។មន្ត្រីចារកម្មអ៊ុយក្រែនម្នាក់ បាននិយាយថា ឃ្លាំងស្តុកប្រេង ត្រូវបានប្រើប្រាស់ជាមជ្ឈមណ្ឌលដឹកជញ្ជូន ដើម្បីផ្គត់ផ្គង់កងទ័ព នៅក្នុងឧបទ្វីបគ្រីម៉េដែលកាន់កាប់ដោយរុស្ស៊ី នៅក្បែរនោះ។

សហរដ្ឋអាមេរិក បារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពប្រឆាំងនឹងបាតុករនៅប្រទេសហ្ស៊កហ្ស៊ី

2024/05/10 11:36:32 am        216
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (០៩ ឧសភា) ថា សហរដ្ឋអាមេរិក មានការព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះចំណាត់ការប្រឆាំងនឹងក្រុមបាតុករដែលតវ៉ានឹងសេចក្តីព្រាងច្បាប់នៅប្រទេសហ្ស៊កហ្ស៊ី ហើយរដ្ឋាភិបាលគួរតែផ្លាស់ប្តូរទិសដៅរបស់ខ្លួន ។លោក ម៉ាធូ មីលឡឺ (Matthew Miller) បាននិយាយថា «យើងបានដឹងពីកំណើនរបាយការណ៍នៃការយាយី និងការវាយដំលើរាងកាយរបស់ក្រុមសង្គមស៊ីវិល និងសកម្មជន និងអ្នកសារព័ត៌មាននៅក្នុងការតវ៉ានោះ។ យើងថ្កោលទោសចំពោះរឿងនេះ ហើយយើងអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យពេញលេញ និងទាន់ពេលវេលា»។កងកម្លាំងសន្តិសុខហ្ស៊កហ្ស៊ី បានប្រើប្រាស់ម្តងហើយម្តងទៀតនូវឧស្ម័នបង្ហូរទឹកភ្នែក ស្ព្រេយម្រេច និងកាណុងបាញ់ទឹកប្រឆាំងនឹងបាតុករ ដែលបានធ្វើបាតុកម្មស្ទើរតែរាល់ថ្ងៃអស់រយៈពេលប្រហែលមួយខែ ប្រឆាំងនឹងច្បាប់ «ភ្នាក់ងារបរទេស» របស់រដ្ឋាភិបាល។ក្រុមបាតុករនិយាយថា ច្បាប់នេះមានលក្ខណៈផ្តាច់ការ និងត្រូវបានបំផុសគំនិតដោយច្បាប់ស្រដៀងគ្នានៅក្នុងប្រទេសរុស្ស៊ី ដែលត្រូវបានប្រើដើម្បីទប់ស្កាត់ការមិនពេញចិត្តនៅទីនោះ។ សេវាសន្តិសុខរដ្ឋរបស់ហ្ស៊កហ្ស៊ី កាលពីថ្ងៃពុធ បានចោទប្រកាន់អ្នករៀបចំការតវ៉ាថាព្យាយាមដណ្តើមអំណាចតាមរយៈអំពើហិង្សា ហើយបានព្រមានប្រជាជនមិនឱ្យចូលរួមក្នុងការតវ៉ា៕

លោក Netanyahu ផ្គើននឹងសហរដ្ឋអាមេរិក ក្រោយលោក Biden គំរាមបញ្ឈប់ការផ្គត់ផ្គង់អាវុធ

2024/05/10 09:14:10 am        163
លោក Benjamin Netanyahu បានបោះសម្ដីផ្គើនទៅនឹងសហរដ្ឋអាមេរិក ចំពោះការលើកឡើងរបស់លោកBidenដែលថានឹងលែងបញ្ជូនអាវុធឲ្យមកខ្លួន ដោយនិយាយថា អ៊ីស្រាអែលអាច ឈរតែម្នាក់ឯងបាន ដែលការគំរាមនេះកើតឡើង បន្ទាប់ពីសហរដ្ឋអាមេរិក បានព្រមានថា ខ្លួនអាចឈប់ផ្ដល់ជញ្ជូនអាវុធឲ្យទៀត ប្រសិនបើនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បញ្ជាឱ្យលុកលុយពេញទំហឹងលើ ទីក្រុង រ៉ាហ្វា (Rafah) នៅក្នុងតំបន់ ហ្កាហ្សាហែកហួរដោយសង្គ្រាម។ លោកបាននិយាយថា ប្រសិនបើយើងត្រូវតែប្រយុទ្ធដោយជៀសមិនរួច យើងនឹងឈរតែម្នាក់ឯង។ ខ្ញុំបាននិយាយហើយ ថាប្រសិនបើចាំបាច់យើងនឹងប្រយុទ្ធដោយប្រើគ្រឿងយុទ្ធោបករណ៍ទាំងអស់ដែលយើងមាន ។ លោកប្រធានាធិបតីអាមេរិក Joe Biden បាននិយាយថា លោកនឹងឈប់ផ្ដល់អាវុធមួយចំនួន រួមទាំងកាំភ្លើងធំ ប្រសិនបើទីក្រុងរ៉ាហ្វា ត្រូវបានឈ្លានពានមែននោះ។ សហរដ្ឋអាអាមេរិក បានផ្អាកការដឹកជញ្ជូនគ្រាប់បែករួចហើយ ដោយសារការបារម្ភពីការស្លាប់ជនស៊ីវិល។យ៉ាងណាក៏ដោយ កាលពីថ្ងៃព្រហស្បតិ៍ទី៩ ឧសភា សប្ដាហ៍នេះ លោក Netanyahu បានរំលឹកឡើងវិញនូវសង្រ្គាមឆ្នាំ១៩៤៨ ដើម្បីច្រានចោលការព្រមានពីសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់អ៊ីស្រាអែល។ លោកបានបញ្ជាក់ថា ក្នុងសង្គ្រាមឯករាជ្យកាលពី ៧៦ ឆ្នាំមុន យើងពុំមានអាវុធច្រើនទេ ប៉ុន្តែយើងមានកម្លាំងខ្លាំងនៃស្មារតី វីរភាព និងការរួបរួមក្នុងចំណោមយើងទាំងអស់គ្នា ហើយយើងក៏បានទទួលជ័យជម្នះ៕

មន្ត្រី UN៖ ការបិទច្រកឆ្លងកាត់តំបន់ហ្កាហ្សា របស់អ៊ីស្រាអែល បំផ្លាញការផ្ដល់ជំនួយ

2024/05/10 08:23:46 am        106
មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិមួយរូប បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ (០៩ ឧសភា) ថា ការបិទច្រកសំខាន់ៗរបស់អ៊ីស្រាអែល ទៅកាន់តំបន់ហ្កាហ្សា បានកាត់ផ្តាច់ច្រកចូលសំខាន់សម្រាប់ជំនួយ និងជាពិសេសប្រេងឥន្ធនៈ ដែលធ្វើឱ្យប្រតិបត្តិការមនុស្សធម៌ទាំងអស់មិនអាចទៅរួច។អ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ បានបិទច្រក កេរឹម សាលូម (Kerem Shalom) ដ៏សំខាន់រវាងអ៊ីស្រាអែល និងភាគខាងត្បូងហ្កាហ្សា ដែលជំនួយមនុស្សធម៌ភាគច្រើនចូលទៅក្នុងទឹកដីប៉ាឡេស្ទីនតាមរយៈនោះ បន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់ក្រុមហាម៉ាស បានសម្លាប់ទាហានអ៊ីស្រាអែលបួននាក់នៅក្នុងតំបន់នោះ។លោក អាន់ឌ្រា ដឺ ដូមេនីកូ (Andrea De Domenico) ប្រធានការិយាល័យមនុស្សធម៌របស់អង្គការសហប្រជាជាតិ OCHA នៅក្នុងតំបន់កាន់កាប់ប៉ាឡេស្ទីនបាននិយាយថា «យើងបានបាត់បង់ចំណុចសំខាន់សម្រាប់ជំនួយមនុស្សធម៌ទាំងអស់»។ កាលពីថ្ងៃអង្គារ កងទ័ពអ៊ីស្រាអែលបានឡោមព័ទ្ធ និងបិទច្រកព្រំដែនរ៉ាហ្វា (Rafah) ខាងភាគីប៉ាឡេស្ទីន បន្ទាប់ពីបានបញ្ជាឱ្យប្រជាជននៅភាគខាងកើតក្រុង រ៉ាហ្វា ជម្លៀសចេញ។សូម្បីតែមុនពេលច្រករ៉ាហ្វា ត្រូវបានបិទក៏ដោយ លោក ដូមេនីកូ និយាយថា អង្គការសហប្រជាជាតិ បានជំរុញឱ្យមានមធ្យោបាយជំនួសដើម្បីនាំយកឥន្ធនៈចូលទៅក្នុងទឹកដីហ៊ុមព័ទ្ធនេះ ស្របពេលមានការព្រួយបារម្ភអំពីការគំរាមកំហែងរបស់អ៊ីស្រាអែល ក្នុងការបើកការវាយប្រហារជើងគោកលើទីក្រុងភាគខាងត្បូង ដែលអង្គការសហប្រជាជាតិនិយាយថាមនុស្ស ១,៤ លាននាក់កំពុងជ្រកកោន៕

អ៊ីស្រាអែលវាយប្រហារភាគខាងកើតក្រុងរ៉ាហ្វា ខណៈកិច្ចចរចាបទឈប់បាញ់បញ្ចប់ដោយគ្មានកិច្ចព្រមព្រៀង

2024/05/10 08:07:49 am        180
ប្រជាជនប៉ាឡេស្ទីនបាននិយាយថា កងកម្លាំងអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើតំបន់នានារបស់ទីក្រុងរ៉ាហ្វា (Rafah) កាលពីថ្ងៃព្រហស្បតិ៍ ទី៩ ឧសភា ខណៈលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បានច្រានចោលការគំរាមរបស់ប្រធានាធិបតីអាមេរិក Joe Biden ក្នុងការឈប់ផ្ដល់អាវុធឲ្យទៅអ៊ីស្រាអែល ប្រសិនបើខ្លួន វាយលុកទីក្រុងហ្កាហ្សា ភាគខាងត្បូង។ មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែល បាននិយាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា ការចរចាដោយប្រយោលចុងក្រោយបំផុតនៅទីក្រុងគែរ(Cairo)ប្រទេសអេហ្ស៊ីប ដើម្បីបញ្ឈប់អរិភាពនៅតំបន់ហ្កាហ្សាបានបញ្ចប់ ដោយគ្មានកិច្ចព្រមព្រៀង ហើយអ៊ីស្រាអែល នឹងបន្តប្រតិបត្តិការរបស់ខ្លួននៅរ៉ាហ្វា និងផ្នែកផ្សេងទៀតនៃដែនដីហ្កាហ្សាស្ទ្រីប តាមការគ្រោងទុក។មន្ត្រីបាននិយាយថា អ៊ីស្រាអែល បានដាក់ជូនក្រុមអ្នកសម្រមសម្រួលនូវការបម្រុងរបស់ខ្លួនអំពីសំណើរបស់ក្រុមហាម៉ាសសម្រាប់កិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង។លោក Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូមួយថា ប្រសិនបើយើងត្រូវតែប្រយុទ្ធ យើងនឹងត្រូវប្រើគ្រប់មធ្យោបាយទាំងអស់ដែលយើងមាន ហើយមានច្រើនជាងសត្រូវរបស់យើង ក្នុងករណីអាមេរិក ឈប់ផ្ដល់អាវុធឲ្យទៀត។ នៅតំបន់ហ្កាហ្សា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស និងក្រុមជីហាតអ៊ីស្លាម បាននិយាយថា ក្រុមអ្នកប្រយុទ្ធរបស់ពួកគេ បានបាញ់គ្រាប់រ៉ូកែតប្រឆាំងរថក្រោះ និងកាំភ្លើងត្បាល់ទៅលើរថក្រោះអ៊ីស្រាអែល ដែលប្រមូលផ្តុំនៅជាយក្រុងភាគខាងកើត។ក្រុមអ្នកស្រុក និងគ្រូពេទ្យនៅតំបន់រ៉ាហ្វា ដែលជាតំបន់ជាយទីក្រុងដ៏ធំបំផុតនៅក្នុងតំបន់ហ្កាហ្សា មិនទាន់ត្រូវបានវាយលុកដោយកងកម្លាំងថ្មើរជើងករបស់អ៊ីស្រាអែលនៅឡើយនោះ បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលនៅជិតវិហារអ៊ីស្លាមមួយកន្លែង បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣នាក់ និងមួយចំនួនរងរបួសនៅក្នុងតំបន់ភាគខាងកើត៕

នគរបាលទួរគី ឃុំខ្លួនជនសង្ស័យ១៥នាក់ ពាក់ព័ន្ធទៅនឹងរដ្ឋប្រហារបរាជ័យ ឆ្នាំ២០១៦

2024/05/09 01:35:55 pm        91
យោងតាមប្រធានការិយាល័យរដ្ឋអាជ្ញាសាធារណៈនៅទីក្រុងអង់ការ៉ា បាននិយាយកាលពីថ្ងៃពុធថា នគរបាលប្រទេសទួរគី បានឃុំខ្លួនជនសង្ស័យចំនួន១៥នាក់ ជុំវិញការជាប់ពាក់ព័ន្ធដែលបានចោទប្រកាន់ចំពោះបណ្តាញមួយប៉ុនប៉ងធ្វើរដ្ឋប្រហារ កាលពីឆ្នាំ២០១៦។ការិយាល័យ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា នគរបាលបានបើកការវាយឆ្មក់ នៅក្នុងរដ្ឋធានី បន្ទាប់ពីរដ្ឋអាជ្ញា បានចេញដីកាចាប់ខ្លួនជនសង្ស័យចំនួន១៦នាក់ ដែលត្រូវបានគេជឿថាជាសមាជិកនៃអង្គការមួយ។សេចក្តីថ្លែងការណ៍បាននិយាយបន្ថែមថា ប្រតិបត្តិការរបស់នគរបាល កំពុងដំណើរការដើម្បីចាប់ខ្លួនជនសង្ស័យដែលនៅសល់។ ជនសង្ស័យ ត្រូវបានគេជឿថា មានទំនាក់ទំនងជាមួយចលនា Gulen ជាបណ្តាញមួយដែលតាមការចោទប្រកាន់ថា ដឹកនាំដោយបព្វជិត លោក Fethullah Gulen មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ហើយត្រូវបានដាក់កំហុសដោយរដ្ឋាភិបាលទួរគី សម្រាប់ការរៀបចំការប៉ុនប៉ងធ្វើរដ្ឋប្រហារ កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៦ បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់២៥០នាក់ ស្លាប់។បន្ទាប់ពីការប៉ុនប៉ងនេះ រដ្ឋាភិបាល បានចាប់ផ្តើមការបង្ក្រាបទ្រង់ទ្រាយធំ លើបុគ្គលដែលសង្ស័យថាមានទំនាក់ទំនងជាមួយចលនានេះ។

និស្សិតនៅសាកលវិទ្យាល័យអង់គ្លេសជាង១០ សាកលវិទ្យាល័យ តវ៉ាប្រឆាំងអ៊ីស្រាអែល

2024/05/09 01:28:41 pm        85
ការតវ៉ាប្រឆាំងការវាយលុករបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សាស្ទ្រីប បានធ្វើឡើងនៅសាកលវិទ្យាល័យអង់គ្លេសជាង១០សាកលវិទ្យាល័យ ខណៈបាតុកម្មនៅបរិវេណសាកលវិទ្យាល័យនានានៅសហរដ្ឋអាមេរិកនៅតែបន្តការតវ៉ា ដោយអ្នកតវ៉ាជាច្រើននាក់ត្រូវបានចាប់ខ្លួន។ និស្សិត និងបុគ្គលិក នៅសាកលវិទ្យាល័យខេមប្រ៊ីជ បានបោះជំរំតង់ជិត៥០តង់។ក្រុមបាតុករ កំពុងទាមទារឱ្យសាកលវិទ្យាល័យបញ្ឈប់ការវិនិយោគជាមួយក្រុមហ៊ុនដែលផ្គត់ផ្គង់សព្វាវុធដល់ប្រទេសអ៊ីស្រាអែល។ ពួកគេ និយាយថា មិនគួរទទួលយកមូលនិធិស្រាវជ្រាវពីក្រុមហ៊ុនបែបនេះទេ។ និស្សិតម្នាក់ បាននិយាយថាគោលបំណងរបស់ពួកគេ គឺដើម្បីធ្វើឱ្យប្រាកដថាតម្លៃសិក្សារបស់ពួកគេ មិនត្រូវបានប្រើប្រាស់សម្រាប់អ្វីមួយដែលពួកគេមិនយល់ស្របជាមួយ។ និស្សិតរូបនេះ និយាយបន្ថែមថា ការតវ៉ានឹងបន្តរហូតដល់សាកលវិទ្យាល័យ ស្តាប់ការទាមទាររបស់ពួកគេ។នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានថ្លែងននៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា មានការកើនឡើងដែលមិនអាចទទួលយកបាននូវការប្រឆាំងជនជាតិជ្វីហ្វនៅក្នុងបរិវេណសាកលវិទ្យាល័យ។លោក Sunak ត្រូវបានគេរំពឹងថា នឹងអំពាវនាវឱ្យសាកលវិទ្យាល័យទាំងអស់ចាត់វិធានការរឹងមាំ ចំពោះអាកប្បកិរិយាមិនអាចទទួលយកបាន នៅក្នុងកិច្ចប្រជុំ នៅការិយាល័យនាយករដ្ឋមន្រ្តី របស់លោក។

នគរបាលប៉ះទង្គិចជាមួយបាតុករក្នុងការតវ៉ាគាំទ្រប៉ាឡេស្ទីន នៅសាកលវិទ្យាល័យហូឡង់

2024/05/09 01:25:28 pm        59
នគរបាលប្រឆាំងកុបកម្មរបស់ប្រទេសហូឡង់ បានប៉ះទង្គិចជាមួយក្រុមបាតុករនៅសាកលវិទ្យាល័យ អាំស្ទែដាំ (Amsterdam) កាលពីថ្ងៃពុធ (០៨ ឧសភា) ស្របពេលដែលបាតុករជាច្រើននាក់នៅមហាវិទ្យាល័យរបស់សហរដ្ឋអាមេរិក ត្រូវបានចាប់ខ្លួនក្នុងពេលមួយយប់ ខណៈការតវ៉ាដែលដឹកនាំដោយនិស្សិតប្រឆាំងនឹងសង្គ្រាមរបស់អ៊ីស្រាអែលនៅហ្កាហ្សា បានធ្វើឱ្យកក្រើកសាកលវិទ្យាល័យកាន់តែច្រើននៅសងខាងនៃមហាសមុទ្រអាត្លង់ទិក។នៅក្នុងទីក្រុងអាំស្ទែដាំ ក្រុមបាតុករ ដែលឈរនៅលើរនាំងដែលបង្កើតពីតុ ឥដ្ឋ និងបន្ទះឈើ បានប្រើបំពង់ពន្លត់អគ្គិភ័យដើម្បីរុញច្រាននគរបាលនៅក្នុងការប៉ះទង្គិចគ្នានោះ។ វីដេអូរបស់សារព័ត៌មានរ៉យទ័រ បានបង្ហាញ មន្ត្រីនគរបាល បានប្រើឧបករណ៍កុបកម្ម ហើយវាយទៅលើក្រុមបាតុករដោយដំបង និងវាយកម្ទេចរនាំង ដោយអូសនិស្សិតវ័យក្មេងៗជាច្រើននាក់ចេញ ខណៈដែលមនុស្សរាប់រយនាក់ផ្សេងទៀតបានស្រែកពាក្យតវ៉ា។ការប្រឈមមុខដាក់គ្នានេះ បានគូសបញ្ជាក់ពីភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងបរិវេណសាលាអឺរ៉ុប បន្ទាប់ពីភាពចលាចលជាច្រើនសប្តាហ៍នៅសាកលវិទ្យាល័យជាច្រើនរបស់សហរដ្ឋអាមេរិក ខណៈដែលនិស្សិតអំពាវនាវឱ្យមានបទឈប់បាញ់នៅក្នុងជម្លោះអ៊ីស្រាអែល-ហ្កាហ្សា។និស្សិតទាំងនៅសហរដ្ឋអាមេរិក និងអឺរ៉ុប បាននិងកំពុងធ្វើបាតុកម្មភាគច្រើនដោយសន្តិវិធី ដោយអំពាវនាវឱ្យមានបទឈប់បាញ់ជាអចិន្ត្រៃយ៍ និងឱ្យសាលារៀនរបស់ពួកគេកាត់ផ្តាច់ទំនាក់ទំនងហិរញ្ញវត្ថុជាមួយក្រុមហ៊ុន ដែលពួកគេនិយាយថាទទួលបានផលចំណេញពីការគៀបសង្កត់លើពលរដ្ឋប៉ាឡេស្ទីន៕

មេដឹកនាំស៊ូដង់៖ គ្មានការចរចា និងបទឈប់បាញ់ទេ រហូតដល់កងកម្លាំងយោធាប៉ារ៉ា បរាជ័យ

2024/05/09 01:14:20 pm        114
ប្រធានក្រុមប្រឹក្សាអធិបតេយ្យភាពបណ្តោះអាសន្នរបស់ប្រទេសស៊ូដង់ លោក Abdel Fattah Al-Burhan កាលពីថ្ងៃពុធ បាននិយាយថា នឹងពុំមានការចរចា ឬបទឈប់បាញ់ទេ រហូតដល់កងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF) ត្រូវបរាជ័យ។ ក្រុមប្រឹក្សាអធិបតេយ្យភាព បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា លោក Al-Burhan ដែលជាមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) បាននិយាយដូច្នេះ ទៅកាន់កងកម្លាំងយោធានៅក្នុងរដ្ឋ ទន្លេនីល(River Nile) ភាគខាងជើងប្រទេសស៊ូដង់។ លោក Al-Burhan និយាយថា នឹងគ្មានការចរចា គ្មានសន្តិភាព និងគ្មានបទឈប់បាញ់ឡើយ លុះត្រាតែបន្ទាប់ពីក្រុមបះបោរនេះត្រូវបរាជ័យ ដូច្នេះប្រទេសនេះអាចរស់នៅក្នុងសន្តិភាព។ការនិយាយលើកឡើងរបស់លោក Al-Burhan បានធ្វើឡើងមួយថ្ងៃ បន្ទាប់ពីការប្រយុទ្ធគ្នាដោយហិង្សា រវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់(SAF) និងកងកម្លាំងគាំទ្ររហ័ស(RSF) នៅក្នុងរដ្ឋ North Kordofan ។ កាលពីថ្ងៃអង្គារកងកម្លាំងគាំទ្ររហ័ស(SAF) បានប្រកាសនៅលើទំព័រ Facebook របស់ខ្លួនថា កងពលធំថ្មើរជើងទី៥ របស់កងទ័ព បានទទួលជ័យជម្នះនៅក្នុងទីក្រុង El Obeid រដ្ឋធានីនៃរដ្ឋ North Kordofan ។ ទោះជាយ៉ាងណា កងកម្លាំងប្រដាប់អាវុធស៊ូដង់(RSF) កាលពីថ្ងៃពុធ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនបានវាយរុញច្រានការវាយលុករបស់កងកម្លាំងគាំទ្ររហ័ស (SAF) នៅក្នុងរដ្ឋ North Kordofan ។ គំនិតផ្តួចផ្តើមសន្តិភាពមួយចំនួន ត្រូវបានជំរុញឆ្ពោះទៅមុខដើម្បីបញ្ចប់ជម្លោះប្រដាប់អាវុធនៅក្នុងប្រទេសស៊ូដង់ រួមទាំងធ្វើឡើងដោយសហភាពអាហ្រ្វិក អាជ្ញាធរអន្តររដ្ឋាភិបាលលើការអភិវឌ្ឍន៍ ប្លុកអាហ្វ្រិកខាងកើត ប្រទេសអារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាមេរិក ប៉ុន្តែរហូតមកដល់ពេលនេះបានបរាជ័យទាំងអស់។ យោងតាមអង្គការសហប្រជាជាតិបានឲ្យដឹងថា ពាក់កណ្តាលនៃចំនួនប្រជាជនស៊ូដង់ ប្រហែល២៥លាននាក់ ត្រូវការជំនួយមនុស្សធម៌ និងការការពារ ដោយមនុស្សជិត១៨លាននាក់ប្រឈមមុខទៅនឹងអសន្តិសុខស្បៀងធ្ងន់ធ្ងរ។យោងតាមការប៉ាន់ប្រមាណនាពេលថ្មីៗនេះ ដោយការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកការសម្របសម្រួលកិច្ចការមនុស្សធម៌ បានឲ្យដឹងថា ចាប់តាំងពីជម្លោះរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់(SAF) និងកងកម្លាំងគាំទ្ររហ័ស(RSF) បានផ្ទុះឡើងនៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២៣ អ្នកស្លាប់និងរងរបួសប្រហែល១៥.០០០នាក់ ត្រូវបានកត់ត្រា ខណៈចំនួនប្រជាជនភៀសខ្លួននៅខាងក្នុង និងខាងក្រៅប្រទេសស៊ូដង់ បានកើនឡើងដល់ ៨,២ លាននាក់ ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បឹងធំបំផុតលំដាប់ទី ៣របស់ហុងគ្រីរីងស្ងួត គំរាមកំហែងដល់វិស័យទេសចរណ៍ និងជីវិតសត្វព្រៃ
06/10/2026 09:06 PM
ក្រុមតាលីបង់៖ ការវាយប្រហារតាមច្រកអាកាសប៉ាគីស្ថាន សម្លាប់មនុស្សយ៉ាងហោច ១៣នាក់ នៅអាហ្វហ្គានីស្ថាន
06/10/2026 08:06 PM
កូរ៉េខាងត្បូង៖ កូរ៉េខាងជើងទំនង​កាន់តែមិនបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ អំឡុងសង្គ្រាមអាមេរិក-អ៊ីរ៉ង់
06/10/2026 08:06 PM
ក្រុមឆ្មាំល្បាតឆ្នេរក្រិក សង្រ្គោះជនអន្តោប្រវេសន៍ជិត ៥៥០នាក់នៅជិតកោះ Crete
06/10/2026 08:06 PM
ចិនព្រមាន EU កុំ​ដាក់​ទណ្ឌកម្ម ដោយ​កំណត់គោលដៅអង្គភាពចិន ជុំវិញទំនាក់ទំនងជាមួយ​រុស្ស៊ី
06/10/2026 08:06 PM
ប្រធានសិទ្ធិមនុស្ស៖ UN នឹងបញ្ជូនអ្នកស៊ើបអង្កេតទៅលីបង់ ជុំវិញ​លទ្ធ​ភាព​ដែល​មាន​ការរំលោភច្បាប់
06/10/2026 07:06 PM
អ៊ុយក្រែនវាយប្រហារទីតាំងជាច្រើនកន្លែងនៅកំពង់ផែ Mariupol កាន់កាប់ដោយរុស្ស៊ី
06/10/2026 07:06 PM
ប្រធានាធិបតីទួរគី៖ វត្តមានរបស់លោក Trump នៅកិច្ចប្រជុំកំពូលណាតូ គឺសំខាន់សម្រាប់ស្ថិរភាពរបស់សម្ព័ន្ធមិត្ត
06/10/2026 07:06 PM
លោក Trump៖ អ៊ីរ៉ង់បានចំណាយពេលយូរពេក ដើម្បីចរចាកិច្ចព្រមព្រៀង ហើយនឹងត្រូវប្រឈម​ផលវិបាក
06/10/2026 07:06 PM
កងទ័ពប៉ាគីស្ថាន បញ្ជាក់​ថា ឧទ្ធម្ភាគចក្រធ្លាក់នៅក្បែរទីក្រុង Muzaffarabad ហើយ​បុគ្គលិកទាំងអស់ស្លាប់
06/10/2026 07:06 PM